បញ្ញត្តិ និង បរមត្ថ (២)

ក្នុង​អភិធម្មត្ថ​វិភាវិនីដីកា​ អដ្ឋកថា អភិធម្មត្ថសង្គហៈ បរិច្ឆេទ​ទី​៨​ មាន​សេចក្តី​អធិប្បាយ​រឿង​បរមត្ថ​ធម៌​ និង សម្មតិ​បញ្ញត្តិ​ សឹង​ជា​ជីវិត​ប្រចាំ​ថ្ងៃ​ដ៏​ជ្រាល​ជ្រៅ​ ហើយ​គួរ​នឹង​យល់​ឲ្យ​បាន​ត្រឹម​ត្រូវ​ សូម្បី​ក្នុង​រឿង​ផ្សេងៗ​ដែល​អាច​មាន​បាន​ក៏​ព្រោះ​តែ​មាន​សម្លេង​។

​មាន​សេចក្តី​ក្នុង​អភិធម្មត្ថ​វិភាវិនីដីកា​ សទ្ទរូប(សំឡេង​)​ ដែល​ឈ្មោះ​ថា «នាម»​ (​ក្នុង​ទី​នេះ​សំដៅ​ដល់​ឈ្មោះ​ មិន​មែន​សំដៅ​ដល់​នាម​ធម៌​ដែល​ជា​សភាព​ដឹង​ទេ​) ព្រោះ​អត្ថថា​បង្អោន​ទៅ​ក្នុង​អត្ថ​ទាំង​ឡាយ​។​ នាម​នោះ​មាន​ពីរ​យ៉ាង​ដោយ​អំណាច​នៃ​នាម​(​គឺ​ឈ្មោះ​)​ដែល​យោល​ទៅ​តាម​អត្ថ​១ និង​នាម​(គឺ​ឈ្មោះ)​តាម​និយម១​។

មួយថ្ងៃ​ៗ​និយាយ​រឿង​អ្វី និយាយ​ដូច​ម្តេច​ និយាយ​ដើម្បី​ឲ្យ​អ្នក​ដទៃ​យល់​រឿង​ យល់​ន័យ​ នៃ​សភាវៈ​ដូច្នោះ​សទ្ទរូប​ឈ្មោះ​ថា​នាម​ ព្រោះ​អត្ថ​ថា បង្អោន​ទៅ​ក្នុង​អត្ថ​ គឺ​រឿង​រ៉ាវ​ទាំង​ឡាយ​។ ការ​ដែល​នឹង​ឲ្យ​អ្នក​ណា​យល់​ន័យ​ និង​ រឿង​រ៉ាវ​ផ្សេងៗ​នោះ ក៏​រមែង​ស្រេច​ហើយ​តែ​អ្នក​ណា​និយម​ប្រើ​ពាក្យ​ណា ភាសា​ណា ដើម្បី​ឲ្យ​យល់​ន័យ​សេចក្តី​នោះៗ​ រឿង​រ៉ាវ​នោះៗ​ ឬ​ឈ្មោះ​នោះៗ​។ ក្រៅ​ពី​នោះ​ សេចក្តី​ក្នុង​អភិធម្មត្ថ​វិភាវិនី នៅ​ពោល​ដល់​នាម​ គឺ​ឈ្មោះ​ច្រើន​ន័យ​ទៀត​ គឺ​ឈ្មោះ​មាន​ ៤ យ៉ាង​ ដោយ​អំណាច​នៃ​សាមញ្ញនាម គឺ​ឈ្មោះ​ជា​ទូ​ទៅ ដូច មេឃ ភ្លៀង ខ្យល់ ស្រូវ ជាដើម​ គុណនាម​គឺ​ឈ្មោះ​តាម​គុណ​សេចក្តី​ល្អ​ ដូច​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ ដែល​អ្នក​មិន​មែន​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ នឹង​មាន​ឈ្មោះ​យ៉ាង​នេះ​មិន​បាន​ឡើយ​ ព្រោះ​ថា​មិន​បាន​ប្រកប​ដោយ​គុណធម៌​ នៃ​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ កិរិយានាម ជា​ឈ្មោះ​នៃ​ការធ្វើ​ផ្សេងៗ​ និង​យថិច្ឆនាម គឺ​ឈ្មោះ​តាម​ពេញ​ចិត្ត​ ចូល​ចិត្ត​។

ការ​សិក្សា​ព្រះ​ធម៌​ ជា​រឿង​ល្អិត​ណាស់​ ព្រោះ​ជា​ការ​សិក្សា​សភាវធម៌​ទាំង​ឡាយ​ទាំង​ពួង​ ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ដឹង​ និង​ ទ្រង់​សំ​ដែង​ទុក​ដោយ​មហា​ករុណា​ ដើម្បី​អនុគ្រោះ​ឲ្យ​ពុទ្ធ​បរិស័ទ​បាន​យល់​សភាវធម៌​ដែល​ប្រាកដ​តាម​សេចក្តីពិត​។

ក្នុង​អភិធម្មត្ថវិភាវិនីដីកា បរិច្ឆេទទី៧ មាន​សេចក្តីថា៖
សួរថាៈ ព្រោះ​ហេតុ​អ្វី​ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ទើប​ទ្រង់​សំ​ដែង​ធម៌​ទុក​ដ៏​ច្រើន​យ៉ាង​នេះ​?
អធិប្បាយថាៈ ព្រោះ​ព្រះ​អង្គ​បំណង​ដល់​ការ​អនុគ្រោះ​សត្វ​ ៣ ពួក។ ពិត​ណាស់សត្វ​មាន​៣ពួក​ដោយ​អំណាច​សេចក្តី​វង្វេង​ មិន​យល់​ក្នុង​នាម​១ ក្នុង​រូប​១ និង​ក្នុង​នាម​និង​រូប​ទាំង​ពីរ​នោះ​១ ដោយ​អំណាច​នៃ​ឥន្ទ្រីយ៍​ចាស់​ក្លា​១ មិន​ចាស់​ក្លា​ណាស់​ពេក​១ ខ្សោយ​១ ហើយ​និង​ដោយ​អំណាច​នៃ​សេចក្តី​ពេញ​ចិត្ត​ពាក្យ​សង្ខេប​១ ពេញ​ចិត្ត​ពាក្យ​កណ្តាល​១ ពេញ​ចិត្ត​ពាក្យ​ពិស្តារ​១(ល្អិត)១។

បណ្តា​សត្វ​៣​ជំពួក​ទាំង​នោះ​ សត្វ​ដែល​មិន​យល់​ក្នុង​នាម​ និង​យល់​ដឹង​នូវ​ខន្ធ​បាន ដោយ​ចែក​នាម​ទុក​៤ យ៉ាង​ក្នុង​ខន្ធ​នោះៗ​។ សត្វ​អ្នក​មិន​យល់​ក្នុង​រូប និង​យល់​ដឹង​អាយតនៈ​បាន​ដោយ​ចែក​រូប​ទុក​១០​យ៉ាង​ និង​កន្លះ​អាយតនៈ​ទៀត (ព្រោះ​ធម្មាយតនៈ​មាន​ទាំង​នាម​ធម៌​និង​រូប​ធម៌​)។​

​​
សត្វ​អ្នក​មិន​យល់​ក្នុង​នាម និង​រូប​ទាំង​២ និង​យល់​ដឹង​ធាតុ​បាន ដោយ​ចែក​នាម​និង​រូប​ទាំង​២​ទុក​ក្នុង​ជំ​ពូក​ធាតុ​នោះ​ដោយ​ពិស្តារ​។

អាយតនៈ ១២

អាយតនៈ​ខាង​ក្នុង​៦ អាយតនៈ​ខាង​ក្រៅ​៦
ចក្ខ្វាយតនៈ ១……..រូបាយតនៈ ១
សោតាយតនៈ ១……សទ្ទាយតនៈ ១
ឃានាយតនៈ ១…….គន្ធាយតនៈ ១
ជីវ្ហាយតនៈ ១………រសាយតនៈ ១
កាយាយតនៈ ១…….ផោដ្ឋព្វាយតនៈ ១
មនាយតនៈ ១ …….ធម្មាយតនៈ ១

អាយតនៈ​គឺ​សភាវៈ​បរមត្ថ​ដែល​ប្រជុំ​គ្នា​ កាល​ចិត្ត​កើត​ឡើង​ដឹង​អារម្មណ៍​មួយខណៈ​ៗ​ ដែល​ចំណែក​ជា​អាយតនៈ​ខាង​ក្នុង​៦​ និង​អាយតនៈ​ខាង​ក្រៅ​៦​។

បសាទរូប​ ៥ និង​ចិត្ត​១​ ជា​អាយតនៈ​ខាង​ក្នុង​ ៦ ព្រោះ​ចិត្ត​ជា​សភាវៈ​ដឹង​ និង​បសាទរូប​ ៥ ជា​ទី​អាស្រ័យ​ឲ្យ​ចិត្ត​ដឹង​អារម្មណ៍​ ទើប​ជា​ខាង​ក្នុង​បរមត្ថ​ធម៌​ ក្រៅ​ពី​នោះ​ជា​ខាង​ក្រៅ​ទាំង​អស់​។

​អាយតនៈ​១២ ជារូប ១០ អាយតនៈ​+១/២(ធម្មាយតនៈ)​ គឺ​រូប​ជា​អាយតនៈ​ខាង​ក្នុង​៥​+​រូប​ជា​អាយតនៈ​ខាង​ក្រៅ​ ៥ និង​ ១/២ ធម្មាយតនៈ​ទៀត​ (សុខុមរូប​)​។ អាយតនៈ​១២​ ជា​នាម​១ អាយតនៈ​+១/២​(ធម្មាយតនៈ​)​ គឺ​មនាយតនៈ​ខាង​ក្នុង​១​+១/២​ ធម្មាយតនៈ​(​ចេតសិក​និង​និព្វាន​)​។

ធាតុ ១៨

សភាវៈ​បរមត្ថ​ធម៌​ទាំង​អស់​ជា​ធាតុ​មួយ​បែប​ៗ​ កាល​ប្រមូល​មក​តាម​ទ្វារ​ទាំង​៦ ក៏​ជា​ធាតុ​ ១៨ ដូចនេះ​គឺ​៖
ចក្ខុធាតុ​ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១
សោតធាតុ​ ១ សទ្ធធាតុ ១ សោតវិញ្ញាណធាតុ ១
ឃានធាតុ ១ គន្ធធាតុ ១ ឃានវិញ្ញាណធាតុ ១
ជីវ្ហាធាតុ​១ រសធាតុ ១ ជីវ្ហាវិញ្ញាណធាតុ​ ១
កាយធាតុ ១ ផោដ្ឋព្វធាតុ ១ កាយវិញ្ញាណធាតុ ១
មនោធាតុ ១ ធម្មធាតុ​ ១ មនោ​វិញ្ញាណធាតុ​ ១

នៅមានត….

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to បញ្ញត្តិ និង បរមត្ថ (២)

  1. Lovepeehs05 ថា:

    ខ្ញុំព្រះករុណា មើលមិនសូវយល់ ចង់បានបកស្រាយជាភាសាខ្មែរ ឬ ពាក្យសំរាយ ដើម្បីងាយស្រួលយល់ ដូចជាវែងពេក ចង់បានអោយខ្លីបន្តិច ដោយមិនចង់ ចំណាយពេលច្រើន ដើម្បីពិចារណា ជាពិសេស អយតនៈ ១២ និង ធាតុ ១៨ ។ សូមអរព្រះដែលបានចែករំលែក !

    • ពរ សាធុញោម! អរគុណដែល​បាន​តាម​ដាន​នូវ​ប្រកាស​ដែល​អាត្មា​បាន​ដាក់​ក្នុង​ទំ​ព័រ​នេះ! ជា​ការ​ពិត​ណាស់​ ព្រះ​អភិធម្ម ឬ​បរមត្ថធម៌ ជា​ធម៌​មាន​ជម្រៅ​ជ្រាលជ្រៅ មិន​ងាយ​នឹង​យល់​បាន​ដោយ​ងាយៗ​ទេ លុះ​ត្រា​តែ​អាស្រ័យ​សេចក្តី​ព្យាយាម​អត់​ធ្មត់​ ពិនិត្យ​សង្កេត​ ប្រឹងស្តាប់ ប្រឹងអាន និងទន្ទេញគោលឲ្យ​បាន​ចាំ​ទៀត​ផង​​​ទើប​អាច​យល់​បានងាយ​ សូម្បី​អាត្មា​ខ្លួន​ឯង​ក៏​មិន​យល់​បាន​សព្វ​គ្រប់​ដែរ នៅ​ច្រើន​ណាស់​ដែល​ត្រូវ​រៀន​សូត្រ​តទៅ​ទៀត​។ ការ​សិក្សា​បរមត្ថ​ធម៌​មិន​អាច​យល់​បាន​ដោយ​ការ​សង្ខេប​ខ្លីនោះ​ទេ សូម្បី​បរិយាយ​ឲ្យ​វែង​ឆ្ងាយ​ហើយ​នៅ​តែ​ពិបាក​យល់​ ទម្រាំសង្ខេប​ខ្លី​ទៀត រឹតតែ​ពិបាក​យល់​ថែម​ទៀត។ ម៉្យាងទៀត​ អត្ថ​បទ​ព្រះ​ធម៌​ ស្តី​ពី​បញ្ញត្តិ និង​បរមត្ថនេះ ជា​ធម៌​ដែល​នៅ​ខាង​ចុង​មេរៀន​ផង មិន​មែន​ជា​ការ​ចាប់​ផ្តើម​ទេ ម៉្លោះហើយ បើអ្នក​មិន​ធ្លាប់​បាន​សិក្សា ស្តាប់ អាន ព្រះ​អភិធម្មទេ និងពិបាក​ក្នុង​ការ​យល់​។ ដែល​អាត្មា​យក​អត្ថបទ​នេះមក​ដាក់​ផ្សាយ​ក៏​ដោយ​សារ​តែ​មាន​សំណូម​ពរ​ពី​សាធុជន​អ្នក​អាន​សូម​ឲ្យ​អាត្មា​ជួយ​ដាក់​ដើម្បី​បាន​សិក្សា​ស្វែង​យល់​ ម៉្លោះ​ហើយ​ក៏​ដាក់​ជូន​ជា​ធម្មទាន​ក្នុង​ទីនេះ​ទៅ។ ទោះ​យ៉ាង​ណា​ក្តី​ អាត្មា​សង្ឃឹម​ថា អត្ថបទ​នេះ​នឹង​បាន​ជា​ប្រយោជន៍​ដល់​ជន​ច្រើន បើ​ទុក​ជា​អាន​មិន​សូវ​យល់​ក៏​ដោយ ក៏​បាន​ជា​បច្ច័យ​ជម្រុញ​ចិត្ត​ឲ្យ​មាន​ការ​សិក្សា​ឈ្វេង​យល់​បន្ថែម​ទៀត​ពី​បរមត្ថ​ធម៌​នេះ ដោយ​រក​អាន​ សៀវភៅ​សិក្សា​ព្រះ​អភិធម្ម​ដំ​បូង​ ឬ​ អភិធម្មត្ថ​សង្គហៈ ហើយ​និង​ព្យាយាម ​ស្តាប់​​ការ​​បង្រៀន​​ព្រះ​​អភិធម្ម​​ ផង​សម្រាប់​ជា​គ្រឹះ​ក្នុង​ការ​ងាយ​យល់​ ដើម្បី​​បំពេញ​​បន្ថែម​​នូវ​​ចំណេះ​​ដឹង​​ផ្នែក​​នេះ​។ អាត្មា​​សូម​ឆ្លើយ​នូវ​សំណួរ​ខាង​លើ​របស់​ញោម​ត្រួសៗចុះ ព្រោះ​មិន​អាច​បរិយាយឲ្យ​បាន​ក្បោះ​ក្បាយ​ក្នុង​ទីនេះ​ទេ។

      អាយតនៈ មាន​ន័យ​ថា​ លំនៅ; អណ្ដូង ឬ ជាទីប្រជុំ បាន​ដល់​ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ទាំង ៦ នេះ ហៅ​ថា អាយតនៈ ខាង​ក្នុង (ហៅ​ឲ្យ​ពេញ​ថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ) ព្រោះ​ជា​លំនៅ​នៃ​អារម្មណ៍, ជា​អណ្ដូង​របស់​អារម្មណ៍, ជា​ទី​ប្រជុំ​នៃ​អារម្មណ៍, ជា​ជាតិ​ភូមិ​នៃ​អារម្មណ៍, ជា​ហេតុ​របស់​អារម្មណ៍ ។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវ​ធម៌ ទាំង ៦ នេះ ហៅ​ថា អាយតនៈ​ខាង​ក្រៅ (ហៅ​ឲ្យ​ពេញ​ជា រូបាយតនៈ, សទ្ទាយតនៈ, គន្ធាយតនៈ, រសាយតនៈ ផោដ្ឋញ្វយតនៈ, ធម្មាយតនៈ), ព្រោះ​ជា​អារម្មណ៍​របស់​អាយតនៈ​ខាង​ក្នុង​តាម​មុខ​ឬ​តាម​នាទី, តាម​កន្លែង​រាល់​ខ្លួន ។ អាយតនៈខាង​ក្នុង​៦ និង​អាយតនៈ​ខាង​ក្រៅ​៦ រួម​គ្នា​ត្រូវ​ជា​អាយតនៈ១២​។ ការ​ប៉ះខ្ទប់​​គ្នា​រ​វាង​​អាត​យតនៈ​ខាង​ក្នុង​ និង​អាយតនៈ​ខាង​ក្រៅ​នេះ​បង្កើត​ឲ្យ​មាន​ឡើង​នៅ​អារម្មណ៍ ៦ គឺៈ
      ១- រូបារម្មណ៍ អារម្មណ៍គឺរូ​ប មាន​កិរិយា​ប៉ះ​ខ្ទប់​នឹង​ចក្ខុបសាទ​(ភ្នែក)​ជា​លក្ខណៈ បាន​ដល់​វណ្ណ​រូប មាន​ពណ៌​ខៀវ លឿង ក្រហម ស ជាដើម ។
      ២- សទ្ទារម្មណ៍ អារម្មណ៍​គឺ​សម្លេង មាន​កិរិយា​ប៉ះ​ខ្ទប់​នឹង​សោតបសាទ(ត្រចៀក​)​​ជា លក្ខណៈ បាន​ដល់​សម្លេង​ស្គរ ពិណ ប៉ី ជាដើម ។
      ៣- គន្ធារម្មណ៍ អារម្មណ៍​គឺ​ក្លិន មាន​កិរិយា​ប៉ះ​ខ្ទប់​នឹង​ឃាន​បសាទ(ច្រមុះ)​ជា​លក្ខណៈ បាន​ដល់​ក្លិន​ផ្កា​ឧប្បល ផ្កា​ម្លិះ ជាដើម ។
      ៤- រសារម្មណ៍ អារម្មណ៍​គឺ​រស​ជាតិ មាន​កិរិយា​ប៉ះ​ខ្ទប់​នឹង​ជិវ្ហា​បសាទ(អណ្តាត)​ជាលក្ខណៈ បាន​ដល់​រស​ជាតិ​នៃ ដើម ផ្លែ មើម​ឈើ​ជា​ដើម ។
      ៥- ផោដ្នព្វារម្មណ៍ អារម្មណ៍​គឺ​វត្ថុ ដែល​ប៉ះ​ខ្ទប់​នឹង​កាយ បាន​ដល់​ធាតុ៣ គឺៈ-បថវីធាតុ ធាតុ​ដី​មាន​លក្ខណៈ​រឹង, តេជោធាតុ ធាតុ​ភ្លើង មាន​លក្ខណៈ​ក្តៅ, វាយោ​ធាតុ ធាតុ​ខ្យល់ មាន​លក្ខណៈ​ល្ហើយ ៗ ។
      ៦- ធម្មារម្មណ៍ អារម្មណ៍គឺ​ធម៌ មាន​លក្ខណៈ​ផ្សេង ៗ គ្នា​តាម​សភាព​ធម៌​នោះ បាន​ដល់​ធម៌​៦​គឺ បសាទរូប១, សុខុមរូប១, ចិត្ត១, ចេតសិក១, និព្វាន១, វិញ្ញត្តិ១ ។
      – រូប នឹង​បាន​មក​ជា​អារម្មណ៍​របស់​ចិត្ត​និង​ចេតសិក ដែល​កើត​តាម​ទ្វារ​២ គឺចក្ខុទ្វារ១, មនោទ្វារ១ ។
      – សម្លេង នឹង​បាន​មក​ជា​អារម្មណ៍​របស់​ចិត្ត​និង​ចេតសិក ដែល​កើត​តាម​ទ្វារ​២ គឺ​សោត​ទ្វារ​១, មនោ​ទ្វារ១ ។
      – ក្លិន នឹង​បាន​មក​ជាអារម្មណ៍​របស់ចិត្ត​និង​ចេតសិក ដែល​កើត​តាម​ទ្វារ​២ គឺឃានទ្វារ​១, មនោទ្វារ១ ។
      – រស នឹង​បាន​មក​ជា​អារម្មណ៍របស់ចិត្ត​និង​ចេត​សិក ដែល​កើត​តាម​ទ្វារ​២ គឺជីវ្ហាទ្វារ១, មនោទ្វារ១ ។
      – រឹង ក្តៅ ល្ហើយ នឹង​បាន​មក​ជា​អារម្មណ៍​របស់ចិត្ត​និង​ចេត​សិក ដែល​កើត​តាម ទ្វារ​២ គឺ កាយ​ទ្វារ១, មនោទ្វារ១ ។
      – ធម្មា គឺ​ក្រុម​ធម៌ មាន​បសាទ​រូប និង​សុខុម​រូប ជា​ដើម នឹង​បាន​មក​ជា​អារម្មណ៍​របស់​ចិត្ត​និង​ចេតសិក ដែល​កើត​តាម​មនោទ្វារ​តែ​ម៉្យាង ​។

      ធាតុៈ ពាក្យ​​ថា​​ធាតុ បាន​​ដល់​​វត្ថុ​​ដែល​ទ្រទ្រង់​​សភាវៈ​របស់​​ខ្លួន​​ឯង​ គឺ​​មាន​​នៅ​​តាម​​ធម្មតា ប្រព្រឹត្ត​​ទៅ​តាម​​ហេតុ​​បច្ច័យ មិន​​មាន​​អ្នក​​សាង មិន​​មាន​​អត្តា មិន​​មែន​​ជា​​សត្វ​ មិន​​មែន​​ជា​​បុគ្គល​​។ ធាតុ​​ចែក​ចេញ​​ជា​​១៨​​ប្រការ​ ដូច​​មាន​នៅ​​ក្នុង​​អត្ថបទ​​ខាង​​លើ​ ។

  2. Lovepeehs05 ថា:

    សូមអរគុណព្រះអង្គ ដែលបានជួយពន្យល់ គួរជាទីចាប់អារម្មណ៍ !

    បន្ទាប់ពីបានអាន និង ត្រិះរិះពិចារណាខ្លះៗមក ឃើញថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត សុទ្ធតែមានតួរនាទីរៀងៗខ្លួន

    – ចុះម៉េចបានភ្ជាប់ជាមួយ ផោតព្វារម្មណ៍ និង ធម្មារម្មណ៍ ? ពីព្រោះមើលមិនឃើញនៅជាមួយគ្នា នឹង ភ្នែក ត្រចៀក ច្រមុះ និង អណ្តាត ផង !

    – ចុះមាត់យើងដែលសម្រាប់ បញ្ចេញសម្លេង មតិយោបល់ ឬ និយាយ យំ សើច ជាដើម អត់មាននិយាយនៅទីនេះអញ្ចឹង ព្រះអង្គ ? ប៉ុន្តែនិយាយតែ រឿងអណ្តាតទៅវិញ !

  3. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  4. Pingback: ព្រះពុទ្ធសាសនា |

បញ្ចេញមតិ