សច្ចវាចា នាំអស់សត្តា ជៀសផុតនិរយេ

«សច្ចំ វេ អមតា វាចា ឯស​ធម្មោ​សនន្តនោ សច្ចេ អត្ថេ ច​ ធម្មេ ច​ អាហុ សន្តោ បតិដ្ឋិតា។» “ពាក្យ​ពិត​ជា​វាចា​មិន​ស្លាប់​ ពាក្យ​ពិត​នេះ​ជា​ធម៌​ គឺ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​តែង​សន្សំ​ហើយ​ក្នុង​កាល​មុន អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​ស្ថិត​នៅ​ក្នុង​សច្ចធម៌​ ព្រោះ​ធម៌​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង ដល់​បុគ្គល​ដទៃ​ផង តាម​ធម្មតា​ មិន​ប្រែ​ប្រួល​ឡើយ។”​

សត្វ​ទាំង​ឡាយ​ក្នុង​លោក​ បើ​គ្មាន​សច្ចៈ​ការ​ពិត​ត្រង់​ទេ​ តែង​តែ​ជួប​ប្រទះ​នឹង​គំនរ​សេចក្តី​ទុក្ខ​លំបាក​ជា​និច្ច ដូច​មាន​និទាន​មួយ​ក្នុង​រឿង​នេមិរាជ​ជាតក​ថា៖ មាន​នរក​មួយ​ឈ្មោះ​ កូដ​ការី សត្វ​ក្នុង​នរក​នោះ​ មាន​ពួក​នាយ​និរយបាល​យក​សន្ទូច​ដែក​មាន​ផ្លែ និង​ដង​ធំៗប៉ុន​ដើម​ត្នោត​ ថ្ពក់​កាវ​ទាញ​អណ្តាត​ យក​ទៅ​សន្ធឹង​លើ​ផ្ទាំង​ដែក​ដែល​មាន​ភ្លើង​ឆេះ​ក្រហម​ ដូច​ជា​គេ​បោះ​សន្ធឹង​ស្បែក​ស្រស់​ភ្ជាប់​លើ​ផែន​ដី។ សត្វ​នរក​នោះ​ឈឺ​ផ្សាអន្ទះ​អន្ទែង​ បម្រះ​ននៀល​យំ​ស្រែក​ ហូរ​ទឹក​មាត់​ ទឹក​ភ្នែក​សស្រាក់​ ឧបមា​ដូច​ជាត្រី​ដែល​គេ​ចាប់​ពី​ក្នុង​ទឹក បោះ​ទៅ​លើ​គោក។ នៅ​រង​ទុក្ខ​តែ​យ៉ាង​នេះ​រាប់​ពាន់​ម៉ឺន​ឆ្នាំ​ ពុំ​មាន​ពេល​ណា​មួយ​ដែល​សត្វ​នរក​នោះ​បាន​ស្រាក​ស្រាន្ត​ចាក​សេចក្តី​ទុក្ខ​នោះ​ឡើយ។

កម្ម​ដែល​នាំ​ឲ្យ​ធ្លាក់​នរក​នេះ​ មក​ពី​ជាតិ​មុន​ជា​មនុស្ស​គ្មាន​ពាក្យ​សច្ចៈ និយាយ​តម្លើង​ថ្ងៃ​ទំនិញ​ច្រើន​ហួស​ហេតុ​ មិន​សម​នឹង​វត្ថុ​របស់​ខ្លួន ព្រោះ​ឃើញ​ការ​ចំណេញ​ខ្លាំង​ពេក​, ដូច​មាន​និពន្ធ​ជា​គាថា​យ៉ាង​នេះ​ថាៈ

យេកេចិ សណ្ឋានគតមនុស្សា អគ្ឃេន អគ្ឃំ កយំ ហាបយន្តិ
កូដេន កូដំ ធនលាភេហតុ ឆន្ទំ យថា វារិចរំ វធាយ
នហិ កូដការិស្ស ភវន្តិ តាណា សកេហិ កម្មេហិ បុរក្ខិតស្ស
តេ លុទ្ធកម្មា បសវេតូ បាបំ តេមេ ជនា វង្កឃស្តា សយន្តិ។

សេចក្តីថាៈ បុគ្គល​បាន​វាយ​ថ្លៃ​លក់​របស់​ ហើយ​វាយ​ថ្លៃ​កោង​អាក្រក់​វៀច​វេរ​ព្រោះ​ហេតុ​ចង់​បាន​ទ្រព្យ​ ឯ​ពាក្យ​សំដី​ទន់​ភ្លន់​ផ្អែម​ពីរោះ​ដើម្បី​បិទ​បាំង​លាក់​អំពើ​កោង​វៀច​វេរ​របស់​ខ្លួន​ ដូច​ជា​មនុស្ស​ដែល​អែប​ខ្លួន​ពួន​ចាំ​បាញ់​សត្វ​ អ្នក​ដែល​អាក្រក់​វៀចវេរ​ដូច្នេះ​ រមែង​មិន​មាន​អ្វី​ពឹង​ផ្អែក​ កុំ​ឲ្យ​ធ្លាក់​នរក​បាន​ឡើយ​ កាល​បើ​ស្លាប់​ហើយ​ ក៏​តែង​តែ​ត្រូវ​សន្ទូច​ថ្ពក់​អណ្តាត​ក្នុង​នរក​នោះ​៕

[ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ត្រៃ​កូដ​ធម៌ រៀប​រៀង​ដោយ​ សម្តេច ​ព្រះ​មហា​ឃោសានន្ទ]

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ការ​ឆ្លើយ​តប​ចំនួន 4 ទៅ​កាន់ សច្ចវាចា នាំអស់សត្តា ជៀសផុតនិរយេ

  1. Lovepeehs05 ថា:

    ខ្ញុំព្រះករុណា ឆ្ងល់ថា ពាក្យពិត និង សេចក្តីស្មោះត្រង់ មានន័យដូចគ្នា ឬ ខុសគ្នាយ៉ាងណាដែរ ! បើយើងនិយាយពាក្យពិតមិនក្លែងក្លាយ តែបើយើងមានចិត្ត មិនស្មោះត្រង់នឹងគ្នា តើវាមានហេតុផល យ៉ាងណាដែរ ?

    • ចម្រើន​ពរ ពាក្យ​ពិត និង​សេចក្តី​ស្មោះ​ត្រង់ បើ​តាម​យោបល់​អាត្មា​គឺ​ដូច​គ្នា​ខ្លះ ខុស​គ្នា​ខ្លះ ដូច​គ្នាត្រង់ថា ការពោលពាក្យពិតនោះគឺ​មក​ពី​មាន​ចិត្ត​ស្មោះ​ត្រង់ក្នុង​ការ​និយាយ​រឿង​ពិត​​ហ្នឹង​ហើយ ​បើ​គ្មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុងការ​សំដែង​ការ​ពិត​ទេ គេ​មិន​អាច​និយាយ​ពាក្យ​ពិត​ចេញ​មក​បាន​ឡើយ​។ ចំ​ណែក​ឯ​ចិត្ត​ស្មោះ​ត្រង់​វិញ​មាន​វិសាល​ភាព​ជា​ង​ពាក្យ​ពិត​​​ទៅ​ទៀត ព្រោះមនុស្ស​កាល​បើ​មាន​ចិត្ត​ស្មោះ​ត្រង់​ហើយ​ ជា​មនុស្ស​ត្រង់​ មិន​មាន​ល្បិច​កល​បោក​បញ្ឆោត​ វៀច​វេរ​ក្នុង​ផ្លូវ​ដទៃ​ណា​មួយ​ឡើយ​ ឯ​ពាក្យ​ពិត​វិញ​ ជួន​កាល​កិច្ចការ​ខ្លះ​គេ​និយាយ​ពិត​បាន​ តែ​កិច្ច​ការ​ខ្លះ​គេ​អាច​ប្រើ​កលល្បិច​បោក​ប្រាស់​តាម​មធ្យោ​បាយ​ដទៃ​ទៀត ដូច​ជា​កុហក​តាម​ផ្លូវ​កាយ​ជាដើម។

  2. Lovepeehs05 ថា:

    សូមអរព្រះគុណ ដែលបានជួយបកស្រាយ !
    ខ្ញុំព្រះករុណា មានចម្ងល់បន្តរទៀត អំពីពាក្យ “ពិត” និង “សេចក្តីស្មោះត្រង់”

    ឧទាហរណ៍ៈ ពាក្យពិត គឺនិយាយតាមពាក្យ របស់គេ គេថាយ៉ាងម៉េច គាត់និយាយចឹង មិនអោយខុសទេ តែគាត់មិនខ្វល់ខុសត្រូវ ឬ ល្អអាក្រក់ឡើយ តើនិយាយចឹង ត្រឹមត្រូវដែរឬអត់ ?

    ឧទាហរណ៍ ទី២ សេចក្តីស្មោះត្រង់ គឺនិយាយតែពាក្យបានប្រយោជន៍ល្អ ហើយមិននិយាយពាក្យ អាក្រក់ឡើយ តើនិយាយចឹង គេហៅថាស្មោះត្រង់ឬក៏មិនពិត ​?

  3. ពរសាធុ! តាមពិតសេចក្តី ពិតត្រង់ គឺគ្របដណ្តប់ទៅលើពាក្យ ពិត ឯពាក្យពិតគឺគ្រាន់តែជាចំណែកមួយ នៃសេចក្តីពិតត្រង់តែប៉ុណ្ណោះ។ អ្នកនិយាយតាមពាក្យគេ បើពាក្យគេនោះមិនពិត អ្នកនោះក៏មានចំណែកខុសដែរ ទោះជាចម្លង ឬនិយាយតាមគេគ្រប់ម៉ាត់ ឥតមានបំផ្លើសយ៉ាងណាក៏ដោយ ព្រោះអ្នកដែលយកតាមពាក្យគេនោះ ដឹងថាពាក្យមិនពិតទៅហើយ តែមិនខ្វល់ចំពោះសេចក្តីនោះ ហើយថែមទាំងបំពានយកការមិនពិតនោះ ទៅនិយាយតទៀត។ ពាក្យពិតនេះ គឺសំដៅយកអ្វីដែលឃើញផ្ទាល់ភ្នែក ឮផ្ទាល់ត្រចៀក ហើយដឹងប្រាកដជាក់ ក្នុងចិត្តរបស់ខ្លួនហើយយកមកនិយាយ តាមអ្វីដែលខ្លួនឃើញ ខ្លួនដឹង ខ្លួនឮ ដោយមិនមានលាក់លៀម ឬ មួលបង្កាច់ បង្វែរការពិត។ ឯអ្នកដែលមានសេចក្តីស្មោះត្រង់នោះ គឺជាអ្នកដែលឈរលើចំណុចល្អទៅហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s