សិរីជាទ្រព្យដ៏ប្រសើរ

សិរីក្នុងទីនេះ គឺជាសេចក្តីល្អ ឬជាបុណ្យកុសលដែមនុស្សយើងបានធ្វើទុកមកតាមលំដាប់
លំដោយរហូតបានជាបុញ្ញនិធិ ជាគំនរបុណ្យ ឬជាបុណ្យបារមីដែលជាប់តាមបុគ្គលអ្នកធ្វើ
នោះរហូតមកហ្នឹងឯង ។ សិរី គឺជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយ ហាក់ដូចជា
ចូលចិត្តតែមនុស្សណាដែលមានសិរីនៅក្នុងខ្លួនអីចឹង រីឯមនុស្សណាមិនមានសិរីនៅក្នុងខ្លួន
ឬអស់សិរី សម្បត្តិមិនប្រាថ្នានៅជាមួយឡើយ ។

មនុស្សយើង សូម្បីបានភោគសម្បត្តិមកអំពីគំនរមរតកក្តី បានមកអំពីអំពើអ្វីៗផ្សេងៗក្តី តែ
កាលណាខ្វះសិរីហើយ ភោគសម្បត្តិទាំងអស់នោះរមែងសន្សឹមៗ អស់ទៅៗ ពេលខ្លះ
សម្បត្តិថ្មីដែលបានមកនោះ ត្រឡប់ទៅជាមកនាំយកសម្បត្តិចាស់ឲ្យវិនាសទៅក៏មាន ថែម
ទាំងគ្រោះថ្នាក់ដល់ខ្លួនជាម្ចាស់ទៀតផង ។

បុណ្យដែលចាត់ថាជាសិរីនោះ បានដល់បុណ្យគឺការប្រព្រឹត្តធម៌ដែលជាសេចក្តីល្អផ្សេងៗ
ដូចជាការមានមេត្តាករុណា ការអើពើទំនុកបម្រុង ការមានអាជីពសុចរិត ការនិយាយពិរោះ
ការគោរពឱនលំទោនជាដើម ដែលធ្វើឲ្យអ្នកដទៃពេញចិត្ត ជិតដិតស្និទ្ធស្នាល និងជា
ឧបការៈជួយឲ្យខ្លួនឯងមានសេចក្តីចម្រើន ឈានឡើងដោយលំដាប់ រួមទាំងការវៀវចាក
នូវអំពើអាក្រក់ទុច្ចរិតគ្រប់បែប វៀរចាកអបាយមុខគ្រប់ប្រការ ហើយមានព្យាយាម មិន
ខ្ជិលច្រអូសក្នុងការងារផ្សេងៗផង ទាំងអស់នេះឯងគឺជាសិរីរបស់មនុស្ស ។

មនុស្សដែលប្រព្រឹត្តធម៌ដូចពោលមកនេះ ចាត់ថាជាមនុស្សមានសិរី និងសមគួរជាមនុស្ស
ប្រភេទ «ជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយ» ។ ចំណែកបុគ្គលមិនប្រព្រឹត្តធម៌
វៀរចាកទុច្ចរិតមិនបាន ញៀនក្នុងអបាយមុខសព្វគ្រប់ ដូចនេះទោះជាបានទ្រព្យសម្បត្តិពី
ណាមកក៏ដោយ ក៏នៅមិនយូរឡើយ ត្រឹមតែមួយថ្ងៃពីរថ្ងៃក៏នឹងមានហេតុឲ្យទ្រព្យចេញចាក
ទៅនៅជាមួយមនុស្សមានសិរីវិញដោយពិត ។

សិរីនៅជាមួយអ្នកណា គឺជារបស់អ្នកនោះ មិនអាចខ្ចីគ្នា ឬសូម ឬលួចបានឡើយ មិនមែន
ដូចជាទ្រព្យខាងក្រៅដែលអាចខ្ចីជាដើមបាននោះទេ ។ ម៉្យាងទៀត​ សិរីបានដល់ភាពជាធំ
មានឋានៈខ្ពង់ខ្ពស់ មានស័ក្តិយស ដោយបុណ្យបារមីចាស់ ឬបុណ្យថ្មីក៏ដោយ ដោយការចេះ
ដឹងព្រមដោយសមត្ថភាពពិតប្រាកដក៏ដោយ អ្នកនោះរមែងបានទទួលនូវទ្រព្យសម្បត្តិទាំង
ឡាយដែលមកអំពីគ្រប់ទិសទាំងពួង ព្រោះមានភាពជាធំនោះឯង ។

ដោយហេតុនោះ បើត្រូវការឲ្យមានសិរីសួស្តីក្នុងខ្លួន ឬនៅជាមួខ្លួន ត្រូវសាងសិរីសួស្តីនោះ
ដោយការប្រព្រឹត្តខ្លួនឲ្យជាមនុស្សល្អ ជាមនុស្សយល់ហេតុយល់ផល និងមានគុណធម៌
មានទឹកចិត្ត មិនឃើញតែខ្លួនឯង មានព្យាយាមមាំមួន ចេះប្រយ័ត្ន មានកតញ្ញុតាធម៌ គ្រប់
គ្រងអាជីពដោយសីល ធ្វើតែការងារប្រាសចាកទោស វៀរចាកអបាយមុខដោយដាច់ខាត
។ល។ ពោលគឺចេះរៀបចំជីវិតឲ្យជាទីកើតឡើង និង ជាទីអាស្រ័យនៅនៃសិរីសួស្តីហ្នឹងឯង។

មនុស្សមានសិរីនៅក្នុងទីណា រមែងធ្វើឲ្យទីនោះចម្រើន នៅក្នុងគ្រួសារណា គ្រួសារនោះក៏
មានការរស់នៅជាសុខ មានលាភមានយស មានទ្រព្យសម្បត្តិស្តុកស្តម្ភគង់វង្ស និងមានភាព
ត្រជាក់ត្រជំក្នុងក្រុមគ្រួសារនោះៗ ។ សិរីទើបជាទ្រព្យដ៏ប្រសើរ និងជាទីស្ថិតនៅនៃភោគៈ
ទាំងឡាយដ៏ពិតប្រាកដ ។

~សៀវភៅ ពន្លឺធម៌ព្រះពុទ្ធ~

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធសាសនា and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s