បញ្ញត្តិ និង បរមត្ថ (៤)

ចក្ខុ​ទ្វារវិថី​ចិត្ត​គ្រប់​ដួង​ គឺ​ចក្ខុ​ទ្វារាវជ្ជនចិត្ត​ ចក្ខុវិញ្ញាណ​ចិត្ត​ សម្បដិច្ឆន្នចិត្ត សន្តីរណចិត្ត វោដ្ឋវចនចិត្ត ជវនចិត្ត តទាលម្ពណចិត្ត ដឹង​សម្លេង​ដែល​មិន​ទាន់​រលត់​ សោតទ្វារវិថីចិត្ត​ទើប​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​។ ឃាន​ទ្វារ​វិថីចិត្ត​ ជីវ្ហាទ្វារវិថីចិត្ត កាយទ្វារវិថីចិត្ត ក៏​ដោយ​ន័យ​ដូច​គ្នា​។

កាល​វិថី​ចិត្ត​តាម​ផ្លូវ​បញ្ចទ្វារ​(​ទ្វារ​ណា​មួយ​) រលត់​អស់​ហើយ​ ភវង្គចិត្ត​កើត​ខ័ណ្ឌ​ច្រើន​ខណៈ​ហើយ​ មនោទ្វារ​វិថីចិត្ត​ក៏​កើត​ឡើង​បន្ត​ មនោទ្វារ​វិថី​ចិត្ត​វារៈ​ដំបូង​មាន​អារម្មណ៍​ណា​មួយ​ ក្នុង​អារម្មណ៍​ទាំង​៥​ ដែល​ទើប​រលត់​ទៅ​តាម​បញ្ចទ្វារ​នុ៎ះឯង​ជា​អារម្មណ៍​ មនោទ្វារ​វិថី​ចិត្ត​វារៈ​ដំបូង​ដែល​កើត​បន្ត​ពី​បញ្ចទ្វារ​វិថី​ចិត្ត​នោះ​ មិន​ទាន់​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ទេ​។

វារៈ​មនោ​ទ្វារ​វិថីចិត្ត​នីមួយៗ​មាន​វិថី​ចិត្ត​២ ឬ ៣ វិថីចិត្ត​គឺ​មនោ​ទ្វារាវជ្ជនវិថីចិត្ត ១ខណៈ ជវនវិថីចិត្ត​ ៧ខណៈ តទាលម្ពណ​វិថីចិត្ត ២ខណៈ (វារៈខ្លះ​ក៏​មិន​មាន​តទាលម្ពណ​វិថី​ចិត្ត​)។ កាល​មនោ​ទ្វារ​វិថីចិត្ត​វារៈ​ទី​១ រលត់​ទៅ​ហើយ​ ភវង្គ​ចិត្ត​ក៏​កើត​ខណ្ឌ​ច្រើន​ខណៈ ហើយ​មនោទ្វារ​វិថីចិត្ត​វារៈ​ទី២ ក៏​កើត​បន្ត​មាន​បញ្ញត្តិ​ គឺ​រូប​រាង​សណ្ឋាន​នៃ​អារម្មណ៍​ណា​មួយ​ក្នុង​អារម្មណ៍​ទាំង​៥​នោះ ជា​អារម្មណ៍​។ កាល​មនោ​ទ្វារ​វិថីចិត្ត​វារៈ​ទី​២​រលត់​ទៅ​ហើយ​ ភវង្គ​ចិត្ត​ក៏​កើត​ខណ្ឌ​ ហើយ​មនោ​ទ្វារ​វិថី​ចិត្ត​វារៈ​​តៗមក​ក៏​កើត​ឡើង​មាន​អត្ថ​គឺ​សេចក្តី​សំគាល់​ឬ​ពាក្យ​ផ្សេង​ៗ​ជា​អារម្មណ៍​ ដែល​វារៈ​មួយ​ៗ​ត្រូវ​មាន​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​។ ខណៈ​ដែល​ដឹង​ថា​ជា​មនុស្ស​ ជា​វត្ថុ ជា​វត្ថុផ្សេងៗ ខណៈ​នោះ​ចិត្ត​ដឹង​បញ្ញត្តិ​ មិន​មែន​ដឹង​បរមត្ថ​អារម្មណ៍​ បរមត្ថ​អារម្មណ៍​ដេល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ ជា​ពណ៌​វណ្ណៈ​ផ្សេងៗ​ប៉ុណ្ណោះ​ តែខណៈដែល​មនោ​ទ្វារ​វិថី​ចិត្ត​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ទើប​ដឹង​សភាវៈ​នោះ​ថា​ជា​អ្វី​បាន​។

ដូច្នេះ​ ព្រះ​ធម៌​ដែល​ថា បរមត្ថ​ធម៌​មិន​មែន​បញ្ញត្តិ​ ក៏​ព្រោះ​តែ​បរមត្ថ​ធម៌ ជា​សភាវ​ធម៌​ដែល​មាន​ពិត​ សូម្បី​មិន​ប្រើ​ពាក្យ​បញ្ញត្តិ​ណាៗ ហៅ​បរមត្ថធម៌ទាល់​តែ​សោះ​ក៏​ដោយ សភាវធម៌​ដែល​កើត​ឡើង​នោះ​ ក៏​មាន​ជាលក្ខណៈយ៉ាង​នោះ​ពិត ចំណែក​បញ្ញត្តិ​មិន​មែន​បរមត្ថ​ធម៌ ព្រោះ​មិន​មែន​សភាវធម៌​ដែល​មាន​ពិត ហើយ​ដែល​ឈ្មោះ​ថា​បញ្ញត្តិ​ព្រោះ​ឲ្យ​បានដឹង​ដោយ​ប្រការ​នោះៗ​។

ពេល​ឃើញ​រូប​ភាព ភ្នំ ទន្លេ ដើមឈើ ជា​ដើម ក៏​ដឹង​ថា​ជា​រូប​ភាព​ ឬ​ជា​គំនូរ មិន​មែន​ភ្នំ ទន្លេ ដើមឈើ​ពិតៗ​ទេ ហើយ​វេលា​ដែល​ឃើញ​ភ្នំ​ ឃើញ​ទន្លេ​ ឃើញ​ដើមឈើ​ពិតៗនោះ​ តើ​អ្វី​ជា​បញ្ញត្តិ? ពេល​ឃើញ​រូប​ភាព​ផ្លែ​ក្រូច​ ទៀប ស្វាយ ល្ហុង ជា​ដើម ហើយ​និង​ឃើញ​ផ្លែ​ក្រូច​ ទៀប ស្វាយ ល្ហុងពិតៗ​ តើ​អ្វី​ជា​បញ្ញត្តិ?

ធម៌​រមែង​ពិត​តាម​ធម៌​ ដែល​ឈ្មោះ​ជា​បញ្ញត្តិ ព្រោះជា​ពាក្យ​ដែល​សំ​ដែង​ឲ្យ​ដឹង​លក្ខណៈ​ ឬ​អត្ថនៃ​សភាវធម៌​បាន​ សូម្បី​តែ​មិន​ហៅ ឬ មិន​មាន​ឈ្មោះ​អ្វី​ឡើយ​ក៏ដោយ​ ក៏​មាន​ឃន​បញ្ញត្តិ​ស្រេច​ទៅហើយ​ មិន​ចាំ​បាច់​ត្រូវដឹង​ភាសា​ណា​ៗ​ឡើយ​។ ខណៈ​ដែល​ដឹង​ថា​សភាវៈ​ដែល​ប្រាកដ​ជា​អ្វី​នោះ ខណៈ​នោះ​ដឹង​បញ្ញត្តិ​ ព្រោះ​បញ្ញត្តិ​គឺ​ឲ្យ​ដឹង​បាន​ដោយ​ប្រការ​នោះៗ ទោះ​ជា​មិន​ហៅ​ឈ្មោះ​ ត្រឹម​តែ​ឃើញ​គំនូរផ្លែ​ឈើ​ និង​ផ្លែ​ឈើ​ពិត​ៗ​ក៏​ដោយ អ្វី​ជា​បញ្ញត្តិ​? ជាបញ្ញត្តិ​ទាំង​ ២យ៉ាង​ទាំង​អស់​។

បញ្ញត្តិ​ មិន​មែន​បរមត្ថ ផ្លែ​ឈើ​ពិតៗ​ និង​គំនូរ​ផ្លែ​ឈើ​ មាន​អ្វី​ផ្សេង​គ្នា​ក្នុង​ខណៈ​ដែល​ឃើញ​តាម​ផ្លូវ​ភ្នែក​ សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ទាំង​អស់​ មិន​មែន​សត្វ បុគ្គល តួ​ខ្លួន ឬ​វត្ថុណា​មួយ​ទាំង​អស់​ ទាំង​ក្នុង​ខណៈ​ដែល​ឃើញ​គំនូរ​ក្រូច​ និង​ទាំង​ក្នុង​ខណៈ​ដែល​ឃើញ​ក្រូច​ពិត​។ អ្នក​ខ្លះ​អាច​នឹង​យល់​ថា ចំពោះ​គំនូរ​ជា​បញ្ញត្តិ ឯ​ផ្លែ​ក្រូច​ពិត​មិន​មែន​បញ្ញត្តិ តែតាម​សេចក្តី​ពិត​នោះ ទាំង​គំនូរ​ទាំង​ផ្លែ​ក្រូច​ដែល​ប្រាកដ​ដល់​ភ្នែក​នោះ ជា​បញ្ញត្តិ​អារម្មណ៍​របស់​មនោទ្វារវិថីចិត្ត​ដែល​កើត​បន្ត​មក​ហើយ​ ព្រោះ​ចក្ខុទ្វារវិថីចិត្ត និង​ដឹង​ត្រឹម​តែ​ពណ៌វណ្ណៈដែល​ប្រាកដ​ប៉ុណ្ណោះ ចំណែក​មនោទ្វារវិថី​ចិត្ត​ដឹង​បញ្ញត្តិ​ គឺ​ អត្ថ​ដែល​ជា​ក្រូច ព្រោះ​ឲ្យ​បានដឹង​ដោយ​ប្រការ​នោះៗ​ថា​ក្រូច មិន​ថា​ជា​ក្រូច​ពិត​ក្តី គំនូរ​ក្រូច​ក្តី ដេល​យើង​ដឹង​ថា​ជាក្រូច​នោះ​ជា​បញ្ញត្តិ​អារម្មណ៍​ មិន​មែន​បរមត្ថ​អារម្មណ៍​។

​ក្នុង​ខណៈ​ដែល​កំពុង​ឃើញ​ជា​មនុស្ស​នេះ​នោះ​ ក៏​គួរ​នឹង​ដឹង​នូវ​សេចក្តី​ពិត​ថា​ ដូច​នឹង​រូប​ភាព​ ឬ​គំនូរ​ដែល​ជា​បញ្ញត្តិ​ស្រេច​ហើយ​។ លំបាក​នឹង​ដោះ​ចេញ​នូវ​បញ្ញត្តិ​បាន​ ខណៈ​ដែល​ដឹង​នូវ​បញ្ញត្តិ​ថា ឃើញ​កៅ​អី​នោះ​ បរមត្ថ​អារម្មណ៍​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ និង​បរមត្ថ​អារម្មណ៍​ដេល​ប្រាកដ​តាម​ផ្លុវ​កាយ​ ពេលប៉ះ​ខ្ទប់​សម្ផស្ស​នោះ​មិន​មែន​បញ្ញត្តិ​។

-​មិន​ទាន់​សូវ​យល់ ឧបមា​ថា ដូច​ក្នុង​ពេល​នេះ​ឃើញ​ប៉ាកា លោក​អាចា្យ​ប្រាប់​ថា​កាល​ឃើញ​ជា​ប៉ាកាហើយ ក៏​គឺ​បញ្ជាក់​ថា ឆ្លង​ផ្លូវ​បញ្ចទ្វារ​ទៅ​ដល់​មនោ​ទ្វារ​ហើយ ត្រង់​នេះ​មិន​ជ្រាប​ មាន​ការ​សិក្សា​ ឬ បដិបត្តិ​យ៉ាង​ណា​ទើប​នឹង​មិន​ឲ្យ​ឆ្លង​ផ្លូវ​បញ្ច​ទ្វារ?

សុ-​ត្រូវ​ស្តាប់​រហូត​ដល់​បាន​យល់​ពិតៗ​ ថា​ខណៈ​ណា​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ និង​ចិត្ត​បញ្ញត្តិ​អារម្មណ៍​ផ្លូវ​ទ្វារ​ណា។ ខណៈ​ដែល​ចិត្ត​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍ជា​អារម្មណ៍​នោះ​ មិន​មាន​សត្វ​ បុគ្គល តួខ្លួន វត្ថុណា​ឡើយ​។ ខណៈ​នេះ​សភាវធម៌​កើត​រលត់​បន្ត​គ្នា​យ៉ាង​រហ័ស​ រហូត​ធ្វើ​ឲ្យ​ឃើញ​ដូច​កង្ហាល់​កំពុង​វិល​ ការ​ដែល​រូប​ណា​នឹង​ប្រាកដ​ជា​ចលនា​នោះ​ ត្រូវ​មាន​រូប​កើត​រលត់​បន្ត​ច្រើន​សន្ធឹក​សន្ធាប់​ ទើប​ធ្វើ​ឲ្យ​ឃើញ​ជា​មាន​ចលនា​បាន ដូច្នោះ​ មនោទ្វារ​វិថីចិត្ត​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​កើត​ច្រើន​វារៈ​ណាស់ រហូត​ដល់​បិទ​បាំង​ធ្វើ​មិន​ឲ្យ​ដឹង​ត្រង់​ចំពោះ​លក្ខណៈ​នៃ​បរមត្ថ​ធម៌​តាម​សេចក្តី​ពិត​ឡើយ​។

-​បើ​យ៉ាង​នោះ​ តើ​នឹង​ឲ្យ​យក​ពាក្យ​ថា​ បញ្ញត្តិ​ ចោល​ទៅ​ឯ​ណា…?

សុ-​មិន​មែន​ឲ្យ​ចោល​ទេ តែ​ឲ្យ​ដឹង​តាម​សេចក្តី​ពិត​ ខណៈ​ដែល​កំពុង​ដឹង​ថា​ជា​សត្វ​ ជា​បុគ្គល​ណា​មួយ​ ជា​វត្ថុ​ណា​មួយ​ ខណៈ​នោះ​មនោទ្វារ​វិថី​ចិត្ត​កំ​ពុង​ដឹង​បញ្ញត្តិ​។

-​ជា​សភាវៈ​នឹក​គិត​ពាក្យ…

សុ-​ខណៈ​ដែល​មិន​បាន​គិត​ពាក្យ​ តែ​ដឹង​រូប​សណ្ឋាន​ ឬ​ដឹង​សេចក្តី​អាការប្រាកដ​ក៏​ជា​បញ្ញត្តិ​ មិន​មែន​បរមត្ថ​ដែរ គឺ​ត្រូវ​ដឹង​យ៉ាង​ត្រឹមត្រូវ​ត្រង់​លក្ខណៈ​នៃ​សភាវធម៌​ពិត​ៗ​ ទើប​អាច​ប្រចក្ស​ការ​កើត​ឡើង​ និង​រលត់​ទៅ​នៃ​បរមត្ថ​ធម៌​បាន​។ លោក​អ្នក​ប្រាប់​ថា មិន​ឃើញ​កៅ​អី​រលត់​សោះ​ ពេល​នៅ​មិន​ទាន់​បាន​ញែក​ចែក​លក្ខណៈនៃ​បរមត្ថ​ធម៌​មួយ​បែបៗ​ដែល​រួម​គ្នា​ចេញទេ​ ក៏​ឃើញ​ថា​ជា​កៅ​អី​ ខណៈ​​នោះ​គឺ​ជាការដឹង​បញ្ញត្តិ ហើយ​តើ​នឹង​រលត់​​បាន​ដូច​ម្តេច​កើត។ តួយ៉ាង​ដូច​រូបគំនូរ​ក្រូច​ និង​ផ្លែ​ក្រូច​ពិត​នោះ​ កាល​ណា​ប៉ះ​ខ្ទប់​សម្ផស្ស​ផ្លូវ​កាយ​ទ្វារ​ តើ​ខុស​គ្នា​ទេ? ធាតុ​រឹង​មិន​ដូច​គ្នា​ឬ? ធាតុ​រឹង​កើត​ពី​សមុដ្ឋាន​ផ្សេងៗគ្នា ធ្វើ​ឲ្យ​ដឹង​រឹង​ខ្លាំង រឹង​តិច​ ទន់​ខ្លាំង​ ទន់​តិចក៏​ពិត​មែន​ តែ​រឹង​ក៏​ជាសភាវធម៌​ដែល​ប្រាកដ​តាម​ផ្លូវ​កាយ​ ទាំង​រូប​ភាព​ក្រូច​ ទាំង​ផ្លែ​ក្រូច​ តែ​ក្រូច​ជា​គំនូរ​មិនមាន​រស​ក្រូច​ទេ…។ រូប​ដែល​កើត​រួម​គ្នា​ធ្វើ​ឲ្យ​ដឹង​ថា​ជា​ផ្លែ​ក្រូចនោះ សេចក្តី​ពិតរស​ក៏​ជា​រូប​មួយ​ ក្លិន​ក៏​ជា​រូប​មួយ ត្រជាក់​ឬ​ក្តៅ​ក៏​ជា​រូប​មួយ ទន់​ឬ​រឹង​ក៏​ជា​រូប​មួយ តឹង​ឬ​ញ័រ​ក៏​ជា​រូប​មួយ​ កាល​រួម​គ្នា​ហើយ កើត​រលត់​ក៏​យ៉ាង​រហ័ស​ ក៏​ធ្វើ​ឲ្យ​បញ្ញត្តិ​ដឹង​តាម​អាការៈ​នោះ​ៗ​ថា​ជា​វត្ថុ​នេះ​ នោះ​ ដេល​មើល​ទៅ​ដូច​មិន​រលត់​ តែ​តាម​សេចក្តី​ពិត​នោះ បរមត្ថ​ធម៌​តែ​១លក្ខណៈៗ កើត​ឡើង​ហើយ​ក៏​រលត់​ទៅ​យ៉ាង​រហ័ស​។ រូប​នៃ​ផ្លែ​ក្រូច មិន​ថា​ត្រជាក់​ ឬ​ក្តៅ រឹង ឬ​ទន់ រសក៏​រលត់​ សភាវរូប​គ្រប់​រូប​មាន​អាយុ​ត្រឹម​១៧ខណៈ​ចិត្ត​ប៉ុណ្ណោះ។ មិន​ថា​ជា​ពណ៌​វណ្ណៈ​អ្វី សម្លេង​ ក្លិន រស​អ្វី​ក៏ដោយ បញ្ញា​ត្រូវ​ពិចារណាចេក​ញែក​ឃនសញ្ញា​ចេញ​រហូត​ដល់​ដឹង​តាម​សេចក្តី​ពិត​ថា ដែល​បញ្ញត្តិ​ថា​ជា​វត្ថុ​ណា​មួយ​នោះ សេចក្តី​ពិត​នោះ​គឺ​ត្រឹម​តែ​ជា​បរមត្ថ​ធម៌​មួយ​លក្ខណៈ​ៗ​ដែល​កើត​រលត់​រួម​គ្នា​ កាល​រួម​គ្នា​ជា​អាការៈ​សណ្ឋាន​ហើយ​ មនោ​ទ្វារ​វិថី​ចិត្ត​ក៏​កំណត់​ដឹង​តាម​អាការ​នោះ​ៗ​ ខណៈ​ណា ខណៈ​នោះ​ក៏​មាន​បញ្ញត្តិ​ គឺ​អាការ​សណ្ឋាន​នោះៗ​ជា​អារម្មណ៍​។

នៅ​មានត​…​

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to បញ្ញត្តិ និង បរមត្ថ (៤)

  1. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  2. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s