ការអប់រំចម្រើនសតិបដ្ឋានជារឿងល្អិតណាស់ ព្រោះជាការអប់រំចម្រើនបញ្ញា ដឹងសភាវធម៌ដែលប្រាកដតាមសេចក្តីពិត។
ក-សតិបដ្ឋានមិនមានបញ្ញត្តិជាអារម្មណ៍ ត្រូវឬខុស?
សុ-ត្រូវ…
ក-ចម្រើនសតិបដ្ឋានដោយព្យាយាមមិនឲ្យចិត្តកើតឡើង ដឹងបញ្ញត្តិអារម្មណ៍ ត្រូវឬខុស?
សុ-ខុស ព្រោះថាមិនមែនជីវិតតាមសេចក្តីពិត។
នរណានឹងអាចឃាត់មិនឲ្យចិត្តកើតឡើងដឹងបញ្ញត្តិអារម្មណ៍បាននោះ? ប៉ុន្តែបញ្ញានឹងអប់រំចម្រើនឡើងរហូតដល់អាចដឹងបានថា ខណៈដែលមានបញ្ញត្តិជាអារម្មណ៍នោះ គឺចិត្តដែលជានាមធម៌កំពុងដឹងបញ្ញត្តិ ពុំដូច្នោះទេនឹងមានបញ្ញត្តិជាអារម្មណ៍ក្នុងខណៈនោះមិនបាន ដោយហេតុនេះអ្នកដែលអប់រំចម្រើនសតិបដ្ឋាន ទើបមិនមែនព្យាយាមនឹងមិនគិតអ្វីឡើយ ឬ ព្យាយាមដែលនឹងមិនដឹងថា សភាវៈដែលប្រាកដតាមផ្លូវភ្នែកដែលធ្លាប់បានឃើញបានដឹងជាប្រក្រតីនោះជាអ្វី បើព្យាយាមធ្វើយ៉ាងនោះ ក៏នឹងមិនអាចដឹងលក្ខណៈនៃនាមធម៌ពិតៗ ថាខណៈដែលកំពុងមានបញ្ញត្តិជាអារម្មណ៍នោះ ក៏នាមធម៌គឺចិត្ត ចេតសិក កើតឡើងមានបញ្ញត្តិជាអារម្មណ៍ក្នុងខណៈនោះបានឡើយ។
សតិបដ្ឋានរលឹកសិក្សា ពិចារណាសង្កេតដឹងថា ខណៈណាដែលនឹកគិតខណៈនោះជានាមធម៌ដែលជាសភាវៈដឹង ជាធាតុដឹង មិនមែនខ្លួន មិនមែនតួខ្លួន សត្វ បុគ្គល និងដឹងសភាពដែលជាអនត្តារបស់ធម៌ទាំងឡាយថា បញ្ឈប់ចិត្តមិនឲ្យកើតឡើង គិតនឹករឿងរ៉ាវផ្សេងៗនោះមិនបាន។
ដូច្នោះ បញ្ញានឹងត្រូវដឹងទៅទៅក្នុងលក្ខណៈនៃនាមធម៌ផ្សេងៗ ដេលមានអារម្មណ៍ផ្សេងៗទាំងតាមផ្លូវភ្នែក ផ្លូវត្រចៀក ផ្លូវច្រមុះ ផ្លូវអណ្តា ផ្លូវកាយ ផ្លូវចិត្ត ទើបនឹងអស់សេចក្តីសង្ស័យក្នុងលក្ខណៈនៃនាមធម៌បាន។ តែបើទៅបង្ខាំងមិនឲ្យដឹងបញ្ញត្តិ មិនឲ្យនឹកគិត គឺមិនមែនជាការអប់រំចម្រើនបញ្ញា ព្រោះមិនមាននរណា នឹងហាមការកើតឡើងប្រព្រឹត្តទៅនៃសភាវធម៌ទាំងឡាយក្នុងជិវិតប្រចាំថ្ងៃតាមសេចក្តីពិតបានទេ ប៉ុន្តែដោយសេចក្តីមិនដឹង ទើបធ្វើឲ្យយល់ថា នឹងព្យាយាមមិនឲ្យចិត្តនឹកគិត ឬព្យាយាមមិនឲ្យដឹងបញ្ញត្តិនៃសភាវៈដែលប្រាកដទៅវិញ។
ព្រោះដូច្នោះហើយទើបពិចារណាពីគន្លងផ្លូវបដិបត្តិបានថា គន្លងផ្លូវបដិបត្តិណាមិនមែនជាការអប់រំចម្រើនបញ្ញាដែលសិក្សាសង្កេតដឹងលក្ខណៈនៃនាមធម៌ និងរូបធ៌ ហើយព្យាយាមធ្វើឲ្យខុសប្រក្រតីពីជីវិតប្រចាំថ្ងៃតាមសេចក្តីពិត គន្លងផ្លូវនោះគឺជា មិច្ឆាមគ្គ គឺជាមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិនមែន សម្មាមគ្គ ដែលជាការអប់រំចម្រើនសតិបដ្ឋាន អប់រមចម្រើនវិបស្សនានោះទេ ការមិនដឹងនូវលក្ខណៈនៃសភាវធម៌ដែលប្រាកដ និងមិនដឹងហេតុ មិនដឹងផលនៃសភាវធម៌នោះៗ តាមសេចក្តីពិតទេ ធ្វើឲ្យយល់ខុសប្រកានមាំ ឃើញខុសនិងពេញចិត្តស្វែងរកគន្លងផ្លូវបដិបត្តិដែលខុសដែរ ដោយសេចក្តីមិនដឹង ទោះជាក្នុងខណៈ ដែលឃើញពណ៌ផ្សេងៗ វត្ថុផ្សេងៗក៏ដោយ ។ ក្នុងសំយុត្តនិកាយ មហាវារវគ្គ មគ្គសំយុត្ត ព្រហ្មសូត្រ មានសេចក្តីសង្ខេបថា សាវត្ថីនិទាន (គឺរឿងនេះកើតត្រង់ព្រះនគរសាវត្ថី)
គ្រានោះវេលាព្រឹក ព្រះអានន្ទដ៏មានអាយុប្រដាប់នូវចីវរ ហើយនិងបាត្រ បានចូលទៅបិណ្ឌបាត្រក្នុងក្រុងសាវត្ថី បានឃើញជាណុស្សោណីព្រាហ្មណ៍ចេញពីក្រុងសាវត្ថីដោយរថដែលទឹមដោយសេះ ស សុទ្ធ។ ឮថា សេះដែលទឹមជាសេះ ស, ឆ្នូតក្បាល ស , សំពត់ស្លៀក ស, ទ្រនាប់ជើង ស, ផ្លិតវាលវិជ្ជនីដេលមានដងផ្លិត ស ដែរ។
កាលប្រជាជនឃើញព្រាហ្មណ៍នេះហើយ ក៏យាយយ៉ាងនេះថា អ្នកដ៏ចម្រើនទាំងឡាយ យានប្រសើរណាស់ហ្ន៎, រូបនៃយានប្រសើរណាស់ហ្ន៎ (ឃើញត្រឹមតែពណ៌ ស ក៏យល់ខុសបាន កាលណាមិនដឹងសភាវធម៌ មិនដឹងគន្លងផ្លូវដែលនឹងប្រចក្សច្បាស់ក្នុងសភាវៈដែលមិនមែនតួខ្លួនទេ ក៏ស្វែងរកផ្លូវដទៃ ហើយក៏យល់ខុសថា យានដែលមានពណ៌ ស ជាយានប្រសើរ)។
គ្រានោះ ព្រះអានន្ទដ៏មានអាយុ ទៅបិណ្ឌបាត្រក្នុងក្រុងសាវត្ថី ហើយវេលាបច្ឆាភត្ត ត្រឡប់ពីបិណ្ឌបាត្រក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគដល់ទីប្រថាប់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ គង់អង្គុយក្នុងទីដ៏សមគួរ រួចហើយក៏បានក្រាបទូលនូវរឿងដែលឃើញជាណុស្សោណីព្រាហ្មណ៍ដល់ព្រះដ៏មានព្រះភាគទ្រង់ជ្រាប។ ព្រះដ៏មានព្រះភាគទ្រង់សំដែងនូវអរិយមគ្គមានអង្គ៨ថា ជាសភាវធម៌ដែលរំលត់កិលេស មិនមែនរថ ស និងគ្រប់យ៉ាង ស នោះទេ ហើយក៏បានត្រាស់ប្រព័ន្ធគាថា តទៅទៀតថាៈ
អរិយមគ្គញ្ញាណនោះ មានធម៌គឺ សទ្ធា និង បញ្ញា ជានឹម, មាន សទ្ធា ជាទូក, មាន ហិរិ ជាចន្ទោល, មាន ចិត្ត ជាខ្សែទាញ, មាន សតិ ជាសារថីកាន់កាប់ថែរក្សារថនេះ, មាន សីល ជាគ្រឿងប្រដាប់, មាន ឈាន ជាភ្លៅ, មាន សេចក្តីព្យាយាម ជាកង់, មាន ឧបេក្ខាសមាធិ ជាកំណល់នឹម, មានសេចក្តីមិនប្រាថ្នា ជាដំបូល ។ កុលបុត្រណាមាន សេចក្តីមិនព្យាបាទ សេចក្តីមិនបៀតបៀន និង វិវេក ជាអាវុធ, មានសេចក្តីអត់ធន់ជាស្បែកក្រោះ, កុលបុត្រនោះរមែងជាអ្នកប្រព្រឹត្តទៅដើម្បីសេចក្តីក្សេមចាកយោគៈ ព្រហ្មយានដ៏ល្អបំផុតនេះ កើតក្នុងខ្លួននៃបុគ្គលទាំងឡាយណាហើយ បុគ្គលទាំងឡាយនោះជាអ្នកប្រាជ្ញ រមែងចេញចាកលោកដោយទំនុកទុកចិត្តថា មានជ័យជំនះដោយពិត ។ (សំដែងឲ្យឃើញថា រថពណ៌ ស និងគ្រឿងប្រដាប់ ស ទាំងអស់មិនមែនអរិយយាន)។
ក្នុងអដ្ឋកថា ព្រាហ្មណសូត្រ មានសេចក្តីថា ជាណុស្សោណីព្រាហ្មណ៍តែងតែធ្វើប្រទក្សិណនគរ៦ខែម្តង ដោយមានអ្នកប្រកាសចេញនាំមុខថា ពីពេលនេះទៅព្រាហ្មណ៍នោះ នឹងធ្វើប្រទក្សិណនគរដោយថ្ងៃទាំងឡាយប្រមាណស្មើណេះ។ ជនទាំងឡាយណាបានស្តាប់ប្រកាសនោះហើយ ទោះកំពុងតែចេញពីព្រះនគរ ជនទាំងឡាយនោះក៏នឹងមិនចេញទៅវិញ (ពេលបានដំណឹងថា ជាណុស្សោណីព្រាហ្មណ៍នឹងប្រទក្សិណ សូម្បីអ្នកដែលមានធុរៈនឹងត្រូវចេញពីព្រះនគរ ក៏នៅមិនចេញទៅវិញ) សូម្បីជនទាំងឡាយណាគេចទៅហើយក្តី ក៏ជនទាំងនោះរមែងត្រឡប់មកវិញ ដើម្បីនឹងបានមើលជាណុស្សោណីព្រាហ្មណ៍ធ្វើប្រទក្សិណព្រះនគរ ដោយគិតថាពួកយើងនឹងបានឃើញសិរីសម្បត្តិរបស់លោកអ្នកមានបុណ្យ។
ព្រាហ្មណ៍កាលបរទៅរហូតដល់នគរថ្ងៃណា អ្នកស្រុកទាំងឡាយតែងបោសសំអាតថ្នល់ក្នុងកាលនោះ តាំងពីព្រឹកព្រហាម កៀរខ្សាច់ដាក់ពង្រាបឲ្យស្មើ បាចដោយផ្កាឈើទាំងឡាយ, ឲ្យដាក់នូវទឹកឆ្នាំង ជួយគ្នាលើកដើមចេកទាំងឡាយ និងទង់ទាំងឡាយឡើង ហើយរមែងធ្វើព្រះនគរពោរពេញទៅដោយអប់ក្លិនធូប។ ព្រាហ្មណ៍ប្រទក្សិណនគរដោយរថគ្រឿងប្រដាប់ កឺរថទឹមដោយសេះទាំង៤ ពណ៌ ស សុទ្ធ កង់និងកាំទាំងអស់ហ៊ុំពាសទៅដោយប្រាក់ (គឺមិនថាគ្រឿងប្រដាប់ណាៗ មានពណ៌ ស ទាំងអស់) រថាមាន ២យ៉ាង គឺរថចម្បាំង១ និងរថគ្រឿងប្រដាប់១ រថចម្បាំងមានសណ្ឋាន៤ជ្រុងមិនធំពេក អាចផ្ទុកមនុស្សបាន ២ ឬ ៣នាក់ តែរថគ្រឿងប្រដាប់នោះជារថធំវែងហើយទូលាយ មនុស្សបាំងឆ័ត្របាន កាន់ផ្លិតវាលវិជនី កាន់ផ្លិតស្លឹកត្នោត រមែងនៅក្នុងរថនោះ ៨ ឬ ១០ នាក់ អាចឈរក៏បាន ដេកក៏បាន តាមសប្បាយក្នុងរថនោះ, ហើយសេះដែលទឹមនោះក៏ ស គ្រឿងប្រដាប់របស់សេះទាំងនោះ ជាគ្រឿងប្រាក់ទាំងអស់។ រថដែលឈ្មោះថា ស ព្រោះហ៊ុំទៅដោយប្រាក់និងប្រដាប់ដោយភ្លុកដំរី រថដទៃទៀតមានហ៊ុំព័ទ្ធដោយស្បែករាជសីហ៍ខ្លះ ដោយស្បែកខ្លាដំបងខ្លះ ដោយសំពត់កម្ពលលឿងយ៉ាងណា ចំណែករថរបស់ជាណុស្សោណីព្រាហ្មណ៍នោះ រកឲ្យដូចយ៉ាងនោះមិនមានឡើយ ព្រោះថាបានហ៊ុំព័ទ្ធសំពត់យ៉ាងល្អ ខ្សែរុំទៅដោយប្រាក់ និងកែវប្រពាឡ សូម្បីដងជន្លួញក៏ហ៊ុំទៅដោយប្រាក់ សូម្បីឆ័ត្រដែលគេលើកឡើងកណ្តាលរថាក៏ ស សំពត់ឆ្នួតក្បាលធ្វើដោយខ្សែប្រាក់ក៏ ស សំពត់ស្លៀក ស គឺមានពណ៌ដូចដុំពពុះទឹក។ ក្នុងសំពត់ទាំងនោះ សំពត់ស្លៀកមានតម្លៃ ៥០០, សំពត់ផាហ៊ុំមានតម្លៃ១.០០០, និងចំពោះទ្រនាប់ជើងនោះ អ្នកដំណើរ ឬអ្នកចូលព្រៃជ្រៅរមែងតែងមាន តែចំណែកស្បែកជើងនេះ សម្រាប់ឡើងរថាជាគ្រឿងប្រដាប់ផ្សំដោយប្រាក់ចាយ និងផ្លិតវាលវិជនីមានពណ៌ ស មានដងធ្វើដោយកែវផលិក គឺគ្រឿងប្រដាប់ ស ប៉ុណ្ណោះ បានមានដល់ព្រាហ្មណ៍នោះតែម៉្យាងប៉ុណ្ណោះមិនមែនឡើយ សូម្បីគ្រឿងប្រដាប់របស់ព្រាហ្មណ៍នោះក៏ធ្វើដោយប្រាក់ដែរ មានដូចយ៉ាងនេះថា គឺព្រាហ្មណ៍នោះលាបពណ៌ ស ប្រដាប់ផ្កាឈើ ស ត្រង់ម្រាមទាំង១០ ពាក់ដោយចិញ្ចៀន ត្រចៀកទាំងពីរពាក់ទុំហ៊ូ សូម្បីព្រាហ្មណ៍ជាបរិវារប្រមាណ ១០.០០០នាក់ ក៏ប្រដាប់ ស សុទ្ធទាំងអស់ ទាំងខោអាវ ផ្កាឈើ និងគ្រឿងប្រដាប់ខ្លួនដោយប្រមាណប៉ុណ្ណេះដូចគ្នា។
ជាណុស្សោណីព្រាហ្មណ៍ជំរះខ្លួនតាំងពីព្រលឹម បរិភោគអាហារព្រឹកហើយក៏តាក់តែងខ្លួន ដោយគ្រឿងសំអាងមានសំពត់ស្លៀកដណ្តប់ ស ចុះពីប្រាសាទឡើងលើរថ។ ពួកព្រាហ្មណ៍ក៏តាក់តែងដោយសំពត់ដែរ គ្រឿងលាបនិងផ្កាឈើ ស ទាំងអស់កាន់នូវឆ័ត្រ ស ហែហមជុំវិញ ជាណុស្សោណីព្រាហ្មណ៍។
បន្ទាប់ពីនោះ ជនទាំងឡាយក៏រមែងចែកចាយផល្លាផលដល់ពួកក្មេងៗមុន ដើម្បីការប្រជុំនៃមហាជន, តពីនោះក៏រមែងបាចនូវប្រាក់ មាសក តពីនោះក៏ចាបកហាបណៈទាំងអស់។ មហាជនរមែងប្រជុំគ្នាស្រែកហ៊ោរ និងគ្រវីកន្សែង ព្រាហ្មណ៍រមែងទៅដល់នគរដោយមហាសម្បត្តិ កាលជនទាំងឡាយអ្នកមានសេចក្តីត្រូវការមង្គលសួស្តីជាដើម។ ការនៅធ្វើមង្គលសួស្តី មនុស្សទាំងឡាយអ្នកមានបុណ្យឡើងទៅលើប្រាសាទមួយជាន់ បើកបង្អួចអើតមើលដូចជាសត្វសារិកាកែវ សូម្បីព្រាហ្មណ៍ក៏រមែងកុះករចោមរោមសំដៅទៅត្រង់ផ្លូវចូលទ្វារខាងត្បូង ហាក់ដូចជានគរគ្រប់គ្រងទៅដោយយស សិរី និងសម្បត្តិរបស់ខ្លួន។
ពេលមហាជនឃើញរថនោះក៏ពោលថា អ្នកដ៏ចម្រើនទាំងឡាយ យានដ៏ប្រសើរហ្ន៎…។ ប៉ុន្តែ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ ធម្មតាមនុស្សទាំងឡាយឲ្យទ្រព្យដល់អ្នកដែលពោលសរសើរ ហើយក៏រមែងឲ្យច្រៀងសរសើរទារិកាទាំងឡាយរបស់ខ្លួន ថាជាអ្នកគួរស្រឡាញ់ គួរគយគន់ មានទ្រព្យច្រើន មានភោគៈច្រើនឲ្យដូចជាការពោលសរសើរនោះក៏មិនមាន, មហាជនឃើញរថព្រាហ្មណ៍យ៉ាងនេះហើយ ទើបពោលសរសើរយ៉ាងនេះថា លោកអ្នកដ៏ចម្រើនយានប្រសើរហ្ន៎… សូម្បីដល់យ៉ាងនោះពិតក៏ដោយ យាននោះនឹងឈ្មោះថា ជាយានប្រសើរដោយត្រឹមតែការពោលសរសើរនោះមិនមែនឡើយ ដែលពិតនោះ យាននោះជារបស់លាមក ជារបស់អាក្រក់។
ម្នាលអានន្ទ តែដោយបរមត្ថ យាននោះជាឈ្មោះរបស់អរិយមគ្គមានអង្គ៨នេះប៉ុណ្ណោះឯង ឯអរិយមគ្គនេះប្រសើរព្រោះប្រាសចាកទោសទាំងពួង ដោយហេតុថា ព្រះអរិយទាំងឡាយ រមែងទៅដល់និព្វានដោយអរិយមគ្គនេះ ដូច្នោះទើបគួរពោលថា ព្រហ្មយានខ្លះ ធម្មយានខ្លះ ព្រោះជាធម៌និងជាយាន, ពោលថាជារថពិជ័យសង្គ្រាមដ៏ល្អជាទីបំផុតខ្លះ ព្រោះមិនមានវត្ថុដទៃ ដ៏ក្រៃលែងជាង និងព្រោះឈ្នះសង្គ្រាមគឺកិលេសហើយ។
នេះគឺសេចក្តីផ្សេងគ្នាដែលកើតអំពីត្រឹមតែការឃើញប៉ុណ្ណោះ ក៏ធ្វើឲ្យកើតសេចក្តីឃើញខុស សេចក្តីយល់ផ្លូវបដិបត្តិខុសទៅហើយ ព្រោះគិតថាពណ៌ ស នឹងជាមង្គល ធ្វើឲ្យជាអ្នកបរិសុទ្ធ ឬអស់កិលេសបាន។ តែសេចក្តីពិតនោះ ព្រះដ៏មានព្រះភាគព្រះអង្គត្រាស់ថា ដែលពិតយាននោះជារបស់លាមក ជារបស់អាក្រក់ ព្រោះថាធ្វើឲ្យគេយល់ខុស គិតថាជាយានប្រសើរ។ ព្រោះដូច្នោះ ការដែលនឹងដឹងសភាវធម៌តាមសេចក្តីពិតទើបមិនទាក់ទងនឹងរឿងពណ៌នៃគ្រឿងស្លៀកដណ្តប់ និងគ្រឿងប្រដាប់លំអតាក់តែងនោះឡើយ គឺថា កាលណាពេលសតិបញ្ញាកើត រលឹកដឹងនូវលក្ខណៈនៃសភាវធម៌ដែលកំពុងប្រាកដ ទើបឈ្មោះថា យាននោះមាននៅក្នុងអ្នកនោះមែន ដែលនឹងអាចនាំទៅដល់ការរំលត់កិលេសបាន។ ឯវំ
[ដកស្រង់ចេញពីសៀវភៅ "បរមត្ថធម៌សង្ខេប ចិត្តបរមត្ថ និងភាគបន្ថែម" ប្រែនិងរៀបរៀងដោយ ធម្មាចារ្យ រស់ សុផាត បោះពុម្ព ព.ស ២៥៣៨ គ.ស ១៩៩៤]
————————————————-
ជំនួយក្នុងការសិក្សាបន្ថែមៈ
អត្ថបទនេះមានសេចក្តីជ្រាលជ្រៅ ព្រោះជាបរមត្ថធម៌ ឬអភិធម្ម ដូច្នេះបើសាធុជនទាំងឡាយចង់សិក្សាបន្ថែមដើម្បីឲ្យបានយល់ទូលំទូលាយ សូមទាញយកសៀវភៅ និង សម្លេងបង្រៀនព្រះអភិធម្មតាមតំណភ្ជាប់ខាងក្រោមនេះ។
សៀភៅសិក្សាព្រះអភិធម្មដំបូង សៀវភៅអភិធម្មត្ថសង្គហៈ សៀវភៅអភិធម្មត្ថសង្គហៈ៩បរិច្ឆេទភាគទី១ ភាគទី២ ភាគទី៣ ការបង្រៀនព្រះអភិធម្មរបស់ធម្មាចារ្យរស់ សុផាត ការបង្រៀនព្រះអភិធម្មរបស់អគ្គបណ្ឌិតធម្មាចារ្យប៊ុត សាវង្ស ។



សម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះ
សង្ឃរាជថ្នាក់ទី១នៃគណៈមហា
និកាយ ព.ស២៤៤៧-២៥១៣។


