តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេសពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាងឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ។
លុះដល់ថ្ងៃអង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើបពុទ្ធិកប្រទេសទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនាយកគណៈ មហានិកាយជាប្រធានទៅ រួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា ទង់ពុទ្ធិក សមាគមពិភពលោក(តាមលក្ខន្តិកៈនៃសមាគមដែលមាន ២៧ មាត្រា) ត្រង់មាត្រា២៦ ចែងថា៖
“ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជា ម្ចាស់ ជាមូលដ្ឋានតាំងគំរូ ដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ” ដូច្នេះទង់ពុទ្ធសាសនា ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក ។ ទង់ពុទ្ធសាសនាមានប្រាំមួយពណ៌នោះគឺ ៖
១- ពណ៌ខៀវ ២- ពណ៌លឿង ៣- ពណ៌ក្រហម ៤- ពណ៌ស ៥- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ៦- ផ្លេក (ពណ៌ផ្លេកគឺ ពន្លីពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំង ទី ៦ នេះជាពណ៌មួយ) ។
ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌ ផ្សាយចេញពីវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី ដែលព្រះអង្គបានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ ហើយដែលមិនអាចឱ្យអ្នកណាម្នាក់ធ្វើដូចព្រះអង្គបានឡើយ ឯរស្មីមួយៗ ជាតំណាងព្រះជាតិរបស់ព្រះអង្គមួយៗដែរ គឺ ៖
១-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គទាំងគូ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទព្រាហ្មណ៍។
២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
៣-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិតមកពុះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។
៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។
៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជីវិតមាតា ។
៦-រស្មីពណ៌ផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។
រស្មីទាំង ៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ ក្នុងពេលសំដែង បាដឹហារ្យដើម្បីកំចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរព និង ក្នុងពេលព្រះអង្គធ្វើ យមកបាដិហារ្យផ្ទាញ់ពួកនិគ្រន្ថលើដើមគណ្ឌាមព្រឹក្ស (ដើមស្វាយរបស់នាយគណ្ឌៈ) ។
ដូច្នោះហើយ បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌ តម្រូវនឹងឆព្វណ្ណរស្មីរបស់ព្រះពុទ្ធជាម្ចាស់ ។
________________________________________________
រៀបរៀងដោយ សេន រ៉ន សិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់ទី ២
ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង
ប្រភព៖ KHMER BUDDHISM: ព្រះពុទ្ធសាសនាខ្មែរ វីគីភីឌាភាសាខ្មែរ
________________________________________________
(?) ក្នុងឯកសារនានាជាភាសាអង់គ្លេសមិនឃើញមានកាលបរិច្ឆេទ ឆ្នាំ១៩៤០ ទេ ឃើញតែឆ្នាំ១៩៥០ មិនដឹងថាហេតុដូចម្តេចក៏កាលបរិច្ឆេទខុសគ្នាដូច្នេះ?
ទុកជាពុទ្ធិកសមាគមពិភពលោកបានកំណត់ទង់ព្រះពុទ្ធសាសនាយ៉ាងនេះហើយក្តី ក៏ប្រទេសកាន់ព្រះពុទ្ធសាសនាលើពិភពលោកមួយចំនួនមិនបានយកតាមសេចក្តីសម្រេចនេះដែរ ដោយប្រទេសខ្លះយកទៅកែប្រែពណ៌ ឬទ្រង់ទ្រាយបែបផ្សេង ដូចជាប្រទេសសៀមជាដើម មិនបានយកតាមទម្រង់ទង់ព្រះពុទ្ធសាសនានេះទេ គឺគេយកសញ្ញាកងចក្រ (សញ្ញាអដ្ឋង្គិកមគ្គទាំង៨) ជាទង់ពុទ្ធសាសនាសម្រាប់ប្រទេសគេ។ បើលោកអ្នកចង់ស្រាវជ្រាវមើលសេចក្តីពិស្តារបន្ថែមស្តីពីប្រវត្តិទង់ព្រះពុទ្ធសាសនា សូមចូលទៅអានក្នុងបណ្តាញវិបសាយជាភាសាអង់គ្លេសខាងក្រោមនេះ
en.wikipedia.org dhammaweb.net buddhistcouncil fotw.net buddhanet.net



សម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះ
សង្ឃរាជថ្នាក់ទី១នៃគណៈមហា
និកាយ ព.ស២៤៤៧-២៥១៣។



សូមអរព្រះគុណព្រះអង្គ ដែលបានលើកយករឿង ប្រវត្តិទង់ព្រះពុទ្ធសាសនា មកបកស្រាយ ! ខ្ញុំព្រះករុណាមិនដឹងច្បាស់ដែរទេ តែដូចជាមិនគាំទ្រនូវអត្ថន័យ ទាំងនោះឡើយ ដូចជាមិនឆ្លុះបញ្ចាំង រឿងពិតរបស់ព្រះសម្មាសម្ពុទ្ធសោះ តែដូចជាបែរទៅរកព្រហ្មញ្ញសាសនាទៅវិញទេ ! មិនថាអញ្ចឹង ព្រះអង្ក ? ពុទ្ធសាសនាខ្មែរគួរតែផ្លាស់ប្តូរអត្ថន័យនៃទង់សាសនាហើយ បើតាមខ្ញុំព្រះករុណាយល់ ដូចជាសាហាវណាស់ សុទ្ធតែបូជាជីវិត សាច់ ឈាម ថ្លើម ប្រម៉ាត់ បែបនេះ មិនសមជាទង់ ពុទ្ធសាសនាទេ មិនស្របទេ ដាច់ខាតមិនស្រប ហើយខ្មាសគេផង ខ្មាសពិភពលោកណាស់ មិនមែនទេដឹង មិនពិតទេដឹង ដកស្រង់ច្រឡំទេដឹង ! ព្រះអង្គ តើព្រះអង្គអាចផ្តល់ឯកសារដើមបានទេ ? ខ្ញុំព្រះករុណា ដូចជាធ្លាប់បាន មើលប៉ះឯកសារណាទេ មិនចាំ ដូចជាមិនមែនខ្មែរយើងទេដឹង ដែលមានគំនិត អោយយោបល់ បង្កើតជា ទង់ពុទ្ធសាសនានេះ ដំបូង ប្រហែលជាខ្ញុំព្រះករុណាបាន ចម្លងទុកផងដែរ បើចាំតិច ៗ ដោយមើលឯកសារច្រើនពេក មិនបានចាំច្បាស់លាស់ ។ សូមអភ័យទោសផង ព្រះអង្គ !
មានពណ៌ទី ៤ គឺពណ៌ ស ដែលខ្ញុំព្រះករុណាចាប់អារម្មណ៍ ត្រង់ចំណុច ព្រះវេស្សន្តរ ត្រូវបានពួកស្រីពិរាស្រ្ត បំបរបង់ព្រះអង្គទៅក្រៅប្រទេស ឬ ទៅព្រៃភ្នំវង្គត់បព៌ត កណ្ឌនេះជាកណ្ឌទី ៣ ដែលខ្ញុំព្រះករុណាចាប់ឆ្នោតទេសនាមហាជាតិ លើកទីមួយ កាលអាយុបាន ១៥ ឆ្នាំគត់ វត្តនៅក្នុងព្រៃជាមួយខ្មែរក្រហម យ៉ាងស្ងាត់ជ្រងុំផង ក័ណ្ឌនេះជាកណ្ឌសំខាន់ សំខាន់ត្រងការបំបរបង់ ព្រះវេស្សន្តរចេញពីព្រះរាជវាំង ដែលបញ្ជាក់អោយឃើញថា ពេលនោះ បានអនុវត្តច្បាប់ប្រជាធិបតេយ្យ ហើយព្រះអង្ក គឺយករាស្ត្រជាធំ មិនមែនស្តេចធ្វើអ្វីបានតាមចិត្តនោះទេ មិនមែនស្តេចប្រើអំណាចផ្តាច់ការ ទេ កឺអាស្រ័យទៅលើរាស្ត្រពិតប្រាកដណាស់ នេះជាឯកសារភស្តុតាំង បញ្ជាក់ថា មានរបបប្រជាធិបតេយ្យហើយ ! មែនទេ ព្រះអង្គ ? អាចជឿបានទេ ? របបប្រជាធិបតេយ្យ មានតាំងពីពេលនោះមក ឬ ក៏មុនហ្នឹងឆ្ងាយណាស់្ក៏មិនដឹង !
ចម្រើនពរញោម! មើលទៅដូចជាបដិសេធដាច់អហង្ការតែម្តងហើយ
នេះជាតំណាងនៃការកសាងបារមីរបស់ព្រះអង្គដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ព្រោះការបានជាព្រះសម្មាសម្ពុទ្ធមិនមែនបានមកដោយងាយៗឡើយ ទាល់តែធ្វើនូវការកធម៌នៃពុទ្ធភូមិទើបអាចសម្រេចបាន ការកសាងបារមីដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធមួយអង្គៗ ដូចញោមបានដឹងស្រាប់ហើយ មានបារមី៣០ និងមហាបរិច្ចាគ៥ ជាដើម។ ឯបារមីទាំង៣០ នោះមានទានបារមីជាដើម ដែលចែកចេញជាបីថ្នាក់ គឺទានបារមី ទានឧបបារមី និងទានបរមត្ថបារមី។ រីទានដែលព្រះអង្គលះបង់សាច់ឈាម ជីវិត រាងកាយ របស់ព្រះអង្គនោះ គឺហៅថាទានបរមត្ថបារមី។ ដែលញោមមិនយល់ស្របនោះ ជាការសក្តិសមហើយព្រោះ យើងមិនមែនដើរក្នុងគន្លងរបស់ព្រះពោធិសត្វ នៅមានការជាប់ជំពាក់ ស្តាយមុខ ស្តាយក្រោយ ស្តាយឆ្វេងស្តាំ ម៉្លោះហើយកុំថាឡើយដល់ទៅធ្វើដោយខ្លួនឯង សូម្បីតែឮពីទង្វើរបស់ព្រះពោធិសត្វនោះ ក៏នាំឲ្យយើងគិតថា ជារឿងដែលហួសវិស័យមនុស្សទូទៅអាចធ្វើបាន។ ការលើកពីតំណាងនៃពណ៌របស់ទង់ព្រះពុទ្ធសាសនានេះ មិនមែនប្រាប់ឲ្យពុទ្ធបរិស័ទមានចិត្តសាហាវ ឃោរឃៅទេ គ្រាន់តែប្រាប់ថា រស្មីទាំង៦ពណ៌ដែលផ្សាយចេញពីព្រះកាយរបស់ព្រះអង្គនោះ តើកើតមកពីផលអ្វីដែលព្រះអង្គបានសាង? អាត្មាពុំមានឯកសារណាជាការអាងទេ ប៉ុន្តែរឿងដែលជាតំណាងនៃពណ៌ទាំង៦នេះ ឃើញមានក្នុងសៀវភៅពុទ្ធសាសនាជាច្រើនដែរ ជាពិសេសសម្តេចព្រះសង្ឃរាជ ជួន ណាតក៏បានយកសេចក្តីនេះ ទៅចងក្រងជាកំណាព្យ សម្រាប់សូត្រលើកទង់ព្រះពុទ្ធសាសនាផងដែរ ដូចមានជាបទក្នុងវីឌីអូនេះ បទលើកទង់ព្រះពុទ្ធសាសនា ។
ចំណែកអត្ថន័យរបស់ទង់ព្រះពុទ្ធសាសនា គឺមានផ្សេងមួយទៀត ប៉ុន្តែក្នុងឯកសារជាភាសាខ្មែរមិនឃើញមានសរសេរទេ អាត្មាបានឃើញតែសំណេរជាភាសាអង់គ្លេស ដែលសរសេរពីនិយមន័យនៃពណ៌ទាំង៦នេះ។ ដោយអាត្មាពុំបានស្រង់យកមកដាក់ក្នុងទីនេះ ប៉ុន្តែញោមអាចឆែកមើលក្នុងតំណភ្ជាប់ខាងក្រោមអត្ថបទដែលអាត្មាបានដាក់ជូននោះ នឹងបានឃើញគេនិយាយពីអត្ថន័យនៃពណ៌ទាំង៦។
ចំណែករឿងលទ្ធិប្រជាធិបតេយ្យនោះ គឺមានយូរយារណាស់មកហើយដូចដែលញោមមានប្រសាសន៍អញ្ចឹង មិនមែនទើបតែមានក្នុងសម័យកាលក្រោយៗនេះទេ គ្រាន់តែយើងមិនបានចាប់អារម្មណ៍និងយកមកអនុវត្តតាមប៉ុណ្ណោះ។
អរគុណព្រះអង្គ ដែលបានឆ្លើយតបយ៉ាងក្បោះក្បាយ !
ខ្ញុំព្រះករុណាមិនយល់ស្រប នូវអត្ថន័យនៃទង់ជ័យពុទ្ធសាសនា ទាំង ៦ ពណ៌នេះទេ ដូចជាមិនស៊ី សង្វាក់គ្នា នឹង ទ្រឹស្តី សីល ៥ សីល ៨ សីល ១០ និង សីល ២២៧ របស់ព្រះភិក្ខុសង្ឃសោះ វាអាចនាំអោយមនុស្ស យល់ខុស យល់ច្រឡំ កើតជាធ្វើអត្តឃាត សម្លាប់ខ្លួនដើម្បីបូជាជីវិត ទៅលើអ្វីមួយដែលខ្លួនជឿ ឬ ដើម្បីបូជាទៅលើពុទ្ធសាសនា ក៏ថាបាន ជាញឹកញាប់ណាស់ ផ្សប់ផ្សាយអោយប្រជាពុទ្ធបរិស័ទទាំងឡាយកាន់សីល ៥ កុំសម្លាប់សត្វ ស្រាប់តែទង់ជ័យសាសនា តំណាងអោយ វះទ្រូង រូងយកថ្លើម ប្រម៉ាត់ ទៅធ្វើថ្នាំឯណា មើលជំងឺ ឬ ទៅបូជាឯណាឯណី នោះមិនសមទេ ព្រះអង្គ ! អាណិតព្រះពុទ្ធសាសនាណាស់ មិនគួរដាក់ទង់ជ័យតំណាងចឹងទេ កាលព្រះពុទ្ធចេញរកធម៌ ដើម្បីត្រាស់ដឹង ព្រះអង្គធ្វើទុករកិរិយា អស់ ៦ ឆ្នាំ មិនបានប្រយោជន៍ ព្រះអង្គឈប់ ហើយឆាន់ចង្ហាន់ជាធម្មតាវិញ ទើបព្រះអង្គបានត្រាស់ជា ព្រះពុទ្ធ មិនមែនបានត្រាស់ដឹង ដោយពុះទ្រូង រូងយកថ្លើមនោះទេ រឿងដែលមានហ្នឹងជារឿងព្រេងទេ ព្រះអង្គ ខ្ញុំព្រះករុណា មិនជឿទេ ព្រះអង្គ ទៅដល់ណា ក៏ទៅដែរ ចង់សួរដេញដោលគ្នាសាក់មើល ចង់ជួបសួរសម្តេចសង្ឃទាំងពីរ គណៈ ក៏សួរដែរ ព្រះអង្គ ជាពិសេសចង់ជួប ព្រះមហាសុមេធិបតី ទេព វង្ស ផងដែរ ព្រះអង្គបែបជា មិនភ្លេច ខ្ញូំព្រះករុណាទេ មើលទៅ ធ្លាប់ហៅតែ លោកឪ ៗ ទេ ហើយធ្លាប់នៅវត្តជាមួយព្រះអង្គ តាំងពី ឆ្នាំ ១៩៧១ ម្លេះ មិនភ្លេចទេ តាមពិត ខ្ញុំព្រះករុណា មិនជឿថា អត្ថន័យទង់ព្រះពុទ្ធសាសនានេះ ធ្វើដោយសម្តេច ព្រះសង្ឃរាជ ជួន ណាត ទេ ដូចជាមិនជឿតែម្តង ! អត្ថន័យទង់ជ័យនេះ គួរតែផ្លាស់ប្តូរហើយទើប ត្រឹមត្រូវ តាមពិតខ្ញុំព្រះករុណា ធ្លាប់បានអាន ឯកសារមួយដែលនិយាយពីទង់ជ័យពុទ្ធសាសនានេះដែរ មិនមែន ជាអាស៊ីយើងទេ ជាអ្នកមានគំនិតធ្វើដំបូងគេនោះ ប្រហែលជាជនជាតិ អឺរ៉ុបទេ មើលទៅ តែខ្ញូំព្រះមិនចាំ ច្បាស់ចាំមើល រកមើល មិនបាត់ទេ ប្រហែលជាចំឡងទុកផង ។ល។
គួរពុំគួរសូមព្រះអង្គខន្តីអភ័ទោសផង ព្រះអង្គ !
ចម្រើនពរ ញោម! មិនអីទេ អត់មានរឿងអ្វីថាមិនគួរទេ ព្រះសម្មាសម្ពុទ្ធក៏ទ្រង់ត្រាស់មិនឲ្យជឿដោយគ្មានការពិចារណាដែរ។ អ្នកមានបញ្ញាមិនងាយជឿអ្វីងាយៗទេ ហើយពុទ្ធការកធម៌នេះ ជាច្បាប់សម្រាប់ព្រះពោធិសត្វគ្រប់ព្រះអង្គត្រូវតែឆ្លងកាត់ ដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធ។ បើមានអ្នកយល់ច្រឡំទៅបូជាជីវិតក្នុងរឿងអ្វីផ្សេងៗ ឬសូម្បីតែដើម្បីពុទ្ធសាសនានោះ ក៏មិនត្រឹមត្រូវដែរ ព្រោះរឿងទាំងនេះដោយឡែកពីគ្នា។ បើញោមមានពេល សូមញោមចូលទៅអាន ការសាងទសបារមី នៃព្រះពោធិសត្វផង ដើម្បីឲ្យបានយល់ច្បាស់ពីដំណើរនៃការធ្វើទានរបស់ព្រះពោធិសត្វ ឬក៏អាន សៀវភៅ មាគ៌ាជីវិតនៃព្រះពោធិសត្វ ឲ្យចប់តែម្តងរឹតតែប្រសើរ។ អាត្មាដាក់មកនេះ មិនមែនបង្ខំឲ្យញោមជឿទេ គ្រាន់តែចង់បង្ហាញចំណុចមួយចំនួនដែលព្រះពោធិសត្វត្រូវកសាង ឬត្រូវធ្វើ។
ចំណែកការចង់ជួបសម្តេចព្រះសង្ឃរាជទាំងពីគណៈ ញោមអាចទៅជួបព្រះអង្គបានតើ
បើញោមមានបំណងចង់ជួបមិនពិបាកទេ គង់នឹងបានជួបមិនខាន។ តាមស្តាប់មើលទៅ ញោមមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះអង្គផង។ អាត្មាគិតថា បើចំណាំតាមមុខមាត់ ព្រះអង្គប្រាកដជាមិនអាចចាំមុខញោមបានទេ តែបើរៀបរាប់ប្រវត្តិទៅប្រហែលជាអាចស្គាល់បាន។
សូមអរព្រះគុណ ព្រះអង្គ ដែលបានឆ្លើយឆ្លង យ៉ាងក្បោះក្បាយ !
កាលពីដើមមិញ ខ្ញុំព្រះករុណា ក៏ជឿដូចព្រះមង្គមានពុទ្ធដីការដែរ បានសិក្សាបានមើលត្រួសៗ ជាយូរ ណាស់មកហើយ តែឥឡូវនេះ ខ្ញុំព្រះករុណាយល់ផ្សេង ជាពិសេសចាប់តាំងពី បែកគំនិតស្រាវជ្រាវ សរសេរនូវ ប្រព័ន្ធនយោបាយនេះមក យល់អ្វីៗប្លែកពីមុនច្រើន រឿងពុទ្ធសាសនា ខ្ញុំព្រះករុណាផ្តោត ទៅលើរឿងសំខាន់ ៗ ដូចជា អដ្ឋង្គិកមគ្គ ៨ ប្រការ អរិយសច្ចៈ ៤ ហើយនិងបែងចែក អោយដាច់ពីគ្នា នូវពុទ្ធជំនឿ និង ព្រហ្មញ្ញជំនឿ គឺកាត់យកត្រឹមពីពេល ព្រះអង្គចេញសាងផ្នួស រហូតមក គឺជារឿងជាក់ ស្តែងដែលព្រះអង្គបានធ្វើ និង បានសម្រេច គឺមិទាក់ទងនឹងរឿង អបិយជំនឿឡើយ ពីព្រោះថា តាំងពី ព្រះអង្គ ចាប់បដិសន្ធិមក រហូតដល់ព្រះអង្គ ពេញវ័យ ព្រះអង្គមិនខុសព្រះមនុស្សយើងធម្មតា ដែរទេ តែចាប់ផ្តើមពីពេលដែល ព្រះអង្គចេញទៅសាងព្រះផ្នួស ស្វែងរកធម៌ រហូតដល់បានត្រាស់ ឬ ទ្រង់ញាណ ដឹង ឬ ដឹងនូវអ្វីៗ ដែលមនុស្សលោកត្រូវការ ជាពិសេសដឹងនូវអ្វី ដែលល្អ នូវអ្វីដែលអាក្រក់ ជាដើម។ល។ រឿងទំាងអស់ហ្នឹងមិនពាក់ព័ន្ធ ទៅនឹង ព្រះអាទិទេពឡើយ ។
រីឯរឿងកន្លងផុតមក ឬ មុនពេលព្រះអង្គចាប់បដិសន្ធិ ជារឿងព្រេង ជារឿងនិទាន តាមជំនឿព្រហ្មញ្ញ សាសនា ដែលបាន ចាក់ឫស យ៉ាងជ្រៅក្នុង ប្រទេសឥណ្ឌាជំនាន់នោះ គេតែងអោយតម្លៃទៅលើបុរស ខ្លាំង ជាព្រះអាទិទេព ហើយព្រះអាទិទេពនេះទៀតសោធ ក៏មនុស្សលោកយើងជាអ្នក ដាក់ឈ្មោះអោយ ជាអ្នកបង្កើត តែមិនមែនព្រះឯណា ក្រៅពីមនុស្សលោកយើងឡើយ ។
រីឯរឿងបុណ្យ រឿងបាប ចេញមក ពីមាត់មនុស្ស យើងទាំងអស់ បង្កើតវាចេញមក ដើម្បីអោយមនុស្ស លោកយើង ធ្វើអំពើល្អ កុំអោយធ្វើ អំពើអាក្រក់ វាជាមធ្យោបាយដើម្បីប្រដៅមនុស្សលោក អោយខ្លាច អោយរអែង ហើយសព្វថ្ងៃនេះ វាមានគុគច្រវ៉ាក់ ឃើញនឹងភ្នែកស្រាប់ កាលពីដើមមិញ គេធ្វើបាបអ្នក ទោស មានដុត ព្រលះ ចាក់ រុក ឆ្កៀលគ្រាប់ភ្នែក ដូចដែលយើងជឿថា នរក ចឹងដែរ តើព្រះអង្គយល់ យ៉ាងណាដែរ ? ហើយរឿង មនុស្សចេះហោះ ចេះហើរ ក៏មិនខុសគ្នាដែរ ជាវិញ្ញាណ ដែលទ្រង់យល់ ឃើញ បើពិចារណា អោយវែង ឆ្ងាយទៅ គេអាចយករឿងហ្នឹង មកប្រឌិតអំពីការហោះហើរបានដែរ សរសេរជារឿងទៅ ឥឡូវនេះ មនុស្សគេចេះធ្វើគ្រឿងហោះហើរ លើអាកាសបាន ជិះទំាងអស់គ្នា ឆ្លងទ្វីប ឆ្លងប្រទេស មិនបាច់ប្រើ សិស្ប៍ឯណា ប៉ុន្តែយើងអាចប្រើពាក្យ សិល្ប៍ដែរតើ គឺសិល្បៈ ខាងធ្វើកប៉ាល់ ហោះ ឡានហោះ ដូចតាគ្នា គ្រាន់តែពីដើមមិនឃើញរូប តែសព្វថ្ងៃ គេធ្វើអោយឃើញនឹងភ្នែកពិតៗតែម្តង មិនថាអញ្ចឹងព្រះអង្គ ?
ហើយរឿងព្រះដាក់តំណរភ្ជាប់ ខ្ញុំព្រះករុណានឹងមើល និងរៀនសារឡើងវិញ ដើម្បិអោយយល់ច្បាស់ តេយ៉ាងណាក៏ដោយ ប្រហែលជាមិនខុសពីខ្ញុំព្រះករុណា និយាយខាងដើមឡើយ មើលទៅ ខ្ញុំព្រះករុណា មិនសូវចេះខ្ជឹលទេរឿងមឿលសៀវភៅ តែឥឡូវនេះ មិនសូវមានពេលដូចមុន តែយ៉ាងណាក៏ឆ្លៀត ។
ហើយចំពោះសម្តេចសង្ឃ ទេព វង្ស ខ្ញុំព្រះបានជួបព្រះអង្គរួចហើយ ព្រះអង្គស្គាល់ខ្ញុំព្រះករុណាហើយ ដែរ គឺកាលដែលព្រះនិមន្តទៅសម្ភោធ វត្តនៅអាមេរិក ខ្ញុំព្រះករុណានេះហើយ ជាអ្នកយាមការពារ ព្រះអង្គ ចឹងហើយបានជាស្គាលព្រះអង្គច្បាស់តាំងពីពេលនោះមក បន្ទាប់មកបានទៅថ្វាយបង្គុំព្រះអង្គ គ្រប់ពេលវេលា ដែលបានទៅលេងស្រុកខ្មែរ ពេលមួយនោះព្រះអង្គបាន ហៅខ្ញុំព្រះករុណា អោយ យន្តហោះទៅសៀមរាបជាមួយព្រះអង្គផងដែរ តាមពិតរឿងដែលខ្ញុំព្រះករុណា និយាយថាធ្លាប់នៅវត្ត ជាមួយព្រះអង្គកាលឆ្នាំ ១៩៧១ នោះ គឺខ្ញុំព្រះករុណាមិនបានស្គាល់ ព្រះអង្គទេ តែនៅពេលសួរដេញ ដោលគ្នាទៅ ទើបដឹងថា ព្រះអង្គគង់នៅវត្ត ដែលខ្ញុំព្រះករុណា បាននៅដែរ ពីព្រោះខ្ញុំព្រះករុណា បាននៅវត្តនោះអស់រយៈពេលខ្លីដែរ ដោយសារតែព្រះអង្គ ជាសង្ឃចំណូលថ្មីក៏មិនបានសួរអោយ បានអស់ពេលក៏ខ្លីដែរ នាពេលយប់នោះ ខ្ញុំព្រះករុណាក៏ល្វើយណាស់ដែរ ដោយយាមមួយថ្ងៃ វាល់ល្ងាច ហើយលោកប្រាប់អោយ យាយការពារសម្តេចទៀត ចឹងខ្ញុំព្រះករុណាយាម ទាំងយប់ទាំងថ្ងៃ តែសម្តេចអោយខ្ញុំព្រះកេងក្បែរលោក តែកេងក៏មិនលក់ដែរ តាមពិតតួរនាទីរបស់ខ្ញុំព្រះករុណា ជាអ្នកការពារ ត្រូវតែការពារ មិនធ្វេសប្រហេសឡើយ ថ្ងៃនោះលោកអុំម្នាក់ ដែលជាអតីតៈស្មៀន ឬ អគ្គលេខាធិការ របស់ម្តេចសង្ឃជួន ណាត ក៏អញ្ជើញទៅជាមួយសម្តេចសង្ឃ ទេព វង្សដែរ ចឹងខ្ញុំព្រះ ករុណា ក៏មានមោទនភាពណាស់ដែរ បានយាមការពារសម្តេចសង្ឃខ្មែរ គឺដើរតាមព្រះអង្គ ជាប់រហូត ទាល់ទេបញ្ចប់បុណ្យ ចឹងមានព្រះសង្ឃដែលគង់នៅក្រៅប្រទេស មានព្រះអង្គសួសគូ ជាដើម មិនសូវសប្បាយចិត្តដែរទេ មានពាក្យចរចាម អារាម មិនសូវពិរោះដែរ តែខ្ញុំព្រះមិនមែនជាអ្នក ប្រកាន់បក្សពួក នោះទេ គឺអ្នកណាក៏ដោយ ក៏យាមការពារដែរ តែខ្ញុំព្រះករុណាមិននិយាយ គ្រៅពីព្រះអង្គសួស គូ ទេ មានក្រៅពីហ្នឹងទៀត ។ល។ និយាយរឿងយាម ការពារ ខ្ញុំព្រះករុណា ប្រហែលជាជាប់ចំណាត់ថ្នាក់លេខ ១ ហើយ ជាពិសេសបានទទួលសេចក្តី សរសើរពី អតីតប្រធាធិបតី ស្តីទី សូរ សុខាំខូយ គាត់ថាខ្ញុំធ្វើការបានល្អណាស់ គាត់សរសើរមិនដាច់ពីមាត់ អោយតែជួប រហូតដល់គាត់ត្រូវអ្នកយាមការពារ ហៅតែខ្ញុំទេ ស្តាយណាស់ដែរ នៅពេលដែលគាត់ស្លាប់ មិនបានទៅចូលរួមសោះ ដោយដំណឹងយឺតពេលទៅមិនទាន់ ។ល។ ៚…
អរគុណញោម ដែលបានចូលរួមផ្តល់ជាយោបល់ល្អៗក្នុងការសិក្សាស្វែងយល់រកការពិតនានា! មនុស្សយើងម្នាក់ៗតែងតែមានគំហើញខុសៗគ្នា ហើយគំហើញទាំងនោះ ម្ចាស់គំនិតតែងតែយល់ថាជាការត្រឹមត្រូវ។ អ្វីដែលញោមមានប្រសាសន៍មកនេះមិនខុសទេ ព្រោះថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងនូវអរិសច្ចធម៌ពិតមែន ការបានត្រាស់នូវអរិយសច្ចធម៌នេះហើយដែលធ្វើឲ្យព្រះអង្គបានព្រះនាមថាជាព្រះពុទ្ធ ឬសព្វញ្ញូពុទ្ធ។
ទស្សនៈដែលញោមបានមានប្រសាសន៍មកត្រង់ថាកាត់យកតែចាប់ពីកន្លែងព្រះអង្គចេញបួស ហើយបានត្រាស់ដឹងជាព្រះពុទ្ធសំដែងធម៌ប្រោសសព្វសត្វ គឺជាសេចក្តីពិតមួយដែលយើងទាំងអស់គ្នាបានដឹងប្រត្យក្សព្រោះឃើញនូវលទ្ធផលរហូតដល់បច្ចុប្បន្ន គឺធម៌ដែលព្រះអង្គទ្រង់សំដែងទុកមក ដោយមិនអាចប្រកែកបាន ព្រោះយើងអាចឃើញបានពិសោធបានដោយលោកិយបញ្ញា និងមំសចក្ខុ របស់បុថុជ្ជនធម្មតា។ ម៉្យាងទៀត រឿងអតីតនិទាន អំពីប្រវត្តិព្រះពោធិសត្វដែលកសាងបារមីរាប់អនេកជាតិមកហើយនោះថាជារឿងព្រេង ក៏ជាការពិតហើយ ព្រោះរឿងទាំងនោះជារឿងចាស់បានកប់បាត់ជាយូរលង់ណាស់មកហើយ មិនមែនជារឿងព្រេងនិទានដែលនិពន្ធឡើងដោយអ្នកនិពន្ធណាម្នាក់ទេ តែជារឿងដែលព្រះអង្គទ្រង់សំដែងប្រាប់បរិស័ទក្រោយពេលដែលព្រះអង្គបានត្រាស់ដឹងហើយ។ សួរហេតុអ្វីបានជាព្រះអង្គដឹងរឿងកន្លងហើយក្នុងអតីតជាតិ? ក្នុងនាមជាពុទ្ធបរិស័ទ អ្នកមានតថាគតពោធិសទ្ធា គឺមានសទ្ធាជាក់ច្បាស់ចំពោះការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ យើងបានសិក្សាចេះចាំមកថា នៅពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងលើរតនបល្ល័ង្ក ក្រោមដើមពោធិព្រឹក្សនោះ ព្រោះអង្គទ្រង់បានសម្រេចនូវ វិជ្ជាបី គឺបុព្វេនិវាសានុស្សតិវិជ្ជា១ ចុតូបបាតវិជ្ជា១ និង អាសវក្ខយវិជ្ជា១ ព្រះអង្គដឹងជាតិកំណើតរបស់ព្រះអង្គពីអតីតកាល ក៏ដោយសារព្រះអង្គមាន វិជ្ជាទី១នោះឯង បើយើងមិនជឿត្រង់រឿងនេះទេ បានន័យថាយើងបដិសេធចោលវិជ្ជាទី១របស់ព្រះអង្គហើយ។ ជាការពិតណាស់ មានរឿងខ្លះៗមួយចំនួនដែលចារក្នុងគម្ពីរផងដែរនោះ ជារឿងដែលអ្នកប្រាជ្ញក្រោយៗបានតាក់តែផ្សំបន្លំផងដែរ តែមិនទាំងអស់នោះទេ ជាពិសេសគឺរឿងក្នុងទសជាតកនោះគឺជារឿងដែលព្រះអង្គទ្រង់សំដែងផ្ទាល់ព្រះឱស្ឋ។ រឿងជំនឿបុណ្យបាប ដែលថាគ្រាន់តែជាការកើតចេញមកពីមាត់មនុស្សដើម្បីបន្លាច ឲ្យមនុស្សភ័យខ្លាចមិនហ៊ានធ្វើអំពើអាក្រក់នោះ បើយើងមើលទៅក៏ទំនងជាដូច្នោះមែនហើយ ប៉ុន្តែបើបដិសេធថាមិនមានឋានសួគ៌ឋាននរកទេនោះ នេះជារឿងដែលត្រូវពិចារណាបន្ថែមទៀត ព្រោះមនុស្សយើងសព្វថ្ងៃមានភាគច្រើនណាស់ដែលគិតថា រឿងបាបបុណ្យគុណទោស ឋានសួគ៌ ឋាននរកគឺជាការប្រឌិតឡើងដើម្បីបន្លាចមនុស្សមិនឲ្យធ្វើអំពើអាក្រក់។ សួរថាហេតុអ្វីបានជាយើងគិតឃើញតែត្រឹមនេះ? បើតាមយោបល់របស់អាត្មាផ្ទាល់ គឺដោយសារតែយើងមានធូលីនៅក្នុងភ្នែកក្រាស់ពេក មិនអាចមើលឲ្យបានធ្លុះធ្លាយហួសពីនេះ ម៉្លោះហើយក៏សម្រេចយកត្រឹមតែកន្លែងណាដែលអាចគិតឃើញងាយៗប៉ុណ្ណោះ បើសិនជាយើងអាចលាងជម្រះធូលីពីក្នុងភ្នែកចេញបាន (គឺបន្សាត់បង់នូវអាសវកិលេសដែលបណ្តាលឲ្យងងិតមិនឃើញសច្ចធម៌បាន) នោះ យើងនឹងអាចមើលឃើញអ្វីដែលប្លែកពីនេះ គឺឃើញនូវការពិតដោយបញ្ញាចក្ខុ។ អាត្មាលើកមកនេះមិនមែនបានន័យថាខ្លួនឯងបានបញ្ញាចក្ខុ ឬអ្វីនោះទេ គ្រាន់តែលើកមកតាមការយល់ដឹង ពីការសិក្សាត្រិះរិះមកប៉ុណ្ណោះ។ ឯរឿងអាទិទេពនោះ អ្នកប្រាជ្ញពុទ្ធសាសនាទាំងអស់លោកមិនដែលគិតថាព្រះសម្មាសម្ពុទ្ធជាអាទិទេពទេ មានតែពុទ្ធបរិស័ទមួយចំនួនដែលលោកមិនបានសិក្សាដោយហ្មត់ចត់ ហើយចេះតែជឿតាមគ្នា តាមមាត់ថា ប៉ុណ្ណោះ។ ព្រះពុទ្ធជាអច្ឆរិយបុគ្គល បើនិយាយពីអាទិទេព ព្រះអង្គប្រសើរជាងអាទិទេពទៅទៀត ព្រោះព្រះអង្គមាននាមថា សត្ថាទេវមនុស្សានំ ព្រះអង្គជាសាស្តាចារ្យនៃទេវតានិងមនុស្សទាំងឡាយ។ និយាយទៅចេះតែវែងទៅ ស្លេះរឿងនេះប៉ុណ្ណេះសិនចុះ។
អាត្មាមានមោទនភាពចំពោះញោមដែលធ្វើការងារបានល្អ បានទទួលការកោតសរសើរពីប្រធានាធិបតីនិងសម្តេចព្រះសង្ឃរាជ ដោយសារការឆ្លងកាត់កិច្ចការជាមួយថ្នាក់លើមកច្រើនយ៉ាងនេះហើយបានជាញោមមានគំនិតចាប់យកជំនាញខាងផ្នែកស្រាវជ្រាវចងក្រងគោលការណ៍នយោបាយសម្រាប់ការប្រើប្រាស់ទូទៅ អាត្មាយល់អញ្ចឹងត្រូវទេ?
អាត្មាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានផ្តោះប្តូរយោបល់ជាមួយញោម មិនមែនថាគ្រប់យោបល់ទាំងអស់សុទ្ធតែត្រឹមត្រូវមួយរយភាគរយទេ ប៉ុន្តែបានជាគតិក្នុងការគិតពិចារណា ទាំងអស់គ្នា ជឿជាក់ថាយោបល់ទាំងនេះមិនបានប្រយោជន៍តែចំពោះញោមនិងអាត្មាទេ មានអ្នកអានជាច្រើន លោកបានទទួលគំនិតនេះដើម្បីពិចារណាតទៅទៀត។ ទោះយ៉ាងណា សូមញោមអធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការឆ្លើយតប ព្រោះអាត្មាមកទីនេះបានក៏ដោយសារការឆ្លៀត កញ្ឆក់កណ្តៀតពេលវេលាមកផងទេ។
សាធុ ! សាធុ ! ព្រះអង្គដែលមានចម្លើយ យ៉ាងល្អក្បោះក្បាយ គួរជាទីចង់ស្តាប់ចង់យល់ តែពេលនេះ ខ្ញុំព្រះករុណា មានចំណាប់អារម្មណ៍ ត្រង់វិជ្ជា ៣ ប្រការ របស់ព្រះសម្មាសម្ពុទ្ធ ក្នុងនោះវិជ្ជាទី ១ ជាចម្លើយ តបទៅនឹងរឿងព្រេង ដែលខ្ញុំព្រះករុណាបាន និយាយខាងដើម ។
ខ្ញុំព្រះករុណា ក៏ធ្លាប់ឆ្វេងយល់ ដូចព្រះអង្គនិងពុទ្ធបរិស័ទដែរ តែបន្ទាប់ពីខ្ញុំព្រះករុណា បានសិក្សាស្រាវ ជ្រាវ ប៉ុន្មានឆ្នាំកន្លងមកនេះ យល់ឃើញថា ជារឿងព្រេង ពីព្រោះថាមិនមាននរណា បានឃើញនឹងភ្នែក ឮនឹងត្រចៀក ក្រៅតែព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់មានព្រះបន្ទូល ។ ខ្ញុំព្រះករុណា សូមដកស្រង់ យកវិជ្ជាទី ១ ដែលព្រះអង្គបានដាក់ដូចតទៅនេះ ៚…
វិជ្ជាទី ១-បុព្វេនិវាសានុស្សតិញាណ គឺជាការរលឹកឃើញនូវ ខន្ធបញ្ចកៈ (ខន្ធ ៥ ) ឬ ជាតិកំណើត ដែលបានកើតពីជាតិមុន នៅក្នុងភពពីមុន គឺជាតិទី ១, ទី ២, ទិ ៣ រហូតដល់អនេកជាតិ ក្នុងជាតិនិមួយៗ ព្រះអង្គបានចាំទាំង ទីកន្លែងកើត ឈ្មោះ អាយុ វណ្ណៈ អាហារ និង ការសុខទុក្ខ យ៉ាងនេះ យ៉ាងនោះ ជាដើម ។ លុះច្យុតមកពីជាតិនេះ ហើយទៅកើតក្នុងជាតិនោះ តៗជាបន្តរបន្ទាប់គ្នារហូត បានន័យថា ព្រះអង្គបានយល់ ឆ្លុះធ្លុះធ្លាយនូវព្រឹត្តិការណ៍នានា កាលពីជាតិមុន ទាំងអស់ ។
រឿងនេះ តើធ្វើអោយយើងជឿដូចម្តេច ព្រះអង្គ ? ពីព្រោះថា ការសន្ទនា ការបរិយាយ មានតែព្រះសម្មា សម្ពុទ្ធតែមួយព្រះអង្គឯង ដែលបានថ្លែងនូវរៀងនេះ គឺគ្មានពីណាក្រៅពីព្រះឡើយ ជាសាក្សី ដែលបាន ដឹងឮ ដោយសារតែព្រះអង្គជាអ្នកឈ្លាសវៃ ឬ ជាអ្នកចេះដឹងកំពូលជាងគេ ខាងទស្សនៈវិជ្ជា និង តក្កវិជ្ជា នាពេលនោះ ដូច្នេះព្រះអង្គចង់មានព្រះពុទ្ធដីការ យ៉ាងម៉េចក៏បាន អោយតែសមទៅនឹងជំនឿ ដែល មនុស្សលោកជំនាន់នោះអាចជឿបាន តែមិនអាចបង្ហាញនូវការពិតបានទេ បានត្រឹមតែថ្លែងបរិយាយ មិនថាអញ្ចឹងព្រះអង្គ ? តើមានពីណាហ៊ានដេញដោល ព្រះសម្មាសម្ពុទ្ធ រឿងហ្នឹងទេ ?
ឥឡូវនេះ បើយើងពិចារណា អំពីជាតិកំណើត របស់ពូជពង្សរបស់មនុស្សម្នាក់ៗ និយាយឧទាហរណ៍ ពូជពង្សព្រះ មហាក្សត្រខ្មែរសព្វថ្ងៃ តើយើងអាចតែងប្រឌិតបានទេ ថាព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់ជាតិមុន ជាអ្វី ចាប់បដិសន្ធិ ពីពេលណា ទីណា បានធ្វើអ្វីខ្លះ សុខទុក្ខយ៉ាងណា ? ពីជាតិមួយទៅ ជាតិមួយ ។ ឧទាហរណ៍ថា ព្រះអង្គសីហមុនី ទ្រង់ជាតិមុន បានចាប់បដិសន្ធិនៅ នគរចម្បា ថ្ងៃនេះ ខែនេះ ឆ្នាំនេះ ព្រះបិតាព្រះនាមនេះ ព្រះមាតាព្រះនាមនោះ ចូលចិត្តសោយនេះ សោយនោះ មានភរិយា ឈ្មោះនេះមួយ ឈ្មោះនោះមួយ មានបុត្រឈ្មោះនេះ ឈ្មោះនោះ ហើយបានធ្វើសង្រ្គាម ជាមួយយួន អស់រយៈពេល ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះឆ្នាំ ហើយក៏បានមកគង់នៅ ប្រទេសកម្ពុជាយើងសព្វថ្ងៃ បានចប់បដិសន្ធិ នៅទន្លេបួនមុខ ព្រះបិតាព្រះនាម សីហនុវរ្ម័ន ព្រះមាតាព្រះនាម ម៉ូនិកវរ្ម័ន មានបងប្អូន ១៥ ព្រះអង្គអីជាដើម ។ល។ និង ។ល។ ថាចឹងបានទេព្រះអង្គ ? ហើយបើបានតែងចឹងហើយ សរសេរជាសៀវភៅបោះពុម្ព ចែកចាយប្រជារាស្រ្តខ្មែរយើង ចាំមើលគាត់មានយោបល់យ៉ាងម៉េច យើងធ្វើអោយបានល្អតិចទៅ
បើមិនចឹងទេ សរសេរអំពីជាតិកំណើត របស់សម្តេចមហាតេជោ ហ៊ុន សែន ក៏បានដែរ ថាកាលពីជាតិមុន ជាស្តេចកន ឬ អង្គចន្ទទី១ ចេះមួយចុះពីរ ។ល។ និង ។ល។៚…
ពរ សាធុញោម! អាត្មារីករាយនឹងចូលរួមយោបល់តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ញោមពូកែរកគន្លឹះប្លែកៗលើកមកឲ្យអាត្មាដោះស្រាយណាស់។ អ្វីដែលញោមមានប្រសាសន៍ខាងលើនោះ គឺជាចំណុចសំខាន់មួយដែលត្រូវដោះស្រាយ ព្រោះមានមនុស្សមិនតិចទេដែលគិចដូច្នោះ។ ការដែលគិតថាព្រះសម្មាសម្ពុទ្ធជាម្ចាស់ចេះតែទ្រង់សំដែងដោយមិនថាជាការពិតឬមិនពិត នោះ សរបញ្ជាក់ឲ្យឃើញថា អ្នកមានគំនិតដូច្នេះមកពីមិនបានយល់អំពីពុទ្ធគុណ ឲ្យបានច្បាស់លាស់ និយាយដោយខ្លីទៅគឺមិនទាន់ស្គាល់ច្បាស់នូវពាក្យថា ព្រះពុទ្ធ ឬ ពុទ្ធៈ ខ្វះតថាគតពោធិសទ្ធា គឺការជ្រះថ្លាជាក់ច្បាស់ចំពោះបញ្ញាត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ។ និយាម ឬធម្មជាតិរបស់ព្រះពុទ្ធ គ្មានពាក្យថាមុសាវាទ ចេញពីព្រះអង្គទេ ព្រោះអកុសលធម៌ទាំងឡាយព្រះអង្គបានគាស់រំលើងអស់រលីងតាំងពីនៅក្រោមដើមពោធិព្រឹក្ស លើរតនបល្ល័ង្កមកម៉្លេះ។ ព្រះអង្គមាននូវសេចក្តីបរិសុទ្ធគ្រប់យ៉ាងដែលយើងហៅថាវិសុទ្ធិគុណ។ បើព្រះអង្គមានព្រះទ័យចង់អួតអាងតំកើងខ្លួនដោយអាងថាខ្លួនឯងមានប្រាជ្ញាខ្ពង់ខ្ពស់ជាងគេនោះ តើមានអ្វីខុសពីបុថុជ្ជនធម្មតាទៅ ហើយព្រះអង្គក៏មិនមែនបានព្រះនាមថាជាព្រះសម្មាសម្ពុទ្ធដែរ ព្រោះវិស័យនៃព្រះសម្មាសម្ពុទ្ធ នឹងឈ្មោះថានៅមានអកុសល ឬអាសវក្កិលេសណាមួយនៅក្នុងសន្តានក៏ទេ។ នៅក្នុងចរណៈ១៥ របស់ព្រះសម្មាសម្ពុទ្ធមានសំដែងយ៉ាងច្បាស់អំពីបដិបទារបស់ព្រះអង្គ បញ្ជាក់ពីភាពបរិសុទ្ធផុតអស់សព្វសត្វលើលោក ដែលអាចឲ្យយើងជឿជាក់លើបញ្ញាត្រាស់ដឹងរបស់ព្រះអង្គ។ ព្រះសម្មាសម្ពុទ្ធមិនទ្រង់សំដែងអ្វីដែលមិនពិតឡើយ អ្វីដែលព្រះអង្គទ្រង់សំដែងគឺជាសច្ចភាព ឬសច្ចធម៌ ពិតប្រាកដឥតល្អៀង។
ព្រះសម្មាសម្ពុទ្ធមិនមែនជាទស្សនវិទូ មិនមែនជាអ្នកតក្កវិជ្ជា តែព្រះអង្គជាលោកវិទូ ជាអ្នកត្រាស់ដឹងជាក់ច្បាស់ ជាសព្វញ្ញូពុទ្ធ ដែលទ្រង់ដឹងនូវសច្ចភាពគ្រប់យ៉ាង។ ទស្សនវិជ្ជា របស់ទូស្សនវិទូ មិនសុទ្ធតែត្រឹមត្រូវទាំងអស់ទេ តែការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែង គឺជាអរិសច្ច ដែលមានមែន មានពិត មិនកើតឡើងដោយគំនិតគិតស្មាន គឺកើតឡើងដោយការឃើញពិតដឹងពិត។
ត្រង់ដែលថាព្រះអង្គទ្រង់សំដែងដោយគ្មានសាក្សីដឹងឮព្រោះជារឿងកំបាំងជាតិយូរយារមកហើយនោះ ក៏មិនគួរដែរ ព្រោះសម័យនោះមានព្រះហរន្តី ខីណាស្រពច្រើនណាស់ដែលជាសាក្សី ព្រះអរហន្តទាំងនោះ ភាគច្រើនក៏បានសម្រេចនូវវិជ្ជាដ៏ខ្ពង់ខ្ពស់ផងដែរ មានអភិញ្ញា៦ ជាដើម។ ព្រះអង្គជាព្រះអរហន្តទាំងនោះសុទ្ធតែអាចធ្វើជាសាក្សីបាន បើអ្វីដែលមិនពិត អ្វីដែលមិនមែននោះ ព្រះអរហន្តទាំង៥០០អង្គកាលធ្វើបឋមសង្គាយនានោះ ព្រះអង្គនឹងជម្រុះចោលហើយ មិនបានរក្សាទុកមកដល់យើងឥឡូវនេះទេ។ នេះយើងនិយាយអំំពីព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់សំដែងអំពីជាតិកំណើតពីជាតិកន្លងៗហើយ ដែលយើងយល់ថាគ្មានសាក្សីដឹងឮ។ រឿងណាដែលគ្មានសាក្សី ព្រះអង្គទ្រង់មិនសំដែងទេ ដូចក្នុងរឿងមួយដែលព្រះមោគ្គលានបានឃើញប្រេត ហើយទៅទូលសួរព្រះអង្គ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ទៅព្រះមោគ្គលានថា ប្រេតនោះតថាគតបានឃើញយូរហើយ ប៉ុន្តែតថាគតមិនយកមកសំដែងទេ ព្រោះមានតែតថាគតម្នាក់ឯងដែលបានឃើញ គ្មានសាក្សីដទៃឡើយ នឹងសំដែងទៅក៏នាំឲ្យមានអ្នកមិនជឿព្រោះគ្មានសាក្សីបញ្ជាក់ ការមិនជឿ នឹងនាំឲ្យមានសេចក្តីប្រមាទ ហើយនឹងនាំទៅរកទោសផ្សេងៗ ពេលនេះអ្នកក៏បានឃើញដូចតថាគតដែរ ពេលនោះទើបព្រះអង្គទ្រង់សំដែងអំពីរឿងប្រេតនោះ។
និយាយពីអ្នកដេញដោលក្នុងសម័យនោះគឺសម្បូរណាស់ ព្រោះព្រាហ្មណ៍ភាគច្រើនមុននឹងប្រគល់កាយថ្វាយខ្លួនចំពោះព្រះរតនត្រ័យ ជាពុទ្ធបរិស័ទនោះ សុទ្ធតែបានព្យាយាមសួរដើម្បីផ្ចាញ់ផ្ចាលព្រះអង្គ។ មនុស្សសម័យនោះ គិតឃើញយ៉ាងណាសួរយ៉ាងហ្នឹង មិនចេះខ្លាចទេ ម៉្យាងទៀតមុននឹងបានចូលទៅសន្ទនាជាមួយព្រះពុទ្ធ ពួកគេមិនទាំងទទួលស្គាល់ព្រះអង្គថាជាអ្នកត្រាស់ដឹងទៀតផង ម្នាក់ៗមុននឹងទៅជួបព្រះសម្មាសម្ពុទ្ធ សុទ្ធតែត្រៀមសំនួរ គិតនឹងសួរឲ្យព្រះពុទ្ធចាល់ លុះសួរហើយព្រះអង្គដោះស្រាយបានល្អ ក៏ត្រឡប់ជាបោះបង់ចោលអស្មិមានះ ហើយថ្វាយខ្លួនជាបរិស័ទគ្រហស្ថខ្លះ សុំចូលបួសខ្លះក្នុងសំណាក់ព្រះអង្គខ្លះ ជាដើម។
និយាយត្រឡប់ក្រោយវិញថា រឿងជាតកនានាក្នុងគម្ពីរព្រះពុទ្ធសាសនា មានរឿងជាច្រើនដែលយើងអាចទុកចិត្តបានថាជារឿងដែលប្រសូតចេញមកពីព្រះឱស្ឋរបស់ព្រះសម្មាសម្ពុទ្ធ ថ្វីត្បិតតែរឿងមួយចំនួនទៀតកើតឡើងពីការប្រឌិតបន្ថែមរបស់អ្នកប្រាជ្ញខ្លះ។ យើងមិនអាចបដិសេធទាំងអស់ថាសុទ្ធតែជារឿងព្រេងនិទាន ជារឿងប្រឌិតនោះទេ។
ការសរសេរពីប្រវត្តិនរណាម្នាក់ ឬអតីតជាតិរបស់នរណាម្នាក់ដូចដែលញោមបានលើកឡើងនៅកថាខណ្ឌខាងក្រោមនោះ មិនជាការពិបាកទេ។ អាចសរសេរបាន ប្រឌិតបានទាំងអស់ ហើយអាចធ្វើឲ្យស្តាប់ទៅដូចជាមែនទែនទៀតផង។ រឿងសំខាន់មិនមែនត្រង់សាច់រឿងដែលស្តាប់ទៅថាគួរតែជារឿងពិតរឿងមែននោះទេ ឫសគល់ដែលធ្វើឲ្យអ្នកសិក្សាទទួលស្គាល់ថាជារឿងពិតរឿងមែននោះ អាស្រ័យទៅលើបុគ្គលអ្នកសរសេរ ឬអ្នកសំដែង ថាតើបុគ្គលនោះ មានវិជ្ជាអ្វី បានសម្រេចញាណអ្វី ហេតុអ្វីបានជាគេដឹងពីអតីតជាតិរបស់អ្នកទាំងនោះ? បើអ្នកសរសេរ ឬអ្នកសំដែងនោះ ជាមនុស្សសាមញ្ញធម្មតាដូចយើងដូចគេដែរនោះ ក៏គ្មាននរណាជឿ ឬទទួលស្គាល់ថាជាការពិតដែរ យ៉ាងច្រើន បើរឿងរ៉ាវដែលសរសេរ ឬសំដែងមកនោះ ជារឿងមានគំនិតអប់រំល្អ ជារឿងដែលគួរយកជាគតិបាន គេក៏អាចទទួលយកទុកត្រឹមតែជារឿងប្រឌិតមួយសម្រាប់ជាគតិ ជាអក្សរសិល្ប៍សម្រាប់អប់រំមនុស្សតែប៉ុណ្ណោះ អ្នកប្រាជ្ញ អ្នកមានការរិះគិតត្រិះរិះពិចារណា លោកមិនទទួលយកថាជារឿងពិតរឿងមែនទេ។ បើនិយាយពីអ្នកមិនបានប្រើបញ្ញាក្នុងការត្រិះរិះពិចារណានោះចេះតែជឿហើយ ជឿអីក៏ជឿដែរ ដូចជាការជឿនូវបាតុភូតធម្មជាតិផ្សេងៗដែលកើតមានក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ ឲ្យតែរឿងអីប្លែកក៏ជឿ សូម្បីមនុស្សដែលមិនគួរឲ្យជឿក៏នាំគ្នាជឿ មិនត្រឹមតែក្នុងប្រទេសខ្មែរទេ មានរហូតដល់ខ្មែរនៅក្រៅប្រទេសទៀតផង ចំណាយលុយកាក់ប្រាក់កាសរាប់ពាន់រាប់ម៉ឺនដុល្លារទៅលើជំនឿ ទៅលើមនុស្សដែលយកជំនឿសាសនាទៅប្រកបមិច្ឆាជីព។
សរុបសេចក្តីមក ការដែលធ្វើឲ្យយើងជឿទុកចិត្តចំពោះព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ គឺដោយសារការមាន តថាគតពោធិសទ្ធា យល់ជាក់ច្បាស់ចំពោះការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងស្គាល់ជាក់ច្បាស់នូវគុណរបស់ព្រះអង្គ ថាព្រះអង្គជាបុគ្គលបរិសុទ្ធ ជាលោកវិទូដ៏ពិតប្រាកដ ហើយអ្វីដែលធ្វើឲ្យព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធបានគឺដោយសារព្រះអង្គទ្រង់បានបំពេញនូវពុទ្ធការកធម៌បានបរិបូណ៍ ដែលការកសាងនេះមិនមែនតែជាតិនេះទេ គឺរាប់អសង្ខេយ្យជាតិមកហើយទម្រាំតែបានត្រាស់ជាព្រះពុទ្ធ។ ការបានត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាការក្រ។
ខញុំព្រះករុណា សូមឆ្លើយត្រង់ ចំណុចដែលធ្វើអោយខ្ញុំព្រះករុណា មានចិត្តស្រាវជ្រាវចងក្រងជា រចនាសម្ព័ន្ធនយោបាយនេះឡើង គឺមានហេតុផលច្រើនយ៉ាងណាស់ ព្រះអង្គ !
បើនិយាយពីរឿង នៅក្បែរអ្នកធំក៏ត្រូវដែរ រឿងអ្នកធំបានជួបជាច្រើន មិនមានបញ្ហាអ្វីសោះ មានតែពួកគាត់ជួយ ទំនុកបំរុង តាំងពីតូចមកម្លេះ ។ ម្យ៉ាងទៀតមកពីខ្ញុំព្រះករុណា ចូលចិត្ត ឬ ឧស្សារៀនសូត្រ និង មើលសៀវភៅ ណាស់ ស្រឡាញ់សៀវភៅណាស់ គេទៅស្រុកខ្មែរគេជួញដូរ មាសប្រាក់ របស់របរផ្សេងៗ តែខ្ញុំព្រះករុណាដើររកតែ សៀវភៅទេ ប្រមូលតែសៀវភៅ ដាក់ពេញវ៉ាល្លី មានប៉ុន្មានយកទាំងអស់ ឥឡូវនេះមានសៀវភៅ រាប់ពាន់ក្បាល ក្នុងបន្ទប់ដេក ដេកជាមួយតែសៀវភៅ រៀងរាល់ថ្ងៃ តាំងពីធ្វើដំណើរមកពីស្រុកខ្មែរវិញ ១៨ មិនា ១៩៩២ មកម្លេះ យកសៀវភៅធ្វើជាពូក ជាខ្នើយ ជាជញ្ជាំង ឬ ជាគ្រែដេក ។
ហើយចូលចិត្តស្តាប់ពត៌មាន និង តាមដានសភាពការណ៍ណាស់ កាលពេលមុន ស្តាប់មួយថ្ងៃ ១៨ ម៉ោង មួយអាទិត្យ ៧ ថ្ងៃ មួយខែ ៣០ ថ្ងៃ មិនដែលខានសោះ ព្រមទាំងដើរធ្វើការ ដូចលោកដើរ សង្ក្រមភាវនា ធម៌ចឹងដែរ ទើបផុសគំនិតប្រាជ្ញា កើតចង់ស្រាវជ្រាវ និង ចងក្រងជា រចនាសម្ព័ន្ធនយោបាយនេះឡើង ពាក្យមួយទៀតគេថា “សុខចិត្តលែងប្រពន្ធ តែមិនលែងសៀវភៅទេ” បើស្លាប់ទៅ ប្រហែលយកសៀវភៅ សំរាប់បូជាហើយមើលទៅ សៀវភៅអីក៏ដោយ ក៏មើលទៅជារបស់ មានប្រយោជន៍ដែរ ឃើញសៀវភៅ ដូចឃើញមាស ឃើញពេជ្រ ចឹងដែរ អញ្ចឹងហើយបានជា ចំណាយពេលវេលាច្រើនណាស់ សំរាប់ការ សរសេរ ឬ ចងក្រងសៀវភៅ ប្រព័ន្ធនយោបាយនេះ គិតឃើញថាវាសំខាន់ណាស់ សំខាន់សម្រាប់ មនុស្សទូទាំងសាកលលោកតែម្តង ! ។ល។៚…
សេចក្តីព្យាយាមក្នុងការសិក្សារៀនសូត្ររបស់ញោម ទាំងការស្តាប់ទាំងការអាន និងការតាមដានពិនិត្យពិចារណាគ្រប់ហេតុការណ៍ដែលញោមបានធ្វើនោះពិតជាមធ្យោបាយដ៏ប្រសើរមួយហើយ ក្នុងដំណើរឆ្ពោះទៅរកភាពជាបញ្ញាជន។ តាមការរៀបរាប់របស់ញោម ពិតជាអស្ចារ្យណាស់ ហើយអាត្មាក៏សូមកោតសរសើរចំពោះវិរយភាពរបស់ញោម នៅក្នុងដំណើរសិក្សាស្រាវជ្រាវនេះ។ ការអាន ការស្តាប់ ការត្រិរិះពិចារណា និងការអនុវត្ត ជាកត្តាសំខាន់ណាស់នៅក្នុងជីវិតប្រចាំថ្ងៃ អ្នកដែលធ្វើដំណើរលើផ្លូវនេះ មិនងាយជួបប្រទះភាពបរាជ័យទេ ដូចព្រះសម្មាសម្ពុទ្ធក៏ទ្រង់សំដែងហើយដែរថា សេចក្តីព្យាយាមនាំឲ្យរួចចាកសេចក្តីទុក្ខ។ ដូច្នេះហើយ បើកាលណាយើងមានសេចក្តីព្យាយាមហើយ បើទុកជាមិនបានសម្រេចតាមបំណងក៏ដោយ ក៏មិនជាការសោកស្តាយអ្វីដែរ ហើយក៏មិនមែនជារឿងឥតប្រយោជន៍ឡើយ ព្រោះវាជាបច្ច័យនៃសេចក្តីសម្រេចទៅក្នុងពេលខាងមុខទៀត។ បើគិតមើលទៅ អាត្មាមិនទាន់មានសេចក្តីព្យាយាមប្រហែលញោមទេ នៅត្រូវបន្ថែមល្បឿនតទៅទៀត។