ប្រមាទខាតបង់ ឥធលោកបរលោក

តើ​សាធុជន​ទាំង​ឡាយ​ដែល​​ចូល​មក​អាន​ធម្ម​ប្រកាស​ក្នុង​ប្លក់​នេះ​ជា​ញឹក​ញាប់​ ធ្លាប់​បាន​ឃើញ​ធម្ម​ប្រកាស​ប៉ុន្មាន​ដង​ហើយ​ដែល​និយាយ​ទាក់​ទង​នឹង​សេចក្តី​​ប្រមាទ​ និង មិន​ប្រមាទ? ច្បាស់​ជា​ឃើញ​ញយ​ដង​ហើយ ហើយ​ប្រហែល​ជាគិត​ថា​ជា​ធម៌​ដដែល​ៗ​ ធ្វើ​ឲ្យ​គ្មាន​ចំណាប់​អារម្មណ៍។ បើ​គិត​ថា​ជា​ធម៌​ដដែល​ៗ​នោះ​ពិត​ជា​ត្រឹម​ត្រូវ តែ​បើ​គិត​ថា​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​វិញ​ មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ តែង​តែ​វិល​វល់​ចំណាប់​អារម្មណ៍​ជា​មួយ​តែ​នឹង​រឿង​ដដែល​ៗ​ ជា​រៀង​រាល់​ថ្ងៃ។ បរិភោគអាហារ​ ដដែលៗ, ដេក ដើរ​ ឈរ អង្គុយ ដដែលៗ, ធ្វើកិច្ចការងារ ដដែលៗ, ចំពោះ​អ្នក​បរិភោគកាម រីករាយនឹងកាមគុណដដែលៗ ។ល។ ចំណែក​ឯ​ធម៌​មិន​ប្រមាទ​នេះ ក៏​នៅ​តែ​មាន​ដើម្បី​ដាស់​តឿន​សតិ​ដដែលៗ ព្រោះ​មនុស្ស​នៅ​តែ​ប្រព្រឹត្តខុស​ ភ្លាំងភ្លាត់ដដែលៗ ។

ពេល​ដែល​សាធុជន​បាន​ឃើញ​ពាក្យ​ថា “មិន​ប្រមាទ”នេះ កុំ​ទាន់​បញ្ជូន​ចិត្ត​ បញ្ជូន​អារម្មណ៍ ទៅ​រក​ឋាន​សួគ៌ និព្វាន​ អ្វី គួរ​តែ​សម្លឹង​មើល​ស្ថាន​ភាព​ក្នុង​បច្ចុប្បន្ន​ ពេលនេះ ឥឡូវ​នេះ គឺ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង​គ្រប់​គ្នាថា បើសិន​ជា​រស់​នៅ​ដោយ​សេចក្តី​ប្រមាទ​ គឺ​ការ​ធ្វេស​ប្រហែស​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ជីវិត​ប្រ​ចាំ​ថ្ងៃ? អ្នក​បើក​បរ​ដែល​មាន​សេចក្តី​ប្រមាទរមែង​ជួប​ឧបទ្ទវហេតុ​ មាន​បើក​បរ​​បុកគ្នា ធ្លាក់​កន្លុក បុកសសេរ​ភ្លើង ធ្លាក់​ជ្រោះ ធ្លាក់​ច្រាំង​ជាដើម  មិន​ត្រឹម​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​តែ​ម្នាក់​ទេ ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ថែម​ទៀត។ អ្នក​ធ្វើ​កិច្ចការ​អ្វី​មួយ​ដោយក្តី​ប្រមាទ​គឺ​​គ្មាន​ការប្រុង​ប្រយ័ត្ន​ មិន​យកចិត្ត​ទុកដាក់ ចំពោះ​កិច្ចការ​របស់​ខ្លួន នឹង​ទទួល​ការ​ខាត​បង់​ ភ្លេច​ភ្លាំង​ កិច្ចការ​មិន​បានល្អ ទាំង​មិន​បានចម្រើន​ទៅ​មុខតាម​ការ​គួរ។ ដូច្នេះ​ធម៌​មិន​ប្រមាទ​នេះ​ជាធម៌​ចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​តែ​លើក​យក​មក​និយាយ​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​ជា​ការ​ជួយ​ពញ្ញាក់​ស្មារតីដល់​គ្នា​នឹង​គ្នា​។ ប្រយោជន៍​នៃ​សេចក្តី​មិន​ប្រមាទ​គឺ​បាន​ទាំង​សង្ខាង​គឺ​ផ្លូវ​លោក​និង​ផ្លូវ​ធម៌។ កុសល​ធម៌​ទាំង​ឡាយ​អាច​តាំង​នៅ​បាន​ដោយ​សេចក្តី​មិន​ប្រមាទ បើ​បុគ្គល​រស់​នៅ​ដោយ​សេចក្តី​ប្រមាទ​គឺ​ការប្រហែស​ធ្វេស ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ស្លាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់​ ដូច​មាន​ព្រះ​គាថា​ដែល​ដកស្រង់​ចេញ​ពី​ធម្មបទដ្ឋកថា​ខាង​ក្រោម​នេះ៖

អប្បមាទោ​ អមតំ ​បទំ​ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា អប្បមាទមិ្ហ បណិ្ឌតា
អប្បមាទេ បមោទនិ្ត អរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា
ផុស្សនិ្ត ធីរា និព្វានំ​ យោគក្ខេមំ អនុត្តរនិ្ត​ ។

សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចកី្តមិនស្លាប់, សេចកី្តប្រមាទជាផ្លូវនៃសេចកី្តស្លាប់, អ្នក​ដែល​មិន​ប្រមាទ​ហើយ​ ឈ្មោះ​ថា​មិន​ស្លាប់, អ្ន​ក​ដែល​ប្រមាទ​ប្រៀប​​ដូច​ជា​​បុគ្គល​ ដែល​ស្លាប់​​ទៅ​ហើយ, បណិ្ឌត​ទាំង​ឡាយ​ដឹងរឿងនេះ​ដោយ​​វិសេស​ហើយ ទើប​តាំង​នៅ​ក្នុង​សេចកី្ត​​មិ​ន​ប្រមាទ ហើយ​រីក​រាយ​ក្នុង​សេចកី្ត​មិន​ប្រមាទ, ត្រេក​អរ​​ក្នុង ធម៌​ជា​ទី​គោច​ររបស់​ព្រះ​​អរិយៈ​​ទាំង​ឡាយ, បណិ្ឌត​អ្នក​មិន​ប្រមាទ​ទាំង​នោះ ជាអ្នកមានឈាន មានសេចកី្តព្យាយាម​មានការ​ប្រឹង​​ប្រែងជាប់ជានិច្ច ជាអ្នកបា្រជ្ញ​តែង​ពាល់​ត្រូវ​នូវ​ព្រះ​និព្វាន ដែល​ជា​ឋាន​ក្សេម​ចាក​​យោគៈ​ដ៍​ប្រសើរ​។

បមាទមនុយុញ្ជនិ្ត ពាលា​ទុម្មេធិនោ ជនា
អប្បមាទញ្ច មេធាវី ធនំ​សេដ្ឋំវ រក្ខតិ​ ។
មា បមាទមនុយញ្ជេថ មា កាមរតិសន្ថវំ
អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ​ វិបុលំ សុខំ ។

ពួកជនពាល មានបញ្ញាល្ងង់ខ្លៅ រមែងតាមប្រកបនូវសេចកី្តប្រមាទ, ​ចំណែកអ្នក​ប្រាជ្ញ​វិញ តែងរក្សាទុកនូវសេចកី្តមិនប្រមាទ ដូចជាបុគ្គលរក្សាទ្រព្យដ៏ប្រសើរទុក ​យ៉ាងនោះឯង ។​អ្នក​ទាំង​ឡាយ ចូរ​កុំ​តាម​ប្រកប​សេចកី្ត​ប្រមាទ​ឡើយ,​ ចូរ​កុំ​តាម​ប្រ​កប​នូវ​សេចកី្ត​ត្រេក​អរ​ក្នុង​កាម​ឡើយ​, ព្រោះ​ថា​ អ្នក​ដែល​មិន​ប្រមាទ​ហើយ រំពឹង​ពិចារណា​ត្រិះ​រិះ​នឹង​បាន​​សម្រេច​​នូវ​សេចកី្ត​សុខ​ដ៏​ប្រសើរ ​។

បមាទំ អប្បមាទេន យទា នុទតិ បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនឹ បជំ
បព្វតដោ្ឋវ ភុម្មដ្ឋេ ធីរោ ពាលេ អវេក្ខតិ ។

ពេលណា បណិ្ឌតកំចាត់បង់នូវសេចកី្តប្រមាទ ដោយសេចកី្តមិនប្រមាទ,​ពេល​នោះ បណិ្ឌត​នោះ​នឹង​ឡើង​ទៅ​ដល់​បញ្ញា ដូច​ជា​បា្រសាទ មិន​មាន​សេចកី្ត​​សោក​​សៅ​តែង​​មើល​​ឃើញ​នូវ​ពួក​សត្វ ដែល​មាន​សេចកី្ត​សោក​សៅ​ អ្នក​មាន​បញ្ញា រមែង​មើល​ឃើញ​​នូវ​បុគ្គល​​ពាល​ទាំង​ឡាយ ដូច​ជា​បុគ្គលដែល​ឈរ​នៅ​លើ​កំពូល​​ភំ្ន​មើល​ឃើញ​នូវ​​បុគ្គល​​ដែល​ឈរ​​នៅ​​លើ​​ផែន​ដី​យ៉ាង​នោះ​ឯង ។

កាល​ព្រះ​សម្មាសម្ពុទ្ធ​ទៀបនឹង​បរិ​និព្វាន ព្រះ​អង្គ​ក៏​ទ្រង់​បាន​លើក​យក​មក​រំលឹក​ជា​លើក​ចុង​ក្រោយ​ម្តង​ទៀត​នូវ​អប្បមាទធម៌​នេះ ដែល​យើង​តែង​តែ​ដឹង​ថា​ជា បច្ឆិមពុទ្ធវចនៈ គឺព្រះ​វាចាចុងក្រោយ​បង្អស់​របស់​ព្រះ​សម្មាសម្ពុទ្ធ ព្រោះ​តែ​ព្រះ​ធម៌​នេះ​មានសារៈសំខាន់​ចាំបាច់​នោះ​ឯង។

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គាថាធម្មបទ, ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ប្រមាទខាតបង់ ឥធលោកបរលោក

  1. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s