ធ្វើល្អធ្លាក់នរក ធ្វើអាក្រក់ឡើងឋានសួគ៌

ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​បង្រៀន​អំពី​កម្ម​ផល ល្អ​អាក្រក់ សុខទុក្ខ គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​កម្ម​ជា​បច្ច័យ​លៃ​ឲ្យ​កើត​ឡើង និង​បែង​ចែក​ទៅ​តាម​ប្រភេទ​នៃ​កម្ម ជា​កុសល ឬ​ជា​អកុសល​។ រឿង​កម្ម​ផល​នេះ​ជា រឿង​មួយ​ដែល​មាន​ការ​ស្មុគ​ស្មាញ ហើយ​ជា​រឿង​ដែល​មាន​ការ​ជជែក​វែក​ញែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ តាំង​ពី​អតីត​កាល​រហូត​ដល់​បច្ចុប្បន្ន ព្រោះ​រឿង​កម្មផល​ជា​រឿង​ដែល​ត្រូវ​ឈ្វេង​យល់​ដោយ​បញ្ញា​ចក្ខុ មិន​មែន​ជា​រឿង​ដែល​ត្រូវ​ឈ្វេង​យល់​ដោយ​មំស​ចក្ខុ​ឡើយ​។ អ្នក​ដែល​យក​បញ្ញា​ចក្ខុ​មក​ឈ្វេង​យល់ សិក្សា​​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ទើប​អស់​ការ​សង្ស័យ​ ហើយ​មិន​មាន​ការ​យល់​ខុស​ទៅ​លើ​អ្វី​ដែល​បាន​ឃើញ​ត្រឹម​តែ​នឹង​ភ្នែក​។ ចំណែក​អ្នក​ដែល​ប្រើ​មំសចក្ខុ​មក​សិក្សា​ឬ​សង្កេត​ពិនិត្យ​រឿង​នេះ តែង​តែ​មា​ន​ការ​យល់ច្រឡំ ឬ​យល់​ខុស​ពេល​ដែល​បាន​ជួប​នូវ​តថ​ភាព​សង្គម ឃើញ​ផ​ល​ផ្តល់​ឲ្យ​ខុស​ពី​សច្ច​ធម៌​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​។ ឃើញ​ដូច​ជា​បុគ្គល​ធ្វើ​អាក្រក់​តែង​តែ​បាន​ទទូល​យស​សក្តិ មាស​ប្រាក់ និង​ការ​គោរព​កោត​ក្រែង​លើក​តំកើង​ជា​ដើម កត្តា​នេះ​នាំ​ឲ្យ​មាន​ការ​យល់​ថា អ្នក​ធ្វើ​អាក្រក់​ទទួល​បាន​ផល​ល្អ ដោយ​ឃើញ​គេ​បាន​ដូច្នោះ​មែន​។ ត្រង់​កន្លែង​នេះ​ព្រះសម្មាសម្ពុទ្ធ​ក៏​ទ្រង់​បាន​សំដែង​ទុក​ដែរ​ថា “បាប​ពុំ​ទាន់​ឲ្យ​ផល​ដល់​កាល​ណា ពាល​គិត​ថា​បាប​នោះ​ផ្អែម​ដូច​ទឹក​ឃ្មុំ លុះ​បាប​ឲ្យ​ផល​ដល់​ប្រជុំ ពាល​រង​ទុក្ខធំ​ក្នុង​កាល​នោះ​”​។

នៅ​ក្នុង​សម័យ​ពុទ្ធកាល មាន​ពួក​មេ​លទ្ធិខ្លះ​បាន​បង្កើត​វាទៈ​ផ្សេង​ៗ​ទាក់​ទង​នឹង​កម្ម​ផល​តាម​ទស្សនៈមិច្ឆាទិដ្ឋិ​របស់​ខ្លួន រហូត​ដល់​មាន​វាទៈ​ថា អ្នក​ធ្វើ​ល្អ​ធ្លាក់​នរក ឯ​អ្នក​ធ្វើ​អាក្រក់​ឡើង​ឋាន​សួគ៌​។​ ទើប​មាន​សំណួរ​សួរ​ថា ចុះ​បុគ្គល​ធ្វើ​បាបដោយ កាយ វាចា ចិត្ត នឹង​បាន​ទៅ​កើត​ក្នុង​សុគតិ​ជា​និច្ច​ឬ​? ហើយ​បុគ្គល​ធ្វើ​បុណ្យ​ដោយ​កាយ វាចា ចិត្ត លុះ​ស្លាប់​ទៅ នឹង​ចូល​ទៅ​កាន់​ទុគ្គ​តិ​ជា​និច្ចឬ​? បើ​មិន​មែន​ទេ ព្រោះ​ហេតុ​អ្វី​?

ចម្លើយ​ចំពោះ​សំណួរ​នេះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​តប​ទៅ​ព្រះ​អានន្ទ​ថា “ម្នាល​អនន្ទ តថាគត​មិន​យល់​ស្រប​តាម​វាទៈ​របស់​សមណៈ ឬ ព្រាហ្មណ៍​ដែល​ពោល​យ៉ាង​នេះ​ថា បពិត្រ​លោក​អ្នក​ដ៏​ចម្រើន រី​កម្ម​ល្អ​មិន​មាន វិបាក​របស់​សុចរិត​មិន​មាន។ តែ​ចំពោះ​វាទៈ របស់​គេ​ដែល​ពោល​យ៉ាង​នេះ​ថា យើង​ខ្ញុំ​បាន​ឃើញ​បុគ្គល​នោះ​ដែល​វៀរ​ចាក​ស្រឡះ​ពី បាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ មុសាវាទ សុរាមេរយៈ មាន​ការ​យល់​ត្រូវ​ក្នុង​លោក​នេះ លុះ​អ្នក​នោះ​ស្លាប់​ទៅ​ហើយ ចូល​ទៅ​កាន់​អបាយ ទុគ្គតិ​វិនិបាត នរក យើង​ខ្ញុំ​ក៏​បាន​ឃើញ យ៉ាង​នេះ​តថាគត​យល់​ស្រប។​

“ចំណែក​វាទៈ​របស់​គេ​ដែល​ពោ​លយ៉ាង​នេះ​ថា លោក​អ្នក​ដ៏​ចម្រើន ជន​ណា​វៀរ​ចាក​ស្រឡះ​ពី បាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ មុសាវាទ សុរាមេរយៈ មាន​ការ​យល់​ត្រូវ​ក្នុង​លោក​នេះ លុះ​ស្លាប់​ទៅ​ហើយ រមែង​ចូល​ទៅ​កាន់​​អបាយ ទុគ្គតិវិនិបាត នរក ដូច្នេះ តថាគត​មិន​យល់​ស្រប​ទេ។

“សូម្បី​វាទៈ​របស់​គេ​ដែល​ពោល​យ៉ាង​នេះ​ថា ជន​ទាំង​ឡាយ​ណា​យល់​យ៉ាង​នេះ ជន​ទាំង​ឡាយ​នោះ​ឈ្មោះ​ថា​យល់​ត្រូវ ជន​ទាំង​ឡាយ​ណា​យល់​ក្នុង​ប្រការ​ដទៃ ការ​យល់រប​ស់​ជន​ទាំង​ឡាយ​នោះ​ខុស ដូច្នេះ តថាគត​ក៏​មិន​ទាន់​យល់​ស្រប​។

“សូម្បី​វាទៈ​របស់​គេ​ដែល​និយាយ​ទៅ​ហើយ​ដល់​រឿង​ដែល​គេ​ដឹង​ផ្ទាល់ ​ឃើញ​​ផ្ទាល់ ជ្រាប​ផ្ទាល់​នោះ​ឯង ក្នុង​ទី​នោះ​ៗ តាម​កម្លាំង​និង​ការ​ជឿ​ជាក់​ក្នុង​ចិត្ត​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ​ពិត​ ទាំង​នេះ​តថាគត​ក៏​មិន​ទាន់​យល់​ស្រប​។

“ម្នាលអានន្ទ បុគ្គល​ដែល​វៀរ​ដាច់​ស្រឡះ​ចាក បាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ មុសាវាទ សុរាមេរយៈ មាន​ការ​យល់​ត្រូវ​ក្នុង​លោក​នេះ ស្លាប់​ទៅ​ហើយ​ចូល​ទៅ​កាន់​អបាយ ទុគ្គតិ​វិនិបាត នរក នេះ​កើត​ឡើង​បាន​ព្រោះ​គេ​បាន​ធ្វើ​អំពើ​អាក្រក់​ដែល​ឲ្យ​ផល​ជា​ទុក្ខ ទុក​ពី​ក្នុង​កាល​មុន​ៗ ឬ​ក្នុង​កាល​ខាង​ក្រោយ ឬ​ថា ក្នុង​ពេល​ជិត​ស្លាប់​មាន​មិច្ឆាទិដ្ឋិ​បានគ្រប​សង្កត់​ហើយ ព្រោះ​ហេតុ​នោះ គេ​ស្លាប់​ទៅ​ទើប​ចូល​ទៅ​កាន់​អបាយ ទុគ្គតិ វិនិបាត នរក…។
(មាន​សំដែង​នៅ​ក្នុង សុត្តន្តបិដក មជ្ឈិមនិកាយ មហាកម្មវិភង្គសូត្រ ឧបរិបណ្ណាសក វិភង្គវគ្គ)

នេះ​ជា​ព្រះពុទ្ធ​ដីកា​ទ្រង់​សំដែង​បញ្ជាក់​ថា អ្នក​ដែល​ធ្វើ​ល្អ​ក្នុង​លោក​នេះ មិន​សុទ្ធ​តែ​ទទួល​បាន​ផល​ល្អភ្លាម​ៗ​ទេ ហើយ​អ្នក​ដែល​ធ្វើ​អាក្រក់​ក៏​មិន​សុទ្ធ​តែ​ទទួល​បាន​ផល​អាក្រក់​ទាន់​ភ្នែក​ទាំង​អស់​ដែរ​ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា អ្នក​ធ្វើ​ល្អ​បាន​ផល​ទុក្ខ​សោក រី​អ្នក​ធ្វើ​បាប​ស្មោកគ្រោក​បាន​ផល​សុខ​ចម្រើន នោះឡើយ។ មនុស្ស​អាក្រក់​ទទួល​បាន​សេចក្តីសុខក៏​ព្រោះ​តែ​ផល​នៃ​កុសល​ណា​មួយ​ពី​អតីតកាល​ផ្តល់​ឲ្យ ហើយ​សេចក្តី​សុខ​របស់​គេ​ក្នុង​បច្វុប្បន្ន​ក៏​មិន​មែន​ជា​សេចក្តី​សុខ​បរិសុទ្ធដែរ គេ​ត្រូវ​រស់​នៅ​ដោយ​ការ​ភិត​ភ័យ ខ្លាច​សព្វ​គ្រប់​បែប​យ៉ាង ពេល​យប់​ដេក​គិត​ស្ទើរ​បែក​ផ្សែង ពេល​ថ្ងៃ​ចំ​បែង​ស្ទើរ​ឆេះ​ជា​ភ្លើង។​

ម៉្យាង​ទៀត ពុទ្ធ​បរិស័ទ​មួយ​ចំនួន​ច្រើន​យល់​ច្រឡំ​ចំពោះ​រឿង​កម្ម​ផល​នេះ​ថា បើ​កម្ម​ចាស់​មាន​មក​យ៉ាង​ណា​ហើយ​គេច​មិន​ផុត​ឡើយ​ត្រូវ​តែ​ទទួល លុះ​មាន​រឿង​រ៉ាវ ឬ​បញ្ហា​អ្វី​មួយ​កើត​ឡើង​ក្នុង​ជីវិត​ក៏​មិន​គិត​រិះរក​វិធី​ដោះ​ស្រាយ គិត​ប្រឹង​តែ​កន្ទក់​កន្ទេញ​ត្អូញ​ត្អែ​តែ​ពី​រឿង​កម្ម “នេះ​ជា​កម្ម​ខ្ញុំ! ស៊ូ​ទ្រាំ​តាមកម្ម​ទៅ​ចុះ​!” យ៉ាង​នេះជាដើម។ គំនិត​​បែប​​នេះ​​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ជីវិត​គ្មាន​ការ​រីក​ចម្រើន​ទៅ​បាន​ ព្រោះ​ជា​គំនិត​អស់​សង្ឃឹម លែង​ចង់​ធ្វើ​អី ចាំ​ទទួល​តែ​ផល​កម្ម​តែ​ម៉្យាង។

កម្មចាស់ និង កម្មថ្មី ប្រៀប​បាន​ដូច​ជា​កង់​រទេះ កម្ម​ចាស់​ជា​កង់​ម្ខាង ឯ​កម្ម​ថ្មី​ជា​កង់​ម្ខាង បើរ​ទេះ​មាន​តែ​កង់​ម្ខាង មិន​អាច​បរ​ទៅ​មុខ​បាន​ឡើយ បើ​មាន​កម្ម​ចាស់​តែ​ខ្វះ​កម្ម​ថ្មី​គឺ​សេចក្តី​ព្យា​យាម​ជា​​ជំនួយ ក៏​កម្ម​ចាស់​នោះ​មិន​អាច​ឲ្យ​ផល​ឲ្យ​មាន​ប្រសិទ្ធិភាព​គ្រប់​កាល​ដែរ យ៉ាង​ណា​មិញ បើ​បុគ្គល​បាន​ធ្វើ​អកុសល​កម្ម​ពី​អតីត​កាល​មក ប៉ុន្តែ​ក្នុង​បច្ចុប្បន្ន​កាល​មាន​សេចក្តី​ព្យាយាម ខិត​ខំ​សាង​ល្អ ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត និង​ខំ​រក​ដំណោះ​ស្រាយ​ដើម្បី​រស់​នៅ​ជា​សុខ​នោះ ជីវិត​របស់​គេ​ក៏​នឹង​​រីក​​ចម្រើន​​ទៅ​​បាន​ដោយ​វិរិយភាព​របស់​គេ។ ចំណែក​អ្នក​ដែល​បាន​ធ្វើ​កុសលកម្ម ពី​អតីត​កាល​មក​ក៏​ដូច​គ្នា​ បើ​បច្ចុប្បន្ន​កាល​គ្មាន​ការ​ព្យាយាម​ទេ ក៏​នឹង​មិន​បាន​ទទួល​ផល​ល្អ​តាម​ការ​គួរ​ដែរ ព្រោះ​ថា សត្វ​ម្រឹគ​មិន​ដែល​រត់​ចូល​មាត់​រាជសីហ៍​ដែល​កំពុង​ដេក​សម្ងំ​សុខ​ស្រមុក​ក្នុង​គុហា​ឡើយ​។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, សំណួរចម្លើយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ការ​ឆ្លើយ​តប​ចំនួន 4 ទៅ​កាន់ ធ្វើល្អធ្លាក់នរក ធ្វើអាក្រក់ឡើងឋានសួគ៌

  1. Lovepeehs05 ថា:

    ធ្លាប់ឮសុភាសិតមួយនិយាយថាៈ
    កម្មំសត្តេ វិភជ្ជតិ ហីនប្បណី តតាយ (?) កម្មតែងចែកមនុស្សសត្វអោយថោកទាបនឹងថ្លៃថ្លា (?)
    សូមព្រះអង្គជួយបកស្រាយវែកញែកផងថា តើកម្មហ្នឹងវាចែកអោយថោកទាប និង ថ្លៃថ្លាយ៉ាងម៉េច ?

    • ចម្រើនពរ គ្រាន់​​តែ​ពាក្យ​ថា កម្ម​បែង​ចែក​សត្វ​ឲ្យ​ថោក​ទាប និង​ថ្លៃថ្លា​ប្រណីត​ប៉ុណ្ណឹង​ក៏​អាច​យល់​បាន​គ្រប់​គ្រាន់​ហើយដែរ​។ គឺ​បាន​ន័យ​ថា កុសលកម្ម ជា​កម្ម​ល្អ​ប្រណីត នាំ​សត្វ​ទៅ​កាន់​សេច​ក្តី​សុខ ឲ្យ​រស់​នៅ​ក្នុង​ឧត្តម​ភាព ចំណែក​អកុសល​កម្ម​ជា​កម្ម​ថោក​ទាប នាំ​សត្វ​ទៅ​កាន់​សេក្តី​ទុក្ខ​ ហីនភាព​។ មនុស្ស​នឹង​ទទួល​នូវ​សេចក្តី​សុខ ឬ​ទុក្ខ​គឺ​អាស្រ័យ​កម្ម​ជា​បច្ច័យ កម្ម​ជា​ផៅ​ពង្ស កម្មជា​អ្នក​បែង​ចែក ឯកម្មនោះមិនជាអ្វីឡើយ គឺជាអំពើដេលខ្លួនធ្វើនោះឯង។

  2. ចង់ដឹង ថា:

    ខ្ញុំកណាថ្វាយបង្គំគុណម្ចាស់!
    ចម្ងល់របស់ខ្ញុំកណា អ្នកមានអំណាច និងអ្នកគ្មាន សូមលើកករណីបឹងកក់ជា
    ឧទាហរណ៍ៈ បញ្ហារវាងអ្នកវាយធ្វើបាប និងពលរដ្ឋដែលទទួលរងគ្រោះ សុទ្ធ
    សឹងតែជាបច្ច័យរបស់កម្មឬយ៉ាងណាដែរទាន? សូមគុណម្ចាស់និមន្តពន្យល់
    ទាន!

    • ចម្រើនពរ ក្នុង​នាម​ដែល​ញោម​ជា​អ្នក​បាន​សិក្សា​ឈ្វេង​យល់​អំពី​កម្ម​ផល​ដែរ​នោះ តើ​ញោម​គិត​ដូច​ម្តេច​ចំពោះ​បញ្ហា​នេះ?​ បើ​មិន​មែន​​កម្ម​ជា​បច្ច័យ​ទេ តើ​ញោម​គិត​ថា​ជា​អ្វី​ទៅ​វិញ​?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s