ពុទ្ធសាសនានិងដែនសុវណ្ណភូមិ

១. កម្ពុជា
ក. ទីតាំង

ប្រទេស​កម្ពុជា​ស្ថិត​នៅ​ទ្វីប​អាស៊ី​អាគ្នេយ៍ ត្រង់​ភាគ​ខាង​ត្បូង​នៃ​ឧបទ្វី​ប​ឥណ្ឌូ​ចិន ចន្លោះ​ខ្សែ​ស្រប​​ទី១០​ និង ទី​១៥ នៃ​រយៈ​ទទឹង​ខាង​ជើង និង​ចន្លោះ​ខ្សែ​បណ្តោយ​ទី ១០២ និង ទី១០៨ ​នៃ​​រយៈ​បណ្តោយ​ខាង​កើត ។ ដូច​នេះ ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់​ត្រូ​ពិក ត្រង់​អឌ្ឍគោល​ខាង​​ជើង​ដែល​ជា​តំបន់​មាន​ជី​រ​ជាតិ​ហើយ​មាន អំ​ណោយ​ផល​ដល់​ការ​លូត​លាស់​នៃ​រុក្ខ​ជាតិ​និង​​ដំណាំ​ផ្សេង​ៗ​គ្រប់​ប្រ​ភេទ។ កម្ពុជា​មាន​រាង​ជា​ពហុកោណ​ស្ទើរ​ស្មើ​ជ្រុង​ មានព្រំ​ប្រទល់​ខាង​​ជើង​ជាប់​ប្រទេស​ថៃ​ហើយ​មួយ​ភាគ​ធំ​ជាប់​នឹង​ប្រទេស​ឡាវ​ខាង​កើត​និង​ខាង​ត្បូង ​មួយ​​ភាគ​ជាប់​នឹង​ប្រទេស​វៀត​ណាម​ខាង​ត្បូង មួយ​ភាគ​ទៀត​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​ ខាង​លិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ ហើយ​មួយ​ភាគ​ទៀត​ជាប់​នឹង​ប្រទេស​ថៃ ។

ខ. ផ្ទៃដី
ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។

គ. ប្រជាជន

ចំនួន​ប្រជាជន​នៅ​កម្ពុជា តាម​អ្នក​ប្រាជ្ញ​ខាង​ជាតិ​ពន្ធុ​វិទ្យា​បាន​សន្និដ្ឋាន​ថា ពួក​​អូ​ស្ត្រាលី​អ៊ីដ​និង​​ពួក​មេឡានេ​ស៊ី សម្បុរ​ខ្មៅ បាន​មក​នៅ​ឥណ្ឌូចិន​តាំង​ពី​ច្រើន​ស.វ. មុន​គ.ស ម៉្លេះ ។ ​បន្ទាប់​មក មាន​ពួក​ឥណ្ឌូនេ​ស៊ី​ ជា​ជន​ជាតិ​ស្បែក​លឿង​ចូល​មក​នៅ​លាយ​ឡំ​នឹង​ប្រជាជន​ចាស់ បង្ក​បង្កើត​ឡើង​ជាជន​ជាតិ​សាសន៍​មន-ខ្មែរ។ ក្រោយ​មក មាន​ពួក​ឥណ្ឌា​ជា​អ្នក​ជំនួញ ជា​អ្នក​ភៀស​ខ្លួន​ពី​សង្គ្រាម​និង​ជា​អ្នក​ផ្សាយ​សាសនា បាន​មក​រស់​នៅ​លាយ​ឡំ​ជា​មួយ​ម្ចាស់​ស្រុក​ដើម បង្ក​បង្កើត​បាន​ជា​អរិយ​ធម៌​មួយ ។ តែ​ពួក​កុល​សម្ព័ន្ធ​ខ្លះ ពុំ​ព្រម​ទទួល​យក​នូវ​បញ្ហា​ទាំង​នេះ ។​ ក្រោយ​មក​ទៀត​មាន​ជាតិ​សាសន៍​ផ្សេង​ៗ​បាន​មក​រស់​នៅ​ជា​បន្ត​បន្ទាប់ ដូចជា​ជាតិ​ជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិ​ចិន (ស.វ.ទី ១៣) រៀត​ណាម ឡាវ ចាម ភូមា ជាដើម។ ហេតុ​នេះ​បាន​ជា​គេ​ឃើញ​មាន​មនុស្ស​ផ្សេងៗ​គ្នា​ជា​ច្រើន រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។ ​ស្ថិតិ​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ ១៩៦២ មាន​ចំនួន៩.៧២៨.៧៧១ នាក់ ក្នុង​ពេល​នោះ​មាន​ជន​ជាតិ​ខ្មែរ​ប្រហែល​ជា ៥ ភាគ ៦។​

ឃ. ជនជាតិផ្សេង ក្រៅពីជនជាតិខ្មែរមាន

-ពួក​កុល​សម្ព័ន្ធ មាន​ច្រើន​ក្រុម ដូច​ជា​ពួក​ព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួក​គេ​រស់​នៅ​ដាច់​​ស្រយាល​ពី​គេ, ប្រកប​អាជីវ​កម្ម​ប្រមាញ់ នេសាទ និង​កសិកម្ម​នៅ​ព្រៃ​ដុត ។
-ពួក​ចំណូល​ស្រុក ឬ​ខ្មែរ​ចូល​ជាតិ ជា​ប្រជាជន​ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​យារ​ណាស់​មក​ហើយ មាន​សិទ្ធិ និង​កាតព្វ​កិច្ច​ដូច​ខ្មែរ​ដែរ ។ ជន​​ជាតិ​ទាំង​​នេះ​​មាន​​ចាម ជ្វា ឡាវ​វៀតណាម និងភូមា…។

២. តើខ្មែរជានរណា?

ជា​យូរ​យារ​ណាស់​មក​ហើយ អ្នក​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខ្មែរ បាន​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​កំណើត​​ខ្មែរ​​នេះ ។ ពួក​​គេ​បាន​បញ្ចេញ​យោបល់​ប្លែក​ៗ​គ្នា ហើយ​ជួន​កាល​ផ្ទុយ​ស្រឡះ​តែម្តង ។ ប៉ុន្តែ​យោបល់​ទាំង​នោះ​អាច​ចែក​ជា​ពីរ​ក្រុម​គឺៈ​

ក- យោបល់ទី១

ពួក​គេ​ទទួល​ថា​ជាតិ​ខ្មែរ ជា​ជាតិ​ប្រវេសន៍ (Race immigré) ចេញ​ពី​ប្រទេស​ឥណ្ឌា​ហើយ​បាន​លុក​លុយ​ដណ្តើម​យក​ទឹក​ដី​របស់​ជន​ជាតិ​ដើម​មួយ (Race Autochtone) គឺ​ជន​ជាតិ​ក្នុង​​អំបូរ​ម៉ាឡាយូ​ប៉ូលី​នេ​ស៊ី​យ៉េន (Race Malayopolynésienne) នេះ​ឯង ។ ទស្សនៈ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Hendrike Kerne ។ បន្ទាប់​មក​ទៀត ក៏​មាន​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​​យល់​ស្រប​តាម​ដូច​ជា​លោក​Adhémard Leciére និង​លោក​Pierre Gourou ជា​ដើម។​ ​លោក Pierre Gourou បាន​បញ្ជាក់​ថា​ជន​ជាតិ​ខ្មែរ​ប្រហែល​ជា​ត្រូវ​ពួក ទ្រា​វិឌ ឬ​ពួ​កអារ្យ​ច្រាន​ចេញ​ពី​ឥណ្ឌា ហើយ​ដោយ​មាន​សេស​សល់​ក្រុម​ខ្លះ​ដូច​ជា​ពួក​មុណ្ឌ បាន​មក​លុក​លុយ​ប្រទេសភូមា​ប្រទេស​សៀម​និង​ប្រទេស​កម្ពុជា ។ លោក​Etienne Aymonier ដែល​យល់​ថា​ក្រុម មន​-​ខ្មែរ​ មណ្ឌុ​មាន​តាំង​ពី​ដើម​នៅ​ជើង​ភ្នំ​ទី​បេត៍ ហើយ​ក្រោយ​មក​បាន​បំបែក​ជា​ពីរ​ក្រុម​ ​គឺ មន​-​ខ្មែរ ចូល​មក​តាំង​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ឯ​មួយ​ក្រុម​ទៀត​គឺ​មណ្ឌុ ចូល​ទៅ​ក្នុង​​ប្រទេស​ឥណ្ឌា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ​។​

ខ-យោបល់ទី២

​ទទួល​ស្គាល់​ថា ជន​ជាតិ​ខ្មែរ​ជា​ជន​ជាតិ​មួយ​ស្ថិត​នៅ​ក្នុង​ក្រុម មន​-​ខ្មែរ ហើយ​បាន​កើត​ឡើង​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នេះ តាំង​ពី​បុរាណ​មក ។ នេះ​គឺ​ជា​យោបល់​របស់​លោក Bernard ​Philiffe Groslier បច្ចុប្បន្ន​ជា​អភិរក្ស​អង្គរ និង​លោក Mace Talahot ជា​ដើម ​។ លោក​ទាំង​ពីរ​នេះ​បាន​យល់​ឃើញ​ថា ក្នុង​សម័យ​ឌុណូ ប្រវត្តិ​សាស្ត្រ​ដ៏​យូរ​លង់​ណាស់​មក​ហើយ មាន​មនុស្ស​ជា​ច្រើន​ក្រុម​បាន​ធ្វើ​ដំណើរ​ពី​ខាង​ជើង​ចុះ​មក​ភាគ​អាស៊ី​អាគ្នេយ៍​ដូច​ពួក​អូស្ត្រាឡូអ៊ីដ (Autraloïdes)មេ​ឡានេ​ស៊ី​យាង (Mélanésiens) ។ អំបូរ​មន-ខ្មែរ​បាន​កើត​ឡើង​ដោយ​ការ​កាត់​ផ្សំ​រវាង​ពួក​ឥណ្ឌូនេស៊ី​យាង​និង​មេឡា​នេ​ស៊ី​យាង ហើយ​បាន​រស់​នៅ​រាយ​ប៉ាយ​លើ​ទឹក​ដី​ដែល​លាត​សន្ធឹង​ពី​ឥណ្ឌូ​ចិន​ជ្រោយ​ម៉ា​ឡាយូ រហូត​ដល់​ព្រំ​ប្រទល់​ប្រទេស​ឥណ្ឌា ។

គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈស្របទៅនឹងទស្សនៈ​របស់​ខ្មែរ ពី​ព្រោះ​បើ​យើង​សំអាង​ទៅ​លើ​រឿង​ព្រេង​ខ្មែរ ដោយ​សារ​តែ​មាន​នាង​នាគ​នៅ​ស្រុក​​ខ្មែរ​នេះ​ឯង ទើប​ព្រះ​ថោង​ដែល​គេ​ថា​មក​ពី​ស្រុក​ឥណ្ឌា បាន​ជួប​ប្រភព​គ្នា​ហើយ​បាន​គ្រប់​គ្រង​ស្រុក​គោក​ធ្លក​នេះ​ឯង ។ បាន​សេចក្តី​ថា លុះ​ត្រា​តែ​មាន​ជន​ជាតិ​ខ្មែ​នៅ​លើ​កោះ​គោក​ធ្លក​នេះ​ដែរ ទើប​ឥណ្ឌា​អាច​ផ្សាយ​អរិយធម៌​របស់​ខ្លួន​បាន​ខ្លះ​ចូល​ស្រុក​ខ្មែរ ។ សេចក្តី​ក្នុង​រឿង​ព្រេង​នេះ​សរ​ឲ្យ​ឃើញ​ថា ចំពោះ​ខ្មែរ​យើង ជាតិ​ខ្មែរ​មាន​ប្រភព​នៅ​ស្រុក​ខ្មែរ​នេះ​ឯង ។ ចំពោះ​បញ្ហា​ដើម​កំណើត​នៃ​ជាតិ​សាសន៍​ខ្មែរ​នេះ​អ្នក​ប្រាជ្ញ​អន្តរជាតិ​បាន​បញ្ចេញ​សម្មតិ​កម្ម​ច្រើន​បែប​យ៉ាង​ណាស់ ។ តែ​លោក​បាន​ស្រប​យោបល់​គ្នា​ត្រង់​ចំណុច​ដែល​ថា ​ខ្មែរ​ជា​ជន​ជាតិ​មួយ​ស្ថិត​នៅ​ក្នុង​អំបូរ​ពិសេស​មួយ​គឺ​អំបូរ​មន​-​ខ្មែរ ឬ​ខម​នេះ​ឯង។ ថ្មីៗនេះ​លោក​បណ្ឌិត មីសែល ត្រាណេ លោក​ជា​អ្នក​ស្រាវ​ជ្រាវ​វប្បធម៌​ខ្មែរ ស្នា​ដៃ​របស់​លោក​សម​ស្រប​ជា​មួយ​មតិ​ទី២ គឺ​លោក​បាន​បញ្ជាក់​ថា​ខ្មែរ​មាន​ជីវិត​លើ​ទឹក​ដី​ខ្មែរ​តាំង​ពី ៦៨០.០០០ឆ្នាំ​មុន​គ.ស មក​ដល់ សត​វត្ស​ទី១ នៃ​គ.ស ។ សម័យ​នេះ ជា​សម័យ​ថ្ម​គ្រួស​បំបែក ដែល​មាន​អាយុ ៦៨០.០០០​ដល់​​ឆ្នាំ​១២០.០០០ ឆ្នាំ​មុន​គ.ស ។ យុគ​នេះ​អាច​ជា​ការ​ចាប់​ផ្តើម​នៃ​អរិយ​ធម៌​ខ្មែរ ហើយ​ការ​ចង​ក្រង​ទំព័រ​​ប្រវត្តិសាស្រ្ត​កម្ពុជា ត្រូវ​ស្ថិត​នៅ​លើ​សម្ភារៈ​វប្បធម៌​កម្ពុជា​ដំបូង​បង្អស់​ជា​មូលដ្ឋាន​។ វប្បធម៌ អរិយធម៌​ខ្មែរ ដូច​បាន​បញ្ជាក់​ជូន​ខាង​លើ ​ក៏​អាច​បង្ហាញ​ឲ្យ​អ្ន​ក​សិក្សា​ស្រាវ​ជ្រាវ​វិភាគ​បាន​ពី​ប្រភព​ព្រះ​ពុទ្ធសាសនា នៅ​កម្ពុជា​ដែរ​ ។​

៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា

​ដូច​យើង​បាន​បញ្ជាក់​ខាង​លើ​រួច​មក​ហើយ​ថា ព្រះ​ពុទ្ធសាសនា​មាន​ដើម​កំណើត​នៅ
ប្រទស​ឥណ្ឌា​ហើយ​ត្រូវ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តា​ប្រទេសនានា​នៅ​លើ​ពិភព​លោក ​ជា​ពិសេស​នៅ​លើ​បណ្តា​ប្រទេស​មួយ​ចំនួន​នៃ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​យើង​នេះ ​។ ប្រទេស​កម្ពុជា​យើង ព្រះពុទ្ធ​សាសនា​បាន​ចូល​មក​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ ហើយ​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ក្លា​ព្រម​ទាំង​ជះ​ឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ក្រអៅ​បេះ​ដូង​នៃ​ចិត្ត​គំនិត​ទំនៀម​ទម្លាប់ ប្រពៃណី​ សិល្បៈ​ វប្បធម៌​នៃ​មនុស្ស​ខ្មែរ​យើង ​។ ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ចូល​មក​ដល់ ឬ​វត្ត​មាន​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ជា​បញ្ហា​មួយ​ដែល​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​អ្នក​សិក្សា​អក្សរសាស្រ្ត​និង​វប្បធម៌​ទូ​ទៅ​តែង​តែ​ចោទ​​សួរ​ថា តើ​ព្រះ​ពុទ្ធសាសនា​បាន​មក​ដល់​ប្រទស​កម្ពុជា​តាំង​ពី​ពេល​ណា?​ បញ្ហា​បរិច្ឆេទ​នៃ​ការ​ចូល​មក​ដល់​នៃ​លទ្ធិ​ពុទ្ធសាសនា​នេះ យើង​គួរ​សិក្សា​ឲ្យ​បាន​ដឹង​ច្បាស់​ព្រោះ​បញ្ហា​នេះ វា​បាន​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ការ​រីក​ចំរើន​របៀប​​របប​ការ​រស់​នៅ និង​និន្នាការ​របស់​សង្គម​ខ្មែរ​យើង​នៅ​គ្រប់​ដំណាក់​កាល​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​រយៈ​កាល​កន្លង​មក ។ បញ្ហា​នេះ អ្នក​សិក្សា​ជា​ច្រើន​បាន​ស្រាវ​ជ្រាវ​ឃើញ​កាល​បរិច្ឆេទ​ខុស​ៗគ្នាៈ​

– មាន​អ្នក​សិក្សា​ខ្លះ​បក​ស្រាយ​ថា ព្រះ​ពុទ្ធ​សាសនា​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង​​តាំង​ពី​ស.វ​ទី៣ ឬ​ទី២ មុន​គ.ស ដោយ​សំអាង​ទៅ​លើ​ប្រវត្តិ​សាស្រ្ត​នៃ​ព្រះ​បាទ​ធម្មា​សោក​នៃ​ប្រទេស​ឥណ្ឌា ដែល​ព្រះ​អង្គ​ជា​មហា​ពុទ្ធសាស​និក​ជន​មួយ​រូប គោរព​ព្រះ​ពុទ្ធសាសនា​ថេរ​វាទ បាន​ឧបត្ថម្ភការ​បញ្ជូន​សមណ​ទូត​ពីរ​អង្គ​គឺ ​សោណត្ថេរ និង ឧត្តរត្ថេរ មក​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធសាសនា​នៅ​លើ​ដែន​ដី​សុវណ្ណ​ភូមិ ។ បញ្ជាក់​ដោយ​សម្តេច​ព្រះ​មហា​​សុមេធា​ធិបតី ហួត តាត វិជិរប្ប​ញ្ញោ ព្រះ​សង្ឃនាយក​គណៈ​មហានិកាយ ក្នុង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ស្តី​ពី « ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា​សង្ខេប » បោះ​ពុម្ព​លើក​ទី២​​នៅគ.ស. ១៩៧០ ទំព័រ​ទី ១ ថា​ «ព្រះ​ពុទ្ធសាសនា​ផ្សាយ​ចូល​មក​កម្ពុជា​ជា​មុន​ដំបូង ​តាម​គម្ពីរ​ពុទ្ធសាសនា​សាមន្ត​បាសា​ទិកា​ អដ្ឋ​កថា វិន័យ​បិដក​ជា​ភាសា​បាលី​បាន​ប្រាប់​​ពត៌​មាន​ថា កាល​ក្រោយ​ដែល​ធ្វើ​តតិយ​សង្គាយនា​រួច​ហើយ​នៅ​ក្នុង​ជម្ពូ​ទ្វីប គឺ​ក្នុង​​ប្រទេស​ឥណ្ឌា​ក្នុង​ព.ស.ទី​៣ ព្រះ​មហាថេរ​មួយ​ព្រះ​អង្គ​នាម​​ព្រះ​មោគ្គលិ​បុត្ត​តិស្សៈ​បា​ន​ចាត់​ចែង​បញ្ជូន​ព្រះ​ថេរៈ​ពីរ​អង្គ គឺ​ព្រះ​សោណត្ថេរ​និង​ព្រះ​ឧត្ត​រត្ថេរ​ចេញ​ពី​ជម្ពូទ្វីប​(ឥណ្ឌា) មក​ផ្សាយ​ព្រះ​ពុទ្ធ​សា​ស​នា​នៅ​សុវណ្ណ​ភូមិ ក្នុង​ព្រះ​រាជូបត្ថម្ភ​នៃ​ព្រះ​មហាក្សត្រ​នាម​ធម្មា​សោក» ។ អ្នក​សិក្សា​ខ្លះ​ទៀត បាន​រក​ឃើញ​ព្រះ​ពុទ្ធ​សាសនា​ចូល​មក​ដល់​ប្រទស​ខ្មែរ​យើង​នៅ​ស.វ.ទី​២ នៃ​គ.ស.ទៅ​វិញ ។ បញ្ហា​នេះ អ្នក​ស្រី​ត្រឹង ងា បាន​​សរសេរ​នៅ​ក្នុង​ស្នាដៃ​អរិយធម៌​ខ្មែរ បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៧៣ ទំព័រ​៨០ ថា ​« តាម​សិលា​ចារឹក​វ៉ូកាញ់ ​(នៅ​វៀត​ណាម​ខាង​ត្បូង) ទំនង​ជា​ព្រះ​ពុទ្ធសាសនា​ចូលម​ក​ប្រតិ​ស្ថាន​ក្នុង​ស្រុក​ខ្មែរ នៅ​ស.វ.ទី​២ នៃ​គ.ស. ក្នុង​រជ្ជកាល​ព្រះបាទ​ស្រី​មារៈ ឬ ហ្វាន​ចេ​ម៉ាន់ ។ ទស្សនៈ​បែប​នេះ​គេ​បាន​ពន្យល់​ថា​ព្រះ​ពុទ្ធសាសនា​មាន​កំណើត​ក្រោយ​ព្រហ្មញ្ញ​សាសនា ប្រហែល​នឹង​អាច​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ក្រោយ​ការ​ចូល​មក​ដល់​នៃ​លទ្ធិ​ព្រាហ្មណ៍​សាសនា​ ។​

– មាន​អ្នក​ខ្លះ​ឲ្យ​យោបល់​ថា ព្រះ​ពុទ្ធសាសនា​និង​ព្រហ្មញ្ញ​សាសនា​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង​ក្នុង​ដំណាក់​កាល​ប្រហាក់​ប្រហែល​គ្នា ឬ​ក៏​មុន​ក្រោយ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ គេ​បាន​ពន្យល់​ថា បញ្ហា​នេះ​គ្មាន​ឯក​សារ​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ ព្រោះ​គេ​ហាក់​ដូច​ជា​ពុំ​ទាន់​មាន​ជំនឿ​ចំពោះ​ទស្សនៈ​របស់​អ្នក​សិក្សា​ឯ​ទៀត​ដែល​យល់​ថា​សាសនា​នេះ ឬ​សាសនា​នោះ​មក​ដល់​មុន​នោះ​ឡើយ ។ យោប់​ស្តី​ពី​វត្ត​មាន​នៃ​ការ​ហូរ​ចូល​នៃ​លទ្ធិ​ព្រះ​ពុទ្ធសាសនា មាន​ច្រើន​ដូច​ខាង​លើ​ដែល​យើង​ពិបាក​នឹង​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​ណាស់ ។ ប៉ុន្តែ​ពិនិត្យ​ជា​រួម ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ក៏​យោបល់​មតិ​ទាំង​អស់​នោះ​ជា​ពន្លឺ​នៃ​ការ​សិក្សារបស់​យើង ។ យើង​ពិនិត្យ​ឃើញ​ថា​យោបល់​ទាំង​អស់​ហាក់​ដូច​ជា​មាន​ការ​ឯក​ភាព​គ្នា​មួយ​នៅ​ត្រង់​ព្រះ​ពុទ្ធសាសនា​ក៏​ដូច​ជា​ព្រហ្មញ្ញ​សាសនា បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ។ ផ្អែក​លើ​ទស្សនៈ​ខាង​លើ យើង​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​គួរ​តែ​ត្រិះ​រិះ​ពិ​ចារ​ណា​រក​ហេតុ​ផល​ឲ្យ​មាន​លក្ខណៈ​ច្បាស់​លាស់ និង​សម​ស្រប​ដើម្បី​កំណត់​ពី​បញ្ហា​នេះ ​។

យើង​គួរ​លើក​យក​ពី​ប្រវត្តិសាស្រ្ត​នៃ​ព្រះ​បាទ​ធម្មា​សោក​ដែល​ឲ្យ​ពត៌​មាន​ថា «ព្រះ​ពុទ្ធសាសនា​បាន​ផ្សព្វ​ផ្សាយ​ចូល​មក​ដល់​ដែន​ដីសុវណ្ណ​ភូមិ​នៅ​ស.វ.ទី៣​ឬ​ទី​២ មុន​គ.ស.» យក​មក​ត្រិះ​រិះ​ពិចារណា​ដើម្បី​កំ​ណ​ត់​កាល​បរិច្ឆេទ​នៃ​ការ​ចូល​មក​ដល់​របស់​លទ្ធិ​ពុទ្ធសាសនា​នៅ​កម្ពុជា​យើង ។ បញ្ហា​ចោទ​នោះ គឺ​ដែន​សុវណ្ណ​ភូមិ​ជា​ដែន​ដី​របស់​ប្រទេស​ណា? ប្រទេស​ខ្មែរ​យើង​ឬ​ជា​ប្រទេស​ណា​ទៀត? ដែន​ដី​សុវណ្ណភូមិ​នេះ ត្រូវ​បាន​គេ​យល់​ឃើញ​ដោយ​ឡែក​ៗ ហើយ​ម្នាក់​ៗ​សុទ្ធ​តែ​អះ​អាង​ថា ដែន​ដី​សុវណ្ណ​ភូមិ ជា​ដែន​ដី​របស់​ខ្លួន​ម្នាក់​ៗ ។ ឧទាហរណ៍​ដូច​ជា​ខ្លះ​ថា​ដែន​ដី​នេះ​ជា​របស់​ភូមា ខ្លះ​ថា​ជា​ដែន​ដី​ឥណ្ឌូ​នេស៊ី ខ្លះ​ថា​ម៉ា​ឡេស៊ី​ ខ្លះ​ថា​កម្ពុ​ជា ខ្លះ​ថា​ថៃ ខ្លះ​ថា​ចាម ខ្លះ​ថា​វៀត​ណាម…។ យោបល់​ដោយ​ឡែក​ៗ​ខាងលើ​របស់​ជន​ជាតិ​នី​មួយៗ​ សុទ្ធ​តែ​មាន​ការ​អះអាង ព្រម​ទាំង​ប្រកាន់​យក​នូវ​មហិច្ឆតា​ជាតិ​របស់​ខ្លួន​ជា​និច្ច ។ មក​ដល់​ត្រឹម​នេះ យើង​ជា​ជន​ជាតិ​ខ្មែរ​ក៏​ពុំ​ទាន់​ហ៊ាន​អះអាង​ថា​ដែន​ដី​សុវណ្ណភូមិ​ជា​ដែន​ដី​របស់​យើង​ឡើយ ។ តែ​យើង​ត្រូវ​ចោទ​សួរ​បន្ត​ទៀត​តើ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍នេះ ប្រទេស​ណា​ដែល​បាន​ទទួល និង​គោរព​ព្រះ​ពុទ្ធសាសនា​មាន​ចំណាស់​ជាង​គេ? បើ​យើង​ពិនិត្យ​ទៅ​លើ​ប្រវត្តិសាស្ត្រ និង​ពិនិត្យ​លើ​ការ​ជាក់​ស្តែង​ឃើញ​ថា​នៅ​អាស៊ី​អាគ្នេយ៍​នេះ ប្រទេស​ដែល​គោរព​ព្រះ​ពុទ្ធសាសនា​មាន​ចំ​ណាស់
ជាង​គេ គឺ​មាន​តែ​ប្រទេស​កម្ពុជា​យើង​នេះ​ឯង។ ចំពោះ​បណ្តា​ប្រទេស​ដទៃ​ទៀត ឃើញ​ថាមាន​​ប្រទេស មួយ​ចំនួន គេ​គោរព​ព្រះពុទ្ធសាសនា​ដូច​យើង​ដែរ តែ​គេ​គោរ​ព​នោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ក្រោយ​យើង ។ ឧទាហរណ៍ ដូច​ជា​ករណី​ប្រទេស​ថៃ ចាប់​ពី ស.វ.ទី ១ រហូត​មក​ដល់​ដើម ស.វ.ទី ៩ ក្នុង​ពេល​ដែល​ប្រទេស​យើង​បាន​កសាង​ជា​ប្រទេស​មាន​អធិបតេយ្យ​និង​មាន​វប្បធម៌​រឹង​មាំ​រួច​ទៅ​ហើយ​នោះ ប្រទេស​នេះ​កំពុង​ស្ថិត​នៅ​ជា​កុលសម្ព័ន្ធ ឬ​ជា​ជន​ជាតិ​ភាគ​​តិច ឬ​ជា​ជន​ជាតិ​បញ្ញើ​ក្អែក គ្មាន​ឯក​ភាព​នៅ​ក្នុង​ខេត្ត​យូ​ណាន់​នៃ​ប្រទេសចិន ពោល​គឺ​មិន​ទាន់​កើត​ជា​រដ្ឋ​នៅ​ឡើយ​ទេ។ លុះ​មក​ដល់​ស.វ.ទី៩ ទើប​ជន​ជាតិ​នេះ​បាន​ជ្រៀត​ចូល​មក​ក្នុង​ឥណ្ឌូ​ចិន តាម​ខ្សែ​ទឹក​នៃ​ទន្លេ​មេ​ណាម ធ្វើ​ដំណើរ​ពី​ជើង​ចុះ​មក​រក​ទិស​ត្បូង ដោយ​ដណ្តើម​ទឹក​​ដី​ពី​ជន​ជាតិ​ខ្មែរ​យើង​ខ្លះ​ពី​ជន​ជាតិ មន​ខ្លះ​.​​​.​.​រួច​កសាង​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន​មួយ​នៅ​ស.វ​ ទី​១៣។ ដូច​នេះ ជន​ជាតិ​ថៃ​ពុំ​បាន​ទទួល​ព្រះ​ពុទ្ធសាសនា​ដោយ​ផ្ទាល់​ពី​ជន​ជាតិ​ឥណ្ឌា​ដូច​ជា​ជន​ជាតិ​ខ្មែរ​យើង​ទេ ។

ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​​នាំ​បញ្ចូល​ពី​ប្រទេស​កម្ពុជា ឬ​ជា​សាសនា​ដែល​បាន​ចាក់​ឫស​នៅ​លើ​ទឹក​ដី​នោះ​តាំង​ពី​យូរ ​ពោល​គឺ តាំង​ពី​ទឹក​ដី​នោះជា​ទឹក​ដី​របស់​ខ្មែរ​មុន​ការ​ចូល​មក​ដល់​នៃ​ជន​ជាតិ​ថៃ​ម៉្លេះ ។ ចំពោះ​ជន​ជាតិ​វៀត​ណាម ក្នុង​ដំណាក់​កាល​ពី​ស.វ.ទី១ ដល់​ ស.វ.ទី៩ ពុំ​ទាន់​រំដោះ​ខ្លួន​ចេញ​ពី​អាណា​និគម​ចិន​នៅ​ឡើយ​ដែរ ។ លុះ​មក​ដល់​ ស.វ.ទី១០ ទើប​ជន​ជាតិ​នេះ​រំដោះ​ខ្លួន​ចេញ​ពី​អា​ណា​និគម​​រួច​កសាង​ប្រទេស​រ​បស់​ខ្លួន។ ព្រះ​ពុទ្ធសាសនា​មហា​យាន ដែល​ជន​ជាតិ​វៀត​ណាម​គោរព​នា​ពេល​សព្វ​ថ្ងៃ​នេះ ជា​សាសនា​ដែល​ហូរ​ចូល​មក​ពី​ប្រទេស​ចិន​តាំង​​ពី​នៅ​ក្រោម​អា​ណានិគម​ចិន​ម៉្លេះ ។ ចំណែក​ប្រទេស​ដទៃ​ទៀត​ដែល​នៅ​ក្នុង​ដំបន់​នេះ​មាន​ប្រទេស​ខ្លះ​​គោរ​ព​តាម​ព្រះ​ពុទ្ធសាសនា​ដែរ តែ​ក្នុង​ដំណាក់​កាល​ក្រោយ ឬ​គេ​ពុំ​គោរព​ព្រះ​ពុទ្ធសាសនា​តែ​ម្តង ដោយ​គោរព​សាសនា​ដទៃ​ទៀត។ បើ​សរុបម​ក​ឃើញ​ថា ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​មួយ​មាន​អធិបតេយ្យ​ចំណាស់​ជាង​គេ ហើយ​ទទួល និង​គោរព​ព្រះពុទ្ធសាស​នា​មុត​​មាំ​ជាង​គេ ដែល​សក្តិសម​ជា​ដែន​ដី​សុវណ្ណភូមិ ដែល​ទទួល​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធសាសនា​ដោយ​ផ្ទាល់​ពី​សមណទូត​ពីរ​ព្រះ​អង្គ​ព្រះនាម សោណត្ថេរ និង ឧត្តរត្ថេរ ក្រោម​ព្រះ​រាជូបត្ថម្ភ​នៃ​ព្រះ​​បាទ​ធម្មា​សោក នា​សត​វត្សទី ៣ ឬ​ទី ២ មុន​គ.ស.​នេះ​ណាស់ ​។

ដកស្រង់ពីអត្ថបទ ស្មារតីខ្មែរ និង ព្រះពុទ្ធសាសនា
របស់ បណ្ឌិត ខ្លួត ធីតា
នាយិការងនៃមហាវិទ្យាល័យទស្សនៈវិជ្ជា
(សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ២)

21 Responses to ពុទ្ធសាសនានិងដែនសុវណ្ណភូមិ

  1. វិចិត្រ និយាយថា៖

    ត្រង់​ចំនុច​ថា​ខ្មែរ​យើង​ប្រកាន់​ពុទ្ធសាសនា​ចំនាស់​ជាង​គេ​នោះ ខ្ញុំ​ថា​ភស្តុតាង​ដែល​គេ​លើក​ឡើង​ដូច​ជា​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ។ ប្រទេស​សៀម ទទួល​ពុទ្ធសាសនា​ក្រោយ​យើង ថា​អញ្ចឹង​ទៅ​ចុះ ប៉ុន្តែភូមា? នេប៉ាល់?។
    ម្យ៉ាង​វិញ​ទៀត សុវណ្ណភូមិ​នេះ អ្នក​ខ្លះ​ថា​នៅ​អាស៊ី​អគ្នេយ៍ ខ្លះ​ទៀត​ថា​នៅ​​ឥណ្ឌា​ខាង​ជើង​ឯណុះ​ទៅ​វិញ។ ប៉ុន្តែ​សុទ្ធ​តែ​គ្មាន​អំនះ​អំនាង​ដែល​គេ​ទទួល​ស្គាល់​ជា​ទូទៅ​។

    • ចំរើនពរ​ញោម​វិចិត្រ! ទស្សនៈ​របស់់​ញោម​ពិត​ជា​គួរ​អោយ​យក​មក​ពិចារណា​ណាស់ ។ ជា​ការ​ពិត​ណាស់ អ្នក​មាន​បញ្ញា​មិន​មែន​ចេះ​តែ​ស្តាប់ អាន​ហើយ​ជឿ​ដោយ​មិន​បាន​គិត​ពិចារណា​នោះ​ទេ ។ ត្រង់​បញ្ហា​ដែន​ដី​សុវណ្ណភូមិ​នេះ សូម្បី​អ្ន​ក​ប្រាជ្ញ​ទាំង​ឡាយ​ក៏​យល់​មិន​ស្រប​គ្នា​ដែរ តែ​ទោះ​ជា​យ៉ាង​ណា​យើង​សន្មតិ​ថា​ជា​ដែន​ដី​របស់​យើង​ទៅ​ចុះ ព្រោះ​សង្ឃឹម​ថា​អ្ន​ក​ស្រាវ​ជ្រាវ​យក​មក​ឲ្យ​យើង​រៀន​សូត្រ​នោះ បើ​ខុស​ក៏​មិន​ខុស ១០០% ដែរ ។​ ចំណែក​ប្រវតិ្ត​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​យើង​នោះ សូម​ញោមអានត្រង់នេះ ដើម្បី​បាន​ជា​ពន្លឺ​ខ្លះ​ៗ ។ សូម​អរ​គុណ​ញោម ។​

    • kao bun song និយាយថា៖

      ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ហាក់ជា​បាន​មក​រស់នៅ​ទី​នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។ នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​មួយ​ក្នុង​ ​ប្រទេស​កម្ពុជា​ដែល​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​(ហិណ្ឌូ​ ​និង​ព្រះពុទ្ធ​) និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់​។​ ​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ ​លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន​ ​បុព្វបុរស​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​ វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​រហូត​ដល់​សតវត្ស​ ​ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​អាស៊ី​ ​អា​គ្នេ​យិ៍​យើង​នេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​ ​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​ សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។​

      ​៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ​យិ៍​ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​លាវ​។​ ​ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត​ ​ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក​។​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​រួម​ទាំង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​(បឹង​ដ៏​ធំ​មួយ​ដែល​បង្កើត​ទ្បើ​ង​ដោយ​មនុស្ស​) និង​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​ទៀត​ផង​។​

    • kao bun song និយាយថា៖

      ​ចេនឡា​ដី​គោក បង្កើត​ឡើង​នៅ​ឆ្នាំ​៧០៦​-​រ.​៨០២​គ.ស.​ដែល​កើត​ឡើង​បន្ទាប់​ពី​ការ​បែង​ចែក​ចេន​ឡា​ទៅ​ជា​ពីរ​មួយ​គឺ​ចេន​ឡា​ទឹក​លិច និង​មួយ​ទៀត​ហៅ​ថា​ចេន​ឡា​ដី​គោក​នេះ​ឯង ។ មូល​ហេតុ​មកពី​កំសោយ​អំនាច​កណ្ដាល​ព្រោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី១​គ្មាន ព្រះរាជ​បុត្រ​ស្នង​រាជ្យ​ទើប​​ព្រះ​អង្គ​ប្រគល់​រាជ​សម្បត្តិ​ឲ ព្រះ​នាង​ជយ​ទេវី​ជា​បុត្រី ដោយ​សារ​ព្រះ​នាង​ជា​ស្ត្រី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រ​ទេស​បែក​ជា​ពីរ ។ [១]​ ចេនឡា​ដី​គោក​ត្រូវ​ចិន​ហៅ​ថា លូ​ចេនឡា រឺ Lùzhēnlà (陸真蠟) (“ចេន​ឡា​គោក” ក៏​ហៅ​ផង​ដែរ​ថា​វ៉ិន​តាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។

      ​ប្រវត្តិសាស្ត្រ​ប្រវត្តិ​ចេនឡា​ដី​គោក​គេ​មិន​សូវ​ដឹង​ច្បាស់​ទេ ព្រោះ​ហាក់​ដូច​ជា​នៅ​ដាច់​ស្រយាល​ពី​ការ​ទៅ​មក​របស់​អ្នក​ដំណើរ​ចិន​ពេក ។ ទោះ​បី​យ៉ាង​ណា​ក៏​​ដោយ ក៏​គេ​បាន​ដឹង​ថា​ក្នុង​សម័យ​នោះ​នយោបាយ​ក្រៅ​ប្រទេស​ចេន​ឡា​ដី​គោក​បាន​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​៧១៧ ។ ម្យ៉ាង​ទៀត នៅ​ឆ្នាំ​៧២២​ចេនឡាដី​គោក​បាន​លើក​ទ័ព​ទៅ​ជួយ​មេទ័ព​យួន​ឈ្មោះ​ម៉ៃ ហាក់​ដេ (mai hac-de)​ដែល​បះ​បោរ​ឡើង​ប្រឆាំង​នឹង​ការ​ជិះ​ជាន់​របស់​ពួក​ចិន​ក្នុង​រាជ​វង្ស​ថាង (៦១៨-៩០៧) ។ យ៉ាង​ណា​មិញ​នៅ​ឆ្នាំ​៦២១ ស្ដេច​កៅ​ត​នៃ​រាជ​វង្ស​នេះ​បាន​បញ្ជា​ឲ្យ​មេទ័ព​ឈ្មោះ​ខូវ វ៉ា​ លើក​ទ័ព​ទៅ​វាយ​យក យ៉ាវ​ចូវ​(ឈ្មោះ​​ស្រុក​យួន​នៅ​សម័យ​នោះ​) ដែល​ក្រោយ​មក​ទៀត​គឺ​នៅ​ឆ្នាំ​៦៧៩​ស្ដេច កៅ​តុង​បាន​ផ្លាស់​ឈ្មោះ​ទៅ​ជា​អាណ្ណាម​ដូ​ហូ​តូ (ប្រទេស​ជា​អា​ណាព្យា​បាល) វិញ ។ គឺ​ក្នុង​ករណី​នេះ​ហើយ​ដែល​មេ​ទ័ព​យួន​ម៉ៃ​ហាក់​ដេ បាន​បះ​ឡើង​ប្រឆាំង​ចិន​ដោយ​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយ​ចេនឡា​និង​ចាម្ប៉ា ។ គួរ​គប្បី​ជ្រាប​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ប្រើ​ពាក្យ​អណ្ណាម​ក្នុង​ប្រវត្តិ​សាស្ត្រ​យួន ។ នៅ​ពាក់​កណ្ដាល​ទី​២​នៃ ស.វ.ទី៨ ចេនឡា​ដី​គោក​ទំនង​ជា​ត្រូវ​ចិន​ហៅ​ថា វ៉ិន​តាន ថែម​ទៀត ។​

      ក្នុង​គ.ស.៧៥០ អគ្គរាជ​ទូត​ខ្មែរ​មួយ​ទៀត​ត្រូវ​បាន​ទៅ​ដល់​ស្រុក​ចិន ។ [៤] នៅ​ឆ្នាំ​៧៥៣​មាន​ការ​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​ក្រោម ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះរាជ​បុត្រ​នៃ​ព្រះរាជា​និង​គណៈ​ប្រតិភូ​២៦​នាក់ បាន​ទៅ​ដល់​គាល់​ស្ដេច​ចិន ហើយ​បាន​ធ្វើ​ដំ​ណើរ​ទៅ​ខេត្ត​ចិន យូ​ណាន ជា​មួយ​មេទ័ព​ចិន​ម្នាក់​ឈ្មោះ ហូ លី​ត្វាង ដែល​ទទួល​បេសក​កម្ម​ត្រូវ​លើក​ទ័ព ទៅ​ច្បាំង​វាយ​កំទេច​ពួក​យួន​និង​ថៃ ។[៥] នៅ​ឆ្នាំ​៧៥៤ ព្រះ​រាជ​បុត្រ​អង្គ​ដដែល​ឬ​អង្គ​មួយ​ផ្សេង​ទៀត​បាន​លើក​ទ័ព​ទៅ​ជួយ​ចិន​ ក្នុង​ការ​វាយ​លុក​យក​តំបន់ ណាន ចាវ ។ នៅ​ឆ្នាំ​៧​៧១ រជ្ជ​ទា​យាទ ផ​មី រឺ Pómí (婆彌) បាន​មក​ដល់​ក្នុង​សវន​ការ​អធិរាជ ហើយ​នៅ​ថ្ងៃ​ទី​១៣​ធ្នូ ឆ្នាំ​៧៧១ ទ្រង់​ក៏​បាន​ទទួល​ងារ​ថា ខាយ​ភ្វូ​តុង​សាន​ស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នក​បើក​សម្ភោធ​ក្នុង​បរម​រាជ​វាំង ដោយ​ពេញ​ព្រះ​ហឬទ័យ​នឹង​គ្រឿង​ឥស្សរ​យស​ស្មើ​នឹង​មន្ត្រី​ថ្នាក់​ខ្ពស់​ៗ​ទាំង​បី) និង​ឆ្នាំ​៧៩៩មាន​ការ​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​ទៀត បេសកជន​ម្នាក់​មក​ពី​វ៉ិន​តាន​មាន​ឈ្មោះ​ថា លី​ធូ​ជី រឺ Lītóují (李頭及) ក៏​បាន​ទទួល​គោរម្យ​ងារ​ចិន​ដែរ ។ សិលា​ចារឹក​នៅ​ល្បើក​ស្រូវ ខេត្ត​ក្រចេះ ក៏​បាន​បញ្ជាក់​អំពី​កិច្ចការ​ទូត​នេះ​ដែរ ។ [៦] [៧] រាជ​ធានី​ចេន​ឡា​ដី​គោក​ទំនង​ជា​ស្ថិត​នៅ​ត្រង់​ម្ដុំ​មជ្ឈមណ្ឌល​នៃ​ចេនឡា​ដើម ហើយ​ព្រះ​រា​ជា​ដែល​មាន​មហិទ្ធិ​រិទ្ធិ​ជាង​គេ​ទំនង ជយ​សិង្ហ​វរ្ម័ន ព្រោះ​គេ​បាន​រក​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំ​ង​របស់​ព្រះ​អង្គ​នៅ​ម្ដុំ​នគរ​រាជ​សីមា ក្នុង​ដី​សៀម​សព្វ​ថ្ងៃ ​។​

      • kao bun song និយាយថា៖

        ចេនឡា​ទឹក​លិច​គឺ​ជា​តំបន់​សម្បូរ​ដោយ​បឹង​បួរ និង​សមុទ្រ​ហ៊ុមព័​ទ្ធ​ជុំវិញ​គ្រប​ដណ្ដប់​លើ​តំបន់​អាង​ទឹក​ទន្លេ​មេគង្គ ចាប់​ពី​ល្បាក់​ទឹក​ខោន រហូត​ដល់​សមុទ្រ ។[៣] ព្រោះ​តែ​ដូច្នេះ​ហើយ​ទើប​គេហៅ​ថា​ចេនឡា​ទឹក​ដូច​នេះ ។​

        ប្រវត្តិសាស្ត្រ​គួរ​​គប្បី​​បញ្ជាក់​​ថា​​ចេនឡា​​ទឹក​​លិច​​ក៏​​មិន​​អាច​​ថែ​រក្សា​​ឯក​ភាព​​យូរ​​អង្វែង​​ទេ: រដ្ឋ​​នេះ​​ត្រូវ​​បែង​ចែក​​ជា​​ក្សត្រ​​បុរី​​តូច​ៗ​​តទៅ​​ទៀត យ៉ាង​​តិច​​ណាស់​​ក៏​​មាន​ចំនួន​​ប្រាំ​​ហើយ​​ក្សត្រ​​បុរី​​ដែល​​គេ​​ដឹង​​ឈ្មោះ​​ពិត​​ប្រាកដ​​គឺ​អនិន្ទិត​បុរ ដែល​​គេ​​មិន​​ស្គាល់​​ទី​​តាំង​​ច្បាស់​​លាស់​​និង​សម្ភុ​បុរ​គឺ​​សំបូរ​​នៅ​​លើ​​ត្រើយ ខាង​​ឆ្វេង​​ទន្លេ​​មេគង្គ​​ក្នុង​ខេត្ត​​ក្រ​ចេះ។ នៅ​​ខាង​​ដើម​​ស.វ.ទី៨ ​ព្រះ​អង្គ​​ម្ចាស់​បុស្ក​រាក្ស ដែល​​មាន​​ដើម​​កំណើត​​នៅ​​អនិន្ទិត​បុរ​​បាន​​យាង​​ទៅ​​សោយ​រាជ្យ​​នៅ​​សម្ភុបុរ (៧២៣) ជា​ទី​​ដែល​ព្រះ​អង្គ​​បាន​​បន្សល់​​ទុក​​សិលា​​ចារឹក​​មួយ​​ផ្ទាំង ចុះ​​កាល​​កំណត់​​៧១៦​នៅ​​ត្រង់​​ប្រាសាទ​ព្រះ​ធាតុ​កូន​ពីរ ។ ព្រះ​​អង្គ​​បាន​​យាង​​ទៅ​​នេះ​​ក្នុង​​កិច្ច​​ចង់​​បង្រួប​​បង្រួម​​ចេន​ឡា​​ទឹក​លិច​។ បន្ទាប់​​មក​ បុត្រ​​ព្រះ​អង្គ​​ព្រះ​នាម​​រា​ជេន្ទ្រ​វរ្ម័ន បាន​​ខំ​​ព្យាយាម​​បន្ត​​គោល​​ជំហរ​​នេះ​​ទៀត ។ តែ​​ជា​​ការ​​ឥត​​ប្រយោជន៍ ។ ពី​​ព្រោះ​​មិន​​យូរ​​ប៉ុន្មាន​​ផង ចេន​ឡា​ទឹក​​លិច​​ត្រូវ​​បែង​​ចែក​​ជា​នគរ​​តូចៗ​​ប្រាំ​​ទៀត។ ចំពោះ​​ព្រំ​​សីមា​​កំណត់​​ទឹក​​ដី​​នគរ​​នី​មួយ​ៗ គេ​​ពុំ​​ទាន់​​មាន​​ឯកសារ​​អ្វី​​ជា​​ច្បាស់​​លាស់​​សំរាប់​​បញ្ជាក់​​ទេ​។[៤] ព្រះ​​បាទ​បុស្ករាក្ស​​មាន​​ជាប់​​ខ្សែ​ញាតិ​​ទៅ​​នឹង​​ព្រះ​បាទ​​ពាលា​ទិត្យ ដែល​​បាន​​សោយ​​រាជ្យ​​នៅ​​អនិន្ទិត​បុរ ហើយ​​ដែល​​បាន​​អះ​​អាង​​ថា​​ព្រះ​អង្គ​​ជា​​កូន​​ចៅ​​របស់​​ព្រះ​​បាទ​​កៅ​ណ្ឌិន្យ​ និង​​ព្រះ​នាង​​នាគី​សោមា មក​​ដល់​​ព្រះ​បាទ​​ភវវរ្ម័ន​ទី១ ដែល​​ជា​​ចៅ​​របស់​​ព្រះ​​បាទ​​រុទ្រវរ្ម័ន​ព្រះ​​មហាក្សត្រ​​នគរ​​ភ្នំ ។[៥] ហើយ​​ដែល​​ក្រោយ​​មក​​ទៀត ព្រះ​​រាជា​សោយ​រាជ្យ​​នៅ​​អង្គ​រ​​ទ្រង់​​បាន​​ចាត់​​ទុក​​ថា ជា​​ចំណង​​ភ្ជាប់​​ព្រះ​អង្គ​​ទាំង​​ឡាយ​​ទៅ នឹង​​ស្ថាប​និក​​នៃ​​បឋម​វង្ស​​នៃ​​អាណាចក្រ​​ភ្នំ ។ ត្រង់​​នេះ យើង​​អាច​​យក​​ធ្វើ​​ជា​​អំណះ​​អំ​ណាង​មួយ​​សំរាប់​​ឆ្លើយ​​តប​​ចំពោះ​​ជន​​ណា ដែល​​បដិសេធ​​ថា អាណាច​ក្រ​ភ្នំ​​ពុំ​​មែន​​ជា​​រដ្ឋ​​ខ្មែរ​​ដំបូង។ ចុះ​​ហេតុ​​អ្វី​​បាន​​ជា​​អធិរាជ​​អង្គរ ដែល​​បាន​​វាយ​​ឈ្នះ​​អាណាចក្រ​​ភ្នំ​​បែរ​ជា​​ខិត​​ខំ ភ្ជាប់​​ខ្សែ​​ស្រឡាយ​​របស់​​ព្រះ​អង្គ​​ទៅ​នឹង​​ព្រះ​​រាជា​អាណាចក្រ​​ភ្នំ ដែល​​ជា​​អ្នក​​ចាញ់​​ទៅ​​វិញ? នេះ​​មិន​​គឺ​​មក​​តែ​​ពី​​មនុស្ស​​តាំង​​តែ​​ពី​​សម័យ​​អា​ណាចក្រ​​ភ្នំ​​រហូត ដល់​​សម័យ​​អង្គរ​​មាន​​ពូជ​​អំបូរ​​ជាតិ​​សាសន៍​​តែ​​មួយ​​ទេ​​ឬ?

        ចំណែក​ក្រុម​ព្រះមហា​ក្សត្រ ដែល​គ្រប់​គ្រង​រស់​នៅ​ទី​ក្រុង​សម្ភុបុរៈ ប្រកាស​ថា ជាប់​ព្រះញាតិ​វង្ស​ចុះ​មក​ពី​ព្រះ​មហាក្ស​ត្រី​យានី ព្រះនាង​ជ័យ​ទេវី ។ [៦] ព្រះបាទ​ពាល​ទិត្យ​ទំនង​ជា​បាន​កសាង​ក្រុង​ពាលា​ទិត្យ​បុរ​ដែល​ជន​ជាតិ​ចិន​ចាត់​ទុក​ថា ជា​រាជ​ធានី​ពិត​ប្រាកដ​របស់​ចេន​ឡា​ទឹក​លិច ​(ប៉ូឡូ​ទីប៉ូ) ។ រាជ​ទូត​ត្រូវ​បាន​បញ្ជូន​ទៅ​ទស្សន​កិច្ច​ចិន នៅ​ឆ្នាំ​៧​៥​០ទំនង​ជា​មក​ពី​ចេនឡា​ទឹក​លិច ។[៧] ក្នុង​ពាក់​កណ្ដាល​ទី២​នៃស.វ​.ទី៨​ នៅ​ចេនឡា​ទឹក​​លិច មាន​ការ​កសាង​សិលា​ចារឹក​ជា​ច្រើន ជា​ពិសេស​នៅ​តំបន់​សម្ភុ​បុរ​ដែល​គេ​បាន​រក​ឃើញ​មួយ​ចុះ​កា​ល​កំណត់​៧៧០ (ព្រះ​ធាតុ​ព្រះ​ស្រី-ត្បូង​ឃ្មុំ ) និង​មួយ​ទៀត​ចុះ​កាល​កំណត់​៧៨១ (ល្បើក​ស្រុត-ក្រ​ចេះ) ទាំង​នេះ​សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី១​ស្ទួន (ដាក់​លេខ​ទី១​ស្ទួន​គឺ​ដើម្បី​កុំ​អោយ​ពិបាក​រុះ​រើ​លេខ​ព្រះ​រាជា​អង្គរ​ពិជ័យវរ្ម័ន​ទី២​ដល់​ទី៩)​ ។ ក្រៅ​ពី​នេះ គេ​បាន​រក​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំង​ទៀត​ចុះកា​លកំ​ណត់ ៧៩១ នៅ​ប្រាសាទ​តា​គាម​ក្នុង​ខេត្ត​សៀម​រាប ។​ គេ​ចាត់​ទុក​សិលា​ចារឹក​នេះ ថា​ជា​ស​ក្ខីភាព​មួយ​ចាស់​ជាង​គេ​នៃ​ព្រះ​ពុទ្ធសាសនា​មហា​យាន នៅ​ស្រុក​ខ្មែរ ព្រោះ​ឯក​សារ​នេះ​បាន​និយាយ​ពី​ការ​កសាង​បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ​ជា​ពោធិសត្វ​បាន គេ​និយម​គោរព​បូជា​ជាង​គេ​នៅ​ស្រុក​ខ្មែរ​យើង ។ ក្នុង​សិល្បៈ​ចម្លាក់​បុរាណ​សិល្បករ​ខ្មែរ​ច្រើន​ឆ្លាក់​រូប​ពោធិសត្វ​នេះ​ជា​បុរស​ស​មាន​វ័យ​ក្មេង​មាន​ព្រះហស្ត​៤​កាន់​ផ្កា​ឈូក ខ្សែ​ផ្គាំ​គម្ពីរ និង​ដប​ទឹក (សូម​កុំ​ច្រឡំ​និង​ព្រះ​វិស្ណុ​ដែល​មាន​ព្រះហស្ត៤​ដែរ តែ​កាន់​ផ្កា​ឈូក​កង​ចក្រ ក្រទា និង សង្ខ) ។ នៅ​លើ​ព្រះ​សិរ​របស់​ព្រះអង្គ​មាន​រូប​ព្រះ​ពុទ្ធ​អា​មិ​តាភៈ ​។ [​៨] ចេន​ឡា​ទឹក​លិច​ក្រោម​ការ​ត្រួត​ត្រា​របស់​ជ្វា​ប្រទេស​ខ្មែរ​នៅ​ស.វ.ទី៨ ជា​សម័យ​មួយ​ដែល​គ្មាន​ស្ថិរភាព​ខាង​នយោ​បាយ​ព្រោះ​តែ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​តំណំ ។ នេះ​ហើយ​ជា​ហេតុ​មួយ​ឲ​ជាតិ​ជិត​ខាង​មើល​ងាយ ដោយ​ហ៊ាន​លូក​ដៃ​ចូល​កកូរ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ទៀត​ផង ។​

        យ៉ាង​ណា​មិញ នៅស​.វ.ទី៨ ពួក​ចោរ​សមុទ្រ​ជាតិ​ជ្វា​ដែល​ជិះ​សំពៅ​ធំ​ៗបាន​ចូល​មក​រាត​ត្បាត​ឆ្នេរ​សមុទ្រ និង​តាម​ទន្លេ​នៃ​អាស៊ី​អាគ្នេយ៍​ដី​គោក​ក្នុង​គោល​បំណង​ឆក់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​តាម​ទំនើង​ចិត្ត ។ ពួក​ចោរ​សមុទ្រ​ដែល​ហ៊ាន​មក​ឈ្លាន​ពាន​ដូច្នេះ​បាន ព្រោះ​តែ​នៅ​ពេល​នោះ​រាជ​វង្ស​សៃ​លេន្ទ្រ​ដែល​សោយ​រាជ្យ​នៅ​កោះ​ជ្វា ហើយ​ដែល​ជា​រាជ​វង្ស​ស្ថាបនិក​ប្រាសាទ​បូរូបូឌួ​ដ៏​ល្បីល្បាញ​នោះ​ផ្សព្វ​ផ្សាយ​ឥទ្ធិពល របស់​ខ្លួ​ន​ទៅ​លើ​អាស៊ីអា​គ្នេយ៍​ទាំង​មូល ។

        នៅ​ឆ្នាំ​៧៧៤​និង​៧៨៧ ពួក​ចោរ​ជ្វា​ក្រោយ​ពី​វាយ​បាន​កោះ​ត្រឡាច​ហើយ​តាំង​ជា​មូលដ្ឋាន បាន​លើក​គ្នា​ទៅ​រាត​ត្បាត ឆ្នេរ​សមុទ្រ​ប្រទេស​ចា​ម្ប៉ា ។ គឺ​នៅ​ពេល​ជា​មួយ​គ្នា​នេះ​ហើយ​ដែ​ល​ពួក​ចោរ​នោះ​បាន​ចូល​មក​រាត​ត្បាត​ចេនឡាទឹក​លិច​ដែរ ដោយ​ធ្វើ​ដំណើរ​បញ្ច្រាស​ឡើង​តាម​ទន្លេ​មេគង្គ មក​ដល់​សម្ភុ​បុរ ដុត​បំផ្លាញ​ទី​ក្រុង ឡោម​ព័ទ្ធរាជ​វាំង ចាប់​បាន​ព្រះ​រាជា​ព្រះ​នាម មហីបតិ​វរ្ម័ន ជា​បុត្រ​ព្រះ​បាទ​រាជេន្ទ្រ​វរ្ម័ន កាត់​យក​ព្រះ​សិរ​ហើយ​យក​ទៅ​ប្រទេស​ជ្វា ។ ចំពោះ​ការ​ឈ្លាន​ពាន​របស់​ជ្វា​មក​លើ​ក្សត្រ​បុរី​មួយ​របស់​ចេន​ឡាទឹក​លិច​នេះ មាន​មតិ​ខ្លះ​យល់​ថា ជា​ការ​ទាម​ទារ​យក​កេរ​មត៌ក​របស់​ដូន​តា​ខ្លួន ព្រោះ​ពួក សៃ​លេន្ទ្រ​ធ្លាប់​បាន​ប្រកាស​ខ្លួន​ថា​ជា​ស្ដេច​ភ្នំ (សៃ​លេន្ទ្រ) ដែល​ជា​ឋានន្តរ​នាម​របស់​ព្រះ​រាជា​ណាចក្រ​ភ្នំ​នេះ​ឯង ។

        ចំពោះ​ការ​តាំង​អំណាច​អធិរាជ​ភាព (Suzeraninte) របស់​ពួក​សៃ​លេន្ទ្រ​លើ​ប្រទេស​ខ្មែរ​នេះ ឈ្មួញ​អារ៉ាប់​ម្នាក់​ឈ្មោះ សូឡៃ​ម៉ាន់ នៅ​ស.វ.ទី១០​បាន​និយាយ​ថា: ថ្ងៃ​មួយ​ព្រះ​រាជា​ខ្មែរ​មាន​ព្រះ​បំណង​ចង់​ឃើញ​ព្រះ​សិរ នៃ​មហារាជ​ក្រុង Zabag កាត់​ដាក់​លើ​ថាស​មួយ ។ ដំណឹង​នេះ​ក៏​ឮ​ដល់​មហារាជ​ព្រះ​អង្គ​ក៏​លើក​ទ័ព​ជើង​ទឹក​ចូល​មក​វាយ​ប្រទេស​ខ្មែរ ចាប់​បាន​ព្រះ​រាជា​ខ្មែរ​ហើយ​បញ្ជា​ឲ្យ​កាត់​ព្រះ​សិរ ។ លុះ​ត្រលប់​ទៅ​ដល់​ព្រះ​នគរ​វិញ​ហើយ​មហារាជ​ទ្រង់​ឲ្យ​យ​ក​ព្រះ​សិរ​នោះ​ទៅ​លាង​ស្អាត យក​អប់​ទុក​ក្នុង​ភាជន៍​មួយ​រួច​ទ្រង់​ឲ្យ​បញ្ជូន​មក​ថ្វាយ​ចំពោះ​ព្រះ​រាជា​ដែល​បាន​ឡើង​សោយ​រាជ្យ​ជា​តំណ​តមក ។ ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​រៀង​រាល់​ព្រឹក​ព្រះ​រាជា​ខ្មែរ​ត្រូវ​បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​ម​ក​ក្រុង Zabag ដើម្បី​ធ្វើ​គារវកិច្ច​ចំពោះ​ព្រះ​មហារាជ​ក្រុង​នេះ (សេចក្ដី​ស្រង់​តាម​អត្ថ​បទ​បោះ​ពុម្ពផ្សាយ ដោយ​ជន​ជាតិ​អារ៉ាប់​ម្នាក់​ទៀត​ឈ្មោះ Abou Zayd Hassan នៅ​ប្រមាណ​ឆ្នាំ​៩២៦) ។ រឿង​ដែល​តំណាល​ដោយ​ឈ្មួញ​អារ៉ាប់​ខាង​លើ​នេះ​ទោះ​បី​មាន​លក្ខណៈ​ជា​រឿង​ព្រេង​ក៏​ដោយ ក៏​មាន​លក្ខណៈ​ស្រប​នឹង​ការ​ពិត​ខ្លះ​ដែរ គឺ​តំណាង​អំណាច​របស់​ជ្វា​មក​លើ​ប្រទេស​ខ្មែរ​យើង​ហើយ​ដែល​មាន​ការ​បញ្ជាក់​ពី​សិលា​ចារឹក​ស្ដុក​កក់​ធំ​នៅ​ពេល​ក្រោយ​មក​ទៀត ​។

    • Ly Chhorng និយាយថា៖

      ជាការពិតណាស់ដែនដីសុវណ្ណភូមិប្រែថាភូមិមាសឬដីមាសតែការផ្សព្វផ្សាយនៃព្រះពុទ្ឋសាសនា​នាសម័យព្រះបាទធម្មាសោកមានតែប្រទេសខ្មែរទេដែលចំណាស់ជាងគេនាសម័យនោះ។​ប៉ុន្តែភូមាក៏ជាដែនដីសុវណ្ណភូមិដូចយើងដែរតែប្រទេសភូមាបានទទូលនូវទុតិយោសមណគមន៍នៃព្រះពុទ្ឋសាសនាតាំងពីព្រះពុទ្ឋបរមគ្រូនៃយើងបានត្រាស់ដឹងនៅថ្ងៃទី៧ដោយឈ្មួញរទេះពីរនាក់បងប្អូនដោយទទួលបាននូវសក់៨សរសៃពីព្រះពុទ្ឋផ្ទាល់។សូមអស់លោកពិចារណាថែមទៀត

  2. ពិតជាត្រឹមណាស់ កម្ពុជាយើង គឺជាប្រទេសមួយដែល មានចំណាស់ចាស់បំផុតនៅក្នុងអាស៊ីអាគ្នេយ៍នេះ ! សូមអរ ចំពោះអត្ថបទនេះ !

  3. សេន​ រ៉ន និយាយថា៖

    ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលព្រះគ្រូមាន
    គំនិតយោបល់ក្នុងការផ្សព្វផ្សាយនូវពន្លឺធម៌ព្រះពុទ្ធក៏ដូចជាពុទ្ធឪវាទ
    ដ៍មានតំលៃរកអ្វីកាត់ថ្លៃពុំបានដល់ពុទ្ធសាសនិកទូទាំងពិភពលោក
    តាមរយះ វែបសាយនេះ។…

  4. បងរីករាយ និយាយថា៖

    ប្រវត្តិរឿងអតីតរបស់ខ្មែរ តាមការយល់ដឹងស្ដួចស្ដើងរបស់ខ្ញុំ
    ព្រះករុណា គឺ ចិន ជាអ្នកចាប់ផ្ដើមដំបូង រួចហើយ ទើបមាន
    ចលនា ធ្វើដំណើរមកខាងក្រោម របស់ជនជាតិទាំងពីរ គឺ ចោរ
    យួន និង ចោរសៀមនេះតែម្ដង ។ ក្រោយពីបានអាន កំណត់ហេតុ
    របស់ជាតិចិន ជីវ តាក្វាន់ ៕

  5. ហ៊ុល​សុខា និយាយថា៖

    សូមជួយដាក់ផ្សាយអំពីពិធីកម្មក្នុងព្រះពុទ្ធសាសនាផង​ដើម្បីងាយស្រួលសំរាប់អ្នកមិនទាន់ចេះ​ហើយចងសែ្វងរកអំពី​កម្មវិធីនោះ។​ហើយសូមដាក់ធម្មសំរាប់សូត្រក្នុងពិធីនេះផង។​
    សូមអគុណ ពីខ្ញុំបាទ(ខ្ញុំកុណា)​ហ៊ុលសុខា​ភ្នំពេញ

    • ចំរើនពរលោកហ៊ុល សុខា សូមអរគុណចំពោះសំណូមពរនេះ អាត្មានឹងព្យាយាមសរសេរដាក់ក្នុងទីនេះ ប៉ុន្តែមិនទាន់ធានាថាយូរឬឆាប់ទេ ប្រព្រឹត្តទៅតាមពេលវេលាដែលអាចធ្វើទៅបាន។

    • kao bun song និយាយថា៖

      មង្គលសូត្រ

      ឯវមេ សុត្តំ(សូត្រ​នេះ​ឈ្មោះ​មង្គ​ល​សូត្រ) គឺខ្ញុំ (ឈ្មោះ​អានន្ទ បាន​ស្តាប់​មក​ហើយ​យ៉ាង​នេះ​ថា) ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ សម័​យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ ក្នុង​វត្ត​ជេត​ពន ជា​អារាម​របស់​អានា​ថ​បណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី ។ អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់​នោះ​ឯង ទេវតា​អង្គ១ កាល​ដែល​វេលា​រាត្រី​បឋម​យាម កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​ល្មម​ញ៉ាំង​វត្ត​ជេត​ពន ជុំ​វិញ​ទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​​គង់​ក្នុង​ទី​ណា ក៏​ចូល​ទៅ​ក្នុង​ទី​នោះ លុះ​ចូល​ទៅ​ដល់​ហើយ ទើប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាល​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ជា​គា​ថា​(យ៉ាង​នេះ) ថា

      ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំព្រូហិ មង្គលមុត្តមំ

      -ទេវតា​និង​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន ប្រាថ្នា​នូវ​សេចក្តី​សួ​ស្តី បាន​គិត​រក​នូវ​មង្គ​ល​ទាំង​ឡាយ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា សំដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម

      (ព្រះ​ដ៏​មាន​​ព្រះ​ភាគ​ទ្រង់​ត្រាស់​សំដែង តប​ពាក្យ​ទេវតា​នោះ ដោយ​ពុទ្ធភាសិត​ជា​គាថា យ៉ាង​នេះ​ថា)
      អសេវនា ច ពាលានំ បណ្ឌិតានញ្ខ សេវនា បូជា ច បូជនិយានំ ឯតម្មង្គលមុត្តមំ

      -កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ទាំង​ឡាយ​១​ កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ១ កិរិយា​បូជា​ដល់​បុគ្គល ដែល​គួរ​បូជា​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។​

      បដិ​រូប​ទេស​វា​សោ ច បុព្វេ ច កតបុញ្ញតា អគ្គសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ

      -កិរិយា​នៅ​ក្នុ​ង​ប្រទេស​ដ៏​សម​គួរ​១ ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន​១ កិរិយា​ដំ​កល់​ខ្លួន​ដោយ​ប្រពៃ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ។

      ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិត្តោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តំ

      -ភាវៈ​នៃ​បុគ្គល​បាន​ស្តាប់ បាន​រៀន​ហើយ​ដោយ​ច្រើន​១ សិល្ប៍​សាស្ត្រ​គឺ​សេចក្តី​ឆ្លៀវ​ឆ្លាស់​ក្នុង​ហត្ថ​កម្ម របស់​អ្នក​បួស​និង​គ្រហស្ថ១ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ១ វាចា​ដែល​បុគ្គល​ពោល​ត្រឹម​ត្រូវ​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។

      មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ

      -កិរិយា​បំរើ​នូវ​មាតា១ កិរិយា​បំរើ​នូវ​បិតា១ សេចក្តី​សង្រ្គោះ​ដ​ល់​បុត្រ​និង​ភរិយា១ ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម ។

      ទានញ្ច ធម្មចរិយា ច ញាតិកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ

      -កិរិយាបរិច្ចាគ​ទាន១ កិរិយា​ប្រព្រឹត្តនូវ​ធម៌១ សេចក្តី​សង្រ្គោះ ដល់​ញាតិ​ទាំង​ឡាយ​១ ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស​១ ទាំង​៤នេះ ជា​មង្គល​ដ៏​ឧត្តម ។

      អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ

      -កិរិយា​មិន​ត្រេក​អរ​ក្នុង​បាប និង​កិរិយា​វៀរ​ចាក​បាប​១ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង​១ សេចក្តី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំង​ឡាយ១​ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ។

      គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ

      -សេចក្តីគោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព១ កិរិយា​ប្រព្រឹត្ត​បន្ទាប​នូវ​ខ្លួន​១ សេចក្តី​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន​១ ភាវៈ​នៃបុគ្គល​អ្នក​ដឹង​នូវ​ឧប​ការៈ ដែល​អ្នក​ដទៃ​ធ្វើ​​ហើយ​​ដល់​​ខ្លួន​១ កិរិយា​​ស្តាប់​​នូវ​​ធម៌​​តាម​​កាល​​១ ទាំង​​៥​​នេះ ជា​​មង្គល​​ដ៏​​ឧត្តម ​។

      ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ

      -សេចក្តី​អត់​ធន់​១ ភាវៈ​នៃ​បុគ្គ​ល​ដែល​គេ​ប្រដៅ​បាន​ដោយ​ងាយ​១ កិរិយា​បាន​ឃើញ​បាន​ជួប​នូវ​សមណៈ​ទាំង​ឡាយ​១ ធម្មសាកច្ឆា​គឺ​កិរិយា សន្ទនា​ទៅ​វិញ​ទៅ​មក នូវ​ធម៌​តាម​កាល​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។

      តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ

      -សេចក្តី​ព្យាយាម​ដុត​នូវ​បាប​ធម៌១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​១ កិរិយា​ឃើញនូវ​អរិយ​សច្ចៈ​ទាំង​ឡាយ១ កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​១ ទាំង​៤នេះ​ ជា​មង្គល​ដ៏​ឧត្តម​ ។

      ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ

      -ចិត្ត​នៃ​បុគ្គល​ឯណា​ដែល​​លោក​​ធម៌​ទាំង​ឡាយ​ពាល់​ត្រូវ​ហើយ មិន​រំភើប​ញាប់​ញ័រ​១ មិន​មាន​សេចក្តី​សោក​១ មាន​ធុលី​គឺ​រាគៈ​ទៅ​ប្រោស​ហើយ​១ ជា​ចិត្ត​ក្សេម​ក្សាន្ត​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម ។

      ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ

      -ទេវតា​និង​មនុស្ស​ទាំង​ឡាយ​ធ្វើ​នូវ​មង្គល​ទាំង​ឡាយ ប្រាកដ​ដូច្នេះ​ហើយ ជា​អ្នក​មិន​ចាល​ចាញ់​ក្នុង​ទី​ទាំង​ពួង តែង​ដល់​នូវ​សេរី​សួស្តី​ក្នុង​ទី​ទាំង​ពួង (ម្នាល​ទេវតា ចូរ​អ្នក​ប្រ​កាន់​ជឿ​ថា) មង្គល​ទាំង​៣៨​ប្រការ មាន​កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ជា​ដើម​នោះ របស់​ទេវតា​និង​មនុស្ស ទាំង​អម្បាល​ណោះ ជា​មង្គល​ដ៏​ឧត្តម ។

      • kao bun song និយាយថា៖

        ជយបរិត្តគាថាមហាការុណិកា នាថា ហិតាយ សព្វបាណិនំ បូរេត្វា បារមី សព្វា បត្តោ សម្ពោធិមុត្តមំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ ជយន្តោ ពោធិយា មូលេ សក្យានំ នន្ទិវឌ្ឍនោ ឯវំ ត្វំ វិជយោ ហោហិ ជយស្សុ ជយមង្គលេ អបរាជិតបល្លង្គេ សីសេ បឋវីបោក្ខរេ អភិ​សេកេ សព្វពុទ្ធានំ អគ្គប្បតោ បមោទតិ សុនក្ខត្តំ សុមង្គលំ សុបភាតំ សុហុដ្ឋិតំ សុខណោ សុមហុតោ ច សុ យិដ្ឋំ ព្រហ្មចារីសុ បទក្ខិណំ កាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំ មនោកម្មំ បណិធិ តេ បទក្ខិណា បទក្ខិណានិ កត្វាន លភន្តត្ថេ បទក្ខិណេ ។

  6. kao bun song និយាយថា៖

    ព្រះ​ពុទ្ធសាសនា​ថេរវាទ​​ (ជា​ភាសា​បាលី: थेरवाद theravāda, ស្ថា​វិរ​វាទ ជា​ភាសា​សំ​ស្ក្រឹត: स्थविरवाद sthaviravāda, ភាសា​អង់​គ្លេស: Theravada) មាន​ន័យ​ប្រាកដ​ថា ការ​ប្រៀន​ប្រដៅ របស់​ព្រឹទ្ធា​ចារ្យ​ឬ​ការ​ប្រៀន​ប្រ​ដៅ​ជំនាន់​ដើម គឺ​ជា​ការ​សិក្សា​ចាស់​បំផុត នៃ​ព្រះពុទ្ធសាសនា​ដែល​នៅ​គង់​វង់​ដល់​សព្វ​ថ្ងៃ​នេះ ។ ​ថេរ​វាទ​បាន​ចាប់​កំណើត នៅ​ក្នុង​អាណាចក្រ​ឥណ្ឌា មាន​សភាព​រក្សា​ទុក​ដូច​ដើម ហើយ​ជា​ទូទៅ​ប្រហាក់​ប្រហែល​គ្នា នឹង​ពុទ្ធសាសនា​ដំបូង ។ ជា​ច្រើន សតវត្សរ៍​កន្លង​មក ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ជា​សាសនា​ចំបង​នៅ​ក្នុង​ស្រី​លង្កា (៧០​ភាគ​រយ​នៃ​ចំនួន​ប្រជាពល​រដ្ឋ) ហើយ​និង​មួយ​ផ្នែក​ធំ​នៃ​អា​ស៊ីភាគ​អាគ្នេយ៍ (ប្រទេស​ខ្មែរ​លាវ ភូមា ថៃ) ។ ប្រពៃណី​ថេរ​វាទ​នេះ ក៏​ត្រូវ​បាន​គេ​ប្រ​តិបត្តិ​នៅ​ក្នុង​ប្រទេស​ចិន​ផ្នែក​អាគ្នេយ៍ (ដោយ​ក្រុម​សម្ព​ន្ធ​ហ្សន Shan និង​តៃ Tai) , ក្នុង​ប្រទេស​វៀត​ណាម (ដោយ​ខ្មែរ​ក្រោម),ប្រ​ទេសបង​គ្លា​ដេស (ដោយ​ក្រុម​សម្ពន្ធ​ព​រុ​អាស Baruas ឆក​មា Chakma និង​មឃ​Magh),​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូ​ណេស៊ី​ផង​ដែរ សព្វ​ថ្ងៃ​នេះ​កំពុង​មាន​ប្រជា​ប្រីយ​ភាព នៅ​ក្នុង​សិង្ហ​បូរី​និង​ក្នុង​លោក​ខាង​លិច ។ សព្វ​ថ្ងៃ​នេះ អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​ថេរ​វាទ ជុំវិញ​ពិភព​លោក​មាន​ចំនួន​ជាង​១០០​លាន​នាក់ ហើយ​ក្នុង​សតវត្ស៍​ថ្មី​នេះ ថេរ​វាទ​បាន​ចាក់​ឫស​ក្នុង​លោក ខាង​លិច និង​ដុះ​ដា​ល​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។

    ប្រវត្តិ ប្រភ​ព​នៃ​ការ​បង្រៀន​គ្រឹះ​នៃ​ការ​បង្រៀន​ព្រះ​ពុទ្ធសាសនា​ថេរ​វាទ​បែក​ចេញ​មក​អំពី វិភ​ជ្ជ​វាទ Vibhajjavada (ទ្រឹស្តី​នៃ​ការ​ធ្វើ​វិភាគ) ដែល​តមក​អំពី​ស្ថាវិរៈ (ឬ​ការ​ប្រៀន​ប្រដៅ​របស់​ព្រឹទ្ធា​ចារ្យ) ក្នុង​ជំនាន់​ពេល​ធ្វើ​សង្គាយ​នា​លើក​ទី៣ ព.ស២៩៤ ក្នុង​រជ្ជ​កាល​មហា​អធិរាជ​អសោក នៃ​ប្រទេស​ឥណ្ឌា។ វិភជ្ជវា​ទិន (អ្នក​កាន់​វិភជ្ជវាទ)​ សំគាល់​ខ្លួន​ថា​ជា​អ្នក​បន្ត​ប្រពៃណី​ស្ថាវិរៈ ហើយ​បន្ទាប់​ពី​សង្គាយ​នា​លើក​ទី​៣​មក ក៏​នៅ​តែ​បន្ត​ហៅ​ការ​រៀន​សូត្រ ថា​ជា​ស្ថាវិរ​ថេរៈ (ព្រឹទ្ធា​ចារ្យ) ។

    ទ្រឹស្តី​របស់​វិភជ្ជវា​ទិន ប្រហែល​គ្នា​នឹង​ស្ថាវិរៈ​ជំនាន់​ចាស់​ដែរ ប៉ុន្តែ​មិន​ដូច​គ្នា​ទាំង ស្រុង​ទេ ។ ក្រោយ​ពេល​ធ្វើ​សង្គាយនា​លើក​ទី៣​មក ដោយ​មក​មាន​ពី​ទី​តាំង​ឆ្ងាយ​ៗ ពី​គ្នា ជា​ហេតុ​បណ្តាល​ឲ្យ​វិភជ្ជវា​ទិន អភិវឌ្ឍន៍​បន្តិច​ម្តង​ៗ​ជា​៤​ពួកៈ មហី​សាសកៈ​១ Mahisasaka កាស្យ​បី​យៈ​១ Kasyapiya ធម្មគុប្តកៈ១ Dharmakuptaka និង​តា​ម្រ​ប​នីយៈ​១ Tamraparniya ។ ថេរវាទ​ចុះ​មក​អំពី​តា​ម្រប​នីយៈ ដែល​មាន​ន័យ​ថា ពូជ​ពង្ស​ជន​ជាតិ​ស្រី​លង្កា ។ ប្រភព​ខ្លះ​អះ​អាង​ថា មាន​តែ​ថេរវាទ​ទេ​ដែល​អភិវឌ្ឍន៍​មក​ពី​វិភជ្ជវា​ទិន​ផ្ទាល់ ​។ តាម​រយៈ​អ្ន​ក​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធសាសនា អា.កា វរ​ដេរ A.K. Warder ថេរវាទ​រីក​ដុះ​ដាល​ទៅ​ខាង​ត្បូង​ទាំង​ពី​អវន្តិ (Avanti) ទៅ​ក្នុង​មហារស្រ្ត (Maharastra) និង​អន្ធរៈ (Andhra) ដល់​ចូឡា​ប្រទេស​កន្ចិ (Kanchi) ហើយ​និង​សី​ឡន (Ceylon)។ គេ​បាន​រក្សា ទី​កន្លែង​នៅ​អវន្តិ​ហើយ និង​ទឹក​ដី​ថ្មី​របស់​គេ​មួយ​រយៈ​ពេល ប៉ុន្តែ​គេ​ប្រមូល​គ្នា​បន្តិច​ម្តង​ៗ នៅ​តំបន់​ខាង​ត្បូង គឺ មហាវិហារ ក្នុង​អនុរទ្ធ​បុរៈ​ធានី​របស់​ប្រទេស​សីឡន ដែល​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​សំខាន់ នៃ​ប្រពៃ​ណី​របស់គេ អវន្តិ​ជា​មណ្ឌល​ទី២ ហើយ​តំបន់​ខាង​ជើង ត្រូវ​បោះ​បង់​ចោល ទៅ​ឲ្យ​ក្រុម​សិក្សា​ដទៃ​ទៀត ។ មាន​​ពត៌​​មាន​​តិច​​តួច​​ណាស់ ដែល​​ប្រាប់​​អំពី​​ព្រះ​​ពុទ្ធសាសនា​​ថេរ​វាទ​​ក្នុង​​ប្រទេស​​ឥណ្ឌា ក្នុ​ង​ប្រវត្តិសាស្រ្ត​​ក្រោយ ហើយ​​គេ​​មិន​​ដឹង​​ថា​​ថេរ​វាទ​​ត្រូវ​​បាត់​​បង់​​ពី​​ប្រទេស​ដើម តាំង​​ពី​​ពេល​​ណា​​មក​​ទេ ។

    ឈ្មោះ​តា​ម្រប​នីយៈ​បាន​ដាក់​ឲ្យ​ពូជ​ពង្ស​ស្រី​លង្កា​នៅ​ឥណ្ឌា ប៉ុន្តែ​គ្មាន​សញ្ញា​ណា​មួយ បង្ហាញ​ថា​មាន​ការ​ផ្លាស់​ប្តូរ​ទ្រឹស្តី ឬ​គម្ពីរ​ដីកា​អំពី​វិភជ្ជវា​ទិន​ទេ ដោយ​ហេតុ​ថា ឈ្មោះ​គ្រាន់​តែ​ចង្អុល​ប្រាប់ ទី​កន្លែង​តែ​ប៉ុណ្ណោះ​។ ដោយ​យោង​ទៅ​តាម​ប្រភព​ដើម នៃ​ថេរ​វាទ​រប​ស់​គេ គេ​រំលឹក​ថា គេ​បាន​ទទួល​ការ​បង្រៀន ដែល​ត្រូវ​បាន​គេ​យល់​ព្រម នៅ​ពេល​ប្រជុំ​សង្គាយនា​លើក​ទី​៣ ហើយ​គេ​ស្គាល់​ការ​បង្រៀន​នេះ​ថា​ជា​វិ​ភជ្ជ​វាទ ។ នៅ​សតវត្សរ៍​ទី​៧ អ្នក​ធ្វើ​ដំណើរ​សាសនាជន​ជាតិ​ចិន (Xuanzang) និង (Yijing) នៅ​ក្នុង​ស្រី​លង្កា គេ​ស្គាល់​ថា​ជា​ពួក​ស្ថាវិរៈ ។នៅ​ក្នុង​ឥណ្ឌា​ជំនាន់​ចាស់ អ្នក​សិក្សា ដែល​ប្រើ​ភាសា​សំស្រ្កឹត​សម្រាប់​សាសនា គេ​ហៅ​ថា​ស្ថាវិរៈ ប៉ុន្តែ​អ្នក​ដែល​ប្រើ​ភាសា​បាលី​វិញ គេ​ហៅ​ថា​ថេរៈ ​។

    ស្ថាវិរៈ​និង​ថេរៈ​មាន​ន័យ​ដូច​គ្នា​ថា ព្រឹទ្ធា​ចារ្យ។ គេ​បាន​ប្រើ​ពាក្យ​ថេរ​វាទក្នុង​ការ​សរ​សេរ សម្រាប់​ការ​ហាត់​រៀន​របស់​គេ តាំង​ពី​សតវត្សរ៍​ទី​៤ នៅ​ពេល​ដែល​ពាក្យ​នេះ ឃើញ​មាន​នៅ​ក្នុង​គម្ពីរ​ទិប​វង្ស ។ តាម​ប្រវត្តិសាស្រ្ត​មួយ​ផ្នែក​ធំ នៃ​ព្រះ​ពុទ្ធសាសនា​នៅ​ស្រី​លង្កា ថេរ​វាទ​ក្នុង​ស្រី​លង្កា​ចែក​ជា​ចំណែក​៣​គឺ ពួក​ភិក្ខុ​នៃ​មហា​វិហារ, អភយ​គីរី​វិហារ និង​ជេត​វន​វិហារ ។ តាម​ពាក្យ​របស់​លោក​អា.កា វរដេរ A.K Warder ថា និកាយ​ពី​ឥណ្ឌា មហី​សា​សកៈ ក៏​បាន​តាំង​ឡើង​នៅ​ស្រី លង្កា​ទន្ទឹម​គ្នា​នឹង​ថេរ​វាទ​ដែរ ហើយ​ក៏​រលាយ​ចូល​ជា​មួយ​ថេរ​វាទ​ទៅ ។ ភូមិ​ភាគ​​ខាង​ជើង​នៃ​ស្រី​លង្កា ហាក់​ដូច​ជា​មាន​ការ​ទាក់​ទង ជា​មួយ​នឹង​និកាយ​ផ្សេង​ៗ ពី​ឥណ្ឌា ក្នុង​ពេល​ខ្លះ​ដែរ ។ នៅ​ពេល​ដែល​ព្រះ​សង្ឃ​ចិន (Faxian) បាន​ធ្វើ​ទស្សន​កិច្ច​នៅ​កោះ​នេះ​ក្នុង​ដើម​សត​វត្សរ៍​ទី​៥ ព្រះ​អង្គ​កត់​សំគាល់​ថា​មាន​ភិក្ខុ​៥,០០០​អង្គ នៅ​អភយ​គីរី ភិក្ខុ៣,០០០អង្គ នៅ​មហា​វិហារ ហើយ​និង​ភិក្ខុ២,០០០អង្គ នៅ​ចេតិ​យ​បព្វ​ត​វិហារ ។ អស់​ជា​ច្រើន​សត​វត្សរ៍ ថេរ​វាទិន​នៃ​អភយ​គីរី បាន​រក្សា​មិត្តភាព​ជិត​ស្និត​ជា​មួយ​នឹង​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​នៅ​ឥណ្ឌា ថែម​ទាំង​ទទួល​យក​ការ​បង្រៀន​ថ្មី​ជាច្រើន​ពី​ឥណ្ឌា ទៀត​ផង ដែល​មាន​ផ្នែក​ជា​ច្រើន​នៃ​និកាយ​មហា​យាន ។ ចំណែក​ឯ​ថេរវាទិន​នៃ​ជេត​វនៈ​ក៏​បាន​ទទួល​យក​ចំណែក​នៃ​មហាយាន​ដែរ ប៉ុន្តែ​មាន​ចំនួន​តិច​ជាង ។ Xuanzang បាន​សរសេរ​ថា មាន​ផ្នែក​ធំ​២​នៃ​ថេរវាទ​នៅ​ក្នុង​ស្រី​លង្កា ថា​ប្រពៃណី​អភយ​គីរី​ជា​មហាយាន​ស្ថាវិរៈ ហើយ​ប្រពៃណី​មហាវិ​ហារ​ជា​ហីន​យាន​ស្ថាវិរៈ ។ Akira Hirakawa សរសេរ​ថា សេចក្តី​បរិយាយ​ពន្យល់ អដ្ឋក​ថា នៃ​និកាយ​មហា​វិហារ នៅ​ពេល​ដែល​បាន​ពិនិត្យ​មើល​ដោយ​ច្បាស់ ឃើញ​ថា​មាន​បញ្ចូល​គោល​ជំហរ​មួយ​ចំនួន ដែល​ស្រប​គ្នា​នឹង​ការ​បង្រៀន​ផ្នែក​មហាយាន​ដែរ ។ ក្នុង​សតវត្សរ៍​ទី៨ គេ​ដឹង​ថា​មហា​យាន និង​ព្រះ​ពុទ្ធសាសនា​ប្រចាំ ក្រុម​ឯក​ជន (មិន​សម្រាប់​សាធារណ​ជន​ទូទៅ​ទេ) ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​បតិបត្តិ​នៅ​ក្នុង​ស្រីលង្កា ។ ព្រះ​សង្ឃ​ឥណ្ឌា២​អង្គគឺ វជ្រពោធិ (Vajrabodhi) និង​អមោឃវ​ជ្រៈ (Amoghavajra) ដែល​ជា​អ្នក​បាន​ផ្សាយ ព្រះ​ពុទ្ធសាសនា​ប្រចាំ​ក្រុម​ឯក​ជន​នេះ នៅ​ប្រទេស​ចិន បាន​ចូល​មក​កាន់​កោះ​ស្រី​លង្កា​នៅ​ពេល​នេះ​ដែរ ។ អ្ន​ក​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន បាន​អះ​អាង​ថា អ្នក​គ្រប់​គ្រង​ស្រីលង្កា​លើក​តំកើង​ប្រពៃណី​សាសនា ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ថា​ថេរ​វាទ នៅ​តែ​ជា​ទំនៀម​ប្រពៃណី និង​ឲ្យ​មាន​លក្ខណៈ​ផ្សេង​គ្នា​ពី​ព្រះពុទ្ធសាសនា​ឥ​ណ្ឌា ។ ប៉ុន្តែ​មុន​សតវត្សរ៍​ទី​១២ អ្នក​គ្រប់​គ្រង​ស្រី​លង្កា​ផ្សេង​ទៀត ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ថេរវា​ទិន​នៃ​អភយ​គីរី ហើយ​អ្នក​ដំណើរ​សាសនា​ដូច​ជា Faxian កត់​សំគាល់​ថា​ថេរ​វា​ទិន​​នៃ​អភយ​គីរី ជា​ប្រពៃណី​សំខាន់​ជាង​គេ ។ ការ​ផ្លាស់​ប្តូរ​បាន​កើត ឡើង​ក្នុង​សតវត្សរ៍​ទី​១២ នៅ​ពេល​ដែល​មហាវិហារ​ទទួល​ការ​គាំ​ទ្រ​អំពី​ព្រះ​រាជា បរក្កម​ពាហុ Parakkamabahu (1153-1186 CE) ពេល​នោះ​ប្រពៃណី​អភយគីរី និង​ជេតវនៈ​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ស្រី​លង្កា ។ ភិក្ខុ​ថេរ​វាទ​នៃ​ប្រពៃណី​ទាំង​២​នេះ ត្រូវ​សម្រេច​ចិត្ត​សឹក​ពី​ភាព​បុព្វជិត ឬ​រក​ការ​បួស​ជា​ថ្មីក្នុង​ប្រ​ពៃណី​មហា​វិហារ ។ ចំពោះ​វិវាទ​រវាង​ថេរវាទិន គម្ពីរ​ចូឡ​វង្ស (កត់​ត្រា​ប្រវត្តិ​របស់​ស្តេច) សម្តែង​ការ​សោក​ស្តាយ​ថាៈ “ ពិត​មែន​តែ​មាន​ការ​ប្រឹង​ប្រែង គ្រប់​មធ្យោបាយ អំពី​ព្រះ​រា​ជា​ជំនាន់​មុន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពួក​ភិក្ខុ​ប្រកាន់​អាកប្ប​កិរិយា​បែក​បាក់​ចេញ​ពី​គ្នា ហើយ​បង្កើត​ជំលោះ​ទាស់​ទែង​គ្នា​គ្រប់​យ៉ាង ។” មុន​នឹង​ព្រះ​ពុទ្ធសាសនា​ថេរ​វាទ​រួប​រួម​គ្នា​ក្នុង​ស្រី​លង្កា តំបន់​នៃ​ប្រទេស ថៃ ភូមា លាវ និង​ខ្មែរ ទទួល​ការ​ដុះ​ដាល​ដោយ និកាយ​ព្រះពុទ្ធសាសនា​ផ្សេង​ៗ ពី​ឥណ្ឌា រួម​ទាំង ព្រះ​ពុទ្ធសាសនា​មហាយាន​ផង ។ ក្នុង​សត​វត្សរ៍​ទី៧ យី​ជិង Yijing បាន​កត់​ក្នុង​ដំណើរ​របស់​គាត់​ថា ក្នុង​តំបន់​ទាំង​នេះ និកាយ​ព្រះ​ពុទ្ធសាសនា​ធំ​ៗ​ពី​ឥណ្ឌា មាន​ការ​រីក​ចម្រើន ។ ពិ​ត​មែន​តែ​មាន​ការ​បក​ស្រាយ​ពី​មុន​មក​ថា ជា​ថេរ​វាទ​ក្នុង ប្រទេស​ភូមា ឯកសារ​ដែល​សេសសល់​បាន​បង្ហាញ​ថា ព្រះ​ពុទ្ធសាសនា​ភូមា​ភាគ​ច្រើន រួម​បញ្ចូល​មហាយាន​ដែរ​ហើយ​ប្រើ​សំស្រ្កឹត​ជាង​បាលី ។

    បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​អន់​ថយ​នៃ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ឥណ្ឌា សមណ​ទូត​ពី​ស្រី​លង្កា បាន​កែ​ប្រែ​បន្តិ​ច​ម្តង​ៗ​ ព្រះ​ពុទ្ធសា​សនា​ភូមា​ទៅ​ជា​ថេរ​វាទ​ហើយ​២​សតវត្សរ៍​បន្ទាប់​មក ព្រះពុទ្ធសាសនា​ថេរ​វាទ​ក៏​ត្រូវ​បាន​នាំ​ចូល ទៅ​ក្នុង​តំបន់​ប្រទេស​ថៃ លាវ និ​ង​ខ្មែរ ដែល​ប្តូរ​ជំនួស​បែប​ព្រះ​ពុទ្ធសាសនា​ពី​ពេល​មុន​ ។

    ប្រវត្តិ​នៃ​ប្រពៃណី​សាសនា​តាម​ប្រពៃណី​របស់​សិន្ហ​លី Sinhalese នៃ​ស្រី​លង្កា ព្រះ​ពុទ្ធ​សាសនា​បាន​នាំ​ចូល​មក​ស្រី​លង្កា​ដោយ មហិន្ទ​ Mahinda ដែល​គេ​ជឿ​ថា​ជា​ព្រះ​រាជ​បុត្រ​របស់ ព្រះ​អធិរាជ​អា​សោក នៃ​ម​ឧរ្យៈ Maurya (ឥណ្ឌា​សម័យ​បុព្វកាល) ក្នុង​សតវត្សរ៍​ទី​៣​មុន​គ្រឹស្ត​សករាជ ជា​ចំណែក​មួយ​នៃ​សក​ម្មភាព របស់​សមណ​ទូត ក្នុង​ជំនាន់​អាសោក​សម័យ ។ ក្នុ​ង​ស្រី​លង្កា ព្រះ​មហិន្ទ បាន​បង្កើត​អារាម​មហា​វិហារ​នៃ​អនុរ​ធ​បុរៈ ។ ក្រោយ​មក​អារា​ម​មហា​វិហារ ក៏​បាន​បែក​ជា​៣​ក្រុម ដែល​គេ​ស្គាល់​តាម​ទី​តាំង​មណ្ឌល ជា​មហា​វិហារ​១ អភយ​គីរី​វិហារ​១ និង​ជេត​វន​វិហារ​១ ។ ក្នុង​គ.ស​១,១៦៤ ដោយ​មាន​ការ​ណែ​នាំ​ពី​ថេរៈ​២អង្គ ពី​សាខា​ព្រៃ (ប្រហែល​ជា​មាន​ទី​តាំង​ក្នុង​ព្រៃ) នៃ​មហា​វិហារ, ស្តេច​ស្រី​លង្កា​បាន​បង្រួប​បង្រួម ភិក្ខុ​ទាំង​អស់​ក្នុង​ស្រី​លង្កា ឲ្យ​ចូល​ទៅ​ក្នុ​ង​ការ​ហាត់​រៀន​ក្នុង​មហា​វិហារ ត្រឹម​ត្រូវ​តាម​ប្រពៃណី​វិញ ។​ បី​បួន​ឆ្នាំ​ក្រោយ​បន្ទាប់ ពី​ការ​មក​ដល់​នៃ​ស្ថាវិរៈ មហិន្ទៈ, សង្ឃ​មិត្ត​ដែល​គេ​ជឿ​ថា​ជា​បុត្រី​របស់​អធិរាជ​អា​សោក បាន​មក​កាន់​ស្រី​លង្កា ។ ព្រះ​នាង​សង្ឃ​មិត្ត​បាន​បង្កើត​ឲ្យ​មាន ក្រុម​ភិក្ខុនី​ជា​លើក​ដំបូង ក្នុង​ស្រី​លង្កា ប៉ុន្តែ​ក្រុម​ភិក្ខុនី ត្រូវ​សាប​សូន្យ​ទៅ​វិញ ក្នុង​សត​វត្សរ៍​ទី​១១​នៅស្រី​លង្កា និង​សតវត្សរ៍​ទី​១៣​នៅ​ក្នុង​ភូមា ។

    នៅ​គ្រឹស្ត​សករាជ​ ៤២៩ តាម​សេចក្តី​សុំ​ពី​អធិរាជ​ប្រទេស​ចិន ភិក្ខុនី​ជា​ច្រើន​ពី​អនុរ​ធបុរៈ បាន​បញ្ជូន​ឲ្យ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​បង្កើត​ក្រុ​ម​ភិក្ខុនី​នៅ​ទី​នោះ ។ វិន័យ​ភិក្ខុនី​បាន​រីក​ចម្រើន​ទៅ​ដល់​ប្រទេស​កូរេ ។ ក្នុង​ឆ្នាំ ១,៩៩៦ ភិក្ខុនី ១១រូប បាន​ត្រូវ​ជ្រើស​រើស​ពី​ស្រី​លង្កា ហើយ​បំបួស​ជា​ភិក្ខុ​នី ពេញ​លក្ខណៈ​ដោយ ក្រុម​ភិក្ខុ​ថេរ​វាទ រួម​ជា​មួយ​នឹង​ភិក្ខុនី​ពី​កូរេ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។ មាន​ការ​មិន​យល់​ស្រប​ក្នុង​ចំណោម អ្នក​គ្រប់​គ្រង​វិន័យ​ថេរ​វាទ ថា​តើ​ការ​បំបួស​បែប​នេះ​មិន​ត្រឹម​ត្រូវ ​។ ក្នុង​ ២ ឬ ៣ ឆ្នាំ​កន្លង​មក អ្នក​ដឹក​នាំគ​ណៈ​ទម្ពុ​ល្លៈ Dambulla (ខេត្ត​មួយ​ក្នុង​ភូមិ​ភាគ​កណ្តាល​នៃ​ស្រី​លង្កា) បាន​ធ្វើ​ពិ​ធី​បំបួស​ដល់​ភិក្ខុនី​ជា​ច្រើន​រយ​អង្គ ។ ព្រឹត្តិការណ៍​នេះ​បាន​ត្រូវ​អ្នក​ដឹក​នាំ​ឯ​ទៀត ក្នុង​និ​កាយ​សៀម Siam Nikaya និង​អមរ​បុរៈនិ​កាយ Amarapura Nikaya ពោល​និន្ទា ហើយ​និង​គណៈ​ដឹក​នាំ​ព្រះ​ពុទ្ធសាសនា​ភូមា បាន​ប្រកាស​ថា​ការ​បំបួស​ភិក្ខុនី​ក្នុង​សម័យ​ថ្មី មិន​ត្រឹម​ត្រូវ​ឡើយ ពិត​មែន​តែ​មាន​ភិក្ខុ​ភូ​មា​ខ្លះ​មិន​យល់​ស្រប ។

    តាម​គម្ពីរ​មហា​វង្ស​នៃ​ស្រី​លង្កា បន្ទាប់​អំពី​សង្គាយនា​លើក​ទី​៣បាន​ចប់​សព្វ​គ្រប់ ព្រះ​សង្ឃ​២​អង្គ​គឺ ​សោណៈ និង ឧត្តរៈ បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ បេសកកម្ម​ផ្សាយ​សាសនា​នៅ​សុវណ្ណ​ភូមិ Suvannabhumi ។ អ្នក​សិក្សា​ស្រាវ​ជ្រាវ​មាន​យោបល់​ផ្សេង​ៗ​គ្នា ចំពោះ​ទី​កន្លែង​ពិត​ប្រា​កដ​នៃ​សុវណ្ណ​ភូមិ ប៉ុន្តែ​គេ​ជឿ​ថា​សុវណ្ណ​ភូមិ ស្ថិត​នៅ​កន្លែង​ណា​មួយ ក្នុង​ប្រទេស​ភូមា​ខាង​ក្រោម តំបន់​ដី​សន្តរ South-East Asia កោះ​សុម​ត្រា ​។​

    មន Mon និងព្យូ Pyu ជា​អ្នក​ស្រុក​នៅ​ក្នុង​ចំណោម​ជន​ជាតិ​ដើម ដែល​រស់​នៅ​ក្នុង​ភូមា​មុន​គេ ។ តាម​ការ​ស្រាវ​ជ្រាវ​​ថ្មី​ៗ​ផ្នែក​បុរាណ​វត្ថុ​វិទ្យា នៅ​កន្លែង​តាំង​លំ​នៅ​ដ្ឋាន​មួយ​របស់​ជន​ជាតិ​ព្យូ​ក្នុង​ជ្រលង​ភ្នំ​សា​មោន (ប្រហែល​១​រយ​គី​ឡូ​មែត្រ​ខាង​ទិស​និរតី​នៃ Bagan) បាន​បង្ហាញ​ថា​ពួក​គេ​មាន​ការ​ទាក់​ទង​ពានិជ្ជ​កម្ម ជា​មួយ​ឥណ្ឌា​តាំង​ពី​៥​រយ ទៅ​៤​រយ​ឆ្នាំ​មុន​គ្រឹស្ត​សក​រាជ ជា​មួយ​នឹង​ប្រទេស​ចិន​តាំង​ពី​២រយ​ឆ្នាំ មុន​គ្រឹស្ត​សក​រាជ ។ ប្រភព​ឯក​សារ​ចិន​ពី​គ្រឹស្ត​សករាជ​២៤០ បាន​ឲ្យ​ដឹង​ថា​មាន​រា​ជា​ណាចក្រ​កាន់​ព្រះពុទ្ធ​សាសនា​មួយ ហៅ​ថា​លិន-យាង Lin Yang ដែល​ពួក​អ្នក​សិក្សា​ខ្លះ បាន​ស្គាល់​ថា​រាជា​ណាច​ក្រ​បេក​ថា​ណូ Beikthano របស់​ជន​ជាតិ​ព្យូ ៣០០គ.ម ខាង​ជើង​យ៉ង់​គន Yangon​ ។ ជន​ជាតិ​ភូមា​ក៏​ក្លាយ​បន្តិច​ម្តង​ៗ​ទៅ​ជា​ថេរ​វា​ទិន នៅ​ពេល​ជួប​នឹង​អារ្យ​ធម៌​របស់​មន និង​ព្យូ​មក ។ ជន​ជាតិ​ថៃ​ក៏​ទៅ​ជា អ្នក​កាន់​និកាយ​ថេរ​វាទ​ដែរ បន្តិច​ម្តង​ៗ​បន្ទាប់​ពី​បាន​ជួប​នឹង​អារ្យ​ធម៌​មន ។ ពិត​មែន​តែ​មាន​ជោគជ័យ​នៅ​ក្នុង​អាស៊ី​ផ្នែក​អគ្នេយ៍ ព្រះពុទ្ធ សាសនា​ថេរវាទ​ក្នុង​ប្រទេស​ចិន ស្ថិត​នៅ​តែ​ក្នុង​តំបន់​ជាប់​ព្រំ​ដែន នឹង​ប្រទេស​ថេរ​វាទ​តែ​ប៉ុណ្ណោះ ។

    ទិដ្ឋភាព​ទូ​ទៅ​នៃ​ទស្សន​វិជ្ជា​ថេរ​វាទ​បង្កើត​នូវ​គំនិត​នៃ​វិភជ្ជវាទ ពាក្យ​នេះ​មាន​ន័យ​ថា ការ​បង្រៀន​ពី​ការ​វិភាគ (teaching of analysis) ។ ទ្រឹស្តី​នេះ​និយាយ​ថា​ បញ្ញា​ត្រូវ​តែ​កើត​មក​ពី​ការ​ពិ​សោធន៍ របស់​អ្នក​ស្វែង​រក ការ​ស៊ើប​អង្កេត​ល្អិត​ល្អន់ ហើយ​វិនិច្ឆ័យ​ជា​ជាង​សទ្ធា​ងងឹត​ងងល់។ យ៉ាង​ណា​ក៏​ដោយ គម្ពីរ​ប្រពៃណី​ថេរវាទ​សង្កត់​ខ្លាំង ទៅ​លើ​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ដំបូន្មាន​របស់​អ្នក​វៃឆ្លាត ដោយ​គិត​ថា​ដំបូន្មាន​នោះ​និង​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន ត្រូវ​យក​មក​ប្រៀប​ធៀប ដើម្បី​វិនិច្ឆ័យ​សម្រាប់​ការ​ប្រតិបត្តិ ។ នៅ​ក្នុង​ថេរ​វាទ ហេតុ​នៃ​ការ​កើត​ឡើង​និង​សេចក្តី​ទុក្ខ​របស់​មនុស្ស គឺ​តណ្ហា​ដែល​ផ្ទុក​ទៅ​ដោយ​កិលេស ។

    កិលេស​ទាំង​នោះ​ដែល​ចង​មនុស្ស ឲ្យ​ជាប់​ក្នុ​ង​ការ​វិល​កើត​វិល​ស្លាប់ ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​សំយោជនៈ​១០ (ten fetters) ហើយ​កិលេស​ដែល​រា​រាំង​មិន​ឲ្យ​សមាធិ​កើត​ឡើង មាន​៥​គឺ នីវរណធម៌​៥ Five hindrances ។ ថ្នាក់​របស់​កិលេស​អាច គ្រោត​ក្រាត មធ្យម ឬ​សុខុម ។ វា​ជា​បាតុភូត​ដែល​កើត​ឡើង ស្ថិត​នៅ​មួយ​រយៈ ហើយ​វិនាស​សាប​សូន្យ​ទៅ​វិញ​ជា​ញឹក​ញយ ។ អ្នក​កាន់​ថេរ​វាទ​យល់​ឃើញ​ថា កិលេស​មិន​ត្រឹម​តែ​ឲ្យ​ទុក្ខ​ទោស​ដល់​ខ្លួន​ឯង ប៉ុណ្ណោះ​ទេ វា​ឲ្យ​ទុក្ខ​ទោស​ដល់​អ្នក​ដទៃ​ទៀត​ផង​ដែរ វា​ជា​កម្លាំង​រុញ​ច្រាន ឲ្យ​មនុស្ស​ធ្វើ​អំពើ​អមនុស្ស​ធម៌​ទាំង​អស់ ។ អ្នក​កាន់​ថេរ​វាទ​ជឿ​ថា កិលេស​ជា​ទម្លាប់​កើត​ឡើង ដោយ​សារ​អវិជ្ជា Avijja ដែល​ផ្តល់ ការ​ឈឺ​ចាប់ ដល់​ចិត្ត​របស់​អ្នក​មិន​ត្រាស់​ដឹង ដែល​ជាប់​ជំពាក់​ទៅ​លើ​វា និង​ឥទ្ធិ​ពល​របស់​វា​ក្នុង​សេចក្តី​មិន​យល់​ដឹង​នូវ​សេចក្តី​ពិត​ ។ ប៉ុន្តែ​តាម​ការ​ពិត កិលេស​ទាំង​នោះ គ្រាន់​តែ​ជា​គ្រឿង​ពិស​ពុល​ដល់​ចិត្ត បង្កើត​ឲ្យ​មាន​សេចក្តី​ឈឺ​ចាប់ និង​ការ​ចង្អៀត​ចង្អល់​តែ​ប៉ុណ្ណោះ ។

    អ្នក​គ្មាន​ការ​ត្រាស់​ដឹង ជាប់​ជំ​ពាក់​ចិត្ត​ទៅ​លើ​រូប​កាយ ក្នុង​ការ​សន្មត់​ថា​កាយ​នេះ​ជា​របស់​ខ្លួន តែ​តាម​ការ​ពិត​កាយ​នេះ ជា​បាតុភូត​មិន​ទៀង (មិន​ស្ថិត​ស្ថេរ) កើត​ឡើង​ដោយ​សារ មហាភូត​រូប​៤ four basic elements ។ ក្នុង​គម្ពី​រ​ព្រះពុទ្ធសាសនា​ជំនាន់​ដើម មហា​ភូត​រូប​៤​នេះ​ជា​ញឹកញយ មាន​លក្ខណៈ​ជា​ដី ទឹក ភ្លើង ខ្យល់ ត្រូវ​គេ​ផ្តល់​អត្ថន័យ​តាម ការ​ដឹង​ដោយ​វិញ្ញាណ​ថា រឹង កំដៅ រាវ កំរើក ។ គេ​ជឿ​ថា​ជា​រឿយ​ៗ កិលេស​ដែល​បង្ខិត​បង្ខំ និង​ចាត់​ចែង​ចិត្ត​របស់​គេ រា​រាំង​មិន​ឲ្យ​គេ​មើល​ឃើញ នូវ​ធម្មជាតិ​ពិត​នៃ​សេចក្តី​ពិត ។ អាកប្បកិរិយា​ឆ្គាំ​ឆ្គង​នឹង​ជួយ ពង្រឹង​កិ​លេស ឲ្យ​កាន់​តែ​មាំមួន​ថែម​ទៀត ប៉ុន្តែ​ការ​ប្រតិបត្តិតាម អរិយ​អដ្ឋង្គិក​មគ្គ Noble Eightfold Path អាច​ធ្វើ​ឲ្យ​កិលេស​ចុះ​អន់​ថយ ឬ​ក៏​ផ្តាច់​ឫស​របស់​វា​បាន ។

    គេ​ជឿ​ថា​បុគ្គល​គ្មាន​ការ​ត្រាស់​ដឹង ពិសោធន៍​ឃើញ​លោក​នេះ តាម​ទ្វារ​វិញ្ញាណ​មិន​សុក្រិត​៦របស់​គេ (ទ្វារភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត) ហើយ​ប្រើ​​ប្រាស់​ចិត្ត ដែល​ស្រ​អាប់​ទៅ​ដោយ​កិលេស សម្រាប់​ការ​បក​ស្រាយ ការ​ដឹង និង​ការ​ទាញ​យក យោ​បល់ ។ ក្នុង​សភាព​ការ​បែប​នេះ ការ​ដឹង​និង​យោបល់​ត្រូវ​ធ្វើ​ឡើង តាម​តែ​មាយា​ការ​នៃ​សេចក្តី​ពិត របស់​បុគ្គល​នោះ ។ ពេល​ស្ថិត​នៅ​ក្នុង​ឈាន (ចិត្ត​ចុះ​ស៊ប់​ក្នុង​សមាធិ) ទ្វារ​វិញ្ញាណ របស់​រូប​នឹង​មិន​សកម្ម កិលេស​របស់​ចិត្ត​នឹង​ត្រូវ​កំចាត់​បង់ ហើយ​កុសល​ចិត្ត​នឹង​ត្រូវ​កើន​កម្លាំង ។ ពេល​នេះ​ចិត្ត (mind) អាច​យក​មក​ប្រើ ដើម្បី​ពិនិត្យ​និង​កើត​បញ្ញា ក្នុង​ការ​រក​ធម្មជាតិ​ពិត​នៃ​សេច​ក្តី​ពិត ​។

    កិលេស​មាន​៣​ជាន់ ក្នុង​ជាន់​អសកម្ម វា​ដេក​សម្ងំ​ស្ងៀម​នៅ​បាត​នៃ​សន្តាន​ចិត្ត រង់​ចាំ​ឱ​កាស​ល្អ (អនុសយ​កិ​លេស) ប៉ុន្តែ​កាល​ណា​មាន​ការ​កំរើក​រញ្ជួយ លើ​ផ្ទៃ​វិញ្ញាណ វា​នឹង​បង្ហាញ​ខ្លួ​ន​នៅ​ផ្ទៃ​ខាង​លើ​នៃ​ចិត្ត ជា​អកុសល​ចិត្ត​ជា​អារម្មណ៍​ជា​ចេត​នា ។ កាល​បើ​វា​មាន​កម្លាំង​គ្រប់​គ្រាន់ កិលេស​នឹង​ដល់​នូវ​ការ​ប្រព្រឹត្ត​កន្លង (វិតិ​ក្កមៈ) ប្រកប​ដោយ​គ្រោះ​ថ្នាក់ ដែល​បណ្តាល​ឲ្យ​គេ ធ្វើ​អំពើ​ដោយ​កាយ ឬ ដោយ​វាចា ។ ដើម្បី​រំដោះ​ចេញ​ពី​ការ​ឈឺចាប់ និង​សេចក្តីតាន​តឹង​ចិត្ត អ្នក​កាន់​ថេរ​វាទ មាន​ជំនឿ​ថា​ត្រូវ​តែ​ផ្តាច់​ឫស​កិលេស ឲ្យ​វិនាស​រហូត ។ ជា​ដំបូង​គេ​ត្រូវ​ធ្វើ​សតិ​ចំពោះ​ការ​អត់​ធ្មត់ ដើម្បី​ការ​ពារ​កុំ​ឲ្យ​វា​ត្រួត​ត្រា​លើ​អំពើ ដោយ​ចិត្ត​និង​កាយ ។ បន្ទាប់​មក គេ​នឹង​ផ្តាច់​ឫស​របស់​វា តាម​រយៈ​នៃ​ការ​ស្រាវ​ជ្រាវ​ផ្ទៃ​ក្នុង​នៃ​ចិត្ត ការ​ពិចារណា ការ​ពិសោធន៍ និង​សេចក្តី​យល់​ដឹង​នូវ​ធម្មជាតិ​ពិត​របស់​វា ដោយ​ប្រើ​ឈាន ។ ពិធីការ​នេះ តម្រូវ​ឲ្យ​គេ​ធ្វើ​សារ​ឡើង​វិញ ចំពោះ​កិលេស​និមួយ​ៗ ។ ការ​អនុវត្តន៍​នឹង​នាំ​អ្នក​ធ្វើ​ឈាន ឲ្យ​ដល់​នូវ​អរិយសច្ចៈ​៤ ការ​ត្រាស់​ដឹង និង​ព្រះ​និព្វាន ។ និព្វាន​ជា​គោល​បំណង​ទី​បំផុត របស់​អ្នក​កាន់​ថេរ​វាទ ហើយ​គឺ​ជា​ទី​បរម​សុខ ដែល​បុគ្គល​បាន​រួច​រំដោះ ពី​សង្សារ​វដ្ត​នៃ​ការ​កើត ឈឺ​ចាស់ ស្លាប់ ។

    អ្នក​កាន់​ថេរ​វាទ​មាន​ជំនឿ​ថា បុគ្គល​ម្នាក់​ៗ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ចំពោះការ​ត្រាស់​ដឹង​និង​ការ​រំដោះ​ខ្លួន ព្រោះ​ថា​គេ​ជា​ទទួល​ខុស​ត្រូវ លើ​កម្ម​ផល​របស់​គេ ។ ដោយ​គ្រាន់​តែ​សិក្សា​និង​ជឿ​តាម​សេចក្តី ពិ​ត​នៃ​សច្ចធម៌​ដែល​ព្រះ​ពុទ្ធ​បាន​ពន្យល់​ប្រាប់ មិន​គ្រប់​គ្រាន់​ឡើយ ការ​ត្រាស់​ដឹង​អាច​សម្រេច​បាន តែ​តាម​ការ​ពិសោធន៍​និង​ការ​យល់ ដឹង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ។ បុគ្គល​ម្នាក់​ៗ​ត្រូវ​ប្រតិបត្តិ អរិយ​អដ្ឋង្គិក​មគ្គ តាម​ការ​បង្រៀន​របស់​ព្រះ​ពុ​ទ្ធ ដើម្បី​រក​ឃើញ​សេចក្តី​ពិត​សម្រាប់​ខ្លួន​គេ ។ តាម​ជំនឿ​ក្នុង​ថេរ​វាទ ព្រះ​ពុទ្ធ ព្រះ​អាទិ​ទេព ឬ​ទេព្តា មិន​អាច​ឲ្យ​ការ​ត្រាស់​ដឹង ដល់​មនុស្ស​ណា​មួយ ឬ​រំដោះ​អ្នក​នោះ​ឲ្យ​ផុត​ពី​ការ វិល​វល់​នៃ​ការ​កើត ឈឺ ចាស់ ស្លាប់ Samsara បាន​ឡើយ ។ ចំពោះ​អ្នក​កាន់​ថេរ​វាទ ព្រះពុទ្ធ​គ្រាន់​តែ​ជា​អ្នក​បង្រៀន​អដ្ឋង្គិកមគ្គ ចំណែក​ឯ​អាទិទេព​និង​ទេព្តា​នៅ​តែ​មាន​កំហឹង សេចក្តី​ច្រណែន សេចក្តី​ស្អប់ ការ​ព្យា​បាទ តណ្ហា លោភៈ មោហៈ​និង​សេចក្តី​ស្លាប់ ។

    គេ​ជឿ​ថា​បុគ្គល​ខ្លះ​ដែល​បតិបត្តិ​ដោយ​វិរិយ​ភាព និង​ថា​មពល អាច​សម្រេច​ព្រះ​និព្វាន​បាន​តែ​ក្នុង​១​ជាតិ ដូច​ជា​សាវ័ក​របស់​ព្រះ​ពុទ្ធ​ជា​ច្រើន​រូប នៃ​ជំនាន់​ដំបូង​ពីរ​បី​ជំនាន់ ។ ចំពោះ​អ្នក​ដទៃ​ទៀត ដំណើរ​ទៅ​កាន់ ព្រះនិព្វាន ត្រូវ​ការ​ពេល​អស់​ជា​ច្រើន​ជាតិ តាម​លំដាប់​លំ​ដោយ ម្នាក់​ៗ​នឹង​ឡើង​ថ្នាក់​កាន់​តែ​ខ្ពស់​ទៅ ​។ អ្នក​បាន​សម្រេច​ព្រះ​និព្វាន គេ​ហៅថា អរហន្ត ។ ដោយ​មាន​ជំនឿ​ថា ព្រះ​បរមសម្ពុទ្ធ​មាន​បញ្ញា​ញាណ ដ៏​បរិសុទ្ធ​ក្នុង​ការ​បង្ហាញ ផ្លូវ​ទៅ​កាន់​សេចក្តី​ត្រាស់​ដឹង អ្នក​កាន់​ថេរវាទ​ជឿ​ថា សាវ័ក​ផ្ទាល់​របស់​ព្រះពុទ្ធ​សម្រេច​ការ​ត្រាស់​ដឹង​បាន​យ៉ាង​ឆាប់​បំផុត ។ តាម​គម្ពីរ​ដីកា​បូរាណ និព្វាន​ដែល​ព្រះ​អរហន្ត​សម្រេច ក៏​ដូច​គ្នា​នឹង​និព្វាន​របស់​ព្រះពុទ្ធ​ដែរ ព្រោះ​និព្វាន​មាន​តែ​មួយ​ប្រភេទ ។ ព្រះ​ពុទ្ធ​ប្រសើរ​ជាង​ព្រះ​អរហន្ត​ទាំង​ឡាយ ព្រោះ​ព្រះ​អង្គ​បាន​រក​ឃើញ​មគ្គ​ដោយ ផ្ទាល់​ខ្លួន​ព្រះ​អង្គ ហើយ​បង្រៀន​មគ្គ​ដល់​អ្នក​ដទៃ​ម្យ៉ាង​ទៀត ព្រះ​អរហន្ត​សម្រេច​ព្រះ​និព្វាន​បាន ក៏​ដោយ​សារ​ការ​ប្រៀន​ប្រដៅ របស់​ព្រះ​ពុទ្ធ​មួយ​ភាគ​ដែរ ។ អ្នក​កាន់​ថេរវាទ​គោរព​បូជា​ព្រះ​ពុទ្ធ ក្នុង​ភាព​ព្រះ​អង្គ ជា​មហាបុរស​តែ​មួយ ប៉ុន្តែ​ទទួល​ស្គាល់​ថា​មាន​ព្រះ​ពុទ្ធ​ផ្សេង​ទៀត​ដូច​គ្នា ក្នុង​អតីតកាល​និង​អនាគត​កាល​ដ៏​យូរ​អង្វែង ។ ដូច​ជា​ក្នុង​គម្ពីរ​បាលី មាន​ការ​រៀប​រាប់​យ៉ាង​ខ្លី​ថា ព្រះ​មេ​ត្តេយ្យ (សិអារ្យ​មេត្រី) នឹង​មក​កាន់​លោក​នេះ​ជា​ព្រះ​ពុទ្ធ ក្នុង​អនាគត​យ៉ាង​យូរ ។ ជា​ប្រពៃ​ណី អ្នក​កាន់​ថេរវាទ​អាច​មាន​សទ្ធា ចំពោះ​ការ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ ហើយ​រក្សា​សីល​ថ្នាក់​ក្រោម ដោយ​សង្ឃឹម​ថា​នឹង​បាន​កុសល​ខ្លះ ឬ​ក៏​គេ​អា​ច​ធ្វើ​ការ​ស្រាវ​ជ្រាវ ដោយ​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន បញ្ជាក់​សេចក្តី​ពិត​នៃ​ការ​បង្រៀន​របស់​ព្រះ​ពុទ្ធ ដោយ​ការ​បំពេញ​ឈាន Jhana ដែល​ជា​ផ្នែក​មួយ​ក្នុង​អរិយអដ្ឋង្គិក​មគ្គ ដើម្បី​ការ​ត្រាស់​ដឹង​របស់​ខ្លួន ។

    គោល​សំខាន់​នៃ​ថេរ​វាទ​ជា​ទី​មួយ​ហើយ​សំខាន់​បំផុត ទស្សន​វិជ្ជា​នៃ​ថេរ​វាទ​គឺ​ការ​វិភាគ ឥត​ឈប់​ឈរ​នៃ​ដំណើរ​ជីវិត មិន​មែន​ត្រឹម​តែ​ជា​ច្បាប់​សីល​ធម៌ ឬ​ពិធី​បុណ្យ​សាសនា​ប៉ុណ្ណោះ​ទេ ។ ទ្រឹស្តី​ខ្ពស់​បំផុត​នៃ​ថេរ​វាទ បាន​ដល់​អរិយ សច្ចៈ៤ ដែល​ជា​សេចក្តី​ពិត​ដ៏​ខ្ពង់​ខ្ពស់​បំផុត​៤​យ៉ាង ។ ក្នុង​ការ​និយាយ​ឲ្យ​ងាយ​យល់ អរិយ​សច្ចៈ៤​នេះ​គឺ បញ្ហា, ហេតុ, ដំណោះ​ស្រាយ, និង​ផ្លូវ​ទៅ​កាន់​ដំ​ណោះ​ស្រាយ។

  7. kao bun song និយាយថា៖

    វិន័យជាឫសគល់នៃព្រះសទ្ថម្ម

    នៅក្នុងសមន្តប្បាសិទិកា ត្រង់ពាហិរិនិទាន មានពន្យល់ថា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា៖

    * វិន័យ ដើម្បីប្រយោជន៍ដល់ សំវរៈ (សេចក្តីសង្រួម)
    * សំវរៈ ដើម្បីជាប្រយោជន៍នៃដល់ អវិប្បដិសារី (សេចក្តីមិនក្តៅក្រហាយ)
    * អវិប្បដិសារៈ ដើម្បីប្រយោជន៍នៃ បាមោជ្ជៈ (ប្រាមោទ្យ សេចក្តីរីករាយ)
    * បាមោជ្ជ ដើម្បីប្រយោជន៏នៃ បីតិ (ការត្រេកអរព្រឺព្រួចក្នុងចិត្ត)
    * បីតិ ដើម្បីប្រយោជន៍នៃ បស្សទ្ធិ (សេចក្តីស្ងប់)
    * បស្សទ្ធិ ដើម្បីប្រយោជន៍នៃ សុខៈ
    * សុខ ដើម្បីប្រយោជន៍នៃ សមាធិ (ការតាំងមាំនៃចិត្ត)
    * សមាធិ ដើម្បីប្រយោជន៍នៃ យថាភូតញាណទស្សនៈ (សេចក្តីដឹងឃើញតាមពិត)
    * យថាភូតញាណទស្សនៈ ដើម្បីប្រយោជន៍នៃ និព្វិទា (ការនឿយណាយ)
    * និព្វិទា ដើម្បីប្រយោជន៍នៃ វិរាគៈ (ការមិនត្រេកត្រអាល)
    * វិរាគៈ ដើម្បីប្រយោជន៍នៃ វិមុត្តិ (ការរួចផុត)
    * វិមុត្តិ ដើម្បីប្រយោជន៍នៃ វិមុត្តិញាណទស្សនៈ (សេចក្តីដឹងពិតថា រួចផុតមែន) ហើយ
    * វិមុត្តិញាណទស្សនៈ ដើម្បីប្រយោជន៍នៃ អនុបាទាបរិនិព្វាន (មិនមានសង្ខារជាដើម គឹនិព្វាន)៕

  8. kao bun song និយាយថា៖

    គតិពីរយ៉ាង

    មហាបុរសដែលប្រកបដោយបុរិសលក្ខណៈ៣២ប្រការ មានគតិតែពីរយ៉ាងប៉ុណ្ណោះ គឺ
    គ្រប់គ្រងផ្ទះ

    បើមហាបុរសនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះផ្សាយអំណាចរហូតដល់ផែនដីដែលមានមហាសមុទ្រទាំង៤ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាវៈជាអ្នកមានជនបទដ៏មាំមួន ទ្រង់ប្រកបដោយរតន៍​ ៧ ប្រការ។ ឯរតន៍ ៧ ប្រការនៃស្តេចចក្រពត្តិនោះគឺ

    1. ចក្ករតន៍១ (ចក្ករតន៍ជាទិព្វមានកាំ១.០០០ ព្រមទំាងខ្នងកង់ទាំងដុំ សំរាប់បង្រ្កាបសត្រូវ)
    2. ហត្ថិរតន៍១ (ដំរីកែវ ជាដំរីមានរឹទ្ធ ឈ្មោះឧបោសថ)
    3. អស្សរតន៍១(សេះកែវ ជាស្តេចសេះឈ្មោះវលាហកៈ)
    4. មណិរតន៍កែវ(ជាកែវពិទរ្យមានជ្រុង៨ មានពន្លឺផ្សាយបាន១យោជន៍ជុំវិញ)
    5. ឥត្ថិរតន៍កែវ(ស្រីកែវ មានរូបឆោមល្អលើសស្រីដទៃ)
    6. គហបតីរតន៍(មានទិព្វចក្ខុអាចមើលឃើញកំណប់ទ្រព្យដែលមានម្ចាស់ រឺ អត់ម្ចាស់)
    7. បរិនាយករតន៍(ព្រះរាជបុត្រច្បង ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច)

    ព្រះរាជបុត្ររបស់ស្តេចចក្រពត្តិនោះមានចំនួនច្រើនពាន់ សុទ្ធតែអង់អាច អាចញាំញីសត្រូវបាន។ ព្រះអង្គគ្រប់គ្រងប្រទេសដោយធម៌ មិនប្រើអជ្ញា ឬ គ្រឿងសាស្ត្រាវុធឡើយ។
    ចេញបួស

    បើមហាបុរសនោះចេញបួសហើយ នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោកមានដំបូល គឺកិលេសបើកចេញហើយ។
    មហាបុរិសលក្ខណៈ
    ព្រះបាទស្មើ

    ព្រះមហាបុរសមានព្រះបាទប្រតិស្ថានល្អ ដាក់ព្រះបាទលើផែនដីក៏ស្មើ លើកឡើងក៏ស្មើ គឺព្រះបាទដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង។ ហេតុដែលនាំអោយព្រះមហាបុរសមានព្រះបាទស្មើល្អ

    ព្រោះព្រះអង្គ តែងត្រកអរក្នុងវចីសច្ចៈផង ក្នុងធម៌ គឺកុសលកម្មបទ១០ផង ក្នុងការទូន្មាននូវឥន្រ្ឬិយផង ក្នុងសេចក្តីសង្រួម(ក្នុងសីល)ផង ក្នុងការសំអាតផ្លូវកាយ សីល និង​ ឧបោសថកម្មផង ក្នុងកិរិយាមិនបៀតបៀនសត្វ ក្នុងអំពើដែលមិនរួសរាន់ សមាទានមាំទាំ ប្រព្រឹត្តគ្រប់ទាំងអស់។
    ផ្ទៃព្រះបាទមានរូបចក្រ

    ត្រង់ផ្ទៃព្រះបាទទាំងគូមានរូបចក្រ ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ ១.០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ។ ហេតុដែលនាំអោយមានផលយ៉ាងនេះ ព្រោះព្រះមហាបុរស

    អាស្រ័យនូវជាតិពីមុន បាននាំសេចក្តីសុខ អោយដល់ជនច្រើននាក់ផង ជាអ្នកកំចាត់បង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល និងសេចក្តីតក់ស្លត់ផង ជាអ្នកចាត់ចែងនូវការរក្សាការពារគ្រប់គ្រងប្រកប ដោយធម៌ផង បានអោយទានផង។
    ព្រះបណ្ហិ

    កែងព្រះបាទវែង

    ជាតំណាងនៃអាយុវែង មិនអាចមានអ្នកណាមកផ្តាច់បង់ជីវិតក្នុងរវាងអាយុឡើយ។ កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។
    ព្រះអង្គុលី

    ព្រះមហាបុរសមានម្រាមព្រះហស្តនិងព្រះបាទវែង។ ម្រាមព្រះហស្តម្ខាងៗទាំង៤ស្មើគ្នា វៀរលែងម្រាមមេដៃ។ ម្រាមព្រះបាទម្ខាងៗ ស្មើគ្នាទាំង៥។

    កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។
    ផ្ទៃព្រះហស្តនិងផ្ទៃព្រះបាទ

    ព្រះមហាបុរសមានផ្ទៃព្រះបាទនិងផ្ទៃព្រះហស្តដ៏ទន់ដូចសំឡីដែលគេថ្ពេចអស់១០០ដង។

    នេះគឺជាផលដែលព្រះមហាបុរសក្នុងកាលមុនបានសង្រ្គោះដល់ពួកជនដោយសង្គហវត្ថុ ៤ប្រការ គឺ ទាន១ ពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្តដែលជាប្រយោជន៍១ ការតាំងខ្លួនស្មើ គឺមិនប្រកាន់១។
    ផ្ទៃព្រះបាទនិងព្រះហស្ត

    ព្រះមហាបុរសមានផ្ទៃព្រះបាទនិងព្រះហស្តប្រទាក់ដោយក្រឡាដូចសំណាញ់។ បុព្វហេតុទាំងនេះនាំអោយព្រះអង្គមានម្រាមព្រះហស្តនិងព្រះបាទវែង១ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទប្រទាក់ក្រឡាដូចសំណាញ់។ ហើយព្រះអង្គក៏បានជារូបល្អ ទន់ភ្លន់គូរពិចពិល រមិលរមើល បាននូវការរុងរឿង ឈ្លាសវៃ។ពួកបរិស័ទទាំងឡាយមាន ព្រាហ្មណ៍ គហបតី មហាមាត្រ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាដើម ក៏ជ្រះថ្លា គោរពតាមពាក្យឱវាទរបស់ព្រះអង្គ ដោយសារផលរបស់កម្មនោះឯង។

    ព្រះបាទអណ្តែតឡើងលើ

    ក.ជើងដូចជាអណ្តែតឡើងខាងលើ ហាក់ដូចជាមិនជាប់គ្នានឹងខ្នងព្រះបាទ។

    ក្នុងជាតិកាលពីមុន ព្រះមហាបុរសតែងពោលពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់សត្វទាំងឡាយ ជាអ្នកមិនកំណាញ់ បូជានូវធម្មទាន។ ព្រោះកុសលកម្មដែលព្រះអង្គបានធ្វើ សន្សំអោយធំទូលាយនោះ បានជាព្រះអង្គជាអ្នកបាននូវលក្ខណៈពីរយ៉ាងនេះ គឺ មាន ក ជើងដូចជាអណ្តែតឡើងខាងលើ១ និងមានចុងរោម ង ឡើងលើ១។ មានសន្លាក់ជើងប្រតិស្ឋានល្អ មានសាច់ឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។
    ព្រះជង្ឃា

    ស្មងរៀវមូលត្រសូលស្រដៀងនឹងស្មងសត្វទ្រាយរឺស្រដៀងនឹងដង្ហើមស្រូវ។

    ព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកបានបង្ហាញនូវសិល្ប៍សាស្ត្រថោកទាប និងសិល្ប៍សាស្ត្រឧត្តមផង នូវវិជ្ជាច្រើនប្រការ មានវិជ្ចាស្តោះពស់ជាដើមផង នូវចរណៈ គឺ សីល៥ សីល៨ រឺ សីល១០ ឬបាតិមោក្ខសំវរសីលផង នូវការងារផង ដោយយកចិត្តទុកដាក់ ដោយតាំងចិត្តថា ធ្វើម្តេចហ្ន៎ ពួកជននេះបានចេះដឹងឆាប់ បានទទួលសេចក្តីប្រតិបត្តិឆាប់ កុំអោយលំបាកអស់កាលជាយូរអង្វែងឡើយ។​ ដោយបុព្វហេតុនោះ ដែលជាកម្មញុំាងសុខអោយចំរើន ទើបបាននូវស្មងដ៏ល្អ មានរបៀបរៀបរយល្អ។
    ព្រះហស្តវែង

    ព្រះហស្តអាចស្ទាបជង្គុងដល់ដោយមិនបាច់អោនចុះ។

    ក្នុងកាលពីមុន មហាបុរសបានពិចារណានូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ (គឺស្គាល់ថាអ្នកនេះមានគុណធម៌ស្មើនឹងអ្នកនោះ ហើយក៏ទទួលរាក់ទាក់តាមវិធីដែលត្រូវទទួល) ស្គាល់ដោយខ្លួនឯង(គឺ ស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ) ស្គាល់បុរស(គឺ ស្គាល់ថាបុរសនេះជាន់ខ្ពស់ ជាន់កណ្តាល ឬ ជាន់ទាប) ស្គាល់គុណវិសេសរបស់បុរស ថាបុរសបែបណាគួរទទួលគ្រឿងសក្ការៈបែបណា។ ព្រោះកម្មនោះ​ មហាបុរសក៏មានមហាបុរិសលក្ខណៈទាំងពីរនេះ គឺ មានបរិមណ្ឌលនៃកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ ក៏អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន១។
    ព្រះអង្គាវយវៈ

    នៅក្នុងស្រោមដូចជាអង្គជាតិរបស់ដំរី ឬ គោឈ្មោល។

    ក្នុងកាលមុន ព្រះមហាបុរសបានរាប់អាននូវញាតិមិត្ត សំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាស់និរាសបាត់មុខយូរហើយផង ជាអ្នករាប់អានមាតាព្រមទាំងកូនផង រាប់អានកូនព្រមទាំងមាតាផង ជាដើម ហើយក៏ត្រេកអរក្រៃលែង ព្រោះបានធ្វើគេអោយព្រមព្រៀងគ្នាផង។ ព្រោះកម្មនោះ មហាបុរសក៏បាននូវលក្ខណៈនេះ គឺ ជាអ្នកមានអង្គាវយវៈ ដែលត្រូវលាក់អោយកំបាំងដោយសំពត់ ឋិតនៅក្នុងស្រោម។
    ព្រះឆវីវណ្ណ

    ព្រះមហាបុរសមានពណ៌សំបុរស្បែក សំបុរថ្ងៃ លឿងភ្លឺអន្លងដូចមាស។

    ក្នុងកាលមុនព្រះមហាបុរសជាអ្នកមិនមានសេចក្តីក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត សូម្បីជនច្រើនអ្នកនាំគ្នាស្តីថាអោយ ក៏មិនឈឺចិត្ត មិនក្រោធ មិនចងកំហឹងទុក មិនដម្កល់ទុក នូវសេចក្តីក្រោធ ទាំងមិនបានធ្វើនូវការប្រទូស្ត នឹងសេចក្តីតូចចិត្តអោយប្រាកដឡើង ដោយកាយវិការ ឬ វចីវិការឡើយ។ ព្រះអង្គបានធ្វើទាននូវកំរាល និងសំពត់ដណ្តប់ដែលមានសាច់មដ្ឋ ល្អិតទន់ល្មៃ មានពណ៌ស្រស់។ ព្រោះកម្មនោះ មហាបុរសក៏បាននូវលក្ខណៈនេះ គឺជាអ្នកមានពណ៌សំបុរស្បែកលឿងភ្លឺបំព្រងដូចជាសំបុរនៃមាស និងស្បែកជិតស្និទ្ធល្អដូចមាស។
    ព្រះឆវី

    ព្រះឆវីរបស់ព្រះមហាបុរសល្អិតផូរផង់រលីងស្រិលរអិលធូលីធ្លាក់មកត្រូវ មិនជាប់កាយ។

    ក្នុងកាលមុនព្រះអង្គបានចូលទៅរកបព្វជិត ហើយសាកសួរនូវប្រស្នា (ដូចជា បពិត្រលោកដ៏ចំរើន អំពើដូចម្តេចជាកុសល អំពើដូចម្តេចជាអកុសល អំពើដូចម្តេចដែលប្រកបដោយទោស អំពើដូចម្តេចដែលមិនប្រកបដោយទោស អំពើដូចម្តេចគួរសេព អំពើដូចម្តេចមិនគួរសេព អំពើដូចម្តេចដែលខ្ញុំធ្វើហើយប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេចដែលខ្ញុំធ្វើហើយប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខអស់កាលយូរអង្វែង) បានស្តាប់ដោយគោរព ធ្វើនូវសេចក្តីអោយតាំងនៅខាងក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយប្រយោជន៍ តែមួយយ៉ាង។ ដោយកម្មនេះឯង ព្រះអង្គក៏បាននូវសម្បុរដ៏ល្អ និងស្បែកក៏ល្អិតផូរផង់រលីងស្រិល។
    ព្រះលោមា

    ព្រះលោមា(រោម) ក្នុង១រណ្តៅ តែ១សសៃ។

    កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកលះបង់់នូវមុសាវាទ វៀរស្រឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរអោយគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ លុះមកកាន់អត្តភាពថ្មីនេះ ព្រះអង្គក៏បាននូវលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានរោមក្នុងរណ្តៅ១ៗតែ១សសៃៗ១ មានរោមត្រង់ប្រជុំចិញ្ចើមដុះត្រង់ ចន្លោះចិញ្ចើមមានពណ៌ ស ក្បុសទន់ល្វន់ដូចជាសំឡី១។
    ចុងព្រះលោមា

    ចុងព្រះលោមា ង ឡើងលើ វិលព័ទ្ធពេនទៅខាងស្តាំ មានពណ៌ខៀវស្រស់ដូចផ្កាអញ្ជ័ន កួចមូលដូចជាកុណ្ឌល។

    ក្នុងជាតិកាលពីមុន ព្រះមហាបុរសតែងពោលពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់សត្វទាំងឡាយ ជាអ្នកមិនកំណាញ់ បូជានូវធម្មទាន។ ព្រោះកុសលកម្មដែលព្រះអង្គបានធ្វើ សន្សំអោយធំទូលាយនោះ បានជាព្រះអង្គជាអ្នកបាននូវលក្ខណៈពីរយ៉ាងនេះ គឺ មាន ក ជើងដូចជាអណ្តែតឡើងខាងលើ១ និងមានចុងរោម ង ឡើងលើ១។ មានសន្លាក់ជើងប្រតិស្ឋានល្អ មានសាច់ឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។
    កាយ

    ព្រះកាយត្រង់ដូចជាកាយរបស់ព្រហ្ម។

    កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។
    ព្រះមំសៈ

    ព្រះមំសៈ(សាច់) ៧អន្លើពេញលេញ ឥតមានឃើញសសៃ គឺត្រង់ ខ្នងព្រះហស្តទាំង២ ខ្នងព្រះបាទទាំង២ ព្រះអង្សកូច(ចង្កួយស្មា)ទាំង២ និង ព្រះខន្ធប្បទេស(ត្រង់ ក) ១។

    ព្រះកាយដូចរាជសីហ៍

    កន្លះព្រះកាយខាងលើស្រដៀងនឹងកន្លះកាយខាងមុខរបស់រាជសីហ៍។

    ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។
    ចង្អួរនៃព្រះបិដ្ឋិប្រទេស

    ចង្អួរខ្នងពេញស្មើ ឥតមានខូងត្រង់កណ្តាលខ្នងឡើយ។

    ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។
    ព្រះកាយ

    ព្រះកាយប្រហែលនឹងបរិមណ្ឌលនៃដើមជ្រៃដែលដុះឡើងអំពីផែនដី។ គឺព្រះអង្គមានកាយនិងព្យាមមានប្រវែងស្មើគ្នា។

    ក្នុងកាលពីមុន មហាបុរសបានពិចារណានូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ (គឺស្គាល់ថាអ្នកនេះមានគុណធម៌ស្មើនឹងអ្នកនោះ ហើយក៏ទទួលរាក់ទាក់តាមវិធីដែលត្រូវទទួល) ស្គាល់ដោយខ្លួនឯង(គឺ ស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ) ស្គាល់បុរស(គឺ ស្គាល់ថាបុរសនេះជាន់ខ្ពស់ ជាន់កណ្តាល ឬ ជាន់ទាប) ស្គាល់គុណវិសេសរបស់បុរស ថាបុរសបែបណាគួរទទួលគ្រឿងសក្ការៈបែបណា។ ព្រោះកម្មនោះ​ មហាបុរសក៏មានមហាបុរិសលក្ខណៈទាំងពីរនេះ គឺ មានបរិមណ្ឌលនៃកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ ក៏អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន១។
    ព្រះសុរង

    មាន ក មូលក្បំ។

    ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។
    ព្រះប្រសាទ

    ជាអ្នកមាន ប្រសាទ គឺសរសៃល្អិតឆ្មារដ៏លើសលែង សម្រាប់ទទួលរសអាហារ។

    កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកមិនបៀតបៀនសត្វទាំងឡាយដោយដៃ ឬដុំដី ឬក៏ដំបង គ្រឿងសាស្ត្រាវុធឡើយ។ ព្រោះហេតុនោះ​ ទើបព្រះអង្គបាននូវលក្ខណៈនេះ គឺ ជាអ្នកមានប្រសាទដ៏លើសលែង សំរាប់ទទួលរសអាហារ។ ឯប្រសាទនោះ មានចុង ង​ ឡើងលើ ប្រជុំស្រោបត្រង់ ក សំរាប់ទទួលរសអាហារ ជ្រួតជ្រាបសព្វសព៌ាង្គកាយ។
    ព្រះហនុ

    ព្រះហនុ(ចង្កា) ដូចជាចង្កានៃរាជសីហ៍ ពេញបរិបូរណ៌ដូចព្រះច័ន្ទក្នុងថ្ងៃ១២កើត។

    ក្នុងកាលពីមុន ព្រះអង្គជាអ្នកលះបង់នូវ សម្ផប្បលាបៈ(ពាក្យរោយរាយ ឥតប្រយោជន៍) ជាអ្នកពោលតាមកាលគួរ ពោលតែពាក្យពិត ពោលពាក្យប្រកបដោយហេតុនិងផល​ប្រកបដោយប្រយោជន៍ ត្រូវតាមកាល។ ព្រោះកម្មនោះ ព្រះអង្គក៏បានជាអ្នកមានលក្ខណៈនេះ គឺមានព្រះហនុមានសណ្ឋានដូចជាចង្កានៃរាជសីហ៍​ ដែលជាសត្វប្រសើរជាងពួកសត្វជើង៤។
    ព្រះទន្ត៤០

    ព្រះទន្ត(ធ្មេញ) ៤០គត់ គឺ ធ្មេញលើ២០ និង ធ្មេញក្រោម២០ ប្រតិស្ឋានដោយល្អនៅក្នុងមាត់។

    កាលព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត ជាអ្នកឮពាក្យពីជនឯនេះ មិនទៅប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបំរុងនូវពួកជនដែលព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា។ លុះមកកាន់អត្តភាពនេះ ព្រះអង្គក៏បាន ជាអ្នកមានព្រះទន្ត៤០គត់១ មានព្រះទន្តជិតស្និទ្ធល្អ១។
    ព្រះទន្តស្មើ

    ព្រះទន្តរាបស្មើ មិនជ្រួសគ្នា ឬ ជំពើស ខ្ពស់ទាបឡើយ។

    ក្នុងជាតិកាលពីមុន ព្រះមហាបុរស បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាជីវៈ ជាអ្នកបានវៀរចារការបញ្ឆោតបន្លំ ដោយជញ្ជីង ដោយមាស ដោយរង្វាល់ជាដើម។ ជាអ្នកវៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សអោយវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ដោយបុព្វហេតុនេះ ព្រះអង្គក៏បានជាអ្នកមានព្រះទន្ត ស ស្អាត ជិតស្និទ្ធរាបស្មើល្អ១ មានចង្កូមទាំង៤ ស ស្អាត១។
    របៀបនៃព្រះទន្ត

    របៀបនៃព្រះទន្តជិតស្និទ្ធល្អ។

    កាលព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត ជាអ្នកឮពាក្យពីជនឯនេះ មិនទៅប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបំរុងនូវពួកជនដែលព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា។ លុះមកកាន់អត្តភាពនេះ ព្រះអង្គក៏បាន ជាអ្នកមានព្រះទន្ត៤០គត់១ មានព្រះទន្តជិតស្និទ្ធល្អ១។
    ព្រះចង្កូម

    ព្រះចង្កូមទាំង៤ ស ស្អាត ចាំងពន្លឺ។

    ក្នុងជាតិកាលពីមុន ព្រះមហាបុរស បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាជីវៈ ជាអ្នកបានវៀរចារការបញ្ឆោតបន្លំ ដោយជញ្ជីង ដោយមាស ដោយរង្វាល់ជាដើម។ ជាអ្នកវៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សអោយវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ដោយបុព្វហេតុនេះ ព្រះអង្គក៏បានជាអ្នកមានព្រះទន្ត ស ស្អាត ជិតស្និទ្ធរាបស្មើល្អ១ មានចង្កូមទាំង៤ ស ស្អាត១។
    ព្រះជីវ្ហា

    ព្រះជីវ្ហា(អណ្តាត)វែង ធំទូលាយ ទន់ល្មមល្មៃ។

    កាលពីមុន ព្រះមហាបុរស ជាអ្នកបានលះបង់នូវផរុសវាចារ(វាចារអាក្រក់ ពាក្យជេរ) ជាអ្នកនិយាយតែពាក្យដែលឥតទោស ពាក្យដែលជាសុខដល់ត្រចៀកគេ គួរអោយស្រឡាញ់ គួរអោយតាំងទុក ក្នុងហរទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់ពេញចិត្តនៃជនច្រើន។ លុះព្រះអង្គកាន់យកអត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានអណ្តាតវែង១ មានសូរស័ព្ទសំលេងក្រាងក្រអៅ ដូចសំលេងព្រហ្ម កាលបើបញ្ចេញវាចា លាន់ឭពិរោះដូចជាសំលងសត្វករវិក១។
    សំឡេង

    សូរសៀងសំឡេងក្រអៅដូចជាសំឡេងនៃព្រហ្ម ឬសត្វករវិក។

    កាលពីមុន ព្រះមហាបុរស ជាអ្នកបានលះបង់នូវផរុសវាចារ(វាចារអាក្រក់ ពាក្យជេរ) ជាអ្នកនិយាយតែពាក្យដែលឥតទោស ពាក្យដែលជាសុខដល់ត្រចៀកគេ គួរអោយស្រឡាញ់ គួរអោយតាំងទុក ក្នុងហរទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់ពេញចិត្តនៃជនច្រើន។ លុះព្រះអង្គកាន់យកអត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានអណ្តាតវែង១ មានសូរស័ព្ទសំលេងក្រាងក្រអៅ ដូចសំលេងព្រហ្ម កាលបើបញ្ចេញវាចា លាន់ឭពិរោះដូចជាសំលងសត្វករវិក១។
    ព្រះនេត្រ

    ព្រះនេត្រខៀវស្រស់

    ក្នុងកាលមុន ព្រះមហាបុរសជាអ្នកមិនសំឡក់មើល ដោយទោសៈចិត្ត មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេដោយការស្អប់ ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ៗពេញភ្នែក ជាអ្នកសំលឹងមើលជនច្រើន ដោយចក្ខុគួរអោយស្រឡាញ់។ លុះព្រះអង្គមកកាន់អត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានព្រះនេត្រខៀវ ត្រង់កន្លែងដែលគួរខៀវ គួរអោយរមិលមើល ដោយចិត្តរាប់អាន១ មានកែវភ្នែកស្រដៀងនឹងកែវភ្នែករបស់កូនគោ១។
    ដួងព្រះនេត្រ

    ដួងព្រះនេត្រស្រដៀងនឹងកែវភែ្នកកូនគោដែលទើបនឹងកើត។

    ក្នុងកាលមុន ព្រះមហាបុរសជាអ្នកមិនសំឡក់មើល ដោយទោសៈចិត្ត មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេដោយការស្អប់ ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ៗពេញភ្នែក ជាអ្នកសំលឹងមើលជនច្រើន ដោយចក្ខុគួរអោយស្រឡាញ់។ លុះព្រះអង្គមកកាន់អត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានព្រះនេត្រខៀវ ត្រង់កន្លែងដែលគួរខៀវ គួរអោយរមិលមើល ដោយចិត្តរាប់អាន១ មានកែវភ្នែកស្រដៀងនឹងកែវភ្នែករបស់កូនគោ១។
    ព្រះឧណ្ណាលោម

    រោមដុះត្រង់ចន្លោះព្រះភមូ(ប្រជុំចិញ្ចើម) មានសំបុរសក្បុះ ទន់ល្មើយដូចសំឡី។

    កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកលះបង់់នូវមុសាវាទ វៀរស្រឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរអោយគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ លុះមកកាន់អត្តភាពថ្មីនេះ ព្រះអង្គក៏បាននូវលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានរោមក្នុងរណ្តៅ១ៗតែ១សសៃៗ១ មានរោមត្រង់ប្រជុំចិញ្ចើមដុះត្រង់ ចន្លោះចិញ្ចើមមានពណ៌ ស ក្បុសទន់ល្វន់ដូចជាសំឡី១។
    ព្រះសិរ្ស៍

    ព្រះសីសៈហាក់ដូចជាប្រដាប់ដោយក្បាំងស្រេច។

    ក្នុងកាលមុន ព្រះមហាបុរស ជាចម្បងរបស់ជនច្រើន ក្នុងកុសលធម៌ទាំងឡាយ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាកទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតាបិតា ចំពោះសមណៈ ព្រាហ្មណ៍ ជនដែលជាច្បងក្នុងត្រកូល និងក្នុងពួកកុសលធម៌ដ៏ក្រៃលែងឯទៀតៗ។ ដោយកម្មនោះ ព្រះអង្គក៏បានជាអ្នកមានសីសៈដូចជាប្រដាប់ដោយក្បាំងស្រេច រុងរឿងដូចព្រះមហាក្សត្រយ៍ដែលទ្រង់នូវក្បាំងព្រះភ័ក្រ្ត។
    យោង

    ដកស្រង់ចេញពីព្រះត្រៃបិដក (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ឆដ្ឋភាគ)

    • selfforce និយាយថា៖

      Keo bun song លោកបានបរិច្ចាគនូវចំនេះដឹងដ៍ច្រើនសន្ធឹកសន្ធាប់ដោយការរៀបរាប់ខាងលើ។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិភាគទានរបស់់លោក។
      សូមអរគុណ។

      ន:

  9. Vibol និយាយថា៖

    ខ្ញុំព្រះករុណាសូមក្រាបថ្វាយព្រះតេជគុណ ខ្ញុំសូមសួរសំនួមួយទាក់ទងនឹង ភាពជាអ្នកដឹកនាំតាមបែប ទស្សនៈពុទ្ធសាសនា​ ។ តើមានទ្រឹស្តីត្រង់ណាខ្លះ ដែលព្រះបានសម្តែងអំពីការដឹកនាំ? ខ្ញុំព្រះករុណា សូមអរព្រះគុណទុកជាមុនចំពោះចំលើយ!

  10. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s