ព្រះធម៌ជាទស្សនវិជ្ជាឬអ្វី?

ព្រះ​ធម៌​ដែល​ព្រះ​សម្ពុទ្ធ​សម្ដែង​ប្រោស​សត្វ ជា​ទស្សន​វិជ្ជា​ឬ​អ្វី​?
ព្រះ​មហាវិរីយបណ្ឌិតោ ប៉ាង – ខាត់ រៀបរៀង

ព្រះ​ធម៌ ឬ​ហៅ​ថា «ធម្ម» ដែល​ព្រះ​សម្ពុទ្ធ​សម្ដែង​ហើយ​នេះ ឬ​ដែល​អ្នក​បស្ចិម​ហៅ​ថា «ទស្សនវិជ្ជា» (Philosophies )? ក្នុង​អតីតកាល​មាន​ព្រះ​សម្ពុទ្ធ​ច្រើន​ព្រះ​អង្គ​ដែល​និព្វាន​កន្លង​រំលង​ទៅ​យូរ​អង្វែង​ណាស់​ហើយ តែ​ព្រះ​ធម៌​ថ្លៃវិសេស​ដែល​ទ្រង់​បាន​សម្ដែង​ទុក​ហើយ​ដើម្បី​ប្រោស​សត្វ​លោក​នេះ ឋិត​ថេរ​នៅ​បរិសុទ្ធ​តាម​រូប​ដើម​ដដែល ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ធម៌​នេះ ហៅ​ថា បកតិធម៌ ធម៌​ប្រក្រតី ។

ព្រះ​ធម៌​នេះ​កាល​ព្រះ​អង្គ​គង់​ធរមាន​នៅ​ឡើយ​មិន​មាន​ចារិក​ជា​អក្សរ​ទេ។ ក្រោយ​ពុទ្ធ​បរិនិព្វាន ព្រះ​អរិយ​សាវ័ក​ទាំងឡាយ​ច្រើន​អង្គ​បាន​ធ្វើ​សង្គាយនា​១(ផ្ទៀង​ផ្ទាត់ ) ពុទ្ធវចនៈ​ហើយ​ចេះ​ចាំ​ព្រះ​ពុទ្ធ​វចនៈ​ទាំង​អស់ ចាំ​រត់​មាត់​ស្ទាត់ (មុខ​បាឋ ) បាន​រក្សា​ព្រះ​ធម៌​ជា​ពុទ្ធវចនៈ​តៗ​គ្នាពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត ទុក​រហូត​ដល់​បច្ចុប្បន្នកាល​នេះ ។ ពុទ្ធ​សាសនា​កន្លង​ទៅ​ប្រមាណ​ ៥០០ឆ្នាំ ព្រះ​សង្ឃ​សាវ័ក​ចារឹក​ពុទ្ធវចនៈ​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​កោះ​លង្កា។ ព្រះ​សម្ពុទ្ធ​សម្ដែង​ទុកថា ធម៌​ព្រះ​អង្គ​នេះ​ហៅ​ថា ធម្មវិន័យ គឺធម៌១ វិន័យ១ ត​មក​លោក​ចែក​ធម៌​ជា​ពីរ​ប្រការ គឺ​ធម៌​ដែល​មាន​អាថ៌​រាក់​ហៅ​ថា «ព្រះសូត្រ» ធម៌​ដែល​មាន​អាថ៌​ជ្រាល​ជ្រៅ​ហៅ​ថា «ព្រះអភិធម្ម» កើត​បាន​ទៅ​ជា ៣ផ្នែក គឺ​ព្រះវិន័យបិដក (មាន ១៣​សៀវភៅ ) សុត្តន្តបិដក​(មាន ៦៤​សៀវភៅ​) អភិធម្មបិដក​(មាន ៣៣​សៀវភៅ )​រួម​ហៅ​ថា តិ​បិដក ឬត្រៃ​បិដក ឬក៏​ឃ្លាំងបី​(Trible corbeille ) ។

១- វិន័យបិដក​(ឃ្លាំងវិន័យ​) ជា​ច្បាប់​ក្រិត្យ​ក្រមដែល​ព្រះ​សម្ពុទ្ធ​សម្ដែង​បញ្ញត្តិ អនុញ្ញាត ទុក​សម្រាប់​ជា​ផ្លូវ​ប្រតិបត្តិ​របស់​ពុទ្ធបរិស័ទ​​គឺភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ វិន័យ​នេះ ចែក​ជា​ពីរ​ប្រការ​ទៅ​ទៀត គឺ :
ក, អាគារវិន័យ «វិន័យ​អ្នក​មាន​ផ្ទះ» វិន័យ​សម្រាប់​គ្រហស្ថ ឧបាសក ឧបាសិកាប្រតិបត្តិ ។
ខ, អនាគារវិន័យ «វិន័យអ្នកមិនមានផ្ទះ» បាន​ដល់​អ្នក​បួស​គឺ​ភិក្ខុ ភិក្ខុនី ប្រតិបត្តិ ។

២- សុត្តន្តបិដក ឬ ព្រះសូត្រ បាន​ដល់​ធម៌​ដែល​ព្រះ​សម្ពុទ្ធ​សម្ដែង​ក្នុង​សម័យ​ផ្សេង​ៗ កាល​ដែល​ទ្រង់​គង់​ធរមាន​នៅ​ឡើយ ។ ក្នុង​ព្រះសូ​ត្រ​នេះ ព្រះ​សារីបុត្ត ព្រះ​មោគ្គល្លាន ព្រះ​អានន្ទ ឬ ព្រះ​សាវ័ក​ដទៃ​ទៀត សម្ដែង​ក៏​មាន​ដែរ ។

៣- អភិធម្មបិដក ឬ ព្រះអភិធម្ម ស្ដី​ពី​ធម៌​ល្អិត​សុខុម​ជ្រាល​ជ្រៅ​បានដល់​ទស្សន​វិជ្ជា មាន​អាថ៌​គម្ពីរ​ភាព​របស់​ព្រះ​សម្ពុទ្ធ ជា​អត្ថបទ​ផ្ទុយ​ពី​សុត្តន្ត​បិដក ដែល​មាន​សេចក្ដី​រាក់​ៗ គឺ សុត្តន្តបិដក ជា​វោហារ​ទេសនា​(Conventional teaching ), ឯអភិធម្មបិដក ជា​បរមត្ថ​ទេសនា (Ultimate teaching)។ ក្នុង​គម្ពីរ​អភិធម្ម​ព្រះ​សម្ពុទ្ធ​សម្ដែង​ពី​ធម៌​ល្អិត​សុខុម គឺ​ស្ដី​ពី​ចិត្ត​(Consciousness ) , ចេតសិក (Mental concomitants ), រូប (Matter ) និង​និព្វាន ។ នៅ​ក្នុង​អភិធម្ម​នេះ​ហើយ ដែល​ព្រះ​សម្ពុទ្ធ​សម្ដែង​ទុក​ថា សព្វ​សត្វ​ទាំង​ឡាយ​គ្រាន់​តែ​ជា​បុគ្គល​​«បុគ្គលបញ្ញត្តិ​=​គ្រាន់តែជាបញ្ញត្តិថាបុគ្គល» នឹង​ថា​ជា​សត្វ​ក៏​ពុំ​មែន នឹង​ថា​មាន​ជីវិត​ក៏​ពុំ​មែន​ជា​ធម៌​សូន្យ = និស្សត្តោ និជ្ជីវោ សុញ្ញោ ដោយ​ការ​ញែក​យ៉ាង​ល្អិត​បំផុត ត្រា​តែ​ញែក​​ទៅ​ទៀត​ពុំ​បាន​ ព្រម​ទាំង​ចែក​ធម៌​ទាំង​នេះ​ដោយ​បរិយាយ​ជា​អនេក​ប្រការ​យ៉ាង​ម៉ត់​ចត់​បំផុត​ទៀត ។

មួយ​ទៀត អភិធម្ម​នេះ ស្ដី​ពី​សច្ច​ធម៌ (Truth ) និង​ភូត​ធម៌ (Fact ) មិន​ស្ដី​ពី​ទ្រឹស្ដី ឬ ទស្សនវិជ្ជា ដែល​គេ​ទុក​ដូច​ជា​សច្ចធម៌​មាន​ក្ដី​ជ្រាល​ជ្រៅ​បាន​តែ​ពេល​នេះ ហើយ​ដល់​ថ្ងៃ​ស្អែក គេ​បដិសេធ​ចោល​ទៅ​វិញ​ដោយ​ឃើញ​មិន​ពិត​ដូច្នេះ​ទេ ។ ព្រះ​សម្ពុទ្ធ​សម្ដែង​ធម៌​ប្រដៅ​សត្វ​ទាំង​ឡាយ ជា​ធម៌​ប្រ​ក្រតី ពុំ​មែន​ជា​ធម៌​នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​នោះ​ទេ ពុំ​មែន​ជា​ទ្រឹស្ដី​ទស្សនវិជ្ជា​បែប​ថ្មី ក្រៅ​ចាក​ធម៌​នោះ​ទេ ឬ​នឹង​ថា​ជា​ធម៌​ដែល​ទ្រង់​ហ៊ាន​បង្កើត​ជា​បែប​វិទ្យាសាស្រ្ត​សម្ភារ​និយម​ថ្មី​នោះ ក៏​ទេ​ដែរ ។ ទ្រង់​តែង​សម្ដែង​ធម៌​ប្រោស​បៀន​ប្រដៅ​ដោយ​ពន្យល់​ថា «ធម៌​នេះ​ជា​មាគ៌ា​គួរ​ប្រតិបត្តិ ធម៌​នេះ​មិន​គួរ​ប្រតិបត្តិ​» ដែល​សុទ្ធ​តែ​ជា​ធម៌​នាំ​សត្វ​ឲ្យ​រួច​ចាក​ទុក្ខ​ ហើយ​​ទី​​បំផុត​​ទ្រង់​​ចង្អុល​ប្រាប់​ផ្លូវ​ទៅ​កាន់​មោក្ខ ជា​ផ្លូវ​តែ​មួយ​គត់ (= ឯកាយនោមគ្គោ ) ។ បើ​ពិនិត្យ​មើល​ឲ្យ​សព្វ​គ្រប់​ទៅ ធម៌​ព្រះ​អង្គ​ជា​ធម៌​ដូច​ជា​បើក​បង្ហាញ​​ផ្លូវ​អ្នក​វិទ្យា​សាស្រ្ត ទស្សនវិទូ​ច្រើន​នាក់ ឲ្យ​ដើរ​តាម​ក្រសែ​ព្រះ​តំរិះ​ព្រះ​អង្គ​ទៀត​ផង ។ សេចក្ដី​នេះ លោក​​សូប៉េន​ហៅ (Schopenhauer ) សរសេរ​ថា«​សេចក្តីទុក្ខ​ជា​សច្ច​ធម៌​ ហើយ​គំនិត​នេះ​បាន​ជា​មាគ៌ា​ដើរ​នៃ​ទស្សន​វិទូ​បស្ចឹម​ប្រ​ទេស​សព្វ​ថ្ងៃ​នេះ​ទៀត​ផង​» ។ លោក ស្ពី​នោ​ស៊ា (Spicoza ) ក៏​ពោល​បដិសេធ​ចោល​ទ្រឹស្ដី​ទាំង​ឡាយ​ដទៃ​ដែរ ដោយ​លោក​ពោល​ថា ​សភាវ​ធម៌​ដែល​លោក​ថា «ថេរ​នៅ​និត្យ​នេះ​» មិន​មាន​ប្រាកដ​ការ​និយម​ទេ លោក​បញ្ជាក់​ទៀត​ថា ​សភាវធម៌​ទាំង​អស់​ដែល​ថា «ថេរ​នៅ​និត្យ» សុទ្ធ​តែ​មាន​ការ​ប្រែ​ប្រួល​ធម្មតា​។

ចំពោះ​​មតិ​​លោក​​នេះ លោក​យល់​ថា «ទុក្ខ​​នេះ​​មនុស្ស​​អាច​​យក​​ឈ្នះ​​បាន​​ដោយ​​រក​​ឃើញ​​ធម៌​ គឺ​​វិជ្ជា ដែល​​ពុំ​​មែន​​ជា​​ធម៌​​កើត​​មាន​​មួយ​​ស្របក់​ និង​​ពុំ​មែន​​ជា​​ធម៌​​កើត​​មាន​​មួយ​​ភ្លែត​ តែ​​ជា​​ធម៌​​ឥត​​កែ​​ប្រែ​​បាន​ ថេរ​​នៅ​​និត្យ​ ថេរ​​ចិរ​កាល ។ លោក​​បើរ​​ក្លេយ​(Berkley​) យល់​​ច្បាស់​​ថា​​​«​អ្វី​ដែល​​ជា​​បរមាណូ​​ញែក​​ពុំ​​បាន​​នេះ​ គេ​​ប្រឌិត​​ទុក​​តែ​​ខាង​​បរមត្ថ​វិជ្ជា​​ទេ គ្រាន់​​តែ​​ជា​​ល្បែង ។ ហើយ​​លោក​​ហូម (Hume )​ក្រោយ​​​ដែល​​លោក​​វែក​​ញែក​​ពី​​រឿង​​ចិត្ត (Mind ) មក​​កាល​​យូរ លោក​​ពោល​​សរុប​​សេច​ក្ដី​​ថា «វិញ្ញាណ​​គឺ​​ធម្មជាតិ​​ដែល​​ហូរ​​ទៅ​​នៃ​​ចិត្ត» ។ ចំណែក​​លោក​​សាស្រ្តា​ចារ្យ ជែម (James) នាំ​​យើង​​ឲ្យ​​យល់​​ថា «នេះ​​គឺ​​ក្រ​​សែ​​ចិត្ត» ​។

ធម៌​​ដែល​​អ្នក​​ប្រាជ្ញ​​ទាំង​​ឡាយ​​ជួញ​​ចិត្ត​​ត្រិះរិះ​​គិត​​ទាំង​​អស់​​នេះ ព្រះ​​សម្ពុទ្ធ​​បាន​​ត្រាស់​​ទេសនា​​ប្រោស​​សត្វ​​ប្រមាណ​​ជា ២៥៥៧ រួច​​មក​​ហើយ​​នៅ​​តាម​​ដង​​មហាន​ទី​គង្គា​​នៃ​​ប្រទេស​​ឥណ្ឌា គឺ​​ទ្រង់​​ទេសនា​​ប្រាប់​​ថា នេះ​​គឺ​​អនិច្ចតា​ធម៌ ​ធម៌​​ប្រែ​​ប្រួល​​កើត​​មាន​​តែ​​មួយ​​ស្របក់ (ឧប្បាទធម៌ = Transiency ) នេះ​គឺ​ទុក្ខ «ធម៌​​ដែល​​ទ្រាំ​​ទ្រ​​បាន​​ដោយ​​លំបាក​ (Sorrow)» នេះ​គឺ​អនត្តា «ធម៌​​ដែល​​មិន​​មែន​​ជា​​របស់​​ខ្លួន​​ឯង​ (No Soul)» ហៅ​ថាព្រះ​ត្រៃ​លក្ខណ៍ ឬ សាមញ្ញ​លក្ខណៈ«លក្ខណៈ​ធម៌​​ដែល​​ជា​​ច្បាប់​​ទៀង​​ទាត់​​បី​​ប្រការ​​» ឬ «លក្ខណៈ​ធម្មតា​​ទាំង​​ឡាយ​​ដែល​​តែង​​តែ​​កើត​​មាន​​ឡើង​​ជា​​ប្រ​ក្រតី​» ។ មួយ​ទៀត​អ្នក​សិក្សា​ពុទ្ធវចនៈ គប្បី​យល់​ថា ព្រះ​សម្ពុទ្ធ​ទ្រង់​ទេសនា​ធម៌​ប្រោស​សត្វ​ទាំង​ឡាយ ទ្រង់​ពុំ​បាន​ទេសនា​ធម៌​ទាំង​អស់ ដែល​ទ្រង់​ត្រាស់​ដឹង​នោះ​ទេ ទ្រង់​ទេសនា​ចំពោះ​តែ​ធម៌​ណា​ដែល​ដឹក​នាំ​សត្វ​ទៅ​កាន់​ទី​បំផុត​ទុក្ខ គឺ​អមត​មហា​និព្វាន ។ សេចក្ដី​នេះ មាន​ប្រាកដ​នៅ​ក្នុង​គម្ពីរ​សំយុត្តនិកាយ មហាវារ​វគ្គ​ថា:

ថ្ងៃ​មួយព្រះសម្ពុទ្ធ ទ្រង់​ប្រថាប់​នៅ​ក្នុង​សីស​បាវ័ន ជិត​ក្រុង​កោ​សម្ពី ពេល​នោះ​ទ្រង់​ឈោង​ព្រះហស្ត​ទៅ​ចាប់​ស្លឹក​ឈើ​មួយ​ក្ដាប់​មក ហើយ​ទ្រង់​លើក​ឡើង រួច​ត្រាស់​ទៅ​កាន់​ភិក្ខុ​សង្ឃ​ថា:
«អ្នក​​ទាំង​​ឡាយ​! ស្លឹក​​ឈើ​​ដែល​​នៅ​​ក្នុង​​ក្តាប់​​ដៃ​​តថាគត​​នេះ​ និង​​ស្លឹក​​ឈើ​​ដែល​​នៅ​​លើ​​ដើម​​ឈើ​​ទាំង​​ឡាយ​ ណា​​ច្រើន​​ជាង​​ណា​?​
ភិក្ខុ​សង្ឃ​ក្រាប​ទូល​ស្នង​ព្រះ​ពុ​ទ្ធដីកា​វិញ​ថា:
«​សូម​​ទ្រង់​​ព្រះ​​មេត្តា​​ប្រោស​! ស្លឹក​​ឈើ​​នៅ​​ក្នុង​​ក្តាប់​​ព្រះ​ហស្ត​​តិច​​ណាស់​ ស្លឹក​​ដែល​​នៅ​​លើ​​ដើម​​ឈើ​ ច្រើន​​ក្រៃ​​លែង​​ច្រើន ច្រើន​​លើស​​នឹង​​គណនា​​ត្រា​​រាប់​​បាន​»។
ពេល​នោះ ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​តទៅ​ទៀត​ថា:
«អើ​​ភិក្ខុ​​ទាំង​​ឡាយ! ធម៌​​ដែល​​តថាគត​​ត្រាស់​​ដឹង​​នោះ​​ច្រើន​​ណាស់ ដូច​​ស្លឹក​​ឈើ​​ដែល​​នៅ​​លើ​​ដើម​​ឈើ ហើយ​​ធម៌​​ដែល​​តថា​​គត​​យក​​មក​​សំដែង​​ប្រាប់​​អស់​​អ្នក​​ទាំង​​ឡាយ​​នេះ​​តិច​​ណាស់​ ដូច​​ជា​​ស្លឹក​​ឈើ​​ដែល​​នៅ​ក្នុង​​ក្តាប់​​ដៃ​​តថា​គត​​នេះ​​ឯង​។ តែ​​ធម៌​​ដែល​​តថាគត​​មិន​​បាន​​យក​​មក​​សំដែង​​ប្រាប់​​អ្នក​​ទាំង​​ឡាយ​ ជា​​ធម៌​​មិន​​មាន​​ប្រយោជន៍​​នឹង​​ដឹក​​នាំ​អ្នក​​ទាំង​​ឡាយ​​ទៅ​​កាន់​​ទី​​បំផុត​​ទុក្ខ​​ទេ» ។

ធម៌​ដែល​ព្រះ​សម្ពុទ្ធយក​មក​សម្ដែង​ប្រោស​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​ជា​ធម៌​មាន​ប្រយោជន៍​នាំ​សត្វ​ទាំង​ឡាយ​ទៅ​កាន់​ទី​បំផុត​ទុក្ខ​គឺ​និព្វាន ជា​ធម៌​គួរ​ល្មម​ដល់​មនុស្ស​ទាំង​ឡាយ​ចាប់​យក​សេចក្ដី​ហើយ​យល់​បាន ជា​ធម៌​ប្រកប​ដោយ​ហេតុ​ផល​បរិបូណ៌ ហើយ​ច្បាស់​លាស់​ប្រាកដ​ការ​និយម មាន​លក្ខណៈ​ជា​វិទ្យា​សាស្រ្ត បើ​បុគ្គល​ណា​មួយ​បាន​សិក្សា​ធម៌​ទាំង​នេះ​ហើយ នឹង​បាន​យល់​ច្បាស់ ឃើញ​ច្បាស់ មើល​អ្វី មើល​ឃើញ​ពិត​ដោយ​ពិត ដោយ​យថា​ភូត​ទស្សន​ញាណ ជា​ធម៌​ដែល​អ្នក​ប្រាជ្ញ​បច្ចុប្បន្នកាល​នេះ ទទួល​ស្គាល់​ថា​ត្រឹម​ត្រូវ ហើយ​គេ​កោត​ស្ងើច​ក្រៃ​លែង។

សេចក្ដី​ពិត ពុទ្ធសាសនា និង វិទ្យាសាស្រ្ត​មាន​លក្ខណៈ​ស្រប​គ្នា ដើរ​ទៅ​តាម​ផ្លូវ​ជា​មួយ​គ្នា ។ រឿង​នេះ មិន​មាន​ទោស​ជា​ចន្លោះ​គួរ​ឲ្យ​មាន​មោះ​មន្ទិល​ឡើយ គ្រាន់​តែ​មួយ​ជា​ផ្លូវ​ធម៌​ស្ដី​ពី​សីសធម៌​និង​បរមសច្ច (Moral and spiritual truth ) មួយ​ទៀត ជា​ផ្លូវ​លោក​ស្ដី​ពី​សម្មតិសច្ច (Material truth ) ពោល​គឺ ពុទ្ធសាសនា យក​ខ្លួន​ប្រើ​ជា​ឧបករណ៍ សម្រាប់​ធ្វើ​និទស្សន៍​រក​សច្ចធម៌ ហើយ​ប្រើ​តែ​ខាង​ផ្នែក​សីល​ធម៌ ឬ ផ្លូវ​ចិត្ត ជា​និរាមិស​និយម​ឬ​នឹង​ហៅថា អរូបនិយម​ក៏​បាន ឯវិទ្យាសាស្រ្ត យក​វត្ថុ​ដទៃ​ក្រៅ​ពី​ខ្លួន​ជា​ឧបករណ៍ មក​ធ្វើ​ជា​ជំនួយ​ជួយ​ធ្វើ​និទស្សន៍ រក​សច្ចធម៌ ហើយ​យក​ទៅ​ប្រើ​ខាង​ផ្នែក​សម្ភារ​និយម ឬ​ក៏​នឹង​ហៅ​ថា រូប​និយម​ក៏​បា​ន ។ បើ​និយាយ​ជា​សេចក្ដី​មួយ​បែប​ទៀត ពុទ្ធសាសនា​រក​សេចក្ដី​សុខ​នៅ​នា​លោក​នេះ​ផង រក​បរម​សុខ​នៅ​ឯ​បរលោក​ផង ដែល​ហៅ​ថា និរាមិសសុខ។ ឯ​វិទ្យាសាស្រ្ត​រក​សេចក្ដី​សុខ នៅ​តែ​ក្នុង​លោក​នេះ​តែ​ម្យ៉ាង ដែល​ហៅ​ថា អាមិសសុខ ។ ដូច្នេះ គោល​ការ​ពុទ្ធសាសនា​និង​វិទ្យាសាស្រ្ត​ទាំង​ពីរ​នេះ​ផ្សេង​គ្នា។

មួយ​ទៀត ធម៌​ដែល​អង្គ​ព្រះសម្ពុទ្ធ​សម្ដែង​ប្រោស​សត្វ ដោយ​ពិត​ពុំមែន​ជា​គ្រឿង​តាំង​ទុក​សម្រាប់​លំអ​នៅ​ក្នុង​បញ្ហាន័យ​ទេ ឬ​នឹង​ថា​ជា​ធម៌ ឬ​វិជ្ជា​សម្រាប់​សិក្សា​បែប​ជា​ប្រវត្តិសាស្រ្ត បែប​ជា​អក្សរ​សាស្រ្ត ក៏​ពុំ​មែន​ទេ ឬ​ក៏​នឹង​ថា​រក្សា​ទុក​សម្រាប់​បង្អួត​អ្នក​ប្រាជ្ញ ឬ​ពួក​អ្នក​បញ្ញវន្ត​ទាំង​ឡាយ​ក៏​ទេ​ដែរ ។ ធម៌​ព្រះ​អង្គ​ជា​ធម៌​សម្រាប់​សិក្សា​ឲ្យ​ចេះ​ដឹង​ហៅ​ថា បរិយត្តិ​ធម៌ «រៀន​​សូត្រ​​ឲ្យ​​ចេះ​​ដឹង​» រៀន​​សូត្រ​​ឲ្យ​​ចេះ​​ដឹង​​ហើយ​​ត្រូវ​បដិបត្តិតាម ហៅ​ថា បដិបត្តិធម៌ «ធ្វើ​​តាម​​ធម៌​​ដែល​​បាន​​រៀន​​សូត្រ​​ចេះ​​ដឹង​​ហើយ​» បើ​បាន​ប្រតិបត្តិ​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌​នេះ​ហើយ នឹង​បាន​ផល គឺ ការ​ត្រាស់​ដឹង​​«សម្មាសម្ពោធិញ្ញាណ» ហើយ​បាន​សម្រេច មោក្សធម៌ «ការ​​រួច​​ចាក​​ទុក្ខ​​ទាំង​​ពួង» ហៅ​ថា បដិវេធធម៌ «ការ​​ត្រាស់​​ដឹង​​ធម៌​» បាន​សេចក្ដី​ថា​ធម៌​ព្រះ​អង្គ​នេះ​សម្រាប់​រៀន​ឲ្យ​ចេះ ចេះ​ហើយ​ធ្វើ​តាម ធ្វើ​តាម​ហើយ បាន​ផល​ផ្លែ​ផ្កា គឺ​សេចក្ដី​សុខ​នៅ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ផង និង​ជា​ដំណើរ​ដើរ​ទៅ​កាន់​បរម​សុខ នៅ​ក្នុង​លោកុត្តរ​ធម៌​ផង ។ អ្នក​ប្រតិបត្តិ​តាម​ធម៌​ព្រះ​អង្គ ពិត​ជា​បាន​សេចក្ដី​សុខ នៅ​នា​លោក​នេះ​ផង ហើយ​ពិត​ជា​បាន​លុះ​ទី​បំផុត​ទុក្ខ​ដែល​យើង​ធុញ​ទ្រាន់​ជិន​ណាយ​នេះ ឥត​សង្ស័យ​ឡើយ​ផង ព្រោះ​ថា​ទី​បំផុត​ទុក្ខ​នេះ​ឯង​ហើយ ជា​គោល​ដៅ​អវសាន​របស់​សត្វ​ទាំង​អស់។​

ដូច្នេះ ធម៌​ព្រះ​អង្គពុំមែន​គ្រាន់​តែ​ល្អ​មើល​ទេ គឺ​ទុក​ជា​សំពៅ​ភេត្រា​សម្រាប់​ជិះ​ឆ្លង ហើយ​ចម្លង​សត្វ​ឲ្យ​ឆ្លង​ផុត​អន្លង់​ទុក្ខ​ គឺ​មហាសាគរ ដែល​ហៅ​ថា «​វាល​វែង វដ្តសង្សារ» (ការ​អន្ទោល​កើត)​។ តាម​ទំនង​នេះ ពុទ្ធ​សាសនា​នឹង​ទុក​ដោយ​ដាច់​ខាត​ថា ជា​ទស្សន​វិជ្ជា​(Philosophies)​ពុំ​បាន​ឡើយ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, សំណួរចម្លើយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ការ​ឆ្លើយ​តប​ចំនួន 1 ទៅ​កាន់ ព្រះធម៌ជាទស្សនវិជ្ជាឬអ្វី?

  1. សូមយកឯកសារនេះទៅធ្វើ Assignment ហើយ!!… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s