កាលបានសិក្សាយល់ហើយក៏នឹងឃើញបានថា ក្នុងជីវិតប្រចាំថ្ងៃរបស់គ្រប់សត្វ បុគ្គលនោះ ខណៈចិត្តខ្លះមានបរមត្ថធម៌ជាអារម្មណ៍ និងខណៈចិត្តខ្លះមានបញ្ញត្តិជាអារម្មណ៍បន្តគ្នា ដូចតាមផ្លូវភ្នែកក៏មិនបានមានតែចក្ខុទ្វារវិថីចិត្តដែលមានតែពណ៌ជាអារម្មណ៍ប៉ុណ្ណោះទេ កាលចក្ខុទ្វារវិថីចិត្តរលត់អស់ហើយរួចភវង្គចិត្តក៏កើតខ័ណ្ឌហើយមនោទ្វារវិថីចិត្តក៏កើតឡើង ទទួលពណ៌តពីចក្ខុទ្វារវិថី កាលណាមនោទ្វារវិថីចិត្តវារៈដំបូងរលត់ហើយ ភវង្គចិត្តកើតខ័ណ្ឌហើយ មនោទ្វារវិថីចិត្តវារៈបន្ទាប់ក៏កើតឡើងមានបញ្ញត្តិជាអារម្មណ៍ មិនដូច្នោះទេ តើនឹងមានជីវិតរស់នៅបានយ៉ាងណា? បើមិនដឹងបញ្ញត្តិថា ជា តុ ជាកៅអី ជាអាហារ ជាពែង ជាចាន ជាស្លាបព្រា ។ល។ ក៏នឹងមានជីវិតមិនបានឡើយ។ សត្វតិរច្ឆានមានបញ្ញត្តិជាអារម្មណ៍ឬទេ? គឺត្រូវមានដូចគ្នា។ បើមិនមានបញ្ញត្តិជាអារម្មណ៍ទេ សូម្បីតែសត្វតិរច្ឆានក៏រមែងមានជីវិតនៅមិនបានដែរ ព្រោះមិនដឹងថាអ្វីជាអាហារ ឬមិនមែនអាហារ។
អ្នកដែលមានបញ្ញត្តិជាអារម្មណ៍ ដូចព្រះអរហន្តសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអរហន្តទាំងឡាយ ព្រះអនាគាមិនបុគ្គល ព្រះសោតាបន្នបុគ្គល និងបុថុជ្ជនតើផ្សេងគ្នាយ៉ាងណា ឬមិនផ្សេងគ្នាទេ? អ្នកដែលជាព្រះអរិយជាម្ចាស់ និងអ្នកដែលជាបុថុជ្ជនផ្សេងគ្នាត្រង់បញ្ញា។ បុថុជ្ជនដែលមិនដឹងរឿងបរមត្ថសោះទេ ក៏ប្រកាន់ថាបញ្ញត្តិជាវត្ថុពិត ជាសភាវៈពិត ប៉ុន្តែ អ្នកដែលដឹងច្បាស់នូវអរិយសច្ចធម៌ហើយ ដឹងថាធម៌ទាំងឡាយជាអនត្តា សភាវធម៌ដែលកើតឡើងប្រាកដតាមផ្លូវភ្នែក ផ្លូវត្រចៀក ផ្លូវច្រមុះ ផ្លូវអណ្តាត ផ្លូវកាយ ផ្លូវចិត្ត មិនទៀង និងបញ្ញត្តិ មិនមែនបរមត្ថធម៌ ដែលឈ្មោះថាបញ្ញត្តិនោះ ព្រោះឲ្យដឹងបានដោយប្រការនោះៗ។ ដូច្នោះ បញ្ញត្តិទើបជាអារម្មណ៍របស់ចិត្ត និងចេតសិក ខណៈដឹងការសម្គាល់ឬអត្ថ នៃសភាវៈដែលប្រាកដ។ បើមិនមានចិត្តចេតសិកទេ មានបញ្ញត្តិបានឬទេ? សភាវធម៌ជាសភាវៈដែលពិចារណាបានតាម ហេតុ ផល បើមិនមានចិត្ត ចេតសិក នឹងមានបញ្ញត្តិមិនបាន។ បើមានតែរូបធម៌ប៉ុណ្ណោះមិនមាននាមធម៌សោះទេ មិនមានចិត្ត ចេតសិកសោះ តើនឹងមានបញ្ញត្តិទេ? គឺមិនមាន ព្រោះថារួបមិនមែនសភាវៈដែលដឹងអារម្មណ៍ ចិត្ត និងចេតសិក ជាសភាវៈដែលដឹងអារម្មណ៍ បើចិត្ត ចេតសិក មិនកើតទេក៏មិនមានការដឹងបញ្ញត្តិដែរ។ ការមានបញ្ញត្តិជាអារម្មណ៍នៃអ្នកជាអរិយបុគ្គល និងអ្នកដែលមិនមែនជាអរិយបុគ្គលនោះផ្សេងគ្នាត្រង់អ្នកដេលមិនមែនព្រះអរិយបុគ្គល ប្រកាន់បញ្ញត្តិថាជាសភាវៈដែលមានពិត ប៉ុន្តែអ្នកជាព្រះអរិយបុគ្គលដឹងថា ចិត្តខណៈណាមានបរមត្ថជាអារម្មណ៍ និងចិត្តខណៈណាមានបញ្ញត្តិជាអារម្មណ៍។
ខណៈណាដែលចិត្តដឹងបញ្ញត្តិ គឺកំពុងមានបញ្ញត្តិជាអារម្មណ៍ ខណៈនោះជាមិច្ឆាទិដ្ឋិទេ? ស្រេចហើយតែប្រភេទនៃចិត្តដែលកំពុងមានបញ្ញត្តិជាអារម្មណ៍ ព្រះអរិយបុគ្គលទាំងឡាយមានបញ្ញត្តិជាអារម្មណ៍ តែព្រះអរិយទាំងឡាយមិនមានមិច្ឆាទិដ្ឋិ ព្រោះព្រះអរិយបុគ្គលទាំងឡាយរលត់មិច្ឆាទិដ្ឋិចេតសិកជាសមុច្ឆេទហើយ។
បើមិនពិចារណាដោយល្អិតទេ ក៏នឹងមិនដឹងថាលោភមូលចិត្តទិដ្ឋិគតសម្បយុត្ត និង លោភមូលចិត្តទិដ្ឋិគតវិប្បយុត្ត ផ្សេងគ្នាយ៉ាងណាទេ លោភមូលចិត្តទិដ្ឋិគតវិប្បយុត្ត ត្រេកអរពេញចិត្តក្នុងអារម្មណ៍គ្រប់យ៉ាង ពេញចិត្តសភាវៈដែលប្រាកដតាមផ្លូវភ្នែក ពេញចិត្តសម្លេងដែលប្រាកដតាមផ្លូវត្រចៀក និងបញ្ញត្តិនៃសម្លេងដែលឮតាមផ្លូវត្រចៀកដែរ តាមផ្លូវច្រមុះ ផ្លូវអណ្តាត ផ្លូវកាយ ផ្លូវចិត្ត ដោយន័យតែមួយដូចគ្នា ជាជីវិតប្រក្រតីប្រចាំថ្ងៃ។ ខណៈណាដែលមិនមានសេចក្តីគិតយល់ខុស ក្នុងរឿងនៃសភាវធម៌ទេ ខណៈនោះមិនមែនលោភមូលចិត្តទិដ្ឋិគតវិប្បយុត្តឡើយ។
ព្រះសោតាបន្នបុគ្គល និងព្រះសកទាគាមិបុគ្គល មានលោភមូលចិត្តទិដ្ឋិគតវិប្បយុត្តដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ទាំង៦ ព្រះអនាគាមីបុគ្គលមានលោភមូលចិត្តទិដ្ឋិគតវិប្បយុត្តក្នុងធម្មារម្មណ៍ ព្រោះបានរំលត់សេចក្តីត្រកអរពេញចិត្តក្នុងរូប សម្លេង ក្លិន រស ផោដ្ឋព្វារម្មណ៍ ដែលជាកាមារម្មណ៍ជាសមុច្ឆេទហើយ ចំណែកព្រះអរហន្តនោះ សូម្បីថាមានអារម្មណ៍៦ មែន តែក៏មិនមានទាំងកុសលធម៌ទាំងអកុសលធម៌ណាៗទាំងអស់ ព្រោះព្រះអរហន្តបានរំលត់កិលេស និងអកុសលធម៌ទាំងអស់ជាសមុច្ឆេទហើយ អ្នកដែលមិនមែនព្រះអរហន្តនោះ សូម្បីដល់បានដឹងនូវលក្ខណៈនៃអារម្មណ៍តាមសេចក្តីពិតថា ខណៈណាជាបរមត្ថធម៌ ខណៈណាជាបញ្ញត្តិហើយក៏ដោយ កាលណានៅមិនទាន់រលត់កិលេសអស់ទេ ទើបនៅមានបច្ច័យនឹងឲ្យជាសុខ ជាទុក្ខ ត្រេកអរ មិនពេញចិត្តទៅតាមបរមត្ថារម្មណ៍ និងបញ្ញត្តិ តាមថ្នាក់នៃបុគ្គលនោះៗ។
ដូច្នោះ ត្រូវពិចារណាដោយល្អិតថា ខណៈណាជាមិច្ឆាទិដ្ឋិ។ ខណៈដែលប្រកាន់មាំក្នុងបញ្ញត្តិផ្សេងៗដោយសេចក្តីយល់ខុសថា សភាវៈដែលមិនមែនបរមត្ថធម៌នោះមានពិត ក្នុងខណៈនោះជាសក្កាយទិដ្ឋិ។ កាលប្បញ្ញតិ្តមិនមែនបរមត្ថធម៌ តែការយល់ខុសប្រកាន់បញ្ញត្តិថា ជាសភាវៈដែលជាតួខ្លួនពិត ជាសត្វ បុគ្គល ជាវត្ថុផ្សេងៗពិត ទើបជាសេចក្តីយល់ខុស ជាសក្កាយទិដ្ឋិ។
កាលណាសក្កាយទិដ្ឋិនៅមិនទាន់រលត់ជាសមុច្ឆេទទេ ក៏រមែងនឹងជាបច្ច័យឲ្យកើតសេចក្តីយល់ខុសច្រើនប្រការបន្ថែមឡើងទៀត ដូចឃើញថាកម្មមិនមាន ផលរបស់កម្មមិនមាន ឃើញថាមានព្រះជាម្ចាស់សួគ៌ដ៏ធំក្រៃលែងជាអ្នកសាងនូវលោក និងសត្វ បុគ្គលទាំងពួង។ កាលណាមិនដឹងបច្ច័យដែលធ្វើឲ្យសង្ខារធម៌ទាំងឡាយកើតឡើងទេ ក៏ធ្វើឲ្យកើតសេចក្តីយល់ខុសផ្សងៗ ប៉ុន្តែខណៈណាក៏ដោយដែលចិត្តមានបញ្ញត្តិជាអារម្មណ៍ ខណៈនោះមិនមែនសុទ្ធតែមានមិច្ឆាទិដ្ឋិគ្រប់ៗគ្រានោះទេ ព្រោះមិច្ឆាទិដ្ឋិជាខណៈត្រង់ដែលប្រកាន់មាំក្នុងសេចក្តីយល់ខុសផ្សេងៗ នោះឯង។
បញ្ញត្តិជាអារម្មណ៍របស់កុសលចិត្តបានទេ? គឺបាន ព្រោះជីវិតតាមសេចក្តីពិតជាយ៉ាងណាហើយ ក៏វាត្រូវជាយ៉ាងនោះ ប្តូរផ្លាស់លក្ខណៈនៃសភាវធម៌មួយបែបៗមិនបានឡើយ។
ក្នុងខណៈឲ្យទាន បើមិនដឹងថាសភាវៈដែលនឹងឲ្យនោះជាអ្វីទេ កុសលចិត្តក៏កើតមិនបាន។ ក្នុងខណៈដែលវិរតិនូវទុច្ចរិតដោយការរក្សាសីល បើមិនដឹងថាសភាវៈដែលប្រាកដនោះជាអ្វីទេ ក៏នឹងមានការវិរតិទុច្ចរិតមិនបាន។ ក្នុងខណៈដែលអប់រំចម្រើនសេចក្តីស្ងប់នៃចិត្ត ដែលជាសមថភាវនា តើមានបញ្ញត្តិជាអារម្មណ៍បានឬទេ? អស់លោកខ្លះ អាចនឹងគិតថា នោមិនទាន់បានសិក្សារឿងសមថភាវនា ឬ អារម្មណ៍របស់សមថភាវនាដោយល្អិតទេ ទើបមិនអាចឆ្លើយបាន ប៉ុន្តែបើមិនភ្លេចសេចក្តីពិតដែលថា ខណៈណាដែលមិនមានបរមត្ថធម៌ជាអារម្មណ៍ ខណៈនោះមានបញ្ញត្តិជាអារម្មណ៍ ក៏ល្មមនឹងដឹងបានថា សូម្បីសមថភាវនា ក៏មានបញ្ញត្តិជាអារម្មណ៍បានដែរ។ ក្រៅអំពីសតិបដ្ឋាន និងបញ្ចទ្វារវិថីចិត្តហើយនោះ ចិត្តខណៈដទៃរមែងមានបញ្ញត្តិជាអារម្មណ៍បាន។ ការដែលនឹងដឹងថាសភាវធម៌ណាជាបរមត្ថធម៌នោះ ត្រូវអាស្រ័យការអប់រំ ចម្រើនសតិបដ្ឋានប៉ុណ្ណោះ ទើបនឹងដឹងបាន។ បើខណៈណាសតិបដ្ឋានមិនកើត ខណៈនោះក៏មិនមានការពិចារណា សិក្សាសង្កេតដឹងលក្ខណៈនៃសភាវធម៌ដែលជាបរមត្ថធម៌បានឡើយ។ ដូច្នេះ ជីវិតប្រក្រតីប្រចាំថ្ងៃ ទើបមានបរមត្ថធម៌ជាអារម្មណ៍ខ្លះ មានបញ្ញត្តិជាអារម្មណ៍ខ្លះ។
នៅមានត…



សម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះ
សង្ឃរាជថ្នាក់ទី១នៃគណៈមហា
និកាយ ព.ស២៤៤៧-២៥១៣។


