កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា

តាំង​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​។

លុះ​ដល់​ថ្ងៃ​អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើប​ពុទ្ធិក​ប្រទេស​ទាំង ២៩ មាន​ប្រទេស​ស្រី​លង្កា​ជា​ដើម បាន​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ហើយ​បាន​ធ្វើ​សន្និ​សីទ​លើកទី ១ នៅ​ប្រទេស​ស្រី​លង្កា ដែល​មាន​គណៈ​ប្រតិភូ​ខ្មែរ​យើង មាន​សម្តេច​ព្រះ​មហាសុមេធា​ធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនា​យក​គណៈ មហា​និកាយ​​ជា​ប្រធាន​ទៅ រួម​ប្រជុំ​ផង បាន​មូល​មតិ​គ្នា​បង្កើត​ទង់​សាសនា​ឡើង​ហៅថា ទង់​ពុទ្ធិក សមាគម​ពិភព​លោក​(​តាមលក្ខន្តិកៈ​នៃ​សមាគម​ដែល​មាន​ ២៧ មា​ត្រា) ត្រង់​មាត្រា​២៦​ ចែង​ថា៖

“ទង់​របស់​ពុទ្ធិក​សមាគម​ពិភព​លោក ជា​ទង់​មាន​ពណ៌ ៦​ តម្រូវ​នឹង​ឆព្វណ្ណ​រង្សី របស់​ព្រះ​សម្ពុទ្ធ​ជា ម្ចាស់​ ជា​មូល​ដ្ឋាន​តាំង​គំរូ ដែល​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ការ​បាន​ធ្វើ​ហើយ” ដូច្នេះ​ទង់​ពុទ្ធ​សាសនា ក៏​បាន​ឧបត្តិក​ឡើង​ជា​ស្ថាពរ​តាំង​ពី​កាល​នោះ​មក ។ ទង់​ពុទ្ធ​សាសនា​មាន​ប្រាំ​មួយ​ពណ៌​នោះ​គឺ ៖

១- ពណ៌​ខៀវ ២- ពណ៌​លឿង ៣- ពណ៌​ក្រហម ៤- ពណ៌​ស ៥- ពណ៌​ហង្សបាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ផ្លេ(ពណ៌ផ្លេកគឺ ពន្លី​ពេជ្រ គឺ​គេ​យក​ពណ៌​ទាំង​ ៥ ខាង​ដើម​មួយ ៗ មក​ដាក់​បញ្ចូល​គ្នា​ក្នុង​ផ្ទាំង ទី ​៦ នេះ​ជា​ពណ៌​មួយ) ។

ព្រះ​បរម​លោក​នាថ ព្រះ​អង្គ​មាន​រស្មី ៦ ពណ៌ ផ្សាយ​ចេញ​ពីវរ​កាយ​យ៉ាង​នេះ​ដោយ​លទ្ធផល​នៃ​ទាន​បរមត្ថ​បារមី ដែល​ព្រះ​អង្គ​បាន​សាង​មក​ពី​អតីត​ភាព​យ៉ាង​អស្ចារ្យ ហើយ​ដែល​មិន​អាច​ឱ្យ​អ្នក​ណា​ម្នាក់​ធ្វើ​ដូច​ព្រះ​អង្គ​បាន​ឡើយ ឯ​រស្មី​មួយ​ៗ ជា​តំ​ណាង​ព្រះ​ជាតិ​របស់​ព្រះ​អង្គ​មួយ​ៗ​ដែរ​ គឺ​ ៖

១-រស្មី​ពណ៌​ខៀវ: ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​បាទ​ស្រី​ភិ​រាស្ត្រ ។ កាល​នោះ ព្រះ​ឥន្ទ្រា​ធិរាជ​បាន និម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​ចូល​មក​សូម​ព្រះ​នេត្រ​ព្រះអង្គ​ទាំង​គូ  ព្រះ​អង្គ​ទ្រង់​ឆ្កៀល​ព្រះ​នេត្រ​ព្រះ​អង្គ​ទាំ​ងពីរ​ឱយ​ទៅ​ឥន្ទ​ព្រាហ្មណ៍។

២-រស្មី​ពណ៌​លឿង​ ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​វិ​នី​បណ្ឌិត។ កាល​នោះ​ព្រះ ឥន្ទ្រាធិរាជ​បាន​និម្មិត​ខ្លួ​ន​ជា​យក្ស​ធ្វើ​ជា​ជាង​មាស ។ វិនី​បណ្ឌិត​បាន​អារ​សាច់​ខ្លួន​ឱយ​ជាង​មាស ដើម្បី​ផែ​ធ្វើ​ជា​មាស​បិទ​ព្រះ​ពុទ្ធ​រូប ។

​៣-រស្មី​ពណ៌​ក្រហម ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​បទុម​មាណព ។ គ្រា​នោះ មាន​ពស់​មួយ​ប្រកប​ដោយ​ពឹស​ដ៏​ពន្លឹក​ចឹក​មាតា​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​យក​កាំបិត​មក​ពុះ​ទ្រូង លូក បេះ​ដូង​មក​ផ្សំ​ថ្នាំ​មើល​មាតា​ឱយ​បាន​គង់​ជីវិត ។

៤-រស្មី​ពណ៌​ស ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​វេស្សន្តរ​បាន​ប្រទាន​ដំរី មង្គល​មួយ​ឈ្មោះ បច្ច័យនា​គេន្ទ្រ ជា​សត្វ​សម្រាប់​រាជ្យ ដ៏​មាន​អវៈយវៈ​ស​សុទ្ធ​ដល់​ពួក​ព្រាហ្មណ៍​កលិង្គ​រដ្ឋ​។ ពួក​អ្នក​នគរ​ស្រី​ពិ​រាស្ត្រ ក៏​នាំ​គ្នា​ខឹង​បំបរ​បង់​ព្រះអង្គ​ឱយ​ទៅ​នៅ​នា​វង្កត​បព៌ត ។

៥-រស្មី​ពណ៌​ហង្ស​បាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ជា​តំណាង​ព្រះ​អង្គ​កាល​ទ្រង់​សោយ​ព្រះ​ជាតិ ជា វិជ្ឋាធរ ។ មាតា​ព្រះ​អង្គ ត្រូវ​យក្ស​ចាប់​យក​បាន ​ព្រះ​អង្គ​ទ្រង់​អារ​សាច់​ឱ្យ​យក្ស​បរិភោគ​ជំនួស​ជី​វិត​មាតា ។

៦-រស្មី​ពណ៌​ផ្លេក ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ទន្សាយ​ឈ្មោះ សោម​ បណ្ឌិត មាន​ព្រះ​តម្លា​សទ្ធា​ចង់​បំពេញ​ទាន​បរមត្ថ​បារមី។ គ្រា​នោះ​ព្រះ​ឥន្ទ្រា​ធិរាជ បាន​និម្មិត​ខ្លួន​ជា ព្រាហ្មណ៍​ចាស់​ម្នា​ក់​អត់​អាហារ​ដើរ​ចូល​មក។ ទន្សាយ​សោម​បណ្ឌិត បាន​រលាស់​ខ្លួន ៣ ដង ដើម្បី​ឱ្យ​សត្វ​ល្អិត​ជ្រុះ​ចេញ​ពី​រោម​របស់​ព្រះ​អង្គ រួច​ក៏​លោត​ចូល​ក្នុង​ភ្នក់​ភ្លើង​ទៅ ដើម្បី​ចំអិន​សាច់ ព្រះ​អង្គ​ឱ្យ​ដល់​ឥន្ទព្រាហ្មណ៍​បរិភោគ ។​

រស្មី​ទាំង​ ៦ ពណ៌​នេះ បាន​ផ្សាយ​ចេញ​អំពី​ព្រះ​វរ​កាយ​ព្រះ​អង្គ ក្នុង​ពេល​ត្រាស់​ដឹង​នូវ​អនុត្តរ សម្មា​សម្ពោធិ​ញ្ញាណ ក្នុង​ពេល​សំដែង បាដឹហារ្យ​ដើម្បី​កំចាត់​បង់​នូវ​អស្មិមានះ​នៃ​ព្រះ​ញាតិ​របស់ ព្រះ​អង្គ ដែល​មាន​សេចក្តី​សម្គាល់​ថា ព្រះ​អង្គ​ជា​មនុស្ស​នៅ​ក្មេង​មិន​គួរ​គោរព និង ក្នុង​ពេល​ព្រះ​អង្គ​ធ្វើ យមក​បាដិហារ្យ​ផ្ទាញ់​ពួក​និ​គ្រន្ថ​លើ​ដើម​គណ្ឌាម​ព្រឹក្ស (ដើម​ស្វាយ​របស់​នាយ​គណ្ឌៈ) ។

ដូច្នោះ​ហើយ បាន​ជា​ពុទ្ធិក​សមាគម​ពិភព​លោក​ដែល​នៅ​ប្រទេស​ស្រី​លង្កា​លើក​ទី១ នោះ ផ្តើម​ធ្វើ​ទង់​ពុទ្ធសាសនា​មាន ៦ ពណ៌ តម្រូវ​នឹង​ឆព្វណ្ណ​រស្មី​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ។
________________________________________________
រៀបរៀងដោយ សេន រ៉ន សិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់ទី ២
ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង
ប្រភព៖ KHMER BUDDHISM: ព្រះពុទ្ធសាសនាខ្មែរ  វីគីភីឌាភាសាខ្មែរ
________________________________________________
(?) ក្នុង​ឯក​សារ​​នានា​​ជា​​ភាសា​​អង់​​គ្លេស​​មិន​​ឃើញ​​មាន​​កាល​​បរិច្ឆេទ ឆ្នាំ​​១៩៤០ ទេ ឃើញ​តែ​ឆ្នាំ​១៩៥០ មិន​​ដឹ​ង​​ថា​​ហេតុ​​ដូច​​ម្តេច​​ក៏​​កាល​​បរិច្ឆេទ​​ខុស​​គ្នា​​ដូច្នេះ​?​

ទុក​ជា​ពុទ្ធិក​សមាគម​ពិភព​លោក​​បាន​កំណត់​ទង់​ព្រះ​ពុទ្ធសាសនា​យ៉ាង​នេះ​ហើយ​ក្តី ក៏​​ប្រទេស​កាន់​ព្រះ​ពុទ្ធសាសនា​លើ​ពិភ​ពលោក​មួយ​ចំនួន​មិន​បាន​យក​តាម​សេចក្តី​សម្រេច​នេះ​ដែរ ដោយ​ប្រទេស​ខ្លះ​យក​ទៅ​កែប្រែ​ពណ៌ ឬ​ទ្រង់​ទ្រាយបែប​ផ្សេង​ ដូច​ជា​ប្រទេស​សៀម​ជា​ដើម មិន​បាន​យក​តាម​ទម្រង់​ទង់​ព្រះ​ពុទ្ធសាសនា​នេះ​ទេ គឺ​គេយក​សញ្ញា​កង​ចក្រ (សញ្ញាអដ្ឋង្គិកមគ្គទាំង៨) ជាទង់​ពុទ្ធសាសនា​សម្រាប់​ប្រទេសគេ។​​  បើ​លោក​អ្នក​ចង់​ស្រាវ​ជ្រាវ​មើល​សេចក្តីពិស្តារ​បន្ថែម​ស្តី​ពី​ប្រវត្តិ​ទង់​ព្រះ​ពុទ្ធសាសនា​ សូម​ចូល​ទៅ​អាន​ក្នុង​បណ្តាញ​វិបសាយ​ជា​ភាសា​អង់គ្លេស​ខាង​ក្រោម​នេះ
en.wikipedia.org    dhammaweb.net   buddhistcouncil   fotw.net  buddhanet.net

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

17 Responses to កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា

  1. Lovepeehs05 និយាយថា៖

    សូមអរព្រះគុណព្រះអង្គ ដែលបានលើកយករឿង ប្រវត្តិទង់ព្រះពុទ្ធសាសនា មកបកស្រាយ ! ខ្ញុំព្រះករុណាមិនដឹងច្បាស់ដែរទេ តែដូចជាមិនគាំទ្រនូវអត្ថន័យ ទាំងនោះឡើយ ដូចជាមិនឆ្លុះបញ្ចាំង រឿងពិតរបស់ព្រះសម្មាសម្ពុទ្ធសោះ តែដូចជាបែរទៅរកព្រហ្មញ្ញសាសនាទៅវិញទេ ! មិនថាអញ្ចឹង ព្រះអង្ក ? ពុទ្ធសាសនាខ្មែរគួរតែផ្លាស់ប្តូរអត្ថន័យនៃទង់សាសនាហើយ បើតាមខ្ញុំព្រះករុណាយល់ ដូចជាសាហាវណាស់ សុទ្ធតែបូជាជីវិត សាច់ ឈាម ថ្លើម ប្រម៉ាត់ បែបនេះ មិនសមជាទង់ ពុទ្ធសាសនាទេ មិនស្របទេ ដាច់ខាតមិនស្រប ហើយខ្មាសគេផង ខ្មាសពិភពលោកណាស់ មិនមែនទេដឹង មិនពិតទេដឹង ដកស្រង់ច្រឡំទេដឹង ! ព្រះអង្គ តើព្រះអង្គអាចផ្តល់ឯកសារដើមបានទេ ? ខ្ញុំព្រះករុណា ដូចជាធ្លាប់បាន មើលប៉ះឯកសារណាទេ មិនចាំ ដូចជាមិនមែនខ្មែរយើងទេដឹង ដែលមានគំនិត អោយយោបល់ បង្កើតជា ទង់ពុទ្ធសាសនានេះ ដំបូង ប្រហែលជាខ្ញុំព្រះករុណាបាន ចម្លងទុកផងដែរ បើចាំតិច ៗ ដោយមើលឯកសារច្រើនពេក មិនបានចាំច្បាស់លាស់ ។ សូមអភ័យទោសផង ព្រះអង្គ !

    មានពណ៌ទី ៤ គឺពណ៌ ស ដែលខ្ញុំព្រះករុណាចាប់អារម្មណ៍ ត្រង់ចំណុច ព្រះវេស្សន្តរ ត្រូវបានពួកស្រីពិរាស្រ្ត បំបរបង់ព្រះអង្គទៅក្រៅប្រទេស ឬ ទៅព្រៃភ្នំវង្គត់បព៌ត កណ្ឌនេះជាកណ្ឌទី ៣ ដែលខ្ញុំព្រះករុណាចាប់ឆ្នោតទេសនាមហាជាតិ លើកទីមួយ កាលអាយុបាន ១៥ ឆ្នាំគត់ វត្តនៅក្នុងព្រៃជាមួយខ្មែរក្រហម យ៉ាងស្ងាត់ជ្រងុំផង ក័ណ្ឌនេះជាកណ្ឌសំខាន់ សំខាន់ត្រងការបំបរបង់ ព្រះវេស្សន្តរចេញពីព្រះរាជវាំង ដែលបញ្ជាក់អោយឃើញថា ពេលនោះ បានអនុវត្តច្បាប់ប្រជាធិបតេយ្យ ហើយព្រះអង្ក គឺយករាស្ត្រជាធំ មិនមែនស្តេចធ្វើអ្វីបានតាមចិត្តនោះទេ មិនមែនស្តេចប្រើអំណាចផ្តាច់ការ ទេ កឺអាស្រ័យទៅលើរាស្ត្រពិតប្រាកដណាស់ នេះជាឯកសារភស្តុតាំង បញ្ជាក់ថា មានរបបប្រជាធិបតេយ្យហើយ ! មែនទេ ព្រះអង្គ ? អាចជឿបានទេ ? របបប្រជាធិបតេយ្យ មានតាំងពីពេលនោះមក ឬ ក៏មុនហ្នឹងឆ្ងាយណាស់្ក៏មិនដឹង !

    • ចម្រើន​ពរ​ញោម! មើល​ទៅ​ដូច​ជា​បដិសេធ​ដាច់​អហង្ការ​តែ​ម្តងហើយ​😀 នេះ​ជា​តំណាង​នៃ​ការ​កសាង​បារមី​របស់​ព្រះអង្គ​ដើម្បី​បាន​ត្រាស់​ជា​ព្រះ​សម្មាសម្ពុទ្ធ​ ព្រោះ​ការ​បាន​ជា​ព្រះសម្មា​សម្ពុទ្ធ​មិន​មែន​បាន​មក​ដោយ​ងាយៗ​ឡើយ ទាល់​តែធ្វើ​​នូវ​ការកធម៌​នៃ​ពុទ្ធភូមិ​ទើប​អាច​សម្រេច​បាន ការ​កសាង​បារមី​ដើម្បី​ឲ្យ​បាន​ត្រាស់​ជាព្រះ​ពុទ្ធ​មួយអង្គ​ៗ ដូច​ញោម​បានដឹង​ស្រាប់​ហើយ មាន​បារមី​៣០ និង​មហាបរិច្ចាគ​៥ ជា​ដើម។ ឯ​បារមី​ទាំង​៣០ នោះ​មាន​ទានបារមី​ជា​ដើម ដែល​ចែក​ចេញ​ជា​បី​ថ្នាក់ គឺ​ទាន​បារមី​ ទាន​ឧបបារមី និង​ទាន​បរមត្ថបារមី។ រី​ទាន​ដែល​ព្រះ​អង្គ​លះ​បង់​សាច់​ឈាម ជីវិត​ រាង​កាយ របស់​ព្រះអង្គ​នោះ គឺ​ហៅ​ថា​ទាន​បរមត្ថបារមី។ ដែល​ញោម​មិន​យល់​ស្រប​នោះ ជា​ការ​សក្តិសម​ហើយ​ព្រោះ​ យើ​ង​មិន​មែន​ដើរ​ក្នុង​គន្លង​របស់​ព្រះ​ពោធិសត្វ នៅ​មាន​ការ​ជាប់​ជំពាក់​ ស្តាយ​មុខ​ ស្តាយ​ក្រោយ ស្តាយ​ឆ្វេងស្តាំ ម៉្លោះ​ហើយ​កុំ​ថា​ឡើយ​ដល់​ទៅ​ធ្វើ​ដោយ​ខ្លួន​ឯង សូម្បី​តែ​ឮ​ពី​ទង្វើ​របស់​ព្រះ​ពោធិសត្វ​នោះ ក៏​នាំ​ឲ្យ​យើង​គិត​ថា ជា​រឿង​ដែល​ហួស​វិស័យ​មនុស្ស​ទូ​ទៅ​អាច​ធ្វើ​បាន។ ការ​លើក​ពី​តំណាង​នៃ​ពណ៌​របស់​ទង់​ព្រះពុទ្ធសាសនា​នេះ មិន​មែន​ប្រាប់​ឲ្យ​ពុទ្ធ​បរិស័ទ​មាន​ចិត្ត​សាហាវ ឃោរ​ឃៅ​ទេ គ្រាន់​តែ​ប្រាប់​ថា​ រស្មី​ទាំង​៦ពណ៌​ដែល​ផ្សាយ​ចេញ​ពី​ព្រះ​កាយ​របស់​ព្រះ​អង្គ​នោះ តើ​កើត​មក​ពី​ផល​អ្វី​ដែល​ព្រះ​អង្គ​បាន​សាង? អាត្មា​ពុំ​មាន​ឯកសារ​ណា​ជា​ការ​អាង​ទេ ប៉ុន្តែ​រឿង​ដែល​ជា​តំណាង​នៃ​ពណ៌​ទាំង​៦​នេះ ឃើញ​មាន​ក្នុង​សៀវភៅ​ពុទ្ធ​សាសនា​ជា​ច្រើន​ដែរ ជា​ពិសេស​សម្តេច​ព្រះ​សង្ឃរាជ​ ជួ​ន ណាត​ក៏​បាន​យក​សេចក្តី​នេះ​ ទៅ​ចង​ក្រង​ជា​កំណាព្យ សម្រាប់​សូត្រ​លើក​ទង់​ព្រះ​ពុទ្ធសាសនា​ផង​ដែរ ដូច​មាន​ជា​បទ​ក្នុង​វីឌី​អូនេះ បទ​លើក​ទង់​ព្រះ​ពុទ្ធ​សាសនា​ ។

      ចំណែក​អត្ថន័យ​របស់​ទង់​ព្រះ​ពុទ្ធសាសនា​ គឺ​មាន​ផ្សេង​មួយ​ទៀត ប៉ុន្តែ​ក្នុង​ឯកសារ​ជា​ភាសា​ខ្មែរមិន​ឃើញ​មាន​សរសេរ​ទេ អាត្មា​បាន​ឃើញ​តែ​សំណេរ​ជា​ភាសា​អង់គ្លេស​ ដែល​សរសេរ​ពី​និយម​ន័យ​នៃ​ពណ៌​ទាំង​៦​នេះ។ ដោយ​អាត្មា​ពុំ​បាន​ស្រង់​យក​មក​ដាក់​ក្នុង​ទីនេះ​ ប៉ុន្តែ​ញោម​អាច​ឆែក​មើលក្នុង​តំណ​ភ្ជាប់​ខាង​ក្រោម​អត្ថបទ​ដែល​អាត្មា​បាន​ដាក់​ជូន​នោះ នឹង​បាន​ឃើញ​គេ​និយាយ​ពី​អត្ថន័យ​នៃ​ពណ៌​ទាំង​៦។
      ចំណែក​រឿង​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ គឺ​មាន​យូរ​យារ​ណាស់​មក​ហើយ​ដូច​ដែល​ញោម​មាន​ប្រសាសន៍​អញ្ចឹង មិន​មែន​ទើប​តែ​មាន​ក្នុង​សម័យ​កាល​ក្រោយ​ៗ​នេះ​ទេ គ្រាន់​តែ​យើង​មិន​បាន​ចាប់​អារម្មណ៍​និង​យក​មក​អនុវត្ត​តាម​ប៉ុណ្ណោះ។​

  2. Lovepeehs05 និយាយថា៖

    អរគុណព្រះអង្គ ដែលបានឆ្លើយតបយ៉ាងក្បោះក្បាយ !

    ខ្ញុំព្រះករុណាមិនយល់ស្រប នូវអត្ថន័យនៃទង់ជ័យពុទ្ធសាសនា ទាំង ៦ ពណ៌នេះទេ ដូចជាមិនស៊ី សង្វាក់គ្នា នឹង ទ្រឹស្តី សីល ៥ សីល ៨ សីល ១០ និង សីល ២២៧ របស់ព្រះភិក្ខុសង្ឃសោះ វាអាចនាំអោយមនុស្ស យល់ខុស យល់ច្រឡំ កើតជាធ្វើអត្តឃាត សម្លាប់ខ្លួនដើម្បីបូជាជីវិត ទៅលើអ្វីមួយដែលខ្លួនជឿ ឬ ដើម្បីបូជាទៅលើពុទ្ធសាសនា ក៏ថាបាន ជាញឹកញាប់ណាស់ ផ្សប់ផ្សាយអោយប្រជាពុទ្ធបរិស័ទទាំងឡាយកាន់សីល ៥ កុំសម្លាប់សត្វ ស្រាប់តែទង់ជ័យសាសនា តំណាងអោយ វះទ្រូង រូងយកថ្លើម ប្រម៉ាត់ ទៅធ្វើថ្នាំឯណា មើលជំងឺ ឬ ទៅបូជាឯណាឯណី នោះមិនសមទេ ព្រះអង្គ ! អាណិតព្រះពុទ្ធសាសនាណាស់ មិនគួរដាក់ទង់ជ័យតំណាងចឹងទេ កាលព្រះពុទ្ធចេញរកធម៌ ដើម្បីត្រាស់ដឹង ព្រះអង្គធ្វើទុករកិរិយា អស់ ៦ ឆ្នាំ មិនបានប្រយោជន៍ ព្រះអង្គឈប់ ហើយឆាន់ចង្ហាន់ជាធម្មតាវិញ ទើបព្រះអង្គបានត្រាស់ជា ព្រះពុទ្ធ មិនមែនបានត្រាស់ដឹង ដោយពុះទ្រូង រូងយកថ្លើមនោះទេ រឿងដែលមានហ្នឹងជារឿងព្រេងទេ ព្រះអង្គ ខ្ញុំព្រះករុណា មិនជឿទេ ព្រះអង្គ ទៅដល់ណា ក៏ទៅដែរ ចង់សួរដេញដោលគ្នាសាក់មើល ចង់ជួបសួរសម្តេចសង្ឃទាំងពីរ គណៈ ក៏សួរដែរ ព្រះអង្គ ជាពិសេសចង់ជួប ព្រះមហាសុមេធិបតី ទេព វង្ស ផងដែរ ព្រះអង្គបែបជា មិនភ្លេច ខ្ញូំព្រះករុណាទេ មើលទៅ ធ្លាប់ហៅតែ លោកឪ ៗ ទេ ហើយធ្លាប់នៅវត្តជាមួយព្រះអង្គ តាំងពី ឆ្នាំ ១៩៧១ ម្លេះ មិនភ្លេចទេ តាមពិត ខ្ញុំព្រះករុណា មិនជឿថា អត្ថន័យទង់ព្រះពុទ្ធសាសនានេះ ធ្វើដោយសម្តេច ព្រះសង្ឃរាជ ជួន ណាត ទេ ដូចជាមិនជឿតែម្តង ! អត្ថន័យទង់ជ័យនេះ គួរតែផ្លាស់ប្តូរហើយទើប ត្រឹមត្រូវ តាមពិតខ្ញុំព្រះករុណា ធ្លាប់បានអាន ឯកសារមួយដែលនិយាយពីទង់ជ័យពុទ្ធសាសនានេះដែរ មិនមែន ជាអាស៊ីយើងទេ ជាអ្នកមានគំនិតធ្វើដំបូងគេនោះ ប្រហែលជាជនជាតិ អឺរ៉ុបទេ មើលទៅ តែខ្ញូំព្រះមិនចាំ ច្បាស់ចាំមើល រកមើល មិនបាត់ទេ ប្រហែលជាចំឡងទុកផង ។ល។

    គួរពុំគួរសូមព្រះអង្គខន្តីអភ័ទោសផង ព្រះអង្គ !

    • ចម្រើនពរ ញោម! មិនអីទេ អត់មាន​រឿងអ្វី​ថា​មិន​គួរ​ទេ ព្រះ​សម្មាសម្ពុទ្ធ​ក៏​ទ្រង់​ត្រាស់​មិន​ឲ្យ​ជឿ​ដោយ​គ្មានការ​ពិចារណាដែរ។ អ្នក​មានបញ្ញាមិនងាយ​ជឿ​អ្វី​ងាយៗទេ ហើយ​ពុទ្ធ​ការកធម៌​នេះ ជា​ច្បាប់​សម្រាប់​ព្រះ​ពោធិសត្វ​គ្រប់​ព្រះ​អង្គ​ត្រូវ​តែ​ឆ្លង​កាត់​ ដើម្បី​បាន​ត្រាស់​ដឹង​ជាព្រះ​ពុទ្ធ​។ បើ​មាន​អ្នក​យល់​ច្រឡំ​ទៅ​បូជាជីវិត​​ក្នុង​រឿង​អ្វី​ផ្សេងៗ ឬ​សូម្បី​តែ​ដើម្បី​ពុទ្ធសាសនា​នោះ ក៏​មិន​ត្រឹមត្រូវ​ដែរ​ ព្រោះ​រឿង​ទាំង​នេះ​ដោយ​ឡែក​ពី​គ្នា។ បើញោម​មាន​ពេល សូម​ញោម​ចូល​ទៅ​អាន ការ​សាងទស​​បារមី​ នៃ​ព្រះ​ពោធិសត្វ​ផង ដើម្បី​ឲ្យ​បាន​យល់​ច្បាស់​ពី​ដំណើរ​នៃ​ការ​ធ្វើ​ទាន​របស់​ព្រះ​ពោធិសត្វ ឬ​ក៏​អា​ន​ សៀវភៅ​ មាគ៌ា​ជីវិត​នៃ​ព្រះ​ពោធិសត្វ ឲ្យ​ចប់​តែ​ម្តង​រឹត​តែប្រសើរ។ អាត្មា​ដាក់​មក​នេះ មិន​មែន​បង្ខំ​ឲ្យ​ញោម​ជឿ​ទេ គ្រាន់​តែចង់​បង្ហាញ​ចំណុច​មួយ​ចំនួន​ដែល​ព្រះ​ពោធិសត្វ​ត្រូវ​កសាង ឬ​ត្រូវ​ធ្វើ។

      ចំណែក​ការ​ចង់​ជួប​សម្តេច​ព្រះ​សង្ឃរាជ​ទាំង​ពី​គណៈ ញោម​អាច​ទៅ​ជួប​ព្រះ​អង្គ​បាន​តើ😀 បើញោមមាន​បំណង​ចង់​ជួប​មិន​ពិបាក​ទេ គង់​នឹង​បាន​ជួបមិន​ខាន។ តាម​ស្តាប់​មើ​ល​ទៅ ញោម​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ព្រះ​អង្គ​ផង។ អាត្មា​គិត​ថា បើ​ចំណាំ​តាម​មុខ​មាត់​ ព្រះ​អង្គ​ប្រាកដ​ជា​មិន​អាច​ចាំ​មុខ​ញោម​បាន​ទេ តែ​បើរៀប​រាប់​ប្រ​វត្តិ​ទៅ​ប្រហែល​ជា​អាច​ស្គាល់​បាន។

  3. Lovepeehs05 និយាយថា៖

    សូមអរព្រះគុណ ព្រះអង្គ ដែលបានឆ្លើយឆ្លង យ៉ាងក្បោះក្បាយ !

    កាលពីដើមមិញ ខ្ញុំព្រះករុណា ក៏ជឿដូចព្រះមង្គមានពុទ្ធដីការដែរ បានសិក្សាបានមើលត្រួសៗ ជាយូរ ណាស់មកហើយ តែឥឡូវនេះ ខ្ញុំព្រះករុណាយល់ផ្សេង ជាពិសេសចាប់តាំងពី បែកគំនិតស្រាវជ្រាវ សរសេរនូវ ប្រព័ន្ធនយោបាយនេះមក យល់អ្វីៗប្លែកពីមុនច្រើន រឿងពុទ្ធសាសនា ខ្ញុំព្រះករុណាផ្តោត ទៅលើរឿងសំខាន់ ៗ ដូចជា អដ្ឋង្គិកមគ្គ ៨ ប្រការ អរិយសច្ចៈ ៤ ហើយនិងបែងចែក អោយដាច់ពីគ្នា នូវពុទ្ធជំនឿ និង ព្រហ្មញ្ញជំនឿ គឺកាត់យកត្រឹមពីពេល ព្រះអង្គចេញសាងផ្នួស រហូតមក គឺជារឿងជាក់ ស្តែងដែលព្រះអង្គបានធ្វើ និង បានសម្រេច គឺមិទាក់ទងនឹងរឿង អបិយជំនឿឡើយ ពីព្រោះថា តាំងពី ព្រះអង្គ ចាប់បដិសន្ធិមក រហូតដល់ព្រះអង្គ ពេញវ័យ ព្រះអង្គមិនខុសព្រះមនុស្សយើងធម្មតា ដែរទេ តែចាប់ផ្តើមពីពេលដែល ព្រះអង្គចេញទៅសាងព្រះផ្នួស ស្វែងរកធម៌ រហូតដល់បានត្រាស់ ឬ ទ្រង់ញាណ ដឹង ឬ ដឹងនូវអ្វីៗ ដែលមនុស្សលោកត្រូវការ ជាពិសេសដឹងនូវអ្វី ដែលល្អ នូវអ្វីដែលអាក្រក់ ជាដើម។ល។ រឿងទំាងអស់ហ្នឹងមិនពាក់ព័ន្ធ ទៅនឹង ព្រះអាទិទេពឡើយ ។

    រីឯរឿងកន្លងផុតមក ឬ មុនពេលព្រះអង្គចាប់បដិសន្ធិ ជារឿងព្រេង ជារឿងនិទាន តាមជំនឿព្រហ្មញ្ញ សាសនា ដែលបាន ចាក់ឫស យ៉ាងជ្រៅក្នុង ប្រទេសឥណ្ឌាជំនាន់នោះ គេតែងអោយតម្លៃទៅលើបុរស ខ្លាំង ជាព្រះអាទិទេព ហើយព្រះអាទិទេពនេះទៀតសោធ ក៏មនុស្សលោកយើងជាអ្នក ដាក់ឈ្មោះអោយ ជាអ្នកបង្កើត តែមិនមែនព្រះឯណា ក្រៅពីមនុស្សលោកយើងឡើយ ។

    រីឯរឿងបុណ្យ រឿងបាប ចេញមក ពីមាត់មនុស្ស យើងទាំងអស់ បង្កើតវាចេញមក ដើម្បីអោយមនុស្ស លោកយើង ធ្វើអំពើល្អ កុំអោយធ្វើ អំពើអាក្រក់ វាជាមធ្យោបាយដើម្បីប្រដៅមនុស្សលោក អោយខ្លាច អោយរអែង ហើយសព្វថ្ងៃនេះ វាមានគុគច្រវ៉ាក់ ឃើញនឹងភ្នែកស្រាប់ កាលពីដើមមិញ គេធ្វើបាបអ្នក ទោស មានដុត ព្រលះ ចាក់ រុក ឆ្កៀលគ្រាប់ភ្នែក ដូចដែលយើងជឿថា នរក ចឹងដែរ តើព្រះអង្គយល់ យ៉ាងណាដែរ ? ហើយរឿង មនុស្សចេះហោះ ចេះហើរ ក៏មិនខុសគ្នាដែរ ជាវិញ្ញាណ ដែលទ្រង់យល់ ឃើញ បើពិចារណា អោយវែង ឆ្ងាយទៅ គេអាចយករឿងហ្នឹង មកប្រឌិតអំពីការហោះហើរបានដែរ សរសេរជារឿងទៅ ឥឡូវនេះ មនុស្សគេចេះធ្វើគ្រឿងហោះហើរ លើអាកាសបាន ជិះទំាងអស់គ្នា ឆ្លងទ្វីប ឆ្លងប្រទេស មិនបាច់ប្រើ សិស្ប៍ឯណា ប៉ុន្តែយើងអាចប្រើពាក្យ សិល្ប៍ដែរតើ គឺសិល្បៈ ខាងធ្វើកប៉ាល់ ហោះ ឡានហោះ ដូចតាគ្នា គ្រាន់តែពីដើមមិនឃើញរូប តែសព្វថ្ងៃ គេធ្វើអោយឃើញនឹងភ្នែកពិតៗតែម្តង មិនថាអញ្ចឹងព្រះអង្គ ?

    ហើយរឿងព្រះដាក់តំណរភ្ជាប់ ខ្ញុំព្រះករុណានឹងមើល និងរៀនសារឡើងវិញ ដើម្បិអោយយល់ច្បាស់ តេយ៉ាងណាក៏ដោយ ប្រហែលជាមិនខុសពីខ្ញុំព្រះករុណា និយាយខាងដើមឡើយ មើលទៅ ខ្ញុំព្រះករុណា មិនសូវចេះខ្ជឹលទេរឿងមឿលសៀវភៅ តែឥឡូវនេះ មិនសូវមានពេលដូចមុន តែយ៉ាងណាក៏ឆ្លៀត ។

    ហើយចំពោះសម្តេចសង្ឃ ទេព វង្ស ខ្ញុំព្រះបានជួបព្រះអង្គរួចហើយ ព្រះអង្គស្គាល់ខ្ញុំព្រះករុណាហើយ ដែរ គឺកាលដែលព្រះនិមន្តទៅសម្ភោធ វត្តនៅអាមេរិក ខ្ញុំព្រះករុណានេះហើយ ជាអ្នកយាមការពារ ព្រះអង្គ ចឹងហើយបានជាស្គាលព្រះអង្គច្បាស់តាំងពីពេលនោះមក បន្ទាប់មកបានទៅថ្វាយបង្គុំព្រះអង្គ គ្រប់ពេលវេលា ដែលបានទៅលេងស្រុកខ្មែរ ពេលមួយនោះព្រះអង្គបាន ហៅខ្ញុំព្រះករុណា អោយ យន្តហោះទៅសៀមរាបជាមួយព្រះអង្គផងដែរ តាមពិតរឿងដែលខ្ញុំព្រះករុណា និយាយថាធ្លាប់នៅវត្ត ជាមួយព្រះអង្គកាលឆ្នាំ ១៩៧១ នោះ គឺខ្ញុំព្រះករុណាមិនបានស្គាល់ ព្រះអង្គទេ តែនៅពេលសួរដេញ ដោលគ្នាទៅ ទើបដឹងថា ព្រះអង្គគង់នៅវត្ត ដែលខ្ញុំព្រះករុណា បាននៅដែរ ពីព្រោះខ្ញុំព្រះករុណា បាននៅវត្តនោះអស់រយៈពេលខ្លីដែរ ដោយសារតែព្រះអង្គ ជាសង្ឃចំណូលថ្មីក៏មិនបានសួរអោយ បានអស់ពេលក៏ខ្លីដែរ នាពេលយប់នោះ ខ្ញុំព្រះករុណាក៏ល្វើយណាស់ដែរ ដោយយាមមួយថ្ងៃ វាល់ល្ងាច ហើយលោកប្រាប់អោយ យាយការពារសម្តេចទៀត ចឹងខ្ញុំព្រះករុណាយាម ទាំងយប់ទាំងថ្ងៃ តែសម្តេចអោយខ្ញុំព្រះកេងក្បែរលោក តែកេងក៏មិនលក់ដែរ តាមពិតតួរនាទីរបស់ខ្ញុំព្រះករុណា ជាអ្នកការពារ ត្រូវតែការពារ មិនធ្វេសប្រហេសឡើយ ថ្ងៃនោះលោកអុំម្នាក់ ដែលជាអតីតៈស្មៀន ឬ អគ្គលេខាធិការ របស់ម្តេចសង្ឃជួន ណាត ក៏អញ្ជើញទៅជាមួយសម្តេចសង្ឃ ទេព វង្សដែរ ចឹងខ្ញុំព្រះ ករុណា ក៏មានមោទនភាពណាស់ដែរ បានយាមការពារសម្តេចសង្ឃខ្មែរ គឺដើរតាមព្រះអង្គ ជាប់រហូត ទាល់ទេបញ្ចប់បុណ្យ ចឹងមានព្រះសង្ឃដែលគង់នៅក្រៅប្រទេស មានព្រះអង្គសួសគូ ជាដើម មិនសូវសប្បាយចិត្តដែរទេ មានពាក្យចរចាម អារាម មិនសូវពិរោះដែរ តែខ្ញុំព្រះមិនមែនជាអ្នក ប្រកាន់បក្សពួក នោះទេ គឺអ្នកណាក៏ដោយ ក៏យាមការពារដែរ តែខ្ញុំព្រះករុណាមិននិយាយ គ្រៅពីព្រះអង្គសួស គូ ទេ មានក្រៅពីហ្នឹងទៀត ។ល។ និយាយរឿងយាម ការពារ ខ្ញុំព្រះករុណា ប្រហែលជាជាប់ចំណាត់ថ្នាក់លេខ ១ ហើយ ជាពិសេសបានទទួលសេចក្តី សរសើរពី អតីតប្រធាធិបតី ស្តីទី សូរ សុខាំខូយ គាត់ថាខ្ញុំធ្វើការបានល្អណាស់ គាត់សរសើរមិនដាច់ពីមាត់ អោយតែជួប រហូតដល់គាត់ត្រូវអ្នកយាមការពារ ហៅតែខ្ញុំទេ ស្តាយណាស់ដែរ នៅពេលដែលគាត់ស្លាប់ មិនបានទៅចូលរួមសោះ ដោយដំណឹងយឺតពេលទៅមិនទាន់ ។ល។ ៚…

    • អរគុណ​ញោម​ ដែល​បាន​ចូល​រួម​ផ្តល់​ជា​យោបល់​ល្អ​ៗ​ក្នុង​ការ​សិក្សា​ស្វែង​យល់​រក​ការ​ពិត​នានា! មនុស្ស​យើង​ម្នាក់​ៗ​តែង​តែ​មាន​គំហើញ​ខុស​ៗ​គ្នា ហើយ​គំហើញ​ទាំង​នោះ​ ម្ចាស់​គំនិត​តែង​តែ​យល់​ថា​ជា​ការ​ត្រឹម​ត្រូវ។ អ្វី​ដែល​ញោម​មាន​ប្រសាសន៍​មក​នេះ​មិន​ខុស​ទេ ព្រោះ​ថា​ព្រះ​សម្មាសម្ពុទ្ធ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​អរិសច្ចធម៌​ពិត​មែន ការ​បាន​ត្រាស់​នូវ​អរិយសច្ច​ធម៌​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​បាន​ព្រះ​នាម​ថា​ជា​ព្រះ​ពុទ្ធ ឬ​សព្វញ្ញូ​ពុទ្ធ។​

      ទស្សនៈ​ដែល​ញោម​បាន​មាន​ប្រសាសន៍​មកត្រង់​ថា​កាត់​យក​តែ​ចាប់​ពី​កន្លែង​ព្រះ​អង្គ​ចេញ​បួស​ ហើយ​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​សំដែង​ធម៌​ប្រោស​សព្វ​សត្វ​ គឺ​ជា​សេចក្តី​ពិត​មួយ​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ប្រត្យក្ស​ព្រោះ​ឃើញ​នូវ​លទ្ធផល​រហូត​ដល់​បច្ចុប្បន្ន​ គឺ​ធម៌​ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ទុក​មក​ ដោយ​មិន​អាច​ប្រកែ​ក​បាន​ ព្រោះ​យើង​អាច​ឃើញ​បាន​ពិសោធបាន​ដោយ​លោកិយ​បញ្ញា និង​មំសចក្ខុ របស់​បុថុជ្ជន​ធម្មតា។ ម៉្យាង​ទៀត រឿង​អតី​ត​និទាន អំ​ពី​ប្រវត្តិ​ព្រះ​ពោធិសត្វដែល​កសាង​បារមី​រាប់​អនេក​ជាតិ​មក​ហើយនោះ​ថា​ជា​រឿង​ព្រេង​ ក៏​ជា​ការ​ពិត​ហើយ ព្រោះ​រឿង​ទាំង​នោះ​ជា​រឿង​ចាស់​បាន​កប់​បាត់​ជា​យូរ​លង់​ណាស់​មក​ហើយ មិន​មែន​ជា​រឿង​ព្រេង​និទាន​ដែល​និពន្ធ​ឡើង​ដោយ​អ្នក​និពន្ធ​ណា​ម្នាក់​ទេ តែ​ជា​រឿង​ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ប្រាប់​បរិស័ទ​ក្រោយ​ពេល​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ហើយ។ សួរហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​ដឹង​រឿង​កន្លង​ហើយ​ក្នុង​អតី​តជាតិ? ក្នុង​នាម​ជា​ពុទ្ធ​បរិស័ទ អ្នក​មាន​តថាគតពោធិសទ្ធា គឺ​មានសទ្ធា​ជាក់​ច្បាស់​ចំពោះ​ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មាសម្ពុទ្ធ យើង​បាន​សិក្សា​ចេះ​ចាំ​មក​ថា នៅ​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​លើ​រតនបល្ល័ង្ក ក្រោម​ដើម​ពោធិព្រឹក្ស​នោះ ព្រោះ​អង្គ​ទ្រង់​បាន​សម្រេច​នូវ ​វិជ្ជា​បី គឺ​បុព្វេនិវាសានុស្សតិវិជ្ជា១ ចុតូបបាតវិជ្ជា១ និង អាសវក្ខយវិជ្ជា១ ព្រះ​អង្គ​ដឹង​ជាតិ​កំណើត​របស់​ព្រះ​អង្គ​ពី​អតី​តកាល​ ក៏​ដោយ​សារ​ព្រះអង្គ​មាន​ វិជ្ជា​ទី​១​នោះ​ឯង​ បើ​យើង​មិន​ជឿ​ត្រង់​រឿង​នេះ​ទេ បាន​ន័យ​ថា​យើង​បដិសេធ​ចោល​វិជ្ជា​ទី​១​របស់​ព្រះ​អង្គ​ហើយ។ ជា​ការ​ពិត​ណាស់​ មាន​រឿង​ខ្លះៗ​មួយ​ចំនួន​ដែល​ចារ​ក្នុង​គម្ពីរ​ផង​ដែរ​នោះ ជា​រឿង​ដែល​អ្នក​ប្រាជ្ញ​ក្រោយ​ៗ​បាន​តាក់​តែ​ផ្សំ​បន្លំ​ផង​ដែរ តែ​មិន​ទាំង​អស់​នោះ​ទេ ជា​ពិសេស​គឺ​រឿង​ក្នុង​ទសជាតកនោះ​គឺ​ជារឿង​ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ផ្ទាល់​ព្រះ​ឱស្ឋ។ ​ រឿង​ជំនឿ​បុណ្យ​បាប ដែល​ថា​គ្រាន់​តែ​ជា​ការ​កើត​ចេញ​មក​ពី​មាត់​មនុស្ស​ដើម្បី​បន្លាច ឲ្យ​មនុស្ស​ភ័យ​ខ្លាច​មិន​ហ៊ាន​ធ្វើ​អំ​ពើ​អាក្រក់​នោះ បើ​យើង​មើល​ទៅ​ក៏​ទំនង​ជា​ដូច្នោះ​មែន​ហើយ ប៉ុន្តែ​បើបដិសេធ​ថា​មិន​មាន​ឋាន​សួគ៌​ឋាន​នរក​ទេនោះ នេះ​ជា​រឿង​ដែល​ត្រូវ​ពិចារណា​បន្ថែម​ទៀត​ ព្រោះមនុស្ស​យើង​សព្វ​ថ្ងៃ​មាន​ភាគ​ច្រើន​ណាស់​ដែល​គិត​ថា រឿង​បាប​បុណ្យ​គុណ​ទោស ឋាន​សួគ៌ ឋាន​នរក​គឺ​ជា​ការ​ប្រឌិត​ឡើង​ដើម្បី​បន្លាច​មនុស្ស​មិន​ឲ្យ​ធ្វើ​អំ​ពើ​អាក្រក់​។ សួរ​ថា​ហេតុអ្វី​បាន​ជា​យើង​គិត​ឃើញ​តែ​ត្រឹម​នេះ? បើ​តាម​យោបល់​របស់​អាត្មា​ផ្ទាល់​ គឺ​ដោយ​សារ​តែ​យើង​មាន​ធូលី​នៅ​ក្នុង​ភ្នែក​ក្រាស់​ពេក មិន​អាច​មើល​ឲ្យ​បាន​ធ្លុះ​ធ្លាយ​ហួស​ពីនេះ ម៉្លោះ​ហើយ​ក៏​សម្រេច​យក​ត្រឹម​តែ​កន្លែង​ណា​ដែល​អាច​គិត​ឃើញ​ងាយៗប៉ុណ្ណោះ បើសិន​ជា​យើង​អាច​លាង​ជម្រះ​ធូលី​ពី​ក្នុង​ភ្នែក​ចេញ​បាន (គឺ​បន្សាត់​បង់​នូវ​អាសវកិលេស​ដែល​បណ្តាល​ឲ្យ​ងងិត​មិន​ឃើញសច្ច​ធម៌​បាន) នោះ យើង​នឹង​អាច​មើល​ឃើញ​អ្វី​ដែល​ប្លែក​ពី​នេះ គឺ​ឃើញ​នូវ​ការ​ពិត​ដោយ​បញ្ញា​ចក្ខុ។ អាត្មា​លើក​មក​នេះ​មិន​មែន​បាន​ន័យ​ថា​ខ្លួន​ឯង​បាន​បញ្ញា​ចក្ខុ ឬ​អ្វី​នោះ​ទេ គ្រាន់​តែ​លើក​មក​តាម​ការ​យល់​ដឹង ពី​ការ​សិក្សា​ត្រិះរិះ​មក​ប៉ុណ្ណោះ។ ឯ​រឿង​អាទិទេព​នោះ អ្នក​ប្រាជ្ញ​ពុទ្ធសាសនា​ទាំង​អស់​លោក​មិន​ដែល​គិត​ថា​ព្រះ​សម្មាសម្ពុទ្ធ​ជា​អាទិទេព​ទេ មាន​តែ​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​ដែល​លោក​មិន​បាន​សិក្សា​ដោយ​ហ្មត់ចត់​ ហើយ​ចេះ​តែ​ជឿ​តាម​គ្នា តាម​មាត់​ថា ប៉ុណ្ណោះ​។ ព្រះ​ពុទ្ធ​ជា​អច្ឆរិយ​បុគ្គល បើ​និយាយ​ពី​អាទិទេព ព្រះ​អង្គ​ប្រសើរ​ជាង​អាទិទេព​ទៅ​ទៀត ព្រោះ​ព្រះ​អង្គ​មាន​នាម​ថា សត្ថា​ទេវមនុស្សានំ ព្រះ​អង្គ​ជា​សាស្តា​ចារ្យ​នៃ​ទេវតា​និង​មនុស្ស​ទាំង​ឡាយ។ និយាយ​ទៅ​ចេះ​តែ​វែង​ទៅ ស្លេះ​រឿង​នេះ​ប៉ុណ្ណេះ​សិន​ចុះ។

      អាត្មា​មាន​មោទនភាព​ចំ​ពោះ​ញោម​ដែល​ធ្វើ​ការ​ងារ​បាន​ល្អ បាន​ទទួល​ការ​កោត​សរសើរ​ពី​ប្រធានាធិបតី​និង​សម្តេច​ព្រះ​សង្ឃរាជ ដោយ​សារ​ការ​ឆ្លង​កាត់​កិច្ចការ​ជា​មួយ​ថ្នាក់​លើ​មក​ច្រើន​យ៉ាងនេះ​ហើយ​បាន​ជាញោម​មាន​គំនិត​ចាប់​យក​ជំនាញ​ខាង​ផ្នែក​ស្រាវជ្រាវ​ចងក្រង​គោលការណ៍​នយោ​បាយសម្រាប់​ការ​ប្រើប្រាស់​ទូទៅ អាត្មាយល់​អញ្ចឹង​ត្រូវ​ទេ? 😀 អាត្មា​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ដែល​បាន​ផ្តោះ​ប្តូរ​យោ​បល់​ជា​មួយ​ញោម មិន​មែន​ថា​គ្រប់​យោបល់​ទាំង​អស់​សុទ្ធ​តែ​ត្រឹម​ត្រូវ​មួយ​រយ​ភាគ​រយ​ទេ ប៉ុន្តែ​បាន​ជា​គតិ​ក្នុង​ការ​គិត​ពិចារណា ទាំង​អស់​គ្នា ជឿ​ជាក់​ថា​យោបល់​ទាំង​នេះ​មិន​បាន​ប្រយោជន៍​តែ​ចំពោះ​ញោម​និង​អាត្មា​ទេ មាន​អ្នក​អាន​ជា​ច្រើន លោក​បាន​ទទួល​គំនិត​នេះ​ដើម្បី​ពិចារណា​តទៅ​ទៀត។ ទោះ​យ៉ាង​ណា​ សូម​ញោម​អធ្យាស្រ័យ​ចំពោះ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ឆ្លើយ​តប ព្រោះ​អាត្មា​មក​ទី​នេះ​បាន​ក៏​ដោយ​សារ​ការ​ឆ្លៀត​ កញ្ឆក់​កណ្តៀត​ពេល​វេលា​មក​ផង​ទេ។

  4. Lovepeehs05 និយាយថា៖

    សាធុ ! សាធុ ! ព្រះអង្គដែលមានចម្លើយ យ៉ាងល្អក្បោះក្បាយ គួរជាទីចង់ស្តាប់ចង់យល់ តែពេលនេះ ខ្ញុំព្រះករុណា មានចំណាប់អារម្មណ៍ ត្រង់វិជ្ជា ៣ ប្រការ របស់ព្រះសម្មាសម្ពុទ្ធ ក្នុងនោះវិជ្ជាទី ១ ជាចម្លើយ តបទៅនឹងរឿងព្រេង ដែលខ្ញុំព្រះករុណាបាន និយាយខាងដើម ។

    ខ្ញុំព្រះករុណា ក៏ធ្លាប់ឆ្វេងយល់ ដូចព្រះអង្គនិងពុទ្ធបរិស័ទដែរ តែបន្ទាប់ពីខ្ញុំព្រះករុណា បានសិក្សាស្រាវ ជ្រាវ ប៉ុន្មានឆ្នាំកន្លងមកនេះ យល់ឃើញថា ជារឿងព្រេង ពីព្រោះថាមិនមាននរណា បានឃើញនឹងភ្នែក ឮនឹងត្រចៀក ក្រៅតែព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់មានព្រះបន្ទូល ។ ខ្ញុំព្រះករុណា សូមដកស្រង់ យកវិជ្ជាទី ១ ដែលព្រះអង្គបានដាក់ដូចតទៅនេះ ៚…

    វិជ្ជាទី ១-បុព្វេនិវាសានុស្សតិញាណ គឺជាការរលឹកឃើញនូវ ខន្ធបញ្ចកៈ (ខន្ធ ៥ ) ឬ ជាតិកំណើត ដែលបានកើតពីជាតិមុន នៅក្នុងភពពីមុន គឺជាតិទី ១, ទី ២, ទិ ៣ រហូតដល់អនេកជាតិ ក្នុងជាតិនិមួយៗ ព្រះអង្គបានចាំទាំង ទីកន្លែងកើត ឈ្មោះ អាយុ វណ្ណៈ អាហារ និង ការសុខទុក្ខ យ៉ាងនេះ យ៉ាងនោះ ជាដើម ។ លុះច្យុតមកពីជាតិនេះ ហើយទៅកើតក្នុងជាតិនោះ តៗជាបន្តរបន្ទាប់គ្នារហូត បានន័យថា ព្រះអង្គបានយល់ ឆ្លុះធ្លុះធ្លាយនូវព្រឹត្តិការណ៍នានា កាលពីជាតិមុន ទាំងអស់ ។

    រឿងនេះ តើធ្វើអោយយើងជឿដូចម្តេច ព្រះអង្គ ? ពីព្រោះថា ការសន្ទនា ការបរិយាយ មានតែព្រះសម្មា សម្ពុទ្ធតែមួយព្រះអង្គឯង ដែលបានថ្លែងនូវរៀងនេះ គឺគ្មានពីណាក្រៅពីព្រះឡើយ ជាសាក្សី ដែលបាន ដឹងឮ ដោយសារតែព្រះអង្គជាអ្នកឈ្លាសវៃ ឬ ជាអ្នកចេះដឹងកំពូលជាងគេ ខាងទស្សនៈវិជ្ជា និង តក្កវិជ្ជា នាពេលនោះ ដូច្នេះព្រះអង្គចង់មានព្រះពុទ្ធដីការ យ៉ាងម៉េចក៏បាន អោយតែសមទៅនឹងជំនឿ ដែល មនុស្សលោកជំនាន់នោះអាចជឿបាន តែមិនអាចបង្ហាញនូវការពិតបានទេ បានត្រឹមតែថ្លែងបរិយាយ មិនថាអញ្ចឹងព្រះអង្គ ? តើមានពីណាហ៊ានដេញដោល ព្រះសម្មាសម្ពុទ្ធ រឿងហ្នឹងទេ ?

    ឥឡូវនេះ បើយើងពិចារណា អំពីជាតិកំណើត របស់ពូជពង្សរបស់មនុស្សម្នាក់ៗ និយាយឧទាហរណ៍ ពូជពង្សព្រះ មហាក្សត្រខ្មែរសព្វថ្ងៃ តើយើងអាចតែងប្រឌិតបានទេ ថាព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់ជាតិមុន ជាអ្វី ចាប់បដិសន្ធិ ពីពេលណា ទីណា បានធ្វើអ្វីខ្លះ សុខទុក្ខយ៉ាងណា ? ពីជាតិមួយទៅ ជាតិមួយ ។ ឧទាហរណ៍ថា ព្រះអង្គសីហមុនី ទ្រង់ជាតិមុន បានចាប់បដិសន្ធិនៅ នគរចម្បា ថ្ងៃនេះ ខែនេះ ឆ្នាំនេះ ព្រះបិតាព្រះនាមនេះ ព្រះមាតាព្រះនាមនោះ ចូលចិត្តសោយនេះ សោយនោះ មានភរិយា ឈ្មោះនេះមួយ ឈ្មោះនោះមួយ មានបុត្រឈ្មោះនេះ ឈ្មោះនោះ ហើយបានធ្វើសង្រ្គាម ជាមួយយួន អស់រយៈពេល ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះឆ្នាំ ហើយក៏បានមកគង់នៅ ប្រទេសកម្ពុជាយើងសព្វថ្ងៃ បានចប់បដិសន្ធិ នៅទន្លេបួនមុខ ព្រះបិតាព្រះនាម សីហនុវរ្ម័ន ព្រះមាតាព្រះនាម ម៉ូនិកវរ្ម័ន មានបងប្អូន ១៥ ព្រះអង្គអីជាដើម ។ល។ និង ។ល។ ថាចឹងបានទេព្រះអង្គ ? ហើយបើបានតែងចឹងហើយ សរសេរជាសៀវភៅបោះពុម្ព ចែកចាយប្រជារាស្រ្តខ្មែរយើង ចាំមើលគាត់មានយោបល់យ៉ាងម៉េច យើងធ្វើអោយបានល្អតិចទៅ

    បើមិនចឹងទេ សរសេរអំពីជាតិកំណើត របស់សម្តេចមហាតេជោ ហ៊ុន សែន ក៏បានដែរ ថាកាលពីជាតិមុន ជាស្តេចកន ឬ អង្គចន្ទទី១ ចេះមួយចុះពីរ ។ល។ និង ។ល។៚…

    • ពរ សាធុ​ញោម! អាត្មា​រីក​រាយ​នឹង​ចូល​រួម​យោបល់​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ ញោម​ពូកែ​​រក​គន្លឹះ​ប្លែក​ៗ​​លើក​មក​ឲ្យ​អាត្មា​ដោះ​ស្រាយ​ណាស់​។ អ្វី​ដែល​ញោម​មាន​ប្រសាសន៍​ខាង​លើ​នោះ​ គឺ​ជា​ចំណុច​សំ​ខាន់​មួយ​ដែលត្រូវ​ដោះ​ស្រាយ​ ព្រោះ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​គិច​ដូច្នោះ​។ ការ​ដែល​គិត​ថា​ព្រះសម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ចេះ​តែទ្រង់​សំ​ដែង​ដោយ​មិន​ថា​ជា​ការ​ពិត​ឬ​មិន​ពិត​ នោះ ស​រ​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​មាន​គំនិត​ដូច្នេះ​មក​ពី​មិន​បាន​យល់​អំ​ពី​ពុទ្ធគុណ​ ឲ្យ​បាន​ច្បាស់​លាស់​ និយាយ​ដោយ​ខ្លី​ទៅ​គឺ​មិន​ទាន់​ស្គាល់​ច្បាស់​នូវ​ពាក្យ​ថា ព្រះ​ពុទ្ធ ឬ ពុទ្ធៈ ខ្វះតថាគតពោធិសទ្ធា គឺ​ការ​ជ្រះ​ថ្លាជាក់​ច្បាស់​ចំពោះ​បញ្ញា​ត្រាស់​ដឹង​របស់​ព្រះ​សម្មាសម្ពុទ្ធ​។ និយាម ឬធម្មជាតិរបស់ព្រះពុទ្ធ គ្មានពាក្យថាមុសាវាទ ចេញពីព្រះអង្គទេ ព្រោះ​អកុសល​ធម៌​ទាំង​ឡាយ​ព្រះ​អង្គ​បាន​គាស់​រំលើង​អស់​រលីង​តាំង​ពី​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស លើរតនបល្ល័ង្ក​មក​ម៉្លេះ​។ ព្រះ​អង្គ​មាន​នូវ​សេចក្តី​បរិសុទ្ធ​គ្រប់​យ៉ាង​ដែល​យើង​ហៅ​ថា​វិសុទ្ធិគុណ។ បើ​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ចង់​អួត​អា​ង​តំកើង​ខ្លួន​ដោយ​អាង​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់​ជាង​គេ​នោះ តើ​មាន​អ្វី​ខុស​ពី​បុថុជ្ជន​ធម្មតា​ទៅ ហើយ​ព្រះ​អង្គ​ក៏​មិន​មែន​បាន​ព្រះ​នាម​ថា​ជា​ព្រះសម្មា​សម្ពុទ្ធ​ដែរ ព្រោះ​វិស័យ​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ នឹង​ឈ្មោះ​ថា​នៅ​មាន​អកុសល​ ឬ​អាសវក្កិលេស​ណា​មួយ​នៅ​ក្នុង​សន្តាន​ក៏​ទេ។ នៅ​ក្នុង​ចរណៈ​១៥ របស់​ព្រះសម្មាសម្ពុទ្ធ​មានសំដែង​យ៉ាងច្បាស់​អំពី​បដិបទា​របស់ព្រះ​អង្គ​ បញ្ជាក់​ពី​ភាព​បរិសុទ្ធ​ផុត​អស់​សព្វ​សត្វ​លើ​លោក ដែល​អាច​ឲ្យ​យើង​ជឿ​ជាក់​លើ​បញ្ញា​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​។ ព្រះ​សម្មា​សម្ពុទ្ធ​មិន​ទ្រង់​សំដែង​អ្វី​ដែល​មិន​ពិត​ឡើយ អ្វី​ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​គឺ​ជា​សច្ចភាព​ ឬ​សច្ចធម៌​ ពិតប្រាកដ​ឥត​ល្អៀង។

      ព្រះ​សម្មាសម្ពុទ្ធ​មិន​មែន​ជា​ទស្សនវិទូ មិន​មែន​ជា​អ្នក​តក្កវិជ្ជា តែ​ព្រះ​អង្គ​ជា​លោកវិទូ ជា​អ្នក​ត្រាស់​ដឹងជាក់​ច្បាស់​ ជាសព្វញ្ញូពុទ្ធ ដែល​ទ្រង់​ដឹង​នូវ​សច្ចភាព​គ្រប់​យ៉ាង​។ ទស្សនវិជ្ជា​ របស់​ទូស្សនវិទូ មិន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់​ទេ តែ​ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​ធម៌​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង គឺ​ជា​អរិសច្ច ដែល​មាន​មែន​ មាន​ពិត មិន​កើត​ឡើង​ដោយ​គំនិត​គិត​ស្មាន គឺ​កើត​ឡើង​ដោយ​ការ​ឃើញ​ពិត​ដឹង​ពិត​។

      ត្រង់​ដែល​ថា​ព្រះ​អង្គ​ទ្រង់​សំដែង​ដោយ​គ្មាន​សាក្សី​ដឹង​ឮ​ព្រោះ​ជា​រឿង​កំបាំង​ជាតិ​យូរ​យារ​មក​ហើយ​នោះ ក៏​មិន​គួរ​ដែរ ព្រោះសម័យ​នោះ​មាន​ព្រះ​ហរន្តី ខីណាស្រព​ច្រើន​ណាស់​ដែល​ជា​សាក្សី ព្រះ​អរហន្ត​ទាំង​នោះ ភាគ​ច្រើន​ក៏​បាន​សម្រេច​នូវ​វិជ្ជា​ដ៏​ខ្ពង់​ខ្ពស់​ផង​ដែរ មាន​អភិញ្ញា​៦ ជា​ដើម​។ ព្រះ​អង្គ​ជា​ព្រះ​អរហន្ត​ទាំង​នោះ​សុទ្ធ​តែអាច​ធ្វើ​ជា​សាក្សី​បាន បើ​អ្វីដែល​មិន​ពិត អ្វី​ដែល​មិ​ន​មែន​នោះ ព្រះ​អរហន្ត​ទាំង​៥០០អង្គ​កាល​ធ្វើ​បឋម​សង្គាយនា​នោះ ព្រះ​អង្គ​នឹង​ជម្រុះ​ចោល​ហើយ មិន​បាន​រក្សា​ទុក​មក​ដល់​យើង​ឥឡូវ​នេះ​ទេ។ នេះ​យើង​និយាយ​អំំ​ពី​ព្រះ​ពុទ្ធ​ដី​កា​ដែល​ព្រះ​អង្គ​ទ្រង់​សំ​ដែង​អំ​ពី​ជាតិ​កំណើត​ពី​ជាតិ​កន្លង​ៗ​ហើយ ដែល​យើង​យល់​ថា​គ្មា​នសាក្សី​ដឹង​ឮ។ រឿង​ណា​ដែល​គ្មាន​សាក្សី​ ព្រះ​អង្គ​ទ្រង់​មិន​សំដែង​ទេ ដូច​ក្នុង​រឿង​មួយ​ដែល​ព្រះ​មោគ្គលាន​បាន​ឃើញ​ប្រេត ហើយ​ទៅ​ទូល​សួរ​ព្រះ​អង្គ ព្រះសម្មាសម្ពុទ្ធទ្រង់​ត្រាស់​ទៅ​ព្រះមោគ្គលាន​ថា ប្រេតនោះ​តថាគត​បាន​ឃើញ​យូរ​ហើយ ប៉ុន្តែ​តថាគត​មិន​យក​មក​សំដែង​ទេ ព្រោះ​មាន​តែ​តថាគត​ម្នាក់​ឯង​ដែល​បាន​ឃើញ គ្មាន​សាក្សី​ដទៃ​ឡើយ នឹង​សំដែង​ទៅ​ក៏​នាំ​ឲ្យ​មាន​អ្នក​មិន​ជឿ​ព្រោះ​គ្មានសាក្សី​បញ្ជាក់ ការ​មិន​ជឿ​ នឹង​នាំ​ឲ្យ​មាន​សេចក្តី​ប្រមាទ ហើយ​នឹង​នាំ​ទៅ​រក​ទោស​ផ្សេងៗ ពេល​នេះ​អ្នក​ក៏​បាន​ឃើញ​ដូច​តថាគត​ដែរ ពេល​នោះ​ទើប​ព្រះ​អង្គ​ទ្រង់​សំ​ដែង​អំ​ពី​រឿង​ប្រេត​នោះ​។

      និយាយពីអ្នកដេញដោលក្នុងសម័យនោះគឺសម្បូរណាស់ ព្រោះ​ព្រាហ្មណ៍​ភាគ​ច្រើន​មុន​នឹង​ប្រគល់​កាយ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​រតន​ត្រ័យ ជា​ពុទ្ធ​បរិស័ទ​នោះ សុទ្ធ​តែ​បាន​ព្យាយាម​សួរ​ដើម្បី​ផ្ចាញ់​ផ្ចាល​ព្រះ​អង្គ។ មនុស្ស​សម័យ​នោះ គិត​ឃើញ​យ៉ាង​ណា​សួរ​យ៉ាង​ហ្នឹង មិន​ចេះ​ខ្លាច​ទេ ម៉្យាង​ទៀត​មុន​នឹង​បាន​ចូល​ទៅ​សន្ទនា​ជា​មួយ​ព្រះ​ពុទ្ធ​ ពួ​កគេ​មិន​ទាំង​ទទួល​ស្គាល់​ព្រះ​អង្គ​ថា​ជា​អ្នក​ត្រាស់​ដឹង​ទៀត​ផង​ ម្នាក់​ៗ​មុន​នឹង​ទៅ​ជួប​ព្រះ​សម្មាសម្ពុទ្ធ សុទ្ធ​តែ​ត្រៀម​សំនួរ គិត​នឹង​សួរ​ឲ្យ​ព្រះ​ពុទ្ធ​ចាល់ លុះ​សួរ​ហើយ​ព្រះ​អង្គ​ដោះ​ស្រាយ​បាន​ល្អ ក៏​ត្រឡប់​ជា​បោះ​បង់​ចោល​អស្មិមានះ ហើយ​ថ្វាយ​ខ្លួន​ជា​បរិស័ទ​គ្រហស្ថ​ខ្លះ សុំ​ចូល​បួស​ខ្លះក្នុង​សំណាក់​ព្រះ​អង្គ​ខ្លះ​ ជាដើម។

      និយាយ​ត្រឡប់​ក្រោយ​វិញ​ថា រឿង​ជាតក​នានា​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា មាន​រឿង​ជា​ច្រើន​ដែល​យើង​អាច​ទុក​ចិត្ត​បាន​ថា​ជា​រឿង​ដែល​ប្រសូត​ចេញ​មក​ពី​ព្រះឱស្ឋ​របស់​ព្រះ​សម្មា​សម្ពុទ្ធ ថ្វី​ត្បិត​តែ​រឿង​មួយ​ចំនួន​ទៀត​កើត​ឡើង​ពី​ការ​ប្រឌិត​បន្ថែម​របស់​អ្នក​ប្រាជ្ញ​ខ្លះ​។ យើង​មិន​អាច​បដិសេធ​ទាំង​អស់​ថា​សុទ្ធ​តែ​ជា​រឿង​ព្រេង​និទាន ជា​រឿង​ប្រឌិត​នោះ​ទេ។​

      ការ​សរសេរ​ពី​ប្រវត្តិ​នរណា​ម្នាក់ ឬ​អតីតជាតិ​របស់​នរ​ណា​ម្នាក់​ដូច​ដែល​ញោ​ម​បាន​លើក​ឡើង​នៅ​កថាខណ្ឌខាង​ក្រោម​នោះ មិន​ជា​ការ​ពិបាក​ទេ។ អាច​សរសេរ​បាន ប្រឌិត​បានទាំង​អស់​ ហើយ​អាច​ធ្វើ​ឲ្យ​ស្តាប់​ទៅ​ដូច​ជា​មែន​ទែន​ទៀត​ផង។ រឿង​សំខាន់​មិន​មែន​ត្រង់​សាច់​រឿង​ដែល​ស្តាប់​ទៅ​ថា​គួរ​តែ​ជា​រឿង​ពិត​រឿង​មែន​នោះ​ទេ ឫស​គល់​ដែល​ធ្វើ​ឲ្យ​អ្នក​សិក្សា​ទទួល​ស្គាល់​ថា​ជា​រឿង​ពិត​រឿង​មែន​នោះ អាស្រ័យ​ទៅ​លើបុគ្គល​អ្នក​សរសេរ ឬ​អ្នក​សំដែង ថា​តើ​បុគ្គល​នោះ មាន​វិជ្ជា​អ្វី បាន​សម្រេចញាណ​អ្វី ហេតុ​អ្វី​បាន​ជា​គេ​ដឹង​ពី​អតី​តជាតិ​របស់​អ្នក​ទាំង​នោះ? បើ​អ្នក​សរសេរ​ ឬ​អ្ន​ក​សំ​ដែង​នោះ ជា​មនុស្ស​សាមញ្ញ​ធម្មតាដូច​យើង​ដូច​គេ​ដែរ​នោះ ក៏​គ្មាន​នរណា​ជឿ ឬ​ទទួល​ស្គាល់​ថា​ជា​ការ​ពិត​ដែរ យ៉ាង​ច្រើន បើ​រឿង​រ៉ាវ​ដែល​សរសេរ​ ឬ​សំដែង​មក​នោះ ជា​រឿង​មាន​គំនិត​អប់រំល្អ ជា​រឿង​ដែល​គួរ​យក​ជា​គតិ​បាន គេ​ក៏​អាច​ទទួល​យក​ទុក​ត្រឹម​តែ​ជា​រឿង​ប្រឌិត​មួយ​សម្រាប់​ជា​គតិ ជា​អក្សរសិល្ប៍សម្រាប់​អប់​រំ​មនុស្ស​តែ​ប៉ុណ្ណោះ អ្នក​ប្រាជ្ញ អ្នក​មាន​ការ​រិះ​គិត​ត្រិះ​រិះ​ពិចារណា លោកមិន​ទទួល​យក​ថា​ជា​រឿង​​ពិតរឿង​មែន​​ទេ។ បើ​និយាយ​ពី​អ្នក​មិន​បាន​ប្រើ​បញ្ញា​ក្នុង​ការ​ត្រិះ​រិះ​ពិចារណានោះ​ចេះ​តែ​ជឿ​ហើយ ជឿ​អី​ក៏​ជឿ​ដែរ ដូច​ជា​ការ​ជឿ​នូវ​បាតុភូត​ធម្មជាតិ​ផ្សេងៗដែល​កើត​មាន​ក្នុង​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ ឲ្យ​តែ​រឿង​អី​ប្លែក​ក៏​ជឿ សូម្បី​មនុស្ស​ដែល​មិន​គួរ​ឲ្យ​ជឿ​ក៏​នាំ​គ្នា​ជឿ មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ខ្មែរ​ទេ មាន​រហូត​ដល់​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង ចំណាយ​លុយ​កាក់​ប្រាក់​កាសរាប់​ពាន់​រាប់ម៉ឺន​ដុល្លារ​ទៅ​លើ​ជំនឿ ទៅ​លើ​មនុស្ស​ដែល​យក​ជំនឿ​សាសនា​ទៅ​ប្រកប​មិច្ឆាជីព។

      សរុប​សេចក្តី​មក ការ​ដែល​ធ្វើ​ឲ្យ​យើង​ជឿទុក​ចិត្ត​ចំពោះ​ព្រះ​ពុទ្ធ​ដីកា​របស់​ព្រះ​សម្មាសម្ពុទ្ធ​ គឺ​ដោយ​សារ​ការ​មាន​ តថាគតពោធិសទ្ធា យល់​ជាក់​ច្បាស់​ចំពោះ​ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មាសម្ពុទ្ធ និង​ស្គាល់​ជាក់​ច្បាស់​នូវគុណ​របស់​ព្រះ​អង្គ​ ថា​ព្រះ​អង្គ​ជា​បុគ្គល​បរិសុទ្ធ ជា​លោកវិទូ​ដ៏​ពិត​ប្រាកដ​ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ត្រាស់​ដឹង​ជា​ព្រះ​សម្មាសម្ពុទ្ធ​បាន​គឺ​ដោយ​សារ​ព្រះ​អង្គ​ទ្រង់​បាន​បំពេញ​នូវ​ពុទ្ធ​ការកធម៌​បាន​បរិបូណ៍ ដែល​ការ​កសាង​នេះ​មិន​មែន​តែ​ជាតិ​នេះ​ទេ គឺ​រាប់​អសង្ខេយ្យ​ជាតិ​មក​ហើយទម្រាំ​តែ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ។ ការ​បាន​ត្រាស់​ដឹង​របស់​ព្រះ​សម្មាសម្ពុទ្ធ​ជាការ​ក្រ​។

  5. Lovepeehs05 និយាយថា៖

    ខញុំព្រះករុណា សូមឆ្លើយត្រង់ ចំណុចដែលធ្វើអោយខ្ញុំព្រះករុណា មានចិត្តស្រាវជ្រាវចងក្រងជា រចនាសម្ព័ន្ធនយោបាយនេះឡើង គឺមានហេតុផលច្រើនយ៉ាងណាស់ ព្រះអង្គ !

    បើនិយាយពីរឿង នៅក្បែរអ្នកធំក៏ត្រូវដែរ រឿងអ្នកធំបានជួបជាច្រើន មិនមានបញ្ហាអ្វីសោះ មានតែពួកគាត់ជួយ ទំនុកបំរុង តាំងពីតូចមកម្លេះ ។ ម្យ៉ាងទៀតមកពីខ្ញុំព្រះករុណា ចូលចិត្ត ឬ ឧស្សារៀនសូត្រ និង មើលសៀវភៅ ណាស់ ស្រឡាញ់សៀវភៅណាស់ គេទៅស្រុកខ្មែរគេជួញដូរ មាសប្រាក់ របស់របរផ្សេងៗ តែខ្ញុំព្រះករុណាដើររកតែ សៀវភៅទេ ប្រមូលតែសៀវភៅ ដាក់ពេញវ៉ាល្លី មានប៉ុន្មានយកទាំងអស់ ឥឡូវនេះមានសៀវភៅ រាប់ពាន់ក្បាល ក្នុងបន្ទប់ដេក ដេកជាមួយតែសៀវភៅ រៀងរាល់ថ្ងៃ តាំងពីធ្វើដំណើរមកពីស្រុកខ្មែរវិញ ១៨ មិនា ១៩៩២ មកម្លេះ យកសៀវភៅធ្វើជាពូក ជាខ្នើយ ជាជញ្ជាំង ឬ ជាគ្រែដេក ។

    ហើយចូលចិត្តស្តាប់ពត៌មាន និង តាមដានសភាពការណ៍ណាស់ កាលពេលមុន ស្តាប់មួយថ្ងៃ ១៨ ម៉ោង មួយអាទិត្យ ៧ ថ្ងៃ មួយខែ ៣០ ថ្ងៃ មិនដែលខានសោះ ព្រមទាំងដើរធ្វើការ ដូចលោកដើរ សង្ក្រមភាវនា ធម៌ចឹងដែរ ទើបផុសគំនិតប្រាជ្ញា កើតចង់ស្រាវជ្រាវ និង ចងក្រងជា រចនាសម្ព័ន្ធនយោបាយនេះឡើង ពាក្យមួយទៀតគេថា “សុខចិត្តលែងប្រពន្ធ តែមិនលែងសៀវភៅទេ” បើស្លាប់ទៅ ប្រហែលយកសៀវភៅ សំរាប់បូជាហើយមើលទៅ សៀវភៅអីក៏ដោយ ក៏មើលទៅជារបស់ មានប្រយោជន៍ដែរ ឃើញសៀវភៅ ដូចឃើញមាស ឃើញពេជ្រ ចឹងដែរ អញ្ចឹងហើយបានជា ចំណាយពេលវេលាច្រើនណាស់ សំរាប់ការ សរសេរ ឬ ចងក្រងសៀវភៅ ប្រព័ន្ធនយោបាយនេះ គិតឃើញថាវាសំខាន់ណាស់ សំខាន់សម្រាប់ មនុស្សទូទាំងសាកលលោកតែម្តង ! ។ល។៚…

    • ​សេចក្តី​ព្យាយាម​ក្នុង​ការ​សិក្សា​រៀន​សូត្រ​របស់​ញោម ទាំង​ការ​ស្តាប់​ទាំង​ការ​អាន​ និង​ការ​តាម​ដាន​ពិនិត្យ​ពិចារណា​គ្រប់​ហេតុការណ៍​ដែល​ញោម​បានធ្វើ​នោះ​ពិត​ជា​មធ្យោ​បាយ​ដ៏​ប្រសើរ​មួយ​ហើយ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជា​បញ្ញា​ជន។ តាម​ការ​រៀប​រាប់​របស់​ញោម ពិត​ជា​អស្ចារ្យ​ណាស់​ ហើយ​អាត្មា​ក៏​សូម​កោត​សរសើរ​ចំពោះ​វិរយភាព​របស់​ញោម នៅ​ក្នុង​ដំណើរ​សិក្សា​ស្រាវ​ជ្រាវ​នេះ។ ការ​អាន ការ​ស្តាប់ ការ​ត្រិរិះ​ពិចារណា និង​ការ​អនុវត្ត​ ជា​កត្តា​សំខាន់​ណាស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ អ្នក​ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ មិន​ងាយ​ជួប​ប្រទះ​ភាព​បរាជ័យ​ទេ ដូច​ព្រះ​សម្មាសម្ពុទ្ធ​ក៏​ទ្រង់​សំដែង​ហើយ​ដែរថា សេចក្តី​ព្យាយាម​នាំ​ឲ្យ​រួច​ចាក​សេចក្តី​ទុក្ខ។ ដូច្នេះ​ហើយ បើកាល​ណា​យើង​មាន​សេចក្តី​ព្យាយាម​ហើយ បើ​ទុក​ជា​មិន​បាន​សម្រេច​តាម​បំណង​ក៏​ដោយ ក៏​មិន​ជា​ការ​សោក​ស្តាយ​អ្វី​ដែរ ហើយ​ក៏​មិន​មែន​ជា​រឿង​ឥត​ប្រយោជន៍​ឡើយ ព្រោះ​វា​ជា​បច្ច័យ​នៃ​សេចក្តី​សម្រេច​ទៅ​ក្នុង​ពេល​ខាង​មុខ​ទៀត។ បើគិត​មើល​ទៅ​ អាត្មា​មិន​ទាន់​មាន​សេចក្តី​ព្យាយាម​ប្រហែល​ញោ​ម​ទេ នៅ​ត្រូវ​បន្ថែម​ល្បឿន​តទៅ​ទៀត។

      • khiev sochetra និយាយថា៖

        ខ្ញុំព្រះករុណា សូមចូលរួមគាំទ្រ ទាំងស្រុង នៅអ្វីដែលព្រះគ្រូម្ចាស់ (ភិក្ខុធម្មានន្ទ) លើកឡើង។

    • khiev sochetra និយាយថា៖

      មតិដែលលោកម្ចាស់លើកឡើង ស្តាប់ទៅដូចជាមិនសូវចូលត្រចៀកសោះ អួតមហាសែនអួត ប៉ុន្តែ ការវិភាគខាងទ្រឹស្តីព្រះពុទ្ធសាសនា ជាមនុស្សឆ្វេងនិយម ដូចត្រីមិនស្គាល់ទឹកទៅវិញ តើមានន័យអ្វី? ការចងក្រងសៀវភៅ ប្រព័ន្ធនយោបាយរបស់អ្នក ប្រយ័ត្នក្លាយជានយោបោក។ តែអ្នកមិនអាចបោកបណ្ឌិតបានទេ មានតែមនុស្សល្ងីល្ងឺ មិនស្គាល់ពីគុណតម្លៃ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ ដែលអ្នកអាចបោកបាន មិនអីចឹង?
      សូមពិចារណាឡើងវិញ ទ្រឹស្តីបស់អ្នកដូចជាឆ្វេងនិមយពេកហើយ។ ខ្ញុំព្រះករុណាចង់សួរថា តើលោកម្ចាស់ជាអ្នកបួស ឬជាគ្រហស្ថ? បើជាគ្រហស្ថ ហេតុអ្វីក៏ដាក់រូបលោកទៅវិញ? ខ្ញុំព្រះករុណា សូមខមាទោស ប្រសិនបើ ជាអ្នកបួស។ បើ ពិតជាអ្នកបួស សូមមើលបិដកផង ហើយពិចារណាឱ្យឃើញប្រត្យក្ស ប្រកបដោយបញ្ញា កុំចេះតែជឿ ដោយឥតហេតុផល កុំមួលពុទ្ធដីកាព្រះ យកខុសជាត្រូវ យកត្រូវជាខុស។ សូមអរព្រះគុណ!!!

  6. Hout Hina និយាយថា៖

    ខ្ញុំជាសិស្សម្នាក់ប៉ុន្តែខ្ញុំពិតជាចង់ដឹងថា ទង់សាសនាទាំងអស់នឹង មានរឿងអ្វីដែលបង្កើតឲ្យមានទង់នេះ ? ហើយមានសាច់រឿងព្រះពុទ្ធណាខ្លះដែឡបង្ហាញពី ពណ៌ទង់នៃទង់នេះ ? សូមជួយលើកសាច់រឿងមក​បង្ហាញខ្ញុំផង ?

  7. Pingback: ព្រះពុទ្ធសាសនា |

  8. Pingback: ស្វែង​យល់​ពី​អត្ថន័យ​ពណ៌​ទាំង​៦​របស់​ទង់​ព្រះ​ពុទ្ធ​សាសនា​ -

  9. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  10. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s