បញ្ញត្តិ និង បរមត្ថ (៩)

​កាល​បាន​សិក្សា​យល់​ហើយ​ក៏​នឹង​ឃើញ​បាន​ថា ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្រប់​សត្វ បុគ្គល​នោះ ខណៈចិត្តខ្លះ​​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍​ និង​ខណៈ​ចិត្ត​ខ្លះ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បន្តគ្នា ដូច​តាម​ផ្លូវ​ភ្នែក​ក៏​មិន​បាន​មាន​តែ​ចក្ខុ​ទ្វារ​វិថី​ចិត្ត​ដែល​មាន​តែ​ពណ៌​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ កាល​ចក្ខុទ្វារ​វិថី​ចិត្ត​រលត់​អស់​ហើយ​រួច​ភវង្គ​ចិត្ត​ក៏​កើត​ខ័ណ្ឌ​ហើយ​មនោ​ទ្វារ​វិថីចិត្ត​ក៏​កើត​ឡើង​ ទទួល​ពណ៌​ត​ពី​ចក្ខុ​ទ្វារវិថី កាលណា​មនោ​ទ្វារ​វិថី​ចិត្ត​វារៈ​ដំបូង​រលត់​ហើយ ភវង្គ​ចិត្ត​កើត​ខ័​ណ្ឌ​ហើយ មនោទ្វារ​វិថីចិត្ត​វារៈ​បន្ទាប់​ក៏​កើត​ឡើង​មាន​បញ្ញត្តិ​ជាអារម្មណ៍​ មិន​ដូច្នោះទេ តើ​នឹង​មាន​ជីវិត​រស់​នៅ​បាន​យ៉ាង​ណា? បើ​មិន​ដឹង​បញ្ញត្តិថា​ ជា​ តុ ជាកៅ​អី ជា​អាហារ ជា​ពែង ជា​ចាន ជាស្លាបព្រា ។ល។ ក៏​នឹង​មាន​ជីវិត​មិន​បាន​ឡើយ។ សត្វ​តិរច្ឆាន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ឬ​ទេ? គឺ​ត្រូវ​មាន​ដូច​គ្នា។ បើ​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ទេ សូម្បី​តែសត្វ​តិរច្ឆាន​ក៏​រមែង​មាន​ជីវិត​នៅ​មិន​បាន​ដែរ ព្រោះ​មិន​ដឹង​ថា​អ្វី​ជា​អាហារ​ ឬ​មិន​មែន​អាហារ​។

​អ្នក​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ដូច​ព្រះ​អរហន្ត​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ព្រះ​អរហន្ត​ទាំង​ឡាយ ព្រះ​អនាគា​មិន​បុគ្គល ព្រះ​សោតា​បន្ន​បុគ្គល​ និងបុថុជ្ជន​តើ​ផ្សេង​គ្នា​យ៉ាង​ណា ឬ​មិន​ផ្សេង​គ្នា​ទេ? អ្នក​ដែល​ជា​ព្រះ​អរិយ​ជា​ម្ចាស់​ និង​អ្នក​ដែល​ជា​បុថុជ្ជន​ផ្សេង​គ្នា​ត្រង់​បញ្ញា​។ បុថុជ្ជនដែល​មិន​ដឹង​រឿង​បរមត្ថ​សោះ​ទេ ក៏​ប្រកាន់​ថាបញ្ញត្តិ​ជា​វត្ថុ​ពិត ជា​សភាវៈ​ពិត​ ប៉ុន្តែ​ អ្នក​ដែល​ដឹង​ច្បាស់​នូវ​អរិយសច្ចធម៌​ហើយ ដឹង​ថា​ធម៌​ទាំង​ឡាយ​ជា​អនត្តា សភាវធម៌​ដែល​កើត​ឡើង​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវកាយ​ ផ្លូវ​ចិត្ត​ មិន​ទៀង​ និង​បញ្ញត្តិ មិន​មែន​បរមត្ថធម៌ ដែល​ឈ្មោះ​ថា​បញ្ញត្តិ​នោះ ព្រោះ​ឲ្យ​ដឹង​បាន​ដោយ​ប្រការ​នោះ​ៗ​។ ដូច្នោះ បញ្ញត្តិ​ទើប​ជា​អារម្មណ៍​របស់​ចិត្ត និង​ចេតសិក ខណៈ​ដឹង​ការ​សម្គាល់​ឬ​អត្ថ នៃ​សភាវៈ​ដែល​ប្រាកដ​។ បើ​មិន​មាន​ចិត្ត​ចេតសិក​ទេ មាន​បញ្ញត្តិ​បាន​ឬ​ទេ? សភាវធម៌​ជា​សភាវៈ​ដែល​ពិចារណា​បាន​តាម ហេតុ ផល​ បើ​មិន​មាន​ចិត្ត ចេតសិក នឹង​មាន​បញ្ញត្តិ​មិន​បាន​។ បើ​មាន​តែ​រូប​ធម៌​ប៉ុណ្ណោះ​មិន​មាន​នាម​ធម៌សោះ​​ទេ មិន​មាន​ចិត្ត ចេតសិក​សោះ តើ​នឹង​មាន​បញ្ញត្តិ​ទេ? គឺ​មិន​មាន​ ព្រោះ​ថារួប​មិន​មែន​សភាវៈ​ដែល​ដឹង​អារម្មណ៍​ ចិត្ត​ និង​ចេតសិក ជា​សភាវៈ​ដែល​ដឹង​អារម្មណ៍​ បើ​ចិត្ត​ ចេតសិក មិន​កើត​ទេក៏​មិន​មាន​ការ​ដឹង​បញ្ញត្តិ​ដែរ។ ការ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នៃ​អ្នក​ជា​អរិយ​បុគ្គល និង​អ្នក​ដែល​មិន​មែន​ជា​អរិយបុគ្គល​នោះ​ផ្សេង​គ្នា​ត្រង់​អ្នក​ដេល​មិន​មែន​ព្រះ​អរិយបុគ្គល​ ប្រកាន់​បញ្ញត្តិ​ថា​ជា​សភាវៈ​ដែល​មាន​ពិត ប៉ុន្តែ​អ្នក​ជា​ព្រះ​អរិយ​បុគ្គល​ដឹង​ថា ចិត្ត​ខណៈ​ណា​មាន​បរមត្ថ​ជា​អារម្មណ៍​​ និង​ចិត្ត​ខណៈ​ណា​មាន​បញ្ញត្តិ​ជា​អារម្មណ៍​។

ខណៈ​ណា​ដែល​ចិត្ត​ដឹង​បញ្ញត្តិ​ គឺ​កំពុង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ខណៈ​នោះ​ជា​មិច្ឆា​ទិដ្ឋិ​ទេ? ស្រេច​ហើយ​តែ​ប្រភេទ​នៃ​ចិត្ត​ដែល​កំពុង​មាន​បញ្ញត្តិ​ជា​អារម្មណ៍ ព្រះ​អរិយ​បុគ្គល​ទាំង​ឡាយ​មាន​បញ្ញត្តិ​ជា​អារម្មណ៍ តែ​ព្រះ​អរិយ​ទាំង​ឡាយ​មិន​មាន​មិច្ឆា​ទិដ្ឋិ ព្រោះ​ព្រះអរិយ​បុគ្គល​ទាំង​ឡាយ​រលត់​មិច្ឆា​ទិដ្ឋិចេតសិកជាស​មុច្ឆេទ​ហើយ​។

បើ​មិន​ពិចារណា​ដោយ​ល្អិត​ទេ ក៏​នឹង​មិន​ដឹង​ថាលោភមូលចិត្ត​ទិដ្ឋិ​គត​សម្បយុត្ត និង លោភ​មូល​ចិត្ត​ទិដ្ឋិ​គត​វិប្បយុត្ត ផ្សេង​គ្នា​យ៉ាង​ណា​ទេ លោភ​មូល​ចិត្ត​ទិដ្ឋិ​គត​វិប្បយុត្ត ត្រេក​អរ​ពេញ​ចិត្ត​ក្នុង​អារម្មណ៍​គ្រប់​យ៉ាង ពេញ​ចិត្ត​សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក ពេញ​ចិត្ត​សម្លេង​ដែល​ប្រាកដ​តាម​ផ្លូវ​ត្រចៀក និង​បញ្ញត្តិ​នៃ​សម្លេង​ដែល​ឮ​តាម​ផ្លូវ​ត្រចៀក​ដែរ តាម​ផ្លូវ​ច្រមុះ​ ផ្លូវ​អណ្តាត ផ្លូវ​កាយ ផ្លូវ​ចិត្ត ដោយ​ន័យ​តែ​មួយដូច​គ្នា ជា​ជីវិត​ប្រក្រតី​ប្រចាំ​ថ្ងៃ។ ខណៈ​ណា​ដែល​មិន​មាន​សេចក្តី​គិត​យល់​ខុស ក្នុង​រឿង​នៃ​សភាវធម៌​ទេ ខណៈ​នោះ​មិន​មែន​លោភ​មូល​ចិត្ត​ទិដ្ឋិ​គត​វិប្បយុត្ត​ឡើយ។

ព្រះ​សោតា​បន្នបុគ្គល និង​ព្រះ​សកទា​គា​មិ​បុគ្គល មាន​លោភ​មូល​ចិត្ត​ទិដ្ឋិគត​វិប្បយុត្តដែល​ប្រ​ព្រឹត្ត​ទៅ​ក្នុង​អារម្មណ៍​ទាំង​៦ ព្រះ​អនាគាមីបុគ្គល​មាន​លោភមូល​ចិត្ត​ទិដ្ឋិ​គត​វិប្បយុត្ត​ក្នុង​ធម្មា​រម្មណ៍ ព្រោះ​បាន​រំលត់​សេចក្តី​ត្រក​អរ​ពេញ​ចិត្ត​ក្នុង​រូប សម្លេង ក្លិន​ រស ផោដ្ឋព្វារម្មណ៍ ដែល​ជា​កាមារម្មណ៍​ជា​សមុច្ឆេទ​ហើយ ចំណែក​ព្រះ​អរហន្ត​នោះ សូម្បី​ថា​មាន​អារម្មណ៍​៦ មែន តែ​ក៏​មិន​មាន​ទាំង​កុសល​ធម៌ទាំង​អកុសល​ធម៌​ណាៗ​ទាំង​អស់ ព្រោះ​ព្រះ​អរហន្ត​បាន​រំលត់​កិលេស​ និង​អកុសល​ធម៌​ទាំងអស់​ជា​សមុច្ឆេទ​ហើយ អ្នក​ដែល​មិន​មែន​ព្រះ​អរហន្ត​នោះ សូម្បី​ដល់​បាន​ដឹង​នូវ​លក្ខណៈ​នៃ​អារម្មណ៍​តាម​សេច​ក្តីពិត​ថា ខណៈ​ណា​ជា​បរមត្ថ​ធម៌ ខណៈ​ណា​ជា​បញ្ញត្តិ​ហើយ​ក៏​ដោយ កាលណា​នៅ​មិន​ទាន់​រលត់​កិលេស​អស់​ទេ ទើប​នៅ​មាន​បច្ច័យ​នឹង​ឲ្យ​ជា​សុខ ជា​ទុក្ខ ត្រេក​អរ មិន​ពេញ​ចិត្ត​ទៅ​តាម​បរមត្ថារ​ម្មណ៍ និង​បញ្ញត្តិ តាម​ថ្នាក់​នៃ​បុគ្គល​នោះ​ៗ​។

​ដូច្នោះ​ ត្រូវ​ពិចារណា​ដោយ​ល្អិត​ថា ខណៈ​ណា​ជា​មិច្ឆា​ទិដ្ឋិ។ ខណៈ​ដែល​ប្រកាន់​មាំក្នុង​បញ្ញត្តិ​ផ្សេងៗ​ដោយ​សេចក្តី​យល់​ខុស​ថា សភាវៈ​ដែល​មិន​មែន​បរមត្ថ​ធម៌​នោះ​មាន​ពិត ក្នុង​ខណៈ​នោះ​ជា​សក្កាយ​ទិដ្ឋិ។ កាល​ប្បញ្ញតិ្ត​មិនមែន​បរមត្ថ​ធម៌ តែ​ការ​យល់​ខុស​ប្រកាន់​បញ្ញត្តិ​ថា ជា​សភាវៈ​ដែល​ជា​តួ​ខ្លួន​ពិត ជា​សត្វ​ បុគ្គល ជា​វត្ថុ​ផ្សេងៗ​ពិត ទើប​ជា​សេចក្តី​យល់​ខុស ជាសក្កាយ​ទិដ្ឋិ។

​កាលណា​សក្កាយ​ទិដ្ឋិ​នៅ​មិន​ទាន់​រលត់​ជា​សមុច្ឆេទ​ទេ ក៏​រមែង​នឹង​ជា​បច្ច័យ​ឲ្យ​កើត​សេចក្តី​យល់​ខុស​ច្រើន​ប្រការ​បន្ថែម​ឡើង​ទៀត ដូច​ឃើញ​ថា​កម្ម​មិនមាន ផល​របស់​កម្ម​មិន​មាន​ ឃើញ​ថា​មាន​ព្រះ​ជា​ម្ចាស់​សួគ៌ដ៏​ធំ​ក្រៃ​លែង​ជាអ្នក​សាង​នូវ​លោក និង​សត្វ​ បុគ្គល​ទាំង​ពួង​។ កាល​ណា​មិន​ដឹង​បច្ច័យ​ដែល​ធ្វើ​ឲ្យ​សង្ខារ​ធម៌​ទាំង​ឡាយ​កើត​ឡើង​ទេ ក៏​ធ្វើ​ឲ្យ​កើត​សេចក្តី​យល់​ខុស​ផ្សងៗ​ ប៉ុន្តែ​ខណៈ​ណា​ក៏​ដោយ​ដែល​ចិត្ត​មាន​បញ្ញត្តិ​ជា​អារម្មណ៍ ខណៈ​នោះ​មិន​មែន​សុទ្ធ​តែ​មាន​មិច្ឆា​ទិដ្ឋិ​គ្រប់​ៗ​គ្រា​នោះ​ទេ ព្រោះ​មិច្ឆា​ទិដ្ឋិ​ជា​ខណៈ​ត្រង់​ដែល​ប្រកាន់​មាំ​ក្នុង​សេចក្តី​យល់​ខុស​ផ្សេង​ៗ​ នោះ​ឯង​។

បញ្ញត្តិ​ជា​អារម្មណ៍​របស់​កុសល​ចិត្ត​បាន​ទេ? គឺ​បាន ព្រោះ​ជីវិត​តាម​សេចក្តី​ពិត​ជា​យ៉ាង​ណា​ហើយ ក៏​វា​ត្រូវ​ជា​យ៉ាង​នោះ ប្តូរ​ផ្លាស់​លក្ខណៈ​នៃ​សភាវធម៌​មួយ​បែប​ៗ​មិន​បាន​ឡើយ​។

​ក្នុង​ខណៈ​ឲ្យ​ទាន បើ​មិន​ដឹង​ថា​សភាវៈ​ដែល​នឹង​ឲ្យ​នោះ​ជា​អ្វី​ទេ កុសល​ចិត្ត​ក៏​កើត​មិន​បាន​។ ក្នុង​ខណៈ​ដែល​វិរតិ​នូវ​ទុច្ចរិត​ដោយ​ការ​រក្សា​សីល បើ​មិន​ដឹង​ថាសភាវៈ​ដែល​ប្រាកដ​នោះ​ជា​អ្វី​ទេ ក៏​នឹង​មាន​ការវិរតិ​ទុច្ចរិត​មិន​បាន។ ក្នុង​ខណៈ​ដែល​អប់រំ​ចម្រើន​សេចក្តី​ស្ងប់​នៃ​ចិត្ត ដែល​ជា​សមថ​ភាវនា តើ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បាន​ឬ​ទេ? អស់​លោក​ខ្លះ​ អាច​នឹង​គិត​ថា នោ​មិន​ទាន់​បាន​សិក្សារឿង​សមថភាវនា ឬ អារម្មណ៍​របស់​សមថភាវនា​ដោយ​ល្អិត​ទេ ទើប​មិន​អាច​ឆ្លើយ​បាន​ ប៉ុន្តែ​បើ​មិន​ភ្លេច​សេចក្តី​ពិត​ដែល​ថា ខណៈ​ណា​ដែល​មិន​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍ ខណៈ​នោះ​មាន​បញ្ញត្តិ​ជា​អារម្មណ៍ ក៏​ល្មម​នឹង​ដឹង​បាន​ថា​ សូម្បី​សមថភាវនា ក៏​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បាន​ដែរ។ ក្រៅ​អំ​ពីសតិបដ្ឋាន និង​បញ្ចទ្វារវិថីចិត្តហើយនោះ ចិត្ត​ខណៈដទៃ​រមែង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បាន​។ ការ​ដែល​នឹង​ដឹង​ថា​សភាវធម៌​ណា​ជា​បរមត្ថ​ធម៌​នោះ ត្រូវ​អាស្រ័យ​ការ​អប់​រំ ចម្រើន​សតិបដ្ឋាន​ប៉ុណ្ណោះ ទើប​នឹង​ដឹង​បាន​។ បើ​ខណៈ​ណា​សតិបដ្ឋាន​មិន​កើត​ ខណៈ​នោះ​ក៏​មិន​មាន​ការ​ពិចារណា​ សិក្សា​សង្កេត​ដឹង​លក្ខណៈ​នៃ​សភាវធម៌​ដែល​ជាបរមត្ថ​ធម៌​បាន​ឡើយ។ ដូច្នេះ ជីវិត​ប្រក្រតី​ប្រចាំ​ថ្ងៃ ទើប​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍ខ្លះ មាន​បញ្ញត្តិ​ជា​អារម្មណ៍ខ្លះ​។

នៅ​មាន​ត…

Advertisements

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in បញ្ញត្តិ និង បរមត្ថ and tagged , , . Bookmark the permalink.

2 Responses to បញ្ញត្តិ និង បរមត្ថ (៩)

  1. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  2. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s