សូមអនុមោទនា បុណ្យមាឃបូជា!!!

ដើម្បី​អនុមោទនា​​ថ្ងៃ​បុណ្យ​មាឃ​បូ​ជា ​ដែល​ជា​ទិវា​ដ៏​វិសេស​វិសាល​នៃ​ពុទ្ធ​សាសនិក​ជន​ទូ​ទាំង​ពិភព​​លោក​ ខ្ញុំ​ព្រះ​ករុណា​អាត្មា​ភាព​ សូម​លើក​យក​សាសនកិច្ច​ខ្លះ​ៗ ព្រម​ទាំង​​វី​ឌី​អូ​ព្រះ​ធម៌​ទេសនា​ និង​សេចក្តី​អត្ថា​ធិប្បាយ​នៃពិធី​បុណ្យ​​មាឃ​បូ​ជា​​មក​ចែក​ជូន​ដល់​សាធុ​ជន​ទាំង​អស់​ ទុក​គ្រាន់​​ជា​ប្រដាប់​សតិ​បញ្ញា​ និង​បាន​អនុមោទនាកុសល​ភាគ​ផលតម្កល់​ជា​ស្ពាន​ឈាន​ឆ្ពោះ​កាន់​សន្តិ​វរបទ​តទៅ​៖

សាសន​កិច្ចខាង​ក្រោម​នេះ​ ដកស្រង់​ចេញ​ពី​សៀវភៅ​ “មាឃ​បូជា វិសាខ​បូជា និង ពិធី​ពុទ្ធាភិសេក”​រៀប​រៀង​ដោយ​ គណៈ​កម្មការ​ធម្មវិន័យ បោះ​ពុម្ព​ផ្សាយ​នៅ​ ព.ស ២៥៣៣ គ.ស ១៩៨៩។

ពិ​ធី​មាឃ​បូជា​នេះ​ ជា​សម័យ​ដ៏​ធំ​មួយ​ សឹង​មាននក្ខត្តឫក្ស​គួរ​ធ្វើ​សក្ការបូជា​ដល់​ពី​រដង​ គឺ​សំ​ដៅ​យក​ត្រង់​ថ្ងៃ​ដែល​ទ្រង់​សំ​ដែង​ឱវាទប្បាតិមោក្ខ​ម្តង​ ត្រង់​ថ្ងៃ​ដែល​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​ម្តង ទើប​អ្នក​ប្រាជ្ញ​បុរាណ​លើក​យក​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ​ ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ឯ​របៀប​រៀប​ចំ​តាក់​តែង​គ្រឿង​សក្ការៈ​ផ្សេងៗ មិន​ប្លែក​គ្នា​អំ​ពី​ពិធី​ដែល​មាន​មក​ហើយ​នោះៗ​ទេ ផ្សេង​គ្នា​តែ​បាលី​សម្រាប់​វេរ​គ្រឿង​សក្ការៈ​តែ​ប៉ុណ្ណោះ​។

នមស្សការ​ព្រះ​បរម​សារី​រិក​ធាតុ

មាឃវស្សានិ​ សម្ពុទ្ធោ      ភគវា យោ តថាគតោ, សមសីត្យា យុគកាលេ     បរិនិព្វាយិ សោ មុនិ។
តស្ស សារីរិកា ធាតុ         អម្ហាកំ បមុខេ ថិតា, ឥធា គតោ ច សោ        សត្ថា  ធរមានោ វ តិដ្ឋតិ។
សក្ការេហាភិបូជេម          តំ នមស្សាម សាទរំ, សាធុនោ ភគវា នាថោ     សព្វញ្ញូ សន្តិទាយកោ។
ឥមេ ទលិទ្ទសក្ការេ          អនុកម្បាយ គណ្ហតុ, ទីឃរត្តំ ហិតាយេវ           សុខាយម្ហាក សព្វទា។

ព្រះ​តថា​គត​ ភគវន្តមុនី​​ឯ​ណា​ ទ្រង់​បាន​ត្រាស់​ហើយ (ឋិតនៅ​) អស់​​ ៤៥ ឆ្នាំ​, ព្រះ​តថាគត​អង្គ​នោះ ព្រះ​អង្គ​ជា​មហា​មុនី ទ្រង់​បរិនិព្វាន​ហើយ ក្នុង​កាល​ដែល​ព្រះ​អង្គ​ មាន​ព្រះ​ជន្មា​យុ ៨០ឆ្នាំ​គត់​ (ឥឡូវ) ព្រះ​បរម​សារី​រិក​ធាតុ​នៃ​ព្រះ​អង្គ​ មក​ប្រតិស្ឋាន​ក្នុង​ទី​ចំ​ពោះ​មុខ នៃ​យើង​ខ្ញុំ​ព្រះ​អង្គ​ ហាក់​ដូច​ជា​ព្រះ​បរមសាស្តា​អង្គ​នោះ ទ្រង់​គង់​ព្រះ​ធរមាន​នៅ​ឡើយ ស្តេច​យាង​មក​ក្នុង​ទី​នេះ យើង​ខ្ញុំ​ សូម​បូជា​ចំពោះ​ព្រះ​អង្គ​ ដោយ​គ្រឿង​សក្ការៈ​ទាំង​ឡាយ សូម​នមស្សការ​ព្រះ​អង្គ​ដោយ​គោរព​, សូម​ព្រះ​ភគវន្តមុនី​សព្វញ្ញូ​ពុទ្ធបរម​លោក​នាថ តែង​តែ​ប្រោស​ប្រទាន​សន្តិ​សុខ​ដល់​សត្វ​លោក ទ្រង់​ព្រះ​មេត្តា​ប្រោស​ ទទួល​នូវ​គ្រឿង​សក្ការៈ​ទាំង​ឡាយ​ របស់​យើង​ខ្ញុំ​ព្រះ​អង្គ​ឲ្យ​បាន​ហិត​ប្រយោជន៍​ និង​សេចក្តី​សុខ​សព្វ​កាល​វេលា​ យូរ​អង្វែង​រៀង​ទៅ​ហោង​។ (ក្រាប​ថ្វាយ​បង្គំ​ម្តង)

វិធី​ប្រកាស​មាឃ​បូជា​

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូម​នមស្សការ​ ចំពោះ​ព្រះ​ភគវន្តមុនី អរហន្ត​សម្មសម្ពុទ្ធ​ព្រះ​អង្គ​នោះ។

សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស
បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាមិ។
ព្រះ​ភគវន្តមុនី​អង្គ​ឯណា ទ្រង់​ត្រាស់​សំដែង​នូវ​ធម៌ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង​, ព្រះ​ភគវន្តមុនី​អង្គ​នោះ ជា​ព្រះ​សម្មា​សម្ពុទ្ធ​ពិត​មែន យើង​ខ្ញុំ​ព្រះ​អង្គ សូម​ថ្វាយ​បង្គំ​នូវ​ព្រះ​សម្មសម្ពុទ្ធ​អង្គ​នោះ​ ដោយ​គោរព។
(ក្រាប​ថ្វាយ​បង្គំ​ម្តង)

និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស
បហានាយ ស្វាក្ខាតោ តេន ភគវា តំ ធម្មំ អាទរេន នមស្សាម។
ព្រះ​ធម៌​ណា​ ដែល​ព្រះ​ភគវន្តមុនីអង្គ​នោះ ទ្រង់​ត្រាស់​សំ​ដែង​ហើយ​ដោយ​ប្រពៃ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​ទាំង​ពួង​, ព្រះ​ធម៌​នោះ​ ជា​ធម៌​ស្រោចស្រង់​សត្វ​ពិត​មែន​, យើង​ខ្ញុំ​ព្រះ​អង្គ​ សូម​ថ្វាយ​បង្គំ​ នូវ​ព្រះ​ធម៌​នោះ​ ដោយ​គោរព។
(ក្រាប​ថ្វាយ​បង្គំ​ម្តង)

សុប្បដិបន្នោ វតស្ស ភគវតោ សោ សាវកសង្ឃោ យោ
សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម។
ព្រះ​អរិយសង្ឃណា លោក​ប្រតិបត្តដើម្បី​កម្ចាត់​បង់​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង​, ព្រះ​អរិយសង្ឃនោះ​ ជា​សង្ឃ​សាវ័កនៃ​ព្រះ​ភគវន្ត​មុនី​អង្គ​នោះ លោក​ប្រតិបត្តិ ដោយ​ប្រពៃពិត​មែន, យើង​ខ្ញុំ​ព្រះ​អង្គ​ សូម​ថ្វាយ​បង្គំ​នូវ​ព្រះ​អរិយសង្ឃ​នោះ​ដោយ​គោរព​។
(ក្រាប​ថ្វាយ​បង្គំ​ម្តង)

ថ្ងៃនេះ ជាតិថី​ពេញបូណ៌មី​ នៃ​ខែ​មាឃ មាន​ព្រះ​ច័ន្ទ​ពេញ​វង់ត្រូវនឹង​ថ្ងៃ​នៃ​សាវក​សន្និបាត​ របស់​ព្រះ​សាក្យ​មុនី​ អរហន្ត​សម្មា​សម្ពុទ្ធ ជា​បរម​គ្រូនៃ​យើង​, សាវកសន្និបាត​នោះ​ ប្រកប​ដោយ​អង្គ​៤​គឺ​៖
-ទី១ ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ ព្រះ​ច័ន្ទ​ចរចូល​ក្នុង​មាឃ​នក្ខត្តឫក្ស​។
-ទី២ ព្រះ​ភិក្ខុសង្ឃ​ មាន​ចំនួន ១២៥០ អង្គ​ ឥត​មាន​អ្នក​ណា​និមន្ត​ ឬ​ណាត់​ពេល​វេលា​គ្នា​សោះ​ឡើយ​ ក៏​ស្រាប់​តែ​មក​ប្រជុំ​គ្នា​ ក្នុង​សំណាក់​នៃ​ព្រះ​បរម​សាស្តា​ នា​វត្ត​វេឡុ​វ័ន កលន្ទក​និវា​បស្ថាន​ ក្រុង​រាជ​គ្រឹះ មគធរដ្ឋ នៅ​វេលា​ថ្ងៃ​ល្ងាច​។
-ទី៣ ព្រះ​ភិក្ខុសង្ឃ​ទាំង​ ១២៥០ អង្គ​នោះ សុទ្ធ​តែ​ជា​ឯហិ​ភិក្ខុ ដូច​គ្នា​ទាំង​អស់​។
-ទី​៤ ព្រះ​ភិក្ខ​សង្ឃ​ទាំង​ ១២៥០ អង្គ​នោះ​ សុទ្ធ​តែ​ជា​ខី​ណា​ស្រព​ទាំង​អស់​។ ព្រះ​សព្វញ្ញូ​ពុទ្ធ​ទ្រង់​ត្រាស់​សំ​ដែង​ នូវ​ឱវាទប្បាដិមោក្ខ​ក្នុង​ទី​ប្រ​ជុំ​នៃ​ព្រះ​ភិក្ខុសង្ឃ​នោះ​។

ការ​ប្រ​ជុំ​សាវ័ក​បែប​នេះ ហៅ​ថា “ចតុរង្គ​សន្និបាត​” គឺ​ការ​ប្រជុំ​ប្រកប​ដោយ​អង្គ​៤ ក្នុង​ពុទ្ធ​កាល​នៃ​ព្រះ​សក្យ​មុនី​បរមគ្រូរបស់​យើង​មាន​តែ​ម្តង​ប៉ុណ្ណោះ​។

មួយ​ទៀត​ កាល​ដែល​ព្រះ​បរម​សាស្តា​នៃ​យើង​ទ្រង់​មាន​ព្រះជន្ម បើ​គិត​តាម​​ឈ្មោះ​ខែ​ នៅ​ខ្វះ​ ៤ ខែ, បើ​គិត​តាម​ចំនួន​ថ្ងៃ​​ នៅ​ខ្វះ​តែ ៨៨ ថ្ងៃ​ទៀត នឹង​គ្រប់​ ៨០ ឆ្នាំ​គត់​, ព្រះ​អង្គ​ទ្រង់​កំណត់​នូវ​ព្រះ​ជន្មាយុ​សង្ខារ​ថា “ម្នាល​ភិក្ខុ​ទាំង​ឡាយ គិត​ពី​ថ្ងៃ​នេះ​ទៅ​ នៅ​ខ្វះ​តែ​ ៣ ខែ​ទៀត​ទេ តថា​គត​នឹង​រលត់​ខន្ធ​ចូល​កាន់​និព្វាន​”​។

ការ​កំណត់​ព្រះជន្មាយុ​នេះ​ គឺ​នៅ​ថ្ងៃ​ ១៥ កើត​ ខែ​មាឃ​នេះ​ឯង​។ តិថី​នេះ​ជា​ឧបលក្ខិត​សម័យ​ដ៏​ឧត្តម​ ក្នុង​ព្រះ​ពុទ្ធសាសនា​ គឺ​ជា​ថ្ងៃ​សម្រាប់​ពុទ្ធ​មា​មក​ជន​ ទាំង​បព្វជិត​ទាំង​គ្រហស្ថ ប្រជុំ​គ្នា​ធ្វើ​សក្ការៈ​បូជា ចំពោះ​ព្រះ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ព្រម​ទាំង​ព្រះ​ធម៌​ជា​បរម​ពុទ្ធោវាទ និង​ព្រះ​អរិយសង្ឃ​ជា​សាវ័ក​របស់​ព្រះ​អង្គ​។

ឥឡូវ​នេះ យើង​ទាំង​អស់​គ្នា ជា​ពុទ្ធ​សាសនិក​ជន​ បាន​មក​ប្រជុំ​គ្នា​ បាន​រៀប​ចំ​គ្រឿង​សក្ការ​បូជា មាន​ទៀន​ធូប​ និង​ផ្កា​ជា​ដើម​ ក្នុង​ទី​នេះ​ ដែល​មាន​ព្រះ​ពុទ្ធ​រូបស្នង​ព្រះ​អង្គ​ (បើ​មាន​ព្រះ​បរម​សារី​រិក​ធាតុ​ ត្រូវ​បញ្ចូល​ពាក្យ​ថា “និង​ព្រះ​បរម​សារី​រិកធាតុ​”ផង​) គង់​ជា​ប្រធាន​ ហាក់​ដូច​ជា​ព្រះ​បរម​សាស្តា​អង្គ​នោះ ទ្រង់​ស្តេច​មក​គង់​ក្នុង​ទី​ចំ​ពោះ​មុខ​នៃ​យើង​ទាំង​អស់​គ្នា យើង​ខ្ញុំ​សូម​ថ្វាយ​ នូវ​គ្រឿង​សក្កា​របូជា​ទាំង​នេះ​ ចំពោះ​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​អង្គ​នោះ ព្រម​ទាំង​ព្រះ​ធម៌​ និង​ព្រះ​អរិយសង្ឃ​នៃ​រតន​ត្រៃ​ទាំង​បី ដោយ​សេចក្តី​គោរព​។

បពិត្រ​ព្រះ​សក្យ​មុនី​បរមគ្រូ ព្រះ​អង្គ​ជា​បូ​ជា​រហ​បុគ្គល​ របស់​ទេវតា និង​មនុស្ស​ក្នុង​លោក​ ឥត​មាន​បុគ្គល​ណា​មួយ​ ត្រឹម​ស្មើ​នឹង​ព្រះ​អង្គ​ឡើយ​ ទោះ​បី​ព្រះ​អង្គ​ចូល​បរិនិព្វាន បាត់​ព្រះ​រូប​ព្រះ​កាយ​ អស់​កាល​យូរ​អង្វែង​ទៅ​ហើយ​ក៏​ពិត​មែន​, ប៉ុន្តែ​ ទ្រង់​បាន​ប្រតិស្ឋាន​ព្រះ​វិសុទ្ធោវាទ គឺ​ព្រះធម៌ វិន័យ ដ៏​បរិសុទ្ធវិសេស ទុក​ជា​តំណាង​ព្រះ​ពុទ្ធ​អង្គ​ ទ្រង់​ព្រះ​គុណ​របស់​ព្រះ​អង្គ​ក៏​នៅ​មាន​ប្រា​កដ​ ទាំង​​ព្រះ​សារី​រិកធាតុ​ និង​ព្រះ​ពុទ្ធ​រូប​ ស្នង​ព្រះ​អង្គ​ក៏​នៅ​មាន​ប្រា​កដ​ដែរ សូម​ព្រះ​ដ៏​មាន​បុណ្យ​ជា​បរមសាស្តា​ ទ្រង់​ព្រះ​មេត្តា​ទទួល​នូវ​គ្រឿង​សក្ការបូ​ជា​ របស់​យើង​ខ្ញុំ​ព្រះ​អង្គ​ ដែល​បាន​រៀប​ចំ​ថ្វាយ​ក្នុង​ទី​នេះ​ ដើម្បី​ជា​ផលា​និសង្ស​ ឲ្យ​យើង​ខ្ញុំ​ព្រះ​អង្គ​ បាន​ប្រកប​ដោយ​ឥដ្ឋ​មនុញ្ញ​ផល​ វិបុលសុខ និង​សេចក្តី​ចម្រើន​ដ៏​ធំ​ទូលាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង៕

វេរគ្រឿងសក្ការបូជា ទាំងបាលីនិងសម្រាយ

អជ្ជាយំ ភន្តោ មាឃបុណ្ណមី សម្បត្តោ មាឃនក្ខត្តេន យុត្តោ បុណ្ណចន្ទោ ហោតិ តទា ហិ អរហន្ត​សម្មាសម្ពុទ្ធោ វេឡុវនេ កលន្ទកនិវាបេ មាឃបុណ្ណមិយំ វឌ្ឍមានកច្ឆយាយ ចតុរង្គិកេ សាវកសន្និបាតេ ឱវាទប្បាតិមោក្ខំ ឧទ្ទិសិត្វា វិសុទ្ធុប្បោសថំ អកាសិ សព្វេសំ ខីណសវានំយេវ អឌ្ឍតេឡាសាន ភិក្ខសតានំ។

អថ ច បន​ អម្ហាកំ លោកនាយកោ បាវាលចេតិយេ សភោ សម្បជានោ អសីតិយា វស្សកាលេ ឥតោ តិណ្ណំ មាសានំ អច្ចយេន តថាគតោ បរិនិព្វាយិស្សាមីតិ អាយុសង្ខារំ ឱស្សជ្ជំ ឱស្សជ្ជត្វា ច បន ភូមិបាលោ អហោសិ។

តេន ហិ មយន្ទានិ ឥមំ មាឃបុណ្ណមី នក្ខត្តសមយំ យថាតក្កាលសទិសំ សម្បត្តោ តស្ស តំ តំ អនុស្សមានោ ឥធ សមាគតា រតនត្តយស្ស ឥមេហិ ទីបធូបបុប្ផាទិសក្ការេហិ អភិបូជេម សាធុ នោ ភន្តេ ភគវា សាវកសង្ឃោ សុចិរបរិនិព្វុតោបិ ឥមេ សក្ការេ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ៕

ប្រែថាៈ បពិត្រ​លោក​ទាំង​ឡាយ​ដ៏​ចម្រើន​ ថ្ងៃ​នេះ​ ជា​ថ្ងៃ​មាឃ​បុណ្ណមី​ដល់​ព្រម​ហើយ​ ប្រកប​ហើយ​ ដោយ​មាឃ​នក្ខត្តឫក្ស​ មាន​ព្រះ​ច័ន្ទ​ពេញ​វង់​ប្រាកដ, សេចក្តី​ពិត​ថា​ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ទ្រង់​ប្រថាប់​នៅ​ក្នុង​វេឡុវ័ន កលន្ទកនិវាបស្ថាន​ សម្តែ​ង​នូវ​ឱ​វាទប្បា​តិ​មោក្ខ​ ធ្វើ​វិសុទ្ធី​ឧ​បោសថ​ ចំ​ពោះ​ភិក្ខុ​ដប់​ពីររយ​ដោយ​កន្លះគឺ (១២៥០) អង្គ​ សុទ្ធ​តែ​ជា​ព្រះ​ខី​ណា​ស្រព​ទាំង​អស់​ ក្នុង​ទី​ប្រជុំ​សាវ័ក​ ប្រកប​ដោយ​អង្គ​៤ វេលា​រសៀល​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ​។

មួយ​វិញ​ទៀត សម្តេច​ព្រះ​លោក​នាយក​ អម្ចាស់​នៃ​យើង​ ទ្រង់​ប្រថាប់​នៅ​ក្នុង​បាវា​ចេតិយ​ ទ្រង់​មាន​សតិ​សម្បជ​ញ្ញៈ ដាក់​ចុះ​នូវ​ព្រះ​ជន្មាយុ​សង្ខារ​ថា កន្លង​ទៅ​បី​ខែ​ទៀត រាប់​តាំង​អំ​ពី​ខែ​នេះ​ តថាគត​នឹង​បរិនិព្វាន​ គម្រប់​ព្រះ​ជន្មាយុ​ ៨០​ឆ្នាំ​គត់​ លុះ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខារហើយ​ ក៏​កើត​ញាប់​ញ័រ​ផែន​ដី​។

ព្រោះ​ហេតុ​នោះ ឥឡូវ​នេះ​ យើង​ខ្ញុំ​ទាំង​ឡាយ (បើ) ដល់​ថ្ងៃ​មាឃ​បុណ្ណ​មី​ ជា​នក្ខត្តសម័យ ប្រហែល​ដូច​មាឃ​នក្ខត្ត​សម័យ​កាល​នោះ​ ក៏​រលឹក​ដល់​នូវ​កាល​ទាំង​ពី​រនោះ​ របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទើប​មក​ជុំ​គ្នា​ក្នុង​ស្ថាន​នេះ​ ធ្វើ​បូ​ជា​ចំ​ពោះ​ព្រះ​រតនត្រ័យ​ ដោយ​គ្រឿង​សក្ការ​បូជា​ទាំង​ឡាយ មាន​ទៀន​ ធូប កម្រង​ផ្កា​ជា​ដើម​នេះ​, បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចម្រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ព្រម​ទាំង​ព្រះ​សង្ឃ​សាវ័ក​ សូម្បី​បរិនិព្វាន​ហើយ​ជា​យូរ​អង្វែង​ សូម​ទទួល​នូវ​គ្រឿង​សក្ការៈ​ទាំង​ឡាយ​នេះ​ ដើម្បី​ជា​ប្រយោជន៍​ និង​ដើម្បី​សេចក្តី​សុខ​ ដល់​យើង​ខ្ញុំ​ទាំង​ឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង៕​

លុះ​ចប់​វិធី​ប្រកាស​មាឃ​បូជា​ហើយ​ សូម​និមន្ត​ព្រះ​សង្ឃ​ទាំង​អស់​ នមស្សការ​ព្រះ​រតន​ត្រ័យ​ តាម​វិធី​ប្រណាម​ (នមស្សការ) និង​ធម៌​សម្រាប់​នមស្សការ​ផ្សេងៗ​ទៀត តាម​ដែល​អាច​សូត្រ​បាន​គ្រប់​ព្រះ​អង្គ​។ តទៅ​សូម​ឲ្យ​ភិក្ខុ​ ឬ​សាមណេរ​មាន​សម្លេង​ពីរោះ​ដែល​បាន​ហាត់​ហើយ​ សូធ្យ​ ២អង្គ​ៗ​នូវ​នមក្ការ​គាថា​ ហើយ​និមន្ត​ធម្ម​កថិក​សំដែង​ធម៌​ទេសនា​។ លុះ​ចប់​ធម៌​ទេសនា​ហើយ​ ពុទ្ធ​បរិស័ទ​ណា​ចង់​សូធ្យ​បទ​ផ្សេងៗ​ ដែល​ស្រប​នឹង​បុណ្យ​នេះ​ ក៏​សូម​សូធ្យ​ទាល់​តែ​ភ្លឺ​ទៅចុះ​៕

(ចប់សាសនកិច្ចនៃមាឃបូជា ដោយសង្ខេប)
————–

ព្រះធម្មវិសេសទេសនា មាឃបូជា​សំដែងដោយសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

ព្រះធម្មវិ​សេស​ទេសនា អំពី​មាឃ​បូជា​ ផ្សាយ​ដោយ​ទូរទស្សន៍​ Temple News​

ប្រវត្តិពិធី​បុណ្យ​មាឃ​បូជា ផលិតដោយ​​ពុទ្ធិកបណ្ឌិតសភានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

កំណាព្យប្រវត្តិបុណ្យមាឃបូជាសង្ខេប ដោយភិក្ខុវណ្ណគុត្តោ ស្វាត សាលឿម

អត្ថាធិប្បាយ អំពីប្រវត្តិបុណ្យ​​មាឃ​បូជា​ ផ្សាយ​ដោយ​ទូរទស្សន៍​ Temple News​

សូម​ពុទ្ធ​បរិស័ទ​ទាំង​អស់​បាន​ភប់​ប្រសព្វ​ជួប​ប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ​គ្រប់​​ទិន​ទិវា​រា​ត្រី​កុំ​បី​ឃ្លៀង​ឃ្លា​ត​ឡើយ! សូម​សព្វ​សត្ត​ទាំង​អស់​បាន​ជួប​តែ​នឹង​សេចក្តី​សុខ​សន្តិភាព​គ្រប់​​ប្រការ រួច​ផុត​ទុក្ខ​ សោក រោគ​ ភ័យ តរៀងទៅ! សូម​សច្ចធម៌​នៃ​ព្រះ​បរម​គ្រូ​សម្មា​សម្ពុទ្ធ​​បាន​​ជ្រួត​ជ្រាប​ក្នុង​ដួង​ចិត្ត​នៃ​ប្រជា​ពល​លោក​គ្រប់​រូប​ជា​និរន្តរ៍​ទៅ​ហោង! សូម​អនុ​មោទនា!!!

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធ, ព្រះពុទ្ធសាសនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to សូមអនុមោទនា បុណ្យមាឃបូជា!!!

  1. ស្រុកស្រែ និយាយថា៖

    ខ្ញុំព្រះករុណា បានតាម​រក​មើល​ឯកសារ​ដែល​ទាក់​ទង​នឹង​ពិធីបុណ្យ​មាឃបូជា​នេះ តាំង​ពី​ថ្ងៃ​ម្សិល​មិញ​ម្ល៉េះ។ សូមអរព្រះគុណ។

  2. Pingback: សូមអនុមោទនា បុណ្យមាឃបូជា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s