ទ្រង់ធ្វើទុក្ករកិរិយា

ក្រោយពីបួសហើយព្រះមហាពោធិសត្វសង្រួមឥន្ទ្រីយ៍ត្រាច់ចរបិណ្ឌបាតបានភត្តាហារល្មមហើយក៏យាង
ចាករាជធានី ទៅកាន់ញកភ្នំបណ្ឌវៈ គង់ប្រារព្ធសោយភត្តដោយបដិកូលសញ្ញា ពួករាជបុរសបាន
ឃើញហើយ ក៏នាំដំណឹងទៅថ្វាយព្រះរាជា (ព្រះបាទពិម្ពិសារ)។

ព្រះរាជាជ្រាបហើយក៏យាងទៅកាន់ញកភ្នំនោះ រួចសាកសួរអំពីជាតិត្រកូល ព្រះមហាបុរសក៏
ថ្វាយ ព្រះពរគ្រប់ប្រការ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ហើយក៏ស្នើសុំឲ្យព្រះមហាបុរសសោយ
រាជ្យពាក់កណ្តាលនៅក្នុងនគរមគធរដ្ឋ តែព្រះពោធិសត្វមិនព្រមទទួល។ ព្រះរាជាក៏មាន
សំណូមពរថា បើទ្រង់បានត្រាស់ដឹងពេលណា សូមព្រះអង្គយាងមកប្រោសខ្ញុំព្រះករុណាជា
ញោមមុនគេ។ ព្រះមហាបុរសយល់ព្រម ទើបព្រះរាជាយាងចូលព្រះនគរវិញទៅ។

បន្ទាប់មកព្រះមហាបុរសក៏យាងចាកញកភ្នំទៅកាន់អាស្រមបទរបស់អាឡារតាបសកាលាមគោត្ត
ដែលជាគ្រូ មានកិត្តិស័ព្ទដ៏ល្បីល្បាញ ជាតាបសឥសីស្ទាត់ជំនាញខាងត្រៃវេទនាសម័យនោះ។
ក្នុងសំណាក់អាឡារតាបស ព្រះមហាបុរសបានសិក្សារៀនសូត្រ រហូតបានសម្រេចសមាបត្តិ៧គឺ
រូបជ្ឍាន៤ អរូបជ្ឍាន៣ ទើបស្តេចយាងទៅសិក្សា ក្នុងសំណាក់តាបសឧទករាមគោត្តបន្ត។ ក្នុងសំ
ណាក់តាបសនេះ ព្រះអង្គបានសម្រេចសមាបត្តិទាំង៨ ក៏យល់ឃើញថា ចេះធម៌ត្រឹមសមាបត្តិ ៨
នេះមិនទាន់អាច នាំសត្វឲ្យឆ្លងផុតលោកបានឡើយ។ ទើបព្រះបរមពោធិសត្វ សួរដេញដោលរក
លោកុត្តរធម៌ តែឧទកតាបសឆ្លើយមិនរួច។ ចុងក្រោយទ្រង់ក៏សម្រេចព្រះទ័យចេញស្វែងរកធម៌
ត្រាស់ដឹងដើម្បីឆ្លងលោក នៅឯឧរុវេលនិគមស្មឹងស្មាធិ៍ស្មារតីត្រិះរិះរកសម្មាសម្ពោធិញ្ញាណតែ
មួយព្រះអង្គឯង។

មកដល់ឧរុវេលនិគម ព្រះបរមពោធិសត្វ ក៏ចាប់ប្រតិបត្តិនូវអត្តកិលមត្ថានុយោគ ជាតបវិធីខាងការ
អប់រំផ្លូវកាយដែលពួកនិគ្រន្ថតិរ្ថីយ៍ តែងចាត់ទុកថាជាវិធីដ៏ប្រសើរ អាចនាំសត្វឲ្យសម្រេចនូវ
មោក្ខធម៌បាន។ តបវិធីនេះមាន ឈរជើងមួយចំហៀងរហូត ឈរ ដេក ឬដើរលើបន្លាស្រួច
បរិភោគអាហារមានផ្លែឈើ សំបកឈើ សារាយស្មៅ ក៏ព្រះអង្គសាកល្បងសោយ។ ព្រះអង្គយកសំពត់រុំខ្មោចមកធ្វើជាសំពត់ចីពររុំដណ្តប់ខ្លួន យកស្បូវស្គា ស្លឹកឈើមកក្រងគ្រប ដណ្តប់កាយឬយកស្បែកសត្វស្លាប់ក៏មាន បណ្តោយឲ្យល្អងធូលីប្រឡាក់បែកស្រកាមិនស្រង់ទឹក ជួនកាលគេចចេញពីមនុស្សមិនឲ្យជួប។ នៅរដូវរងាទឹកកកធ្លាក់ ពេលយប់ចេញមកនៅកណ្តាល
វាល ពេលថ្ងៃចូលទៅក្នុងព្រៃជ្រៅ ផ្ទំជាមួយ សាកសព ពេលកំពុងភាវនាធម៌ពួកក្មេងគង្វាលគោ
នាំគ្នាមកស្រែកលេងដាក់ត្រចៀក បាញ់នោមដាក់ បាចល្អងធូលីដីខ្សាច់ដាក់ យកមែកឈើមក
ត្បារត្រចៀកព្រះអង្គលេង ព្រះអង្គតែងអត់ទ្រាំមិនក្រោធ ខឹង។ ធ្វើតបវិធីបែបនេះតាមការនិយម
ក្នុងសម័យនោះក៏នៅតែមិន អាចសម្រេចនូវបរមសុខ ទើបចាប់ ផ្តើមធ្វើទារុណកម្មខ្លួនតាមវិធីថ្មី
បន្តទៀតគឺៈ

១- យកធ្មេញលើ ខាំជាប់ធ្មេញក្រោម យកអណ្តាតទល់នឹងពិតានក្រអូមមាត់ មិនកម្រើក។
២- អត់ដង្ហើមរហូតដល់ស្ទះ ស្ទើរប្រកាច់ ទើបដកដង្ហើមវិញ រួចអត់ដង្ហើមបន្តទៀត។
៣- បន្ថយអាហារបន្តិចម្តងៗ រហូតលែងសោយសោះ ដោយនៅអង្គុយស្ងៀម សរីរាង្គកាយ
កាន់តែស្គម ទៅៗ សល់តែស្បែកដណ្តប់ឆ្អឹង គល់រោមសព្វសារពាង្គកាយពុករង្គោះជ្រុះ
ជួនកាលដួលស្រប៉ាបលើ ផែនដីដូចមនុស្សស្លាប់ តែទ្រង់នៅតែខាំសង្កត់ធ្មេញអត់ដង្ហើម
សោយទុក្ខលំបាក ក៏ព្រះទ័យមិនរវើរវាយ មានស្មារតីតាំងមាំនៅដដែល។

ប្រតិបត្តិនូវមហាបធានបែបនេះ ក៏នៅតែរាវរកធម៌ឆ្លងលោកមិនឃើញទៀត ទើបព្រះបរមពោធិ
សត្វ ចាប់ពិចារណាឡើងវិញ អំពីកាមសុខល្លិកានុយោគ គឺជាកាមសុខសម្បត្តិដែលព្រះអង្គ
ធ្លាប់បានសោយកាលនៅក្នុងព្រះបរមរាជវាំង គឺមិនជាផ្លូវឆ្ពោះទៅរកបរមសុខពិតប្រាកដនោះ
ឡើយ គឺជាលោកិយសុខ រមែងតែងតែលាយឡំដោយទុក្ខ តែក៏មិន បានធ្វើឲ្យកាយចិត្តលំបាក
ទុក្ខធំហួសហេតុនោះក៏ទេដែរ។

ពេលអនុវត្តនូវទុក្ករកិរិយាតាមបែបអត្តកិលមត្ថានុយោគវិធី ធ្វើឲ្យកាយលំបាកហួសប្រមាណ
រហូតស្ទើរបាត់បង់ជីវិត ក៏នៅតែរកមិនឃើញផ្លូវដើម្បីសម្រេចបរមសុខបាន។ នៅពេលព្រះបរម
ពោធិសត្វពិចារណាឃើញច្បាស់នូវអន្តធម៌ទាំងពីរ គឺកាមសុខល្លិកានុយោគ ១ ជាវិធីធូររលុង
បំផុត ឯអត្តកិលមថានុយោគ ទុក្ករកិរិយា១ ក៏ដឹងថាជាការប្រតិបត្តិអោនថយ ជាវិធីតឹងបំផុត។
ឆ្លងកាត់នូវបទពិសោធទាំងពីរ គឺការបំប៉នកាយ បំប៉នចិត្តដោយនូវកាមសុខសម្បតិ្ត និងការលះ
បង់កាមសុខសម្បត្តិទាំងស្រុងមកធ្វើទុក្ករកិរិយា ជាមិច្ឆាទិដ្ឋិ គឺការប្រតិបត្តិខុស ទើបទ្រង់សម្រេច
ព្រះទ័យយកការអប់រំកាយសម្បទា អប់រំតាមបែបកណ្តាលវិញ ដោយកំណត់យក បញ្ញាជាកត្តា
ចម្បង (បញ្ញាធិក) ក៏ចាប់សោយ។

កាលសម័យដែលព្រះបរមពោធិសត្វកំពុងធ្វើទុក្ករកិរិយានោះ កោណ្ឌញ្ញព្រាហ្មណ៍ ដែលក្មេងជាង
គេព្រម ទាំងកូនរបស់ព្រាហ្មណ៍៤ នាក់ ដែលជាអ្នកទាយមហាបុរិសលក្ខណៈថ្វាយព្រះអង្គ ក៏បាន
ចេញទៅបួស តាមបំរើព្រះអង្គតាមបណ្តាំរបស់បិតាខ្លួន ទាំង៥នាក់នេះ ក្រោយមកហៅថា
បញ្ចវគ្គីយ៍ភិក្ខុនោះ។ បញ្ចវគ្គីយ៍ទាំង៥អង្គនេះ កាលឃើញព្រះមហាបុរសសោយភត្តាហារឡើង
វិញ ក៏អស់សង្ឃឹមថា មិនអាចត្រាស់ដឹងបាន ក៏រត់ចោលព្រះអង្គទៅរស់នៅក្នុងព្រៃឥសិបតនមិគ
ទាយវន័ ទៀបក្រុងពារាណសី រដ្ឋកាសី។

ពន្យល់ពាក្យ

បដិកូលសញ្ញា (ប៉ៈ-ដិ-កូ-លៈសញ្ញា) = សំគាល់ថាជារបស់គួរខ្ពើម។ ក្នុងសេចក្តីនេះបានន័យថា ព្រះអង្គទ្រង់សោយភត្តាហារដោយមិនមានចិត្តជាប់ជំពាក់ក្នុងរសថាឆ្ងាញ់ឬមិនឆ្ងាញ់ គឺគ្រាន់តែសោយ ទ្រទ្រង់រាងកាយដើម្បីប្រតិបត្តិធម៌។
អាឡារតាបសកាលាមគោត្ត (អាឡា-រៈ-តាបស-កាឡា-មៈ-គោត) = ឈ្មោះតាបសឥសី។
ឧទករាមគោត្ត (ឧ-ទៈ-កៈ-រា-មៈ-គោត) = ឈ្មោះតាបសឥសី។
ត្រៃវេទ = ឈ្មោះវិជ្ជាបីយ៉ាងក្នុងសាសនាព្រាហ្មណ៍, វេទ បានន័យថា ចំណេះដឹងឬ វិជ្ជា, ត្រៃ បានន័យថា បី។
សមាបត្តិ = ការបានសម្រេច, ជាឈ្មោះនៃថ្នាក់វិជ្ជាដែលបុគ្គលបានសម្រេចខាងផ្នែកសមាធិ។
តបវិធី (តៈ-បៈ-វិធី) = ការប្រព្រឹត្តកាន់វត្តតឹងដើម្បីធ្វើចិត្តឲ្យស្ងប់។ វិធីដុតកម្លោចកិលេសឲ្យរីងស្ងួត។
ឈាន = ការសម្លឹងអារម្មណ៍ដែលជាអប្បនាសមាធិ ឧ. ចូលឈាន ចម្រើនឈាន។
រូបជ្ឍាន (រូ-ប៉ាច់-ឈាន) = ឈានមានរូបធម៌ជាអារម្មណ៍, ឈានដែលជារូបាវចរ។
អរូបជ្ឍាន (អៈ-រូ-ប៉ាច់-ឈាន) = ឈានមានអរូបធម៌ជាអារម្មណ៍, ឈានដែលជាអរូបាវចរ។
ទុក្ករកិរិយា (ទុក-កៈរ៉ៈកិរ៉ិយា) = អំពើយ៉ាងកម្រ, ដំណើរធ្វើកិច្ចដែលអ្នកទាំងពួងធ្វើបានដោយកម្រ។
អត្តកិលមថានុយោគ (អាត់-តៈ-កិ-ល៉ៈ-ម៉ៈ-ថានុយោគ) = ការប្រកបព្យាយាមតឹងហួសពេក ឲ្យនឿយលំបាកខ្លួន ឥតផលប្រយោជន៍។
កាមសុខល្លិកានុយោគ (កា-មៈ-សុ-ខាល់-លិកានុយោគ) = ការប្រកបរឿយៗក្នុងកាមសុខ, ការប្រព្រឹត្ត ជាប់ចិត្តចំពោះកាមសុខ។
សម្មាសម្ពោធិញ្ញាណ = ប្រាជ្ញាជ្រាបច្បាស់ដោយប្រពៃ, ញាណដែលធ្វើឲ្យត្រាស់ដឹងជាព្រះសម្មាម្ពុទ្ធ។
អន្តធម៌ (អន់-តៈ-ធម៌) = ធម៌លាមកឬធម៌អមខាង បានដល់ កាមសុខល្លិកានុយោគ និង អត្តកិលមថានុយោគ។
លោកុត្តរធម៌ (លោ-កុត្តៈរ៉ៈ-ធម៌) = ធម៌ដែលឆ្លងផុតលោក គឺធម៌ដែលនាំសត្វឲ្យផុតពីវដ្តសង្សារ។
និគ្រន្ថតិរ្ថីយ៍ (និគ្រន់-ដេរ-ថី) = បព្វជិពួកមួយបួសក្រៅសាសនា ប្រកាន់លទ្ធិថាខ្លួនជាមនុស្សកំចាត់កិលេស ដែលចាក់ស្រេះនៅក្នុង សន្តានជ្រះអស់ហើយ។ ជួនកាលហៅថា និគ្រន្ថអន្យតិរិ្ថយ (និគ្រន់-អន់-ដេរ-ថី)។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះពុទ្ធ, ព្រះពុទ្ធសាសនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s