បញ្ញត្តិ និង បរមត្ថ (១)

មុន​នឹង​​ចូល​ដល់​ធម៌​ពីរ​ប្រការ​គឺ បញ្ញត្តិ និង បរមត្ថ យើង​គប្បី​ឈ្វេងយល់​ពី​សច្ចៈ​ពីរ​ប្រការ​ជា​មុនសិន ព្រោះ​សច្ចៈ​ពី​រ​ប្រកា​នេះ​មាន​ទំនាក់​ទំនង​គ្នា​ជា​មួយ​នឹង​ បញ្ញត្តិធម៌ និងបរមត្ថធម៌។ ​តើ​សច្ចៈ​ទាំង​ពីរប្រការ​នោះ​ដូច​ម្តេច​ទៅ? សច្ចៈ​ទាំង​ពី​រ​ប្រការ​នោះ​គឺ សម្មតិសច្ចៈ ១ បរមត្ថសច្ចៈ១។ ចុះសម្មតិ​សច្ចៈ​ និង​បរមត្ថ​សច្ចៈ​នោះ​មាន​សេចក្តី​ និង លក្ខណៈ​ខុស​ប្លែក​គ្នា​ដូច​ម្តេច? សូម​ពិនិត្យ​សង្កេត​ភាព​ខុស​ប្លែក​គ្នា​រវាង​ សម្មតិសច្ចៈ គឺសេចក្តី​ពិត​ដោយការ​សន្មតិ និង បរមត្ថសច្ចៈ​ គឺ​សេចក្តី​ពិត​តាម​​សភាវៈ​ធម៌​ដែល​កើត​ឡើង​ខាង​ក្នុង​ធម្មជាតិ ដូច​តទៅ​៖

១-សម្មតិសច្ចៈ

សម្ម​តិ​សច្ចៈ មាន​ន័យ​ថា សេចក្តី​ពិត​ដែល​មនុស្ស​ជាទូទៅ​សម្គាល់ ទៅ​តាម​ការ​មើល​ឃើញ តាម​រូប​រាង​ពណ៌​សម្បុរ​ខាង​ក្រៅ មិន​គិត​ដល់​វត្ថុ​ធាតុ​ខាង​ក្នុង ឬ​ធម្មជាតិ​ដើម​ឡើយ ។ ផ្ទះ, រទេះ, គោ, ក្របី, ពូម៉ៅ, តាមួន, ព្រះអាទិត្យ, ព្រះចន្ទ ។ ល ។ ជា​សម្ម​តិសច្ចៈ គឺ​រូប​រាង​ដូច្នេះ ពណ៌​ដូច្នេះ ទំហំ​យ៉ាង​នេះ គេ​សម្គាល់​ថា​ជា​របស់​នេះ ជា​សត្វនេះ ជា​មនុស្ស​នេះ ។ ដើម្បី​ចំណាំ​វត្ថុ សត្វ មនុស្ស គេ​ក៏​ដាក់​ឈ្មោះ​ឲ្យ​ដើម្បី​ហៅ កុំ​ឲ្យ​ច្រឡូក​ច្រឡំ​គ្នា ។ ការ​តែង​តាំង​នាម​នេះ​ហៅ​ថា​ បញ្ញត្តិ ។

២-បរមត្ថសច្ចៈ

បរមត្ថ​​សច្ចៈ មាន​​ន័យ​​ថា សេច​ក្តី​​ពិត​​តាម​​ធម្មជាតិ​​ខាង​​ក្នុង ដែល​​ស្ថិត​​នៅ​​ក្នុង ភាព​​កំ​បាំង មិន​​អាច​​មើល​​ឃើញ​​ដោយ​​ងាយ​​ ជា​​សេចក្តី​ពិត​​ដែល​​មិន​​ផ្លាស់​​ប្តូរ​​ដូច​ជា បរ​មត្ថសច្ចៈ​​​របស់​​ផ្ទះ​​និង​​រទេះ​​នៅ​​តែ​​ជា ឈើ ដដែល គឺ​​ជា​​ធម្មជាតិ​​ពិត​​ៗ​​របស់​​វា មិន​​ប្តូរ​​ទៅ​​តាម​​សភាព​​ខាង​​ក្រៅ​​ឡើយ​​។​

បញ្ញត្តិ និង បរមត្ថ

អ្វី​ទាំង​ឡាយ​ទោះ​បី​ជា​សន្មតិ​ក្តី ឬ​ជា​បរមត្ថក្តី តែង​មាន​ឈ្មោះ​សម្រាប់​ហៅ​ដែល​ហៅថា បញ្ញត្តិ នោះ​ឯង ។ ធម្មជាតិ ដែល​បញ្ញត្តិ ធ្វើ​ការ​តែង​តាំង​នាម​ទៅ​ឲ្យ​គឺៈ
១- វត្ថុ គឺរបស់ផ្សេង ៗ ដូចជា ផ្ទះ, កុដិ, វិហារ, សាលា, មេឃ, ផ្កាយ ជាដើម ។
២- សត្វ គឺអ្វី ៗ ដែល​មាន​ជីវិត​ជាប់​ជំពាក់​ក្នុង​បំណង​ដូច​ជា គោ, ក្របី, ជ្រូក, ពូសុខ ជាដើម។
៣- សង្ខារ មាន២គឺ ឧបាទិន្នកសង្ខារ១ និង អនុបាទិន្នកសង្ខារ១ ។ ឧបាទិន្នក សង្ខារ គឺ​សង្ខារ​ដែល​មាន​វិញ្ញាណ​គ្រប់​គ្រង មាន​ពាក្យ​ថា​បុគ្គល មនុស្ស ទេវតា ព្រហ្ម​ជាដើម ។ ឯ​អនុបាទិន្នក​សង្ខារ គឺ​សង្ខារ​ដែល​គ្មាន​វិញ្ញាណ​គ្រប់​គ្រង មាន​ពាក្យ​ថា ដើម ដូង, ដើម​ចេក, ដើម​ត្នោត, ឈូក, ស្មៅ​​។ល។

បរមត្ថធម៌ មាន​សេចក្តី​ដ៏​ល្អិត​ក្រៃ​លែង ដូច​ជា រូប, នាម, ខន្ធ, អាយតនៈ,ធាតុ, ឥន្រ្ទិយ ។ ល ។ ដែល​ជា​អារម្មណ៍​របស់​វិបស្សនា ។ បញ្ញត្តិ​ធម៌ ដែល​ជា​ឈ្មោះ មិន​មែន​ជា​អារម្មណ៍​របស់​វិបស្ស​នា​ទេ​។​ បរមត្ថធម៌ គឺ​ជាវេវចនស័ព្ទនឹងពាក្យ អភិធម្ម ដូច្នេះ​បើ​ចង់​យល់​ឲ្យ​បាន​ទូលាយ​អំំ​ពី​បរមត្ថធម៌​ ត្រូវ​សិក្សា​ព្រះ​អភិធម្មឲ្យ​បានច្រើន​ទើប​អាច​យល់​បាន​ទូលំ​ទូលាយ។

ខាង​លើ​នេះ​ជា​បឋម​បរិយាយ​ បក​ស្រាយ​ជា​បែប​សង្ខេប​ខ្លី និង ​បែង​ចែក​ជា​គោល​ត្រួស​ៗ​ចំពោះ​ស័ព្ទ​ថា បញ្ញត្តិ និង បរមត្ថ ​ដើម្បី​ជា​ចំណាប់​អារម្មណ៍​ក្នុង​ការ​តាម​ដាន​សង្កេត​ពិនិត្យ​ តទៅ​ទៀត​។ នៅ​ក្នង​សេចក្តី​បរិយាយ​ខាង​មុខ​នេះ នឹង​សូម​លើក​យក​ពាក្យ​ថា «បញ្ញត្តិ» ដែល​មាន​សេចក្តី​ពន្យល់​នៅ​ក្នុង​សៀវភៅ​ “បរមត្ថសង្ខេប” បក​ប្រែដោយ​លោក​គ្រូ​ធម្មាចារ្យ រស់​ សុផាត មក​ចែក​ជួ​ន​ដល់​សាធុ​សប្បុរស​ទាំង​ឡាយ បាន​សិក្សា​ស្វែង​យល់ឲ្យរឹត​តែ​ភ្លឺ​ច្បាស់​បន្ថែម​ទៀត​។ ការ​ស្គាល់​ពី​ពាក្យ​ថា​ «បញ្ញត្តិ» នេះ​នឹង​នាំ​ឲ្យ​អ្នក​សិក្សា​បាន​ស្គាល់​ពី​ពាក្យ​ថា​ «បរមត្ថ»​​ ផង​ដែរ ព្រោះ​ថ្វី​ត្បិត​តែ​ធម៌​ទាំង​ពីរ​នេះ​មាន​ន័យ​ខុស​គ្នា​ស្រឡះ ប៉ុន្តែ​ធម៌​ទាំង​ពីរ​នេះ​តែង​តែ​នៅ​ជា​មួយ​គ្នា​ជា​និច្ច។ សូម​ផ្ចង់​អារម្មណ៍ ផ្តុំ​ស្មារតីដើម្បី​តាម​ដាន​ អាន​ពិចារណា​សេចក្តី​អត្ថាធិប្បាយ​ដូច​មាន​ត​ទៅ​នេះ៖

បញ្ញត្តិ

បរមត្ថធម៌​ជា​សភាវធម៌​ដែល​មាន​ពិត​ តែ​មិន​មែន​សត្វ​ បុគ្គល តួ​ខ្លួន​ឡើយ។ បរមត្ថ​ធម៌​ដែល​កើត​ឡើង​ត្រឹម​តែ​ចិត្ត ចេតសិក រូប តែ​មួយ​ខណៈ​ៗ តែ​មួយ​អាការៈ​ៗ​ ដែល​កើត​ឡើង​ព្រោះ​ហេតុ​បច្ច័យ​ហើយ​ ក៏​រលត់​ទៅ​យ៉ាង​រហ័ស​។ ខណៈ​ណា​ដែល​មិន​ដឹង​លក្ខណៈ​នៃ​ចិត្ត​ ចេតសិក​ រូប​ ថា​ជា​បរមត្ថ​ធម៌​ដែល​កើត​ឡើង​ហើយ​រលត់​ទៅ​វិញ​បន្ត​គ្នា​យ៉ាង​រហ័ស​ ខណៈ​នោះ​ជា​ការ​ដឹង​បញ្ញត្តិ​ គឺ​ការ​កាន់​យកអាការៈ​នៃ​រូប​និង​នាម​ដែល​កើត​រលត់​បន្ត​គ្នា​យ៉ាង​រហ័ស​ ថា​ជា​វត្ថុ​ណា​មួយ​។ ដូច្នេះ​ អ្នក​ដែល​មិន​ដឹង​លក្ខណៈ​នៃ​បរមត្ថ​ធម៌​ ទើប​នៅ​ក្នុង​លោក​នៃ​សម្មតិសច្ចៈ ព្រោះ​ប្រកាន់​សភាវៈ​ធម៌​ដោយ​អាការៈ ដោយ​សណ្ឋាន​ថា​ជា​វត្ថុណា​ម៉្យាង​ពិត​ ប៉ុន្តែ​កាល​បាន​សិក្សា​បរមត្ថ​ធម៌​ហើយ នឹង​ដឹង​ផ្លូវ​គន្លង​ធម៌​ដែល​នឹង​អប់​រំ​ចម្រើន​បញ្ញា​ សិក្សា​លក្ខណៈ​នៃ​សភាវៈ​ធម៌​ដែល​កើត​ឡើង​ប្រាកដ រហូត​បញ្ញា​ចម្រើន​ឡើងដល់​ថ្នាក់​ដែល​នឹង​អាច​ប្រចក្ស​ការ​កើត​ឡើង និង​រលត់​ទៅ​ សភាវធម៌​ដែល​កំពុង​កើត​រលត់​ទៅ​នៃ​សភាវធម៌​ដែល​កំពុង​កើត​រលត់​ក្នុង​ខណៈ​នេះ​ទើប​ដឹង​ជាក់​ច្បាស់​ថា​ មិន​មែន​សត្វ​ បុគ្គល​ តួ​ខ្លួន​ឡើយ ត្រឹម​តែ​ជា​បរមត្ថ​ធម៌​តែ​មួយ​លក្ខណៈ​ៗ​ពិតៗ​ដូច​តាម​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ដឹង និង​សំដែង​ទុក​។

ជម្រៅ​និង​សេចក្តី​ស្អិត​រមួត​របស់​អវិជ្ជា ដែល​ធ្វើ​ឲ្យ​ប្រកាន់​ក្នុង​សម្មតិសច្ចៈ ថា​ជា​វត្ថុ ជា​សត្វ បុគ្គល​ផ្សេងៗនោះ ផ្តើម​តាំង​ពី​ពេល​បដិសន្ធិចិត្ត​កើត​ឡើង​ ក៏​មាន​នាមធម៌​ និង​ រូបធម៌​ កើត​រលត់​បន្ត​គ្នា​មក​ជា​រឿយៗ​ កាល​ប្រសូតិ​ចាក​គភ៌​មាតា​មក​ហើយ​ រមែង​ឃើញ​សភាវៈ​ដែល​ប្រាកដ​ ឮសំឡេង​ដែល​ប្រាកដ​ ធុំ​ក្លិន​ដែល​ប្រាកដ​ ដឹង​រស​ដែល​ប្រាកដ​ ដឹង​ក្តៅ​ដឹង​ត្រជាក់​ដែល​ប៉ះ​ខ្ទប់​សម្ផស្ស​កាយ​ ប៉ុន្តែ​មិន​ដឹង​ថា សភាវៈ​ដែល​ប្រាក​ដ​តាម​ភ្នែក​ ត្រឹម​តែ​ជា​សភាវៈ​ធម៌​មួយ​បែប​ ហើយ​ក៏​ប្រកាន់​ក្នុង​អាការៈ នៃ​សភាវធម៌​ដែល​កើត​រលត់​បន្ត​គ្នា​ជា​ដរាប​ ប្រាកដ​ដូច​ជា​មិន​កើត​រលត់ ថា​ជា​វត្ថុណា​មួយ ខណៈ​នោះ​ក៏​មាន​ឃន​បញ្ញត្តិ​ គឺ​ការ​ប្រកាន់​​អាការៈ​នៃ​សភាវធម៌​ដែល​រួម​គ្នា​ជា​ដុំ​ជា​កង ដោយ​នៅ​ពុំ​ទាន់​ដឹង​ថា​សន្មតិហៅ​វត្ថុ​នោះ​ថា​ជា​អ្វី​។ ក្មេង​ៗ​ដែល​មិន​ទាន់​ដឹង​សេចក្តី​ និង​មិន​ទាន់​ចេះ​និយាយ​ និង​សត្វ​តិរច្ឆាន​រមែង​ដឹង​ឃន​បញ្ញត្តិ​ដូច​គ្នា ទំរាំ​នឹង​ធំ​ឡើង យល់​សេចក្តី​នៃ​សំឡេង​ទើប​ដឹង​សម្មតិ​សច្ចៈ គឺ​ការ​សន្មតិ​ហៅ​សភាវធម៌​ផ្សេងៗ​ ដើម្បី​ឲ្យ​យល់​ត្រឹម​ត្រូវ​តាម​គ្នា​។ ដូច្នោះ​កាល​នៅ​ក្មេងធ្លាប់​ឃើញ​អាការៈ​នៃ​សភាវធម៌ដែល​ប្រាកដ​ដូច​ជា​មិន​កើត​រលត់​យ៉ាង​ណា ពេល​ធំ​ឡើង​ហើយ​ ក៏​នៅ​តែ​ឃើញ​ជា​យ៉ាង​នោះ​ ជា​វត្ថុ​នោះ ដូច​​ឃើញជាវត្ថុ ជា​សត្វ​បុគ្គល​ផ្សេងៗដែរ​។ តាម​សេចក្តី​ពិត​នោះ សភាព​ដែល​រឹង​មិន​ថា​ជា​ចាន ឬ​ស្លាប​ព្រា សមឡើយ ក៏​ត្រឹម​តែ​ជា​ធាតុ​រឹង​ ជា​បឋវី​ធាតុ​ តែ​ក្នុង​មួយ​ថ្ងៃ​នោះ តើ​ឃើញ​អ្វី​ តើ​ប៉ះ​ខ្ទប់​អ្វី​។ ក្នុង​ខណៈ​ដែល​ប៉ះ​ខ្ទប់​សម្ផស្ស​មិន​ធ្លាប់​គិត​ថា ត្រឹម​តែ​ការ​ប៉ះ​ខ្ទប់​សម្ផស្ស​សភាវៈ​ដែល​មាន​ពិតដែល​ជា​សភាព​រឹង​ទេ តែ​គួរ​មាន​សេចក្តីដឹង​ខ្លួន​ថា សម្ផស្ស​ស្លាប​ព្រា សម្ផស្ស​សម ឬ​ចាន ឬ​ពែង តាម​ដែល​ធ្លាប់​ប្រកាន់​ក្នុង​អាការៈ​ដែល​កើត​ រលត់​បន្ត​គ្នាយ៉ាង​រហ័ស រហូត​ដល់​ប្រាកដ​ជា​រាង​សណ្ឋាន​ផ្សេងៗ​ទាំង​អស់​នោះ នេះ​ពេល​ដែល​សម្ផស្ស​ស្លាប​ព្រា​ក៏​រឹង សម​ក៏រឹង ចាន​ក៏​រឹង ព្រោះ​លក្ខណៈ​ដែល​ពិត​ត្រឹមតែ​ជា​សភាវធម៌​រឹង​ប៉ុណ្ណោះ​ តែ​ដោយ​ការ​ចាំ​រូប​រាង​ផ្សេងៗ​ទើប​ធ្វើ​ឲ្យ​ដឹង​ថា ពែង​មិន​មែន​ចាន ស្លាប​ព្រា​មិន​មែន​សម ដូច្នេះដែល​ថាសភាវធម៌​ពិត​នោះ ជា​រូប​ធម៌​ដែល​មាន​លក្ខណៈ​រឹង​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​នៅ​ចាំ​សម្មតិសភាវៈនោះ​ថា ចាន​សំរាប់​ដាក់​បាយ ពែង​សំរាប់​ដាក់​ទឹក​ ស្លាប​ព្រា​សម្រាប់​ដួស​អាហារ ចាំ​សម្មតិ​សភាវៈដែល​ជា​ធាតុរឹង​ផ្សេងៗ​ ដូច​ជា​ដែក​ សម្ភរៈ​វិទ្យាសាស្ត្រ ជា​វិទ្យុ ជាទូរទស្សន៍ផ្សេងៗ ជា​វត្ថុរបស់​របរ​ផ្សេងៗដោយ​មិន​ប្រចក្ស​លក្ខណៈ​នៃ​នាមធម៌ និង​រូប​ធម៌ ដែល​កើត​ឡើង​ប្រាកដ​តែ​មួយ​លក្ខណៈ​ៗ​ហើយ​ក៏​រលត់​ទៅ​វិញ​។

នេះ​គឺ​ការចាំ​សម្មតិ​បញ្ញត្តិ​នូវ​សភាវៈ​ដែល​ប្រាកដ​តាម​ភ្នែក​ សឹង​មាន​ច្រើន​ណាស់​ជា​រឿយ​ៗ​តាម​ការ​ប្រតិស្ឋាន​ឡើង​ទំនើបៗ​រាល់ៗ​ថ្ងៃ​។ ខណៈ​ដែល​ដឹង​រូប​រាង​សណ្ឋាន​ អាការៈ​ប្រាកដ​រួម​គ្នា ជា​សភាវៈ​ផ្សេងៗ​ ខណៈ​នោះ​ជា​ការ​ដឹងបញ្ញត្តិជា​សម្មតិសច្ចៈ មិន​មែន​បរមត្ថ​សច្ចៈ​។

ក្រៅ​ពី​ដឹង​ឃនបញ្ញត្តិតាម​ផ្លូវ​ភ្នែក​ហើយ នៅ​ដឹង​សទ្ទ​បញ្ញត្តិ គឺ​ដឹង​សេចក្តី​សម្គាល់​នៃ​សម្លេងដែរ នេះ​ជា​រឿង​ជីវិត​ប្រចាំ​ថ្ងៃ​ ដែល​ត្រូវ​ដឹង​ច្បាស់​ថា សភាវៈណា​ជា​បរមត្ថធម៌ សភាវៈណា​ជា​បញ្ញត្តិ ជា​សម្មតិ។ សម្មតិ​ សំដៅ​ដល់​សភាវៈ​ដែល​មិន​មែន​បរមត្ថ​ធម៌ ពេល​ដឹង​រូប​រាង​សណ្ឋាន​អាការៈ​ផ្សេងៗដែល​ប្រាកដ​ជា​ពែង​ ចាន​ ស្លាប​ព្រា សម វិទ្យុ ទូរទស្សន៍ រថ​យន្ត​ ។ល។ ហើយ​មនុស្ស​អាច​បន្លឺ​សម្លេង​ជា​ពាក្យ​ បញ្ញត្តិសម្មតិ ហៅ​សភាវៈ​ដេល​ប្រាកដ​ឲ្យ​យល់​បាន​ សំ​ដៅ​ដល់​សភាវៈ​ណាដែល​កំណើត​សត្វ​តិរច្ឆាន​មិន​មាន​សមត្ថភាព​នឹង​ធ្វើដូច​មនុស្ស​បាន​ដោយ​ល្អិត។ សំឡេង​ជា​សភាវធម៌ដែល​មាន​ពិត​ ហើយ​សម្លេង​ឈ្មោះ​ថា «នាម» ព្រោះ​ថា​បើ​មិន​មាន​សម្លេង​ នាម​គឺ​ឈ្មោះ​ ឬ​ពាក្យ​ទាំង​ឡាយ​ក៏​មាន​មិន​បាន​។ ដែល​ថា​មាន​ភ្នែក​ទើប​ឃើញ​វត្ថុ​ផ្សេងៗ​ តែ​បើ​មិន​មាន​សម្លេង​ ក៏​នឹង​មិន​មាន​ឈ្មោះ មិន​មាន​ពាក្យ​សម្រាប់​ហៅ​វត្ថុ​ដែល​ក្រឡេក​ឃើញ​នោះ​ឡើយ ដូច្នោះ​ការ​ដឹង​សេចក្តី​សំគាល់​នៃ​សំឡេង​ទើប​ជា​សទ្ធ​បញ្ញត្តិ ធ្វើ​​ឲ្យ​​មាន​​ពាក្យ​​និយាយ​ មាន​ឈ្មោះ​ជា​រឿង​រ៉ាវ​ផ្សេងៗ​។

មនុស្ស​គ្រប់​គ្នា​តែង​ជាប់​ក្នុង​ឈ្មោះ​ត្រង់​សម្មតិបញ្ញត្តិផ្សេងៗ ដូច្នោះ​ហើយ គួរ​ដឹង​លក្ខណៈ​នូវ​សម្លេង​ដែល​ជា​សភាវធម៌​មួយ​បែប​។ ពាក្យ​ថា «សម្លេង» មិន​មាន​នៅ​ក្នុង​ភាសា​បាលី ជា​សភាវធម៌​ដែល​ជា​សម្លេង​នោះ ភាសាបាលី​បញ្ញត្តិហៅ​ថា «សទ្ទរូប»។ សម្លេង​ជាសភាវៈ​ដែល​មាន​ពិត សម្លេង​មិន​មែន​ជា​សភាវៈដឹង​ សម្លេង​ជា​រូប​ធម៌​ ជា​សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ត្រចៀក​។

នៅ​មាន​ត…

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in បញ្ញត្តិ និង បរមត្ថ and tagged , , . Bookmark the permalink.

6 Responses to បញ្ញត្តិ និង បរមត្ថ (១)

  1. ថី មុនី និយាយថា៖

    សូមអរព្រះគុណព្រះអង្គ ! ការផុសអត្ថបទនេះដូចជាមិនមានឃើញនៅក្នុងក្រុមនៅឡើយព្រះអង្គ ។

    • សាធុ! ចម្រើនពរបង! ការ​ដែល​អត្ថបទ​នានាផុស្ត​ទៅ​ក្នុង​ក្រុម​និង​ក្នុង​ទំព័រ​ផ្សេងៗ​នោះ ដោយ​សារ​អាត្មា​ដាក់​ភ្ជាប់​ជា​មួយ​កម្ម​វិធី​ស្វ័យ​ប្រវត្តិពី​ក្នុង​បណ្តាញ​ចែក​រំលែក​ផ្សេង​ៗ​ ជួន​កាល​នៅ​ទី​នោះ​មិន​បាន​ផុស្ត​ចេញ​ភ្លាម​ៗ​ទេ មាន​ពេល​ខ្លះ​ ដាក់​ផ្សាយ​នៅ​ទី​នេះ ប្រហែល​មួយ​ម៉ោង​ទើប​បាន​លោត​ចេញ​ទៅ​កន្លែង​ផ្សេងៗ​ទៀត លឿន​ឆាប់​ទៅ​តាម​កម្មវិធី​នោះៗ​ធ្វើ​ការ ជួន​កាល​សេវា​ក្នុង​វិបសាយ​នោះ​យឺត​ដោយ​សារ​តែ​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​។​

  2. TOLA និយាយថា៖

    ពាក្យ​ (ថា​ជា​វត្ថុ​ណា​មយយ​ ) ពាក្យនេះក្នុងបន្ទាត់ទី៥ ក្នុង បញ្ញតិ មានន័យថាដូចមេ្តចដែល?​សូមអរគុណ និងអរព្រះគុណ

  3. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  4. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s