អនិច្ចា! កុមារទាំងពីរពង្ស ដើរទាំងថ្ងៃត្រង់ក្តៅញ័រខ្លួន
ជាលីយំថ្ងូរអាសូរប្អូន ទាំងខ្លួនជាលីទ្រាំពុំបាន។
ហើយយំសស្រាក់ទៅទាំងពីរ ជាលីលោមថាប្អូនកល្យាណ
នាងខំទ្រាំទៅតាមកម្មប្រាណ ឲ្យបានបិតាយើងឆាប់ត្រាស់។
ក្រឹស្នាទួញថាឱម្ចាស់បង ព្រាហ្មណ៍គាត់វាយខ្នងពន់ពេកណាស់
រៀមអើយទតចុះបែកសុសពាស ផ្សាណាស់ដោយញើសហូរពុះពង។
ជាលីលោមថាឱប្អូនពៅ នាងខំទ្រាំទៅណាកែវបង
ធ្វើម្តេចឯកម្មយើងឯងហោង ទើបយើងមករងទុក្ខច្នេះណា។
ក្រឹស្នាទួញថាឱអម្ចាស់ ស្រេកទឹកដោះណាស់ណាមាតា
ឱអ្នកមេអើយយាងទៅណា មេត្តាដល់កូនផងណាថ្លៃ។
ធ្វើម្តេចបានអ្នកមកឥឡូវ កូននឹងសូមបៅឲ្យឆ្អែតផ្ទៃ
រួចហើយកូនលាព្រះគុណថ្លៃ បំពេញនិស្ស័យព្រះបិតា។
សូមចុចប៊ូតុងខាងក្រោមដើម្បីស្តាប់ ចុចទីនេះដើម្បីទាញយកសម្លេង



សម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះ
សង្ឃរាជថ្នាក់ទី១នៃគណៈមហា
និកាយ ព.ស២៤៤៧-២៥១៣។



អរព្រះគុណព្រះអង្គ កំសត់ណាស់ ពីរោះណាស់ កន្លែងនេះកាន់ទីប៉ុន្មានដែរ ព្រះអង្គ ?
តើព្រះអង្គមាន ស្មូត្រនាងមេទ្រី ដែរ ?
តើព្រះអង្គមានរូប ដែលគេគូររឿងព្រះវេសន្តរនេះដែរ ? ចង់ឃើញរូបតាមកាន់និមួយ ៗ បើព្រះអង្គអាចដាក់អោយមើល សូមដាក់កុំខាន សូមអរព្រះគុណទុកជាមុន !
ចម្រើនពរ! កន្លែងនេះគឺកណ្ឌកុមារបព្វ កណ្ឌទី៧ ត្រង់តាជូជកព្រាហ្មណ៍សុំជាលីក្រឹស្នា ពីព្រះវេស្សន្តរបានហើយ ក៏វាយវាត់កុមារទាំងពីរ បណ្តើរចេញទៅ។ ស្មូត្រនាងមទ្រី អាត្មាមានដែរ តែរូបភាពនៃរឿងព្រះវេស្សន្តរជាតក អាត្មាមិនមានទេ។ ប្រហែលជាអាចរកបានពីក្នុងវិបសាយផ្សេងៗ បើមានពេលណា អាត្មានឹងដាក់ជូន។
អរគុណព្រះអង្គ បើព្រះអង្គអាចមានដឹងកន្លែងណាមានរូប រឿងព្រះវេស្សន្តរ ដាក់ចែកអោយមើលផង ហើយបើមានរូបផ្សេងៗ ដែលទាក់ទងរឿងព្រះសម្មាសម្ពុទ្ធ ក្នុងកំឡុងព្រះអង្គត្រាស់ដឹង នឺងបន្ទាប់ពីការត្រាស់ដឹង សូមព្រះអង្គចែករំលែកផង ! សូមអរព្រះគុណម្តងទៀតជាមុន !!
ចម្រើនពរញោម! ចំពោះរឿងព្រះវេស្សន្តរនោះឥឡូវអាត្មាមិនមានទេ ពេលណាមាននឹងដាក់ចែកជូន។ ចំណែករូបភាពពុទ្ធប្បវត្តិនោះ ដោយឃើញថាមានវិបសាយជាច្រើនបានដាក់ហើយ ដូច្នេះហើយទើបអាត្មាមិនបានយកមកដាក់ក្នុងទីនេះ បើញោមមានបំណងចង់មើលអាត្មានឹងដាក់ជូនក្នុងពេលឆាប់ៗនេះ។
i like your website very much.
Thank you so much, Savieth. Very nice to hear that.