រៀនធម៌មិនប្រយ័ត្ន អាចនាំវិបត្តិកើតទុក្ខទោស

មនុស្ស​ទូ​ទៅ​យល់​ថា​ ការ​សិក្សា​ព្រះ​ធម៌​ជា​រឿង​ល្អ មាន​ប្រយោជន៍​​តែ​ម៉្យាង តើ​មាន​នរណា​​ធ្លាប់​គិត​ដែរ​ទេ​ថា​ ការ​សិក្សា​ព្រះ​ធម៌​ក៏​អាច​បណ្តាល​ឲ្យ​មាន​ទុក្ខ​ទោស​ដែរ?

អ្វីៗគ្រប់​យ៉ាង​នៅ​លើ​លោក​នេះ​ ប្រៀប​ដូច​ជា​កាំ​បិត​មុខ​ពីរ​ អាច​ផ្តល់​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​គ្រប់​ពេល​វេលា​បើ​បុគ្គល​មិន​ចេះ​ប្រើ​ប្រាស់​ឲ្យ​បាន​ជា​ប្រយោជន៍។ ការ​សិក្សា​ព្រះ​ធម៌​ក៏​ដូច​គ្នា​ បើ​អ្នក​សិក្សា​មិន​បាន​គិត​ពិចារណា​ នាំ​យក​ទៅ​បដិបត្តិ​កំចាត់​អកុសលទេ រមែង​នាំ​មក​នូវ​ទុក្ខ​ទោស​មក​ដល់​ខ្លួន​ជា​អនេក​ប្រការ។

បញ្ហា​ខាង​លើ​នេះ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​សំដែង​ទុក​ក្នុង​ សុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសកៈ អលគទ្ទូបមសូត្រ ថា “…ម្នាលភិក្ខុទាំងឡាយ! បុរស​ពួក​ខ្លះ​ក្នុង​ធម្មវិន័យ​នេះ​ តែងតែ​សិក្សា​ព្រះ​ធម៌​ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតក អព្ភូតធម្ម វេទល្លៈ បុរស​ទាំង​ឡាយ​នោះ​ សិក្សា​សូត្រ​រៀន​ព្រះ​ធម៌​ទាំង​នោះ​ហើយ មិន​បាន​ត្រិះ​រិះ​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌នោះៗ​ដោយ​បញ្ញា ធម៌​ទាំង​ឡាយ​នោះ​រមែង​មិន​គួរ​ដល់​ការ​ពិនិត្យ​ពិច័យ​ នៃ​មោឃ​បុរស​ដែល​មិន​បាន​ត្រិះ​រិះ​ពិចារណា​ដោយ​បញ្ញា​នោះ​ឡើយ។ មោឃបុរស​ទាំង​ឡាយ​នោះ​ ជា​អ្នក​មាន​ការ​គ្រប​សង្កត់​(បន្ទាប)អ្នក​ដទៃ​ជា​អានិសង្ស (រៀន​ដើម្បី​គ្រប​សង្កត់​អ្នក​ដទៃ) និង​ការ​គេច​វេះ​ពី​ពាក្យ​និន្ទា​ជា​អានិសង្ស (រៀន​ដើម្បី​មិន​ឲ្យ​អ្នក​ដទៃ​និន្ទារិះ​គន់​បាន​) ហើយ​ក៏​សិក្សា​ធម្មវិន័យ​នោះ​ ក៏​កុលបុត្រ​ទាំង​ឡាយ​រមែង​សិក្សា​ធម៌​ដើម្បី​ប្រយោជន៍​ណា បុរស​ទាំង​អស់​នោះ​រមែង​មិន​បាន​ទទួល​នូវ​ប្រយោជន៍​នៃ​ធម៌​នោះ ធម៌​ទាំង​នោះ​ដែល​បុរស​នោះ​ៗ​បាន​សិក្សា​មិន​ត្រឹមត្រូវហើយ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ​អស់​កាល​វែង​ សេចក្តី​នេះ​តើ​ព្រោះ​ហេតុ​អ្វី? ព្រោះ​តែធម៌​ទាំង​ឡាយ​ដែល​ខ្លួន​សិក្សា​មិន​បាន​ត្រឹម​ត្រូវ ។ “ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀប​ដូច​បុរស​ដែល​ត្រូវការ​ពស់​ពិស ត្រាច់​ស្វែង​រក​ពស់​ពិស គេ​បាន​ឃើញ​ពស់​ពិស​ធំ​មួយ​ ហើយ​ក៏​ចាប់​ពស់​នោះ​ត្រង់​ខ្លួន ឬ​​ត្រង់​កន្ទុយ​ ពស់​អាសិរពិស​​នោះ​នឹង​បែរ​ខាំ​ដៃ ជើង ឬ​អវៈយវៈ​តូច​ធំ​ណា​មួយរបស់​គេ គេ​នឹង​ដល់​នូវ​សេចក្តី​​ស្លាប់ ឬ​សេចក្តី​ទុក្ខ​ស្ទើរ​ស្លាប់​ ដោយ​ការ​ខាំ​នៃពស់​​នោះ​ជា​ហេតុ ព្រោះ​អ្វី? ព្រោះ​ពស់​ពិស​នោះ គឺ​ខ្លួន​ចាប់​មិនបាន​​ត្រឹម​ត្រូវ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

12 Responses to រៀនធម៌មិនប្រយ័ត្ន អាចនាំវិបត្តិកើតទុក្ខទោស

  1. រឿងនេះ ក្នុងសាសនានេះ មានជនប្រភេទនេះ ច្រើនណាស់ ….
    តាមខ្ញុំករុណាយល់ គឺមកពីសិក្សាព្រះធម៌ មិនបានគ្រប់ថ្នាក់ តាមមាគ៌ា
    ដែលព្រះពុទ្ធ ទ្រង់បង្រៀននេះតែម្ដង ។

    សម័យបច្ចុប្បន្ន មនុស្សវិលវល់តែក្នុងថ្នាក់ សីល និងសមាធិ …
    មិនព្រមនាំគ្នា ឈានដំណើរឲ្យដល់ថ្នាក់ បញ្ញាទេ ….ហើយដោយអំណាច
    នេះឯង ទើបក្នុងសាសនានេះ ចេះតែកើតជំលោះ មានពាក្យតិះទៀន
    មិនចេះចប់ មិនចេះស្រេច ទាល់តែសោះ ។

    ព្រះធម៌ ល្អឥតខ្ចោះ …តែបើអ្នកសិក្សា បដិបត្ដិមិនត្រឹមត្រូវហើយនោះ
    នឹងនាំឲ្យព្រះធម៌ បាត់បង់ភាពបរិសុទ្ធរបស់ខ្លួន ជាមិនខាន ។

    តាមខ្ញុំករុណាយល់ទៀតថា «« វត្ដអារាម ជាទីសំណាក់ព្រះសង្ឃ
    តែព្រះធម៌ គឺមានវិបស្សនា ជាទីសំណាក់ ។ …សិក្សានៅឯផ្ទះ
    ម្ដេចនឹងអាចមានចំណេះដឹងល្អល្អះ ដូចនៅសាលាបានទៅ ?​…

    ហេតុនេះ បើប្រាថ្នាសង់វត្ដ ឲ្យភិក្ខុសង្ឃ សូមគប្បីសង់មន្ទីវិបស្សនា
    ឲ្យព្រះធម៌ផង ៕

    សូមអរព្រះគុណ ..

    • ចម្រើនពរ សូមអរគុណចំពោះការ​ចូល​រួម​ចែក​រំលែក​នូវ​គំនិត​ដ៏​ប្រសើរ​នេះ។

    • Morokat ថា:

      Sadhu! Sadhu! That is right. I support to” try to drink tea” idea and suggestion, and wishes to see Vipasana center here and there. Esp. we can find instructor that can come and help. my experience while accessed the center. It is sad to see that many old nuns still using old style while practicing the vipasana. The instructors have tried their best in teaching us but I can observed the old people in Cambodia still not yet go to the right direction. So myself wish to see there many ho he/she has touched to the heart of Dhama please come to help and serve our people. I am happy for the volunteering too. I like to read, just start to learn and love Dhama. If there any mistake give me apologise.

      Wishes.
      Morokat.

    • kao bun song ថា:

      The Noble Eight fold path is arranged into three group of training:
      -Morale, Discipline.
      -Concentration.
      -Wisdom
      1-By the training in morality, the course forms of mental defilements are kept under control.
      2-By the training in concentration, the mind is made calm, pure and unified.
      3-The training in wisdom climaxes in the deliverance of mind.

  2. Mirabelle ថា:

    សម័យនេះ វិន័យសង្ឈ កាន់មិនបានខ្ចប់ខ្ចួន… រប៉ាតរប៉ាយពេក….
    ការរៀនសូត្រ របស់សង្ឈ បានត្រឹមតែ ធម៏សូត្រ បុណ្យ…សឹងរៀនមិនបាន ចប់ល្អគ្រាប់សព្វផង…..
    ទៅរកដល់ធម៏ បាលី ប្រែ …បិដក អានបានប៉ុន្មានក្បាលដែរ ទៅ??
    ចំណែកសង្ឃរៀនចេះដឹង បានល្អបង្គួ ចេញក្រៅ រកលាបសការៈអស់ហើយ….រីឯចេះដឹងច្បាស់លាស់ នៅស្រុកគេ ….
    ចំណែកសង្ឃ ពូកែ មានមិនតិចទេ…តែមិនសូវហ៊ានទេសនា តាស់តឿន សតិ ប្រោះសសត្វលង់ ក្នុង តណ្ហា កិលេសទាំងឡាយ អបាយមុខទូទៅ ឡើយ…ខ្លាច អត់បច្ច័យ ចូលវត្ត អត់បាយចិញ្ចិមសិស្ស..កូនណេន តួចៗៗ ដែលពឹងពាក់អាស្រ័យ បាយវត្ត….
    ខ្មែរ ពឹងពាក់លើសាសនា…ពឹងពាក់លើសង្ឈ…ជឿជាក់ស្មោះស្មាក់លើសាសនា….លើព្រះពុធ្ធ….. លោកសង្ឃមានតួនាទី ធំ រក្សា អក្សសាស្រ្ត…វិប្បធម៏….លើកស្តួយគ្រាប់វិស្ស័យ … តែសព្វថ្ងៃ កូរកូរសោះនឹងខ្លោច…. បោចៗៗ…វាចៗៗៗ រកតែសុខ…. សូមអរព្រះគុណ…..នឹងស្មាលអាទោស…

    • ពរសាធុ មិនអីទេ! មើល​ទៅ​​ម្នាក់ៗ​ដូច​ជា​ដឹង​ធ្លុះ​ដឹង​ធ្លាយ​អស់​គ្មាន​សល់​បើ​និយាយ​ពី​រឿង​កំហុស​របស់​ព្រះសង្ឃ​។ យ៉ាង​ណា​ក៏​ដោយ​សូម​អ​រគុណ​ចំពោះ​ការ​ចូល​រួម​បញ្ចេញ​មតិ​យោបល់​។ សូម​ទម្លាប់​​សរសេរ​​ឲ្យ​​បាន​​ត្រឹម​​ត្រូវ​​តាម​​អក្ខរា​វិរុទ្ធ​​ផង​​ណា ដើម្បី​​ជួយ​ថែ​រក្សា​​អក្សរសាស្ត្រខ្មែរ​យើង។​ សូមជូនពរឲ្យបានទទួលសេចក្តីសុខចម្រើន!

      • kao bun song ថា:

        ពាលវគ្គ
        ១.រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក (អ្នកដេកមិនលក់) យោជន៍វែង ចំពោះ​តែអ្នក

        នឿយហត់ សង្សារវដ្តវែង ចំពោះតែបុគ្គលពាល មិនដឹងច្បាស់នូវព្រះ​សទ្ធម្ម។

        ២.បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន

        ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ

        ព្រោះថា សហាយតាគុណ មិនមានក្នុងបុគ្គលពាលឡើយ។

        ៣.ជនពាលតែងព្រួយលំបាក ដោយសេចក្តីសំគាល់ថា កូនទាំងឡាយ​របស់អញមាន

        ទ្រព្យរបស់អញមាន តាមដែលពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន ចំណង់បើកូនទាំង

        ឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថា មានអំពី​ណាបាន។

        ៤.អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាពាល អ្នកនោះនឹង ទៅជាបណ្ឌិត

        បានខ្លះ ដោយហេតុដែលដឹងខ្លួន ថាជាពាលនោះ ម្យ៉ាងទៀត អ្នក​ណា ជាមនុស្សពាល

        មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជា​មនុស្សពាល ដោយពិត។

        ៥.មនុស្សពាល បើចូលទៅអង្គុយជិតអ្នកបា្រជ្ញ សូម្បីអស់មួយជីវិត ក៏ឥត

        ​មានដឹងរសធម៌អ្វី ឲ្យច្បាស់លាស់ឡើយ ដូចវែក ដែលមិនដឹងរសសម្ល។

        វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច រមែង

        យល់​រសធម៌ ដោយឆាប់រហ័ស ដូចអណ្តាត ដឹងនូវរសសម្ល។

        ៦.ពួកជនពាលមិនមានប្រាជ្ញ មានខ្លួនដូចជាសត្រូវ តែង

        ធ្វើកម្មលាមក ដែលជាអំពើមានផលក្តៅក្រហាយ។

        ៧.បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយ ឬមានមុខប្រឡាក់ដោយ​ទឹកភ្នែក ស្រែកយំ

        ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះ ឈ្មោះថា​ជាកម្មមិនល្អឡើយ។

        ៨.បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយ ឬដល់នូវសេចក្តីពេញ​ចិត្ត មានចិត្តល្អ

        ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថា​ជាកម្មល្អ។

        ៩.បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថា ដូចទឹកឃ្មុំ

        លុះតែកាលណាបាបឲ្យផល ជនពាលទើបប្រទះនូវសេចក្តីទុក្ខ ក្នុងកាលណោះ។

        ១០.ជនពាលទុកជាបរិភោគភោជនដោយចុង ស្បូវ រាល់ៗខែ ជនពាល

        នោះ ក៏មិនដល់មួយចំណិតនៃចំណែកទី១៦ៗ លើក របស់បុគ្គល

        ទាំងឡាយ ដែលមាន​ធម៌បានដឹង ឬបានពិចារណាហើយឡើយ។

        ១១.កម្មលាមក ដែលជានពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏មាន ដូចទឹក

        ដោះស្រស់ ដែលមិនទាន់ប្រែក្លាយ (ក្នុង ១ រំពេច) ដូច្នោះបាបកម្មនោះ

        តាមដុតបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុកដោយផោះដូច្នោះ។

        ១២.ការចេះដឹង កើតឡើយដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាស ប៉ណ្ណោះ រមែងញ៉ាំង

        បញ្ញាឲ្យធ្លាក់ចុះ បំផ្លេចបំផ្លាញចំណែកធម៌សគឺកុសលរបស់ បុគ្គលពាលនោះ។ ភិក្ខុពាល

        រមែងប្រាថ្នានូវសេចក្តីសរសើរ ដែលមិនមាន (ក្នុងខ្លួន) ផង នូវការធ្វើក្នុងខាងមុខគឺជាប្រមុខ

        ក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូល

        នៃជនទាំងឡាយ ដទៃផង ភិក្ខុពាល តែងមានសេចក្តីត្រិះរិះថា ក្រហស្ថនិងបព្វជិត ទាំង ២ ពួក

        ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយថាជាកិច្ចរបស់អញវិញ អំណាចដ៏​ក្រៃលែងរបស់អញ

        ចូរមានក្នុងកិច្ច តូច ធំ ណាៗមួយ (កាលបើយ៉ាងនេះ) ឫស្សា និងមានះ រមែងចម្រើន។

        ១៣.បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វាន​ផ្សេង

        ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធ ដឹងច្បាស់នូវហេតុនុ៎ះយ៉ាងនេះហើយ មិនគួរ

        ​ត្រេកអរចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យចម្រើនដោយលំដាប់។

  3. Lovepeehs05 ថា:

    ការបំបាត់សាសនា នាកាលសម័យខ្មែរក្រហម ក៏ដោយសារការប្រតិបត្តិ សាសនាមិនបានល្អ មិនមានអ្នកដឹកនាំ អ្នកបង្ហាត់បង្រៀនច្បាស់លាស់ ក្នុងសាសនា ដែលមើលទៅមានការចាញ់ប្រៀប នឹងអ្នកដឹកនាំខាងអាណាចក្រ ទើបមានរឿង ការបំបាត់សាសនា នេះកើតឡើង = គឺភាពកំសោយ អ្នកដឹកនាំខាងសាសនា តែម្តង ! មិនថាអញ្ចឹង ?

    ហើយសព្វថ្ងៃនេះ រិតតែឃើញច្បាស់នឹងភ្នែកថា ព្រះសង្ឃភាគច្រើន ចេះតែសូត្រធម៌ក្នុងពិធីមុណ្យទាន ប៉ុណ្ណោះ តែខ្វះវិជ្ជាខាងការហ្វឹកហ្វឺន សិក្សាអបរំណែនាំមនុស្ស ដែលអាចពឹងពាក់បាន ក៏ទេ ខ្វះខាងសមណៈទូត ដើម្បីផ្សប់ផ្សាយសាសនា មានតែសមណៈទូត ខាងរកលាភសក្ការៈ ទាំងក្នុងនិង ក្រៅប្រទេស មួយអង្គៗ ត្រៀមថង់យាមយ៉ាងស្អាត ចាំទទួលលាភសក្ការៈពេលបុណ្យទានម្តងៗ ហើយឈ្លោះទាស់ទែងគ្នារវាងគណៈកម្មការអាចារ្យនិងលោកសង្ឃ តែរឿងលាភសក្ការៈហ្នឹងឯង អត់មានឈ្លោះគ្នាខាងដេញដោលធម៌អារ្យទេ ! នេះហើយជាចំណុចខ្សោយពុទ្ធសាសនាខ្មែរសព្វថ្ងៃ ។

    • ចម្រើនពរ សូម​អរគុណ​ដែល​បាន​ចូល​រួម​ជាមតិ​យោបល់។
      សាសនា​​គ្រាន់​តែ​​ជា​មែក​ធាង​មួយ​របស់​សង្គម​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន ច្រើន​តែ​យក​រួច​ខ្លួន​ដោយ​ដាក់​កំហុស​មក​​លើសាសនា ព្រះសង្ឃ​តែ​ម៉្យាង តាមការពិត​មានកត្តាសំខាន់ៗក្រៅ​ពីនេះ​ជាច្រើន​ទៀត ក្នុង​នោះ​គឺ​មនុស្ស​នៅ​ក្នុងសង្គម​ទាំង​អស់​ជាអ្នក​ចូល​រួម​ទទួល​ខុស​ត្រូវ។ ដូច្នេះ​បើសង្គម​ទាំង​មូល​ធ្លាក់​ដុន​ដាប​ មិន​មែន​ដោយ​សារ​តែ​ផ្នែក​សាសនា​តែ​ម៉្យាង​ទេ។ ទន្ទឹម​នឹង​មាន​មនុស្ស​មួយ​ចំនួន​បាន​បង្ក​រឿង​អាស្រូវ​នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​ ក៏​មាន​មនុស្ស​ល្អ​មួយ​ចំនួន​ វិញ្ញូជន​មួយ​ចំនួន​ ទាំង​ព្រះសង្ឃ​ទាំង​គ្រហស្ថ​ខិត​ខំ​ប្រឹង​ប្រែង​ផ្សព្វផ្សាយ​លើក​តំកើងព្រះ​ពុទ្ធសាសនា​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែមនុស្ស​ភាគ​ច្រើន​មិនសូវ​ចាប់​អារម្មណ៍​ចំពោះ​សេចក្តី​ល្អ​របស់​អ្នក​ដទៃ ទើប​សម្លឹង​មើល​ឃើញ​តែទោសតែម៉្យាង។ យើង​ជា​ពុទ្ធសាសនិកជន​ទាំង​អស់​មិន​ត្រូវ​មើល​បំណាំ​ចាំ​ចាប់​តែ​ទោសកំហុសឡើយ។ បើ​អ្នក​ដែល​អាច​មើល​ឃើញ​កំហុស​ហើយ គង់​នឹង​អាច​មើល​ឃើញ​ពី​ដំណោះ​ស្រាយ ដូច្នេះ​បើ​ចង្អុលប្រាប់​ពី​កំហុស គួរ​តែភ្ជាប់​ដោយ​ដំណោះ​ស្រាយ​តាម​ជា​មួយ​ផង ទើប​ជា​ការ​ប្រសើរ ដែល​ហៅ​ថា​រិះ​គន់​ដើម្បី​ស្ថាប​នា។

      អ្វី​ដែល​អាត្មា​សរសេរ​នេះ​មិន​មែន​ជា​ប្រតិកម្ម​ទេ តែ​ជា​ការ​សំដែង​មតិ​ក្នុង​ជ្រុង​មួយតាម​លក្ខណៈទូទៅ​តែប៉ុណ្ណោះ ព្រោះ​​ឃើញ​ថា​ភាគ​ច្រើន​​មិន​ទាន់​បាន​អភិវឌ្ឍផ្នែក​គំនិត​ស្ថាប​នា​នៅ​ឡើយទេ តែបើ​វប្បធម៌​ស្តី​បន្ទោសនោះ មាន​សុះ​សាយរាយ​ប៉ាយ​គ្រប់​ទី​កន្លែង គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ដឹង។​

      • Lovepeehs05 ថា:

        សូមអរព្រះគុណ ដែលបានឆ្លងឆ្លើយ ! ពិតមែនហើយ បើមើលឃើញកំហុសហើយ ក៏នឹងមានគន្លិះដំណោះស្រាយដែរ មិនអត់ទេ តែខ្លាចក្រែងអោយយោបល់ទៅ ឥតបានការ មិនយកជាប្រយោជន៍ តែយកទៅចោល ពីព្រោះពុទ្ធសាសនាសព្វថ្ងៃ មិនមែនឯករាជ្យឯណា បើស្ថាប័ន សាសនាមានឯករាជ្យ ខ្ញុំព្រះករុណា មិនយល់ទាស់ទេ ចង់ជួយអោយបានប្រសើរដែរ តែរបស់មានម្ចាស់ ជាអ្នកគ្រប់គ្រង គេមិនអោយ ឬមិនចូលចិត្ត អោយអ្នកណាមកណែនាំអីផ្តេសផ្តាសទេ ! បើមើលទៅ ដូចជាមិនពិបាកណាស់ណាទេ តែត្រូវការប្តូរយោបល់គ្នា មិនមែនចេះតែអោយ ៗ នោះទេ ជួលកាលគំនិតគេល្អសោះ ស្រាប់តែយកទៅប្រើខុស ហើយអន្តរាយ កើតបន្ទោសថា គំនិតហ្នឹងមិនល្អទេ វាស៊ីសងយើងដេញដោលគ្នា លម្អិតទើបល្អ វាមិនដូចយកមាសទៅដូរយកលុយនោះទេ តែយ៉ាងណាក៏ដោយ មាសនោះត្រូវយកទៅអោយជាងគេពិនិត្យមើលដែរ តើវាសុទ្ធមឬមិនសុទ្ធ្! មិនថាអញ្ចឹង ?

  4. ខ្ញុំករុណា សូ​មថ្វាយបង្គំ …

    ខ្ញុំករុណា មានសេចក្ដីអំណររីករាយណាស់ ដែលបានចូលមក
    កំសាន្ដក្នុងទំព័រនេះ … ខ្ញុំករុណា បានឃើញរឿងដែលខ្ញុំ
    ករុណាចូលចិត្ដ ជាច្រើន តែនេះ ពុំមែនមានន័យថា ខ្ញុំករុណា
    រៀនសូត្រ យល់ដឹងធម៌ ជ្រៅជ្រះអ្វីនោះទេ ។

    ដោយចេតនាផង ដោយសេក្ដីគោរព ស្រឡាញ់ព្រះធម៌ផងនោះ
    ទើបខ្ញុំករុណា ចូលចិត្ដស្ដាប់ មើល និងស្វែងរកអ្វីៗ ជាច្រើន
    អំពីធម៌ …តែជាភ័ព្វសំណាងមិនល្អ កន្លែងខ្លះ ដែលខ្ញុំករុណា
    បានទៅចូលរួម ដូចជានៅតាមទំព័រ ហ្វេសប៊ុក មានភាព
    មិនប្រក្រតីពេក ..ធ្វើឲ្យរូបខ្ញុំករុណា រកតែចេតនារៀនព្រះធម៌
    ក៏បានដោយពិបាក ហើយចុងក្រោយ ត្រូវបង្ខំចិត្ដ ចាកចេញ
    ព្រោះចិត្ដទន់ខ្សោយ នៅមើលរឿងរបៀបនោះ មិនកើតទៀត ។

    នៅទីនេះ ថ្វីដ្បិតតែខ្ញុំករុណា ទើបតែមានវត្ដមាន តែកិត្ដិនាម
    របស់ទ្រង់ជាម្ចាស់ ខ្ញុំករុណា ក៏ធ្លាប់បានដឹងខ្លះៗមកដែរ ។

    ចំពោះអត្ថបទខាងលើ អ្វីដែលខ្ញុំករុណា មានចេតនា
    ចង់និយាយនោះ ក៏និយាយចប់សព្វគ្រប់ប្រការដែរ ហើយជឿជាក់ថា
    ព្រះអង្គ ទ្រង់យល់អំពីបញ្ហានេះដែរ ព្រោះថា មានតែវិបស្សនាទេ
    ដែលអាចឲ្យជនទាំងឡាយ ស្គាល់អំពីវិធីនៃការសិក្សាធម៌ពិតៗ …
    ពុំនោះសោត ការសិក្សាធម៌ របស់សង្ឃ និងគ្រហស្ថដទៃ មិនស្រម
    តាមមាគ៌ា ដែលព្រះពុទ្ធ បង្រៀនទេ ។ នេះ បើតាមគំនិតរបស់ខ្ញុំ
    ករុណា ។

    ខ្ញុំករុណា ក្មេងណាស់ ទាំងអាយុ និងចំណេះដឹងចំពោះព្រះធម៌
    តែតាមការចូលចិត្ដសិក្សាមួយរយៈកន្លងមកនេះ ខ្ញុំករុណា
    មានការស្រឡាញ់ចូលចិត្ដ ជាខ្លាំងទៅលើព្រះធម៌ ។
    ខ្ញុំករុណាយល់ស្របថា ព្រះធម៌ ជាសេចក្ដីពិត ដើម្បីប្រយោជន៏
    ក្នុងលោក ។បើសេចក្ដីពិតនេះ មនុស្សសិក្សា មិនច្បាស់ហើយនោះ
    តើនឹងអាចយកទៅប្រើប្រាស់ជាប្រយោជន៏ ជាកុសល បាន
    យ៉ាងម៉េចទៅកើត ? …

    ក្នុងសាសនានេះ ពុំមែនមានន័យថា មានសុទ្ធតែមនុស្សអាក្រក់
    ឬមហាចោលក្នុងសាសនា នោះទេ …តាមពិត ក៏មានព្រះសង្ឃល្អ
    មានគ្រហស្ថល្អៗ ច្រើនដែរ …តែការសិក្សាព្រះធម៌ ត្រូវតែមាន
    លក្ខណៈច្បាស់ប្រាកដម្យ៉ាង …ពុំមែនបណ្ដោយឲ្យរង្វើៗ
    តាមប្រពៃណី ( បួសសងគុណ … បួសរៀនសូត្រ ) ។
    ទោះជាចេតនានៃការបួស នៃការរៀនធម៌ ជាយ៉ាងណាក៏ដោយ
    តែការសិក្សាព្រះធម៌ ការសាងភ្នួស ត្រូវតែមានលក្ខណៈមួយ
    ច្បាស់ប្រាកដ ហើយធម៌ដែលយកមកបង្រៀន ត្រូវតែជា
    សកល បរិសុទ្ធ និងតាមវិធីត្រឹមត្រូវ ផងដែរ ៕

    មានចំណុចណា មិនសមរម្យ សូមទ្រង់ មេត្ដាអនុគ្រោះ
    និងបំភ្លី ដោយក្ដីមេត្ដាផង ..

    សូមអរព្រះគុណ !!!!

  5. kao bun song ថា:

    កិរិយាតម្កល់ចិត្តក្នុងសីល
    កិច្ចប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលជាគោលសំខាន់បំផុត មាន៣យ៉ាងគឺៈ
    សីល១, សមាធិ១, បញ្ញា១ ។ គុណជាតិទាំង៣នេះ គឺសីលជាគុណជាតិដែល យោគាវចរត្រូវរក្សាមុន ជាងគុណជាតិដទៃទាំងអស់ ក្នុងកិច្ចប្រតិបត្តិ ដើម្បីប្រព្រឹត្តទៅធ្វើ ឲ្យជាក់ច្បាស់នូវផ្លូវ ព្រះនិព្វាន ដែលជាទីរលត់បង់នូវ សេចក្តីទុក្ខ ទាំងពួង។

    -ព្រោះហេតុអ្វី?
    -ព្រោះថា កាលបើសីលមិនមានក្នុងសន្តានចិត្តនៃយោគាវចរហើយ សមាធិ ការ តម្កល់ចិត្តនឹង ក៏មិនមាន និងមិនអាចញ៉ាំង វិបស្សនាបញ្ញា ឲ្យកើតឡើង បានដោយពិត ។
    មានសេចក្តីនៅក្នុងគុម្ពីរ វិសុទ្ធិមគ្គ ភាគ១ថាៈ បុរសឈរស៊ប់នៅលើផែនដី លើក នូវកាំបិតដែលបានសំលៀងយ៉ាងមុត ហើយកាប់នូវ គុម្ពឬស្សីយ៉ាងធំបាន មាន សេចក្តីឧបមាយ៉ាងណា យោគាវចរដែលស្ថិត នៅលើផែនដី គឺសីល លើកឡើងនូវកាំបិត គឺវិបស្សនាបញ្ញា ដែលបានសំលៀងយ៉ាងមុតល្អ ដោយថ្មសំលៀងគឺសមាធិ ដោយដៃគឺ បរិហារិកប្បញ្ញា ដែលផ្គងលើងដោយកម្លាំង នៃសេចក្តីព្យាយាម កាត់ ផ្តាច់នូវបណ្តាញគឺ តណ្ហា ដែលធ្លាក់ចុះក្នុងសន្តាន នៃខ្លួននោះទាំងអស់បាន ក៏មានសេចក្តីឧបមេយ្យ យ៉ាងនេះដែរ ។ ព្រះពុទ្ធដីកាថាៈ

    សីលេ បតិដ្នាយ នរោ សបញ្ញោ ចិត្តំ បញ្ញញ្ច ភាវយំ អាតាបី និបកោ ភិក្ខុ សោ ឥមំ វិជជយេ ជដំ

    នរ:ប្រកបដោយបញ្ញា ស្ថិតនៅស៊ប់ក្នុងសីល កាលចំរើននួវចិត្តផង បញ្ញាផង ជាអ្នកមានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេសជាប្រក្រតី មានប្រាជ្ញាជា គ្រឿងរក្សាខ្លួន ឃើញភ័យក្នុងសង្សារ នរ:នោះគប្បីកាត់ផ្តាច់ នូវបណ្តាញនេះបាន ។
    បណ្តាធម៌ទាំង៣នេះ សូមលើកយកត្រង់ពាក្យថា សីលដែលជាកិច្ចប្រតិបត្តិ ដំបូងរបស់ពុទ្ធបរិស័ទ ក្នុងសាសនានេះ មកបកស្រាយមុន ដូចតទៅៈ
    អ្វីជាតួសីល?
    ធម៌៤យ៉ាងគឺ ចេតនា១, ចេតសិក១, សំវរ:១, អវិតិក្កម:១ របស់បុគ្គលវៀរចាកអំ ពើ មានបាណាតិបាតជាដើម ឬថារបស់បុគ្គល កាលបំពេញ នូវវត្តិប្រតិបត្តិ ហៅថា សីល ន័យក្នុងបដិសម្ភិទា មានពោលថាៈ

    ចេតនា សីលំ ចេតសិកំ សីលំ សំវរោ សីលំ អវិតិក្កមោ សីលំ ប្រែថា ចេតនាជាតួសីល ចេតសិកជាតួសីល សេចក្តីសង្រួមជាតួសីល ការមិនប្រព្រឹត្តកន្លងជាតួសីល ។
    ១- ចេតនា សីលំ
    ចេតនាជាតួសីល ព្រះពុទ្ធដីកាថាៈ ចេតនាហំ ភិក្ខវេ សីលំ វទាមិ ម្នាលភិក្ខុទាំង ឡាយ តថាគតហៅថា ចេតនាជាតួសីល ។ ចេតនាមានន័យថា ធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ វិគ្គហថាៈ

    អភិសន្ទហតីតិចេតនា ធម្មជាតិចាត់ចែងហៅថា ចេតនា បានសេចក្តីថា ធម្មជាតិដែលញ៉ាំង សម្បយុត្តធម៌ គឺចិត្តនិងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល ។ ការគិត គំនិត ការចាត់ចែង របស់បុគ្គល វៀរចាកបញ្ចវេរា គឺសម្លាប់សត្វ១, ការកាន់យកទ្រព្យសម្បត្តិ ដែលគេមិនបានឲ្យ១, ការប្រព្រឹត្តខុសក្នុងកាម១, ការពោល ពាក្យកុហក១, ការផឹកទឹកស្រវឹង មានសុរានិងមេរ័យ១ តាមផ្លូវកាយ ឬផ្លូវវាចា ហៅ ថាសីល ។ ម៉្យាងទៀត ចេតនាក្នុង កម្មបថ ៧យ៉ាង គឺ កាយកម្ម៣ និង វចីកម្ម៤ របស់បុគ្គល កាលលះបង់ នូវអំពើមានកិរិយា ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ជាដើម ក៏ហៅថាសីល ។

    ២- ចេតសិកំ សីលំ
    ចេតសិកជាតួសីល ចេតសិកមានន័យថា ធម្មជាតិមានសេចក្តីកើត សេចក្តី រលត់ អារម្មណ៍និងវត្ថុ ជាមួយគ្នាដោយចិត្ត ហៅថាចេតសិក តែនៅក្នុងទីនេះបានដល់ធម៌៣យ៉ាងគឺៈ
    ១- អនភិជ្ឈា ការមិនសម្លឹងរំពៃចង់បានទ្រព្យរបស់គេ មកធ្វើជាទ្រព្យរបស់ខ្លួន ដែលជាអលោភចេតសិក ។
    ២- អព្យាបាទោ ការមិនចងគំនុំចង់ឲ្យសត្វដទៃវិនាស ដែលជាអទោសចេតសិក។
    ៣- សម្មាទិដ្និ ការយល់ឃើញត្រូវ ដែលជាអមោហចេតសិកហៅថាសីល ។

    ដូចមានព្រះពុទ្ធដីកាជាដើមថាៈ ចេតសិក សីលំ នាម អភិជ្ឈំ បហាយ វិគតាភិជ្ឈេន ចេតសោ វិហរតិ បុគ្គលលះបង់នូវអភិជ្ឈា មានចេតនាដែលមាន អភិជ្ឈាទៅប្រោសហើយ គង់នៅ ឈ្មោះថា ចេតសិកសីល ។

    ៣- សំវរោ សីលំ
    សេចក្តីសង្រួមជាតួសីល សេចក្តីសង្រួម៥យ៉ាងគឺៈ
    ១- បាតិមោក្ខសំវរោ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទដែលមាន នៅក្នុង បាដិមោក្ខ បានដល់បរាជិក៤, សង្ឈាទិសេស១៣, អនិយត២, និស្សត្តិយបាចិត្តយ៣០, សុទ្ធិកបាចិត្តយ៩២,
    បាដិទេសនិយ៤, សេក្ខិយវត្ត៧៥, អធិករណ សមថ៧ រួមជា២២៧ (សិក្ខាបទសម្រាប់ភិក្ខុសង្ឃ) និងសេចក្តីសង្រួមកាយ វាចាមិន ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ខាងក្រៅបាតិ មោក្ខបានដល់ពួកសិក្ខាបទ ដែលជាពួកថុល្លច្ចយាបត្តិ, ទុក្កដាបត្តិ, ទុព្ភាសិតាបត្តិ សីលនេះជាបាតិមោក្ខសំវរសីល ។

    ២- សតិសំវរោ សេចក្តីសង្រួមសតិ បានដល់ការសង្រួមឥន្រ្ទិយទាំង៦ គឺៈ

    ចក្ខុន្រ្ទិយ១, សោតិន្រ្ទិយ១, ឃានិន្រ្ទិយ១, ជីវ្ហិន្រ្ទិយ១, កាយិន្រ្ទិយ១, មនិន្រ្ទិយ១ គឺ ជាការសង្រួមស្មារតី តាមផ្លូវភ្នែក-ត្រចៀក -ច្រមុះ-អណ្តាត -កាយ-និងចិត្ត ហាមឃាត់ មិនឲ្យអកុសលធម៌ គឺអភិជ្ឈានិង ទោមនស្ស និងបាបធម៌ កើតឡើង គ្របសង្កត់ចិត្តបាន ក្នុងខណ:ដែលមានអារម្មណ៍ មានរូបារម្មណ៍ជាដើម មកប៉ះខ្ទប់នឹងទ្វារ មាន ចក្ខុទ្វារជាដើម ។ សីលនេះជា ឥន្រ្ទិយសំវរសីល។

    ៣- ញាណសំវរោ សេចក្តីសង្រួមញាណ(ការដឹង) បានដល់ប្រាជ្ញាដែលតម្កល់ ដោយប្រពៃ ពិចារណាក្នុងការប្រើប្រាស់នូវបច្ច័យ៤ គឺ ចីវរប្បច្ច័យ១, បិណ្ឌបាតបច្ច័យ១, សេនាសនបច្ច័យ១,
    គិលានភេសជ្ជបច្ច័យ១ តាមសមគួរដល់ធម៌នៃការ ប្រើប្រាស់បច្ច័យ របស់អ្នកបួសមានធាតុបច្ចវេក្ខណ:ជាដើម ។ សីលនេះ ជាបច្ចយ សន្និស្សិតសីល ។

    ៤- ខន្តិសំវរោ សេចក្តីសង្រួមក្នុងការអត់ទ្រាំគ្រប់យ៉ាង ចំពោះត្រជាក់និងក្តៅ លោកធម៌៨គឺ លាភ១, យស១, អយស១, និន្ទា១, សរសើរ១, សុខ១, ទុក្ខ១ ជាដើម ដែលកើតឡើងដល់ខ្លួន ។
    ៥- វិរិយសំវរោ សេចក្តីសង្រួមនូវការព្យាយាម បានដល់នូវការព្យាយាមអត់ សង្កត់ កម្ចាត់បង់នូវ អកុសលវិតក្ក:៣គឺ កាមវិតក្ក: សេចក្តីត្រិះរិះពីកាម១, ព្យាបាទ វិតក្ក: សេចក្តីត្រិះរិះពីព្យាបាទ១,
    វិហិង្សាវិតក្ក: សេចក្តីត្រិះរិះបៀតបៀនសត្វ១ ដែលកើតឡើងគ្របសង្កត់ចិត្ត ។
    សេចក្តីសង្រួម៥យ៉ាង និងចេតនាវៀរចាក ចំពោះវត្ថុដែលដល់ព្រម របស់កុលបុត្ត ដែលជាអ្នក ភ័យខ្លាចក្នុងបាប ក៏ហៅថា សំវរសីលទាំងអស់ ។

    ៤- អវិតិក្កមោសីលំ

    ការមិនប្រព្រឹត្តកន្លងជាតួសីល បានដល់ការមិនប្រព្រឹត្តកន្លង ដែលប្រកបដោយ កាយ វាចា របស់បុគ្គលដែល បានសមាទានសីល មានសីល៥ជាដើម ។ ឧបាសក ឧបាសិកា ដែលបានសមាទានសីល ពីបុគ្គល ឬព្រះសង្ឃហើយ ក៏ប្រឹងសង្រួមកាយវាចា ដោយប្រពៃតាមសិក្ខាបទ ដែលខ្លួនបាន សមាទានហើយ គឺមិនប្រព្រឹត្តកន្លងនូវ សិក្ខាបទណាមួយឡើយ ។ សីលរបស់ ឧបាសក-ឧបាសិកា ដែលកើតឡើងនេះឯង ហៅថា អវិតិក្កមសីល ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s