ប្រវត្តិ​នៃ​ទស្សនា​វដ្តី​ កម្ពុជ​សុរិយា


ពុទ្ធបរិស័ទទាំងឡាយ !

ក្នុង​ឱកាស​នេះ នឹង​ពណ៌នា​អំពី​ប្រវត្តិ​នៃ​ទស្សនា​វដ្ដី កម្ពុជ​សុរិយា នៃ​ពុទ្ធសាស​ន​បណ្ឌិត្យ ដោយ​សេចក្ដី​សង្ខេប តែ​មុន​បង្អស់ សូម​ពណ៌នា​អំពី​ពាក្យ​ថា ទស្សនា​វដ្ដី នឹង​ពាក្យ​ថា កម្ពុជ​សុរិយា ។

អ្វីហៅថា ទស្សនាវដ្ដី កម្ពុជសុរិយា ?

​ទស្សនា​វដ្ដី ជា​ពាក្យ​បាលី ប្រែ​ថា “ដំណើរ​វិល​នៃ​ការ​មើល” គឺ​ការ​មើល​ឬ​អាន​វិល​ទៅ​តាម​ពេល​កំណត់ ដែល​នឹង​ចេញ​ឲ្យ​មើល​ឲ្យ​អាន​ដូច​កំណត់​វេលា​កន្លះ​ខែ ឬ មួយ​ខែ​នឹង​ចេញ ១ លេខ​ឲ្យ​មើល យ៉ាង​នេះ​ហៅ​ថា ទស្ស​នា​វដ្ដី បាន​ដល់​សៀវ​ភៅ​ដែល​គេ​បោះ​ពុម្ព​ចម្រុះ​អត្ថបទ​ចេញ​​ផ្សាយ​ឲ្យ​មើល​ត​ៗ​គ្នា ពី​លេខ ១ ទៅ​លេខ ២ ទៅ​លេខ ៣ ជា​ដើម បើ​អត្ថ​បទ​ណា​វែង គេ​រំលែក​ចុះ​ក្នុង​សៀវ​ភៅ​លេខ ១ ខ្លះ លេខ ២ ខ្លះ លេខ ៣​ខ្លះ ឲ្យ​ទាល់​តែ​ចប់​អត្ថ​បទ​នោះ ។ ទស្សនា​វដ្ដី​នេះ មាន​អា​ការ​ចេញ​ផ្សាយ​ប្រហែល​គ្នា​នឹង​សារ​ពត៌​មាន ប្លែក​គ្នា​តែ​ត្រង់​ទស្សនា​វដ្ដី គេ​ចង​ជា​សៀវ​ភៅ ឯសារ​ពត៌​មាន​គេ​មិន​ចង​ប៉ុណ្ណោះ ។​

​កម្ពុជ​សុរិយា ជា​ពាក្យ​បាលី​ប្រែ​ថា ព្រះ​អាទិត្យ​កម្ពុជា ។ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ទស្សនា​វដ្ដី របស់​មន្ទីរ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ដែល​ឥឡូវ​នេះ ប្រែ​ឈ្មោះ​មក​ជា មន្ទីរ​ពុទ្ធសាសន​បណ្ឌិត្យ ជា​វិជ្ជា​ស្ថាន​សម្រាប់​ពង្រីក​ខាង​សាសនា​នឹង​អក្សរ​សាស្ត្រ ។

​ការ​សន្មត​ឈ្មោះ​ទស្សនា​វដ្ដី​ថា កម្ពុជា​សុរិយា​នោះ ដោយ​លោក​អ្នក​បង្កើត មាន​សេចក្ដី​យល់​ឃើញ​ថា ប្រទេស​កម្ពុជា ចាប់​ពី​ពេល​ដែល​មាន​ទស្សនា​វដ្ដី​នេះ​ចេញ​ផ្សាយ តាម​មុខ​ការ​ខាង​ជួយ​បំភ្លឺ​ពន្យល់​គតិ​លោក​គតិ​ធម៌ ទុក​ដូច​ជា​មាន​ព្រះអាទិត្យ​មួយ​រះបញ្ចាំង​រស្មី​ភ្លឺ​ត្រចះ ហើយ​បណ្ដា​ជន​ជាតិ​ខ្មែរ ក៏​នឹង​កើត​មាន​ប្រាជ្ញា​ភ្លឺ​ស្វាង​ក្នុង​ផ្លូវ​លោក ផ្លូវ​ធម៌ ដោយ​សារ​បានអាន​ទស្សនា​វដ្ដី​នេះ ។

ទស្សនា​វដ្ដី​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា មាន​គោល​បំណង​ដូច​ម្ដេច​ ?

ក្នុង​ប្រទេ​សកម្ពុជា​ កាល​ពី​មុន គ. ស. ១៩២៥ នៅ​ឡើយ មិន​ទាន់​មាន​ការ​បោះ​ពុម្ព​សៀវ​ភៅ​ជា​​ផ្លូវ​លោក​ផ្លូវ​ធម៌ ផ្សាយ​បំភ្លឺ​ដល់​បណ្ដា​ជន​ទេ ។ នៅ​សម័​យ​នោះ ប្រទេស​កម្ពុជា​ទុក​ដូច​ជា​នៅ​ក្នុង​ទី​ងងិត គ្មាន​ពន្លឺ​ព្រះ​អាទិត្យ ចែង​ចាំង​ចូល​ដល់​សោះ ។ លុះ​មក​ដល់ គ. ស. ១៩២៥ រាជ​រដ្ឋាភិ​បាល​បាន​បង្កើត​ឲ្យ​មាន​មន្ទីរ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា គឺ​មន្ទីរ​ពុទ្ធសាសន​បណ្ឌិត្យ សព្វ​ថ្ងៃ​នេះ ដើម្បី​តម្កល់​ក្បួន តម្រា គម្ពីរ សាស្ត្រា​នឹង​សៀវ​ភៅ​ផ្សេង ៗ ទុក​សម្រាប់​សាធារណ​ជន ចូល​ទៅ​រៀន ទៅ​អាន ឬ​ខ្ចី​យក​ទៅ​សិក្សា​ឯ​លំ​នៅ​របស់​ខ្លួន​បាន​តាម​ចិត្ត ។ កាល​កើត​មាន​មន្ទីរ​នេះ​ហើយ ទើប​មន្ទីរ​នេះ​ចាត់​ការ​បង្កើត​នូវ​ទស្សនា​វដ្ដី កម្ពុជ​សុរិយា បោះ​ពុម្ព​ផ្សាយ​ចេញ​រាល់​ខែ ព្រម​ទាំង​បាន​បោះ​ពុម្ព​សៀវ​ភៅ ជាគតិធម៌​ថែម​ទៀត ចំពោះ​តែ​សៀ​វ​ភៅ​ណា ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​ការ​ណាស់ ដូច​សៀវ​ភៅ បាតិ​មោក្ខ​សង្ខេប សាមណេរ​វិន័យ គិហិ​ដិបត្តិ​ជា​ដើម ។

​ទស្សនា​វដ្ដី កម្ពុជ​សុរិយា ដែល​បាន​បង្កើត​ឲ្យ​មាន​ឡើង​នេះ ដោយ​មាន​គោល​បំណង​នឹង​ជួយ​ទ្រោល​បំភ្លឺ​ប្រជាជាតិ​ខ្មែរ ឲ្យ​មាន​ប្រាជ្ញា​ឈ្វេង​យល់​ភ្លឺ​ស្វាង ក្នុង​គតិ​លោក​គតិ​ធម៌ តាម​គ្រោង​ការណ៍​ដូច​តទៅ​នេះ៖

​១- ចុះ​ផ្សាយ​ប្រចាំ​ខែ នូវ​អត្ថ​បទ​ខាង​ពុទ្ធសាសនា ដែល​មាន​ក្នុង​គម្ពី​រស្លឹក​រឹត​ស្រាប់ ព្រម​ទាំង​ដំណឹង​ជា​គតិ​លោក​គតិ​ធម៌ ដែល​មាន​សារៈ​ប្រយោជន៍​ដល់​សាធារណជន ។

២- ចុះ​ផ្សាយ​ប្រចាំ​ខែ នូវ​អត្ថ​បទ​ផ្នែក​អក្សរ​សាស្ត្រ ដែល​បាន​និពន្ធ​ឡើង​ដោយ​ស្នា​ដៃ​ដ៏​ជំនាញ នៃ​បុគ្គលិក​ក្រុម​នេះ ឬ ក៏​ពួក​កវី​ពី​គ្រប់​ទិស​បាន​និពន្ធ ហើយ​ផ្ញើ​មក​ឲ្យ​ព្រះ​រាជ​បណ្ណាល័យចុះ​ផ្សាយ​។​

៣- ចុះ​ផ្សាយ​នូវ​ប្រវត្តិការណ៍ នឹង​ដំណឹង​ផ្សេង ៗ ជា​ពិ​សេស ឬ ​ជា​ផ្លូវ​ការ​ដែល​ទាក់​ទង​នឹង​សាសនា ឬក៏​ចុះ​ផ្សាយ​នូវ​សកម្មភាព​ខ្លះ ៗ របស់​ក្រុម​នេះ​ដែល​បាន​ធ្វើ ។

​ព្រោះ​ហេតុ​មាន​គោល​បំណង​យ៉ាង​នេះ​ហើយ ទើប​ទស្សនា​វដ្ដី កម្ពុជ​សុរិយា កាល​សម័យ​ដំបូង​នោះ បញ្ចេញ​ពន្លឺ​ខាង​គតិ​ធម៌​ច្រើន​ជាង​គតិ​លោក ។ ទោះ​បី​ដូច្នោះ ក៏​ជិវភាព​នឹង​ការ​​ប្រព្រឹត្ត​ទៅ​នៃ​កម្ពុជ​សុរិយា ចេះ​តែ​ចំរើន​ឡើង​ជា​លំដាប់ មិន​ដែល​រលត់​រលាយ​ទៅ ។

​ចាប់​តាំង​ពី គ. ស. ១៩២៨ មក ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា បាន​កែ​ប្រែ​ត្រឡប់​ជា​ចុះ​ផ្សាយ​អត្ថ​បទ​ ខាង​គតិ​លោក​ច្រើន​ជាង​គតិ​ធម៌​វិញ ដោយ​អាង​ថា សៀវ​ភៅ​គ​តិ​ធម៌​មាន​បោះ​ពុម្ពផ្សាយ​ច្រើ​ន​ហើយ ចំណែក​សៀវ​ភៅ ខាង​គតិ​លោក​បាន​បោះ​ពុម្ពផ្សាយ​តិច​តួច​ស្ដួច​ស្ដើង​ណាស់ មួយ​ទៀត ដោយ​អនុលោម​តាម​មតិ​នៃ​អ្នក​អាន​ភាគ​ច្រើន ដែល​ចូល​ចិត្ត​ខាង​គតិ​លោក ។

​ប្រវត្តិ​ទស្សនា​វដ្ដី​កម្ពុជ​សុរិយា តាម​ដែល​បាន​រៀប​រាប់​ដោយ​សង្ខេប​មក​នេះ ល្មម​ជ្រាប​បាន​ថា តាំង​ពី​ទស្សនា​វដ្ដី​នេះ​ចាប់​កំណើត​រហូត​មក​ដល់​ឆ្នាំ ១៩៥៨ នេះ ត្រូវ​ជា ៣០ ឆ្នាំ​ហើយ ។ ក្នុង​រយៈ​វេលា ៣​០ ឆ្នាំ ដែល​កន្លង​ទៅ​ហើយ​នោះ កម្ពុជ​សុរិយា​ពុំ​ដែល​មាន​ការ​អាក់​ខាន ឬ​បាត់​ឈ្មោះ​ទេ នៅ​តែ​មាន​ពលា​នុភាព​រឹង​ប៉ឹង​ជា​ដរាប​រៀង​មក អាច​បំពេញ​ពន្លឺ ជួយ​បំភ្លឺ ជួយ​ពន្យល់​ពុទ្ធ​សាស​និក​ជន​ជាតិ​ខ្មែរ ឲ្យ​យល់​ព្រឹត្តិការណ៍​សាសនា ឲ្យ​លះ​អាក្រក់ កាន់​ល្អ​តាម​គន្លង​ធម៌ បាន​ច្រើន​ជា​អនេក ហេតុ​នោះ​ហើយ​បាន​ជា កម្ពុជ​សុរិយា តែង​ទទួល​លទ្ធ​ផល​ល្អ គឺ​សេចក្ដី​សរសើរ​អំពី​សំណាក់​នៃ​លោក​អ្នក​អាន​ទាំង​ឡាយ​ជា​រឿយ ៗ ។


ទស្សនាវដ្ដីនេះមានប្រយោជន៍យ៉ាងណា ?

ពុទ្ធបរិស័ទទាំងឡាយ !

​ដូច ព្រះ​តេជ​ព្រះ​គុណ នឹង​អស់​លោក – អ្ន​កបាន​ជ្រាប​ស្រាប់​ហើយ​ថា ក្នុង​សម័យ​នេះ គ្រប់​អារ្យ​ប្រទេស​ទាំង​ឡាយ ក្នុង​លោក ទោះ​ប្រទេស​ធំ​ក្ដី តូច​ក្ដី តែង​មាន​ទស្សនា​វដ្ដី​ជា​ច្រើន​ណាស់ គឺ​ទស្សនា​វដ្ដី​ចេញ​ប្រចាំ​សប្ដាហ៍​ក៏​មាន ចេញ​ប្រចាំ​ខែ​ក៏​មាន​ ហើយ​ដែល​ចេញ​រាល់​សប្ដាហ៍ រាល់​ខែ រាល់​ឆ្នាំ​នោះ មិន​មែន​មាន​តែ​មួយ​ម៉ង់ ៗ ដូច​ទស្សនា​វដ្ដី​នៅ​ប្រទេស​យើង​ទេ គឺ​មាន​ច្រើន​ឈ្មោះ​ទស្សនា​វដ្ដី ។ ដែល​ទៅ​ជា​មាន​ទស្សនា​វដ្ដី​ច្រើន​យ៉ាង​នេះ ក៏​ដោយ​អា​ស្រ័យ​ជន​ជាតិ​ក្នុង​ប្រទេស​ទាំង​នោះ ពេញ​ចិត្ត​ក្នុ​ងការ​សិក្សា​ច្រើន ដែល​ជា​ហេតុ​ឲ្យ​និយម​ចូល​ចិត្ត​អាន​ច្រើន ​។​ ជន​ជាតិ​ទាំង​នោះ​ក៏​ដុះ​ដាល​ចំរើន​ឡើង ដោយ​ចរិយា​ល្អ​នឹង​ភោគ​ទ្រព្យ​ជា​លំដាប់​រាល់​ថ្ងៃ​ដោយ​សារ​ផ្លូវ​គំនិត​ផ្លូវ​ប្រាជ្ញា ដែល​កើត​អំពី​ការ​អាន​នូវ​ទស្សនា​វដ្ដី ជួយ​ជា​កម្លាំង​មួយ​ផង ។

​ដោយ​​ឃើញ​នៅ​ប្រទេស​គេ មាន​អ្នក​អាន​ច្រើ​ន​ណាស់ យ៉ាង​នេះ​ហើយ​ទើប​ក្រុម​ពុទ្ធសាសន​បណ្ឌិត្យ តែង​ទន្ទឹង​មើល​ផ្លូវ​បង​ប្អូន​រួម​ជាតិ​ដោយ​នឹក​ក្នុង​ចិត្ត​ថា ធ្វើ​ម្ដេច​ហ្ន៎ ឲ្យ​ជន​ជាតិ​យើង​ចេះ​ធ្វើ​បដិវត្តន៍​ផ្លាស់​ប្ដូរ​គំនិត​ចាស់​ចោល​ចេញ ប្រែ​គំនិត​ថ្មី​វិញ ពេញ​ចិត្ត​ក្នុង​ការ​សិក្សា​នឹង​ការ​អាន​នូវ​ទស្សនា​វដ្ដី​ឲ្យ​បាន​ច្រើន​រូប ជា​លំដាប់​រាល់​ឆ្នាំ​ឡើង កុំ​ឲ្យ​ចាញ់​ប្រៀប​ជន​ជាតិ​ដទៃ ។

​ប្រសិន​បើ ជន​ជាតិ​យើង​ចូល​ចិត្ត​អាន​ច្រើន​រូប​ហើយ ទស្សនា​វដ្ដី​ក្នុង​ប្រទេស​យើង ក៏​នឹង​កើត​មាន​ច្រើន​ឡើង​ដែរ ហើយ​កម្ពុជ​សុរិយា​ក៏​នឹង​បាន​ទស្សនា​វដ្ដី​នោះ​ៗ ជា​គ្នា ដើម្បី​រួម​កម្លាំង​ជួយ​បំភ្លឺ​ផ្លូវ​ជាតិ ឲ្យ​ដើរ​ទៅ​រក​សេចក្ដី​ចំរើន ដោយ​មិន​លំបាក​ដូច​មាន​ទោស​តែ​មួយ​ទេ​ ​។

យូរ​ឆ្នាំ​មក​ហើយ ក្រុម​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​យក​ចិត្ត​ទុក​ដាក់​ស្អិត​ស្អាង​កម្ពុជ​សុរិយា ចាំ​ទទួល​បដិ​សណ្ឋារៈ​ចំពោះ​ជន​រួម​ជាតិ​អ្នក​អាន ដោយ​អត្ថ​បទ ៣ ផ្នែក គឺ​ផ្នែក​សាសនា ១ ផ្នែក​អក្សរ​សាស្ត្រ ១ ផ្នែក​ប្រវត្តិ​ការណ៍ ១ ដែល​ជា​អត្ថ​បទ​សំរិត​សម្រាំង​ តម្រូវ​តាម​អធ្យាស្រ័យ​លោក​អ្នក​អាន។ […]

________________________________

ទស្សនា​វដ្តី កម្ពុជសុរិយានេះ​ ត្រូវ​បាន​ដាក់​ផ្សាយជា​ថ្មី​​លើ​បណ្តាញ​អ៊ិនធើណិតដោយ ​វិទ្យាស្ថាន​បើក​ទូលាយ ចាប់​ពីទស្សនាវដ្តី​​ឆ្នាំ១៩២៦ រហូត​ដល់​ឆ្នាំ២០០៦(អាក់​ខាន​ផ្សាយ​ពី​ឆ្នាំ​​១៩៧៥​ ដល់ ១៩៩៣)​ មាន​ទាំងស្កេន​ជា​ភីឌីអេហ្វ​(PDF)​ច្បាប់​ដើម ទាំង​ច្បាប់វាយ​ចម្លង​ជា​អក្សរ​យូនីកូដ ។ សូម​ចុច​ទី​នេះ​ដើម្បី​ទាញ​យក​ឯកសារ​ទាំង​នោះ ​សម្រាប់​ជា​ប្រយោជន៍ ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ។ ទស្សនា​វដ្តី​កម្ពុជសុរិយា​នេះ ជា​បណ្តុំ​ឯកសារ​ដ៏​សំខាន់​ៗ ​ប្រៀប​ដូច​ជា​កំណប់​មាស​ពេជ្រ​ សម្រាប់​យើង​ទាំង​អស់​គ្នា​។ សូមអរ​ព្រះគុណ​ និង​អរគុណ ​ដល់​បុព្វបរុស​គ្រប់​ព្រះ​អង្គ​ និង​គ្រប់​រូប ដែល​បាន​បន្សល់​ទុក​ នូវ​មរតក​ដ៏​មាន​តម្លៃ​ឧត្តុង​ឧត្តម​នេះ និង​សូម​អរគុណ​ដល់​លោក​អ្នក​សាធុជន ​ដែល​បាន​យក​ឯកសារ​ដ៏​ថ្លៃ​ថ្លា​នេះ​ មក​ផ្សព្វ​ផ្សាយ​បន្ត​ដើម្បី​មហា​ជន​ខ្មែរ ​ទូ​ទាំង​ពិភព​លោក​​បាន​សិក្សា​រៀន​សូត្រតទៅ។

Advertisements
បានផ្សាយ​ក្នុង ទស្សនា​វដ្តី​កម្ពុជ​សុរិយា​ | បានដាក់ពាក្យ​គន្លឹះ | 11 មតិ

គុណ​មាតា​បិតា​ប្រៀប​ធៀប​មក​គុណ​ព្រះ​ពុទ្ធ​

​អ្នកកាន់​ព្រះ​ពុទ្ធ​សាសនា​ខ្លះ​ចង់​ដឹង​ថា គុណ​មាតា​បិតា​ និង គុណ​ព្រះ​សម្មាសម្ពុទ្ធ តើ​អង្គ​ណា​មាន​គុណ​ច្រើន​ជាង​?​ ជា​ដំបូង​គប្បី​យល់​អំ​ពី​ពាក្យ​ថា​ គុណ ។ ពាក្យ គុណ ជា​ភាសា​បាលី​ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា សេចក្តី​ល្អ​របស់​បុគ្គល​ណា​ម្នាក់​។ ដូច​ជា​ពាក្យ​ថា បុគ្គល​នេះ​មាន​គុណ​ធម៌​ ឬ​គុណ​សម្បត្តិ​ល្អ​គួរ​សេព​គប់​។ ឧ​ទាហរណ៍​សាមញ្ញ​ ដូច​បុគ្គល​ណា​ម្នាក់​បាន​ឲ្យ​វត្ថុ​អ្វី​មួយ​ដល់​បុគ្គល​ណា​ម្នាក់​ បុគ្គល​ដែល​បាន​ទទួល​អំណោយ​ពោល​ថា សូម​អរ​គុណ​។ គុណ​ក្នុង​ទី​នេះ​ សំ​ដៅ​យក​សេចក្តី​ល្អ​ដេល​បុគ្គល​នោះ​លះ​វត្ថុ​ធ្វើ​ជា​ទាន​។ ពាក្យ​គុណ​នេះ​មាន​លក្ខណៈ​ស្មើ​គ្នា​នឹង​ពាក្យ​ថា បុណ្យ​ កុសល សុចរិត អំ​ពើ​ល្អ​។

​ចំ​ពោះ​គុណ​ដែល​មាតា​បិតា​មាន​ចំពោះ​កូន​ប្រុស​ស្រី​ គឺ​នៅ​ត្រង់​គាត់​ចិញ្ចឹម​បី​បាច់​រក្សា​កូន​ប្រុស​ស្រី​ឲ្យ​រស់​រាន​មាន​ជីវិត​ បង្រៀន​ឲ្យ​ចេះ​និយាយ​ស្តី​ បញ្ជូន​កូន​ទៅ​សិក្សា​រៀន​សូត្រ​ អប់​រំ​កូន​ឲ្យ​ប្រ​ព្រឹត្ត​អំ​ពើ​ល្អ ចែក​មរតក​ឲ្យ​កូន​ធ្វើ​ជា​ដើម​ទុន​សម្រាប់​រក​ស៊ី​ជា​ដើម​។ ការ​បញ្ចេញ​ជា​សង្គហ​ធម៌​សង្គ្រោះ​នេះ​ឡើង​ ដោយ​សារ​មាតា​បិតា​មាន​ទឹក​ចិត្ត​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ គឺ​ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ គាត់​មាន​ទឹក​ចិត្ត​ស្រឡាញ់​រាប់​អាន​កូន​ចាប់​តាំង​ពី​គាត់​ដឹង​ថាកូន​មក​ចាប់​បដិសន្ធិ​ហើយ។ គាត់​មាន​ចិត្ត​អាណិត​អាសូរ​កូន​ពេល​ដែល​កូន​មាន​ទុក្ខ ហើយ​ខំ​ប្រឹង​ដោះ​ស្រាយ​ ដូច​ជា​កូន​មាន​ជម្ងឺ ខំ​បន់​ស្រន់​ឲ្យ​កូន​ឆាប់​ជា យក​កូន​ទៅ​មន្ទីរ​ពេទ្យ​ព្យា​បាន​ជម្ងឺ។ ពេល​កូន​មាន​សុខ​ភាព​ល្អ​ បាន​សុខ​កាយ​សប្បាយ​ចិត្ត​ ម្តាយ​ឪ​ពុក​មាន​សេចក្តី​​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង។ ម្តាយ​ឪ​ពុក​បាន​ធូរ​ស្រាល​ពី​បន្ទុក​ខ្លួន​ដោយ​សារ​កូន​ធំ​ពេញ​រូប​ពេញ​រាង​ ចេះ​ទទួល​ខុស​ត្រូ​វ​ក្នុង​ការ​រស់​នៅ​របស់​ខ្លួន​បាន​ហើយ​។ សកម្មភាព​ជា​គុណធម៌​ ឬ​ជាអំ​ពើ​ល្អ​របស់​គាត់​មក​លើ​បុត្រ​ធីតា​ប្រុស​ស្រី​នេះ​ហើយ​ ដែល​ហៅ​ថា​ គុណ។ គេ​មិន​អាច​បដិសេធ​គាត់​ថា​គ្មាន​គុណ​ឡើយ​។ បើ​បដិសេធ​ថា​គាត់​គ្មាន​គុណ​ ក៏​ដូច​ជា​បដិសេធ​អំ​ពើ​ល្អ​របស់​គាត់​ធ្វើ​មក​លើ​កូន​ប្រុស​ស្រី​ដូច​ពោល​មក​ហើយ​ដូច្នោះ​ដែរ​។ បើ​ទទួល​ដឹង​ថា​សកម្ម​ភាព​របស់​គាត់​មក​លើ​កូន​ប្រុស​ស្រី​មាន​ពិត​មែន​ នោះ​ហើយ​ជា​ការ​ទទួល​ស្គាល់​គុណ​របស់​គាត់​ទាំង​ពីរ​។ មាន​ខ្លះ​ពោលថា​ គាត់​សប្បាយ​ជា​មួយ​គ្នា​គាត់​ក៏​កើត​យើង​មក​ ដូច្នេះ​គាត់​គ្មាន​គុណ​អ្វី​ទេ។ ដូច​បាន​ពោល​មក​ហើយ គុណ​នៅ​ត្រង់​គាតិ​ចិញ្ចឹម​កូន​ឲ្យ​រស់​ បើ​គេ​សួរ​ថាខ្លួន​កើត​មក​ពី​ណា មុខ​ជា​ឆ្លើយ​ថា ខ្ញុំ​កើត​មក​ពី​អ្នក​នោះ ចុះ​អ្នក​នោះ​ធ្វើ​ម្តេច​ទើប​ខ្លួន​រស់​ មុខ​ជា​រក​ឃើញ​ថា អ្នក​ដែល​បង្កើត​ហើយ​ចិញ្ចឹម​​ខ្លួន​ឲ្យ​រស់​នោះ​ហើយ​ជា​អ្នក​មាន​គុណ​។ ត្រង់​គាត់​សប្បាយ​ជាមួយ​គ្នា ឬ​គាត់​មិន​សប្បាយ ជា​រឿង​ផ្សេង មិន​ទាក់​ទង​នឹង​ការ​ចិញ្ចឹម​នេះ​ឡើយ​។ មួយ​ទៀត មាន​ពាហិរ​សាសនា​គឺ​សាសនា​ដទៃ​ក្រៅ​ពី​ព្រះ​ពុទ្ធសាសនា​ពោល​ថា ម្តាយ​ឪ​ពុក​គ្មាន​គុណ​លើ​កូន​ប្រុស​ស្រី​ទេ អ្នក​ដែល​មាន​គុណ​គឺ​ព្រះ​អាទិទេព​ជា​អ្នក​បង្កើត​លោក​វិញ​ទេ។ នេះ​ជា​ទស្សនៈ​គ្មាន​ហេតុ​ផល​ តើ​នរណា​បាន​ឃើញ​ព្រះ​បង្កើត​លោក? ព្រះ​ពុទ្ធសាសនា​សំដែង​ថា អវិជ្ជា តណ្ហា ឧបាទាន និង កម្មផល ជា​តួ​សភាវធម៌​ជា​ហេតុ​បច្ច័យ​នាំ​ឲ្យ​កើត​មនុស្ស​សត្វ​។ ការ​កើត​ឡើង​ជា​ហេតុ​នាំ​ឲ្យ​មាន​ទុក្ខ ដូច្នេះ ដើម្បី​បំបាត់​ទុក្ខ​ ត្រូវ​លះ​បង់​ឬ​សម្លាប់​ហេតុ​នាំ​ឲ្យ​មាន​ទុក្ខ គឺ​សម្លាប់​អវិជ្ជា​ និង​តណ្ហា​នេះ​ឯង​។ បើ​ព្រះ​អាទិទេព​បង្កើត​មនុស្ស​សត្វ​ ដូច្នេះ ព្រះ​អាទិទេព​ជា​មេ​បណ្តាល​ឲ្យ​មនុស្ស​សត្វ​មាន​ទុ្ខ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​សត្វ​អស់​ទុក្ខ បើ​ព្រះ​អាទិទេព​គង់​នៅ​ ព្រះ​អង្គ​នៅ​តែ​បង្កើតជាតិ​ឲ្យ​មនុស្ស​សត្វ​មាន​ទុក្ខ​តទៅ​ទៀត​ មាន​ជរា​ទុក្ខ មរណ​ទុក្ខ​ជា​ដើម? ចំណែក​ម្តាយ​ឪ​ពុក​ពុំ​មែន​ជាហេតុ​បង្កើត​ជាតិ​ដល់​កូន​ឡើយ​ កូន​មក​ចាប់​បដិសន្ធិទៅ​តាម​កម្ម​ផល​របស់​ខ្លួន​ មា្តយ​ឪ​ពុក​គ្រាន់​តែ​ពរ​ផ្ទៃ​ហើយ​ចិញ្ចឹម​កូន​ឲ្យ​រស់​ប៉ុណ្ណោះ​។ ការ​ចិញ្ចឹម​កូន​ឲ្យ​រស់​នេះ​ហើយ ដែល​គាត់​ជា​អ្នក​មាន​គុណ​។

​ចំណែក​គុណ​របស់​ព្រះ​ពុទ្ធ នៅ​ក្នុង​ពុទ្ធគុណក្នុង​ព្រះ​នាម​ទាំង​៩ មាន​ អរហំ​ ជា​ដើម ដោយ​សង្ខេប​មាន​បី​គឺ វិសុទ្ធិគុណ បញ្ញាគុណ និង​ ករុណា​គុណ​។ វិសុទ្ធិគុណ ប្រែ​ថា​សេចក្តី​បរិសុទ្ធ។ សេចក្តី​ថា ព្រះ​អង្គ​ឆ្ងាយ​ចាក​សឹក​សត្រូវ​ពោល​គឺ​កិលេស​គ្រឿង​សៅ​ហ្មង​ចិត្ត​អស់​ហើយ​។ ព្រះ​អង្គ​ជា​បុគ្គល​បរិសុទ្ធ មិន​ធ្វើ​អំ​ពើ​បាប​គ្រប់​យ៉ាង​ទាំង​កំ​បាំង​មុខ​ទាំង​ចំពោះ​មុខ។ បញ្ញាគុណ​ ប្រែ​ថា​គុណ​គឺ​បញ្ញា ។ សេចក្តី​ថា ព្រះ​អង្គ​ត្រាស់​ដឹង​នេះ​ ជា​លោកុត្តរបញ្ញា ជា​បញ្ញា​ចេញ​ចាក​លោក ពុំ​មែន​ជា​លោកិយ​បញ្ញា​ឡើយ។ ករុណា​គុណ ប្រែ​ថា គុណ​គឺ​ករុណា។ ករុណា​ ប្រែ​ថា​ ការ​អាណិត​អាសូរ​មនុស្ស​សត្វ​របស់​ព្រះ​អង្គ​ដែល​កំពុង​វិល​កើត​វិល​ស្លាប់​ក្នុង​សង្សារ​វដ្ត​។ ព្រះ​អង្គ​បាន​សម្តែង​ព្រះ​ធម៌ប្រោស​សត្វ​ ឲ្យ​មនុស្ស​យក​ទៅ​បដិបត្តិ​តាម​ ដើម្បី​ឲ្យ​បាន​សម្រេច​ព្រះ​និព្វាន​ជា​ការ​រំ​លត់​ទុក្ខ​។

​បើ​ប្រៀប​ធៀប​គុណ​មាតា​បិតា​និង​គុណ​ព្រះ​ពុទ្ធ មាន​លក្ខណៈ​ខុស​គ្នា។ វិសុទ្ធិគុណ​និង​បញ្ញាគុណជា​សេចក្តី​បរិសុទ្ធ​និង​បញ្ញា​ផ្ទាល់​ខ្លួន​ព្រះ​អង្គ ចំណែក​មាតា​បិតា​ គុណ​នេះ​គ្មាន​ទេ។ ករុណាគុណ ព្រះ​អង្គ​សំ​ដែង​ធម៌ប្រោស​មនុស្ស​សត្វឲ្យ​យក​ទៅ​ប្រតិបត្តិ​តាម​រហូត​ចេញ​ចាក​ទុក្ខ​ ចំណែក​មាតា​បិតា​ជួយ​សង្គ្រោះ​កូន​ប្រុស​ស្រី​ឲ្យ​បាន​សុខ​ស្រួល​តែ​ក្នុង​ជីវភាព​បច្ចុប្បន្ន​ប៉ុណ្ណោះ​។ ដូច្នេះ​បញ្ជាក់​ថា ព្រះ​ពុទ្ធ​មាន​គុណ​ពិសេស​ដ៏​ខ្ពង់​ខ្ពស់ជា​គុណ​មាតា​បិតា​។

ដកស្រង់ចេញ​ពី​សៀវភៅ អត្ថបទព្រះធម៌​ភាគ៥របស់ ​ព្រះតេជគុណបណ្ឌិត មហាហុក សាវណ្ណ​

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ | បានដាក់ពាក្យ​គន្លឹះ , , | 19 មតិ

បញ្ញត្តិ និង បរមត្ថ (១០) ចប់

​ការ​អប់​រំ​ចម្រើន​សតិបដ្ឋាន​ជា​រឿង​ល្អិត​ណាស់ ព្រោះ​ជា​ការ​អប់​រំ​ចម្រើន​បញ្ញា​ ដឹង​សភាវធម៌​ដែល​ប្រាកដ​តាម​សេចក្តី​ពិត​។

ក-​សតិបដ្ឋាន​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ត្រូវ​ឬ​ខុស?
សុ-​ត្រូវ​…
ក-​ចម្រើន​សតិបដ្ឋាន​ដោយ​ព្យាយាម​មិន​ឲ្យ​ចិត្ត​កើត​ឡើង ដឹង​បញ្ញត្តិ​អារម្មណ៍​ ត្រូវ​ឬ​ខុស?​
សុ-​ខុស ព្រោះ​ថា​មិន​មែន​ជីវិត​តាម​សេចក្តី​ពិត​។

​នរណា​នឹង​អាច​ឃាត់​មិន​ឲ្យ​ចិត្ត​កើត​ឡើង​ដឹង​បញ្ញត្តិ​អារម្មណ៍​បាន​នោះ? ប៉ុន្តែ​បញ្ញា​នឹង​អប់​រំ​ចម្រើន​ឡើង​រហូត​ដល់​អាច​ដឹង​បាន​ថា ខណៈ​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ គឺ​ចិត្ត​ដែ​ល​ជា​នាម​ធម៌​កំពុង​ដឹងបញ្ញត្តិ ពុំ​ដូច្នោះ​ទេនឹង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​មិន​បាន​ ដោយ​ហេតុ​នេះ​អ្នក​ដែល​អប់​រំ​ចម្រើន​សតិបដ្ឋាន​ ទើប​មិន​មែន​ព្យាយាម​នឹង​មិន​គិត​អ្វី​ឡើយ​ ឬ ព្យាយាម​ដែល​នឹង​មិន​ដឹង​ថា សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ដែល​ធ្លាប់​បាន​ឃើញ​បាន​ដឹង​ជា​ប្រក្រតី​នោះ​ជា​អ្វី បើ​ព្យាយាម​ធ្វើ​យ៉ាង​នោះ ក៏​នឹង​មិន​អាច​ដឹង​លក្ខណៈ​នៃ​នាមធម៌​ពិត​ៗ​ ថា​ខណៈ​ដែល​កំពុង​​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ​ ក៏​នាម​ធម៌​គឺ​ចិត្ត​ ចេតសិក កើត​ឡើង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​បាន​ឡើយ​។

សតិបដ្ឋានរលឹក​សិក្សា ពិចារណា​សង្កេត​ដឹង​ថា ខណៈ​ណា​ដែល​នឹក​គិត​ខណៈ​នោះ​ជា​នាម​ធម៌​ដែល​ជា​សភាវៈ​ដឹង​ ជា​ធាតុ​ដឹង​ មិន​មែន​ខ្លួន​ មិន​មែន​តួ​ខ្លួន​ សត្វ​ បុគ្គល និង​ដឹង​សភាព​ដែល​ជាអនត្តារបស់​ធម៌​ទាំង​ឡាយ​ថា បញ្ឈប់​ចិត្ត​មិន​ឲ្យ​កើត​ឡើង​ គិត​នឹក​រឿង​រ៉ាវ​ផ្សេង​ៗ​នោះ​មិន​បាន​។

​ដូច្នោះ បញ្ញា​នឹង​ត្រូវ​ដឹង​ទៅ​ទៅ​ក្នុង​លក្ខណៈ​នៃ​នាមធម៌​ផ្សេង​ៗ​ ដេល​មាន​អារម្មណ៍​ផ្សេង​ៗ​ទាំង​តាម​ផ្លូវ​ភ្នែក ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តា ផ្លូវកាយ ផ្លូវ​ចិត្ត ទើប​នឹង​អស់​សេចក្តី​សង្ស័យ​ក្នុង​លក្ខណៈ​នៃ​នាម​ធម៌​បាន​។ តែ​បើ​ទៅ​បង្ខាំង​មិន​ឲ្យ​ដឹង​បញ្ញត្តិ មិន​ឲ្យ​នឹក​គិត គឺ​មិន​មែន​ជា​ការ​អប់​រំ​ចម្រើន​បញ្ញា​ ព្រោះ​មិន​មាន​នរណា នឹង​ហាម​ការ​កើត​ឡើង​ប្រ​ព្រឹត្ត​ទៅ​នៃ​សភាវធម៌​ទាំង​ឡាយ​ក្នុង​ជិវិត​ប្រចាំ​ថ្ងៃ​តាម​សេចក្តី​ពិត​បាន​ទេ ប៉ុន្តែ​ដោយ​សេចក្តី​មិន​ដឹង ទើប​ធ្វើ​ឲ្យ​យល់​ថា នឹង​ព្យាយាម​មិន​ឲ្យ​ចិត្ត​នឹក​គិត ឬ​ព្យាយាម​មិន​ឲ្យ​ដឹង​បញ្ញត្តិនៃ​សភាវៈ​ដែល​ប្រាកដ​ទៅ​វិញ​។

​ព្រោះ​ដូច្នោះ​ហើយ​ទើប​ពិចារណា​ពី​គន្លង​ផ្លូវ​បដិបត្តិ​បាន​ថា គន្លង​ផ្លូវ​បដិបត្តិ​ណា​មិន​មែន​ជា​ការ​អប់​រំ​ចម្រើន​បញ្ញា​ដែល​សិក្សា​សង្កេត​ដឹង​លក្ខណៈ​នៃ​នាមធម៌​ និង​រូបធ៌ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ខុស​ប្រក្រតី​ពី​ជីវិត​ប្រចាំ​ថ្ងៃតាម​សេចក្តី​ពិត គន្លង​ផ្លូវ​នោះ​គឺ​ជា មិច្ឆា​មគ្គ គឺ​ជា​មិច្ឆា​ទិដ្ឋិ មិច្ឆា​សង្កប្បៈ មិច្ឆា​វាចា មិច្ឆា​កម្មន្តៈ មិច្ឆា​អាជីវៈ មិច្ឆា​វាយាមៈ មិច្ឆា​សតិ មិច្ឆា​សមាធិ មិន​មែន ​សម្មាមគ្គ ដែល​ជា​ការ​អប់​រំ​ចម្រើន​សតិបដ្ឋាន អប់រម​ចម្រើន​វិបស្សនា​នោះ​ទេ ការ​មិន​ដឹង​នូវ​លក្ខណៈ​នៃ​សភាវធម៌​ដែល​ប្រាកដ​ និង​មិន​ដឹង​ហេតុ​ មិន​ដឹង​ផល​នៃ​សភាវធម៌​នោះ​ៗ តាម​សេចក្តី​ពិត​ទេ ធ្វើ​ឲ្យ​យល់​ខុស​ប្រកាន​មាំ​ ឃើញ​ខុស​និង​ពេញ​ចិត្ត​ស្វែង​រក​គន្លង​ផ្លូវ​បដិបត្តិ​ដែល​ខុស​ដែរ ដោយ​សេចក្តី​មិន​ដឹង​ ទោះ​ជា​ក្នុង​ខណៈ ដែល​ឃើញ​ពណ៌​ផ្សេង​ៗ​ វត្ថុ​ផ្សេង​ៗ​ក៏​ដោយ ។ ក្នុង​សំយុត្ត​និកាយ​ មហាវារវគ្គ មគ្គ​សំយុត្ត ព្រហ្មសូត្រ មាន​សេចក្តី​សង្ខេប​ថា សាវត្ថី​និ​ទាន (​គឺ​រឿង​នេះ​កើត​ត្រង់​ព្រះ​នគរ​សាវត្ថី​)

​គ្រានោះ​វេលា​ព្រឹក​ ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ប្រដាប់​នូវ​ចីវរ​ ហើយ​និង​បាត្រ បាន​ចូល​ទៅ​បិណ្ឌបាត្រក្នុង​ក្រុង​សាវត្ថី បាន​ឃើញ​ជាណុស្សោ​ណី​ព្រាហ្មណ៍​ចេញ​ពី​ក្រុង​សាវត្ថី​ដោយ​រថ​ដែល​ទឹម​ដោយ​សេះ​ ស​ សុទ្ធ​។ ឮ​ថា សេះ​ដែល​ទឹម​ជា​សេះ​​ ស, ឆ្នូតក្បាល ស , សំពត់​ស្លៀក​ ស, ទ្រនាប់​ជើង​ ស, ផ្លិត​វាល​វិជ្ជនីដេល​មាន​ដង​ផ្លិត​ ស ដែរ​។

​កាល​ប្រ​ជា​ជន​ឃើញ​ព្រាហ្មណ៍​នេះ​ហើយ ក៏យាយ​យ៉ាង​នេះ​ថា អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ យាន​ប្រសើរ​ណាស់​ហ្ន៎, រូប​នៃ​យាន​ប្រសើរ​ណាស់​ហ្ន៎ (​ឃើញ​ត្រឹម​តែ​ពណ៌​ ស ក៏​យល់​ខុសបាន កាលណា​មិន​ដឹង​សភាវធម៌​ មិន​ដឹង​គន្លង​ផ្លូវ​ដែល​នឹង​ប្រចក្ស​ច្បាស់​ក្នុង​សភាវៈ​ដែល​មិន​មែន​តួ​ខ្លួន​ទេ ក៏ស្វែង​រក​ផ្លូវ​ដទៃ ហើយ​ក៏​យល់​ខុស​ថា យាន​ដែល​មាន​ពណ៌​ ស ជា​យាន​ប្រសើរ​)​។

​គ្រានោះ​ ព្រះ​អានន្ទ​ដ៏​មាន​អាយុ ទៅ​បិណ្ឌ​បាត្រ​ក្នុង​ក្រុង​សាវត្ថី ហើយវេលា​បច្ឆា​ភត្ត​ ត្រឡប់​ពី​បិណ្ឌបាត្រក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគដល់​ទីប្រថាប់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ​ហើយ គង់​អង្គុយ​ក្នុង​ទី​ដ៏សមគួរ រួច​ហើយ​ក៏​បាន​ក្រាប​ទូល​នូវ​រឿង​ដែល​ឃើញ​ជាណុស្សោ​ណី​ព្រាហ្មណ៍​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំ​ដែង​នូវ​អរិយមគ្គ​មាន​អង្គ​៨​ថា ជា​សភាវធម៌​ដែល​រំលត់​កិលេស​ មិន​មែន​រថ ស និង​គ្រប់​យ៉ាង​ ស នោះ​ទេ ហើយ​ក៏​បាន​ត្រាស់​ប្រព័ន្ធគាថា ត​ទៅ​ទៀត​ថាៈ

​អរិយ​មគ្គ​ញ្ញាណ​នោះ មាន​ធម៌​គឺ សទ្ធា និង បញ្ញា ជា​នឹម, មាន​ សទ្ធា ជា​ទូក​, មាន ហិរិ ជា​ចន្ទោល, មាន​ ចិត្ត​ ជា​ខ្សែ​ទាញ, មាន សតិ ជា​សារថីកាន់​កាប់​ថែ​រក្សារថ​នេះ, មាន ​សី​ល ជា​គ្រឿង​ប្រដាប់​, មាន​ ឈាន ជា​ភ្លៅ, មាន​ សេចក្តី​ព្យាយាម ជា​កង់, មាន ឧ​បេក្ខាសមាធិ ជាកំណល់​នឹម, មាន​សេចក្តី​មិន​ប្រាថ្នា​ ជា​ដំបូល ។ កុលបុត្រ​ណា​មាន សេចក្តី​មិន​ព្យាបាទ សេចក្តី​មិន​បៀត​បៀន​ និង​ វិវេក ជា​អាវុធ, មាន​សេចក្តី​អត់​ធន់​ជា​ស្បែក​ក្រោះ, កុលបុត្រ​នោះរមែង​ជា​អ្នក​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ក្សេមចាក​យោគៈ ព្រហ្មយាន​ដ៏​ល្អ​បំផុត​នេះ កើត​ក្នុង​ខ្លួន​នៃ​បុគ្គល​ទាំង​ឡាយ​ណា​ហើយ បុគ្គល​ទាំង​ឡាយ​នោះ​ជា​អ្នក​ប្រាជ្ញ រមែង​ចេញ​ចាក​លោក​ដោយ​ទំនុក​ទុក​ចិត្ត​ថា មាន​ជ័យ​ជំនះ​ដោយ​ពិត ។ ​(​សំដែង​ឲ្យ​ឃើញ​ថា រថពណ៌ ស និង​គ្រឿង​ប្រដាប់​ ស ទាំង​អស់​មិន​មែន​អរិយយាន)​។

​ក្នុង​អដ្ឋកថា ព្រាហ្មណសូត្រ មាន​សេចក្តី​ថា ជា​ណុស្សោណីព្រាហ្មណ៍​តែង​តែ​ធ្វើ​ប្រទក្សិណ​នគរ​៦​ខែ​ម្តង ដោយ​មាន​អ្នក​ប្រកាស​ចេញ​នាំ​មុខ​ថា ពី​ពេល​នេះ​ទៅ​ព្រាហ្មណ៍​នោះ នឹង​ធ្វើ​ប្រទក្សិណ​នគរ​ដោយ​ថ្ងៃ​ទាំង​ឡាយ​ប្រមាណ​ស្មើ​ណេះ​។ ជន​ទាំង​ឡាយ​ណា​បាន​ស្តាប់​ប្រកា​ស​នោះ​ហើយ​ ទោះ​កំពុង​តែ​ចេញ​ពី​ព្រះ​នគរ​ ជន​ទាំង​ឡាយ​នោះ​ក៏​នឹង​មិន​ចេញ​ទៅ​វិញ (​ពេល​បាន​ដំណឹង​ថា ជា​ណុស្សោ​ណីព្រាហ្មណ៍​នឹង​ប្រ​ទក្សិណ​ សូម្បី​អ្នក​ដែល​មាន​ធុរៈ​នឹង​ត្រូវ​ចេញ​ពី​ព្រះ​នគរ​ ក៏​នៅ​មិន​ចេញ​ទៅ​វិញ​) សូម្បី​ជន​ទាំង​ឡាយ​ណា​គេច​ទៅ​ហើយ​ក្តី ក៏​ជន​ទាំង​នោះ​រមែង​ត្រឡប់​មក​វិញ ដើម្បី​នឹង​បាន​មើល​ជាណុស្សោណី​ព្រាហ្មណ៍​ធ្វើ​ប្រទក្សិណ​ព្រះ​នគរ​ ដោយ​គិត​ថា​ពួក​យើង​នឹង​បាន​ឃើញ​សិរី​សម្បត្តិ​របស់​លោក​អ្នក​មាន​បុណ្យ​។

​ព្រាហ្មណ៍​កាល​បរ​ទៅរហូត​ដល់​នគរ​ថ្ងៃ​ណា អ្នក​ស្រុក​ទាំង​ឡាយ​តែង​បោស​សំអាត​ថ្នល់​ក្នុង​កាល​នោះ តាំង​ពី​ព្រឹក​ព្រហាម​ កៀរ​ខ្សាច់​ដាក់​ពង្រាប​ឲ្យ​ស្មើ បាច​ដោយ​ផ្កា​ឈើ​ទាំង​ឡាយ​, ឲ្យ​ដាក់​នូវ​ទឹក​ឆ្នាំង ជួយ​គ្នា​លើក​ដើម​ចេក​ទាំង​ឡាយ​ និង​ទង់​ទាំង​ឡាយ​ឡើង​ ហើយ​រមែង​ធ្វើ​ព្រះ​នគរ​ពោរ​ពេញ​ទៅ​ដោយ​អប់​ក្លិន​ធូប​។ ព្រាហ្មណ៍​ប្រទក្សិណ​នគរ​ដោយ​រថ​គ្រឿង​ប្រដាប់​ កឺ​រថ​ទឹម​ដោយ​សេះទាំង​៤​ ពណ៌​​​ ស សុទ្ធ កង់​និង​កាំ​ទាំង​អស់​ហ៊ុំ​ពាស​ទៅ​ដោយ​ប្រាក់​ (​គឺ​មិន​ថា​គ្រឿង​ប្រដាប់​ណាៗ មាន​ពណ៌​ ស ទាំង​អស់​) រថា​មាន​ ២យ៉ាង​ គឺ​រថ​ចម្បាំង១ និង​រថគ្រឿង​ប្រដាប់​១ រថ​ចម្បាំង​មាន​សណ្ឋាន​៤​ជ្រុង​មិន​ធំ​ពេក អាច​ផ្ទុក​មនុស្ស​បាន​ ២ ឬ ៣នាក់ តែ​រថ​គ្រឿង​ប្រដាប់នោះ​ជា​រថ​ធំ​វែង​ហើយ​ទូលាយ​ មនុស្ស​បាំង​ឆ័ត្រ​បាន កាន់​ផ្លិត​វាល​វិជនី កាន់​ផ្លិត​ស្លឹក​ត្នោត​ រមែង​នៅ​ក្នុង​រថ​នោះ ៨ ឬ ១០ នាក់ អាច​ឈរ​ក៏​បាន ដេក​ក៏​បាន តាម​សប្បាយ​ក្នុង​រថ​នោះ, ហើយ​សេះ​ដែល​ទឹម​នោះ​ក៏ ស គ្រឿង​ប្រដាប់​របស់​សេះ​ទាំង​នោះ​ ជា​គ្រឿង​ប្រាក់​ទាំង​អស់​។ រថ​ដែល​ឈ្មោះ​ថា ស ព្រោះ​ហ៊ុំ​ទៅ​ដោយ​ប្រាក់​និង​ប្រដាប់​ដោយ​ភ្លុក​ដំរី រថ​ដទៃ​ទៀត​មាន​ហ៊ុំ​ព័ទ្ធ​ដោយ​ស្បែក​រាជសីហ៍​ខ្លះ ដោយ​ស្បែក​ខ្លា​ដំបង​ខ្លះ ដោយ​សំពត់​កម្ពល​លឿង​យ៉ាងណា ចំណែក​រថ​របស់​ជាណុស្សោ​ណី​ព្រាហ្មណ៍​នោះ រក​ឲ្យ​ដូច​យ៉ាង​នោះ​មិន​មាន​ឡើយ​ ព្រោះ​ថា​បាន​ហ៊ុំ​ព័ទ្ធ​សំពត់​យ៉ាង​ល្អ ខ្សែ​រុំ​ទៅ​ដោយ​ប្រាក់​ និង​កែវ​ប្រពាឡ​ សូម្បី​ដង​ជន្លួញ​ក៏​ហ៊ុំ​ទៅ​ដោយ​ប្រាក់​ សូម្បី​ឆ័ត្រ​ដែល​គេ​លើក​ឡើង​កណ្តាល​រថា​ក៏​ ស សំពត់​ឆ្នួត​ក្បាល​ធ្វើ​ដោយ​ខ្សែ​ប្រាក់​ក៏ ស សំពត់​ស្លៀក​ ស គឺ​មាន​ពណ៌​ដូច​ដុំ​ពពុះ​ទឹក។ ក្នុង​សំពត់​ទាំង​នោះ សំពត់​ស្លៀក​មាន​តម្លៃ ៥០០, សំពត់​ផាហ៊ុំ​មាន​តម្លៃ១.០០០, និង​​ចំពោះ​ទ្រនាប់​ជើង​នោះ​ អ្នក​ដំណើរ ឬ​អ្នក​ចូល​ព្រៃជ្រៅ​រមែង​តែង​មាន តែ​ចំណែក​ស្បែក​ជើង​នេះ សម្រាប់​ឡើង​រថា​ជា​គ្រឿងប្រដាប់​ផ្សំ​ដោយ​ប្រាក់​ចាយ និង​ផ្លិត​វាលវិជនី​មាន​ពណ៌​ ស មាន​ដង​ធ្វើ​ដោយ​កែវ​ផលិក​ គឺ​គ្រឿង​ប្រដាប់​ ស ប៉ុណ្ណោះ​ បាន​មាន​ដល់​ព្រាហ្មណ៍​នោះ​តែ​ម៉្យាង​​ប៉ុណ្ណោះ​មិន​មែន​ឡើយ​ សូម្បី​គ្រឿង​ប្រដាប់​របស់​ព្រាហ្មណ៍​នោះ​ក៏​ធ្វើ​ដោយ​ប្រាក់​ដែរ មាន​ដូច​យ៉ាង​នេះ​ថា គឺ​ព្រាហ្មណ៍​នោះ​លាប​ពណ៌​ ស ប្រដាប់​ផ្កា​ឈើ​ ស ត្រង់​ម្រាម​ទាំង​១០ ពាក់​ដោយ​ចិញ្ចៀន​ ត្រចៀក​ទាំង​ពីរ​ពាក់​ទុំ​ហ៊ូ សូម្បី​ព្រាហ្មណ៍​ជា​បរិវារ​ប្រមាណ​ ១០.០០០នាក់ ក៏​ប្រដាប់​ ស សុទ្ធ​ទាំង​អស់​ ទាំង​ខោ​អាវ ផ្កាឈើ និង​គ្រឿង​ប្រដាប់​ខ្លួន​ដោយ​ប្រមាណ​ប៉ុណ្ណេះដូច​គ្នា​។

ជាណុស្សោណីព្រាហ្មណ៍​ជំរះ​ខ្លួន​តាំង​ពីព្រលឹម បរិភោគ​អាហារ​ព្រឹក​ហើយ​ក៏​តាក់​តែង​ខ្លួន​ ដោយ​គ្រឿង​សំ​អាង​មាន​សំពត់​ស្លៀក​ដណ្តប់​ ស ចុះ​ពី​ប្រាសាទ​ឡើង​លើ​រថ។ ពួក​ព្រាហ្មណ៍​ក៏​តាក់​តែង​ដោយ​សំពត់​ដែរ គ្រឿង​លាប​និង​ផ្កា​ឈើ​ ស ទាំង​អស់​​កាន់​នូវ​ឆ័ត្រ ស ហែហម​ជុំ​វិញ​ ជាណុស្សោណីព្រាហ្មណ៍​។

​បន្ទាប់​ពី​នោះ​ ជន​ទាំង​ឡាយ​ក៏​រមែង​ចែក​ចាយ​ផល្លា​ផល​ដល់​ពួក​ក្មេង​ៗ​មុន​ ដើម្បី​ការ​ប្រជុំ​នៃ​មហា​ជន, តពី​នោះ​ក៏​រមែង​បាច​នូវ​ប្រាក់​ មាសក ត​ពី​នោះ​ក៏​ចាប​កហាបណៈ​ទាំង​អស់​។ មហា​ជន​រមែង​ប្រជុំ​គ្នា​ស្រែក​ហ៊ោរ​ និង​គ្រវី​កន្សែង​ ព្រាហ្មណ៍​រមែង​ទៅ​ដល់​នគរ​ដោយ​មហា​សម្បត្តិ​ កាល​ជន​ទាំង​ឡាយ​អ្នក​មាន​សេចក្តី​ត្រូវ​ការ​មង្គល​សួ​ស្តី​ជា​ដើម​។ ការ​នៅ​ធ្វើ​មង្គល​សួ​ស្តី មនុស្ស​ទាំង​ឡាយ​អ្នក​មាន​បុណ្យ​ឡើង​ទៅ​លើ​ប្រាសាទ​មួយ​ជាន់ បើក​បង្អួច​អើត​មើល​ដូច​ជា​សត្វ​សារិកាកែវ​ សូម្បី​ព្រាហ្មណ៍​ក៏​រមែង​កុះ​ករ​ចោម​រោម​សំ​ដៅ​ទៅ​ត្រង់​ផ្លូវ​ចូល​ទ្វារ​ខាង​ត្បូង ហាក់​ដូច​ជា​នគរ​គ្រប់​គ្រង​ទៅ​ដោយ​យស សិរី និង​សម្បត្តិ​របស់​ខ្លួន។

ពេល​មហា​ជន​ឃើញ​រថនោះ​ក៏​ពោ​លថា អ្នក​ដ៏ចម្រើន​ទាំង​ឡាយ​ យាន​ដ៏​ប្រសើរ​ហ្ន៎…។ ប៉ុន្តែ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ ធម្មតា​មនុស្ស​ទាំង​ឡាយ​ឲ្យ​ទ្រព្យ​ដល់​អ្នក​ដែល​ពោល​សរសើរ​ ហើយ​ក៏​រមែង​ឲ្យ​ច្រៀង​សរសើរ​ទារិកាទាំងឡាយ​របស់​ខ្លួន ថា​ជាអ្នក​គួរ​ស្រឡាញ់​ គួរ​គយ​គន់​ មាន​ទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន​ឲ្យ​ដូច​ជា​ការ​ពោល​សរសើរ​នោះ​ក៏​មិន​មាន​, មហា​ជន​ឃើញរថ​ព្រាហ្មណ៍​យ៉ាង​នេះ​ហើយ​ ទើប​ពោលស​រសើរ​យ៉ាង​នេះ​ថា លោក​អ្នក​ដ៏ចម្រើនយាន​ប្រសើរ​ហ្ន៎… សូម្បី​ដល់​យ៉ាង​នោះ​ពិត​ក៏​ដោយ យាន​នោះ​នឹង​ឈ្មោះ​ថា ជា​យាន​ប្រសើរ​ដោយ​ត្រឹម​តែ​ការ​ពោល​សរសើរ​នោះ​មិន​មែន​ឡើយ​ ដែល​ពិត​នោះ យាន​នោះ​ជា​របស់​លាមក ជា​របស់​អាក្រក់​។

ម្នាល​អានន្ទ តែ​ដោយ​បរមត្ថ​ យាន​នោះ​ជា​ឈ្មោះ​របស់​អរិយ​មគ្គ​មាន​អង្គ​៨​នេះ​ប៉ុណ្ណោះ​ឯង​ ឯ​អរិយមគ្គ​នេះ​ប្រសើរ​ព្រោះ​ប្រាស​ចាក​ទោស​ទាំង​ពួង​ ដោយ​ហេតុ​ថា ព្រះ​អរិយ​ទាំង​ឡាយ រមែង​ទៅ​ដល់​និព្វាន​ដោយ​អរិយមគ្គ​នេះ ដូច្នោះ​ទើប​គួរ​ពោល​ថា ព្រហ្មយាន​ខ្លះ ធម្មយាន​ខ្លះ ព្រោះ​ជា​ធម៌​និង​ជា​យាន​, ពោល​ថា​ជា​រថ​ពិជ័យ​សង្គ្រាម​ដ៏​ល្អ​ជាទី​បំផុត​ខ្លះ ព្រោះ​មិន​មាន​វត្ថុ​ដទៃ ដ៏​ក្រៃ​លែង​ជាង និង​ព្រោះ​ឈ្នះ​សង្គ្រាម​គឺ​កិលេស​ហើយ​។

​នេះ​គឺ​សេចក្តី​ផ្សេង​គ្នា​ដែល​កើត​អំ​ពី​ត្រឹម​តែ​ការ​ឃើញ​ប៉ុណ្ណោះ ក៏ធ្វើ​ឲ្យ​កើត​សេចក្តី​ឃើញ​ខុស សេចក្តី​យល់​ផ្លូវ​បដិបត្តិ​ខុសទៅ​ហើយ​ ព្រោះ​គិត​ថាពណ៌​ ស នឹង​ជា​មង្គល ធ្វើ​ឲ្យ​ជា​អ្នក​បរិសុទ្ធ​ ឬ​អស់​កិលេស​បាន​។ តែ​សេចក្តី​ពិត​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រះ​អង្គ​ត្រាស់​ថា ដែល​ពិត​យាន​នោះ​ជា​របស់​លាមក ជា​របស់​អាក្រក់ ព្រោះ​ថា​ធ្វើ​ឲ្យ​គេ​យល់​ខុស​ គិត​ថា​ជាយាន​ប្រសើរ​។ ព្រោះ​ដូច្នោះ ការ​ដែល​នឹង​ដឹង​សភាវធម៌​តាម​សេចក្តី​ពិតទើប​មិន​ទាក់​ទង​នឹង​រឿង​ពណ៌​នៃ​គ្រឿង​ស្លៀក​ដណ្តប់​ និង​គ្រឿង​ប្រដាប់​លំអ​តាក់​តែង​នោះ​ឡើយ គឺ​ថា កាលណា​ពេល​សតិ​បញ្ញា​កើត រលឹក​ដឹង​នូវ​លក្ខណៈ​នៃ​សភាវធម៌​ដែល​កំពុង​ប្រាកដ ទើប​ឈ្មោះ​ថា យាន​នោះ​មាន​នៅ​ក្នុង​អ្នក​នោះ​មែន ដែល​នឹង​អាច​​នាំ​ទៅ​ដល់​ការ​រំលត់​កិលេស​បាន​។ ឯវំ

[ដក​ស្រង់​ចេញ​ពី​សៀវភៅ “បរមត្ថធម៌​សង្ខេប ចិត្ត​បរមត្ថ និង​ភាគបន្ថែម” ប្រែ​និង​រៀប​រៀង​ដោយ​ ធម្មាចារ្យ រស់ សុផាត បោះ​ពុម្ព ព.ស ២៥៣៨ គ.ស ១៩៩៤]
————————————————-
ជំនួយ​ក្នុងការ​សិក្សា​បន្ថែមៈ

អត្ថបទនេះ​មាន​សេចក្តី​ជ្រាល​ជ្រៅ ព្រោះ​ជា​បរមត្ថ​ធម៌ ឬ​អភិធម្ម ដូច្នេះ​បើ​សាធុ​ជន​ទាំងឡាយ​ចង់​សិក្សា​បន្ថែម​ដើម្បី​ឲ្យ​បាន​យល់​ទូ​លំ​ទូ​លាយ សូម​ទាញ​យក​សៀវភៅ និង សម្លេង​បង្រៀន​ព្រះ​អភិធម្ម​តាម​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ។

សៀភៅសិក្សា​ព្រះ​អភិធម្ម​ដំបូង សៀវភៅ​អភិធម្មត្ថ​សង្គហៈ សៀវភៅអភិធម្មត្ថ​សង្គហៈ​៩​បរិច្ឆេទ​ភាគទី១ ភាគទី២ ភាគទី៣ ការបង្រៀន​ព្រះ​អភិធម្ម​របស់​ធម្មាចារ្យ​រស់ សុផាត ការ​បង្រៀន​ព្រះ​អភិធម្ម​របស់​អគ្គបណ្ឌិត​ធម្មាចារ្យ​ប៊ុត សាវង្ស

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , , , | 2 មតិ

បញ្ញត្តិ និង បរមត្ថ (៩)

​កាល​បាន​សិក្សា​យល់​ហើយ​ក៏​នឹង​ឃើញ​បាន​ថា ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្រប់​សត្វ បុគ្គល​នោះ ខណៈចិត្តខ្លះ​​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍​ និង​ខណៈ​ចិត្ត​ខ្លះ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បន្តគ្នា ដូច​តាម​ផ្លូវ​ភ្នែក​ក៏​មិន​បាន​មាន​តែ​ចក្ខុ​ទ្វារ​វិថី​ចិត្ត​ដែល​មាន​តែ​ពណ៌​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ កាល​ចក្ខុទ្វារ​វិថី​ចិត្ត​រលត់​អស់​ហើយ​រួច​ភវង្គ​ចិត្ត​ក៏​កើត​ខ័ណ្ឌ​ហើយ​មនោ​ទ្វារ​វិថីចិត្ត​ក៏​កើត​ឡើង​ ទទួល​ពណ៌​ត​ពី​ចក្ខុ​ទ្វារវិថី កាលណា​មនោ​ទ្វារ​វិថី​ចិត្ត​វារៈ​ដំបូង​រលត់​ហើយ ភវង្គ​ចិត្ត​កើត​ខ័​ណ្ឌ​ហើយ មនោទ្វារ​វិថីចិត្ត​វារៈ​បន្ទាប់​ក៏​កើត​ឡើង​មាន​បញ្ញត្តិ​ជាអារម្មណ៍​ មិន​ដូច្នោះទេ តើ​នឹង​មាន​ជីវិត​រស់​នៅ​បាន​យ៉ាង​ណា? បើ​មិន​ដឹង​បញ្ញត្តិថា​ ជា​ តុ ជាកៅ​អី ជា​អាហារ ជា​ពែង ជា​ចាន ជាស្លាបព្រា ។ល។ ក៏​នឹង​មាន​ជីវិត​មិន​បាន​ឡើយ។ សត្វ​តិរច្ឆាន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ឬ​ទេ? គឺ​ត្រូវ​មាន​ដូច​គ្នា។ បើ​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ទេ សូម្បី​តែសត្វ​តិរច្ឆាន​ក៏​រមែង​មាន​ជីវិត​នៅ​មិន​បាន​ដែរ ព្រោះ​មិន​ដឹង​ថា​អ្វី​ជា​អាហារ​ ឬ​មិន​មែន​អាហារ​។

​អ្នក​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ដូច​ព្រះ​អរហន្ត​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ព្រះ​អរហន្ត​ទាំង​ឡាយ ព្រះ​អនាគា​មិន​បុគ្គល ព្រះ​សោតា​បន្ន​បុគ្គល​ និងបុថុជ្ជន​តើ​ផ្សេង​គ្នា​យ៉ាង​ណា ឬ​មិន​ផ្សេង​គ្នា​ទេ? អ្នក​ដែល​ជា​ព្រះ​អរិយ​ជា​ម្ចាស់​ និង​អ្នក​ដែល​ជា​បុថុជ្ជន​ផ្សេង​គ្នា​ត្រង់​បញ្ញា​។ បុថុជ្ជនដែល​មិន​ដឹង​រឿង​បរមត្ថ​សោះ​ទេ ក៏​ប្រកាន់​ថាបញ្ញត្តិ​ជា​វត្ថុ​ពិត ជា​សភាវៈ​ពិត​ ប៉ុន្តែ​ អ្នក​ដែល​ដឹង​ច្បាស់​នូវ​អរិយសច្ចធម៌​ហើយ ដឹង​ថា​ធម៌​ទាំង​ឡាយ​ជា​អនត្តា សភាវធម៌​ដែល​កើត​ឡើង​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវកាយ​ ផ្លូវ​ចិត្ត​ មិន​ទៀង​ និង​បញ្ញត្តិ មិន​មែន​បរមត្ថធម៌ ដែល​ឈ្មោះ​ថា​បញ្ញត្តិ​នោះ ព្រោះ​ឲ្យ​ដឹង​បាន​ដោយ​ប្រការ​នោះ​ៗ​។ ដូច្នោះ បញ្ញត្តិ​ទើប​ជា​អារម្មណ៍​របស់​ចិត្ត និង​ចេតសិក ខណៈ​ដឹង​ការ​សម្គាល់​ឬ​អត្ថ នៃ​សភាវៈ​ដែល​ប្រាកដ​។ បើ​មិន​មាន​ចិត្ត​ចេតសិក​ទេ មាន​បញ្ញត្តិ​បាន​ឬ​ទេ? សភាវធម៌​ជា​សភាវៈ​ដែល​ពិចារណា​បាន​តាម ហេតុ ផល​ បើ​មិន​មាន​ចិត្ត ចេតសិក នឹង​មាន​បញ្ញត្តិ​មិន​បាន​។ បើ​មាន​តែ​រូប​ធម៌​ប៉ុណ្ណោះ​មិន​មាន​នាម​ធម៌សោះ​​ទេ មិន​មាន​ចិត្ត ចេតសិក​សោះ តើ​នឹង​មាន​បញ្ញត្តិ​ទេ? គឺ​មិន​មាន​ ព្រោះ​ថារួប​មិន​មែន​សភាវៈ​ដែល​ដឹង​អារម្មណ៍​ ចិត្ត​ និង​ចេតសិក ជា​សភាវៈ​ដែល​ដឹង​អារម្មណ៍​ បើ​ចិត្ត​ ចេតសិក មិន​កើត​ទេក៏​មិន​មាន​ការ​ដឹង​បញ្ញត្តិ​ដែរ។ ការ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នៃ​អ្នក​ជា​អរិយ​បុគ្គល និង​អ្នក​ដែល​មិន​មែន​ជា​អរិយបុគ្គល​នោះ​ផ្សេង​គ្នា​ត្រង់​អ្នក​ដេល​មិន​មែន​ព្រះ​អរិយបុគ្គល​ ប្រកាន់​បញ្ញត្តិ​ថា​ជា​សភាវៈ​ដែល​មាន​ពិត ប៉ុន្តែ​អ្នក​ជា​ព្រះ​អរិយ​បុគ្គល​ដឹង​ថា ចិត្ត​ខណៈ​ណា​មាន​បរមត្ថ​ជា​អារម្មណ៍​​ និង​ចិត្ត​ខណៈ​ណា​មាន​បញ្ញត្តិ​ជា​អារម្មណ៍​។

ខណៈ​ណា​ដែល​ចិត្ត​ដឹង​បញ្ញត្តិ​ គឺ​កំពុង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ខណៈ​នោះ​ជា​មិច្ឆា​ទិដ្ឋិ​ទេ? ស្រេច​ហើយ​តែ​ប្រភេទ​នៃ​ចិត្ត​ដែល​កំពុង​មាន​បញ្ញត្តិ​ជា​អារម្មណ៍ ព្រះ​អរិយ​បុគ្គល​ទាំង​ឡាយ​មាន​បញ្ញត្តិ​ជា​អារម្មណ៍ តែ​ព្រះ​អរិយ​ទាំង​ឡាយ​មិន​មាន​មិច្ឆា​ទិដ្ឋិ ព្រោះ​ព្រះអរិយ​បុគ្គល​ទាំង​ឡាយ​រលត់​មិច្ឆា​ទិដ្ឋិចេតសិកជាស​មុច្ឆេទ​ហើយ​។

បើ​មិន​ពិចារណា​ដោយ​ល្អិត​ទេ ក៏​នឹង​មិន​ដឹង​ថាលោភមូលចិត្ត​ទិដ្ឋិ​គត​សម្បយុត្ត និង លោភ​មូល​ចិត្ត​ទិដ្ឋិ​គត​វិប្បយុត្ត ផ្សេង​គ្នា​យ៉ាង​ណា​ទេ លោភ​មូល​ចិត្ត​ទិដ្ឋិ​គត​វិប្បយុត្ត ត្រេក​អរ​ពេញ​ចិត្ត​ក្នុង​អារម្មណ៍​គ្រប់​យ៉ាង ពេញ​ចិត្ត​សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក ពេញ​ចិត្ត​សម្លេង​ដែល​ប្រាកដ​តាម​ផ្លូវ​ត្រចៀក និង​បញ្ញត្តិ​នៃ​សម្លេង​ដែល​ឮ​តាម​ផ្លូវ​ត្រចៀក​ដែរ តាម​ផ្លូវ​ច្រមុះ​ ផ្លូវ​អណ្តាត ផ្លូវ​កាយ ផ្លូវ​ចិត្ត ដោយ​ន័យ​តែ​មួយដូច​គ្នា ជា​ជីវិត​ប្រក្រតី​ប្រចាំ​ថ្ងៃ។ ខណៈ​ណា​ដែល​មិន​មាន​សេចក្តី​គិត​យល់​ខុស ក្នុង​រឿង​នៃ​សភាវធម៌​ទេ ខណៈ​នោះ​មិន​មែន​លោភ​មូល​ចិត្ត​ទិដ្ឋិ​គត​វិប្បយុត្ត​ឡើយ។

ព្រះ​សោតា​បន្នបុគ្គល និង​ព្រះ​សកទា​គា​មិ​បុគ្គល មាន​លោភ​មូល​ចិត្ត​ទិដ្ឋិគត​វិប្បយុត្តដែល​ប្រ​ព្រឹត្ត​ទៅ​ក្នុង​អារម្មណ៍​ទាំង​៦ ព្រះ​អនាគាមីបុគ្គល​មាន​លោភមូល​ចិត្ត​ទិដ្ឋិ​គត​វិប្បយុត្ត​ក្នុង​ធម្មា​រម្មណ៍ ព្រោះ​បាន​រំលត់​សេចក្តី​ត្រក​អរ​ពេញ​ចិត្ត​ក្នុង​រូប សម្លេង ក្លិន​ រស ផោដ្ឋព្វារម្មណ៍ ដែល​ជា​កាមារម្មណ៍​ជា​សមុច្ឆេទ​ហើយ ចំណែក​ព្រះ​អរហន្ត​នោះ សូម្បី​ថា​មាន​អារម្មណ៍​៦ មែន តែ​ក៏​មិន​មាន​ទាំង​កុសល​ធម៌ទាំង​អកុសល​ធម៌​ណាៗ​ទាំង​អស់ ព្រោះ​ព្រះ​អរហន្ត​បាន​រំលត់​កិលេស​ និង​អកុសល​ធម៌​ទាំងអស់​ជា​សមុច្ឆេទ​ហើយ អ្នក​ដែល​មិន​មែន​ព្រះ​អរហន្ត​នោះ សូម្បី​ដល់​បាន​ដឹង​នូវ​លក្ខណៈ​នៃ​អារម្មណ៍​តាម​សេច​ក្តីពិត​ថា ខណៈ​ណា​ជា​បរមត្ថ​ធម៌ ខណៈ​ណា​ជា​បញ្ញត្តិ​ហើយ​ក៏​ដោយ កាលណា​នៅ​មិន​ទាន់​រលត់​កិលេស​អស់​ទេ ទើប​នៅ​មាន​បច្ច័យ​នឹង​ឲ្យ​ជា​សុខ ជា​ទុក្ខ ត្រេក​អរ មិន​ពេញ​ចិត្ត​ទៅ​តាម​បរមត្ថារ​ម្មណ៍ និង​បញ្ញត្តិ តាម​ថ្នាក់​នៃ​បុគ្គល​នោះ​ៗ​។

​ដូច្នោះ​ ត្រូវ​ពិចារណា​ដោយ​ល្អិត​ថា ខណៈ​ណា​ជា​មិច្ឆា​ទិដ្ឋិ។ ខណៈ​ដែល​ប្រកាន់​មាំក្នុង​បញ្ញត្តិ​ផ្សេងៗ​ដោយ​សេចក្តី​យល់​ខុស​ថា សភាវៈ​ដែល​មិន​មែន​បរមត្ថ​ធម៌​នោះ​មាន​ពិត ក្នុង​ខណៈ​នោះ​ជា​សក្កាយ​ទិដ្ឋិ។ កាល​ប្បញ្ញតិ្ត​មិនមែន​បរមត្ថ​ធម៌ តែ​ការ​យល់​ខុស​ប្រកាន់​បញ្ញត្តិ​ថា ជា​សភាវៈ​ដែល​ជា​តួ​ខ្លួន​ពិត ជា​សត្វ​ បុគ្គល ជា​វត្ថុ​ផ្សេងៗ​ពិត ទើប​ជា​សេចក្តី​យល់​ខុស ជាសក្កាយ​ទិដ្ឋិ។

​កាលណា​សក្កាយ​ទិដ្ឋិ​នៅ​មិន​ទាន់​រលត់​ជា​សមុច្ឆេទ​ទេ ក៏​រមែង​នឹង​ជា​បច្ច័យ​ឲ្យ​កើត​សេចក្តី​យល់​ខុស​ច្រើន​ប្រការ​បន្ថែម​ឡើង​ទៀត ដូច​ឃើញ​ថា​កម្ម​មិនមាន ផល​របស់​កម្ម​មិន​មាន​ ឃើញ​ថា​មាន​ព្រះ​ជា​ម្ចាស់​សួគ៌ដ៏​ធំ​ក្រៃ​លែង​ជាអ្នក​សាង​នូវ​លោក និង​សត្វ​ បុគ្គល​ទាំង​ពួង​។ កាល​ណា​មិន​ដឹង​បច្ច័យ​ដែល​ធ្វើ​ឲ្យ​សង្ខារ​ធម៌​ទាំង​ឡាយ​កើត​ឡើង​ទេ ក៏​ធ្វើ​ឲ្យ​កើត​សេចក្តី​យល់​ខុស​ផ្សងៗ​ ប៉ុន្តែ​ខណៈ​ណា​ក៏​ដោយ​ដែល​ចិត្ត​មាន​បញ្ញត្តិ​ជា​អារម្មណ៍ ខណៈ​នោះ​មិន​មែន​សុទ្ធ​តែ​មាន​មិច្ឆា​ទិដ្ឋិ​គ្រប់​ៗ​គ្រា​នោះ​ទេ ព្រោះ​មិច្ឆា​ទិដ្ឋិ​ជា​ខណៈ​ត្រង់​ដែល​ប្រកាន់​មាំ​ក្នុង​សេចក្តី​យល់​ខុស​ផ្សេង​ៗ​ នោះ​ឯង​។

បញ្ញត្តិ​ជា​អារម្មណ៍​របស់​កុសល​ចិត្ត​បាន​ទេ? គឺ​បាន ព្រោះ​ជីវិត​តាម​សេចក្តី​ពិត​ជា​យ៉ាង​ណា​ហើយ ក៏​វា​ត្រូវ​ជា​យ៉ាង​នោះ ប្តូរ​ផ្លាស់​លក្ខណៈ​នៃ​សភាវធម៌​មួយ​បែប​ៗ​មិន​បាន​ឡើយ​។

​ក្នុង​ខណៈ​ឲ្យ​ទាន បើ​មិន​ដឹង​ថា​សភាវៈ​ដែល​នឹង​ឲ្យ​នោះ​ជា​អ្វី​ទេ កុសល​ចិត្ត​ក៏​កើត​មិន​បាន​។ ក្នុង​ខណៈ​ដែល​វិរតិ​នូវ​ទុច្ចរិត​ដោយ​ការ​រក្សា​សីល បើ​មិន​ដឹង​ថាសភាវៈ​ដែល​ប្រាកដ​នោះ​ជា​អ្វី​ទេ ក៏​នឹង​មាន​ការវិរតិ​ទុច្ចរិត​មិន​បាន។ ក្នុង​ខណៈ​ដែល​អប់រំ​ចម្រើន​សេចក្តី​ស្ងប់​នៃ​ចិត្ត ដែល​ជា​សមថ​ភាវនា តើ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បាន​ឬ​ទេ? អស់​លោក​ខ្លះ​ អាច​នឹង​គិត​ថា នោ​មិន​ទាន់​បាន​សិក្សារឿង​សមថភាវនា ឬ អារម្មណ៍​របស់​សមថភាវនា​ដោយ​ល្អិត​ទេ ទើប​មិន​អាច​ឆ្លើយ​បាន​ ប៉ុន្តែ​បើ​មិន​ភ្លេច​សេចក្តី​ពិត​ដែល​ថា ខណៈ​ណា​ដែល​មិន​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍ ខណៈ​នោះ​មាន​បញ្ញត្តិ​ជា​អារម្មណ៍ ក៏​ល្មម​នឹង​ដឹង​បាន​ថា​ សូម្បី​សមថភាវនា ក៏​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បាន​ដែរ។ ក្រៅ​អំ​ពីសតិបដ្ឋាន និង​បញ្ចទ្វារវិថីចិត្តហើយនោះ ចិត្ត​ខណៈដទៃ​រមែង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បាន​។ ការ​ដែល​នឹង​ដឹង​ថា​សភាវធម៌​ណា​ជា​បរមត្ថ​ធម៌​នោះ ត្រូវ​អាស្រ័យ​ការ​អប់​រំ ចម្រើន​សតិបដ្ឋាន​ប៉ុណ្ណោះ ទើប​នឹង​ដឹង​បាន​។ បើ​ខណៈ​ណា​សតិបដ្ឋាន​មិន​កើត​ ខណៈ​នោះ​ក៏​មិន​មាន​ការ​ពិចារណា​ សិក្សា​សង្កេត​ដឹង​លក្ខណៈ​នៃ​សភាវធម៌​ដែល​ជាបរមត្ថ​ធម៌​បាន​ឡើយ។ ដូច្នេះ ជីវិត​ប្រក្រតី​ប្រចាំ​ថ្ងៃ ទើប​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍ខ្លះ មាន​បញ្ញត្តិ​ជា​អារម្មណ៍ខ្លះ​។

នៅ​មាន​ត…

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , , | 2 មតិ

បញ្ញត្តិ និង បរមត្ថ (៨)

ដូច្នោះ រូប​ដែល​កំពុង​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ខណៈ​នេះ ដែល​មាន​អាយុ​១៧​ខណៈ​ចិត្ត ត្រូវ​រលត់​ទៅ​មុន​ចិត្ត​ឮ ទើប​កើត​ឡើង​បាន​ ដូច្នោះ​ ដែល​ប្រាកដ​ហាក់​ដូច​ជាទាំង​ឮ​ផង​ ទាំង​ឃើញ​ផងនោះ ក៏​ពី​ព្រោះ​រូប​កើត​រលត់​ប្រាកដ​ បន្ត​ទាំង​តាម​ផ្លូវ​ចក្ខុ​ទ្វារវិថី (​ភវង្គ​ខ័​ណ្ឌ) និង​មនោ​ទ្វារវិថី​យ៉ាង​សន្ធឹក​សន្ធាប់​រហូត​ដល់​ប្រាកដ​ជា​មាន​មនុស្ស​កំពុង​ដើរ​ កំ​ពុង​លើក​ដៃ​ និង​ធ្វើ​ចលនា​ផ្សេង​ៗ​ជា​ដើម​។ ប៉ុន្តែ​កាល​ណា​មិន​បាន​ប្រចក្សការ​កើត​ឡើង​ និង​រលត់​ទៅ​វិញ​យ៉ាង​រហ័​ស ​របស់​នាម​ធម៌​នោះ​ទេ ក៏​ប្រកាន់​នូវ​បញ្ញត្តិសភាវៈ​ដែល​ប្រាកដ​នោះ​ជា មនុស្សខ្លះ ជា​ស្ត្រី​ខ្លះ ប្រុស​ខ្លះ វត្ថុ​នេះ​វត្ថុនោះ​ខ្លះ​ទៅ​វិញ​។ ប៉ុន្តែ​គួរ​រំលឹក​ថា តាំង​តែ​ផ្តើម​សិក្សា​បរមត្ថ​ធម៌​នោះដឹង​ថា​បរមត្ថ​ធម៌​ជា​សភាវធម៌​មាន​ពិត​ដេល​មិន​មែន​ សត្វ​ បុគ្គល តួ​ខ្លួន​ មិន​មែន​ស្រី​ប្រុស​ មិន​មែន​វត្ថុ​របស់​ណាៗ​ឡើយ​ ធម៌​ដែល​ជា​សច្ចធម៌​នោះត្រូវ​ជា​សេចក្តីពិត​តាំង​ពី​ដើម​រហូត​ជានិច្ច ទំរាំ​នឹង​អប់​រំ​ចម្រើន​បញ្ញា​ឡើង​ដល់​ថ្នាក់​ប្រចក្ស​ច្បាស់​នូវ​សភាវធម៌​តាម​ដែល​ធ្លាប់​បាន​ឮ​ បាន​និយាយ​ថា បរមត្ថ​ធម៌​ជា​សភាវៈ​ដេល​មាន​ពិត​ដែល​មិន​មែន​សត្វ​ បុគ្គល តួ​ខ្លួន​នោះ។ រស​មាន​ពិត​ រឹង​មាន​ពិត បញ្ញត្តិ​រស​និង​រឹង​នោះ ថា​ទំពាំង​បាយ​ជូរ តែ​សភាវៈ​ដេល​មាន​ពិត​គឺ​រូប​កើត​ឡើង​ហើយ​រលត់​ទៅ​ប៉ុណ្ណោះ ព្រោះ​ដូច្នោះទើប​មិន​មាន​ទំពាំំង​បាយ​ជូរ​មិន​មាន​សត្វ​ បុគ្គល​ គឺ​មាន​ត្រឹម​តែ​រូប​ធម៌ និង​នាម​ធម៌​ដែល​កើត​រលត់​បន្ត​គ្នា​យ៉ាង​រហ័ស​ប៉ុណ្ណោះ​ឯង​។

បរមត្ថ​ធម៌ ជា​បរមត្ថ​ធម៌ មិន​មែន​បញ្ញត្តិ។ ការ​សិក្សា​និង​ការ​បដិបត្តិធម៌​គឺ​ត្រូវ​ត្រង់​តាម​ដែល​បាន​សិក្សា​ក្នុង​ពេល​មុន និង​ត្រូវ​ត្រង់​ដល់​លក្ខណៈ​នៃ​សភាវធម៌​តាម​សេចក្តី​ពិត​ដូច​តាម​ដែល​សិក្សា​ថា​បរមត្ថ​ធម៌​ជា​អនត្តា​នោះ ក៏​នឹង​ត្រូវ​ចូល​ទៅ​ដល់​អត្ថ​នៃបរមត្ថ​ធម៌​ទាំង​ថ្នាក់​នៃ​ការ​ស្តាប់​ ទាំង​ការ​ពិចារណា​ ទាំង​ការ​អប់​រំ​ចម្រើន​បញ្ញា​រហូត​ដល់​ប្រចក្ស​ច្បាស់​នូវ​សេចក្តី​ពិត​តាម​ដែល​បាន​សិក្សា​រួច​មក​ហើយ​ផង​ដែរ​។

ខ-​អម្បាញម៉ិញ​ដែល​លោក​អ្នក​ស្តាប់​សួរ​ថា​បញ្ញត្តិ​ជា​រប់ស​ពិត​ឬ​ទេ? បើ​នឹង​និយាយថា​ របស់​ពិត​ត្រង់​លោក​ញែក​ទុក​ថា​ជាបរមត្ថ​សច្ចៈ និង​សម្មតិ​សច្ចៈ​ បញ្ញត្តិ​ និង​ជា​សម្មតិ​សច្ចៈ​បាន​ឬ​ទេ?

សុ-​បាន​តែបញ្ញត្តិ​ មិន​មែន​បរមត្ថ​ដូច​ឈ្មោះទំ​ពាំង​បាយ​ជូរ ឈ្មោះ​ទំ​ពាំង​បាយ​ជូរ​មិន​មាន​រស​អ្វី​ទាំង​អស់​ តែ​រស​ជា​សភាវធម៌​ដែល​មាន​ពិត និង​បញ្ញត្តិ​រស​នោះ​ថា ជា​ទំ​ពាំង​បាយ​ជូរ​។

លោភ​មូល​ចិត្ត​ទិដ្ឋិគតវិប្យយុត្តនោះ ក្រៅ​ពី​ពេញ​ចិត្ត​ក្នុង​រូប សម្លេង​ ក្លិន​ រស​ ផោដ្ឋព្វៈ និង​ពេញ​ចិត្ត​នូវ​បញ្ញត្តិ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ហើយ​នោះ​ ក៏​មាន​ពេញ​ចិត្ត​ក្នុង​មិច្ឆា​សមាធិ​ទៀត ដូច​អ្នក​ដែល​ពេញ​ចិត្ត​ក្នុង​ការ​បរហារ​រាង​កាយ ដឹង​ថា​បើ​ហាត់​ហ្វឹក​បែ​បយោគៈ ដោយ​ឲ្យ​ចិត្ត​តាំង​មាំ​ចុច​ត្រង់​ខ្យល់​ដង្ហើម​នឹង​ធ្វើ​ឲ្យ​រាង​កាយ​រឹង​ប៉ឹង​ក្នុង​ខណៈ​នោះ​ជា​ការ​ធ្វើ​សមាធិ​មួយ​ប្រភេទ ​ដែល​កាល​ណា​មិន​មែន​កុសល​ចិត្ត ក៏​នឹង​ត្រូវ​លោភ​មូល​ចិត្ត​ដែល​ជា​មិច្ឆា​សមាធិ​ តែ​អ្នក​នោះ​មិន​បាន​យល់​ខុស​ទេ​ថា នេះ​ជា​ផ្លូវ​គន្លង​ដែល​នឹង​ធ្វើ​ឲ្យ​ដឹង​ច្បាស់​អរិយសច្ច​ធម៌​ខណៈ​នោះ​ គឺ​ត្រឹម​តែ​ជា​សេចក្តី​ពេញ​ចិត្តដែល​នឹង​ធ្វើ​សមាធិ និង​ដឹង​ថា​ក្នុង​ខណៈ​នោះប្រាថ្នា​ត្រូវ​ការ​សមាធិ ដើម្បី​ប្រយោជន៍ដល់​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ មិន​មែន​យល់​ខុស​ទេ ដោយ​ប្រកាន់​ថា​ត្រូវ​ធ្វើ​យ៉ាង​នេះ​សិន​ រួច​ហើយ​ទើប​មក​ពិចារណា​ជា​ក្រោយ​នូវ​នាម​ធម៌​ និង​រូប​ធម៌​ នឹង​បាន​ឆាប់​រហ័ស​ សឹង​បើ​យល់​យ៉ាង​នោះ​ហើយ គឺ​មិន​យល់​លក្ខណៈ​នៃ​សម្មា​សតិ មិន​ដឹង​ថា​សម្មាសតិ​ជា​អនត្តា ព្រោះ​ថា​មិន​មែន​ត្រូវ​ទៅ​ឲ្យ​ធ្វើ​មិច្ឆា​សមាធិ​សិន​ រួច​សឹង​បាន​មក​ឧ​បត្ថម្ភ​ឲ្យ​បញ្ញាអាច​នឹង​ដឹង​នូវ​លក្ខណៈ​នៃ​នាម​ធម៌​ និង​រូប​ធម៌​បាន​នោះ​ទេ​ ប៉ុន្តែ​ការ​​ដែល​សតិ​នឹង​ជា​សម្មាសតិ ជា​មគ្គ​ ១ ក្នុង​មគ្គ​មាន​អង្គ​៨ បាន​ក៏​កាល​ណា​មាន​សម្មា​ទិដ្ឋិ សេចក្តី​យល់​ត្រូវ​នូវ​លក្ខណៈ​នៃ​សភាវធម៌​ដេល​កំពុង​ប្រាកដ​ជា​អារម្មណ៍​ដែរ ដែល​សតិ​នឹង​ត្រូវ​លើក​ឡើង​ដោយ​ត្រឹម​ត្រូវ​និង​ល្អិត​ជា​សង្ខារក្ខន្ធ តាក់​តែង​ឲ្យ​សតិ​កើត​រលឹក​នូវ​លក្ខណៈ​នៃ​សភាវធម៌​ដែល​កំពុង​​ប្រាកដ​បាន​ត្រឹម​ត្រូវ​ ដូច​ផ្លូវ​ភ្នែក​ដែល​ដែល​កំពុង​ឃើញ​និង​ដឹង​បាន​ខណៈ​ណា​ជាំ​បញ្ញត្តិ​ និង​ខណៈ​ជា​បរមត្ថ​ ផ្លូវ​ត្រចៀក​ ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវ​កាយ ផ្លូវ​ចិត្ត​ ក៏​ដូច​តែ​គ្នា​។

​ដូច្នោះ មិន​ថា​នឹង​មើល​ទូរទស្សន៍​ ឬ​​ កីឡា​អ្វី​ទេ អាន​កាសែត​ក្តី មើល​គំនូរ​ក្តី ក៏​នឹង​ដឹង​បាន​ថា ខណៈ​ណា​ជា​បញ្ញត្តិ និង​ខណៈ​ណា​ជា​បរមត្ថ​ បើ​មិន​ដូច្នោះ​អាច​នឹង​គិត​ថា រឿង​ក្នុង​ទូរទស្សន៍​ជា​បញ្ញត្តិ តែ​ខណៈ​ដែល​មិន​មែន​រឿង​ក្នុង​ទូ​រទស្សន៍​នោះ​មិន​មែន​បញ្ញត្តិ តែ​សេចក្តី​ពិតហើយ​ទាំង​រឿង​ក្នុង​ទូរទស្សន៍ ទាំង​មិន​មែន​ក្នុង​ទូរទស្សន៍​ក៏​ជាបញ្ញត្តិ​ទាំង​អស់ សូម្បី​តែ​ឈ្មោះ​របស់​លោក​អ្នកគ្រប់​គ្នា​ក៏​ជានាម​បញ្ញត្តិ​ដែរ ជា​ពាក្យ​ដែល​ដាក់​ឡើង​ដើម្បី​ឲ្យ​ដឹង​សំគាល់​ដល់​ចិត្ត ចេតសិក រូប​ណា​ដែល​កើត​រួម​គ្នា​ដេល​សម្មតិឡើង​ជា​ បុគ្គល​នេះ បុគ្គល​នោះប៉ុណ្ណោះ។

​មិច្ឆា​សមាធិដែល​ជា​លោភមូលចិត្ត​ទិដ្ឋិគតវិប្បយុត្ត ផ្សេង​ពី​លោភ​មូល​ចិត្ត​ទិដ្ឋិ​គត​សម្បយុត្ត​ដេល​យល់​ថា​មិច្ឆា​សមាធិ នោះ​ជា​ផ្លូវ​ដេល​នឹង​ធ្វើ​ឲ្យ​ដឹង​ច្បាស់​នូវ​អរិយសច្ច​ធម៌​។ មិច្ឆា​សមាធិ​មាន​ជា​ទូ​ទៅ​ក្នុង​គ្រប់​ប្រទេស​ ព្រោះ​ការ​ធ្វើ​សមាធិ​ខណៈ​ណា​ក៏​ដោយ​ ដេល​មិន​មែន​កុសល​ញាណ​សម្បយុត្ត គឺ​មិន​ប្រកប​ដោយ​បញ្ញា ខណៈ​នោះ​ក៏​ត្រូវ​ជា​មិច្ឆាសមាធិ ។ បើ​អ្នក​ណា​យល់​ថា មិច្ឆា​សមាធិជា​ផ្លូវ​ដេល​នឹង​ធ្វើ​ឲ្យ​សតិ​រលឹក​នូវ​លក្ខណៈ​នៃ​នាម​ធម៌ និង​រូប​ធម៌​បាន​ឆាប់​រហ័ស​ គឺ​ជាការ​យល់​ខុស ព្រោះ សម្មាសតិនឹង​រលឹក​នូ​វ​លក្ខណៈ​នៃ​សភាវធម៌​ដែល​កំពុង​ប្រាកដ​បាន​ត្រឹម​ត្រូ​វ​នោះ​ ក៏​កាល​ណា​យល់​នុវ​លក្ខណៈ​ដែល​ផ្សេង​គ្នា នៃ​នាម​ធម៌ និង រូប​ធម៌ ដេល​កំពុង​ប្រាកដ​ជា​មុន មិន​មែន​អាស្រ័យ​ការ​ធ្វើ​មិច្ឆា​សមាធិ​ជា​មុន​សិន​នោះ​ទេ​…។

ក-​ក្នុង​លក្ខណា​ទិច​តុក្កៈ​ប្រាប់​ថា សមាធិ​ជា​ហេតុ​ជិត​របស់​វិបស្សនា
សុ-​សំ​ដៅ​ដល់​សមាធិ​អ្វី?
ក-​ក៏​គង់​នឹង​ជា​សមាធិ​ទើប​ជាហេតុ​ជិត​
សុ-​ត្រូវ​ជា​សម្មា​សមាធិ​ដែល​កើត​រួម​ជា​មួយ​សម្មាសតិ សម្មា​ទិដ្ឋិ សម្មា​សង្កប្បៈ និង​សម្មា​វាយាមៈ​។

​បញ្ញត្តិ​អារម្មណ៍​ជា​អារម្មណ៍​របស់​ចិត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ក្នុង​ខណៈ​ដែល​ចិត្ត​មិន​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍​ ព្រោះ​ដូច្នោះ​ល្បង​គិត​មើល​ថា​មួយ​ថ្ងៃ​ៗ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ច្រើន​ឬ​ទេ? តាម​ផ្លូវ​ភ្នែក​ដែល​កំពុង​ឃើញ​ក៏​មាន​រឿង​នៃ​សភាវៈ​ដែល​ប្រាកដ​តាម​ភ្នែក​ តាម​ផ្លូវ​ត្រចៀកដែល​ឮ​ក៏​មាន​រឿង​នៃ​សម្លេង​ដែល​ឮ​ តាម​ផ្លូវ​ច្រមុះ​ដែល​ដឹង​ក្លិន​ក៏​មាន​រឿង​នៃ​ក្លិន​ តាម​ផ្លូវ​អណ្តាត​ដែល​ដឹង​រស​ក៏​មាន​រឿង​នៃ​រស តាម​ផ្លូវ​កាយ​ដែល​ប៉ះ​ខ្ទប់​សម្ផស្ស​ក៏​មាន​រឿង​នៃ​ផោដ្ឋព្វារម្មណ៍​ ក្នុង​មួយ​ថ្ងៃ​ៗ​ ចិត្ត​ដែល​កើត​ឡើង​តាម​ផ្លូវ​ចិត្ត​នោះ​ ដឹង​រូប សម្លេង ក្លិន រស ផោដ្ឋព្វារម្មណ៍ និង​នឹក​គិត​រឿង​រ៉ាវ​ផ្សេង​ៗ​នៃ​អារម្មណ៍​ទាំង​នោះៗ តើ​នឹង​មាន​អារម្មណ៍​ដទៃទៀត​ទេ​​ ក្នុង​មួយ​ថ្ងៃ​ៗ​? ក្រៅ​ពី​បរមត្ថារម្មណ៍ និង​បញ្ញត្តិអារម្មណ៍​ក្នុង​មួយ​ថ្ងៃ​ៗ​ ទាំង​ជាតិ​នេះ ជាតិ​មុន ជាតិ​មុខ គ្រប់​ភូមិ​ គ្រប់​លោក តើ​នឹង​មាន​អារម្មណ៍​ដទៃ​ទៀត​បាន​ឬ​ទេ? មិន​មាន ព្រោះ​អារម្មណ៍​៦ ប៉ុណ្ណោះ ហើយ​ក្នុង​អារម្មណ៍​៦​នេះ ក្រៅ​ពី​បរមត្ថ​ធម៌​ហើយ ជាបញ្ញត្តិ​នោះ​ឯង ដូច្នោះ​ទើប​មិន​មាន​អារម្មណ៍ដទៃ​ទៀត​ឡើយ​។

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អរហន្ត​សម្មា​សម្ពុទ្ធ​ តើ​ព្រះ​អង្គ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ឬ​ទេ? ជីវិត​ប្រចាំ​ថ្ងៃ​នៃ​គ្រប់​សត្វ បុគ្គល​នោះ កាលណា​ចក្ខុ​ទ្វារវិថី​ចិត្ត​រលត់​អស់​ហើយ ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ ហើយ​មនោ​ទ្វារ​វិថី​ចិត្ត​ក៏​មាន​បរមត្ថ​អារម្មណ៍​តែ​មួយ​ ដូច​នឹង​ផ្លូវ​ចក្ខុ​ទ្វារ​វិថីចិត្ត​ ដែល​ទើប​រលត់​ទៅ​នោះ​វារៈ​១ ហើយ​កាល​ណា​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​ហើយ​ មនោ​ទ្វារ​វិថី​ចិត្ត​ដេល​កើត​បន្ត​ ក៏​នឹក​គិត​រូប​រាង​សណ្ឋាន​របស់​សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ជា​រូប​រាង​មួយ​ប្រភេទ​ដែល​កើត​ជា​មួយ​ធាតុ​ដី ទឹក ភ្លើង​ ខ្យល់។ ដក​ពណ៌​ចេញ​ពី​ដី ទឹក​ ភ្លើង​ ខ្យល់​ តើ​បាន​ទេ? មិន​បាន​ឡើយ ព្រោះ​ទីណា​ក៏​ដោយ​តែ​មាន​មហា​ភូត​រូប​៤ ទី​នោះ​ត្រូវ​មាន​រូប​ពណ៌(វណ្ណៈ) ក្លិន រស​ ឱជា នៅ​រួម​ជា​មួយ​ បំ​បែក​ចេញ​ពី​គ្នា​មិនបាន​ឡើយ។ កាល​ណា​ដក​យក​ពណ៌​ចេញ​ពី​មហា​ភូត​រូប​មិន​បាន ពណ៌​ក៏​ប្រាដក​ឲ្យ​ឃើញ​តាម​ផ្លូវ​ភ្នែក និង​សញ្ញា​ចាំសំគាល់​ជា​រូប​រាង​សណ្ឋាន ឲ្យ​ដឹង​នូវ​បញ្ញត្តិ​ថា សភាវៈ​ដែល​ប្រាកដ​ឲ្យ​ឃើញ​នោះ​ជា​អ្វី? បើ​មិន​មាន​ពណ៌​សោះ​ទេ ដក​ពណ៌​ចេញ​ពី​មហា​ភូត​រូប​អស់​ តើ​នឹង​ឃើញ​ជា​មនុស្ស សត្វ វត្ថុ របស់​របរ​ផ្សេងៗ​បាន​ឬ​ទេ? សូម្បី​ចិត្ត​ក៏​កើត​ឡើង​ដឹង​អារម្មណ៍​តាម​ផ្លូវ​ភ្នែក​មិន​បាន​ឡើយ ព្រោះ​មិន​មាន​សភាវៈ​ដែល​ខ្ទប់​ចក្ខុ​បសាទ​។

​ដូច្នោះ​ ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ជាម្ចាស់ តើ​ព្រះ​អង្គ​ទ្រង់​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ឬ​ទេ? គឺ​ត្រូវ​តែ​មាន។ ការ​ស្តាប់​ព្រះ​ធម៌​នោះ ត្រូវ​ពិចារណា​ហេតុ​ផល​របស់​សភាវធម៌​ប្រកប​ផង អារម្មណ៍​មាន​ពីរយ៉ាង គឺ​ បរមត្ថធម៌ និង បញ្ញត្តិ ខណៈ​ណា​ដែល​មិន​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍​ ខណៈ​នោះ​ត្រូវ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ដែល​ពោល​ជ្រំ​ហើយ​ជ្រំ​ទៀត​ជា​រឿយៗ​នេះ​ ក៏​ដើម្បី​ឧ​បការៈ​ឲ្យ​សតិ​រលឹក​នូវ​លក្ខណៈ​របស់​សភាវធម៌ដែល​កំពុង​ប្រាកដ​ឲ្យ​បាន​ត្រឹម​ត្រូវ​ថា ក្នុង​ខណៈ​ដែល​មាន​សភាវៈ​កំពុង​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ជា​ពណ៌​វណ្ណៈ​ផ្សេងៗនោះ​ កាល​ពណ៌​បែក​ពី​មហា​ភូត​រូប​មិន​បាន ពណ៌​ដែល​កើត​ជា​មួយ​នឹង​មហាភូតរូប​ទើប​ប្រាកដ​ឲ្យ​ឃើញឡើង​ជា​បញ្ញត្តិ​ផ្សេង​ៗ​ កាល​ណា​សតិបដ្ឋាន​កើត ក៏ញែក​បំ​បែក​រលឹក​ពិចារណាសង្កេត​ដឹង​បាន​ត្រឹម​ត្រូវ​ថា សភាវៈ​ដែល​​កំ​ពុង​ប្រាកដ​ជា​ពណ៌​វណ្ណៈផ្សេង​ៗ​នោះ ជា​សភាវ​ធម៌​មួយ​បែប​ដែល​​ប្រាកដ​តាម​ភ្នែក​ និង​ខណៈ​ដែល​ដឹង​ថា​សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូ​វភ្នែក​ជា​អ្វី​ៗនោះ ក៏​គឺ​ជា​វិថី​ចិត្ត​ដែល​ដឹង​តាម​មនោ​ទ្វារ​។

នៅ​មាន​ត…

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , | 2 មតិ

បញ្ញត្តិ និង បរមត្ថ (៧)

​សេចក្តី​ក្នុង​អដ្ឋសាលិនី​ និក្ខេបក័ណ្ឌ ព្រះ​បាលី​សំដែង​និទ្ទេស​​ អធិវចនទុក្កៈ មាន​សេចក្តី​ថា អធិវចនធម៌ គឺ​ធម៌​ជា​ឈ្មោះ​ តើ​ដូច​ម្តេច?

អធិវចនធម៌ គឺ​ធម៌​ជា​ឈ្មោះ​តើ​យ៉ាង​ណា គឺ​ការ​ពោល​ឆ្លើយ​ អាន​ប្រកប​ បញ្ញត្តិ វោហារ​ នាម​​ ការ​ហៅ​ឈ្មោះ​ ការ​ដាក់​ឈ្មោះ​ ការ​ចេញ​ឈ្មោះ ការ​ហៅ​ឈ្មោះ​នៃ​ធម៌​នោះ​ៗ​ណា​មួយ​ សភាវធម៌​ទាំង​នេះ​ ឈ្មោះ​ថា អធិវចនធម៌ គឺ​ធម៌​ជា​ឈ្មោះ​(​គ្រប់​យ៉ាង​ជា​ឈ្មោះ​ទាំង​អស់​នោះ ដីស ប៉ាកា តុ កៅ​អី​ ។ល។ ធម៌​ទាំង​អស់​នេះ​ឯង​ឈ្មោះ​ថា អធិ​វចន​បថ​ធម៌ គឺ​ធម៌​ជា​ហេតុ​នៃ​ឈ្មោះ​។

​បើ​មិន​មាន​សភាវធម៌ ឈ្មោះ​ក៏​មិន​មាន តែ​កាល​បើ​មាន​សភាវធម៌ហើយ​ ត្រង់​ដែល​មិន​មាន​ឈ្មោះ មាន​ឬទេ? សេចក្តី​ក្នុង​អដ្ឋ​កថា​មាន​ថា ធម៌​ទាំអ​ស់​នោះ​ឯង​ ឈ្មោះ​ថា​អ​ធិវចន​បថធម៌ គឺ​ធម៌​ជា​ហេតុ​នៃ​ឈ្មោះ ។ បើ​ចូល​ទៅ​ក្នុង​ព្រៃ​មាន​ដើម​ឈើ​ច្រើន​មុខ និង​មាន​គេ​សួរ​ថា នេះ​ដើម​អ្វី? អ្នក​ខ្លះ​ស្គាល់​ក៏​ប្រាប់​ថា ដើម​រាំង ដើមស្វាយ ដើម​គ​គីរ សូម្បី​តែ​ដើម​ឈើ​មិន​មាន​ឈ្មោះ ឬ ប្រាប់​ថា​ដើម​នេះ​មិន​ស្គាល់​ឈ្មោះ​ដូច្នោះ គ្រប់​យ៉ាង​ទើប​មាន​ឈ្មោះ ដែល​នឹង​ឲ្យ​ដឹង​ អាស្រ័យ​ហេតុ​នេះ​ទើប​មិន​មាន​ធម៌​ណា​ៗ​ឡើយ​ដែល​នឹង​មិន​ជា​ហេតុ​នៃ​ឈ្មោះ។

ត​ទៅ​មាន​សេចក្តី​ថា «​ធម៌​ទាំង​អស់​នេះ​ឯង​ ឈ្មោះ​ថា​អធិវចន​ធម៌​» គឺ​ធម៌​ជា​ហេតុ​នៃ​ធម៌​ជា​ឈ្មោះ រក​មិន​មាន​។

​ធម៌​មួយ​រមែង​ប្រមូល​ចូល​ក្នុង​ធម៌​ទាំង​អស់​ ធម៌​ទាំង​អស់​ក៏​ប្រមូល​ចូល​ក្នុង​ធម៌​មួយ​។ ប្រមូល​ចូល​យ៉ាង​ណា? អធិប្បាយ​ថា នាមបញ្ញត្តិ​នេះ ឈ្មោះ​ថា​ជា​ធម៌​មួយ, ធម៌​មួយ​រមែង​ប្រមូល​ចូល​ក្នុង​ធម៌ទាំង​ ៤ ភូមិ​ទាំង​អស់ ទាំង​សត្វ​ទាំង​សង្ខារ​ឈ្មោះ​ថា ផុត​ចាក​ទៅ​អំ​ពី​នាម រក​មិន​មាន​។ បើ​មិន​មាន​ឈ្មោះ​ ក៏​លំបាក​នឹង​ធ្វើ​ឲ្យ​យល់​គ្នា​បាន​ដែរ ដូច្នោះ​ សូម្បី​ថា​ជា​បរមត្ថ​ធម៌ ជា​សភាវធម៌​ក៏​ដោយ ក៏​នៅ​តែ​មិន​ផុត​អំ​ពីឈ្មោះ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ត្រង់​បញ្ញត្តិ តាម​លក្ខណៈ​នៃ​សភាវធម៌​នោះ​ៗ​ គឺ​៖ ខន្ធបញ្ញត្តិ ៥, អាយតនបញ្ញត្តិ​ ១២, ធាតុបញ្ញត្តិ ១៨, សច្ចបញ្ញត្តិ ៤, ឥន្ទ្រិយបញ្ញត្តិ ២២, បុគ្គល​បញ្ញត្តិ ចើរន​ពួក​។ នេះ​សំ​ដែង​ឲ្យ​ឃើញ​ថា សូម្បី​ព្រះ​ធម៌​ដែល​ព្រះ​អង្គ​សំ​ដែង​ក៏​មិន​ផុត​ទៅ​អំ​ពី​ឈ្មោះ​នាម​បញ្ញត្តិ​ផ្សេងៗ​ដែរ។ និរុត្តិ (១) ការ​និយាយ គឺការ​ពោលអត្ថ​ចេញ​តាម​អក្ខរៈ​ ឈ្មោះ​ថា​ និរុត្តិ ។

ព្យញ្ជនៈ នាម​ដែល​ឈ្មោះ​ថា ព្យ​ញ្ជនៈ (ពាក្យ) ព្រោះ​អត្ថ​ថាប្រកាស​អត្ថ អភិលាភ សម្លេង​ដែល​ឈ្មោះ​ថា អភិលាប ព្រោះ​អត្ថ​ថាជា​សំឡេង​បុគ្គល​និយាយ គឺ​លំ​ដាប់​នៃ​ការ​ប្រជុំនៃ​អក្សរ​ដេល​ប្រព្រឹត្ត​ទៅ​តាម​សម្លេង​។ ឯ បញ្ញត្តិ​នោះ​មាន​ពី​រយ៉ាង​គឺ បញ្ញាបិយត្តាបញ្ញត្តិ (ការ​តែង​តាំង​ព្រោះ​ត្រូវ​ការ​ដឹង​សេចក្តី​សម្គាល់​)១ បញ្ញាបនតោបញ្ញត្តិ (​ការ​តែងតាំង​ដោយ​ឲ្យ​ដឹង​អត្ថ​តាម​សម្លេង​)១ ។

បញ្ញត្តិ​ទាំង​ឡាយ​មាន​ប្រការ​ផ្សេងៗ​ដូច​នេះ​

សន្តាន​បញ្ញត្តិ បញ្ញត្តិ​ដែល​ប្រៀប​ធៀប​អាការ គឺ​ការ​ផ្លាស់​ប្តូរ​បន្ត​នៃ​ភូត​នោះ​ៗ​ គឺ​បញ្ញត្តិ​ដែល​ថា ផែន​ដី ភ្នំ ដើមឈើ ជា​ដើម។

សមុហបញ្ញត្តិ បញ្ញត្តិ​ដែល​សំដៅ​ដល់​អាការ គឺ​ការ​ប្រជុំ​នៃ​សម្ភារៈ​ ដូច​បញ្ញត្តិ​ថា រថ រទេះ ជា​ដើម​។
សម្មតិបញ្ញត្តិ បញ្ញត្តិជាដើម​ថា បុរស បុគ្គល សំ​ដៅ​ដល់​ខន្ធ​បញ្ចកៈ។
ទិសាបញ្ញត្តិ បញ្ញត្តិទិស ​សំដៅ​ដល់​ការ​វិល​ជុំ​វិញ​នៃ​ព្រះ​ចន្ទ មាន​ ទិស​ខាង​កើត​ ជាដើម​។
កាលបញ្ញត្តិ បញ្ញត្តិ​កាល​វេលា ដូច​វេលា​ព្រឹក វេលា​ល្ងាច​ជា​ដើម​។
មាសាទិបញ្ញត្តិ បញ្ញត្តិ​ខែ រដូវ និង​ឈ្មោះ​ខែ មាន​វិសាខ​មាស​ជា​ដើម​។
អាកាស​បញ្ញត្តិ បញ្ញត្តិ​រណ្តៅ ក្រឡុក ល្អាង ជ្រោះ សំ​ដៅ​ដល់​អាការ​ដែល​មហា​ភូត​រូប​មិន​ទល់​ដល់​គ្នា​។
និមិត្ត​បញ្ញត្តិ បញ្ញត្តិ​កសិណ​និមិត្ត សំ​ដៅ​ដល់​ភូត​និមិត្ត​នោះ​ៗ​ និង អាការ​ពិសេស​ដែល​ទំនាក់​ទំនង​គ្នា​នៃ​ភាវនា​។

ឯ​បញ្ញត្តិ​ដែល​មាន​សេចក្តីផ្សេង​ៗគ្នា​ ដូច​ដែល​បាន​ពោល​មក​ហើយ​​ដោយ​ប្រការ​យ៉ាង​នេះ សូម្បី​នឹង​មាន​ដោយ​បរមត្ថ​ក៏​ដោយ ក៏​ជា​អារម្មណ៍​នៃចិត្តុប្បាទ​ដោយ​អាការៈ​គឺៈ ស្រមោល​នៃ​អត្ថ​ (​ចំណែក​ប្រៀប​ផ្ទឹម​នៃ​បរមត្ថ​) ត្រូវ​កត់​សំគាល់​ដោយ​អាការ​នោះ​ៗ​ ព្រោះ​ការ​ប្រៀប​ធៀប​ គឺ​បាន​ដល់​ធ្វើ​អាការសណ្ឋាន ជា​ដើម​ នោះ​ៗ​ ឲ្យ​ជា​ហេតុ​និយាយ​គ្នា​បាន​ ពន្យល់​គ្នា​បាន​ ហៅ​រកគ្នា​បាន​ ឲ្យ​ដឹង​សេចក្តីគ្នា​បាន​ ព្រោះដូច្នោះ​ទើប​លោក​ហៅ​ថា បញ្ញត្តិ​។

លោភមូល​ចិត្ត​ដេល​កើត​ឡើង​ជា​ប្រចាំ​តាម​ផ្លូវ​ភ្នែក​ ផ្លូ​វត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​នោះ សូម្បី​នឹង​ថា​ជាំ​លោភ​មូល​ចិត្ត​ដេល​មិន​ប្រកប​ដោយ​សេចក្តី​យល់​ខុស​ គឺ​ជា​លោភ​មូល​ចិត្ត​ទិដ្ឋិគតវិប្បយុត្តក៏​ដោយ​ ក៏​មិន​មែន​ថា​ ត្រេក​អរ​ពេញ​ចិត្ត​ចំ​ពោះ​តែ​បរមត្ថ​ធម៌ ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវ​កាយ ផ្លូវ​ចិត្តប៉ុណ្ណោះ​ទេ តែ​នៅ​ត្រេក​អរ​ពេញ​ចិត្ត​​ទៅរហូត​ដល់​បញ្ញត្តិ​ផ្សេង​ៗ​ទាំង​និមិត្ត ទាំង​អនុព្យញ្ជនៈ និង​ទាំងឈ្មោះ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

ដូច្នោះ ក្នុង​ខណៈ​នេះ បើ​សួរ​ដេញ​ដោល​គ្នា​ទៅ ក៏​បាន​ឆ្លើយ​ហើយ​ថា ភាគ​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃនោះ មាន​អ្វី​ជា​អារម្មណ៍ មាន​បញ្ញត្តិ​ជា​អារម្មណ៍ រហូត​ដល់​បិទ​បាំង​មិន​ឲ្យ​ដឹង​លក្ខណៈ​នៃ​បរមត្ថ​ធម៌​តាម​សេចក្តី​ពិត​បាន។​

ក-​ដែល​ថា​ទំ​ពាំង​បាយជូរ ឬ​រូប​ភាព​ទំ​ពាំង​បាយ​ជូរ ពេល​យើង​ទៅ​ប៉ះ​ពាល់​វា រឹង​ ទន់ យ៉ង​នេះ​ជា​បរមត្ថ, រស​របស់​ទំ​ពាំង​បាយ​ជូរ​ជា​បរមត្ថ, រួម​ជា​ច្រើន​យ៉ាង​ក៏​ជា​ទំ​ពាំង​បាយ​ជូ​រ​ពិត​ៗ ដែល​ហៅ​ថាបញ្ញត្តិ ព្រោះ​ដូច្នោះ​បញ្ញត្តិ ក៏​ជា​របស់​ពិត​ដែរ​។

សុ-​រូប រស កើត​ហើយ​ក៏​រលត់ ព្រោះ​ថាមាន​អាយុ​ត្រឹម​តែ​ ១៧ខណៈចិត្ត​ប៉ុណ្ណោះ រូប​វណ្ណៈ​ដែល​ឃើញ​ថា​ជាទំ​ពាំង​បាយ​ជូរ​ ​កើត​ឡើង​ហើយ ​ក៏​រលត់​ទៅ​យ៉ាង​រហ័ស​ រូប​មាន​អាយុ​ត្រឹម​តែ​ ១៧ខណៈចិត្ត​ ដូច្នេះ​តើ​នឹង​មាន​ទំ​ពាំង​បាយ​ជូរ​ទេ?

ក-មាន​ក្នុង​សេចក្តី​ចាំ​។

សុ-​ដូច្នោះ​ក៏​ជា​បញ្ញត្តិ​ថា វត្ថុ​នោះ​ជា​ទំ​ពាំង​បាយ​ជូរ តែ​តាម​ពិត​វត្ថុ​នោះ គឺរស​ដែល​កើត​ហើយ​រលត់​ វត្ថុ​នោះ គឺ​រឹង​ដែល​កើត​ហើយ​រលត់​ ប៉ុណ្ណោះ​ឯង​។
ក-​បញ្ញត្តិ​ក៏​មក​អំ​ពី​ការ​រួម​គ្នា​នៃ​បរមត្ថច្រើន​យ៉ាង​ជា​ក្រុម​ ជា​ដុំ​ដែរ,
សុ-​កាល​ណា​មិន​ប្រចក្ស​ការ​កើត​រលត់​ នៃ​សភាវធម៌​តែ​មួយ​បែបៗដែល​រួម​គ្នា​ទេ​នោះ ថា​ជា​វត្ថុ​ណា​មួយ​ជាពុំ​ខាន​។
ក-​បញ្ញត្តិ តើ​មិន​មែន​របស់​ពិត​ ឬ? បញ្ញត្តិ​ក៏​មក​អំ​ពី​បរមត្ថច្រើ​ន​យ៉ាង​ ទន់​ រឹង ត្រជាក់​ ក្តៅ រូប ក្លិន រស​ រួ​ម​គ្នា​ជា​ក្រុម​កលាបៈ ជាវត្ថុ​ទើប​មាន​ពណ៌យ៉ាង​នោះ សណ្ឋាន​យ៉ាង​នោះ ឬថា មាន​រូប​រាង​សណ្ឋានយ៉ាង​នោះ ហើយ​ក៏​ជា​បុគ្គល​នោះ​ទៅ, បញ្ញត្តិ​ក៏​គឺ​មក​ពី​បរមត្ថ។

​ដែល​នឹង​អាច​ដឹង​បាន​ថា បញ្ញត្តិ​មិន​មែន​ជា​បរមត្ថ​ធម៌​នោះ​ ក៏​នឹង​ត្រូវ​ចែក​ញែក​បរមត្ថ​ធម៌​ដែល​កើត​រួម​គ្នា ចេញ​ជា​បរមត្ថ​ធម៌​តែ​មួយ​លក្ខណៈៗ ដែល​ប្រាកដ​តែ​មួយ​ទ្វារ​ៗ ហើយ​នឹង​ត្រូវ​ប្រចក្ស​ការ​កើត​រលត់​របស់​រូប​ដេល​ប្រាកដ​តែ​មួយ​ទ្វារ​ៗ​។ សភាវរុប​គ្រប់​រូម​មាន​អាយុ​ត្រឹម​តែ​១៧​ខណៈចិត្ត​ហើយ​ក៏​រលត់​រូប​ដែល​កើត​មក ១​ជួរ ១៧​ខណៈ​ចិត្ត​នោះ​ នៅ​មិន​ទាន់​ឈរ​ ឬ​ដើរ​ ឬ​ធ្វើ​អ្វី​ៗ​នោះ​នៅ​ឡើយ​ទេ ព្រោះ​ថា ដែល​លើក​ដៃឡើង​ជា​ដើម​ ក៏​គឺ​ហួស​ពី ១៧ខណៈ​ចិត្ត​ទៅ​ហើយ ។ ដូច្នោះ ដែ​ល​ឃើញ​មាន​មនុស្សដើរ ឬ​ឃើញ​មាន​មនុស្ស​លើក​ដៃ​ គឺ​បញ្ជាក់​ឲ្យ​ឃើញ​ថា រូប​រលត់​ហើយ​កើត​បន្ត​ប្រាដក​ទាំង​តាម​ចក្ខុ​ទ្វារវិថី និង​មនោទ្វារ​វិថីច្រើន​វារៈ ដោយ​មាន​ភវង្គ​ខ័ណ្ឌ រហូត​ដល់​ប្រាកដ​ជា​មាន​មនុស្ស​កំពុង​ដើរ ឬ​លើក​ដៃ ជាដើម​ទៅ តែ​តាម​ពិត ១៧​ខណៈ​ចិត្ត​នោះ​រហ័ស​ណាស់ ដែល​ពិចារណាយល់​តាម​បាន​ថា រូប​ដែល​ប្រាកដ​តាម​ភ្នែក​សឹង​មាន​អាយុ ១៧​ខណៈ​ចិត្ត​នោះ​ត្រូវ​រលត់​មុន​ ដែល​នឹង​ឮ​សំឡេង​ជាទូ​ទៅ​ ដេល​ប្រាកដ​ហាក់​ដូច​ជា​ថា ទាំង​ឮផង ឃើញ​ផង តែរវាង​ចិត្តឮ និង ចិត្ត​ឃើញ​នោះ គឺ​ឆ្ងាយ​គ្នា​ហួស​ពី​ ១៧​ខណៈ​ចិត្ត​ទៅ​ទៀត។

នៅ​មាន​ត…​

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ | 2 មតិ

បញ្ញត្តិ និង បរមត្ថ (៦)

ចំពោះ​តាម​ផ្លូវ​ត្រចៀក​នោះ កាល​កើត​មក​ហើយ នៅ​កូន​ក្មេង​ក៏​ឮ​សម្លេង​ញយៗជា​ប្រក្រតី តែ​មិន​ទាន់​ដឹង​ពាក្យ​ មិន​ទាន់​យល់​ក្នុង​ភាសា​ណា​មួយ​ឡើយ​ ប៉ុន្តែ​សញ្ញា​សេចក្តី​ចាំក្នុង​សម្លេង​ផ្សេងៗ​កើន​ឡើង​ៗ​ទើប​ធ្វើ​ឲ្យ​នឹក​គិត​នូវ​បញ្ញត្តិ​ សេចក្តី​សម្គាល់​ផ្សេងៗ​របស់​សម្លេង​ដែល​ចាំ​ទុក​នោះ​ កូន​ក្មេង​ក៏​ឃើញ​ ឮ ធុំ​ក្លិន ដឹង​រស​ ដឹង​សភាវៈ​ដែល​ប៉ះខ្ទប់​សម្ផស្ស​ ឈឺ ខឹង ពេញ​ចិត្ត មិន​ពេញ​ចិត្ត​ យំ តែ​មិន​ដឹង​ពាក្យ​ដែល​នឹង​អ​ធិប្បាយ​ ដែល​នឹង​និយាយ​ ដែល​នឹង​ប្រាប់​ រហូត​ដល់​ទំរាំ​នឹង​ធំ​ឡើង​។ តើ​មាន​អ្នកណា​ដែល​ចាំ​ហេតុ​ការណ៍​ទាំង​ឡាយ​ដែល​ទើប​កើត​មក​បាន​ទេ ទោះ​ជា​ពេល​នោះ​ក៏​ឃើញ ក៏​ឮ​ ។ល។​ ដែរ? ប៉ុន្តែ​កាល​ណា​នៅ​មិន​ទាន់​មាន​ពាក្យ​នឹង​ប្រាប់​ទេ ព្រោះ​មិន​ទាន់​យល់​សេចក្តី​នៃ​ម្លេង​ផ្សេងៗ​ សេចក្តី​ចាំ​ហេតុការណ៍​ផ្សេងៗ ក៏​រលុប​រលត់​ភ្លេច​បាត់​អស់​ទៅ​វិញ​។ ដល់​ធំ​ឡើង​ហើយ ដឹង​សេចក្តី​ក្នុង​សម្លេង ចេះ​ភាសា​ផ្សេងៗ​ដែល​មិន​ត្រឹម​តែ​ចាំវត្ថុ​ដែល​ឃើញ​តាម​ភ្នែក​ រហូត​ដល់​ចាំ​រឿង​ដែល​បាន​ឮ​តាម​ត្រចៀក​ទៀត​ រួម​គ្នា​ជា​រឿង​រ៉ាវ​ច្រើន​ប្រការ​ លោក​នៃ​សម្មតិ​បញ្ញត្តិ​ទើប​កើន​ឡើង​ៗ​ជា​វិវឌ្ឍនាការ​មិន​ចេះចប់​។ កាល​អាន​សៀវភៅ​រឿង​ណា​មួយ​ហើយ ក៏​នៅ​ត្រូវ​ធ្វើ​ជាភាព​យន្ត​ឲ្យ​មើល​ ឲ្យ​ឮ​សម្លេង​ទៀត​ផង​, កាល​បើ​ពិចារណា​ប្រៀប​ធៀប​ទៅ​ ក៏​ល្ម​ម​នឹង​ឃើញ​បាន​ថា លោក​នៃសម្មតិ​នោះ បិទ​បាំង​សភាវៈ​នៃ​បរមត្ថធម៌​សន្ធឹក​សន្ធាប់​ដល់​កម្រិត​ណាទៅ ដូច​ក្នុង​ខណៈ​ដែល​កំពុង​មើល​ទូរទស្សន៍​នោះ​មាន​បញ្ញត្តិ​អ្វី​ខ្លះ មើល​ល្ខោ​ន​រឿង​អ្វី អ្នក​ណា​សំដែង​ឆាក​អ្វី​ មើល​ទៅ​ហាក់​ដូច​ជា​ថា អ្នក​សំដែង​ល្ខោន​ក្នុង​ទូរទស្សន៍​ គឺ​ជា​មនុស្ស​ពិតៗ។ ប៉ុន្តែ​ល្ខោន និង​តួ​ល្ខោន​ជា​បញ្ញត្តិ​យ៉ាង​ណា កាល​បរមត្ថ​ធម៌​កើត​ឡើង​ប្រាកដ​ហើយ ក៏​រលត់​ទៅ​យ៉ាង​រហ័ស​បន្ត​គ្នា​នោះ ខណៈ​ដែល​ដឹង​ថា​ជាបុគ្គល​នោះ​ បុគ្គល​នេះ​ ក៏​ជា​ការ​ដឹង​បញ្ញត្តិ​យ៉ាង​ដូច្នោះ​ដែរ​។

សភាវៈ​បរមត្ថ​ធម៌​ក្នុង​ជិវិត​ប្រចាំ​ថ្ងៃ ត្រូវ​បិទ​បាំង​នូវ​អវិជ្ជា​ដែល​មិន​ដឹង​នូវ​សេចក្តី​ផ្សេង​គ្នា ខុស​គ្នា​រវាង​បរមត្ថធម៌​ និង​បញ្ញត្តិ​ ទើបមិន​​អាច​ដឹង​បាននូវ​សភាវ​ធម៌​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ដែ​ល​មិន​មែន​សត្វ បុគ្គល​ តួ​ខ្លួន​នោះ ថា​ជា​អ្វី​ឡើយ​។ អាស្រ័យ​ហេតុ​នេះ ការ​សិក្សា​រឿង​ចិត្ត ចេតសិក រូប ដោយ​ល្អិត​ឡើងៗ ទើប​ធ្វើ​ឲ្យ​បញ្ញា​ក្នុង​ថ្នាក់​នៃ​ការ​ស្តាប់​ចម្រើន​ឡើង​ជា​សង្ខារក្ខន្ធ​ឧបត្ថម្ភ​តាក់​តែង​ឲ្យ​កើត​សតិ រលឹក​ដឹង​នូវ​លក្ខណៈ​នៃ​បរមត្ថ​ធម៌​ ហើយ​ធ្វើ​ឲ្យ​លះ​បង់​នូវ​ការ​ប្រកាន់​មាំ​ក្នុង​និមិត្ត អនុព្យញ្ជនៈដេល​ជា​អាការៈ​ប្រាកដ​នៃ​បញ្ញត្តិ​បាន​។

ក-​បញ្ញត្តិ​ជា​អារម្មណ៍​របស់​សតិបដ្ឋាន​បាន​ទេ?​
សុ-មិន​បាន។
ក-​កាល​ស្តាប់​រួច​មក​អម្បាញ​មិញ ហាក់​ដូច​ជា​ថា បញ្ញត្តិ​ជាអារម្មណ៍​របស់​សតិបដ្ឋាន​បាន។

សុ-​មាន​តែ​បរមត្ថ​ធម៌​ប៉ុណ្ណោះ​ជា​អារម្មណ៍​របស់​សតិបដ្ឋាន​បាន។ ខណៈ​ណា​ដែល​រស​កើត​ខ្ទប់​នឹង​ជីវ្ហា​បសាទ ជា​បច្ច័យ​ឲ្យ​ចិត្ត​កើត​ឡើង​ដឹង​រស​តាម​ជីវ្ហា​ទ្វារ​ ផ្តើម​តាំង​តែ​ពី​បញ្ច​ទ្វារាវជ្ជនចិត្ត ជីវ្ហា​វិញ្ញាណ​ចិត្ត​ សម្បដិច្ឆន្នចិត្ត សន្តី​រណចិត្ត វោដ្ឋវនចិត្ត ជវនចិត្ត តទាលម្ពណចិត្ត រួច​ហើយ​រស​ក៏រលត់​ ទើប​មិន​មាន​សាវម៉ាវ​ នោះ​គឺ​បរមត្ថ​ធម៌ តែ​ដល់​កាលណា​ប្រជុំ​គ្នា​ហើយ ជា​ផ្លែ​សាវ​ម៉ាវ ខណៈ​នោះ​គឺ​ជា​បញ្ញត្តិ​។ ដូច្នោះ​ សតិបដ្ឋាន​ទើប​ជា​ខណៈ​ដែល​រលឹក​នូវ​លក្ខណៈ​សភាវធម៌​ដែល​ជា​បរមត្ថ​ធម៌​ និង​ពិចារណា​សង្កេត​ដឹង​បាន​ថា សភាវធម៌​នោះ​ៗ​មិន​មែន​សត្វ​ បុគ្គល តួខ្លួន ។ ខណៈ​ណា​ដែល​សតិបដ្ឋាន​មិន​កើត​ ក៏​នឹង​មិន​មាន​ការ​ចែក​ញែក​នូវ​លក្ខណៈ​នៃ​បរមត្ថ​ធម៌​ឲ្យ​ចេញ​ពី​បញ្ញត្តិ​បាន​ឡើយ​ ហើយ​ទើប​នៅ​តែ​មាន​សេចក្តី​ឃើញ​ថា ជា​សត្វ​ បុគ្គល​ តួ​ខ្លួន រស់​នៅ​រហូត​រាល់​វេលា​។

ក-អម្បាញ​ម៉ិញ​នេះ​ អាចារ្យ​ពោល​រួច​ហើយ​ថា បញ្ញត្តិ​ដឹង​បាន​តា​ម​ផ្លូវ​មនោទ្វារ បើ​នឹង​ចម្រើន​សតិ​បដ្ឋាន​តាម​ផ្លូវ​មនោ​ទ្វារ​, ដែល​បាន​ស្តាប​ហើយ​ដឹង​ថា បញ្ញត្តិ​នឹង​ជា​អារម្មណ៍​របស់​សតិ​បដ្ឋាន​។

សុ-បើ​យ៉ាង​នោះ​ក៏​ផ្តើម​ក្នុង​ខណៈ​នេះ​ចុះ កំពុង​ឮ​សម្លេង​ មាន​បញ្ញត្តិ​ឬ​ទេ? សម្លេង​ជា​បរមត្ថ​ធម៌​ ខណៈ​ដែល​ចិត្ត​ដឹង​សេចក្តី​សំគាល់​នៃ​សម្លេង​នោះ ចិត្ត​ដឹង​បញ្ញត្តិ ចិត្ត​ដែល​ដឹង​សេចក្តី​សំគាល់​នៃសម្លេង​ជា​ចិត្ត​ដែល​ដឹង​បញ្ញត្តិ​តាមផ្លូវ​មនោទ្វារ ខណៈ​នោះ​ចិត្ត​កើត​ឡើង​នឹក​ជា​ពាក្យ​ៗ​សតិ​បដ្ឋាន​ក៏​កើត​ឡើង​រលឹក​ដឹង​ថា​ខណៈ​នោះជា​ចិត្ត​មួយ​ប្រភេទ​ ដែល​កំពុង​ដឹង​ពាក្យ​ត្រង់​ពាក្យ​មួយៗ​។

ក-​សតិបដ្ឋាន​រលឹក​ដឹង​នូវ​បរមត្ថ​ធម៌​ តែ​មិន​រលឹក​ដឹង​នូវ​បញ្ញត្តិ​ បើ​យ៉ាង​នោះ​ក៏​ឃើញ​ថា សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវ​កាយ នឹង​ផុត​ពី​មនោទ្វារ​មិន​បាន​សោះ​ឡើយ មែន​ទេ? គឺ​ពេល​ភ្នែក​មើលសភាវៈ​ដែ​ល​ឃើញ​កើត​ឡើង មាន​ភវង្គ​ចិត្ត​កើត​ខណ្ឌ​ ហើយ​ទើប​បន្ត​ទៅ​មនោ​ទ្វារ​។

សុ-​វិថី​ចិត្ត​តាម​ផ្លូវ​មនោ​ទ្វារ​និង​ត្រូវ​ដឹង​រួប​មួយ ជា​មួយ​គ្នា​នឹង​ដែល​វិថី​ចិត្ត​តាម​ផ្លូវ​បញ្ចទ្វារ​ដឹង បើ​ជវនចិត្ត​តាម​ផ្លូវ​បញ្ចទ្វារ​ជា​លោភ​មូល​ចិត្ត ជវនចិត្ត​តាម​ផ្លូវ​មនោទ្វារ​វារៈ​ដំបូង ក៏​ជា​ប្រភេទ​លោភ​មូល​ចិត្ត​តែ​មួយ​ដូច​គ្នា ចក្ខុ​ទ្វារ​វិថី​ចិត្ត និង​មនោ​ទ្វារ​វិថី​ចិត្ត កើត​បន្ត​គ្នា​យ៉ាង​រហ័ស​បំផុត​ ឧបមា​ដូច​សត្វ​ស្លាប​ដែល​ហើរ​ទៅទំ​មែក​ឈើ ទាន់​ពេល​ភ្លាម​ដែល​សត្វ​ទំ​មែក​ឈើ ស្រមោល​នៃ​សត្វ​ក៏​ប្រាកដ​ត្រង់​ផែន​ដី ​យ៉ាង​ណា​ កាល​​​អារម្មណ៍​ប្រាកដ​តាម​ផ្លូវ​ចក្ខុ​ទ្វារ​ ហើយ​ក៏​ប្រាកដ​បន្ត​ទៅ​មនោទ្វារ​ទាន់​ពេល ​យ៉ាង​នោះ​ដែរ ​ក្រោយ​ពី​ពេល​ដែល​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌហើយ​ច្រើន​ខណៈ​យ៉ាង​រហ័ស​ជា​ទី​បំផុត​ ទើប​ធ្វើ​ឲ្យ​មិន​ដឹង​ថា​រូបារម្មណ៍​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​នោះ ត្រឹម​តែ​ជាបរមត្ថ​ធម៌​ម៉្យាង​កាល​ដែល​ខ្ទប់​នឹង​ចក្ខុបសាទ​ហើយ​ក៏​ប្រាកដ។

ក-ដូច​យ៉ាង​តាម​ផ្លូវ​ភ្នែក ខណៈ​ដែល​ខើញ​ ពេលឃើញ ជា​ប៉ាកាក៏​ស្តែង​ថា ពាក្យ​ថា​ប៉ាកា​ជា​ផ្លូវ​មនោទ្វារហើយ​។
សុ-​នៅ​មិន​ទាន់​បាន​គិត​ដល់​ពាក្យ​ថា​ប៉ាកា​ផង​ក៏​មានបញ្ញត្តិ​មុន​ស្រេច​ទៅ​ហើយ​។ ដូច្នោះ បញ្ញត្តិ​ទើប​មិន​បាន​សំ​ដៅ​ចំ​ពោះ​តែ​សទ្ទ​បញ្ញត្តិ​ ឬ​នាម​បញ្ញត្តិ​ដេល​ជា​សម្លេង​ ឬ​ជា​ពាក្យ​ប៉ុណ្ណោះ​ទេ​។

ក-​ពេល​ឃើញ​ហើយ​បាន​ចាំ​នោះ​ក៏​បញ្ញត្តិ​ស្រេច​ហើយ​មែន​ទេ?​
សុ-​ដែល​ឈ្មោះ​ថា​បញ្ញត្តិ​ ពី​ព្រោះឲ្យ​ដឹង​បាន​ដោយ​ប្រការ​នោះ​ៗ​។
ក-​នោះ​ក៏​បាន​សេចក្តី​ថា គ្រប់​ទ្វារ​ ផ្លូវ​ភ្នែក ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវ​កាយ ត្រូវ​ឆ្លង​តាម​ផ្លូវ​មនោទ្វារ​ផង​ដែរ មែន​ទេ?​

សុ-​អារម្មណ៍​ទាំង​៥ គឺ​រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍នោះ ចិត្ត​ដឹង​បាន​ ២​ទ្វារ គឺ​ចក្ខុ​ទ្វារ​វិថីចិត្តដឹង​រូបារម្មណ៍ហើយមនោទ្វារវិថីចិត្តក៏​ដឹង​រូបារម្មណ៍​នោះ​បន្ត​ កាល​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​ហើយ​។​ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ចិត្ត​ក៏​ដឹង​បាន​ ២ទ្វារ គឹ​កាល​វិថីចិត្ត​តាម​​ទ្វារ​នោះៗ ដឹង​អារម្មណ៍​នោះ​ៗ​ហើ​យ​វិថី​ចិត្ត​តាម​ផ្លូវ​មនោទ្វារ​ក៏​កើត​ឡើង​ដឹង​អារម្មណ៍​នោះ​ៗ​បន្ត​តាម​ទ្វារ​នោះ​ៗ​ កាល​ភវង្គ​ចិត្ត​កើត​ខណ្ឌ​ហើយ​ដោយ​ន័យ​ដូច​គ្នា​។​​

ក-​ឧបមា​ថា យើង​ដឹង​រសជូរ​ ខណៈ​ដែល​ជូរ​ក៏​ជាបញ្ញត្តិ​ទៅ​ហើយ មែន​ទេ?
សុ-អ្វីជូរ?
ក-ឧបមាថា​ទទួលទាន​ក្រូច​ជូរ។

សុ-​រស​ជូរ​ជា​បរមត្ថ​ធម៌ នឹក​គិត​ថា​ក្រូច​ជូរ​ ជា​បញ្ញត្តិ​ ពាក្យ​ជា​សទ្ទ​បញ្ញត្តិ​ខណៈ​ដាក់​ឈ្មោះ​ ហៅ​ឈ្មោះ ជា​នាម​បញ្ញត្តិ​។ បើ​មិន​មាន​សម្លេង​ មិន​មាន​ពាក្យ មិន​មាន​សេចក្តី​សម្គាល់​ទេ រឿង​រ៉ាវ​ផ្សេងៗ​ ក៏​នឹង​មិន​មាន​សន្ធឹក​សន្ធាប់​ដូច​យ៉ាង​ដែល​រស់​នៅ​នេះ​ឡើយ​ តែ​កាល​សម្លេង​ជា​អារម្មណ៍​ដល់​ចិត្ត​តាម​ផ្លូវ​សោតទ្វារវិថី​ហើយ​ ក៏​ជា​អារម្មណ៍​នៃ​ចិត្ត​ដែល​កើត​បន្ត​តាម​ផ្លូវ​មនោ​ទ្វារ​ផង​ដែរ​ (​កាល​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​ហើយ​) សញ្ញា​ដែល​ចាំសំ​គាល់​ដឹង​សម្លេង​ផ្សេង​ៗ​ ធ្វើ​ឲ្យ​នឹក​ដល់​ពាក្យ​ផ្សេង​ៗ​ ឈ្មោះ​ផ្សេង​ៗ​។

នៅ​មាន​ត…

បានផ្សាយ​ក្នុង វប្បធម៌ទូទៅ | 11 មតិ

បញ្ញត្តិ និង បរមត្ថ (៥)

ក-​ប៉ុន្តែ​បើ​ មនោទ្វារ​ជ្រាប​ថា​ជាប៉ាកា តើ​ខុស​ ឬ ត្រូវ?
សុ-​មិន​ខុស​ទេ ព្រោះ​ថា​ខណៈ​មាន​ធម្មារម្មណ៍​ គឺ​ បញ្ញត្តិ​ជា​អារម្មណ៍​ ប៉ុន្តែ បញ្ញា​ត្រូវ​ដឹង​ត្រឹម​ត្រូវថា ជួរ​ខណៈ​ដែល​ជា​មនោ​ទ្វារ​វិថី​ ខុស​ពី​ខណៈ​ដែល​ជា​ចុក្ខុ​ទ្វារ​វិថី​ សឹង​អ្នក​ដែល​មិន​បាន​អប់​រំ​ចម្រើន​បញ្ញា​ រមែង​តែង​ដឹង​ចូល​ច្របូក​ច្របល់​គ្នា​ ទាំង​ផ្លូវ​ចក្ខុ​ទ្វារ​វិថី​ និង​មនោ​ទ្វារ​វិថី​ ថា​ជា​វត្ថុ​ណា​មួយ​ ដូច​ជា​សត្វ​ បុគ្គល​ វត្ថុផ្សេងៗ ។​ ក្នុង​មួយ​ថ្ងៃ​ៗ​នោះ​មនុស្ស​ទាំង​អស់​ចូល​ចិត្ត​អ្វី​ លោកភៈ​ចូលចិត្ត​អ្វី ចូល​ចិត្ត​គ្រប់​យ៉ាង​ រួម​ទាំង​អ្វី​?

ក-​វត្ថុ​ដេល​គប្បី​ពេញ​ចិត្ត​គ្រប់​ប្រភេទ​…
សុ-​លោភៈ​ចូល​ចិត្ត​គ្រប់​យ៉ាង​ រួម​ទាំង​បញ្ញត្តិ​ផង​។
លោក​ពេញ​ទៅ​ដោយ​បញ្ញត្តិ​ ទើបបដិសេធ​មិន​បាន ត្រូវ​ពេញ​ចិត្ត​ទាំង​បរមត្ថ​ធម៌​ផង​ និង​បញ្ញត្តិ​ផង​។ ពេល​ពេញចិត្ត​វត្ថុ​ណា​មួយ​ ខណៈ​នោះ​ពេញ​ចិត្ត​បញ្ញត្តិ​ផង​ដែរ​ មិន​មែន​ពេញ​ចិត្ត​ចំពោះ​តែ​បរមត្ថ​ប៉ុណ្ណោះ​ទេ បើ​ពេញ​ចិត្ត​ខ្សែ​ក្រវាត់​ ១ខ្សែ​ហើយ ក៏​ពេញ​ចិត្ត​ពណ៌​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ដែរ​។
ក-​ពេញ​ចិត្ត​ផ្លាក​ យីហោ ផង​ដែរ​…
សុ-​ពេញ​ចិត្ត​ទាំង​អស់​ បើ​ប្រាប់​ថា​ពេញ​ចិត្ត​ពណ៌​អ្វី ពណ៌​ដែល​ជា​ចិញ្ចើម​ ជា​ភ្នកែក បើ​មិន​មាន​ពណ៌​ប្រាកដ​ទេ តើ​នឹង​មាន​ចិញ្ចើម​ ភ្នែក ច្រមុះ​ មាត់​ បាន​ឬ​ទេ?​ មិន​បាន​ តែ​វេលា​ឃើញ​ពណ៌​ ពណ៌​ក៏​ត្រឹម​តែ​ជា​សភាវៈ​ដេល​ប្រាកដ​តាម​ភ្នែក​នុ៎ះឯង​ មិន​ថា​ ក្រហម ខៀវ ផ្ទៃ​មេឃ ស ទឹក​ប្រាក់​ទេ​ ប៉ុន្តែ​យ៉ាង​នោះ​ ក៏ដោយ​ ក៏​នៅ​តែ​ពេញ​ចិត្ត​ពណ៌​ដែល​ជា​ចិញ្ចើម ពណ៌​ដែល​ជា​ភ្នែក ពណ៌​ដែល​ជា​ច្រមុះ ពណ៌​ដែល​ជា​មាត់​ដែរ​ នោះ​គឺ​ពេញ​ចិត្ត​បញ្ញត្តិ​។

បរមត្ថ​ធម៌​មាន​ពិត​ តែ​ពេល​ពេញ​ចិត្ត​វត្ថុណា ខណៈ​នោះ​ក៏​ពេញ​ចិត្ត​ទាំង​បរមត្ថ​ធម៌​ដែល​កំពុង​ប្រាកដផង​​ និង​ពេញ​ចិត្ត​បញ្ញត្តិ​នៃ​បរមត្ថ​ធម៌​នោះ​ផង​។ ក្នុង​អដ្ឋ​សាលិនី​ និក្ខេបក័ណ្ទ អធិប្បាយ​និទ្ទេស​ឥន្ទ្រិយអគុត្តទ្វារតាទុកៈ អធិប្បាយ​ក្នុង​និទ្ទេស​ ក្នុង​សេចក្តី​ជា​អ្នក​មិន​គ្រប់​គ្រង​ទ្វារ​ក្នុង​ឥន្ទ្រីយ៍​ គឺ​ភ្នែក​ ត្រចៀក ច្រមុះ អណ្តាត​ កាយ​ ចិត្ត ដែល​មាន​សេចក្តី​ថាៈ ពាក្យ​ថា​ជា​អ្នក​កាន់​និមិត្ត គឺ​រមែង​កាន់​និមិត្ត​ថា​ ស្រី ប្រុស ប្រើ​ពាក្យ​ថា​ និមិត្ត (រូប​រាង​សណ្ឋាន) ក្នុង​ខណៈ​ដែល​កាន់​យក​ថា ជា​ស្រី ប្រុស សំដែង​ថា​មិន​មាន​បរមត្ថ​ធម៌​។ ខណៈ​ណា​ដែល​ដឹង​ថា ឃើញ​ស្រី​ ឃើញ​ប្រុស ខណៈនោះ​កាន់​យក​នូវ​និមិត្ត ឬ បញ្ញត្តិនៃ​សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ មិន​មែន​ដឹង​តែ​បរមត្ថ​ធម៌​ដែល​ប្រាកដ​តាម​ផ្លុវ​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​បញ្ញត្តិ​របស់​សភាវៈដែល​ប្រាកដ​ជា​និមិត្ត​ គឺ​រមែង​កាន់​និមិត្ត​ថា​ស្រី​ប្រុស ឬ​និមិត្ត​ដែល​ជាវត្ថុ​នៃ​កិលេស​ មាន​សុភ​និមិត្ត​ជា​ដើម ដោយ​អំណាច​ឆន្ទ​រាគៈ។ បើ​ពេញ​ចិត្ត​បញ្ញត្តិ គឺ​ខ្សែ​ក្រវ៉ាត់​, បាន​សេចក្តី​ថា​ខ្សែ​ក្រវ៉ាត់​នោះ​មាន​សុភ​និមិត្ត​ ទើប​កើត​សេចក្តី​ពេញ​ចិត្ត​ដោយ​អំណាច​ឆន្ទរាគៈ បើ​ខ្សែ​ក្រវ៉ាត់​មិន​ស្អាត មិន​មែន​សុភ​និមិត្ត​ក៏​មិន​ពេញ​ចិត្ត ដូច្នោះ ពណ៌​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ទើប​មាន​បញ្ញត្តិ​ផ្សេងៗ​គឺ សុភ​និមិត្ត និង អសុភ​និមិត្ត​។

សេចក្តី​ត​ទៅ​មាន​ថា ពាក្យ​ថា ជា​អ្នក​កាន់​អនុព្យញ្ជនៈ​ គឺ​កាន់​យក​អាការ​ដ៏​ផ្សេង​ដោយ​ដៃ​ជើង ការ​ញញឹម​ ការ​សើច ការ​ចរចា​ ការ​ក្រឡេក​សម្លឹង​ ជា​ដើម (​អនុព្យញ្ជនៈ ជា​ចំណែក​ល្អិត​តូច​តាច​) ដែល​មាន​វោហារ​ថា «អនុព្យញ្ជនៈ» ព្រោះ​ជា​គ្រឿង​ប្រាកដ​នៃ​កិលេស​ គឺ​ញ៉ាំង​កិលេស​ឲ្យ​ប្រាកដ​។ ដែល​មាន​វោ​ហារ​ថា​ «អនុព្យញ្ជនៈ» ព្រោះ​ជា​គ្រឿង​ប្រាកដ​នៃ​កិលេស​ គឺ​ញ៉ាំង​កិលេស​ឲ្យ​ប្រាកដ ដូច្នោះ​ទើប​យល់​អនុព្យញ្ជនៈ​បាន​ស្រួល​។​ ដែល​ថា​ពេញ​ចិត្ត​ខ្សែ​ក្រវ៉ាត់​នោះ​ ព្រោះ​និមិត្ត​ផង និង​អនុព្យញ្ជនៈ​ផង​ បើ​ខ្សែ​ក្រវ៉ាត់​ដូច​តែ​គ្នា​ទាំងអស់​ មិន​ធ្វើ​ឲ្យ​វិចិត្រ​ផ្សេង​គ្នា​ទេ អនុ​ព្យញ្ជនៈ​ក៏​មិន​ផ្សេង​គ្នា​ ប៉ុន្តែ​ខ្សែ​ក្រវ៉ាត់​មាន​ច្រើន​បែប​ ច្រើន​ធុន ខុស​គ្នា​ដោយ​អនុព្យញ្ជនៈ ដូច្នោះ​ អនុព្យញ្ជនៈ​ទើប​ជា​គ្រឿង​បា្រកដ​នៃ​កិលេស​ គឺ​ធ្វើ​ឲ្យ​កិលេស​ប្រភេទ​ផ្សេងៗ​កើត​ឡើង​។​

ក-​បើ​មិន​ឲ្យ​ជាប់​ក្នុង​បញ្ញត្តិ​ ក្រែង​តែ​មិន​ជ្រាប​ថា នេះ​គឺ​ប៉ាកា។

សុ-​នោះ​ខុស​ទេ ព្រោះ​មិន​មែនដឹង​សភាវធម៌​តាម​សេចក្តី​ពិត​ថា សភាវៈ​ដែល​ប្រាកដ​តាម​ភ្នែក​ ប្រាកដ​ហើយ​រលត់​ទៅ ហើយ​មនោ​ទ្វារ​វិថី​ចិត្ត​ ក៏​កើត​ឡើង​ដឹង​បញ្ញត្តិ​បន្ត បញ្ញា​ត្រូវ​ដឹង​សភាវធម៌​តាម​សេចក្តី​ពិត​ថា រូបារម្មណ៍​ដែល​ប្រាកដ​តាម​ចក្ខុ​ទ្វារ​ជាអ្វី ខុស​ពី​ខណៈ​ដែល​ចិត្ត​ដឹង​បញ្ញត្តិ​យ៉ាង​ណា នេះ​ទើប​អាច​នឹង​លះ​បង់​ចោល​នូវ​ការ​ប្រ​កាន់​រូបារម្មណ៍​ដែល​កំពុង​ប្រាកដ​ថា ជា​សត្វ​ ជា​បុគ្គល​ ជា​វត្ថុ ទីតាំង​នៃ​សេចក្តី​ពេញ​ចិត្ត​បាន​ ហើយ​និង​ដឹង​ថា ក្នុង​ខណៈ​ដែល​ឃើញ​ជា​ស្រី ឬ​ប្រុស ជា​សត្វ ជា​បុគ្គល​ផ្សេងៗ​នោះ ជា​ការ​ដឹង​និមិត្ត​ ឬ​បញ្ញត្តិ​ តាម​ផ្លុវ​មនោ​ទ្វារ​ ។ អ្នក​អប់​រំ​ចម្រើន​សតិបដ្ឋាន​ដែល​ពុំ​ទាន់​ប្រចក្ស​កា​រ​កើត​រលត់​នៃ​នាម​ធម៌​ និង​រូប​ធម៌​នោះ​ កាល​នៅ​ពុំ​ទាន់​ដឹង​លក្ខណៈ​នៃ​សភាវធម៌​ដេល​ប្រាកដ​ជា​ប្រក្រតី​តាម​សេចក្តី​ពិត​ថា បរមត្ថ​ធម៌​មិន​មែន​បញ្ញត្តិ ក៏​នឹង​ត្រូវ​ចាំ​បាច់​អប់​រំ​ចម្រើន​បញ្ញា​ជា​រឿយ​ៗ​ ក្នុង​ខណៈ​ដេល​សភាវធម៌​កំពុង​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ ត្រចៀក​ ច្រមុះ អណ្តា កាយ ចិត្ត​។

ក-អាចារ្យ​ប្រាប់​ថា បញ្ញត្តិ​ជា​ធម្មារម្មណ៍​មួយ​បែប​មែន​ឬ?
សុ-បញ្ញត្តិ​ជា​ធម្មារម្មណ៍​​ ព្រោះ​ថា​ជា​អារម្មណ៍​ដែល​ដឹង​បាន​តាម​ផ្លូវ​ចិត្ត​តែ​១​ប៉ុណ្ណោះ​។
ក-​ហើយ​ធម្មារម្មណ៍​នេះ​ ក៏​នឹង​ជា​បរមត្ថ​អារម្មណ៍​។

សុ-​ធម្មារម្មណ៍​មាន​ ៦ប្រភេទ, ជា​បរមត្ថ​ធម៌​៥ មិន​មែន​បរមត្ថ​ធម៌​១ ដូច្នោះ​ អាច​ដឹង​បាន​ថា ខណៈ​ណា​មាន​បញ្ញត្តិ​ជា​អារម្មណ៍ ក៏​គឺ​ខណៈ​ណា​ដែល​មិន​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍​ ខណៈ​នោះ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ មួយថ្ងៃ​ៗ​បញ្ញត្តិ​តែ​ង​បិទ​បាំង​លក្ខណៈ​នៃ​បរមត្ថ​ធម៌​ជា​និច្ច ទាំង​តាម​ផ្លូវ​ភ្នែក ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តា ផ្លូវ​កាយ ផ្លូវ​ចិត្ត​ ទើប​ធ្វើ​ឲ្យ​មិន​ដឹង​នូវ​សភាវធម៌​តាម​សេចក្តី​ពិតសោះ​ថា សភាវធម៌​ដែល​កំពុង​ប្រាកដ តាមផ្លូវ​ភ្នែក មិន​មែន​សត្វ បុគ្គល តួ​ខ្លួន គឺ​ត្រឹម​តែ​ជា​ពណ៌​វណ្ណៈ ដែល​ប្រាកដ​ពេល​ប៉ះ​ខ្ទប់​ចក្ខុ​បសាទ​ប៉ុណ្ណោះ​។

កាលណា​បញ្ញា​ចម្រើ​ន​ឡើង​ ដល់​ដឹង​នូវ​សេចក្តីពិត ក្នុង​ខណៈ​ដែល​កំពុង​ឃើញ ហើយ​ក៏​អាច​លះ​បង់​ការ​ប្រកាន់​សភាវធម៌​ថា​ជា​តួ​ខ្លួន​ សត្វ​ បុគ្គល​បាន​ ហើយ​អាច​ដឹង​នូវ​សេចក្តីខុស​គ្នា​រវាង​បរមត្ថអារម្មណ៍​ និង​ បញ្ញត្តិ​អារម្មណ៍​បាន​តាម​ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ ក៏​មាន​ន័យ​តែ​មួយ​ដូច​គ្នា​។

ខណៈ​ដែល​កំពុង​យល់​សប្តិ៍​ជា​អារម្មណ៍​អ្វី? មនុស្ស​ទាំង​អស់​តែង​តែ​យល់​សប្តិ៍ មាន​តែព្រះ​អរហន្ត​ទេ​ដែល​ជា​អ្នក​មិន​យល់​សប្តិ៍។ មនុស្ស​ទាំង​អស់​យល់​សប្តិ៍ កាល​ភ្ញាក់​ឡើង​ក៏​ប្រាប់​ថា ឃើញ​ញាតិ​បង​ប្អូន​ដែល​ស្លាប់​ទៅ​ហើយ​។ល។​ តើ​យល់​សប្តិ៍​ឃើញ​បញ្ញត្តិ ឬ​ឃើញ​បរមត្ថអារម្មណ៍? បើមិន​មាន​ពិចារណា​ទេ ក៏​មិន​ដឹង​សោះ​ឡើយ​ ព្រោះ​ដូច​ឃើញ​ពិត​ ប៉ុន្តែ​តាម​សេចក្តី​ពិតនោះ​ពេល​សួរ​ថាឃើញ​អ្វី? ក៏​ឆ្លើយ​ថា ឃើញ​មនុស្ស ឃើញ​ញាតិ​​មិត្ត​បង​ប្អូន​ ឃើញ​សត្វ បុគ្គល​ផ្សេងៗ នោះ​គឺ​យល់​សប្តិ៍ឃើញ​នូវ​រឿង​បញ្ញត្តិ ព្រោះខណៈ​នោះចក្ខុទ្វារ​វិថីចិត្ត មិន​បាន​កើត​ឡើយ​ ព្រោះ​កំពុង​ដេក​លក់​។ តែ​មនោទ្វារវិថីចិត្តកើត នឹក​គិត​ឃើញ​ជា​រឿង​សត្វ​ បុគ្គលផ្សេងៗ​។ ដូច្នោះ ខណៈ​ដែល​កំពុង​យល់​សប្តិ៍​នោះ ក៏​នឹក​ឃើញ​ដល់​រឿង​បញ្ញត្តិ​នៃ​វត្ថុដែល​ធ្លាប់​ឃើញ​ ធ្លាប់​ឮ​ជា​ដើម​ប៉ុណ្ណោះ​។

នៅមានត…

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ | 2 មតិ

បញ្ញត្តិ និង បរមត្ថ (៤)

ចក្ខុ​ទ្វារវិថី​ចិត្ត​គ្រប់​ដួង​ គឺ​ចក្ខុ​ទ្វារាវជ្ជនចិត្ត​ ចក្ខុវិញ្ញាណ​ចិត្ត​ សម្បដិច្ឆន្នចិត្ត សន្តីរណចិត្ត វោដ្ឋវចនចិត្ត ជវនចិត្ត តទាលម្ពណចិត្ត ដឹង​សម្លេង​ដែល​មិន​ទាន់​រលត់​ សោតទ្វារវិថីចិត្ត​ទើប​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​។ ឃាន​ទ្វារ​វិថីចិត្ត​ ជីវ្ហាទ្វារវិថីចិត្ត កាយទ្វារវិថីចិត្ត ក៏​ដោយ​ន័យ​ដូច​គ្នា​។

កាល​វិថី​ចិត្ត​តាម​ផ្លូវ​បញ្ចទ្វារ​(​ទ្វារ​ណា​មួយ​) រលត់​អស់​ហើយ​ ភវង្គចិត្ត​កើត​ខ័ណ្ឌ​ច្រើន​ខណៈ​ហើយ​ មនោទ្វារ​វិថីចិត្ត​ក៏​កើត​ឡើង​បន្ត​ មនោទ្វារ​វិថី​ចិត្ត​វារៈ​ដំបូង​មាន​អារម្មណ៍​ណា​មួយ​ ក្នុង​អារម្មណ៍​ទាំង​៥​ ដែល​ទើប​រលត់​ទៅ​តាម​បញ្ចទ្វារ​នុ៎ះឯង​ជា​អារម្មណ៍​ មនោទ្វារ​វិថី​ចិត្ត​វារៈ​ដំបូង​ដែល​កើត​បន្ត​ពី​បញ្ចទ្វារ​វិថី​ចិត្ត​នោះ​ មិន​ទាន់​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ទេ​។

វារៈ​មនោ​ទ្វារ​វិថីចិត្ត​នីមួយៗ​មាន​វិថី​ចិត្ត​២ ឬ ៣ វិថីចិត្ត​គឺ​មនោ​ទ្វារាវជ្ជនវិថីចិត្ត ១ខណៈ ជវនវិថីចិត្ត​ ៧ខណៈ តទាលម្ពណ​វិថីចិត្ត ២ខណៈ (វារៈខ្លះ​ក៏​មិន​មាន​តទាលម្ពណ​វិថី​ចិត្ត​)។ កាល​មនោ​ទ្វារ​វិថីចិត្ត​វារៈ​ទី​១ រលត់​ទៅ​ហើយ​ ភវង្គ​ចិត្ត​ក៏​កើត​ខណ្ឌ​ច្រើន​ខណៈ ហើយ​មនោទ្វារ​វិថីចិត្ត​វារៈ​ទី២ ក៏​កើត​បន្ត​មាន​បញ្ញត្តិ​ គឺ​រូប​រាង​សណ្ឋាន​នៃ​អារម្មណ៍​ណា​មួយ​ក្នុង​អារម្មណ៍​ទាំង​៥​នោះ ជា​អារម្មណ៍​។ កាល​មនោ​ទ្វារ​វិថីចិត្ត​វារៈ​ទី​២​រលត់​ទៅ​ហើយ​ ភវង្គ​ចិត្ត​ក៏​កើត​ខណ្ឌ​ ហើយ​មនោ​ទ្វារ​វិថី​ចិត្ត​វារៈ​​តៗមក​ក៏​កើត​ឡើង​មាន​អត្ថ​គឺ​សេចក្តី​សំគាល់​ឬ​ពាក្យ​ផ្សេង​ៗ​ជា​អារម្មណ៍​ ដែល​វារៈ​មួយ​ៗ​ត្រូវ​មាន​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​។ ខណៈ​ដែល​ដឹង​ថា​ជា​មនុស្ស​ ជា​វត្ថុ ជា​វត្ថុផ្សេងៗ ខណៈ​នោះ​ចិត្ត​ដឹង​បញ្ញត្តិ​ មិន​មែន​ដឹង​បរមត្ថ​អារម្មណ៍​ បរមត្ថ​អារម្មណ៍​ដេល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ ជា​ពណ៌​វណ្ណៈ​ផ្សេងៗ​ប៉ុណ្ណោះ​ តែខណៈដែល​មនោ​ទ្វារ​វិថី​ចិត្ត​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ទើប​ដឹង​សភាវៈ​នោះ​ថា​ជា​អ្វី​បាន​។

ដូច្នេះ​ ព្រះ​ធម៌​ដែល​ថា បរមត្ថ​ធម៌​មិន​មែន​បញ្ញត្តិ​ ក៏​ព្រោះ​តែ​បរមត្ថ​ធម៌ ជា​សភាវ​ធម៌​ដែល​មាន​ពិត​ សូម្បី​មិន​ប្រើ​ពាក្យ​បញ្ញត្តិ​ណាៗ ហៅ​បរមត្ថធម៌ទាល់​តែ​សោះ​ក៏​ដោយ សភាវធម៌​ដែល​កើត​ឡើង​នោះ​ ក៏​មាន​ជាលក្ខណៈយ៉ាង​នោះ​ពិត ចំណែក​បញ្ញត្តិ​មិន​មែន​បរមត្ថ​ធម៌ ព្រោះ​មិន​មែន​សភាវធម៌​ដែល​មាន​ពិត ហើយ​ដែល​ឈ្មោះ​ថា​បញ្ញត្តិ​ព្រោះ​ឲ្យ​បានដឹង​ដោយ​ប្រការ​នោះៗ​។

ពេល​ឃើញ​រូប​ភាព ភ្នំ ទន្លេ ដើមឈើ ជា​ដើម ក៏​ដឹង​ថា​ជា​រូប​ភាព​ ឬ​ជា​គំនូរ មិន​មែន​ភ្នំ ទន្លេ ដើមឈើ​ពិតៗ​ទេ ហើយ​វេលា​ដែល​ឃើញ​ភ្នំ​ ឃើញ​ទន្លេ​ ឃើញ​ដើមឈើ​ពិតៗនោះ​ តើ​អ្វី​ជា​បញ្ញត្តិ? ពេល​ឃើញ​រូប​ភាព​ផ្លែ​ក្រូច​ ទៀប ស្វាយ ល្ហុង ជា​ដើម ហើយ​និង​ឃើញ​ផ្លែ​ក្រូច​ ទៀប ស្វាយ ល្ហុងពិតៗ​ តើ​អ្វី​ជា​បញ្ញត្តិ?

ធម៌​រមែង​ពិត​តាម​ធម៌​ ដែល​ឈ្មោះ​ជា​បញ្ញត្តិ ព្រោះជា​ពាក្យ​ដែល​សំ​ដែង​ឲ្យ​ដឹង​លក្ខណៈ​ ឬ​អត្ថនៃ​សភាវធម៌​បាន​ សូម្បី​តែ​មិន​ហៅ ឬ មិន​មាន​ឈ្មោះ​អ្វី​ឡើយ​ក៏ដោយ​ ក៏​មាន​ឃន​បញ្ញត្តិ​ស្រេច​ទៅហើយ​ មិន​ចាំ​បាច់​ត្រូវដឹង​ភាសា​ណា​ៗ​ឡើយ​។ ខណៈ​ដែល​ដឹង​ថា​សភាវៈ​ដែល​ប្រាកដ​ជា​អ្វី​នោះ ខណៈ​នោះ​ដឹង​បញ្ញត្តិ​ ព្រោះ​បញ្ញត្តិ​គឺ​ឲ្យ​ដឹង​បាន​ដោយ​ប្រការ​នោះៗ ទោះ​ជា​មិន​ហៅ​ឈ្មោះ​ ត្រឹម​តែ​ឃើញ​គំនូរផ្លែ​ឈើ​ និង​ផ្លែ​ឈើ​ពិត​ៗ​ក៏​ដោយ អ្វី​ជា​បញ្ញត្តិ​? ជាបញ្ញត្តិ​ទាំង​ ២យ៉ាង​ទាំង​អស់​។

បញ្ញត្តិ​ មិន​មែន​បរមត្ថ ផ្លែ​ឈើ​ពិតៗ​ និង​គំនូរ​ផ្លែ​ឈើ​ មាន​អ្វី​ផ្សេង​គ្នា​ក្នុង​ខណៈ​ដែល​ឃើញ​តាម​ផ្លូវ​ភ្នែក​ សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ទាំង​អស់​ មិន​មែន​សត្វ បុគ្គល តួ​ខ្លួន ឬ​វត្ថុណា​មួយ​ទាំង​អស់​ ទាំង​ក្នុង​ខណៈ​ដែល​ឃើញ​គំនូរ​ក្រូច​ និង​ទាំង​ក្នុង​ខណៈ​ដែល​ឃើញ​ក្រូច​ពិត​។ អ្នក​ខ្លះ​អាច​នឹង​យល់​ថា ចំពោះ​គំនូរ​ជា​បញ្ញត្តិ ឯ​ផ្លែ​ក្រូច​ពិត​មិន​មែន​បញ្ញត្តិ តែតាម​សេចក្តី​ពិត​នោះ ទាំង​គំនូរ​ទាំង​ផ្លែ​ក្រូច​ដែល​ប្រាកដ​ដល់​ភ្នែក​នោះ ជា​បញ្ញត្តិ​អារម្មណ៍​របស់​មនោទ្វារវិថីចិត្ត​ដែល​កើត​បន្ត​មក​ហើយ​ ព្រោះ​ចក្ខុទ្វារវិថីចិត្ត និង​ដឹង​ត្រឹម​តែ​ពណ៌វណ្ណៈដែល​ប្រាកដ​ប៉ុណ្ណោះ ចំណែក​មនោទ្វារវិថី​ចិត្ត​ដឹង​បញ្ញត្តិ​ គឺ​ អត្ថ​ដែល​ជា​ក្រូច ព្រោះ​ឲ្យ​បានដឹង​ដោយ​ប្រការ​នោះៗ​ថា​ក្រូច មិន​ថា​ជា​ក្រូច​ពិត​ក្តី គំនូរ​ក្រូច​ក្តី ដេល​យើង​ដឹង​ថា​ជាក្រូច​នោះ​ជា​បញ្ញត្តិ​អារម្មណ៍​ មិន​មែន​បរមត្ថ​អារម្មណ៍​។

​ក្នុង​ខណៈ​ដែល​កំពុង​ឃើញ​ជា​មនុស្ស​នេះ​នោះ​ ក៏​គួរ​នឹង​ដឹង​នូវ​សេចក្តី​ពិត​ថា​ ដូច​នឹង​រូប​ភាព​ ឬ​គំនូរ​ដែល​ជា​បញ្ញត្តិ​ស្រេច​ហើយ​។ លំបាក​នឹង​ដោះ​ចេញ​នូវ​បញ្ញត្តិ​បាន​ ខណៈ​ដែល​ដឹង​នូវ​បញ្ញត្តិ​ថា ឃើញ​កៅ​អី​នោះ​ បរមត្ថ​អារម្មណ៍​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ និង​បរមត្ថ​អារម្មណ៍​ដេល​ប្រាកដ​តាម​ផ្លុវ​កាយ​ ពេលប៉ះ​ខ្ទប់​សម្ផស្ស​នោះ​មិន​មែន​បញ្ញត្តិ​។

-​មិន​ទាន់​សូវ​យល់ ឧបមា​ថា ដូច​ក្នុង​ពេល​នេះ​ឃើញ​ប៉ាកា លោក​អាចា្យ​ប្រាប់​ថា​កាល​ឃើញ​ជា​ប៉ាកាហើយ ក៏​គឺ​បញ្ជាក់​ថា ឆ្លង​ផ្លូវ​បញ្ចទ្វារ​ទៅ​ដល់​មនោ​ទ្វារ​ហើយ ត្រង់​នេះ​មិន​ជ្រាប​ មាន​ការ​សិក្សា​ ឬ បដិបត្តិ​យ៉ាង​ណា​ទើប​នឹង​មិន​ឲ្យ​ឆ្លង​ផ្លូវ​បញ្ច​ទ្វារ?

សុ-​ត្រូវ​ស្តាប់​រហូត​ដល់​បាន​យល់​ពិតៗ​ ថា​ខណៈ​ណា​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ និង​ចិត្ត​បញ្ញត្តិ​អារម្មណ៍​ផ្លូវ​ទ្វារ​ណា។ ខណៈ​ដែល​ចិត្ត​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍ជា​អារម្មណ៍​នោះ​ មិន​មាន​សត្វ​ បុគ្គល តួខ្លួន វត្ថុណា​ឡើយ​។ ខណៈ​នេះ​សភាវធម៌​កើត​រលត់​បន្ត​គ្នា​យ៉ាង​រហ័ស​ រហូត​ធ្វើ​ឲ្យ​ឃើញ​ដូច​កង្ហាល់​កំពុង​វិល​ ការ​ដែល​រូប​ណា​នឹង​ប្រាកដ​ជា​ចលនា​នោះ​ ត្រូវ​មាន​រូប​កើត​រលត់​បន្ត​ច្រើន​សន្ធឹក​សន្ធាប់​ ទើប​ធ្វើ​ឲ្យ​ឃើញ​ជា​មាន​ចលនា​បាន ដូច្នោះ​ មនោទ្វារ​វិថីចិត្ត​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​កើត​ច្រើន​វារៈ​ណាស់ រហូត​ដល់​បិទ​បាំង​ធ្វើ​មិន​ឲ្យ​ដឹង​ត្រង់​ចំពោះ​លក្ខណៈ​នៃ​បរមត្ថ​ធម៌​តាម​សេចក្តី​ពិត​ឡើយ​។

-​បើ​យ៉ាង​នោះ​ តើ​នឹង​ឲ្យ​យក​ពាក្យ​ថា​ បញ្ញត្តិ​ ចោល​ទៅ​ឯ​ណា…?

សុ-​មិន​មែន​ឲ្យ​ចោល​ទេ តែ​ឲ្យ​ដឹង​តាម​សេចក្តី​ពិត​ ខណៈ​ដែល​កំពុង​ដឹង​ថា​ជា​សត្វ​ ជា​បុគ្គល​ណា​មួយ​ ជា​វត្ថុ​ណា​មួយ​ ខណៈ​នោះ​មនោទ្វារ​វិថី​ចិត្ត​កំ​ពុង​ដឹង​បញ្ញត្តិ​។

-​ជា​សភាវៈ​នឹក​គិត​ពាក្យ…

សុ-​ខណៈ​ដែល​មិន​បាន​គិត​ពាក្យ​ តែ​ដឹង​រូប​សណ្ឋាន​ ឬ​ដឹង​សេចក្តី​អាការប្រាកដ​ក៏​ជា​បញ្ញត្តិ​ មិន​មែន​បរមត្ថ​ដែរ គឺ​ត្រូវ​ដឹង​យ៉ាង​ត្រឹមត្រូវ​ត្រង់​លក្ខណៈ​នៃ​សភាវធម៌​ពិត​ៗ​ ទើប​អាច​ប្រចក្ស​ការ​កើត​ឡើង​ និង​រលត់​ទៅ​នៃ​បរមត្ថ​ធម៌​បាន​។ លោក​អ្នក​ប្រាប់​ថា មិន​ឃើញ​កៅ​អី​រលត់​សោះ​ ពេល​នៅ​មិន​ទាន់​បាន​ញែក​ចែក​លក្ខណៈនៃ​បរមត្ថ​ធម៌​មួយ​បែបៗ​ដែល​រួម​គ្នា​ចេញទេ​ ក៏​ឃើញ​ថា​ជា​កៅ​អី​ ខណៈ​​នោះ​គឺ​ជាការដឹង​បញ្ញត្តិ ហើយ​តើ​នឹង​រលត់​​បាន​ដូច​ម្តេច​កើត។ តួយ៉ាង​ដូច​រូបគំនូរ​ក្រូច​ និង​ផ្លែ​ក្រូច​ពិត​នោះ​ កាល​ណា​ប៉ះ​ខ្ទប់​សម្ផស្ស​ផ្លូវ​កាយ​ទ្វារ​ តើ​ខុស​គ្នា​ទេ? ធាតុ​រឹង​មិន​ដូច​គ្នា​ឬ? ធាតុ​រឹង​កើត​ពី​សមុដ្ឋាន​ផ្សេងៗគ្នា ធ្វើ​ឲ្យ​ដឹង​រឹង​ខ្លាំង រឹង​តិច​ ទន់​ខ្លាំង​ ទន់​តិចក៏​ពិត​មែន​ តែ​រឹង​ក៏​ជាសភាវធម៌​ដែល​ប្រាកដ​តាម​ផ្លូវ​កាយ​ ទាំង​រូប​ភាព​ក្រូច​ ទាំង​ផ្លែ​ក្រូច​ តែ​ក្រូច​ជា​គំនូរ​មិនមាន​រស​ក្រូច​ទេ…។ រូប​ដែល​កើត​រួម​គ្នា​ធ្វើ​ឲ្យ​ដឹង​ថា​ជា​ផ្លែ​ក្រូចនោះ សេចក្តី​ពិតរស​ក៏​ជា​រូប​មួយ​ ក្លិន​ក៏​ជា​រូប​មួយ ត្រជាក់​ឬ​ក្តៅ​ក៏​ជា​រូប​មួយ ទន់​ឬ​រឹង​ក៏​ជា​រូប​មួយ តឹង​ឬ​ញ័រ​ក៏​ជា​រូប​មួយ​ កាល​រួម​គ្នា​ហើយ កើត​រលត់​ក៏​យ៉ាង​រហ័ស​ ក៏​ធ្វើ​ឲ្យ​បញ្ញត្តិ​ដឹង​តាម​អាការៈ​នោះ​ៗ​ថា​ជា​វត្ថុ​នេះ​ នោះ​ ដេល​មើល​ទៅ​ដូច​មិន​រលត់​ តែ​តាម​សេចក្តី​ពិត​នោះ បរមត្ថ​ធម៌​តែ​១លក្ខណៈៗ កើត​ឡើង​ហើយ​ក៏​រលត់​ទៅ​យ៉ាង​រហ័ស​។ រូប​នៃ​ផ្លែ​ក្រូច មិន​ថា​ត្រជាក់​ ឬ​ក្តៅ រឹង ឬ​ទន់ រសក៏​រលត់​ សភាវរូប​គ្រប់​រូប​មាន​អាយុ​ត្រឹម​១៧ខណៈ​ចិត្ត​ប៉ុណ្ណោះ។ មិន​ថា​ជា​ពណ៌​វណ្ណៈ​អ្វី សម្លេង​ ក្លិន រស​អ្វី​ក៏ដោយ បញ្ញា​ត្រូវ​ពិចារណាចេក​ញែក​ឃនសញ្ញា​ចេញ​រហូត​ដល់​ដឹង​តាម​សេចក្តី​ពិត​ថា ដែល​បញ្ញត្តិ​ថា​ជា​វត្ថុ​ណា​មួយ​នោះ សេចក្តី​ពិត​នោះ​គឺ​ត្រឹម​តែ​ជា​បរមត្ថ​ធម៌​មួយ​លក្ខណៈ​ៗ​ដែល​កើត​រលត់​រួម​គ្នា​ កាល​រួម​គ្នា​ជា​អាការៈ​សណ្ឋាន​ហើយ​ មនោ​ទ្វារ​វិថី​ចិត្ត​ក៏​កំណត់​ដឹង​តាម​អាការ​នោះ​ៗ​ ខណៈ​ណា ខណៈ​នោះ​ក៏​មាន​បញ្ញត្តិ​ គឺ​អាការ​សណ្ឋាន​នោះៗ​ជា​អារម្មណ៍​។

នៅ​មានត​…​

បានផ្សាយ​ក្នុង វប្បធម៌ទូទៅ | 2 មតិ

បញ្ញត្តិ និង បរមត្ថ (៣)

វិញ្ញាណធាតុ បានដល់​ចិត្ត​ ១០ ដួង ដែល​ដឹង​បាន​ចំ​ពោះ​តែ​អារម្មណ៍​របស់​ខ្លួន​ត្រឹម​តែ​១ ប៉ុណ្ណោះ​គឺៈ
ចក្ខុវិញ្ញាណចិត្ត ២ដួង ដឹង​បាន​តែ​រូបារម្មណ៍​មួយ​យ៉ាង​
សោតវិញ្ញាណចិត្ត ២ដួង ដឹង​បាន​តែ​សទ្ទារម្មណ៍​មួយ​យ៉ាង
ឃាន​វិញ្ញាណចិត្ត ២ដួង ដឹង​បាន​តែ​គន្ធារម្មណ៍​មួយយ៉ាង​
ជីវ្ហា​វិញ្ញាណចិត្ត ២ដួង ដឹង​បាន​តែ​រសា​រម្មណ៍​មួយ​យ៉ាង​
កាយ​វិញ្ញាណ​ចិត្ត ២ដួង ដឹង​បាន​តែ​ផោដ្ឋព្វារម្មណ៍​មួយយ៉ាង

មនោធាតុ បានដល់ចិត្ត​ ៣ដួង ដែល​ដឹង​អារម្មណ៍​ ៥ អារម្មណ៍​តាម​ទ្វារ​ ៥ ប៉ុណ្ណោះ​។ មនោធាតុ ៣ដួង​គឺ​ បញ្ចទ្វារាវជ្ជនចិត្ត ១ដួង និង​ សម្បដិច្ឆន្នចិត្ត ២​ដួង​។​

មនោ​វិញ្ញាណ​ធាតុ ជា​ចិត្ត​ដែល​ដឹង​អារម្មណ៍​តាម​ផ្លូវ​មនោទ្វារ​បាន ​ហើយដួង​ខ្លហ​ក៏​ដឹង​អារម្មណ៍​ដោយ​មិន​អាស្រ័យ​ទ្វារ​ឡើយ។ មនោវិញ្ញាណ​ធាតុ បាន​ដល់​ចិត្ត​ ៧៦​ដួង​ (វៀរបញ្ចវិញ្ញាណ ១០ដួង និង​មនោធាតុ ៣ដួង​) ប្រមូល​ចិត្ត ៨៩ ជា​វិញ្ញាណ​ធាតុ​៧​ប្រភេទ​គឺៈ

ចក្ខុវិញ្ញាណធាតុ ១
សោតវិញ្ញាណធាតុ ១
ឃានវិញ្ញាណធាតុ ១
ជីវ្ហាវិញ្ញាណធាតុ ១
កាយវិញ្ញាណធាតុ ១
មនោធាតុ ១
មនោវិញ្ញាណធាតុ ១

ដូច្នោះ គួរ​ពិចារណា​ថា លោក​អ្នក​ជា​បុគ្គល​ដេល​មិន​យល់​ក្នុង​នាម​ប៉ុណ្ណោះ ឬថា​ជា​អ្នក​ដែល​មិន​យល់​ក្នុង​រូប​ប៉ុណ្ណោះ​ ឬ​ថា​ជា​អ្នក​ដែល​មិន​យល់​ក្នុង​នាម​និង​ទាំង​រូប​ បើ​សិន​មិន​យល់​ក្នុង​ទាំង​នាម​ និង​ទាំង​រូប​ ក៏​ចាំបាច់​ត្រូវ​អាស្រ័យ​ការ​ស្តាប់​ធម៌​ និង​ការ​សិក្សា​ព្រះ​ធម៌​ប្រការ​ផ្សេងៗ​ដោយ​ល្អិត​ ដើម្បី​ឲ្យ​យល់​បាន​យ៉ាង​ត្រឹម​ត្រូវ​នូវ​សភាវធម៌​ទាំង​ឡាយ​ ដើម្បី​អប់រំចម្រើន​កុសល​គ្រប់​ប្រការ​ និង​ដើម្បី​ជា​បច្ច័យ​ឲ្យ​សតិបដ្ឋាន​កើត​ឡើង​រលឹក​ដឹង​លក្ខណៈ​នូវ​សភាវធម៌​ដែល​ប្រាកដ​ជា​ប្រក្រតី​តាម​សេចក្តី​ពិត​។

សេចក្តី​ក្នុង​អភិធម្មត្ថវិភាវិនីដីកា បរិច្ឆេទទី​៨ មាន​សេចក្តី​ថា​ នាមបញ្ញត្តិ​មាន​៦យ៉ាង​គឺៈ
១-វិជ្ជមានបញ្ញត្តិ ជា​ពាក្យ​បញ្ញត្តិ​ហៅ​សភាវធម៌​ដែល​មាន​ពិត​ដូច​ជា​ពាក្យ​ថា រូប នាម វេទនា សញ្ញា ជា​ដើម​។
២-អវិជ្ជមាន​បញ្ញត្តិ ជា​ពាក្យ​បញ្ញត្តិ​ដែល​មិន​មាន​សភាវធម៌​ ដូច ខ្មែរ បារាំង ជា​ដើម។ ខ្មែរ បារាំង មិនមាន មាន​តែ​សភាវធម៌​គឺ ចិត្ត ចេតសិក និង រូប ប៉ុណ្ណោះ​ ខ្មែរ បារាំង ជា​សម្មតិមិនមែន​សភាវធម៌។ អកុសលចិត្តជា​បរមត្ថធម៌ ជា​សភាវធម៌​ដែល​មាន​ពិត​ មិនមែន​ខ្មែរ បារាំង​ ដូច្នេះ​អកុសលចិត្ត​មាន កុសលចិត្ត​មាន​ តែ​បារាំង​ ខ្មែរ​ មិន​មាន, ពាក្យ​ថា​ខ្មែរ បារាំង ទើប​ជា​អវិជ្ជមាន​បញ្ញត្តិ​។
៣-វិជ្ជមាននេនាវិជ្ជមានបញ្ញត្តិ បញ្ញត្តិសភាវៈដែល​មិន​មាន​ ជា​មួយ​នឹង​សភាវៈ​ដែល​មាន​ ដូច​​និយាយ​ថា​ បុគ្គល​ឈ្មោះ​ថា​ ឆឡភិញ្ញា ព្រោះ​អត្ថ​ថា​មាន​ អភិញ្ញា ៦ អភិញ្ញា​មាន តែ​បុគ្គល​មិន​មាន​ ដូច្នោះ​ទើប​ជា​បញ្ញត្តិ​សភាវៈ​ដែល​មិន​មាន​ ជា​មួយ​នឹង​សភាវៈ​ដែល​មាន​។
៤-​អវិជ្ជមានេនវិជ្ជមានបញ្ញត្តិ បញ្ញត្តិ​សភាវៈ​ដែល​មាន​ ជា​មួយ​នឹង​សភាវៈ​ដែល​មិន​មាន​ ដូច​សម្លេង​ស្រី សម្លេង​មាន​ពិត តែ​ស្រី​មិន​មាន​។
៥-​វិជ្ជមានេនវិជ្ជមានបញ្ញត្តិ បញ្ញត្តិ​សភាវៈ​ដែល​មាន​ជា​មួយ​នឹង​សភាវៈ​ដែល​មាន​ដូច​ពាក្យ​ថា ចក្ខុវិញ្ញាណ ចក្ខុមានពិតជាចក្ខុបសាទ វិញ្ញាណ​មាន​ពិត​ជា​សភាវៈ​ដឹង​។​
៦-​អវិជ្ជមានេនាវិជ្ជមានបញ្ញត្តិ បញ្ញត្តិ​សភាវៈ​ដែល​មិន​មាន​ ជា​មួយ​នឹង​សភាវៈដែល​មិន​មាន​ ដូច ព្រះឱរស​នៃ​ព្រះ​រាជា (ព្រះ​ឱរស និង​ព្រះ​រាជា​ ជា​សម្មតិបញ្ញត្តិ​)។

អារម្មណ៍ ៦​

១-រូបារម្មណ៍ គឺ​សភាវៈ​ដែល​ប្រាកដ​តាម​ភ្នែក​ ជា​អារម្មណ៍​របស់​ចក្ខុទ្វារ​ វិថីចិត្ត​ដែល​អាស្រ័យ​ចក្ខុបសាទ​កើត​ឡើង​។ កាល​រូបារម្មណ៍​រលត់​ទៅ​ហើយ​ភវង្គ​ចិត្ត​កើត​ឡើង​ហើយ​ រលត់​ទៅ​ច្រើន​ខណៈ​ រួច​ហើយ​មនោទ្វារ​វិថីចិត្ត​ក៏​កើត​ឡើង​តាម​ផ្លូវ​មនោ​ទ្វារ​ទទួល​ដឹង​បន្ត​នូវ​អារម្មណ៍​ដែល​រលត់​តាម​ផ្លូវ​ចក្ខុ​ទ្វារ​ ដូច្នោះ​រូបារម្មណ៍​ទើប​ដឹង​បាន​ ២​ទ្វារ​ គឺ​ផ្លូវ​ចក្ខុ​ទ្វារ​ និង​ផ្លូវ​មនោ​ទ្វារ​ ដោយ​មាន​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​។​

២-​សទ្ទារម្មណ៍ គឺសម្លេង​ ជា​សភាវធម៌​ដែល​ប្រាកដ​បាន​តាម​ផ្លូវ​ត្រចៀក​ ជា​អារម្មណ៍​របស់​សោតទ្វារវិថី​ចិត្ត​ ដែល​អាស្រ័យ​សោតបសាទ​កើត​ឡើង​ រួច​ហើយ​ជា​អារម្មណ៍​របស់​មនោ​ទ្វារ​វិថី​ចិត្ត​ ក្រោយ​ពី​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​វារៈ​នីមួយ​ៗ​នៃ​ការ​ដឹង​អារម្មណ៍​តាម​ទ្វារ​នីមួយ​ៗ​ ចាំ​បាច់​ត្រូវ​មាន​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​រវាង​វិថី​ចិត្ត​តាម​ផ្លូវ​បញ្ចទ្វារ​ និង​វិថី​ចិត្ត​តាម​ផ្លូវ​មនោ​ទ្វារ​ ខណៈ​ដែល​ឮ​សម្លេង​និង​កំពុង​ដឹង​ពាក្យ​នោះ ខណៈ​ដែល​កំពុង​ដឹង​ពាក្យ​ ជា​មនោ​ទ្វារ​វិថីចិត្ត​ដែល​កំពុង​គិត​ដល់​ពាក្យ​ មិន​មែន​សោតទ្វារ​វិថីចិត្ត​ដែល​កំពុង​ឮ​សម្លេង​នៅ​មិន​ទាន់​រលត់​នោះ​ទេ​។

៣-គន្ធារម្មណ៍ គឺក្លិន​ ជា​សភាវធម៌​ដែល​ប្រាកដ​តាម​ផ្លូវ​ច្រមុះ ជា​អារម្មណ៍​របស់​ឃាន​ទ្វារ​វិថី​ចិត្ត​ដែល​អាស្រ័យ​ឃាន​បសាទ​កើត​ឡើង​ ហើយ​ត​អំ​ពី​នោះ​ មនោ​ទ្វារ​វិថី​ចិត្ត​ក៏​ដឹង​ក្លិន​នោះ​បន្ត​ ក្រោយ​អំ​ពី​ដែល​ភវង្គ​ចិត្ត​កើត​ខណ្ឌ​ហើយ​។

៤-រសារម្មណ៍ គឺរស ជា​សភាវធម៌​ដែល​ប្រាកដ​ត្រង់​អណ្តាត ជា​អារម្មណ៍​របស់​ជីវ្ហា​ទ្វារវិថីចិត្ត​ ដែល​អាស្រ័យ​ជីវ្ហា​បសាទ​កើត​ឡើង​ ហើយ​កាលជីវ្ហាទ្វារវិថីចិត្ត​រលត់​ទៅ​អស់​ហើយ ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​ហើយ​ វិថី​ចិត្ត​ក៏​កើត​ឡើង​ដឹង​រសារម្មណ៍​នោះ​បន្ត​តាម​ផ្លូវ​មនោ​ទ្វារ​។​

៥-ផោដ្ឋព្វារម្មណ៍ គឺ​សភាវៈ​ដែល​ក្តៅ ឬ​ត្រជាក់ ទន់ ឬ​រឹង តឹង ឬ​ញ័រ ដែល​ប្រាកដ​តាម​ផ្លូវ​កាយ ជា​អារម្មណ៍​របស់​កាយ​ទ្វារវិថីចិត្ត ដែល​អាស្រ័យ​កាយ​បសាទ​កើត​ឡើង​ហើយ មនោ​ទ្វារ​វិថីចិត្ត​ក៏​កើត​ឡើង​ដឹង​ផោដ្ឋព្វារម្មណ៍​នោះ​បន្ត​តាម​ផ្លូវ​មនោ​ទ្វារ​ ក្រោយ​ពី​ពេល​ដែល​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​ហើយ​។

អារម្មណ៍៥នេះ ហៅ​ថា​ បញ្ចារម្មណៈ ឬ បញ្ចារម្មណ៍ អារម្មណ៍៥នេះ ប្រាកដ​បាន​៦​ទ្វារ​ គឺ​កាល​ចក្ខុទ្វារ​វិថីចិត្ត​កើត​ឡើង​ដឹង​រូបារម្មណ៍​តាម​ផ្លូវ​បញ្ចទ្វារ​ គឺ​ចក្ខុ​ទ្វារ​ហើយ​ មនោទ្វារ​វិថីចិត្ត​ក៏​កើត​ឡើង​ ទទួល​ដឹង​រូបារម្មណ៍​បន្ត​តាម​ផ្លូវ​មនោ​ទ្វារ​ កាលណា​ភវង្គ​ចិត្ត​កើត​ខ័ណ្ឌ​រួច​ហើយ​ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍​ ផោដ្ឋព្វារម្មណ៍​ ក៏​មាន​ន័យ​ដូច​គ្នា​។ ដូច្នោះ​ អារម្មណ៍​ទាំង​ ៥ នេះ ទើប​ជា​អារម្មណ៍​របស់​ចិត្ត​បាន​៦​ទ្វារ គឺ​ផ្លូវ​ភ្នែក ផ្លូវត្រចៀក ផ្លូវច្រមុះ ផ្លូវអណ្តាត ផ្លូវកាយ ផ្លូវចិត្ត តែ​​អារម្មណ៍​​មួយ​​ទៀត​​គឺ ធម្មារម្មណៈ ឬ​ ធម្មារម្មណ៍នោះ ដឹង​បាន​ចំ​ពោះ​តែ​ផ្លូវ​មនោ​ទ្វារ​ គឺ​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​។

៦-​ធម្មារម្មណ៍ ជាអារម្មណ៍​ដែល​ចិត្ត​ដឹងបាន​ចំពោះ​តែ​ផ្លូវ​ចិត្ត​មួយ​ប៉ុណ្ណោះ​ មាន​៦​យ៉ាង​គឺ បសាទរូប ៤, សុខុមរូប ១៦, ចិត្ត ចេតសិក និព្វាន បញ្ញត្តិ​។

ធម្មារម្មណ៍ ៥ គឺ​បសាទរូប សុខុមរូប ចិត្ត ចេតសិក និព្វាន ជាបរមត្ថធម៌ ធម្មារម្មណ៍​ ១ គឺ​បញ្ញត្តិ មិនមែនបរមត្ថធម៌​។ ក្នុង​អដ្ឋសាលិនី ចិត្តុប្បាទកណ្ឌ មាន​ពាក្យ​អធិប្បាយថា ដែល​ឈ្មោះ​ថា​បញ្ញត្តិ «បញ្ញត្តិ» ព្រោះ​ឲ្យ​បានដឹង​ដោយ​ប្រការ​នោះៗ​។​

នៅ​មាន​ត…

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ | 2 មតិ