បុព្វហេតុអរិយធម៌

scan0001
ពេលព្រះសុរិយាជ្រៀងជ្រេរហៀបនឹងអស្តង្គតនាថ្ងៃមួយ សម្តេចព្រអសង្ឃរាជជួន ណាត
ព្រះង្គទ្រង់គង់ក្នុង ទីលាន អាស្រមមនោរមសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតវត្ត
កំណើតនៃព្រះអង្គសម្តេច ទ្រង់យាង សន្សឹមៗទតមើលដំណាំផ្សេងៗ ដែលព្រះអង្គបានដាំពី
អាទិត្យមុន។ ព្រះកាយវិការនេះសមដូចពុទ្ធភាសិត មួយបានចែងថា៖
១-អនត្ថំ បរិវជ្ជេតិ អត្ថំ គណ្ហាតិ បណ្ឌិតោ ។ បណ្ឌិតរមែងវៀរការដែលមិនមាន ប្រយោជន៍ កាន់
យកតែការដែលមានប្រយោជន៍ ។
តាមពិត សម្តេចតាំងពីយុវវ័យមិនដែលបង្ហើរពេលវេលាចោលឡើយ បើព្រះអង្គមិនធ្វើធម៌
ក៏ព្រះ អង្គធ្វើកិច្ចការអក្សរសាស្ត្រ ឬ កិច្ចការសាធារណៈដែរ មិនមែនព្រះអង្គយាងទៅអាស្រម
មនោរម ដើម្បីក្រសាលព្រះ ទ័យដូចជាជនធម្មតាឡើយ ។ ព្រះអង្គតែងយកព្រះរាជហឫទ័យទុកដាក់នឹងបញ្ហាទឹកសម្រាប់អ្នកស្រុកនៅ ទីនោះ ។
អាស្រ័យដូច្នេះ ហើយ ទើបព្រះអង្គជីកស្រះដ៏ធំល្វឹងល្វើយ គួរជាទីត្រេកត្រអាលនៃមនុស្សលោក។
ក្នុងពេលព្រះអង្គកំពុងទតមើលទម្រង់ស្រះ មានកុមារម្នាក់ឈ្មោះគង់-សំផល ដើរឱនៗ
តម្រង់ទៅ រកព្រះ អង្គ ។ ពេលនោះសម្តេចក៏បន្លឺព្រះសូរសីហនាថថា៖
-«ម្នាលចៅប្រុស មកទីនេះមានកិច្ចការអ្វីដែរ?»
កុមារសំផល ក្រោយពីក្រាបថ្វាយបង្គំហើយ ក៏លើកដៃប្រណម្យឆ្លើយតបទៅកាន់ព្រះនរបតី
ដោយ សំលេងថ្នមៗ ៖
– « ក្រាបទូលសម្តេចដ៏ចំរើន ទូលព្រះបង្គំមកនេះ ដោយមានការងឿងឆ្ងល់សម្បើមណាស់
ហើយ ជជែកគ្នាមិនដាច់ស្រេចសោះព្រះអង្គ ។
– ឆ្ងល់រឿងអ្វីចៅប្រុសថាមកមើល៍!
​ ភ្លាមនេះកុមារក៏ក្រាបទូល៖
– « បពិត្រសម្តេចដ៏ជាទីគោរព! ទូលព្រះបង្គំឆ្ងល់ថា តើបុព្វហេតុនៃអរិយធម៌ខ្មែរ មកពីអ្វីទៅ
ព្រះអង្គ? » សំ ណួរនេះ ញ៉ាំងព្រះចិន្តាព្រះអង្គឲ្យសោមនស្សក្រៃលែង ហើយទ្រង់តប៖
-សាធុ! សាធុចៅ! ចៅឯងចង់ចេះចង់ដឹងដូច្នេះ តាត្រេកអរណាស់ តាមិនចង់ឃើញមនុស្ស
ល្ងង់ខ្លៅ ឡើយ មិនចង់ជួបមនុស្សក្រល្ហេមល្ហាម គឺចង់ឲ្យមានចំណេះមានទ្រព្យល្មមចាយវាយ
ដូចគ្នា ព្រោះ យើងជាមនុស្ស ដូចគ្នា…។
ចៅ! បុព្វហេតុនៃអិរយធម៌ខ្មែរនេះ គ្មានមកពីណាក្រៅពីសាសនាឡើយ ។ សាសនាបាននាំ
មកនូវ ផលប្រយោជន៍ច្រើនណាស់ដល់មនុស្សលោកយើងនេះ ។ នែ! ចៅស្តាប់បានឬទេ? បើមិន
បានកុំ លាក់លៀម ប្រាប់លោកតាចុះ លោកតានឹងពន្យល់ឯងឲ្យស្គាល់យ៉ាងច្បាស់លាស់ឲ្យអស់
ការ សង្ស័យណាចៅប្រុស!»
« ពេលនោះសំផលកុមារមានចិត្តរីកហើយក្រាបបង្គំទូលព្រះអង្គវិញ ៖
– «ព្រះករុណាថ្លៃវិសេស! ទូលព្រះបង្គំអស់សង្ស័យហើយ តែខ្ញុំព្រះអង្គខ្លាចភ្លេចទៅថ្ងៃមុខទៀត
ព្រោះ សតិ របស់ខ្ញុំព្រះករុណាទន់ខ្សោយណាស់ទានប្រោស!
– មិនអីទេចៅ! បើឯងខ្លាចភ្លេចឬស្រពេចស្រពិល គួរចៅទៅរកមេរៀនប្រវត្តិអក្សរសាស្ត្ររបស់
ព្រះវិរិយបណ្ឌិតោ ភិក្ខុប៉ាង-ខាត់ដែលបង្រៀនពួកនិស្សិតនៃវិជ្ជាឋានអប់រំខាងអក្សរសាស្ត្រមកអាន
និងទុកជា ឯកសារទៅ ព្រោះលោកជាអ្នកស្រាវជ្រាវមួយដ៏ចំណានមិនអាចកាត់តម្លៃបានទេ…
ណ្ហើយបើចៅអស់ ការហើយ គួរត្រឡប់ទៅវិញចុះ ហើយខិតខំរៀនសូត្រឲ្យមែនទែន… ទាន់វ័យ
ក្មេងខ្ចីដើម្បីញ៉ាំងជីវភាព ចៅឲ្យថ្លៃថ្នូរ នឹងគេ! ចូរចំរើន!
– « សាធុ! ព្រះអង្គដ៏មានបុណ្យ! សែនសប្បាយចិត្តណាស់ ដែលបានកើតមកជួបនឹងព្រះ អង្គមាន
ព្រះ ទ័យប្រោសប្រណីជនល្ងិងល្ងង់ឥតរើសមុខឬពេលវេលាដូច្នេះ ខ្ញុំព្រះករុណានឹងទៅរកឯកសារ
នោះ មកទុកប្រចាំគ្រួសារមិនខាន…ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលាសិនហើយ…។
-អើទៅចុះចៅប្រុស! អានច្រើនចំរើនវិជ្ជា!
ក្រោយពេលសំផលកុមារចេញផុតទៅ សម្តេចព្រះសង្ឃរាជជាទីគោរពនៃយើងរាល់គ្នាព្រះអង្គ សេ្តចយាងចូលអាស្រមមនោរមវិញ ដើម្បីពិនិត្យពាក្យថ្មីដែលព្រះអង្គបម្រុងនឹង បន្ថែមនៅក្នុងវចនានុ
ក្រមខ្មែរទៀត ។
ចំណែកគង់-សំផល កុមារ ក៏បានធ្វើដំណើរទៅកាន់គេហដ្ឋានវិញដោយសុវត្ថិភាព ។ ប៉ុន្មានថ្ងៃ
បន្ទាប់មក កុមារនេះបានទទួលមេរៀនប្រវត្តិអក្សរសាស្ត្ររបស់ព្រះភក្ខុ ប៉ាង-ខាត់ ដូចក្តី បំណងមែន។ កុមារអានបណ្តើរញញឹមបណ្តើរដោយពេញចិត្តរបស់ខ្លួនពេក ។ អត្ថន័យនៃមេរៀន នោះមានសេចក្តី ៖
ក្នុងការសិក្សាអរិយធម៌ យើងគួរស្គាល់បុព្វហេតុដែលនាំឲ្យកើតអរិយធម៌នេះឡើង ។ អ្នកបា្រជ្ញទូទៅ
តែង មានសេចក្តីយល់ថាអរិយធម៌គ្រប់ប្រការតែងកើតមកពីសាសនា ។ សាសនាបុរាណដូចជាសាសនា
ឥសិប៊ត៍បាឡូនី ហេព្រឺ ប៉ាស៊ី ឬ សាសនាធំៗ មានសាសនាព្រាហ្មណ៍ ពុទ្ធសាសនា សាសនាគ្រិស្ត
សាសនាឥស្លាមប៉ុណ្ណេះជាដើម សុទ្ធតែជាថ្នាលបណ្តុះវិជ្ជាគ្រប់ប្រការដែលជាមួលហេតុអោយកើត
អរិយធម៌ឡើងក្នុងលោក។
​ ប្រទេសទាំងឡាយដែលមានសេចក្តីរីចំរើនលូតលាស់ឡើងក៏ព្រោះតែមានវិជ្ជាសាសនាជាដើមចម។
អ្នក ប្រវត្តិសាស្ត្រជប៉ុនម្នាក់បានពោលសរសើរទុកថា៖ ពុទ្ធសាសនាបាននាំសេចក្តីចំរើនមកឲ្យប្រទេស
ជប៉ុន ។ ស្ថាបត្យកម្ម សិល្បកម្ម ហត្ថកម្ម ឧស្សាហកម្ម រហូតទៅដល់តូរ្យតន្ត្រីមានប៉ុណ្ណេះជាដើម សុទ្ធតែ
កើតឡើង ដោយអាស្រ័យពុទ្ធសាសនា ។ ដូច្នេះ យើងគួរចូលចិត្តថា ពុទ្ធសាសនាមិនមែនមានតំលៃចំពោះ
តែការប្រតិបត្តិតាមផ្លូវចិត្តតែប៉ុណ្ណោះទេ មានតម្លៃដល់ការជឿនលឿនទៅមុខនៃអរិយធម៌ខាងផ្លូវលោកគ្រប់
ផ្នែកទៀតផង។
សេចក្តីពិត វិជ្ជាសាសនាមានតម្លៃខ្ពង់ខ្ពស់ណាស់ សមគួរដល់យើងគ្រប់គ្នាហ៊ានលះបង់ពេលវេលាសប្បាយ
ដើម្បីខំសិក្សា ព្រោះជារឿងដែលប្រដៅមនុស្សឲ្យកើតធម្មចរិយាប្រពៃណីល្អ ទំនៀមទម្លាប់ល្អ នាំឲ្យបន្ទោរបង់
ក្តីទុក្ខហើយនាំឲ្យមានក្តីសុខក្សេមក្សាន្ត ពោលគឺវិជ្ជាសាសនា ជាប្រទីអុជទ្រោលបំភ្លឺលោកមើលផ្លូវដើរក្នុង
ជីវិតគ្រប់ៗគ្នា ហើយគេចកុំឲ្យប៉ះទង្គិចគ្នា ឲ្យចេះតែបានក្តីសុខចំរុងចំរើនជាមួយគ្នារអឹករអឺនរឿយរហូតទៅនៅនា
ពេលងងឹតនេះ ។ តម្លៃសាសនាដូចបានពោលនេះ អ្នកប្រាជ្ញរ៉ាប់រងទូទៅ ហើយអ្នកផងក៏បានដឹងហើយដែរថា
តម្លៃនេះមិនមែនមានតែប៉ុណ្ណេះទេ មានច្រើនលើសលប់នឹងគណនាត្រារាប់ឲ្យអស់ជើងតទៅទៀត គឺមានសេចក្តី
ចំរើនគ្រប់ប្រការរបស់មនុស្សលោកសព្វថ្ងៃនេះសុទ្ធតែកើតចេញមកពីសាសនាទាំងអស់ ។ សូម្បីតែពេទ្យសាស្រ្ត
ដែលគេច្រើនតែចូលចិត្តថាជារបស់ថ្មីក៏ដោយ ក៏នៅមានការទាក់ទងពីសាសនា ព្រោះវិជ្ជាផ្នែកនេះបានកើតមក
ពីអ្នកគន់គិតខាងសាសនាច្រើនអ្នកដែរ។
សាសនាជាថ្នាលបណ្តុះការសិក្សា ព្រោះមានតែវិជ្ជាមួយនេះទេនៅក្នុងលោក គឺវិជ្ជាសាសនា ដែលមនុស្ស
លោកចូលចិត្តជួញរវល់បំផុតតាំងពីបុរាណកាលនាយមក ។ ទីឋានសាសនាគ្រប់សាសនាដូច វត្តអារាមនៅ
ប្រទេសខ្មែរយើងជាដើម ជាបឋមសាលា គឺសាលាដើមបំផុតនៃពិភពលោក ជាមន្ទីរព្យា បាលរោគដើមបំផុតនៃ
ពិភពលោក មើលរោគល្ងង់ខ្លៅគឺអវិជ្ជា បំបើកភ្នែកខ្វាក់មនុស្សលោក គឺអោយ មានវិជ្ជាមើលឃើញ
សេចក្តីពិតរបស់លោកមើលរោគរាងកាយ ឯលោកគ្រូដើមគឺអ្នកបួសក្នុង សាសនា ព្យាបានទទេ បង្រៀនទទេ ។
មួយទៀត សាសនាជាសង្គមដើមនៃមនុស្សលោក ជាទីឋាន ជួបជុំសន្ទនាគ្នាសំរាប់ផ្លាស់ប្តូរសេចក្តីយល់ឃើញ
ទៅវិញទៅមក ជា រមណីយដ្ឋានបន្ទោរបង់សេចក្តី ទុក្ខក្តៅក្រហាយ ជាវិជ្ជាឋានបណ្តុះវិជ្ជាគ្រប់ប្រភេទ មានវិជ្ជាឋានស្ថាបត្យកម្មជាដើម ព្រោះមនុស្ស ត្រូវការសំណង់ល្អវិសេសឆើតឆាយ សម្រាប់ទុកជាជម្រកអ្នក
ដែលខ្លួនគួរគោរពបូជា ។ រួមសេចក្តីខ្លីទីឋានសាសនា ជាវិជ្ជាឋាននាំអោយកើតការរចនាដ៏វិសេស សោភណភាព
ដ៏ប្រណីតបញ្ចង់ គឺការ លម្អឥតខ្ចោះគ្រប់ប្រការ ។
នៅប្រទេសខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាម៉ឹងម៉ាត់មួយ យើងបានឃើញអរិយធម៌ដែលកើត ចេញពីសាសនាយ៉ាងច្បាស់លាស់ ។ ដូចជាប្រាង្គប្រាសាទរាជដ្ឋាននៅទីឋានមហានគរជាដើម នៅ ប្រទេសដទៃទៀតដូចជាប្រទេសឥស៊ិបគ៍ ប្រទេសឥណ្ឌា ប្រទេសចិនជាដើមក៏អ្នក ផងបានឃើញ អរិយធម៌ដែលកើតចេញពីសាសនាពិតប្រាកដដែរ ពោលងាយៗ គឺកាលដើមមិនមានមន្ទីរពេទ្យ
វត្តជាមន្ទីរពេទ្យ ។ល។ ឯឬសគល់សង្គមខ្មែរពីបូរាណក៏កើតចេញពីសាសនាដែរ ។ ដោយហេតុនេះ វិជ្ជា សាសនាមានតម្លៃនឹងកាត់ថ្លៃពុំបាន ព្រោះជាមេអរិយធម៌ទូទៅ ។

«សៀវភៅទស្សនៈសម្តេចព្រះសង្ឃរាជ ជួន ណាត»

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in វប្បធម៌ទូទៅ and tagged , , . Bookmark the permalink.

20 Responses to បុព្វហេតុអរិយធម៌

  1. ចង់ដឹងណាស់ និយាយថា៖

    កុណាថ្វាយបង្គំ
    ក្នុងអត្ថបទនេះ ពិតជាចង់បញ្ជាក់ថាហេតុដែលបណ្ដាលឲ្យកើត
    មានឡើងអរិយធម៌ គឺបានលិចចេញមកពីសាសនា។​
    ចំពោះបញ្ហាដែលខ្មែរកាន់ព្រះសាសនាស្ទើរតែ៩៥% ហេតុដូច
    នៅតែមានអ្នកបា្រជ្ញមួយចំនួនពោលថា ” មកពីខ្មែរកាន់ពុទ្ធ
    សាសនា ទើបខ្មែរហិនហោចខ្លោចផ្សាដូច្នេះ រហូតធ្វើឲ្យប្រទេស
    ជិតខាងចូលមកឈ្លានពានងាយស្រួលទៀតផង។ ដូចដែលបាន
    រាយរាប់ខាងលើនេះ តើព្រះតេជគុណយល់ដូចម្ដេចដែរ?

    • ចំរើនពរបងរីករាយ!​ សូមអភ័យទោសចំពោះការយឺតយូរក្នុងការឆ្លើយតប។
      សំនួររបស់ញោមពិតជាល្អប្រសើរណាស់ ហើយសំនួរនេះតែងតែមានការ
      ចាប់អារម្មណ៍និងសាកសួរគ្នាជាញឹកញាប់ ។ អាត្មាមិនដឹងថាអ្នកប្រាជ្ញណា
      ដែលចោទប្រកាន់មកលើព្រះពុទ្ធសាសនាយ៉ាងនេះទេ ហើយក៏មិនដឹងជា
      ប្រាជ្ញរបៀបណាដែរ ។ តាមពិតព្រះពុទ្ធសាសនាប្រៀនប្រដៅមនុស្សអោយ
      ចេះរស់នៅក្នុងសន្តិភាពនិងសេចក្តីចំរើនក្នុងជីវិតក៏ដូចជាក្នុងសង្គម អោយមនុស្ស
      ចេះមានបញ្ញាក្នុងការការពារខ្លួននិងថែរក្សានូវអ្វីដែលត្រូវរក្សា លះនូវអ្វីដែលត្រូវលះ។
      ព្រះពុទ្ធសាសនាមិនដែលប្រដៅមនុស្សអោយធ្វេសប្រហែសទេ ឬបំផ្លិចបំផ្លាញនោះទេ
      ដូចពុទ្ធភាសិតទ្រង់សំដែងថា បមាទោ មច្ចុនោ បទំ សេចក្តីប្រមាទគឺជាផ្លូវនៃ
      សេចក្តីស្លាប់។ អញ្ចឹងគ្រាន់តែពុទ្ធភាសិតនេះមួយឃើញថាស្ទើរតែគ្រប់គ្រាន់ទៅហើយ
      ក្នុងការដាស់តឿនអោយមនុស្សមានការប្រុងប្រយ័ត្ន ការពារ និងថែរក្សា។​ សេចក្តីប្រមាទ
      នេះមានន័យថាការធ្វេសប្រហែស។ បើបុគ្គលធ្វេសប្រហែស បុគ្គលនោះឈ្មោះថាជាអ្នក
      ស្លាប់ អ្នកចុះចាញ់ អ្នកបាត់បង់ និងហិនហោច។ ហើយមានពាក្យប្រៀនប្រដៅជាច្រើនទៀត
      ទាក់ទងនឹងការគ្រប់គ្រងសង្គមឆ្ពោះទៅរកសេចក្តីចំរើន ។ រឿងសំខាន់គឺ តើអ្នកដឹកនាំខ្មែរ
      គ្រប់ជំនាន់មានយកពុទ្ធោវាទទៅអនុវត្តក្នុងការគ្រប់គ្រងប្រទេសដែរឬទេ? ឬមួយក៏គ្រាន់តែ
      យកឈ្មោះព្រះពុទ្ធសាសនាមកបាំងមុខធ្វើជាខែលបំភាន់ភ្នែកធ្វើប្រជាភិថុតដើម្បីប្រយោជន៍
      អ្វីមួយសំរាប់ខ្លួននិងបក្សពួកខ្លួន ឬអំណាចផ្ទាល់ខ្លួន? អាត្មាក្រែងតែចូលក្នុងបុរាណភាសិតមួយ
      កន្លែងដែលនិយាយាថា «ជាងមិនកើត បន្ទោសដែក» ។ សំណួរនេះអាត្មាគួរតែលើកគោល
      ពុទ្ធោវាទមកអោយបានច្រើនដើម្បីបញ្ជាក់ប៉ុន្តែចាំពេលក្រោយចុះពីព្រោះពេលនេះពេលវេលា
      តិចពេក ៕ សង្ឃឹមថាចំលើយដ៏ស្តួចស្តើងនេះអាចជាពន្លឺបានខ្លះក្នុងការឆ្លើយតបទៅនឹងប្រធាន
      បទដ៏ល្អនេះ៕​

      • បងរីករាយ និយាយថា៖

        អរព្រះគុណ​និង គុណ
        គុណម្ចាស់បានពន្យល់ច្បាស់លាស់ណាស់ទាន ប្រហែលលោក
        ជាងមិនកើត ទៅបន្ទោសដែកពិតមែន ។

        ចំពោះលោក Kaps សេចក្តីខាងដើមហាក់ដូចចាប់អារម្មណ៍ លុះ
        មកជិតចុងបញ្ចប់ គាត់សរសេរ ថាសូមគុណម្ចាស់ពិនិត្យពាក្យ
        ហ៊ុន ទៀន ខ្លាចច្រឡំហ៊ុន សែនទេដឹង ទៅជាធ្វើឲ្យអស់សំ
        ណើចទៅវិញ ឬក៏ឆ្លៀតជូនកូនកំប្លែង​ជួយបង្វែបរិយាកាស ជា
        ប្រវត្តិសាស្រ្តពិតជាមិនអាចកែក្រឡៃបានដាច់ខាត ៕

  2. បងរីករាយ និយាយថា៖

    ខ្ញុំព្រះករុណាសូមថ្វាយបង្គំ​និងជំរាបសួរ
    មុនហូរចូលមកពីប្រទេសឥណ្ឌា នូវព្រាហ្មណ៍សាសនា និង ពុទ្ធ
    សាសនា តើអាណាចក្រខ្មែរយើងមានអរិយធម៌ និង ជឿទៅលើ
    អ្វី ដែលជាសាសនារបស់ខ្មែរពិត ប្រសិនជាមាន ហេតុដូចម្ដេច
    មិនរក្សាការពាររហូតគង់វង់ដល់បច្ចុប្បន្ន បានជាទៅមានការហូរ
    ចូលនៃសាសនាធំទាំង២ ពោលគឺពា្រហ្មណ៍និង ពុទ្ធសាសនា
    ហ្នឹងឯង។

    • ចំរើនពរបងរីករាយ! ខ្មែយើងធ្លាប់មានអរិយធម៌ជំនឿសាសនាផ្ទាល់ខ្លួនពីដើមមក
      ដោយការគោរពចំពោះអារុក្ខអារក្សអ្នកតា ព្រៃភ្នំក្រំថ្មជាដើម ប៉ុន្តែក្រោយពីសាសនា
      ព្រាហ្មណ៍បានហូរចូលមក ខ្មែរយើងក៏បែមកកាន់ព្រហ្មញ្ញសាសនាដោយឃើញថា
      ព្រហ្មញ្ញសាសនាមានលក្ខណៈប្រាកដប្រជាជាង ម៉្យាងទៀតក្នុងកាលនោះមាន
      ឥទ្ធិពលដោយសារព្រះបាទហ៊ុន ទាន ដែលជាព្រះរាជាខ្មែរមកពីប្រទេសឥណ្ឌា
      ផងនោះទើបអោយព្រហ្មញ្ញសាសនាមានឥទ្ធិពលមកលើសង្គមខ្មែរយ៉ាងខ្លាំង ។
      ក្រោយពីព្រះពុទ្ធសាសនាចូលមក បុព្វបុរសខ្មែរបានបែរមកកាន់ព្រះពុទ្ធសាសនា
      ដោយសិក្សាយល់ឃើញថា ព្រះពុទ្ធសាសនាជាសាសនាប្រាកដនិយម ។ ប្រៀន
      ប្រដៅមនុស្សទៅតាមសភាវៈពិត ម្ល៉ោះហើយព្រះពុទ្ធសាសនាក៏ឈានមុខជាសាសនា
      គោលក្នុងប្រទេសខ្មែរជារៀងរហូតមក ៕ សូមអានបន្ថែក្នុងតំណភ្ជាប់នេះ

      • kaps... និយាយថា៖

        សូមថ្វាយបង្គុំព្រះភិក្ខុធម្មានន្ត និងជំរាបសួរលោកបងរីករាយ!

        ខ្ញុំព្រះករុណាខ្ញុំយល់ស្របជពោះព្រះអង្គក៏ដូចជាបងរីករាយដែរ តែ
        សូមបញ្ជាក់បន្ថែមនូវមូលហេតុដែលនាំឱ្យកើតអរិយធម៌ និងបងរីក រាយនិយាយថា សាសនាព្រះពុទ្ធបណ្តាលឱ្យងាយស្រួលដល់ខ្នាំង
        សត្រូវឈ្លានពានយកទឹកដីខ្មែរនិងធ្វើឱ្យខ្មែរក្ររហេមរហាមខ្លោចផ្សាររហូតមកដល់សព្វថ្ងៃ ហើយនិងសំនួរមួយទៀតថា ហេតុអ្វីបាន
        ជាសាសនាធំពីរគឺសាសនាព្រាហ្មនិងសាសនាព្រះពុទ្ធបាននាំចូល
        ស្រុកខ្មែរ។ ខ្ញុំព្រះករុណាខ្ញុំសូមធ្វើការវែកញែកដូចតទៅ៖

        ទី១-អរិយធម៌ៈ ហេតុផលដែលបណ្តាលឱ្យកើតអរិយធម៌ មាន៥
        យ៉ាងសំខាន់គឺ I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ បើមិនមានកត្តាសំខាន់៥យ៉ាងនេះទេ មិនអាចមានអរិយធម៌បានទេ រីឯព្រះពុទ្ធសាសនា ឬសាសនាៗលើ
        ពិភពលោកស្ថិតនៅជាមួយ វប្បធម៌ ពីព្រោះសាសនាសំដៅទៅលើ
        ការសិក្សាអបរំប្រដែរប្រដៅមនុស្សឱ្យធ្វើអំពើល្អ។

        ទី២-គេថាសាសនាព្រះពុទ្ធធ្វើឱ្យប្រទេសជាតិខ្មែរហិនហោចខ្លោច
        ផ្សារឬចុះអន់ថយ ពាក្យទាំងនេះ ឃ្លាទាំងនេះ ខ្ញុំព្រះករុណាខ្ញុំធ្លាប់
        បានមើលប៉ះប្រហែលជាក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់បណ្តិតត្រឹងងា ប្រហែលជាចំពូកទី១ មើលទៅ ហើយអ្នកដែលថានោះ ប្រ
        ហែលជាជនជាតិបារាំងមើលទៅ។ រឿងនេះវាសមដែរ ត្រង់ថា ព្រះពុទ្ធសាសនា មិនឱ្យសម្លាប់មនុស្ស មិនឱ្យធ្វើបាបគេ មិនឱ្យចង
        គំនំជាមួយគេ មិនឱ្យព្យាបាទឈ្នានិះគេ មិនឱ្យរករឿងគេនិងប៉ះ ពាល់គេជាដើម។ល។ ត្រង់នេះហើយបានជានិយាយថា សាសនា ព្រះពុទ្ធធ្វើឱ្យហិនហោចខ្លោចផ្សារស្រុកខ្មេរនោះ តើព្រះអង្គយល់
        ស្របទេ?

        ទី៣-រឿងដែលថា សាសនាខ្មែរជំនាន់ដើម ប្រកាន់ជំនឿជឿអរុក្ខ
        អារក្ស អ្នកតាព្រៃភ្នំក្រំថ្មនោះ ប្រហែលជាពិតមែន តែសាសនា
        ហ៊ីនឌូឬព្រហ្មញសាសនាក៏ជឿដូចខ្មេរយើងដែរ ខុសគ្នាត្រង់មាន
        ព្រះដែលមានឥទ្ធិពលខ្លាំងដូចជា ព្រះឥសូរ ព្រះវិស្នុ ជាដើម។

        ខាងក្រោមនេះ សូមព្រះអង្គស្រាវជ្រាវវែកញែកបន្តិចមើល អំពីរឿង
        ហ៊ុន ទៀន ខ្ញុំព្រះករុណាមិនច្បាស់ ហ៊ុន សែន ទេដឹង សូមព្រះអង្គ
        មើលឱ្យច្បាស់មើលខ្លាចច្រឡំ។ បើតាមខ្ញុំព្រះករុណា មើលតាម
        ដានប្រវត្តិសាស្រ្តមុងហ្គោល ឃើញមានគេដាក់ពួកជនជាតិហ៊ុន
        មួយក្រុមបានប្តូរទីកន្លែងមួយទៅទីកន្លែងមួយ មិនដឹងថាក្រុមហ៊ុន
        នោះជាហ៊ុនខាងណា សូមបញ្ជាក់ផងមើល!

      • ចំរើនពរញោម បើអ្នកប្រាជ្ញបារាំងគេថាអញ្ចឹងទៅហើយក៏អញ្ចឹងទៅចុះ ប្រហែលជាអ្នកប្រាជ្ញ
        នោះគេប្រសូតិចេញពីសាសនាផ្សេង ម៉្លោះហើយការវិនិច្ឆ័យរបស់គេតែងតែមានការលំអៀង ជារឿងធម្មតា ។ អាត្មាមិនមែនជាអ្នកប្រាជ្ញទេ សូម្បីតែព្រោកក៏មិនពូកែផង 😀 ប៉ន្តែត្រង់ចំណុចនេះអាត្មាមិនអាចទទួលយកបានទេ ។ ពិតមែនព្រះពុទ្ធសាសនាហាមមិន អោយមានការកាប់សម្លាប់ទេ តែញោមកុំភ្លេចថា ការធ្លាក់ចុះ ការបែកបាក់ ល្ហេមល្ហាម ព្រាត់ ប្រាស់គ្រួសារក្នុងប្រទេសខ្មែរ មិនមែនមកពីមិនសម្លាប់ទេ គឺមកពីការសម្លាប់ហ្នឹងហើយ ។ ញោមបើកមើលទំព័រប្រវត្តិសាស្ត្រខ្មែរយើងឲ្យបានច្បាស់មើល៍ មានទំព័រណាមួយដែលមិនប្រឡាក់ឈាមព្រោះតែការកាប់សម្លាប់គ្នាដើម្បីបំពេញមហិច្ឆិតា របស់ខ្លួន ? គឺមានតិចតួចណាស់ដែលមិនមានការបង្ហូរឈាមគ្នាដើម្បីផលប្រយោជន៍ផ្ទាល់
        ខ្លួន ។ អាត្មាមិនចង់ចូលជ្រៅទៅក្នុងរឿងនេះទេ ពីព្រោះមិនចង់មានឈ្មោះថាជាអ្នកមើល បំណាំបុព្វបុរសរបស់ខ្លួន ។ គ្រាន់តែចង់បញ្ជាក់ថា មិនមែនព្រះពុទ្ធសាសនាទេដែលធ្វើអោយ ប្រទេសខ្មែរចុះខ្សោយ ហិនហោចខ្លោចផ្សា។ នេះគឺមកពីចរិតខ្មែរ ដូចលោកប៊ុន ចាន់ម៉ុល បានសរសេរអញ្ចឹង ហើយសង្កេតមើលទៅគឺឃើញអញ្ចឹងមែន។ ចុះប្រទសខ្លះគេមិនបាន កាន់ព្រះពុទ្ធសាសនាដូចយើងផង ហើយគេក្រល្ហេមល្ហាមដូចយើងដែរនោះតើមកពីអ្វីដែរ? បើខុសឆ្គងលើសលស់ ប៉ះពាល់លើអស់លោកណា ក៏សូមមេត្តាខន្តីអភ័យទោស។ នេះមិន និយាយចំពោះបុគ្គលណាម្នាក់ទេ គឺនិយាយក្នុងលក្ខណៈទូទៅ ។

      • kaps... និយាយថា៖

        ខ្ញុំព្រះករុណាសូមអរព្រះគុណព្រះភិក្ខុធម្មានន្ត ដែលបានឆ្លើយនូវ
        សំនួររបស់បងរីករាយក៏ដូចជាខ្ញុំព្រះករុណាដែរ ពីព្រោះខ្ញុំព្រះករុ-
        ណា បានគាស់រកឫសគល់បន្ថែមនៃសំនួរ។

        ខ្ញុំព្រះករុណាក៏យល់ស្របតាមចម្លើយរបស់ព្រះអង្គដែរ ប៉ុន្តែបើតាម
        ខ្ញុំព្រះករុណាសង្កេតតាមដានមើល តាំងតែខ្ញុំព្រះករុណាបានប្រគល់
        ខ្លួនជាពុទ្ធបរិស័ទតាំងពីអាយុ៨ឆ្នាំមកទល់សព្វថ្ងៃនេះ ពុំដែលបានឮ
        និងឃើញសៀវភៅធម៌ណាមួយរបស់ព្រះសម្មាសម្ពុទ្ធចែងឱ្យព្រះ
        សង្ឃនិងពុទ្ធបរិស័ទទាំងឡាយនូវរបៀបការពារស្រុកទេសឬការពារ ខ្មាំងសត្រូវកុំឱ្យឈ្លានពាននោះទេ ហើយក៏មិនដែលបានឮបាន ឃើញព្រះសង្ឃនៅក្នុងវត្តបង្ហាត់ឬបង្រៀនព្រះសង្ឃនិងពុទ្ធបរិ-
        ស័ទនៅក្នុងវត្តដែរ។ និយាយរួមទៅខ្ញុំព្រះករុណាមិនដែលបាន
        ឃើញមានចែងក្នុងសៀវភៅណាមួយនោះទេ។ ឃើញតែធ្វើបាប
        បានបាប ធ្វើបុណ្យបានបុណ្យ បានន័យថា ធ្វើបុណ្យ បុណ្យនាំអ្នក
        ទាំងអស់គ្នាឱ្យឡើងឋានសួគ៌ បើអ្នកធ្វើបាប បាបនិងនាំអ្នកឱ្យចុះ
        នរក បើគេធ្វើបាបយើង យើងកុំធ្វើបាបគេ គេដែលធ្វើបាបយើង នោះគង់តែនិងទទួលបាបទេ តែយើងអត់បានដឹងថា ពេលណា
        វេលាណាដែលពួកគេដែលធ្វើបាបយើងនោះបានទទួលនោះទេ មិនដឹងគេនោះនិងទទួលបាបក្នុងរយៈ១ខែ ១ឆ្នាំ ១ទសវត្ស ១សតវត្ស ឬ១ជាតិ ២ជាតិនោះទេ គឺថាអត់មានការធានាសោះ។
        ដោយបញ្ហានេះហើយ ដែលធ្វើឱ្យខ្មាំងសត្រូវ មិនញញើតនិងវាយ
        ធ្វើបាបយើង ពីព្រោះផលបាបរបស់គេមិនហុចឱ្យភ្លាមៗនោះទេ។

        ខ្ញុំព្រះករុណាមើលមិនទាន់ឃើញមាន ព្រះសង្ឃចេញមុខជួយដោះ នូវវិបត្តិនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ របស់
        ប្រជាពលរដ្ឋនៅឡើយទេ តែសង្កត់ធ្ងន់ទៅលើតែក្នុងធម៌ព្រះពុទ្ធតែ
        ប៉ុណ្ណោះ ដូចជារៀបចំពិធីធ្វើបុណ្យធ្វើទានតែប៉ុណ្ណោះ គឺជំរុញប្រជា
        ពលរដ្ឋឱ្យចេះធ្វើបុណ្យធ្វើទាន។ល។ ខ្ញុំព្រះករុណាជឿថា ដើម្បីធ្វើ
        បុណ្យធ្វើទានឱ្យបានច្រើន លុះត្រាតែប្រជាពលរដ្ឋនោះគាត់មាន ហូប មានចុកគ្រប់គ្រាន់ ទើបអាចដំណើរការធ្វើបុណ្យធ្វើទានទៅ
        បានល្អប្រសើរបាន និងបានបុណ្យច្រើនបាន បើមិនដូច្នោះទេ ធ្វើឱ្យ
        ប្រជាពលរដ្ឋរិតតែក្រទៅក្រទៅ ហើយមិនបានបុណ្យទេ ប្រហែល ជាបាបរិតតែច្រើនឡើង។ល។

        ខ្ញុំព្រះករុណានិយាយនេះ ពុំមែនបាន័យថាបង្អាប់បន្តុះសាសនា នោះក៏ទេ តែចង់បានមានការកែរទម្រង់ខ្លះពីសាសនា ដើម្បីជួយ
        ស្ថាបនាជាតិខ្មែរឱ្យរិតតែបានល្អប្រសើរ និងរិតចំណងប្រជាពលរដ្ឋ
        ឱ្យរិតតែបានជិតស្និតគ្នាឡើងជាមួយជាតិនិងសាសនា។ល។

        ពាក្យគួរពុំគួរសូមព្រះអង្គអភ័យទោសនិងជួយកែរតម្រូវ!

        សូមអរព្រះគុណ!

      • ចំរើនពរញោម Kaps…អរគុណណាស់ដែលបានបកស្រាយបង្ហាញនូវភាពមិនសុខចិត្ត
        ដែលកប់នៅក្នុងដើមទ្រូងតាំងពីកុមារភាពអាយុ៨ឆ្នាំ ។ អាត្មាមិនបានប្រកាន់ទោសអូស
        ដំណើរអ្វីទេ ពីព្រោះមនុស្សយើងតែងមានគំហើញ គំនិត និងតម្រូវការខុសៗគ្នា ជារឿង
        ធម្មតាទេ ទោះបីទស្សនៈនោះជាវិជ្ជមាន ឬអវិជ្ជមានក៏ដោយ អោយតែក្នុងចេតនារិះគន់
        កែលំអ ដើម្បីសេចក្តីចំរើន គឺជារឿងដែលល្អជានិច្ច ។ ពិតមែនឫ? ព្រះសម្មាសម្ពុទ្ធទ្រង់
        មិនបានចែងពីរបៀបការពារប្រទេសជាតិមិនអោយសត្រូវខាងក្រៅខ្លួនចូលឈ្លានពាន?
        នៅក្នុងសេចក្តីព្យាយាម ៤យ៉ាងដែលហៅថា «បធានៈ» ព្រះអង្គទ្រង់ត្រាស់ប្រាប់អំពីការ
        ការពារសត្រូវក្នុងខ្លួនមិនអោយចូលបៀតបៀន សត្រូវក្នុងខ្លួនយើងនេះពិបាកការពារ
        ពិបាកយកឈ្នះជាងសត្រូវខាងក្រៅខ្លួនទៅទៀត ។ បធានៈទាំង ៤នោះគឺ៖
        ១-សំវរប្បធានៈ ព្យាយាមការពារមិនអោយអកុសល(អំពើអាក្រក់)ចូលមកក្នុងសន្តាន
        ២-បហានប្បធានៈ ព្យាយាមលះអកុសលគឺសេចក្តីអាក្រក់នោះអោយចេញពីខន្ធសន្តាន
        ៣-អនុរក្ខនាបធានៈ ព្យាយាមរក្សាកុសលគឺសេចក្តីល្អដែលខ្លួនខំកសាងមក
        ៤-ភាវនាបធានៈ ព្យាយាមញ៉ាំងសេចក្តីល្អអោយរឹតតែចម្រើនច្រើនឡើង ។
        នេះគឺជាអ្វីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដើម្បីជាវិធីការពារខ្មាំងសត្រូវនៅក្នុងខ្លួន
        ដើម្បីបាននូវសន្តិសុខគឺសុភមង្គលក្នុងចិត្ត ។ វិធីនេះ យើងអាចយកមកអនុវត្តដើម្បី
        ការពារប្រទេសជាតិ កសាងសន្តិសុខក្នុងសង្គម និងរក្សានូវបូរណភាពទឹកដីបានយ៉ាង
        ប្រសើរ គឺ ១- ព្យាយាមការពារមិនអោយសត្រូវចូលបៀតបៀនរុករានរំលោភអធិបតេយភាព
        របស់របស់ប្រទេស។ ២-ព្យាយាមតាមរកកំចាត់សត្រូវដែលបង្កប់ខ្លួននៅក្នុងប្រទេសដែល
        ធ្វើអោយសង្គមនិងប្រទេសជាតិកើតភាពវឹកវរ គ្មានសន្តិសុខ ប៉ះពាល់ដល់វឌ្ឍនភាពសង្គម។
        ៣-ព្យាយាមរក្សាសន្តិភាពនិងសន្តិសុខក្នុងប្រទេសដែលកំពុងមាន ។ ៤- ព្យាយាមអភិវឌ្ឈន៍
        ប្រទេសជាតិអោយរឹតតែមានភាពរីកចំរើនរុងរឿងតទៅទៀត។ នេះមិនមែនជាការមួលបង្កាច់
        ពុទ្ធដីកាទេ តែជាគំនិតច្នៃប្រឌិតជាវិជ្ជមានដើម្បីប្រើប្រាស់បង្កើតសេចក្តីសុខចំរើនក្នុងបច្ចុប្បន្ន។
        មានគោលធម៌ជាច្រើនទៀតដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់អោយចេះថែរក្សាការពារត្រកូល
        ក៏ដូចជាប្រទេសជាតិ ។ មានជាអាទិ៍ «ហេតុដែលនាំអោយវង្សត្រកូលគង់វង្សបានយូរ» «ប្រ
        យោជន៍ក្នុងបច្ចុប្បន្ន»ជាដើម ប៉ុន្តែអាត្មាសូមលើកទុកសិនចុះព្រោះសរសេរទៅកាន់តែច្រើន
        ទៅ។ ចំពោះរឿងដែលថា ព្រះសង្ឃធ្ងន់តែខាងធម៌ព្រះពុទ្ធនោះ មិនអោយព្រះសង្ឃធ្ងន់ទៅ
        ដូចម្តេចកើតបើព្រះសង្ឃបួសតាមព្រះពុទ្ធគឺត្រូវតែធ្ងន់តាមព្រះពុទ្ធអញ្ចឹងហើយ ។ 😀
        ត្រង់ចំណុចដែលថាញោមមិនដែលឮព្រះសង្ឃណាបង្រៀនអប់រំប្រដៅពីវិធីការពារប្រទេស
        និងមិនដែលឃើញព្រះសង្ឃណាចេញមុខជួយដោះស្រាយវិបត្តិនយោបាយ សេដ្ឋកិច។ល។
        និង។ល។ អាត្មាក៏មិនទាន់យល់ស្របដែរ ព្រះសង្ឃខ្មែរតែងតែចូលរួមផ្តល់គំនិតស្មារតីទាំងក្នុង
        ឆាកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ជាដើម គ្រប់កាលសម័យ តែនឹងអោយព្រះសង្ឃចូល
        អោយជ្រៅហួសព្រំដែនរបស់ខ្លួនក៏មិនបានដែរ ពីព្រោះក្រសួងនីមួយៗ គេមានអ្នកទទួលខុស
        ត្រូវអស់ហើយ។ អាត្មាធ្លាប់បានអាន បានស្តាប់ពីសំណាក់ព្រះសង្ឃដែលជាអ្នកប្រាជ្ញល្បីៗ
        ដូចជា សម្តេចព្រះសង្ឃរាជជួន ណាត ព្រះតេជគុណប៉ាង ខាត់ ព្រះតេជគុណខៀវ ជុំ និងអ្នក
        ប្រាជ្ញដទៃទៀត ទ្រឹស្តីប្រៀនប្រដៅដែលព្រះអង្គសំដែងធម៌ ឬសរសេរ សុទ្ធតែដាស់តឿនកូន
        ខ្មែរអោយចេះស្រលាញ់ខ្លួន ស្រឡាញ់ជាតិ ព្យាយាមសិក្សារៀនសូត្រដើម្បីអភិវឌ្ឍខ្លួននិង
        ប្រទេសជាតិអោយបានរីកចម្រើន ជាដើម ។ នេះមិនមែនមានន័យថា អោយចេះការពារប្រទេស
        ជាតិទេឬ? ញោមអាចរកសៀវភៅ«សកលចិន្តា» របស់ព្រះតេជគុណ ធម្មបាល ខៀវ ជុំ មកអាន
        បានដើម្បីអោយដឹងថាព្រះសង្ឃខ្មែរមានគិតគូរនូវរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ដែរអត់។
        ចំណុចមួយទៀតដូចបងរីករាយបាននិយាយហើយពីរឿងអាចារ្យហែម ជាវ នោះមិនមែនជាព្រះ
        សង្ឃទេ រឺ? ខំតស៊ូតាំងតែពីនៅជាសង្ឃរហូតគេអោយសឹក នោះព្រោះតែអ្វីដែរ? នោះជាវីរកម្ម
        កម្មដែលកូនខ្មែរគ្រប់ជំនាន់គប្បីដឹងនិងចងចាំ ។ សូមអរគុណម្តងទៀតដែលញោមបានលើកប្រធាន
        បទនេះឡើង។

      • បងរីករាយ និយាយថា៖

        ខ្ញុំព្រះករុណាសូមថ្វាយបង្គំ ជំរាបសួរ លោក Kaps
        សង្ឃឹមថាយើងឈានដល់ទីបញ្ចប់ចំពោះការសន្ទនាស្ដីអំពី “បុព្វហេតុអរិយធម៌” ។

        ពិតណាស់ការអធិប្បាយត្រូវប្រកបទៅដោយមតិស្របនិងផ្ទុយដើម្បីធ្វើឲ្យអ្នកអានកាន់តែមានអារម្មណ៍ចង់បន្តតាមដាន​ ហើយ
        ឆ្ងល់ចេះតែចង់ដឹងទៅលើការពិភាក្សានោះ ។ ពិនិត្យទៅនឹងសំ
        នួរចំឡើយរបស់លោក Kaps វិញ អាចជាការមួយសំខាន់
        ណាស់​ តើព្រះសង្ឃក្រៅអំពីព្រះធម៌ មានសកម្មភាពអ្វីខ្លះដែល
        ជួយដល់សង្គមជាតិ ។

        ចំណែកឯចម្លើយគុណម្ចាស់ធម្មានន្នវិញព្រមជាទេព្យកោសលគ្មានចន្លោះឃើញថាភ្លាមៗទាន់ចិត្តហើយក៏សមរមតាមលក្ខណៈព្រះពុទ្ធសាសនា។

        ខ្ញុំព្រះករុណាមានសេចក្តីពេញចិត្តជាអនេកចំពោះការថ្លឹងថ្លែង
        មតិគុណម្ចាស់ ក៏ដូចជាសំនួររបស់លោកKaps សម្រាប់ឲ្យយើង
        ពិចារណានិងស្គាល់ហេតុផលពិតបា្រកដ ទាក់ទងទៅលើ
        សកម្មភាពរបស់ព្រះសង្ឃជាមួយគ្រហស្ថក្នុងជីវភាពប្រចាំថ្ងៃ
        នៃសង្គមខ្មែរយើងនាអតីតក៏ដូចបច្ចុប្បន្ន​ ៕
        សូមអរព្រះគុណ និង គុណ

  3. ម៉ន និយាយថា៖

    បើគេវាយប្រហារមកលើយើង តើនាមជាអ្នកកាន់សាសនាព្រះពុទ្ធអាចវាយប្រហារទៅលើគេវិញទេ ?

    • ចំរើនពរ ព្រះពុទ្ធសាសនាមិនមែនប្រដៅមនុស្សអោយនៅស្ងៀមបណ្តោយអោយគេវាយប្រហារ
      តាមអំពើចិត្តដោយមិនគិតរកមធ្យោបាយទប់ទល់ការពារខ្លួននោះទេ ។ វៀវលែងតែព្រះអរហន្ត
      ទាំងឡាយដែលលោកអស់កិលេសតណ្ហា ពីក្នុងខន្ធសន្តានហើយទើបព្រះអង្គមិនតបតចំពោះការ
      វាយប្រហាររបស់សំណាក់ជនដែលតាំងខ្លួនជាបច្ចាមិត្តរបស់ពុទ្ធសាសនា ប៉ុន្តែក្នុងនោះ ព្រះអរហន្ត មានព្រះសម្មាសម្ពុទ្ធជាដើម ព្រះអង្គក៏ទ្រង់មិនៅស្ងៀមដែ តែព្រះអង្គមានវិធីតបត
      ដោយធ្វើយ៉ាងណាអោយជនជាបច្ចាមិត្តនោះក្លាយជាមិត្ត មានសម្មាទិដ្ឋិ​ លះបង់នូវអំពើអាក្រក់
      ផ្សេងៗ ។ មានរឿងជាច្រើនដែលព្រះសម្មាសម្ពុទ្ធទ្រង់ផ្ចាញ់ជនដែលមានបំណងចង់បៀត
      បៀនព្រះអង្គ ទីបំផុតអ្នកទាំងនោះក៏ប្រគល់កាយថ្វាយខ្លួនដើរតាមព្រះពុទ្ធោវាទ ។ តែការ
      តបតរបស់ព្រះសម្មាសម្ពុទ្ធ មិនមែនដោយវិធីកាប់សម្លាប់ឬគម្រាមកំហែងសត្រូវរបស់ព្រះ
      អង្គនោះទេ គឺព្រះអង្គប្រើបញ្ញានិងបារមីរបស់ព្រះអង្គអោយគេចុះចូលដោយសន្តិវិធី ។

      ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនាក៏មានកាតព្វកិច្ចការពារខ្លួន ជាតិ និងទឹកដីរបស់ខ្លួនដែរ
      ដើម្បីសេរីភាពនៅក្នុងជីវលោកនេះ ។ យើងអាចប្រើគ្រប់មធ្យោបាយ ធ្វើយ៉ាងណាដើម្បី
      ថែរក្សាអធិបតីភាពរបស់ខ្លួនឲ្យបានស្ថិតស្ថេរ ។ យើងមិនមែនទៅបៀតបៀនវាយប្រហារ
      គេទេ គឺយើងការពារ រក្សា «បាលីពោលថា​ អារក្ខសម្បទា គឺការដល់ព្រមដោយការរក្សា»។
      -នៅសម័ពុទ្ធកាល ព្រះបាទបសេនទិកោសល ជាព្រះរាជាដែលគោរពស្និទ្ធចំពោះព្រះ
      សម្មាសម្ពុទ្ធ ព្រះនៅតែមានទាហានការពារព្រះនគររបស់ព្រះអង្គអោយប្រជានុរាស្ត្រ
      រស់នៅដោយសន្តិភាពប្រកបដោយសន្តិសុខបរិបូណ៌ មិនមានសត្រូវណាហ៊ានយាយី។
      -សម័យព្រះបាទធម្មាសោក ព្រះអង្គគ្រប់គ្រងព្រះនគរដោយធម្មាធិបតេយ្យ គឺយកធម៌
      ឬយកច្បាប់ជាធំ ព្រះអង្គជាពុទ្ធសាសនិកដ៏ឆ្នើមមួយព្រះអង្គ ក៏ទ្រង់មានពលយោធា
      ដើម្បីការពារព្រះនគរមិនអោយបច្ចាមិត្តណាចូលវាយប្រហារបៀតបៀនយាយីបាន។
      -នៅសម័យព្រះបរមរាជាធិរាជ ព្រះបាទជ័យវរ្ម័នទី៧ នៃចក្រភពអង្គរ ព្រះអង្គក៏ជា
      ពុទ្ធសាសនិកជនដ៏ឆ្នើមមួយព្រះអង្គ ក៏ព្រះអង្គថែរក្សាការពារមហានគរអោយបាន
      រុងរឿងបាន ។ នេះដោយសារការប្រើបញ្ញាក្នុងការការពារខ្លួននិងអភិវឌ្ឍន៍ប្រទេស
      ជាតិ ។
      ដូច្នេះ សរុបសេចក្តីមក យើងជាពុទ្ធបរិស័ទមិនមែនអង្គុយធ្វើកន្តើយអោយគេវាយ
      ប្រហារ ឬបៀតបៀនតាមអំពើចិត្តបាននោះទេ ។
      អាណាចក្រនិងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដូចដែលមាននិយាយក្នុងប្លករបស់ «សំរាប់ខ្មែរ»
      មិនអោយជ្រុលធ្ងន់ លើសហួសគ្នា ទើបបានល្អប្រសើរ ។ មិនប្រកាន់ជ្រុល មិនធូររលុងពេក
      ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា កាលញ្ញុតា ជាអ្នកស្គាល់កាល។

  4. បងរីករាយ និយាយថា៖

    ខ្ញុំព្រះករុណាសូមថ្វាយបង្គំ និង ជំរាបសួរប្រិយមិត្រជិតឆ្ងាយ,
    ចម្លើយរបស់គុណម្ចាស់មានខ្លឹមសារណាស់ទាន កុណាសែន
    ពេញចិត្តជាទីបំផុតត្រង់ចំណុចដែលថា គុណម្ចាស់មិនចង់ចូល
    ជ្រៅ គឺក្នុងឆន្ទៈដ៏ខ្ពង់ខ្ពស់រក្សាកេរដំណែលរបស់បុព្វបុរសដែល
    បានបន្សល់ទុករហូតដល់បច្ចុប្បន្ន គុណសម្បតិ្ត​និងគុណវិបត្តិ ។

    ចំណុចសំខាន់មួយទៀត ក្នុងអត្ថបទរបស់លោកប៊ុន ចាន់ម៉ុល អ្នកនិពន្ធបានសរសេរសៀវភៅពីរក្បាល ” គុកនយោបាយនិង
    ចរិតខ្មែរ ” តាមការសង្កេតពិនិត្យរបស់ខ្ញុំព្រះករុណាគឹស្ទើរតែ
    ពិតទាំងអស់ដូចគុណម្ចាស់បានអធិប្បាយយ៉ាងក្បោះក្បាយ
    បញ្ជាក់ស្រាប់ ។ ដូច្នេះ សរុបមក ពិតជាពុំមែនពុទ្ធសាសនាទេ
    ដែលធ្វើឲ្យប្រទេសធ្លាក់ឆ្ពោះទៅរកហាយនភាពនោះ ។

  5. បងរីករាយ និយាយថា៖

    ចម្លើយតបមកវិញរបស់ Kaps ចុងក្រោយនេះ ប្រហែលនិងពាក្យទម្លាប់និយាយថា​ត្បកហើយស្អំទៀត ។
    ប៉ុន្តែ ការពិតលោកបានមានប្រសាសន័ជាមុនរួចស្រេចថា
    មិនបង្អាប់ពុទ្ធសាសនាទេ។ចំណុចដែលធ្វើឲ្យរុបខ្ញុំកាន់តែមាន
    ការសោកស្ដាយខ្លាំងនោះ គឺលោកបានស្នាក់អាស្រ័យជ្រោក
    កោននៅវត្តតាំងពីក្នុងវ័យកុមារម្លេះ​ ។ បើពិនិត្យការរៀនសូត្រ
    ស្រាវជ្រាវអំពីព្រះពុទ្ធសាសនា​លោកយល់ច្រើនស្ទើរតែទាំង
    អស់ ។ លោកពិតជាមិនបានស្គាល់អរិយមគ្គទាំង៨ទេ ទើបជា
    មានទស្សនៈដូច្នេះ!!!!​តើអាចារ្យហែមជាវជាសង្ឃឬ គ្រហស្ថ !!! សូមពិចារណាម្ដងទៀត៕
    អរគុណ

    • kaps... និយាយថា៖

      អរគុណលោកបងរីករាយដែលបានឆ្លើយតប!

      ខ្ញុំមិនបានស្គាល់អរិយមគ្គទាំង៨ទេ តែធ្លាប់បានឃើញតែអដ្ឋង្គមៈ៨
      សូមនិយាយពន្យល់បន្តិចមើល ដើម្បីខ្ញុំបានយល់ផង?

      ម្យ៉ាងទៀត ខ្ញុំបានឮថា ព្រះសង្ឃអាចសម្លាប់សត្វបាន បើសត្វនោះ
      និងសម្លាប់យើង តើរឿងនេះពិតឬទេ?

      ម្យ៉ាងទៀត រឿងព្រះសង្ឃក្តីឬអាចារ្យក្តី ដែលចេះតស៊ូប្រឆាំងនិង សត្រូវមានព្រះសង្ឃខ្លះរហូតដល់ហ៊ានធ្វើអត្តឃាត ដើម្បីជាតិ ទឹកដីនិងសាសនាទៀតផង។ តែរឿងទាំងអស់នេះ ពុំមែនជា ដម្បូន្មានរបស់ព្រះពុទ្ធទេ តែវាជាទស្សនៈផ្ទាល់របស់ព្រះសង្ឃឬ
      អាចារ្យនោះ។

      រីឯសំនួររបស់ខ្ញុំ ដែលបានសួរទៅព្រះភិក្ខុធម្មានន្តនោះ ដូចជាគ្មាន
      អ្វី ដែលគួរឱ្យពិបាកឆ្លើយទេ តែបើឆ្លើយដូចលោកបងរីករាយ ដូចជា
      ប្រហែលទាល់ច្រកបន្តិច ហើយមិនបានរីករាយទេមើលទៅ។

      រឿងធម៌អារ្យរបស់ព្រះពុទ្ធសាសនា ខ្ញុំមិនបានរៀនឱ្យបានជ្រៅជ្រះ
      និងគេទេ ដោយសារតែសង្គ្រាម សង្គ្រាមបានកាត់ផ្តាច់ការសិក្សា
      របស់ខ្ញុំ តែយ៉ាងណាក៏ដោយ ខ្ញុំសូមអរគុណដល់ទីវត្តអារាមនិងព្រះ
      សង្ឃដែលបានចិញ្ជឹមបីបាច់ថែររក្សាខ្ញុំ ឱ្យមានជីវិតរស់នៅនិងរៀន
      សូត្រ។ល។

      រឿងចម្លើយដែលត្រូវឆ្លើយនិងសំនួររបស់ខ្ញុំមិនមានអ្វីជាការពិបាក
      ហើយខ្លួនខ្ញុំក៏ចេះឆ្លើយដែរ ពីព្រោះខ្ញុំដឹងហើយថា ធម៌របស់ព្រះពុទ្ធ
      ព្រះអង្គមិនអនុញ្ញាតឱ្យកាន់កាំភ្លើងកាំបិតពូធៅយកទៅសម្លាប់ មនុស្សទេ តើព្រះអង្គយកអ្វីទៅការពារ? អង្គុលីមារបានសម្លាប់
      មនុស្សប្រម៉ាណ៩៩៩នាក់ តើហេតុអ្វីបានជាអង្គុលីមារបានមក
      បួសនិងព្រះពុទ្ធបាន? នៅវត្តខ្ញុំនៅ ព្រះសង្ឃថានៈជាអនុគណ ជា
      សហការីអនុគណ បានរួមគ្នាយកស្បង់ចីវរថ្មីៗជាច្រើនយកទៅ
      បោះពុម្ពជាយន្តរួចឱ្យទៅទាហ៊ានដើម្បីការពារខ្លួនការពារប្រទេសជាតិ តែទាំងអស់នោះមិនមែនជាទ្រឹស្តីរបស់ព្រះពុទ្ធទេ តែជាគំនិត
      របស់ព្រះសង្ឃជាអនុគណនិងសហការីអនុគណនោះទេ តើលោក
      បងរីករាយ ទទួលរីករាយទេ?

      រឿងដែលទាកទងនិងសំនួររបស់ខ្ញុំខាងដើម រឿងបុណ្យនិងបាប បើ
      ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តនិមួយៗ មិនយល់ឱ្យបាន
      ច្បាស់ទេ អាចគ្រោះថ្នាក់ដល់ខ្លួន ដល់គ្រួសារ និងដល់ប្រទេសជាតិ
      ទាំងមូលបាន ពីព្រោះអ្នកទាំងនោះ មិនចង់ធ្វើការងារអ្វីធំដុំទេ មិន
      ចង់មានមិនចង់បានទេ តែគ្រាន់តែយកមួយរស់ ហើយម្នាក់ៗគិតតែ
      អុចធូបបន់ព្រះ សុំឱ្យត្រូវឆ្នោត សុំឱ្យមានបាន សុំឱ្យមានលាភ -សក្ការៈច្រើន សុំឱ្យមានលុយកាក់ចាយហូរហៀរ សុំឱ្យបានមាន
      បុណ្យសក្តិធំៗ ជាដើម។ល។ តែគាត់អត់ខំប្រឹងរកទេ គាត់អង្គុយបន់
      តែរហូត តើព្រះអង្គធម្មានន្តយល់យ៉ាងម៉េចដែរ? រឿងនេះខ្ញុំឃើញ
      ជនជាតិខ្មែរ-ចិនឬកូនចៅចិន គេអុចធូបបន់ព្រះដែរ តែគេប្រឹងរកស៊ី
      លក់ដូរ គេអត់នៅស្ងៀមទេ ដូច្នេះជីវភាពក្រុមគ្រួសាររបស់គេកាន់
      តែរីកចម្រើនមានបានជាដរាប។ មានចិនមួយគ្រួសារ គាត់បើកហាង
      លក់គ្រឿងសំណង់ ខ្ញុំបានទៅរកទិញគ្រឿងសំណង់ធ្វើបង្គន់ទំនើប
      គាត់បានប្រាប់ខ្ញុំថា គាត់បានរៀបការហើយ មានតែលុយ៥ជីទេ គាត់បានខំប្រឹងប្រែងរកស៊ីពីរនាកប្តីប្រពន្ធ រហូតបានផ្ទះថ្មពីរល្វែង
      និងពីរជាន់ហើយបើកហាងលក់គ្រឿងសំនង់ទៀត តើរឿងនេះព្រះ
      អង្គនិងលោកបងរីករាយយល់យ៉ាងម៉េច់ដែរ? តើគាត់ពីរនាក់ប្តី- ប្រពន្ធប្រាប់ខ្ញុំធ្វើអី? ប្រហែលជាគេដឹងថា គ្រួសារខ្មែរខ្លះមានលុយ
      រាប់មឺនដុល្លាបងប្អូនបានជួយមក អត់ធ្វើអីអាលីងគិតតែពីចាយ អស់
      ហើយសុំទៀត តែគាត់ខំប្រឹងធ្វើបុណ្យជារៀងរាល់ថ្ងៃ ដោយយល់
      ឃើញថាមានតែបុណ្យទេអាចជួយគាត់បាន លុះដល់ពេលគាត់
      ស្លាប់ លោកអាចារ្យគណកម្មការបានពិគ្រោះគ្នាថា នាំគ្នាជួយធ្វើ
      បុណ្យឱ្យគាត់សង្ខែបៗទៅបានហើយ។ មួយទៀតមានតាមួយខំ
      ទៅនៅបំរើលោកឯវត្តទាំងយប់ទាំងថ្ងៃធ្វើការគ្រប់យ៉ាងបំរើលោក
      លោកត្រូវការពេលណាបានពេលនោះ លុះដល់គាត់ស្លាប់អត់មាន
      លោកទៅបង្សុកូលជូនគាត់នៅកន្លែងបូជាសព កូនជៅយំទ្រហឹង អឺងកងនៅកន្លែងសព ដោយគេត្រូវបញ្ចូលក្នុងឡដុតសពដើម្បី បូជាឥឡូវនេះហើយ កូនចៅបាននិមន្តលោកនិងអាចារ្យរួចជា ស្រេចទទួលយល់ព្រមដឹងឮគ្រប់គ្នា ហើយមិនមែនអត់មានលោក
      អត់មានអាចារ្យទេ បានខ្ញុំហៅទូរសព្ទទៅវត្តឱ្យលោកនិមន្ទជាបន្ទាន់
      ទើបបានមកដល់ សូត្រអានិច្ចា៣ចប់ និងយំកិញ្ចសង្ខែបល្មមដាក់
      ចូលឡ មិនដឹងជាគាត់បានទៅស្ថានណាទេ? រួចមកមានអ្នកខ្លះថា
      កុំខឹងលោក ពីព្រោះគាត់មានបាបច្រើនកាលពីជាតិមុន! នេះជា
      ចម្លើយបកមកវិញ! (បែក្រោយបន្តិចៈ ដល់អត់ឃើញមានលោកនិងអាចារ្យអញ្ចឹង ម្នាក់ៗអត់ដឹងធ្វើយ៉ាង
      ម៉េច ស្រាប់តែមកនិមន្តខ្ញុំឱ្យសូត្រធម៌អោយគាត់ ខ្ញុំនេះឯណាចាំធម៌
      សិកពីបួសយួរណាស់ទៅហើយ មិនដែលបាននឹកនាធ្វើអាចារ្យទេ)
      និយាយទៅរិតវែងទៅ ចាំនិយា្យប្រវត្តិរបស់ខ្ញុំ តាមពិតធ្លាប់និយាយ
      សម្ភាសតាមវិទ្យុខ្លះៗទៅហើយ មនុស្សច្រើនណាស់បានស្តាប់បាន
      ឮ តែមិនបានក្បោះក្បាយដែរទេ។ល។និង។ល។

      ខ្ញុំព្រះករុណាខ្ញុំសូមអភ័យទោស ការនិយាយបញ្ចេញមតិនេះ
      ប្រហែល ជាមានការប៉ះពាល់ខ្លះហើយជាធម្មតាមិនខុសប្លែក
      ប៉ុន្មានពីលោកទេសនាទេ។ តែការនិយាយបញ្ចេញមតិនេះ មិនមាន
      តែនៅទីនេះទេ មានរហូតដល់ប្រធានាធិបតីអាមេរិកាំងក៏មានដែរ!
      សូមកុំអាកអន់ស្រពន់ចិត្តអី គ្មាននរណាដឹងឬចេះគ្រប់យ៉ាងនោះទេ
      សូម្បីតែព្រះសម្មាសម្ពុទ្ធក៏នៅមានចន្លោះដែរ ចុះទំរាំយើងជាមនុស្ស
      សាមញ្ញ មិនបាច់អួតទេ តែចេះតែខំៗទៅ។ល។

      • ចំរើនពរញោម Kaps… អាត្មាសូមអរគុណជាអនេក ដែលញោម
        បានបកស្រាយនូវប្រធាបទរបស់ញោមយ៉ាងក្បោះក្បាយថែមទាំង
        បញ្ចេញអោយបានឃើញមុខប៉ិមៗទៀតផង ។ បើញោមមានចិត្ត
        និយាយពីប្រវត្តិរបស់ញោមបន្ថែមទៀត អាត្មានិងអ្នកអានទាំងអស់
        ច្បាស់ជាស្គាល់ច្បាស់ជាមិនខាន។ តែគួរអោយសោកស្តាយណាស់
        ញោមដូចជាប្រញាប់ពេក បើនៅធ្វើពើរអោយបានយូរបន្តិចទៀត
        ទៅច្បាស់ជាមានប្រយោជន៍ច្រើនណាស់។ 😀 ញោមមិនបាច់បារម្ភ
        ពេកទេចំពោះការខ្លាចអាត្មាអាក់អន់ស្រពន់ចិត្តកើតទុក្ខទោម្នេញ
        ព្រោះតែពាក្យសំដីនិយាយប៉ះពាល់នោះ ។ ការរិះគន់ ការសរសើរ
        មានសុខ មានទុក្ខ មានយស ឥតយស មានលាភ ឥតលាភ គឺជា
        រឿងរបស់លោកធម៌ ធម៌ដែលនៅប្រចាំជានិច្ចក្នុងលោកនេះ មិនអាច
        នរណាចៀសផុតបានទេ ។ សូម្បីព្រះសម្មាសម្ពុទ្ធជាវិសុទ្ធិទេព បរិសុទ្ធ
        ឥតហ្មង ម៉្លោះគង់នៅមានអ្នករិះគន់និន្ទា ចំាបាច់ទៅពោលថ្វីដល់យើង
        ទាំងអស់គ្នាជាអ្នកដើរដី បុថុជ្ជនក្រាស់ទៅដោយកិលេសតណ្ហា គ្រប
        ដណ្តប់ទៅដោយលោភ ក្រោធ វង្វេងគ្រប់ដង្ហើមចេញចូលនោះ។
        អនិន្ទតោ នត្ថិ លោកេ ក្នុងលោកនេះគ្មានទេ អ្នកដែលមិនត្រូវគេនិន្ទា។
        ហេតុនេះហើយទើបអាត្មាចេះតែខំៗក្រែងអាចលះបានខ្លះ កុំអោយ
        នៅក្រាស់ពេក ចេះតែរៀនទៅ ប្រឹងដុសខាត់ចិត្តទៅ ។

        ព្រះសង្ឃអាចសម្លាប់សត្វបានបើសត្វនោះនឹងសម្លាប់យើង? ឬមួយ
        ក៏សត្វនោះនឹងសម្លាប់ព្រះសង្ឃអង្គនោះ? តើឮពីរនរណា? តើអ្នកនោះ
        បានឃើញក្នុងអនាបត្តិត្រង់ណាដែរ?

        សំនួរដែលញោមសួរមកអាត្មាពិតជាមិនពិបាកឆ្លើយមែនហើយ
        ប៉ុន្តែមិនងាយនឹងឆ្លើយអោយអ្នកដែលឆ្ងល់មែនទែននោះបានអស់
        ចិត្តដែរ។ ចំឡើយដែលញោមឆ្លើយនោះអាត្មាក៏បានឆ្លើយរួចហើយ
        ដែរដែលទាក់ទងនិងព្រះសម្មាសម្ពុទ្ធទ្រង់ផ្ចាញ់សត្រូវរបស់ព្រះអង្គ
        ដោយបញ្ញានិងបារមីរបស់ព្រះអង្គធ្វើអោយសត្រូវក្លាយជាមិត្ត
        លះបង់អំពើអាក្រក់មកប្រតិបត្តិតាមព្រះអង្គវិញ។ តែទោះយ៉ាងណា
        ញោមបកស្រាយបានក្បោះក្បាយល្អណាស់ អាត្មារីករាយជាទីបំផុត
        ដែលបានអាននូវការបកស្រាយបន្ថែមដ៏ពីរោះពិសានេះ ។

        អ្នកបានលុយហើយស៊ីចាយអស់រួចសុំទៀត តែខំធ្វើបុណ្យដោយ
        សង្ឃឹមថាបុណ្យជួយ តែពេលស្លាប់ទៅប្រែក្លាយជាសពដែលឥត
        ញាតិ មិនឃើញបុណ្យជួយសោះ ។ តាមពិតព្រះពុទ្ធសាសនាមិន
        បានប្រដៅមនុស្សឲ្យខ្ជិល ខ្ជីខ្ជារក្នុងការចាយវាយទ្រព្យសម្បត្តិទេ
        គឺអោយចេះបែងចែកទ្រព្យ មួយចំណែកទុកចិញ្ចឹមខ្លួននិងក្រុមគ្រួសារ
        មួយចំណែកទុកសម្រាប់ប្រកបមុខរបររកទទួលទាន មួយចំណែកទុក
        សម្រាប់ការពារពេលមានជម្ងឺតម្កាត់ឬមានអាសន្នអន្ធក្រ និងមួយចំណែក
        ទៀតទុកសម្រាប់ធ្វើបុណ្យ។ បុណ្យដែលគាត់បានធ្វើហើយច្បាស់ជា
        ផ្តល់ផលល្អអោយគាត់ក្នុងពេលអនាគតមិនខាន ។ ហើយពេលបច្ចុប្បន្ន
        ក៏ចាត់ទុកថាបុណ្យជួយដែរព្រោះស្លាប់ទៅ មានតាអាចារ្យមានចិត្តផ្តួចផ្តើម
        ធ្វើបុណ្យអោយគាត់ ទោះជាសង្ខេបៗក៏នៅប្រសើរជាងស្លាប់ដែលគ្មាន
        គេកប់គេដុត។ ចំពោះរឿងលោកតាម្នាក់ទៀត គាត់ទៅកើតនៅទីណា
        យើងទាំងអស់គ្នាមិនអាចដឹងបានទេ ព្រោះកែវភ្នែកនៅក្រាស់ដោយធូលី
        មិនអាចមើលឃើញនូវគតិរបស់គាត់បានឡើយ។ គាត់ខំបំរើព្រះសង្ឃទាំង
        យប់ទាំងថ្ងៃ ហៅពេលណាបានពេលនោះ លុះពេលស្លាប់ទៅ បែរជាអត់
        មានលោកទៅបង្សុកូលអោយទៅវិញ បើវិនិច្ឆ័យទៅតាមច្បាប់កម្មផល
        យើងចេះតែវែកញែកទៅបានហើយ ប៉ុន្តែត្រូវដឹងពីស្ថានភាពទីនោះសិន
        ថាតើក្រៅពីការបំរើព្រះសង្ឃ គាត់ធ្វើអ្វីខ្លះ ?​ ហើយក្នុងការទំនាក់ទំនង
        ជាមួយព្រះសង្ឃមានលក្ខណៈយ៉ាងណាដែរ ។ ល។

        អាត្មាបានឃើញឃ្លាចុងក្រោយរបស់ញោម និយាយថា សូម្បីតែព្រះពុទ្ធ
        ព្រះអង្គទ្រង់នៅមានចន្លោះដែរ ចុះហេតុអ្វីបានជាព្រះអង្គទ្រង់ព្រះនាមថា
        សព្វញ្ញូពុទ្ធ ជាអ្នកដឹងសព្វគ្រប់? តើព្រះអង្គទ្រង់ចន្លោះកន្លែងណាដែរ ញោម
        អាចជួយបំភ្លឺផងបានទេ? គួរពុំគួរសូមញោមអភ័យទោសផង ។

  6. kaps... និយាយថា៖

    ខ្ញុំព្រះករុណា យល់ឃើញថា ការជជែកវែកញែក នៅពេលនេះ មិន
    សូវបានផលប្រយោជន៍ទេ ដោយសារសំនួររបស់ខ្ញុំព្រះករុណា រាង
    ជ្រៅហើយរសើបបន្តិច ដូច្នេះចម្លើយមិនសូវជាបានការទេ ពីព្រោះ
    វាក្លាយទៅជា ចម្លើយការពារ ច្រើនជាងចម្លើយការពិត…

    ចូរព្រះអង្គពិចារណាឡើងវិញនូវសំនួរនិងចម្លើយទាំងឡាយដែល
    បានជជែកវែកញែកកន្លងមកហើយនេះ ដូច្នេះប្រហែលជាមិនអាច
    យកមកសម្រាប់សិក្សារៀនសូត្របានទេមើលទៅ។

    គឺនិយាយប្រកាន់យកត្រូវតែរៀងៗខ្លួន ខ្ញុំព្រះករុណានិងរៀបចំនៅ
    រូបមន្តថ្មីសំរាប់សួរ ដើម្បីកុំឱ្យចូលគន្លងចាស់ទៀត។ នេះជាមេរៀន
    មួយដែលខ្ញុំព្ឬះករុណាបានរៀននៅពេលនេះ។

    តើព្រះអង្គនិងលោកបងរីករាយយល់ឃើញយ៉ាងនេះដែរ?

    • ចំរើនពរ អាត្មាមិនយល់ទាស់ទេចំពោះរូបមន្តថ្មីរបស់ញោម ញោមចងក្រងមកសួរចុះ
      អាត្មារីករាយនឹងរៀនសូត្រពីញោមជានិច្ច ។ ប៉ុន្តែមុននឹងលើកយកប្រធានបទថ្មីៗមក
      សូមញោមផ្តល់នូវចម្លើយការពិតជាមុនសិន ពីព្រោះគ្រប់ចម្លើយដែលអាត្មាឆ្លើយ
      អាត្មាយល់ថាគឺជាចម្លើយការពិត តែបើញោមយល់ថាជាចម្លើយការពារអញ្ចឹងទៅហើយ
      អាត្មាក៏ចង់ឮចម្លើយការពិតពីម្ចាស់សំណួរវិញ ដើម្បីកុំអោយមានការច្របូកច្របល់
      ហើយនឹងបានជាប្រយោជន៍ក្នុងការជជែកវែកញែកនេះផង ហើយបើសិនជាមិនអាច
      យកមកជាការសិក្សាបានទេនោះ ការចំណាយពេលវេលាគិតស្រាវជ្រាវនិងអង្គុយសរសេរ
      ច្បាស់ជាបង់ប្រយោជន៍ទទេៗ។ ទោះយ៉ាងណាអាត្មាសង្ឃឹមថាអ្នកព្យាយាមខំតាមដាន
      អានហើយគិតពិចារណា ច្បាស់ជាបានក្នុងការស្វែងយល់អំពីព្រះពុទ្ធសាសនាមិនច្រើន
      ក៏តិចដែរ។

      • kaps... និយាយថា៖

        ខ្ញុំព្រះករុណាសូមអរគុណ ដែលព្រះអង្គបានឆ្លើយតប!

        បន្ទាប់ពីខ្ញុំព្រះករុណាបានផ្ញើរសារខាងលើចេញ ហើយសំរាក
        បន្តិចក៏លក់បន្តិច ហើយបានយល់សប្តឃើញ យកក្រណាត់ស
        យ៉ាងច្រើនទៅហាលក្នុងម៉ាស៊ីនហាលខោអាវមួយ ដោយដាក់
        យ៉ាងពេញណែន ស្រាប់តែហាលហាលប្រហែលចង់ស្ងួតស្រាប់
        តែផ្សែងភ្លើងពណ៌សហុយចេញពីម៉ាស៊ីនហាលខោអាវនោះ ខ្ញុំព្រះ
        ករុណាក៏ប្រញាប់បើកម៉ាស៊ីនមើល ក៏ស្រាប់តែឃើញផ្សែងភ្លើង រោលក្រណាត់ពណ៌សនោះអស់មួយចំនួន និងឃើញមានភ្លើងឆេះ
        គែមម៉ាស៊ីនខាងក្នុងខ្លះទៅហើយ។

        យលសប្តនេះបញ្ជាក់ឱឃើញថាៈ វាទាក់ទងនិងរឿងអ្វីមួយដែល
        ខ្ញុំព្រះករុណាបានឬកំពុងធ្វើវាជ្រុលលើសកំណត់ ដែលធ្វើឱ្យរបស់
        ដែលទ្រទ្រង់ទង្វើរនោះទ្រមិនបានទៅជាក្តៅឆេះយ៉ាងនេះ។

        យល់សប្តនេះអាចប្រៀបបាននិងការសន្ទនាជាមួយព្រះក៏ថាបាន
        ប៉ុន្តែមិនទាន់ច្បាស់ ដោយនៅក្នុងយល់សប្តនោះ មានមនុស្សផ្សេង
        ក្រៅពីព្រះអង្គនៅក្បែរនោះ គឺជាមនុស្សស្រីទៅវិញ ប្រហែលរឿង
        នោះវាទាក់ទងនិងមនុស្សស្រីមើលទៅ រឿងយល់សប្តដែលមាន
        ភ្លើងឬផ្សែងភ្លើង មិនល្អទេនិងកើតហេតុទាន់ចិត្តបើមិនមានការប្រុង
        ប្រយ័ត្នទេនោះ។ ខ្ញុំព្រះករុណាចាត់ទុកការយល់សប្តប្រភេទនេះឆុត
        ណាស់ ពីព្រោះធ្លាបប៉ះបីបួនដងហើយ។ល។

        ខ្ញុំព្រះករុណាយល់សប្តច្រើនតែឆុតៈ យល់សប្តទីមួយដែលឆុត
        បំផុតគឺ យល់សប្តថាប្រទេសខ្មែរយើងក្រឡាប់ផែនដី នៅពេលនោះ
        អស្ចារ្យណាស់ចំថ្ងៃពេញបូណ៍មី បំណាច់តែយល់សប្តចំឡែក
        លោកតាសហការីអនុគណយកខ្ញុំព្រះករុណាដែលជាក្មេងវត្តដែល
        មិនធ្លាប់បានរាប់រកសោះទៅឱ្យដេកកើយខ្នើយជាមួយលោក អស់
        រយៈពេល៧យប់រួចហើយឱ្យនៅជាមួយលោករហូត ហើយមិនឱ្យ
        មាននរណាមកប៉ះពាល់ខ្ញុំព្រះករុណាទេ។ រឿងអ្វីបានសំខាន់គឺរឿង
        រដ្ឋប្រហារឆ្នាំ៧០ ស្រុកខ្មែរយើងក្រឡាប់មែន…។ល។

        យល់សប្តទីពីរៈ ១០ឆ្នាំក្រោយមក យល់សប្តឃើញព្រះមហាឥសី
        ឈ្មោះកម្ពុជៈហោះពីលើអាកាសចុះមកសន្ថិតក្នុងរូបខ្ញុំព្រះករុណា
        ហើយមើលលើខ្លួនខ្ញុំព្រះករុណាស្រាប់ឃើញសាក់ពណ៌ក្រហម
        ជាយ័នពេញខ្លួនដូចពាកអាវដៃខ្លីអញ្ខឹង ឱ្យតែខ្ញុំព្រះករុណាប្រឹង
        សាក់នោះឡើងក្រហមពេញខ្លួន និងឱ្យបាលីពិសេសជាច្រើន តែ
        ឥឡូវនេះនៅចាំតែមួយមេដែលសំខាន់ជាងគេ បន្ទាប់ពីបានយ័ន្ត
        ជាសាក់ពេញខ្លួនហើយ មានមនុស្សរាប់រយរាប់ពាន់នាក់តម្រង់ជួរ
        យ៉ាងវែងពីទិសខាងកើតមកសុំរៀន ម្នាក់ៗបានមកកត់ចម្លងពីខ្លួន
        ខ្ញុំព្រះករុណា យល់សប្តនោះនៅសាលាលោកឆាន់ដូចដែលយល់-
        សប្តថាក្រឡាប់ផែនដីនោះដែរ។ល។

        យល់សប្តទីបីៈ ជាយលសប្តមួយទៀតអស្ចារ្យណាស់ដែរ គឺយល់-
        សប្តថា ដើរលើទឹកសមុទ្រ បានន័យថា ដើរលើទឹកបាន តែមិនមែន
        តែម្នាក់ឯងទេ គឺមានព្រះសង្ឃ មនុស្សក្មេងចាស់ប្រុសស្រីជាច្រើន
        នាំគ្នាដើរហែរលើទឹកមកពីទិសខាងលិចសំដៅទៅទិសខាងកើត
        ខ្ញុំព្រះករុណាដើរនាំមុខគេ ដើរមកដល់ចំភ្នំខែត្រកោះកុង ហើយ មានភ្នំបាំងយ៉ាងខ្ពស់ ខ្ញុំព្រះករុណានិយាយថា ចុះយើងដើរឡើង
        ម៉េចរួចទៅ! ឡើងពីទឹកសមុទ្រមកនាំគ្នាដើរសំដៅចំពាក់កណ្តាលភ្នំ
        ស្រាប់តែមួយរំពេចនោះ ភ្នំប្រេះជាពីរបើកផ្លូវឱ្យដើរយ៉ាងស្រួល ដើរ
        ឡើងដល់គំពូលខាងលើក៏ភ្ញាក់ទៅ…។ យល់សប្តទីបីនេះពុំទាន់
        ឃើញមានហេតុភេទអ្វីនៅឡើយទេ។ យល់សប្តទីពីរមានហេតុភេទ
        ដែលខុសប្លែកគឺ តម្រិះវិជ្ជា គឺខ្ញុំព្រះករុណាចូលចិត្តរៀនណាស់ មើលសៀវភៅច្រើនណាស់ ខ្ញុំព្រះករុណាមានសៀវភៅរាប់ពាន់
        ក្បាលជុំវិញខ្លួនសព្វថ្ងៃនេះ សៀវភៅជាមិត្តសំលាញ់ទី១ អ្នកណាគេ
        មានអីមានទៅខ្ញុំព្រះករុណាមិនឈឺក្បាលទេ មិនច្រណែនគេទេ
        ឃើញសៀវភៅដូចឃើញមាសពេច សៀវភៅជាខ្នើយ សៀវភៅជា
        ពូក ដូចមិត្តភគ្រដ៏វិសេសវិសាល អ្នកណាទៅណាទៅទៅខ្ញុំព្រះ-ករុណានៅជាមួយសៀវភៅមួយថ្ងៃមិនបាច់ចេញក៏បានដែរ។ល។

        ហេតុនេះហើយបានជាខ្ញុំព្រះករុណាយល់និងចេះខុសគេ បានយក
        តម្រិះនេះទៅសាកល្បងដែរ កន្លែងណាដែលគេធ្វើមិនកើត ខ្ញុំព្រះ
        ករុណាសាកដោះស្រាយលមើលគឺកើតយ៉ាងស្រួលនេះជាភស្តុតាំង
        ជាក់ស្តែង។ល។

        ឥឡូវនេះចង់យកតម្រិះវិជ្ជាទាំងអស់នេះ ចេញមកជួយដោះស្រាយ
        ប្រទេសជាតិខ្មែរម្តង គឺប្រហែលជាដល់ពេលវេលាហើយ រីឯគម្រោងការណ៍បាននិយាយត្រួសៗខ្លះៗមកហើយ នៅរងចាំតែ
        ទ្វារបើកនិងចូលភ្លាម…។ល។និង៕ល៕

        ពាក្យគួរពុំគួរសូមព្រះអង្គនិងអស់លោកមេត្តាអភ័យទោស!

    • បងរីករាយ និយាយថា៖

      ចំពោះខ្ញុំវិញពុំមានទោមនស្សចិត្ត​សូម្បីតែបន្តិចក៏គ្មានផង ព្រោះ
      យល់ថាការជជែងដេញដោលគ្នា មិនប្រកាន់យកត្រូវតាមមតិ
      របស់ខ្លួននោះទេ​ តែសំខាន់ចេះអនុគ្រោះគ្នា ។ ពិសេសដើម្បី
      ឲ្យអ្នកអានមានអារម្មណ័តាមដានទៀតផង ។ ផ្ទុយទៅវិញ រីករាយក្រៃលែងដែលបានរួមចំណែកបញ្ចេញទស្សនៈ ព្រម
      ទាំងបានសិក្សាទៅវិញទៅមក ។ លោកKaps កុំបារម្ភច្រើន
      គិតថាយើងជាអ្នកកីលាទៅវិញទើបប្រសើរជាង៕
      សូមអរព្រះគុណ និង គុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s