ច្បាប់នៃកម្ម

អ្វី​ដែល​ហៅ​ថា កម្ម ? ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ពន្យល់​ថា “ម្នាល​ភិក្ខុ​ទាំង​ឡាយ​! គឺ​ចេតនា ដែល​តថាគត​ហៅ​ថា កម្ម” ។

ន័យ​របស់​កម្ម​ក្នុង​ពាក្យ​សាមញ្ញ​ធម្មតា​គឺ អំពើ ឬ​ការ​ធ្វើ​អ្វី​មួយ ។ ក្នុង​ន័យ​ជា​បច្ចេកទេស​កម្ម​មាន​ន័យ​ថា ចេតនា ។ ចេតនា គឺ​ធម្មជាតិ​អ្នក​គិត អ្នក​ចាត់​ចែង អ្នក​សន្សំ ធម្មជាតិ​ដែល​ញ៉ាំង​សម្ប​យុត្ត​ធម៌ គឺ​ចិត្ត​ឲ្យ​ប្រព្រឹត្ត​អំពើ​ជា​កុសល​ឬ​ជា​អកុសល ។ កាល​ណា​អ្នក​ធ្វើ​អំពើ​អ្វី​មួយ​តែង​តែ​មាន​ចេតនា​នៅ​ពី​ក្រោយ​អំពើ​នោះ ហើយ​ចេតនា​នោះ សេចក្តី​ប្រឹង​ប្រែង​តាម​ផ្លូវ​ចិត្ត​ហៅ​ថា កម្ម ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ពន្យល់​ថា កាល​ណា​បុគ្គល​ណា​មួយ មាន​ចេតនា បុគ្គល​នោះ​រមែង​ធ្វើ​សកម្មភាព​តាម​កាយ វាចា ចិត្ត ។ អ្វី​មួយ​ដែល​អ្នក​ធ្វើ មាន​កម្ម​នៅ​ជាប់​ជា​មួយ​នោះ ។ ចេតនា​ជា​ចេតសិក​មួយ ក្នុង​ចំណោម​ចេតសិក​៥២​ ដែល​កើត​ឡើង​និង​រលត់​ទៅ​ជា​មួយ​នឹង​ចិត្ត​ ។ បើ​អ្នក​ពុំ​សូវ​ដឹង​អំពី​ពាក្យ​ថា​កម្ម សេចក្តី​អធិប្បាយ​អំ​ពី “ ច្បាប់នៃកម្ម “ នេះ ជា​ជំនួយ​សំខាន់​មួយ​សំ​រាប់​អ្នក​អាន ។​

ជន​ទាំង​ឡាយ​មួយ​ចំនួន​ដែល​មិន​មែន​ជា អ្នក​កាន់​ព្រះ​ពុទ្ធសាសនា បាន​ត្រូវ​ទាក់​ទាញ​ដោយ​សារ​តែ​ទ្រឹស្តី​នៃ​កម្ម ឲ្យ​ចូល​មក​ក្នុង​ព្រះ​ពុទ្ធសាសនា ព្រោះ​ថា​សេចក្តី​ពន្យល់​អំពី​ច្បាប់​នៃ​កម្ម ណែ​នាំ​ឲ្យ​ដឹង​អំពី​ហេតុ ដែល​ឲ្យ​បុគ្គល​ម្នាក់​ៗ​មាន​សភាព​ខុស​ៗ​គ្នា និង​ហេតុ​ដែល​បណ្តាល​ឲ្យ​បុគ្គល​ម្នាក់​ៗ​មាន​ទុក្ខ​ផ្សេង​ៗ​គ្នា​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ ។ ជន​ជាតិ​អ៊ីតាលី​ម្នាក់ បាន​ពិចារណា​យ៉ាង​ច្រើន​រក​ហេតុ​ផល នៃ​ភាព​មិន​ស្មើគ្នា​នៃ​មនុស្ស​ម្នាក់​ៗ អ្នក​ខ្លះ​មាន​ជម្ងឺ​ច្រើន អ្នក​ខ្លះ​មាន​សុខ​ភាព​ល្អ អ្នក​ខ្លះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន អ្នក​ខ្លះ​ក្រី​ក្រ​តោក​យ៉ាក អ្នក​ខ្លះ​រូប​ល្អ អ្នក​ខ្លះ​រូប​អា​ក្រក់ អ្នក​ខ្លះ​ឆ្លាត អ្នក​ខ្លះ​ល្ងង់ ។ល។ តើ​ហេតុ​អ្វី​ហ្ន៎ បាន​ជា​មនុស្ស​មាន​វាសនា​ខុស​គ្នា​យ៉ាង​នេះ?

គាត់​បាន​សាក​សួរ​រក​ចម្លើយ​នេះ ពី​មនុស្ស​ជា​ច្រើន ប៉ុន្តែ​គាត់​ពុំ​បាន​ទទួល​ចម្លើយ​ណា​មួយ​ឲ្យ​ពេញ​ចិត្ត​គាត់​ឡើយ ។ ថ្ងៃ​មួយ គាត់​បាន​អាន​សៀវ​ភៅ​អំពី​សាសនា​ព្រះ​ពុទ្ធ ត្រង់​កន្លែង​ដែល​ពន្យល់​អំពី “ ច្បាប់នៃកម្ម “ គាត់​មាន​ការ​ពេញ​ចិត្ត​ជឿ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​យ៉ាង​ខ្លាំង ក៏​សម្រេច​ចិត្ត​រៀន​ព្រះ​ធម៌ បាន​ចេះ​ដឹង​ច្រើន​ហើយ​ក៏​បួស​ជា​ភិក្ខុ​រហូត​ដល់​អស់​អាយុ​សង្ខារ​ទៅ ​។ ភិក្ខុ​អង្គ​នេះ​បាន​ត្រូវ​ទ្រឹស្តី “ ច្បាប់​នៃ​កម្ម “ទាក់​ទាញ​ឲ្យ​ចូល​សាង​ផ្នួស​ ក្នុ​ង​សំណាក់​សាសនា​ព្រះ​ពុទ្ធ​ហើយ​ប្រព្រឹត្ត​នូវ​ព្រហ្មច​រិយ​ធម៌ ជា​ការ​ប្រពៃ​ណាស់​ចំពោះ​ព្រះ​អង្គ ​។

កម្ម​មិន​មែន​ជា​ច្បាប់​តុលាការ​ទេ បើ​ជន​ណា​ម្នាក់ យក​កម្ម​ជា​ច្បាប់​សម្រាប់​វិនិច្ឆ័យ​ទោស នោះ​ត្រូវ​តែ​មាន​អាទិ​ទេព​ណា​មួយ​អង្គុយ​ពី​លើ ចាំ​កាត់​ទោស​សត្វ​លោក ។ គ្មាន​ច្បាប់​តុលាកា​រ​ទេ ក៏​គ្មាន​អ្នក​កាត់​ក្តី​ចំពោះ​ក​ម្ម​ដែល​មនុស្ស​ធ្វើ​ដែរ ។ កម្ម​គ្រាន់​តែ​ជា​ហេតុ អ្នក​បង្កើត​នូវ​​ហេតុ នឹង​ត្រូវ​ទទួល​ផល​តាម​ហេតុ​នោះ​ៗ ។ មិន​មាន​អ្នក​ដាក់​ទោស​ពិន័យ ក៏​មិន​មាន​អ្នក​ឲ្យ​រង្វាន់​​ដែរ ។ សត្វ​លោក​ដែល​ទទួល​ផល​ល្អ​ឬ​អាក្រក់​ក្នុង​ជីវិត​នោះ ក៏​ព្រោះ​តែ​មាន​កម្ម​ជា​ហេតុ​ប៉ុណ្ណោះ គ្មាន​ទាក់​ទង​នឹង​អ្វី​ផ្សេង​ទៀត​ទេ ។ គឺ​ជា​ច្បាប់​ធម្មជាតិ! ។ អ្នក​ធ្វើ​អំពើ​ដោយ​ចេតនា​អាក្រក់ នឹងទទួល​ផល​អាក្រក់ អ្នក​ធ្វើ​អំពើ​ដោយ​ចេតនា​ល្អ នឹង​ទទួល​ផល​ល្អ ។ មនុស្ស​ម្នាក់​ៗ​តែង​ធ្វើ​នូវ​កម្ម​ដែល​ជា​កុសល​ផង ជា​អកុសល​ផង បើ​ដូច្នេះ​តើ​ពេល​ណា ជាតិ​ណា ផល​នៃ​កម្ម​ណា គេ​នឹង​ត្រូវ​ទទួល​? បើ​គ្មាន​អ្នក​កាត់ក្តី​ឲ្យ​ទោស​ឬ​រង្វាន់​ទេ​នោះ តើ​អ្វី​ជា​អ្នក​ចាត់​ចែង​ឲ្យ​សត្វ​លោក​ទទួល​ផល​នៃ​កម្ម​របស់​ខ្លួន​? ភាព​មិន​ស្មើ​គ្នា​រវាង​បុគ្គល​ម្នាក់​ៗ កើត​ឡើង​ដោយ​សារ​មាន កម្ម​អ្នក​ចាត់​ចែង ឯ​ពាក្យ​ថា​កម្ម​នោះ​គឺ មិន​មាន​រូប​រាង តួ​អង្គ​ជា​អ្វី​មួយ​ទេ ប៉ុន្តែ​មាន​កម្លាំង​ឫទ្ធី​អា​នុភាព​បណ្តាល​ឲ្យ​សត្វ​លោក​កើត ស្លាប់ បាន​សុខ ទុក្ខ ល្អ អាក្រក់ ។ បុគ្គល​ម្នាក់​ៗ​ធ្វើ​នូវ​កម្ម​ជា​និច្ច​រាល់​ថ្ងៃ ហើយ​ជា​ម្ចាស់​នៃ​កម្ម​ទាំង​នោះ តែង​ទទួល​ផល​នៃ​កម្ម​របស់​ខ្លួន​ក្នុង​ជាតិ​នេះ និង​ជាតិ​ជា​បន្ត​បន្ទាប់​តទៅ មិន​អាច​ចែក​រំលែក​កម្ម​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ ហើយ​ក៏​មិន​អាច​ទទួលផល​នៃ​កម្ម​ដែល​អ្នក​ផ្សេង​បាន​ធ្វើ​ដែរ ។ ដោយ​សង្ខេប​ឲ្យ​ខ្លី នរណា​ធ្វើ​កម្ម​ដោយ​ចេតនា អ្នក​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អ្នក​ទទួល​ផល ។

នៅ​ពេល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​គង់​ព្រះជន្ម​នៅ​ឡើយ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តោ​ទេយ្យៈ​គាត់​ជា​មនុស្ស​រិះ​កំណាញ់​យ៉ាង​ខ្លាំង មិន​ដែល​ធ្វើ​ទាន​ឲ្យ​វត្ថុ​អ្វី​ទៅ​អ្នក​ណា​ម្នាក់​សោះ​ឡើយ គាត់​សន្សំ​ទ្រព្យ​សម្បត្តិ​បាន​យ៉ាង​ច្រើន ហើយ​ក្លាយ​ជា​សេដ្នី​ដ៏​ស្តុក​ស្តម្ភ​ម្នាក់ ។ ដោយ​ហេតុ​គាត់​ជាប់​ជំ​ពាក់​នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់​យ៉ាង​ខ្លាំង ពេល​គាត់​ស្លាប់​ទៅ ក៏​កើត​ជា​សត្វ​ឆ្កែ​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ។ កូន​ប្រុស​របស់​គាត់​ឈ្មោះ​សុភៈ​ដែល​ទទួល​មត៌ក​អំពី​គាត់ ស្រឡាញ់​ពេញ​ចិត្ត​នឹង​សត្វ​ឆ្កែ​​នេះ​ណាស់ តែ​មិន​ដឹង​ថា​ជា​ឳពុក​របស់​ខ្លួន​ឡើយ ។ ថ្ងៃ​មួយ ព្រះ​ពុទ្ធ​យាង​ទៅ​កាន់​ផ្ទះ​សេដ្នី​សុភៈ ពេល​នោះ​ឆ្កែ​តោទេយ្យៈ​ក៏​ព្រុស​ព្រះ​អង្គ ។ ព្រះ​ពុទ្ធ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​សត្វ​ឆ្កែ​ថា​“ ម្នាល​តោ​ទេយ្យៈ! ពេល​ដែល​អ្នក​រស់​នៅ​ជា​មនុស្ស អ្នក​តែង​តែ​មិន​គោរព​គេ ឥឡូវ​នេះ​អ្នក​គ្មាន​ការ​គួរ​សម​ទៀត​ហើយ​ដោយ​អ្នក​ព្រុស​តថាគត ។ អ្នក​នឹង​ទៅ​កើត​ក្នុង​ស្ថាន​នរក​មិន​ខាន​ឡើយ “។ ឆ្កែ​បាន​ឮ​ដូច្នោះ ក៏​គិត​ថា “ អូ! ព្រះ​សមណគោត​ម​នេះ​ស្គាល់​អញ​ផង​តើ “ ។ ឆ្កែ​តោទេយ្យៈ​នឹក​អន់​ចិត្ត​យ៉ាង​ខ្លាំង ក៏​ដើរ​ទៅ​ដេក​ននៀល​ក្នុង​ភ្នក់​ផេះ ។ សេដ្នី​សុភៈ​ស្រឡាញ់​ឆ្កែ​ណាស់ មាន​កន្លែង​ដ៏​ស្អាត​ល្អ​ប្រណិត​សម្រាប់​ឆ្កែ​ដេក កាល​បើ​ឃើញ​ឆ្កែ​ទៅ​ដេក​ក្នុង​ភ្នក់​ផេះ ក៏​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។ អ្នក​បំរើ​ប្រាប់​សុភៈ​ថា ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​អ្វី​មួយ​ទៅ​កាន់​ឆ្កែ ធ្វើ​ឲ្យ​ឆ្កែ​ខឹង​ហើយ​ក៏​ទៅ​ដេក​ក្នុង​ផេះ​ទៅ ។ សុភៈ​ក៏​ចូល​ទៅ​ទូល​សួរ​ព្រះ​ពុទ្ធ ព្រះពុទ្ធ​ក៏​ប្រាប់​តាម​ដំណើរ​រឿង ។

សុភៈ​គិត​ក្នុង​ចិត្ត​ថា បើ​តាម​គម្ពីរ​ព្រាហ្មណ៍ ឳពុក​របស់​អញ​គួរ​តែ​ទៅ​កើត​ឯ​ស្ថាន​សួគ៌ ប៉ុន្តែ​ព្រះ​គោតម​បែរ​ជា​ប្រាប់​អញ​ថា​គាត់​បាន​កើត​ជា​សត្វ​ឆ្កែ​ទៅ​វិញ ព្រះ​គោតម​នេះ​ពិត​ជា​មាន​បន្ទូល​មិន​ប្រុង​ប្រយ័ត្ន ។ ដោយ​ទ្រង់​ជ្រាប​ថា សុភៈ​មិន​យល់​ស្រប​តាម​បន្ទូល​ព្រះ​អង្គ ព្រះពុទ្ធ​ក៏​សួរ​សុភៈ ថា “ បពិត្រ​លោក​សេដ្នី ក្រោយ​ពេល​ឳពុក​លោក​ស្លាប់​ទៅ តើ​មាន​បាត់​មាស​ប្រាក់ ​ទ្រព្យ​សម្បត្តិ​ដែរ​ឬ​ទេ “? សេដ្នី​សុភៈ​ឆ្លើយ​ថា “ មាន​បាត់​មាស​ប្រាក់​ជា​ច្រើន មិន​ដឹង​បាត់​ទៅ​ឯ​ណា “ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា “ សូម​លោក​សេដ្នី ​ចាំ​ដល់​យប់​ជ្រៅ​សិន​ទើប​ដាក់​អាហារ​ឲ្យ​ឆ្កែ លុះ​ឆ្កែ​ស៊ី​រួច​ហើយ សូម​សួរ​ឆ្កែ​អំពី​មាស​ប្រាក់​ដែល​បាត់​នោះ “ ។ សេដ្នីសុភៈ​ដោយ​ចង់​រក​មាស​ប្រាក់​ដែល​បាត់​នោះ​ក៏​សុខ​ចិត្ត​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​ពុទ្ធ ។ ឆ្កែ​ក៏​នាំ​សុភៈ​ទៅ​បង្ហាញ​កន្លែង​ដែល​គាត់​(តោទេយ្យៈ) បាន​លាក់​ទុក​មាស​ប្រាក់ កាល​ពី​មុន​ពេល​គាត់​ស្លាប់ ។សេដ្នីសុ​ភៈ​ក៏​បាន​រក​ឃើញ​មាស​ប្រាក់​ទាំង​នោះ​វិញ រួច​ក៏​ចូល​ទៅ​ក្រាប​ទូល​សួរ​ព្រះ​ពុទ្ធ អំពី​ហេតុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ខុស​ៗ​គ្នា ខ្លះ​មាន​ ខ្លះ​ក្រ ខ្លះ​ឆ្លាត ខ្លះ​ល្ងង់ ខ្លះ​រូប​ល្អ ខ្លះ​រូប​អាក្រក់ ខ្លះ​ពិកា ខ្លះ​កើត​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ ខ្លះ​កើត​ក្នុង​ត្រកូល​អ្នក​ស្រែ​ចំការ​ក្រី​ក្រ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា “ ម្នាល​លោក​សេដ្នី​! បុគ្គល​ម្នាក់​ៗ​ជា​ម្ចាស់​របស់​កម្ម ជា​អ្នក​ទទួល​មត៌ក​នៃ​កម្ម មាន​កម្ម​ជា​ឳពុក​ម្តាយ មាន​កម្ម​ជា​ញាតិ មាន​កម្មជា​ទី​ជំ​រក គឺ​កម្ម​នេះ​ហើយ​ដែល​ចែក​សត្វ​លោក​ឲ្យ​ខុស​ៗ​គ្នា “។ ដោយ​សុភៈ​មិន​យល់​អំពី​ព្រះ​បន្ទូល ព្រះ​ពុទ្ធ​ក៏​ទ្រង់​សំដែង​អំពី​ច្បាប់​នៃ​កម្ម ឲ្យ​សុភៈ​បាន​យល់​ច្បាស់ មាន​សេច​ក្តី​បរិយាយ​ដូច​ត​ទៅ​នេះ៖

កម្ម​បាន​ត្រូវ​ចាត់​តាម​លំដាប់​នៃ​មុខងារ ទម្ងន់​របស់​វា កន្លែង​ដែល​វា​ត្រូវ​កើត ​។
ក) មុខ​ងារ​នៃ​កម្ម – មុខ​ងារ​របស់កម្ម មាន​៤​យ៉ាង​គឺៈ
១- ជនកកម្ម កម្ម​ដែល​ឲ្យ​ផល ឲ្យ​សត្វ​បដិសន្ធិ
២- ឧបត្ថម្ភក​កម្ម កម្ម​ដែល​ជា​ជំនួយ ដែល​គាំ​ទ្រ
៣- ឧបបីឡកម្ម កម្ម​ដែល​រា​រាំង បៀត​បៀន​ដល់​កម្ម​ដទៃ
៤- ឧបឃាដកកម្ម កម្ម​ដែល​កំចាត់​បង់​កម្ម​ដទៃ ហើយ​ឲ្យ​ផល​ខ្លួន​ឯង​

ជន​កកម្ម ​នោះ​​គឺ កម្ម​ដែល​បណ្តាល​ឲ្យ​ម្ចាស់​នៃ​កម្ម​នោះ ទទួល​សោយ​ផល ទោះ​ល្អ​ក្តី អា​ក្រក់​ក្តី មិន​អាច​ជៀស​ផុត​ពី​ផល​របស់​វា​បាន​ឡើយ ។ ឧបត្ថម្ភកកម្ម គឺ​កម្ម​ដែល​ជួយ​ទ្រទ្រង់​ដល់​កម្ម​ដទៃ​ទៀត ឲ្យ​ម្ចាស់​កម្ម​សោយ​ផល​នៃ​កម្ម​ដទៃ​នោះ មិន​ឲ្យ​ផល​ដោយ​ខ្លួន​វា​ទេ ។ ឧបបីឡកម្ម គឺ​កម្ម​ដែល​ទប់​មិន​ឲ្យ​កម្ម​ដទៃ​ទៀត ផ្តល់​ផល​ឲ្យ​ទៅ​ម្ចាស់​កម្ម ជា​បណ្តោះ​អាសន្ន កម្ម​ដទៃ​នោះ​មិន​សាប​សូន្យ​ទៅ​ណា​ទេ អាច​ឲ្យ​ផល​ទៅ​ថ្ងៃ​ក្រោយ​បាន កាល​ណា​កម្ម​ដែល​រា​រាំង​នោះ​រលត់​ទៅ ។ ឧបឃាដកកម្ម គឺ​កម្ម​ដែល​បំផ្លាញ​កម្ម​ដទៃ​ឲ្យ​វិនាស កុំ​ឲ្យ​មាន​ត​ទៅ​ទៀត ហើយ​ឲ្យ​ផល​ដោយ​ខ្លួន​ឯង ។

ខ) ទម្ងន់​របស់​កម្ម – ការ​ចាត់​កម្ម​ទៅ​តាម​ទម្ងន់​របស់​វា មាន​៤បែប​គឺៈ
១- អនន្តរិយកម្ម កម្ម​ធ្ងន់​ផ្នែក​អកុសល ឬ​គរុ​កម្ម កម្ម​ខ្លាំង​ក្លា​ផ្នែក​កុសល
២- អាសន្នកម្ម កម្ម​ទាន់​ហន់ ក្នុង​ពេល​រៀប​ស្លាប់
៣- អាចិណ្ណកម្ម កម្ម​ទម្លាប់ កម្ម​ស្រាល
៤- កតត្តាវាបនកម្ម កម្ម​ដែល​ឲ្យ​ផល​ចុង​ក្រោយ

អនន្តរិយកម្ម គឺ​កម្ម​ដែល​មាន​ទម្ងន់​ធ្ងន់​មិន​អាច​មាន​កម្ម​ដទៃ​ណា​មក​រា​រាំង ឬ​កំចាត់​បាន សោះ​ឡើយ ម្ចាស់​កម្ម​នេះ​ត្រូវ​តែ​ទទួល​ផល​ក្នុង​ជា​ដាច់​ខាត ។ កម្ម​ធ្ងន់​នេះ​មាន​ការ​សម្លាប់​ឳពុក​ម្តាយ ការ​ធ្វើ​ឲ្យ​ឈាម​ព្រះពុទ្ធ​ហូរ​ចេញ ការ​សម្លាប់​ព្រះ​អរហន្ត ការ​រំលោភ​លើ​ភិក្ខុនី ការ​បំ​បែក​សង្ឃ ខាង​ផ្នែក​អកុសល ។ គរុកម្ម​ខាង​ផ្នែក​កុសល​វិញ មាន​ការ​បូជា ធ្វើ​កុសលកម្ម​ផ្ទាល់ នឹង​ព្រះ​ពុទ្ធ​អង្គ ការ​សម្រេច​ឈាន​សមាបត្តិ ។ អាសន្នកម្ម គឺ​កម្ម​ដែល​ធ្វើ នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​បង្អស់​នៃ​ជីវិត ពេល​រៀប​ស្លាប់ គឺ​អារម្មណ៍​នៃ​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ ហើយ​កម្ម​នោះ​ក៏​មក​ប្រា​កដ​ក្នុង​ជវន​ចិត្ត មុន​ពេល​ចុតិ ។ អាចិណ្ណកម្ម គឺ​កម្ម​ដែល​ខ្លួន​ធ្លាប់​តែ​ធ្វើ​រឿយ​ៗ មាន​ការ​រក្សា​សីល ការ​ចំរើន​ភាវនាសំអាត​កាយ​វាចា​ចិត្ត ជា​ដើម​ខាង​ផ្នែក​កុសល ឬ​ការ​ប្រព្រឹត្ត​ខុស​នឹង​សីល មាន​ការ​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ផឹក​ទឹក​ស្រវឹង ជា​ដើម​ខាង​ផ្នែក​អកុសល ។ កតត្តាវាបនកម្ម ឬ​កម្ម​ក្រោយ​គេ គឺ​កម្ម​ដែល​រង់​ចាំ​ឲ្យ​កម្ម​ដទៃ​ទៀត ឲ្យ​ផល​អស់​ជា​មុន​សិន ទើប​កម្ម​នេះឲ្យ​ផល​ជា​ចុង​ក្រោយ​បង្អស់ ។ គឺ​កម្ម​ដែល​ព្រះ​អរហន្ត​ទទួល​ផល​មុន​និព្វាន ។

កាល​ណា​មាន​កម្ម​ធ្ងន់​ជា​មួយ​នឹង​កម្ម​ទាន់​ហន់ កម្ម​ធ្ងន់​នឹង​ឲ្យ​ផល​ភ្លាម​ក្រោយ​ពេល​ស្លាប់ ។ បើ​កម្ម​ទាន់ហន់​និង​កម្ម​ទម្លាប់​មាន​ជា​មួយ​គ្នា កម្ម​ទាន់ហន់​នឹង​ឲ្យ​ផល ។ បើ​កម្ម​ទម្លាប់ និង​កម្ម​ចុង​ក្រោយ​មាន​ជា​មួយ​គ្នា កម្ម​ទម្លាប់​នឹង​ឲ្យ​ផល ។

កម្ម​ទាន់​ហន់​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ជា​កម្ម​នៅ​ពេល​រៀប​នឹង​ស្លាប់ ដែល​ឲ្យ​ផល​ ភ្លាម ឲ្យ​សត្វ​កើត​ជា​អ្វី នៅ​ភព​ណា បន្ទាប់​ពី​អស់​អាយុ​សង្ខារ​ទៅ ឯ​កម្ម​ដទៃទៀត​ដែល​បុគ្គល​ដែល​ស្លាប់​នោះ​បាន​ធ្វើ​ពី​មុន នៅ​មិន​ទាន់​ឲ្យ​ផល​នៅ​ឡើយ ។ ទោះ​បី​គេ​ធ្វើ​កុសលកម្ម​ច្រើន​មក​ពី​មុន​ក៏​ដោយ បើ​ពេល​រៀប​ស្លាប់ គេ​កំពុង​ធ្វើ​អកុសលកម្ម អកុសលកម្ម​នោះ​នឹង​ឲ្យ​ផល​អាក្រក់​ឲ្យ​បុគ្គល​នោះ​ទៅ​កើត​ក្នុង​ភព​ដ៏​ថោក​ទាប មាន​នរក​ប្រេត​អសុរ​កាយ​តិរច្ឆាន​ជា​ដើម ។ ឬ​បើ​នៅ​ពេល​រៀប​ស្លាប់ គេ​កំពុង​តែ​ធ្វើ​កុសលកម្ម មាន​ការ​ចំរើន​សមាធិ​ជា​ដើម កុសលកម្ម​នោះ​នឹង​ឲ្យ​ផល​ទៅ​កើត​ក្នុង​សុគតិ​ភព គឺ​ភព​ដែល​គេ​គួរ​នឹង​កើត ជា​មនុស្ស ទេវតា​ឬ​ព្រហ្ម ។

គ) ពេលវេលានិងទីកន្លែង – កម្មអាចឲ្យផលទៅតាមពេលនិងកន្លែង៣គឺៈ
១- ទិដ្ឋ​ធម្មវេទនិយ​កម្ម បច្ចុប្បន្ន​ជាតិ ក្នុង​កន្លែង​ដែល​កំពុង​រស់​នៅ
២- ឧប​បជ្ជវេទនិយ​កម្ម ជាតិ​បន្ទាប់ នៅ​កន្លែង​ដែល​កើត​ជា​ថ្មី
៣- អបរាបរិយ​វេទ​និយ​កម្ម ជាតិ​ក្រោយ​ៗ​បន្ត​អំពី​ជាតិ​បន្ទាប់ នៅ​កន្លែង​ដែល​មាន កំណើត​ថ្មី
៤- អ​ហោសិ​កម្ម កម្ម​ដែល​មិន​មាន​ឱកាស​ឲ្យ​ផល ។

ពាក្យ​ថា កម្ម​ដែល​បុគ្គល​បាន​ធ្វើ​ពី​មុន ឲ្យ​ផល​ល្អ​ឬ​អាក្រក់ គ្រាន់​តែ​ជា​ការ​ពោល​ដោយ​ខ្លី ជា​សេចក្តី​សង្ខេប ។ ពាក្យ​ពោល​យ៉ាង​នេះ​អាច​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា កម្ម​ទាំង​នោះ​តាម​ម្ចាស់​របស់​វា​រហូត​ពី​ជាតិ​មួយ ទៅ​ជាតិ​មួយ​ដើម្បី​ឲ្យ​ផល ។ មិន​មែន​ដូច្នោះ​ទេ ។ ធម៌​ទាំង​អស់​ជា​ធម្មជាតិ​មិន​ទៀង គឺ​កើត​ហើយ​រលត់​សូន្យ​ទៅ​វិញ ឯ​កម្ម​ក៏​ជា​ធម៌ កើត​ហើយ​រលត់​ដូច​គ្នា ។​ប៉ុន្តែ​កម្ម​បាន​បង្កើត​នូវ​ឥទ្ធិពល​មួយ ឲ្យ​ម្ចាស់​របស់​វា ។ ឥទ្ធិពល​នេះ​គ្មាន​រូប​រាង​ខ្លួន​ប្រាណ​ទេ វា​តាម​ម្ចាស់​របស់​វា​រហូត​ក្នុង​ត្រៃ​ភព លើក​លែង​តែ​ព្រះ​និព្វាន ។ ឥទ្ធិពល​នៃ​កម្ម​នេះ មាន​ឫទ្ធិ​ឲ្យ​ផល​ល្អ​ឬ​អា​ក្រក់​កើត​ឡើង​បាន ដល់​ម្ចាស់​របស់​វា កាល​ណា​មាន​បច្ច័យ​គ្រប់​គ្រាន់ ដែល​ជា គ្រឿង​ទ្រ​ទ្រង់​ជួយ​ឧបត្ថម្ភ ។ ដើម្បី​ជា​ការ​ពន្យល់ មាន​សេចក្តី​ឧបមា​មួយ​ក្នុង​តម្រា​ជំនាន់​ចាស់​ថា វត្ថុ៣​យ៉ាង​គឺ​ស្មៅ​ក្រៀម​១ កែវ​ពង្រីក​១ និង​ពន្លឺ​ព្រះ​អាទិត្យ​១ ។ នៅ​ពេល​ដែល​ពន្លឺ​ព្រះ​អា​ទិត្យ​ចាំង​ទម្លុះ​កែវ​ទៅ​ចំ​ស្មៅ​ក្រៀម ក៏​បង្កើត​ឲ្យ​មាន​ភ្លើង​ឆេះ​ស្មៅ​នោះ​ទៅ ។ ភ្លើង​គ្មាន​នៅ​ក្នុង ស្មៅ​ក្រៀម គ្មាន​នៅ​ក្នុង​កែវ គ្មាន​នៅ​ក្នុង​ពន្លឺ​ព្រះ​អាទិត្យ​ទេ ។ កែវ​ពង្រីក ពន្លឺ​ព្រះ​អាទិត្យ និង ស្មៅ​ក្រៀម កាល​បើ​ជួប​គ្នា អាច​ឲ្យ​ភ្លើង​កើត​ឡើង​បាន ។ ផល​នៃ​កម្ម​ក៏​ដូច្នោះ​ដែរ កាល​ណា មាន​ហេតុ​បច្ច័យ​គ្រប់​គ្រាន់ ផល​នៃ​កម្ម​ក៏​កើត​ឡើង ។ បើ​គ្មាន​ហេតុ​បច្ច័យ​គ្រប់​គ្រាន់​ទេ ផល​នៃ​កម្ម​ក៏​មិន​កើត​ឡើង​ដែរ ពិត​មែន​តែ​មាន​ឥទ្ធិ​ពល​នៃ​កម្ម​ក៏​ដោយ ។ ឧបមា​ម៉្យាង​ទៀត​ដូច​ជា​គ្រាប់​ស្វាយ កាល​ណា​មាន​ដី មាន​ទឹក មាន​ពន្លឺ​ថ្ងៃ គ្រាប់​ស្វាយ​នោះ​នឹង​ដុះ​ឡើង ។ គ្រាប់​ស្វាយ​ទុក​ដូច​ជា​ឥទ្ធិ​ពល​នៃ​កម្ម វា​រង់​ចាំ​តែ​ឱកាស​នឹង​ដុះ​ឡើង​កាល​ណា​មាន​ដី​ទឹក​និង​ពន្លឺ​ថ្ងៃ ។ សេចក្តី​ពន្យល់​នេះ​ត្រឹម​ត្រូវ​ចំពោះ​តែ កម្ម​ដែល​ឲ្យ​ផល (មុខ​ងារ​នៃ​កម្ម​ខាង​លើ) ប៉ុណ្ណោះ ។

ប៉ុន្តែ​ចំពោះ​កម្ម​ធ្ងន់ និង​កម្ម​ទាន់​ហន់ ផល​របស់​វា​មាន​កម្លាំង​គ្រប់​គ្រាន់ កើត​ឡើង​ឥត​រង់ ចាំ​អ្វី​ជួយ​ឧបត្ថម្ភ​ទេ គឺ​វា​កើត​ឡើង​ដោយ​ខ្លួន​ឯង មិន​ពន្យា​ពេល​វេលា​ឲ្យ​យឺត​យូរ​ឡើយ ។ អហោសិកម្ម គឺ​កម្ម​ដែល​ឥទ្ធិ​ពល​របស់​វា សាប​សូន្យ​ទៅ ដោយ​ម្ចាស់​របស់​បាន​សម្រេច​មគ្គ​ផល ក្នុង​លោកុត្តរ​សមាធិ ដូច​ព្រះ​អង្គុលី​មាល​ត្ថេរ កម្ម​ដែល​ព្រះ​អង្គ​សម្លាប់​មនុស្ស​ពី​ពេល​មុន មិន​ឲ្យ​ផល​ដល់​ព្រះ​អង្គ​ទេ ជា​អហោសិកម្ម ព្រោះ​ព្រះ​អង្គ​បាន សម្រេច​អរហត្ត​ផល មុន​ពេល​ឬ​រំលាយ​ខន្ធ ។ ក្រៅ​ពី​អហោសិកម្ម ឥទ្ធិពល​នៃ​កម្ម​ដទៃ​ទៀត នៅ​តែ​អាច​ឲ្យ​ផល ក្នុ​ង​ជាតិ​ណា​មួយ ដរាប​ណា​នៅ​មាន​ការ​កើត​និង​ស្លាប់ ត​ទៅ​ទៀត ។ ព្រោះ​ហេតុ​ដូច្នេះ​ហើយ បាន​ជា​សត្វ​តិរច្ឆាន​អាច​ទទួល​ផល​ឲ្យ​កើត​ជា​មនុស្ស​បាន កាល​ណា​វា​ធ្លាប់​បាន ធ្វើ​កុសល​កម្ម​ពី​ជាតិ​មុន​ៗ មុន​ពេល ដែល​វា​កើត​ជា សត្វតិរច្ឆាន​នោះ ​។

ទីកន្លែងដែលសត្វលោកទៅកើត ក៏ទៅតាមឥទ្ធិពលនៃកម្មដែរ ។ ឥទ្ធិពលរបស់កម្មជា​អកុសល​តាម​ធ្ងន់​ឬ​ស្រាល ឲ្យ​សត្វ​ទៅ​កើត​ក្នុង​អបាយ​ភូមិ មាន​នរក​ ប្រេត អសុរកាយ តិរច្ឆាន​បើ​បាន​កើត​ជា​មនុស្ស ក៏​មនុស្ស​នោះ​រង​ទុក្ខ​ទោស វេទនា​យ៉ាង​ខ្លាំង ។ ឥទ្ធិ​ពល​នៃ​កម្មជា​កុសល​​វិញ​អាច​ឲ្យ​សត្វ​ទៅ​កើត​ ក្នុង​សុគតិ​សួគ៌ ឬ​ព្រហ្ម​លោក តាម​កម្លាំង​នៃ​កុសលកម្ម​នោះ ។ បើបាន​​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​មាន​ភព្វ​វាសនា​ល្អ ទ្រព្យ​សម្បត្តិ​ច្រើន ។ ព្រះ​និព្វាន មិន​មាន កម្មជា​បច្ច័យ​ទេ ព្រោះ​កម្មជា​ធម៌​របស់ ត្រៃ​លោក​តែ​ប៉ុណ្ណោះ ។

រូប​កាយ​របស់​បុគ្គល​ម្នាក់​ៗ ដែល​ជា​ផល​នៃ​កម្ម ចែក​ចេញ​ជា​នាម (ចិត្ត​និង​ចេតសិក) និង​រូប កើត​ឡើយ​ដោយ​ធម៌៥​យ៉ាង​គឺ អវិជ្ជា​១ តណ្ហា១​ ឧបាទាន១ កម្ម១ អាហារ១ ។ ហេតុ​ដើម​គឺ​អវិជ្ជា សេចក្តី​មិន​ដឹង​មិន​យល់ ដែល​ជា​បច្ច័យ​ឲ្យ​សង្ខារ​កើត​ឡើង ។ សង្ខារ​នេះ​គឺកម្ម​សង្ខារ ដែល​ជា​បច្ច័យ​ឲ្យ​វិញ្ញាណ (បដិសន្ធិចិត្ត)កើត​ឡើង ។ កាល​បើ​មាន​វិញ្ញាណ​ហើយ សត្វ​ក៏​កើត​ឡើង​មាន​នាម​និង​រូប ហើយ​សោយ​ផល​នៃ​កម្ម ជា​បន្ត​ទៅ​ទៀត ។

យើង​ម្នាក់​ៗ​បាន​ឆ្លង​កាត់ ការ​កើត​ស្លាប់​ៗ ក្នុង​ត្រៃ​ភព រាប់​កប្ប រាប់​អសង្ខ័យ្យ ជា​ច្រើន​រាប់​​មិន​អស់ យើង​តែង​ធ្វើ​នូវ​កម្មជា​និច្ច គ្រប់​ពេល​វេ​លាដែល​រស់​នៅ ហើយ​ក៏​បាន​សោយ​ផល​នៃ​កម្ម​បន្ត​បន្ទាប់​គ្នា​ជាប់​ជា​និច្ច​ដែរ ។ ផល​នៃ​កម្ម​មួយ​រលត់​ទៅ ផល​នៃ​កម្ម​មួយ​ទៀត​មក​បន្ត​ពេល​សោយ​ផល​នៃ​កម្ម​និមួយ​ៗ យើង​តែង​ប្រតិកម្ម​ចំពោះ ការ​សោយ​ផល​នោះ បើ​វា​ជា​ទី​ពេញ​ចិត្ត យើង​ប្រតិកម្ម​ដោយ​លោភៈ​និង​មោហៈ បើ​វា​ជា​ទី​ស្អប់​ខ្ពើម យើង​ប្រតិកម្ម​ដោយ​ទោសៈ​និង ​មោហៈ ។ យើង​ក៏​បង្កើត​នូវ​កម្ម​ថ្មី​ៗ ដែល​នឹង​ឲ្យ​ផល ក្នុង​ពេល​អនាគត​ត​ទៅ​ទៀត ម្ល៉ោះ​ហើយ​កំណើត​របស់​យើង​តែង​តែ​អន្ទោល ក្នុង​ភព​ទាំង​៣ ជួន​កាល​កើត​ក្នុង​អបាយ​ភូមិ ជួន​កាល​កើត​ជា​មនុស្ស ជួន​កាល​កើត​ជា​ទេវតា ជួន​កាល​កើត​ជា​ព្រហ្ម ក៏​ព្រោះ​តែ​មាន​កម្ម​ជា​ហេតុ ។ យើង​ពុំ​ដឹង​ថា កម្ម​អាក្រក់​ណា​ខ្លះ ដែល​យើង​បាន​ធ្វើ​ពី​ពេល​មុន ហើយ​កំពុង​រង់​ចាំ​ឲ្យ​ផល ជា​ការ​ភ័យ​ខ្លាច​របស់​យើង​គ្រប់​គ្នា អ្នក​ខ្លះ​ស្វែង​រក​ការ​ពារ កុំ​ឲ្យ​ឧប្ប​ទ្រព​ចង្រៃ កើត​មាន​ដល់​ខ្លួន​គេ ដោយ​ជំនឿ​សាសនា ឬ​ការ​បន់​ស្រន់​អាទិទេព ។ ប៉ុន្តែ​បើ​យើង​យល់​ច្បាប់​នៃ​កម្ម យើង​នឹង​ដឹង​ថា​នរ​ណា​ជា​ម្ចាស់​នៃ​កម្ម អ្នក​នោះ​ជា​អ្នក​ទទួល​ផល​ កាល​ណា​ឱកាស តម្រូវ​កម្ម​នោះ​ឲ្យ​ផល គ្មាន​អំណាច​ណា​ផ្សេង​ក្រៅ​អំ​ពី​ម្ចាស់​កម្ម អាច​បញ្ជៀសព​ង្វាង​កម្ម កុំ​ឲ្យ​វា​ឲ្យ​ផល​បាន​ឡើយ ។ ចុះ​ម្ចាស់​កម្ម​ធ្វើ​យ៉ាង​ណា ទើប​អាច​បញ្ជៀស​ផល​កម្ម​បាន? នោះ​អាស្រ័យ​លើ​ទម្ងន់​នៃ​កម្ម​ជា​មុន​សិន បើ​ជា​កម្ម​ធ្ងន់ មាន​ការ​សម្លាប់​ឳពុក​ម្តាយ​របស់​ខ្លួន ការ​ធ្វើ​ឲ្យ​ឈាម​ព្រះ​ពុទ្ធ​ស្រក់​ចុះ ការ​សម្លាប់​ព្រះ​អរហន្ត ការ​រំលោភ​លើ​ភិក្ខុនី ការ​បំបែក​សង្ឃ ជា​ដើម ម្ចាស់​នៃ​កម្ម​នឹង​ទទួល​ផល បន្ទាប់​ពី​ស្លាប់​ពី​ជាតិ​នេះ​ទៅ ជា​ដាច់​ខាត គ្មាន​រួច​ខ្លួន​ឡើយ ។ បើ​ជា​កម្ម​ទាន់​ហន់​វិញ គឺអា​ស្រ័យ​លើ មរណា​សន្ន​ជវ័ន គឺ​ជវ័ន​ចិត្ត​ទី​១និង​ទី​៧​នៅ​ពេល​ចុង​ក្រោយ​បង្អស់​នៃ​ជីវិត ។ បើជវ័ន​ចិត្ត​ទី​១​ល្អៀង​ទោរ​ទន់​ទៅ​ខាង​បា​បកម្ម ជវ័ន​ទី២ដល់​ទី៦​នឹង​ចាត់​តាំង​ភព​នៃ​បដិសន្ធិ ហើយ​ជវ័ន​ទី៧កើត​ឡើង ស្រ​វា​តោង​យក​នូវ​ភព​ថ្មី ចុតិ​ចិត្ត (ចិត្ត​ចាក​ចេញ​ចោល​រូប គឺ​ស្លាប់​) ក៏​កើត​ឡើង ។ បុគ្គល​នោះក៏​ទៅ​កើត​ក្នុ​ង​ភព​ដ៏​ថោក​ទាប មាន​នរក ប្រេត តិរច្ឆាន​ជា​ដើម ។ បើ​ជវ័ន​ចិត្ត ទី១​ល្អៀង​ទៅ​ខាង​កម្ម​ជា​បុណ្យ​វិញ ក៏​មាន​សភាព​ស្រប​គ្នា​ដែរ​គឺ​បុគ្គល​នោះ​នឹង​ទៅ​កើត​ក្នុង​ភព​ដ៏​ខ្ពង់​ខ្ពស់​មាន​ស្ថាន​សួគ៌ ឬ​ព្រហ្ម​លោក​ជា​ដើម ។ ដូ​ច្នេះ ជា​ការ​សំខាន់​ណាស់ ដែល​បុគ្គល​រៀប​ស្លាប់​ត្រូវ​តែ​ផ្ចង់​ស្មារតី កុំ​ឲ្យវ​ង្វេង​គិត​ទៅ​រក​បាប​កម្ម ដែល​ខ្លួន​បាន​ធ្វើ ដូច​ជា​សម្លាប់​សត្វ​ជា​ដើម​ទោះ​បី​ខ្លួន​បាន​ធ្វើ​បុណ្យ​យ៉ាង​ច្រើន​មក​ក៏​ដោយ ។ បើ​ជា​កម្ម​ទម្លាប់ គេ​អាច​ពន្យា​ពេល ឬ​បញ្ជៀស​កុំ​ឲ្យ​កម្ម​អាក្រក់​តាម​មក​ទាន់ ដោយ​ការ​ធ្វើ​នូវ​កុសលកម្ម ថ្មី​ៗទៀត​ជា​រឿយៗ ឲ្យ​បាន​ច្រើន​ឡើង​ៗ ដោយ​ការ​បញ្ឈប់​ការ​ធ្វើ​អកុសលកម្ម​ថ្មី​ៗ ព្រោះ​កុសល​កម្ម​ថ្មី​ៗ ដែល​មាន​ចំនួន​ច្រើន អាច​គ្រប​សង្កត់​កម្ម​ចាស់ មិន​ឲ្យ​មាន​ឱកាស​ឡើង​មក​ខាង​លើ​បាន យ៉ាង​ណា​មិញ ដូច​ជា​អ្នក​ចាក់​អំបិល​មួយ​ស្លាប​ព្រា ទៅ​ក្នុង​ទឹក​មួយ​កែវ ទឹក​ក្នុង​កែវ​នោះនឹង​មាន​រស​ជាតិ​ប្រៃ តែ​បើ​អ្នក​ចាក់​អំបិល​មួយ​ស្លាប​ព្រា ទៅ​ក្នុង​ទន្លេ ទឹក​ទន្លេ​នោះ​មិន​មាន​រស​ជាតិ​ប្រៃ​ឡើយ ។ ការ​បន់​ស្រន់​មិន​មាន​ប្រសិទ្ធិភាព ដូច​ការ​ធ្វើ​សីល សមាធិ បញ្ញាទេ ។ ការ​រក្សា​សីល មាន​សីល​៥​ជា​ដើម ជា​និច្ច​មិន​ឲ្យ​ដាច់ ការ​ចំរើន​សមាធិ​កម្មដ្នាន មាន​អនា​បាន​ស្សតិ​ជា​ដើម ជា​រឿយ​ៗ​រាល់​ថ្ងៃ ការ​ចំ​រើនវិបស្សនា​បញ្ញា ជា​រឿយ​ៗ​ឥត​ធ្វេស​ប្រហែស ការ​គោរព​បូជា​ព្រះ​រតន​ត្រៃ ការ​ឲ្យ​ទាន​ដោយ​មិន​គិត​ប្រយោជន៍ ការ​បណ្តុះ​ចិត្ត​ឲ្យ​មាន មេត្តា​អាណិត​អា​សូរ​ដល់​សព្វ​សត្វ​ទាំង​ពួង ដែល​ម្ចាស់​កម្ម​ធ្វើ​ដោយ​ខ្លួន​ឯង នឹង​អាច​ឲ្យ​គេ​រំលត់​នូវ​ទុក្ខ ដែល​កើត​ឡើង​ដោយ​សា​រ​ផល​នៃ​កម្ម​ចាស់​បាន​បើ​មិន​ទាន់​សម្រេច​បរិបូណ៌​ក្នុង​ជាតិ​នេះ ក៏​ជាតិ​ខាង​មុខ នឹង​បាន​ផល​ប្រយោជន៍ល្អ ជា​មិន​ខាន​។ ពាក្យ​ថា “បាប “ ឬ “ បុណ្យ “ គឺ​ឥទ្ធិ​ពល​អាក្រក់ ឬ​ឥទ្ធិ​ពល​ល្អ​នៃ​កម្ម​នេះ​ឯង ។

ចំពោះ​ភាព​មិន​ស្មើគ្នា របស់​បុគ្គល​ម្នាក់​ៗ ខ្លះ​មាន ខ្លះ​ក្រ ខ្លះ​ល្អ ខ្លះ​អាក្រក់ ខ្លះ​ឆ្លាត ខ្លះ​ល្ងង់ ខ្លះ​អាយុ​វែង ខ្លះ​អាយុខ្លី ខ្លះ​កើត​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ ខ្លះ​កើត​ក្នុង​ត្រកូល​ថោក​ទាប ។ល។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ពន្យល់​ថា៖

បុគ្គល​ខ្លះចូល​ចិត្ត​ការ​សម្លាប់​សត្វ​ឯ​ទៀត គេ​មាន​ទម្លាប់​ក្នុង​ការ​សម្លាប់​នេះ លុះ​អស់​អាយុ​សង្ខារ​ពី​ជាតិ​នេះ​ទៅ បុគ្គល​នោះនឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ មាន​នរក​អសុរ​កាយ តិរច្ឆាន​ជា​ដើម បើ​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​អាយុ​ខ្លី ។

បុគ្គល​ដែល​មិន​សម្លាប់​សត្វ មិន​មាន​ទម្លាប់​ក្នុង​ការ​សម្លាប់ គេ​មាន​មេត្តា​ករុណា ដល់​សត្វ​ទាំង​ពួង លុះ​បុគ្គល នោះ​ស្លាប់​ទៅ គេ​នឹង​ទៅ​កើត​ក្នុង​សុគ​តិភព បើ​សិន​ជា​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​នឹង​មាន​អាយុវែង ។

បុគ្គល​ខ្លះ​ចូល​ចិត្ត បៀត​បៀន​សត្វ​ឯ​ទៀត ឲ្យ​ឈឺ​ចាប់ រង​ទុក្ខ​វេទនា លុះ​ស្លាប់​អំពី​លោក​នេះ​ទៅ មនុស្ស​នោះ​នឹង​ទៅ​កើត ក្នុង​អបាយ​ភូមិ បើ​សិន​បាន​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​មាន​ជម្ងឺ ឈឺ​ចុក​ចាប់​ជា​ច្រើន ។

បុគ្គល​ដែល​មិន​បៀត​បៀន សត្វ​ឲ្យ​ឈឺ​ចាប់ ចូល​ចិត្ត​ជួយ​សត្វ​ដទៃ​ឲ្យ​បាន​សុខ មនុស្ស​នោះ ក្រោយ​ពី​ស្លាប់​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិភព បើ​សិន​ជា​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ មាន​សុខ​ភាព​ល្អ ជា​អ្នក​មាន​ជម្ងឺ​តិច ។

បុគ្គល​ខ្លះ​កាច ជា​អ្ន​ក​មាន​កំហឹង​ច្រើន មិន​សន្តោស​ប្រណី លុះ​អស់​អាយុ​សង្ខារ ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ បើ​សិន​ជាបាន​កើត ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​មាន​រូប​អាក្រក់ ។

បុគ្គល​ដែល​មាន​ចិត្ត​ស្លូត មាន​ការ​សន្តោស​ប្រណី លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិភព បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​មាន​រូប​កាយ​ល្អ ។

បុគ្គល​ខ្លះ​កំណាញ់​ស្វិត មិន​ធ្វើ​ទាន គិត​តែ​ពី​ប្រមូល​យក​ទ្រព្យ​ មក​ធ្វើ​ជា​របស់​ខ្លួន លុះ​ស្លាប់​ពី​ជាតិ​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​អ​បាយ​ភូមិ បើ​បាន​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​ក្រី​ក្រ​តោក​យ៉ាក ។

បុគ្គល​ខ្លះ​មាន​ចិត្ត​សប្បុ​រស ចូល​ចិត្ត​ធ្វើ​ទាន លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគ​តិ​ភព​បើ​សិន​ជា​បា​ន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ។

បុគ្គល​ខ្លះ​លើក​តំកើង​ខ្លួន មិន​គោរព​ចាស់​ព្រឹទ្ធា​ចារ្យ មើល​ងាយ​ដល់​ជន​ដទៃ លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ​បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះកើត​ក្នុង​ស្ថាន​ភាព​អាក្រក់ ដូច​ជា​ពេល​ស្រុក​មាន​សង្គ្រាម អត់​អាហារ​ជាដើម ។

បុគ្គល​ដែល​ដាក់​ខ្លួន ចេះ​គោរពដ​ល់​ជន​ដទៃ លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិភព បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះកើត​ក្នុង​ស្ថាន​ភាព​ល្អ ដូច​ជា​ក្នុង​ប្រទេស ដែល​សម្បូរ​សប្បាយ សុខ​សន្តិភាព ។

បុគ្គល​ខ្លះមិ​ន​ព្យាយាម​រៀនឲ្យ​មាន​ចំណេះ​ចេះ​ដឹង​ច្រើន​ទេ ហើយ​ដោយ​សេចក្តី​ល្ងង់​ខ្លៅ ក៏​ធ្វើ​ខុស​ជា​ច្រើន លុះ​ស្លាប់​ពី​ជាតិ​នេះ​​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ បើ​សិន​ជា​បាន​កើត ជា​មនុស្ស​វិញ មនុស្ស​នោះ​ល្ងង់​ឥត​ប្រា​ជ្ញា ។

បុគ្គល​ខ្លះ​ជា​អ្នក​ចូល​ចិត្ត​ការ​រៀន​សូត្រ ឲ្យ​បាន​ចេះ​ដឹង​ច្រើន ហើយ​ដោយ​សារ​ការ​ចេះ​ដឹង​ច្រើន គេ​មិន​ប្រព្រឹត្ត​ខុស លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគ​តិភព បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះឆ្លាត មាន​ប្រាជ្ញា​ច្រើន ។

ច្បាប់​នៃ​កម្ម​ដែល​ព្រះ​ពុទ្ធ​បរមគ្រូ បាន​សំដែង​ពន្យល់​ដល់​សេដ្នី​សុភៈ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អ្នក​សោយ​ផល នៃ​អំពើ​ដែល​យើង​ម្នាក់​ៗ​បាន​ធ្វើ​ដោយ​កាយ​វាចា​ចិត្ត ។ ដើម្បី​សេចក្តី​សុខ​ផ្ទាល់​ខ្លួន យើង​ត្រូវ​លះបង់ អំពើ​ទាំង​ឡាយ​ណា​ដែល​ជា​អកុសល​កម្ម ហើយ​ធ្វើ​តែ​អំពើ ទាំង​ឡាយ​ណា​ដែល ជា​កុសលកម្ម ។ បើ​ដូច្នេះ យើង​ត្រូវ​ធ្វើ​កិច្ច​ការ​៣យ៉ាង​គឺ ការរៀន​ព្រះធម៌​១ ការប្រតិបត្តិ​នូវ​ព្រះ​ធម៌​១ ការ​ធ្វើ​ឲ្យ​សម្រេច​១ ។ ព្រះ​ធម៌​ដែល​ត្រូវ​រៀន​គឹ ធម៌​សម្រាប់​ប្រតិបត្តិ​ដែល​សំខាន់​ មិន​គ្រាន់​តែ​សម្រាប់​សូត្រ​ថ្វាយ​បង្គំ ព្រះ​រតន​ត្រៃ​ប៉ុណ្ណោះ​ទេ ។ ការ​រៀន​សូត្រ​មាន​ន័យ​ថា ការ​ចាំ​ហើយ​យល់​ច្បាស់ ។ ការ​ប្រតិបត្តិ​នូវ ព្រះ​ធម៌ គឺ​យក​ព្រះធម៌​មក​អនុវត្ត​ធ្វើ ដូច​ជា​ការ​រក្សាសីល​មិន​ឲ្យ​ដាច់ ធ្វើ​សតិ​ឲ្យ​ស្ថិត​នៅ​ក្នុង​ធម៌ ជា​រឿយ​ៗ ប្រតិបត្តិ​តាម​អរិយមគ្គ ប្រកប​ដោយ​អង្គ​៨​ប្រការ មាន​ការ​ចំរើន​សមាធិ​ជាដើម ។ ការ​ធ្វើ​ឲ្យ​សម្រេច​គឺ ធ្វើ​សីល​មិន​ឲ្យ​ដាច់ ធ្វើ​សមាធិ​ឲ្យ​ស្ងប់​កិលេស ធ្វើ​វិបស្សនា​ឲ្យ​សម្រេច​មគ្គ និង​ផល ។ ឥទ្ធិពល​នៃ​អកុសល​កម្ម នៅ​តែ​អាច​ឲ្យ​ផល​អាក្រក់​បាន លុះ​ត្រា​តែ ម្ចាស់​កម្ម បាន​សំ រេច​យ៉ាង​ហោច​ណាស់ ត្រឹម​សោតាបត្តិផល​ដែរ ទើប​អាច​រួច​អំពី​កម្ម​នោះ (លើក​លែង​កម្ម​ធ្ងន់ ដែល​ជៀសពុំ​រួច) ​។

រួម​សេចក្តី​ឲ្យ​ខ្លី​មក ផ្លូវ​ចាក​ចេញ​អំពី​ទុក្ខ​ ព្រះ​ពុទ្ធ​បាន​បង្ហាញ​ហើយ កាល​បើ​អ្នក​ឃើញ​នូវ​សេចក្តីទុក្ខ​ហើយ សម្រេច​ដើរ​ចេញ អំពីទុក្ខ​ទាំង​នោះ អ្នក​នឹង​បាន​រួច​ខ្លួន​ដោយ​ខ្លួន​ឯង ​។
———————————————
ប្រភព៖ វីគីភីឌាភាសាខ្មែរ    វិសុទ្ធិ៧  

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in ច្បាប់នៃកម្ម, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ and tagged . Bookmark the permalink.

One Response to ច្បាប់នៃកម្ម

  1. Pingback: ច្បាប់នៃកម្ម | Angkor1153a

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s