សេចក្តីថ្លែងអំណរគុណ

ខ្ញុំព្រះករុណាអាត្មាភាព សូមថ្វាយបង្គំព្រះតេជគុណ និងចំរើនពរដល់សាធុសប្បុរស
ទាំងឡាយអំពីចម្ងាយ ។ ខ្ញុំព្រះករុណាអាត្មាភាព សូមថ្លែងអំណរព្រះគុណ និងអរគុណដែលព្រះតេជគុណនិងសាធុសប្បុរសទាំងឡាយ បានចូលរូមផ្តោះប្តូរ
យោបល់ និងបញ្ចេញវិចារនៅគេហទំព័រព្រះពុទ្ធសាសនាខ្មែរនេះយ៉ាងកុះករ។​ គ្រប់
ពាក្យពេចន៍ មតិយោបល់ទាំងអស់សុទ្ធសឹងតែនាំមកនូវប្រយោជន៍ក្នុងការសិក្សារៀន
សូត្រ ស្វែងយល់រកនូវសេចក្តីពិតគ្រប់យ៉ាង។ វត្តមានរបស់ព្រះតេជគុណ និងសាធុ
សប្បុរស គ្រប់រូបធ្វើឲ្យខ្ញុំព្រះករុណាមានសេចក្តីរំភើបរីករាយឥតឧបមា ហើយសង្ឃឹម
ថាព្រះករុណាគ្រប់ព្រះអង្គ និងសាធុសប្បុរសទាំងអស់នឹងចូលរួមជាបន្តទៅទៀតដើម្បី
ធ្វើការផ្តោះប្តូរយោបល់និងចែករំលែកនូវចំណេះដឹងផ្នែកព្រះពុទ្ធសាសនាក៏ដូចជាសង្គម
ទូទៅដើម្បីជាប្រយោជន៍ក្នុងការសម្របជីវិតរស់នៅអោយស្របទៅតាមមាគ៌ានៃមនុស្សធម៌។

ទន្ទឹមគ្នានេះដែរ ខ្ញុំព្រះករុណាអាត្មាភាព សូមអភ័យទោសចំពោះអវត្តមានមួយរយៈកន្លងមក មូលហេតុមកពីអសកម្មផ្នែកសេវាអ៊ិនធើណិត និងកិច្ចរវល់មួយចំនួន។ ខ្ញុំព្រះករុណាអាត្មាភាព
នឹងបន្តផ្សាយតទៅទៀត តាមពេលវេលាដែលអាចធ្វើទៅបាន ។ សូមនិមន្តនិងអញ្ជើញចូល
រួមជាយោបល់ដោយភាតរភាព ។

សូមព្រះតេជគុណ និងសាធុបសប្បុរសទាំងឡាយបានជួបប្រទះតែនឹងសុភមង្គលវិបុលសុខ
គ្រប់ប្រការ។

ដោយសេចក្តីគោរពសក្ការៈ និងស្រលាញ់រាប់អាន
ពីភិក្ខុ ធម្មានន្ទ

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង សេចក្តីផ្សេងៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

28 Responses to សេចក្តីថ្លែងអំណរគុណ

  1. Your blog is very interesting. I am looking forward to hearing more from you about Buddhism and life.

    • Thank you so much ច័ន្ទរឿន for your kind words comment supporting. I am so delighted to hear that. I will do my best search and share as much as possible. May you have a wonderful day!

      • kaps... ថា:

        ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គុំៈ ខ្ញុំព្រះករុណាមានចម្ងល់ តើហេតុ
        អ្វីដែលបណ្តាលអោយព្រះសម្មាសម្ពុទ្ធបានត្រាសដឹង? តើព្រះអង្គ
        បានឆ្លងកាត់អ្វីខ្លះមុននឹងបានត្រាសដឹង?

        បើតាមការស្រាវជ្រាវរបស់ខ្ញុំព្រះករុណា ក្រៅព្រះពុទ្ធសាសនា យល់ឃើញថា មនុស្សសត្វលោក ដែលបានចាប់បដិសន្ធិហើយ
        ត្រូវការចាំបាច់នូវ រចនាសម្ព័ន្ធនយោបាយ៥យ៉ាងគឺ នយោបាយ
        សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ដើម្បីធ្វើអោយមានជីវិត
        រស់នៅបានប្រសើរ មានសុភមង្គលល្អ មានសុខច្រើន ចម្រើនល្អ។

        តើព្រះអង្គយល់ឃើញយ៉ាងណាដែរ? បើចាប់ន័យពុំទាន់បានត្រង់
        ចំណុចណាមួយ ព្រះអង្គសួរបកមកខ្ញុំព្រះករុណាវិញបាន។

        សូមអរព្រះគុណ!

      • ចំរើនពរ Kaps នេះពិតជាសំនួរល្អណាស់ដែលទាក់ទងទៅនឹងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ អាត្មាសូមឆ្លើយដោយខ្លឺថា មុននឹងព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងនោះ ព្រះអង្គបានបំពេញនូវបារមីទាំង១០ ប្រការជាចម្បង៕​ឯបារមីទាំង១០នោះ សូមអាននៅក្នុងសៀវភៅ បារមីភាគទី១ និង បារមីភាគទី២ ។ សូមអរគុណ!

      • kaps... ថា:

        ខ្ញុំព្រះករុណាសូមអរព្រះគុណ ដែលបានទទួលសៀវភៅពីរក្បាល ដែលនិយាយទាក់ទងនឹងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធពីព្រះ
        អង្គ ខ្ញុំព្រះករុណានិងអាន។

        ខ្ញុំព្រះករុណាមិនទាន់បានអានសៀវភៅបារមីនេះនៅឡើយទេ តែ
        បានចម្លងហើយ វែងណាស់បូកមរួមទៅជិត១៥០ទំព័រឯណោះ។

        ខ្ញុំព្រះករុណាយល់ថា ការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ប្រហែល ជាអាស្រ័យទៅដោយហេតុផលឬទស្សនៈវិស័្សយប្រាំយ៉ាងដែលខ្ញុំ
        ព្រះករុណាបាននិយាយខាងដើមស្រាប់ បើសង្ខែបន័យទាំងនោះ ឱ្យខ្លីទៅ មាន៥យ៉ាងដូចខាងក្រោម៖

        ទី១- នយោបាយ បានដល់ការត្រិះរិះពិចារណា ការប្រាស្រ័យ ទំនាក់ទាក់ទង និងការសម្រេចចិត្តនានារបស់ព្រះអង្គពេលនោះ។

        ទី២- សេដ្ឋកិច្ច បានដល់ចង្ហាន់គ្រឿងឧបភោគបរិភោគ និងគ្រឿង របស់របរប្រដាប់ប្រដារប្រើប្រាស និងទីកន្លែងសេនាសនៈ ដែល ព្រះអង្គអាស្រ័យគង់នៅជាដើម។ល។ បើព្រះអង្គមិនឆាន់ចង្ហាន់
        ឱយបានគ្រប់គ្រាន់ទេ ការត្រាសដឹងរបស់ព្រះអង្គក៏មិនអាចប្រព្រឹត្ត
        ទៅបានដែរ (ទុក្ខរៈកិរិយា៦ព្រះវស្សា)។

        ទី៣- វប្បធម៌ បានដល់នូវវប្បធម៌អក្សរសាស្រ្ត ធម៌អារ សិក្សាអបរំ លក្ខ័ណ្ឌ និងការណែនាំទាំងឡាយដែលព្រះអង្គស្វែងរកនៅពេល នោះជាដើម។ល។

        ទី៤- សង្គមកិច្ច គឺបានដល់នូវរបៀបរបបការអាស្រ័យរស់នៅក្នុង
        សង្គម ព្រះពុទ្ធសាសនា និងសុខមាលភាពដែលទាក់ទងតាម ផ្លូវចិត្តនិងផ្លូវកាយជាដើម។ល។

        ទី៥ -សន្តិសុខ បានដល់ការបៀតបៀនពីខ្មាំងសត្រូវគ្រប់បែបយ៉ាង ត្រូវបានការពារដោយប្រការណាមួយឬដោយអំណាចបារមីរបស់ ព្រះអង្គជាដើម។ល។

        ខ្ញុំព្រះករុណាបកស្រាយជាមុន ដើម្បីកុំឱ្យមានការឆ្ងល់សង្ស័យនិង
        ងាយធ្វើការវិភាគនិងសម្រេចចិត្ត។ ខ្ញុំព្រះករុណាសូមធ្វើការបញ្ជាក់
        បន្ថែម អំពីពាក្យនយោបាយ ពាក្យនេះសម័យនេះ គេនិយមប្រើតែ
        ក្នុងកិច្ចការងាររដ្ឋការ ដែលទាក់ទងទៅក្នុងវិស្ស័យការដឹកនាំអ្វីមួយ
        ក្នុងជួររដ្ឋាភិបាល ខ្ញុំព្រះករុណាក៏ស្របដែរ តែវាមិនមែនតែកិច្ចការ
        រដ្ឋបាលទេ វាត្រូវប្រើទូទៅទាំងអស់ ទាំងអាណាចក្រ ពុទ្ធចក្រឬ សាសនាទាំងឡាយលើសាកលលោក។ល។

        សូមព្រះអង្គមេត្តាត្រួតពិនិត្យមើល និងសូមជាយោបល់របស់ព្រះ
        អង្គក្នុងទ្រឹស្តីរបស់ខ្ញុំព្រះករុណាទាំង៥នេះ។

        សូមអរព្រះគុណទុកជាមុន!

      • ចំរើនពរញោម kaps! អរគុណដែលបានបកស្រាយដ៏ក្បោះក្បាយក្នុងសេចក្តីនេះ ។ ក្រោយពីអាត្មាបានអាននូវចម្លើយរបស់ញោមមកទើបដឹងថា អាត្មាយល់ច្រឡំពីគោលបំណងនៃសំណួររបស់ញោម ។ ទស្សនៈប្រៀបធៀបនេះពិតជាល្អប្រសើរក្រៃណាស់ ។ មុននឹងព្រះអង្គចេញសាងព្រះផ្នួសស្វែងរកមោក្ខធម៌នោះ ព្រះអង្គបានសិក្សាចប់សព្វគ្រប់ទាំងផ្នែកអក្សរសាស្ត្រ ផ្នែកយុទ្ធសាស្ត្រ និង វិជ្ជាគ្រប់យ៉ាងដែលសង្គមក្នុងសម័យនោះ និយមសិក្សាស្វែងយល់ ជាពិសេសគឺវិជ្ជាត្រៃវេទ ប៉ុន្តែវិជ្ជាទាំងអស់នេះមិនមែនជាមូលដ្ឋានដែលបណ្តាលអោយ
        ព្រះអង្គបានត្រាស់ដឹងនោះទេ ។ ក្រោយពីព្រះអង្គចេញសាងព្រះផ្នួសហើយ បានទៅសិក្សារៀនសូត្រជាមួយតាបសនានាក្នុងលទ្ធិផ្សេងៗ រហូតដល់គ្រូទាំងនោះចាល់មិនអាចមានអ្វីបង្រៀនទៀតបាន ។ ព្រះអង្គក៏យាងទៅតែមួយព្រះអង្គឯងដើម្បីស្រាវជ្រាវរកវិធីប្រតិបត្តិ
        អោយបានត្រាស់ដឹងនូវសច្ជធម៌ ប្រព្រឹត្តប្រតិបត្តិដ៏តឹងរ៉ឹងរហូតដល់មិនសោយអាហារ សល់តែស្បែកនិងឆ្អឹង ដែលយើងហៅថាទុក្ករកិរិយា នៅតែមិនបានត្រាស់ដឹង។ ទីបំផុត ព្រះអង្គទ្រង់ពិចារណាឃើញថា តឹងពេកនឹងដាច់ ធូរពេកមិនសម្រេច ។ ព្រះអង្គទ្រង់ប្រតិបត្តិតាមផ្លូវកណ្តាលដែលហៅថា មជ្ឈិមាបដិទា ដោយត្រឡប់មកសោយចង្ហាន់តាមធម្មតាវិញ ។ ក្រោយមកព្រះអង្គក៏មានកម្លាំងដូចធម្មតាវិញ មិនយូរប៉ុន្មានក៏បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ដូចសេចក្តីប្រាថ្នា ។ សរុបសេចក្តីមកគឺមុននឹងបានត្រាស់ដឹងជា
        ព្រះសម្មាសម្ពុទ្ធគឺដោយសារការកសាងបារមីបានគ្រប់គ្រាន់ និង សេចក្តីព្យាយាមក្នុងជាតិជាបច្ចុប្បន្នរបស់ព្រះអង្គរួមផ្សំជាមួយដែរ។
        ម៉្យាងទៀតគួកុំភ្លេចថា ជាតិនេះជាជាតិចុងក្រោយរបស់ព្រះអង្គ ទោះជាក្នុងកាលៈទេសៈណាក៏ដោយក៏ព្រះអង្គត្រូវតែបានត្រាស់ជាព្រះពុទ្ធ។

      • បងរីករាយ ថា:

        សូមព្រះអង្គមេត្តាត្រួតពិនិត្យមើល និងសូមជាយោបល់របស់ព្រះ
        អង្គក្នុងទ្រឹស្តីរបស់ខ្ញុំព្រះករុណាទាំង៥នេះ។
        សង្កេតឃើញថាទ្រីស្ដីទាំង៥​មាននៅក្នុង “អរិយធម៌” បញ្ជាក់
        ស្រាប់។

        ពាក្យថាអរិយធម៌ បានដល់ វប្បធម៌ និង សង្គមធម៌ ជាសាខា។
        សំនួរនិងចម្លើយហាក់ដូចនៅជាមួយគ្នាស្រេច ។ ឬក៏ខ្ញុំបាទ
        យល់មិនដល់ ទើបរកសំនួររបស់លោកពិតមិនឃើញ។
        សូមអធ្យាស្រ័យផងទាន!

      • kaps... ថា:

        អរគុណបងរីករាយ! ដែលបានឱ្យយោបល់និងសំនួរជាមួយគ្នា ជាការប្រពៃណាស់ អំពីយោបល់និងសំនួរនេះ!

        កាលពីមុនខ្ញុំធ្លាប់សរសេរភ្ជាប់ពាក្យទាំងពីរនេះជាមួយគ្នា គឺ
        វប្បធម៌-អរិយធម៌ តែវែងពេក ទើបខ្ញុំបានត្រួតមើលនិយមនៃពាក្យ
        អរិយធម៌ គឺឃើញថាជាពាក្យប្រសើរខ្ពង់ខ្ពស់ ដែលគេសំរាប់ឱ្យ
        តម្លៃទៅលើវប្បធម៌ដល់កំពូលនៃប្រទេសណាមួយ ហើយពាក្យ
        អរិយធម៌ប្រហែលជាមិនអាចកើតមានបានទេ បើប្រសិនជាគ្មាន
        វប្បធម៌នោះទេ ខ្ញុំសម្រេចយកពាក្យវប្បធម៌មានន័យទូលំទូលាយ
        ជាង សម្រាប់សំដៅទៅលើកំរិតសិក្សាអបរំ ហើយនិងទំនៀមទំលាប់
        ជាដើម។ល។

        សូមអរគុណនិងសូមជួយបន្ថែមបន្ថយទៀតផង!

      • ចំរើនពរបងរីករាយ អាត្មាមិនទាន់យល់ច្បាស់ពីសំណួរនេះទេ
        បើមិនយល់ទាស់ទេ សូមដាក់ជាសំណួរសារជាថ្មីទៀត ។
        ឬមួយក៏ជាសំណួរដែលញោម Kaps..ឆ្លើយរួចហើយ? ញោម Kaps..
        ពិតជាមានជំនាញខាងផ្នែកនោះណាស់ ចម្លើយរបស់គាត់ពិតជា
        អាចជួយបំភ្លឺបាន ។

      • បងរីករាយ ថា:

        ខ្ញុំព្រះករុណាមិនជាមានសំនួរអ្វីសំខាន់នោះទេ​ទាន ។ គ្រាន់តែ
        ចង់បញ្ជាក់ជូនលោក Kaps ទ្រីស្ដីទាំង៥ដែលគាត់បានបក
        ស្រាយគឹជាកូនសាខារបស់ ” អរិយធម៌ ” តែប៉ុណ្ណោះទេ ។ សូមអានសៀវភៅរបស់ លោក លី ធាងតេង ឬ លោកស្រី ត្រឹង ងា ពិតជាយល់នូវនិយមន័យនៃពាក្យហ្នឹងហើយ ។ ភាគច្រើន​ធ្លាប់ហៅថា អរិយធម៌-វប្បធម៌ មិនត្រូវទេ ព្រោះវប្បធម៌និងសង្គម
        ធម៌ ជាសាខារបស់ អរិយធម៌ ។
        សូមអាធ្យាស្រ័យ

      • ពរ សៀវភៅហ្នឹងអាត្មាក៏មានដែរ ហើយក៏ធ្លាប់អានពីរបីដងដែរប៉ុន្តែមិនបានចាំគោលអោយបានច្បាស់លាស់ទេ
        គ្រាន់តែបានយល់ខ្លះៗ ។ បើសាធុជនណាមិនទាន់មានទេ សូមទាញយកក្នុងទីនេះ!

      • kaps... ថា:

        សូមអរគុណ បងរីករាយ! ដែលបានលើកយកពាក្យ អរិយធម៌ និង
        វប្បធម៌ មកប្រៀបធៀប ខ្ញុំក៏យល់ស្របតាមលោកដែរ គឺមិនបដិសេធទេ រីឯទស្សនៈរបស់លោក លី ធាមតេងក្តី និងត្រឹងងាក្តី ជាបណ្តិតអ្នកសរសេររៀបរៀងសៀវភៅ វប្បធម៌-អរិយធម៌ខ្មែរនិងសៀវភៅប្រវត្តិសាស្រ្តខ្មែរនោះ ខ្ញុំក៏គាំទ្រនូវគំនិត យោបល់របស់គាត់ តែមិនមួយរយភាគរយនោះទេ។

        តើហេតុអ្វីដែលញាំងឱ្យខ្ញុំសម្រេចយកពាក្យវប្បធម៌មកប្រើនៅពេល
        នេះ ខ្ញុំយល់ដូច្នេះគឺ I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ ពាក្យទាំងប្រាំនេះ ពិតណាស់ជាសាខា របស់ពាក្យ អរិយធម៌ មិនខុសទេ ខ្ញុំក៏ទទួលស្គាល់ដែរ តែត្រូវយល់
        ថា បើគ្មានពាក្យទាំងប្រាំនោះទេ ក៏គ្មានអរិយធម៌ដែរ! ហើយពាក្យ
        វប្បធម៌នោះទៀតសោត បើមិនមាន នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងសន្តិសុខទេ ពាក្យវប្បធម៌ក៏មិនអាចកើតមានដែរ! ប៉ុន្តែ
        បើមិនមានវប្បធម៌ដែលមានន័យទៅលើការសិក្សាអបរំទេ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងសន្តិសុខក៏មិនអាចប្រព្រឹត្តទៅ បានដែរ ដូច្នេះបានន័យថា ក្រសួងទាំងប្រាំនេះត្រូវដើរទន្ទឹមគ្នាជា
        ដរាប មិនអាចអត់មួយណាបានទេ ទាំងការគ្រប់គ្រងក្នុងពុទ្ធចក្រ ក៏ដូចក្នុងអាណាចក្រ ឬចក្រទាំងឡាយដែលមាននៅលើពិភពលោក
        ត្រូវការជាចាំបាច់នូវ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង
        សន្តិសុខ ដូចជាភ្នំមួយត្រូវមានជើងរបស់វា ទើបមានកំពូលកើត រីឯ
        ជើងភ្នំប្រៀបបាននិង នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង
        សន្តិសុខ រីឯកំពូលនៃភ្នំគឺជាអរិយធម៌នោះឯង នេះជារបៀបពន្យល់
        មួយបែបដែលមាននៅក្នុងអារម្មណ៍របស់ខ្ញុំនៅពេលនេះ។ល។

        បើបងរីករាយនៅមានចម្ងល់ទៀត ខ្ញុំសប្បាយរីករាយនិងឆ្លងឆ្លើយ
        គ្រប់ពេលវេលា អត់ចេះធុនថប់ទេរឿងដេញដោលគ្នា ទោះខុសត្រូវ
        ជាការដកពិសោធរៀនសូត្រពីគ្នាទៅវិញទៅមក អត់មានអ្វីទើស
        ទាល់ទេ បើសួរច្រើនខ្ញុំរឹតតែចេះច្រើន ល្អក៏កាន់តែច្រើន។ល។

        សូមអរគុណលោក បងរីករាយ!

        សូមអរព្រះគុណ ព្រះភិក្ខុធម្មានន្តដែលបានចូលរួមក្នុងការបក ស្រាយវែកញែកនូវពាក្យវប្បធម៌-អរិយធម៌នេះ ខ្ញុំព្រះករុណាខ្ញុំ
        និងមានចម្ងល់មួយទៀតដែលទាក់ទងទៅនិងពាក្យ
        “ប្រជាធិបតេយ្យ” តើពាក្យនេះមានប្រើប្រាសទេក្នុងព្រះពុទ្ធ- សាសនា? បើមានតាំងពីជំនាន់ណាមក? បើតាមខ្ញុំព្រះករុណាបាន
        មើលត្រួសៗនៅសៀវភៅទេសនាមហាជាតកមួយ តែមិនចាំថា កណ្ឌទីប៉ុន្មានទេ តែឃ្លានិងប្រយោគនៃពាក្យខ្លះថា ព្រះវេស្សន្តរ៍ត្រូវ
        បានបំបរបង់ចោលឱ្យទៅគង់នៅក្នុងព្រៃស្ងាត់តែម្នាក់ឯង ដោយ ស្តេចជាព្រះបិតារបស់ព្រះអង្គផ្ទាល់ និងឆ្លើយតបចំពោះ ប្រជា- នុរាស្រ្ត ដែលមិនពេញចិត្តនិងព្រះអង្គ ដោយសារតែព្រះអង្គដាក់ ទានដំរីរាជទ្រព្យទៅពួកស្មូមទាននោះ សូមព្រះអង្គមេត្តាអត្ថា-
        ធិប្បាយឱ្យបានក្បោះក្បាយអំពីរឿងនោះបន្តិចមើល!

        សូមអរព្រះគុណទុកជាមុន!

      • ចំរើនពរញោម kaps… ពាក្យថា «ប្រជាធិបតេយ្យ» នេះមិនធ្លាប់មានប្រើនៅក្នុងព្រះពុទ្ធសាសនាទេ
        ប៉ុន្តែលក្ខណៈគ្រប់គ្រងបែបប្រជាធិបតេយ្យក្នុងសង្គមសង្ឃគឺមានមកតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ។
        នៅក្នុងរឿងព្រះវេស្សន្តរដែលជាកំណើតចុងក្រោយនៃការកសាងបារមី ដែលមានសំដែងក្នុងវេស្សន្តរ
        ជាតក ទានក័ណ្ឌ ដូចដែលញោមបានរៀបរាប់មកនោះ ក្នុងសម័យនោះក៏មានការគ្រប់គ្រងរបៀបរបប
        ប្រជាធិបតេយ្យដែរ។ រឿងនោះមានការអធិប្បាយវែងឆ្ងាយបន្តិច អាត្មាគិតថាមិនបាច់រៀបរាប់ទេ គ្រាន់
        តែចំណុចដែលញោមលើកឡើងមកប៉ណ្ណេះក៏អាចល្មមគ្រប់គ្រាន់ហើយ ។ ក្រោយពីព្រះបាទវេស្សន្តរ
        បានទ្រង់ប្រទានដំរីបច្ច័យនាគេន ដែលជាដំរីមង្គលប្រចាំនគរឲ្យទៅជាទានដល់ព្រាហ្មណ៍យាចកមក
        ពួកប្រជារាស្ត្រក៏មានការចលាចលជ្រួលច្របល់មិនសុខចិត្ត ខឹងសម្បារនឹងព្រះវេស្សន្តរដែលបរិច្ចាគ
        ដំរីមង្គលនោះអោយទៅជាព្រាហ្មណ៍ ។ ប្រជារាស្រ្តបានសុំព្រះរាជាអោយធ្វើការនិរទេសព្រះវេស្សន្តរ
        ចេញពីព្រះនគរ ដោយព្រះរាជាមិនអាចប្រឆាំងនឹងបំណងរបស់ប្រជារាស្ត្របាន ក៏ធ្វើតាមបំណងប្រជា
        រាស្ត្របំបរបង់ព្រះវេស្សន្តរអោយចេញពីព្រះនគរ ។ ក្នុងចំណុចនេះ យើងអាចពិចារណាតាមលក្ខណៈ
        ប្រជាធិបតេយ្យថា ប្រព័ន្ធគ្រប់គ្រងក្នុងសម័យនោះច្បាស់ជាគ្រប់គ្រងតាមរបបប្រជាធិបតេយ្យពីព្រោះ
        យកប្រជារាស្ត្រជាធំ ។ ចំណែកការគ្រប់គ្រងក្នុងសង្គមសង្ឃតាំងពីសម័យពុទ្ធកាលមក តែងតែយក
        សង្ឃ (ក្រុមភិក្ខុចាប់ពីបួនអង្គឡើងទៅហៅថាសង្ឃ) ជាធំក្នុងការសម្រេចកិច្ចការណាមួយរបស់សង្ឃ។
        ដូច្នេះយើងអាចសរុបបានថា ទោះជាមិនមានពាក្យថាប្រជាធិបតេយ្យក្នុងសម័យនោះ ប៉ុន្តែការគ្រប់
        គ្រងតាមរបបប្រជាធិបតេយ្យបានមានរួចមកហើយតាំងពីពេលនោះមក ។ សូមញោមអានបន្ថែម
        ក្នុងអត្ថបទលក្ខណៈប្រជាធិបតេយ្យក្នុងព្រះពុទ្ធសាសនា

      • kaps... ថា:

        សូមអរព្រះគុណព្រះភិក្ខុធម្មានន្ត ដែលបានអត្ថាធិប្បាយនូវលទ្ធិ
        ប្រជាធិប្បតេយ្យក្នុងព្រះពុទ្ធសាសនា!

        ខ្ញុំព្រះករុណាមិនបានស្រាវជ្រាវលទ្ធិប្រជាធិប្បតេយ្យក្នុងព្រះពុទ្ធ
        សាសនាទេ ទើបតែពេលនេះ តេខ្ញុំព្រះករុណាបានចងចាំខ្លះៗតាម
        សៀវភៅដែលបានមើលបន្តិចបន្តួចកាលនៅរៀនវត្ត។

        កាលពេលនោះ ជាញឹកញាប់បានឃើញលោកគ្រូចៅអធិការហៅ
        លោកមកប្រជុំនៅពេលដែលលោកចង់ធ្វើកិច្ចការអ្វីមួយ ហើយ ឃើញហៅគណកម្មការវត្តមកប្រជុំ និងយាយជីតាជីកូនក្មេងវត្តជា
        ដើមមកប្រជុំជាញឹកញាប់ ដូច្នេះកិច្ចការទាំងអស់នោះសុទ្ធតែធ្វើជា
        លក្ខណៈប្រជាធិប្បតេយ្យ មួយទៀតខ្ញុំព្រះករុណាបានឃើញលោក
        សង្ឃគោរពគ្នាតាមវស្សាចាស់តាមវស្សាខ្ចីទៅតាមលំដាប់លំដោយ
        យ៉ាងរលូន មានឋានៈជាចៅអធិការ ជាគ្រូសូត្រឆ្វេងស្តាំយ៉ាងត្រឹម
        ត្រូវរួចយូរណាស់កមហើយ មានទាំចាប់ឆ្នោតបោះឆ្នោតសំរាប់ចែក វេនគ្នានិមន្តទៅសូត្រមន្តទៅបិណ្ឌបាតនិងធ្វើការងារអ្វីផ្សេងៗជា ដើម។ល។ តែគ្រាន់តែមិនបានប្រកាសថា យើងធ្វើនេះជាប្រជា- ធិប្បតេយ្យទេ។ អញ្ចឹងបានន័យថា ប្រជាធិប្បតេយ្យមិនមែនថ្មីថ្មោង
        សំរាប់សាសនាព្រះពុទ្ធទេ មានយ៉ាងតិច៥០០០ឆ្នាំកន្លងមកហើយ។

        ចំណែកខាងព្រះរាជាវិញ ក៏មានបានធ្វើប្រហាក់ប្រហែលគ្នានេះដែរ
        ដូចជា ព្រះបិតារបស់ព្រះវេស្សន្តរបានយកមតិប្រជារាស្រ្តជាធំ បំបរ-
        បង់កូនរបស់ខ្លួនផ្ទាល់ចេញពីរាជវាំងដោយមានកំហុស មួយទៀត មានចាត់ឱ្យរាជអាមាតទូងស្គរដើររកអ្នកមានបុណ្យឬអ្នកចេះដឹងឱ្យ
        ជួយធ្វើសង្គ្រាមឬដោះស្រាយបញ្ហាអ្វីមួយ ដែលព្រះអង្គដោះស្រាយ
        មិនបាន ទៅតាមស្រុកភូមិប្រជាជន ដូចឃើញក្នុងរឿងកុនស្រាប់ ហើយ។ ទាំអស់នេះបានសឱ្យឃើញថាបានអនុវត្តនៅលក្ខណប្រ-
        ជាធិប្បតេយ្យដែរ តែវាគ្រាន់តែមិនបានបរិបូណ៍ប៉ុណ្ណោះ។

        យើងចង់បញ្ជាក់ថា លទ្ធិប្រជាធិប្បតេយ្យ បានកើតមាននៅក្នុងព្រះ
        ពុទ្ធសាសនា និងនៅក្នុងប្រទេសកម្ពុជាជាង២០០០ឆ្នាំមកហើយ គ្រាន់តែពុំមាននរណាបានចងក្រងចេញជាលក្ខណរចនាសម្ព័ន្ធឬ
        ជាប្រព័ន្ធនយោបាយដើម្បីប្រើប្រាសតែប៉ុណ្ណោះ។ល។និង។ល។

      • បងរីករាយ ថា:

        ខ្ញុំព្រះករុណាសូមថ្វាយបង្គំ ជំរាបសួរ Kaps,
        ចម្ងល់របស់ខ្ញុំ គឺ កាលណាយើងក្រឡេកមើលទៅភ្នំ តើយើងនឹង
        ឃើញអ្វីមុនដំបូង ពិតណាស់គឺយើងឃើញកំពូលនិងទ្រង់ទ្រាយ
        ទាំងឡាយរបស់ភ្នំនោះ ។ ក្រោយមកទៀតទើបយើងគិតថា អ្វី
        ទៅដែលទ្រទ្រង់ភ្នំ? ក្នុងគ្រាដែលយើងប្រទះឃើញទិដ្ឋភាពដ៏
        ស្រស់ពីចម្ងាយយើងពុំមានទស្សនៈថា ភ្នំនេះមានគ្រិះរបស់វារឹង
        មាំល្អណាស់ជាមុនសិនទេ ថ្វីត្បិតតែវាអាស្រ័យគ្នាយ៉ាងជិតស្និទ្ធ​ក៏ដោយ អ្វីដែលសំខាន់គឺភ្នំហ្នឹងគឺម្ដង ដូច្នេះដែលហៅថាជាសា
        ខាគឺចង់មានន័យយ៉ាងចឹងពិតបា្រកដណាស់បើនិយាយទៅកាន់
        តែវែងឆ្ងាយទៀត មកពីក្នុងពុទ្ធសាសនា អ្វីតែងតែបច្ច័យនិងគ្នា
        បើមាននៅខាងនេះ ខាងនោះក័មានដែរ គឺអាស្រ័យគ្នាទៅវិញ
        ទៅមក ដែលជាបដិច្ចសមុប្បាតធម៌ ។ ការសិក្សាពីគ្នាទៅវិញទៅ
        មកជួនកាលអាចផ្ដល់នូវចំណះដឹងប្លែកៗ រួចហើយបង្កើនបញ្ញា
        ផងដែរ ៕
        សូមអរគុណ Kapsដែលផ្ដល់ឱកាសជូនខ្ញុំ

  2. kaps... ថា:

    ខ្ញុំព្រះករុណាសូមអរគុណព្រះអង្គដែលបានអត្ថាធិប្បាយបន្ថែមយ៉ាងក្បោះក្បាយ និងបានយល់នូវអ្វីដែលខ្ញុំព្រះករុណានិយាយត្រួសៗ នោះ ឥឡូវនេះសូមស្លេះរឿងនោះសិន។

    ខ្ញុំព្រះករុណាមានចម្ងល់ពីរសំនួរទៀត ដែលទាក់ទងនិងព្រះពុទ្ធ
    សាសនាដូចខាងក្រោម៖

    បើតាមខ្ញុំព្រះករុណាបានរៀនបន្តិចបន្ទួចអំពីព្រះពុទ្ធសាសនាថា សាសនាព្រះពុទ្ធខុសគ្នាស្រឡះនិងសាសនាព្រាហ្ម ដូច្នេះព្រះពុទ្ធ មិនជឿនូវវេទមន្តទេ ដូចជាចេះជប់ចេះហោះចេះហើរចេះបែងភាគ
    ឬមន្តអាគមអូមអាម និងធ្វើឬសំដែងបាដេហារ៍ជាដើម តើនេះ ជារឿងពិតឬមិនទេ?

    ចំណែកទីពីរវិញ តើហេតុអ្វីបានជានៅស្ទើរគ្រប់វត្ត មានគូររូបអង្គ ព្រះពុទ្ធនៅលើប្លាំងខ្ពស់ នៅខាងក្រោមឃើញនាងគង្ហ៊ីងមានសក់
    យ៉ាងវែង ហើយនៅខាងក្រោមទៀតឃើញមានសត្វកាចសាហាវ
    ដូចជាសត្វឆ្លាមសត្វក្រពើជាដើមបានខាំមនុស្សស៊ីទាំងរស់ ខ្លះដាច់
    ក្បាល ខ្លះដាច់ដៃ ខ្លះដាច់ជើង ហើយមានឈាមក្រហមច្រាលពេញ
    ផ្ទៃទឹក គួរឱ្យខ្លាចជាទីបំផុត។ តើរឿងនេះជារឿងពិតឬក៏ជារឿង
    ប្រឌិតទេ? បើជារឿងពិតមែន តើព្រះពុទ្ធមានបាបដែរឬទេ? ពីព្រោះ
    មានមនុស្សស្លាប់ច្រើនណាស់នៅក្រោមប្លាំងរបស់ព្រះអង្គ!

    • ចំរើនពរញោម
      ១-ព្រះសម្មាសម្ពុទ្ធ ទ្រង់មិនបានបដិសេធរឿងមន្តអាគមអូមអាមនោះទេ ព្រះអង្គទ្រង់ទទួលស្គាល់ថា មានមែន គ្រាន់តែថាព្រះអង្គមិនអោយកាន់យកនោះមកពីវិជ្ជាទាំងនោះ ទោះជាបុគ្គលចេះចាំពូកែយ៉ាង ណាក៏មិនចៀសផុតពីការកើត ចាស់ ឈឺ ស្លាប់ អនិច្ចំ ទុក្ខំ និងអនត្តាដែរ ។
      ២-រូបដូចដែលញោមបានរៀបរាប់ខាងលើនោះ គឺជានិមិត្តរូបនៃសកម្មភាពក្នុងថ្ងៃត្រាស់ដឹងនារាត្រី១៥កើត ខែវិសាខ ឆ្នាំរកា មុនព.ស ៨០ ឆ្នាំឯណោះ។ នាងគង្ហីងគឺជានិមិត្តរូបនៃផែនដី ពួកឆ្លាម មករ ទាំងឡាយនោះគឺបរិវាររបស់នាងគង្ហីង ឬថាជាបារមីធម៌របស់ព្រះពោធិសត្វ ចំណែកពួកមនុស្ស ឬយក្សដែលត្រូវឆ្លាមមករខាំស៊ីនោះគឺជាពួក ពលមារដែលមកផ្ចាញ់ព្រះអង្គរារាំងមិនឲ្យព្រះអង្គបានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ។ នៅពេលដែលមារនិយាយថាព្រះសិទ្ធត្ថមិនសក្តិសមនិងគង់លើរតនបល្ល័ង្កនេះទេ យើងឯណេះទេដែលជាអ្នកគួរបាននូវរតនបល្ល័ង្កនេះ យើងមានពួកពលសេនាទាំងឡាយជាសាក្សី ។ មារក៏សួរព្រះអង្គថាតើនរណាជាសាក្សីនៃការសាងបារមីរបស់ព្រះអង្គ ? ព្រះពោធិសត្វក៏បានលាម្រាម ព្រះហស្តចង្អុលទៅកាន់ផែនដីហើយទ្រង់ត្រាស់ថា យើងមានផែនដីជាសាក្សី ផែនដីជាអ្នកដឹងឮក្នុង ការសាងបារមីដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធ។ ក្រោយពេលដែលព្រះអង្គទ្រង់ត្រាស់ដូច្នោះហើយ ផែនដីក៏កក្រើករំពើកញាប់ញ័រឡើង ។ ពួកស្តេចមារនិងពលសេនាទាំងឡាយក៏មាន ការភិតភ័យខ្លបខ្លាច លុតជង្គង់ថ្វាយបង្គំសុំចុះចាញ់ក្នុងពេលនោះ ។ ហើយព្រះសម្មាសម្ពុទ្ធក្រោយពីបានផ្ចាញ់នូវមារទាំងក្នុងទាំងក្រៅអស់ហើយ ក៏បានសម្រេចនូវសម្មាសម្ពោធិញ្ញាណក្នុងរាត្រីនោះឯង ។ នៅក្នុងនោះមិនមានការកាប់សម្លាប់គ្នាដូច ក្នុងសង្គ្រាមមនុស្សលោកសព្វថ្ងៃនេះទេ ។ គំនួរនេះគ្រាន់តែជានិមិត្តរូបប្រៀបធៀបក្នុងការដែលព្រះអង្គព្យាយាមច្បាំងនឹងកិលេសមុនពេលត្រាស់ដឹង ។ យើងអាចប្រៀបធៀបទៅថា ឆ្លាមមករទាំងឡាយគឺជាបារមីធម៌របស់ព្រះអង្គ មនុស្សម្នាឬយក្សដែលត្រូវឆ្លាមស៊ីនោះគឺកិលេលតណ្ហាទាំងពួង។

      • kaps... ថា:

        ខ្ញុំព្រះករុណាសូមអរព្រះគុណដែលព្រះអង្គបានពន្យល់ដ៏ក្បោះក្បាយ។

        តែយ៉ាងណាក៏ដោយ ក៏នៅតែមានចម្ងល់ជាបន្តរបន្ទាប់ថា ព្រះអង្គ
        ទ្រង់បានយកម្រាមដៃចង្អុលផែនដី ហើយផែនដីក៏កក្រើកញាប់ញ័រ
        ធ្វើអោយពួកសត្រូវភ័យញ័ររន្ធត់ តើត្រង់នេះពិតអញ្ចឹងមែនឬយ៉ាង ណា?

        ចំណែករូបឆ្លាមនិងក្រពើដែលខាំមនុស្សស៊ីទាំងរស់ នៅក្រោម បាលាំងរបស់ព្រះអង្គនោះ ខ្ញុំព្រះករុណាមើលទៅឃើញថា មិនគួរ
        ធ្វើនិមិត្តរូបដូច្នោះទេ ដោយមិនត្រូវមិនត្រូវប្រើបារមី សម្លាប់មនុស្ស
        របៀបនោះទេ ធ្វើនេះនាំអោយមានការភាន់ច្រឡំដល់មនុស្សម្នា
        ដែលមកទស្សនានៅទីវត្តអារាមរបស់របស់ព្រះសង្ឃដែលជាអ្នក
        កាន់សិលមិនសម្លាប់មនុស្ស ស្រាប់តែឃើញមានរូបមនុស្សស្លាប់
        យ៉ាងសាហាវហើយវេទនាជាទីបំផុតយ៉ាងដូច្នេះទេ ខ្ញុំព្រះករុណា
        យល់ថា គួរតែផ្លះប្តូរនិមិត្តរូបនោះចេញ ទើបសមរម្យ។

        មួយទៀតដូចសាសនាព្រះយេស៊ូគ្រឹស្ត ក៏ប្រហាក់ប្រហែលគ្នាដែរ
        ថា ព្រះយេហូវា ជាព្រះអាទិទេពដ៏ឆ្នើម ដែលគេជឿថាបានបង្កើត
        ទឹកបង្កើតដី បង្កើតអ្វីទាំងអស់លើពិភពលោក តើហេតុអ្វីបានជា
        បញ្ជូនព្រះយេស៊ូអោយមកស្លាប់យ៉ាងវេទនាជាទីបំផុត ដោយគេ
        ឆ្កាងទាំងរស់ដូច្នេះ តើព្រះយេហូវា អត់មានអ្វីជម្រើសក្រៅពីធ្វើ
        ដូច្នោះទេអី! ព្រះអង្គចេះដល់បង្កើតទឹកបង្កើតដី បង្កើតអ្វីៗលើ
        ពិភពលោកបាន តែជួយព្រះយេស៊ូមិនបានទៅវិញ ជួយមនុស្ស
        លោកមិនបានទៅវិញ ខ្ញុំព្រះករុណាចេះតែឆ្ងល់។ល។និង។ល។

        ចម្ងល់មួយទៀត តើអ្វីទៅដែលហៅថាសាសនា តើសាសនាមាន
        ផលប្រយោជន៍អ្វីដល់មនុសលោក? តើសាសនាជួយមនុស្សលោក
        អ្វីខ្លះ? សូមព្រះអង្គមេត្តាជួយបំភ្លឺអោយបានក្បោះក្បាយបន្តិចមើល!

        សូមអរព្រះគុណទុកជាមុន!

      • ចំរើនពរញោម ការដែលផែនដីកក្រើកនោះគឺមិនមែនដើម្បីបំភិតបំភ័យដល់សត្រូវគឺពលមារទាំងនោះទេ គឺគ្រាន់តែជាសញ្ញានៃសក្ខីភាពដែលព្រះអង្គបានសាងបារមីមកប៉ុណ្ណោះទេ ។ ការភិតភ័យខ្លបខ្លាចនោះគឺមកពីពួកពលមារទាំងនោះមិនអាចធ្វើអ្វីព្រះអង្គបាន ។ ត្រង់កន្លែងថាពិតឬមិនពិតនោះអ្នកប្រាជ្ញខាងផ្នែកព្រះពុទ្ធសាសនាទាំងឡាយបានវែកញែកខុសៗពីគ្នា អ្នកខ្លះថាជាពលមារពិតប្រាកដ អ្នកខ្លះថាជានិមិត្តរូបនៃកិលេសរបស់ព្រះអង្គដែលកើតឡើងក្នុងពេលដែលព្រះអង្គកំពុងពិចារណារកនូវសច្ចធម៌ ។ ទោះជាយ៉ាងណាក៏ដោយសកម្មភាព
        ដែលកើតឡើងក្នុងពេលនោះ អាចត្រូវបានសម្រេចថាជារឿងពិត ពីព្រោះមារកាលនោះគឺទេវបុត្រមារដែលស្ថិតនៅឋាននិម្មានរតី ហើយមានយានជំនិះជាដំរីឈ្មោះ គិរិមេខលៈ ។
        ក្នុងពេលនោះមិនមានឆ្លាមមករខាំស៊ីសំលាប់មនុស្ស (ពលមារនោះទេ) គ្រាន់តែពលមារទាំងនោះភិតភ័យហើយក៏នាំគ្នារត់ចែកផ្លូវគ្នារៀងៗខ្លួនទៅ ។ អាត្មាមិនអាចលើកឡើងអោយបាន
        ក្បោះក្បាយក្នុងទីនេះទេ នេះគ្រាន់តែជាសេចក្តីខ្លះៗដើម្បីជាពន្លឺក្នុងការពិចារណាទាំងអស់គ្នា ។ ចំណែកការគូររូបដែលមានការស៊ីសម្លាប់ពលមារអោយស្លាប់ទាំងវេទនានោះ មិនមែនមិនគួរទេ ពីព្រោះពលមារដែលរងទុក្ខវេទនានោះជាតំណាងអោយសភាវៈអាក្រក់ ដូច្នេះបានន័យថា អ្នកប្រព្រឹត្តអាក្រក់តែងតែរងទុក្ខវេទនាដោយទង្វើរបស់ខ្លួន ។ នេះក៏ជាមធ្យោបាយដ៏ល្អមួយដែរក្នុងការ រំលឹកមនុស្សទាំងឡាយអោយវៀវចាកការប្រព្រឹត្តអំពើអាក្រក់ ។

      • អាត្មាភាពសូមឆ្លើយនូវសំនួរមួយទៀតដែលញោមបានសាកសួរអំពីសាសនា ។ នេះក៏ជា
        សំនួរដ៏ល្អប្រសើរមួយក្នុងការស្វែងយល់ពីផលប្រយោជន៍នៃសាសនា ។ សាសនាគឺជា
        ពាក្យប្រៀនប្រដៅ ។ សាសនាមានផលប្រយោជន៍ផ្តល់នូវសុខសន្តិភាព និងសុភមង្គល
        ដល់មនុស្សលោក ចាប់តាំងពីបុគ្គលដល់សង្គម ។ នេះបើបកស្រាយទៅតាមពាក្យថា
        សាសនា ហើយពាក្យនេះនៅជាសាធារណៈនៅឡើយ ។ សាសនាផ្សេងៗសូមលើទុកសិន
        ចុះ អាត្មាភាសូមនិយាយអំពីព្រះពុទ្ធសាសនាវិញ ។ ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រ
        ដៅរបស់ព្រះសម្មាសម្ពុទ្ធ ហើយព្រះពុទ្ធសាសនានេះមានប្រយោជន៍បីយ៉ាងដល់មនុស្ស
        លោកអ្នកគោរពប្រតិបត្តិតាម ។ ព្រះពុទ្ធសាសនាជួយមនុស្សលោកអោយរួចផុតអំ
        ពីសេចក្តីទុក្ខទាំងពួង ដោយប្រៀនប្រដៅសត្តនិករអោយបានយល់នូវវិធីរស់នៅដែលប្រកប
        ទៅដោយសេចក្តីសុខកាយ សុខចិត្ត បង្កើតនូវសន្តិភាពដល់សង្គមមនុស្សទូទៅ អោយចេះ
        ដាក់ចុះហិង្សា ហើយកាន់យកនូវអហិង្សាធម៌ ប៉ុណ្ណេះជាដើម ។ ផលប្រយោជន៍នានា មាន
        រៀបរាប់នៅក្នុងសៀវភៅប្រយោជន៍បីប្រការស្រាប់បើពុទ្ធបរិស័ទទាំងឡាយចង់ស្វែងយល់
        អរបានក្បោះក្បាយសូមទាញយកពីតំណភ្ជាប់ខាងលើ ។ សូមអរគុណញោម អាត្មាសង្ឃឹម
        ថាញោមប្រាកដជាមានចម្លើយដ៏សុក្រិត្យយកមកចែករំលែកក្នុងទីនេះជាមិនខាន ។

      • kaps... ថា:

        ខ្ញុំព្រះករុណាសូមអរព្រះគុណដែលព្រះអង្គបានឆ្លើយតបនូវសំនួរ
        របស់ខ្ញុំព្រះករុណា!

        សាសនាគឺជាពាក្យប្រៀនប្រដៅ ហើយសាសនាបានផល ប្រយោជន៍ ជាសុខសន្តិភាពនិងសុភមង្គលដល់មនុស្សលោក
        ក្នុងសង្គម!

        ខ្ញុំព្រះករុណាយល់ឃើញថាល្អណាស់ បើបើកក្បួនខ្ញុំព្រះករុណា
        មើលទៅ ឃើញចូលបីក្រសួងគឺ វប្បធម៌ សង្គមកិច្ច និង សន្តិសុខ
        តែខ្ញុំព្រះករុណាថាមានដល់ទៅប្រាំ ឯណោះ គឺនយោបាយនិង
        សេដ្ឋកិច្ចផងដែរ។

        តែយ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាសូមមានសំនួរបន្តរទៀតដូច
        តទៅនេះ៖

        ខ្ញុំព្រះករុណា សូមឱ្យព្រះអង្គ វែកញែកអំពីរឿង បាបកម្ម ដែលមាន
        នៅក្នុងព្រះពុទ្ធសាសនា ចំពោះមនុស្សលោកយើង។

        ខ្ញុំព្រះករុណា បានចងចាំ នៅសុភាសិតមួយឃ្លា កាលនៅជាក្មេង
        វត្ត ប៉ុន្តែដូចជាមិនសូវច្បាស់ថាត្រូវនោះទេ តែសូមព្រះអង្គជួយកែរ
        តម្រូវដូចតទៅ៖

        កម្មំ សត្តេ វិភជ្ជតិ ហីនប្បណី តតាយ (ភាសាបាលីមិនច្បាស់)
        កម្មតែងចែកសត្វឱយថោកទាបនិងថ្លៃថ្លា! (ប្រែប្រហែលច្បាស់)

        សូមព្រះអង្គមេត្តាជួយអត្ថាធិប្បាយវែកញែកឱយបានយល់ច្បាស់
        អំពីន័យនៃសុភាសិតនេះផង!

        សូមអរព្រះគុណទុកជាមុន!

      • ចំរើនពរម្តងទៀតញោម Kaps..
        ពុទ្ធភាសិតដែលមានសេចក្តីថា កម្មំ សត្តេ យទិទំ​ ហីណប្បណី តតាយ
        នោះពិតជាត្រឹមត្រូវហើយគឺមានសេចក្តីថា កម្មរមែងបែងចែកសត្វឲ្យថោក
        ទាបឬថ្លៃថ្នូរ ។ ពិតដូចជាបងរីករាយបានអធិប្បាយមកដោយត្រួសៗអញ្ចឹងមែន។
        ពាក្យថាកម្មនេះគឺនៅជាអព្យាក្រិតនៅឡើយ មិនដូចដែលខ្មែរយើងធ្លាប់ប្រើមកថា
        កម្មបានសេចក្តីថាទុក្ខ ឬអាក្រក់នោះទេ ។ កម្ម ប្រែថា អំពើ ទង្វើ ការធ្វើ ។ ធ្វើស្រែចំការ
        ច្បារដំណាំ ជំនួញជូញដូរ….កិច្ចការដែលមនុស្សសត្វប្រព្រឹត្តធ្វើហ្នឹងឯងហៅថាកម្ម ។
        កម្មចែកអោយខ្លីទៅមានពីរយ៉ាង គឺ កុសលកម្ម បានខាងសេចក្តីល្អ ឬអំពើល្អ,
        អកុសលកម្ម​បានខាងសេចក្តីអាក្រក់ ឬ អំពើអាក្រក់ ។ ដែលថាកម្មបែងចែកសត្វឲ្យ
        ថ្លៃថ្នូឬថោកទាបនោះ ព្រោះថា មនុស្សនឹងមានសេចក្តីសុខ និងទុក្ខ ថោកទាប ឬថ្លៃថ្នូរ
        ព្រោះអាស្រ័យនូវទង្វើរបស់ខ្លួនជាអ្នកធ្វើ បុគ្គលណាប្រព្រឹត្តធ្វើនូវអំពើថោកទាប លាមក
        អំពើអាក្រក់ បុគ្គលនោះនឹងទទួលនូវសេចក្តីទុក្ខ ទទួលនូវភាពថោកទាប ទទួលការ
        ប្រមាថមើលងាយពីសំណាក់ជនទូទៅ ទោះជាអ្នកនោះនៅក្នុងឋានៈបុណ្យសក្តិណា
        ក៏ដោយ បើទុកជាគេមិនហ៊ានមើលងាយប្រមាថនៅចំពោះមុខក៏នៅកំបាំងមុខដែរ។
        លុះអនាគតរលត់ពីជាតិនេះទៅ អកុសលកម្មដែលខ្លួនបានធ្វើនោះឯងបាននាំបុគ្គល
        នោះទៅកាន់ទីថោកទាប ទីទុក្ខ មានអបាយភូមិទាំង៤ គឺ នរក ប្រេត អសុរកាយ និង តិរច្ឆាន។

        ចំណែកបុគ្គលអ្នកប្រព្រឹត្តនូវអំពើល្អ អំពើស្មោះត្រង់យុត្តិធម៌ អំពើជាកុសល បុគ្គលនោះតែង
        តែបានការលើកតំកើងថ្លៃថ្នូរគោរពកោតក្រែងពីសំណាក់មហាជនទាំងកំបាំងមុខទាំងចំពោះមុខ។
        បើទុកជាអ្នកនោះមិនបានទទួលសេចក្តីសុខក្នុងពេលបច្ចុប្បន្នព្រោះដោយសារតែសម្ពាធបរិយាកាស
        ណាមូយក៏ដោយ ក៏សេចក្តីល្អរបស់គេនឹងនៅតែជួយឲ្យបានជួបប្រទះនូវជោគជ័យនិងសេចក្តីសុខ
        ក្នុងពេលណាមួយមិនខាន ពីព្រោះសេចក្តីល្អដេលបុគ្គលបានធ្វើហើយមិនដែលសាបសូន្យទេ ។
        លុះអនាគតរលត់ជីវិតពីជាតិនេះទៅ កុសលកម្មឬសេចក្តីល្អដែលគេបានធ្វើនោះឯងនឹងនាំទៅកើត
        ក្នុងទីខ្ពង់ខ្ពស់ថ្លៃថ្នូរ ប្រកបដោយសេចក្តីសុខ ។ នេះសមដូចពុទ្ធភាសិតមួយកន្លែងទ្រង់ត្រាស់ថា
        កល្យាណការី កល្យាណំ បាបការី ច បាបកំ ។ បុគ្គលធ្វើនូវអំពើល្អរមែងបានផលល្អ បុគ្គលធ្វើនូវ
        អំពើអាក្រក់នឹងបានទទូលផលអាក្រក់ ។ ពុទ្ធសាសនាមិនប្រើពាក្យថា ព្រហ្មលិខិតទេ ពីព្រោះពាក្យ
        នេះច្រើនសំដៅទៅលើព្រះព្រហ្មឬអាទិទេពណាមួយជាអ្នកផ្តល់នូវសេចក្តីសុខ និង សេចក្តីទុក្ខ ។ ច
        ចំពោះពុទ្ធសាសនាគឺប្រើពាក្យថា កម្មលិខិត ពីព្រោះអ្វីៗគ្រប់យ៉ាង សុខ ទុក្ខ ថ្លៃថ្នូរ ថោកទាប គឺខ្លួន
        ជាអ្នកសាងមក ហើយខ្លួនគឺជាអ្នកទទួលដោយខ្លួនឯង មិនមានឥទ្ធិពលបណ្តាលមកពីអាទិទេពណា
        មួយទេ ។ ដូច្នេះ អ្វីគ្រប់យ៉ាងគឺកម្មជាអ្នកបែងចែក ហើយកម្មហ្នឹងឯងគឺខ្លួនជាអ្នកធ្វើដោយខ្លួនឯង ។

      • kaps... ថា:

        ខ្ញុំព្រះករុណាសូមអរគុណព្រះអង្គ ដែលបានបកស្រាយនូវពាក្យថា
        កម្ម ហើយកម្មនេះប្រេថាអំពីដែលមនុស្សសត្វយើងប្រព្រឹត្តរល់ថ្ងៃ
        នោះ។ កម្មតែងបែងចែកមនុស្សឱ្យថោកទាបនិងថ្លៃថ្លា ធ្វើល្អបាន
        ល្អ ធ្វើអាក្រក់បានអាក្រក់ ទៅតាមទង្វើរបស់បុគ្គលម្នាក់ៗ។ល។

        បើកម្មជាអំពើរបស់មនុស្សធ្វើ រីឯ នយោបាយដែលខ្ញុំព្រះករុណា បានលើកយកនិយាយនៅទីនេះ គឺជាចលនាឬអំពើរបស់មនុស្ស
        សត្វធ្វើដូច្នោះដែរ ។ ខ្ញុំព្រះករុណាចង់ដឹងការបកប្រែនូវពាក្យកម្ម
        ហើយប្រៀបធៀបនិងពាក្យនយោបាយដែលខ្ញុំព្រះករុណាលើក
        យកនិយាយគឺដូចគ្នា តើព្រះអង្គមានយោបល់យ៉ាងម៉េចដែរ?

        សូមអរព្រះគុណ!

      • ចំរើនពរញោម! ពាក្យថា កម្ម នេះ គឺក្តោបនូវអត្ថន័យទូទៅនៃសកម្មភាពទាំងពួង មិនថាសកម្មភាពក្នុង
        វិស័យណាមួយទេ គឺចាត់ចូលជាកម្មទាំងអស់។ ទស្សនៈរបស់ញោមដែលប្រៀបធៀបនយោបាយទៅ
        នឹងកម្មនោះក៏ជាការត្រឹមត្រូវ ពីព្រោះនយោបានក៏ជាចំណែកមួយនៃកម្មដែរ ។ បើនយោបាយដឹកនាំ
        មនុស្សឲ្យឆ្ពោះទៅរកសេចក្តីចំរើនរុងរឿង សុខសន្តិភាព មានស្ថេរភាព សម្បូរសប្បាយ មិនជិះជាន់ កេងប្រវញ្ចន៍ មិនពុករលួយ ជាដើម នយោបាយនេះចាត់ចូលជាកុសលកម្ម ជាចំណែកខាងសេចក្តី
        ល្អ ។ ប៉ុន្តែ បើនយោបាយនេះដឹកនាំមនុស្សទៅរកហាយនភាព វិនាសហិនហោច ខ្លោចផ្សា ព្រាត់
        ប្រាស់ មានការជិះជាន់ គាបសង្កត់ កេងប្រវញ្ចន៍ ពុករលួយ នាំក្តីវិបត្តិមកដល់មនុស្សទាំងឡាយនោះ
        ចាត់ចូលជាអកុសលកម្ម ជាចំណែកខាងសេចក្តីអាក្រក់ ។ នេះជាយោបល់របស់អាត្មាភាព។

  3. បងរីករាយ ថា:

    ចេតនាជាតួកម្ម ​ទាំងកាយ វាចា ចិត្ត ថោកទាប និង ថ្លៃថ្នូរ ក៏ដូច
    អកុសលកម្ម និង កសុលកម្ម ។ ហេតុល្អ ពិតជានាំឲ្យបច្ច័យល្អ
    ដូច្នេះ ថោកទាប និង ថ្លៃថ្នួរ គឺអាស្រ័យសំខាន់ទៅលើបុគ្គលរូប
    លោក Kapsអ្នកបដិបត្តិ :

  4. បងរីករាយ ថា:

    វ៉វ អស្ចារ្យណាស់គុណម្ចាស់​ពិតជាគ្មានចន្លោះត្រង់ចំណុចណាមួយឡើយ ការពន្យល់
    អធិប្បាយលំអិតរបស់គុណម្ចាស់ឆ្លើយតបទៅនឹងម្ចាស់សំ
    នួរ ទាន ។

  5. ចេះមកពីរៀន ថា:

    និយាយពីការ​ចាប់បដិសន្ធិឡើងនៃប្រជាធិបតេយ្យតាំងពី ៥០០០
    ហើយ២០០០ឆ្នៃមុនម្លេះ ៖ នាសម័យយុគនោះ ខ្ញុំហាក់ដូចជា
    ល្ងង់ត្រង់ចំណុចដែលថាគ្មាននរណាបានចងក្រងចេញជាលក្ខណរចនាសម្ព័ន្ធឬជាប្រព័ន្ធនយោបាយដើម្បីប្រើប្រាសតែប៉ុណ្ណោះ។ល។និង។ល។ សំនួរសួរថាតើហេតុអ្វីបានជាក្រសួងផ្នែកខាងប្រព័ន្ធអប់រំជាតិ
    អសម្ថភាពម្លេះ រហូតដល់ការកត់ត្រាទុកចម្លងជាក្បួនខ្នាតក៏ធ្វើ
    មិនកើត? សូមជួយបំភ្លឺផងអទាន ។
    ខ្វះឬលើសត្រង់ចំណុចណាមួយសូមអាធ្យស្រ័យ

    • ចំរើនពរញោម! ព្រះពុទ្ធសាសនាទើបតែបាន២៥៥៣ ឆ្នាំទេ មិនទាន់ដល់៥០០០ ឆ្នាំទេ។ 😀 បើរាប់យកលទ្ធិប្រជាធិបេតយ្យតាំងពីសម័យព្រះវេស្សន្តរនោះ គឺមិនអាចរាប់ថាប៉ុន្មានឆ្នាំបាន ទេ ពីព្រោះយូរអង្វែងក្រៃណាស់ ។ បើរាប់ចាប់ពីកាលព្រះពុទ្ធទ្រង់ត្រាស់ដឹងមកគឺទើបតែ 2595 ឆ្នាំទេ គ្រាន់តែថាលទ្ធិប្រជាធិបតេយ្យក្នុងព្រះពុទ្ធសាសនា កើតមានមុនប្រជាធិ បតេយ្យក្នុងប្រទេសនានា។ កិច្ចការខាងក្រសួងនេះអាត្មាមិនដឹងជាត្រូវឆ្លើយយ៉ាងម៉េចទេ ទុកអោយញោម Kaps..ជាអ្នកឆ្លើយចុះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s