បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង

​​​​ព្រះ​ពុទ្ធសាសនា កាល​នឹង​សាប​សូន្យ នឹង​សាបសូន្យ​ព្រោះ​អន្តរធាន​ ៥ យ៉ាង គឺ

ក)- បរិយត្តិ​អន្តរធាន សាប​សូន្យ​ព្រះ​បរិយត្តិ,
ខ)- បដិបត្តិ​អន្តរ​ធាន សាប​សូន្យ​បដិបត្តិ,
​គ)- បដិវេធ​អន្តរធាន សាប​សូន្យ​សេចក្ដី​ត្រាស់​ដឹង,
ឃ)- លិង្គ​អន្តរធាន សាប​សូន្យ​ភេទ​អ្នក​បួស,​
​ង)- ធាតុ​អន្តរធាន សាប​សូន្យ​ព្រះសារី​រិក​ធាតុ ។

ក)- បរិយត្តិអន្តរធាន

ព្រះ​បរិយត្តិ​នឹង​សាប​សូន្យ​យ៉ាងនេះ កាល​កន្លង​ទៅ ៗ កើត​កលិយុគ, មនុស្ស​ក្នុង​សាកល​លោក​ប្រាស​ចាក​មនុស្សធម៌ ព្រោះ​ចំហាយ​អយុត្តិធម៌ ធម្មជាតិ​ដែល​ជា​ឧបការ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ ដូច​ជា​ភ្លៀង​បង្អុរ​មិន​ស្រួល ស្រូវ​មិន​សម្រេច​ផល​ជា​ដើម​ ។ ម៉្លោះ​ហើយ​ទាយក​អ្នក​ផ្គង​បច្ច័យ​សម្រាប់​ការ​សិក្សា​មិន​អាច​ប្រគេន​បច្ច័យ​ដល់​ភិក្ខុ​សង្ឃ ពួក​ភិក្ខុ​លំបាក​ដោយ​បច្ច័យ មិន​អាច​សង្គ្រោះ​អន្តេវាសិក​អ្នក​សិក្សា​បរិយត្តិ​បាន ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​អាច​ទ្រទ្រង់​អត្ថ​បាន ទ្រទ្រង់​បាន​ត្រឹម​បាលី។​ ត​ទៅ, កាល​កន្លង​ទៅ​ៗ ភិក្ខុ​មិន​អាច​ទ្រទ្រង់​បាលី​ទាំង​អស់ ។ ដំបូង អភិធម្ម​បិដក​សាបសូន្យ ៗ ពី​ចុង​មក​មុន​គឺ មហាបដ្ឋាន; ត​មក, យមកៈ, កថាវត្ថុ, បុគ្គលប្បញ្ញត្តិ, ធាតុកថា, វិភង្គ, ធម្មសង្គណី ។ តមក, សុត្តន្តបិដក សាបសូន្យ, អង្គុត្តរ​និកាយ​សាបសូន្យ​ចាប់​ដើម​អំពី​ឯ​កាទសកៈ ដល់​ឯកកៈ ; តមក, សំយុត្តនិកាយ សាប​សូន្យ​ចាប់​ដើម​អំពី​ចក្ក​បេយ្យាលៈ ដល់​ឱឃ​តរណៈ ; តមក, មជ្ឈិ​មនិកាយ​សាបសូន្យ​ចាប់​ដើម​អំពី​ឥន្ទ្រិយ​ភាវ​នៈ ដល់​មូល​បរិយាយៈ ; តមក, ទីឃ​និកាយ​សាប​សូន្យ​ចាប់​ដើម​អំពី ទសុត្តរៈ ដល់​ព្រហ្មជា​លៈ ។ បុច្ឆា​គា​ថា​មួយ​ក្ដី ពីរ​ក្ដី ឋិត​នៅ​អស់​កាល​វែង​ក៏​ដោយ ក៏​មិន​អាច​ទ្រទ្រង់​សាសនា​បាន ដូច​ជា​សព្ភិ​យបុច្ឆា អាឡវក​បុច្ឆា ក្នុង​កស្សប​ពុទ្ធ​សាសនា ។ តមក, ពួក​លជ្ជី​ភិក្ខុ​ទ្រ​ទ្រង់​វិន័យ​ ; ពួក​ភិក្ខុ​ប្រាថ្នា​លាភ,​ កាល​សុត្តន្តបិដក​ឋិត​នៅ ទ្រទ្រង់​តែ​ជាតក​ប៉ុណ្ណោះ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​អាច​ទ្រទ្រង់​ជាតក, វេស្សន្តរ​ជាតក​សាបសូន្យ​ជា​ដំបូង ; តមក, បណ្ណក​ជាតក​មហានារទ​ជាតក ដោយ​លំដាប់​ច្រាស​មក ; អបណ្ណក​ជាតក​សាប​សូន្យ​ទី​បំផុត ។ ភិក្ខុ​នៅ​ទ្រទ្រង់​វិន័យ ។ កាល​កន្លង​ទៅ ៗ វិន័យ​សាប​សូន្យ​ពី​ចុង​មក​មុន​គឺ បរិវារៈ ; តមក, ខន្ធកៈ, ភិក្ខុនីវិភង្គ, មហាវិភង្គ, ភិក្ខុ​ទ្រ​ទ្រង់​តែ​ឧបោសថ​ក្ខន្ធកៈ ។ គាថា ៤ បទ​ប្រព្រឹត្ត​ក្នុង​មនុស្ស​ដរាប​ណា, ដរាប​នោះ បរិយត្តិ​ឈ្មោះ​ថា មិន​ទាន់​អន្តរធាន ។ កាល​នោះ​ស្ដេច​ជ្រះ​ថ្លា​ឲ្យ​គេ​ដាក់​កហាបណៈ​មួយ​ពាន់​ក្នុង​ប្រអប់​ដាក់​លើក​ដំរី ឲ្យ​វាយ​ស្គរ​សួរ​ថា “អ្នក​ណា​ចេះ​គាថា ៤ បទ​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង អ្នក​នោះ​ចូរ​យក​កហាបណៈ​មួយ​ពាន់​នេះ​ចុះ” ។ កាល​រាជ​បុរស​វាយ​ស្គរ ៣ ដង មិន​មាន​អ្នក​ណា​ទទួល​យក, ក៏​នាំ​យក​ថង់​ពេញ​ដោយ​កហាបណៈ ១ ពាន់​ចូល​ទៅ​កាន់​រាជ​ត្រកូល​វិញ ។ កាល​នោះ​ឯង​ហៅ​ថា​បរិយត្តិអន្តរធាន ។

ខ) បដិបត្តិអន្តរធាន

បដិបត្តិ​នឹង​សាប​សូន្យ​យ៉ាង​នេះ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​មិន​អាច​ញ៉ាំង​ឈាន វិបស្សនា មគ្គ​ផល​ឲ្យ​កើត, រក្សា​តែ​ចាតុប្បា​រិសុទ្ធិ​សីល ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​ដល់​នូវ​សេចក្ដី​បន្ធូរ​បន្ថយ​ថា “យើង​រក្សា​ច​តុប្បារិសុទ្ធិ​សីល​ផង ប្រកប​រឿយ ៗ នូវ​ប្រធាន​ផង មិន​អាច​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​មគ្គផល​បាន, ឥឡូវ​នេះ អរិយ​ធម្មប្បដិវេធ​ធម៌​​មិន​មាន” ហើយ​ក៏​ល្មោភ​ខ្ជិល មិន​ដាស់​តឿន​រំលឹក​ទៅ​វិញ​ទៅ​មក មិន​មាន​សង្ស័យ ; ត​មក, ក៏​ញាំ​ញីខុ​​ទ្ទានុខិទ្ទក​សិក្ខាបទ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​ត្រូវ​អាបត្តិបាចិត្តិយៈ ថុល្លច្ច័យ តពី​នោះ​គរុ​កាបត្តិ​បារាជិក​ឋិត​នៅ ។ កាល​បើ​ពួក​ភិក្ខុ​រក្សា​បារាជិក ៤ មាន​មួយ​រយ​អង្គ​ក្ដី មួយ​ពាន់​អង្គ​ក្ដី, បដិបត្តិ​មិន​ទាន់​អន្តរធានទេ ។ លុះ​តែ​ភិក្ខុ​ក្រោយ​បង្អស់​បែក​ធ្លាយ​សីលក្ដី, អស់​អាយុក្ដី បដិបត្តិ​ឈ្មោះ​ថា អន្តរធាន ។

គ) បដិវេធអន្តរធាន
បដិវេធៈ គឺអធិគមៈ បាន​ដល់​មគ្គ ៤, ផល ៤, បដិសម្ភិទា ៤, វិជ្ជា, អភិញ្ញា ៦ ។ អធិគមៈ​សាប​សូន្យ​អំពី​បដិសម្ភិទា​មក​មុន ។ លុះ​សោតា​បន្នបុគ្គល​ក្រោយ​បង្អស់​អស់​ជីវិត, អធិមគៈ​ឈ្មោះ​ថា អន្តរធាន ។

ឃ) លិង្គអន្តរធាន
កាល​កន្លង​ទៅ ៗ, ការ​កាន់​បាត្រ​កាន់​ចីវរ, បត់ លា ឈាន ឈាន​ទៅ​មុខ ឈា​នថយ មើល​ទៅ​មុខ មើល​ឆ្វេង ស្ដាំ មិន​សម​រម្យ តាម​សមណ​សារុប្ប មិន​ជាទី​ជ្រះ​ថ្លា ។ ពួក​ភិក្ខុ​ដាក់​បាត្រ​ត្រង់​អគ្គ​ពាហា (ចុង​ដើម​ដៃ) ត្រាច់​ទៅ ដូច​និគ្គន្ថស្សមណី​កាន់​បាត្រ​រលា​ឃ្លោក ។ ប៉ុណ្ណេះ លិង្គ​នៅ​មិន​ទាន់​អន្តរធាន ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​ដាក់​បាត្រ​អំពី​អគ្គពាហា​យួរ​ដោយ​ដៃ ដោយ​សង្រែក​ត្រាច់​ទៅ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​ជ្រលក់​ចីវរ កាត់​សំពត់​ធ្វើ​ចីវរ​ចោះ​តែ​ក្រវិល​ពិន្ទុកប្បៈ​ប៉ុណ្ណោះ​ប្រើ​ប្រាស់​ទៅ ​។

តមក, ចោះ​តែ​ក្រវិល មិន​ធ្វើ​ពិន្ទុ​កប្បៈ ។ តមក, មិន​ធ្វើ​ទាំង​ពីរ កាត់​តែ​សំពត់​ស្លៀក​ត្រាច់​ទៅ​ដូច​បរិព្វាជក ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​គិត​ថា គ្មាន​ប្រយោជន៍​អ្វី​ដោយ​សំពត់ ក៏​ចង​ខុទ្ទក​សា​ដកនឹង​ដៃ​ខ្លះ​នឹង​ក​ខ្លះ ផ្សើម​សក់​ឲ្យ​ទទឹក​ខ្លះ ចិញ្ចឹម​កូន​ប្រពន្ធ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត ។ កាល​នោះ​ជន​ណា​មាន​ទក្ខិណាទាន​ដល់​ជន​ពួក​នេះ ឧទ្ទិស​ចំពោះ​សង្ឃ​បាន​ផល​ច្រើន ។ ព្រះ​មា​ន​ជោគ​ត្រាស់ំ​ដៅ​រឿង​នេះ​ថា “ម្នាល​អានន្ទ ក្នុង​កាល​អង្វែង​ទៅ​អនាគត​នឹង​មាន​ពួក​គោត្រភូ​កាសាវៈ​នឹង​ក ទ្រុស្ត​សីល មាន​ធម៌​អាក្រក់, ពួក​ជន​នឹង​ឲ្យ​ទាន​ក្នុង​គោត្រភូ​ទាំង​នោះ ; ម្នាល​អានន្ទ ក្នុង​កាល​នោះ តថាគត​ពោល​ថា សង្ឃគតា​ទក្ខិណាទាន​នោះ មាន​ផល​រាប់​មិន​បាន​ស្មាន​មិន​ត្រូវ” ។ តមក, កាល​កន្លង​ទៅ ៗ ពួក​ជន​នោះ​នាំ​គ្នា​ធ្វើ​អំពើ​ផ្សេង ៗ គិត​ថា​ការ​នេះ​នាំ​យឺត​យូរ យើង​មាន​ប្រយោជន៍​អ្វី​ដល់​វត្ថុ​នោះ ហើយ​ក៏​គ្រវាត់​សំពត់​កាសាវៈ​នោះ​ចោល​ក្នុង​ព្រៃ ។ ក្នុង​កាល​នោះ លិង្គ ឈ្មោះ​ថា អន្តរធាន ។

ង) ធាតុអន្តរធាន

បរិនិព្វាន​មាន ៣ គឺ

-កិលេស​បរិនិព្វាន មាន​ហើយ​លើ​ពោធិបល្លង្ក,
-ខន្ធ​បរិនិព្វាន មាន​ហើយ​ក្នុង​ក្រុង​កុសិនារា,
-ធាតុ​បរិនិព្វាន នឹង​មាន​ក្នុង​កាល​អនាគត ។

ធាតុបរិនិព្វាន, ព្រះ​ធាតុ​ទាំង​ឡាយ​កាល​មិន​បាន​សក្ការៈ រាប់​អាន​ក្នុង​ទីនោះ ៗ ក៏​ទៅ​កាន់​កន្លែង​ដែល​បាន​សក្ការៈ​បូជា​រាប់​អាន ដោយ​កំលាំង​អធិដ្ឋាន​ព្រះពុទ្ធ​ទាំង​ឡាយ ។ កាល​កន្លង​ទៅ ៗ សក្ការៈ​បូជា​រាប់​អាន​មិន​មាន​សព្វ​ឋាន ។ ឮ​ថា ក្នុង​កាល​សាសនា​រៀវ​រោយ ព្រះ​ធាតុ​ទាំង​ឡាយ​ទៅ​ប្រជុំ​ក្នុង​តាម្ព​បណ្ណិ​ទ្វីប នឹង​ទៅ​កាន់​មហា​ចេតិយ ចេញ​ពី​នោះ​ទៅ​កាន់​រាជា​យតនចេតិយ​ក្នុង​នាគ​ទ្វីប ចេញ​ពី​នោះ​នឹង​ទៅ​កាន់​មហាពោធិបល្លង្ក ។ ព្រះ​ធាតុ​ទាំង​ឡាយ​នឹង​មក​អំពី​នាគភព​ផង ទេវលោកផង ព្រហ្មលោកផង ទៅ​កាន់​ពោធិបល្លង្កដែរ ។ ព្រះ​ធាតុ​សូម្បី​ប៉ុន​គ្រាប់​ស្ពៃ​ក៏​មិន​វិនាស​ក្នុង​ចន្លោះ ។ ព្រះ​ធាតុ​ទាំង​ឡាយ ប្រជុំ​នៅ​មហាពោធិ​បល្លង្ក​កាន់​យក​នូវ​ពុទ្ធ​រូប​ផ្ទឹម​នឹង​ពុទ្ធសរីរៈ​ដែល​គង់​ព្ធ​ដ៏​ពោធិ​មណ្ឌៈ ; មហាបុរិស​លក្ខណៈ ៣២, អនុ​ព្យញ្ជនៈ ៨០ ; ពន្លឺ​ផ្សាយ​ចេញ ​១ ព្យាម​មាន​គ្រប់​ទាំង​អស់ ។ លំ​ដាប់​នោះ, ព្រះ​ធាតុ​ទាំង​ឡាយ​នឹង​ធ្វើ​បាដិហារ្យ​បញ្ចេញ​ឆព្វណ្ណ​រំសី​ដូច​ក្នុង​ថ្ងៃ​យមកប្បា​ដិហារ្យ ។ រស្មី​ទាំង​នោះ​នឹង​ផ្សាយ​ទៅ​អស់ ១ ម៉ឺន​លោក​ធាតុ ។ ពួក​មនុស្ស​មិន​មាន​ក្នុង​ទី​នោះ​ទេ ។ មាន​តែ​ពួក​ទេវតា សន្និបាត​ក្នុង ១ ម៉ឺន​ចក្រវាឡ ធ្វើ​នូវ​ការុញ្ញ​ភាព​ធំ​ជាង​ក្នុង​ថ្ងៃ​បរិនិព្វាន​នៃ​ព្រះ​ទស​ពល​ថា “ព្រះ​ទស​ពល​បរិព្វាន​ក្នុង​ថ្ងៃ​នេះ សាសនា​នឹង​ឱន​ថយ​ក្នុង​ថ្ងៃ​នេះ, នេះ​ជា​បច្ចិម​ទស្សន៍ នៃ​ពួក​យើង” ។ លើក​លែង​តែ​អា​នាគាមី​ ខីណាសវៈ, ពួក​ទេវតា​ដ៏​សេស​នឹង​មិន​អាច​ទ្រទ្រង់​ដោយ​សកភាព​បាន ។ លំដាប់​នោះ តេជោធាតុ​តាំង​ឡើង​អំពី​ធាតុ​ស​រីរៈ ញ៉ាំង​សរីរៈ​នោះ​ឲ្យ​ដល់​នូវ​អបណ្ណត្តិក​ភាព ។ អណ្ដាត​ភ្លើង​ឡើង​ទៅ​ដល់​ព្រហ្មលោក ។ បើ​ព្រះ​ធាតុ​នៅ​សល់​ប៉ុន​គ្រាប់​ស្ពៃ អណ្ដាត​ភ្លើង​នៅ ។ កាល​បើ​ព្រះធាតុ​ទាំ​ងឡាយ​ដល់​នូវ​បរិយា​ទាន, អណ្ដាត​ភ្លើង​នឹង​ដាច់​សូន្យ ​។ ព្រះ​ធាតុ​ទាំង​ឡាយ​សំដែង​អានុភាព​ធំ​យ៉ាង​នេះ ទើប​បរិនិព្វាន ។

កាលនោះ ពួក​ទេវតា ដែល​ប្រជុំគ្នា​ធ្វើ​សក្ការៈ​បូជា​ដោយ​គ្រឿង​ក្រ​អូប ប្រេង​ផ្កា​ទិព្វនឹង​តូរ្យតន្ត្រីទិព្វ​ជាដើម ដូច​ក្នុង​ថ្ងៃ​ព្រះ​ពុទ្ធ​ទាំង​ឡាយ​គង់​នៅ​ធ្វើ​ប្រទក្សិណ​ថ្វាយ​បង្គំ ៣ ដង​ហើយ​ពោល​ថា “បពិ​ត្រ​ព្រះ​មាន​ជោគ យើង​ទាំង​ឡាយ​នឹង​បាន​ឃើញ​ព្រះពុទ្ធ​ទាំង​ឡាយ​ត្រាស់​ឯ​អនាគត”​ ។

បរិយត្តិ​អន្តរធាន ជា​ប្រធាន​នៃ​អន្តរធាន​ទាំង ៥ នេះ ព្រោះ​បរិយត្តិ​ជា​ប្រមាណ​នៃ​សាស​នដ្ឋិតិ (ការ​ទ្រទ្រង់​ពុទ្ធ​សាសនា) ។

(ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​)

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

24 Responses to បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង

  1. Lovepeehs05 និយាយថា៖

    ខ្ញុំព្រះករុណា បានត្រិះរិះពិចារណាទៅ យល់ឃើញថា ការអន្តរាយនៃពុទ្ធសាសនា មាន ៥ យ៉ាងដែរ តែតាមទ្រឹស្តី PEEHS05 ឬ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ តែបើបំព្រួញមកទៀត មានតែមួយទេ គឺវិស្ស័យសិក្សាអបរំ ឬ វប្បធម៌ ! តើព្រះអង្គយល់ស្របទេ ?

    • ចម្រើនពរ អាត្មា​ក៏​យល់​ដូច្នោះ​ដែរ ព្រោះ​ថា ការ​សិក្សា​អប់​រំ​នេះ​ហើយ ជា​កត្តា​ចម្បង​នៃ​ចំណេះ​ដឹង នាំ​ឲ្យ​មនុស្ស​អាច​យល់​ផ្លូវ​ត្រូវ​បាន​។ មតិ​សរុប​របស់​ញោម​គឺ​ដូច​ឃ្លា​ដែល​លោក​បាន​ពោល​ទុក​នៅ​ខាង​ចុង​អត្ថបទ​ ថា​ បរិយត្តិ​​អន្តរធាន ជា​​ប្រធាន​​នៃ​​អន្តរ​ធាន​​ទាំង ៥ នេះ ព្រោះ​​បរិយត្តិ​​ជា​ប្រមាណ​នៃការ​ទ្រទ្រង់​ព្រះ​ពុទ្ធ​សាសនា។​

  2. Lovepeehs05 និយាយថា៖

    គេមើលឃើញថា ពុទ្ធសាសនាដូចដើរថយក្រោយ បើតាមពិតទៅ ដូចជាមិនចឹងទេ ដោយសារតែសម័យឥឡូវវាជឿនលឿន រហ័សពេក ហើយពុទ្ធសាសនាដើរយឿតបន្តិចទៅ វាហាក់ដូចជាថយក្រោយ តាមពិតមិនមែនទេ !

    បើតាមខ្ញុំព្រះករុណាយល់ យើងតម្លើងការសិក្សាអោយបានខ្លាំងជាងនេះទៅ វាអាចឆ្លើយតបទៅនឹង សង្គមជឿនលឿននេះហើយ គឺរៀបចំកម្មវិធីសិក្សាបែបថ្មី សង្កត់ធ្ងន់លើអក្សរសាស្រ្ត និង ភាសារ ថ្នាក់មធ្យម និង ឧត្តម គឺឈានទៅចាប់យកវិជ្ជា ខាងការបង្ហាត់បង្រៀនអោយបានច្រើន ជាវិជ្ជាដែលមិនប៉ះពាល់ ដល់ភេទជាព្រះសង្ឃ រដ្ឋាភិបាលគួរអនុញ្ញាតអោយព្រះសង្ឃ ហ្វឹកហ្វឺនខាងវិជ្ជានេះ អោយបានច្រើនគ្រប់វត្ត ឬ ភូមិ ឃុំ ស្រុកទួទាំងប្រទេស ខ្ញុំព្រះករុណាយល់ឃើញថា ព្រះសង្ឃពុំមែនបួសគ្រាន់តែបំរើពីធីបុណ្យទានទេ បើគ្រាន់តែសម្រាប់ធ្វើពិធី បុណ្យទានហ្នឹងច្បាស់ជា មិនអាចប្រកួតប្រជែងនឹងសម័យទំនើបនេះបានឡើយ ! មិនថាអញ្ចឹងព្រះអង្គ ?

    • ចម្រើនពរ តាម​ពិត​អ្វី​ដែល​ញោម​លើក​ឡើង​មក​នេះ គឺ​ខាង​ផ្នែក​ពុទ្ធសាសនា​បាន​និង​កំពុង​មាន​ក្នុង​ពេល​បច្ចុប្ប​នេះ។ ញោម​ប្រហែល​ជា​បាន​ដឹង​រួច​ហើយ​ថា ប្រព័ន្ធ​ការ​សិក្សា​បរិយត្តិធម៌ ផ្នែក​ពុទ្ធសាសនា មាន​ពី​រ​យ៉ាង គឹ​ផ្នែក​ធម្ម​វិន័យ១ និង​ផ្នែក​ពុទ្ធិ​កសិក្សា១។ ផ្នែក​ធម្មវិន័យ ត្រូវ​រៀន​បី​ឆ្នាំ បី​ថ្នាក់ គឺ ឆ្នាំ​ទី​១ ថ្នាក់​ត្រី, ឆ្នាំទី​២ ថ្នាក់​ទោ និង​ឆ្នាំ​ទី៣​ ថ្នាក់​ឯក ប្រព័ន្ធ​នេះ​បង្រៀន​តែ​ផ្នែក​ធម៌​អាថ៌​ព្រះ​ពុទ្ធ​សាសនា​សុទ្ធ​សាធ។ ឯ​ប្រពន្ធ័​សិក្សា​មួយ​ទៀត​ហៅថា ពុទ្ធិក​សិក្សា ឬ​សាលាបាលី ។ ប្រព័ន្ធ​នេះ មិន​មែន​បង្រៀន​តែ​ធ​ម៌​អាថ៌ តែ​ម៉្យាង​ទេ គឺ​មាន​បញ្ចូល​មុខ​វិជ្ជា​ផ្នែក​ខាង​ក្រសួង​សិក្សា​ធិកា ខាង​ផ្លូវ​លោក​មក​ស្ទើរ​តែ​ទាំង​អស់។ មុខ​វិជ្ជា​ដែល​ខាង​ក្រសួង​អប់រំ​មាន​បង្រៀន ខាង​​ពុទ្ធិក​សិក្សា​ក៏​មាន​ដែរ ដូច​ជា គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ហើយ​និង​មុខ​វិជ្ជា​ដទៃ​ជា​ច្រើន​ទៀត។ ដូច្នេះ​ ប្រពន័្ធ​សិក្សា​ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណា​ចក្រ​នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ជា​ពិសេស​ខាង​ពុទ្ធិក​សិក្សា​មាន​មុខ​វិជ្ជា លើស​ខាង​អាណាចក្រ​ជា​ច្រើន​មុខ​វិជ្ជា ព្រោះ​មាន​មុខ​វិជ្ជា​ផ្នែក​ព្រះ​ពុទ្ធសាសនា​បន្ថែម​ជា​ច្រើន​ទៀត។ សព្វ​ថ្ងៃ​នេះ ខាង​ក្រសួង​ទទួល​ស្គាល់​សញ្ញាបត្រ​ទាំង​សង្ខាង​ឲ្យ​មាន​ប្រសិទ្ធិភាព​ស្មើ​គ្នា។ ខាង​ផ្នែក​ពុទ្ធិក​សិក្សា​ក៏​មិន​មែន​បើក​សម្រាប់​តែ​ព្រះ​សង្ឃ សមណ​សិស្ស​ដែរ គ្រហស្ថ​ក៏​អាច​ចូល​រៀន​បាន ឲ្យ​តែ​មាន​ចំណង់​ចង់​ចូល​រៀន​ខាង​ផ្នែក​នេះ សព្វ​ថ្ងៃ​នេះ មាន​សិស្ស​ជា​គ្រហស្ត​ប្រុស​ស្រី​ចូល​រៀន​ខាង​វិស័យ​ពុទ្ធ​ចក្រ​នេះ​ក៏​ច្រើន​ដែរ។ ចំណែក​ពុទ្ធិក​មធ្យម​សិក្សា ក៏​បាន​រីក​សាយ​ភាយ​មក​តាម​ឃុំ​ស្រុក ខេត្ត​មួយ​ចំនួន​ធំ​ហើយ រី​ឯ​ពុទ្ធិក​មហាវិទ្យាល័យ ក៏​បាន​បំបែក ជា​សាខា​មក​តាម​ខេត្ត​មួយ​ចំនួន​ដែរ។ ដោយ​សារ​តែ​ពុទ្ធិក​សិក្សា​ទើប​តែ​ចាប់​កំណើត​ជា​ថ្មី​ក្នុង​រយៈ​ពេល​ខ្លី​ពេក គឺ​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​១៩៩៣ ទើប​មើល​ទៅ​ហាក់​ដូច​ជា​ដើរ​ក្រោយ​ផ្នែក​អាណាច​ក្រ​បន្តិច ប៉ុន្តែ​មិន​លើស​ហួស​គ្នា​ប៉ុន្មាន​ដែរ បើ​ប្រៀប​ធៀប​ពី​សមត្ថភាព​ចំណេះ​ទូទៅ​របស់​សិស្ស​ទាំង​ពីរ​ផ្នែក គឺ​អាណាចក្រ និង​ពុទ្ធចក្រ។ អ្នក​ដែល​មើល​ឃើញ​ថា ពុទ្ធសាសនា​ដើរ​ថយ​ក្រោយ​នោះ ដោយ​សារ​គេ​មើល​ទៅ​ក្នុង​ជ្រុង​ដទៃ​ទៀត​។​

  3. Lovepeehs05 និយាយថា៖

    បើស្តាប់តាមការការបរិយាយ របស់ព្រះអង្គ ឃើញថាល្អហើយ តែមុខវិជ្ជានិមួយៗ ដែលត្រូវសិក្សា ជាបញ្ហាចម្បង ឬ សំខាន់បំផុត ហើយសំខាន់បំផុតមួយទៀត គឺការប្រតិបត្តិ ឬ ការអនុវត្តន៍ គឺរដ្ឋាភិបាល ត្រូវបើកអោយទូលំទូលាយ ដើម្បីព្រះសង្ឃទាំងឡាយ ដែលមានតម្រិះវិជ្ជាទាំងនោះ អាចចេញទៅបង្ហាត់បង្រៀន តាមសាលារៀនរដ្ឋ ក្នុងភូមិ ឃុំ ឬ ស្រុកនានា ទួទាំងប្រទេសកម្ពុជា ត្រូវកំណត់អោយមានប្រាក់ខែ ឬ បៀរវត្តអោយបានត្រឹមត្រូវ ដូចគ្រូៗជាគ្រហស្ថដែរ ។ គឺមិនមែនធ្វើ ដោយតាមការស្ម័គ្រចិត្ត ដែលមិនស្ថិតស្ថេរចិរកាលនោះទេ ។ ហើយការសិក្សាធម្មវិន័យ និង បាលី ត្រូវកាត់បន្ថយ ទៅតាមកាលៈទេសៈ ពីព្រោះសម័យឥឡូវ មិនតម្រូវអោយសិក្សាច្រើនពេកចឹងទេ ខាតពេលវេលា បើតាមពិតទៅ របស់ដែលគេគ្រប់គ្នា មិនសូវប្រើ ឬ របស់ហួសម័យ គឺមិនសូវបានការទេ ឬ ឥតប្រយោជន៍ទៅវិញទេ ។ ខ្ញុំព្រះករុណា ចង់សង្កត់ធ្ងន់ទៅលើ បច្ចេកទេសក្នុងការរៀបចំកម្មវិធីសិក្សា អោយមានប្រសិទ្ធិភាព អោយមានប្រយោជន៍ នៅសម័យទំនើបនេះ ដែលខ្ញុមព្រះករុណាតែងនិយាយ ទៅលើវិស្ស័យ នយោបាយ សេដ្ឋកចិ្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ គឺទាំងប្រាំនេះ អោយមានតុល្យភាពជានិច្ច ។ល។៚…

    • បើ​សិន​ជា​អាច​រៀប​ចំ​ប្រព័ន្ធ​បាន​ដូច​​ដែល​ញោម​មាន​ប្រសាសន៍​នោះ​ពិត​ជា​ល្អ​ណាស់​ វិស័យ​ខាង​ផ្នែក​​អប់រំ​​ និងបដិបត្តិ​ ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​​នឹង​បាន​រីក​ចម្រើន​ ជា​ពិសេស​ខាង​ផ្នែក​សីលធម៌​ និង​ចរិយា​ធម៌​។ ចំពោះ​ខាង​ផ្នែក​ធម្ម​វិន័យ​ និង​បាលី​វិញ តាម​យោបល់​អាត្មា​ មិន​បាច់​កាត់​បន្ថយ​ទេ គួរ​តែ​ពង្រឹង​ឲ្យបាន​រឹង​មាំ​វិញ​ទើប​ល្អ ព្រោះ​សព្វ​ថ្ងៃ​នេះ ស្ទើរ​តែ​លែង​មាន​អ្នក​ចង់​រៀន​ទៅ​ហើយ ផ្នែក​ធម្មវិន័យ​ និង​ផ្នែក​បាលី​ កាន់តែ​ពង្រឹង​ឲ្យ​មានគុណភាព កាន់តែប្រសើរ។

  4. Lovepeehs05 និយាយថា៖

    សូមអរព្រះគុណ ព្រះអង្គ បើតាមខ្ញុំព្រះករុណាត្រិះរិះពិចារណាទៅ មិនមានអីពិបាកនឹងរៀបចំទេ ពីព្រោះថា ខាងពុទ្ធចក្រក៏ត្រូវការប្រព័ន្ធរបៀបហ្នឹង ហើយខាងអាណាចក្រក៏ត្រូវប្រព័ន្ធហ្នឹងដូចគ្នា គឺខានមិនបាន ដូចតែគ្នា ។ ហើយខាងធម្មវិន័យ និងបាលី ខ្ញុំព្រះករុណាពិចារណាទៅឃើញថា ប្រើពេលច្រើនពេក យូរពេកចំណាយពេលសិក្សា វិជ្ជាទាំងពីរនេះ សិក្សាចប់ហើយពុំសូវមានគេយកមក ប្រើប្រាសទេ ជាពិសេសសម័យមហាលោតផ្លោះដូចសព្វថ្ងៃនេះ យើងមិនចង់បំបាត់ទេ តែគ្រាន់តែ កាត់បន្ថោយ អោយនៅត្រឹម ២-៣ ឆ្នាំបានហើយ បើរាប់ជាឆ្នាំ សំរាប់រៀនធម្មវិន័យតែមួយ ត្រូវប្រើពេល ៣ ឆ្នាំ ហើយរៀនបាលីប្រហែល ៧ ឆ្នាំ ចឹងបូកបញ្ចូលគ្នាទៅ ត្រូវចំណាយពេលអស់ ១០ ឆ្នាំបាត់ទៅហើយ ហើយរៀនចប់ហើយក៏មិនប្រាកដថារកការបានធ្វើដែរ ជាពិសេសសម័យឥឡូវនេះ ។ និយាយនេះចង់ អោយផ្តោតនូវមុខវិជ្ជាសំខាន់ៗ ដែលមនុស្សលោកសព្វថ្ងៃត្រូវការ បើមិនចឹងទេ តាមគេមិនទាន់ទេ បើមិនទាន់ហើយច្បាស់ជាវឹកវរហើយ គេអត់គោរពយើងជាព្រះសង្ឃទេ គេថាយើងអត់បានការ ដូចសម័យខ្មែរក្រហមចឹង គេបំបាត់សាសនាទាំងស្រុង ក៏ដោយសារមូលហេតុហ្នឹងដែរ សព្វថ្ងៃគេនៅ គោរពដើម្បីសម្រាប់ធ្វើ ពិធីបុណ្យទាន តាមទំនៀមទំលាប់ បានរៀនសូត្រខ្លះៗ និងរកបច្ច័យបានខ្លះៗ តែអោយគេគោរព ដោយសុទ្ធចិត្តនោះ ប្រហែលមិនមានទេដឹង ! សាកអត់មានលុយអោយគេមើល គឺច្បាស់ជាគ្មានពីណា មកក្បែរធ្វើកូនសិស្សទេ ! មិនថាអញ្ចឹង ?

    ខ្ញុំំព្រះករុណាចង់អោយព្រះសង្ឃមានតម្រិះដឹងខ្ពស់ ខ្ពស់រហូតគេហៅបណ្ឌិត នៅពេលសិក ឬ លាចាក សិក្ខាបទមកជាគ្រហស្ថវិញ កុំអោយគេហៅ អន្ទិត ៗ តែអោយគេហៅអោយចំថា បណ្ឌិត ៗ ទើបប្រសើរ នៅពេលហ្នឹងហើយ គេចាប់ផ្តើមគោរពជឿព្រះសង្ឃ ឬ ពុទ្ធសាសនា យ៉ាងប្រាកដជាមិនខានឡើយ ។ ចង់អោយព្រះសង្ឃបានក្លាយជាទីប្រឹក្សាប្រធានាធិបតី ទីប្រឹក្សានាយករដ្ឋមន្ត្រី ឬ ក្លាយជាអ្នកដឹកនាំ ផងក៏ថាបាន ។ ខ្ញុំព្រះករុណា យល់ថា ព្រះពុទ្ធបានត្រាស់ដឹង គឺដោយសារការសិក្សាអបរំ នេះឯងហើយ អញ្ចឹងបានន័យថា មានតែពុទ្ធសាសនាទេ ដែលយកការសិក្សាជាធំ តែមិនមែនយកព្រះអាទិទេពជាធំ ដូចសាសនាដទៃ ៗ ទៀតទេ ! មិនថាអញ្ចឹង ?

    • ចម្រើនពរ ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ពិត​ប្រាកដ មក​ពី​ការ​តាំង​ចិត្ត​សិក្សា​ពិត​ប្រាកដ​របស់​សិស្ស​និស្សិត​គ្រប់​រូប បន្ថែម​ទៅ​លើ​វិធីសាស្ត្រ​ដែល​ញោម​បាន​រកឃើញ​ផង​ដែរ​នោះ នឹង​ធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​កាន់​តែ​រហ័ស​ឡើង​​។ អ្វី​ដែល​ញោម​មាន​ប្រសាសន៍​នោះ​ អាត្មា​យល់​ពី​បំណង​ល្អ​របស់​ញោម​ ហើយ​ក៏​មិន​បាន​បដិសេធ​ដែរ ប៉ុន្តែ​ចំណែក​ខាង​សាលា​បាលីនោះ ធ្លាប់​បាន​កាត់​បន្ថយ​ឆ្នាំ​ការ​សិក្សា​ដែរ​ហើយ ទោះ​ជា​កាត់​បន្ថយ​មិន​បាន​ច្រើន​ឆ្នាំ​ក៏​ដោយ​ ក៏​នៅ​តិច​ឆ្នាំ​ជាង​មុន តែ​បើ​កាត់​ឲ្យ​តិច​ពេក​ទៅ​ក៏​មិន​ល្អ​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​ការសិក្សា​នោះ​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ យក​ទៅ​ប្រើ​ការ​មិន​កើត​ដដែល។ មុខវិជ្ជា​ក្នុង​សាលា​បាលី​សព្វ​ថ្ងៃ​នេះ គឺ​សុទ្ធ​តែ​ជា​មុខ​វិជ្ជា​ដែល​អាច​ដើរ​តាម​សម័យ​លោត​ផ្លោះ​សព្វ​ថ្ងៃ​នេះ​បាន​ដែរ ឲ្យ​តែ​អ្នក​សិក្សា​យក​ចិត្ត​ទុក​ដាក់​​ សិក្សា​ឲ្យ​បាន​ចេះ​ដឹង​ពិត​ប្រាកដ​ មិន​ជា​អន់​ខ្សោយ​ឡើយ ។ បាលី​ក្តី ធម្មវិន័យ​ក្តី បើ​ចេះ​ដឹង​ឲ្យ​ពិត​ប្រាកដ​ ក៏​មិន​ធ្វើ​ឲ្យ​មនុស្ស​ទំ​នេរ​បាន​ដែរ បន្ថែម​ពីនេះ​ទៅ​ទៀត នឹង​​រឹត​តែ​​ធ្វើ​​ឲ្យ​​មាន​​សកម្ម​​​ទ្វេ​​ឡើង​​ថែម​​​​ទៀត។ បើ​​​តាម​​អ្វី​​ដែល​​អាច​​មើល​​ទៅ​ឃើញ​​ក្នុង​​វិស័យ​​សិក្សា​​ផ្នែក​​ព្រះ​​ពុទ្ធ​សាសនា​​សព្វ​​ថ្ងៃ​​នេះ អាត្មា​​ជឿ​​ជាក់​​ថា ក្នុង​​ពេល​​អនា​គត​​ដ៏​​ខ្លី​​ខាង​​មុខ នឹង​​មាន​​បណ្ឌិត​ ច្រើន​​ជាង​​អន្ទិត​​មិន​​ខាន។ ញោម​​យល់​​ដូច​អាត្មា​​ទេ?

  5. Lovepeehs05 និយាយថា៖

    នេះគ្រាន់តែជាការបញ្ចេញមតិយោបល់ រីឯភាពជាក់ស្តែងមិនទាន់ឃើញ ដូច្នេះមិនទាន់អាចយកជាការ បាននៅឡើយទេ ។ ខ្ញុំព្រះករុណា ក៏មិនទាន់បានឃើញកម្មវិធីសិក្សានៅឡើយទេ ដូច្នេះមិនចង់សន្និដ្ឋាន បានត្រឹមត្រូវដែរទេ ។ ហើយគុណភាពសិក្សា ក៏មិនទាន់អាចសន្និដ្ឋានបានដែរ តែបើចំណេះដឹងថ្នាក់ បណ្ឌិតរបស់យើង មិនអាចប្រកួតប្រជែង នឹង ថ្នាក់បណ្ឌិតបរទេសបានទេ បានន័យថា ថ្នាក់បណ្ឌិតស្រុក ខ្មែរយើង នៅមានកម្រិតទាប អញ្ចឹងយើងគួរត្រួតពិនិត្យមើល កម្មវិធីសិក្សា ឬ មុខវិជ្ជា និង រយៈពេល នៃការសិក្សា ហើយនិងគុណភាពរបស់គ្រូបង្រៀន, មិនថាអញ្ចឹង ?

    ខ្ញុំព្រះករុណា ចូលចិត្តវិភាគ ជជែក វែកញែកគ្នា រករូបមន្ត រកមធ្យោបាយ ដើម្បីធ្វើកិច្ចការអ្វីមួយ មិនចង់ធ្វើ ដោយប្រថុយប្រថានទេ គឺចង់ដឹងថា ហេតុអ្វីដែលគេធ្វើមិនបាន ជាពិសេសចំពោះមនុស្សចាស់ ៗ គាត់តែងនិយាយថា បើពួកគាត់ធ្វើមិនបានហើយ គឺគ្មានពីណាអាចធ្វើបានទេ មិនបាច់សាកទេ ពួកគាត់សុទ្ធតែក្បាលទំពែក ធ្វើមិនបាន ចុះទំរាំក្មួយៗ ក្មេងៗចឹង ធ្វើម្តេចបាន ! មិនបាច់ប្រឹងទេ ! ខ្ញុំព្រះករុណាធ្លាប់ឆ្លងកាត់ពាក្យទាំងនេះរួចមកហើយ ដល់ទៅធ្វើបែរជាស្រួល គ្មានអ្វីពិបាកឡើយ ចឹងបានន័យថា វាអាស្រ័យទៅលើ បច្ចេកទេស ឬ នយោបាយ នៃការធ្វើទេ ។

    ហើយខ្ញុំព្រះករុណា ក៏មិនចង់មើលស្រាល ឬ មើលងាយអ្នកណាទេ ទាំងពុទ្ធសាសនាខ្មែរ និង រដ្ឋាភិបាលខ្មែរសព្វថ្ងៃ តែខ្ញុំព្រះករុណា មើលឃើញចំណុចមួយ ដែលជាការព្រួយបារម្ភ គឺការហួងហែង ក្តោបក្តាប់អំណាច តែម្នាក់ឯង ឬ បក្សពួកឯង តែមួយគត់ ដោយមិនអនុញ្ញាតអោយពីណាខាងក្រៅ មកចូលរួម ឬ ប្រកួតប្រជែងសោះ ខ្ញុំព្រះករុណា មិនដឹងអំពីមូលហេតុអ្វីពិតប្រាកដទេ តែគ្រាន់តែដឹងថា មកពីការសិក្សាអបរំនៅមានកម្រិត ទើបអាចមានរឿងនេះកើតឡើង ! មិនថាអញ្ចឹង ?

    • មតិខ្លះជាកត្តានាំឆ្ពោះ ទៅរកការពិតបាន ព្រោះអាស្រ័យទៅលើការ មើលឃើញតថភាពសង្គម ធ្វើឲ្យយើងអាចព្យាករណ៍ ពីបញ្ហាអនាគតបានខ្លះៗដែរ ដូច្នេះ ការសន្និដ្ឋានដែលផ្អែកទៅលើ សកម្មភាពដែលឃើញប្រត្យក្ស ក្នុងសង្គមនោះ ជាទស្សនាទាន ដែលអាចទទួលយកបានខ្លះដែរ។ ចំពោះបញ្ហាទាំងឡាយផ្សេងៗ ទាំងឧបសគ្គនៃការ អភិវឌ្ឍន៍ធនធានមនុស្ស មានតាមទំនង គន្លងដូចដែលញោមបានពណ៌នាមកមែន គឺឧបសគ្គដែលកើតពីគំនិត កំណត់សមត្ថភាពខ្លួនឯង ថាធ្វើនេះមិនកើត ធ្វើនោះមិនកើត ទាំងមិនទាន់បានធ្វើផង នេះជាកត្តាមួយដែលធ្វើ មិនឲ្យបោះជំហាន ទៅមុខបាន រីឯគុណភាពខាងការសិក្សាអប់រំ យើងពិតជានៅដាច់ឆ្ងាយពីគេមែន តែទោះជាយ៉ាងណា ដូចញោមបានឃើញជាក់ហើយ កូនខ្មែរមួយចំនួន ក៏ខិតខំប្រឹងប្រែងខ្លាំងណាស់ដែរ ដើម្បីរត់ឲ្យបានទាន់គេ ឬយ៉ាងហោចណាស់ក៏ហៅគេបានឭ មិនឲ្យដាច់ឆ្ងាយពេក នេះក៏ចាត់ទុកជាមោទនភាពមួយដែរ សម្រាប់កូនខ្មែរ នាសម័យបច្ចុប្បន្ន ។ គ្រោះនៃសង្គ្រាម បណ្តាលឲ្យយើងទៅជាដូច្នេះ។ បើយើងទាំងអស់គ្នា ចេះតែនាំគ្នាខំប្រឹងប្រែង សាមគ្គី ចែករំលែកនូវគំនិតប្រាជ្ញា ជួយផ្តល់ដំណោះស្រាយ ដល់គ្នានិងគ្នា មានឧត្តមគតិជាតិ ពិតប្រាកដ ថ្ងៃណាមួយ គុណភាពរបស់យើង និងមានស្មើនឹងប្រទេសដទៃមិនខាន។ បណ្ឌិតស្រុកគេ គេបានពីការសិក្សាពិតប្រាកដ ទើបគេមានគុណភាពច្បាស់លាស់ បើបណ្ឌិតស្រុកយើង បានពីការសិក្សាពិតប្រាកដ ដូចគេដែរនោះ គុណភាពមិនខុសគ្នាឡើយ។ ញោមគិតអញ្ចឹងទេ? ហើយមានរឿងជាច្រើនទៀត ដែលត្រូវនិយាយ ទាក់ទងនឹងបញ្ហានេះ។ រឿងបញ្ហាក្តោបក្តាប់អំណាច តែម្នាក់ឯង បក្សពួកឯង ដូចដែលញោមមានប្រសាសន៍នោះ ជាកត្តាចម្បងមួយ ដែលជាឧបសគ្គដល់ការរីកចម្រើនពិត នរណាក៏អាចឃើញបាន ប៉ុន្តែមិនប្រាកដថា នរណាក៏អាចនិយាយបានទេ សូម្បីការសំដែងធម៌ ការផ្សព្វផ្សាយ អប់រំតាមផ្លូវព្រះធម៌ ក៏ត្រូវធ្វើតាមគំនូស ដែលគេគូសឲ្យដែរ បើមិនដូច្នោះទេ…។ល។

      ការចូលចិត្តវិភាគ រកផ្លូវចម្រើនដូចដែលញោមតែងតែ ធ្វើមកនោះ ជារឿងប្រសើរ ការចែករំលែក នូវគំនិតស្មារតីដើម្បី សេចក្តីចម្រើន គួរតែចែករំលែក ទោះជាពេលនេះ គ្មាននរណាចង់យកគំនិតរបស់ ញោមទៅពិសោធក៏ដោយ ក៏គង់ថ្ងៃណាមួយខាងមុខ អនុជនជំនាន់ក្រោយនឹងបាន យកទៅពិចារណា ដកពិសោធ ធ្វើជាប្រយោជន៍សម្រាប់សង្គម បានជាមិនខានទេ។

  6. Lovepeehs05 និយាយថា៖

    សូមអរព្រះគុណព្រះអង្គ ដែលបានឆ្លើយតប តែខ្ញុំព្រះកតរុណាមានការយឺតយ៉ាវ ក្នុងការឆ្លើយតប ។

    រឿងការសិក្សាអបរំនៅកម្ពុជា បើតាមខ្ញុំព្រះករុណាយល់ មកពីមិនមានចេតនា អោយមានការសិក្សា អបរំខ្ពស់តែម្តង ដូចជាមិនមានអីពិបាក នឹងកំណត់ការសិក្សាអបរំ អោយខ្ពស់នោះទេ ចង់និយាយថា ដូចយើងចុចកុងតាក់ភ្លើងក៏ថាបាន តែមិនព្រមតខ្សែរភ្លើងភ្ជាប់ជាមួយកុងតាក់ ដើម្បីសម្រាប់ចុច ដោយអនុញ្ញាត ត ខ្សែរភ្លើងផ្លូវកាត់តាពីសតាពាស ប្រើពេលយូរ ខាតពេលវេលា គ្រោះថ្នាក់ទៀតផង មិនថាអញ្ចឹង !

    ហើយរឿងទ្រឹស្តីតាមរបៀបខ្ញុំព្រះករុណាគិត ឬ រៀប មានគេចាប់អារម្មណ៍ មិនតិចទេ បើសិនជាគេបានអាន ឬ ឃើញទម្រង់នៃការរៀប ឬ រចនាសម្ព័ន្ធ តែមកពីមនុស្សយើងនៅ ប្រកាន់អត្តចារិក មិនព្រមទទួល ដោយមិនមែនជារបស់ខ្លួនបង្កើត តែចង់បង្កើតខ្លួនង ឬ មិនព្រមផ្តល់កិត្តិយស និង គុណសម្បត្តិ ដែលអ្នកគេខំប្រឹងប្រែងរៀបចំតាក់តែង ក៏ថាបាន ម្យ៉ាងដោយកាសិក្សាអបរំផងដែរ ដែលមិនយល់ថាជារបស់សំខាន់ សម្រាប់ដឹកនាំប្រទេសជាតិ ថាត្រូវតែមានរបស់ទាំងអស់ហ្នឹង តាមពិតទៅខ្ញុំព្រះករុណា ធ្លាប់បានដេញដោលគ្នា នៅសាលានយោបាយ ពួកអាមេរិកាំងរួចហើយ ស៊ីដាច់ អត់មានអីឆ្លើយតាមរចនាសម្ព័ន្ធ នយោបាយនេះទេ នៅគ្រប់សំនួរ បន្ទាប់មកអត់ព្រមនៅក្បែរខ្ញុំព្រះករុណា ដើម្បីខ្ញុំព្រះករុណា សួរចម្លើយទៀតទេ គេចរហូត ដល់តែចប់រគ្គសិក្សា គ្រូបង្រៀន ជាជនជាតិអាមេរិកាំងស្បែកស ថ្នាក់ ភីអេឆដឺគ្រី ថ្នាក់បណ្តិត យ៉ាងស្ទាត់ជំនាញ ខាងនយោបាយ មិនតែប៉ុណ្ណឹងទេ ក្រសួងសន្តិសុខមាតុភូមិ អាមេរិកាំង ក៏រៀបចំចងក្រង ជារចនាសម្ព័ន្ធដូចខ្ញុំព្រះករុណារៀបដែរ នេះបនទាប់ពីរខ្ញុំព្រះករុណា បានផ្ញើររូបមន្តទៅរដ្ឋាភិបាលអាមេរិក កាល២-៣ ថ្ងៃបន្តាប់ពីពួកភេរវករបើកយន្តហោះ បំបុកអគារពាណិជ្ជកម្មពិភពលោកមក និយាយនេះដូចអួតចឹង តាមពិតមិនអួតទេ ។ ហើយបន្ទាប់មកទៀត បានរៀនខាងប្រវត្តិសាស្ត្រពីភពលោក បានជួបគ្រូថ្នាក់បណ្ទិតខាង ប្រវត្តិសាស្ត្រផងដែរ ប្រាប់គាត់ បង្ហាញគាត់ នូវរូបមន្តទៅ គាត់ថាល្អណាស់ ហើយប្រវត្តិសាស្ត្រ អាមេរិកាំងគ្មានក្បួនរៀបដូច្នោះទេ គាត់អោយបល់ថា ខំប្រឹងធ្វើទៅ មិនខុសទេ ។ល។៚…

    • ចម្រើន​ពរ​ញោម! សូមអរគុណ​ដែល​បាន​ចែក​រំលែក​នូវ​គំនិត​ល្អ​ៗ​! មិន​អី​ទេ​រឿង​យឺត​យ៉ាវ​នោះ​ បើ​និយាយ​ពី​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​វិញ​ ដូច​ញោម​ដឹង​ស្រាប់​ហើយ អាត្មា​ក៏​មិន​បាន​រហ័ស​រហួន​ដែរ​ តែង​តែយឺត​ជា​និច្ច​ គឺ​ធ្វើ​ទៅ​តាម​ពេល​វេលា​ដែល​អំណោយ​ផល​។
      ញោម​មាន​គំំនិត​ល្អៗ​អញ្ចឹង​ គួរ​តែ​សរសេរ​ចេញ​មក​ឲ្យ​អស់​ជា​ការ​ប្រសើរ​ ឬ​ក៏​តែង​ជា​សៀវភៅ​មួយ​ក្បាល​ទុក​សម្រាប់​កូន​ខ្មែរ​បាន​សិក្សា​រៀន​សូត្រ ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ណាស់​ មិន​ខ្វះទេ​អ្នក​អាន ហើយ​ចំណែក​អ្នក​យក​ទៅ​អនុវត្ត​ក៏​គង់​មាន​មិន​ខាន​ បើ​មិន​សម័យ​កាល​នេះ ក៏​សម័យ​កាល​ខាង​មុខ ព្រោះ​ក្បួន​ច្បាប់​តែង​តែ​ស្ថិត​នៅ​បាន​យូរ​ជាង​មនុស្ស។

      • Lovepeehs05 និយាយថា៖

        អរគុណព្រះអង្គ រឿងគំនិតរបស់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាគិតឃើញថា វាមានតម្លៃណាស់ តែវាអាស្រ័យទៅលើ ខ្ញុំព្រះករុណា ចងក្រងរៀបចំ បើខ្ញុំព្រះករុណារៀបត្រូវ គិតត្រូវ ធ្វើត្រូវ នឹងអាចរកលុយរាប់លាននឹងគេដែរ ប្រហែលជាគ្មានពីណា គិតដល់ថ្នាក់ហ្នឹងទេ តែខ្ញុំព្រះករុណា គិតដល់ហ្នឹង ឬក៏ ហួសហ្នឹងទៅទៀត ហើយរឿងការ សរសេរជាសៀវភៅ ចង់ធ្វើដែរ តែមិនចង់ធ្វើដើម្បីចែកជាអំណោយនោះទេ ខ្ញុំព្រះករុណាគិតឃើញថា ដូចជាឥតប្រយោជន៍ ដូចមានដុំមាស ដុំពេជ្រ មិនចេះខ្ចប់ដូច្នោះដែរ ។ ការនិយាយសព្វថ្ងៃ គ្រាន់តែជាការពិសោធ ទៅលើគំនិតរបស់ខ្ញុំ ព្រះករុណាតែប៉ុណ្ណោះ ហើយចង់រកដៃគូផងដែរ ដើម្បីសម្រេចកិច្ចការនេះ បើសិនជាមាន តែក៏ពិបាករកណាស់ មិនងាយមានគំនិតដូចគ្នា ចឹងសុខចិត្តបន្តរធ្វើតែម្នាក់ឯង មួយរយៈទៀតសិនចុះ តែយ៉ាងណាក៏ដោយ ចេះតែចង់យក គំនិតនេះ មកជួយអភិវឌ្ឍប្រទេសជាតិខ្មែរ តែដូចជាពុំទាន់ឃើញមានច្រកចូលសោះ មើលទៅដូចជាមានទំនប់ រាំងខ្ទប់សម្បើមណាស់ តែដូចជាមិនអស់សង្ឃឹម គង់មានថ្ងៃណាមួយ ពេលវេលាណាមួយ នឹងអាចបើកច្រកអោយចូលបាន តើព្រះអង្គយល់យ៉ាងណាដែរ ? តើព្រះអង្គអាចជួយផ្តល់ជាយោបល់បានទេ ក្រៅពីយោបល់របស់ព្រះអង្គខាងលើ ? តើព្រះអង្គគិត ឬ ឆ្វេងយល់ដូចខ្ញុំព្រះករុណាទេ ? និយាយទៅចេះតែវែងទៅ សូមសង្ខែបត្រមហ្នឹងសិនចុះ !

  7. ចម្រើនពរញោម! ព្រះសម្មាសម្ពុទ្ធក៏ទ្រង់បាន សំដែងហើយដែរអំពី អង្គនៃការជោគជ័យនោះ គឺ ឆន្ទៈ វិរិយៈ ចិត្តៈ និង វិមំសា។ តាមយោបល់អាត្មា អ្វីដែលញោមចង់ធ្វើ មិនត្រូវចាំបាច់រង់ចាំ ពេលវេលាណាទេ គួរតែប្រញាប់ចាប់ផ្តើមធ្វើ ទើបជាការល្អ ។ អាត្មាចង់និយាយថា បើអាចធ្វើទៅបាន ចេះតែធ្វើបណ្តើរទៅ បើរកដៃគូមិនទាន់បាន ក៏ធ្វើម្នាក់ឯងសិន ទម្រាំរកដៃគូឃើញ បើរវល់តែរង់ចាំ អាចនឹងហួសពេលក៏ថាបាន។ ម៉្យាងចំពោះច្រកចូលនោះ គង់តែមានទេ អោយតែកិច្ចការដែលត្រូវធ្វើនោះ បានត្រៀមរួចរាល់ហើយ យ៉ាងហោចណាស់ ក៏មានប្រឡោះអាចសរសៀរចូលបានខ្លះ។ ចំពោះការចងក្រងសៀវភៅក៏ដូចគ្នា រឿងសំខាន់គឺ ញោមចងក្រងឲ្យចេញជារូបរាងសិន ទាន់ពេលដែលមានបញ្ញាភ្លឺថ្លា អាចរកឃើញនូវគន្លឹះល្អៗ ក្នុងការអភិវឌ្ឍន៍ជាតិ ត្រង់ចង់ធ្វើជាអំណោយឬអត់នោះ បើញោមចងក្រងបានហើយ អាចមានផ្លូវសម្រេចចិត្ តជាច្រើនទៀត។ ការចែកជាអំណោយនោះ ក៏ជាមធ្យោបាយមួយ ក្នុងការបញ្ជ្រាបនូវសមិទ្ធិបញ្ញា របស់ញោមទៅដល់មហាជន ដើម្បីឲ្យគេបានយល់ពីវិធីសាស្ត្រ ល្អៗទុកជាចំណេះដឹង សម្រាប់ការអភិវឌ្ឍន៍ផងដែរ ឬបើមិនដូច្នោះទេ ញោមអាចចែកចាយទៅតាមបណ្ណាល័យនានា ដើម្បីជាប្រយោជន៍ដល់សាធារណជន ព្រោះបណ្ណាល័យ ជាកន្លែងសំខាន់មួយក្នុងការសិក្សា ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស។ ពេលដែលមនុស្សភាគច្រើនគេ បានសិក្សាបានយល់ហើយ គេនឹងជួយជាកម្លាំងជ្រោមជ្រែង ឲ្យញោមអាចរកផ្លូវចូលបានជាមិនខាន។ ថ្នាក់ក្រោម (ប្រជាជន) គឺជាគ្រឹះនៃសង្គម ការបណ្តុះបណ្តាលពីក្រោមទៅ ជាការសំខាន់បំផុត ថ្វីត្បិតតែត្រូវប្រើរយៈពេលយូរ។

    • Lovepeehs05 និយាយថា៖

      សូមអរព្រះគុណ ព្រះអង្គ ដែលបានជួយផ្តល់ ជាយោបល់យ៉ាងក្បោះក្បាយ !

      ពិតមែនហើយព្រះអង្គ ពេលមិនរងចាំកាលឡើយ ! ត្រឹមត្រូវហើយ រឿងការធ្វើជាបណ្តើរៗ តែកិច្ចការនេះធំធេងណាស់ ខ្ញុំព្រះករុណា មិនបានដឹងថា នៅលើពិភពលោកនេះ មានមនុស្ស ប៉ុន្មាននាក់ទេ ដែលកំពុងរៀបចំ ឬ កំពុងសរសេរនូវ ប្រព័ន្ធនយោបាយនេះ ប្រហែលជាគេ មិនសូវចាប់អារម្មណ៍ផងក៏មិនដឹង ពីព្រោះគេមានប្រពន្ធនយោបាយ មួយចំនួនរួចមកហើយ ហើយក៏កំពុងប្រើប្រាសសព្វថ្ងៃនេះដែរ ។

      រឿងខ្ញុំព្រះករុណា មិនមែនគិតតែពីសរសេរនោះទេ តែចង់អានុវត្តន៍ព្រមពេលជាមួយគ្នា ពីព្រោះថាគោលនយោបាយ វាមានរួចទៅហើយ តែចង់ផ្តល់គុណសម្បត្តិ ឬ កិត្តយស ក្នុងការរួមចំណែកសរសេរ ដល់រដ្ឋាភិបាលខ្មែរ ឬ អ្នកចេះដឹងខ្មែរទួទៅផងដែរ មិនមែនចង់ធ្វើតែម្នាក់ឯង យកគុណសម្បត្តិតែម្នាក់ឯងទេ នេះបើតាមការយល់ឃើញ របស់ខ្ញុំព្រះករុណា តាំងពីយូរណាស់មកហើយ ។ តែខ្ញុំព្រះករុណាមានជម្រើសជាច្រើន បើសិនជាការគិតនេះមិនបានសម្រេច ពីព្រោះថា ប្រព័ន្ធនយោបាយ ដែលនឹងសរសេរនេះ មិនមែនសម្រាប់ប្រើតែ ប្រទេសខ្មែរនេះទេ គឺអាចប្រើបានជាទួទៅលើសាកលលោកផងដែរ ដូច្នេះ ខ្ញុំព្រះអាចសម្រេចចិត្តសរសេរ នៅអាមេរិកក៏បាន នៅកន្លែងណាក៏បានដែរ គ្មានព្រួយបរម្ភ ថាគេជំទាស់ទេ របស់ដែលប្រើបានទួទាំងប្រទេស ទួទាំងពិភពលោក មិនជារបស់ឥតប្រយោជន៍ឡើយ ចំណូលនឹងចូលស្មានមិនដល់ បើតាមការស្ទង់ ។

      រឿងបញ្ញាភ្លឺថ្លាប្រាជ្ញាវាងវៃ គឺពិតមែនហើយ វាមានតាមកាលៈទេសៈ មិនប្រាកដថា នៅមានជារហូតនោះទេ ដូចព្រះសម្មាសម្ពុទ្ធបរមគ្រូបានមានព្រះបន្ទូលថា ជារបស់មិនទៀង មិនស្ថិតស្ថេរចិរកាលទេ ខ្ញុំព្រះករុណាបារម្ភដែរ ចឹងហើយក៏ចង់អោយបានចប់លឿនដែរ ។

      • គោល​នយោ​បាយ​របស់​ញោម ពិត​ជា​វិសេស​វិសាល​ណាស់​ បើ​តាម​ការដែល​ញោម​​និយាយមក​​ត្រួស​ៗនេះ ព្រោះ​ជា​គោល​នយោ​បាយ​សម្រាប់​ពិ​ភព​លោក​។ ទោះ​បី​គេ​មាន​សម្រាប់​ប្រើ​ប្រាស់​រួច​ហើយ​ក៏​ដោយ បើ​គេ​មើល​ឃើញ​ថា​ល្អ​ប្រសើរ​ជាង​របស់​សព្វ​ថ្ងៃ​នេះ​ គឺ​ច្បាស់​ជា​ធ្វើ​វិសោធនកម្ម ដាក់​ប្រើ​ប្រាស់​ជា​មិន​ខាន ព្រោះ​ប្រទេស​គេ​អ្នក​ជឿន​លឿន មាន​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ គេ​មិន​ខ្លាច​ក្នុង​ការ​ទទួល​យក​របស់​ដែល​ថ្មី គោល​ការណ៍​ដែល​នាំ​ទៅ​រក​សេចក្តីរីក​ចម្រើន​ឡើយ​។ តាម​យោបល់​អាត្មា ញោម​ពុំ​គួរ​រង​ចាំ​ពេល​អនុវត្ត​ទើប​ចាប់​ផ្តើម​សរសេរ​ទេ នោះ​អាច​នឹង​ជា​ឧបសគ្គ​មួយ​រាំង​ស្ទះ​ ឬ​ផ្ទាញ​ផ្ទង់​ពេលវេលា​ផង​ដែរ​ យក​ល្អ​ឲ្យ​មាន​សៀវភៅ​ជា​គោល​ការណ៍សិន​ដើម្បី​ជា​ផ្លូវ​ក្នុង​ការ​អនុវត្ត។ សូម្បី​ក្នុង​ព្រះ​ពុទ្ធសាសនាក៏​មាន គោលការណ៍ ឬទ្រឹស្តីជាគោល​ដែរ ដូច​ញោម​បាន​ដឹង​ស្រាប់​ហើយ ប្រភេទ​នៃ​ព្រះ​ពុទ្ធសាសនា​បី​យ៉ាងគឺ បរិយត្តិ ត្រូវដើរមុនបដិបត្តិ មាន​បរិយត្តិ ហើយទើបដិបត្តិបានត្រឹមត្រូវ ហើយ​ផល​គឺ​បដិវេធ ។ល។ នេះ​គ្រាន់​តែ​ទស្សនៈ​ដើម្បី​ចូល​រួម​យោបល់​ជា​មួយញោម​​ប៉ុណ្ណោះ​ មិន​បាន​ប្រាកដថា​ត្រឹមត្រូវទេ។

  8. Lovepeehs05 និយាយថា៖

    ពិតជាត្រឹមត្រូវហើយព្រះអង្គ រឿងបរយត្តិធម៌ បដិបត្តិធម៌ និង បដិវេធ ដូចធ្លាប់បានរៀនដែរ តែយូរណាស់ ហើយមិនចាំថាទេ ទើបព្រះលើកយក ទើបអរំលឹកខ្ញុំព្រះករុណាឡើងវិញ ដូចរាងភ្លឺភ្នែកជាងមុន ថាធម៌ព្រះពុទ្ធមានគ្រប់យ៉ាង តែមកពីយើងមិនបានយកមកប្រើប្រាស ។ អរព្រះគុណព្រះអង្គ !

    មួយទៀតរឿងការសរសេរ ឬ ចងក្រងជាសៀវភៅ ខ្ញុំព្រះករុណាមានបំណង ចង់បង្កើតជាគណៈកម្មការ មួយក្រុម ដើម្បីសរសេរ និង រៀបចំស្រាវជ្រាវចងក្រង គឺប្រៀបដូចទៅនឹង ក្រុមជំនុំព្រះត្រៃបិដក ឬ ចងក្រងសៀវភៅវច្ចនានុក្រម កាលសម័យមុនដែរ ហើយរឿងមិនចុះសម្រុង ឬ ប្រទង់ប្រទែងគ្នា ស្រេចទៅខ្ញុំព្រះករុណាដែរទេ មើលទៅ បើសិនជាខ្ញុំព្រះករុណា មិនច្បាស់លាស់ ប្រហែលជាអាចកើតរឿងនេះឡើង តែបើខ្ញុំព្រះករុណាច្បាស់ លាស់ ប្រហែលជាមិនអាចកើតមានទេ ខ្ញុំព្រះករុណាចូលចិត្តជជែក វែកញែក ដេញដោលគ្នា យ៉ាងល្អិតល្អន់ មុននឹងធ្វើអ្វីមួយ តាមពិតទៅខ្ញុំព្រះករុណា បានសិក្សាស្រាវជ្រាវ ក្បែររួចស្រេចទៅហើយ នៅតែរើសយកមកចងក្រង រៀបចំតែប៉ុណ្ណោះ គោលការណ៍ សំខាន់ៗដែលជាបង្គោលមានអស់ទៅហើយ ហើយក៏បានពិសោធន៍ ខ្លះៗដែរហើយ ដូចកាលខ្ញុំព្រះករុណា ដែលសរសេរទៅរដ្ឋាភិបាលអាមេរិក គេងាយយល់ណាស់ គេទទួលស្គាល់ថាល្អ ហើយគេបានទំនាក់ទំនង ជាមួយខ្ញូំព្រះករុណាជាប់រហូត មានទាំងប្រធានាធិបតី គាត់សរសេរ អ៊ីមែល អរគុណទៅទៀត ដោយខ្ញុំព្រះករុណាយកទ្រឹស្តីនេះ ជួយក្នុងការដណ្តើមសន្លឹក ឆ្នោតនាពេលនោះ ដោយយកទ្រឹស្តីនេះទៅវិវិភាគ ដើម្បីយកឈ្នះទៅលើគូរ បដិបក្ខ ទីបំផុតបានជោគ ជ័យ ដូចក្តីប្រាថ្នា និយាយទៅដូចចេះតេអួត មិនអួតទេ និយាយតាមដែលបានធ្វើ ។

    តាមពិតខ្ញូំព្រះករុណា មិនរងចាំកាលទេ ធ្វើបណ្តើរចរចារបណ្តើរ មិនរុញរាទេ ទោះជាម្នាក់ឯងយ៉ាងណា ក៏ដោយ ដោយរៀនតាមព្រះសម្មាសម្ពុទ្ធ ទោះបីគ្មានពីណាជួយគាំទ្រ ក៏នៅតែទៅដែរ ដោយគិតឃើញថា នឹងពិតជាបានសម្រេច នៅពេលណាមួយមិនខានឡើយ ។ សព្វថ្ងៃមនុស្សមួយចំនួន គេថាខ្ញូំព្រះករុណា ជាមនុស្សឯកកោ គ្មានពីណាគេរាប់រក គេអើពើរាប់អាន នៅតែម្នាក់ឯង ធ្វើការងារនេះតែម្នាក់ឯង ហើយក៏គ្មានមនុស្សច្រើនទេ ដឹងរឿងនេះ ខ្ញុំព្រះករុណា មិនខ្វល់អ្វីទាំងអស់ បានគេមិនមកក្បែរ រិតតែល្អ រិតតែជ្រះថ្លាក្នុងចិត្ត ដើម្បីធ្វើនៅកិច្ចការនេះ តាមពិតទៅមិនចង់អោយគេមក រញេយរញៃទេ ទោះបីគេថាឆ្កួត គេថាយ៉ាងណាយ៉ាងណៃ ស្រេចតែគេទៅ ខ្ញូំព្រះករុណាមិនខ្វល់ទេ ។ មិនថាអញ្ចឹង ព្រះអង្គ ?

    • រចនា​សម្ព័ន្ធ​តាម​គំរោង​របស់​ញោមក្នុង​ការ​បង្កើត​គណៈ​កម្មការ​នោះ បើ​អាច​ធ្វើ​ទៅ​បាន​ ជា​ការ​ប្រសើរ​ណាស់ ហើយ​កិច្ច​ការ​នោះ​នឹង​មាន​គុណ​ភាព និង​ប្រសិទ្ធិភាព​កាន់​តែ​ខ្លាំង​ឡើង។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ទោះ​ជា​ញោម​ធ្វើ​តែ​ម្នាក់​ឯង​បណ្តើរៗសិន​ក៏​ជា​ការ​ល្អ មុខ​នឹង​បាន​ដល់​គោល​ដៅ​មួយ​ដែល​ញោម​ចង់​បាន​ជា​មិន​ខាន។ ឲ្យ​តែ​កិច្ច​ការ​នោះ​ មាន​ប្រយោជន៍​ដល់​មនុស្ស​ជាតិ ជា​ការ​ងារ​ត្រឹមត្រូវ និង​ជា​ការ​ងារ​ដែល​នាំសេចក្តីសុខ​សន្តិ​ភាព​ដល់​ពួង​មនុស្ស ញោម​ទៅ​ខ្លាច​ធ្វើ​អី​ចំពោះ​ពាក្យ​គេថា​នោះ ព្រោះ​មនុស្ស​ថា សម្បូរ​ណាស់ តែ​មនុស្ស​ធ្វើ​មិន​សូវ​ជា​មាន​ប៉ុន្មាន​ទេ។ អញ្ចឹង​ញោម​មិន​ចាំ​បាច់​រួញ​រា​ចំពោះ​ពាក្យ​គេថា​ទេ ផ្តោត​លើ​តែ​កិច្ចការ​ដែល​ត្រូវ​ធ្វើ ញោម​នឹង​បាន​ទទួ​ល​ផល​គាប់​ចិត្ត​ត្រឡប់​មកវិញ​មិន​ខាន​ឡើយ​។

  9. Lovepeehs05 និយាយថា៖

    អរព្រះគុណព្រះអង្គ ដែលបានជួយផ្តល់ជាមតិយោបល់ ! អញ្ចឹងមែនហើយព្រះអង្គ ខ្ញុំព្រះករុណា មិនត្រូវញញើតអីទេ ពីព្រោះធ្វើដើម្បីផលប្រយោជន៍ជាតិទួទៅ មិនអីទេព្រះអង្គ ទើបតែសរសេរបាន ប្រហែលជាជិត ៨០០ ទំព័រហើយ ចង់សរសេរ ២០០-៣០០ ទំព័រទៀតចប់ហើយ រួចហើយចាំចំរាញ់ ទុកតែ ៥០០ ទំព័រទេ ព្រះអង្គ តាមពិទមិនទាន់ចង់បញ្ចេញទេ ចាំរហូតកាលៈទេសៈហុចអោយ មិនថាអញ្ចឹងព្រះអង្គ ?

    • បើ​អញ្ចឹង ញោម​សរសេរ​ជិត​ចប់​ហើយ​តើ ជា​ការ​ប្រសើរ​ខ្លាំង​ណាស់ អាត្មា​សង្ឃឹម​ថា​នឹង​បាន​អាន​គោល​ការណ៍​របស់​ញោម នឹង​បាន​រៀន​សូត្រ​ផង​ដែរ​។ មិន​មែន​បំណង​រៀនដើម្បី​​ធ្វើ​តំណាង​រាស្ត្រ​ទេ គ្រាន់​តែ​ចង់​រៀន​ឲ្យ​ដឹង😀 តាម​ទស្សនៈ​អាត្មា ញោម​មិន​គួរ​រង​ចាំ​ឱកាស​ហុច​ឲ្យ​ ទើប​បញ្ចេញនោះ​ទេ គួរ​តែ​ធ្វើ​ឲ្យ​ហើយ​ស្រេចបាច់​ហើយ​បញ្ចេញ​ផ្សព្វ​ផ្សាយ​ ជា​ការ​ល្អ ព្រោះ​ការ​ផ្សព្វ​ផ្សាយ​នោះ អាច​ជា​ការ​បើក​ឱកាស​សម្រាប់អ្វី​ដែល​​ញោមទន្ទឹង​រង់​ចាំ​​ដែរ។

  10. Lovepeehs05 និយាយថា៖

    អរព្រះគុណព្រះអង្គ ជិតចប់ហើយព្រះអង្ក តែកំពុងតែពិចារណាមើល ថាត្រូវចេញសៀវភៅអ្វីមុនគេ មិនទាន់បានសិក្សាស្រាវជ្រាវ ខាងបច្ចេកទេស សរសេរសៀវភៅនៅឡើយទេ គ្រាន់តែសិក្សាស្រាវជ្រាវ នូវគោលនយបាយ ដែលត្រូវសរសេរប៉ុណ្ណោះ តែបានមើលត្រួសៗហើយ ប្រហែលជាមិនចោទជា បញ្ហាទេ តែយ៉ាងណាក៏ដោយ ប្រហែលជានឹងត្រូវចុះកុងត្រា ជាមួយរោងពុម្ពណាមួយ ក៏មិនទាន់ដឹង ចាំចប់ស្រួលបួល ចាំសម្រេចចិត្តបន្តរទៀត ។

    ធម្មតាអ្នករៀននយោបាយ ច្រើនតែចង់ប្រកួត ឬ ធ្វើនយោបាយ មិនខុសពីអ្នករៀនប្រដាល់ទេ តែរៀនហើយចង់តែដាល់ ពីព្រោះតម្រិះមានពេញខ្លួន មិនសូវបារម្ភទេ ម្យ៉ាងចង់ដឹងស្នៀតរបស់ខ្លួន តើពូកែ ឬ គ្រាន់បើយ៉ាងណា ! មិនថាអញ្ចឹងព្រះអង្គ ? តើអ្វីទៅជា នយោបាយ ? តើនយោបាយ កើតមានពីពេលណាមក ? តើនរណាខ្លះត្រូវធ្វើ នយោបាយ ? បើយើងមិនធ្វើបានឫទេ ? តើនយោបាយ មានប៉ុន្មានយ៉ាង ? អ្វីខ្លះ ? តើមនុស្សយើងចេះធ្វើ នយោបាយ ពីពេលណាមក ? ប្រហែលចំណុច ទាំងអស់នេះហើយ ដែលខ្ញុំព្រះករុណា ត្រូវប្រឈមមុខសរសេរ ដោះស្រាយ មានអីទៀតព្រះអង្គ ដែលខ្ញុំព្រះករុណា ត្រូវប្រឈមមុខសរសេរ សូមជំនួយជាយោបល់ផង ព្រះអង្គ !

    • ចម្រើន​ពរ​ញោម​! មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​បន្តិច​ហើយ ដោយ​សារ​តែ​មេរៀន​ជាន់​ក​ពេក ហើយ​និង​កិច្ចការ​ខ្លះ​ៗ​មួយ​ចំនួន​ទៀត​ ម៉្លោះ​ហើយ​ក៏​មិន​បាន​ឆ្លើយ​ឆ្លង​ឲ្យ​ទាន់​ពេល​វេលា​តា​ម​ប្រក​ក្រ​តី​។

      អាត្មា​សូម​ចូល​រួម​រីករាយ​ផង​ចំ​ពោះ​កិច្ចការ​របស់​ញោម​ដែល​កំពុង​តែ​បោះ​ជំហាន​ទៅ​រក​ភាព​ជោគ​ជ័យ​ បើ​តាម​ការ​បរិយាយ​របស់​ញោម​ ឃើញ​ថា​នៅ​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ សៀវ​ភៅ​នឹង​ចេញ​ជារូប​រាង​ ហើយ​នឹង​បាន​ជា​ពន្លឺ​ដល់​អ្នក​ចង់​សិក្សា​ផង​ដែរ​។ ពិត​មែន​ហើយ អ្នក​ចេះ​ប្រដាល់​តែង​តែ​ចង់​សាក​ល្បង​ថ្វី​ដៃ​របស់​ខ្លួន មិន​ខុស​ពី​អ្នក​នយោ​បាយ​ដោយ​ចំ​ពោះ​ទេ បាន​សិក្សា​បាន​ដឹង​ហើយ​ក៏​អាច​នឹង​ចង់​ចូល​ប្រឡូក​ ចង់​ដឹង​ពី​កម្រិត​និង​បច្ចេកទេស​ក្នុង​ការ​ដឹក​នាំ​របស់​ខ្លូន​ផង​ដែរ។ និយាយ​សរុប​ទៅ​រឿង​នយោ​បាយ​នេះ ជា​រឿង​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​មាន​ បើ​មិន​ដូច្នោះ​ទេ មិន​អាច​នឹង​ដឹក​នាំ​ជីវិតខ្លួន ក្រុម​គ្រួសារ​ខ្លួន​ឆ្ពោះ​ទៅ​រកសេចក្តី​ចម្រើន​ក្នុង​ជីវិត​បាន​ទេ ប៉ុន្តែ​ការ​ធ្វើ​នយោ​បាយ​នោះ មាន​លក្ខណៈ​ផ្សេង​ៗគ្នា​ដើម្បី​ដឹក​នាំ​ សង្គម​ទាំង​បួន គឺ​សង្គម​គ្រួសារ សង្គម​បរិស័ទ សង្គម​ជាតិ​ និងសង្គម​លោក។ ព្រះ​សម្មាសម្ពុទ្ធ​ក៏​ទ្រង់​មាន​នយោ​បាយ​របស់​ព្រះ​អង្គ​ក្នុង​ការ​ដឹក​នាំ​បរិស័ទ​របស់​ព្រះ​អង្គ​ឲ្យ​បាន​យល់​និង​បាន​ធ្វើ​ដំណើរ​ក្នុង​ផ្លូវ​ត្រូវ​ផ្លូវ​ល្អ ឆ្ពោះ​ទៅ​កាន់​សេចក្តី​សុខ​សន្តិភាព​។

      សំណួរ​ខាងលើ​របស់​ញោម អាត្មា​ទុក​ភារៈនោះ​ជូន​ញោមហើយ ព្រោះ​ញោម​ប្រហែល​ជា​អាច​រកឃើញ​ចម្លើយ​រួច​ហើយ ហើយ​នៅ​តែពេល​រៀប​ចំចង​ក្រង​ឲ្យ​បានតាម​លំដាប់​លំដោយ​តែ​ប៉ុណ្ណោះ​។ ណា​មួយ​អាត្មា​ក៏​មិន​ពូ​កែ​ខាង​ផ្នែក​នេះ​ដែរ​​ គ្រាន់​តែ​ដឹង​ខ្លះ​ៗ​ដូច​គេ​ដូច​ឯង​ប៉ុណ្ណោះ​។

  11. Lovepeehs05 និយាយថា៖

    ពិតមែនហើយព្រះអង្គ បើសៀវភៅសរសេររួចស្រេចបាច់ហើយនោះ តែចំពោះខ្ញុំព្រះករុណា មិនទាន់សង្ឃឹមថាបានក្នុងពេលឆាប់ៗនេះដែរទេ ជាពិសេសសៀវភៅដំបូង ត្រូវការប្រិតព្រៀង ត្រឹមត្រូវណាស់ ហើយសុទ្ធតែគំនិតថ្មី បច្ចេកទេសថ្មី អ្នកសរសេរថ្មី សៀវភៅថ្មី ថ្មីៗទាំងអស់ សរសេរមិនត្រូវ រៀបមិនត្រូវ អាចធ្លោយការធំ ! មិនថាអញ្ចឹងព្រះអង្គ ?

    • ពរ ញោម! អាត្មា​​យល់​ស្រប​តាម​យោបល់​នេះ ព្រោះ​ថា​ស្នា​ដៃ​ដែល​ចេញ​ថ្មី​ស្រឡាងនោះ ត្រូវ​តែ​ធ្វើ​ការ​ប្រិតប្រៀង​ឲ្យ​បាន​ល្អ ព្រោះ​នឹង​អាច​ទាក់​ទាញ​អារម្មណ៍​របស់​អ្នក​អាន​ឲ្យ​មាន​ភាព​កក់​ក្តៅ និង​មាន​ទំនុក​ចិត្ត​ចង់​អាន​ចង់​ឈ្វេង​យល់​នូវ​គំនិត​ថ្មី​ៗ ឬ​សៀវភៅ​ថ្មី​ៗ​ទៀត បើ​អ្នក​និពន្ធ​ធ្វើ​បាន​ល្អ​ក្នុង​ស្នា​ដៃ​ដំបូង​។ ផ្ទុយ​ទៅ​វិញ​ បើ​ស្នា​ដៃ​ទី​១ មិន​ជា​ទីចាប់​អារម្មណ៍​របស់​អ្នក​អាន​ទេ ស្នា​ដៃ​ក្រោយ​ៗ​ទៀត​ច្បាស់​ជា​គ្មាន​នរណា​ចង់​អាន​ទៀត​ទេ គ្រាន់​តែ​ឃើញ​ឈ្មោះ​អ្នក​និពន្ធ ឬ​អ្នក​ចង​ក្រង​នោះ គេ​ទម្លាក់​សៀវភៅ​ទៅ​ក្នុង​ទូ​វិញ​បាត់ហើយ។

      😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s