សាមគ្គីធម៌

សាមគ្គីកថា
វិទ្យុធម្មទេសនា ពីថ្ងៃទី ២៣-៨-៦៦
របស់ភិក្ខុ យឹម-សំអឿន វត្តលង្កា ភ្នំពេញ
ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំ ១៩៦៦

នមោ តស្ស ភគវតា អរហតោ សម្មា សម្ពុទ្ធស្ស ។ សូម​នមស្ការ ចំពោះ​ព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ (ព្រម​ទាំង​ព្រះ​ធម៌ និង​ព្រះ​អរិយសង្ឃ ដោយ​សេចក្ដី​គោរព) ។
​វេលា​នេះ អាត្មាភាព​សូម​ដក​ស្រង់​យក​ពុទ្ធភាសិត ថា : “ សុខា សង្ឃស្ស សាមគ្គី “ ប្រែថា ” សេចក្ដី​ព្រម​ព្រៀង​គ្នារវាង​ពួក​ក្រុម​នាំ​ឲ្យ​កើត​សន្តិ​សុខ​(ក្នុង​លោក​) “​ដែល​មាន​សម្ដែង​ជា​ធម្មាធិដ្ឋានក្នុង ឱវាទ​ប្បាតមោក្ខ” ជា​ធម្មស្ស​វនា​ការ ដូច​តទៅ​នេះ ៖

ពាក្យថា “សាមគ្គី” ប្រែថា សេចក្ដី​ព្រម​ព្រៀង​គ្នា មាន​ចិត្ត​ត្រង់​នឹង​គ្នា មាន​ករណីយ​កិច្ច​ត្រូវ​គ្នា មិន​បែក​ចិត្ត​ពី​គ្នា មាន​មេត្រី​ចិត្ត​រលាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ទឹក​និង​ទឹក មិន​ប្រកួត​ប្រកាន់ មិន​ចង​គំនុំ​នឹង​គ្នា ។
មនុស្ស មាន ២-៣ នាក់​ឡើង​ទៅ​ហៅថា “គណៈ” ។ បើ​តាម​ព្រះវិន័យ​ដែល​ហៅថា “សង្ឃ” នោះ សំដៅ​យក​ពួក​បព្វជិត​ដែល​មាន​ចំនួន​តាំង​ពី​៤ រូប​ឡើង​ទៅ ។ ប៉ុន្តែ ​“​សង្ឃ​” ក្នុង​ទីនេះ​ប្រែថា ពួក ឬ ក្រុម​របស់​ប្រជាជន​ទួទៅ ។

ពួក​ជន ដែល​ទាក់​ទង​គ្នា​ដោយ​ត្រកូល ដោយ​អាជីវៈ​(ការ​ចិញ្ចឹម​ជីវិត)​ក្ដី ដោយ​កិច្ច​ត្រូវ​គ្នា​ក្ដី ដោយ​ជាតិ​សាសន៍​ជា​មួយ​គ្នា​ក្ដី ដោយ​សាសនា​ត្រូវ​គ្នា​ក្ដី កាល​បើ​មាន​សាមគ្គី គឺ​សេចក្ដី​ព្រម​ព្រៀង​គ្នា​យ៉ាង​នេះ រមែង​ជា​កម្លាំង​ធំ​បំផុត​របស់​ពួក​ក្រុម ឬ ប្រទេស​នីមួយ​ៗ ។

ការ​ស្រុះ​ស្រួល​គ្នា រាក់​ទាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ចង​គ្នា​ជា​មិត្រ​សម្លាញ់ ជា​បក្ស​ពួក​ដោយ​សាមគ្គី​ធម៌ ដែល​មិន​បែក​ប្រេះ​ឆារវាង​គ្នា​និង​គ្នា រមែង​បាន​ទទួល​លទ្ធ​ផល​ដ៏​ប្រសើរ គឺ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​រុងរឿង​ជា​អចិន្ត្រៃយ៍ ព្រោះ​ហេតុ​នោះ យើង​អ្នក​ប្រាថ្នា​សេចក្ដី​សុខ​ចម្រើន គួរ​តែ​រក​ឧបាយ​បង្កើត “សាម​គ្គី​ធម៌​” ឲ្យ​កើត​ឡើង។

សាមគ្គីធម៌​នេះ មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​ទេ ត្រូវ​តែ​រក​ឧបាយ​បង្កើត​ទើប​កើត​ឡើង​បាន។ ឧបាយ​ដើម្បី​បង្កើត “​សាមគ្គី​” នោះ​មាន​ដូច​តទៅ
១- ប្រជុំ​គ្នា​រឿយ​ៗ តាម​កាល​បរិច្ឆេទ ដើម្បី​ពិ​គ្រោះ​រក​ប្រយោជន៍​
២- ចូល​ទៅ​កាន់​ទី​ប្រជុំ​ទាំង​លើក​លែង​ទី​ប្រជុំ​ត្រូវ​មាន​សាមគ្គី
​៣- មិន​ត្រូវ​យក​រឿង​ដទៃ​ក្រៅ​អំពី​របៀបវារៈ​មក​និយាយ​ទេ
៤- ត្រូវ​គោរព​ស្ដាប់​គ្នា​ក្នុង​ការ​ពិគ្រោះ​កិច្ចការ​ណា​មួយ
​៥- និយាយ​ការ​ណា​មួយ គប្បី​វៀរ​ចាក​អគតិធម៌
​៦- ត្រូវ​រក​ឧបាយ​និយាយ​ឲ្យ​មាន​សាមគ្គី​ធម៌​រឿយៗ
៧- ត្រូវ​តាំង​ខ្លួន​គ្រប់​ៗ​គ្នា​ក្នុង​សច្ចធម៌ ទាំង​គោរព​ស្ដាប់​ប្រធាន
​៨- ត្រូវ​និយាយ​ដោយ​ពាក្យ​ទន់​ផ្អែម ទាំង​ប្រកប​ដោយ​សារ​ប្រយោជន៍ ។

សាមគ្គីមាន ៣ យ៉ាងគឺ
​១- កាយសាមគ្គី = សេចក្ដី​ព្រម​ព្រៀង​គ្នា​ដោយ​កាយ គឺ​កិច្ច​ដែល​កើត​ឡើង​ក្នុង​ពួក​របស់​ខ្លួន ត្រូវ​តែ​ជួយ​ខ្នះ​ខ្នែង​ដោយ​កម្លាំង​កាយ​អប​ស្ទប​ព្រួត​គ្នា​ធ្វើ ដើម្បី​ញ៉ាំង​កិច្ច​ការ​នោះ​ៗ ឲ្យ​ឆាប់​សម្រេច​ដូច​បំណង​។ ម្យ៉ាង​ទៀត​ការ​ប្រព្រឹត្តិ​ខ្លួន​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ដោយ​កាយ​ដែល​មាន​របៀប​រៀបរយ​ដូច​គ្នា ហៅថា “កាយសាមគ្គី” ។

២- វចីសាមគ្គី = សេចក្ដី​ព្រម​ព្រៀង​គ្នា​ដោយ​ពាក្យ​សំដី គឺ​ហេតុ​ការណ៍​ រឿង​រ៉ាវ ឬ កម្ម​វិធី​ណា​មួយ​ដែល​ត្រូវ​និយាយ ដែល​ត្រូវ​ចាត់ ឬ មិន​ត្រូវ ក៏​ត្រូវ​តែ​សន្មត​ឲ្យ​មាន​របៀប​​លក្ខណៈ​ដូច​គ្នា​ឈ្មោះ​ថា​​”វចីសាមគ្គី ” ។

៣- ចិត្ត​សាមគ្គី = សេចក្ដី​ព្រម​ព្រៀង​គ្នា​ដោយ​ចិត្ត គឺ​មាន​ចិត្ត​ជា​ទី​តាំង មាន​ចិត្ត​ប៉ុន​ប៉ង​ចំពោះ​ប្រយោជន៍​រួម មាន​ចិត្ត​ស្លូត​ត្រង់ មិន​វៀច​វេរ​ពី​គ្នា ចេះ​ស្រឡាញ់​សេចក្ដី​សុខ​-​ចម្រើន​របស់​ខ្លួន និង​ពួក​គណៈ មិន​ក្បត់​នឹង​គ្នា ឈ្មោះថា “​ចិត្តសាមគ្គី​” ។

ការ​ព្រម​ព្រៀង​គ្នា​ដោយ​ចិត្ត​នេះ ជា​ហេតុ​មួយ​ជួយ​បំពេញ​ដល់ កាយ និង វាចា ឲ្យ​មាន​សាមគ្គី​ប្រកប​ដោយ​កម្លាំង​ក្លៀវ​ក្លា​ឡើង ។​ ក៏​សាមគ្គី​ធម៌​ទាំង​៣​នេះ​ឯង​ហើយ ដែល​ចាត់​ជា​ពន្លឺ​មួយ​សម្រាប់​ទ្រោល​បំភ្លឺ​ឬ ចាត់​ជា​កញ្ចប់​មួយ​ដ៏​មាំ សម្រាប់​វេច​ខ្ចប់​នូវ​ឧបាយ​នៃ​ការ​បង្កើត​សាមគ្គី ឲ្យ​បាន​គង់​វង្ស​ជា​ស្ថាពរ​។ សាមគ្គីធម៌​នេះ បរិបូណ៌​ក្នុង​ទី​ណា​ហើយ ទី​នោះ​ប្រាកដ​ជា​មាន​សុខ​សន្តិភាព​និង​វឌ្ឍន​ភាព​មិន​ខាន​ឡើយ​។

ករណីយ​កិច្ច​ធំ​ៗ ដូច​ជា​ការ​កសាង​ព្រះវិហារ សាលា អាគារសិក្សា មហា​គ្រិះ​ស្ថាន​ជាដើម កាល​បើ​ប្រ​ជាជន​មាន​សាមគ្គីធម៌​ពេញ​បរិបូណ៌​ហើយ ទៀង​តែ​នឹង​ញ៉ាំង​ករណីយ​កិច្ច​នោះ​ៗ ឲ្យ​សម្រេច​បាន​យ៉ាង​ឆាប់​រហ័ស​ជា​ប្រាកដ ។ ម្យ៉ាង​ទៀត សាមគ្គីធម៌​នេះ ចាត់​ជា​កម្លាំង​ដ៏​ធំ អាច​ការ​ពារ​ឧបស័គ្គ គ្រោះ​ថ្នាក់ ភយន្តរាយ មិន​ឲ្យ​សត្រូវ​ចូល​មក​បៀត​បៀន​បាន​ឡើយ ។ ឧទាហរណ៍ ដូចជា ៖
-សត្វ​កណ្ដៀរ មាឌ​តូច​ៗ ប៉ុន្តែ​វា​មាន​ការ​ប្រឹង​ប្រែង​មិន​ឈប់​ នាំ​គ្នា​ជញ្ជូន​ដី​ពូន​ជា​ដំ​បូក មាន​កម្ពស់​ពីរ-បី​ជំហរ​មនុស្ស សម្រាប់​ជ្រក​កោន ពួន​សម្ងំ​របស់​វា​បាន ​។
-ឆ្កែ​ព្រៃ មាន​មាឌ​តូច​ៗ ជា​ង​ឆ្កែ​​ស្រុក​សោះ ប៉ុន្តែ​វា​មាន​សាមគ្គី​នឹង​គ្នា បង្កើត​ជា​កម្លាំង​មួយ អាច​ហ៊ាន​ចោម​រោម​ខាំ​ខ្លា រាជ​សីហ៍​ដែល​ជា​ម្រឹគ​ធំ​ៗ ដ៏​មាន​អំណាច​កាច​សា​ហាវ​ក្រៃ​លែង យក​ទៅ​ស៊ី​បាន​។

ព្រះបរម​សម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ឧស្សាហ៍​សម្ដែង អំពី​សាមគ្គី​ធម៌​នេះ​ចំពោះ​ពុទ្ធបរិស័ទ​ជា​ញឹក​ញយ​ណាស់ ទ្រង់​សរសើរ​សាមគ្គី​ធម៌​ថា​ជា​កិច្ច​ត្រូវ​បំពេញ ព្រម​ទាំង​អានិសង្ស​នៃ​សាមគ្គី​ធម៌ ដោយ​អនេក​បរិយាយ​ព្រោះ​ហេតុ​ថា សាមគ្គី​នេះ ជា​គុណ​ជាតិ​ប្រសើរ​បំផុត​ក្នុង​ការ​ស្វែង​រក​សន្តិសុខ​ដើម្បី​ប្រទេស​ជាតិ សាសនា​របស់​ខ្លួន ។ សាមគ្គី​នេះ​ទុក​ដូច​ជា​ស្នេហ៍​មុខ​នៃ​សន្តិ​សុខ​និង​វឌ្ឍនធម៌ ។

ព្រះ​សម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ ទ្រង់​មិន​ដែល​សម្ដែង​សរសើរ អំពី​ការ​បំបែក​បំបាក់​សាមគ្គី​ថា​ជា​ហេតុ​ផ្ដល់​នូវ​សន្តិភាព និង វឌ្ឍនភាព​សោះឡើយ ។ មាន​តែ​ទ្រង់​សម្ដែង​បំភ្លឺ​ចំពោះ​ពុទ្ធ​បរិស័ទ ឲ្យ​ប្រយ័ត្ន​មិន​ឲ្យ​បែក​សាមគ្គី ជា​រឿយ​ៗ​ណាស់ ព្រោះ​ការ​បែក​បាក់​សាមគ្គី ជា​ហេតុ​មួយ​នាំ​ឲ្យ​ជាតិ សាសនា​របស់​ប្រទេស​នីមួយ​ៗ​អន្តរាយ​វិនាស​ទៅ​ជា​ប្រាកដ​។ ការ​បំបែក​សាមគ្គី លោក​ពោល​ថា​ជា​ទោស​ធំ​បំផុត​។ បណ្ដា​ទោស​ទាំង​អស់ ការ​ញុះ​ញង់​បំបែក​សាមគ្គី ត្រូវ​ទទួល​ទោស​កំហុស​យ៉ាង​ធ្ងន់​ជាង​ទោស​ឯ​ទៀត​ៗ ។ ដូច​យ៉ាង​ទោស​អនន្តរិយកម្ម​ទាំង​៥ លោក​យក​ទោស​”សង្ឃភេទ” (ការបំបែកពួកក្រុម) ថា​ជា​ទោស​ធំ​បំ​ផុត​។ សម​ដូច​ពុទ្ធ​ភាសិត ក្នុង​គម្ពីរ​ចុល្លវគ្គ​ វិន័យបិដក ត្រង់​សង្ឃ​ភេទ​ក្ខន្ធកៈ​ថា

“ អាជាយិកោ នេរយិកោ កប្បដ្ឋោ សង្ឃភេទកោ
វត្តរតោ អធម្មដ្ឋោ យោតក្ខោមា បធំសតិ
សង្ឃំ សមត្តំ ភិន្ទិត្វា កប្បំ និរយម្ភិ បច្ធតិ “

ប្រែថា ” ភិក្ខុ​អ្នក​បំបែក​សង្ឃ ត្រេក​អរ​ក្នុង​ពួក​មិន​តម្កល់​នៅ​ក្នុង​ធម៌ តែង​ទៅ​កើត​ក្នុង​អបាយ ទៅ​កើត​ក្នុង​នរក​តាំង​នៅ​អស់​មួយ​កប្ប រមែង​ឃ្លាត​ចាក​ធម៌​ជា​គ្រឿង​ក្សេម​ចាក​យោគៈ ។ ភិក្ខុ​អ្នក​បំបែក​សង្ឃ ដែល​កំពុង​​តែ​មាន​សេចក្ដី​ព្រម​ព្រៀង​គ្នា រមែង​ឆេះ​នៅ​ក្នុង​នរក​អស់​មួយ​កប្ប​” ។

សេចក្ដី​អធិប្បាយ​បញ្ជាក់​ថា ប្រទេស​ទាំង​ឡាយ​នៅ​លើ​ផែន​ដី សុទ្ធ​តែ​មាន​ច្បាប់​សម្រាប់​ការ​ពារ​សន្តិសុខ រវាង​ជន​រួម​ជាតិ​និង​ជន​រួម​ជាតិ ។ ក្នុង​ខណៈ​ដែល​ពួក​ជន កំពុង​មាន​ការ​ស្រុះ​ស្រួល​គ្នា នាំ​គ្នា​ស្រឡាញ់​ប្រទេស​ជាតិ សាសនា ព្រះ​មហាក្ស​ត្រ​របស់​ខ្លួន រួប​រួម​គ្នា​រស់​នៅ​ក្រោម​ច្បាប់​សម្រាប់​ជាតិ​ខ្លួន ហើយ​ប្រសិន​បើ​មាន​ជនណា​មួយ​ថ្លស់​គំនិត គិត​ប្រទូស​រ៉ាយ បំបះ​បំបោរ បំបែក​សាមគ្គី​តែ​ជាតិ​ឯង​ បង្ក​អសន្តិសុខ ធ្វើ​ឲ្យ​ប្រទេសជាតិ​អាប់​កិត្តិយស​រលត់​រស្មី ទទួល​បរាជ័យ​ដោយ​សារ​ខ្លួន​ដែល​មាន​ចំនួន​មួយ​ក្ដាប់ ជន​នោះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​នៅ​ក្នុ​ង​លោក​បច្ចុប្បន្ន និង លោក​ខាង​មុខ ជា​ពិសេស​ប្រទេស​ជាតិ​របស់​ជន​នោះ នឹង​ត្រូវ​ទទួល​នូវ​សេចក្ដី​លំបាក​យ៉ាង​ចម្លែក គឺ​ត្រូ​វគេ​ប្រមាថ​ជ្រៀត​ជ្រែក​ហែក​ហួរ​អំពី​​ប្រទេស​ដទៃ ព្រោះ​តែ​ការ​បែក​សាមគ្គី​នេះ​ឯង​។

ឯការ​បំបែក​បំបាក់ បង្កើត​អសន្តិ​សុខ ធ្វើ​ឲ្យ​អន្តរាយ​ដល់​សាមគ្គី​ធម៌​នេះ កើត​ឡើង​ដោយ​សារ​ហេតុ​ច្រើន​ប្រការ​គឺ : ដោយ​សារ​ឧបក្កិលេស ដោយ​សារ​អគតិធម៌ និ​ង​ដោយ​សារ​ទិដ្ឋិ​ជា​ដើម ។ ហេតុ​ទី​១ បាន​ដល់៖

ឧបក្កិលេស ១៦ យ៉ាងគឺ
១- អភិជ្ឈាវិសមលោភ: សេចក្ដីលោភ ចង់បានហួសហេតុ បំពារបំពានរំលោភចង់បានតែរបស់គេ ។
២- ទោសៈ ប្រទូស ឬ បៀតបៀនគេ ។
៣- កោធៈ ក្រោធខឹង ធ្វើទុក្ខបុកម្នេញគេ ។
៤- ឧបនាហៈ ចងគំនុំ ឬ ចងក្រោធទុក ។
៥- មក្ខៈ លុបគុណ ឬ វេរឃ្នើរគុណគេ ។
៦- បលាសៈ វាយឫកស្មើ លើកតំកើងខ្លួន ។
៧- ឥស្សា ឫស្សាច្រណែនឈ្នានីសគេ ។
៨- មច្ឆរិយៈ កំណាញ់ស្វិតស្វាញ ។
៩- មាយា មានពុតត្បុតអាក្រក់ ឬ បិទបាំងទោសខ្លួន ហើយទម្លាក់ទៅលើអ្នកដទៃ ។
១០- សាថេយ្យ អួតអាង អែបបន្លំខ្លួន ។
១១- ថម្ភៈ កោងកាចព្រហើន ចចេសមុខរឹង ។
១២- សារម្ភៈ អួតថាគ្រាន់ ដណ្ដើមពូកែតែឯង ។
១៣- មានៈ ប្រកាន់ខ្លួន ឆ្មើងកន្ទ្រើង ។
១៤- អតិមានៈ មើលងាយគេ ប្រមាថបៀតបៀនគេ ។
១៥- មទៈ ស្រវឹងឈ្លក់ ក្នុងលាភ យស សុខ សរសើរ ។
១៦- បមាទៈ ធ្វេសប្រហែស ភ្លេចស្មារតី ។

ហេតុទី ២ បានដល់អគតិធម៌ ៤ យ៉ាងគឺ
១- ឆន្ទាគតិ សេចក្ដីលំអៀង ឬ យល់មុខព្រោះស្រឡាញ់ ។
២- ទោសាគតិ សេចក្ដីលំអៀង ឬ ផ្ដន្ទាទោសព្រោះស្អប់ ។
៣- មោហាគតិ សេចក្ដីលំអៀង ឬ កិកកុកព្រោះល្ងង់ ។
៤- ភយាគតិ សេចក្ដីលំអៀង ឬ រណេបរណឺបអែបអបព្រោះខ្លាច ។

ហេតុទី ៣ បានដល់ទិដ្ឋិ ឬ សត្រូវធំពីរយ៉ាងគឺ
១- ឧច្ឆេទទិដ្ឋិ លទ្ធិមិនជឿឋានសួគ៌-នរក មិនជឿបុណ្យបាប ។
២- អត្តទិដ្ឋិ លទ្ធិគិតតែប្រយោជន៍ខ្លួន ជាតិខ្លួន មិនគិតប្រយោជន៍គេ ជាតិគេ ។

ធម៌​ដ៏​លាមក​ប៉ុណ្ណេះ​ជា​ដើម សុទ្ធ​តែ​ឆ្នួន​បំបែក​សាមគ្គី ជា​មេ​បំផ្លាញ​សាមគ្គី​ឲ្យ​អន្ត​រាយ​សាប​សូន្យ​ទៅ ។ ដូច្នេះ គួរ​សាធុជន​ចៀស​វាង​ឲ្យ​ស្រឡះ កុំ​បណ្ដោយ​ឲ្យ​ធម៌​ដ៏​ទន់​ខ្សោយ ចូល​មក​ដឹក​នាំ​ខ្លួន​យើង គប្បី​យើង​ឲ្យ​ប្រើ​ឧបាយ​ប្រាជ្ញា ដឹក​នាំ​ញាំញី​ធម៌​ទន់​ខ្សោយ​នេះ​វិញ ទើប​អាច​បណ្ដុះ​សាមគ្គី​រវាង​សាសនិក ឬ មនុស្ស​ជាតិ​ផង​គ្នា​ឲ្យ​កើត​ឡើង​បាន រួច​ហើយ​គប្បី​ខ្នះ​ខ្នែង​ស្វែង​រក​ធម៌ ដែល​នាំ​ឲ្យ​សាមគ្គី រក​ឧបាយ​ផ្សះ​ផ្សានូវ​ការ​បាក់​បែក​ប្រែះ​ឆា ឲ្យ​ជាប់​ជិត​ស្និទ្​ធឡើង​វិញ ។

សាមគ្គី​​នឹង​​កើត​​ឡើង​​បាន​​ឬ​​សូម្បី​​ប្រែះ​​ឆា​​ទៅ​ហើយ​​​នឹ​ង​​ផ្សាត​រ​ឲ្យ​​ជាប់​​បាន​​នោះ ដោយ​​អាស្រ័យ​​ធម៌​​ច្រើន​​ប្រការ​​គឺ សង្គហ​​ធម៌​​និង​​សារាណីយ​​ធម៌​​ជា​ដើម ។

សង្គហធម៌ ៤ យ៉ាងគឺ :
១- ទាន ការ​ឲ្យ​ទេយ្យ​វត្ថុ ឬ ចែក​រំលែក​អានុភាព និង​សមត្ថភាព​តាម​ការ​គួរ ។
​២- បេយ្យវជ្ជៈ ការ​ពោល​វាចា គួរ​ឲ្យ​ចង់​ឮ ចង់​ស្ដាប់ ឬ ឧស្សាហ៍​រាក់​ទាក់​ដោយ​ពាក្យ​ពិរោះ ចំពោះ​ជន​ទួទៅ​មិន​រើស​មុខ ។ ឧស្សាហ៍​រំលឹក​ដាស់​តឿន​ប្រាប់​ប្រយោជន៍ ច្បាប់​ទម្លាប់ និង​សេចក្ដី​ខុស​ត្រូវ ។
៣- អត្ថចរិយា ការ​ប្រព្រឹត្តិ​អំពើ​ជា​ប្រយោជន៍ ដល់​គ្នា​និង​គ្នា ឬ ប្រយោជន៍​ឲ្យ​កើត​ឡើង​ដល់​ខ្លួ​ន​ព្រម​ទាំង​អ្នក​ដទៃ ។
៤- សមានត្តភាព ការ​តាំង​ខ្លួន​ស្មើ ។ មិន​រឹង​ត្អឹង មិន​ប្រកាន់​ខ្លួន​ដោយ​ជាតិ ត្រកូល យសសក្ដិ និង​ទ្រព្យ​សម្បត្តិ ។

សារាណីយ​ធម៌ ៦ យ៉ាងគឺ
១- មេត្តា​កាយ​កម្ម ការងារ​ដែល​ត្រូវ​ធ្វើ​ការ​តាម​ផ្លូវ​កាយ សុទ្ធ​តែ​ប្រកប​ដោយ​មេត្តា ឬ មេត្រី​ចិត្ត​ដល់​គ្នា​និង​គ្នា ។
​២- មេត្តាវចីកម្ម កិច្ចការ​ដែល​ត្រូវ​ចាត់​ចែង​ដោយ​សំដី សុទ្ធ​តែ​ប្រកប​ដោយ​មេត្តា ។
៣- មេត្តាមនោកម្ម អំពើ​ដែល​ធ្វើ​ក្នុង​ចិត្ត សុទ្ធ​តែ​ប្រកប​ដោយ​មេត្តា ។
​៤- លាភៈ កា​រចែក​រំលែក លាភៈ យស សុខ សរសើរ​ដល់​គ្នា ។
៥- សីលៈ ដំណើរ​មាន​សណ្ដាប់​ធ្នាប់ មាន​របៀប​បែប​បទ និង​សេចក្ដី​ប្រព្រឹត្​តិត្រូវ​គ្នា ។
៦- ទិដ្ឋិ សេចក្ដី​យល់​ត្រូវ ចុះ​សម្រុង​គ្នា ឬ លទ្ធិ​ត្រូវ​គ្នា ។

ធម៌​ដ៏​ឧត្ដ​ម​ប៉ុណ្ណេះ​ជា​ដើម សុទ្ធ​តែ​ជា​មេ ឬ ជា​បច្ច័យ​ឲ្យ​កើត​សាមគ្គី ទាំង​ជា​គ្រឿង​ផ្សា​​សាមគ្គី ដែល​ប្រែះ​ឆា​ឲ្យ​ជាប់​មាំ​វិញ​បាន ។ កាល​បើ​ស្វែង​រក​មេ ឬ ធម៌​ជា​បច្ច័យ​ឲ្យ​កើត​សាមគ្គី ឬ ធម៌​ជា​គ្រឿង​ផ្សា​សាមគ្គី​ឲ្យ​កើត​ឡើង​បាន​ហើយ គួរ​តែ​ស្វែង​រក​ចំណី​អាហារ ជគ្រឿង​ថែ​រក្សា​សាមគ្គី​ឲ្យ​មាន​ជីវិត​ជា​សកម្ម​ត​ទៅ​ទៀត ។

ឯ​ធម៌​ជា​ចំណី​អាហារ សម្រាប់​ចិញ្ចឹម​ឃុំ​គ្រង​រក្សា​សាម​គ្គី​ឲ្យ​​មាន​ជីវិត​លូត​លាស់​ឡើង​ដែល​ហៅ​ថា “សាមគ្គីរក្ខា​” នោះ​មាន ៦ យ៉ាង​គឺ:
១- វីរិយៈ សេចក្ដីព្យាយាមក្លៀវក្លា ។
២- ខន្តិ សេចក្ដីអត់ធន់ ឬ តស៊ូ អត់ធ្មត់ចំពោះការងារ ។
៣- សច្ចៈ សេចក្ដីស្មោះត្រង់ដល់គ្នា មិនក្បត់ចិត្តគ្នា ។
៤- អធិដ្ឋាន សេចក្ដីខ្ជាប់ខ្ជួនដោយឧបាយបញ្ញា ។
៥- មេត្តា សេចក្ដីរាប់អានគ្នា ដោយស្និទ្ធស្នាល ។
៦- បរិច្ចាគៈ ការ​ចែក​រំលែក​ដោយ​សង្គ្រោះ ឬ ដោយ​បូជា​គុណ ។

សាមគ្គី​រក្ខាទាំង ៦ យ៉ាង​នេះ ទុក​ដូច​ជា​ចំណី​អាហារ​សម្រាប់​បំប៉ន​សាមគ្គី ឲ្យ​រីក​ធាត់​ធំ​មាន​កម្លាំង ពុំ​នោះ​ទុក​ដូច​ជា​ជី​ជាតិ​សម្រាប់​ស្រោច​ស្រង់​ប្រស់​ព្រំ​សាមគ្គី ដែល​ទើប​នឹង​ដុះ​ដាល​ឲ្យលូត​លាស់ ឲ្យ​រីក​ចម្រើន​ឡើង​។ ក៏​សាមគ្គី​នោះ​ឯង បើ​ប្រាស​ចាក​ធម៌​ទាំង​នេះ​ហើយ ក៏​រមែង​រលត់​រលាយ ក្លាយ​ជា​ស្វិត​ស្រពោន​ទៅ ឬ ក៏​បែក​បាក់​រលាយ​បាត់​ទៅ​ដោយ​ឆាប់​រហ័ស​ពុំ​ខាន ។ ព្រោះ​ហេតុ​នោះ សាធុជន​អ្នក​មាន​បំណង​ល្អ​ចំពោះ​សាសនា ប្រទេសជាតិ និង​ចំពោះ​លោក​ទាំង​មូល ចង់​ឲ្យ​បាន​សន្តិភាព និង​វឌ្ឍនភាព រុង​រឿង​អស់​កល្ប​កប្ប​នោះ គប្បី​តម្កល់​ខ្លួន​ឲ្យ​តាំង​នៅ​ក្នុង​ឧត្ដមធម៌​ទាំង​អស់ ដូច​បាន​រៀប​រាប់​មក​ជា​សង្ខេប ទើប​សាមគ្គីធម៌ សីលធម៌ វឌ្ឍនធម៌ ដុះដាល​លូតលាស់​ឡើង ហើយ​ចេះ​តែ​ចម្រើន​ជា​សកម្ម​តទៅ​។

កាល​បើ​ជាតិ សង្គមណា មាន​សាមគ្គីធម៌ សីលធម៌ វឌ្ឍនធម៌ និងអារ្យធម៌ លូតលាស់ហើយ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​មាន​ព្រះពុទ្ធ​ជា​ដើម ទ្រង់​សម្ដែង​ថា “នឹង​ត្រូវ​ទទួល នូវ​អានិសង្ស​នៃ​សាម​គ្គី​រស ៧​យ៉ាង”​គឺៈ
១- ទិដ្ឋធម្មេ សមត្តានំ សុខំ ឧបប្បវជ្ជតិ សេចក្ដីសុខ​របស់​ពួកជន​អ្នក​ព្រម​ព្រៀង​គ្នា រមែង​កើត​ឡើង​ក្នុង​បច្ចុប្បន្ន ។
២- ឧត្តរឹ សព្វា វុឌ្ឍិ ឧប្បជ្ជតិ វឌ្ឍន​ធម៌​គ្រប់​យ៉ាង រមែង​កើត​មាន​ឡើង​យ៉ាង​ក្រៃ​លែង ។
៣- ពុទ្ធាទយោ សមត្តេ បសំ សន្តិ បណ្ឌិត​ទាំងឡាយ មាន​ព្រះពុទ្ធ​ជា​ដើម រមែង​សរសើរ​ចំពោះ​ពួក​ជន​ដែល​ព្រម​ព្រៀង​គ្នា ។
៤- បរេ ជនា ន មវមញ្ញន្តិ ជន​ទាំង​ឡាយ​ដទៃ នឹង​មិន​ហ៊ាន​មើល​ងាយ ។
៥- សមគ្គានំ តាមេ ចោរកម្មំ ន ហោតិ ចោរកម្ម ក្នុង​ស្រុក​របស់​អ្នក​ព្រម​ព្រៀង​គ្នា មិនមាន ។
៦- កល្យាណោ កិត្តិសទ្ទោ មព្ភុត្តច្ឆតិ កិត្តិសព្ទ​ដ៏​ល្អ​រមែង​ល្បី​ល្បាញ ។
៧- កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ លុះ​បែក​ធ្លាយ​រាង​កាយ​ទៅ បន្ទាប់​ពី​សេចក្ដីស្លាប់ ក៏​រមែង​ទៅ​កើត​ក្នុង​សួគ៌​ទេវលោក ។

ធម៌​ទាំង ៧​ប្រការ​នេះ ទុក​ដូច​ជា​រង្វាន់​មួយ​ដ៏​មាន​តម្លៃ​សម្រាប់​ជូន​ចំពោះ​ពពួក​ជន ឬ ប្រទេស​ជាតិ​ណា ដែល​មាន​សេចក្ដី​ព្រម​ព្រៀង​គ្នា ។ សម​ដូច​ជា​ប្រទេស​វជ្ជី នា​សម័យ​ពុទ្ធ​កាល ដែល​មាន​របៀប​គ្រប់​គ្រង​ជា​សាធារណរដ្ឋ ដោយ​អាស្រ័យ​ធម៌​សាមគ្គី​ជា​ហេតុ ទើប​ក្រុង​វេសាលី ដែល​ជា​រាជធានី​នៃ​ដែន​នោះ ទៅ​ជា​ក្រុង​មួយ​ដ៏​រុង​រឿង​បំផុត មាន​អារ្យធម៌​ល្បីល្បាញ​ផ្សាយ​ទៅ​គ្រប់​ទិស​ទី ទាល់​តែ​ព្រះអរហំ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ប្រៀប​ប្រដូច​ទៅ​នឹង​ស្ថាន​សួគ៌​ឈ្មោះ​ចាតុម្មហារាជិកា ទាំង​ទ្រង់​ព្យាករ​ថា ” បើ​អ្នក​ដែន​វជ្ជី​នៅ​តែ​មាន​សាមគ្គី ប្រព្រឹត្ត​តាម​អបរិហានីយ​ធម៌​ដូច្នេះ ដែន​វជ្ជី​នោះ នឹង​ចម្រើន​រុង​រឿង​ឥត​អាក់ ឥត​មាន​ប្រទេស​ណា​ហ៊ាន​ទៅ​លុក​លុយ ក្នុង​ផ្ទៃ​ក្នុង​បាន​ឡើយ ។

តែ​គួរ​ឲ្យ​ស្ដាយ​ជា​ទី​បំ​ផុត ដោយ​សម័យ​តមក អ្នក​ដែន​វជ្ជី​បែក​សាមគ្គី​គ្នា ទៅ​ជា​គណៈបរប័ក្ស បៀត​បៀន​កាប់​សម្លាប់​តែ​គ្នា​ឯង មិន​យូរ​ប៉ុន្មាន ក៏​ត្រូវ​សហរដ្ឋ​មគធៈ លើក​កង​ទ័ព​ចូល​មក​វាយ​លុក​ទាល់​តែ​ដែន​វជ្ជី​រលាយរលត់​រលប់​ឈ្មោះ​បាត់​ពី​ផែន​ទី​លោក​រហូត​ដល់​សព្វ​ថ្ងៃ ព្រោះ​ទោស​នៃ​ការ​បែក​សាមគ្គី​នេះ​ឯង ។

សម្ដែង​មក​ក្នុង​ពុទ្ធភាសិតថា ” សុខា សង្សស្ស សាមគ្គី ” ប្រែថា ” សេចក្ដី​ព្រម​ព្រៀង​រវាង​ពួក​ក្រុម​នាំ ឲ្យ​កើត​សន្តិសុខ​(ក្នុងលោក )” ក៏​សន្មត​ថា​ចប់​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ​។ ធម្មទេសនា​តេ​ជេន​ ដោយ​តេជះ​នៃ​ធម្មទេសនា​នេះ សូម​ទេវតា​ទាំង​មួយ​ហ្មឺន​លោក​ធាតុ ពិភក្ដិ​រក្សា​សម្ដេច​ព្រះ​សង្ឃរាជ ដែល​ជា​ព្រះ​បិតា​សង្ឃ​ក្នុង​កម្ពុជរដ្ឋ សូម​ទ្រង់​ប្រក​ប​ដោយ​ព្រះជន្មាយុ​ទីឃាយុយឺន​យូរ​អស់​រយ​ព្រះ​វស្សា ប្រាស​ចាក​ទុក្ខ​សោក​រោគា​ពាធ​គ្រប់​ជំពូក ។ ពិភក្តិ​រក្សា​សម្ដេច​ព្រះ​មហាក្សត្រិយានី​ព្រះ​មាតាជា​តិ សម្ដេច​ព្រះ​ប្រមុខរដ្ឋ​ព្រះបិតា​សន្តិភាព​ជាតិ សូម​ទ្រង់​ប្រសិទ្ធី​ដោយ​ចតុព្វិធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បរិបូណ៌​ដោយ​ព្រះ​សតិ​បញ្ញា​ក្លាហាន ឲ្យ​បាន​លុះ​ដល់​ឧត្ដម​គតិ​ដោយ​មហុត្តកាល ដ៏​រួស​រាន់​ទាន់​ស​ម័យ ទាំង​សូម​ពុទ្ធបរិស័ទ​គ្រប់​ជាន់​ថ្នាក់ ដែល​បាន​ប្រតិបត្តិ​តាម​សាសន​វិធី រួប​រួម​គ្នា​រស់​ក្រោម​អធិបតេយ្យ​នៃ​ព្រះ​សម្មាសម្ពុទ្ធ ឲ្យ​បាន​ប្រក​ប​ដោយ​សុខ​ភាព​អនាម័យ​ដ៏ល្អ ដើម្បី​ជា​ពល​រដ្ឋ​ប្រកប​កិច្ច​សាសនា ក្លា​ហាន បាន​មគ្គា​ភិសម័យ​សម​តាម​សម​តាម​អធ្យាស្រ័យ វត្ថុ​បំណង​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ​ឯវំ ​។

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to សាមគ្គីធម៌

  1. Lovepeehs05 និយាយថា៖

    តើព្រះអង្គអាចភ្ជាប់ឯកសារដើម អោយមើលផងបានទេ ?

  2. Lovepeehs05 និយាយថា៖

    អរព្រះគុណព្រះអង្គ តែមិនមែនឯកសារដើមផង ជាឯកសារចម្លងដូចគ្នា ហើយប្រហែលជាអ្នកណាក៏ អាចមើលហើយកែបានទៅទៀត ។

    • អញ្ចឹង​អាត្មា​ក៏​មិន​មាន​ឯក​សារ​ដើម​ដែរ​ព្រោះ​ទាញ​យក​ពី​គេហទំព័រ​នេះ​ដែរ​។ ពរ​ ត្រឹម​ត្រូវ​ហើយ​ការ​ចម្លង​ចេញ​មក​ច្បាស់​ជា​មាន​ការ​កែ​ប្រែ ឬ​ឃ្លៀង​ឃ្លាត​ដោយ​ប្រការ​ណា​មួយ​មិន​ខាន ប្រហែល​ជា​ឯក​សារ​ដើម មាន​នៅ​ឯ​ពុទ្ធសាសនបណ្ឌិត្យ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s