បញ្ញត្តិ និង បរមត្ថ (១០) ចប់

​ការ​អប់​រំ​ចម្រើន​សតិបដ្ឋាន​ជា​រឿង​ល្អិត​ណាស់ ព្រោះ​ជា​ការ​អប់​រំ​ចម្រើន​បញ្ញា​ ដឹង​សភាវធម៌​ដែល​ប្រាកដ​តាម​សេចក្តី​ពិត​។

ក-​សតិបដ្ឋាន​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ត្រូវ​ឬ​ខុស?
សុ-​ត្រូវ​…
ក-​ចម្រើន​សតិបដ្ឋាន​ដោយ​ព្យាយាម​មិន​ឲ្យ​ចិត្ត​កើត​ឡើង ដឹង​បញ្ញត្តិ​អារម្មណ៍​ ត្រូវ​ឬ​ខុស?​
សុ-​ខុស ព្រោះ​ថា​មិន​មែន​ជីវិត​តាម​សេចក្តី​ពិត​។

​នរណា​នឹង​អាច​ឃាត់​មិន​ឲ្យ​ចិត្ត​កើត​ឡើង​ដឹង​បញ្ញត្តិ​អារម្មណ៍​បាន​នោះ? ប៉ុន្តែ​បញ្ញា​នឹង​អប់​រំ​ចម្រើន​ឡើង​រហូត​ដល់​អាច​ដឹង​បាន​ថា ខណៈ​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ គឺ​ចិត្ត​ដែ​ល​ជា​នាម​ធម៌​កំពុង​ដឹងបញ្ញត្តិ ពុំ​ដូច្នោះ​ទេនឹង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​មិន​បាន​ ដោយ​ហេតុ​នេះ​អ្នក​ដែល​អប់​រំ​ចម្រើន​សតិបដ្ឋាន​ ទើប​មិន​មែន​ព្យាយាម​នឹង​មិន​គិត​អ្វី​ឡើយ​ ឬ ព្យាយាម​ដែល​នឹង​មិន​ដឹង​ថា សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ដែល​ធ្លាប់​បាន​ឃើញ​បាន​ដឹង​ជា​ប្រក្រតី​នោះ​ជា​អ្វី បើ​ព្យាយាម​ធ្វើ​យ៉ាង​នោះ ក៏​នឹង​មិន​អាច​ដឹង​លក្ខណៈ​នៃ​នាមធម៌​ពិត​ៗ​ ថា​ខណៈ​ដែល​កំពុង​​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ​ ក៏​នាម​ធម៌​គឺ​ចិត្ត​ ចេតសិក កើត​ឡើង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​បាន​ឡើយ​។

សតិបដ្ឋានរលឹក​សិក្សា ពិចារណា​សង្កេត​ដឹង​ថា ខណៈ​ណា​ដែល​នឹក​គិត​ខណៈ​នោះ​ជា​នាម​ធម៌​ដែល​ជា​សភាវៈ​ដឹង​ ជា​ធាតុ​ដឹង​ មិន​មែន​ខ្លួន​ មិន​មែន​តួ​ខ្លួន​ សត្វ​ បុគ្គល និង​ដឹង​សភាព​ដែល​ជាអនត្តារបស់​ធម៌​ទាំង​ឡាយ​ថា បញ្ឈប់​ចិត្ត​មិន​ឲ្យ​កើត​ឡើង​ គិត​នឹក​រឿង​រ៉ាវ​ផ្សេង​ៗ​នោះ​មិន​បាន​។

​ដូច្នោះ បញ្ញា​នឹង​ត្រូវ​ដឹង​ទៅ​ទៅ​ក្នុង​លក្ខណៈ​នៃ​នាមធម៌​ផ្សេង​ៗ​ ដេល​មាន​អារម្មណ៍​ផ្សេង​ៗ​ទាំង​តាម​ផ្លូវ​ភ្នែក ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តា ផ្លូវកាយ ផ្លូវ​ចិត្ត ទើប​នឹង​អស់​សេចក្តី​សង្ស័យ​ក្នុង​លក្ខណៈ​នៃ​នាម​ធម៌​បាន​។ តែ​បើ​ទៅ​បង្ខាំង​មិន​ឲ្យ​ដឹង​បញ្ញត្តិ មិន​ឲ្យ​នឹក​គិត គឺ​មិន​មែន​ជា​ការ​អប់​រំ​ចម្រើន​បញ្ញា​ ព្រោះ​មិន​មាន​នរណា នឹង​ហាម​ការ​កើត​ឡើង​ប្រ​ព្រឹត្ត​ទៅ​នៃ​សភាវធម៌​ទាំង​ឡាយ​ក្នុង​ជិវិត​ប្រចាំ​ថ្ងៃ​តាម​សេចក្តី​ពិត​បាន​ទេ ប៉ុន្តែ​ដោយ​សេចក្តី​មិន​ដឹង ទើប​ធ្វើ​ឲ្យ​យល់​ថា នឹង​ព្យាយាម​មិន​ឲ្យ​ចិត្ត​នឹក​គិត ឬ​ព្យាយាម​មិន​ឲ្យ​ដឹង​បញ្ញត្តិនៃ​សភាវៈ​ដែល​ប្រាកដ​ទៅ​វិញ​។

​ព្រោះ​ដូច្នោះ​ហើយ​ទើប​ពិចារណា​ពី​គន្លង​ផ្លូវ​បដិបត្តិ​បាន​ថា គន្លង​ផ្លូវ​បដិបត្តិ​ណា​មិន​មែន​ជា​ការ​អប់​រំ​ចម្រើន​បញ្ញា​ដែល​សិក្សា​សង្កេត​ដឹង​លក្ខណៈ​នៃ​នាមធម៌​ និង​រូបធ៌ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ខុស​ប្រក្រតី​ពី​ជីវិត​ប្រចាំ​ថ្ងៃតាម​សេចក្តី​ពិត គន្លង​ផ្លូវ​នោះ​គឺ​ជា មិច្ឆា​មគ្គ គឺ​ជា​មិច្ឆា​ទិដ្ឋិ មិច្ឆា​សង្កប្បៈ មិច្ឆា​វាចា មិច្ឆា​កម្មន្តៈ មិច្ឆា​អាជីវៈ មិច្ឆា​វាយាមៈ មិច្ឆា​សតិ មិច្ឆា​សមាធិ មិន​មែន ​សម្មាមគ្គ ដែល​ជា​ការ​អប់​រំ​ចម្រើន​សតិបដ្ឋាន អប់រម​ចម្រើន​វិបស្សនា​នោះ​ទេ ការ​មិន​ដឹង​នូវ​លក្ខណៈ​នៃ​សភាវធម៌​ដែល​ប្រាកដ​ និង​មិន​ដឹង​ហេតុ​ មិន​ដឹង​ផល​នៃ​សភាវធម៌​នោះ​ៗ តាម​សេចក្តី​ពិត​ទេ ធ្វើ​ឲ្យ​យល់​ខុស​ប្រកាន​មាំ​ ឃើញ​ខុស​និង​ពេញ​ចិត្ត​ស្វែង​រក​គន្លង​ផ្លូវ​បដិបត្តិ​ដែល​ខុស​ដែរ ដោយ​សេចក្តី​មិន​ដឹង​ ទោះ​ជា​ក្នុង​ខណៈ ដែល​ឃើញ​ពណ៌​ផ្សេង​ៗ​ វត្ថុ​ផ្សេង​ៗ​ក៏​ដោយ ។ ក្នុង​សំយុត្ត​និកាយ​ មហាវារវគ្គ មគ្គ​សំយុត្ត ព្រហ្មសូត្រ មាន​សេចក្តី​សង្ខេប​ថា សាវត្ថី​និ​ទាន (​គឺ​រឿង​នេះ​កើត​ត្រង់​ព្រះ​នគរ​សាវត្ថី​)

​គ្រានោះ​វេលា​ព្រឹក​ ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ប្រដាប់​នូវ​ចីវរ​ ហើយ​និង​បាត្រ បាន​ចូល​ទៅ​បិណ្ឌបាត្រក្នុង​ក្រុង​សាវត្ថី បាន​ឃើញ​ជាណុស្សោ​ណី​ព្រាហ្មណ៍​ចេញ​ពី​ក្រុង​សាវត្ថី​ដោយ​រថ​ដែល​ទឹម​ដោយ​សេះ​ ស​ សុទ្ធ​។ ឮ​ថា សេះ​ដែល​ទឹម​ជា​សេះ​​ ស, ឆ្នូតក្បាល ស , សំពត់​ស្លៀក​ ស, ទ្រនាប់​ជើង​ ស, ផ្លិត​វាល​វិជ្ជនីដេល​មាន​ដង​ផ្លិត​ ស ដែរ​។

​កាល​ប្រ​ជា​ជន​ឃើញ​ព្រាហ្មណ៍​នេះ​ហើយ ក៏យាយ​យ៉ាង​នេះ​ថា អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ យាន​ប្រសើរ​ណាស់​ហ្ន៎, រូប​នៃ​យាន​ប្រសើរ​ណាស់​ហ្ន៎ (​ឃើញ​ត្រឹម​តែ​ពណ៌​ ស ក៏​យល់​ខុសបាន កាលណា​មិន​ដឹង​សភាវធម៌​ មិន​ដឹង​គន្លង​ផ្លូវ​ដែល​នឹង​ប្រចក្ស​ច្បាស់​ក្នុង​សភាវៈ​ដែល​មិន​មែន​តួ​ខ្លួន​ទេ ក៏ស្វែង​រក​ផ្លូវ​ដទៃ ហើយ​ក៏​យល់​ខុស​ថា យាន​ដែល​មាន​ពណ៌​ ស ជា​យាន​ប្រសើរ​)​។

​គ្រានោះ​ ព្រះ​អានន្ទ​ដ៏​មាន​អាយុ ទៅ​បិណ្ឌ​បាត្រ​ក្នុង​ក្រុង​សាវត្ថី ហើយវេលា​បច្ឆា​ភត្ត​ ត្រឡប់​ពី​បិណ្ឌបាត្រក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគដល់​ទីប្រថាប់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ​ហើយ គង់​អង្គុយ​ក្នុង​ទី​ដ៏សមគួរ រួច​ហើយ​ក៏​បាន​ក្រាប​ទូល​នូវ​រឿង​ដែល​ឃើញ​ជាណុស្សោ​ណី​ព្រាហ្មណ៍​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំ​ដែង​នូវ​អរិយមគ្គ​មាន​អង្គ​៨​ថា ជា​សភាវធម៌​ដែល​រំលត់​កិលេស​ មិន​មែន​រថ ស និង​គ្រប់​យ៉ាង​ ស នោះ​ទេ ហើយ​ក៏​បាន​ត្រាស់​ប្រព័ន្ធគាថា ត​ទៅ​ទៀត​ថាៈ

​អរិយ​មគ្គ​ញ្ញាណ​នោះ មាន​ធម៌​គឺ សទ្ធា និង បញ្ញា ជា​នឹម, មាន​ សទ្ធា ជា​ទូក​, មាន ហិរិ ជា​ចន្ទោល, មាន​ ចិត្ត​ ជា​ខ្សែ​ទាញ, មាន សតិ ជា​សារថីកាន់​កាប់​ថែ​រក្សារថ​នេះ, មាន ​សី​ល ជា​គ្រឿង​ប្រដាប់​, មាន​ ឈាន ជា​ភ្លៅ, មាន​ សេចក្តី​ព្យាយាម ជា​កង់, មាន ឧ​បេក្ខាសមាធិ ជាកំណល់​នឹម, មាន​សេចក្តី​មិន​ប្រាថ្នា​ ជា​ដំបូល ។ កុលបុត្រ​ណា​មាន សេចក្តី​មិន​ព្យាបាទ សេចក្តី​មិន​បៀត​បៀន​ និង​ វិវេក ជា​អាវុធ, មាន​សេចក្តី​អត់​ធន់​ជា​ស្បែក​ក្រោះ, កុលបុត្រ​នោះរមែង​ជា​អ្នក​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ក្សេមចាក​យោគៈ ព្រហ្មយាន​ដ៏​ល្អ​បំផុត​នេះ កើត​ក្នុង​ខ្លួន​នៃ​បុគ្គល​ទាំង​ឡាយ​ណា​ហើយ បុគ្គល​ទាំង​ឡាយ​នោះ​ជា​អ្នក​ប្រាជ្ញ រមែង​ចេញ​ចាក​លោក​ដោយ​ទំនុក​ទុក​ចិត្ត​ថា មាន​ជ័យ​ជំនះ​ដោយ​ពិត ។ ​(​សំដែង​ឲ្យ​ឃើញ​ថា រថពណ៌ ស និង​គ្រឿង​ប្រដាប់​ ស ទាំង​អស់​មិន​មែន​អរិយយាន)​។

​ក្នុង​អដ្ឋកថា ព្រាហ្មណសូត្រ មាន​សេចក្តី​ថា ជា​ណុស្សោណីព្រាហ្មណ៍​តែង​តែ​ធ្វើ​ប្រទក្សិណ​នគរ​៦​ខែ​ម្តង ដោយ​មាន​អ្នក​ប្រកាស​ចេញ​នាំ​មុខ​ថា ពី​ពេល​នេះ​ទៅ​ព្រាហ្មណ៍​នោះ នឹង​ធ្វើ​ប្រទក្សិណ​នគរ​ដោយ​ថ្ងៃ​ទាំង​ឡាយ​ប្រមាណ​ស្មើ​ណេះ​។ ជន​ទាំង​ឡាយ​ណា​បាន​ស្តាប់​ប្រកា​ស​នោះ​ហើយ​ ទោះ​កំពុង​តែ​ចេញ​ពី​ព្រះ​នគរ​ ជន​ទាំង​ឡាយ​នោះ​ក៏​នឹង​មិន​ចេញ​ទៅ​វិញ (​ពេល​បាន​ដំណឹង​ថា ជា​ណុស្សោ​ណីព្រាហ្មណ៍​នឹង​ប្រ​ទក្សិណ​ សូម្បី​អ្នក​ដែល​មាន​ធុរៈ​នឹង​ត្រូវ​ចេញ​ពី​ព្រះ​នគរ​ ក៏​នៅ​មិន​ចេញ​ទៅ​វិញ​) សូម្បី​ជន​ទាំង​ឡាយ​ណា​គេច​ទៅ​ហើយ​ក្តី ក៏​ជន​ទាំង​នោះ​រមែង​ត្រឡប់​មក​វិញ ដើម្បី​នឹង​បាន​មើល​ជាណុស្សោណី​ព្រាហ្មណ៍​ធ្វើ​ប្រទក្សិណ​ព្រះ​នគរ​ ដោយ​គិត​ថា​ពួក​យើង​នឹង​បាន​ឃើញ​សិរី​សម្បត្តិ​របស់​លោក​អ្នក​មាន​បុណ្យ​។

​ព្រាហ្មណ៍​កាល​បរ​ទៅរហូត​ដល់​នគរ​ថ្ងៃ​ណា អ្នក​ស្រុក​ទាំង​ឡាយ​តែង​បោស​សំអាត​ថ្នល់​ក្នុង​កាល​នោះ តាំង​ពី​ព្រឹក​ព្រហាម​ កៀរ​ខ្សាច់​ដាក់​ពង្រាប​ឲ្យ​ស្មើ បាច​ដោយ​ផ្កា​ឈើ​ទាំង​ឡាយ​, ឲ្យ​ដាក់​នូវ​ទឹក​ឆ្នាំង ជួយ​គ្នា​លើក​ដើម​ចេក​ទាំង​ឡាយ​ និង​ទង់​ទាំង​ឡាយ​ឡើង​ ហើយ​រមែង​ធ្វើ​ព្រះ​នគរ​ពោរ​ពេញ​ទៅ​ដោយ​អប់​ក្លិន​ធូប​។ ព្រាហ្មណ៍​ប្រទក្សិណ​នគរ​ដោយ​រថ​គ្រឿង​ប្រដាប់​ កឺ​រថ​ទឹម​ដោយ​សេះទាំង​៤​ ពណ៌​​​ ស សុទ្ធ កង់​និង​កាំ​ទាំង​អស់​ហ៊ុំ​ពាស​ទៅ​ដោយ​ប្រាក់​ (​គឺ​មិន​ថា​គ្រឿង​ប្រដាប់​ណាៗ មាន​ពណ៌​ ស ទាំង​អស់​) រថា​មាន​ ២យ៉ាង​ គឺ​រថ​ចម្បាំង១ និង​រថគ្រឿង​ប្រដាប់​១ រថ​ចម្បាំង​មាន​សណ្ឋាន​៤​ជ្រុង​មិន​ធំ​ពេក អាច​ផ្ទុក​មនុស្ស​បាន​ ២ ឬ ៣នាក់ តែ​រថ​គ្រឿង​ប្រដាប់នោះ​ជា​រថ​ធំ​វែង​ហើយ​ទូលាយ​ មនុស្ស​បាំង​ឆ័ត្រ​បាន កាន់​ផ្លិត​វាល​វិជនី កាន់​ផ្លិត​ស្លឹក​ត្នោត​ រមែង​នៅ​ក្នុង​រថ​នោះ ៨ ឬ ១០ នាក់ អាច​ឈរ​ក៏​បាន ដេក​ក៏​បាន តាម​សប្បាយ​ក្នុង​រថ​នោះ, ហើយ​សេះ​ដែល​ទឹម​នោះ​ក៏ ស គ្រឿង​ប្រដាប់​របស់​សេះ​ទាំង​នោះ​ ជា​គ្រឿង​ប្រាក់​ទាំង​អស់​។ រថ​ដែល​ឈ្មោះ​ថា ស ព្រោះ​ហ៊ុំ​ទៅ​ដោយ​ប្រាក់​និង​ប្រដាប់​ដោយ​ភ្លុក​ដំរី រថ​ដទៃ​ទៀត​មាន​ហ៊ុំ​ព័ទ្ធ​ដោយ​ស្បែក​រាជសីហ៍​ខ្លះ ដោយ​ស្បែក​ខ្លា​ដំបង​ខ្លះ ដោយ​សំពត់​កម្ពល​លឿង​យ៉ាងណា ចំណែក​រថ​របស់​ជាណុស្សោ​ណី​ព្រាហ្មណ៍​នោះ រក​ឲ្យ​ដូច​យ៉ាង​នោះ​មិន​មាន​ឡើយ​ ព្រោះ​ថា​បាន​ហ៊ុំ​ព័ទ្ធ​សំពត់​យ៉ាង​ល្អ ខ្សែ​រុំ​ទៅ​ដោយ​ប្រាក់​ និង​កែវ​ប្រពាឡ​ សូម្បី​ដង​ជន្លួញ​ក៏​ហ៊ុំ​ទៅ​ដោយ​ប្រាក់​ សូម្បី​ឆ័ត្រ​ដែល​គេ​លើក​ឡើង​កណ្តាល​រថា​ក៏​ ស សំពត់​ឆ្នួត​ក្បាល​ធ្វើ​ដោយ​ខ្សែ​ប្រាក់​ក៏ ស សំពត់​ស្លៀក​ ស គឺ​មាន​ពណ៌​ដូច​ដុំ​ពពុះ​ទឹក។ ក្នុង​សំពត់​ទាំង​នោះ សំពត់​ស្លៀក​មាន​តម្លៃ ៥០០, សំពត់​ផាហ៊ុំ​មាន​តម្លៃ១.០០០, និង​​ចំពោះ​ទ្រនាប់​ជើង​នោះ​ អ្នក​ដំណើរ ឬ​អ្នក​ចូល​ព្រៃជ្រៅ​រមែង​តែង​មាន តែ​ចំណែក​ស្បែក​ជើង​នេះ សម្រាប់​ឡើង​រថា​ជា​គ្រឿងប្រដាប់​ផ្សំ​ដោយ​ប្រាក់​ចាយ និង​ផ្លិត​វាលវិជនី​មាន​ពណ៌​ ស មាន​ដង​ធ្វើ​ដោយ​កែវ​ផលិក​ គឺ​គ្រឿង​ប្រដាប់​ ស ប៉ុណ្ណោះ​ បាន​មាន​ដល់​ព្រាហ្មណ៍​នោះ​តែ​ម៉្យាង​​ប៉ុណ្ណោះ​មិន​មែន​ឡើយ​ សូម្បី​គ្រឿង​ប្រដាប់​របស់​ព្រាហ្មណ៍​នោះ​ក៏​ធ្វើ​ដោយ​ប្រាក់​ដែរ មាន​ដូច​យ៉ាង​នេះ​ថា គឺ​ព្រាហ្មណ៍​នោះ​លាប​ពណ៌​ ស ប្រដាប់​ផ្កា​ឈើ​ ស ត្រង់​ម្រាម​ទាំង​១០ ពាក់​ដោយ​ចិញ្ចៀន​ ត្រចៀក​ទាំង​ពីរ​ពាក់​ទុំ​ហ៊ូ សូម្បី​ព្រាហ្មណ៍​ជា​បរិវារ​ប្រមាណ​ ១០.០០០នាក់ ក៏​ប្រដាប់​ ស សុទ្ធ​ទាំង​អស់​ ទាំង​ខោ​អាវ ផ្កាឈើ និង​គ្រឿង​ប្រដាប់​ខ្លួន​ដោយ​ប្រមាណ​ប៉ុណ្ណេះដូច​គ្នា​។

ជាណុស្សោណីព្រាហ្មណ៍​ជំរះ​ខ្លួន​តាំង​ពីព្រលឹម បរិភោគ​អាហារ​ព្រឹក​ហើយ​ក៏​តាក់​តែង​ខ្លួន​ ដោយ​គ្រឿង​សំ​អាង​មាន​សំពត់​ស្លៀក​ដណ្តប់​ ស ចុះ​ពី​ប្រាសាទ​ឡើង​លើ​រថ។ ពួក​ព្រាហ្មណ៍​ក៏​តាក់​តែង​ដោយ​សំពត់​ដែរ គ្រឿង​លាប​និង​ផ្កា​ឈើ​ ស ទាំង​អស់​​កាន់​នូវ​ឆ័ត្រ ស ហែហម​ជុំ​វិញ​ ជាណុស្សោណីព្រាហ្មណ៍​។

​បន្ទាប់​ពី​នោះ​ ជន​ទាំង​ឡាយ​ក៏​រមែង​ចែក​ចាយ​ផល្លា​ផល​ដល់​ពួក​ក្មេង​ៗ​មុន​ ដើម្បី​ការ​ប្រជុំ​នៃ​មហា​ជន, តពី​នោះ​ក៏​រមែង​បាច​នូវ​ប្រាក់​ មាសក ត​ពី​នោះ​ក៏​ចាប​កហាបណៈ​ទាំង​អស់​។ មហា​ជន​រមែង​ប្រជុំ​គ្នា​ស្រែក​ហ៊ោរ​ និង​គ្រវី​កន្សែង​ ព្រាហ្មណ៍​រមែង​ទៅ​ដល់​នគរ​ដោយ​មហា​សម្បត្តិ​ កាល​ជន​ទាំង​ឡាយ​អ្នក​មាន​សេចក្តី​ត្រូវ​ការ​មង្គល​សួ​ស្តី​ជា​ដើម​។ ការ​នៅ​ធ្វើ​មង្គល​សួ​ស្តី មនុស្ស​ទាំង​ឡាយ​អ្នក​មាន​បុណ្យ​ឡើង​ទៅ​លើ​ប្រាសាទ​មួយ​ជាន់ បើក​បង្អួច​អើត​មើល​ដូច​ជា​សត្វ​សារិកាកែវ​ សូម្បី​ព្រាហ្មណ៍​ក៏​រមែង​កុះ​ករ​ចោម​រោម​សំ​ដៅ​ទៅ​ត្រង់​ផ្លូវ​ចូល​ទ្វារ​ខាង​ត្បូង ហាក់​ដូច​ជា​នគរ​គ្រប់​គ្រង​ទៅ​ដោយ​យស សិរី និង​សម្បត្តិ​របស់​ខ្លួន។

ពេល​មហា​ជន​ឃើញ​រថនោះ​ក៏​ពោ​លថា អ្នក​ដ៏ចម្រើន​ទាំង​ឡាយ​ យាន​ដ៏​ប្រសើរ​ហ្ន៎…។ ប៉ុន្តែ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ ធម្មតា​មនុស្ស​ទាំង​ឡាយ​ឲ្យ​ទ្រព្យ​ដល់​អ្នក​ដែល​ពោល​សរសើរ​ ហើយ​ក៏​រមែង​ឲ្យ​ច្រៀង​សរសើរ​ទារិកាទាំងឡាយ​របស់​ខ្លួន ថា​ជាអ្នក​គួរ​ស្រឡាញ់​ គួរ​គយ​គន់​ មាន​ទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន​ឲ្យ​ដូច​ជា​ការ​ពោល​សរសើរ​នោះ​ក៏​មិន​មាន​, មហា​ជន​ឃើញរថ​ព្រាហ្មណ៍​យ៉ាង​នេះ​ហើយ​ ទើប​ពោលស​រសើរ​យ៉ាង​នេះ​ថា លោក​អ្នក​ដ៏ចម្រើនយាន​ប្រសើរ​ហ្ន៎… សូម្បី​ដល់​យ៉ាង​នោះ​ពិត​ក៏​ដោយ យាន​នោះ​នឹង​ឈ្មោះ​ថា ជា​យាន​ប្រសើរ​ដោយ​ត្រឹម​តែ​ការ​ពោល​សរសើរ​នោះ​មិន​មែន​ឡើយ​ ដែល​ពិត​នោះ យាន​នោះ​ជា​របស់​លាមក ជា​របស់​អាក្រក់​។

ម្នាល​អានន្ទ តែ​ដោយ​បរមត្ថ​ យាន​នោះ​ជា​ឈ្មោះ​របស់​អរិយ​មគ្គ​មាន​អង្គ​៨​នេះ​ប៉ុណ្ណោះ​ឯង​ ឯ​អរិយមគ្គ​នេះ​ប្រសើរ​ព្រោះ​ប្រាស​ចាក​ទោស​ទាំង​ពួង​ ដោយ​ហេតុ​ថា ព្រះ​អរិយ​ទាំង​ឡាយ រមែង​ទៅ​ដល់​និព្វាន​ដោយ​អរិយមគ្គ​នេះ ដូច្នោះ​ទើប​គួរ​ពោល​ថា ព្រហ្មយាន​ខ្លះ ធម្មយាន​ខ្លះ ព្រោះ​ជា​ធម៌​និង​ជា​យាន​, ពោល​ថា​ជា​រថ​ពិជ័យ​សង្គ្រាម​ដ៏​ល្អ​ជាទី​បំផុត​ខ្លះ ព្រោះ​មិន​មាន​វត្ថុ​ដទៃ ដ៏​ក្រៃ​លែង​ជាង និង​ព្រោះ​ឈ្នះ​សង្គ្រាម​គឺ​កិលេស​ហើយ​។

​នេះ​គឺ​សេចក្តី​ផ្សេង​គ្នា​ដែល​កើត​អំ​ពី​ត្រឹម​តែ​ការ​ឃើញ​ប៉ុណ្ណោះ ក៏ធ្វើ​ឲ្យ​កើត​សេចក្តី​ឃើញ​ខុស សេចក្តី​យល់​ផ្លូវ​បដិបត្តិ​ខុសទៅ​ហើយ​ ព្រោះ​គិត​ថាពណ៌​ ស នឹង​ជា​មង្គល ធ្វើ​ឲ្យ​ជា​អ្នក​បរិសុទ្ធ​ ឬ​អស់​កិលេស​បាន​។ តែ​សេចក្តី​ពិត​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រះ​អង្គ​ត្រាស់​ថា ដែល​ពិត​យាន​នោះ​ជា​របស់​លាមក ជា​របស់​អាក្រក់ ព្រោះ​ថា​ធ្វើ​ឲ្យ​គេ​យល់​ខុស​ គិត​ថា​ជាយាន​ប្រសើរ​។ ព្រោះ​ដូច្នោះ ការ​ដែល​នឹង​ដឹង​សភាវធម៌​តាម​សេចក្តី​ពិតទើប​មិន​ទាក់​ទង​នឹង​រឿង​ពណ៌​នៃ​គ្រឿង​ស្លៀក​ដណ្តប់​ និង​គ្រឿង​ប្រដាប់​លំអ​តាក់​តែង​នោះ​ឡើយ គឺ​ថា កាលណា​ពេល​សតិ​បញ្ញា​កើត រលឹក​ដឹង​នូវ​លក្ខណៈ​នៃ​សភាវធម៌​ដែល​កំពុង​ប្រាកដ ទើប​ឈ្មោះ​ថា យាន​នោះ​មាន​នៅ​ក្នុង​អ្នក​នោះ​មែន ដែល​នឹង​អាច​​នាំ​ទៅ​ដល់​ការ​រំលត់​កិលេស​បាន​។ ឯវំ

[ដក​ស្រង់​ចេញ​ពី​សៀវភៅ “បរមត្ថធម៌​សង្ខេប ចិត្ត​បរមត្ថ និង​ភាគបន្ថែម” ប្រែ​និង​រៀប​រៀង​ដោយ​ ធម្មាចារ្យ រស់ សុផាត បោះ​ពុម្ព ព.ស ២៥៣៨ គ.ស ១៩៩៤]
————————————————-
ជំនួយ​ក្នុងការ​សិក្សា​បន្ថែមៈ

អត្ថបទនេះ​មាន​សេចក្តី​ជ្រាល​ជ្រៅ ព្រោះ​ជា​បរមត្ថ​ធម៌ ឬ​អភិធម្ម ដូច្នេះ​បើ​សាធុ​ជន​ទាំងឡាយ​ចង់​សិក្សា​បន្ថែម​ដើម្បី​ឲ្យ​បាន​យល់​ទូ​លំ​ទូ​លាយ សូម​ទាញ​យក​សៀវភៅ និង សម្លេង​បង្រៀន​ព្រះ​អភិធម្ម​តាម​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ។

សៀភៅសិក្សា​ព្រះ​អភិធម្ម​ដំបូង សៀវភៅ​អភិធម្មត្ថ​សង្គហៈ សៀវភៅអភិធម្មត្ថ​សង្គហៈ​៩​បរិច្ឆេទ​ភាគទី១ ភាគទី២ ភាគទី៣ ការបង្រៀន​ព្រះ​អភិធម្ម​របស់​ធម្មាចារ្យ​រស់ សុផាត ការ​បង្រៀន​ព្រះ​អភិធម្ម​របស់​អគ្គបណ្ឌិត​ធម្មាចារ្យ​ប៊ុត សាវង្ស

Advertisements

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in បញ្ញត្តិ និង បរមត្ថ and tagged , , , . Bookmark the permalink.

2 Responses to បញ្ញត្តិ និង បរមត្ថ (១០) ចប់

  1. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  2. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s