ភាសិ​តោវាទ​សង្ខេប

ដោយ ភិក្ខុឃឹម សាលីម

ឧកាស ខ្ញុំសូមគោរព!
• អ្នក​ឯណា​មួយ ជា​អ្ន​ក​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ ជា​អ្នក​ប្រតិបត្តិ​ដោយ​ត្រឹម​ត្រូវ ជា​អ្នក​ប្រតិបត្តិ​តាម​ធម៌​ជា​ប្រក្រតី អ្នក​នោះ​ឈ្មោះ​ថា ធ្វើ​សក្ការៈ ធ្វើ​សេចក្តីគោរព​រាប់​អាន​បូជា​នូវ​ព្រះ​តថា​គត ដោយ​បដិបត្តិបូជា ជាបូជាដ៏ឧត្តម។

• កិរិយា​មិន​ធ្វើនូវ​បាប​ទាំង​ពួង កិរិយា​បំពេញ​នូវ​កុសល កិរិយា​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរ​ផង់ ទាំង​នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ នៃ​ព្រះពុទ្ធ​ទាំង​ឡាយ។

• អំណត់​គឺ​សេចក្តី​អត់​ធន់ ជា​តប​ធម៌​ដ៏​ឧត្តម ព្រះពុទ្ធ​ទាំង​ឡាយ​ទ្រង់​ត្រាស់​ថា ព្រះ​និព្វាន​ជា​គុណ​ជាត​ដ៏​ឧត្តម អ្នក​បួស ដែល​បៀត​បៀន​សត្វ​ដទៃ សម្លាប់​សត្វ​ដទៃ មិន​មែន​ជា​បព្វជិត មិន​មែន​ជា​សមណៈ​ឡើយ។

• កិរិ​យា​មិន​តិះ​ដៀល (អ្នកដទៃ) ១ កិរិយា​មិន​បៀត​បៀន (អ្នក​ដទៃ) ១ កិរិយា​សង្រួម​ក្នុង​បាតិ​មោក្ខ១ ភាវៈ​ដឹង​ប្រមាណ ក្នុង​ភត្តា​ហារ​១ ទី​ដេក​និង​ទី​អង្គុយ​ដ៏​ស្ងាត់​១ កិរិយា​បំ​ពេញ​ព្យា​យាម​ក្នុង​អធិចិត្ត១ ទាំង​នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ។

• សេចក្តី​អត់​ធន់ ជា​ហេតុ ជាទី​តាំង​នៃ​គុណ​គឺ​សីល​សមាធិ​ទាំង​ឡាយ ធម៌​ទាំង​ឡាយ​ជា​កុសល​ទាំង​អស់​នោះ តែង​ចម្រើន ដោយ​សេចក្តី​អត់​ធន់​មែន​ពិត។

• សេចក្តី​អត់​ធន់ តែង​កាត់​បង់​នូវ​ឫស​នៃ​បាប​ទាំង​ឡាយ​ទាំង​អស់ បុគ្គល​អ្ន​ក​អត់​ធន់ ឈ្មោះ​ថា​ជីក​រំលើង​នូវ​ឫស​នៃ​ទោស ទាំង​ឡាយ មាន​ពាក្យ​តិះ​ដៀល និង​ការ​ឈ្លោះ​ប្រកែក​ជា​ដើម។

• សេចក្តី​អត់​ធន់ ជា​គ្រឿង​អលង្កា​រ​របស់​អ្នក​ប្រាជ្ញ សេចក្តី​អត់​ធន់ ជា​គ្រឿង​ដុត​បង់​នូវ​បាប​របស់​អ្នក​ដែល​មាន​តប​ធម៌ សេចក្តី​អត់​ធន់ ជា​កម្លាំង​របស់​អ្នក​ប្រព្រឹត្ត​ធម៌ សេចក្តី​អត់​ធន់ ជា​គុណ​ជាតិ​នាំ​មក​នូវ​ប្រយោជន៍ និង​សេចក្តី​សុខ។

• អ្នក​អត់​ធន់ ជា​អ្នក​មា​ន​មិត្រ​សម្លាញ់ ជា​អ្នក​មាន​លាភ ជា​អ្នក​មាន​យស ជា​អ្នក​មាន​សេចក្តី​សុខ​ជា​ប្រ​ក្រ​តី។ អ្នក​អត់​ធន់ រមែង​ជា​ទី​ស្រ​ឡាញ់ ជា​ទី​គាប់​ចិត្ត​នៃ​ទេវតា និង​មនុស្សទាំ​ង​ឡាយ។

• អ្នក​អត់​ធន់ ជា​អ្នក​នាំ​មក​នូវ​ប្រយោជន៍​ដល់​ខ្លួន ដល់​ជន​ទាំង​ឡាយ​ឯ​ទៀត​ផង។ អ្នក​អត់​ធន់ ជា​អ្នក​ឡើង​កាន់​ផ្លូវ​ជាទី​ទៅ កាន់​ស្ថាន​សួគ៌ និង​ព្រះ​និព្វាន។

• អ្នក​អត់​ធន់ ឈ្មោះ​ថា​ធ្វើ​តាម​នូវ​ព្រះពុទ្ធ​ដីកា​ជា​ឱវាទ នៃ​ព្រះ​សាស្តា​មែន​ពិត។ អ្នក​អត់​ធន់ ឈ្មោះ​ថា​បូជា​នូវ​ព្រះ​វិជិតមារ ដោយ​ការ​បូជា​ដ៏ឧ​ត្តម។​

• ភាវៈ​កើត​ជា​មនុស្ស គឺ​សត្វ​ទាំង​ឡាយ​បាន​ដោយ​កម្រ។ កិរិយា​ត្រាស់​ជា​ព្រះពុទ្ធ គឺ​សត្វ​ទាំង​ឡាយ​បាន​ដោយ​កម្រ។ កិរិយា​ដល់​ព្រម​ដោយ​ខណៈ ​គឺ​បាន​កើត​ជួប​នឹង​ព្រះពុទ្ធ ឬ​នឹង​ព្រះ​ពុទ្ធ​សាសនា គឺ​សត្វ​ទាំង​ឡាយ​បាន​ដោយ​កម្រ។ ធម៌​របស់​សប្បុ​រស គឺ​សត្វ​ទាំង​ឡាយ បាន​ដោយ​កម្រ​ក្រៃ​លែង។

• កិរិយា​បាន​ត្រាស់​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ នាំ​មក​នូវ​សេចក្តី​សុខ។ កិរិយា​សម្តែង​នូវ​ធម៌​របស់​សប្បុរស នាំ​មក​នូវ​សេចក្តី​សុខ។ សេចក្តី​ព្រម​ព្រៀង​គ្នា​របស់​សង្ឃ ឬ​ពួក​ក្រុម នាំ​មក​នូវ​សេចក្តី​សុខ។ សេចក្តី​ព្យា​យាម​របស់​អ្ន​ក​ដែល​ព្រ​ម​ព្រៀង​គ្នា​ទាំង​ឡាយ នាំ​មក​នូវ​សេចក្តី​សុខ។

• សេចក្តី​ស្ងប់​ស្ងាត់​របស់​អ្នក​ដែល​ត្រេកអរ (ក្នុង​ទី​ស្ងាត់) ជា​អ្នក​មាន​ធម៌​បាន​ស្តាប់​ហើយ ពិចារណា​ឃើញ (នូវ​ធម៌) នាំ​មក​នូវ​សេចក្តី​សុខ។ កិរិយា​មិន​បៀត​បៀន គឺ​កិរិយា​សង្រួម​ចំពោះ​សត្វ​ទាំង​ឡាយ នាំ​មក​នូវ​សេចក្តី​សុខ​ក្នុង​លោក។

• ភាវៈ​ប្រាស​ចាក​រាគៈ គឺ​កិរិយា​កន្លង​នូវ​កាម​ទាំង​ឡាយ នាំ​មក​នូវ​សេចក្តី​សុខ​ក្នុង​លោក។ កិរិយា​ធ្វើ​ឲ្យ​វិនាស​នូវ​អស្មិ​មានះ នេះ​ឯង នាំ​មក​នូវ​សេចក្តី​សុខ​ដ៏​ឧត្តម។​

• កិរិយា​ត្រឡប់​បាន​អត្តភាព​ជា​មនុស្ស ជា​ការ​លំបាក។ សេចក្តី​រស់​នៅ​របស់​សត្វ​ទាំង​ឡាយ ជា​ការ​លំ​បាក។ កិរិយា​ស្តាប់​នូវ ព្រះ​សទ្ធម្ម ជា​ការ​កម្រ។ កិរិយា​បាន​ត្រាស់​នៃ​ព្រះ​ពុទ្ធ​ទាំង​ឡាយ ជា​ការ​លំ​បាក។

• បុគ្គល​ឯណា បាន​ស្តាប់​នូវ​ព្រះសទ្ធម្ម​របស់​ព្រះ​សាស្តា (ដែល​រាប់​បញ្ចូល​) ក្នុង​ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះ​វិជិតមារ​ទាំង​ពួង បុគ្គល​នោះ រមែង​មិន​ទៅ​កាន់​ទុគ្គតិ​អស់​សែន​កប្ប។

• ព្រះ​សម្មា​សម្ពុទ្ធ ជា​ចម្បង​ជាង​អស់​អ្នក​ប្រាជ្ញ ទ្រង់​ជម្រះ​នូវ​ពុទ្ធ​កិច្ច​ទាំង​ឡាយ​៥​ប្រការ​នេះ គឺ​ក្នុង​ពេល​ព្រឹក ទ្រង់​ស្តេច​ទៅ​បិណ្ឌ​បាត១ ក្នុង​ពេល​ល្ងាច ទ្រង់​សម្តែង​ធម៌​ទេសនា​១ ក្នុង​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ដល់​ពួក​ភិក្ខុ១ ក្នុង​ពេល​អធ្រាត្រ ទ្រង់​ដោះ​ប្រស្នា​នៃ​ទេវតា​១ ក្នុង​ពេល​ជិត​ភ្លឺ ទ្រង់​ប្រមើល មើល​នូវ​សត្វ​លោក​ដែល​គួរ​ត្រាស់​ដឹង និង​មិន​គួរ​ត្រាស់​ដឹង​១។

• ព្រះ​វិជិត​មារ ទ្រង់​យាង​ចុះ​មក​អាស្រ័យ​នៅ​ក្នុង​ព្រះ​គភ៌ (នៃ​ព្រះ​វរ​មាតា) ក្នុង​ឆ្នាំ​រកា។ ទ្រង់​ប្រសូត​ចាក​​ព្រះ​​គភ៌​​ក្នុង​​ឆ្នាំ​ច។ ទ្រង់​សោយ​សម្បត្តិ​ក្នុង​ឆ្នាំ​ឆ្លូវ។ ទ្រង់​ព្រះ​ផ្នូស​ក្នុង​ឆ្នាំ​ថោះ។​ ទ្រង់​ត្រាស់​ដឹង​ជា​ព្រះ​សព្វញ្ញុ​ពុទ្ធ​ក្នុង​ឆ្នាំ​រកា ទ្រង់​សម្តែង​នូវ​ព្រះធម្មចក្ក​ក្នុង ឆ្នាំ​ថោះ។​ ទ្រង់​យាង​ចូល​កាន់​ព្រះនិព្វាន​ក្នុង​ឆ្នាំ​ម្សាញ់។ ព្រះ​ពុទ្ធសាសនា​នឹង​គ្រប់​៥០០០​គត់​ក្នុង​ឆ្នាំ​ជូត។ ទ្រង់​យាង​ចុះ​កាន់​ព្រះ​គភ៌ (នៃ​ព្រះ​វរ​មាតា) ក្នុង​ថ្ងៃ​ព្រហស្បតិ៍។ ប្រ​សូត​ក្នុង​ថ្ងៃ​សុក្រ។ បាន​ត្រាស់​ជា​ព្រះ​សម្ពុទ្ធ​ក្នុង​ថ្ងៃ​ពុធ​។ បរិនិព្វាន​ក្នុង​ថ្ងៃ​អង្គារ​។ ទ្រង់​យាង ចុះ​កាន់​ព្រះ​គភ៌ (នៃ​ព្រះ​វរមាតា) ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​អាសាធ។ ប្រសូត្រ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​វិសាខ។ បាន​ត្រាស់​ជា​ព្រះ​សម្ពុទ្ធ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​វិសាខ​។ បរិនិព្វាន​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​វិសាខ។

• កាល​ព្រះ​សម្មា​សម្ពុទ្ធ ជា​អគ្គ​បុគ្គល ជា​ទី​ពឹង​នៃ​សត្វ​លោក បរិនិព្វាន​ទៅ​ហើយ​ ព្រះ​បដិមា​ផង ពោធិ​ព្រឹក្ស​ផង ព្រះ​ស្តូប​ផង ព្រះ​ជិន​ធាតុ​ផង ព្រះ​ធម៌​៨​ម៉ឺន ៤ពាន់​ធម្មក្ខន្ធ ដែល​​ព្រះ​​អង្គ​​ទ្រង់​​សម្តែង​ហើយ​​ដោយ​​ប្រពៃ​​ផង ជា​​វត្ថុ គឺ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់ ប្រតិស្ឋាន​ទុក ក្នុង​ឋាន​ដ៏​ប្រព្រឹត្ត​ទៅ ដើម្បី​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ របស់​សព្វសត្វទាំង​ឡាយ។​

• បុគ្គល​គួរ​តម្កល់​នូវ​ឱវាទ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​ហើយ​ទុក​ក្នុង​ចិត្ត ហើយ​ធ្វើ​ការ​បូជា ដោយ​បដិបត្តិ​បូជា ដោយ​នូវ​ប្រការ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ត្រាស់សម្តែង​ហើយ គួរ​ធ្វើ​ឲ្យ​សម្រេច នូវ​សម្បត្តិ​ជា​លោកិយៈ និង​លោកុត្តរៈ។ ខ្ញុំ​សូម​គោរព អារាធ​នាទុក​ដោយ​ប្រការ​ដូច្នេះ។

• ខ្ញុំ​សូម​គោរព សម្តេច​ព្រះ​សិរី​សក្យ​មុនី​សព្វញ្ញុពុទ្ធ​ជា​ម្ចាស់ ទ្រង់​បរិនិព្វាន​ហើយ​ដោយ​អនុបាទិ​សេស​និព្វាន​ធាតុ ក្នុង​ចន្លោះ ដើម​សាល​ព្រឹក្ស​ទាំង​គូ ជិត​ក្រុង​កុសិនារា ក្នុង​បច្ចូស​សម័យ​ដ៏​មាន​កម្លាំង ក្នុង​ថ្ងៃ​នៃ​នក្ខត្តឫក្ស​ឈ្មោះ​អនុរាធៈ ក្នុង​ថ្ងៃ​អង្គារ យាម​អង្គារ ជាតិថី​ពេញ​បូណ៌មី​ខាង​ខ្នើត​ខែ​វិសាខ ក្នុង​គិម្ហ​រដូវ ឆ្នាំ​ម្សាញ់ ឯ​ណោះ​ហោង៕

ភាសិតោវាទសង្ខេប ចប់
_________________________
ប្រភព៖ ហ្វេសប៊ុក KHMER BUDDHISM: ព្រះពុទ្ធសាសនាខ្មែរ

អំពី វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s