ចរណៈ ១៥ យ៉ាង


វិជ្ជា៣ និង វិជ្ជា៨ត្រូវបានលើកយកមកនិយាយរួចហើយតាំងពីឆ្នាំមុន ដោយការឃ្លាតឆ្ងាយពី អាណាចក្រវ៉ឺដប្រេសមួយរយៈវែងធ្វើឲ្យមានការយឺតយូរ មិនបានបន្តនិយាយពីចរណៈ១៥ឲ្យ បានទាន់តាមតម្រូវការ។ ក្នុងអត្ថបទនេះនឹងលើកយកចរណៈ១៥របស់ព្រះសម្មាសម្ពុទ្ធមក និយាយជាបន្តទៅទៀត គ្រាន់បានជាឈ្នួននៃសតិបញ្ញាក្នុងការសិក្សារិះគិតតទៅ។

ចរណៈ ប្រែថា “ការប្រព្រឹត្ត, ការត្រាច់ទៅ ឬការដើរ” ។ ចរណៈនេះជាឈ្មោះបដិបទា របស់ព្រះពុទ្ធជាម្ចាស់ ឬ ពុទ្ធសាវ័ក ដែលព្រះអង្គមានចរណៈដ៏បរិបូណ៌ សំដៅយកការ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្តឥតមានបុគ្គលណាមួយ ចាប់ថ្នាក់ ចោទប្រកាន់ ក្នុងផ្លូវសីលធម៌ ឬ រង្កៀសចំពោះសេចក្តីប្រព្រឹត្តិព្រះអង្គបានឡើយ។ ចរណៈទាង១៥ ចែកចេញជា៣ពួកគឺ សីល ជាពួកទី១ សទ្ធម្ម ជាពួកទី២ ឈាន ជាពួកទី៣។

ពួកទី១ សីល
១-សីលសំវរៈ សង្រួមកាយវាចាតាមសិក្ខាបទនៃសីល។
២-ឥន្ទ្រិយសំវរៈ សង្រួមឥន្ទ្រិយទាំង ៦ បានដល់ ១-ចក្ខុន្ទ្រីយ គឺភ្នែក, ២-សោតិន្ទ្រិយ គឺត្រចៀក, ៣-ឃានិន្ទ្រិយ គឺច្រមុះ, ៤-ជីវ្ហិន្ទ្រិយ គឺអណ្តាត, ៥-កាយិន្ទ្រិយ គឺកាយ និង ៦-មនិន្ទ្រិយ គឺចិត្ត។
៣-ភោជនេ មត្តញ្ញុតា សេចក្តីដឹងប្រមាណក្នុងភោជន។
៤-ជាគរិយានុយោគៈ ប្រកបរឿយៗក្នុងការភ្ញាក់រលឹក។

ពួកទី២ សទ្ធម្ម ៧យ៉ាង
៥-សទ្ធា ការជឿហេតុផលដែលគួរជឿ។
៦-ហិរិ សេចក្តីខ្មាស់បាប។
៧-ឱតប្បៈ សេចក្តីតក់ស្លុតខ្លាចបាប។
៨-ពាហុសច្ចៈ ភាពជាអ្នករៀនសូត្រច្រើន។
៩-វីរយៈ សេចក្តីប្រឹងប្រែង។
១០-សតិ សេចក្តីរលឹកចាំបាន។
១១-បញ្ញា ការដឹងច្បាស់ទូទៅ។

ពួកទី៣ រូបជ្ឈាន
ពាក្យថា “ឈាន” ប្រែថា “ការដុតកំដៅនូវនីវរណៈ, ការពិនិត្យសម្លឹងនូវអារម្មណ៍” ដើម្បី បង្វឹកចិត្តទាល់តែកើត អប្បនាសមាធិជាលំដាប់ តាំងពីឈានថ្នាក់ទាបរហូតដល់ ថ្នាក់ខ្ពស់។

១២-បឋមជ្ឈាន ឈានទី ១ ប្រកបដោយអង្គ៥ គឺ ១-វិតក្កៈ សេចក្ដីនឹកសំដៅឆ្ពោះទៅរក អារម្មណ៍ដែលកំពុង ភាវនា។ ២-វិចារៈ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា។ ៣-បីតិ សេចក្ដីឆ្អែតចិត្ត ។ ៤-សុខៈ សេចក្ដីសប្បាយក្នុងចិត្ត។ ៥-ឯកគ្គតា ដំណើរមូលចិត្តស្លុងទៅ ក្នុងអារម្មណ៍តែមួយ។

១៣-ទុតិយជ្ឈាន ឈានទី២ ប្រកបដោយអង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា។ លះនូវវិតក្កៈ និង វិចារៈ។
១៤-តតិយជ្ឈាន ឈានទី ៣ ប្រកបដោយអង្គ២ គឺសុខៈ ឯកគ្គតា។ លះវិតក្កៈ វិចារៈ និង បីតិ ។
១៥-ចតុត្ថជ្ឈាន ឈានទី៤ ប្រកបដោយអង្គ២ គឺ ឯកគ្គតា និង ឧបេក្ខា។ លះវិតក្កៈ វិចារៈ បីតិ និង សុខៈ។

ឈានទាំងបួនថ្នាក់នេះ ហៅថា រូបជ្ឈាន ជាឈានមានរូបធម៌ជាអារម្មណ៍រាប់បញ្ចូល ក្នុងរូបាវចរភូមិ ។ បុគ្គលអ្នកចម្រើនភាវនា បានសម្រេចផ្លូវឈាន សូម្បីត្រឹមតែ បឋមជ្ឈានប៉ុណ្ណោះ ក៏ជួបប្រទះសេចក្ដីសុខសប្បាយធម្មតា ឆ្ងាញ់ពិសាជាងរសជាតិអ្វីៗ ទាំង អស់។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បរិបូណ៌ដោយចរណៈទាំង១៥នេះឥតមានខ្វះចន្លោះត្រង់ណាឡើយ។

សិក្សាពាក្យ
រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ ។
អប្បនាសមាធិ (អ័ប-ប៉ៈ ន៉ា–) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គឈានពេញបរិបូរ ។
រូបភព (រូប៉ៈភប់) កន្លែងកើតនៃរូបព្រហ្ម។
រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅ ក្នុងរូបភព ។
រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ, ទី ឬថ្នាក់របស់រូបាវចរ ។
ឥន្ទ្រិយ ឬ ឥន្ទ្រីយ៍ (អិន-ទ្រី)ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាពឬគុណសម្បត្តិរបស់ព្រះឥន្រ្ទឬដែលជាប់ទាក់ទងអំពីព្រះ ឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទឬប្រសាទរូប : សង្រួម ឥន្រ្ទិយ ប្រុងប្រយ័ត្នអាយតនៈខាងក្នុងមានភ្នែកជាដើម។ ឥន្រ្ទិយ សព្ទនេះមានន័យច្រើនយ៉ាងណាស់, ព. ពុ. ប្រាប់ថាអ្វីដែលជាធំ តាមមុខតាមនាទីរបស់ខ្លួនឬដែលមានបែបភាពផ្សេងដោយឡែកហៅថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះអាយតនៈខាងក្នុងទាំង ៦ នេះជាធំក្នុងការទទួល អារម្មណ៍តាមនាទីរបស់ខ្លួន ជាជំនួសគ្នាពុំបាន) ។ (វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)
សិក្ខាបទ (–បត់) ចំណែក, មាត្រារបស់សីលឬរបស់វិន័យ ។
នីវរណៈ = ធម៌ដែលជាគ្រឿងរារាំងចិត្តមិនឲ្យបានសម្រេចសេចក្តីល្អ ហៅថា នីវរណធម៌ មាន ៥យ៉ាងគឺៈ
១- កាមច្ឆន្ទៈស្រឡាញ់ចូលចិត្តក្នុងអារម្មណ៍មានរូបជាដើម ដែលជាទីគាប់ចិត្ត។
២- ព្យាបាទៈ ចងចិត្តគំនុំគុំគួនអ្នកដទៃ។
៣- ថីនមិទ្ធៈ ដំណើរដែលចិត្តរុញថយ និងដំណើរងុយងោកងក់។
៤- ឧទ្ធច្ចកុកុក្កុច្ចៈ (អ៊ុត-ធាច់ចៈ – កុកកុច ចៈ) ដំណើរដែលចិត្តរាយមាយនិងរសាប់រសល់។
៥- វិចិកិច្ឆា សេចក្តីសង្ស័យមិនចេះដាច់ស្រេច។

About Saloeurm Savath

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to ចរណៈ ១៥ យ៉ាង

  1. Pich Makara ថា:

    Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
    Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN. AGAIN! Keep doing excellence job i strongly support you!

  2. Pingback: គុណលើលោកិយ ពុំមានគុណអ្វីស្មើនឹងពុទ្ធគុណ | គេហទំព័រព្រះពុទ្ធសាសនាខ្មែរ

  3. Lovepeehs05 ថា:

    ខ្ញុំព្រះករុណា មានចម្ងល់ខ្លះៗ នៅក្នុងចរណៈ ១៥ ៖

    ពួកទីមួយៈ អំពីសីល ត្រង់ខទី ៤ ប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក ។ អត់យល់ ភ្ញាក់រលឹករឿងអ្វីទៅ ព្រះអង្គ ? ហើយចង់បានការបកប្រែ បន្តិចដែរ រឿងសីលហ្នឹង ប្រហែលជាមិនតែរឿងសង្រួមមួយមុខទេ ឬ យ៉ាងណាដែរ ព្រះអង្គ ?

    ពួកទីពីរៈ សទ្ធម្មៈ ព្រះអង្គអត់បានបកប្រែទេ ចឹងបានខ្ញុំព្រះករុណាអត់យល់ បានត្រិះរិះពិចារណាដែរ តែនៅតែមិនយល់ច្បាស់ ប្រហែលជាចង់និយាយរឿង ការអោយទាន ធ្វើទាន ហើយមើលទៅ តែចំណុច ឬ ខទី ៦ ដល់ ១១ អត់យល់ ម៉េចបានជាប់ទាក់ទងដែរ, ព្រះអង្គ ?

បញ្ចេញមតិ