វិសុទ្ធិទាំង៧

ហេតុ​ដូច​ម្ដេច​បាន​ជា​អង្គ​ប្រជុំ ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ​បាន​សម្រេច​យក​ប្រភេទ​សិល្បៈ​ទេវៈ​ទី​៣ គឺ​សំដៅ​យក​គុណ​ធម៌​៧ យ៉ាង​គឺ វិសុទ្ធិទាំង ៧ ?

វិសុទ្ធិ​ទាំង​ ៧ នេះ​អាច​នាំ​មនុស្ស​លោក​ឲ្យ​ទៅ​ដល់​ត្រើយ​នាយ​ព្រះមហា​បរិនិព្វាន​បាន ឬ​ក៏​យ៉ាង​ហោច​ណាស់ គឺ​ធ្វើ​ឲ្យ​មនុស្ស​បន្ថយ​នូវ​កិលេស គ្រឿង​សៅ​ហ្មង បន្ថយ​ភាព​ភាន់​ច្រឡំ ភាព​សង្ស័យ​ មើល​ឃើញ​វត្ថុ និង​បាតុភូត​តាម​សភាវៈ​ពិត សភាវៈ​មែន​។

ឧទាហរណ៍ : លោកិយ​បញ្ញា​របស់​មនុស្ស ធ្វើ​ឲ្យ​ពិភព​លោក​រីក​ចម្រើន​សំបូរ​បែប ដោយ​សម្ភារៈ​ផ្សេង​ៗ ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រកប​ដោយ​ប្រណីត​ភាព ធ្វើ​ឲ្យ​សន្មតិ​សច្ចៈ ឬ (បញ្ញ​ត្តិ​សច្ចៈ) មាន​កម្លាំង​ខ្ឡាំង​ក្លា ។ លោកុត្តរ​សច្ចៈ (ធម្ម​បញ្ញា) គឺ​បញ្ញា​ផ្លូវ​ធម៌ ជា​បញ្ញា​ខ្ពស់​បំផុត​សម្រាប់​ឆ្លុះ​បញ្ចាំង សភាវ​ធម៌​ពិត សភាវ​ធម៌​មែន​របស់​វា អាច​បន្ថយ​បាន​នូវ អំណាច​កិលេស លោភៈ ទោសៈ មោហៈ កម្ចាត់​នូវ​ចំណង់​លោកិយ​ជា​បណ្ដើរ​ៗ ​។

១- សីលវិសុទ្ធិ : ការរក្សាសីលមានភាពបរិសុទ្ធប្រពៃនេះ ជាគ្រឹះ ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​បំផុត​សម្រាប់​ធ្វើ​ឲ្យ​សមាធិ​បាន​សម្រេច​។ សីល គឺ​ជា​ការ​គ្រប់​គ្រង​កាយ និង​វាចាឲ្យ​មាន​វិន័យ មាន​សណ្ដាប​ធ្នាប់ មាន​របៀប​រៀប​រយ សម្រាប់​អប់​រំចិត្ត ប្រដៅចិត្ត ត្រួតចិត្ត បញ្ជា​លើ​ចិត្ត​បាន​គ្រប់​ពេល​វេលា ។

២- ចិត្តវិសុទ្ធិ: ការ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ក្នុង​អប្បនាសមាធិ (បាន​ឈាន) ឬ​ក្នុង​ឧប្ប​ចារៈ (ជិត​បាន​ឈាន) ទាប​បំផុត​ជា​ខណិ​ក​សមាធិ (ស្ងប់​ជា​ខណៈៗ ) សុទ្ធ​តែ​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ​ធ្វើ​វិបស្សនា​បញ្ញា វិបស្សនា​ញាណ​។

៣- ទិដ្ឋិវិសុទ្ធិ: សេចក្ដី​បរិសុទ្ធ​ដោយ​ការ​ឃើញ ។ គឺ​ឃើញ​នូវ​ឃើញ​ដោយ​បរិសុទ្ធ ឃើញ​ហួស​ពី​អ្វី​ៗ ដោយ​សន្មត ពីអ្វី​ៗ​ដោយ​​ឡែក ពី​អ្វី​ជា​ខាង​ក្រៅ ។ តាម​ធម្មតា​មនុស្ស​យើង តែង​មើល​ឃើញ​អ្វី​​ៗ ទៅ​តាម​បញ្ញត្តិ ឬ​តាម​សន្មត ដូច​ជា​គេ​សន្មត​ថា នេះ​ជា​មនុស្ស ជា​សត្វ ឈ្មោល ញី ស ខ្មៅ ធាត់ ស្គម​ ស្រី​ ប្រុស​ ក្មេង ចាស់ មាន ក្រ ធំ តូច ខ្មែរ យួន ចិន ចាម ជាដើម សុទ្ធតែជាសន្មតិសច្ចៈ ។ ដូច្នេះ គេ​ស្គាល់​ពិត ដឹង​ពិត ត្រឹម​តែ​ការ​ស​ន្មតិប៉ុណ្ណោះ ព្រោះ​គេ​ថា​បុថុជ្ជន គេ​ប្រើ​ត្រឹម​តែ​បញ្ញា​លោកិយ​។ ការ​ពិត​សុទ្ធ​តែ​ជា​របស់​រួម​ផ្សំ​គ្នា ប្រមូល​បញ្ចូល​គ្នា ផ្ដុំគ្នា ជា​សង្ខារ​ធម៌​ទាំង​ឡាយ​តែ​ប៉ុណ្ណោះ គឺ​គ្រាន់​តែ​ជា​រូប​ៗ រូប​បូក​នឹង​រូប រូប​បូក​នឹង​នាម នាម​បូក​នឹង​នាម ហើយ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​ក្រិត្យ​ក្រម​ធម្មជាតិ​តែ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ចម្រើន​វិបស្សនា គេ​ស្គាល់​តាម​ការ​សន្មតិ​នោះ​ដែរ តែ​គេ​យក​បញ្ញា​ពិចារណា​ទៅ​ឆ្លុះ​វែក​ញែក មើល​សភាវ​ធម៌​ពិត ដែល​ស្ថិត​នៅ​កប់​ជ្រៅ​ក្នុង​សន្មតិ​នោះថែម​ទៀត ។ ការ​វែក​ញែក ពិចារណា​ល្អិត​ល្អន់​នេះ នាំ​ឲ្យ​អ្នក​វិបស្សនា​ឃើញ​ច្បាស់​ថា មិន​មែន​ជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ជា​ដើម​ទេ គឺ​បែរ​ជា​ឃើញ​ថា ជា​ធាតុ ៤ ជា​ខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬ​ជា​រូប និង​នាម​ប៉ុណ្ណោះ ។ មុន​ពុទ្ធ​កាល អ្នក​ចម្រើន​វិបស្សនា​យល់​ច្បាស់​ថា​រូប និង​នាម ជា​របស់​ផ្សេង​គ្នា​ផង រួម​គ្នា​ផង ។ ការ​យល់​យ៉ាង​នេះ លោក​ហៅ​​ថា ទិដ្ឋិវិសុទ្ធិ គឺ​បរិសុទ្ធដោយ​ការ​ពិចារ​ណា​ឃើញ​ថា មិន​មែន​សត្វ បុគ្គលឬមនុស្ស ប្រុសស្រី​ជា​​​​​ដើម​ឡើយ គឺ​គ្រាន់​តែ​ជា​ធាតុ ជា​ខន្ធឬ​ជា​រូបនិង​នាមដែល​ផ្សេង​គ្នា​ផង និង​រួម​គ្នា​ផង​តែ​ប៉ុណ្ណោះ។

៤- កង្ខាវិ​តរណ​វិសុទ្ធិៈ សេចក្ដី​បរិសុទ្ធ​ដោយ​ញណ ជា​គ្រឿង​ឆ្លង​ផុត​សេចក្ដី​សង្ស័យ ។ សង្ស័យ​អំពី​អ្វី ? សង្ស័យ​អំ​ពី​ខន្ធ​៥ ឬ​នាម​រូប ដោយ​ឆ្ងល់​ថា : តើ​ខន្ធ​៥ ឬ នាម​រូប​កើត​មក​ពី​ណា? មាន​អ្វី​ជា​ហេតុ​បច្ច័យ ?

មុន​ពុទ្ធ​កាល គេ​យល់​ថា នាម​រូប​កើត​ពី​អាទិ​ទេព ដូច​ជា​ព្រះ​ព្រហ្ម ព្រះ​ឥសូរ ជា​ដើម ជា​អ្នក​បង្កើត​ ។ ក្នុង​ពុទ្ធកាល​ដោយ​ការ​ខិត​ខំ​ពិចារណា​របស់​អ្នក​ចម្រើន​វិបស្សនា បាន​យល់​ច្បាស់​ថា នាម​រូប​គឺ​កើត​មក​ពី :
+អវិជ្ជា : ការ​មិន​ដឹង​សច្ច​ធម៌ ។
+តណ្ហា : ការ​ចង់​ជួប​ស្និទ្ធ​ស្នាល នឹង​កាម​គុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស ។
+ឧបាទាន : ការ​ប្រកាន់​ខ្ជាប់​នូវ​កាម​គុណ ៥ ថា​ជា​របស់​ខ្លួន ។
+កម្ម : ការ​បញ្ចេញ​សកម្មភាព កាយ វាចា ចិត្ត ប្រព្រឹត្ត​ធ្វើ អំពើ​កុសល និង អកុសល
+អាហារ : ឱ​ជា​រស ដែល​សម្រាប់​ទ្រ​ទ្រង់​ជីវិត ។

ការ​យល់​ដឹង​អំពី​ដើម​កំណើត ឬ​ហេតុ​បច្ច័យ នៃ​នាម​រូប ទាំង​អតីត អនាគត បច្ចុប្បន្ន​យ៉ាង​នេះ លោក​ហោ​ថា : កង្ខាវិតរណវិសុទ្ធិ គឺ​សេចក្ដី​បរិសុទ្ធ ដោយ​រក​ឆ្លង​ផុត​នូវ​សេចក្ដី​សង្ស័យ ​។

៥- មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ជា​គ្រឿង​ពិចារណា នេះ​ជា​ផ្លូវ នេះ​មិន​មែន​ជា​ផ្លូវ ។ ការ​ពិចារណា​នាម​រូប ឬ​បញ្ចក្ខ​ន្ធ​គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯ​ណា​នី​មួយ​ជា​អតីត​ក្ដី អនាគត​ក្ដី បច្ចុប្បន្នក្ដី ឲ្យ​ឃើញ​សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា ចិត្ត ក៏​ចុះ​ស៊ប់​តាំង​នៅ​ក្នុង​ការ​ពិចារ​ណា អារម្មណ៍​របស់​វិបស្សនា ហើយ​ពេល​នោះស្រាប់​តែ​ឧបកិលេស​ទាំង ១០ ណា​មួយ​កើត​ឡើង ហើយ​រីករាយ​សប្បាយ ដោយ​សម្គាល់​ថា ខ្លួន​បាន​សម្រេច​ធម៌​វិសេស​ហើយ បណ្ដោយ​ឲ្យ​ទិដ្ឋិ មានៈ តណ្ហា កើតឡើង មិនប្រឹងបដិបត្តិ ពិចារណាតទៅទៀតក៏ឈប់ផ្អាកត្រឹមប៉ុណ្ណោះ ។ ការ​បណ្ដោយ​ចិត្ត​ឲ្យ​រីក​រាយ​សប្បាយ ស្និទ្ធស្នាល​និង​ឧបកិលេស​ទាំង ១០ ណា​មួយ​នេះ មិន​មែន​ជា​មគ្គ​ទេ ។ ឯ​មគ្គ​នោះ លុះ​ត្រា​តែ​អ្នក​ចម្រើន​វិបស្សនា លើក​យក​ឧបកិលេស​ទាំង​នោះ​មក​ពិចារណា​ឲ្យ​ឃើញ​ថា សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា មួយ​ជាន់​ទៀត ទើប​អាច​ឃើញ​មគ្គ​ទៅ​កាន់​និព្វាន ​។ ការ​យល់​ច្បាស់ ដឹងច្បាស់ ឃើញ​ច្បាស់​បែប​ណេះ លោក​ហៅ​ថា មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ ឬ​សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ពិចារណា​ឃើញ​ថា ឧបកិ​លេស ជា​ឧបសគ្គ​រាំង​រា​វិបស្សនា មិន​ឲ្យ​ឆ្លង​ទៅ​ដល់​មគ្គ ។

៦- បដិប​ទា​ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​​បរិសុទ្ធ​​ដោយ​​ញាណ ជា​គ្រឿង​ឃើញ​បដិបទា ។ វិសុទ្ធិ​នេះ កើត​ឡើង​បន្ទាប់​ពី​ឧប​កិលេស រលត់​បាត់​អស់​ទៅ​ហើយ​ញាណ​ពិចារណា​ស្គាល់​មគ្គ និង​មិន​មែន​មគ្គ​កើត​ឡើង​ប្រាកដ ។ បដិបទា ក្នុង​ទី​នេះ សំដៅ​យក​ការ​ឃើញ​អរិយ​សច្ចៈ ៤ ហើយ​ដំណើរ​ចិត្ត​ពិចារណា បាន​ប្រព្រឹត្ត​ទៅ​តាម​លំដាប់​វិបស្សនា​ញាណ​៩ ចាប់​តាំង​ពី​ឧទយព្វយញ្ញាណ ​ត​រៀង​ទៅ​​ដរាប​​ដល់​​បាន​​សម្រេច មគ្គផល​ជា​ព្រះ​អរិយ​បុគ្គល ៤ ពួក​ថ្នាក់​ណា​មួយ​តាម​ឧប​និស្ស័យ ។ អ្នក​វិបស្សនា​ខ្លះ សម្រេច​ត្រឹម​ថ្នាក់ សោតា ខ្លះ​ថ្នាក់ សកទា​គា​មី ខ្លះ​បាន​សម្រេច​ដល់​ថ្នាក់​អរហន្ត ។ ការ​ខិត​ខំ​ពិចារណា​រហូត​ដល់​បាន​សម្រេច​មគ្គ​ផល​និព្វាន​បែប​នេះ លោក​ហៅ​ថា បដិបទា​ញាណ​ទស្សន​វិសុទ្ធិ ។

៧- ញាណ​ទស្សនវិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ​ទស្សនៈ ។ វិសុទ្ធិ​នេះ​កើត​បន្ទាប់​អ្នក​ចម្រើន​វិបស្សនា បាន​សម្រេច​មគ្គផល​ជា​ព្រះអរិយ​បុគ្គល​ថ្នាក់​ណា​មួយ​ហើយ ។ លោក​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង ដោយ​បច្ចវេក្ខណ​ញាណថា អាត្មា អញ​បាន​សម្រេច​ត្រឹម​ថ្នាក់​សោតា ថ្នាក់​សក​ទាគាមី អនាគាមី ឬ​ថ្នាក់​អហរន្ត ។ ថ្នាក់​សោតា សកទាគាមី អនាគាមី មាន​បច្ចវេក្ខណញាណ​ ៥ សម្រាប់​ពិចារណា​គឺ :

១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស​ដែល​លះ​បង់​អស់​ហើយ ។
២- អវសិដ្ឋ​កិលេសំ បច្ច​វេក្ខតិ ពិចារណា​កិលេស​ដែល​សេស​សល់ ។
៣- មគ្គំ បច្ចវេក្ខតិ ពិចារណា​មគ្គ ។
៤- ផលំ បច្ចវេក្ខតិ ពិចារ​ណា​ផល ។
៥- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។

ឯព្រះអរហន្ត មានបច្ចវេក្ខតិញាណ ៤ គឺ
១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស ដែល​លះ​បង់​អស់​ហើយ ។
២- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។
៣- ផលំ បច្ចវេក្ខតិ ពិចារណាផល ។
៤- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ព្រោះ​លោក​មិន​មាន​កិលេស​នៅ​សេស​សល់​ទេ​។

បញ្ញា​ដែល​ពិចារណា​ដឹង​ច្បាស់ ឃើញ​ច្បាស់ នូវ​មគ្គផល និព្វាន ដោយ​បច្ចវេក្ខណញាណ​ផ្ទាល់​ខ្លួន​ឯង​បែប​នេះ ជា​លោកុត្តរប្បញ្ញា ជា​បញ្ញា​កម្ទេច​នាម​រូប​លែង​ឲ្យ​មាន​ជាតិ ជរា ព្យាធិ មរណៈ​ទៀត​ហើយ ។ នេះ​ហើយ​ដែល​លោក​ឲ្យ​ឈ្មោះ​ថា និព្វាន ។

«ពាលោ ពាលាខ្លាំង           បានធម្មំ ហើយចោលទៅ
អ្នកប្រាជ្ញប្រែជាខ្លៅ           ព្រោះកម្លៅ ពុំជឿបុណ្យ ។»
-ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ចន្ទត្ថេរោ ប្រាក់ ហ៊ិន

———————
រៀបរៀងដោយ : ព្រឹទ្ធាចារ្យ ឆេង ផុន

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to វិសុទ្ធិទាំង៧

  1. ថី មុនី និយាយថា៖

    បន្ទាប់ពីនេះសូមព្រះអង្គសរសេរពីសតិប្បដ្ឋាន (សូមលម្អិត) ដើម្បីអ្នកផងងាយយល់ និងអាចប្រាប់ប្រង អស់ញាតិមិត្ត ៕
    សូមអរព្រះគុណ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s