មង្គលសូត្រ ឬមង្គល ៣៨ប្រការ

មង្គលសូត្រ​ ឬ​ មង្គល​ ៣៨ ប្រការនេះ ឃើញ​មាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​អ៊ិន​ធើ​ណិត​ជា​ច្រើន​កន្លែង​ហើយ​ ប៉ុន្តែ​សូម​យក​មក​ដាក់​ផ្សាយ​ក្នុង​ទីនេះ​ម្តង​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ និង​ការ​ប្រតិបត្តិ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ជួប​បាន​ឃើញ ឬ​ អ្នក​ដែល​ធ្លាប់​បាន​ប្រទះ​បាន​អា​ន​ហើយ​នឹង​ធ្វើ​ឲ្យ​រឹង​រឹត​តែ​បាន​ភ្លឺ​ស្រឡះ​ច្បាស់​ឡើង​ថែ​មទៀត។ អ្នក​ដែល​ចង់​បាន​មង្គល​ជីវិត​ ចង់​បាន​សេចក្តី​សុខ​សួស្តី គប្បី​បដិបត្តិ​តាម​គោល​នៃ​មង្គល​នេះ​ នឹង​បាន​សម្រេច​តាម​សេចក្តី​ប្រាថ្នា​ ព្រោះ​ថា​មង្គល​ទាំង​ឡាយ​មិន​អាច​កើត​ឡើង​ពី​ការ​បួង​សួង​បន់​ស្រន់​ឡើយ គឺ​កើត​ចេញ​ពី​សេចក្តី​ល្អ​ដែល​យើង​បាន​ធ្វើ​ បដិបត្តិ​ត្រឹម​ត្រូវ​តាម​ផ្លូវ​សម្មា​ទិដ្ឋិ​ មង្គលសូត្រ​នោះ ​មាន​ដូច​​តទៅ​នេះ​៖

 ឯវមេ សុត្តំ ​(សូត្រ​នេះ​ឈ្មោះ​មង្គល​សូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អា​នន្ទ បាន​ស្តាប់​មក​ហើយ​យ៉ាង​នេះ​ថា​)​ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ​ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ ក្នុង​វត្ត​ជេត​ពន ជា​អារាម​របស់​អានាថ​បណ្ឌិក​សេដ្ឋី ទៀ​ប​ក្រុង​សាវត្ថី​ ។​

 អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់​នោះ​ឯង ទេវតា​អង្គ១ កាល​ដែល​វេលា​រាត្រី​បឋម​យាម កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​ល្មម​ញ៉ាំង​វត្ត​ជេត​ពន ជុំវិញទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ទី​ណា ក៏​ចូល​ទៅ​ក្នុង​ទី​នោះ លុះ​ចូល​ទៅ​ដល់​ហើយ ​ទើប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាល​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ជា​គា​ថា (យ៉ាង​នេះ) ថា

 ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំព្រូហិ មង្គលមុត្តមំ
ទេវតា​និង​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន ប្រាថ្នា​នូវ​សេចក្តី​សួស្តី បាន​គិត​រក​នូវ​មង្គល​ទាំង​ឡាយ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា សំដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម

(ព្រះដ៏មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សំ​ដែងតប​ពាក្យ​ទេវតា​នោះ​ដោយ​ពុទ្ធភា​សិត​ជា​គា​ថា​យ៉ាង​នេះ​ថា)

 អសេវនា ច ពាលានំ បណ្ឌិតានញ្ខ សេវនា បូជា ច បូជនិយានំ ឯតម្មង្គលមុត្តមំ
កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ទាំង​ឡាយ​១ កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ​១ កិរិយា​បូជា​ដល់​បុគ្គល ដែល​គួរ​បូជា​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។

 បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អត្តសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ
កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ​១ ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ ទុក​ហើយ​ក្នុង​កាល​មុន​១ កិរិយា​ដំកល់​ខ្លួ​ន​ដោយ​ប្រពៃ១​ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ។

 ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិត្តោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តំ
ភាវៈ​នៃ​បុគ្គល​បាន​ស្តាប់ បាន​រៀន​ហើយ​ដោយ​ច្រើន​១ សិល្ប៍​សាស្ត្រ​គឺ​សេចក្តី​ឆ្លៀវ​ឆ្លាស់​ក្នុង​ហត្ថកម្ម​ របស់​អ្នក​បួស​និង​គ្រហស្ថ១​ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ​១​វាចា​ដែល​បុគ្គល​ពោល​ត្រឹម​ត្រូវ​១ ទាំង​៤នេះ​ ជា​មង្គល​ដ៏​ឧត្តម ។

 មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ
កិរិយា​បំរើ​នូវ​មាតា​១ កិរិយា​បំរើនូវ​បិតា​១ សេចក្តី​សង្រ្គោះ​ដល់​បុត្រ​និង​ភរិយា​១ ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។

 ទានញ្ច ធម្មចរិយា ច ញាតិកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ
កិរិយា​បរិច្ចាគទាន​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌១ សេចក្តី​សង្រ្គោះ ដល់​ញាតិ​ទាំង​ឡាយ១​ ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស​១ ទាំង​៤នេះ ជា​មង្គល​ដ៏​ឧត្តម ។

 អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ
កិរិយា​មិន​ត្រេក​អ​​រក្នុង​បាប និង​កិរិយា​វៀរ​ចាក​បាប​១ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង​១ សេចក្តី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ​។

 គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ
សេចក្តី​គោរព​ចំពោះ​បុគ្គល ដែល​គួរគោរព​១ កិរិយា​ប្រព្រឹត្ត​បន្ទាប​នូវ​ខ្លួន​១ សេចក្តី​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន​១ ភាវៈ​នៃ​បុគ្គល​អ្នក​ដឹង​នូវ​ឧបការៈ ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន១ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល​១ ទាំង​៥​នេះ ជា​មង្គល​ដ៏​ឧត្តម ។

 ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ
សេចក្តី​អត់​ធន់​១ ភាវៈ​នៃ​បុគ្គល​ដែល គេ​ប្រដៅ​បាន​ដោយ​ងាយ​១ កិរិយា​បាន​ឃើញ​បាន​ជួប​នូវ​សមណៈ​ទាំង​ឡាយ​១ ធម្មសាកច្ឆា​គឺ​កិរិយា សន្ទនា​ទៅ​វិញ​ទៅ​មក នូវធម៌​តាម​កាល​១ ទាំង​៤​នេះ ជា​មង្គ​ល​ដ៏​ឧត្តម ។

 តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ
សេចក្តី​ព្យា​យាម​ដុត​នូវ​បាប​ធម៌​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​១ កិរិយា​ឃើញ​នូវ​អរិយសច្ចៈ​ទាំង​ឡាយ១​ កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។

 ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ
ចិត្ត​នៃ​បុគ្គល​ឯ​ណា ដែល​លោក​ធម៌​ទាំង​ឡាយ​ពាល់​ត្រូវ​ហើយ មិ​ន​រំភើប​ញាប់​ញ័រ​១ មិន​មាន​សេចក្តី​សោក​១ មាន​ធុលី​គឺ​រាគៈ​ទៅ​ប្រោស​ហើយ​១ ជា​ចិត្ត​ក្សេម​ក្សាន្ត​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។

 ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ
ទេវតា​និង​មនុស្ស​ទាំង​ឡាយ ធ្វើ​នូវ​មង្គល​ទាំង​ឡាយ ប្រាកដ​ដូច្នេះ​ហើយ ជា​អ្នក​មិន​ចាល​ចាញ់​ក្នុង​ទី​ទាំង​ពួង តែង​ដល់​នូវ​សេរី​សួស្តី​ក្នុង​ទី​ទាំង​ពួង (ម្នាល​ទេវ​តា ចូរ​អ្នក​ប្រ​កាន់​ជឿ​ថា) មង្គល​ទាំង​៣៨​ប្រការ មាន​កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ជា​ដើម​នោះ របស់​ទេវតា​និង​មនុស្ស ទាំង​អម្បាល​ណោះ​ ជា​មង្គល​ដ៏​ឧត្តម​ ។ (ចប់)

សេចក្តី​ដក​ស្រង់​ជា​សម្រាយ​សុទ្ធ​ងាយ​ចង​ចាំ «មង្គល​៣៨​ប្រការ​»

១. កិរិយា​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ (អសេវនា ចពាលានំ )
២. កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ (បណ្ឌិតានញ្ច សេវនា )
៣. កិរិយា​បូជា​ដល់​បុគ្គ​ល​ដែល​គួរ​បូជា (បូជា ចបូជនីយានំ )
៤. កិរិយា​រស់​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ (បដិរូប​ទេស​វា​សោ ច )
៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ​ កតបុញ្ញតា )
៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (អត្ត​សម្មា​បណី​ធិ ច )
៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀន​សូត្រ​ចេះ​ដឹង​ច្រើន (ពា​ហុ​សច្ច )
៨. សេចក្តី​ឆ្លៀវ​ឆ្លាត​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​ទាំង​ពួង ( សិប្បៈ )
៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ច សុសិក្ខិតោ )
១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភា​សិតា ច យា វាចា )
១១-១២. កិរិយា​បម្រើ ឬ ទំនុក​បម្រុង​មាតា​និង​បិតា (មាតាបិតុ ឧបដ្ឋានំ )
១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (បុត្តទារ​ស្ស​សង្គហោ )
១៤. ការ​ងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់ ( អនាកុលា ចកម្មន្តា )
១៥. កិរិយា​បរិច្ចាគ​ទាន​ (ទានំ )
១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (ធម្មចរិយា )
១៧. កិរិ​យា​សង្គ្រោះ​ញាតិ​ទាំង​ឡាយ ( ញាតកានញ្ច សង្គហោ )
១៨. កិរិយា​ប្រ​កប​ការ​ងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស ( អនវជ្ជានិ កម្មានិ )
១៩. កិរិយា​មិន​ត្រេក​អរ​ក្នុង​បាប​និង​កិរិយា​វៀរ​ចាក​បាប ( អារតី វិរតីបាបា )
២០. សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ( មជ្ជបានា ច សញ្ញាមោ )
២១. ការ​មិន​ប្រមាថ​ក្នុង​ធម៌​ទាំង​ឡាយ ( អប្បមាទោ ចធម្មេសុ )
២២. កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ( គាររោ ច )
២៣. កិរិយា​ប្រព្រឹត្ត​បន្ទាប​ខ្លួន​( និវាតោ ច )
២៤. សេចក្តី​សណ្តោស​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន (សន្តុ​ដ្ឋី ច )
២៥. ភាព​ជា​អ្នក​ដឹង​ឧបការ​គុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ( កត​ញ្ញូ​តា )
២៦. កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ( កា​លេន ធម្ម​ស្សវនំ )
២៧. សេចក្តី​អត់​ធ្មត់ (ខន្តិ ច )
២៨. ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀន​ប្រដៅ​បាន​ដោយ​ងាយ (សោវ​ចស្សតា )
២៩. កិរិយា​បាន​ឃើញ បាន​ជួប​នូវ​ស​មណៈ​ទាំង​ឡាយ​ដែល​មាន​ឥន្ទ្រីយ៍​ស្ងប់​រំងាប់​ហើយ​(សមណា​នញ្ច ទស្សនំ )
៣០. កិរិយា​សន្ទនា​សាក​សួរ​នូវ​ធម៌​តាម​កាល (កាលេន​ធម្មសា​កច្ឆា)
៣១. សេចក្តី​ព្យា​យាម​ដុត​នូវ​បាប​ធម៌ ( តបោ ច )
៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (ព្រហ្ម​ចរិ​យញ្ច )
៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំង​ឡាយ​(បរិយ​សច្ចាន ទស្សនំ )
៣៤. កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់​ខ្ពស់ ( និព្វាន​សច្ឆិរិយា ​ច ​)
៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ ( ផុជ្ឋស្ស លោក​ធម្មេហិ​ចិត្តំ​យស្ស ន កម្បតិ )
៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយ​សោក​ចំពោះ​អារម្មណ៍ (អ​សោកំ )
៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាត​ចាក​កិលេស ( វីរជំ )
៣៨. ចិត្ត​ក្សេម​ក្សាន្ត​ (ខេមំ)
—————————————-
ប្រភព៖ ហ្វេសប៊ុក KHMER BUDDHISM: ព្រះពុទ្ធសាសនាខ្មែរ

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ពុទ្ធភាសិត, ព្រះធម៌, ព្រះពុទ្ធសាសនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

9 Responses to មង្គលសូត្រ ឬមង្គល ៣៨ប្រការ

  1. savieth និយាយថា៖

    This website is useful for all kon khmers. i like this website. i always visit. thanks preasdech kun for try your best to make this website and share to all kon khmers.

  2. Lovepeehs05 និយាយថា៖

    ខ្ញុំព្រះករុណាធ្លាប់រៀនដែរ តែរៀនតែភាសាបាលី គ្រាន់តែសូត្រប៉ុណ្ណោះ តែមិនបានដឹងប្រែមានន័យល្អ ដូច្នេះទេ ចឹងព្រះអង្គពិតជាឆ្លាតមែន បានដកស្រង់យកមកចែកគ្នាមើល ពីព្រោះពេលបុណ្យម្តងៗ លោកសូត្រ ក៏មិនឮសូត្រប្រែដែរ តែបាលីសុទ្ធ ចឹងដូចជាគ្រាន់តែពិរោះត្រចៀកប៉ុណ្ណោះ អត់ដឹងន័យរបស់ធម៌ ដល់តែដឹងពិតជាមានប្រយោជន៍មែន ! សូមអរព្រះគុណ !!

    តែអ្នកសរសេរឬចម្លង ច្រឡំពាក្យមួយម៉ាត់ អត្ត ទៅជា អគ្គ នៅមង្គលទីពីរ ។

    • ពិត​មែន​ហើយ​ញោម​ ការ​សូត្រ​បាលី​សុទ្ធ​នោះ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​ ហើយ​ក៏​មាន​តិច​តួច​ណាស់​ដែល​សូត្រ​ប្រែ។ អរគុណញោមដែល​បាន​ប្រាប់​ពី​កន្លែង​ខុស​អក្ខរាវិរុទ្ធ​បាលី អាត្មា​ក៏​មិន​បាន​ចាប់​អារម្មណ៍​ទៀត ព្រោះ​មើល​ទៅ ត្ត និង គ្គ ស្រដៀងគ្នា មិនបាន​ពិនិត្យ​ឲ្យ​ជិត​ដិត។

  3. Chan Choth និយាយថា៖

    Is there any MP3 for this one? Thanks.

  4. Pingback: ព្រះពុទ្ធសាសនា |

  5. ទឹក សន្សើម និយាយថា៖

    ខ្ញុំព្រះករុណា សូមពិតទូលសួរ អំពីគម្ពីរធម់ដែលមានសូត្រជយន្តោ?

  6. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s