ធម៌ខុសកុំយកជាផ្លូវ ធម៌ត្រូវទុកជាមាគ៌ា

វិទ្យុធម្មទេសនា លើកទី ១៦
របស់ព្រះអាចារ្យ ឈឹម – ស៊ុម សទ្ធម្មប្បញ្ញោ
អាចារ្យបង្រៀននៅសាលាបាលីជាន់ខ្ពស់ ភ្នំពេញ
សំដែងពីថ្ងៃសៅរ៍ ៨ កើត បឋមាសាធ មមី ចត្វាស័ក ព.ស. ២៤៨៥ (២០ យូវ៉ាំង ១៩៤២ )

«ធម្មាធម្មកថាសំដែងពីធម៌ត្រូវធម៌ខុស»
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស វារៈ​នេះ​សូម​សំដែង​អំពី​ធម៌​ត្រូវ ធម៌​ខុស នឹង​​អំ​ណោយ​​​ផល​​​នៃ​​​ធម៌​​​ត្រូវ ធម៌​​ខុស​​នោះ តាម​​បទ​​បាលី​​ពុទ្ធ​ភាសិត​​ថា

ន ហិ ធម្មោ អធម្មោ ច ឧភោ សមរំចាកិនោ
អធម្មោ និរយំ នេតិ ធម្មោ ចាបេតិ សុកតឹ ។

ប្រែថា «សភាវៈ​ទាំង​ឡាយ​២​ប្រការ​គឺ ធម្មៈ បាន​ដល់​ធម៌​ត្រូវ​១ អធម្មៈ បាន​ដល់​ធម៌​ខុស​១ ឲ្យ​ផល​ពុំ​ស្មើ​គ្នា​ទេ, ធម៌​ខុស​រមែង​នាំ​សត្វ​ទៅ​កាន់​នរក, ធម៌​ត្រូវ​រមែង​នាំ​សត្វ​ទៅ​កាន់​សុគតិ ។» បណ្ដា​ពាក្យ​ទាំង​២​ម៉ាត់​នេះ, សូម​អធិប្បាយ​អំ​ពី​ពាក្យ​ថា​ធម៌​ត្រូវ​ជា​មុន ។ ធម៌​ត្រូវ​ចែក​ចេញ​ជា​៣​ប្រការ​គឺ : បរិយត្តិធម៌ បាន​ដល់​ធម៌​សម្រាប់​សិក្សា សម្រាប់​ស្ដាប់​គឺ​ព្រះ​ត្រៃ​បិដក ដែល​ចែក​ចេញ​ជា​ព្រះវិន័យ ព្រះសូត្រ ព្រះអភិធម្ម ឬ​ហៅថា នវង្គ​សត្ថុ​សាសនៈ ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សាស្ដា​ប្រក​ប​ដោយ​អង្គ ៩​គឺ : សុត្តៈ គេយ្យៈ, វេយ្យាករណ, គាថា, ឧទាន​, ឥតិវុត្តកៈ ជាតក, អព្ភូតធម្ម, វេទល្លះ ។

បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​តាម បាន​ដល់​អដ្ឋ​ង្គិក​មគ្គ ដែល​ជា​ផ្លូវ​នៃ​សេចក្ដី​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ៨​ប្រការ គឺ សម្មាទិដ្ឋិ សេចក្ដី​យល់​ត្រូវ​១, សម្មាសង្កប្បោ សេចក្ដី​ត្រិះ​រិះ​ត្រូវ​១​, សម្មាវាចា វាចា​ត្រូវ​១, សម្មា​កម្មន្តោ ការងារ​ត្រូវ១, សម្មាអាជីវោ ការ​ចិញ្ចឹម​ជីវិត​ត្រូវ​១, សម្មាវាយាមោ សេចក្ដី​ព្យាយាម​ត្រូវ​១, សម្មាសតិ ស្មារតីត្រូវ១, សម្មាសមាធិ ចិត្ត​ដំកល់​ត្រូវ​១ ។

បដិវេធ​ធម៌ ធម៌​គឺ​ការ​ត្រាស់​ដឹង បាន​ដល់​លោកុត្តរ​ធម៌ គឺមគ្គ​៤ មាន​សោតាបត្តិមគ្គ​ជា​ដើម, ផល​៤​មាន​សោតាបត្តិផល​ជា​ដើម ​។

ធម៌​ត្រូវ​ទាំង​៣ផ្នែក​នេះ ជា​បច្ច័យ​ឲ្យ​កំឡាំង​តៗ​គ្នា គឺ​បរិយត្តិធម៌ បើ​កុល​បុត្របាន​សិក្សា បាន​ស្ដាប់​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ហើយ, ជា​ពន្លឺ​ភ្លឺ​ឆ្លុះ​ឲ្យ​យល់​ច្បាស់​នូវ​ផ្លូវ​នៃ​សេចក្ដី​ប្រតិបត្តិ ដែល​ហៅ​ថា​បដិបត្តិធម៌, កាល​បើ​ដំណើរ​កាយ​វាចា​ចិត្ត​ប្រព្រឹត្ត​ត្រង់​ទៅ​តាម​បដិបត្តិធម៌​ហើយ​, ជា​ហេតុ​ឲ្យ​កើត​សេចក្ដី​ត្រាស់​ដឹង គឺ​បដិវេធ​ធម៌​ជា​លំដាប់​។

បរិយត្តិ​ធម៌ទី១ មិន​មែន​ឲ្យ​ផល​ត្រឹម​តែ​យល់​ផ្លូវ​ប្រតិបត្តិ​ប៉ុណ្ណោះ​ទេ បើ​កុល​បុត្ត​សិក្សា ឬ​ស្ដាប់​ឲ្យ​បាន​សេចក្ដី​ចេះ​ចាំ​ជា​ប្រាកដ​ហើយ, ជា​គុណ​មាន​អានុភាព​អាច​នាំ​ផល​ប្រយោជន៍​ច្រើន មក​ប្រគល់​ដល់​កុល​បុត្ត​អ្នក​សិក្សា អ្នក​ស្ដាប់​នោះ​តាំង​ពី​ក្នុង​បច្ចុប្បន្ន​រៀង​ទៅ​ជា​ប្រាកដ, គឺ​កុល​បុត្ត​អ្នក​ទ្រទ្រង់​បរិយត្តិ​ធម៌ រមែង​បាន​លាភ​សក្ការៈ​ដោយ​ងាយ, រមែង​មាន​មិត្ត​ទាំង​ឡាយ​មូល​មក​រាប់​រក​គ្រប់​ទិស, រមែង​បាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឥត​ក្ដៅ​ក្រហាយ, រមែង​បង្កើត​បុណ្យ​ទាំង​ឡាយ​ដែល​ជា​ស្បៀង​ទៅ​ខាង​បរលោក, លុះ​រំលាង​ខន្ធ​អំពី​ឥធ​លោក​នឹង​បាន​ទៅ​កើត​ក្នុង​ឋាន​សួគ៌​ទេវ​លោក ឬ​សម្រេច​ដល់​ឋាន​សិវមោក្ខ​គឺ​ព្រះ​និព្វាន​ជា​ប្រាក​ដ​ពុំ​ខាន ។ អស់​លោក​ទាំង​ឡាយ​ប្រហែល​ជា​បាន​ឃើញ​ដោយ​ជាក់​ស្ដែង​ថា​: បរិយត្តិធម៌​អាច​ជ្រោង​ស្ទួយ​កុលបុត្ត​ដែល​ទ្រទ្រង់​ដោយ​ហ្មត់ចត់ ឲ្យ​អណ្ដែត​ផុត​ពី​ទី​ទាប​ទៅ​ដំកល់​លើ​ដំណែង​ដ៏​ខ្ពង់​ខ្ពស់​បាន​, ដូច​យ៉ាង​កុលបុត្ត​រូប​ខ្លះ ដែល​កើត​ក្នុង​ត្រកូល​ថោក​ទាប​សោះ​ទេ, ប៉ុន្តែ​បាន​សិក្សា​បរិយត្តិ​ធម៌​ជ្រៅ​ជ្រះ, ធម៌​នោះ​អាច​ឈោង​ទាញ​ប្រមូល​យក​បណ្ដា​ជន​ដទៃ អំពី​ទី​តំបន់​ផ្សេង​ៗ​ឲ្យ​ចូល​មក​រាប់​អាន​កុលបុត្ត​នោះ​ឯង​ដោយ​សេចក្ដី​គោរព​, ឲ្យ​ចូល​មក​ទទួល​យ៉ម​ខ្លួន​ជា​អ្នក​ស្ដាប់​បង្គាប់​កុលបុត្ត​នោះ ដោយ​ស្មោះ​អស់​ពី​ចិត្ត, ហេតុ​ដូច្នោះ​បាន​ជា​មាន​សុភាសិត​ជា​សេចក្ដី​ឧបមា​លោក​ប្រៀប​ទុក​មក​ថា «ស្បង័្កជសេតុប្បុល វត្តុប្បុល លូតលាស់ផុះផុលពីក្នុងភក់ ផុតផែនប្រថពីទីគគ្រក់ កន្លង់តត្រុកគ្រឹបកេសរ»

នេះ​ជា​តួ​​ឧបមា​ថា : មនុស្ស​ជាតិ​គ្រប់​គ្នា ទោះ​បី​កើត​ក្នុង​ត្រកូល​ថោក​ទាប​យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​ចាំ​បរិយត្តិធម៌​ដោយ​មុត​មាំ ក៏​ប្រាកដ​ជា​នឹង​បាន​ជាទី​និយម​រាប់អាន​នៃ​ជនា​នុជន​ច្រើន​គ្នា, ដូច​ជា​ផ្កា​ឈូក​ទុក​ណា​ជា​ដុះ​ក្នុង​ភក់​ទី​គគ្រក់​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​លូត​ចេញ​ផុត​ពី​ភក់​មក ប្រាកដ​ជាទី​ត្រូវ​ការ​នៃ​ភមរជាតិ​ទាំង​ឡាយ​មាន​កន្លង់, ម្រោម, ឃ្មុំ ជា​ដើម ដូច្នោះ​ឯង ។ នេះ​ត្រឹម​តែ​កុល​បុត្ត​ដែល​កើត​ក្នុង​ត្រកូល​ថោក​ទាប​ផង ម្ដេច​គង់​បណ្ដាជន​ស្រឡាញ់​ប្ដូរ​ចិត្ត​គំនិត ផ្ញើ​អាយុ​ជីវិត​ដល់​ម្ល៉េះ​ទៅ​ហើយ, ចាំ​បាច់​និយាយ​ថ្វី​ឡើយ​ ដល់​កុល​បុត្ត​ដែល​កើត​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់​ស្រាប់ ។ បើ​ប្រសិន​ជា​មាន​កុល​បុត្ត​របស់​មហា​ត្រកូល​ណា​មួយ សិក្សា​បរិយត្តិធម៌​ឲ្យ​ច្បាស់​លាស់​ប្រតិបត្តិតាម​ឲ្យ​ត្រឹម​ត្រូវ​ដល់​កំរិត ម្ល៉េះ​សម​បណ្ដា​ជន​ស្រឡាញ់​ស្លាប់​ចិត្ត​ឥត​រឹងរូស​ឡើយ ហើយ​ប្រហែល​ជា​ឥត​មាន​មនុស្ស​ពាល​នៅ​ឲ្យ​ទើស​ទែង​ក្នុង​ស្រុក​ក្នុង​ប្រទេស​ទេ ។​

​ក្នុង​ខ​ឧបមា​ខាង​ដើម​នេះ មាន​សេចក្ដី​សម​គ្នា​នឹង​រឿង​និទាន ដែល​ព្រះ​គន្ថរចនាចារ្យ​រៀប​រៀង​ទុក​មក​ថា : កាល​ព្រះ​សព្វញ្ញូ​បរម​គ្រូ​ជា​ម្ចាស់​បាន​ត្រាស់​ហើយ ទ្រង់​ត្រាច់​ប្រកាស​ព្រះ​ពុទ្ធ​សាសនា ទ្រង់​ស្ដេច​ទៅ​ដល់​នគរ​កោសម្ពី ជា​រាជ​ធានី​នៃ​ព្រះ​បាទ​ឧទេន, មាន​ទាសី​ម្នាក់​ខ្នង​គម​ឈ្មោះ​នាង​ខុជ្ជុត្តរា ដែល​នាងសាមាវតីជាអគ្គមហេសីនៃព្រះបាទឧទេន បាន​ប្រើ​ឲ្យ​ទៅ​ទិញ​ផ្កា ចេញ​ដំណើរ​ទៅ​ស្រាប់​តែ​បាន​ជួប​ប្រទះ​នឹង​ព្រះអង្គ​កំពុង​សំដែង​ធម៌​ទេសនា នាង​បាន​ចូល​ទៅ​ស្ដាប់​អស់​វេលា​ជា​ច្រើន​, បាន​ចាំ​ជា​​គ្រប់​បទ​ល្មម​សំដែង​ប្រាប់​គេ​តទៅ​ទៀត​កើត ទើប​ហួស​ទៅ​ទិញ​ផ្កា​យក​មក​ជូន​នាង​សាមាវតី​ជា​ខាង​ក្រោយ ដោយ​ដំណើរ​យឺត​យូរ​ហួស​កាល​វេលា ។ នាង​សាមាវតី​បន្ទោស​ថា​ម្ដេច​ហង ! សព្វ​ដង​ហង​ឯង​ទៅ​ទិញ​ផ្កា​ត្រឡប់​មក​វិញ​ភ្លាម​ៗ, ម្ដ​ង​នេះ​ជាប់​ទាក់​ទាម​ដោយ​កិច្ច​អ្វី បាន​ជា​យឺត​យូរ​ដល់​ម្ល៉េះ ? នាង​ខុជ្ជុត្តរា ជំរាបថា : ខ្ញុំ​ចេញ​ដំណើរ​ទៅ ជួន​ជា​បាន​ជួប​នឹង​ព្រះ​សម្មាសម្ពុទ្ធ​កំពុង​សំដែង​ធម៌​ទេសនា, សេចក្ដី​ធម៌​អាថ៌​ពីរោះ​ពី​សា​ណាស់ គួរ​ឲ្យ​ចង់​ស្ដាប់, ខ្ញុំ​ជាប់​ស្ដាប់​ធម៌​ទេសនា​បាន​ជា​អាក់​ដំណើរ​យឺត​យូរ​យ៉ាង​នេះ, ក្នុង​រឿង​នេះ សូម​ព្រះ​នាង​អភ័យ​ទោស ។ នាង​សាមាវតី​នឹង​ស្រី​ទាំង​៥០០ ឮ​ដំណឹង​ដូច្នោះ​ក៏​ចង់​ស្ដាប់​ដែរ, ប៉ុន្តែ​ទាល់​គំនិត​នឹង​សុំ​ព្រះរាជា​នុញ្ញាត​ចេញ​ទៅ​ស្ដាប់​ផង​ពុំ​បាន ទើប​អញ្ជើញ​នាង​ខុជ្ជត្តរា​ឲ្យ​សំដែង​ធម៌​ទេសនា​ឲ្យ​ស្ដាប់, បាន​រៀប​ចំ​គ្រឿង​ប្រដាប់​តុប​តែង​ទី​ធម្មាសនៈ​ដ៏​ខ្ពង់ខ្ពស់ ឲ្យ​នាង​ខុជ្ជត្តរា​នោះ​ឡើង​អង្គុ​យ​សំដែង​ធម៌​ទេសនា ។ កាល​បើ​នាង​សាមាវតី នឹង​ស្រី​ទាំង​៥០០​ស្ដាប់​បាន មាន​សេចក្ដី​ជ្រះ​ថ្លា, ក៏​ធ្វើ​នាង​ខុជ្ជុត្តរា​ឲ្យ​ជា​អ្នក​ជា រួច​ខ្លួន​អំពី​នាទី​ជា​ទាសី ហើយ​តាំង​នាង​ខុជ្ជុត្តរា​ឲ្យ​ជា​អាចារ្យ​សម្រាប់​បង្រៀន​ធម៌​នឹង​សំដែង​ធម៌​ឲ្យ​ស្ដាប់, បាន​ទាំង​បូជា​នាង​ខុជ្ជុត្តរា​ដោយ​គ្រឿង​សក្ការ​បូជា​ផ្សេងៗ ច្រើន​ជា​អនេក ។

រឿង​នេះ​គួរ​ឲ្យ​យល់​ថា បរិយត្តិ​ធម៌​មាន​គុណ​អស្ចារ្យ​ក្រៃ​ពេក, អាច​ស្ទួយ​កុល​បុត្តកុល​ធីតា​អ្នក​ចេះ​ចាំ​នោះ​ឲ្យ​អណ្ដែត​ឡើង​កាន់​ដំណែង​ដ៏​ថ្កំ​ថ្កើង ចំឡែក​ជាង​ធម៌​ឯ​ទៀតៗ​ ។

នាង​ខុជ្ជត្តរា​ដែល​ចេះ​សំដែង​ធម៌​ក្ដី នាង​សាមាវតី​នឹង​ស្រី​ទាំង​៥០០​ដែល​ចូល​ចិត្ត​ស្ដាប់​ធម៌​ក្ដី បាន​សម្រេច​សោតា​បត្តិផល​ខ្លះ សកទាគាមិផល​ខ្លះ អនាគាមិផល​ខ្លះ, លុះ​លែង​ជាតិ​អំពី​អត្តភាព​នេះ​ទៅ បាន​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវ​លោក​ទាំង​អស់គ្នា​ ។ ហេតុ​ដូច្នេះ បាន​ជា​ព្រះ​ដ៏​ឈ្នះ​មារ​ទ្រង់​ត្រាស់​សំដែង​ថា ធម្មោ ចាបេតិ សូគតឹ ធម៌​ត្រូវ​រមែង​នាំ​សត្វ​ទៅ​កាន់​សុគតិ​។

ចប់ធម៌ត្រូវក្នុងផ្នែកទី១ ។

ចំណែក​ខាង​ធម៌​ខុស​វិញ​សោត ក៏​មាន​៣ផ្នែក​ទន្ទឹម​គ្នា​នឹង​ធម៌​ត្រូវ​នេះ​ដែរ, គួរ​សប្បុរស​ទាំង​ឡាយ​សន្និដ្ឋាន​ថា : ធម៌​ខុស​នោះ​គឺ​បរិយត្តិ​អធម៌១ បដិបត្តិ​អធម៌១ បដិវេធអធម៌១

បរិយត្តិអធម៌ ប្រែថា : ធម៌​ខុស​ដែល​ជន​ពាល​តែង​សិក្សា​តែង​ស្ដាប់ បាន​ដល់​ធម៌​ខុស​ដូច​យ៉ាង​មន្ត​អាគម​ផ្សេង​ៗ ជា​ខាង​ក្រៅ​ផ្លូវ​ពុទ្ធសាសនា មាន​មន្ត​សណ្ដំ, មន្តស្នេហ៍​ធ្វើ​ចិត្ត​មនុស្ស​ឲ្យ​រវើរវាយ​ខុស​ក្រិត្យ​បវេណី, មន្ត​បង់​ចំណែង, មន្ត​ធ្មប់​ជា​ដើម ជា​គូ​បដិបក្ខ​នឹង​បរិយត្តិធម៌​ដែល​សំដែង​រួច​មក​ហើយ​នេះ ។ ធម៌​ខុស​ទាំង​នេះ​រមែង​នាំ​ជន​ពាល ដែល​សិក្សា​ឲ្យ​សំយុង​ក្បាល​ចុះ​ទៅ​កាន់​នរក, សម​ដូច​ពុទ្ធភាសិត​ថា : អធម្មោ និរយំ នេតិ ដូច្នេះ​ពិត ។

ចប់ធម៌ខុសក្នុងផ្នែកទី១

ធម៌​ត្រូវ​ក្នុង​ផ្នែក​ទី២ ហៅ​ថា​បដិបត្តិ​ធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​តាម គឺ​អដ្ឋង្គិកមគ្គ​ទាំង៨​ប្រការ មាន​សម្មាទិដ្ឋិ​ជា​ដើម​ដូច​បាន​សំដែង​រាប់​ឈ្មោះ​គ្រប់​ចំនួន​រួច​មក​ហើយ ។ អដ្ឋង្គិកមគ្គ​នេះ មាន​សេចក្ដី​ប្រាកដ​ក្នុង​សុត្តន្តបិដក​ខ្លះ អភិធម្មបិដក​ខ្លះ​កំណត់​ឲ្យ​ឈ្មោះ​ថា សម្មត្ត​និយ​តា​ធម៌ ប្រែថា «ធម៌​ទៀង​ក្នុង​ផ្លូវ​ត្រូវ ឬ​ថា​ធម៌​ប្រាកដ​ជា​ត្រូវ» ដែល​ជា​គូ​បដិបក្ខ នឹង​មិច្ឆត្ត​និយតា​ធម៌ ប្រែថា «ធម៌​ទៀង​ក្នុង​ផ្លូវ​ខុស ឬ​ធម៌​ប្រាកដ​ជា​ខុស»​ ដូច​ពុទ្ធភាសិត​ដែល​មាន​ប្រាកដ​មក​ក្នុង​បទ​មាតិកា​អភិធម្ម​ថា «សម្មត្ត និយតា ធម្មា មិច្ឆត្តនិយតា ធម្មា» ដូច្នេះ​ជា​ដើម ​។

បដិបត្តិធម៌គឺ អដ្ឋង្គិកមគ្គ​ទាំង៨​ប្រការ​នេះ ជា​បច្ច័យ​ឲ្យ​កំឡាំង​តៗ​គ្នា បើ​បុរស​បុគ្គល​ណា​ប្រតិបត្តិ​ធ្វើ​សម្មាទិដ្ឋិ​សេចក្ដី​យល់​ត្រូវ​ឲ្យ​កើត​ឡើង​បាន​ហើយ ជា​ហេតុ​ឲ្យ​កើត​សម្មា​សង្កប្បោ សេចក្ដី​ត្រិះ​រិះ​ត្រូវ​ជា​ដើម​ត​មក​ទៀត ជា​លំដាប់​រហូត​ដល់​សម្មា​សមាធិ​ជាទី​បំផុត​ពុំ​ខាន ។ គន្លង​នៃ​សេចក្ដី​ប្រតិបត្តិ​ទាំង​៨ខ​នេះ ជា​ធម៌​សម្រាប់​ផ្ដាច់​ផ្ដិ​ល​នូវ​គំនរ​នៃ​សេចក្ដី​ទុក្ខ ហើយ​ប្រមូល​យក​នូវ​សេចក្ដី​សុខ​មក​ប្រគល់​ឲ្យ ជា​អំណោយ​ដ៏​វិសេស​ជាង​អំណោយ​នៃ​មនុស្ស ទេព​តា មារ ព្រហ្ម​ទាំង​ពួង, សម​ដូច​ពុទ្ធភាសិត​ថា

ន តំ មាតា បិតា កយិរា អញ្ញោ វា បន ញាតកា
សម្មាបណិហិតំ ចិត្តំ សេយ្យាសោ នំ តតោ ករេ ។

ប្រែថា «ប្រយោជន៍​គឺ​សេចក្ដី​សុខ​សេចក្ដី​ចំរើន ដែល​មាតា​បិតា ញាតកា​ធ្វើ​ឲ្យ​សម្រេច​ដល់​ខ្លួន ឬ​ដល់​បង​ប្អូន​ពុំ​បាន នោះ​មាន​តែ​ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ត្រូវ ហៅ​ថា​សម្មាទិដ្ឋិ​នេះ ទើប​អាច​ធ្វើ​ឲ្យ​សម្រេច​បាន ឬ​ធ្វើ​ឲ្យ​សម្រេច​វិសេស​ហួស​ពី​នោះ​ទៅ​ទៀត​ក៏​សឹង​បាន ដោយ​ឥត​ទើស​ទាល់​។​»

បណ្ដា​ជន​ដែល​ស្រឡាញ់​រាប់​អាន​យើង​ទាំង​ប៉ុន្មាន​នោះ​បំផុត​ត្រឹម​លោក​អ្នក​ដ៏​មាន​គុណ គឺ​មាតា​បិតា គ្រូ​អាចារ្យ​ជាដើម​ប៉ុណ្ណោះ, ប៉ុន្តែ​ទុក​ជា​មាតា​បិតា​ដែល​មាន​បុណ្យ​ច្រើន ដូច​មាតា​បិតា​របស់​នាង​វិសាខា​ជាដើម ក៏​អាច​ចែក​ផល​ប្រយោជន៍​ឲ្យ​កូន​បាន ត្រឹម​តែ​សម្បត្តិ​ដែល​ខ្លួន​មាន​ស្រាប់​ប៉ុណ្ណោះ, ដែល​នឹង​ក្រសោប​យក​សម្បត្តិ​ក្នុង​មហាទ្វីប​ទាំង​៤ មក​ចែក​ឲ្យ​កូន​ផង នោះ​ពុំ​បាន​ជា​ដាច់​ខាត ។ បើ​ត្រឹម​តែ​សម្បត្តិ​មនុស្ស​ក្នុង​មហាទ្វីប​ទាំង​៤ មាតាបិតា​ប្រមូល​យក​មក​ចែក​កូន​ពុំ​បាន​ទៅ​ហើយ, ចាំ​បាច់​និយាយ​ថ្វី​ឡើយ​ដល់​សម្បត្តិ​ទេពតា​ក្នុង​ឋាន​សួគ៌ ។​ មាន​តែ​ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ត្រូវ​គឺ​សម្មាទិដ្ឋិ​នេះ ទើប​អាច​ប្រគល់​សម្បត្តិ​មនុស្ស​ក្នុង​មហាទ្វីប​ទាំង​៤ នឹង​សម្បត្តិ​ទេពតា​ក្នុង​ឆកា​មាវចរ​សួគ៌​៦​ជាន់​នឹង​សម្បត្តិ​ក្នុង​ព្រហ្ម​លោក ១៦​ជាន់ ព្រម​ទាំង​លោកុត្តរ​សម្បត្តិ គឺមគ្គ ផល និព្វាន ឲ្យ​ដល់​ជន​ទាំង​ពួង​បាន​ជា​ប្រាកដ ។ ហេតុ​ដូច្នេះ បាន​ជា​ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​ត្រាស់​សំដែង​ថា ធម្មោ ចាបេតិ សូគតឹ ធម៌​ត្រូវ​រមែង ញ៉ាំង​សត្វ​ឲ្យ​ដល់​នូវ​សុគតិ គឺ​ធ្វើ​បណ្ដាជន​អ្នក​ប្រតិបត្តិ​ឲ្យ​មាន​ដំណើរ​ល្អ​ទៅ​ខាង​មុខ ។

ចប់ធម៌ត្រូវក្នុងផ្នែកទី២

ឯ​ធម៌​ខុស​ក្នុង​ផ្នែក​ទី​២ ហៅ​ថា​បដិបត្តិ​អធម៌ ដែល​ជា​គូ​បដិបក្ខ​នឹង​បដិបត្តិ​ធម៌​នោះ ក៏​មាន​៨​ប្រការ​ដូចគ្នា​ដែរ គឺមិច្ឆាទិដ្ឋិ សេចក្ដី​យល់​ខុស១, មិច្ឆាសង្កប្បោ សេចក្ដី​ត្រិះ​រិះ​ខុស១, មិច្ឆាវាចា វាចា​ខុស​១, មិច្ឆាកម្មន្តោ ការ​ងារ​ខុស​១, មិច្ឆាអាជីវោ ការ​ចិញ្ចឹម​ជីវិត​ខុស​១, មិច្ឆាវាយាមោ សេចក្ដី​ព្យា​យាម​ខុស​១, មិច្ឆាសតិ ស្មារតី​ខុស​១, មិច្ឆាសមាធិ ចិត្ត​ដំ​កល់​ខុស​១, ធម៌​ទាំង​៨​ប្រការ​នេះ មាន​សេចក្ដី​ប្រាកដ​ក្នុង​សុត្តន្ត​បិដក​ខ្លះ អភិធម្មបិដក​ខ្លះ កំណត់​ឲ្យ​ឈ្មោះ​ថា «មិច្ឆត្តនិយតាធម៌» ប្រែថា «ធម៌​​ទៀង​​ក្នុ​ង​​ផ្លូវ​​ខុស ឬ​​ថា​​ធម៌​​ប្រាកដ​​ជា​​ខុស» ។ បើ​មិច្ឆា​ទិដ្ឋិ សេចក្ដី​យល់​ខុស​មាន​ហើយ ជា​បច្ច័យ​ឲ្យ​កើត​ធម៌​ខុស​មាន​មិច្ឆា​សង្កប្បោ​សេចក្ដី​ត្រិះ​រិះ​ខុស​ជា​ដើម​ត​ៗ​គ្នា​ជា​លំដាប់​ រហូត​ដល់​មិច្ឆា​សមាធិ​ជា​ទី​បំផុត ។

មិច្ឆាទិដ្ឋិ សេចក្ដី​យល់​ខុស​នោះ ចែក​ចេញ​ជា​ប្រភេទ​យ៉ាង​សង្ខេ​ប​មាន​២យ៉ា​ង​, ចែក​ចេញ​យ៉ាង​កណ្ដាល​មាន​៣​ប្រការ ចែក​ចេញ​ដោយ​ពិស្ដារ​មាន​៦២​ប្រភេទ ។

ឥឡូវ​នេះ សូម​ចែក​ក្នុង​ប្រភេទ​យ៉ាង​កណ្ដាល​ថា : សេចក្ដី​យល់​ខុស​មាន​៣​ប្រការ​នោះ​គឺ អកិរិយទិដ្ឋិ សេចក្ដី​យល់​ឃើញ​ថា អំពើ​អាក្រក់​ដែល​គេ​សន្មត​ថា​បាប ដូច​យ៉ាង​បៀត​បៀន​កំដៅ​អ្នក​ដទៃ​ដោយ​អាជ្ញា​ជា​ដើម​ក្ដី ប្រព្រឹត្ត​ក្បត់​ស្វាមី​ភរិយា​របស់​អ្នក​ដទៃ​ជា​ដើម​ក្ដី, និយាយ​កុហក ទ្រ​គោះ បោក​បោះ ស៊ក​សៀត ញុះ​ញង់​ជា​ដើម​ក្ដី ដែល​គេ​សន្មត​ថា​បាប នោះ​ទុក​ជា​បុគ្គល​បាន​ធ្វើ​ហើយ​ក៏​​ហើយ​ៗ​ទៅ​ទេ មិន​ជា​បាប​អ្វី​ទេ, ដូច្នេះ​១, អហេតុកទិដ្ឋិ សេចក្ដី​យល់​ឃើញ​ថា គ្មាន​ហេតុ​ដែល​នាំ​សត្វ​ឲ្យ​សៅ​ហ្មង ឬ​ បរិសុទ្ធ​ទេ សត្វ​ទាំង​ឡាយ សៅ​ហ្មង​ឯង​ៗ បរិសុទ្ធ​ឯង​ៗ ដូច្នេះ​១, នត្ថិកទិដ្ឋិ សេចក្ដី​យល់​ឃើញ​ថា ឲ្យ​ទាន​គ្មាន​ផល បូជា​គ្មាន​ផល ឬ​យល់​ថា កិច្ច​ដែល​គេ​សន្មត​ថា​បុណ្យ បើ​បុគ្គល​ណា​បាន​ធ្វើ​ហើយ ក៏​គ្រាន់​តែ​ឲ្យ​មនុស្ស​ពាល​សរសើរ​ក្នុង​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ, ដែល​នឹង​ឲ្យ​ផល​ទៅ​ក្នុង​លោក​ខាង​មុខ ដូច​សំដី​ដែល​ជន​ពាល​ថា​បញ្ជោរ​មក​នោះ ពុំ​មាន​ដោយ​ដាច់​ខាត​ដូច្នេះ​១ ។ នត្ថិកទិដ្ឋិទី៣​នេះ​នឹង​ហៅ​ថា ឧច្ឆេទទិដ្ឋិ ដូច្នេះ​វិញ​ក៏​បាន គឺ​សេចក្ដី​យល់​ឃើញ​ថា សត្វ​ទាំង​ឡាយ​កាល​ទម្លាយ​រាង​កាយ​ទៅ​ហើយ សូន្យ​ទេ វិនាស​ឈឹង ខាង​នាយ អំពី​សេចក្ដី​ស្លាប់​ទៅ​មិន​មាន​អ្វី​ទៀត​ទេ ។​ បុគ្គ​ល​ណា​យល់​ដូច្នេះ​ហើយ នោះ​មុខ​ជា​លែង​ធ្វើ​បុណ្យ ព្រោះ​គិត​ថា​មិន​ដឹង​យក​បុណ្យ​ទៅ​ប្រើ​ការ​ឯណា ហើយ​ឥត​ញញើត​នឹង​អំពើ​បាប ព្រោះ​គិត​ឃើញ​ថា បើ​ធ្វើ​បាប ក៏​បាប​ឥត​តាម​ទៅ​ផ្ដន្ទា​ដល់​ជាតិ​ណា​ទៀត​ដែរ ។ យោបល់​យ៉ាង​នេះពេញ​ជា​ខុស​ខ្លាំង​ណាស់! មាន​ទោស​ច្រើន​ជាទី​បំផុត ! សម​ដូច​ព្រះពុទ្ធដីកា​ព្រះ​សម្មា​សម្ពុទ្ធ​ដែល​ឃើញ​ប្រាកដ ក្នុង​គម្ពីរ​អង្គុត្តរ​និកាយ​ ឯកនិបាត ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ, តថាគត​ស្រាវ​ជ្រាវ​រក​អំពើ​ដែល​មាន​ទោស​ច្រើន​ដូច​មិច្ឆាទិដ្ឋិ មិន​ឃើញ​មាន​សោះ, មាន​តែ​មិច្ឆាទិដ្ឋិ​នេះ​ឯង ដែល​មាន​ទោស​ច្រើន​ជាង​គេ​បំផុត ។ អម្បាល​អនន្តរិយកម្ម​គឺ​ការ​សម្លាប់​មាតា​សម្លាប់​បិតា សម្លាប់​ព្រះ​អរហន្ត បំបែក​សង្ឃ នឹង​ធ្វើ​លោហិត​ព្រះពុទ្ធ​ឲ្យ​ពុរពង់​ឡើង ទាំង​៥​ប្រការ​នេះ ជា​អំពើ​មាន​ទោស​ច្រើន​ដល់​ម្ល៉ោះ​ម្ដេច​ក៏​ពុំ​ទាន់​ស្មើ​នឹង​ទោស​នៃ​មិច្ឆា​ទិដ្ឋិ​នៅ​ឡើយ ។ ព្រោះ​ហេតុ​អ្វី ? ព្រោះ​តែ​អនន្តរិយ​កម្ម​មាន​ទោស​នាំ​ឲ្យ​ចុះ​នរក​កំណត់​ត្រឹម​មួយ​កប្ប​ប៉ុណ្ណោះ ឯ​មិច្ឆាទិដ្ឋិ​នោះ​បើ​ជា​និយត​ប្រកាន់​ទៀង​ដូច្នោះ​ហើយ មាន​ទោស​នាំ​ឲ្យ​ចុះ​នរក​កំណត់​ថា​ប៉ុន្មាន​កប្ប​ពុំ​បាន​ឡើយ ។ មិច្ឆាទិដ្ឋិ​នេះ​អាច​ធ្វើ​បុរស​បុគ្គល​អ្នក​ប្រកាន់​ខ្ជាប់​ ឲ្យ​វិនាស​អន្តរាយ​ជាង​សេចក្ដី​ផ្ដន្ទា​របស់​មនុស្ស នឹង​ទេពតា​ទាំង​ឡាយ​ខ្លាំង​ហួស​ប្រមាណ​ណាស់ , សម​ដូច​ព្រះពុទ្ធ​ដីកា ព្រះ​សាស្ដា​ជា​ម្ចាស់​ត្រាស់​សំដែង​ថា

ទិសោ ទិសំ យន្តំ កយិរា វេរី វា បន វេរីនំ
មិច្ឆាបណិហិតំ ចិត្តំ ចាបិយោ នំ តតោ ករេ ។

ចោរ​ហើយ​នឹង​ចោរ ជា​បុគ្គល​មាន​ចិត្ត​អាក្រក់​ក្រៃ​លែង​ស្រាប់ ថែម​ទាំង​មាន​សំអប់​គំនុំគុំ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត ពុំ​នោះ​សោត​ទេ បុគ្គល​មាន​ពៀរ ហើយ​នឹង​បុគ្គល​មាន​ពៀរ ដែល​ធ្លាប់​ចង​ពំនៀរ​នឹង​គ្នា​ជា​យូរ​អង្វែង​មក​ហើយ បុគ្គល​ទាំង​ពីរ​ពួក​នេះ បាន​ជួប​ប្រទះ​គ្នា​ហើយ រមែង​ធ្វើ​សេចក្ដី​វិនាស​ឲ្យ​កើត​ឡើង​ដល់​គ្នា​នឹង​គ្នា​យ៉ាង​ខ្លាំង គឺ​ត្រូវ​ចាក់​គ្នា​ក៏​ចាក់​កាប់​គ្នា​ក៏​កាប់ បាញ់​គ្នា​ក៏​បាញ់ ឬ​តែង​ធ្វើ​ឲ្យ​អន្តរាយ​ដោយ​ឧបាយ​ផ្សេង​ៗ​គួរ​ស្បើម​ពុំខាន, ប៉ុន្តែ​នៅ​ពុំទាន់​ស្មើ​នឹង​ចិត្ត​ដែល​បុគ្គល​ដំកល់​ខុស​នៅ​ឡើយ​ទេ, គឺ​សេចក្ដី​យល់​ខុស​ដែល​ហៅ​ថា​មិច្ឆាទិដ្ឋិ​នោះ អាច​ធ្វើ​បុគ្គល​អ្នក​យល់​ខុស​នោះ​ឲ្យ​វិនាស​ខ្លាំង​ក្រៃ​លែង​ជាង​នោះ​ទៅ​ទៀត ព្រោះ​ថា​បុគ្គល​ជា​សត្រូវ​នឹង​គ្នា​ទាំង​ពីរ​ពួក​នេះ ធ្វើ​សេចក្ដី​វិនាស​ឲ្យ​កើត​ឡើង​ត្រឹម​តែ​មួយ​ជាតិ ឬ​ពីរ​ជាតិ​ប៉ុណ្ណោះ, ឯ​សេចក្ដី​យល់​ខុស អាច​ធ្វើ​ឲ្យ​វិនាស​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ផង ឲ្យ​វិនាស​ទៅ​ខាង​អនាគត​កំណត់​ជាតិ​កំណើត​ថា​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ពុំ​បាន​ឯ​ណោះ​ទៀត​ផង គឺ​ថា​បើ​ស្លាប់​វិនាស​ពី​ជាតិ​នេះ​ទៅ​ទៀង​តែ​ទៅ​កើត​ក្នុង​នរក, សម​នឹង​ពុទ្ធ​ភាសិ​ត ដែល​ទ្រង់​សំដែង​ថា អធម្មោ និរយំ នេតិ ធម៌​ខុស​តែង​នាំ​សត្វ​ចុះ​នរក​ ។

ចប់ធម៌ខុសក្នុងផ្នែកទី២

ឯ​ធម៌​ត្រូវ​ក្នុង​ផ្នែក​ទី៣ ហៅ​ថា​បដិ​វេធ​ធម៌ ធម៌​គឺ​សេចក្ដី​ត្រាស់​ដឹង​របស់​ព្រះអរិយ​បុគ្គល​ទាំង​ឡាយ ឬ​ថា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ទាំង​ឡាយ​បាន​ត្រាស់​ដឹង​ផ្ទាល់​ខ្លួន ដោយ​បាន​ប្រតិបត្តិតាម​បដិបត្តិធម៌​គ្រប់​គ្រាន់ ទាំង​៨ថ្នាក់, គឺ​ថា​បុរស​បុគ្គល​ដែល​មាន​សម្មា​ទិដ្ឋិ, សម្មាសង្កប្បោ, សម្មាវាចា, សម្មាកម្មន្តោ, សម្មាអាជីវោ, សម្មាវាយាមោ, សម្មាសតិ, សម្មាសមាធិ ហើយ​ចំរើន​វិបស្សនា​បញ្ញា​តទៅ​ទៀត ក៏​នឹង​បាន​ត្រាស់​ដឹង​ជាក់​ច្បាស់​នូវ​បដិវេធ​ធម៌ គឺ​មគ្គញ្ញាណ​៤​ ផលញ្ញាណ៤​ជា​ធម៌​ល្អ​បំផុត​ថ្នាក់ ដែល​ហៅថា​លោកុត្តរធម៌​ដូច្នេះ​ផង​ក៏​បាន ព្រោះ​ធម៌​នេះ​មិន​ត្រឹម​តែ​ធ្វើ​សត្វ​ឲ្យ​ទៅ​កាន់​សុគតិ​ប៉ុណ្ណោះ​ទេ អាច​ញ៉ាំង​សត្វ​ឲ្យ​ឆ្លង​ផុត​ចាក​លោក​ទៀត​ផង ។

ត្រង់​ពាក្យ​ថា​លោក​ៗ​នេះ បាន​សេចក្ដី​ថា​ប្រទេស​ដែល​ប្រកប​ដោយ​សេចក្ដី​វិនាស ឬ​ថា​ប្រទេស​ដែល​ត្រូវ​តែ​លិច​អណ្ដែត លិច​អណ្ដែត​ចែក​ចេញ​ជា​បី​កន្លែង​គឺ កាម​លោក បាន​ដល់​ឋាន​នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស​នឹង​កាមាវចរសួគ៌៦​ជាន់​១ រូប​លោក​បាន​ដល់​ឋាន​រូប​ព្រហ្ម ១៦ ជាន់​១, អរូប​លោក បាន​ដល់​ឋាន​អរូប​ព្រហ្ម ៤​ជាន់១​ ។ ប្រទេស​ទាំង​បី​អន្លើ​នេះ ប្រកប​ដោយ​សេចក្ដី​វិនាស​រាល់​ទិវា​រាត្រី​ដូច​បណ្ដាជ​ន​ប្រុស​ស្រី​ជា​មនុស្ស​ជាតិ ដែល​កើត​មក​ក្នុង​លោក​គឺ​ឋាន​មនុស្ស​នេះ សុទ្ធ​តែ​ត្រូវ​រ៉ាប់​រង​សេច​ក្ដីវិនាស​ជា​ច្រើន​ប្រការ​គ្រប់​គ្នា គឺ​អ្នក​ខ្លះ​កំពុង​តែ​នៅ​ជា​សុខ ស្រាប់​តែ​វិនាស​ចាក​ញាតិ, អ្នក​ខ្លះ​កំពុង​រីករាយ​ដោយ​ពួក​ញាតិ ស្រាប់​តែ​វិនាស​ចាក​ទ្រព្យ​សម្បត្តិ អ្នក​ខ្លះ​ទើប​តែ​នឹង​សន្សំ​ទ្រព្យ​សម្បត្តិ​បាន​បន្តិច​បន្តួច ស្រាប់​តែ​វិនាស​ចាក​សេចក្ដី​សុខ គឺ​ត្រូវ​រង​គ្រោះ​ដោយ​ជម្ងឺ​ឈឺ​ចាប់ ដោយ​គេ​ចាក់​គេ​កាប់ ដោយ​គេ​បណ្ដេញ​បំបរ ដោយ​គេ​សង្កត់​សង្កិន ឲ្យ​បាក់​បប​ខ្លប​ខ្លាច​នៅ​ក្រោម​អំណាច​គេ​ក៏​សឹង​មាន ។ កាល​បើ​យ៉ាង​ដូច្នេះ តើ​សេច​ក្ដី​សុខ​មាន​នៅ​ត្រង់​ណា ? សេចក្ដី​វិនាស​ឬ​ដំណើរ​លិច​អណ្ដែត​យ៉ាង​នេះ រមែង​មាន​ជា​ធម្មតា ក្នុង​កន្លែង​ដែល​សត្វ​កើត ហេតុ​ដូច្នោះ បាន​ជា​កន្លែង​នោះ​ឈ្មោះ​ថា​លោក​ៗ​ដូច្នេះ ។ សេចក្ដី​ត្រាស់​ដឹង ដែល​ហៅ​ថា​បដិវេធ​ធម៌​របស់​ក្រុម​អ្នក​ប្រាជ្ញ អាច​ស្ទួយ​ខ្លួន​ឲ្យ​ឆ្លង​ផុត​ចាក​លោក​ទាំង​បី​នេះ ទៅ​ប្រតិស្ឋាន​ក្នុង​ព្រះ​និព្វាន​ដែល​ឥត​មាន​សេចក្ដីវិនាស​បាន បាន​ជា​ហៅ​ថា លោកុត្តរ​ធម៌​ដូច្នេះ​ផង ។ បដិវេធធម៌​នេះ​ជា​ធម៌​ត្រូវ​ធម៌​ល្អ​បណ្ដាច់​បណ្ដូល​កំពូល​ធ​ម៌​ទាំង​អស់ ​។

ចប់ធម៌ត្រូវក្នុងផ្នែកទី៣

ចំណែក​ខាង​ធម៌​ខុស​ក្នុ​ង​ផ្នែក​ទី​បី ហៅ​ថា​បដិ​វេធ​អធម៌ បាន​ដល់​សេចក្ដី​ត្រាស់​ដឹង​ខុស ចេះ​ខុស គឺ​សេចក្ដី​ត្រាស់​ដឹង​ខាង​ការ​ប្រកប​ខ្លួន​ក្នុង​លោក ធ្វើ​ខ្លួន​ឯង​នឹង​ជន​ទាំង​ពួង​ឲ្យ​រង​គ្រោះ​រង​វិនាស, ធម៌​ខុស​ថ្នាក់​នេះ ក៏​កើត​ត​គ្នា​អំពី​បដិបត្តិ​អធម៌​ក្នុង​ថ្នាក់​ទី​ពីរ​នោះ​មក​ដែរ គឺ​បុរស​បុគ្គល​រូប​ណា​ដែល​មាន​មិច្ឆាទិដ្ឋិ​សេចក្ដី​យល់​ខុស​ហើយ ប្រាក​ដជា​មាន​កំហុស​ត​ៗ​គ្នា រហូត​ដល់​មិច្ឆា​សមាធិ ការ​ផ្ដោត​ចិត្ត​ស៊ប់​នៅ​ក្នុង​អារម្មណ៍​ណា​មួយ​ខុស​ទៀត, បើ​មាន​ការ​តាំង​ចិត្ត​ខុស​ស៊ប់​ហើយ មុខ​ជា​នឹង​កើត​បដិវេធ​អធម៌ គឺ​សេចក្ដី​ត្រាស់​ដឹង​ខុស ដែល​ជា​គ្រឿង​ធ្វើ​ខ្លួន​នឹង​សត្វ​ទាំង​ពួង​មិន​ឲ្យ​រើ​រួច​ពី​លោក​ទាំង​បី​បាន​ជា​ប្រា​កដ ។ ម្យ៉ាង​ទៀត​ថា​មនុស្ស​ដែល​មាន​បដិវេធ​អធម៌​នេះ តែង​បង្ក​សេចក្ដី​វិនាស​ដែល​មិន​ទាន់​កើត​ឲ្យ​កើត​ឡើង តែង​បង្កើត​សេចក្ដី​វិនាស​ដែល​កើត​មាន​ស្រាប់​ហើយ ឲ្យ​រឹង​រឹត​តែ​វិនា​ស​ត​ទៅ​ទៀត, បុគ្គល​នោះ​ស្លាប់​ទៅ ទៀង​តែ​ទៅ​កើត​ក្នុង​នរក​ទៀត ។

ចប់ធម៌ខុសក្នុងផ្នែកទី៣

ធម្មាធម្មកថា សង្ខេបេន សម្មតា ការ​សំដែង​អំពី​ធម៌​ត្រូវ​ធម៌​ខុស​សន្មត​ថា​ចប់​ដោយ​សង្ខេប​ប៉ុណ្ណេះ សូម​សិរី​សួស្ដី​កើត​មាន​ដល់​ក្រុម​សប្បុរស​អ្ន​ក​ស្ដាប់ អ្នក​ប្រតិបត្តិ​តាម​ទាំង​អស់​គ្នា សព្វ​កាល​វេលា​ជា​ដរា​ប​ទៅ ​។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s