ការចំរើននឹងការសាបសូន្យធម្មវិន័យ

ព្រះទេពសត្ថា កឹម-តូរ ចន្ទមង្គលោ

“ការ​ចំរើន​នឹង​ការ​សាប​សូន្យ​ធម្មវិន័យ
​ក្នុង​ព្រះពុទ្ធ​សាសនា” រៀបរៀងដោយ ព្រះ​ទេពសត្ថា កិម-តូរ ចន្ទមង្គលោ

ការ​ចំរើន​នឹង​ការ​សាប​សូន្យ នៃ​ធម្មវិន័យ​ក្នុង​ពុទ្ធសាសនា អាស្រ័យ​ហេតុ​ដូច​មាន​សេចក្ដី​អធិប្បាយ​តទៅ​នេះ៖ ធម្មជាត ៣ យ៉ាង​ជា​ពន្លឺ​ដែល​អាច​បំភ្លឺ​សត្វ​លោក ឲ្យ​ភ្លឺ​ជាក់​ច្បាស់​ក្នុង​លោក​ទៅ​បាន អាស្រ័យ​ដោយ​មិន​មាន​គ្រឿង​មន្ទិ​ល​សៅ​ហ្មង ចូល​មក​បិទ​បាំង, ឯ​ធម្មជាត​៣ យ៉ាង​នោះ​គឺ៖

១-សុរិយ​មណ្ឌលំ មណ្ឌល​ព្រះ​អាទិត្យ
២-​ចន្ទ​មណ្ឌលំ មណ្ឌល​ព្រះចន្ទ ។

ព្រះ​អាទិត្យ​និង​ព្រះចន្ទ​ទាំង​ពីរ​នេះ រមែង​រះ​ឡើង​ភ្លឺ​រុង​រឿង​បាន​តែ​តាម​វេលា, គឺ​ព្រះ​អាទិត្យ​រះ​ឡើង​ភ្លឺ​រុង​រឿង​បាន​តែ​ក្នុ​ង​វេលា​ថ្ងៃ ដល់​វេលា​យប់​ងងឹត​វិញ, ព្រះ​ចន្ទរះ​ឡើង​ភ្លឺ​រុងរឿង​បាន​តែ​ក្នុង​វេលា​យប់ ដល់​វេលា​ថ្ងៃ​ងងឹត​វិញ, ព្រះ​អាទិត្យ​និង​ព្រះចន្ទ​ដែល​អាច​រះ​ឡើង​ភ្លឺ​រុង​រឿង​បាន​តាម​វេលា​នោះ​សោត​ទៀត ព្រោះ​តែ​គ្មាន​សភាវៈ​អ្វី​ដទៃ​ចូល​មក​បៀត​បៀន​ជ្រៀត​ជ្រែក​បិទ​បាំង ប្រសិន​បើ​មាន​ខ្យល់​ព្យុះ​ភ្លៀង​ផ្គរ​មេឃ​ស្រទុំ​ចុះ​អ័ព្ទ​បែក​ផ្សេង​បង្អុរ​ភ្លៀង​ធ្លាក់​ចុះ​មក​ក្នុង​វេលា​ណា រស្មី​ព្រះ​អាទិត្យនិង​ព្រះចន្ទ​នោះ​ឯង ក៏​វិនាស​បាត់​ទៅ​ទាំង​អស់​ អាច​ញ៉ាំង​លោក​ទាំង​មូល​ឲ្យ​ងងឹត​សូន្យ​ឈឹង​ទៅ​មួយ​រំពេច​ក្នុង​វេលា​នោះ​ពុំខាន ។

៣-តថាគតប្ប​វេទិ​តំ ពុទ្ធ​វចនំ ពុទ្ធ​វចនៈ គឺ​ធម៌​និងវិន័យ​ដែល​ព្រះ​តថាគត​បាន​ត្រាស់​ដឹង​ហើយ ទ្រង់​សំដែង​ទុក​មក, ពុទ្ធវចនៈ​នោះ ជា​ពន្លឺ​មួយ​របស់​សត្វ​លោក​ៗ អាច​យក​ពន្លឺ​គឺ​ធម៌​និង​វិន័យ​នោះ​មក​បញ្ចាំង​ឆ្លុះ​បំភ្លឺ​មើល​ហេតុ​ពិតនិង​មិន​ពិត, មើល​អំពើ​ល្អ​និងអាក្រក់, ឆ្លុះ​ពិនិត្យ​រក​គុណ​និង​ទោស, ខុស​និង​ត្រូវ​គ្រប់​យ៉ាង ឲ្យ​ឃើញ​ជាក់​ច្បាស់ ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​បរលោក​ ហើយ​អាច​ញ៉ាំង​ចិត្ដ​ឲ្យ​ងាក​បែរ​ចេញ​ពី​សេចក្ដី​យល់​ខុស​ក្នុង​ហេតុ​ដែល​មិន​ពិត និងង​អំពើ​អាក្រក់​ប្រកប​ដោយ​ទោស​នោះ​ចោល​ចេញ​បាន ព្រម​ទាំង​​ប្រតិបត្ដិ​ប្រព្រឹត្ដ​កាន់​យក​តែ​ហេតុ​ដែល​ពិត និង​អំពើ​ដែល​ល្អ​ប្រកប​ដោយ​គុណ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ ។ ពុទ្ធ​បរិស័ទ​ដែល​មាន​បញ្ញា​ចក្ខុ​យ៉ាង​នេះ អា​ស្រ័យ​ដោយ​ពន្លឺ​គឺ​ធម៌​និង​វិន័យ​នេះ​ឯង​។

ឯ​ធម៌​និង​វិន័យ ដែល​នឹង​អាច​ប្រតិស្ឋាន​តាំង​នៅ បាន​សេចក្ដី​រុង​រឿង​អស់​កាល​ជាយូរ​អង្វែង​ទៅ​បាន លុះ​តែ​អា​ស្រ័យ​ដោយ​ពួក​ពុទ្ធ​បរិស័ទ​ទាំង​បព្វជិត​ទាំង​គ្រហស្ថ​ជា​អធិបតី​ក្នុង​សង្គម​នីមួយ​ៗ មិន​ព្រងើយ​កន្ដើយ​បាន​ប្រឹង​ជួយ​ឧបត្ថម្ភ​ទំនុក​បំរុង​ផង ទាំង​កុល​បុត្រ​អ្នក​រៀន​សូត្រ​ក៏​មាន​កុះ​ករ​ចេះ​ដឹង​ជា​ច្រើន ហើយ​ខំ​ព្យាយាម​បង្ហាត់​បង្រៀន​សិស្សា​នុសិស្សតៗ​ផង​គ្នា​​ខំ​ព្យាយាម​រំលឹក​ដាស់​តឿន​ណែនាំ​អ្នក​ដទៃ​ឲ្យ​មាន​សេចក្ដី​ប្រព្រឹត្ដិ​ប្រតិបត្ដិ​ត្រឹម​ត្រូវ​ផង ទើប​ធម៌​និង​វិន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នោះ​នឹង​រុង​រឿង​ឋិត​ថេរ​ចិរកាល​ទៅ​បាន។

មួយ​ទៀត បុគ្គល​ជា​ធម្មកថិក​ក្ដី មិន​មែន​ជា​ធម្មកថិក​ក្ដី មាន​សេចក្ដី​យល់​ខុស ប្រកប​ដោយ​មានៈ​ចចេស​រឹង​ត្អឹង ហាម​ឃាត់​សាសនា​របស់​ព្រះពុទ្ធ ឬ​ជា​អ្នក​កំណាញ់​ធម៌​លាក់​លៀម​ចំណេះ​វិជ្ជា មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​គេ​ចេះ​ដឹង​លើស​ខ្លួន​ឬ​ស្មើ​នឹង​ខ្លួន ខ្លាច​ខាត​លាភ​សក្ការៈ​របស់​ខ្លួន​ក្ដី ជា​អធម្មវាទី​ពោល​នូវ​ហេតុ​ដែល​មិន​មែន​ជា​ធម៌​វិន័យ​ថា​ជា​ធម៌ ថា​ជា​វិន័យ​ទៅ​វិញ​ដូច្នេះ​ក្ដី បុគ្គល​បែប​នេះ​បាន​ឈ្មោះ​ថា ជា​អ្នក​បិទ​បាំង​ពន្លឺ​គឺ​ធម៌​និង​វិន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ ឲ្យ​ស្រអាប់​បាត់​ពន្លឺ​រស្មី ជា​អ្នក​ដឹក​នាំ​មនុស្ស​ទាំង​ពួង ឲ្យ​វង្វែង​ភ័ន្ដ​គំនិត​សំគាល់​ខុស​ជា​ត្រូវ សំគាល់​ត្រូវ​ថា​ជា​ខុស​វិញ​ដោយ​ច្រើន​ ដូចគ្នា​នឹង​ព្រះអាទិត្យ​ព្រះចន្ទរះ​ឡើង​កំពុង​មាន​រស្មី​ភ្លឺ​ត្រចះ​ល្អ បើ​មាន​សភាវៈ​ដទៃ មាន​រាហូ​អសុរិន្ទ​ជា​ដើម ចូល​មក​បៀត​បៀន​ជ្រៀត​ជ្រែក​បិទ​បាំង​ព្រះអាទិត្យ​នឹង​ព្រះចន្ទ​កាល​ណា​ហើយ ពន្លឺ​រស្មី​ដែល​កំពុង​រុង​រឿង​ល្អ​នោះ ក៏​បែរ​ទៅ​ជា​ស្រអាប់​បាត់​ពន្លឺ​វិនាស​សូន្យ​ទៅ​មួយ​រំពេច​ក្នុង​កាល​នោះ​ឯង, ឯ​ធម៌​និង​វិន័យ​របស់​ព្រះសម្មា​សម្ពុទ្ធ​ ក៏​ដូច្នោះ​ដែរ ។ រួម​សេចក្ដី​ដែល​បាន​ពណ៌នា​មក​ថា ធម៌​និង​វិន័យ​ដែល​បាន​ចំរើន​រុង​រឿង​ឡើង​ ឬ​វិនាស​សាប​សូន្យ​ទៅ ក៏​ដោយ​សារ​តែ​ពួក​ពុទ្ធបរិស័ទ​ទាំង​បព្វជិត​ទាំង​គ្រហស្ថ​ហ្នឹង​ឯង ។

មាន​ពាក្យ​ចោទ​សួរ​ថា ពុទ្ធសាសនា​គឺ​ធម៌​និង​វិន័យ ដែល​អាច​រុង​រឿង​តាំង​នៅ​អស់​កាល​ជា​អង្វែង​ទៅ​បាន អាស្រ័យ​ដោយ​សារ ​បរិយត្ដិ (ការ​រៀន​សូត្រ) ជា​ឫស​គល់ ឬ​ក៏​អាស្រ័យ​ដោយ​សារ​ បដិបត្ដិ​(ការ​ប្រតិបត្តិ) ជា​ឫស​គល់? បញ្ហា​នេះ សូម​ទាញ​យក​រឿង​ដែល​មាន​ក្នុង​គម្ពីរ​មនោ​រថ​បូរណី អដ្ឋកថា អង្គត្ដរនិកាយ មក​ឆ្លើយ​បញ្ជាក់​ថា មាន​ភិក្ខុ​ពីរ​ពួក​គឺ​ភិក្ខុ​ខាង​បរិយត្ដិ​មួយ​ពួក, ភិក្ខុ​ខាង​ប្រតិបត្ដិ​កាន់​ធុតង្គ​មួយ​ពួក​។ មាន​បញ្ហា​កើត​ឡើង​ដល់​ភិក្ខុ​ទាំង​នោះ​ថា បរិយត្ដិ ជា​ឫស​គល់​នៃ​សាសនា ឬ​ក៏​បដិបត្ដិ ជា​ឫស​គល់​នៃ​សាសនា ។ ឯ​ពួក​ភិក្ខុ​ខាង​បរិយត្ដិ​ឆ្លើយ​ថា បរិយត្ដិ ជា​ឫស​គល់​នៃ​សាសនា​។ ខណៈ​នោះ​ព្រះថេរៈ​ទាំង​ឡាយ​ដែល​តាំង​នៅ​ជា​កណ្ដាល​ប្រកាស​ឡើង​ថា យើង​មិន​ទាន់​យល់​ព្រម​តាម​ពាក្យ​របស់​លោក​ទាំង​សង​ខាង​ទេ សូម​លោក​ទាំង​ឡាយ​លើក​យក​សូត្រ​ជា​ភាសិត​នៃ​ព្រះជិន​ស្រី​មក​ពោល​អាង​ផង តើ​បាន​ឬ​ទេ​? លំដាប់​នោះ ពួក​ភិក្ខុ​ខាង​បដិបត្ដិ​កាន់​ធុតង្គ​លើក​យក​សូត្រ​ពីរ​អន្លើ​មក​ពោល​អាង​ថា ឥមេ ច សុភទ្ទ ភិក្ខូ សម្មាបដិបត្តិ​ វិហរេយ្យុំ អសុញ្ញោ លោកោ អរហន្ដេហិ អស្សុ “ម្នាល​សុភទ្ទ​ប្រសិន​បើ​ភិក្ខុ​ទាំង​ឡាយ​នេះ មាន​ការ​ប្រតិបត្ដិ​ដោយ​ប្រពៃ​ជា​ប្រក្រតី, លោក​នេះ​មិន​គប្បី​សូន្យ​ចាក​ព្រះអរហន្ដ​ទាំង​ឡាយ​ឡើយ” ។ បដិបត្ដិ មូលកំ មហារាជ សត្ថុ សាសនិ បដិបត្ដិយំ ធរន្ដេ តិដ្ឋតិ “បពិត្រ​មហារាជ សាសនា​របស់​ព្រះ​សាស្ដា​មាន​សេចក្ដី​ប្រតិបត្ដិ​ជា​ឫស​គល់ ឋិត​នៅ​ក្នុង​បុគ្គល​អ្នក​ទ្រង​ទ្រង់​សេចក្ដី​ប្រតិបត្ដិ” ។ ឯ​ពួក​ភិក្ខុ​ខាង​បរិយត្ដិ ក៏​នាំមក​សូត្រ​ដូច​ខាង​ក្រោម​នេះ​មក​ពោល​អាង​ថា៖

យាវ តិដ្ឋន្ដិ សុត្ដន្ដា វិនយោ យាវ ទិប្បតិ
តាវ ទក្ខន្ដិ អាលោកំ សុរិយេ អព្ដុដ្ឋិតេ យថា ។
សុត្ដន្ដេសុ អសន្ដេសុ បមុដ្ឋេ វិនយ្ហមិ ច
តមោ ភវិស្សតិ លោកស្ស សុរិយេ អដ្ឋង្គតេ យថា ។
សុត្ដន្តេ រក្ខិតេ សន្ដេ បដិបត្ដិ ហោតិ រក្ខិតា
បដិបត្ដិយំ ឋិតោ ធិរោ យោគក្ខេមា ន ធំសតីតិ ។

“ព្រះ​សូត្រ​ទាំង​ឡាយ​ឋិត​នៅ​ដរាប​ណា, ព្រះ​វិន័យ​នៅ​រុង​រឿង​ដរាប​ណា សត្វ​លោក​ក៏​អាច​នៅ​ឃើញ​ពន្លឺ​បាន​ដរាប​នោះ ដូច​ជា​ព្រះអាទិត្យ​ដែល​រះ​ខ្ពស់​ត្រ​ដែត​ឡើង ដូច្នោះ​ឯង​។ កាល​បើ​ព្រះសូត្រ​ទាំង​ឡាយ​មិន​មាន​ទាំង​ព្រះវិន័យ​ក៏​ភិក្ខុ​ភ្លេច​ភ្លាំង​អស់​ទៅ​ហើយ​ដែរ​, ងងឹត​អ័ព្ទ​​អន្ធការ​ក៏​នឹង​កើត​មាន​ដល់​សត្វ​លោក ដូច​ជា​ព្រះ​អាទិត្យ​ដែល​អស្ដង្គត​បាត់​ពន្លឺ ដូច្នោះ​ឯង​។ កាល​បើ​ភិក្ខុ​នៅ​រក្សា​ព្រះ​សូត្រ​បាន​នៅ​ឡើយ,សេចក្ដី​ប្រតិបត្ដិ ក៏​ឈ្មោះ​ថា​ជា​គុណ​ជាតិ ដែល​ភិក្ខុ​នៅ​រក្សា​បាន​ដែរ​, រី​ជន​អ្នក​ឋិត​នៅ​ក្នុង​សេចក្ដី​ប្រតិបត្ដិ រមែង​មិន​ខ្ចាត់​ឃ្លាត​ចាក​ធម៌​ជា​ដែន​ក្សេម​ចាក​យោគ​ឡើយ​”​។

កាល​​ពួក​​ភិក្ខុ​​ខាង​​បរិយត្ដិ នាំ​​យក​​ព្រះ​​សូត្រ​​មក​​សំដែង​​អាង​​ដូច្នេះ​​ហើយ, ពួក​​ភិក្ខុ​​ខាង​​ប្រតិបត្ដិ​​កាន់​​ធុតង្គ ក៏​​យល់​​ស្រប​​ជា​​មួយ​​គ្នា​​ហើយ​​នៅ​​ស្ងៀម​​។ សេចក្ដី​នេះ អដ្ឋកថា​​ចារ្យ​​បាន​​អធិប្បាយ​​បន្ថែម​​ដោយ​​សេចក្ដី​ប្រៀប​​ធៀប​​បំភ្លឺ​​ថា ហ្វូង​​គោ ដែល​​មាន​​សុទ្ធ​​តែ​​គោ​​បាន​​ទាំង​​រយ​​ទាំង​​ពាន់ កាល​​បើ​​មិន​​មាន​​មេ​គោ​​ជា​​សត្វ​​រក្សា​​តំណ​​បវេណី​​នៅ​​ក្នុង​​ហ្វូង​​គោ​បា​​នោះ​​ផង​​ទេ វង្ស​​បវេណី​​ឬ​​ពូជ​​គោ​​នោះ​​ឯង ក៏​​មុខ​​ជា​​នឹង​​ដាច់​​សូន្យ​​ទៅ​​យ៉ាង​​ណា​​មិញ​, សាសនា​​ក៏​​ដូ​ច្នោះ​​ដែរ​, ទោះ​​បី​​មាន​​ភិក្ខុ​​ច្រើន​​រូប​​ដល់​​រយ​​ពាន់​​ក៏​​ដោយ បើ​​សុទ្ធ​​តែ​​ជា​​អ្នក​​ប្រារព្ធ​​នូវ​​វិបស្សនា​​កម្មដ្ឋាន ធុតង្គ​រុក្ខ​មូល​​នៅ​​អាស្រ័យ​​ក្នុង​​ព្រៃ​, តែ​​បើ​​មិន​​មាន​​ភិក្ខុ​​អ្នក​​ទ្រទ្រង់​​បរិយត្ដិ​​ជា​​ពូជ​ទេ​​ ឬក៏​​បរិយត្ដិ​​អន្ដរ​ធាន​​ទៅ​​ដោយ​​ហេតុ​ណា​​មួយ​​ហើយ, ការ​​ចាក់​​ឆ្លុះ​​ឬ​​ការ​​ត្រាស់​​ដឹង​​នូវ​​អរិយមគ្គ​​អរិយ​​ផល ក៏​​ពុំ​​មាន​​ដែរ ព្រោះ​​មិន​​មាន​​បរិយត្ដិ​​ជា​​ច្បាប់​​សម្រាប់​​ចង្អុល​​បង្ហាញ​​ពន្យល់​​បំភ្លឺ​​ផ្លូវ​​ប្រតិបត្ដិ​​ឲ្យ​​ត្រឹម​​ត្រង់​​ទៅ​​បាន​។ ន័យ​​មួយ​​ទៀត លោក​​ប្រៀប​​ថា អក្សរ​​ដែល​​គេ​​ឆ្លាក់​ភ្ជាប់​​នៅ​​លើ​ផ្ទាំង​ថ្ម ដើម្បី​ជា​គ្រឿង​សំគាល់​ឲ្យ​ដឹង​នូវ​ទី​ដែល​មាន​ឆ្នាំង​កំណប់​ទ្រព្យ​ដែល​គេ​កប់​ទុក, ដរាប​ណា អក្សរ​ទាំង​នោះ នៅ​មិន​ទាន់​រលុប​រលាយ​បាត់​ទៅ​ទេ, ដរាប​នោះ ឆ្នាំង​កំណប់​ទ្រព្យ​នោះ ឈ្មោះ​ថា​មិន​ទាន់​វិនាស​បាត់​ទៅ​នៅ​ឡើយ​យ៉ាង​ណា​មិញ, ឯ​សាសនា​នេះ ក៏​យ៉ាង​នោះ​ឯង, បើ​បរិយត្ដិ​នៅ​មាន​ភិក្ខុ​ទ្រទ្រង់​សិក្សា​រៀន​សូត្រ​នៅ​ឡើយ ឬ​មិន​ទាន់​អន្ដរធាន​ដោយ​ហេតុណា​មួយ​ទេ សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ​ក៏​មិន​ទាន់​អន្ដរធាន​សាបសូន្យ​ទៅ​ដែរ ព្រោះ​អាស្រ័យ​បរិយត្ដិ​ជា​ប្រមាណ គឺ​បរិយត្ដិ​ជា​ឫស​គល់​របស់​សាសនា​ដូច​បាន​ពណ៌នា​មក​នេះ​ឯង​។

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s