អវិជ្ជា និង វិជ្ជា

អំពី អវ‍ិជ្ជា និង វ‍ិជ្ជា
មហា​វារ​សំយុត្ត​ខ្សែ ១៦ និង បដិសម្ភិទា​ខ្សែ ៩
ព្រះ​ញាណ​បវរ​វិជ្ជា អែម
ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ អធិប្បាយ
ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩២៧

 មហា​វារ​សំយុត្ត​ខ្សែ ១៦ សម្ដែង​ថា​មាន​ភិក្ខុ ១ អង្គ មាន​នាម​និង​គោត្រ​មិន​ប្រាកដ ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ កាល​ដែល​ព្រះ​អង្គ​គង់​នៅ​វិហារ​ព្រះ​ជេតពន នគរ​សាវត្ថី ដោយ​បាលី​ថា ៖

          អវិជ្ជា​អវ‍ិជ្ជា​ភន្តេវុច្ចត‍ិ         កតមានុខោភន្ដេអវ‍ិជ្ជា       កិតាវតាចអវ‍ិជ្ជាគតោហោត‍ិ ។
ប្រែ​ថា បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន កិរិយា​ល្ងង់​ខ្លៅ​មិន​ដឹង​ព្រះ​អង្គ​ពោល​ឲ្យ​ឈ្មោះ​ថា​អវិជ្ជា បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន​អវិជ្ជា​នោះ​តើ​ដូចម្ដេច ? បុគ្គល​ដែល​លុះ​ក្នុង​ចំណោម​នៃ​អវិជ្ជា មាន​ដោយ​ហេតុ​ប៉ុន្មាន​យ៉ាង ? ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រះ​អង្គ​សម្ដែង​វិសជ្ជនា​ថាៈ

យំខោភិក្ខុទុក្ខេអញាណំ  ទុក្ខសមុទយេអញាណំ ទុក្ខនិរោធេអញាណំ  ទុក្ខនិរោធគាមិនិបដិបទាយអញាណំ អយំវុច្ចត‍ិកិក្ខុអវ‍ិជ្ជា  ឯតាវតាចអវ‍ិជ្ជាគតោហោត‍ិ ។
ប្រែ​ថាៈ ម្នាល​ភិក្ខុ សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​សភាវៈ​​គឺ​តណ្ហា ជា​ទី​ប្រជុំ​បណ្ដាល​ឲ្យ​កើត​ឡើង​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​ឧបាយ​ជា​ទី​រំលត់​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត ម្នាល​ភិក្ខុ​សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់ ៤ យ៉ាង​នេះ ព្រះ​តថាគត​ពោល​ឲ្យ​ឈ្មោះ​ថា​អវិជ្ជា បុគ្គល​ដែល​លុះ​អំណាច​នៃ​អវិជ្ជា​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​​ឯង ។ ភិក្ខុ​នោះ ទូល​សួរ​នូវ​វិជ្ជា​តទៅ​ទៀត ដោយ​បាលី​ថា ៖

វ‍ិជ្ជាវ‍ិជ្ជាត‍ិភន្តេវុច្ចត‍ិ  កតមានុខោភន្តេវ‍ិជ្ជា  កិតាវតាចវីជាគតោហោត‍ិ ។
ប្រែ​ថាៈ បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន កិរិយា​ដែល​ចេះ​ដឹង​ច្បាស់ ព្រះ​អង្គ​ពោល​ឲ្យ​ឈ្មោះ​ថា​វិជ្ជា បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន វិជ្ជា​នោះ​តើ​ដូចម្ដេច ? បុគ្គល​ដែល​លុះ​ក្នុង​អំណាច​នៃ​វិជ្ជា កើត​បាន​​ដោយ​ហេតុ​ប៉ុន្មាន ?

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់សម្ដែង​វិសជ្ជនា​ថា ៖ យំខោភិក្ខុ  ទុក្ខេញាណំ  ទុក្ខសមុទយេញណំ  ទុក្ខនិរោធញាណំ  ទុក្ខនិរោគាមិនិបដិបទាយញាណំ  អយំវុច្ចត‍ិភិក្ខុវ‍ិជ្ជា ឯតាវតាចវ‍ិជ្ជាគតោហោត‍ិ​។

ប្រែ​ថាៈ ម្នាល​ភិក្ខុ សេចក្ដី​ចេះ​ដឹង​ច្បាស់​ក្នុង​កង​ទុក្ខ​ឯ​ណា​មែន​ពិត​សេចក្ដី​ចេះ​ដឹង​ច្បាស់​ក្នុង​សភាវៈ គឺ​តណ្ហា​ជា​ទី​ប្រជុំ​បណ្ដាល​ឲ្យ​កើត​ឡើង​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ដឹង​ច្បាស់​ក្នុង​ឧបាយ​ជា​ទី​រំលត់​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ដឹង​ច្បាស់​នូវ​ផ្លូវ​ប្រព្រឹត្ត​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ឯ​ណា​មែន​ពិត ម្នាក​ភិក្ខុ សេចក្ដី​ចេះ​ដឹង​ច្បាស់​ទាំង ៤ យ៉ាង​នេះ ព្រះ​តថាគត​ពោល​ឲ្យ​ឈ្មោះ​ថា​វិជ្ជា បុគ្គល​ដែល​ដល់​នូវ​វិជ្ជា កើត​មាន​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង ។

ម្យ៉ាង​វិញ​ទៀត ក្នុង​គម្ពីរ បដិសម្ភិទា ខ្សែ ៩ ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​សម្ដែង​នូវ​ទោស​នៃ​អវិជ្ជា​មាន ៥ ដោយ​បាលី​ថា ៖ បញ្ចហាការេហិ  អវ‍ិជ្ជាយអាទីនវោហោត‍ិ ប្រែ​ថាៈ ទោស​របស់​អវិជ្ជា កើត​មាន​ដល់​​សត្វ ដោយ​អាការ​ទាំងឡាយ ៥ យ៉ាង ។

កតមេហិបញ្ចហាការេហិអវ‍ិជ្ជាយអាទីនវោហោត‍ិ  អនិច្ចត្ថេនអវ‍ិជ្ជាយអាទីនវោហោត‍ិ
ទុក្ខ​ត្ថេនអវ‍ិជ្ជាយ-​អាទីនវោហោត‍ិ                           អនត្តត្ថេនអវ‍ិជ្ជាយអាទីនវោហោត‍ិ  សន្តាបត្ថេនអវ‍ិជ្ជាយអាទីនវោហោត‍ិ                       វ‍ិបរិណាមណត្ថេន-អវ‍ិជ្ជាយអាទីនវោហោត‍ិ  ឥមេហិបញ្ចហិអាការេហិ                                        អវ‍ិជ្ជាយអាទីនវោហោត‍ិ  ។
ប្រែ​ថាៈ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អាការ​ទាំងឡាយ ៥ យ៉ាង​ដូចម្ដេច​ខ្លះ ?

វិសជ្ជនា​ថា ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អត្ថ​ថា​ញ៉ាំង​សត្វ​មិន​ឲ្យ​តាំង​នៅ​ជានិច្ច​មួយ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​ដល់​នូវ​សេចក្ដី​ទុក្ខ ប្រព្រឹត្ត​ទៅ​ក្នុង​កាយ និង​ចិត្ត​មួយ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ​ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​មាន​តែ​ស្រាយ ៗ មិន​ឲ្យ​មាន​ខ្លឹមសារ​មួយ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​ក្ដៅ​ក្រហាយ​សព្វ​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ និង​ចិត្ត​ជានិច្ច​មួយ, ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ​ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​ទ្រុឌទ្រោម​ចាស់​ជរា​គ្រាំគ្រា​ប្រែប្រួល​ទៅ​ជា​ប្រក្រតី​មួយ, ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ​ដោយ​អាការ​ទាំងឡាយ ៥ យ៉ាង​នេះ​ឯង ។

អវិជ្ជា​ដែល​នឹង​រលត់​សូន្យ​ទៅ​ដោយ​អាការ ៨ យ៉ាង​ដោយ​បាលី​ថា ៖

កតមេហិ  អដ្ឋហិអាការេហិ  អវ‍ិជ្ជានិរុជ្ឈត‍ិ  និទាននិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ សមុទយនិវោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ  ជាត‍ិនិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ  ហេតុនិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ  បច្ចយនិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ  ញាណុប្បាទេនអវ‍ិជ្ជា-និរុជ្ឈត‍ិ  និរោធុបដ្ឋានេនអវ‍ិជ្ជានិរុជ្ឈត‍ិ
ឥមេហិ ​អដ្ឋហិអាការេហិអវ‍ិជ្ជានិរុជ្ឈត‍ិ ។

ប្រែ​ថា អវិជ្ជា​រលត់​សូន្យ​ទៅ​ដោយ​អាការ​ទាំងឡាយ ៨ យ៉ាង​ដូចម្ដេច ? វិសជ្ជនា អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​រលត់​នូវ​នាម និង​រូប​ដែល​ជា​ទីតាំង​កើត​ឡើង​នៃ​កង​ទុក្ខ ១ អវិជ្ជា​រលត់​សូន្យ​ទៅ  ដោយ​កិរិយា​រលត់​នូវ​សភាវៈ​គឺ​តណ្ហា ដែល​ជា​ទី​ប្រជុំកើត​ឡើង​នៃ​កង​ទុក្ខ ១ អវិជ្ជា​រលត់​សូន្យ​ទៅ  ដោយ​កិរិយា​រលត់​នូវ​ជាតិ ១ អវិជ្ជា​រលត់​សូន្យ​ទៅ  ដោយ​កិរិយា​រលត់​នូវ​បច្ច័យ គឺ​អាហារ និង​ផស្ស និង​នាម​រូប ១ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​កើត​ឡើង​នៃ​ញាណ​គឺ​ប្រាជ្ញ​ដឹង​ច្បាស់ ១ អវិជ្ជា​រលត់​សូន្យ​ទៅ  ដោយ​កិរិយា​បង្កើត​ឡើង​ប្រាកដ​នៃ​និរោធ ១ ថែម​អវិជ្ជា ១ ទៀត ដែល​ជា​មេ​ដើម​រលត់​សូន្យ​ទៅ​ដោយ​ធម៌​ទាំង ៧ ខាង​ដើម​នេះ​ត្រូវ​ជា ៨ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​អាការ​ទាំងឡាយ ៨ នេះ ។

 សម្ដែង​អំពី​អវិជ្ជា និង វិជ្ជា​ចប់​សេចក្ដី​ជា​សង្ខេប​ប៉ុណ្ណេះ

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s