ប្រវត្តិ​នៃ​ទស្សនា​វដ្តី​ កម្ពុជ​សុរិយា


ពុទ្ធបរិស័ទទាំងឡាយ !

ក្នុង​ឱកាស​នេះ នឹង​ពណ៌នា​អំពី​ប្រវត្តិ​នៃ​ទស្សនា​វដ្ដី កម្ពុជ​សុរិយា នៃ​ពុទ្ធសាស​ន​បណ្ឌិត្យ ដោយ​សេចក្ដី​សង្ខេប តែ​មុន​បង្អស់ សូម​ពណ៌នា​អំពី​ពាក្យ​ថា ទស្សនា​វដ្ដី នឹង​ពាក្យ​ថា កម្ពុជ​សុរិយា ។

អ្វីហៅថា ទស្សនាវដ្ដី កម្ពុជសុរិយា ?

​ទស្សនា​វដ្ដី ជា​ពាក្យ​បាលី ប្រែ​ថា “ដំណើរ​វិល​នៃ​ការ​មើល” គឺ​ការ​មើល​ឬ​អាន​វិល​ទៅ​តាម​ពេល​កំណត់ ដែល​នឹង​ចេញ​ឲ្យ​មើល​ឲ្យ​អាន​ដូច​កំណត់​វេលា​កន្លះ​ខែ ឬ មួយ​ខែ​នឹង​ចេញ ១ លេខ​ឲ្យ​មើល យ៉ាង​នេះ​ហៅ​ថា ទស្ស​នា​វដ្ដី បាន​ដល់​សៀវ​ភៅ​ដែល​គេ​បោះ​ពុម្ព​ចម្រុះ​អត្ថបទ​ចេញ​​ផ្សាយ​ឲ្យ​មើល​ត​ៗ​គ្នា ពី​លេខ ១ ទៅ​លេខ ២ ទៅ​លេខ ៣ ជា​ដើម បើ​អត្ថ​បទ​ណា​វែង គេ​រំលែក​ចុះ​ក្នុង​សៀវ​ភៅ​លេខ ១ ខ្លះ លេខ ២ ខ្លះ លេខ ៣​ខ្លះ ឲ្យ​ទាល់​តែ​ចប់​អត្ថ​បទ​នោះ ។ ទស្សនា​វដ្ដី​នេះ មាន​អា​ការ​ចេញ​ផ្សាយ​ប្រហែល​គ្នា​នឹង​សារ​ពត៌​មាន ប្លែក​គ្នា​តែ​ត្រង់​ទស្សនា​វដ្ដី គេ​ចង​ជា​សៀវ​ភៅ ឯសារ​ពត៌​មាន​គេ​មិន​ចង​ប៉ុណ្ណោះ ។​

​កម្ពុជ​សុរិយា ជា​ពាក្យ​បាលី​ប្រែ​ថា ព្រះ​អាទិត្យ​កម្ពុជា ។ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ទស្សនា​វដ្ដី របស់​មន្ទីរ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ដែល​ឥឡូវ​នេះ ប្រែ​ឈ្មោះ​មក​ជា មន្ទីរ​ពុទ្ធសាសន​បណ្ឌិត្យ ជា​វិជ្ជា​ស្ថាន​សម្រាប់​ពង្រីក​ខាង​សាសនា​នឹង​អក្សរ​សាស្ត្រ ។

​ការ​សន្មត​ឈ្មោះ​ទស្សនា​វដ្ដី​ថា កម្ពុជា​សុរិយា​នោះ ដោយ​លោក​អ្នក​បង្កើត មាន​សេចក្ដី​យល់​ឃើញ​ថា ប្រទេស​កម្ពុជា ចាប់​ពី​ពេល​ដែល​មាន​ទស្សនា​វដ្ដី​នេះ​ចេញ​ផ្សាយ តាម​មុខ​ការ​ខាង​ជួយ​បំភ្លឺ​ពន្យល់​គតិ​លោក​គតិ​ធម៌ ទុក​ដូច​ជា​មាន​ព្រះអាទិត្យ​មួយ​រះបញ្ចាំង​រស្មី​ភ្លឺ​ត្រចះ ហើយ​បណ្ដា​ជន​ជាតិ​ខ្មែរ ក៏​នឹង​កើត​មាន​ប្រាជ្ញា​ភ្លឺ​ស្វាង​ក្នុង​ផ្លូវ​លោក ផ្លូវ​ធម៌ ដោយ​សារ​បានអាន​ទស្សនា​វដ្ដី​នេះ ។

ទស្សនា​វដ្ដី​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា មាន​គោល​បំណង​ដូច​ម្ដេច​ ?

ក្នុង​ប្រទេ​សកម្ពុជា​ កាល​ពី​មុន គ. ស. ១៩២៥ នៅ​ឡើយ មិន​ទាន់​មាន​ការ​បោះ​ពុម្ព​សៀវ​ភៅ​ជា​​ផ្លូវ​លោក​ផ្លូវ​ធម៌ ផ្សាយ​បំភ្លឺ​ដល់​បណ្ដា​ជន​ទេ ។ នៅ​សម័​យ​នោះ ប្រទេស​កម្ពុជា​ទុក​ដូច​ជា​នៅ​ក្នុង​ទី​ងងិត គ្មាន​ពន្លឺ​ព្រះ​អាទិត្យ ចែង​ចាំង​ចូល​ដល់​សោះ ។ លុះ​មក​ដល់ គ. ស. ១៩២៥ រាជ​រដ្ឋាភិ​បាល​បាន​បង្កើត​ឲ្យ​មាន​មន្ទីរ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា គឺ​មន្ទីរ​ពុទ្ធសាសន​បណ្ឌិត្យ សព្វ​ថ្ងៃ​នេះ ដើម្បី​តម្កល់​ក្បួន តម្រា គម្ពីរ សាស្ត្រា​នឹង​សៀវ​ភៅ​ផ្សេង ៗ ទុក​សម្រាប់​សាធារណ​ជន ចូល​ទៅ​រៀន ទៅ​អាន ឬ​ខ្ចី​យក​ទៅ​សិក្សា​ឯ​លំ​នៅ​របស់​ខ្លួន​បាន​តាម​ចិត្ត ។ កាល​កើត​មាន​មន្ទីរ​នេះ​ហើយ ទើប​មន្ទីរ​នេះ​ចាត់​ការ​បង្កើត​នូវ​ទស្សនា​វដ្ដី កម្ពុជ​សុរិយា បោះ​ពុម្ព​ផ្សាយ​ចេញ​រាល់​ខែ ព្រម​ទាំង​បាន​បោះ​ពុម្ព​សៀវ​ភៅ ជាគតិធម៌​ថែម​ទៀត ចំពោះ​តែ​សៀ​វ​ភៅ​ណា ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​ការ​ណាស់ ដូច​សៀវ​ភៅ បាតិ​មោក្ខ​សង្ខេប សាមណេរ​វិន័យ គិហិ​ដិបត្តិ​ជា​ដើម ។

​ទស្សនា​វដ្ដី កម្ពុជ​សុរិយា ដែល​បាន​បង្កើត​ឲ្យ​មាន​ឡើង​នេះ ដោយ​មាន​គោល​បំណង​នឹង​ជួយ​ទ្រោល​បំភ្លឺ​ប្រជាជាតិ​ខ្មែរ ឲ្យ​មាន​ប្រាជ្ញា​ឈ្វេង​យល់​ភ្លឺ​ស្វាង ក្នុង​គតិ​លោក​គតិ​ធម៌ តាម​គ្រោង​ការណ៍​ដូច​តទៅ​នេះ៖

​១- ចុះ​ផ្សាយ​ប្រចាំ​ខែ នូវ​អត្ថ​បទ​ខាង​ពុទ្ធសាសនា ដែល​មាន​ក្នុង​គម្ពី​រស្លឹក​រឹត​ស្រាប់ ព្រម​ទាំង​ដំណឹង​ជា​គតិ​លោក​គតិ​ធម៌ ដែល​មាន​សារៈ​ប្រយោជន៍​ដល់​សាធារណជន ។

២- ចុះ​ផ្សាយ​ប្រចាំ​ខែ នូវ​អត្ថ​បទ​ផ្នែក​អក្សរ​សាស្ត្រ ដែល​បាន​និពន្ធ​ឡើង​ដោយ​ស្នា​ដៃ​ដ៏​ជំនាញ នៃ​បុគ្គលិក​ក្រុម​នេះ ឬ ក៏​ពួក​កវី​ពី​គ្រប់​ទិស​បាន​និពន្ធ ហើយ​ផ្ញើ​មក​ឲ្យ​ព្រះ​រាជ​បណ្ណាល័យចុះ​ផ្សាយ​។​

៣- ចុះ​ផ្សាយ​នូវ​ប្រវត្តិការណ៍ នឹង​ដំណឹង​ផ្សេង ៗ ជា​ពិ​សេស ឬ ​ជា​ផ្លូវ​ការ​ដែល​ទាក់​ទង​នឹង​សាសនា ឬក៏​ចុះ​ផ្សាយ​នូវ​សកម្មភាព​ខ្លះ ៗ របស់​ក្រុម​នេះ​ដែល​បាន​ធ្វើ ។

​ព្រោះ​ហេតុ​មាន​គោល​បំណង​យ៉ាង​នេះ​ហើយ ទើប​ទស្សនា​វដ្ដី កម្ពុជ​សុរិយា កាល​សម័យ​ដំបូង​នោះ បញ្ចេញ​ពន្លឺ​ខាង​គតិ​ធម៌​ច្រើន​ជាង​គតិ​លោក ។ ទោះ​បី​ដូច្នោះ ក៏​ជិវភាព​នឹង​ការ​​ប្រព្រឹត្ត​ទៅ​នៃ​កម្ពុជ​សុរិយា ចេះ​តែ​ចំរើន​ឡើង​ជា​លំដាប់ មិន​ដែល​រលត់​រលាយ​ទៅ ។

​ចាប់​តាំង​ពី គ. ស. ១៩២៨ មក ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា បាន​កែ​ប្រែ​ត្រឡប់​ជា​ចុះ​ផ្សាយ​អត្ថ​បទ​ ខាង​គតិ​លោក​ច្រើន​ជាង​គតិ​ធម៌​វិញ ដោយ​អាង​ថា សៀវ​ភៅ​គ​តិ​ធម៌​មាន​បោះ​ពុម្ពផ្សាយ​ច្រើ​ន​ហើយ ចំណែក​សៀវ​ភៅ ខាង​គតិ​លោក​បាន​បោះ​ពុម្ពផ្សាយ​តិច​តួច​ស្ដួច​ស្ដើង​ណាស់ មួយ​ទៀត ដោយ​អនុលោម​តាម​មតិ​នៃ​អ្នក​អាន​ភាគ​ច្រើន ដែល​ចូល​ចិត្ត​ខាង​គតិ​លោក ។

​ប្រវត្តិ​ទស្សនា​វដ្ដី​កម្ពុជ​សុរិយា តាម​ដែល​បាន​រៀប​រាប់​ដោយ​សង្ខេប​មក​នេះ ល្មម​ជ្រាប​បាន​ថា តាំង​ពី​ទស្សនា​វដ្ដី​នេះ​ចាប់​កំណើត​រហូត​មក​ដល់​ឆ្នាំ ១៩៥៨ នេះ ត្រូវ​ជា ៣០ ឆ្នាំ​ហើយ ។ ក្នុង​រយៈ​វេលា ៣​០ ឆ្នាំ ដែល​កន្លង​ទៅ​ហើយ​នោះ កម្ពុជ​សុរិយា​ពុំ​ដែល​មាន​ការ​អាក់​ខាន ឬ​បាត់​ឈ្មោះ​ទេ នៅ​តែ​មាន​ពលា​នុភាព​រឹង​ប៉ឹង​ជា​ដរាប​រៀង​មក អាច​បំពេញ​ពន្លឺ ជួយ​បំភ្លឺ ជួយ​ពន្យល់​ពុទ្ធ​សាស​និក​ជន​ជាតិ​ខ្មែរ ឲ្យ​យល់​ព្រឹត្តិការណ៍​សាសនា ឲ្យ​លះ​អាក្រក់ កាន់​ល្អ​តាម​គន្លង​ធម៌ បាន​ច្រើន​ជា​អនេក ហេតុ​នោះ​ហើយ​បាន​ជា កម្ពុជ​សុរិយា តែង​ទទួល​លទ្ធ​ផល​ល្អ គឺ​សេចក្ដី​សរសើរ​អំពី​សំណាក់​នៃ​លោក​អ្នក​អាន​ទាំង​ឡាយ​ជា​រឿយ ៗ ។


ទស្សនាវដ្ដីនេះមានប្រយោជន៍យ៉ាងណា ?

ពុទ្ធបរិស័ទទាំងឡាយ !

​ដូច ព្រះ​តេជ​ព្រះ​គុណ នឹង​អស់​លោក – អ្ន​កបាន​ជ្រាប​ស្រាប់​ហើយ​ថា ក្នុង​សម័យ​នេះ គ្រប់​អារ្យ​ប្រទេស​ទាំង​ឡាយ ក្នុង​លោក ទោះ​ប្រទេស​ធំ​ក្ដី តូច​ក្ដី តែង​មាន​ទស្សនា​វដ្ដី​ជា​ច្រើន​ណាស់ គឺ​ទស្សនា​វដ្ដី​ចេញ​ប្រចាំ​សប្ដាហ៍​ក៏​មាន ចេញ​ប្រចាំ​ខែ​ក៏​មាន​ ហើយ​ដែល​ចេញ​រាល់​សប្ដាហ៍ រាល់​ខែ រាល់​ឆ្នាំ​នោះ មិន​មែន​មាន​តែ​មួយ​ម៉ង់ ៗ ដូច​ទស្សនា​វដ្ដី​នៅ​ប្រទេស​យើង​ទេ គឺ​មាន​ច្រើន​ឈ្មោះ​ទស្សនា​វដ្ដី ។ ដែល​ទៅ​ជា​មាន​ទស្សនា​វដ្ដី​ច្រើន​យ៉ាង​នេះ ក៏​ដោយ​អា​ស្រ័យ​ជន​ជាតិ​ក្នុង​ប្រទេស​ទាំង​នោះ ពេញ​ចិត្ត​ក្នុ​ងការ​សិក្សា​ច្រើន ដែល​ជា​ហេតុ​ឲ្យ​និយម​ចូល​ចិត្ត​អាន​ច្រើន ​។​ ជន​ជាតិ​ទាំង​នោះ​ក៏​ដុះ​ដាល​ចំរើន​ឡើង ដោយ​ចរិយា​ល្អ​នឹង​ភោគ​ទ្រព្យ​ជា​លំដាប់​រាល់​ថ្ងៃ​ដោយ​សារ​ផ្លូវ​គំនិត​ផ្លូវ​ប្រាជ្ញា ដែល​កើត​អំពី​ការ​អាន​នូវ​ទស្សនា​វដ្ដី ជួយ​ជា​កម្លាំង​មួយ​ផង ។

​ដោយ​​ឃើញ​នៅ​ប្រទេស​គេ មាន​អ្នក​អាន​ច្រើ​ន​ណាស់ យ៉ាង​នេះ​ហើយ​ទើប​ក្រុម​ពុទ្ធសាសន​បណ្ឌិត្យ តែង​ទន្ទឹង​មើល​ផ្លូវ​បង​ប្អូន​រួម​ជាតិ​ដោយ​នឹក​ក្នុង​ចិត្ត​ថា ធ្វើ​ម្ដេច​ហ្ន៎ ឲ្យ​ជន​ជាតិ​យើង​ចេះ​ធ្វើ​បដិវត្តន៍​ផ្លាស់​ប្ដូរ​គំនិត​ចាស់​ចោល​ចេញ ប្រែ​គំនិត​ថ្មី​វិញ ពេញ​ចិត្ត​ក្នុង​ការ​សិក្សា​នឹង​ការ​អាន​នូវ​ទស្សនា​វដ្ដី​ឲ្យ​បាន​ច្រើន​រូប ជា​លំដាប់​រាល់​ឆ្នាំ​ឡើង កុំ​ឲ្យ​ចាញ់​ប្រៀប​ជន​ជាតិ​ដទៃ ។

​ប្រសិន​បើ ជន​ជាតិ​យើង​ចូល​ចិត្ត​អាន​ច្រើន​រូប​ហើយ ទស្សនា​វដ្ដី​ក្នុង​ប្រទេស​យើង ក៏​នឹង​កើត​មាន​ច្រើន​ឡើង​ដែរ ហើយ​កម្ពុជ​សុរិយា​ក៏​នឹង​បាន​ទស្សនា​វដ្ដី​នោះ​ៗ ជា​គ្នា ដើម្បី​រួម​កម្លាំង​ជួយ​បំភ្លឺ​ផ្លូវ​ជាតិ ឲ្យ​ដើរ​ទៅ​រក​សេចក្ដី​ចំរើន ដោយ​មិន​លំបាក​ដូច​មាន​ទោស​តែ​មួយ​ទេ​ ​។

យូរ​ឆ្នាំ​មក​ហើយ ក្រុម​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​យក​ចិត្ត​ទុក​ដាក់​ស្អិត​ស្អាង​កម្ពុជ​សុរិយា ចាំ​ទទួល​បដិ​សណ្ឋារៈ​ចំពោះ​ជន​រួម​ជាតិ​អ្នក​អាន ដោយ​អត្ថ​បទ ៣ ផ្នែក គឺ​ផ្នែក​សាសនា ១ ផ្នែក​អក្សរ​សាស្ត្រ ១ ផ្នែក​ប្រវត្តិ​ការណ៍ ១ ដែល​ជា​អត្ថ​បទ​សំរិត​សម្រាំង​ តម្រូវ​តាម​អធ្យាស្រ័យ​លោក​អ្នក​អាន។ […]

________________________________

ទស្សនា​វដ្តី កម្ពុជសុរិយានេះ​ ត្រូវ​បាន​ដាក់​ផ្សាយជា​ថ្មី​​លើ​បណ្តាញ​អ៊ិនធើណិតដោយ ​វិទ្យាស្ថាន​បើក​ទូលាយ ចាប់​ពីទស្សនាវដ្តី​​ឆ្នាំ១៩២៦ រហូត​ដល់​ឆ្នាំ២០០៦(អាក់​ខាន​ផ្សាយ​ពី​ឆ្នាំ​​១៩៧៥​ ដល់ ១៩៩៣)​ មាន​ទាំងស្កេន​ជា​ភីឌីអេហ្វ​(PDF)​ច្បាប់​ដើម ទាំង​ច្បាប់វាយ​ចម្លង​ជា​អក្សរ​យូនីកូដ ។ សូម​ចុច​ទី​នេះ​ដើម្បី​ទាញ​យក​ឯកសារ​ទាំង​នោះ ​សម្រាប់​ជា​ប្រយោជន៍ ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ។ ទស្សនា​វដ្តី​កម្ពុជសុរិយា​នេះ ជា​បណ្តុំ​ឯកសារ​ដ៏​សំខាន់​ៗ ​ប្រៀប​ដូច​ជា​កំណប់​មាស​ពេជ្រ​ សម្រាប់​យើង​ទាំង​អស់​គ្នា​។ សូមអរ​ព្រះគុណ​ និង​អរគុណ ​ដល់​បុព្វបរុស​គ្រប់​ព្រះ​អង្គ​ និង​គ្រប់​រូប ដែល​បាន​បន្សល់​ទុក​ នូវ​មរតក​ដ៏​មាន​តម្លៃ​ឧត្តុង​ឧត្តម​នេះ និង​សូម​អរគុណ​ដល់​លោក​អ្នក​សាធុជន ​ដែល​បាន​យក​ឯកសារ​ដ៏​ថ្លៃ​ថ្លា​នេះ​ មក​ផ្សព្វ​ផ្សាយ​បន្ត​ដើម្បី​មហា​ជន​ខ្មែរ ​ទូ​ទាំង​ពិភព​លោក​​បាន​សិក្សា​រៀន​សូត្រតទៅ។

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in ទស្សនា​វដ្តី​កម្ពុជ​សុរិយា​ and tagged . Bookmark the permalink.

11 Responses to ប្រវត្តិ​នៃ​ទស្សនា​វដ្តី​ កម្ពុជ​សុរិយា

  1. http://dhammaraingsey.blogspot.com និយាយថា៖

    សូមមេត្តាដាក់ឯកសារជាសៀវភៅឲ្យសាធារណៈជនបានទាញយកសិក្សាផង។សូមអរគុណ!

  2. pheak muny និយាយថា៖

    ខ្ញំុសូមអរគុណណាស់សម្រាប់អ្នកដែលបានខិតខំស្រាវជ្រាវរាវរកឯកសារដេីម្បីយកមកផ្សាយចែកជូនដល់ជនរួមជាតិខ្មែរ។ ខ្ញំុបានអានហេីយមានអារម្មណ៍ថាសបុបាយរីករាយចិត្តក្រៃលែង ព្រោះថា
    -បានទទួលនូវចំណេះដឹង
    -បានទទួលនូវបទពិសោធន៍
    និងដែលសំខាន់ជាងនេះទៅទៀតគឺបានធ្វេីឱ្យកូនខ្ែរបានយល់និងបានដឹងនូវព្រះពុទ្ធសាសនាដែលបានផ្សាភ្ជាប់និងសង្គមផង៕

  3. Kao Bun Song និយាយថា៖

    កំនាព្យខ្មែរ
    កំនាព្យ​គឺ​ជា​កម្រង​ពាក្យសំដី ដែល​មាន​ការ​ចាប់​ចុងចួន​ពិរោះ​រណ្តំ​ណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គ​ជា​កំណត់… កើតចេញ​ពី​ទឹកចិត្ត​រំភើប និងធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។

    ឧទាហរណ៍ ៖

    កាច់​ធ្មុង​ច្រក​ស្មុក ដើរ​ចូល​ក្នុង​ស្រុក ធ្វើ​ឫក​អាចារ្យ
    ភូត​ភរ​ប្រជា បាន​ច្រើន​កាលណា ពាក់ធ្មុង​សង្ហារ
    សាហាវ​លើសដើម។
    ខ្មែរ​អឺយរឿងពិត ខ្មែរ​តោង​ពិនិត្យ គិតគ្រប់​ដង្ហើម
    ខ្មែរបីលានប្លាយ ស្លាប់​ឈាមសើមៗ កុំ​ភ្លេច​រឿង​ដើម
    ស្នាដៃ​ប៉ុលពត។

    ​កំណាព្យ​កាព្យឃ្លោង​ ដូនតា​យើង​ប្រើ​សំគាល់ឬ​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ដ៏ល្អ​របស់​កំណាព្យខ្មែរ ដែល​ចេញ​​ពី​ទឹកដៃ​ដ៏ប៉ិនប្រសប់​របស់​កវី គឺថា​កំណាព្យ​នោះ​ទាំង​រូបភាព ទាំងខ្លឹមសារ មានសម្ផស្ស និងសោភ័ណ រណ្តំ​បត់បែន ឃ្លោង​បញ្ឆិត​បញ្ឆៀង មិន​ត្រង់​ស្តូក ប៉ុន្តែ​មាន​ន័យ​គ្រប់​គ្រាន់។

    ឧទាហរណ៍៖

    សូរិយាល្ងាចថ្ងៃ សូរិយាល្ងាចថ្ងៃ ទន្សោងគោព្រៃ រកស៊ីជើងភ្នំ។
    ស៊ីតូចដោយតូច ស៊ីធំដោយធំ រកស៊ីជើងភ្នំ ផឹកទឹកដងអូរ។
    ស៊ីផឹករួចហើយ​ ប្រជល់គ្នាវរ សុទ្ធតែឡើងក អួតអាងកម្លាំង។

    តួយ៉ាង​ដូច​អត្ថបទ​កំណាព្យ​ជា​ឧទាហរណ៍​ខាង​លើ​នេះ​មាន​ន័យ​ពីរ​៖

    ១​ – ន័យត្រង់ ៖ និយាយ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ទន្សោង​គោ​ព្រៃ

    ២ – ន័យ​បញ្ឆិត​បញ្ឆៀង ៖ រៀបរាប់​ពី​ការ​ប្រកាប់​ប្រចាក់​គ្នា របស់​ពួក​ពុករលួយ​ពាលា​អាវ៉ាសែ ស៊ី​សំណូក សូក​ប៉ាន់ ក្នុង​គ្រប់​ជំនាន់។

    ហេតុ​ហ្នឹង​ហើយ ទើប​ដូនតា​យើង​និយម​ប្រើ​ពាក្យ​ថា កំណាព្យ កាព្យ​ឃ្លោង​យ៉ាង​ដូច​នេះ។

    តើកំនាព្យនិងកម្រងកែវខុសគ្នាបែបណា? កម្រងកែវ​គឺ​ជា​កម្រង​ពាក្យ​សំដី ដែល​មាន​ការ​ចាប់​ចុង​ចួន ទាក់ទង​ពិរោះ​រណ្តំ​ណែងណង​ដែរ ប៉ុន្តែ​មិន​មាន​កម្រិត​ឃ្លា ឬល្បះ ឬក៏​ចំនួន​ព្យាង្គ​ជា​កំណត់​ទេ។

    ឧទាហរណ៍៖

    មេឃ​ប្រែ​​ស្រឡះ ពពក​ដេរដាស​ប្រែ​ជា​ស ស្លឹកឈើ​ប្រែ​ពណ៌​ខៀវ​ស្រស់​ល្អ ត្រូវ​ជំនោរ​កំដរ​បក់​រវិចៗ ចាំង​រំលេច​ពន្លឺ​សុរិយា​ភ្លឺ​ភ្លេកៗ​ដូច​សុវណ្ណ បក្សី​ទាំងគូៗ​ស្រែក​ច្រៀង​ឆ្លើយឆ្លង​យ៉ាង​រញៀវ​ខ្ញៀវខ្ញា ហោះហើរ​ឆ្វាត់ឆ្លែង​ប្រឡែង​លើ​វេហា លើ​ព្រឹក្សា​ ហាក់​អបអរ​ជូនពរ​ខ្ញុំ​និង​នាង​កំពុង​ធ្វើ ដំណើរ​តាម​ផ្លូវ​យ៉ាង​សុខ​មនោរម្យ។
    ទំនាក់​ទំនង​រវាង​កំណាព្យ និង​ទម្រង់​សិល្បៈ​ដទៃ​ទៀត

    បើ​យើង​សង្កេត​មើល​ស្នាដៃ​ផ្នែក​អក្សរសាស្ត្រ ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់​ទុក​ដល់​យើង​សព្វថ្ងៃ​នេះ យើង​នឹង​ឃើញ​​ភ្លាម​ថា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កំណាព្យ​កាព្យ​ឃ្លោង ដូចជា​រឿងរាម​កេរ្តិ៍ រឿងទុំទាវ រឿងទិព្វសង្វារ រឿងកាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុច​និងត្រី (។ល។​និង។ល។) នេះ​ជា​សក្ខីភាព​បញ្ជាក់​អំពី​វិធី​សាស្ត្រ​អប់រំ​បែប​បុរាណ​របស់​ដូនតា​យើង ដែល​យក​រូបភាព​កំណាព្យ “ពិរោះ​ត្រចៀក” ជា​មធ្យោបាយ ដើម្បី​ងាយ​ស្រួល​បញ្ចូល​ខ្លឹមសារ​នៃ​ការ​អប់រំ​ទូន្មាន​ទាំងឡាយ ដែល​លោក​ចង់​បាន ឲ្យ​ទៅ​ដក់​ជាប់​ចាំ​ជាប់​ក្នុង​សតិ​អារម្មណ៍​របស់​កុលបុត្រ​កុលធីតា​របស់​ ខ្លួន។

    នៅ​ក្នុងសង្គម​កម្ពុជា​យើង កំណាព្យ​មាន​ឥទ្ធិពល​ធំ​ណាស់។ ក្រៅ​ពី​ការ​រស់នៅ​និង​បំពេញ​តួនាទី​ដោយ​ឯកឯង​(ស្មូត្រ ឬ​សូត្រ​កំណាព្យ) កំណាព្យ​បាន​ជះ​ឥទ្ធិពល និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​នឹង​ទម្រង់​សិល្បៈ​ដទៃ​ ទៀត​របស់​ខ្មែរ​យើង ដូចជា៖ ភ្លេង​អារក្ស ភ្លេង​ប្រពៃណី​”ភ្លេងការ” របាំ​ប្រពៃណី របាំ​បុរាណ ល្ខោន​ស្រមោល​(ស្បែកធំ-ស្បែកតូច) ល្ខោនខោល​(ល្ខោន​ពាក់​មុខ) យីកេ​ អាប៉េ ល្ខោន​មហោរី ល្ខោន​បាសាក់ អាយ៉ៃ ​ចាប៉ី(។ល។​និង​។ល។)។ ទម្រង់​សិល្បៈ​ទាំងអស់​នេះត្រូវ​ការ​កំណាព្យ​ជា​ចាំបាច់ សម្រាប់​ជួយ​កម្រិត​ទម្រង់ជួយ​លើក​សម្ផស្សនិង​សោភ័ណ​របស់​ខ្លួន។

    ចំពោះ អ្នក​សិក្សា​ទម្រង់​សិល្បៈ​ខ្មែរ​វិញ កំណាព្យ​ក៏​ជា​កត្តា​មួយ​សំខាន់​ក្នុង​កត្តា​ច្រើន​ទៀត ដែល​ជួយ​បញ្ជាក់​អំពី​ចំណាស់ និង​ទម្រង់​សិល្បៈ​នីមួយៗ។ ផ្ទុយ​ទៅ​វិញ​ទម្រង់​សិល្បៈ​ដទៃ​ទៀត​ក៏​បាន​ជះ​ឥទ្ធិពល​ធំ​ធេង​ដែរ សម្រាប់​បញ្ជាក់​អំពី​ចំណាស់​នៃ​កំណាព្យ​នីមួយៗ​របស់​យើង។ ដូច្នេះ​បើ​ចង់​សិក្សា​កំណាព្យ​ខ្មែរ គួរ​សិក្សា​ពី​ទម្រង់​សិល្បៈ​ខ្មែរ​ដទៃទៀត​ផង ហើយ​បើ​ចង់​សិក្សា​ពី​ទម្រង់​សិល្បៈ​ដទៃ​ទៀត ក៏​មិន​អាច​បោះបង់​ចោល​កំណាព្យ​បាន​ដែរ។
    សិល្បៈតែងកំនាព្យខ្មែរ

    ដើម្បីតែងកំនាព្យ គេត្រូវស្គាល់សញ្ញាណមួយចំនួន អំពីវាសិន។
    ធាតុ​របស់​កំណាព្យ

    នៅ​ក្នុង​កំណាព្យ​មាន​ធាតុ​សំខាន់ៗ ដូច​តទៅ​នេះ ៖

    ព្យាង្គ ៖ សំឡេង​មួយ​ម៉ាត់ៗ នៅ​ក្នុង​កំណាព្យ។
    ឃ្លា ៖ ព្យាង្គ​ច្រើន​រួម​គ្មាន បាន​ជា​ឃ្លា។
    ល្បះ ឬ ល្បះខ័ណ្ឌ ៖ ឃ្លា​ច្រើន​រួម​គ្នា​មក ដោយ​មាន​ខ័ណ្ឌ។

    ព្យាង្គនិងពាក្យ

    ព្យាង្គ ៖ គឺ​សំឡេង​ចេញ​មក​ម្តង ទោះ​បាន​ន័យ​ក្តី មិន​បាន​ន័យ​ក្តី។ ឧ. ក-គ-តិ-កិ-បង-សុំ-ទៅ-ឆាន់-ឮ
    ពាក្យ ៖ គឺ​សំឡេង​ចេញ​មក​ម្តង​ក្តី ឬ​ច្រើន​ដង​ក្តី មាន​ន័យ​គ្រប់​គ្រាន់។ ឧ. (ពាក្យ​១​ព្យាង្គ) ក- ខ-​ឈប់-​គិត-​ពេញ, (ពាក្យ​២​ព្យាង្គ) សំដី-​សម្រស់-​ប្រសាសន៍-​សម្បតិ្ត, (ពាក្យ​៣​ព្យាង្គ) អន្តរធាន- វិនិច្ឆ័យ-​កេងប្រវ័ញ្ច, (ពាក្យ៤ព្យាង្គ) មមើមមាយ- អណ្តែតអណ្តូង-​ឆពណ្ណរង្សី

    ពាក្យពេចន៍និងពាក្យសម្ផស្ស

    ពាក្យពេចន៍ ៖ សម្រាប់​រំលេច​ន័យ​ខ្លឹមសារ​របស់​អត្ថបទ​កំណាព្យ​ឲ្យ​លេចធ្លោ​ឡើង ឲ្យ​អត្ថបទ​នោះ​មាន​សោភ័ណ​ខ្ពស់ ពោល​គឺ​បង្កើត​រូបារម្មណ៍ និង​បំផុស​ឲ្យ​ដឹង​ច្បាស់​ពី​គំនិត​របស់​អត្ថបទ ចង់​និយាយ​យ៉ាងណាៗ​នោះ។
    ពាក្យ​សម្ផស្ស ៖ គឺ​ជា​ពាក្យ​គន្លឹះ​ចួន ឬ​ហៅ​ចំណាប់​ចុង​ចួន ដែល​ធ្វើ​ឲ្យ​រូបភាព ឬ​ទម្រង់​នៃ​អត្ថបទ​កំណាព្យ​មាន​សម្រស់​ល្អ​ឡើង ប្រកប​ដោយ​លក្ខណៈ​ចួន​ផ្ទួន​រណ្តំ។ គេចែកពាក្យសម្ផស្សជាពីរគឺ ៖
    ពាក្យ​សម្ផស្ស​ក្នុង ៖ គឺ​សំគាល់​លើ​ចំណាប់​ចួន​ផ្ទួន​រណ្តំ ដែល​ស្ថិត​ក្នុង​ឃ្លា​ជាមួយ​គ្នា។ ឧ. ស្រី​ប្តី​ពីរ​បី​ពុំ​គាប់​រាប់
    ពាក្យ​សម្ផស្ស​ក្រៅ ៖ គឺ​សំគាល់​ចំណាប់​ចួន ផ្ទួន រណ្តំ ដែល​ឆ្លង​គ្នា​ពី​ឃ្លា​មួយ​ទៅ​ឃ្លា​មួយ​ទៀត ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយ​ទៀត។ ឧទាហរណ៍ៈ

    សូរិយាកើតឃ្លង់ ក្នុងមុងចំបែង លោកខែកើតស្រែង ផ្កាយដុះកន្ទុយ។
    មូសពាំដំរ ពីព្រៃធ្វើនុយ ខ្លាចាស់ពោះស្អុយ ស៊ីនុយផឹនមូស។
    រុយជាប់ពីងពាង ទៅឈឺមាត់ឈ្លូស បានដៃសត្វមូស បឺតឈាមសព្វសត្វ។

    (កំណាព្យ​នេះ​សរសេរ​​ក្នុង​សម័យ លន់ នុល បក​អាក្រាត​ពី​របប​ជិះជាន់​ពុករលួយ​ដល់​ខួរឆ្អឹង​ ចៃ​អាមេរិកកាំង។)
    សូរស័ព្ទ ឬសូរសៀង ឬសំនៀង

    សូរស័ព្ទ សូរសៀង ឬសំនៀងនេះ នៅ​ក្នុង​កំណាព្យ​មាន​សារសំខាន់​ណាស់ ព្រោះ​កំណាព្យ​ដែល​ល្អ គឺ​កំណាព្យ​ដែល​មាន​ចំណាប់​ចួន និង​ផ្ទួន​មាន​សូរ​សំឡេង​ដូច​គ្នា។ ពោល​បើ​សំនៀង​នោះ ចេញ​មក​ពី​ព្យញ្ជនៈ​ឃោសៈ ខ្យល់​គ្រលរ​សំឡេង “អ៊” ត្រូវ​តែ​ឲ្យ​ចួន​ឃោសៈ​ដែរ។ ឧទារហណ៍ ៖ គិត – មិត្ត – ពិត – រឹត។ គុំ – ជុំ – នំ – ធំ ។ល។ និង ។ល។

    បើសំនៀង​ចេញ​មក​ពី​ព្យញ្ជនៈ អឃោសៈ សំឡេង​តូច​ស្រួយ​ខ្យល់ “អ” ត្រូវ​តែ​ឲ្យ​ចួន​អឃោសៈ​ដែរ។ ឧទាហរណ៍ ៖ កង – បង – ឡង – សង – ដង ។ សត្វ – បាត់ – កាត់ – ម៉ាត់ ។ល។ និង ។ល។
    មិន​ត្រូវ​យក​ឃោសៈ ទៅ​ចួន​នឹង​អឃោសៈ ក៏​ប៉ុន្តែ​តាម​ការ​សង្កេត បើ​ព្យាង្គ ឬ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ប្រើ​ស្រៈ “ ួ ” ស្រៈ “ ឿ ” និង​ស្រៈ “ ៀ ” នោះ​ព្យញ្ជនៈ​ឃោសៈ និង​អឃោសៈ អាច​ចួន​គ្នា​បាន ព្រោះ​មាន​សូរ​សំឡេង​ដូច​គ្នា។ ឧទាហរណ៍ ៖

    “​ ួ ” គួ – តួ, គួន – ចួន, ពួន – ខ្លួន

    “ ឿ “ លឿង – សឿង, គ្រឿង – ក្បឿង

    “ ៀ “ ទិតៀន – បៀតបៀន, ទៀត – ស្នៀត

    ឬ​អាច​ឆ្លង​គ្នា​បែប​នេះ​ក៏​បាន គឺ​ឃោសនៈ​ស្រៈ “ ា “ ចួន​នឹង​អឃោសៈ​ស្រៈ “ ៀ “ ។ ឧទាហរណ៍ ៖ ឃ្លាន – ចៀន, នាង​ – សៀង, វាត – បៀត។

    អាច​នៅ​មាន​ក្រៅ​ពី​នេះ​ខ្លះ​ទៀត ប៉ុន្តែ​ជា​សំខាន់​ចំណាំ​តែ​សូរ​សំឡេង​ដូច​គ្នា។

    រង្វាស់ពាក្យ ឬមាត្រាពាក្យ

    រង្វាស់​ពាក្យ ឬ​មាត្រា​ពាក្យ គឺ​ចំនួន​ព្យាង្គ​ជា​កំណត់​ក្នុង​ឃ្លា​នីមួយៗ និង​ចំនួន​ឃ្លា​ជា​កំណត់​ក្នុង​ល្បះ​នីមួយៗ។ គឺ​អាស្រ័យ​ចំណាប់​ចួន​ខុស​គ្នា… កំណត់​ព្យាង្គ និង​ឃ្លា ក្នុង​ល្បះ​ខុសៗ​គ្នា​នេះ​ហើយ ដែល​នាំ​ឲ្យ​រូបភាព “ទម្រង់” កំណាព្យ​ទាំង​ឡាយ​ខុស​គ្នា និង​មាន​ឈ្មោះ​ក៏​ប្លែកៗ​គ្នា​ដែរ។

    ឧទាហរណ៍ ៖ បទ​ពាក្យ៤ មួយ​ល្បះ​មាន​៤​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ។ បទ​កាកគតិ មួយ​ល្បះ​មាន​៧​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ​ស្មើ​គ្នា។
    ចង្វាក់

    ពាក្យចង្វាក់​នៅ​ក្នុង​កំណាព្យ​គឺ សំគាល់​ការ​លើក ឬ​ដាក់​សំឡេង​ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា ទៅ​តាម​បទ​កំណាព្យ​នីមួយៗ។ វា​ជា​ជំនួយ​ជួយ​សម្រួល​ដល់​ការ​និពន្ធ ការ​ពោល ឬ​ការ​សូត្រ​កំណាព្យ និង​ជួយ​ជម្រុញ​ឲ្យ​កំណាព្យ​មាន​លក្ខណៈ​ពិរោះ​រណ្តំ​ជា​តន្ត្រី។

    ឧទាហរណ៍ ៖ បទពាក្យ៧ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ២ និង ៤ – ស្តាយសាច់ ស្រអែម កែមសំដី…។ បទពាក្យ៨ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ៣ និង ៥ – អនិច្ចា តោថ្ម លោកកសាង….។
    សង្កេត

    ១. បទពាក្យ ៦ ពាក្យ៧ ពាក្យ៨ ពាក្យ៩ ពាក្យ១០ និងពាក្យ១១ ជា​ឈ្មោះ​កំ​ណាព្យ ដែល​ចាស់​បុរាណ​យើង​បាន​និយម​ប្រើ ប៉ុន្តែ​តាម​ការ​ពិត “ពាក្យ” នេះ​មិន​មែន​សំគាល់​ចំនួន​ពាក្យ​នៅ​ក្នុង​ឃ្លា​ទេ ផ្ទុយ​ទៅ​វិញ​គឺ​សំគាល់​ចំនួន​ព្យាង្គ​នៅ​ក្នុង​ឃ្លា​នីមួយៗ ពោល​គឺៈ បទពាក្យ៦ មាន៦ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៧ មាន៧ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៨ មាន៨ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៩ មាន៩ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ១០ មាន១០ព្យាង្គ​ក្នុងមួយឃ្លា និងបទពាក្យ១១ មាន១១ព្យាង្គ​ក្នុងមួយឃ្លា។

    ២. តាម​ធម្មតា បើ​គេ​និពន្ធ​អត្ថបទ​កំណាព្យ​មួយ​ដែល​មាន​ច្រើន​ល្បះ គេ​ត្រូវ​រក្សា​ចំណាប់ចួន តាម​ពី​ល្បះ​ទី​១ រហូត​ដល់​ល្បះ​បញ្ចប់… មិន​ត្រូវ​ឲ្យ​ភ្លាត់ ឬ​ក៏​ដាច់​ចួន​នៅ​ដំណាក់​ណា​មួយ​ឡើយ។

    ៣. ក្រោយ​ពី​ការ​សិក្សា​របៀប​សូត្រ​ កំណាព្យ​ខ្មែរ យើង​អាច​សង្កេត​ឃើញ​ថាៈ បទ​កំណាព្យ​នីមួយៗ​មិន​មែន​សម្រាប់​បម្រើ​តែ​មនោសញ្ចេតនា​មួយ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​បទ​ទាំង​នោះ អាច​បម្រើ​បាន​ស្ទើរ​តែ​គ្រប់​មនោសញ្ចេតនា​របស់​មនុស្ស ដូច​ជា​រំភើប សប្បាយ កំសត់ ពិពណ៌នា និរាស​ព្រាត់ប្រាស កំហឹង ទូន្មាន​ប្រៀន​ប្រដៅ សង្វេគ អវិជ្ជា ។ល។ និង ។ល។ ជាក់ស្តែង​គ្រាន់​តែ​បទ​កាកគតិ​មួយ យើង​អាច​សូត្រ​បាន​ច្រើន​បែប​គឺ ៖ សូត្រ ​បែប​កូន​ក្មេង, សូត្រ​បែប​ចាស់, សូត្រ​បែប​ក្អែក​លោត, សូត្រ​បែប​​ក្អែក​បូល, សូត្រ​​បែប​ពិពណ៌នា, សូត្រ​​បែប​​ទំនួញ, សូត្រ​​បែប​​ពិលាប, សូត្រ​​បែប​​កាក​កាត់​ត្រើយ​, សូត្រ​បែប​ត្រៃ​លក្ខណ៌​ជាដើម, ដែល​អាស្រ័យ​ដោយ​ខ្លឹមសារ និង​មនោសញ្ចេតនា​នៃ​អត្ថបទ​នោះ​កំណត់។

  4. Kao Bun Song និយាយថា៖

    គ្រឹះ​នៃ​វប្បធម៌​ខ្មែរ
    វប្បធម៌-អរិយធម៌​ខ្មែរ​បច្ចុប្បន្ន​ដែលជា​ លទ្ធផល​នៃ​ការវិវត្ត​ដ៏​យូរលង់​បានប្រសូត​ចេញពី​មូលដ្ឋានគ្រឹះ​ខ្មែរ-មន ឬ​មន-ខ្មែរ និង​ឥណ្ឌា​ដែល​គេ​ពុំ​អាច​ផ្តាច់ចេញ​ពីគ្នា​បានឡើយ ហើយ​ភាព​សំយោគ​ដ៏​ស្អិតរ​មួ​ត​នេះហើយ ដែល​ធ្វើឱ្យ វប្បធម៌-អរិយធម៌​ជាតិខ្មែរ​មាន​ភាព​សម្បូរបែប និង​ត្រ​ចេះ​ត្រចង់
    តាមពិត មុន​ភាព​សំយោគ​ដើម​នេះ ដែល​ផ្តើមឡើង​នា​សម័យ​ប្រវត្តិសាស្ត្រ ឬ​មុននេះ​បន្តិច វប្បធម៌​ខ្មែរ​មាន​លក្ខណៈ​ជាតិ​ខ្លួន​មកហើយ ។ លក្ខណៈសម្បត្តិ​ពិសេស​នេះ ត្រូវ​បន្ត​ដោយ​សហគមន៍​ដែល​ស្ថិតក្នុង​អម្បូរ​មន-ខ្មែរ នៅ​ឥណ្ឌូចិន និង​នៅ​ម៉ាឡាយូ (ម​លា​យូ) រហូតដល់​សព្វថ្ងៃ​ដែល​រស់នៅ​តំបន់​ខ្ពង់រាប ឬ​តាម​តំបន់​ព្រៃភ្នំ ហើយ​ដែល​ពុំ​អាច​ទ​ទូល​ឥទ្ធិពល​ពី​ឥណ្ឌា ចិន ឬ​អឺរ៉ុប​នៅឡើយ ។

    ដូចនេះ ប្រវត្តិវិទូ ឬ​អ្នកស្រាវជ្រាវ​ខាង​វប្បធម៌​ខ្មែរ​មិនត្រូវ​បំភ្លេច​នូវ​ចក្ខុវិស័យ​ចម្បង ដែល​ទាក់ទិន​នឹង​កំណើត​ព្រមទាំង​ការវិវត្ត​នៃ​វប្បធម៌​ខ្មែរ​នេះឡើយ ។ ពោលគឺ​ពួកគេ​ត្រូវ​ស្គាល់​អំពី​ប្រភព​នៃ​វប្បធម៌-អរិយធម៌​ដើម​របស់​ ជនជាតិខ្មែរ​យ៉ាង​ជាក់ច្បាស់ ហើយ​មិនត្រូវ​បំភ្លេច​នូវ​វិភាគទាន​ដ៏​ថ្លៃថ្លា​ពី​ប្រទេស​ឥណ្ឌា​ក្នុងការ​ សាងសង់​នូវ​មូលដ្ឋានគ្រឹះ​របស់​សង្គម​ខ្មែរ​ក្នុង​អតីតកាល​ក៏​ដូច​ក្នុង​ បច្ចុប្បន្នភាព​ដែរ ។

    យ៉ាងណាមិញ ​ពួកគេ​ក៏​មិនត្រូវ​បំភ្លេច​បំបាត់ដាន​នូវ​រាល់​តួនាទី​ជា​ប្រវត្តិសាស្ត្រ​ របស់​ជនជាតិខ្មែ​រ និង​កុលសម្ព័ន្ធ​មន-ខ្មែរ ដែល​កំពុង​រស់នៅ​ពាសពេញ​ដេរដាស​ទូទាំង​ភូមិភាគ​អាស៊ីអាគ្នេយ៍​នេះដែរ ព្រោះថា​ជនជាតិខ្មែរ​គឺជា​ជនជាតិ​ចាស់ ហើយ​មាន​សាវតារ​ដ៏​យូរ លង់​មួយ ។

    ជារួម គេ​ត្រូវ​ស្គាល់​នូវ​វប្បធម៌​ខ្មែរ​ដើម​ដែល​បាន​ចាប់បដិសន្ធិ​ឡើង​ច្រើន​ ពាន់​លាន​ឆ្នាំមុន​ការហូរចូល​នៃ​វប្បធម៌​ឥណ្ឌា អ្វីដែល​គេ​ហៅថា​ឥណ្ឌូ​ រូបនីយកម្ម និង​ការ​កាត់​ផ្សំ​ជាមួយ​អម្បូរ​ចិន​ដែល​ធ្វើឱ្យ​សម្បុរស្បែក​មាន​លក្ខណៈ​ ជ្រះ​បន្តិច ។

    អ្វីដែល ​ទើប​ពោល​ខាងលើ គឺជា​ក្បួនខ្នាត ក្រឹត្យក្រម​តែមួយគត់​ប្រក​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​អាច​ជម្រុញ​ គ្រប់ការ​ស្រាវជ្រាវ​រាវរក​អំពី​វប្បធម៌​ខ្មែរ​ឱ្យមាន​លក្ខណៈ​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​ខ្ពស់ ។ ជាការ​សោកស្តាយ​ណាស់​ដែល​រហូតដល់​សព្វ​ថ្ងៃនេះ ការខ្វះខាត​ផ្នែក​ឯកសារ​ក៏ដូចជា​ធនធានមនុស្ស និង​សតិសម្បជញ្ញៈ​ក្នុងការ​ សរសេរ​ឯកសា​រ​ស្រាវជ្រាវ​ដែលមាន​អត្ថប្រយោជន៍ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ អន្តរជាតិ​ដោយ​អ្នកនិពន្ធ​ខ្មែរ​មួយចំនួន​នៅតែមាន​នៅឡើយ។ ដូចនេះហើយ ពួកគេ​មិនអាច​ឈានទៅរក​សច្ចភាព ឬ​ផ្តល់​យុត្តិធម៌​ជូន​វិស័យ​វប្បធម៌ និង​ប្រជាជន​ខ្មែរ​នៅឡើយ ក្នុងខណៈដែល​មានការ​បំភ្លៃ ឬ​បំភ័ន្ត​ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន ។ គឺ​ក្នុងន័យ​នេះហើយ​ដែល​គេ​ត្រូវតែ​បំពេញ​កង្វះខាត​ដោយ​បំប៉ន​នូវ​ចំណេះដឹង​ ទូទៅ​ឱ្យបាន​ធំ​ទូលំទូលាយ​ឱ្យបាន​ច្រើន​ជា​អតិបរមា ដែលជា​ត្រីវិស័យ​ចម្បង​ដើម្បី​អភិវឌ្ឍ​ការចេះដឹង​សកល​មួយ​ប្រកបដោយ​សុភ​ វិនិច្ឆ័យ​ដែល​អ្នកប្រាជ្ញ​អាច​ទ​ទូល​ស្គាល់​ជា​ផ្លូវការ​បាន ។

    សរុបសេចក្តី ​មក គ្រប់ការ​និយាយ​អំពី​វប្បធម៌​ខ្មែរ គេ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​ទស្សនៈ​ជា​មូលដ្ឋាន​ខាងលើនេះ​ជាមុន សិន បើ​ពុំ​ដូច្នេះ​ទេ គេ​នឹងមិន​អាច​នឹង​ឈោង​ទៅ​ចាប់​នូវ​គំនិត​ឧ​ប​សំយោគ​មួយ​ដែលជា​ខ្លឹមសារ​ ស៊ីជម្រៅ​ពិត​របស់​ព្រលឹង​ជាតិ​យើង​បានជា​ដាច់ខាត (ម.ត្រា​ណេ) ។

  5. Kao Bun Song និយាយថា៖

    ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរ
    ការមកដល់​នៃ​ជនជាតិ​អម្បូរ​ចិន​ក្នុង​ ភូមិភាគ​ឥណ្ឌូចិន​គឺជា​បញ្ហា​ថ្មីថ្មោង ។ ដូច្នេះ​ខុសពី​ពូក​អន្តោប្រវេសន៍ ជនជាតិខ្មែរ​បានកើត​លើ​ទឹកដី​របស់​ខ្លួនឯង​ផ្ទាល់ ។

    ក្នុងន័យ ​នេះហើយ​ដែល​លោក ហ្ស​ក សឺ​ដែ​ស (G.Coedes) បាន​សរសេរ​ក្នុង​ឆ្នាំ ១៩៤៩ ថា គេ​អាច កត់សំគាល់​សារៈសំខាន់​នៃ​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​របស់​ប្រទេស​ឥណ្ឌា​ ដោយ​គ្រាន់តែពិនិត្យសើរៗដូចនេះ “បើ​មើល​តាម​លក្ខណៈ​នៃ​រូបរាងកាយ​អ្នកស្រែ​ចំការ​ខ្មែរ​មិនមាន​លក្ខណៈ​ខុសពី ​ជនជាតិ​ព្នង ឬ​សម្រែ​ឡើយ ។ ព្នង​ក៏​ដូច​ម៉​យ​នៅ​អាណ្ណា​ម​ដែរ ដែល​ស្ថិតក្នុង​ស្ថាន​ភាពជា​កុលសម្ព័ន្ធ ។ ពួកគេ​ដោះស្រាយ​រាល់​បញ្ហា​វិវាទ​តាមបែប​ប្រពៃណី​ដោយ​ទន្ទេញ​មាត់ ឬ​ចងចាំ ។ ខាង​សាសនា ពួកគេ​គ្រាន់​តែមាន​ជំនឿ​ជី​វច​ល​និយម​គ្រោត គ្រាត​ដែលមានលក្ខណៈខុសៗគ្នា​ពី​កុលសម្ព័ន្ធ​មួយ​ទៅ​កុល​ស​ម្ព័​ន​មួយទៀត ។ លោកធាតុ​វិទ្យា (ទស្សនៈ​ស្តីពី​ពិភពលោក) របស់​ពួក​ខ្សត់ ខ្សោយ​ពុំមាន​តូ​អក្សរ​សម្រាប់​កត់ត្រា​ភាសា​ទេ” ។

    ចំនែកឯ ​ជនជាតិខ្មែរ​វិញ សូម្បីតែ​មនុស្ស​មិន​ជឿនលឿន​ក្តី ក៏​ស្ថិតក្នុង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​រឹងមាំ​ដែរ ។ ខ្មែរ​មាន​តុលាការ​សម្រាប់​កាត់ក្តី​ដោយ​ក្រឹត្យក្រម​ជា​លក្ខណៈ​ លាយលក្ខណ៍អក្សរ ។ ខ្មែរ​ប្រតិបត្តិ​ដោយ​ជ្រះថ្លា​ជាទីបំផុត​នូវ​សាសនា​មួយ​ដែលមាន​ទ្រឹ​ស្តី្គ ​គម្ពីរ​ក្បួនខ្នាត​ជា​ភាសា​ពិសិដ្ឋ (បាលី) គណៈសង្ឃ​ដែល​ផ្តល់​ចំពោះ​គេ​ក្នុងពេល​ជាមួយគ្នា​នោះ​នូវ​ទស្សនៈទាន​ស្តីពី​ លោក និង​បរលោក ព្រមទាំង​ទស្សនៈទាន​ត្រឹមត្រូវ​ដែលជា​ទស្សនៈទាន​ប្រតិបត្តិ​ដោយ​ពាក់កណ្តាល​ នៃ​មនុស្សជាតិ​អាស៊ី ។

    ជាទី​បញ្ចប់ ខ្មែរ​មាន​ប្រព័ន្ធ​អក្សរ​ដែល​អនុញ្ញាត​ឱ្យគេ​ឈោង​ទៅ​ចាប់​វិស័យ​អក្ស​ សាស្ត្រ​ដ៏​ទូលំទូលាយ​មួយដោយ​ធ្វើ​ឱ្យគេ​ទាក់ទង​គ្នា​បាន​ពី​ចំងាយ ។ ទាំងអស់នេះ​ខ្មែរ​បាន​ខ្ចី​ពី​ប្រទេស​ឥណ្ឌា ហើយ​ដើម្បី​សង្ខេប​ការ​កត់សំគាល់​ខាងលើ​តាម​រូបមន្ត​មួយ​គ្រោតគ្រាត​បន្តិច គេ​អាច​និយាយបានថា ខ្មែរ​ជា​ព្នង​ទទួល​ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា ។ ដូចនេះ វា​ជា​រឿង​សំខាន់​សំរាប់​យើង​ដើម្បី​កត់សំគាល់ថា មរតក​វប្បធម៌​ឥណ្ឌា​ដែល ដូនតា​ខ្មែរ​បានទទួលត្រង់ៗតែម្តង​ពី​ប្រទេស​ឥណ្ឌា​តាមរយៈ​ការជួញដូរ​ទំនិញ ។ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់ជាងនេះទៅទៀត គឺ​ដើម្បី​ទទួលបាន​នូវ​វប្បធម៌​ឥណ្ឌា សង្គម​ខ្មែរ​ស្ថិតក្នុង​ស្ថានភាព​មួយ​ដែលមាន​លក្ខណៈ​សមសួន​រឹងប៉ឹង និង​មាន​ចីរភាព ពោលគឺ​មានការ​អភិវឌ្ឍ​ពេញលេញ​គ្រប់​វិស័យ​ទៅហើយ​ដែរ ។ បើ​និយាយ​ម្យ៉ាងទៀត ជនជាតិខ្មែរ​មាន​សមត្ថភាព និង​ការទទួលខុសត្រូវ​ជាក់​លាក់ ។ យ៉ាងណា មិញ វប្បធម៌​ឥណ្ឌា​ដែល​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ខ្មែរ​ទូទៅ​នោះ ក៏​សមស្រប​នឹង​សេចក្តីត្រូវការ និង​គំនិត​ខ្មែរ​ដែរ ។

    ដូច្នេះ តទៅ​នេះ​យើង​សូម​លើកយក​បញ្ហា​មួយចំនួន​មក​អធិប្បាយ​ដោយ​សង្ខេប​សម្រាប់​ រំលឹក​ដល់​អតីតកាល ហើយ​ធ្វើការ​ពិចារណា​រួម ទោះបី​បញ្ហា​ទាំងនោះ​មិនបាន​វិភាគ​ស៊ីជម្រៅ​នៅទីនេះ​ក៏ដោយ ព្រោះ​យើង​បានធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​រួចមកហើយ​ក្នុង​សៀវភៅ “ការបង្កើត​រដ្ឋ​ខ្មែរ” កាលពី​ឆ្នាំ ២០០៥ ។

    ពឹង ​ផ្អែកលើ​វឌ្ឍនភាព​នៃ​វប្បធម៌​ចុង​យុគ​សំរឹទ្ធ និង​ដែក ដែលជា​សម័យកាល​មួយ​មានការ​ជឿនលឿន​ខាង​បច្ចេកទេស និង​បញ្ញា ញាណ យើង​អាច​និយាយបានថា មុន​ការផ្សព្វផ្សាយ​វប្បធម៌​អចិន្ត្រៃយ៍​ឥណ្ឌា​ពីស.វ​ទី ១ ដល់ទី ៧ ដែល​បាន​នាំមក​នូវ​ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ព្រមទាំង​របៀប​គ្រប់គ្រង សហគមន៍​ខ្មែរ-មន ឬ​ខ្មែរ​ដើម​មានការ​រីកចំរើន​ជា​វិជ្ជមាន​រួចមកហើយ ។ ដូច​ភាព​សម្បូរ បែប និង​ការរីកចម្រើន​នៃ​សមិទ្ធផលនា​សម័យ​បុរេប្រវត្តិសាស្ត្រ​ដែល​ឆ្លុះបញ្ចាំង ​តាម​បច្ចេកទេស​សាងសង់ (ផ្ទះ​ខ្ពស់​ពី​ដី ធ្វើ​អំពី​ឈើ ប្រក់​ស្លឹក និងភូមិ​មូល) កសិកម្ម ការ​ផ្សាំង​សត្វ សិល្បៈ ( សូន​រូប និង​គំនូរ​តាម​ជញ្ជាំង​ភ្នំ ) ឧស្សាហកម្ម និង​លោហធាតុ -ល- បានបង្ហាញ​ជា​ភស្តុតាង​ស្រាប់ ។

    យើង​ត្រូវ​ សង្កត់ធ្ងន់​លើ​បញ្ហា​នេះ នៅទីនេះ​ជាថ្មី​ម្តងទៀត អ្នកស្រាវជ្រាវ ឬ​សរសេរ​ប្រវត្តិសាស្ត្រ​ខ្មែរ គ្រាន់តែ​និយាយ​ដល់​ឥណ្ឌូ​រូបនីយកម្ម​តែ​ម្យ៉ាង​ប៉ុណ្ណោះ ហើយ​បែរ​ទៅជា​ស្ងាត់ស្ងៀម​មិន​និយាយ​ដល់​វប្បធម៌​នា​សម័យមុន និង​មិនបាន​ខិតខំ​ស្វែងយល់​អំពី​ហេតុ ការណ៍​ចម្បង​ដែលជា​គ្រឹះ​មូលដ្ឋាន​នៃ​វប្បធម៌​ខ្មែរ តាមពិត​ពួកគេមានការ​ខ្វះខាត​ខាង​ទិន្នន័យ​ទាក់ទិន​នឹង​បុរេប្រវត្តិសាស្ត្រ​ យ៉ាងដំណំ ។ ចំពោះ​យើង ការស្វែងយល់​អំពី​ប្ញ​ស​កែវ​នៃ​វប្បធម៌​ឥណ្ឌា ជា​កត្តា​មួយ​សំខាន់​ចាំបាច់​ដើម្បី​ធ្វើឱ្យ​យើង​យល់ថា ហេតុដូចម្តេច​បានជា​ខ្មែរ​ដើម​បានទទួល​ចរន្ត​វប្បធម៌​ឥណ្ឌា​យ៉ាង​ងាយស្រួល​ ដោយ​គ្មាន​ប្រតិកម្ម ។

    ជាបឋម​សូម​ជំរាប​ថា ការដែល​អនុភាព និង​ឥទ្ធិពល​ដ៍​ខ្លាំងក្លា​របស់​ឥណ្ឌា​បាន​ផ្សព្វផ្សាយ​យ៉ាង​ ងាយស្រួលគ្រប់ទិសទី​ដោយបាន​ក្លាយទៅជា​កម្លាំង​ស្ថាបនា​មួយ​យ៉ាង​ធំធេង បណ្តាលមកពីភាពស្រដៀងគ្នា​រវាង​ទស្សនវិជ្ជា មនោគមន៍​សាសនា និង​ចិត្តគំនិត​រវាង​ខ្មែរ និង​ឥណ្ឌា​ដែរ ។ បើ​សំអាង​លើ​វត្ថុតាង​មកពី​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ នា​ចុង​សម័យ​លោហធាតុ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ពោលគឺ​មុន​ការ បង្កើត​រដ្ឋ​ភ្នំ និង មន យើង​សង្កេតឃើញ​មាន​វត្ត​មាននៃ​ទីប្រជុំជន​ដ៏​រឹងមាំ និង​យ៉ាង​កុះករ​រួចមកហើយ ទីប្រជុំជន​ទាំងនោះ​ដែលជា​មណ្ឌល ​សេដ្ឋកិច្ច​នយោបាយ និង​សាសនា ​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា ក្រុង ដែល​ស្ថិត​ជាពិសេស​តាម​តំបន់​វាលទំនាប​ដូចជា​នៅតាម​ដង​ទន្លេមេគង្គ ចៅ​ប្រា​យ៉ា និង​ជ្រលង​នគររាជ​សីមា​រវាង​ដង​ទន្លេ​ស្រែ​មូល (សេ​មូ​ន ជា​ពាក្យ​សៀម) និង ជីរ (ឈី​រ បើ​ហៅ​តាម​សៀម) ។

    សូមជម្រាបថា ទីប្រជុំជន​ទាំងនោះ មុន​ឥណ្ឌូ​រូបនីយកម្ម​ដូចជា​ម្តុំ​ភ្នំពេញ (វត្ត​ជើងឯក) សំរោង​សែន អង្គរបុរី បាន​ឈៀង បាន​ណា​ឌិ អ៊ូ​ថង (នៅ​ថៃ) វត្ត​ភូ (លាវ) អូ​រកែវ (កម្ពុជា​ក្រោម) -ល- ដែល​លទ្ធផល​ជា​វិជ្ជមាន គឺ​ការបង្កើត​រដ្ឋ​ត្រូវបាន​ត្រួតត្រា​គ្រប់គ្រង​ដោយ​មេកន្ទ្រាញធំ។ ក្នុង​បរិបទ​នយោបាយ​នេះហើយ យើង​អាច​លើក​ជា​ឧទាហរណ៍​ប្រវត្តិ​របស់​កោះ​គោកធ្លក​ដឹកនាំ​ដោយ​នាង​លីវយី​ ដែលជា​ទេវ​កថា​បែប​ខ្មែរ​ដើម្បី​បង្ហាញ​នូវ​ប្រព័ន្ធ​ដឹកនាំ​ខ្មែរ​នាគ្រា​ ដំបូង ។

    នៅទីនេះ​យើង​ចង់​និយាយថា របប​រាជាធិបតេយ្យ​ខ្មែរ គឺជា​លទ្ធផល​នៃ​សាសនា និង​សេដ្ឋកិច្ច​នៃ​សង្គម​ខ្មែរ-មន ពី​លក្ខណៈ​ជា​សហគមន៍​ទៅជា​ប្រទេស ឬ​ព្រះរាជាណាចក្រ​កម្ពុជា ។ ពី​មេកន្ទ្រាញ​ដែលជា​មេទ័ព​ទៅជា​ស្តេច ឬ​ព្រះមហាក្សត្រ ហើយពី​ជំនឿ​បែប​ជី​វច​ល​និយម​ដែលមាន​ជាអាទិ៍​ដូចជា​ការគោរព​ថ្ម (ដូចជា​ថ្មដុះ​ជាដើម) ឬ​ភ្នំ​ខ្មែរ​បាន​ប្រារព្ធ​លទ្ធិ​សិវ​និយម​ដែលមាន​ជំនឿ​ស្រដៀង​គ្នា​ដោយ​ គ្មានអ្វី​រារាំង​សូម្បីតែ ​បន្តិចបន្តួច ។ ស្ថានភាព​នេះ គឺជា​ស្ថានភាព​ពិត ។

    ដូចជា​គ្រាន់តែ​រយៈពេល​ខ្លី​ល្មម​ប៉ុណ្ណោះ ប្រមាណ​ជា ២-៣ ស.វ ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌា​បាន​ជំរុញ ទីប្រជុំជន ឬ​ក្រុង​ឱ្យ​ប្រែ​ក្លាយទៅជា​អាណាចក្រ ឬ​រដ្ឋតូចៗស្ទើរតែ​គ្រប់ទិសទី​ក្នុង​ចក្រភព​ភ្នំ ។ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត ការ​ផ្តុំ​បង្រួបបង្រួម​ជាតិខ្មែរ ក៏​ត្រូវបាន​អនុវត្ត​ដូច​អ្វីដែល​កំណត់ហេតុ​ចិន​បាន​ពិពណ៌នា​ដោយ​ប្រយោល ។

    អ្វីដែល​ទើប​ពោល​បង្ហាញ​ឱ្យដឹងថា ក្នុង​រយៈកាល​នេះ​ដែល​ត្រូវបាន​បន្ត​រហូតដល់​ចុង​ស.វ​ទី ៦ ដើម ស.វ​ទី ៧ ក្រោម​ការដឹកនាំ​របស់​ស្តេច​សឹក​ដ៏​ខ្លាំងពូកែ​ជាច្រើន​អង្គ​មុន​ ការបង្ក្រាប​រាល់​ការបះបោរ​ប្រឆាំងនឹង​អំណាចកណ្តាល​រហូតដល់​ការបង្កើត​ ប្រទេស​កម្ពុជា​ដោយ​ច្របាច់​ចូលគ្នា​នូវ​ចេនឡា​ទឹក និង​ចេនឡា​គោក ។

    សរុបសេចក្តី ​មក គឺ​ភាពស្រដៀងគ្នា​នៃ​មនោគមន៍​សាសនា និង​វប្បធម៌​រវាង​ខ្មែរ និង​ឥណ្ឌា​ជា​ហេតុផល​ដែលនាំឱ្យ​ជាតិខ្មែរ​ទាញ យក​ផលប្រយោជន៍​យ៉ាង​ឆាប់រហ័ស​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ស្ថាបនា​សំណង់​វប្បធម៌ និង​សំភារៈ​របស់​ខ្លូន ។

  6. Kao Bun Song និយាយថា៖

    ក្រមង៉ុយ
    ព័ត៌មាន​មួយ​ចំនួន
    ឈ្មោះ ក្រមង៉ុយ
    នាម​ដើម អ៊ុក អ៊ូ
    នាមអ្នក​ស្រុក​ហៅ​ ភិរម្យ ង៉ុ​យ
    គរម្យងារ​ ព្រះ​ភិរម្យ​ភាសា
    បិតានាម អ៊ុក
    គរម្យងារ​បិតា ចៅពញា​ធម្ម​ធា​រា
    មាតានាម អៀង
    កំណើត ឆ្នាំ ១៨៦៥
    ស្រុក​កំណើត ស្រុកអង្គស្នួល ក្នុងខេត្ត​កណ្តាល
    ភរិយា អ៊ិន
    កូន ៦នាក់​
    អនិច្ចកម្ម នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ​៧១ឆ្នាំ

    ក្រមង៉ុយ​ ជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ឋ​ខ្មែរ។
    ប្រវត្តិរូប​សង្ខេប

    គេ​មិនដឹង​ពី​ថ្ងៃ​ខែ​កំណើត របស់​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ទេ ប៉ុន្តែ​ឯកសារ​បាន​អះអាងថា លោក​ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ ខេត្ត​កណ្ដាល ។​ ហើយលោកមានឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ ​ឯកសារ​ដែល​អាច​ប្រមូល​បាន​ឥឡូវនេះ មិន​បាន​បញ្ជាក់​ទេ​ថា លោក​មាន​បងប្អូន​ប៉ុន្មាន​នាក់ គឺ​គ្រាន់តែ​និយាយថា​លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ។​ បិតា​របស់​លោក គឺ​ចៅពញា​ធម្ម​ធារា មេឃុំ​កំបូល នាម​អ៊ុក ។ រីឯ​មាតា នាម អៀង ជា​បុត្រី​របស់​ចៅពញា​ម៉ុក មេឃុំ​ស្ពានថ្ម ស្រុក​ខេត្ត​ជាមួយគ្នា ។ មាតាបិតា លោក​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ។​ ​ជីវិត​ស្នេហា​របស់​កវី​ប្រជាប្រិយ​យើង​ ពុំទាន់​មាន​ឯកសារ​ណា​រៀបរាប់​ទេ យើង​គ្រាន់តែ​ដឹង​ថា​ ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត​ លោក​មាន​ភរិយា ឈ្មោះ អ៊ិន និង​មានកូន​សុទ្ធតែ​ប្រុស​ចំនួន​៦​រូប​,​រួមមាន​ឈ្មោះ ដួង​,​ចេង ,​ចា​,​ចិន​,​ចុង​,​ចេវ ។

    ​តាម​ការបញ្ជាក់​របស់​លោក យី ធន់ ក្នុងចំណោម​កូន​លោក​ទាំង​៦​រូប មាន​កូន​ទី​៥ ដែល​មាន​ទេព្យកោសល្យ​ខាង​សំនួនវោហារ ហើយ​ក៏​ល្បីល្បាញ​ផងដែរ​ក្នុង​ឈ្មោះថា​”​អាចារ្យ​ចុង​” ។ តាម​ពត៌មាន​ខ្លះ​ទៀត​និយាយ​ថា លោក​អ៊ុក អ៊ូ មាន​ចៅ​ម្នាក់​ទៀត​ដែរ ដែល​មាន​វោហារ​ល្បី​ខាង​ច្រៀង​អា​យ៉ៃ ហើយ​មាន​រូបរាង​ស្គម​ស្ដើង​ដែល​គេ​ធ្លាប់​ឮ​ឈ្មោះថានាយ​ស្លឹក ។ នៅពេល​ច្រៀង​អា​យ៉ៃ នាយ​ស្លឹក​តែង​ឧទ្ទេស​នាម​ខ្លួន​គាត់​ថា​”​ស្រុក​ខ្ញុំ​នៅ​ខាងលិច​ ពោធិចិនតុង កូន​អាចារ្យ​ចុង ចៅ​អាចារ្យ​ង៉ុយ​” ។​ អាចារ្យ ចុង បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ ១៩៥៥ ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ ប្រកួតប្រជែង និង​បក្ស​សង្គមរាស្ត្រនិយម។

    ក្នុងការ​រស់នៅ​ជា​កសិករ តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។

    ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រា​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាព ខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ ល ។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរ ទេស មាន​ចិន យួន ជាដើម។ សំ​នូរ​ល្បីល្បាញ​ពី​កវី​សិល្បករ​នេះ លេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ​ឧ្យ ទៅ​ច្រៀង​ថ្វាយ​ស្តេច​ស៊ី​សុ​វ​ត្តិ​ពេញ​ព្រះទ័យ​បាន​ឧ្យ​រង្វាន់​ជា ប្រាក់កាស និង​គោ​រម្យ​ងារ​ជា ព្រះ​ភិរម្យ​ភាសា។

    អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ហ្លួង​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ​​កវី អ៊ុក អ៊ូ ហៅ​ង៉ុយ អ្នក​​ដែល​​បាន​​ធ្វើ​​ឲ្យ​​កូន​​ខ្មែរ​​បាន​​រស់​នៅ​​ក្នុង​​ការ​​ប្រៀន​ប្រដៅ​​បែប​​ប្រជា​ប្រិយ​ដោយ​​ការរួម​បញ្ចូល​​រវាង​​ពុ​ទ្ធោ​វាទ ជា​មួយ បរិស្ថាន​​សង្គមកិច្ច​​កម្ពុជា​នា​​សម័យ​កាល​ថ្មី​មួយ : ​ប្រជាជន​កម្ពុជា​​បាត់បង់​សេរីភាព និង​​ឥស្សរ​ភាព​ជា​ម្ចាស់​​ប្រទេស ដោយ​​ពួក​អាណានិគម​​បារាំង​​បាន​​ចាប់​បង្ខំ​ដាក់​នឹម​​ត្រួតត្រា​។​ ជាមួយនឹង​គោរមងារ​នេះ អ្នកមុខអ្នកកា​រទាំង​ឡាយ​តែង​ហៅ​លោក​ថា​​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ​ ព្រោះ​ដើម្បី​កុំឲ្យ​ច្រឡំ​នឹង​នាយ​ក្រុមវាំង​ម្នាក់​នា​សម័យ​នោះ​ដែល​ មាន​ឈ្មោះ​​ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះ​ខ្លី ដែល​អ្នកស្រុក​ចូលចិត្ត​ហៅ​ហើយ​ដែល​បន្ត​ស្ថិតស្ថេរ​មកទល់ពេលនេះ គឺ​ឈ្មោះ ​ក្រម​ង៉ុយ​ ។​

    អ្នកភិរម្យ​ភាសា​អ៊ូ បាន​ទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ព​.​ស ២៤៧៩ គ​.​ស ១៩៣៦ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ដោយ​ជំងឺ​ទល់​លាមក ។​

    ការសិក្សា និង​ស្នាដៃ

    កុមារ​ង៉ុយបាន​ចូលរៀន​លេខ​ន​ព្ធ​ន្ត អក្សរសាស្ត្រ​នៅ​វត្ត​អង្គ​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ដែលជា​ស្រុកកំណើត​របស់​លោក ។​ ​គាត់​ជា​ក្មេង​ឧស្សា​ហ៏​រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៏​អា​ថ៏ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៍​អា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។ ​

    បន្ទាប់​ពី​បួស​ពី​សាមណេរ​ (​បួស​នេន​) ​បាន​ប៉ុន្មាន​ឆ្នាំ លោក​បាន​សឹក ​(​លា​ចាក​សិក្ខាបទ​)​ ទៅ​បំរើ​មាតា បិតា ហើយ​បាន​ធ្វើ​ជា​ស្មៀន​របស់​ឪពុក​លោក​ក្នុង​ការដើ​រហូត​ពន្ធស្រូវ​អាជ្ញា​ ហ្លួង ។​ ​នៅ​អាយុ ២១​ឆ្នាំ លោក​បាន​បួស​ម្ដងទៀត​ ​ដោយ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​(​បួស​ភឹក​)​នៅក្នុង​វត្ត​ដដែល​ដោយ​មាន​ព្រះ ​ឧបជ្ឈាយ៍​នាមសាស់ , លោកគ្រូសូត្រស្តាំ នាមជ្រូក ជាកម្មវាចា, លោកគ្រូសូត្រឆ្វេង មានអ៊ុងជាអនុស្សាវន ។ សូមបញ្ជាក់ថា ក្នុង​ការបំពេញ​ឧបសម្បទា​ជាភិក្ខុ ព្រះនាមគ្រូឧបជ្ឈាយ៍ ដែល​បំបួស​មាន​សារៈសំខាន់​ណាស់​សំរាប់​ព្រះសង្ឃ​ពុទ្ធសាសនា​ក្នុងការ​ឧទ្ទិស​​រំលឹក​មួយជីវិត ។​ ​ភិក្ខុ អ៊ូ បាន​រៀនសូត្រ​ធម៌អាថ៌ និង​រៀន​ប្រែ​ព្រះ​ត្រៃ​បិតក​ (​ពី​បាលី​មក​ភាសា​ខ្មែរ​)​ ដំបូង​ក្នុង​សំណាក់ ​លោក​គ្រូ​អាចា​ទិត្យ នៅ​វត្ត​ខាងលើ ។​

    បន្ទាប់មក​លោក​បាន​ស្វែងរក​រៀន​វិបស្សនា​កម្មដ្ឋាន ក្នុង​សំណាក់​លោក​អាចារ្យ​ជា​ច្រើន​កន្លែង ។ លោក​បាន​គង់​ក្នុង​ផ្នួស​៥​ឆ្នាំ លុះ​ចេះដឹង​ល្មមប្រើ​ការ​បាន​ហើយ លោក​ក៏​លាចាក​សិក្ខាបទ​មក​បកប្រែ​​ជីវភាព​ជា​គ្រហស្ថ​វិញ ដោយ​បន្ត​ជួយ​ធ្វើការ​ឪពុក​ក្នុងការ​ជា​ក្រម​ផង ជា​ស្មៀន​ផង ។ ដល់​ពេល​ស្រុក​ភ័ន្ត​ប្រែ លោក​លាឈប់​លែង​ធ្វើការ​រាជការ​ហើយ​មក​រស់នៅ​ជា​កសិករ​ធម្មតា ។​ ​គឺ​ចាប់ពី​ពេល​នោះ​ហើយ ដែល​លោក​បាន​ប្រើ​ទេព្យកោសល្យ​គ្មាន​ពីរ​របស់​លោក​ច្រៀង ឬ​ទេសនា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​ពិធី​បុណ្យទាន​នា​រដូវរំហើយ ស្រឡះដៃ​ពី​ការងារ​ស្រែចំការ ។ ​ការ​ច្រៀង ឬ​ទេសនា​នោះ​មិន​កំណត់​ថ្លៃ​ទេ ប៉ុន្តែ​អ្នកស្រុក​តែង​ប្រមែប្រមូល​ស្រូវ​អង្គ​ជូន​លោក​តាម​សទ្ធា ។​

    ​ការរៀនសូត្រ​របស់​ក​វី​យើង​មិន​ចប់​ទេ ពោល​គឺ រៀង​រាល់​ពេញ​ធ្វើដំណើរ​កាត់​ភ្នំពេញ លោក​តែង​ឈប់​សុំ​ចត​នៅ​វត្តឧណ្ណា​លោម ជជែក​ពិគ្រោះ​រៀនសូត្រ​ជាមួយ​ភិក្ខុសង្ឃ​នៅ​ទីនោះ អំពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ពុទ្ធ​សាសនា ។​ ដំណើរ​ច​ច្រប់ ច្រៀង​ទេសនា​របស់​លោក​អ៊ុក អ៊ូ បាន​ល្បី​ដល់​ស្ដេច ហើយ​ព្រះបាទ​ស៊ីសុវត្ថិ ដែល​គ្រង​រាជ​ជំនាន់​នោះ ក៏​ត្រាស់​បង្គាប់​ឲ្យចូល​គាល់ និង​ច្រៀង​ថ្វាយ​រហូត​លោក​បាន​ទទួល​គោរម​ងារ​”ភិរម្យ​ភាសា​”​ជាប់​រៀងមក ។​

    ​ដូចដែល​បាន​រៀបរាប់​ខាងលើ អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុក ។​ ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន:

    ១- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)

    ២- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២))

    ៣- សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)

    ៤- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)

    ៥- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)

    បើតាម​លោក យី ធន់​ដដែល បានឲ្យដឹងថា នៅ​មាន​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរ គឺ​ចម្រៀង​ស្ដីអំពី : ការប្រែប្រួល​នៃ​ស្រុកទេស​,​ កតញ្ញូ​កតវេទី​,​ ត្រៃ​លក្ខណ៍​,​ ចំរៀង​ស្រី​-​ ប្រុស ។​
    កិត្តិស័ព្ទលោកតាក្រមង៉ុយ

    ក្រម​ង៉ុយ​គឺជា​កវី​ម្នាក់​ដែល​មិន​សរសេរ​នូវ​កំណាព្យកាព្យឃ្លោង​ដែល​លោក​ច្រៀង​នោះ​ ឡើយ ។ ស្នាដៃ​របស់​លោក​ដែល​គង់វង្ស​មកដល់​សព្វថ្ងៃនេះ​កើតមានឡើង​ដោយ​ការអញ្ជើញ​ លោក​ទៅ​ច្រៀង​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ភ្នំពេញ ហើយ​ធ្វើ​ការកត់ត្រា​ទុក ។​

    ​លោក ប៉ែន ជីវ (​ស្លាប់​ឆ្នាំ​១៩៧៧ ជំនាន់​ខ្មែរក្រហម​) ធ្លាប់បាន​អះអាង​ថា លោក​បាន​ស្ថិតនៅក្នុង​ក្រុម​ស្មៀន​វ័យក្មេង ដែល​មាន​ភារៈ​ជួយ​កត់ត្រា​ចម្រៀង​កំណាព្យ​របស់​ក្រម​ង៉ុយ តាម​ការរៀបចំ​របស់​លោកស្រី​ស៊ុយ​ហ្សាន​កាប៉ឺ​ឡែស (Suzanne Karpeles) ដែល​ជា​នាយិកា​វិជ្ជា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នា​សម័យ​នោះ ។ ឯកសារ​របស់លោក​យី ធន់ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​សាលាក្រុង​ភ្នំពេញ​មាន​ចំណងជើង​ថា​ “​អ្នក​ ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ”​ ​នា​ឆ្នាំ​២០០៨ ក៏​បាន​បញ្ជាក់ថា លោក សឺ​ដេស បាន​នាំ​ឲ្យ​អ្នក​ភិរម្យ​ភាសា​ទៅ​ជួប​លោក​ស្រី កាប៉ឺ​ឡែស ហើយ​ពេល​ច្រៀង​កត់ត្រា​ចប់ លោកស្រី​ជនជាតិ​បារាំង​រូបនោះ បាន​ផ្ដល់ប្រាក់​១​រៀល​ជូន​លោក​កវី​យើង ដើម្បី​ជា​និមិត្តរូប​នៃ​ការស្រឡាញ់​វប្បធម៌ អរិយ​ធម៌​ខ្មែរ ។​ ក្រោយមក​ពុទ្ធសាសនបណ្ឌិត្យ​បាន​ចាត់ចែង​ចងក្រង​ចំរៀង​ កំណាព្យ​នោះ​ជា​សៀវភៅ​ទៅ​បោះពុម្ព​ចំនួន​៤​ច្បាប់ ដែល​បន្ទាប់មក​ទៀត​បញ្ចូល​គ្នា​ធ្វើ​ជាមួយ​ច្បាប់​វិញ ។​

    ​ការពិតទៅ​ភាព​ល្បីល្បាញ​របស់​លោក​អ៊ុក អ៊ូ មិនមែន​គ្រាន់តែ​ស្ថិតនៅត្រង់​ជើង​កាព្យ​ពិរោះ ពោរពេញ​ទៅដោយ​ខ្លឹមសារ​ជ្រាលជ្រៅ​នោះទេ ប៉ុន្តែ​លោក​ថែមទាំង​មាន​ទេព្យកោសល្យ​ក្នុងការ​ដេញចាប៉ី​ខ្សែ​មួយឬ​សាយដៀវ​ ថែម​ទៀត​ផង ។ ពេល​លោក​សូត្រ​កំណាព្យ លោក​តែង​ដេញចាប៉ី​ខ្សែ​មួយ​កំដរ ដែល​បន្ថែម​នូវ​ការ​ទាក់ចិត្ត​យ៉ាង​អស្ចារ្យ ។​ ​ក្នុងពេល​ដែល​លោក​ច្របល់​គ្រប់​ទិស​ច្រៀង​ទូន្មាន​មនុស្ស​ផងទាំងពួង លោក​តែង​មាន​បង្វិច និង​ឈើច្រត់​កាន់​តាម​ខ្លួន​ជាប់​ជានិច្ច ។ យើង​អាច​ស្រមៃ​អំពី​រូបរាង​របស់​ក្រុម​ង៉ុយ​គឺ បុរស​ម្នាក់​មាឌធំ ដុះ​ក្បាលពោះ កាត់សក់​ជ្រង​ខ្លី ទុក​ពុកមាត់​ខាងលើ និយម​ស្លៀកសំពត់​ចងក្បិន ពាក់​អាវកត្រង់​ឡេវ​ធំ ពាក់​ស្បែកជើងផ្ទាត់ និង​មួក​សំបុក​។ គឺ​រូបរាង​នេះហើយ ដែល​សិល្បៈករ​ចំលាក់​បាន​ឆ្លាក់​ឡើង​ដាក់​តម្កល់​នៅ​បូជនីយដ្ឋា​ន​អ្នកភិ​ រម្យភា​សាអ៊ូ ហៅ​ង៉ុយ នា​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃនេះ ។​

    ​បើ​តាម​ការ​ចងក្រងរ​បស់​លោក​យី ធន់ បានឲ្យដឹងថា ចាប៉ី​ខ្សែ​មួយ​របស់​ក្រុម​ង៉ុយ អាច​ដោះ​ចេញ​ពី​គ្នា​ហើយ​តម្លើង​បាន​ភ្លាមៗ​កាលណា​គាត់​ត្រូវ​ការប្រើ ។ ឃ្លោក​នៃ​ចាប៉ី​ខ្សែ​មួយ​ឬ​សាយដៀវ​នោះ​លោក​ដាក់​ក្នុង​បង្វិច ហើយ​ឈើច្រត់​ត្រូវបាន​លោក​យកមក​ធ្វើ​ជា​ដង រួច​ដាក់​ខ្សែ កើត​ជា​ឧបករណ៍​ចាប៉ី​ខ្សែ​មួយ​ប្រគុំ​បាន​ភ្លាម ។​
    ​កិត្តិ​ស័ព្ទ​នៅ​ក្រៅប្រទេស​

    កេ្តរិ៍​ឈ្មោះ​របស់​ក្រម​ង៉ុយ បាន​សាយភាយ​រហូតដល់​ស្រុក​សៀម ។ ស្ដេច​សៀម បានធ្វើ​រាជសារ​មក​សុំ​អញ្ជើញ​អ្នក​ភិរម្យ​ភាសា​អ៊ូ ទៅ​ច្រៀង​ថ្វាយ​ឯ​ស្រុក​បាងកក ។ លោក​ក្រម​ង៉ុយ បាន​ធ្វើដំណើរ​ទៅ​​នៅ​ស្រុក​សៀម​អស់​រយៈពេល​៣​ខែ ហើយ​បាន​ទទួល​ការ​រាប់អាន ពី​សំណាក់​ព្រះមហាក្សត្រ និង​មន្ត្រី​សៀម ។ ពេល​នោះ​ស្ដេច​សៀម​បាន​ប្រទាន​ងារ​ជា​ភិរម្យ​ភាសា​ “​ផៃ​រ៉ោះ​លឿ​កឺន​” ​និង​ប្រទាន​​​ឡេវអាវ​ប្រាក់​ឌួង ព្រមទាំង​ប្រាក់​និង​វត្ថុ​ផ្សេងៗ​ទៀត​ជាច្រើន ។
    ​តាម​ការរៀបរាប់​ឯកសារ​ទាំងឡាយ​មិន​បាន​បញ្ជាក់​ទេ​ថា ការអញ្ជើញ​ទៅកាន់​ស្រុក​សៀម​នោះ​កើតឡើង​នៅពេលណា។

  7. Kao Bun Song និយាយថា៖

    ច្បាប់កេរកាលថ្មី

    ច្បាប់កេរកាលថ្មី ជាបទព្រហ្មគីតិ និពន្ធដោយ [[ក្រមង៉ុយ|អ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ] ក្នុងឆ្នាំ១៩២២។
    ខ្លឹមសារ

    ច្បាប់កេរកាលថ្មី មានខ្លឹមសារទាំងស្រុង ដូចតទៅ៖
    នេះបទព្រហ្មប្រាជ្ញប្រាយ ខ្ញុំអធិប្បាយលើកល្បត់ល្បង ប្រដៅកូនចៅផង ចងជាច្បាប់ខុសនិងត្រូវ។
    កត្ដិកខ្នើតគ្នេរគ្នាន់ ក្នុងវស្សន្ដរដូវ ទឹកស្រែជនលេចស្រូវ នៅសំណល់សំណាបខ្ចី។
    កិរកាលពីព្រេងព្រឹទ្ធ ដើមគំនិតពីសេដ្ឋី ខ្ញុំលើកកិរកាលថ្មី តែងសេចក្ដីជាបរមត្ថ។
    ក្នុងថ្ងៃពេញបរមី ម៉ោង៨ព្រលប់ស្ងាត់ ឆ្នាំចរចត្វាក្សត្រ ផាត់សករាជកន្លងឆ្ងាយ។
    សាសនាព្រះសមណៈ បានពីរពាន់បួនរយបា្លយ ហុកសិបឆ្នាំកំចាយ ចាត់អធិប្បាយពីខុសត្រូវ។
    កិរកាលដំណាលទុក ជាទំនុកដំណែលនៅ តំណតរៀងទៅ តំរូវចិត្ដជនប្រុសស្រី។
    កូនអើយពាក្យអាពុក ជាទំនុកទំនើបថ្មី អនិស្រាយរាយបាលី អាពុកស្ដីឲ្យកូនស្ដាប់។
    គួរស្ដាយកេរ្ដិ៍ម៉ែឪ កិរិយាត្រូវឲ្យខំត្រាប់ កិរិយាណាខុសច្បាប់ គួរក្រឡប់ក្រឡាស់ចោល។
    ម្ដាយអាពុកនិងកូន បីដូចខ្លួននិងស្រមោល ឃើញខុសកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ។
    ល្ងង់ខ្លៅត្រូវតែសួរ ពាក្យឲ្យគួរកុំឲ្យស៊ុន យកពាក្យផ្អែមជាមុន ទន់លំទោនឱនប្រតិបត្ដិ។
    ទោះឪម៉ែស្លូតកាច គួរតែខ្លាចដូចមហាក្សត្រ ម្ដាយជេរពីរបីមាត់ គួរតែស្ងាត់ស្ងៀមឲ្យឈឹង។
    ប្រដៅត្រូវតែស្ដាប់ យកតំរាប់កុំទទឹង ម្នោះម្នះចចេសរឹង នឹងហើយហៅកូនសេសកម្ម។
    ធម៌អាថិចេះតែភ្លេច ជេរប្រទេចចេះតែចាំ អាពុកពត់ទៅស្ដាំ អកុសលកម្មទាញទៅឆ្វេង។
    អវជាតិបុត្រ ខូចបំផុតតាំងពីក្មេង ប្រព្រឹត្ដព្រើលផ្សេងៗ បើលេងអ្វីស្ដីមិនស្ដាប់។
    មិនស្ដាយជាតិកំណើត ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់ ត្រឹមត្រូវមិនសូវស្ដាប់ ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។
    ម៉ែឪមានគុណណាស់ មិនសំពះខ្លាចអៀនដៃ បើអ្នកក្រៅដទៃ វិស័យសោះសំពះបាន។
    ឆ្លើយបាទចះចា៎ខ្ញុំ រាបរម្យទមនឹងសន្ដាន ម៉ែឪឯងក្នុងឋាន ហ៊ានឆ្លើយអីអញអឺអើ។
    អនុជាតិបុត្រ ស្លូតបំផុតស្រណុកប្រើ ប្រកបការប្រសើរ ដើរតែតាមលំអានឪ។
    ប្រដៅទទួលយក ចេះលៃលកស្ដាប់ខុសត្រូវ ស្រណុកញាក់ធ្លាក់ផ្លូវ មិនសូវភ្លេចដំបូន្មាន។
    អតិជាតិបុត្រ ល្អបរិសុទ្ធស្ដាប់សីលទាន នាំឪទៅនិព្វាន ឈានទៅរកកន្លែងសុខ។
    ចេះលើសគេដរាប ជឿបុណ្យបាបប្រេតនរក មិនល្មោភនឹងមូត្រលាមក ភ័យនឹងភក់ភពសង្សារ។
    នេះគឺដើមបាលី បុត្រទាំងបីបែបកិរិយា ស្រលាញ់ណាស្អប់ណា តាមសញ្ញាចូលចិត្ដចុះ។
    អវធ្លាក់ផ្លូវក្រោម ប្រព្រឹត្ដព្រមតែខាងខុស អតិជាតិមារយាទខ្ពស់ អនុនោះយ៉ាងកណ្ដាល។
    មតិ១០០មានមួយ គួរតែស្ទូយដាក់លើក្បាល អវគឺស្រើបស្រាល ត្រអាលយកតែពីរយ៉ាង។
    អតិជាតិកំណើត គំនិតកើតពីកសាង កុសលតំកល់ខាង សំណាងកើតពីគំនិត ។
    អនុអានាងអើយ ខ្លួនធំហើយឲ្យចេះគិត ចេះកាញ់ស្គាល់ឆ្ងាយជិត ប្រព្រឹត្ដយកតែខាងត្រូវ។
    រៀនរិះរកទ្រព្យធន យកប្រពន្ធមើលធុនឪ ធុនថើកជ្រកខុសត្រូវ អ្នកកុំទៅខ្លាចបន្លា។
    ផ្លូវវៀចកុំបោះបង់ ផ្លូវព្រៃត្រង់កុំយាត្រា ឈានឈរពិចារណា ឆ្ការឲ្យស្អាតសឹមដើរទៅ។
    កុំដើរភ្លើភ្លេចខ្លួន ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ ជ្រកម្លប់សំណាក់នៅ កុំបោះពៅផ្ទប់គល់ឈើ។
    ឆេះខ្លោចសំបកក្រោម ស្រពោនញមស្លោកស្លឹកលើ មានភ្នែកឲ្យចេះមើល៍ កុំល្ងីល្ងើល្ងង់ល្ងិតពេក។
    រៀនដើរឲ្យមើលផ្លូវ ធ្វើស្រែស្រូវឲ្យមើលមេឃ ម្លប់ធ្លកធ្លាប់ជ្រកដេក ជាដំណេកអ្នកដំណើរ ។
    ដំណែលដែលគេដាក់ ជាដំណាក់ទំនូលផ្ញើ ចំណាំចាំគ្រាន់បើ ដើរក្រោយៗគ្រាន់ជ្រកទៀត។
    ឈើណាទោសសត្រូវ ដុះជិតផ្លូវនាំចង្អៀត ជំពប់យប់អាធ្រាត្រ ឆ្លៀតកាប់ចេញកុំទុកវា។
    បន្លាគល់សង្គត់ គន្លងផុតតែភ្នែកជា ដើរយប់ជំពប់ពារ ក្រែងគ្រោះគ្នាអ្នកដើរក្រោយ។
    គ្នាមុតកុំចាំផ្ទាន់ ឃើញគួរជាន់កុំបណ្ដោយ បណ្ដើរមើលខ្លាំងខ្សោយ ឲ្យពិនិត្យពិចារណា។
    ពាក្យពិតត្រង់ប្រាកដ ត្រូវច្រើនបទច្រើនប្រការ ប្រកបជាប្រស្នា ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់។
    ផ្លូវពិតទាំងជិតឆ្ងាយ សព្វសុសសាយមិនសេសសល់ អ្នកណាប្រាជ្ញាដល់ ដឹងយោបល់ច្រើនកន្លែង។
    កូនអើយការកេរ្ដិ៍ឈ្មោះ កុំចង់រស់តែម្នាក់ឯង គិតអ្វីគិតឲ្យវែង ក្រែងក្រក្រោយស៊យគំនិត។
    កំណើតរាល់រូបកាយ ចេញជួញឆ្ងាយស្ដាយជួញជិត ចិញ្ចឹមជន្មជីវិត គិតឲ្យស្រេចទើបបានស្រួល។
    ធ្វើស្រែចង់បានស្រូវ ដើមរដូវធ្វើស្រែទួល ស្រែទាបមើលទំនួល លើកទំនប់ឲ្យមាំមួន។
    កូនអើយកេរ្ដិ៍មេបា ចាំរក្សាមើលថែថួន ធុញថប់ថយថោកខ្លួន ជួនជាខ្សត់គេថាខ្សោយ។
    ស្រូវខ្សោយអង្ករថ្លៃ លក់សំចៃទុកឆ្នាំក្រោយ អ្នកក្ររកញយៗ ឲ្យអ្នកសុំជាងអ្នកខ្ចី។
    សប្បុរសពេកថយធន មូទូជនថយរាសី ប្រពន្ធល្អច្រើនអាប់ប្ដី ពាក្យអប្រិយចាញ់អាត្មា។
    ឈើផ្លែចាញ់សន្លឹក ត្រីវរវឹកទឹកមិនថ្លា កំណាញ់ក្រៅតំរា សោតសឹងអាប់ប្រយោជន៍យស។
    នឹងឲ្យៗមើលភាព ឲ្យអ្នកទាបជាងអ្នកខ្ពស់ អ្នកទិញឈប់សិនចុះ ក្នុងតែរស់មិនស្លាប់ងាយ។
    កំណាញ់ហួសកំណត់ ពាក្យអ្នកខ្សត់ខ្សបនិយាយ ទេវតាផ្ដន្ទាទាយ រលាយអស់រលស់ឯង ។
    សទ្ធាមើលធនធាន ជាតិអ្នកមានមិនអង្វែង កំណាញ់ដោយកន្លែង ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ។
    អ្នកក្រខ្ចីនេះកុំ អ្នកមានសុំនេះគួរឲ្យ អ្នកប្រាជ្ញអង្គាសញយ អស់ក៏ដោយឲ្យទៅចុះ។
    អ្នកក្របានជាហាម ពិបាកតាមទៅឯណោះ ទាល់ទឹកចូលច្រមុះ ច្រើនកើតឈ្លោះពីព្រោះយល់។
    អ្នកមានគេមានខ្មាស សងរហ័សមិនអំពល់ ជួនយើងមានរវល់ គេស្គាល់មុខស្រណុកខ្ចី។
    អ្នកក្រៗទាំងចិត្ដ ស្រូវឆ្មារល្ឥតឲ្យមើលល្អី វាល់ល្អកន្ដាំងបី ទាន់ស្រូវថ្មីទារឆាប់បាន។
    ជួនក្រែងឯងក្រវិញ ទោះដូរទិញមើលប្រមាណ ជឿបុលខ្ចីសន្ដាន កុំហ៊ានពារកញ្ជើធំ។
    ខ្លួនក្រកំចង់ធាត់ កុំងាកមាត់អាងតែសុំ ជឿខ្ចីល្អីក្រមុំ ស្រូវឯងទុំស្រណុកសង។
    បើជឿខ្ចីគេឲ្យ កុំទៅញយគេឲ្យខ្នង ឯណេះឯណោះផង កុំច្រើដងគេមើលងាយ។
    ក្រលុយកុំងុយដេក ចូលដំណេកកុំនិយាយ សំពត់ញាត់សំពាយ រាយរើសរៀបញាត់សំពៀត។
    រៀបដេកសំពះគុណ កុំដេកស៊ុនឲ្យប្រុងស្នៀត ភ្លើងឆេះយប់អាធ្រាត្រ កណ្ដៀតទូលប្រមូលរត់។
    ខ្លួនរាស្រ្ដក្រមាសប្រាក់ ភើចកន្រ្ដាក់អាវសំពត់ ទំរាំភ្លើងរលត់ ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ។
    កូនអើយគិតឲ្យគ្រប់ រៀងរាល់យប់កុំទំនេរ ជាងដេកលក់ទទេ យល់សប្ដជេរបីសាចក្រៅ។
    ទំលាប់មាត់មមើ ស្រែកថាយើៗ អៅៗ ចោរខ្មាំងខ្មោចចិត្ដខ្មៅ ហៅមេខ្មៅវ៉ៃឲ្យខ្មុក ។
    ដេកផ្អៀងជាងអង្គុយ ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់ ពីល្ងាចដេកពុំលក់ មាន់រងាវជក់ស៊ីម្លូស្លា។
    ជាងល្ងឹតឥតអំពើ ឥតអ្វីធ្វើសូត្រធម៌អាថិ បើច្បាស់វិបស្សនា ស្មាស្មាធស្មឹងប្រឹងឲ្យស្មោះ
    គងខ្នើយដេកកើយស្មុគ្រ គ្របឲ្យសុខសូត្រអំបោះ កុំដាក់ដោយកៀនកោះ អស់នឹងសត្វកណ្ដៀរកោរ។
    កណ្ដុរកន្លាតកាត់ ដល់កំណាត់ខានដេរខោ ជួនកាលមានអាចោរ លលបលួចលីទៅបាត់។
    កុំដាក់ឆ្ងាយប្រយោល ទុកជាចោលមិនប្រយ័ត្ន ប្រយោជន៍យប់យាមស្ងាត់ បង្កាត់ភ្លើងបង្គោលគោ។
    បង្ការក្រែងមូសខាំ ត្រូវចំណាំខ្យល់ជំនោរ បាយកកផ្អកម្ហូបជោរ ឲ្យអាលោស៊ីចាំសេះ។
    កំណើតឆ្កែញីឈ្មោល ដេកចំណូលតែនិងផេះ រៀនប្រើមើលចំណេះ រិះចំណាំតាមកិរិយា។
    ទោះប្រើកូនតូចធំ រឺប្រើខ្ញុំឲ្យធ្វើការ ធ្វើកលយល់ប្រាជ្ញា អាណាហ៊ានប្រើទៅឆ្ងាយ។
    អាខ្លាចប្រើតែជិត ឥតគំនិតប្រើរៀងអាយ ខុសម្ដងកុំជេរម្ដាយ ពេលដល់បាយកុំនាំឈ្លោះ។
    មនុស្សឃ្លានវាហ៊ានឆ្លើយ ស៊ីរួចហើយបន្ទោសចុះ បានឆ្អែតប៉ោងពេញពោះ ស្ដីខុសត្រូវមិនសូវខឹង។
    កូនអើយពាក្យអាពុក ចំណាំទុកពីត្រឹមណឹង ធ្វើប្រុសឲ្យខំប្រឹង រៀនឲ្យដឹងស្គាល់ពុតស្រី។
    មារយាទនិងមាយា ម្យ៉ាងចិត្ដជាចេះថ្នមប្ដី ប្ដូរស្លាប់រស់វាហី យកពីរបីនេះមិនបាន។
    កុំលោភច្រើនៗព្រួយ យកតែមួយសុខក្សេមក្សាន្ដ ចិត្ដស្រីទាំងប៉ុន្មាន ហ៊ានប្រមូលម៉ៅមិនខុស។
    មិនខូចគ្រប់តែស្រី ល្អពីបីចាំទុកចុះ ជាតិស្រីលោភលើប្រុស នោះមិនខុសស្រីណាមួយ។
    ខ្លាំងខ្សោយកុំឲ្យខ្សត់ ទោះនឿតហត់កុំលំអួយ ធ្វើប្រុសតែងតែព្រួយ ស្រីមិនជួយកុំត្អូញត្អែរ។
    ខ្លួនខ្លាំងកុំគិតខ្លាច ស្រីៗកាចស្លូតដោយខែ រដូវធ្វើស្រូវស្រែ ចែប៉ប្រែស្ដីលើប្រុស។
    ខែស្ទូងនិងខែច្រូត កាចរហូតដល់ខែបុស្ស ខែបែនបោករលស់ រលីងអស់អំពីដី ។
    ជញ្ជូនដាក់ជង្រុក ពូជពេញទុកស្បោងពីរបី ដំណើបបួនដប់ល្អី ស្រីៗស្លូតហើយខែហ្នឹង។
    ស្លូតផុតនៅខែមាឃ ស្ដីធ្ងន់ពាក្យមិនសូវខឹង បើប្រុសៗមិនដឹង ប្រឹងតែព្រួតស្អប់ស្រីៗ។
    ម្យ៉ាងទៀតមារយាទខូច មាយាបេះក្រូចមាយាដកខ្ញី មានប្រុសសហាយថ្មី រឹតថ្នមប្ដីមិនឲ្យអាក់។
    អីអើតែមាត់ក្រៅ ចិត្ដមួម៉ៅគ្មានត្រជាក់ ត្រីសាច់ល្អលួចលាក់ ដាក់តែឆ្អឹងឲ្យឯងស៊ី។
    បញ្ជោរចេះបញ្ចើ បញ្ឆោតប្រើឯងវក់វី វរវឹកព្រួតប្រុសពីរ ស៊ីទាល់ងាប់គាប់សងខាង។
    មួយទៀតផិតកំលោះ ស្រលាញ់ស្មោះស្ម័គ្រអស់យ៉ាង លោមប្ដីលាសំណាង ទាស់ក្អេងក្អាងទារសំបុត្រ។
    បើប្ដីមិនព្រមលែង លបជំទែងជំទយរត់ មួយទៀតខូចបំផុត មាត់ឲ្យប្រុសសំលាប់ប្ដី។
    ម្យ៉ាងទៀតមារយាទជា មានច្រើនគ្នាក្នុងលោកិយ ប្រាកដពេញជាស្រី ប្រុសពីរបីស្មាលាកម្ម។
    ស្លាប់រស់មួយនឹងមួយ មិនចង់ព្រួយយកប្រុសប្រាំ ប្ដីស្លាប់បួនដប់ឆ្នាំ ចាំសីលទានមិនមែនទៀត។
    ធ្វើបុណ្យផ្សងសច្ចា សុំប្រាថ្នាជួបរាល់ជាតិ អុចធូបដេកឱបធាតុ កណ្ដៀតថោកោរកាន់ទុក្ខ។
    និយាយពីពុតប្រុស ចូរចាំចុះជាទំនុក ដំណតទៅមុខ អាពុកប្រាប់ឲ្យស្រីចាំ។
    ប្រពន្ធមួយមិនស្កប់ ប្រពន្ធដប់គ្រាន់តែស្កាំ កាចស្លូតរហូតឆ្នាំ រាំដរាបរាល់រូបា។
    កាចម្យ៉ាងខាងល្ងាចព្រឹក រឿងបាយទឹកថ្នាំម្លូស្លា កាចម្យ៉ាងខាងធ្វើការ ម្យ៉ាងទៀតណារឿងប្រចណ្ឌ។
    ប្រជុំជាតិចិត្ដប្រុស ត្រូវនិងខុសជាកំណាន់ គំនិតល្អសំខាន់ ប្រកាន់មើលអិរិយាបថ។
    ប្រចណ្ឌរាវរាលឈ្មោះ ច្រើនកើតឈ្លោះទៅជាខ្សត់ មួយឃើញជាក់ប្រាកដ ប្រកៀកចាប់ធ្វើទោសបាន។
    លកលៃតែខាងប្រុស ប្រពន្ធខុសបង្អង់ខាន ខូចម្ដងខាតប៉ុន្មាន រាប់អានឱបក្រសោបទៀត។
    មួយលកលៃទាំងពីរ នៅរកស៊ីដោយសារញាតិ ស្រីមាយាឥតមារយាទ ស្មាលាជាតិមិនឲ្យជួន។
    ប្រចណ្ឌទាំងបីបទ គួរគួចកត់ទុកក្នុងខ្លួន លក់ពីរពេញចំនួន គួនគុំទុកយកជាច្បាប់។
    ប្រចណ្ឌហើយយកទៀត ហៅជួជាតិមារយាទអាប់ កូនណាយកតំរាប់ ស្លាប់នឹងស្រីៗមើលងាយ។
    ទោសតិចកុំទាញផ្សំ ឃើញមិនចំកុំនិយាយ កុំចាប់ស្ទើររវើរវាយ នាំឲ្យវល់អំពល់ចិត្ដ។
    ពុតប្រុសនិងពុតស្រី ចប់សេចក្ដីពីក្បត់ផិត រៀងរើសណាសុខចិត្ដ គិតសំគាល់រាល់រូបកាយ។
    បើមានកូនក្រមុំ គួរតែកុំបណ្ដោយឆ្ងាយ ឲ្យមើលនាយមើលអាយ ស្រេចនៅម្ដាយរក្សាកូន។
    ប្រយ័ត្នកុំឲ្យឃ្លាត ភ្លាត់មារយាទមិនសុទ្ធសូន្យ កុំទុកចិត្ដបងប្អូន ជីដូនមួយជួយរក្សា។
    ក្រមុំមានម្រាក់មិត្រ មេមួយគិតនាំកិច្ចការ កុំជឿចិត្ដនរណា មើលកិរិយានៃកូនឯង។
    ទោះស្ទូងដកយប់ថ្ងៃ ដើរយកដៃដាច់សង្វែង ប្រុសខូចលួចបន្លែង តែទាស់ភ្នែកបែកមេបា។
    ច្រើនណាស់តែសែនខ្មោច កេរ្ដិ៍អាសោចផុតអាសា នាំកូនឡើងសាលា គេថាឲ្យជំងឺចិត្ដ។
    បើមានកូនប្រសា មិនទាន់ការគួរឲ្យប្រិត កុំឲ្យបំរើឆ្ឥត អាណិតវាៗសងគុណ។
    យប់ថ្ងៃចូលប្រតិបត្ដិ គាតក្រវាត់រត់រែកពុន អាចនឹងច្រើនជឿមុន ស៊ុនអំពីឪពុកម្ដាយ។
    រក្សាកូនប្រពន្ធ រកទ្រព្យធនចង់ធូរចាយ ជួញជិតកុំជួញឆ្ងាយ ជួញរៀងអាយរក្សាគុណ។
    អំពើបាបកុំរៀន កុំអៀនប្រៀនក្នុងការបុណ្យ លាងទោសចេញជាមុន ទើបធ្វើបុណ្យចំរើនផល។
    បើនឹងចង់គង់ទ្រព្យ កុំទំលាប់សាងអកុសល របិញរបុញវៀចកាចកល់ ទេវតាផ្ដល់ផ្ដាច់ធនធាន ។
    កុំឈ្នានិសអ្នកខ្សត់ កុំបំភ្លាត់ទ្រព្យអ្នកមាន បើខ្លួនខ្សត់អត់ឃ្លាន រៀនតែរកតាមទៀងត្រង់។
    ជួញខាងកុំឈប់ខាន បើចង់បានកុំខ្លាចបង់ ខ្លាចបាត់ឲ្យផ្ចិតផ្ចង់ ប្រុងថែទាំឲ្យមាំមួន។
    កុំភ្លើធ្វើជាភ្លេច ភ្លាត់បន្ដិចខ្លាចក្រែងជួន ក្រែងចោរចូលមកពួន លូនលបលួចយកទ្រព្យទៅ។
    ប្រហែសតែងតែបាត់ ប្រុងប្រយ័ត្នតែងតែនៅ គិតសព្វគ្រប់ដោយផ្លូវ សូវទ្រាំនឿយកុំទ្រាំក្រ។
    នៅផ្ទះស្រះរបង របាចងឲ្យជាប់ល្អ ប្រើប្រាស់ខ្ញុំកំដរ ឲ្យបរិភោគដោយខ្លួនឯង។
    នឹងប្រើទៅហៅមក កុំគំហកយកកំហែង កុំហាឡើងហង់ឯង ក្រែងកំហល់ទល់កំហឹង។
    កុំហួសពាក្យសំដី ការអ្វីៗឲ្យចេះថ្លឹង កុំប្រើព្រួតលើប្រឹង ក្រែងកើតខឹងវានាំខាត។
    មនុស្សខឹងច្រើនៗខុស មនុស្សច្រើនឈ្លោះច្រើនប្រមាថ ការល្អច្រើនត្រូវខ្នាត យើងចង់ស្អាតកុំខ្លាចយូរ ។
    ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនមានគ្រូមានគេរាប់ ។
    បំរើឪពុកម្ដាយ អ្នកនៅឆ្ងាយគេច្រើនគាប់ អ្នកណាបំរើខ្ជាប់ ធ្លាប់តែខុសមិនដែលត្រូវ ។
    ជាតិមនុស្សទោះខ្ពស់ទាប មិនចោលភាពជាម៉ែឪ ពាក្យមនុស្សវែងជាងផ្លូវ ស្រូវច្រើនខួបខូចអង្ករ ។
    របស់ទ្រព្យថោកថ្លៃ ទុកសំចៃលៃឲ្យល្អ អុងអាងពាងក្រឡ ត្រដរទិញកុំឲ្យខ្វះ ។
    កើតមកជាខ្លួនរាស្រ្ដ ក្រប្រាក់មាសឲ្យមានខ្មាស សារពើគ្រឿងប្រើប្រាស់ ឲ្យមានចាស់ឲ្យមានថ្មី។
    ពូថៅដឹងកាំបិត ពន្លាកខ្វិតចបវែងខ្លី ខ្សែសេះគោក្របី ឫ្សីផ្ដៅកាច់សង្រែក។
    ការងាយកុំឲ្យក្រ អាក្រក់ល្អមានដោយឡែក ថ្ងៃនេះរបេះបែក ស្អែកខំរើធ្វើជាឆាប់។
    ឈ្មោះការប្រើលើដី កុំចាំស្រីតឿនប្រើប្រាប់ ឲ្យមានគ្រប់ប្រដាប់ ដំរាប់រាល់ឲ្យសល់ប្រើ ។
    កុំខ្ជិលល្ងង់ខ្លៅពេក ឲ្យចេះដេកឲ្យចេះដើរ ចេះសព្វគ្រប់ប្រសើរ កុំចង់ហើរហួសភាពខ្លួន ។
    ចង់ក្ដីឲ្យរៀនច្បាប់ រស់និងស្លាប់ឲ្យចេះក្បួន ចេះអ្វីចេះឲ្យមួន កុំបន្លំផ្សំនឹងគេ ។
    កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឲ្យគ្រប់ ។
    នឹងដើរស្វែងរកផល មិនទាន់ដល់កុំអាលឈប់ ឈានខ្លាំងពេកជំពប់ បើដេកយប់ឲ្យស្គាល់យាម។
    កុំដេកយូរទ្រមឹក លក់ហួសព្រឹកខុសទំនៀម តែភ្លឺឡើងភ្ញាក់ភ្លាម ព្រហាមឡើងក្រោកធ្វើការ ។
    ជាតិមនុស្សទោះប្រុសស្រី រាស្រ្ដមន្រ្ដីជាធម្មតា ពេលព្រឹកតែងអុស្សាហ៍ ថ្ងៃក្ដៅល្អាខ្ជិលល្ឥតឆ្អឹង។
    ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី។
    កុំចង់ខ្ពស់ស្មើមេឃ កុំឱនពេកអាប់រាសី ទោះដើរនិយាយស្ដី លៃតែល្មមឲ្យគួរសម។
    យល់ឆ្ងាយកុំណាយគិត ទោះយល់ជិតកុំអាលខំ មិនជាក់មើលឲ្យចំ ក្រែងច្រឡំសជាខ្មៅ ។
    ទំលាប់ធំជាងច្បាប់ បើរៀនត្រាប់កុំត្រាប់ខ្លៅ ត្រាប់ប្រាជ្ញអាចប្រដៅ ស្ដីកូនចៅស្ដីឲ្យស្មោះ។
    ស្មឹងស្មឹលសិល្ប៍របៀន ឲ្យគេរៀនកុំឲ្យអស់ ស្រលាញ់កុំញេះញ៉ោះ បើខឹងទាស់កុំឲ្យទាយ។
    ឆ្កែព្រុះកុំព្រួយពេក ឃើញឆ្កែដេកកុំមើលងាយ កំណប់ដប់សំពាយ កុំនិយាយប្រាប់សម្លាញ់។
    សំលឹងមើលឲ្យសព្វ បើនឹងស្អប់កុំអាលបាញ់ ក្ដីឈ្នះគេចុះចាញ់ កុំក្នាញ់តាមផ្ដន្ទាទៀត។
    បើខឹងកុំរំលោភ បើនឹងល្មោភឲ្យល្មមមាឌ កុំមាត់ក្រែងភ្លាត់ស្នៀត វាតហួសវង់ផុតគំនិត។
    កំណើតអាក្រក់ល្អ មាននិងក្រពីគំនិត ពីកាលបុព្វេពិត ងងឹតពេកមើលមិនយល់ ។
    ដាំដូងឲ្យខំថែ ចង់ស៊ីផ្លែឲ្យដុតគល់ បើជួនសំណាងដល់ រវល់តែស៊ីឆ្ងាញ់ពិសា។
    ប្រាជ្ញប្រិតប្រៀនប្រដៅ ចូរកូនចៅពិចារណា រំពឹងក្នុងប្រាជ្ញា ស្រាយបញ្ហានេះឲ្យដឹង។
    ចេះច្បាប់កេរកាលថ្មី អស់សេចក្ដីតែប៉ុណ្ណឹង កូនប្រុសអ្នកខំប្រឹង សំលឹងចាំតទៅមុខ ។
    ពីឆ្នាំចតទៅ ខំធ្វើស្រូវដាក់ជង្រុក អាសូរពាក្យអាពុក ទុកឲ្យកូនចៅគ្រប់គ្នា ។
    អាពុកកាន់តែចាស់ ស្ដាយខ្លួនណាស់ចូលជរា ពាក្យពិតប្រាំរយឃ្លា ជាសូរេចម្ល៉េះឯងហោង។
    អ្នកប្រាជ្ញភិរម្យល្បី លើច្បាប់ថ្មីអស់ល្បត់ល្បង ឈ្មោះអូ ហៅ ង៉ុយផង ចងជាច្បាប់សំរាប់ជន ។
    ខ្ញុំសូមផ្សងសច្ចា កើតជាតិណាសូមមានបុណ្យ មូលកូនមូលប្រពន្ធ ធនសម្បត្ដិសំបូរចាយ ។
    ស្មាលាក្រលំបាក សូមជៀសចាកចតុរាបាយ សូមល្អពង្សរូបកាយ កុំឲ្យឆ្ងាយពីព្រះពុទ្ធ ។
    ប្រាជ្ញាកុំទើសទាស់ ចេះអាថិធម៌ឲ្យមាំមុត សូមជាប់សីលបរិសុទ្ធ រលត់ទុក្ខសោករោគភ័យ ។
    អានិសង្សបុណ្យខ្ញុំបាន សាងប៉ុន្មានក្នុងលោកិយ សម្បត្ដិសួគាល័យ កុំបីឃ្លាតរវាតវែងឆ្ងាយ ។
    ពីជាតិនេះទៅមុខ មូលអាពុកជួបមូលម្ដាយ បងប្អូនកុំខ្ចាត់ខ្ចាយ អធិប្បាយចែងចប់អេវំ ។

  8. Kao Bun Song និយាយថា៖
    ច្បាប់ល្បើកថ្មី ច្បាប់ល្បើកថ្មីជា​បទ​កាកគតិ​ត្រូវបាននិពន្ធដោយកវីក្រមង៉ុយ​នៅឆ្នាំ​១៩២២។ ខ្លឹមសារ ច្បាប់ល្បើកថ្មីមានខ្លឹមសារទាំងស្រុងដូចតទៅ៖ អ្នកព្រះភិរម្យ ភាសាអ៊ូខ្ញុំ បង្គំនឹកគុណ ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាមុន គុណគាប់មហាធ្ងន់ មាតាបិតា។ ឧបជ្ឈាយ៍ជាធំ កាលចាប់ដៃខ្ញុំ ឲ្យធម៌កេស អនុសាវន ព្រះកម្មវាចា គុណតួអក្ខរា ទាំងសាមសិបបី។ ខែចែត្រឆ្នាំច ចត្វាស័កក កគិតកាព្យថ្មី លើច្បាប់ប្រដៅ កូនចៅប្រុសស្រី តូចក្ដីធំក្ដី ចូរស្ដាប់គ្រប់គ្នា។ ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ អាងមាសអាងប្រាក់។ ៥-អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់ អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់ អាងម៉ាស៊ីនកាត់ក។ អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ អ្នកគិតឲ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ តទៀតទៅមុខ។ សាសនានៅឆ្ងាយ លែងបានសប្បាយ មានតែកើតទុក្ខ កើតទាន់លោកីយ៍ លឺតែទំនុក ដំណែលអាពុក ចូរចាំគ្រប់គ្នា។ អ្នកជឿពាក្យចាស់ ជឿចាំឲ្យណាស់ កុំធ្វើបំពារ អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា មនុស្សចោរប៉ោបៀ កុំយកខ្លួនបៀត។ ឃើញរិកគេល្អ ទោះបីមានក្រ យកគេជាញាតិ គួររាប់អ្នកក្រៅ ផៅអ្នកឯទៀត រាប់រើសមារយាទ សុចរិតត្រឹមត្រូវ។ ១០-រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ខុសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ កុំសូវមើលងាយ។ បន្ទន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ បំរើមហាក្សត្រ ប្រយ័ត្នស្ដេចទាយ ពាក្យពិតទំនាយ រលាយកេរ្ដិ៍ឈ្មោះ។ ពាក្យស្ដេចពាក្យគ្រូ មានប្រៃមានជូរ កំរពីរោះ ជួនទាយឲ្យទាប ជួនទាយឲ្យខ្ពស់ ទាយឲ្យសក្ដិយស ទាញចុះកុំខឹង។ បំរើមើលភេទ ចំណាំព្រះនេត្រ ហេតុខ្លួនឲ្យដឹង ខ្លួនខ្ជិលហៃព្រើល លោកមើលសំលឹង សំលក់ឲ្យប្រឹង ខំប្រិតសូត្ររៀន។ បំរើមើលពុត ប្រាជ្ញាឲ្យមុត ស្មារតីឲ្យមាន បើខ្លៅឲ្យប្រាជ្ញ បើខ្លាចឲ្យហ៊ាន ចង់បានរបៀន កុំអៀនកុំខ្មាស។ ១៥-ពុតលោកថាធំ ជ្រងោប៉ុនភ្នំ ឯងមើលមិនច្បាស់ បំរើលោកណា លោកហ្នឹងជាម្ចាស់ លោកស្អប់អ្វីណាស់ ប្រាសចោលឲ្យឆ្ងាយ។ កុំឈមឈរជិត កុំយកធ្វើមិត្រ ភ្លាត់ខ្លួនអន្ដរាយ បើប្រពន្ធកូន បងប្អូនចៅហ្វាយ អាពុកឬម្ដាយ ឱនកាយប្រតិបត្ដិ។ អ្នកកុំមើលងាយ ឃើញគេរីករាយ ព្រួយខ្លួនប្រយ័ត្ន ត្រកូលញាតិផៅ កូនចៅមហាក្សត្រ ស្មើថ្លើមប្រមាត់ ប្រមាថមិនបាន។ ទោះអ្នកដទៃ អ្នកព្រៀងអ្នកព្រៃ ដែលលោករាប់អាន កុំថាតែមនុស្ស ទោះសត្វតិរិច្ឆាន ឯស្អប់មិនបាន ជួយថែរក្សា។ របស់រឺទ្រព្យ ដែលជាសំអប់ កុំបាច់សំអាត ទ្រព្យណាសំលាញ់ អស់អញឱហាត ចូរចៅសង្វាត ជួយថែរក្សា។ ២០-កុំជិះកុំជាន់ ស្មៅផ្ទីអាចម៍មាន់ ពាក្យចាស់ឧមា បុរាណហៅផ្ទី ពីរបីប្រការ កុំស៊ីត្រង់ណា ជុះដាក់ត្រង់ហ្នឹង។ សាច់សាលោហិត កុំផ្ដួលផ្ដេកផ្ដិត ផ្ដួចទោសកើតប្ដឹង អាពុកផ្ដែផ្ដាំ ចូរចាំចេះថ្លឹង សាច់ថ្លើមសួតឆ្អឹង និងស្បែកខាងក្រៅ។ សាច់សួតក្នុងខ្លួន ទុកស្មើបងប្អួន ប្រពន្ធកូនចៅ សរសៃនិងស្បែក ចែកជាញាតិផៅ ខ្ញុំស្រីខាងក្រៅ ជាស្មៅអាច់មាន់។ ស្រីខ្ញុំកំដរ បើឃើញរូបល្អ កុំលលូកលាន់ កុំលួចលបលេង ក្រែងម្ចាស់គេទាន់ កុំភប់កុំភាន់ អាប់អន់អាត្មា។ បើអ្នកមានយស មានសក្ដិខ្ពង់ខ្ពស់ គាប់នឹងរាជការ ធ្វើធំធ្វើថី មន្រ្ដីមានត្រា ព្រះហ្លួងឧកញ៉ា សាលាកុង្សីយ៍។ ២៥ – ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្ដី កុំឆ្មើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្ដី យកឧបេក្ខា។ កុំកាន់សីហលោ កុំកាន់លោភោ ទោសោមោហោ កុំជក់អាភៀន កុំឃ្លានផឹកស្រា កុំស្អប់ត្រង់ណា សច្ចាយកត្រង់។ ល្អងលោមពិសោធ កុំឆបញ្ឆោត បញ្ចូលឲ្យបង់ ឲ្យបែកឲ្យបាក់ ពាក្យសត្យពាក្យសង្ឃ កូនអើយផ្ចិតផ្ចង់ តំរង់ស្មារតី។ កុំភ្លើនឃើញប្រាក់ កុំភ្លើភ្លាត់សក្ដិ ធ្លាក់ទៅអវចី កាន់ធម៌ទសពិធ រឹតឡើងរាសី គាប់ពីលោកិយ៍ ដល់បរលោកនាយ។ អ្នកក្ដីជាភ្លើង កុំកាត់ជាន់ជើង អ្នកម្ខាងមើលងាយ ចៅក្រមជាទឹក រលឹករំលាយ កុំជេរកុំវាយ បង្ខំនាំខុស។ ៣០ – ចោរលួចចោរប្លន់ រីចោរស្ម័គ្រស្មន់ តណ្ហាស្រីប្រុស កុំស្អប់ខាងណេះ បញ្ឆេះខាងណោះ លួងលោមបញ្ចុះ បញ្ចូលចិត្ដក្ដី។ កុំដុតឲ្យក្ដៅ បើឃើញអ្នកខ្លៅ ប្រាជ្ញាគ្នាខ្លី កុំឃើញប្រាក់ប្រុស បន្ដុះខាងស្រី បើកាន់ច្បាប់ថ្មី កុំចោលច្បាប់ចាស់។ កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ កុំប្រែក្រលាស់ ក្រលេកមើលគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ។ អ្នកកុំភ្លេចគុណ គ្រូលេខនព្វន្ដ គ្រូសូត្រអក្សរ កុំចាប់ដៃទាញ គំនាប់ងក់ក កុំជជែកត ស្មើមិត្ដសំលាញ់។ រាស្រ្ដរត់ចូលជ្រក សួរសាចទៅមក កុំអើឯងអញ ពាក្យពុំពិរោះ គេកើតមួក្នាញ់ គេដៀលផ្ចាលផ្ចាញ់ អន្ដរាយកេរ្ដិ៍ឈ្មោះ។ កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់ ពោលពាក្យពិរោះ ខ្លួនអ្នកនឹងថ្កើង នឹងឡើងសក្ដិយស កុំឆ្លៀតនាំឈ្លាះ ញុះញង់អ្នកធំ។ កុំស្អប់អ្នកតូច បើឃើញគ្នាខូច គួរគិតប្រមុំ ទោសគ្នាតិចតួច ផ្ដួចឡើងជាធំ ផ្សែងពួតជាដុំ ផ្លុំឆេះជាភ្លើង។ កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង កុំធ្វើក្រអើត កុំពើតកុំពើង កុំពាក់ស្បែកជើង ចូលវត្ដលោកសង្ឃ។ ដោះមួកដាក់ឆ័ត្រ ឱនកាយប្រតិបត្ដិ លំអុតឱនអង្គ កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់ កាន់ច្បាប់ស្រុកហ្វង្ស៍ កុំបង់សាសនា។ កុំចង់ថ្កើងពេក កុំលើកដំណេក ហួសមេហួសបា តែងខ្លួនឲ្យល្មម មើលពូជពង្សា សង្ខេបនិដ្ឋិតា រឿងផ្គប់បុណ្យសក្ដិ។ ៤០ – បើទៅជារាស្រ្ដ ប្រាជ្ញាវៃឈ្លាស គូរវាសឆ្លកឆ្លាក់ ឲ្យឆ្លៀតរែកពុន បើធ្ងន់សុំដាក់ ខំរកមាសប្រាក់ ឲ្យគ្រាន់ទាន់ចាយ។ រាជ្យបារាំងសេស កូនកុំប្រហែស កុំថ្នមរូបកាយ ដើរគិតដេកគិត ជួញជិតជួញឆ្ងាយ បើចង់សប្បាយ ស្រេចនៅមានទ្រព្យ។ រាជ្យហ្លូងពីមុន រកស៊ីរែកពុន មានក្រតាមភ័ព្វ រាជ្យលោកឥឡូវ ត្រូវខំឲ្យញាប់ តែខ្ជិលច្រើនជាប់ ខ្នោះជើងខ្នោះដៃ។ តាំងពីឆ្នាំច ចាំជាដំណ ទំនិញឡើងថ្លៃ ចងក្បិតឲ្យតឹង ប្រឹងកុំសំចៃ សញ្ជឹងយប់ថ្ងៃ កុំឲ្យក្រខ្សត់។ បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។ ៤៥ – កុំថ្នមកំលាំង កាប់ជីកចូកចាំង កុំថារងាក្ដៅ រៀនអ្វីឲ្យឆ្អិន កុំឲ្យខ្លោចឆៅ កុំដេកតែខ្លៅ ក្រក្រៅសន្ដាប់។ បើល្ងង់ឲ្យចេះ រករៀនតំរិះ រិះរកតំរាប់ អិន្រ្ទីឆ្វេងស្ដាំ កុំចាំគេប្រាប់ រៀនស្ដីរៀនស្ដាប់ រៀនមើលឲ្យស្ដែង។ កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឲ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំដេកតែក្រ។ កុំប្លន់កុំលួច កុំខ្ជិលកុំខូច កុហកឆូវឆ បោកប្រាសយកប្រាក់ ច្រវាក់ជាប់ក កាន់មារយាទល្អ សុច្ចរិតត្រឹមត្រូវ។ កូនអើយរកស៊ី កកាយធរណី ធ្វើស្រែយកស្រូវ កុំតាមអ្នកណា បាតាមតែឪ លើកភ្លឺជិតផ្លូវ កុំស្រាស់បន្លា។ ៥០ – គេដើរយប់ថ្ងៃ មុតជើងមុតដៃ ដឹងចៀសទៅណា ចៀសចុះជាន់ស្រូវ ហើយជេរផ្ដាសា កូនម្ដាយអាណា ស្រាស់ដើរមិនរួច។ កុំយកគល់ឈើ ទៅដាក់ពីលើ ទោះធំទោះតូច ជំពប់ជើងគេ គេថាឯងខូច ជេរដៀលដល់ពូជ ប្រដូចមេបា។ លើកភ្លឺឲ្យធំ បង្ហាប់ឲ្យមាំ គាប់ភ្នែកទេវតា ស្មើបានសង់ស្ពាន នឹងមិនផលា កើតសាធុការ អាយុយឺនវែង។ កូនអើយធរណី បើតាមគម្ពីរ ដែលលោកសំដែង កុំចង់បានធំ ក្រមុំឆ្វេលឆ្វែង កុំលើកដីឯង លបដាក់ស្រែគេ។ អំពើអាក្រក់ មួយចំរៀកសក់ ធ្លាក់ទៅនិរយេ បច្ចុប្បន្នលោកិយ៍ កើតក្ដីវាយជេរ មិនដែលសុខទេ ព្រោះដីមួយហត្ថ។ ៥៥ – កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្ដិ ចង់គង់ប្រយោជន៍ ឲ្យចេះប្រយ័ត្ន ពាក្យឪមួយមាត់ ឲ្យគិតមួយម៉ោង។ សំអាតផ្ចិតផ្ចង់ លើកភ្លឺឲ្យត្រង់ កុំលើកឲ្យកោង អ្នកកុំប្រហែស ក្រែងមានប្រហោង លើកមើលទំនង ទំនាបទឹកហូរ។ ចំនួនទឹកស្ទឹង ទឹកព្រែកទឹកបឹង ទឹកវាលទឹកអូរ អ្នកលើលិចស្រូវ ត្រូវបើកបង្ហូរ អ្នកក្រោមកុំថ្ងូរ បន្ធូរហួសទៅ។ រាំងរឹងថ្ងៃយប់ កុំឲ្យបាក់ជ្រៅ ឆាប់លើកឆាប់ទប់ កត្ដឹកចេញខ្យល់ តំកល់ទឹកនៅ បើចង់បានស្រូវ ស្រេចនៅត្រឹមថែ។ កុំយកគ្រាប់ត្នោត ទៅដាំទៅដោត ពីលើភ្លឺស្រែ ចិត្ដគិតប្រមាណ ចង់បានផ្កាផ្លែ ដាំដុះដង្ហែ បង្ហិនខ្លួនឯង។ ៦០ – ដល់ត្នោតឡើងគល់ ឡើងកើតនាំខ្វល់ ធាងលូតឡើងវែង ភ្ជួររាស់ជាប់នឹម ក្របីជាប់ស្នែង ទទើសទទែង ភ្ជួរឆ្វេងមិនត្រូវ។ ដល់ត្នោតវាធំ មានស្លឹកវាទុំ វាជ្រុះក្នុងស្រូវ ស្រែឆ្ងាយពីផ្ទះ ឃ្លាតណាស់ពីផ្លូវ ទំរាំតែទៅ រលួយស្រូវអស់។ កូនអើយកុំឆោត បើចង់បានត្នោត ដាំដោយកៀនកោះ ដីទួលចំការ ឯណាចន្លោះ ដាំជារបស់ ជាយជួររបង។ របៀបចំការ ថែទាំរក្សា យូរៗស្រាស់ម្ដង ស្រាស់ឲ្យត្រូវជួរ មើលគួរសមផង កុំបើកមុជឆ្លង ទៅស្រាស់ខាងក្រៅ។ មិនគាប់ប្រសើរ របងវាដើរ អ្នកម្ខាងវាក្ដៅ កើតក្ដីកើតក្ដាំ អស់ខោអស់អាវ ខឹងអស់ញាតិផៅ ពីព្រោះចំការ។ ៦៥ – មួយទៀតរបង ជិតផ្លូវអ្នកផង គេទៅណាៗ ធ្វើឲ្យទូលាយ កុំរាយបន្លា កាប់ឆ្កេះទាត់ឆ្ការ ឲ្យឆ្ងាយពីផ្លូវ។ កុំធ្វើចង្អៀត ក្រែងយប់អាធ្រាត្រ ខ្លះមកខ្លះទៅ ចៀសគ្នាមិនរួច បើកបរកាត់ស្រូវ ជេរម្ដាយតាមផ្លូវ រហូតដល់ផ្ទះ។ កូនអើយអ្នកចាំ អ្នកកុំចងកម្ម មានពៀរច្រើនណាស់ ជាតិក្រោយខ្វក់ខ្វិន កខ្វេះកខ្វាស សូវចោលដីខ្លះ មិនខាតប៉ុន្មាន។ កុំខ្លាចតែក្រ ធ្វើរិកមិនល្អ ច្រើនកើតរឱស្ថាន រអែករអោក បាត់ញាតិសន្ដាន ឥតគេរាប់អាន មានតែគេស្អប់។ កាន់រិកឲ្យខ្ពស់ ឲ្យខ្ពើមពាក្យឈ្លោះ ទើបបានជាគាប់ យកឆោតដាក់ខ្លួន ច្រើនមានគេរាប់ បើខ្លួនឥតទ្រព្យ កុំធ្លាប់ហ៊ានខ្ចី។ ៧០ – គ្រប់ការសារពើ ចង្អេរកញ្ជើ កន្ដាំងតៅល្អី រនាស់រទេះ គោសេះក្របី បើបានជាខ្ចី ខ្ចីប្រាក់គេទិញ។ យកមករកស៊ី ខែមួយខែពីរ សងប្រាក់គេវិញ របស់បានយើង ជាជើងជួញចេញ ឯទ្រព្យនោះមិញ ពេញជាទ្រព្យឯង។ កុំខ្ចីគេប្រើ តែមួយដំណើរ មិនយូរអង្វែង ជួនជាបាក់បែក ជជែកទាស់ទែង សងគេមិនលែង ចាស់ផ្លាស់ជាថ្មី។ កើតមកជាប្រុស គិតឲ្យសព្វសុស កុំឲ្យសល់អ្វី បួសរៀនធម៌អាថិ សាស្រ្ដាបាលី បរលោកលោកិយ កុំបីចន្លោះ។ សឹកមករកស៊ី កកាយធរណី ធ្វើជាគ្រហស្ថ កុហកជឿបុល បំណុលរុំកោះ ច្រើនគេដាក់ខ្នោះ អស់ស្រែចំការ។ ៧៥ – ធ្វើរាស្រ្ដរកស៊ី ចិញ្ចឹមគោញី ថែទាំព្យាបាល ក្រហេតុពីខ្ជិល មានត្បិតអុស្សាហ៍ អ្នកមានប្រាជ្ញា មិនស្មើគំនិត។ កំណើតសំណាង សំណូមសូមសាង កកើតពីគិត ពីកាលជាតិមុន បុណ្យព្រេងអតិត កើតរូបគំនិត ទើបកើតសំណាង។ ឯមនុស្សសំណល់ ល្ងង់ល្ងើងឿងឆ្ងល់ ទាស់ទែងក្អេងក្អាង ដប់ឆ្នាំនេះហើយ ប្រកាន់ម្យ៉ាងៗ ខ្លះអួតសំណាង ខ្លះអាងគំនិត។ កូនចៅប្រុសស្រី រកប្រពន្ធប្ដី ឲ្យរកស្រុកជិត បើរកស្រុកឆ្ងាយ ឲ្យម្ដាយពិនិត្យ ឲ្យត្រឹមត្រូវពិត ពូជពង្សាវតារ។ កូនអើយអ្នកចាំ កុំជឿខែឆ្នាំ កុំជឿតំរា ពាក្យក្បួនទាំងឡាយ កើតពីមនុស្សចារ ពីដូនពីតា ចារតាមសំគាល់។ ៨០ – អ្នកជឿតែពូជ អំបូរធ្លាប់ខូច វាខូចរាងរាល់ ពូជមានវាមាន ពូជទាល់វាទល់ កុសលអកុសល យើងមើលមិនជាក់។ ប្រពន្ធនិងប្ដី អាយុវែងខ្លី យើងមើលមិនច្បាស់ កុំយកពូជល្បែង ពូជភ្លេងអារក្ខ បើម្ង៉ៃបង់ប្រាក់ រកអាយុវែង។ អំបូរពង្សពូជ ត្រកូលធ្លាប់ខូច វាខូចមិនលែង ពូជចោរស្រីៗ យកប្ដីចិត្ដឯង មិនគិតកោតក្រែង ខ្លាចចិត្ដមេបា។ កូនចៅស្រីៗ បើនឹងយកប្ដី ឲ្យមើលកិរិយា មួយភ្លេងអារក្ខ មួយអ្នកបាណា មួយអ្នកផឹកស្រា មួយអ្នកចង់ស្រី។ មួយអ្នកក្រមាច់ លេងផោមលេងអាច់ ច្រើនអាយុខ្លី ប្រកាច់ដាច់លក្ខណ៍ ជាន់អារក្ខព្រៃ មួយគឺមន្រ្ដី ធ្វើក្រមជំទប់។ ៨៥ – ជំទយតែដើរ មេស្រុកគេប្រើ ទាំងថ្ងៃទាំងយប់ មានមួកខ្វះឆ័ត្រ កំរមានគ្រប់ មួយទៀតកុំភប់ ជួញប្រាំប្រការ។ ប្រាកដជាខុស លក់សត្វទាំងរស់ មិនចេះអនិច្ចា សព្វសត្វអ្វីៗ បក្សីបក្សា ព្រាត់មេព្រាត់បា ទេវតាលោកលក់។ លោកិយនេះខ្សត់ យម្ភបាលគេកត់ នៅស្ថានរក មួយហួយអាប៉ោង ប៉ោបៀគ្រប់មុខ កូនអើយចាំទុក ក្រគ្រប់ប្រាំបី។ ឯអ្នកទាំងអស់ រកស៊ីម៉េះម៉ស់ ច្រើនជាងស្រីៗ ប្រាជ្ញានោះវែង គំនិតនោះខ្លី ប្រពន្ធជេរស្ដី អាងឈ្លោះបំពាន។ នេះពូជអ្នកក្រ រស់ទាំងត្រដរ ទាំងអត់ទាំងឃ្លាន ធ្វើគុណនឹងគេ រកគេសងគ្មាន ហេតុនេះកុំរៀន ទាំងប្រាំបីផ្លូវ។ ៩០ – យ៉ាងអ្នកនេសាទ មិនដែលសង្វាត ធ្វើស្រែបានស្រូវ ប្រព្រឹត្ដសាងកម្ម ប្រចាំរដូវ វង្វេងខុសត្រូវ ព្យាយាមសំលាប់។ អន្ទាក់ជង់កុក អង្រុតឈ្នាងឈ្នក់ គ្រប់គ្រឿងប្រដាប់ ថ្លុកបៀត្រពាំង ទប់បាំងបាចចាប់ ចោលស្រូវកណ្ដាប់ កណ្ដុរកាត់អស់។ កំពប់ខ្ចាត់ខ្ចាយ ខូចខាតអន្ដរាយ មិនស្ដាយស្រណោះ យប់រវល់ប្របក់ ចង់បានត្រីរ៉ស់ ខែភ្លឺរវល់ឆ្លុះ ដើរដេញសំពោច។ វក់តែសប្បាយ ដើរដេញទន្សាយ ដើរចងសន្ទូច អំពើអស់នោះ ច្រើនខ្វះស្រូវពូជ ធ្វើបានតិចតួច អាងជឿគេស៊ី។ កូនអើយបំណុល ចងការជឿបុល មួយឡើងជាពីរ អ្នកភ្លេងអារក្ខ ច្រើនទឹមគោញី ធ្វើស្រែមួយពីរ ធ្វើសោះតែខាន។ ៩៥ – ថ្ងៃដេកក្រភ្ញាក់ យប់លៀងអារក្ខ ឈឺឆ្អាលសន្ដាន គេស្ដីគេពឹង នឹងឈប់មិនបាន គេរករាប់អាន កាលមានធុរៈ។ ផ្លុំប៉ីកូតទ្រ ស្រែកច្រៀងវាយស្គរ មិនបានលុយកាក់ ឯងពឹងគេវិញ គេគ្មានជំពាក់ ពឹងបានម្នាក់ៗ ដោយសារឲ្យថ្លៃ។ ឡើងត្នោតភ្ជួរស្រែ កំរទាន់គេ ដ្បិតដេកដល់ថ្ងៃ ច្រូតកាត់ចង់ឆាប់ ជួលគេពេញថ្លៃ ចំណេះចង្រៃ នាំខាតធ្វើការ។ ឯខ្មោចអារក្ខ ស្លាប់ដប់រស់ម្នាក់ ថ្វាយចេកថ្វាយស្រា សំពះនឹកគុណ ខ្មោចប្រេតដូនតា មិនដែលអ្នកណា នឹកគុណអ្នកភ្លេង។ ឯអ្នកប្រមឹក ប្រមូលកនផឹក ធ្វើភឿននឹងក្មេង សំដីច្រើនតឹង ស្រវឹងវង្វេង ចំហរអួតក្អេង មិនចេះក្រខ្សត់។ ១០០ – អួតទាំងបំពាន ផឹកម្ង៉ៃលុយមាន ផឹកម្ង៉ៃលុយអត់ ឯងចេះតែកិន ចិនគិតតែកត់ ផឹកដល់កំណត់ យកស្រែបញ្ចាំ។ សល់ថ្នាលមួយពីរ វាយគោស្ងោរស៊ី មិនគិតខ្លាចកម្ម ផឹកជ្រុលហួសល្បត់ អត់បាយរាប់ឆ្នាំ អស់ស្រែបញ្ចាំ បញ្ចាំកូនទៀត។ កំណើតផឹកស្រា ផឹកផុតមេត្ដា ផឹកជ្រុលហួសមាឌ អ្នកមួយផឹកស្ទើរ ល្ងីល្ងើចេះឆ្លៀត ម្យ៉ាងផឹកផុតមារយាទ ច្រើននៅខ្ញុំចិន។ រែកទឹកពុះអុស វាទុញវាតុះ ចាក់កែវផឹកសិន ស៊ូរែកខំអត់ សំពត់ខើចក្បិន ទំរាំបាយឆ្អិន ចិនដួសហៅស៊ី។ ឆ្ងាញ់តែម្នាក់ឯង ឆ្អែតហើយខំស្វែង ខំលើកខំលី ដងទឹកស្រោចគ្រប់ ស្រោចខ្ទឹមម្ទេសជី ខ្ញុំចិនម្ង៉ៃពីរ វិលទៅរវាំងផ្ទះ។ ១០៥ – ឯអ្នកចង់ស្រី ប្រពន្ធពីរបី ថាឯងអ្នកណាស់ គន់ឯសំពត់ តែមួយបន្លាស់ ពាក់អាវបំណាស់ កំរមានថ្មី។ ផ្ទះលេចវាលល្វឹង ជញ្ជាំងចងហ៊ឹង ស្លាធ័របាយសី ខួចប្រេងក្រមួន ម្លូស្លាបារី កំលោះពីរបី ចោមរោមរៀនស្នែហ៍។ រៀនស្នាលរៀនស្និទ្ធ កើតក្ដីពីក្ដិត ព្រួយចិត្ដម៉ែឪ កូនអើយប្រពន្ធ អាងមន្ដពូកែ ត្រូវគុករាប់ខែ អស់ស្រែត្រពាំង។ ធម្មតាប្រពន្ធ បានដោយសីលមន្ដ ដោយស្ងាត់កំបាំង រកស៊ីលៀនភ្នែក បានវែកខ្វះឆ្នាំង បានល្អីកន្ដាំង នៅខ្លះចង្អេរ។ បាននេះខ្វះនោះ ក្រហេតុពីព្រោះ អាពុកម្ដាយជេរ បើចូលជំនុំ មិនរម្យដូចគេ អង្គុយវេះវេរ មិនហ៊ានហាលមុខ។ ១១០ – នេះពុតអ្នកក្រ ចាំជាតំណ តជាទំនុក ប្រយ័ត្នដំនៀល គេដៀលអាពុក កូនអើយចាំទុក ចាំតកូនចៅ។ រក្សាពូជពង្ស បើខ្លួនល្ងឹតល្ងង់ ស្ដាប់ចាស់ប្រដៅ កុំស្អប់អ្នកប្រាជ្ញ កុំខ្លាចអ្នកខ្លៅ បើមនុស្សឆោតឆៅ កូនឯងកុំភប់។ កុំភ័យខ្លាចអត់ មើលឲ្យប្រាកដ គួរយកគួរឈប់ គួរឈានគួរឈោង តោងមើលឲ្យគ្រប់ កុំចេះតែងប់ មិនស្ដាប់ឪម៉ែ។ រកប្ដីប្រពន្ធ ឲ្យគិតឲ្យគន់ ឲ្យមើលថួនថែ ត្រកូលក្រខ្សត់ ប្រាកដតាមខ្សែ បីដូចឈើផ្លែ មិនដែលចេះក្លាយ។ ជូរផ្អែមធំតូច ដើមក្រូចផ្លែក្រូច ដើមស្វាយផ្លែស្វាយ ពូជស្រីចោរក្បត់ មិនអត់សាហាយ ពូជស្រីមេម៉ាយ ពីម្ដាយដល់កូន។ ១១៥ – រើសពូជមិនខុស ពូជសាំងនិងប្រុស ទាំងអស់បងប្អួន ពូជសែនមេបា ពីតាដល់ដូន ពូជល្អសុទ្ធសូន្យ ពីដូនដល់ចៅ។ រករូបមិនក្រ អាក្រក់ហើយស មារយាទល្អហើយខ្មៅ ស្រីក្មេងមានខ្មាស ប្រដូចតាមផៅ ចាស់ចង់ប្រដៅ មិនសូវខុសខាន។ ពាក្យចាស់លោកថា ធ្វើស្រែចំការ ស្ដាប់មហាសង្រ្កាន្ដ ធ្វើម្ដងខុសខាត ធ្វើម្ដងទៀតបាន ធ្វើតាមប្រមាណ ប្រមើលទឹកភ្លៀង។ រកប្ដីប្រពន្ធ ឲ្យគយឲ្យគន់ រើសរករូបរាង ពូជថ្លៃល្មមយក ពូជថោកល្មមវាង រូបល្អរិកល្អៀង នាងកុំប្រសព្វ។ ជាតិស្រីនិងប្រុស បើបានជាខុស ខុសទាល់ថ្ងៃងាប់ បើបានរូបល្អ កំរមានភ័ព្វ មានខុសមានគាប់ ដូចស្រែចំការ។ ១២០ – មួយទៀតអ្នកចាំ អាពុកចំណាំ ទុកជាតំរា កុំយកតំរាប់ កុំស្ដាប់អាចារ្យ បើនឹងរៀបការ កុំការប្រធួន។ ប្រជែងវេលា លឺស្គរឆ្លើយគ្នា ប្រទប់ប្រទួន ស្រុកជិតភូមិផង របងដោយខ្លួន អាចារ្យអាងក្បួន ថាសុខសប្បាយ។ កូនអើយអ្នកចាំ យូរណាស់៤ឆ្នាំ ព្រាត់ប្រាស់អន្ដរាយ ច្រើនស្លាប់បីនាក់ រស់ម្នាក់មេម៉ាយ កូនឃើញតែម្ដាយ មិនឃើញអាពុក។ មានកាលស្លាប់ស្រី ស្លាប់ចោលកូនខ្ចី ប្ដីនៅរងទុក្ខ យកប្រពន្ធទៀត កំរពេញមុខ កូននិងអាពុក បែកគ្នាខ្ចាត់ខ្ចាយ។ កូនចៅស្រីៗ បើនឹងយកប្ដី កុំយកពោះម៉ាយ សូវនៅម្នាក់ឯង បន្លែងនឹងម្ដាយ អាណិតរូបកាយ ស្ដាយខ្លួនក្រមុំ។ ១២៥ – ហៅប្រុសអភ័ព្វ ប្រពន្ធដើមស្លាប់ មានកូនតូចធំ យកឯងជាចុង បំរុងតែយំ ច្រើនឈ្លោះជំនុំ ព្រួយចិត្ដម៉ែឪ។ ហៅប្រុសចិត្ដពីរ ពិបាករកស៊ី រញាំរញ៉ូវ ឯងនឿយស្ទើរស្លាប់ ផ្គាប់ចិត្ដមិនត្រូវ បីបួនរដូវ ខ្លួនឯងស្លាប់ទៀត។ ចង្រៃខាងប្រុស កូនអើយចាំចុះ កុំយកខ្លួនបៀត ស្រីណាខំយក ស្រីនោះបង់មារយាទ ប្រុសព្រួយខ្ចប់ធាតុ ខ្ចប់គ្រប់ជាបី។ យកទៀតជាបួន គ្រោះដល់ស្លាប់ខ្លួន មេម៉ាយខាងស្រី ប្រាកដមិនខុស ប្រុសក្នុងលោកិយ ស៊ូនៅអត់ប្ដី ស្លាប់រស់រូបមួយ។ បើខ្លួនកំព្រា រំពឹងមីងមា រកស៊ីមិនព្រួយ កាន់មារយាទល្អ មិនក្រគេជួយ បងប្អូនកូនក្មួយ រត់ចូលឲ្យប្រើ។ ១៣០ – ពោះម៉ាយមានបី កុំយកធ្វើប្ដី មិនគាប់ប្រសើរ អាមួយស្រីលែង ស្រីគេគ្រាន់បើ ពោះម៉ាយក្លាយដើរ អាងលែងប្រពន្ធ។ ពោះម៉ាយទាំងអស់ កុំយកឲ្យសោះ ហៅប្រុសទូរជន ទូរជាតិអប្រិយ ស្រីកើតទុក្ខធ្ងន់ ហៅមួយជំនាន់ ចំណាំមិនខុស។ កំលោះចាស់យូរ ចាស់ទុំគេប្ដូរ ល្មមព្រមយកចុះ រកស៊ីមានបាន សុខសាន្ដឥតឈ្លោះ ចំរើនរូបរស់ អាយុយឺនយូរ។ កុំយកប្ដីប្អូន ថោករាសីខ្លួន រកស៊ីមិនធូរ គេហៅឯងធំ សមហៅគេពូ ច្រើនខ្ជិលមូទូ ម៉េះម៉ស់នឹងល្បែង។ វាច្រើនមើលងាយ ហៅស្ដីនិយាយ ហៅហងហៅឯង ខ្លួនយើងជាស្រី ស្រដីឥតក្រែង យល់គេប្អូនឯង ឯងមើលងាយជេរ។ ១៣៥ – ពាក្យចាស់លោកចង ប្ដីទុកស្មើបង ប្រពន្ធស្មើម៉ែ មើលងាយរាល់ថ្ងៃ ចង្រៃរាល់ខែ រកស៊ីធ្វើស្រែ ច្រើនខាតគ្រាប់ស្រូវ។ គួរយកប្ដីបង ពាក្យចាស់លោកចង ទុកប្ដីស្មើឪ ខ្លួនឯងប្រមាថ ប្រតិបត្ដិឲ្យត្រូវ រាសីគង់នៅ ទេព្រិក្សរក្សា។ ប្រពន្ធនិងប្ដី ធំស្រេចនឹងស្រី គត់គង់ភរិយា ឈ្លោះហើយច្រើនខ្សត់ ស្រីអត់លក្ខិណា ប្ដីខ្ជិលអុស្សាហ៍ ព្រោះរិកប្រពន្ធ។ ជាតិស្រីមានលក្ខណ៍ ទេវតាពុំនាក់ កបកើតទ្រព្យធន ប្រទេចជេរវាយ ចង្រៃទូរជន ជួរជាតិលើសលន់ លើសលុបលើប្រុស។ ហៅកាឡកិណី វាយកូនជេរស្ដី មិនដឹងត្រូវខុស បើមានភ្ញៀវមក រឹតរករឿងឈ្លោះ អសោចសាយសុស រង្គោះធនធាន។ ១៤០ – រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន កាចមានប្រាជ្ញា។ កូនចៅស្រីប្រុស ចំណាំទុកចុះ ទុកជាតំរា គួរយកតំរាប់ គួរស្ដាប់ពុទ្ធដិកា ព្រះអង្គទេសនា គាថាបួនបទ។ រៀនត្រាប់អ្នកប្រាជ្ញ បើចង់ឈ្នះកាច យកស្លូតសង្កាត់ ចង់ឈ្នះមនុស្សខឹង ឲ្យប្រឹងខំអត់ វាជេរវាហត់ វាស្បថលែងខឹង។ ចង់ឈ្នះអសុរោះ ស្ដីលេងឡេះឡោះ កុំធ្វើជាដឹង យើងស្ដីត្រង់ណា ឲ្យចំត្រង់ហ្នឹង ឃើញរិកយើងរឹង ខ្លាចយើងខាងក្រោយ។ ចង់ឈ្នះកំណាញ់ ក្រដេក្រដាញ់ សុំអ្វីមិនឲ្យ បើបានចំណី ហុចវាញយៗ តិចដោយច្រើនដោយ ក្នុងតែវាដឹង។ ១៤៥ – នេះមន្ដព្រះពុទ្ធ ប្រាជ្ញាឲ្យមុត ឲ្យគិតថ្លែងថ្លឹង កុំកាចខុសខ្នាត កើតខាតដ្បិតខឹង កូនអើយខំប្រឹង កាន់ច្បាប់ទាំងបួន។ កុំជួញរវល់ កុំតបតទល់ កើតទាស់គុំគួន កូនណាកាន់បាន កូននោះសុខខ្លួន ទោសទាស់លែងជួន លែងជួបមួយជាតិ។ បើមនុស្សរែកទូល មកនៅចំណូល ញ៉េះញ៉ាស់ធ្វើញាតិ ឲ្យមើលលៃលក កុំយកខ្លួនបៀត វាទូលទៅទៀត អសារឥតការ។ ចំណីចំណុក បើឲ្យស៊ីចុក ឲ្យដោយមេត្ដា កុំឲ្យជឿខ្ចី ក្រែងខុសសន្យា កើតទាស់កាលណា រើរែករត់បាត់។ មនុស្សគ្មានកន្លែង ខុសពីមារយាទឯង មិនប្រុងប្រយ័ត្ន តាមទាន់តឹងទារ វាខឹងក្ដៅក្ដាត់ គុំគួនដោយស្ងាត់ បំភ្លាត់ឯងបាន។ ១៥០ – ហេតុនេះគួរគិត គួរកូនពិនិត្យ ច្បាស់សុំរាប់អាន គួរឲ្យសុំឲ្យ គួរខានឲ្យខាន ត្បិតពាក្យបុរាណ មានពីរចំណែក។ ចងទុកជាក្បួន ចិត្ដល្អក្រខ្លួន នេះពាក្យមួយប៉ែក មួយទៀតចិត្ដល្អ មិនក្រយូរពេក ឆ្នាំនេះឆ្នាំ(ស្អែក?) ក្នុងតែនឹងមាន។ ចិត្ដល្អក្រខ្លួន ចាំទុកជាក្បួន ជាក្បាលនិទាន ឃើញអ្នកទុរគត កំសត់អត់ឃ្លាន មិនស្គាល់ពោះវៀន ហ៊ានឲ្យជឿខ្ចី។ ទៅទារមិនឲ្យ តឹងតឿនញយៗ ខឹងប្ដឹងកើតក្ដី ខាតទាំងទ្រព្យចាស់ អស់ទាំងទ្រព្យថ្មី ស្គមគោក្របី រវល់ក្ដីខាន់ថែ។ ចិត្ដល្អមួយទៀត មេត្រីជាញាតិ សំដីខ្ចីស្រែ បានស្រូវស៊ីស្កប់ ត្រលប់កាច់កែ រំលងឆ្នាំខែ ដកហូតមិនបាន។ ១៥៥ – ឯងប្ដឹងវា ត ក្ដីទាល់តែក្រ អស់ឆ្នាំងអស់ចាន របស់ក៏ខាត របរក៏ខាន ដឹងអស់ប៉ុន្មាន ទំរាំចាញ់ឈ្នះ។ ទ្រព្យធនអ្វីៗ ចងការជឿខ្ចី មើលមុខឲ្យច្បាស់ កុំចោលច្បាប់ខ្មែរ កុំភ្លេចច្បាប់ព្រះ តាមតែប្រទះ ប្រទាញសងខាង។ ចាំចិត្ដកណ្ដាល បើនឹងឈឺឆ្អាល សប្បុរសមើលយ៉ាង រៀនស្លូតរៀនប្រាជ្ញ កាចកុំក្អេងក្អាង ក្រែងគ្រោះសំណាង ខ្មោចខាងវាស្អប់។ ល្អមិនក្រយូរ ស្វែងរៀនរកគ្រូ ស៊ូកុំស្ដាយទ្រព្យ គ្រូវាយកុំខឹង ឲ្យប្រឹងខំផ្គាប់ ចេះមន្ដសាយសព្វ ត្រលប់ជាមាន។ ធម្មតាអ្នកចេះ អ្នកស្វែងចំណេះ ចេះដ្បិតខំរៀន ឆ្លាក់គូរក្បូរក្បាច់ សាច់សិល្ប៍របៀន អ្នកខ្សត់អត់ឃ្លាន ព្រោះចិត្ដអាក្រក់។ ១៦០ – ខូចខិលល្ងង់ខ្លៅ គ្រូជេរប្រដៅ ខឹងលបសំលក់ របេញរបុញ ភូតភរកុហក ស៊ូប្លន់លួចឆក់ មិនខំធ្វើស្រែ។ អ្នកប្លន់អ្នកលួច ឆក់បានតិចតួច បានគ្រាន់បើដែរ ដល់គេឃើញមុខ ត្រូវគុកច្រើនខែ អាក្រក់ដល់ម៉ែ ខូចកេរ្ដិ៍ដល់ឪ។ ចង់ខ្ពស់បានទាប ចចើងចង់លាភ រែងបាត់ធនទៅ ពាក្យពីបូរាណ លោកអានតំរូវ រិកមនុស្សឥឡូវ ត្រូវតាមតំរាយ។ អ្នកលួចអ្នកប្លន់ ចង់បានប្រពន្ធ ចេញជួញស្រុកឆ្ងាយ ទិញងារមេស្រុក សូកធ្វើចៅហ្វាយ ចង់ថ្កើងសប្បាយ ចាយប្រាក់រាជការ។ ឆបាំងបំបាត់ លួចបានដោយស្ងាត់ អាងមានប្រាជ្ញា ក្រលេកថ្នាំងដៃ កាលៃបោះត្រា ទាស់ភ្នែកទេវតា រក្សាផែនដី។ ១៦៥ – មួយទៀតទូរជន ធ្វើបាបបានបុណ្យ គឺបុណ្យមន្រ្ដី ទោសទៅចងចាប់ កាប់ឥតប្រណី បានបុណ្យមន្រ្ដី ព្រោះបុណ្យធ្វើបាប។ អំពើទាំងអស់ កុំសាងឲ្យសោះ ចៀសវាងដរាប កាន់សីលព្រះពុទ្ធ ឱនលុតឱនក្រាប បើក្រដុនដាប មានទេវតាជួយ។ កូនអើយទេវតា ស្ថិតសព្វព្រឹក្សា រងោករងួយ មនុស្សទ្រូស្ដឫ្យា ឯណានិមួយ ទេវតាពុំជួយ ចំណាំស្គាល់មុន។ មិនដែលកំបាំង រាជការបារាំង គេចាប់ដាក់គុក ដល់ខ្លួនស្លាប់ទៅ នៅរងសោយទុក្ខ សោយទោសនរក ទាំងពីរកន្លែង។ នរកបារាំង មានខ្សោយមានខ្លាំង មានខ្លីមានវែង នរកយម្ភបាល គេផ្ចាលឥតក្រែង ព្រះអង្គសំដែង ថាលានកោដិឆ្នាំ។ ១៧០ – ហេតុនេះគួរវាង គួរចាលគួររាង គួរចងគួរចាំ គួរកុំធ្វើបាប ដរាបខ្លាចកម្ម គួរកាន់សីលប្រាំ បណ្ដាំសាសនា។ ហៃកូនចៅអើយ ក្រលាប់អស់ហើយ មិនដូចដូនតា ភ្លៀងជនខែប្រាំង រាំងខែវស្សា ឆ្នាំវករកា ត្រីស័កនេះឯង។ រនោចផល្គុន រកាពីមុន ឯកស័កជាក់ស្ដែង ក្នុងខ្នើតផល្គុន ជនគ្រប់កន្លែង ទាំងគេទាំងឯង ធ្វើស្រែមិនបានផល។ ឆ្នាំរោងឆស័ក វិសាខភ្លៀងធ្លាក់ ពីររោចសំគាល់ យប់ថ្ងៃអាទិត្យ ងងឹតព្យុះខ្យល់ ភ្លៀងជន់ពេញថ្នល់ ពេញវាលតូចធំ។ ពេញអូរពេញជ្រោះ ដើមឈើទាបខ្ពស់ រលុះរលំ ឫ្សីស្រុកយើង រលើងទាំងគុម្ព ទើបគ្រាប់វាផ្ដុំ ផ្ដួចដុះជាថ្មី។ ១៧៥ – ឆ្នាំចកុរជូត រាំងរីងរហូត គ្រប់ឆ្នំាទាំងបី កើតទាំងជំងឺ ស្លាប់មនុស្សប្រុសស្រី ខាលថោះអស់ភ័យ ធ្វើស្រែស្រូវបាន។ ភ្លៀងឆ្នាំម្សាញ់ រលីងក្បាលក្រាញ់ ត្រូវតាមបុរាណ កត្ដឹកជន់វាល រាលសព្វស្មសាន អ្នកស្ទឹងប៉ុន្មាន រលួយស្រូវអស់។ ដាច់ថ្នល់ខានដើរ រាជការគេប្រើ ទាំងចាស់កំលោះ មមែរងកម្ម បញ្ចាំកេរ្ដិ៍កោះ គ្មានអ្វីស៊ីសោះ ដាច់ពោះក្សិណក្ស័យ។ ខែចែត្រឆ្នាំវក ស្រលះពពក កើតមានសម័យ ជាហេតុអស្ចារ្យ សុរិយាល្ងាចថ្ងៃ អុត្បាតង្រៃ ឃើញសត្វអ្វីហោះ។ ពីជើងទៅត្បូង ចាស់ក្មេងមើលច្រូង បានឃើញទាំងអស់ មើលមិនស្គាល់ជាក់ ធ្លាក់ចំចន្លោះ បាត់ឈឹងសូន្យសោះ មិនដឹងទៅណា។ ១៨០ – កាលមុននោះមក ខែបុស្សឆ្នាំវក លែងមានប្រាជ្ញា មានតែមេស្រុក វាស់បែងក្រឡា ដីមួយហិតា ត្រូវសែសឹបថាំង។ រង្វាន់មេស្រុក ត្រូវហូតមួយទុក ដប់ជូនបារាំង ទៅដល់ប៊ុយរ៉ូ បង្ហូរដាក់ឃ្លាំង ពូជពីរកន្ដាំង ក៏ជាប់ពន្ធដែរ។ គ្មានធូរគ្មានតឹង កូនអើយខំប្រឹង ជាតិឯងជាខ្មែរ ក្មេងប្រុសជំទង់ នៅក្នុងឪម៉ែ រាជការប្រិតប្រែ ថាឲ្យបង់ប្រាក់។ កូនចៅប្រុសស្រី កើតមកលើដី ខំរកលុយកាក់ បានហើយប្រឹងខំ ផ្សំគ្នាទុកដាក់ គ្រាន់ទិញស្លៀកពាក់ បង់ថ្លៃរាជការ។ ភទ្របទឆ្នាំច ចាប់គោខ្មៅស ដុតដែកបោះត្រា ដល់កុរជូតឆ្លូវ តំរូវយ៉ាងណា នឹងកើតអស្ចារ្យ រហូតរាល់ឆ្នាំ។ ១៨៥ – នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្ដរងកម្ម កូនប្រុសបណ្ដាច់ កុំភ្លេចបណ្ដាំ កប្បាសសូត្រថ្នាំ ត្រីម៉ាំលែងថោក។ ដូងស្លាអំពៅ អំបិលស្ករស្រូវ មានទៅមានមក មានចុះមានឡើង រាស្រ្ដយើងល្មមយក ល្មមរេលៃលក គួរយកគួរខាន។ កប្បាសនិងថ្នាំ គួរដាស់ដីដាំ ធ្វើដៃឯងបាន កុំអាងខ្ជិលពេក កុំដេកឈប់ខាន កុំចោលបុរាណ ម៉ែឪដូនតា។ ដីកេរគរគោក កុំអាងខ្ជិលជោក ទៅឈ្ងោកចិនផ្សារ កូនចៅស្រីៗ ខំរៀនធ្វើការ បើគ្មានប្រាជ្ញា មានមាត់ចេះស្ដី។ ឲ្យសួរចាស់ៗ រៀនបោះកប្បាស ថ្ពេចមូរសំលី រៀនកូតរៀនការ ត្រសារពាត់រវៃ ហូលគោមគាតក្ដី កុំបីចន្លោះ។ ១៩០ – រៀនថ្កររៀនត្បាញ ឲ្យចាស់បង្ហាញ បង្ហាត់ទាំងអស់ សំពត់បែបងាយ លាយសូត្រអំបោះ កុំទិញគេសោះ ឈ្មោះការជាស្រី។ ទិញដូរតែលាក់ អញ្ជុលចេសចាក់ ព្រហូតជាបី ធ្មេញឈើឈ្នាន់ផ្សំ ក្ដារមូរក្ដារកី ត្រល់ខ្នារឫ្សី មុខប្ដីជាប្រុស។ តាំងពីឆ្នាំច ការអ្វីក្រៗ ខំរៀនទៅចុះ ទាន់មានចាស់នៅ ស្គាល់ត្រូវស្គាល់ខុស ចាស់ស្លាប់រលស់ គ្មានមនុស្សចេះដឹង។ រកស៊ីឲ្យញឹក ដេកយប់រលឹក រឹតក្បិនឲ្យតឹង បើភ្ញាក់កាលណា កាន់ការកាលនឹង កូនអើយខំប្រឹង ទាំងប្រុសទាំងស្រី។ រមៀតស្លឹកគ្រៃ ជីរម្ទេសខ្ទឹមខ្ញី មានដីដាំចុះ ដាំដើមអ្វីៗ ចំណីគ្រប់ឈ្មោះ គ្រឿងស៊ីឆ្អែតពោះ ជុះចោលទទេ។ ១៩៥ – ជុះទិសខាងជើង ជុះដាក់ដីយើង កុំជុះដីគេ កុំជុះដាក់ផ្លូវ ត្រូវមាត់ក្មេងជេរ ដីសល់ទំនេរ ល្មមមាត់ជុះទៅ។ សក់មួយជាដប់ ជ្រៀតសិតឲ្យសព្វ កុំឲ្យសល់នៅ បើប្រាជ្ញារាក់ ចាក់ចិត្ដឲ្យជ្រៅ ដាំចេកអំពៅ ដូរស្រូវអង្ករ។ កើតមកជាមនុស្ស មួយព្រួយចង់រស់ មួយព្រួយចង់ល្អ ពីនេះជាធំ វានាំឲ្យក្រ ចាំជាតំណ តជាទំនុក។ មនុស្សមារយាទមិនប៉ិន កូននៅខ្ញុំចិន ព្រោះម្ដាយឪពុក ធ្វើស្រែមិនត្រូវ គ្មានស្រូវជង្រុក កូនអើយចាំទុក នេះមុខមេក្រ។ មេ១ជាធំ កំលោះក្រមុំ ស្លៀកពាក់ចង់ល្អ បើបានបែបខ្មៅ ថានៅបែបស ទើបគ្រាន់អន់ក្រ ត្រដរចង់ថ្កើង។ ២០០ – ក្រលាប់នគរ រឹងរឹតកើតចោរ ច្រើនឡើងច្រើនឡើង ពាលរឹងក្រអើត ចើតម៉ើតចើតម៉ើង ក្រដាស់យ៉ាងស្ដើង ចាយរហែកនៅដៃ។ ប្រាក់ចាយអស់ទៅ ព្រោះមនុស្សឥឡូវ អុត្បាតចង្រៃ ជាតិខ្មែរប្រែភេទ ក្រលែតក្រលៃ ក្រលាស់សាសន៍សៃយ សព្វសត្វនានា។ ជាតិខ្មែរប្រែខុស ស្រីក្លែងធ្វើប្រុស ប្រុសក្លែងធ្វើជ្វា យកប្ដីប្រពន្ធ មិនស្គាល់មីងមា បុណ្យទានការងារ កាប់គ្នាឥតក្រែង។ ល្ងង់រិកធ្វើចេះ គោចងត្រដោកសេះ ប្រុសៗដុះស្នែង ស្រីពាក់អាវខ្លី ប្រុសពាក់អាវវែង សារុងហៀរកែង ធ្វើឯងអ្នកគ្រាន់។ កាន់ចិត្ដសីហលោ សេះទឹមនឹងគោ ចាក់ហ៊ោលាន់ៗ រកស៊ីមួយថ្ងៃ ចង់បានមួយពាន់ បរគោជល់មាន់ ចាក់កាប់ជាប់គុក។ ២០៥ – រីល្បែងបៀប៉ោ ច្រើនទៅជាចោរ ប្រកាសហាមទុក ចូរកូនប្រយ័ត្ន ប្រយោជន៍ទៅមុខ ចាំជាទំនុក ដំណកូនចៅ។ អ្នកកុំប្រហែស រាជការនិរទេស កំចាត់ចេញទៅ រាជការអាណិត ខំប្រិតប្រដៅ កុំលោភល្ងង់ខ្លៅ ថោកផៅត្រកូល។ ប្រយ័ត្នក្រែងក្រ ផ្លូវច្បាប់ល្អៗ អ្នកខំប្រមូល ផ្លូវវៀចអាក្រក់ អ្នកកុំដើរចូល ហៅផ្លូវមិនស្រួល លង់ផុតគំនិត។ ដើរផ្លូវកណ្ដាល ស្រលាញ់ស្និតស្នាល ឈឺឆ្អាលដោយពិត មគ្គផលសីលទាន ឈានចូលឲ្យជិត យកធម៌ជាមិត្រ មិនឥតអំពើ។ មនុស្សម្នាក់ច្រើនឆោត ច្រើនគ្មានគេកោត ឈឺគ្មានគេមើល ស្លាប់ឥតគេព្រួយ គេជួយទាំងស្ទើរ មិនដែលឡើងលើ ច្រមុះចុះក្រោម។ ២១០ – កូនចៅស្រីៗ ក្រមុំសាវខ្ចី រៀនឆោតឲ្យល្មម ប្រុសស្មើម៉ែឪ ឆូវឆប្រលោម មើលរូបមើលឆោម កុំព្រមដោយងាយ។ កុំក្និចក្នក់ក្នាញ់ បើចិត្ដស្រលាញ់ កុំចេញនិយាយ បើស្អប់កុំប្ដឹង បើខឹងកុំធ្លាយ កុំរោះកុំរាយ កុំងាយធ្វើស្និទ្ធ។ កុំដើរប្រាប់គេ កុំអាងអួតជេរ ក្រែងប្រុសឈឺចិត្ដ នៅឲ្យតែនឹង កុំរវល់ធ្វើស្និទ្ធ ប្រុសនឹងអាណិត គិតចូលដណ្ដឹង។ បើម៉ែឪឲ្យ មើលមុខមើលក្រោយ អាក្រក់ខ្មៅឆ្អឹង ប្រកែកដោយស្ងាត់ កុំខ្លាចម្ដាយខឹង កើតកូនមកតឹង ពិបាកចាយណាស់។ កុំឃ្លានចំណី កុំខ្លាចអត់ប្ដី កុំភ័យខ្លាចចាស់ មើលមុខឯងផង កុំរើសឥតខ្មាស ខ្លួនល្អស្រលះ មិនខ្វះគេស្ដី។ ២១៥ – បើបានជាខូច ទាន់ផើមនៅតូច ខែពីរខែបី រវៀសឆ្លើយប្រញាប់ ប្រាប់គ្នាស្រីៗ កុំលាក់ធ្វើអី ក្នុងតែគេដឹង។ កុំមាយាបេះក្រូច មារយាទចេះតែខូច មាត់ចេះតែខឹង គេថាត្រង់ណា ជេរគេត្រង់ហ្នឹង ជេរហើយខំប្រឹង យកថ្មសង្កត់។ រំលាយរំលូត អាក្រក់តែគូទ អួតល្អតែមាត់ មានគេឃើញច្បាស់ ម្នះរឹងហ៊ានស្បថ ទោសនេះនឹងភ្លាត់ ធ្លាក់ទៅអវចី។ ចោរកាចល្ងង់ខ្លៅ ប្រាជ្ញប្រាមប្រដៅ ហៅបារាជិកស្រី មេបាគេកាច់ ស្លាប់ពីរស្លាប់បី រំលូតកូនខ្ចី ស្មើរំលាយព្រះ។ មានកាលមានក្ស័យ ខ្វិនជើងខ្វិនដៃ កខ្វេះកខ្វាស ខ្វាក់ភ្នែកអន្ធការ អនិច្ចារូបណាស់ អាក្រក់កេរ្ដិ៍ខ្មាស តកូនតចៅ។ ២២០ – អសោចសុសសាយ សុសសព្វដល់ម្ដាយ ដល់ពូជពង្សផៅ ស្លាប់ទៅរងទុក្ខ នរកឋានក្រៅ គេស្រុះទឹកក្ដៅ ស្លាប់ទៅរស់ទៀត។ ស៊ីខ្ទះឈាមឯ
  9. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  10. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  11. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s