ទុក្ខឥតល្ហែ

មនុស្ស​សត្វ​គ្រប់​រូប​ដែល​កើត​មក​លើ​លោក​សន្និវាស​នេះ គ្មា​ននរណាម្នាក់​ពេញចិត្ត​នឹង​សេចក្តី​ទុក្ខ​ឡើយ មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​មិន​ចង់​ជួប​មិន​ចង់​ឭ​ពី​ពាក្យ​ថា​ទុក្ខ​នេះ​ទៀត​ផង ម្នាក់​ៗ​ប្រាថ្នា​ដើម្បី​ឲ្យ​បាន​រស់​ជា​សុខ កុំ​ឲ្យ​មាន​ទុក្ខ ប៉ុន្តែ​ទុក​ជា​ប្រាថ្នា​មិន​ចង់​ជួប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​នេះ​យ៉ាង​ណា​ក៏​ដោយ កាល​ណា​មាន​រូប មាន​ជីវិត​ ដែល​គ្រប​ដណ្តប់​ទៅ​ដោយអ​វិជ្ជា​និង​តណ្ហា​ហើយ រមែង​មិន​អាច​ចៀស​ផុត​ពី​សេចក្តី​ទុក្ខ​បាន​ឡើយ។ ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ «បទ​ពិចារណា» ដែល​រៀបរៀង​ដោយ​អគ្គ​បណ្ឌិត​​ធម្មាចារ្យ​ ប៊ុត​ សាវង្ស​​ ជា​អត្ថ​បទ​និយាយ​អំ​ពី​សេចក្តី​ទុក្ខតាម​ផ្នែក​តាម​ប្រភេទ​​ដែល​តែង​តែ​កើត​មាន​ជា​និច្ច​ចំពោះ​សត្វ​លោក ហើយ​ជា​ទុក្ខ​ដ៏​គ្រោត​គ្រាត ងាយ​នឹង​មើល​ឃើញ​ដោយ​បញ្ញា​សាមញ្ញ មិន​ចាំ​បាច់​មើល​ដោយ​បញ្ញា​ថ្នាក់​វិបស្សនា​ក៏​អាច​ដឹង​បាន។ ទុក្ខ​ទាំង​នោះ​មាន​ដូច​តទៅ​នេះ​៖

-ទុក្ខ​របស់​សត្វ​លោក​

​ទុក្ខ​របស់​សត្វ​តិរច្ឆាន​នៅ​ត្រង់​ការ​ស្រេក​ឃ្លាន បើ​ស្វែង​រក​បាន​បរិភោគ​ហើយ ក៏​ល្ម​គ្រប់​គ្រាន់​ ម៉្យាង​ទៀត​ទុក្ខ​របស់​សត្វ​តិរច្ឆាន​គឺ​មាន​ភ័យ​ក្នុង​ជីវិត​ ដ្បិត​ខ្លួន​ត្រូវ​ជា​ចំណី​នៃ​សត្វ​ដទៃ​ និង​មាន​ភ័យ​ពី​ធម្មជាតិ​។

​មនុស្ស​យើង​មិន​មែន​មាន​ត្រឹម​តែ​ការ​ស្រេក​ឃ្លាន​ព្រោះ​មិន​មាន​អា​ហារ​បរិភោគ​តែ​ប៉ុណ្ណោះ​ឡើយ​ ពិត​ណាស់​ការ​ស្រេក​ឃ្លាន​ជា​ទុក្ខ​ដ៏​ក្រៃ​លែង​ ប៉ុន្តែ​កាល​បើ​មាន​អាហារ​បរិភោគ​ឆ្អែត​ហើយ មនុស្ស​មិន​មែន​អស់​ទុក្ខ​ត្រឹម​ប៉ុណ្ណឹង​ទេ គឺ​នៅ​មាន​ទុក្ខ​ដទៃ​ៗ​ជ្រែក​ចូល​មក​ទៀត​ដូច​ជាៈ

-​ឆ្អែ​ត​ហើយ​​ តែ​នៅ​ចង់​មាន​ចង់​បាន​ឲ្យ​ច្រើន​ជា​ង​ហ្នឹង​ ចង់​មាន​បាន​ទុក​សម្រាប់​កូន​ចៅ សម្រាប់មុខ​មាត់ កិត្តិយស សម្រាប់​បង្ហាញ​អ្នក​ដទៃ​.​.​.​ កើត​លោភៈ​​ចង់​បាន​មិន​ចេះ​ចប់​ ក៏​ជា​ទុក្ខ​ច្រើន​ឡើង​ទៅ​តាម​សេចក្តី​ប្រាថ្នា​នោះ​ៗ​។

-​​​មាន​អាហារ​ដាក់​ក្រ​ពះ​ហើយ​ មាត់​បាន​បរិភោគ​ហើយ តែ​ត្រូវ​ការ​ឲ្យ​ភ្នែក​ ត្រចៀក ច្រមុះ អណ្តាត​ កាយ​ និង​ចិត្ត​នឹក​គិត​បាន​នូវ​​អារម្មណ៍​​ដែល​ជា​ចំណី​តាម​វិស័យ​រៀង​ខ្លួន​ទៀត​។

​នៅ​ពេល​ខំ​ប្រឹង​ប្រែង​ស្វែង​រក​រូប សំឡេង​ ក្លិន​ រស ផោដ្ឋព្វៈ និង​ធម្មារម្មណ៍ តាម​ចំណង់​ចំណូល​ចិត្ត​មិន​ចប់​មិន​ហើយ​ ក៏​ជា​ទុក្ខ គឺ​ទុក្ខ​ព្រោះ​អន្ទះ​សា​ក្នុង​ការ​ស្វែង​រក​ ទុក្ខ​ព្រោះ​ការ​បាន​មិន​សម​តាម​ប្រាថ្នា​ ទុក្ខ​ព្រោះ​របស់​ដែល​បាន​មក​មាន​ការ​ប្រែ​ប្រួល​​.​.​.​។

​សត្វ​តិរច្ឆាន​មាន​ទុក្ខ​ព្រោះ​មិន​មាន​ស៊ី និង​ព្រោះ​ត្រូវ​គំរាម​កំហែង​បៀត​បៀន​ ចំណែក​មនុស្ស​នៅ​មាន​ថែម​​ត្រង់​មិន​ចេះ​គ្រប់​ និង​ត្រង់​ចង់​បៀត​បៀន​អ្នក​ដទៃ​ក្រៅ​ពី​ដើម្បី​ការ​ហូប​ចុក​នោះ​ទៀត​។ ការ​មិន​ចេះ​គ្រប់​ ធ្វើ​ឲ្យ​ទុក្ខ​មិន​ចេះ​ចប់​។

-ទុក្ខ​ព្រោះ​ចង់​ដូច​គេ​

បើ​ក្នុង​លោក​នេះ​ គ្រប់​គ្នា​បាន​អ្វី​ៗ​តាម​ដែល​ចង់​ តាម​ដែល​សង្ឃឹម​នោះ មុខ​តែ​មិន​មាន​អ្នក​ណា​ក្រ​ឡើយ ហើយ​ក៏​មិន​មាន​អ្នក​ណា​ខក​ចិត្ត​ខុស​សង្ឃឹម​ដែរ ព្រោះ​អ្នក​ណាៗ​ក៏​ចង់​មាន​បាន ចង់​សុខ និង​ចង់​សម​តាម​បំណង​ដេល​សង្ឃឹម​ទៅ​គ្រប់​យ៉ាង។ ប៉ុន្តែ​ព្រោះ​អ្វី​ៗ​គ្រប់​យ៉ាង​មិន​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ ទើប​បាន​ជា​មាន​មនុស្ស​ក្រ ត្រូវ​មាន​ទុក្ខ និង​ត្រូវ​ខក​ចិត្ត​។

​ចំណង់ មិន​មែន​ល្អ ឬ​អាក្រក់​ដោយ​ខ្លួន​ឯង​ទេ បើ​មនុស្ស​យើង​ចង់ ហើយ​តាំង​ចិត្ត​ប្រឹង​ប្រែង​ព្យាយាម​ធ្វើ​ ឬ​សាង​ ដើម្បី​ឲ្យ​បាន​នូវ​របស់​ដែល​ចង់​នោះ ដោយ​វិធី​សុច​រិត​ត្រឹម​ត្រូវ​ ចំណង់​នោះ​គឺ​ជា​ចំណង់​ល្អ គួរ​ជ្រោម​ជ្រែង​ឲ្យ​មាន​ច្រើន​ៗ​ព្រោះ​ជា​ កុសល​ឆន្ទៈ

តែ​បើ​ចង់​ហើយ មិន​ធ្វើមិន​សាង​ដោយ​សុចរិត​បែ​រ​ជា​រក​វិធី​ដើម្បី​ឲ្យ​បាន​ដោយ​ផ្លូវ​ទុច្ចរិត​វិញ ដូច​ជា​ឆបោក​គេ បៀត​បៀន​គេ​​ ។ល។ និង ។ល។ ចំណង់​នេះ​ហៅ​ថា តណ្ហា​ឆន្ទៈ​ ជា​ចំណង់​មិន​ល្អ​ ព្រោះ​ពេញ​ចិត្ត​នឹង​ធ្វើ​អាក្រក់ ត្រូវ​លះ​បង់​នូវ​ចំណង់​បែប​នេះ​។ សូម្បី​ថា ចំណង់​ក្នុង​ផ្លូវ​ដែល​ល្អ​ត្រឹម​ត្រូវ​ទៅ​តាម​គន្លង​ធម៌ យើង​មាន​សិទ្ធ​នឹង​សាង នឹង​ធ្វើ​យក​នូវ​អ្វី​ដែល​យើង​ចង់​បាន​ពិត​ហើយ ប៉ុន្តែ​ក៏ត្រូវ​ឲ្យ​សម​ល្ម​ម​ផង​ដែរ​គឺ -​ល្មម​នឹង​ឋានៈ​របស់​ខ្លួន​។ -​ល្មម​នឹង​ចំណេះ​ចេះ​ដឹង​ សម​ល្មម​នឹង​សមត្ថភាព​ដែល​យើង​មាន និង​សម​ល្មម​ជា​មួយ​ការ​ងារ​។ បើ​ថា​យើង​នៅ​ក្រ មាន​ប្រាក់​ខែ​ត្រឹម ១០ ទៅ ២០​ ម៉ឺន​រៀល ផ្ទះ​ក៏​ត្រូវ​ជួល​ បាយ​ក៏​ត្រូវ​ទិញ មាន​កូន​ត្រូវ​ឲ្យ​រៀន​ទៀត ដូច្នេះ​យើង​ត្រូវ​មើល​ឋានៈ​របស់​ខ្លួន​ ប្រាក់​ចំណូល​ប៉ុណ្ណឹង តើ​ត្រូវ​ចាយ​ប៉ុនណា​ទើប​ល្មម អ្វី​ដេល​ត្រូវ​ទិញ​ អ្វី​ដែល​មិន​ត្រូវ​ទិញ​។ អ្នក​ដទៃ​គេ​ប្រើ​ខោ​អាវ​ល្អ​ៗ​ថ្លៃ​ៗ​ បរិភោគ​អាហារ​តាម​ហាង​.​.​.​ យើង​កុំ​រត់​តាម​គេ យើង​ចេះ​ប្រយ័ត្ន​ប្រយែង រឹត​ត្បិត​ប្រាក់​ចាយ យក​គតិ​តាម​សត្វ​បក្សី «ខ្លួន​តូច​ធ្វើ​សំបុក​តូច​»​។

​បើ​យើង​មាន​ការ​ចេះ​ដឹង មាន​សមត្ថ​ភាព​មិន​ច្រើន​ទេ បាន​ការ​ងារ​ធ្វើ​ល្មម​នឹង​ចំណេះ​ដឹង​ ឧ​ទាហរណ៍​ថា បើ​រថ​យន្ត​ឲ្យ​ថៅ​កែ ក៏ ដឹង​ខ្លួន​ថា ខណៈ​នេះ​ខ្លួន​មាន​ការ​ងារ​សម​ល្មម​នឹង​ចំណេះ​ដឹង​ត្រឹម​ប៉ុណ្ណឹង ហើយ​ក៏​តាំង​ចិត្ត​តាំង​ថ្លើម​បំពេញ​កិច្ច​ការ​បើ​រថ​យន្ត​ឲ្យ​ល្អ​ជា​ទី​បំផុត​ ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​នាទី​របស់​ខ្លួន​។ មិន​មែន​ថា​ ឃើញអ្នក​ដទៃ​ដែល​គេ​មាន​ការ​ចេះ​ដឹង​ មាន​សមត្ថភាព​ខ្ពស់​ជាង​ខ្លួន​ មាន​តំណែង​ធំ​ដុំ​ មាន​ឋានៈ​ខ្ពង់​ខ្ពស់​ ហើយ​ទៅ​ខឹង​ក្រោធ​ ទៅ​ច្រណែន​នឹង​កេ ថា​ដូច​ម្តេច​បាន​ជា​គេ​សប្បាយ​ជាង មានកិត្តិយស​ជាង​ រួច​តាំង​មិន​បំពេញ​នូវមុខ​ការ​របស់​ខ្លួន​នោះ​ឡើយ​។ បើ​មិន​ស្គាល់​ខ្លួន​ជា​អ្នក​ណា ខ្លួន​គួរ​នឹង​បាន​អ្វី គួរ​នឹង​មាន​ត្រឹម​ណា គួរ​នឹង​រស់​នៅ​របៀប​ដូច​ម្តេចទេ រវល់​តែ​រត់​ទៅ​តាម​អ្នក​ដទៃ​ ចង់​បាន ចង់​ខ្ពស់ ចង់​រស់​ហ៊ឺ​ហា​ដូច​គេ​គ្រប់​យ៉ាង​នោះ ជីវិត​នឹង​មិន​ផុត​ពី​សេចក្តី​ទុក្ខ​ក្តៅ​ក្រហាយ​ឡើយ​។ (អាន​បន្ថែមៈ តណ្ហានាំ​មុខ ងងឹត​ជ្រប់​ក្នុង​កាម, ស្រឡាញ់​ក៏​ស្រឡាញ់​ចុះ)

-ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​

ស្រឡាញ់​គេ​តែ​ម្ខាង​ប្រៀប​បី​ដូច​ជា​ស្រូវ​ក្នុង​ស្រែ​ដែល​ខ្វះ​ទឹក ហើយ​ក៏​ស្កក​ទៅ​ដូច្នោះ​ឯង​។ ចិត្ត​មនុស្ស​យើង​មាន​ការ​ស្រឡាញ់​ច្រើន​ជាង​ស្អប់​ អាច​និយាយ​បាន​ថា ការ​ស្រឡាញ់​នោះ​កើត​ឡើង​ក្នុង​ចិត្ត​មនុស្ស​បាន​ងាយ​ណាស់ ពេល​ខ្លះ​គ្រាន់​តែ​ឃើញ​មុខ នៅ​មិន​ទាន់​បាន​និយាយ​គ្នា​ផង​ ក៏ចាប់​យក​វឹប កើត​ការ​ស្រឡាញ់​គេ​ភ្លាម​ទៅ​ហើយ​។ ព្រោះ​តែ​សេចក្តី​ស្រឡាញ់​វា​កើត​ងាយ​ពេក អីចឹង​ទៅ ទើប​ពេល​ខ្លះ​នោះ​ ភាព​លំ​បាក​លំបិន​ក៏​រមែង​តាម​មក​ ដូច​ជាការ​ទៅ​ស្រឡាញ់​គេ​ទាំង​ដែល​គេ​មិន​ចូល​ចិត្ត​ខ្លួន​ផង ម៉្លោះ​ហើយ សេចក្តី​ស្រឡាញ់​វា​ទាម​ទារ​ចង់​បាន​ឲ្យ​នៅ​ជិត ចង់​ជួប ចង់​និយាយ​ ចង់​បាន​ចិត្ត​ ចង់​បាន​បេះ​ដូង​ ។ល។ ចំណែក​អ្នក​ដែល​មិន​ស្រឡាញ់​តប​នោះ ត្រូវ​ព្យាយាម​គេច​ ឬ​ត្រូវ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ដោយ​ប្រការ​ផ្សេង​ៗ​។

​អ្នក​ស្រឡាញ់​បាន​ទូ​រស័ព្ទ​ទៅ​រក​គេ ដោយ​សង្ឃឹម​ខ្លះ​ៗ​ថា​នឹង​បាន​ជជែក​គ្នា ដើម្បី​បន្ថយ​ការ​នឹក.​.​.​ ម្ខាង​ទៀត​គេ​ថា​រវល់​ណាស់​ មិន​ទំនេរ​ឡើយ​ មាន​ការ​ធ្វើ​យ៉ាង​នេះ​មួយ​ យ៉ាង​នោះ​មួយ​ ពេល​ខ្លះ​គេ​មិន​ទាំង​ទទួល​ទូរស័ព្ទ​ផង។ ខំ​សរសេរសំបុត្រ​ទៅ​រក​គេ រៀប​រាប់​អំ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ចិត្ត​នឹក ក៏​ឥត​ប្រយោជន៍​របៀប​ដូច​តែ​ទូរស័ព្ទ​ដែរ។ អ្នក​ដែល​វង្វេង​ស្រឡាញ់​គេ​តែ​ម្ខាង​ ត្រូវ​ខូច​ចិត្ត​ផង ខក​ចិត្ត​​ផង​​.​.​.​មាន​អាការ​ដូច​ត្រូវ​គេចាប់​ជើង​ទាំង​ពីរ​គួប​គ្នា​ឡើង​លើ ហើយ​បុក​ក្បាល​ទៅ​នឹង​ដី​ដូច្នោះ​ឯង មាន​សភាព​គួរ​ឲ្យ​អាណិត​ណាស់​។

បុគ្គ​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​សភាព​បែបនេះ ត្រូវ​ពិចារណា​សា​ជា​ថ្មី​ឲ្យ​បាន​ល្អ​ មាន​សតិ​សម្បជញ្ញៈ​ឡើង ទើប​បាន​មិន​ខូច​ខ្លួន​រហូត​រើ​ខ្លួន​មិន​រួច​នោះ។ ស្រឡាញ់​គេ​ តែ​គេ​មិន​ស្រឡាញ់​តប​វិញ​នោះ​ វា​ជា​ទុក្ខស្រេច​ទៅ​ហើយ ដូច្នេះ​ត្រូវ​កុំ​បន្ថែម​ទុក្ខ​ដោយ​វិធី​ល្ងង់​ខ្លៅ​ផ្សេង​ៗ​តទៅ​ទៀត​ កុំ​បោះ​បង់​ខ្លួន​ឯង​ចោល កុំបៀត​បៀន​ខ្លួន​ឯង​ និង​កុំ​បៀត​បៀន​អ្នក​ដទៃ​។ ព្យា​យាម​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ ធ្វើ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​មាន​នូវ​គុណ​តម្លៃ​ដែរ។ សេចក្តី​ល្អ​អាច​ឈ្នោះ​ចិត្ត​របស់​គេ​បាន​ក្នុង​ថ្ងៃ​ណា​មួយ​ ឬ​ថា បើ​មិន​បាន​ទទួល​ការ​ស្រឡាញ់​តបអំ​ពី​គេ​វិញ​ដោយ​ពិត​ៗ​នោះ​ ក៏​ត្រូវ​គិត​ថា មិន​មែ​ន​ជា​គូ​នឹង​គ្នា​អីចឹង​ទៅ មាន​ចាំ​បាច់​ត្រូវ​ទៅ​វង្វេង​ស្រឡាញ់​អ្នក​ដែល​គេ​មិន​ស្រឡាញ់​យើង​នោះ​ធ្វើ​អ្វី គួរ​តែ​ស្រឡាញ់​អ្នក​ណា​ដែល​គេ​ស្រឡាញ់​យើង​ដែរ វា​ល្អ​ជាង​។

​ការ​រាប់​អាន​និង​ការ​ចូល​កាន់​សាសនា​ គឺ​នៅ​លើ​ជំ​នឿ​ ឯចំណែក​រឿង​ស្នេហា​ស្រី​ប្រុស​យក​គ្នា​ជា​គូ​គ្រង​ គឺ​នៅ​លើ​ឧ​បនិស្ស័យ​ ទាំង​ពី​រផ្នែក​នេះ​គឺ​មិន​អាច​បង្ខំ​បាន​ឡើយ​។

-ទុក្ខ​ព្រោះ​ខ្លាច​ចាស់

​មនុស្ស​យើង​គ្រប់​គ្នា​កំពុង​ចាស់​គ្រប់​ខណៈ​ ចាស់​ជា​និច្ច​ចាប់​តាំង​ពី​កើត​មក។ កំពុង​មើល​កំពុងស្តាប់​ខណៈ​នេះ​ក៏​កំពុង​ចាស់​ កំពុង​ដេក​លក់​ក៏​ចាស់ ភ្ញាក់​ឡើង​ក៏​ចាស់ ។ គ្រប់​គ្នា​កំពុង​ទៅ​សន្សឹម​ៗ​រក​ឈាបនដ្ឋាន ឬ​រក​រណ្តៅ​កប់​សព​ខ្លួន​ឯង មិន​មាន​អ្នក​ណា​ម្នាក់​គេច​ផុត​បាន​ឡើយ​។ ជិវិត​មនុស្ស​យើង​ខ្លី​ណាស់ មាន​កំណត់​ប្រមាណ​៦០-៧០​ឆ្នាំ​ប៉ុណ្ណោះ លើស​ជា​នេះ​មាន​តិច​នាក់​ទេ ឯ​ស្លាប់​មុន​កំណត់​នេះ​មាន​ច្រើន​ជាង​។

​ដែល​យើង​រាប់​ថា យើង​មាន​អាយុ​ប៉ុណ្ណេះ​ ឬ​ប៉ុណ្ណោះ ដែល​តាម​ពិត​គឺ​យើង​រាប់​ខាង​អស់​ទៅ​តែ​ប៉ុណ្ណោះ មិន​មែន​រាប់​ខាង​បាន​នោះ​ឡើយ ធំ​ឡើង​ៗ វ័យ​ពេញក្រមុំ​ កម្លោះ ក៏​សប្បាយ​ចិត្ត​ថា​ខ្លួន​មាន​អាយុ​ច្រើន​ហើយ​.​.​.​ តែ​សូម​គិត​ដូច្នេះ​ផង​ចុះ គឺ​ប្រៀប​ដូច​យើង​មាន​ប្រាក់​នៅ​ក្នុង​កាបូប​តាម​កំណត់​ នៅ​ពេល​យើង​កើត​ឡើង​ភ្លាម យើង​ក៏​ចាយ​អាយុ​របស់​យើង​ភ្លាម​ទៅ​ហើយ គឺ​ចាយ​រហូត​អស់​។ ឥឡូវ​នេះ​យើង​មិន​ដឹង​ថា​ តើ​យើង​នៅ​សល់​អាយុ​តិច​ប៉ុណ្ណា​ទៅ​នោះ​ទេ។

​អ្នក​ដែល​កើត​មក​យូរ​ហើយ ត្រូវ​តែដឹង​ថា អាយុ​របស់​ខ្លួន​កំ​ពុង​ស្រក​ស្រុត​តិច​ចុះ​ទៅ​ជា​លំដាប់​ ដូច​បា្រក់​ក្នុង​កាបូប​ដេល​ចេះ​តែ​យក​ចាយ​អីចឹង​ឯង​។ មនុស្ស​យើង​ភាគ​ច្រើន​ ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ចូល​ចិត្ត​ឲ្យ​ខ្លួន​ចាស់ នឹក​ដល់​ចាស់​ពេល​ណា​ក៏​កើត​ទុក្ខ?​ ព្រោះ​ខ្លាច​បាត់​ស្អាត ខ្លាច​គេ​មិន​ស្រឡាញ់ ឬ​ឈប់​ស្រឡាញ់​​.​.​.​ ដូច្នេះ​ហើយ ទើប​ខំ​ព្យាយាម​បិត​បាំង​នូវ​ភាព​ជរា​របស់​ខ្លួន​ទុក​មិន​ឲ្យ​ប្រាកដ​ដល់​ក្រសែ​ភ្នែក​អ្នក​ដទៃ​ ដោយ​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ ឬ​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ចាស់​ជរា​វា​មិន​បាត់​ទៅ​ណា​ឡើយ​ ទី​បំផុត ការ​បិទ​បាំង​ក៏​លែង​មាន​ប្រសិទ្ធិភាព​។ កាល​បើ​មិន​ព្រម​ទទួល​យក​ការ​ពិត​ ទើប​មាន​ទុក្ខ​ផ្លូវ​ចិត្ត​កើត​ឡើង​។

​យើង​ខ្លាច​ចាស់ យើង​នៅ​តែ​ចាស់​ដដែល​។ យើង​ខ្លាច​វា​ធ្វើ​អ្វី យើង​ត្រូវ​ទទួល​យក​ការ​ពិត​ដែល​គ្រប់​គ្នា​កើត​មក​ហើយ​មិន​អាច​គេ​ផុត​ទៅ​បាន​ គ្រាន់​តែ​យើង​ធ្វើ​ខ្លួន​ឲ្យ​បាន​សមរម្យ​នឹង​វ័យ​ប៉ុណ្ណឹង​ទៅ គឺ​ជា​ការ​ប្រពៃ​​ហើយ ។​ យើង​សាង​ល្អ​ឲ្យ​ខ្លួន​ឯង ប្រើ​ពេល​វេលា​ដែល​នៅ​មាន​ ជួយ​ដល់​សាសនា​និង​សង្គម​ជាតិ​ ដូច្នេះ​មនុស្ស​ទាំង​ឡាយ​គេ​នឹង​ត្រេក​អរ​ ហើយ​លើក​តំ​កើង​យើង​ និង​សរសើរ​យើង​ថា «​ចាស់​យ៉ាង​មាន​គុណ​តម្លៃ​»​។ “ព្រម​ចាស់​តាម​វ័យ​គ្មាន​អ្វី​គួរ​ខ្លាច ចាស់​ចិត្ត​អង់​អាច​អំណាច​គុណ​ធម៌ កុំ​ចាស់​តែវ័យ​ចិត្ត​ភ័យ​ញាប់​ញ័រ​ ចាស់​អត់​គុណធម៌​ចាស់​គ្មាន​តម្លៃ​”។​

-ទុក្ខ​ព្រោះ​ខ្លាច​ស្លាប់​

ជីវិត​យើង​ប្រកប​ទៅ​ដោយ​គ្រឿង​ផ្សំ​ គឺ​ផ្សំ​កាយ​ជា​មួយ​នឹង​ចិត្ត។ ក្នុង​រាងកាយ​ក៏​ផ្សំ​ឡើង​ដោយ​គ្រឿង​ផ្សំ​ធំ​ៗ​៤​យ៉ាង​ផ្សេង​ទៀត​គឺ​ ដី​ ទឹក​ ភ្លើង ខ្យល់ ដេល​របស់​ទាំង​៤​នេះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ហៅ​ថា «​ធាតុ​»។ នៅ​ពេល​ដែល​ធាតុ​ទាំ​ង​៤ ព្រម​ព្រៀង​គ្នា​ ស្មើ​គ្នា មិន​ទាន់​បែក​ចាក​គ្នា ពោល​គឺ​ធាតុ​៤​ខ្លះ​កើត​អំ​ពី​កម្ម ធាតុ​៤​ខ្លះ​កើត​អំ​ពី​ចិត្ត ធាតុ​៤​ខ្លះ​កើត​អំ​ពី​ឧតុ ធាតុ​៤​ខ្លះ​កើត​អំ​ពី​អាហារ​ ថា​បើ​នៅ​ជុំ​គ្នា​ទេ​ យើង​ក៏នៅ​រស់ បើ​បែក​គ្នា​ពេល​ណា​ យើង​ក៏​ស្លាប់​ពេល​នោះ​។ ការ​បែក​ធ្លាយ​នៃ​ធាតុ​ទាំង​៤ តាម​ធម៌​ហៅ​ថា «​កាល​កិរិយា» ប្រែ​តាម​អក្សរ​ថា «ការ​ធ្វើ​តាម​ពេល​វេលា​»​។

រូប​កាយ​រមែង​មាន​ពេល​សម្រាប់​រូប​កាយ គឺ​កើត​មក​​ ឋិត​នៅ​មួយ​គ្រា ឬ​មួយ​រយៈ​ លុះដល់​ពេល​វេលា​ត្រូវ​ទៅ​ ក៏​ទៅ​តាម​ពេល​វេលា​នោះ​ឯង​ តែ​ព្រោះ​មនុស្ស​យើង​មិន​ចូល​ចិត្ត​ គឺ​មិន​ចង់​ឲ្យ​រូប​កាយ​ធ្វើ​តាម​ពេល​វេលា​ គ្រាន់​តែ​ឮ​ពាក្យ​ថា​ «​ស្លាប់» ប៉ុណ្ណឹង​ក៏​ភ័យ​ខ្លាច​តក់​ស្លុត មិន​ចង់​ឲ្យ​ដល់​ពេល​វេលា​នោះ​ឡើយ​។ នឹក​ថា​ ដល់​ពេល​ស្លាប់​នោះ​តើ​ត្រូវ​លំបាក​យ៉ាង​ដូច​ម្តេច ត្រូវ​ចោល​លោក​នេះ​ហើយ កូន​ចៅ​យ៉ាង​ណា ស្លាប់​ទៅ​ជាតិ​មុខ​សុខ​ឬ​ទុក្ខ​យ៉ាង​ណា​.​.​.​ នឹក​ឃើញ​ពេល​ណា​ក៏​តក់​ស្លុត​ញាប់​ញ័រ​ក្នុង​ចិត្ត​ពេល​នោះ​។ តាម​ពិត​ សេចក្តី​ស្លាប់​ជា​រឿង​ធម្មតា​ ព្រោះ​ថា​គ្រប់​គ្នា​​កើត​មក​ហើយ​ត្រូវ​តែ​ស្លាប់​ ឬ​ក៏​និយាយ​ឲ្យ​កាន់​តែ​ច្បាស់​នោះ​គឺ​ថា ខណៈ​ដែល​យើង​កើត​មក​នោះ យើង​បាននាំ​យក​សេចក្តី​ស្លាប់​ជាប់​មក​ជា​មួយ​ផង​ស្រេច​ទៅ​ហើយ ម៉្លោះ​ហើយ តែ​ដល់​ពេល​វេលា​ត្រូវ​បែក​ គឺ​រូប​កាយ​ត្រូវ​តែ​បែក​ធ្លាយ​ទៅ​ខ្លួន​ឯង ដូច​ជា​ស៊ុត​មាន់​ជា​មួយ​នឹង​ការ​បែក​នៃ​ស៊ុត​មាន់​នៅ​អីចឹង​ គឺ​ការ​បែក​វា​នៅ​តែ​ជា​មួយ​នឹង​ស៊ុត​នោះ​រហូត​ ចាំ​តែ​ដល់​ពេល​វេលា​វា​នឹងសំដែង​ខ្លួន​ឲ្យ​ប្រាកដឡើង​ប៉ុណ្ណោះ​ ពិចារណា​ដូច្នេះ​ហើយ នឹង​បាន​ស្ងប់​ចិត្ត​ មិន​ជា​ទុក្ខ​កង្វល់​អ្វី​ក្នុង​រឿង​ស្លាប់​ឡើយ​៕​

«បួន​នាក់​អ្នក​សែង បីនាក់​អ្នក​ហែ ម្នាក់​អង្គុយ​គ្រែ ពីរនាក់​ជាប់តាម​»។ “​បួន​នាក់​បាន​ដល់​ធាតុ​៤ គឺ​ ដី ទឹក​ ភ្លើង​ ខ្យល់, បី​នាក់​បាន​ដល់​វ័យ​ទាំង​បី ឬ​ត្រៃ​លក្ខណ៍​, ម្នាក់​ គឺ​ចិត្ត គ្រែ​គឺ​រូប​កាយ (​វត្ថុរូប​), ពីរ​នាក់​គឺ​បាប​១ និង​បុណ្យ ១​” នេះ​ជា​ដំណើរ​ជីវិត​ទៅ​បរលោក​។​

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in បទពិចារណា, ព្រះធម៌, ព្រះពុទ្ធសាសនា and tagged , , , . Bookmark the permalink.

7 Responses to ទុក្ខឥតល្ហែ

  1. Degen ye និយាយថា៖

    ខ្ញុំករុណាសូមអរព្រះគុណចំពោះ”បទពិចារណា”ដ៏មានអត្ថន័យ និងរស ជ្រាលជ្រៅដែលជាវិធីសម្រាប់ដំណើរឆាកជីវិតប្រកបភាពស្រស់ស្រាយមានតម្លៃ ។
    “កើតមិនយកមក កើតមិនយកទៅ” ជីវិតដូចល្ខោន និស្ស័យកើត និស្ស័យរលត់
    តើធើ្វដូចម្តេចឲ្យឆាកជីវិតមនុស្សរស់មានន័យ និង​ សុភមង្គល?
    សូមអរគុណ និង អរព្រះគុណ

  2. 01666393504 និយាយថា៖

    ព្រះធម៍ល្អលើសអ្វីៗទាំងអស់លើលោកយើងនេះ

  3. Kao Bun Song និយាយថា៖

    អត្ថបទ (ព្រះពុទ្ធសាសនា) និង (និកាយនៃព្រះពុទ្ធសាសនា) ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេត (សព្វវចនាធិប្បាយនៃសាសនា) ចំណែកចេញជា៣ប្រភេទផ្សេងៗគ្នា៖

    ចលនា៖
    ហិនយាន
    មហាយាន
    វជរយាន
    ទាំង៣និកាយនេះនៅមានទល់សព្វថ្ងៃ។
    ថេរវាទ, នៅអាស៊ីអាគ្នេយ៍
    ធម្មគុត្តកៈ, ក្នុងប្រទេសចិន កូរ៉េ និង​វៀតណាម
    មូលស៌វស្តិវាទ, ក្នុងប្រពៃណីទីបេ
    ធម្មិកនិកាយ

    សមោធានស័ព្ទ

    យោងតាមសមោធានស័ព្ទក្នុងបំនែងចែកព្រះពុទ្ធសាសនាអាចមានភាពស្មុគស្មាញបន្តិចបន្តួចដូចជាការបែងនិកាយនៃព្រះពុទ្ធសាសនាដោយពួកអ្នកប្រាជ្ញនិង​អ្នកបដិបត្តិធម៌ទាំង

    ឡាយទៅតាមកម្រិតនៃការយល់ដឹងមិនថាដោយទស្សនវិទ្យា ឬប្រវត្តិសាស្ត្រ និងតាមតំបន់ដែលខ្លួនរស់នៅនោះទេ ហើយព្រមជាមួយនឹងការដាក់ឈ្មោះផ្សេងៗគ្នានិងជាញឹកញាប់

    ត្រូវបានប្រើក្នុងបរិបទផ្សេងៗគ្នាទៀតផង។ ខាងក្រោមនេះអាចមានការប៉ះពាល់ដល់ការពិព៌ណនានូវការបែងចែកជានិកាយធំៗទាំងឡាយនៃព្រះពុទ្ធសាសនាផងដែរ៖ និកាយអភិរក្ស

    និយម បានដល់ពួកដែលរក្សាទុកនូវធម៌វិន័យដូចដើមគឺពួកវិភជ្ជវាទី​(មានឈ្មោះហៅឆ្លាស់គ្នាសម្រាប់និកាយដំបូងៗនៃព្រះពុទ្ធសាសនា។

    បឋមនិកាយនៃព្រះពុទ្ធសាសនា

    និកាយដំបូងៗក្នុងព្រះពុទ្ធសាសនាដែលបានបែកញែកជទៅតាមប្រទេសមួយចំនួនខ្លះនោះ មានតែមួយនិកាយប៉ុណ្ណោះដែលនៅមានទល់សព្វថ្ងៃគឺនិកាយថេរវាទ។

    ព្រះពុទ្ធសាសនាក្នុងអាស៊ីបូព៌ា

    ឈ្មោះដែលពួកអ្នកប្រាជ្ញទាំងឡាយប្រើប្រាសនោះ បានគ្រប់ដណ្តប់ទាំងប្រពៃណីព្រះពុទ្ធសាសនានៅជប៉ុន កូរ៉េ សិង្ហបូរី និងភាគច្រើននៅប្រទេសចិននិងប្រទេសវៀតណាម។

    ព្រះពុទ្ធសាសនាបូព៌ា

    ការដាក់ឈ្មោះឲ្យពួកអភិរក្សនិយមដោយអ្នកប្រាជ្ញទាំងឡាយចំពោះព្រះពុទ្ធសាសនាអាស៊ីបូព៌ា ជូនណាគេប្រើដោយយោងទៅលើទម្រង់វប្បធម៌ប្រពៃណីនៃព្រះពុទ្ធសាសនាថា

    ដូចជាការញែកខ្លួនចេញពីបែបពួកបស្ចិមនោះ។

    ព្រះពុទ្ធសាសនាបែបបរមត្ថធម៌

    ជាធម្មតាគេបានចាត់ទុកនូវភាពស្រដៀងគ្នានេះទៅនឹងនិកាយវជរយាន។ ពួកអ្នកប្រាជ្ញទាំងឡាយបានឲ្យឈ្មោះស្របទៅនឹងការប្រព្រឹត្តបដិបត្តិនូវធម៌វិន័យតាមបែបថេរវាទ ដោយចំពោះ

    គឺព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាហ្នឹងឯង។

    ហីនយាន

    យានតូច​ ឬនិកាយអន់ថយដែលពួកនិកាយមហាយានបានបន្ថោកបន្ទាបចំពោះដៃគូរប្រកួតគឺនិកាយថេរវាទហ្នឹងឯង។ ពេលខ្លះត្រូវបានគេហៅដោយផ្អែកទៅលើនិកាយដំបូងបង្អស់នៃ

    ព្រះពុទ្ធសាសនារួមទាំងនិកាយថេរវាទក្នុងពេលស្របគ្នា ហេតុដូច្នេះសូម្បីតែនិកាយថេរវាទមានភាពត្រឹមត្រូវទៅនឹងធម៌វិន័យដែល ចងក្រងដោយព្រះអរហន្ត៥០០អង្គមានព្រះមហាកស្សប

    ព្រះអានន្ទ និងព្រះឧបាលីជាដើមហើយក៏ដោយ ក៏ត្រូវបានគេបង្ករវិវាទនាពេលក្រោយផងដែរ។ ជាពិសេសគោលបំណងនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនានិកាយមហាយានដោយពួកអ្នក

    ប្រាជ្ញទាំងឡាយទៅតាមតំនង់ទាំងឡាយមានប្រទេសចិន កូរ៉េ ទីបេ និងជប៉ុនក៏គឺវាទប្បដិវាទហ្នឹងឯង ដែលក្រោយមកនិកាយមហាយាននេះស្ទើរតែមិននៅសល់ភាពដើមពោលគឺពុទ្ធវចនៈ

    ដើមៗ ឬមិនមានសោះក៏ថាបាន។ មានក្រុមខ្លះគោរពប្រតិបត្តិធម៌វិន័យដែលកាត់បំផ្លែងពីពុទ្ធវចនៈផ្ទាល់ព្រះឱស្ឋ ដែលគេស្គាល់ថាជាពួកនិកាយអាស៊ីបូព៌ា និងប្រពៃណីទីបេដែលជាពួក

    អាស្រ័យចិត្តវិញ្ញាណជាធម៌វិន័យហើយមិនត្រូវបានគេចាត់ទុកថាជានិកាយណាទេ។

    លទ្ធិឡាមៈ

    ឬព្រះពុទ្ធសាសនានិកាយឡាម គឺមានពាក្យតាំងពីបរមបូរាណមកហើយដែលត្រូវបានគេថាឡាមៈៗដូច្នេះ និងមានភាពប្រហាក់ប្រហែលទៅនឹងព្រះពុទ្ធសាសនាទីបេ ហើយដោយរួម

    ត្រូវបានគេមើលដោយទស្សនៈអវិជ្ជមាន។

    មហាយាន

    ជាចលនាថ្មីមួយដែលបានញែកខ្លួនចេញពីបឋមនិកាយរួមទាំងពួកជំនាន់ក្រោយៗបានដល់ពួកនិកាយអាស៊ីបូព៌ា និងពុទ្ធសាសនាទីបេ។ ពេលខ្លះគេចាត់ទុកនិកាយវជរយានក្នុងបញ្ជី

    ដោយឡែកពីគេឯង។ ធម៌វិន័យគ្រឹះរបស់ពួកនិកាយអាស៊ីបូព៌ានិងទីបេគឺអាស្រ័យចិត្តវិញ្ញាណជាគោល។

    នទីពុទ្ធសាសនា

    ព្រះពុទ្ធសាសនាប្រៀបដូចប្រភពទឹកស្ទឹងបានដល់ការឲ្យឈ្មោះដោយពួកអ្នកប្រាជ្ញទៅលើនិកាយដំបូងៗ ឬបឋមនិកាយនៃព្រះពុទ្ធសាសនា។

    មន្រ្តយាន

    ជាធម្មតាគេចាត់ទុកថាជានិកាយវជរយាន។ និកាយតេនដៃនៃប្រទេសជប៉ុនត្រូវបានគេអធិប្បាយថាបានជះឥទ្ធិពលមកពីនិកាយមន្ត្រយាន។

    និកាយក្នុងព្រះពុទ្ធសាសនា

    ពាក្យ ឬឈ្មោះប្រើសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។

    មិនមែនមហាយាន

    ពាក្យ ឬឈ្មោះប្រើសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។

    ឧត្តរពុទ្ធសាសនា ព្រះពុទ្ធសាសនាប៉ែកខាងជើង

    ពាក្យ ឬឈ្មោះសម្រាប់ហៅព្រះពុទ្ធសាសនាទីបេ មានពាក្យបូរាណដែលពេលខ្លះសំដៅយកទាំងនិកាយអាស៊ីបូព៌ានិងនិកាយទីបេរួមគ្នា​ តែពេលខ្លះទៀតសម្រាប់ហៅតែនិកាយ

    អាស៊ីបូព៌ាមិនសំដៅដល់ពួកនិកាយទីបេទេ។

    ពុទ្ធសាសននិកាយ

    ពាក្យ ឬឈ្មោះសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។

    ព្រះពុទ្ធសាសនាអាស៊ីអាគ្នេយ៍

    ពាក្យ​ ឬឈ្មោះសម្រាប់ហៅដោយពួកអ្នកប្រាជ្ញសំដៅយកនិកាយថេរវាទ។

    ព្រះពុទ្ធសាសនាទក្សិណនិកាយ

    ពាក្យ​ ឬឈ្មោះសម្រាប់ហៅដោយពួកអ្នកប្រាជ្ញសំដៅយកនិកាយថេរវាទ។

    សាវកយាន

    ពាក្យ ឬឈ្មោះសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។

    តន្រ្តយាន ឬព្រះពុទ្ធសាសនានិកាយតន្រ្តៈ

    និកាយនេះមានភាពស្រដៀងគ្នាទៅនឺងនិកាយវជរយាន ហើយគេបានចាត់ទុកថាជានិកាយនេះឯង។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកប្រាជ្ញបានពណ៌នាថានិកាយតន្ត្រៈ

    ជាផ្នែកមួយនៃគម្ពីរសាសនាខាងទីបេរួមបញ្ចួលទាំងគម្ពីសាវកយាន មហាយាន និងវជរយាន។ អ្នកប្រាជ្ញខ្លះបានប្រើពាក្យថាតន្រ្តិកថេរវាទដោយសំអាងទៅលើការគោរព

    ប្រតិបត្តិដែល បានគេរកឃើញ ជាពិសេសគឺព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។

    ថេរវាទ

    ប្រពៃណីព្រះពុទ្ធសាសនានៃប្រទេសស្រីលង្កា ភូមា ថែឡង់ដ៍ ឡាវ កម្ពុជា និងមួយផ្នែកនៅប្រទេសវៀតណាម ចិន ឥណ្ឌា បង់ក្លាដេស និងម៉ាឡេស៊ី។ នេះជានិកាយដែល

    នៅរស់រាន មានជីវិតទល់សព្វថ្ងៃនៃប្រវត្តិសាស្ត្រពុទ្ធសាសននិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។ ពាក្យថាថេរវាទ ជាទូទៅប្រើសម្រាប់ហៅនិកាយដំបូងហ្នឹងឯង។

    ព្រះពុទ្ធសាសនាទីបេ

    រាប់បញ្ចូលទាំងព្រះពុទ្ធសាសនានៃប្រទេសទីបេ មង់គូល ភូតាន និងផ្នែកផ្សេងៗនៃចិន ឥណ្ឌា និងរុស្ស៊ីដែលគោរពតាមប្រពៃណីទីបេ។

    វជរយាន

    ជាចលនាមួយបានវិវឌ្ឍន៍ចេញពីនិកាយមហាយានរបស់ឥណ្ឌារួមទាំងនិកាយក្រោយៗផង។ មានភាពមិនចុះសម្រុងគ្នាតាមភាពជាក់ស្តែងទៅនឹងបំនែកនិកាយទាំងនេះ។

    ព្រះពុទ្ធសាសនាទីបេ បានទទួលស្គាល់ជាសកលថាមានការបែងចែកដូច្នេះ ភាគច្រើនដែលរាប់បញ្ចូលទាំងនិកាយស្ហិង្គង់របស់ជប៉ុន។ ខ្លះទៀតសំដៅយកទំនៀមមិលគ្យោ

    របស់កូរ៉េដែលមិនបានបំបែកជានិកាយទេ។ អ្នកប្រាជ្ញម្នាក់បានមានប្រសាសន៍ថា ក្រៅពីភាពប្រឹងប្រែងរបស់ពួកជនជំនាន់ក្រោយនៃពុទ្ធសាសនិកផ្លាល់ វានៅតែមានភាព

    លំបាកយ៉ាងខ្លាំងចំពោះការឲ្យឈ្មោះដោយចំៗថានិកាយវជរយាន ជាផ្នែកមួយដែលបែកចេញពីនិកាយណាមក។

  4. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  5. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  6. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s