ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ

ពាក្យ​ពេចន៍​រំលេច​ផ្សេង តែ​ន័យ​ថ្លា​ថ្លែង​ក៏​មិន​សូវ​ជា​ខុស​ពី​ខ្លឹម​សារ​មុន​ប៉ុន្មាន​ដែរ។ រឿង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរមគ្រូ​នៃ​មនុស្ស​និង​ទេវតា ព្រះ​ធម៌​ទាំង​៨៤០០០ ព្រះ​ធម្មក្ខន្ធ ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ផង សាវ័ក​របស់​ព្រះ​អង្គ​បាន​សំដែង​ផង សុទ្ធ​សឹង​តែ​ជា​អមតធម៌ ជា​ធម៌​នាំ​សត្វ​ទៅ​កាន់​ភាព​សុខ​សាន្ត ជា​បរម​សុខ​គឺ​ព្រះនិព្វាន។ កុំ​ថា​ឡើយ​ដល់​ទៅ​ព្រះ​ធម៌ ៨៤០០០ ព្រះ​ធម្ម​ក្ខន្ធ សូម្បី​តែ​ពុទ្ធ​ភាសិត​មួយ​គាថា​ដែល​បរិស័ទ​បាន​ស្តាប់​យល់​ហើយ ប្រតិបត្តិ​តាម គង់​នឹង​អាច​ទទួល​បាន​ផល​ដ៏​មហា​សាល​ឥត​កាត់​ថ្លៃ​បាន ផ្ទុយ​ទៅ​វិញ​បើ​ទុក​ជា​បរិស័ទ​ចេះ​ចាំ​ព្រះ​ធម៌​ទាំង​អស់​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​មក តែ​មិន​បាន​យក​ទៅ​ប្រតិបត្តិ​ឲ្យ​បាន​ជា​ប្រយោជន៍ ព្រះ​ធម៌​ទាំង​នោះ​ក៏​គ្មាន​ប្រយោជន៍​ដល់​ជន​ទាំង​ឡាយ​នោះ​ដែរ។ ហេតុ​នេះ​បាន​ជា​ព្រះ​សម្ពុទ្ធ​វិសុទ្ធ​លើស​លោក ទ្រង់​បាន​ត្រាស់​សំដែង​ចែង​ជា​បណ្តាំ​ឲ្យ​សព្វ​សត្វ​ចង​ចាំ​ទុក​ជា​មេរៀន​នៅ​ក្នុង​​ធម្មបទដ្ឋកថា ដូច្នេះថា៖

យថាបិ រុចិរំ បុបំ្ផ វណ្ណវនំ្ត សគន្ធកំ ឯវំ,សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។ បុប្ផ​ជាតិដែល​​មាន​ពណ៌​ស្រស់​ល្អ តែ​មិន​មាន​កិ្លន​ក្រអូប យ៉ាង​ណា​មិញ, វាចា​សុភាសិត ជា​វាចា​ដែល​មិន​មាន​ផល​ដល់​បុគ្គល​ដែល​មិន​ធ្វើ​តាម ក៏យ៉ាងនោះ​ដែរ, ចំ​ណែក​បុប្ផជាតិ ដែល​មាន​ពណ៌​ស្រស់​ល្អ​ព្រម​ទាំង​មាន​កិ្លន​ក្រអូប​សាយ ដល់​អ្នក​ប្រដាប់​យ៉ាង​ណា​មិញ, វាចា​ដែល​ជា​សុភា​សិត ជា​វាចា​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​បាន​ធ្វើ​តាម​ដោយ​ល្អ ក៏​យ៉ាង​នោះ​ដែរ​។

ពហុម្បិ ចេ សហតំ ភាសមានោ
ន តក្ករោ ហោតិ នរោ បមត្តោ
គោបោវ គាវោ គណយំ បរេសំ
ន ភាគវា សាមញ្ញស្ស ហោតិ ។

អប្បម្បិ ចេ សហិតំ ភាសមានោ
ធម្មស្ស ហោតិ អនុធម្មចារី
រាគញ្ច ទោសញ្ច បហាយ មោហំ
សម្មប្បជានោ សុវិមុត្តចិត្តោ
អនុបាទិយានោ ឥធ វា ហុរំ វា
ស ភាគវា សាមញ្ញស្ស ហោតិ ។

បើ​បុគ្គល និយាយ​ធម៌​ដែល​មាន​ប្រយោជន៍ ទោះ​បី​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ តែ​ជា​អ្នក​ប្រមាទ​មិន​ប្រព្រឹត្ត​ធ្វើ​តាម​ធម៌​នោះ ដូច​ជា​អ្នក​ចិញ្ចឹម​គោ រាប់​គោ​ឱ្យ​អ្នក​ដទៃ ជា​អ្នក​មិន​មាន​ចំណែក​នៃ​សាមញ្ញ​ផល​យ៉ាង​នោះ​ឯង​។

តែ​ផ្ទុយ​ទៅ​វិញ បើ​បុគ្គល​និយាយ​ធម៌​ដែល​មាន​ប្រយោជន៍ ទោះ​បី​ជា​តិច​តួច​ក៏​ដោយ​តែ​ជា​អ្នក​ប្រព្រឹត្ត​សម​គួរ​ដល់​ធម៌​នោះ លះ​បង់​ចោល​នូវ​រាគៈ ទោសៈ​និង​មោហៈ​ អស់ហើយ ជា​អ្នក​ចេះ​ដឹង​សព្វ​គ្រប់ មាន​ចិត្ត​រួច​ផុត​ស្រឡះ​ហើយ ជា​អ្នក​មិន​ប្រកាន់​មាំ​ក្នុង​លោក​នេះ​ឬ​លោក​ខាង​មុខ បុគ្គល​នោះ​ជា​អ្នក​មាន​ចំណែក​នៃ​សាមញ្ញ​ផល​ដោយ​ពិត​។​

ហេតុនេះ បរិយត្តិ និងបដិបត្តិ ត្រូវ​តែ​ដើរ​ទៅ​ជា​មួយ​គ្នា បរិយត្តិ គឺការ​សិក្សា​ពី​ទ្រឹស្តី នាំ​ឲ្យ​មាន​ការ​បដិបត្តិ​ត្រូវ ការ​បដិបត្តិ​ត្រូវ​នាំ​ឲ្យ​បាន​នូវ​បដិវេធ គឺ​ផល​បាន​ដល់​ការ​រួច​ចាក​ទុក្ខ​ទាំង​ពួង​។

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

8 Responses to ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ

  1. Lovepeehs05 និយាយថា៖

    សូមកា្របថ្វាយបង្គុំព្រះភិក្ខុធម្មានន្ត ខ្ញុំព្រះករុណាមានចម្ងល់ថា ព្រះសម្មាសម្ពុទ្ធព្រះអង្គចូលព្រះបរិនិព្វាន ដែលមិនកើតទៀតឡើយ តើរឿងនេះពិតដែរឬទេ ? យ៉ាងម៉េចដែលថា ព្រះអង្កមិនអាចកើតទៀត ឡើយ ? មានអ្វីមកបង្ខាំងព្រះអង្គឬយ៉ាងណា ? ហើយសូមពន្យល់នូវហេតុដែលហៅថា ព្រះអង្គចូល ព្រះបរិនិព្វានផង សូមអរព្រះគុណទុកជាមុន !

    • ចម្រើន​ពរ​ញោម ​ឡៅ​ពី! សំណួររបស់​ញោម​ពិត​ជា​ល្អ​ណាស់​ ប៉ុន្តែ​ចម្លើយ​របស់​អាត្មា​មិន​ប្រាកដ​ថា​បាន​ល្អ​ល្ម​ម​អាច​ទទួល​បាន​ទេ​ ព្រោះ​អាត្មា​ក៏​មិន​ទាន់​បាន​ពាល់​ត្រូវ​សូម្បី​តែ​ចំហាយ​ព្រះ​និព្វាន​ឡើយ​ ម៉្លោះ​ហើយ​ការ​ដែល​ឆ្លើយ​ទៅ​ក៏​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​ធ្លាប់​បាន​រៀន​ពី​ហ្ម​ ត​ពី​គ្រូ​ ផ្គូរ​ផ្គង​ទៅ​តាម​គម្ពីរ​តែ​ប៉ុណ្ណោះ​។

      និព្វាន គឺ​​ជា​​ឈ្មោះ​​ធម្មជាត​​ឬ​​ចិត្ត​​ដែល​​ចេញ​​ផុត​​​ស្រឡះ​​ចាក​​តណ្ហា​​ដែល​​ចាក់​​ស្រេះ​​ទាក់​​ឆ្វាក់​​រួប​រឹត។​ ការ​បាន​ដល់​ព្រះ​និព្វាន​គឺ​ជា​ការ​រលត់​ទៅ​នៃ​អ​វិជ្ជា​ ដែល​ជា​ដើម​ចម​នៃ​ការ”​កើត”​ ចាស់​​ ឈឺ​ ស្លាប់​ នៅ​ក្នុង​វដ្ត​សង្សារ​ នេះ​បើ​យើង​និយាយ​ដោយ​វោហា​សន្មតិ​ ឬ​សម្មតិវោហា​។ ពាក្យ​ថា​និព្វាន​បាន​ផុត​បី​ការ​ កើត​ ចាស់​ ឈឺ​ ស្លាប់​ នេះ​ហើយ​ ដែល​យើង​ចាប់​យក​ពាក្យ​មួយ​មក​​និយាយ​ត​ៗ​​គ្នា​​ថា និព្វាន​​មិន​​មាន”​​កើត”​​ទៀត។ ចង់បញ្ជាក់​ថា​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ដូច​ម្តេច​ចំពោះ​រឿង​ព្រះ​និព្វាន​ថា​កើត​ទៀត​ឬ​មិន​កើត​ទៀត? អាត្មា​សូម​លើក​យក​ការ​សន្ទនា​របស់​ព្រះ​អង្គ​ ជា​មួយ​នឹងវច្ឆគោត្របរិពាជក​ មកបង្ហាញ​ដើម្បី​បាន​ជាគ្រឿង​ពិចារណា​ទាំង​អស់​គ្នា ដូច​តទៅ៖
      វច្ឆគោត្ត​បាន​ទូល​សួរ​ទៅ​ព្រះ​សម្មាសម្ពុទ្ធ​ថា​៖ បពិត្រ​ព្រះ​សមណគោត្តម​ដ៏​ចម្រើន! ភិក្ខុ​ដែល​មាន​ចិត្ត​រួច​ផុត​ស្រឡះ​(និព្វាន)​ហើយ​យ៉ាង​នេះ​ នឹង​កើត​ក្នុង​ទី​ណា?​
      ព្រះ​សម្ពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​តប​ថាៈ ម្នាល​វច្ឆៈ ពាក្យ​ថា​នឹង​កើត​ទៀត​ ក៏​មិន​ត្រឹម​ត្រូវ។
      វ- បើអញ្ចឹង បាន​ន័យថា មិន​កើត​ទៀត។
      ព-ពាក្យ​ថា​ មិន​កើត​ ក៏​មិន​មែន​។
      វ-បើអញ្ចឹង ទាំង​កើត​ទៀត ទាំង​មិន​កើត​ទៀត។
      ព-ពាក្យថា​ ទាំង​កើត​ទៀត និង​មិន​កើត​ទៀត​ ក៏​មិន​មែន។
      វ-បើអញ្ចឹង នឹងថា​កើត​ទៀត​ក៏​មិន​មែន ថា​មិន​កើត​ទៀត​ក៏​មិន​មែន។
      ព-ពាក្យថា ថានឹងកើត​ទៀត​ក៏មិន​មែន មិន​កើត​ទៀត​ក៏​មិន​មែន ក៏​មិន​ត្រឹម​ត្រូវ។
      ពេលឮដូច្នេះ​ហើយ​ វច្ឆគោត្តបាន​និយាយ​តទៅ​ទៀត ទាំង​ការ​មួរ​ហ្មង​ក្នុង​ចិត្ត​ថាៈ បពិត្រ​ព្រះ​សមណគោត្តម​ដ៏​ចម្រើន​! រឿង​នេះ​ខ្ញុំ​ព្រះ​ករុណា​មាន​ការ​ច្របូក​ច្របល់​ក្នុង​ចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​ព្រះ​ករុណា​វង្វេងវិលវល់​អស់​ហើយ​ សូម្បី​សេចក្តី​ជ្រះ​ថ្លា​ដែល​មាន​ចំពោះ​ខ្ញុំ​ព្រះ​ករុណា​ដោយ​ពាក្យ​ពេចន៍​សន្ទនា​ខាង​ដើម​ចំ​ពោះ​ព្រះអង្គ​ដ៏​ចម្រើន​ ដល់​ពេល​នេះ​ក៏​រលាយ​រលត់​បាត់​អស់​ទៅ​ហើយ​ដែរ​។

      ពេល​នោះ​ព្រះ​សម្មា​សម្ពុទ្ធ​ក៏​ទ្រង់​ត្រាស់​តប​ទៅ​វច្ឆគោត្តបរិពាជក​វិញ​ថា​៖ ម្នាល​វច្ឆគោត្ត! គួរ​ហើយ​ដែល​អ្នក​ច្រ​បូក​ច្របល់​ក្នុង​ចិត្ត គួរ​ហើយ​ដែល​អ្នក​ទៅ​ជា​វង្វេង​វិលវល់ ព្រោះ​ធម្ម​ជាតិ​នេះ​ជ្រាល​ជ្រៅ​ ឃើញ​បាន​ដោយ​លំ​បាក​ ដឹង​តាម​បាន​ដោយ​លំ​បាក​ ជា​ធម្មជាតិស្ងប់ ប្រណីត មិន​អាច​នឹង​វាស់​បាន​ដោយ​តក្កវិជ្ជា ល្អិត​សុខុម បណ្ឌិត​ទើប​ដឹង​បាន។ ធម៌​នោះ​ជា​ធម៌​ដែល​អ្នក​មាន​ទិដ្ឋិ​ផ្សេង​ មាន​សេចក្តី​ចូល​ចិត្ត​ផ្សេង មាន​គោល​នៃ​ការ​ពេញ​ចិត្ត​ក្នុង​រឿង​ផ្សេង មាន​សេចក្តី​ព្យាយាម​ដែល​ប្រកប​តាម​លក្ខណៈ​ផ្សេង ប្រកាន់​យក​គ្រូ​ក្នុង​សំណាក់​ដទៃ ពិបាក​នឹង​ដឹង​បាន​។ បើ​ដូច្នេះ​ តថាគត​នឹង​សួរ​ត្រឡប់​ទៅ​អ្នក​ក្នុង​រឿង​នេះ​ បើ​អ្នក​យល់​ថា​គួរ​បែប​ណា​ គប្បី​ពោល​បញ្ជាក់​បែប​នោះ​ចុះ​។ ម្នាល​វច្ឆគោត្រ​! តើ​អ្នក​សំគាល់​ហេតុ​យ៉ាង​ណា បើភ្លើង​ឆេះ​ចំពោះ​មុខ​អ្នក​ អ្នក​ដឹង​ដែរ​ឬ​ទេ​ថា​ ភ្លើង​នោះ​កំ​ពុង​តែ​ឆេះ​នៅ​ចំ​ពោះ​មុខ​អ្នក?
      វ-ខ្ញុំ​ព្រះ​ករុណា​គប្បី​ដឹង​បាន។
      ព-ចុះ​បើ​មាន​នរណា​សួរ​អ្នក​យ៉ាង​នេះ​ថា ភ្លើង​ដែល​កំពុង​ឆេះ​នៅ​ចំពោះ​មុខ​អ្នក​នេះ​ តើ​អា​ស្រ័យ​អ្វីទើប​ឆេះ​បាន?​ បើ​អ្នក​ត្រូវ​គេ​សួរ​ដូច្នេះ​ អ្នក​នឹង​ពោល​បញ្ជាក់​ប្រាប់​គេ​ថា​ដូច​ម្តេច?
      វ-ខ្ញុំ​ព្រះ​ករុណា​នឹង​បញ្ជាក់​ប្រាប់​គេ​ថា ភ្លើង​ដែល​ឆេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ព្រះ​ករុណា​នេះ អាស្រ័យ​វត្ថុ​គឺ​ស្មៅ​និង​ឈើ​ទើប​ឆេះ​ឡើង​បាន។
      ព-ម្នាល​វច្ឆគោត្រ! បើ​ភ្លើង​ដែល​នៅ​ចំ​ពោះ​មុខ​អ្នក​ រលត់​ទៅ អ្នក​អាច​ដឹង​បាន​ឬ​ទេ​ថា​ ភ្លើង​ចំពោះ​មុខ​​​អ្នក​នោះ​រលត់​ទៅហើយ?
      វ-ខ្ញុំ​ព្រះ​ករុណា​ដឹង​បាន​ថា ភ្លើង​ចំ​ពោះ​មុខ​ខ្ញុំ​ព្រះ​ករុណា​នេះ​រលត់​ហើយ។
      ព-ចុះ​បើ​ជន​ដទៃ​គេ​សួរ​អ្នក​យ៉ាង​នេះ​ថា ភ្លើង​ចំពោះ​មុខ​អ្នក​ ដែល​រលត់​ទៅ​នោះ ទៅ​ពី​ទី​នេះ​ទៅ​កាន់​ទិស​ណា? ទិស​ខាង​កើត? ទិស​ខាង​លិច? ទិស​ខាង​ជើង? ទិស​ខាង​ត្បូង? បើអ្នក​ត្រូវ​គេ​សួរ​យ៉ាង​នេះ​ហើយ តើ​គួរ​នឹង​ឆ្លើយ​​ប្រាប់​គេ​យ៉ាង​ណា​ទៅ​វិញ​?
      វ-សំណួរ​បែប​នេះ​នឹង​មិន​អាច​ឆ្លើយ​បាន​ទេ​ព្រះ​អង្គ ព្រោះ​ថា​ភ្លើង​នោះ​អាស្រ័យ​វត្ថុ​គឺ​ស្មៅ​និងឧស ហើយ​ឆេះ​មាន​ពន្លឺ​សន្ធោរ​សន្ធៅ​ឡើង​បាន ព្រោះ​វត្ថុ​គឺ​ស្មៅ​និង​ឧស​នោះ​អស់​ទៅ ហើយ​ព្រះ​មិន​មាន​វត្ថុ​អ្វី​ដើម្បី​មក​បន្ត​ឲ្យ​ភ្លើង​ឆេះ​តទៅ​ទៀត​បាន ក៏​ដល់​នូវការ​រាប់​បាន​ថា​អស់​វត្ថុ​ជា​គ្រឿង​ឆេះ​ ហើយ​ក៏​រលត់​ទៅ​នោះ​ឯង​។

      ព្រះសម្មាសម្ពុទ្ធទ្រង់តបទៅវច្ឆគោត្តវិញថាៈ ក៏​រឿង​នោះ​ដូច​គ្នា វច្ឆគោត្ត! បុគ្គល​ពេល​ដែល​បញ្ញត្តិតថាគត ក៏បញ្ញត្តិ​ដោយ​រូប​ វេទនា​ សញ្ញា សង្ខារ វិញ្ញាណ ណា រូប​ វេទនា សញ្ញា សង្ខារ​ វិញ្ញាណ នោះ តថាគត​បាន​លះ​អស់​ហើយ ជីករំលើង​ឫស​អស់​ហើយ ប្រដូច​នឹង​ត្នោត​កំបុត​ចុង​ ដល់​នូវ​ភាព​មិន​មាន ការ​មិន​កើត​ឡើង​តទៅ​ទៀត​ជា​ធម្មតា តថា​គត​ផុត​ចាក​ការ​រាប់​ថា ជា​រូប ផុត​ចាក​ការ​រាប់​ថា​ជា​វេទនា ផុតចាក​ការ​រាប់​ថា​ជា​សញ្ញា ផុត​ចាក​ការរាប់​ថា​ជា​សង្ខារ​ ផុត​ចាក​ការ​រាប់​ថា​ជា​វិញ្ញាណ មាន​សភាព​ជ្រាល​ជ្រៅ​ ប្រមាណ​មិន​បាន វាស់​បាន​ដោយ​លំបាក​ ប្រៀប​ដូច​ជា​មហា​សមុទ្រ​។ ពាក្យ​ថា​កើត​ទៀត​ ក៏​មិន​មែន ពាក្យ​ថា​មិនកើត​ក៏​មិន​មែន ពាក្យ​ថា​ទាំង​កើត​ទាំង​មិន​កើត​ ក៏​មិន​ត្រូវ ពាក្យថា កើត​ក៏​មិន​មែន មិន​កើត​ក៏​មិន​មែន ក៏​មិន​ត្រូវ។

      អាស្រ័យរឿងនេះ ញោមឡៅពី និង​សាធុ​សប្បុរស​អ្នក​អាន​ទាំង​អស់​អាច​ពិចារណា​កាត់​សេចក្តីដោយ​ខ្លួន​ឯង​បាន​ហើយ​ថា ព្រះ​និព្វាន​មិន​កើត​ទៀត​ឬ​យ៉ាង​ណា?​ តើ​មាន​អ្វី​មក​បង្ខាំង​ព្រះ​អង្គ?

      ចំណុចមួយទៀត ត្រង់​ពាក្យ​ថា​បរិនិព្វាន​នោះ បាន​ន័យ​ថា និព្វាន​ដោយ​ជុំ​វិញ គឺ​បាន​ដល់​និព្វាន​ទាំង​កិលេស​ទាំង​ខន្ធ ព្រោះ​ពាក្យ​ថា​និព្វាន​នេះ លោក​ចែក​ចេញ​ជា​ពីរយ៉ាង​គឺ៖
      ១- សឧបាទិសេសនិព្វាន បាន​ដល់​និព្វាន​ដែល​អស់​ទៅ​នូវ​កិលេសាសវៈ ទាំងឡាយ អស់​តណ្ហា និង​ឧបាទាន​ជា​គ្រឿង​ចាក់​ស្រែះ តែនៅ​មាន​ជីវិត​រស់​នៅ។ ដូច​កាល​ព្រះ​សម្មាសម្ពុទ្ធ និង​ព្រះ​អរហន្ត​ទាំង​ឡាយដែល​មាន​ព្រះ​ជន្ម​នៅ​ឡើយ។ គឺរលត់​កិលេស​ តែ​បញ្ចក្ខន្ធ​នៅ​មាន​នៅ​ឡើយ។
      ២-អនុបាទិសេសនិព្វាន បានដល់​ការ​និព្វាន​ គឺ​អស់​ទៅ​ទាំង​កិលេស ទាំង​លែង​មាន​ព្រះ​ជន្មរស់​នៅ​តទៅ​ទៀត មានន័យថា រលត់​ទាំង​កិលេស​ រលត់​ទាំង​បញ្ចក្ខន្ធ។

      ឆ្លើយ​មក​ប៉ុណ្ណេះ​ សង្ឃឹម​ថា​នឹង​បាន​ជា​ផ្លូវ​សម្រាប់​​ពិចារណា​​សិក្សា​​ទាំង​​អស់​​គ្នា​​ត​ទៅ​​ទៀត​។​

  2. Lovepeehs05 និយាយថា៖

    អរគុណព្រះអង្គ ខ្ញុំព្រះករុណាដូចជាបានយល់ កាន់តែច្បាស់ជាងមុនឆ្ងាយណាស់ គឺថាព្រះនិព្វានបានន័យថា ព្រះអង្គទ្រង់អស់នូវកិលេសតណ្ហាគ្រប់បែបយ៉ាង និងទីបំផុតរលត់អស់នូវសង្ខារទាំងឡាយ គឺបញ្ចក្ខន្ធ ប្រាកដមិនកើតមានទៀតឡើយ តែមិនសំដៅទៅលើ ជីវិតស្លាប់កើត កើតស្លាប់នោះឡើយ ! អញ្ចឹងខ្ញុំព្រះករុណា ដែលបានពិចារណា ព្រាវៗប្រាប់មិត្តភគ្រនោះ ក៏មិនមានខុសដែរ បើតាមស្តាប់ការបកស្រាយពន្យល់របស់ព្រះអង្គ ! ចំឡែកខ្ញុំព្រះករុណា បាន រហ័សនាមថ្មី ភ្ញាក់ព្រើត ស្មាននរណាគេទៅ ឡៅពី ! ស្មានតែចិនទេ !

    អញ្ចឹងខ្ញុំព្រះករុណា សូមបន្តរសំនួរទៀត គឺចង់សួរព្រះអង្គ អំពីជំនឿក្នុងពុទ្ធសាសនា នឹង ជំនឿក្នុងព្រហ្មញ្ញសាសនា តើខុសគ្នាយ៉ាងណាដែរ ព្រះអង្គ ? ខ្ញុំព្រះករុណាបានដឹងហើយថា រដ្ឋាភិបាលខ្មែរយើង តាំងពីបុរាណ ឬជាយូរលង់មកហើយ បានអនុញ្ញាតអោយប្រជាពលរដ្ឋខ្មែរយើង កាន់សាសនាទាំងពីរនេះ យ៉ាងខ្ជាប់ខ្ជួន ព្រមទាំងមានគម្ពីរគ្រប់បែបយ៉ាងនៅក្នុងវត្តផង ។

    • ចម្រើនពរ បើ​យោង​តាម​ការ​សន្ទនា​របស់​ព្រះ​សម្មសម្ពុទ្ធ​ជា​មួយ​នឹង​វច្ឆគោត្រ​បរិពាជក យើង​មិន​អាច​និយាយ​បាន​ថា ព្រះ​និព្វាន​កើត​ទៀត ឬ​មិន​កើត​ទៀត​នោះ​ឡើយ សូម្បី​ព្រះ​ពុទ្ធ​អង្គ​ក៏​ព្រះ​អង្គ​ពុំ​បាន​ត្រាស់​ដូច្នោះ​ឡើយ។ សំខាន់​គ្រាន់​តែ​ដឹង​ថា ព្រះ​និព្វាន​គឺ​ការ​អស់​ទៅ​នូវ​អាសវ​កិលេស រលើង​រលីង​នូវ​អវិជ្ជា​និង​តណ្ហា រលត់​បញ្ចក្ខន្ធ​លែង​មាន​អ្វី​តាក់​តែង​តទៅ​ទៀត។​

      ចំពោះរហ័សនាមរបស់ញោម មិនមែនអាត្មាដាក់ឲ្យទេ គឺ អាត្មា ប្រកប អក្សរ៧តួខាងដើម ឈ្មោះ​របស់ញោម​ទៅក៏អានចេញដូច្នោះ ហើយសរសេរអញ្ចឹងទៅ។🙂

      ឯ​រឿង​ព្រហ្មញ្ញ​សាសនា និង​ពុទ្ធសាសនា​ខុស​ប្លែក​គ្នា​យ៉ាង​ណា​នោះ តាម​ការ​ដឹង​ខ្លះ​ៗ​របស់​អាត្មាឃើញថាមានការខុសប្លែកគ្នាដូច្នេះ៖

      ព្រហ្មញ្ញសាសនា ជាសាសនាអង្វករ បួងសួងពឹងផ្អែកសេចក្តីសុខទុក្ខទៅលើព្រះអាទិទេព។ ព្រហ្មញ្ញសាសនាជឿថា ព្រះព្រហ្មជាអ្នកបង្កើតពិភពលោក ផែនដី​ និងមនុស្ស រហូត​ដល់​ប្រទេស​ឥណ្ឌា​ពី​សម័យ​បុរាណ​បាន​បែង​ចែក​វណ្ណៈ​ជា​៤​វណ្ណ ទាប​ខ្ពស់​ជាង​គ្នា ព្រោះ​គេ​យល់​ថា វណ្ណៈ​ខ្លះ​កើត​ចេញ​ពី​ព្រះ​ឱស្ឋ​(មាត់)​ព្រះ​ព្រហ្ម វណ្ណៈ​ខ្លះកើត​ចេញ​ពី​ព្រះ​ហស្ត​របស់​ព្រះ​ព្រហ្ម ដូច្នេះ​ជា​ដើម​។​ ដោយ​សារ​តែ​ការ​ជឿ​ដូច្នេះ​ហើយ បាន​ជា​ខ្មែរ​យើង​មាន​ប្រើ​ពាក្យ​ថា​ព្រហ្ម​លិខិត​រហូត​​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​​ជឿ​​ថា​​ព្រះ​​ព្រហ្ម​​ជា​​អ្នក​​បង្កើត​​មក​ ហើយ​​អ្វី​​ៗ​​ត្រូវ​​បាន​ព្រះ​​ព្រហ្ម​​កំណត់​​ទុក​​មក​​ហើយ​​ដែរ មិន​​អាច​​តវ៉ា​​បាន​​ទេ។ អាទិទេព​ក្នុង​ព្រហ្មញ្ញ​សាសនា​ព្រហ្មញ្ញ​​សាសនា​ មាន​ជា​ច្រើន​អង្គ​ទៀត​ក្នុង​នោះ​មាន​ព្រះ​សិវៈ និង​ព្រះ​វិស្ណុ ដែរ។ ព្រហ្មញ្ញ​សាសនា​​ជឿ​ថា មាន​ព្រលឹង ឬ​អាត្ម័ន​ដែល​ជា​សភាវៈ​នៅ​ក្នុង​ខ្លួន​មនុស្ស មិន​ចេះ​ស្លាប់ ពេល​សំបក​កាយ​របស់​មនុស្ស​ត្រូវ​អស់​ខ្យល់​អស្សាសៈបស្សាសៈទៅ ព្រលឹងនោះ នឹង​ហោះ​ហើរ​ចេញ​ពី​ខ្លួន ទៅ​ចាប់​ជាតិ ឬ​ទៅ​នៅ​ក្នុង​រូប​ថ្មី​មួយ​ទៀត។​

      ចំណែក​​ខាង​​ការ​​បដិបត្តិ​​ក្នុង​​ព្រហ្មញ្ញ​​សាសនា មាន​​ថ្នាក់​​ទាន ថ្នាក់​​សីល​ ថ្នាក់​​សមាធិ​ដូច​​គ្នា ថ្នាក់​​សមាធិ​ខាង​ព្រហ្មញ្ញ​សាសនា អាច​បាន​ត្រឹម​ឈាន​លោកិយ ហើយ​នឹង​អាច​ទៅ​បដិសន្ធិ​ក្នុង​ព្រហ្មលោក​បាន ដូច​ជា​អាឡារតាបស និង​ឧទ្ទក​តាបស​ដែល​ព្រះ​បរមពោធិ​សត្វ​បាន​ចូល​ទៅ​រៀន មុន​ពេល​ព្រះ​អង្គ​ត្រាស់​ដឹង ប៉ុន្តែ​មិន​មាន​ថ្នាក់​​បញ្ញា​ ផ្នែក​វិបស្សនា​ដូច​​ក្នុង​​ព្រះ​​ពុទ្ធ​សាសនា​​ទេ ព្រោះ​​ថ្នាក់​​បញ្ញា​​នេះ​​ហើយ​​ដែល​​ជា​​ធម្មជាត ញ៉ាំង​​យោគីវចរ​​ទាំង​​ឡាយ​​ឲ្យ​​បាន​​ពាល់​​ត្រូវ​​នូវ​​ព្រះ​និព្វាន​។​

      ព្រះ​​ពុទ្ធសាសនា​​មិន​​មែន​​ជា​​សាសនា​​អង្វរក មិន​​បាន​​បួង​​សួង​​សុំ​​សេចក្តី​​សុខ​​ពី​​អំណាច​​ខាង​​ក្រៅ​​ឡើយ តែ​​ជា​​សាសនា​​ដែល​​បង្រៀន​​អំ​ពី​​កម្មផល សុខ​​ឬ​​ទុក្ខ​​គឺ​មនុស្ស​​ខ្លួន​​ឯង​​ជា​​អ្នក​​បង្កើត​​ឡើង​​ដោយ​​ខ្លួន​​ឯង ពុំ​​មាន​​អំណាច​​ខាង​​ក្រៅ​​ណា​​មក​​បណ្តាល​សេចក្តី​សុខ​ទុក្ខ​ឲ្យ​ទេ គឺ​​ខ្លួន​​ទី​ពឹង​​ខ្លួន។ ព្រះ​ពុទ្ធសាសនា​​មិន​​បាន​​បែង​ចែក​វណ្ណៈ​របស់​មនុស្ស​ទេ គ្រប់​គ្នាមា​ន​សិទ្ធិ​ស្មើ​គ្នា គ្រប់​គ្នា​មាន​មរតក​ដូច​គ្នា គឺ​ការ​កើត​ ចាស់ ឈឺ ស្លាប់ ស្រឡាញ់​សេចក្តី​សុខ​ដូច​គ្នា​។ អ្នក​​ចូល​​បួស​​ក្នុង​សំណាក់​​ព្រះ​​ពុទ្ធសាសនា មិន​​ថា​​ជា​​ស្តេច ឬ​​មន្ត្រី​​កុង្សី​​អ្វី​​ទេ បើ​​អ្នក​​ណា​​ចូល​​បួស​​ក្រោយ (ខ្ចីវស្សាជាង) ត្រូវ​​តែ​​អង្គុយ​​ក្រោម​​គេ ឬ​​បន្ទាប់​​គេ​​​ដែល​​បួស​​មុន ទោះ​​ជា​អ្នក​​បួស​​មុន​​នោះ​​មក​​ពី​​ត្រ​កូល​​ចណ្ឌាល ត្រកូល​​កសិករ​​ក្រី​​ក្រ​​ក៏​​ដោយ។ ព្រះ​​ពុទ្ធ​​សាសនា​​មិន​​​ជឿ​​លើ​​អាទិទេព​​ថា​​ជា​​អ្នក​​បង្កើត​​ទឹក​​ដី​​ភ្លើង​​ខ្យល់​​ឬ​​មនុស្ស​​នោះ​​ទេ អ្វី​ៗ​គ្រប់​​យ៉ាង​​កើត​​ឡើង​​តាម​​សភាវៈ​​របស់​​ធម្មជាតិ ។ ព្រះ​​ពុទ្ធ​សាសនា​​មិន​​បាន​​ទទួល​​ស្គាល់​​ថា​​មាន​​ព្រលឹង ឬ​​វិញ្ញាណ​​ទៅ​​កើត​​ទៀត​​ទេ ចំណែក​​បដិសន្ធិ​​ថ្មី​​នោះ​​គឺ​​ជា​វិបាក​​វិញ្ញាណ ជា​​ចំហាយ​​របស់​​កម្ម​ជា​​កុសល​​និង​​អកុសល​​ផ្តល់​​ឱកាស​​ឲ្យ​​សង្ខារ​​តាក់​​តែង​​ជា​​ថ្មី​​ទៀត។ ផ្នែក​​ខាង​​ការ​​បដិបត្តិ ដូច​​បាន​​លើក​​ខាង​​លើ​​រួច​​ហើយ គឺ​​ព្រះ​ពុទ្ធសាសនា​មាន​ព្រះនិព្វាន​ជា​គោល​ដៅ​ខ្ពស់​បំផុត។ មាន​​ថ្នាក់​​វបស្សនា​​(បញ្ញា) សម្រាប់​​ជា​​គ្រឿង​​គាស់​រំលើង​​កិលេស​​តណ្ហា​កាប់​​ឆ្ការ​​អាសវៈ​​ទាំង​​ឡាយ​​ដើម្បី​​បាន​ដល់​​នូវ​​អមតធម៌ គឺ​​ព្រះ​និព្វាន​។

      ប៉ុណ្ណេះ​ចុះ បើ​ចេះ​តែ​ទៅ​មុខ​ទៀត​ក្រែង​លោ​ដូច​សម្ល​ដែល​ច្រើន​តែ​ទឹក​។ បើ​​ញោម​​យល់​​យ៉ាង​​ណា​​​ឬ​​​ធ្លាប់​​​បាន​​ដឹង​​​បាន​​ឮ​​​មក​​​យ៉ាង​​​ណា ក៏​​​សូម​​​ជួយ​​​បំពេញ​​​បន្ថែម​​តាម​​ការ​​​គួរ​​​ផង​​​ចុះ។​​

  3. Lovepeehs05 និយាយថា៖

    អរព្រះគុណព្រះអង្គ ដែលបានអត្ថាធិប្បាយយ៉ាងច្បាស់ នូវចំណុចខាងលើ តែមិនទាន់បាត់ឆ្ងល់ ។ ខ្ញុំព្រះករុណានៅឆ្ងល់ត្រង់ក្បួនវេទមន្ត មានបាលី យ័ន្ត កថា ឱមអាម បាញ់មិនមុត ដុតមិនឆេះ ចេះហោះចេះហើរ ចេះបែងភាគ ចេះបំបាំងបាត់ ស្នេហ៍ស្នូក និងអារុក្ខ អារក្ស ខ្មោចព្រាយបិសាច តាមដុបតាមព្រៃ ជាដើម ។ល។ តើជំនឿទាំងអស់ខាងលើហ្នឹង ព្រះអង្គយល់យ៉ាងណាដែរ ? បើតាមខ្ញុំព្រះករុណាដឹងតិចៗ ថាជំនឿទាំងអស់ហ្នឹង ជាជំនឿរបស់ព្រហ្មញ្ញសាសនា តែមិនមែនជា ជំនឿរបស់ពុទ្ធសាសនាទេ ! មែនទេ ព្រះអង្គ ?

    • ចម្រើនពរ រឿង​នេះ​ពិត​ជា​ត្រឹ​ម​ត្រូវ​ហើយ ក្នុង​ព្រះ​ពុទ្ធសាសនា​ព្រះ​សម្មាសម្ពុទ្ធ​មិន​បាន​ប្រៀន​ប្រដៅ​អំ​ពី​មន្ត​អាគម​អូម​អាម​អី​ទេ ព្រោះ​នោះ​មិន​មែន​ជា​ផ្លូវ​រំលត់​ទុក្ខ​ មិន​មែន​ជា​បដិ​បទា​នៃ​ការ​ត្រាស់​ដឹង ហើយ​ជា​សភាវៈ​ដែល​នៅ​តែ​រើខ្លួន​មិន​រួច​ពី​សាមញ្ញលក្ខណៈ​ទាំង​បី​ គឺ​ អនិច្ចំ ទុក្ខំ ​អនត្តា។ គោល​នៃ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ​គឺ​ទ្រង់​ឲ្យ​បដិបត្តិ​តាម​អដ្ឋង្គិកមគ្គទាំង​៨​ប្រការ​ ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​បរម​សុខ។ រឿង​មន្ត​អាគម​ អូមអាម​នេះ ពិត​មែន​តែ​មិន​មែន​ជាពាក្យ​ប្រៀន​ប្រដៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​ ប៉ុន្តែ​បុព្វបុរស​របស់​យើង បាន​កែ​ច្នៃ​គាថា ពាក្យបាលី ពុទ្ធវចនៈ ​ដែល​មាន​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធសាសនា​ បញ្ចូល​ទៅ​ក្នុង​ផ្នែកមន្ត​អាគម​នេះ​ច្រើន​ដែរ ញោម​ក៏​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ បាន​ជួប​ដែរ​​ហើយ​ នៅ​ក្នុង​យ័ន្ត​ កថា ផ្សេងៗ មាន​សុទ្ធ​តែ​ពាក្យ​បាលី ដែល​បាលី​ខ្លះ​ក៏​យក​តាម​ព្រហ្មញ្ញសាសនា ឯ​បាលីគាថា​ខ្លះ​ទៀត​ក៏​ ដក​ស្រង់​ចេញ​ពី​គម្ពីរ​ព្រះ​ពុទ្ធសាសនាផង​ដែរ។ ភាគ​ច្រើន​ លោក​ច្រើន​តែ​ដក​ចេញ​មក​ជា​របៀប​អាទិសង្កេត គឺ​អក្សរ​កាត់​ខាង​ដើម​ពាក្យ​នីមួយៗ ដូច​បាលី​ថា ​អ សំ វិ សុ លោ អ បុ ស ពុ ភ ជា​អាទិសង្កេត​ដក​ចេញ​មក​ពី​ពុទ្ធ​គុណ បាលីថា ឥ ស្វា សុ ដកស្រង់ចេញពីត្រៃគុណ គឺគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ឥ-ឥតិបិ សោ, ស្វា-ស្វាក្ខាតោ, សុ-សុប្បដិបន្នោ, នៅក្នុងទសបារមី គឺ​បារមី​ទាំង​១០​របស់​ព្រះ​សម្មាសម្ពុទ្ធ​ក៏​បុព្វ​បុរស​យើង លោក​ដក​ស្រង់​ជា​អា​ទិសង្កេត ដូចជា ទា សី​ នេ ប វិ ខ ស​ អ​ មេ ឧ ដែល​មាន​ន័យ​ថា ទា-ទានបារមី, សី-សីលបារមី, នេ-នេក្ខមបារមី, ប-បញ្ញាបារមី, វិ-វិរិយបារមី, ខ-ខន្តិបារមី, ស-សច្ចបារមី, អ-អធិដ្ឋានបារមី, មេ-មេត្តាបារមី, ឧ-បេក្ខាបារមី។ មាន​ជា​ច្រើន​ទៀត​ដែល​លោក​ដក​ស្រង់​មក​ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​មន្ត​អាគម ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី គឺ​ជា​គំនិត​កែច្នៃ​របស់​ដូន​តា​យើង​ដើម្បី​ប្រើ​ប្រាស់​ទៅ​តាម​​បំណង​ដែល​គាត់​យល់​​ឃើញ​ថា​មាន​ប្រយោជន៍​​សម្រាប់​ជីវិត រហូត​ដល់​មាន​ពាក្យ​ថា «អាគម​ផ្សំ​អាយ៉ូស​»។​

      ចំណែក​រឿង​ឥទ្ធិបាដិហារ្យ​ដែល​យើងធ្លាប់​បាន​អាន​បាន​ដឹង​តាម​គម្ពីរថា ព្រះ​អង្គ​ទ្រង់​សំដែង​ឫទ្ធិ​នោះ មិន​មែន​ព្រះ​អង្គ​ប្រើ​មន្ត​អាគម​អូម​អាម​អី​ទេ គឺ​ជា​ឥទ្ធិ​រឹទ្ធ​ដែល​បាន​មក​ពីអំណាច​នៃ​ភាព​បរិសុទ្ធ អំណាច​វិបស្សនា​ឈាន ដែល​ព្រះអង្គ​បាន​សម្រេច​។ ជា​ផ្នែក​មួយ​នៃ​វិជ្ជា​​ដែល​​ព្រះ​​អង្គ​​ទ្រង់​​សម្រេច​​បាន​នៅ​​ក្នុង​​វិជ្ជា​​ទាំង​​ប្រាំបី​​ប្រការ​។

  4. Lovepeehs05 និយាយថា៖

    សាធុ! សាធុ! ព្រះអង្គ ដែលបានបកស្រាយ យ៉ាងច្បាស់លាស់ អំពីជំនឿព្រហ្មញ្ញសាសនា នឹង ពុទ្ធសាសនា និងអ្វី ឬ បណ្តូលបាលី ដែលចាស់បុរាណខ្មែរយើង បានដកស្រង់ចេញពីព្រះធម៌ ក្នុងពុទ្ធសាសនា មកធ្វើជាមន្តអាគម ដើម្បីបម្រើសេចក្តីត្រូវការ នូវជំនឿដែលថាពូកែ អោយរិតតែ ពូកែឡើង គឺជារបស់លើកទឹកចិត្ត ជំនួយផ្លូវចិត្ត ធ្វើអោយមនុស្សចេះក្លាហាន តទល់ជាមួយនឹងខ្មាំងសត្រូវ ក្នុងពេលមានសង្គ្រាម នេះជាគំនិតមួយដ៏ល្អដែរ តែសម័យតស៊ូរបស់ខ្មែរក្រហម ពួកគេមិនបានយកមន្ត អាគមទាំងអស់នេះមកប្រើប្រាសទេ គឺពួកគេតម្រូវអោយបោះបង់ចោល ទាំងអស់មុននឹងចូលបំរើកងទ័ព នេះបើតាមខ្ញុំព្រះករុណដឹង ពីព្រោះមានគេយក យន្តកថានិងរូបព្រះ មកប្រគេនខ្ញុំព្រះករុណា កាលនៅជាលោកសង្ឃ អោយរក្សាទុក ពីព្រោះពួកកងទ័ពនាពេលនោះ គេមិនត្រូវការទេ ចឹងបានន័យថា ពួកគេធ្វើសង្គ្រាមឈ្នះ ពួកសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោក លន់ នល់ ពីឆ្នាំ ១៩៧០-៧៥ អត់បានប្រើយ័ន្ត-កថានេះទេ តែនៅសម័យតស៊ូឆ្នាំ ១៩៧៩-៩១ របស់ពួកទាហាន សេរីការ ឬ ប៉ារ៉ា និង ប្រហែលជាទ័ព របស់សម្តេចឪ-សម្តេចតា យកមកប្រើប្រាសឡើងវិញ យ៉ាងកុះករ តែខ្ញុំព្រះករុណាបាន ឃើញតែពួកប៉ារ៉ានៅជំរុំ ០០៧ (ជំរុំថ្មី) ទេដែលប្រើប្រាសយ៉ាងជ្រេក ក នាពេលនោះ ។ល។

    តែយ៉ាងណាក៏ដោយ ប្រជាជនខ្មែរយើង ភាគច្រើន យកជំនឿគំនិតនិយមទាំងអស់នេះ មកប្រើប្រាស ឬបន់ស្រន់ ជួយផ្សងសំណាង ដើម្បីរកស៊ីអោយមានបាន តែមិនបានខំប្រឹងប្រែងរកស៊ី អោយពេញដៃ ពេញជើងទេ តែធ្វើត្រឹមមួយរស់ (!?) តើចំណុចនេះ ព្រះអង្គយល់យ៉ាងណាដែរ ? ផ្ទុយគ្នានឹងចិន ដែលគេមាន ៗ គេបន់ស្រន់ដែរ តែពួកគេប្រឹងធ្វើការរកស៊ីណាស់ ទើបពួកគេមាន មិនថាអញ្ចឹង ?

    • អូហ៍! តាម​ពិត​ទៅ ញោម​ឡៅពី បួស​តាំង​ពី​អាត្មា​មិន​ទាន់​កើត ឬ​កាល​នោះ​អាត្មា​ប្រហែល​ជា​នៅ​រត់​ស្រាត​លេង​ដី​នៅ​ឡើយ​។😀 អាត្មាដឹងក្តីទាន់សម័យប៉ារ៉ា ហើយក៏ធ្លាប់ឃើញទាហានប៉ារ៉ា ពាក់​កន្សែង​យ័ន្ត ខ្សែ​កថា ពេញ ក ក្រវាត់​ពេញ​ចង្កេះ ដើមទ្រូង​ មាន​ទាំង​ជួត​នៅ​លើ​ក្បាល​ទៀត​ផង​ តែ​ចំពោះ​ទ័ព​ខ្មែរ​ក្រហម មិន​ដែល​ឃើញ​ទេ ព្រោះ​តំបន់​នោះ​មាន​តែ​ទ័ព​ប៉ារ៉ា​សុទ្ធ​សាធ​។ រឿង​សក្តិសិទ្ធិ​ឬ​មិន​សក្តិសិទ្ធិ​នោះ​​ក៏​​មិន​ដឹង​​ច្បាស់​​ដែរ សូម្បី​​ព្រះ​សម្មាសម្ពុទ្ធ​​ក៏​​ព្រះ​អង្គ​ទ្រង់​​មិន​បាន​​បដិសេធ​​ត្រង់​​ចំណុច​​នេះ​​ដែរ តែ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ គ្រប់​យ៉ាង​គ្មានសភាព​ទៀង​ទាត់​ ទោះ​បី​បុគ្គល​ណា​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ក៏​មិន​អាច​កន្លង​សេចក្តី​ស្លាប់​បាន​ដែរ​ យ៉ាងយូរ​១០០ ឆ្នាំ​​ឬ​លើស​បន្តិចបន្តួច។ ហេតុ​នេះ​ហើយ​ទើប​ព្រះ​អង្គ​ទ្រង់​មិន​ឲ្យ​ប្រកាន់​យក​ជំនឿ​បែប​នេះ ហើយ​ថែម​ទាំង​ហាម​ភិក្ខុសង្ឃ​មិន​ឲ្យ​រៀន​វិជ្ជា​បែប​នេះ​ទៀត​ផង។

      ឯរឿង​យ័ន្ត​គាថា មន្ត​បន្ទន់​ចិន្តា លិន​ថោង​សារិកា មហានិយម ឲ្យ​រក​ស៊ី​មាន​បាន​នោះ គឺដូចអ្វី​ដែល​ញោម​មាន​ប្រសាសន៍​មែន បើគេមិនប្រឹងរកទេ ហើយ​ចាំ​តែ​មន្ត​អាគម​ហៅ​លាភ​ហៅ​ជ័យ​ មក​ឲ្យ​នោះ​ មិន​អាច​នឹង​មាន​បាន​ដូច​សេចក្តីប្រាថ្នា​ទេ។ ព្រះ​សម្មា​សម្ពុទ្ធ​ក៏​ទ្រង់​បាន​ប្រាប់​រួច​ហើយ​ពី​គោល​នៃ​ការ​រស់​នៅ​ប្រកប​ដោយ​សេចក្តី​ចម្រើន​ខាង​ភោគ​ទ្រព្យ​ និង​គុណ​ធម៌​ ដែល​យើង​ហៅ​ថា​ប្រយោជន៍​បច្ចុប្បន្ន​៤យ៉ាងនោះគឺៈ

      ១-ឧដ្ឋានសម្បទា ឲ្យដល់​ព្រម​ដោយ​ការ​ព្យាយាម គឺ​ព្យាយាម​រៀន ព្យាយាម​រកទ្រព្យ​សម្បត្តិ​ទៅ តាម​សមត្ថភាព​របស់​ខ្លួន ហើយ​ប្រឹងប្រែងឲ្យ​អស់​ពី​លទ្ធភាពដើម្បីបានទ្រព្យ​ទាំង​នោះ​មក ដោយ​មិន​បណ្តោយ​ឲ្យ​ពេល​វេលា​កន្លង​ផុត​ទៅ​ដោយ​ឥត​អំពើ។

      ២-អារក្ខសម្បទា ដល់​ព្រម​ដោយ​ការ​រក្សា គឺ​រក្សា​ចំណេះ​វិជ្ជា​ដែល​រៀន​បាន​ហើយ​ក្តី រក្សា​ទ្រព្យ​សម្បត្តិ​ដែលរក​បាន​មក​ហើយ​ក្តី​ មិន​ឲ្យ​បាត់​បង់​ទៅ​វិញ​ដោយ​ហេតុ​ណា​មួយ ព្រោះ​តែការ​ធ្វេស​ប្រហែស មិនយក​ចិត្ត​ទុក​ដាក់​មើល​ថែរក្សា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។

      ៣-កល្យាណមិត្តតា ឲ្យសេពគប់កល្យាណមិត្ត គឺមិត្តល្អ មិត្តដែលប្រាប់ផ្លូវជាប្រយោជន៍ កល្យាណ​មិត្ត​នេះ​ជា​រឿង​ចាំ​បាច់​ណាស់​សម្រាប់​មនុស្ស​រស់​នៅ​ក្នុង​សង្គម ព្រោះ​មនុស្ស​តែង​តែ​ពឹង​ពាក់​អាស្រ័យ​គ្នា​ទៅវិញ​ទៅមក មិន​អាច​រស់​នៅ​តែ​ម្នាក់​ឯង​បាន​ទេ កល្យាណ​មិត្ត​អាច​ជួយ​ដះ​ទុក្ខ​ទាំង​ពួង​បាន ពេល​យើង​ជួប​ប្រទះ​បញ្ហា​ណា​មួយ ឬ​ត្រូវ​ការ​យោបល់​ណែ​នាំ​ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ក្តី អាចជួយ​ណែ​នាំ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ដើម្បី​ឆ្ពោះ​ទៅរក​សេចក្តី​ចម្រើន​ទាំង​អស់​គ្នា។

      ៤-សមជីវិតា ឲ្យ​ចិញ្ចឹម​ជីវិត​តាម​បែប​ស្មើៗ គឺ​បាន​ន័យ​ថា ឲ្យ​ចេះ​រស់​នៅ​ដោយ​ស្គាល់​ប្រមាណ​ក្នុង​ការ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ មិន​ខ្ជះ​ខ្ជាយ​ហួសប្រមាណ និង​មិន​កំណាញ់​ស្វិត​ត្បិតត្បៀតហួស​ពេក ហើយ​មិន​យក​ទ្រព្យ​សម្បត្តិ​ដែលរក​បាន​មក​​ដោយ​​លំបាក​​នោះ​​ទៅ​​បំផ្លិច​បំផ្លាញ​ចោល​​មាន​យក​ទៅ​លេង​ល្បែង​ស៊ី​សង​ សេពសុរា កញ្ឆា អាភៀន និងគ្រឿង​ញៀនឯទៀត និងការ​ចាយ​វា​យ​ក្នុង​កន្លែង​ដែល​ជា​អបាយ​មុខ​ផ្សេងៗ។

      គោល​ទាំង​បួន​យ៉ាង​នេះ​ គឺ​ជាមនុ្ត​គាថា​យ៉ាង​សក្តិសិទ្ធ​របស់​ព្រះ​សម្មាសម្ពុទ្ធ ដែល​មាន​ជា​អាទិសង្កេតថា «ឧ អា ក ស» ឲ្យ​តែ​បរិស័ទ​ទាំង​ឡាយ​ ទន្ទេញឲ្យ​ចាំ​ហើយយក​ទៅ​ប្រតិបត្តិ​តាម​ឲ្យបាន​​ត្រឹមត្រូវ​តាម​ចំណុច​ទាំង​បួន​នេះ នឹង​អាច​ជាអ្នកមាន អ្នកធូរធារបាន នឹងអាច​ឈានដល់​មហា​សេដ្ឋី​ទៀត​ផង ដូច្នេះ​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​ខ្លះ​ឲ្យ​ឈ្មោះ​ធម៌​នេះ​ថា ជា​បណ្តូល​មហា​សេដ្ឋី។ តែកុំ​ច្រឡំ​យក​ទៅ​ទន្ទេញ​ស្វាធ្យាយសូត្រផ្លុំសេក ថ្វាយបង្គំបួងសួង សុំឲ្យមានបាននោះ មិន​មែន​ដូច្នោះ​ឡើយ ព្រះ​ពុទ្ធ​មិន​បាន​ប្រៀន​ប្រដៅ​ឲ្យ​ធ្វើ​ដូច្នោះ​ទេ។ គឺ​ត្រូវ​យក​គោល​ធម៌​ទាំង​បួន​នេះ​ទៅ​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃទើបសក្តិសិទ្ធិបាន។

      ហេតុនេះ​សូម​បញ្ជាក់​ថា ការ​រកទទួល​ទាន​មាន​បាន​ មិន​មែន​អាស្រ័យ​លើ​មន្ត​អាគម​គាថា នោះ​ទេ គឺ​អាស្រ័យ​ការ​ព្យាយាម​ប្រឹងប្រែង ចំណាយ​កម្លាំង​ញើស​ឈាម​ដោយ​ឥត​សំ​ចៃ ទើប​អាច​ទទួល​ជោគ​ជ័យ​តាម​បំណង​ប្រាថ្នា​បាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s