វប្បធម៌ពុទ្ធសាសនាខាងការប្រតិបត្តិ

ដោយ​សារ​ទ្រឹស្តី​មាន​ដើម​ដូច​ដែល​បាន​ពោល​មក​ហើយ​នេះ​ ជន​ជាតិ​ខ្មែរ​ក៏​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ទាន​ សីល និង​ភាវនា​ផង ក្នុង​បុគ្គល​ដែល​ជា​អ្នក​ទាន សីល ភាវនា​ផង។ ដោយ​សារ​សទ្ធា​ជ្រះ​ថ្លា​នេះ​ ទើប​ខំ​បំ​ពេញ​ទាន​ សីល និង​ភាវនា ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​អ្នក​ទាន​ អ្នក​សីល និង​ជាអ្នក​ភាវនា។ ករណីយកិច្ច​ក្នុង​ជីវិត​របស់​ជន​ជាតិ​ខ្មែរ តែង​តែ​មាន​អំ​ពើ​គឺ​ទាន សីល និង​ភាវនា​នេះជាទី​ជ្រះ​ថ្លា និង​ជាទី​កក់​ក្តៅ​ដរាប​អស់​អាយុ​សង្ខារ​ ព្រោះ​ឃើញ​ថា​មាន​តែ​អំ​ពើ​នេះ​ទេ ដែល​អាច​សាង​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ ត្រូវ​តាម​ព្រះ​ពុទ្ធសាសនា ហើយ​សម​គួរ​ដល់​ខ្លួន​ដែល​កើត​ហើយ​ត្រូវ​ចាស់​ស្លាប់។

-អ្នកទាន
អ្នក​ទាន​ជាតិ​ខ្មែរ តែង​ធ្វើ​ទាន​ដោយ​អនុគ្រោះ​ផង​ ដោយ​បូជា​ផង, ជន​ខ្វះ​ខាត​គួរ​គេ​ធ្វើ​ទាន​ដោយ​អនុគ្រោះ​, ជន​មិន​ខ្វះ​ខាត​ទេ​ តែ​មាន​គុណ​ធម៌ល្អ គួរ​គេ​ធ្វើ​ទាន​ដោយ​បូ​ជា​, បើ​ខ្វះ​ខាត​ផង​ មាន​គុណ​ធម៌​ល្អ​ផង គួរ​គេ​ធ្វើ​ទាន​ដោយ​អនុ​គ្រោះ​ផង​ ដោយ​បូ​ជា​ផង។ ដូច្នេះ​ដើម្បី​ឲ្យ​បាន​ផលានិសង្សច្រើន​សម​គួរ​ដល់​ទាន​ដែល​មាន​គុណ​អាច​កំចាត់​មច្ឆិរិយៈ​ ចិត្ត​ចង្អៀត ហើយ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ ជន​ជាតិ​ខ្មែរ​ទើប​និយម​ធ្វើ​ទាន​ដល់​ពួក​បព្វជិត​ក្នុង​ពុទ្ធសាសនា​ ជាង​ពួក​ជន​ឯ​ទៀត ដរាប​ដល់​ភ្លេច​មាតា​បិតា​ក៏​មាន មក​ពី​ឃើញ​ថា​ពួក​នេះ​តែង​មាន​ការ​ខ្វះ​ខាត​គួរ​អនុ​គ្រោះ​ផង មាន​គុណ​គួរ​បូជា​ផង ការ​ធ្វើ​ទាន​ដល់​ពួក​នេះ​ ជា​មធ្យោ​បាយ​ពង្រីក​សេចក្តី​សុខ​ចម្រើន​ឲ្យ​រីក​ធំ​ទូទៅ​ដល់​សព្វ​សត្វ​ឥត​រើស​មុខ ព្រោះ​ពួក​នេះ​ជា​អ្នក​បម្រើ​ពុទ្ធសាសនា​ដោយ​ធ្លាប់​មាន​ប្រពៃណី​ធ្វើ​ទាន​តាំង​ពី​បុរាណកាល ទោះ​បី​ស្រុក​ទេសធ្លាក់​ក្នុង​វិបត្តិ​ធំៗ ខ្សត់​អ្នក​ប្រាជ្ញ ខ្សត់​គម្ពីរ​ក្បួន​ខ្នាត​ ដូច​ក្នុង​សម័យ​ខ្លះ​មាន​សម័យ​ក្រុង​លង្វែក​ជា​ដើម ជន​ជាតិ​ខ្មែរ​ក៏​នៅ​តែ​រក្សា​ប្រ​ពៃណី​ធ្វើ​ទាន​ដរាប។

បុណ្យ​ឆ្លង​វាលុកចេតិយ​ និមន្តព្រះ​សង្ឃ​ស្រង់​ទឹក​ចូល​ឆ្នាំ បុណ្យ​ចូល​វស្សា បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​ចេញ​វស្សា បុណ្យ​មាឃ​បូជា និង​បុណ្យ​វិសាខ​បូជា​ជាដើម សុទ្ធ​តែ​មាន​ការ​​ធ្វើ​សក្ការៈគោរព​រាប់​អាន​បូជា​ព្រះ​រតន​ត្រ័យ​ដោយ​អាមិស​បូជា និង​បដិបត្តិ​បូជា​ជា​ប្រពៃណី​ទាំង​អស់។ ហេតុ​នេះ​បាន​ជាវប្បធម៌​ព្រះ​ពុទ្ធសាសនា​ មិន​រលើង​ឫសសាប​សូន្យ​ទៅ​ពី​ប្រទេស​ខ្មែរ​ឡើយ​ ទោះ​ប្រទេស​នេះ​មាន​ការ​ភ័ន្ត​ប្រែចលាចល​ ឬ​មាន​ជាតិ​សាសន៍​ដទៃ​នាំ​សាសនា​ជា​គូ​ប្រឆាំង​មក​ផ្សាយ​យ៉ាង​ណា​ក៏​ដោយ។

-អ្នកសីល
អ្នក​សីល​ជាតិ​ខ្មែរ ដែល​មាន​ប្រាជ្ញា​តែង​រក្សា​សីល​មាន​និច្ច​សីល​ជា​ដើម ដើម្បី​វៀរ​ចាក​ការ​បៀត​បៀន​ជន​ដទៃ​ផង​ ដើម្បី​ផ្តាច់​កង្វល់​អាក្រក់​ដោយ​កាយ វាចា​ដែល​ជា​ហេតុ​ក្តៅ​ក្រហាយ​ចិត្ត​ផង​ ដើម្បី​រម្ងាប់​ពៀរ​វេរា និង​សាង​សេចក្តី​កក់​ក្តៅ​ទុក​ចិត្ត​គ្នា​ក្នុង​លោក​ផង ព្រោះ​ជនទ្រុស្ត​សីល​គ្មានអភយទាន​ទេ ប្រែ​សេចក្តី​ថា​ជា​អ្នក​ឲ្យ​តែ​សេចក្តី​ភ័យ​បារម្ភ ឲ្យ​តែ​សេចក្តី​មិន​ទុក​ចិត្ត​ដល់​គ្នា​នឹង​គ្នា។ អ្នក​សីល​មិន​អាច​ដើរ​ឧបាយ​បំបាត់​ទ្រព្យ​សង្ឃ ទ្រព្យ​រាជការ ទ្រព្យ​ឯកជន​ ឬទទួលសំណូក​យក​ទៅ​ចិញ្ចឹម​ខ្លួន ចិញ្ចឹម​គ្រួសារ ឬ​ធ្វើ​បុណ្យ​ទាន​អ្វីៗ​ឡើយ។ ហេតុ​នេះ​អ្នក​សីល​អាច​ជា​ទី​កក់​ក្តៅទុក​ចិត្ត​ និង​ជាទី​ពឹង​របស់​រដ្ឋ​ផង។

រដ្ឋ​បើ​មាន​អ្នក​សីល​ជា​ពល​រដ្ឋ​ច្រើន និង​ពុំ​អាច​ធ្លាក់​ខ្លួន​ទៅ​ជា​បាវ​ព្រាវ​របស់​រដ្ឋ​ណា​ងាយ​ៗ​ទេ។ ដូច្នេះ​ទើប​រដ្ឋ​ខ្លះ​ខំ​អប់​រំ​ពល​រដ្ឋ​ឲ្យ​មាន​សីល​ធម៌​តាំង​ពី​ក្មេង​ៗ រហូត​ដល់​ទៅ​បំបាត់​មិន​ឲ្យ​បិត​ស្រា​ក្នុង​ស្រុក និង​មិន​ឲ្យ​ស្រា​អាភៀន​ចូល​ស្រុក​ទៀត​ផង ដូច​គ្រួសារ​ដែល​មាន​សីលធម៌​ល្អ​ មិន​ចង់​ឲ្យ​មាន​ល្បែង​ស៊ី​សង​ឡើង​ផ្ទះ ព្រោះ​ខ្លាច​មាន​ការ​ខូច​អាក្រក់​ដល់​កូន​ចៅ​។

អ្នក​ប្រាជ្ញ​ទាំង​ឡាយ​តែង​ឃើញ​អំ​ពើ​ទ្រុស្ត​សីល ឬ​ល្បែង​ស៊ី​សង​ថា​ជា​ភ័យ​របស់​លោក​សន្និវាស ទើប​មាន​ហិរិឱតប្បៈ ខ្ពើម​ខ្លាច​អំពើ​ទាំង​នេះ ដូច​គេ​ខ្ពើ​ម​ខ្លាច​ពស់​អសិរពិស​ដែល​ពែន​ត្រាំ​ក្នុង​លាមក​។ កាល​បើ​លោក​សន្និវាស​មាន​សីល​ធម៌​ល្អ លោក​សន្និវាស​នឹង​មិន​មាន​ការ​បៀត​បៀន​គ្នា។ អាស្រ័យ​ការ​មិន​បៀត​បៀន​ សេចក្តី​សុខ​ក៏​មាន​ឡើង សម​នឹង​ពុទ្ធ​ឧ​ទានថា អព្យាបជ្ឈំ សុខំ លោកេ ការ​មិន​បៀត​បៀន​គ្នា​ ជា​សុខ​ក្នុង​លោក​។

-អ្នកភាវនា
អ្នក​ភាវនា​ជាតិ​ខ្មែរ តែង​មាន​ការ​ចម្រើន​ភាវនា​ និង​ការ​នមស្ការ​(ថ្វាយ​បង្គំ​ព្រះ​) ជា​ប្រពៃណី​តាំង​ពី​បុរាណ​កាល​។ ក្រៅ​ពី​ចម្រើន​ភាវនា​ក្នុង​បូជ​នីយដ្ឋាន​មាន​ព្រះ​បដិ​មាឃរៈ(ព្រះ​វិហារ​) ជា​ដើម តែង​ភាវនា​នៅ​ទី​កុដិ​និង​នៅ​គេហស្ថាន​ដែល​ហៅ​ថា ធ្វើ​វត្ត​ព្រឹក​ល្ងាច។ នៅ​កុដិ​ព្រះ​សង្ឃ​ និង​ផ្ទះ​ឧបាសក​តែង​មាន​តុ​តាំង​ដំកល់​ព្រះ​ពុទ្ធ​រូប​ព្រម​ទាំង​គ្រឿង​សក្ការបូជា​ដែល​ហៅ​ថា គ្រែ​ព្រះ​ធម៌ ជា​ទី​គោរព​នមស្ការ និង​ជាទី​ចម្រើន​ភាវនា​ ។ ឯ​ការ​ចម្រើន​ភាវនា​នោះ គេ​តែង​មាន​ការ​ចម្រើន​ចតុរារក្ខកម្មដ្ឋាន​ជា​គោល​គឺៈ

ក) ចម្រើន​ភាវនា​រំលឹក​ពុទ្ធគុណ ធម្មគុណ និង​សង្ឃគុណ ដើម្បី​បណ្តុះ​ចិត្ត​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះ​គុណ​ទាំង​នោះ មិន​ឲ្យ​ចិត្ត​រួញ​រា​ថយ ឬ រសាយ​ចេញ​ពី​កុសលធម៌។

ខ) ចម្រើន​ព្រហ្មវិហារ​ គឺ​ភាវនា​ផ្សាយ​មេត្តា​ដល់​សត្វ​ទូ​ទៅ​ ដោយ​តាំង​ចិត្ត​ឲ្យ​បាន​ភប់​ប្រទះ​នូវ​សេចក្តី​សុខ​ចម្រើន​គ្រប់​គ្នា, ផ្សាយ​ករុណា​ដោយ​ប្រាថ្នា​ឲ្យ​បាន​រួច​រ​ដោះ​ចាក​ទុក្ខ​គ្រប់​ប្រាណ, ផ្សាយ​មុទិតា​ដោយ​ប្រាថ្នា​មិន​ឲ្យ​ប្រាស់​ព្រាត់​ចាក​សេចក្តី​សុខ ដែល​បានហើយទាំង​អស់​គ្នា, ផ្សាយ​ឧ​បេក្ខា​ដោយ​គិត​ថា​សត្វ​ទាំង​អស់​គ្នា​តែង​មាន​កម្ម​ជា​របស់​ខ្លួន គឺ​ថា​បើ​ខ្លួន​ធ្វើ​ល្អ​នឹង​ទទូល​ផល​ល្អ ធ្វើ​អាក្រក់​នឹង​ទទួល​ផល​អាក្រក់​ ដើម្បី​កំចាត់បង់​ចិត្ត​ព្យាបាទ ចិត្ត​វិប្បដិសារី និង​ចិត្ត​ឫស្យា​ឈ្នា​នីស​គ្នា​ជាដើម។

គ) ចម្រើន​អសុភ​ភាវនា ពិចារណា​រាង​កាយ​ដែល​ជាទី​ប្រជុំ​ធាតុ​៤ ឲ្យ​ឃើញ​ថា​ពោរ​ពេញ​ដោយ​អាការៈ​ស្មោកគ្រោក​មិន​ស្អាត មាន​សក់​ រោម ក្រចក ធ្មេញ ស្បែក​ជាដើម​។

ឃ) ចម្រើន​មរណស្សតិ​ភាវនា នឹក​ពិចារណា​សេចក្តី​ស្លាប់​ដែល​ត្រូវ​មាន​ដល់​ខ្លួន​ជា​ទៀង​ទាត់​ តែ​មិន​ប្រាកដ​ថា​មាន​មក​ដល់​ថ្ងៃ​ណា​ ព្រោះ​ជីវិត​មិន​ទៀង ដើម្បី​បណ្តុះ​ចិត្ត​សង្វេគ​ហើយ​ប្រញាប់​ចាប់​ធ្វើ​ការ​ដែល​មាន​ខ្លឹម​សារ​ ឲ្យ​សម​គួរ​ដល់​ខ្លួន​ដែល​មាន​សេចក្តី​ស្លាប់​ចាំ​ស្កាត់​ពី​ខាង​មុខ​។

ការ​ចម្រើន​ភាវនា​ដែល​រៀប​រាប់​មក​នេះ​ ជា​ពិធី​សាង​សេចក្តី​ស្ងប់​សុខ​ក្សេម​ក្សាន្តក្នុង​ចិត្ត ហើយ​អាច​ញ៉ាំង​ចិត្ត​ជា​ទាន​ជា​សីល ឲ្យ​រឹត​តែមាន​ជំហរ​រឹង​ប៉ឹង​និង​ឲ្យ​មាន​ផលា​និសង្ស​ច្រើន​ទៀត​ផង។ ហេតុ​នេះ​ទើប​លោក​អ្នក​ខ្លះ​ អាច​លះ​កង្វល់​ផ្សេងៗ​ ទៅ​សម្ងំ​ចម្រើន​សមថ​កម្មដ្ឋាន​ក្នុង​ទី​ស្ងាត់​ដើម្បី​ឲ្យ​បាន​ផលានិសង្ស​នេះ​ផង ដើម្បី​ឲ្យ​បាន​សម្រេច​ឈាន​ចិត្ត​ដែល​ជា​ទី​តាំង​នៃ​វិបស្សនា​កម្មដ្ឋាន​ផង។ ឯ​វិបស្សនាភាវនា​ក៏​ជា​ករណីយកិច្ច​ត្រូវ​ធ្វើ​បន្ទាប់​មកពី​ការ​ចម្រើន​ចតុរារក្ខ​កម្មដ្ឋាន ដែល​ហៅ​ថា​សមថ​ភាវនា​នោះ​ដែរ​។

ហេតុ​នោះ​ កាល​បាន​ភាវនា​រំលឹក​គុណ​ព្រះ​រតនត្រ័យ​ផ្សាយ​មេត្តា​ ចម្រើន​អសុភ​កម្មដ្ឋាន​ពិចារណា​អត្តភាព​ទាំង​មូល​ឲ្យ​ឃើញ​ថា​គ្រាន់​តែ​ជា​នាម​រូប​ ឬ​គ្រាន់​តែ​ជា​ខន្ធ​៥ ជា​ដើម​ប៉ុណ្ណេះ​ មិន​មែន​ជា​សត្វ​ជា​បុគ្គល​គេ​យើង​ទេ ហើយ​លើក​សភាព​ធម៌​ទាំង​នេះ​ឡើង​កាន់​ត្រៃ​លក្ខណ៍​ ភាវនា​បញ្ជាក់​ឲ្យ​ឃើញ​ថា​មិន​ទៀង ព្រោះ​កើត​ហើយ​រលត់​ទៅ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​សភាព​ផ្សេង​ៗ​, ជា​ទុក្ខ​ព្រោះ​ក្តៅ​ដោយ​ភ្លើង​កិ​លេស​ និង​ភ្លើង​ទុក្ខ​គ្រប់​រយៈ​កើត​រលត់​ និង​ប្រែ​ក្លាយ​, ជា​អនត្តា​មិន​មែន​ខ្លួន​ ព្រោះ​មិន​នៅ​ក្នុង​អំណាច​ ដើម្បី​រំលាយ​នូវ​ឧបាទាន​មាន​សេចក្តី​ប្រកាន់​មាំ​តាម​លោក​សន្មតិ​ថា ជា​របស់យើង​ ថា​ជា​យើង​ និង​ថាជា​​ខ្លួន​ប្រាណ​របស់​យើង​ ដែល​ជា​ហេតុ​ឆេះ​ក្តៅ​ ឲ្យ​អស់​សូន្យ​ទៅ​ពី​ខន្ធ​សន្តាន​ហើយ បាន​នូវ​ព្រះ​និព្វាន​គ្មាន​ឆេះ​ដោយ​ភ្លើង​ទុក្ខ​និង​ភ្លើង​កិលេសឡើយ។ សម​នឹង​ពុទ្ធ​ភាសិត​ថា៖

សីលេន វតិក្កមន្តី បរិយុដ្ឋំ សមាធិនា
បញ្ញាយ អនុសយំ ឆិន្ទំ បត្តោ និព្វានមុត្តំ។

(អ្នកប្រាជ្ញ) តែង​លះ​កិលេស[*] ​(រាគៈ ទោសៈ មោហៈ) ថ្នាក់វិត្តកមៈ ដោយ​សីល ថ្នាក់​បរិយុដ្ឋាន ដោយ​សមាធិ, ថ្នាក់​អនុស័យ ដោយបញ្ញា​ ទើប​បាន​សម្រេច​ព្រះ​និព្វាន​ដ៏​ខ្ពង់​ខ្ពស់​។

ជន​ជាតិ​ខ្មែរ​ ទាំង​បព្វជិតទាំង​គ្រហស្ថ ច្រើន​តែ​បាន​ភាវនា​អប់​រំ​ចិត្ត​ដោយ​សមថៈ និង​វិបស្សនា តាំង​ពី​បុរាណ​កាល​ដូច​ពណ៌នា​មក​នេះ។ ដូច្នេះ​ហៅ​ថា​ វប្បធម៌​ពុទ្ធ​សាសនា​ខាង​ការ​ប្រតិបត្តិ។

[ព្រះញាណវីរិយៈ វ៉ាណ-សាឌុំ សៀវភៅ​ ពុទ្ធសាសនា២៥០០]
—————————————————–

[*] កិលេសៈ កិលេស​គ្រប់​ប្រភេទ ទោះធំ មធ្យម ល្អិតក្ដី, ខ្លាំង ឬខ្សោយ ក្ដី, រមែង​ជា​មារ​ដែល​​បង្ក​មន្ទិល ធ្ងន់ ឬស្រាល, តិច ឬច្រើន, ឲ្យ សៅ​ហ្មង​ដល់​ជីវិត​របស់​សត្វ​លោក ដោយ​ចរិត​ពាល ងងឹតល្ងង់ លោភលន់ ឃោរឃៅ, ដែល​អាច​ចែក​តាម​កម្រិត​ឥទ្ធិពល​ជា​៣​ថ្នាក់ ដូច​តទៅ៖

ក. វីតិក្កមកិលេស ជា​កិលេស​គ្រោត​គ្រាត​ខ្លាំង​ក្លា ដែល​ជំរុញ​សត្វ​ឲ្យ​ហ៊ាន​ប្រព្រឹត្ត​ទុច្ចរិត​កម្ម​លើស​កន្លងដោយ​កាយ ឬ ដោយ​វាចា​តាម​ទំនើង គឺ​ដូច​កាំ​ជ្រួច​ដែល​ផ្ទុះ ។ “សីលបរិសុទ្ធ” អាច​អប់រំ​ឲ្យ​វៀរ​នូវ​វិតក្កម​កិលេស ដោយ​វីរតិចេតនា គឺ​ដោយ​តាំង​ចិត្ត​ឈប់​ប្រព្រឹត្ត​អំពើ​ទ្រុស្ត​សីល, ដូច​អ្នក​ដែល​មាន​កាំ​ជ្រួច​មិន​ហ៊ាន​ដុត​ឲ្យ​ផ្ទុះ​នោះ​ដែរ ។

ខ. បរិយុដ្ឋានកិលេស ជា​កិលេស​កម្រិត​មធ្យម ដែល​ដក់​ងំក្នុង​ចិត្ត អាច​នឹង​ញ៉ាំង​ចិត្ត​ឲ្យ​ក្ដៅ​រោល​រាល​ឡើង ដូច​កាំ​ជ្រួច​ដែល​គេ​ប្រុង​នឹង​បញ្ឆោះ​ឆ្នួន​ឲ្យ​ផ្ទុះ ។ វា​ជា​កម្រិត​កិលេសដែល​ញ៉ាំង​ចិត្ត​ឲ្យ​សៅ​ហ្មង​​ដោយ​សារភាព​ងងឹត​ល្ងង់ លោភលន់ និងក្រេវក្រោធដែរ ប៉ុន្តែ​គេ​មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​ឡើយ ព្រោះ​គេ​ខ្លាច​ដាច់សីល ។ ឈាន​កុសល​ចិត្ត អាច​សង្កត់​សង្កិន បន្ទ្រោម​បរិយុដ្ឋាន​កិលេស​បាន​តែ​ក្នុង​ខណៈ​ដែល​កំពុង​តែ​ស្ងប់​ក្នុង​ឈាន​ប៉ុណ្ណោះ ។ ដូច្នេះ ឈាន​កុសល​ចិត្ត​អាច​ត្រឹម​តែ​រំងាប់​បន្ទ្រោម ប៉ុន្តែ​មិន​ឣាច​រំលត់​បង់​នូវកិលេស​ប្រភេទ​ណា​មួយ​បាន​ឡើយ ​។

គ. អនុសយកិលេស ជា​កិលេស​ដែល​ឈាន​កុសល​ចិត្តបាន​សង្កត់​សង្កិន​ហើយ​ពួន​សម្ងំ​ក្នុង​សន្តាន គឺ​ក្នុង​ភវង្គ​ចិត្ត។ ដូច្នេះ បើ​ត្រឹម​តែ​រំងាប់​បន្ទ្រោម​សង្កត់​សង្កិន​ដោយ​ឈាន​កុសល​ចិត្ត​ទេ មិន​អាច​នឹង​រំលត់​កិលេស​ប្រភេទ​ណា​មួយ​បាន​ឡើយ ។ នេះ​មិនខុស​ពី​កាំ​ជ្រួច​ដែល​គេ​រក្សា​ទុក​ក្នុង​ហឹប​ដែល​គេ​នឹង​អាច​បញ្ចេញយក​មក​ដុត​ឲ្យ​ផ្ទុះ​នៅ​ពេល​ណា​មួយ​ក៏​បាន ។ យ៉ាង​ណា​មិញ ឣនុសយ​កិលេស​នៅ​តែ​រក្សា​ឥទ្ធិពល​ដោយ​រង់​ចាំ​តែ​ឱកាស​សម​ស្រប​ដើម្បី​ញ៉ាំង​ចិត្ត​ឲ្យ​សៅ​ហ្មង ដូច​គេ​រើ​យក​កាំ​ជ្រួច​ចេញ​ពី​ក្នុង​ហឹប​មក​ដុត​ឲ្យ​ផ្ទុះ​នៅ​ពេល​ណា​ក៏​បាន​នោះ​ដែរ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, វប្បធម៌ពុទ្ធសាសនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s