ព្រះពុទ្ធសាសនា កាលនឹងសាបសូន្យ នឹងសាបសូន្យព្រោះអន្តរធាន ៥ យ៉ាង គឺ
ក)- បរិយត្តិអន្តរធាន សាបសូន្យព្រះបរិយត្តិ,
ខ)- បដិបត្តិអន្តរធាន សាបសូន្យបដិបត្តិ,
គ)- បដិវេធអន្តរធាន សាបសូន្យសេចក្ដីត្រាស់ដឹង,
ឃ)- លិង្គអន្តរធាន សាបសូន្យភេទអ្នកបួស,
ង)- ធាតុអន្តរធាន សាបសូន្យព្រះសារីរិកធាតុ ។
ក)- បរិយត្តិអន្តរធាន
ព្រះបរិយត្តិនឹងសាបសូន្យយ៉ាងនេះ កាលកន្លងទៅ ៗ កើតកលិយុគ, មនុស្សក្នុងសាកលលោកប្រាសចាកមនុស្សធម៌ ព្រោះចំហាយអយុត្តិធម៌ ធម្មជាតិដែលជាឧបការមិនប្រព្រឹត្តទៅដោយប្រពៃ ដូចជាភ្លៀងបង្អុរមិនស្រួល ស្រូវមិនសម្រេចផលជាដើម ។ ម៉្លោះហើយទាយកអ្នកផ្គងបច្ច័យសម្រាប់ការសិក្សាមិនអាចប្រគេនបច្ច័យដល់ភិក្ខុសង្ឃ ពួកភិក្ខុលំបាកដោយបច្ច័យ មិនអាចសង្គ្រោះអន្តេវាសិកអ្នកសិក្សាបរិយត្តិបាន ។ កាលកន្លងទៅ ៗ ភិក្ខុមិនអាចទ្រទ្រង់អត្ថបាន ទ្រទ្រង់បានត្រឹមបាលី។ តទៅ, កាលកន្លងទៅៗ ភិក្ខុមិនអាចទ្រទ្រង់បាលីទាំងអស់ ។ ដំបូង អភិធម្មបិដកសាបសូន្យ ៗ ពីចុងមកមុនគឺ មហាបដ្ឋាន; តមក, យមកៈ, កថាវត្ថុ, បុគ្គលប្បញ្ញត្តិ, ធាតុកថា, វិភង្គ, ធម្មសង្គណី ។ តមក, សុត្តន្តបិដក សាបសូន្យ, អង្គុត្តរនិកាយសាបសូន្យចាប់ដើមអំពីឯកាទសកៈ ដល់ឯកកៈ ; តមក, សំយុត្តនិកាយ សាបសូន្យចាប់ដើមអំពីចក្កបេយ្យាលៈ ដល់ឱឃតរណៈ ; តមក, មជ្ឈិមនិកាយសាបសូន្យចាប់ដើមអំពីឥន្ទ្រិយភាវនៈ ដល់មូលបរិយាយៈ ; តមក, ទីឃនិកាយសាបសូន្យចាប់ដើមអំពី ទសុត្តរៈ ដល់ព្រហ្មជាលៈ ។ បុច្ឆាគាថាមួយក្ដី ពីរក្ដី ឋិតនៅអស់កាលវែងក៏ដោយ ក៏មិនអាចទ្រទ្រង់សាសនាបាន ដូចជាសព្ភិយបុច្ឆា អាឡវកបុច្ឆា ក្នុងកស្សបពុទ្ធសាសនា ។ តមក, ពួកលជ្ជីភិក្ខុទ្រទ្រង់វិន័យ ; ពួកភិក្ខុប្រាថ្នាលាភ, កាលសុត្តន្តបិដកឋិតនៅ ទ្រទ្រង់តែជាតកប៉ុណ្ណោះ ។ កាលកន្លងទៅ ៗ ភិក្ខុមិនអាចទ្រទ្រង់ជាតក, វេស្សន្តរជាតកសាបសូន្យជាដំបូង ; តមក, បណ្ណកជាតកមហានារទជាតក ដោយលំដាប់ច្រាសមក ; អបណ្ណកជាតកសាបសូន្យទីបំផុត ។ ភិក្ខុនៅទ្រទ្រង់វិន័យ ។ កាលកន្លងទៅ ៗ វិន័យសាបសូន្យពីចុងមកមុនគឺ បរិវារៈ ; តមក, ខន្ធកៈ, ភិក្ខុនីវិភង្គ, មហាវិភង្គ, ភិក្ខុទ្រទ្រង់តែឧបោសថក្ខន្ធកៈ ។ គាថា ៤ បទប្រព្រឹត្តក្នុងមនុស្សដរាបណា, ដរាបនោះ បរិយត្តិឈ្មោះថា មិនទាន់អន្តរធាន ។ កាលនោះស្ដេចជ្រះថ្លាឲ្យគេដាក់កហាបណៈមួយពាន់ក្នុងប្រអប់ដាក់លើកដំរី ឲ្យវាយស្គរសួរថា “អ្នកណាចេះគាថា ៤ បទដែលព្រះពុទ្ធទ្រង់សំដែង អ្នកនោះចូរយកកហាបណៈមួយពាន់នេះចុះ” ។ កាលរាជបុរសវាយស្គរ ៣ ដង មិនមានអ្នកណាទទួលយក, ក៏នាំយកថង់ពេញដោយកហាបណៈ ១ ពាន់ចូលទៅកាន់រាជត្រកូលវិញ ។ កាលនោះឯងហៅថាបរិយត្តិអន្តរធាន ។
ខ) បដិបត្តិអន្តរធាន
បដិបត្តិនឹងសាបសូន្យយ៉ាងនេះ កាលកន្លងទៅ ៗ ពួកភិក្ខុមិនអាចញ៉ាំងឈាន វិបស្សនា មគ្គផលឲ្យកើត, រក្សាតែចាតុប្បារិសុទ្ធិសីល ។ កាលកន្លងទៅ ៗ ពួកភិក្ខុដល់នូវសេចក្ដីបន្ធូរបន្ថយថា “យើងរក្សាចតុប្បារិសុទ្ធិសីលផង ប្រកបរឿយ ៗ នូវប្រធានផង មិនអាចធ្វើឲ្យជាក់ច្បាស់នូវមគ្គផលបាន, ឥឡូវនេះ អរិយធម្មប្បដិវេធធម៌មិនមាន” ហើយក៏ល្មោភខ្ជិល មិនដាស់តឿនរំលឹកទៅវិញទៅមក មិនមានសង្ស័យ ; តមក, ក៏ញាំញីខុទ្ទានុខិទ្ទកសិក្ខាបទ ។ កាលកន្លងទៅ ៗ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈ ថុល្លច្ច័យ តពីនោះគរុកាបត្តិបារាជិកឋិតនៅ ។ កាលបើពួកភិក្ខុរក្សាបារាជិក ៤ មានមួយរយអង្គក្ដី មួយពាន់អង្គក្ដី, បដិបត្តិមិនទាន់អន្តរធានទេ ។ លុះតែភិក្ខុក្រោយបង្អស់បែកធ្លាយសីលក្ដី, អស់អាយុក្ដី បដិបត្តិឈ្មោះថា អន្តរធាន ។
គ) បដិវេធអន្តរធាន
បដិវេធៈ គឺអធិគមៈ បានដល់មគ្គ ៤, ផល ៤, បដិសម្ភិទា ៤, វិជ្ជា, អភិញ្ញា ៦ ។ អធិគមៈសាបសូន្យអំពីបដិសម្ភិទាមកមុន ។ លុះសោតាបន្នបុគ្គលក្រោយបង្អស់អស់ជីវិត, អធិមគៈឈ្មោះថា អន្តរធាន ។
ឃ) លិង្គអន្តរធាន
កាលកន្លងទៅ ៗ, ការកាន់បាត្រកាន់ចីវរ, បត់ លា ឈាន ឈានទៅមុខ ឈានថយ មើលទៅមុខ មើលឆ្វេង ស្ដាំ មិនសមរម្យ តាមសមណសារុប្ប មិនជាទីជ្រះថ្លា ។ ពួកភិក្ខុដាក់បាត្រត្រង់អគ្គពាហា (ចុងដើមដៃ) ត្រាច់ទៅ ដូចនិគ្គន្ថស្សមណីកាន់បាត្ររលាឃ្លោក ។ ប៉ុណ្ណេះ លិង្គនៅមិនទាន់អន្តរធាន ។ កាលកន្លងទៅ ៗ ពួកភិក្ខុដាក់បាត្រអំពីអគ្គពាហាយួរដោយដៃ ដោយសង្រែកត្រាច់ទៅ ។ កាលកន្លងទៅ ៗ ភិក្ខុមិនជ្រលក់ចីវរ កាត់សំពត់ធ្វើចីវរចោះតែក្រវិលពិន្ទុកប្បៈប៉ុណ្ណោះប្រើប្រាស់ទៅ ។
តមក, ចោះតែក្រវិល មិនធ្វើពិន្ទុកប្បៈ ។ តមក, មិនធ្វើទាំងពីរ កាត់តែសំពត់ស្លៀកត្រាច់ទៅដូចបរិព្វាជក ។ កាលកន្លងទៅ ៗ ពួកភិក្ខុគិតថា គ្មានប្រយោជន៍អ្វីដោយសំពត់ ក៏ចងខុទ្ទកសាដកនឹងដៃខ្លះនឹងកខ្លះ ផ្សើមសក់ឲ្យទទឹកខ្លះ ចិញ្ចឹមកូនប្រពន្ធធ្វើស្រែចិញ្ចឹមជីវិត ។ កាលនោះជនណាមានទក្ខិណាទានដល់ជនពួកនេះ ឧទ្ទិសចំពោះសង្ឃបានផលច្រើន ។ ព្រះមានជោគត្រាស់ំដៅរឿងនេះថា “ម្នាលអានន្ទ ក្នុងកាលអង្វែងទៅអនាគតនឹងមានពួកគោត្រភូកាសាវៈនឹងក ទ្រុស្តសីល មានធម៌អាក្រក់, ពួកជននឹងឲ្យទានក្នុងគោត្រភូទាំងនោះ ; ម្នាលអានន្ទ ក្នុងកាលនោះ តថាគតពោលថា សង្ឃគតាទក្ខិណាទាននោះ មានផលរាប់មិនបានស្មានមិនត្រូវ” ។ តមក, កាលកន្លងទៅ ៗ ពួកជននោះនាំគ្នាធ្វើអំពើផ្សេង ៗ គិតថាការនេះនាំយឺតយូរ យើងមានប្រយោជន៍អ្វីដល់វត្ថុនោះ ហើយក៏គ្រវាត់សំពត់កាសាវៈនោះចោលក្នុងព្រៃ ។ ក្នុងកាលនោះ លិង្គ ឈ្មោះថា អន្តរធាន ។
ង) ធាតុអន្តរធាន
បរិនិព្វានមាន ៣ គឺ
-កិលេសបរិនិព្វាន មានហើយលើពោធិបល្លង្ក,
-ខន្ធបរិនិព្វាន មានហើយក្នុងក្រុងកុសិនារា,
-ធាតុបរិនិព្វាន នឹងមានក្នុងកាលអនាគត ។
ធាតុបរិនិព្វាន, ព្រះធាតុទាំងឡាយកាលមិនបានសក្ការៈ រាប់អានក្នុងទីនោះ ៗ ក៏ទៅកាន់កន្លែងដែលបានសក្ការៈបូជារាប់អាន ដោយកំលាំងអធិដ្ឋានព្រះពុទ្ធទាំងឡាយ ។ កាលកន្លងទៅ ៗ សក្ការៈបូជារាប់អានមិនមានសព្វឋាន ។ ឮថា ក្នុងកាលសាសនារៀវរោយ ព្រះធាតុទាំងឡាយទៅប្រជុំក្នុងតាម្ពបណ្ណិទ្វីប នឹងទៅកាន់មហាចេតិយ ចេញពីនោះទៅកាន់រាជាយតនចេតិយក្នុងនាគទ្វីប ចេញពីនោះនឹងទៅកាន់មហាពោធិបល្លង្ក ។ ព្រះធាតុទាំងឡាយនឹងមកអំពីនាគភពផង ទេវលោកផង ព្រហ្មលោកផង ទៅកាន់ពោធិបល្លង្កដែរ ។ ព្រះធាតុសូម្បីប៉ុនគ្រាប់ស្ពៃក៏មិនវិនាសក្នុងចន្លោះ ។ ព្រះធាតុទាំងឡាយ ប្រជុំនៅមហាពោធិបល្លង្កកាន់យកនូវពុទ្ធរូបផ្ទឹមនឹងពុទ្ធសរីរៈដែលគង់ព្ធដ៏ពោធិមណ្ឌៈ ; មហាបុរិសលក្ខណៈ ៣២, អនុព្យញ្ជនៈ ៨០ ; ពន្លឺផ្សាយចេញ ១ ព្យាមមានគ្រប់ទាំងអស់ ។ លំដាប់នោះ, ព្រះធាតុទាំងឡាយនឹងធ្វើបាដិហារ្យបញ្ចេញឆព្វណ្ណរំសីដូចក្នុងថ្ងៃយមកប្បាដិហារ្យ ។ រស្មីទាំងនោះនឹងផ្សាយទៅអស់ ១ ម៉ឺនលោកធាតុ ។ ពួកមនុស្សមិនមានក្នុងទីនោះទេ ។ មានតែពួកទេវតា សន្និបាតក្នុង ១ ម៉ឺនចក្រវាឡ ធ្វើនូវការុញ្ញភាពធំជាងក្នុងថ្ងៃបរិនិព្វាននៃព្រះទសពលថា “ព្រះទសពលបរិព្វានក្នុងថ្ងៃនេះ សាសនានឹងឱនថយក្នុងថ្ងៃនេះ, នេះជាបច្ចិមទស្សន៍ នៃពួកយើង” ។ លើកលែងតែអានាគាមី ខីណាសវៈ, ពួកទេវតាដ៏សេសនឹងមិនអាចទ្រទ្រង់ដោយសកភាពបាន ។ លំដាប់នោះ តេជោធាតុតាំងឡើងអំពីធាតុសរីរៈ ញ៉ាំងសរីរៈនោះឲ្យដល់នូវអបណ្ណត្តិកភាព ។ អណ្ដាតភ្លើងឡើងទៅដល់ព្រហ្មលោក ។ បើព្រះធាតុនៅសល់ប៉ុនគ្រាប់ស្ពៃ អណ្ដាតភ្លើងនៅ ។ កាលបើព្រះធាតុទាំងឡាយដល់នូវបរិយាទាន, អណ្ដាតភ្លើងនឹងដាច់សូន្យ ។ ព្រះធាតុទាំងឡាយសំដែងអានុភាពធំយ៉ាងនេះ ទើបបរិនិព្វាន ។
កាលនោះ ពួកទេវតា ដែលប្រជុំគ្នាធ្វើសក្ការៈបូជាដោយគ្រឿងក្រអូប ប្រេងផ្កាទិព្វនឹងតូរ្យតន្ត្រីទិព្វជាដើម ដូចក្នុងថ្ងៃព្រះពុទ្ធទាំងឡាយគង់នៅធ្វើប្រទក្សិណថ្វាយបង្គំ ៣ ដងហើយពោលថា “បពិត្រព្រះមានជោគ យើងទាំងឡាយនឹងបានឃើញព្រះពុទ្ធទាំងឡាយត្រាស់ឯអនាគត” ។
បរិយត្តិអន្តរធាន ជាប្រធាននៃអន្តរធានទាំង ៥ នេះ ព្រោះបរិយត្តិជាប្រមាណនៃសាសនដ្ឋិតិ (ការទ្រទ្រង់ពុទ្ធសាសនា) ។
(ដកស្រង់ចេញពី ធម្មប្បជោត រៀបរៀងដោយព្រះមហា អ៊ុក អ៊ឺន ក្នុងទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៥៨ ចុះផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)



សម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះ
សង្ឃរាជថ្នាក់ទី១នៃគណៈមហា
និកាយ ព.ស២៤៤៧-២៥១៣។



ខ្ញុំព្រះករុណា បានត្រិះរិះពិចារណាទៅ យល់ឃើញថា ការអន្តរាយនៃពុទ្ធសាសនា មាន ៥ យ៉ាងដែរ តែតាមទ្រឹស្តី PEEHS05 ឬ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ តែបើបំព្រួញមកទៀត មានតែមួយទេ គឺវិស្ស័យសិក្សាអបរំ ឬ វប្បធម៌ ! តើព្រះអង្គយល់ស្របទេ ?
ចម្រើនពរ អាត្មាក៏យល់ដូច្នោះដែរ ព្រោះថា ការសិក្សាអប់រំនេះហើយ ជាកត្តាចម្បងនៃចំណេះដឹង នាំឲ្យមនុស្សអាចយល់ផ្លូវត្រូវបាន។ មតិសរុបរបស់ញោមគឺដូចឃ្លាដែលលោកបានពោលទុកនៅខាងចុងអត្ថបទ ថា បរិយត្តិអន្តរធាន ជាប្រធាននៃអន្តរធានទាំង ៥ នេះ ព្រោះបរិយត្តិជាប្រមាណនៃការទ្រទ្រង់ព្រះពុទ្ធសាសនា។
គេមើលឃើញថា ពុទ្ធសាសនាដូចដើរថយក្រោយ បើតាមពិតទៅ ដូចជាមិនចឹងទេ ដោយសារតែសម័យឥឡូវវាជឿនលឿន រហ័សពេក ហើយពុទ្ធសាសនាដើរយឿតបន្តិចទៅ វាហាក់ដូចជាថយក្រោយ តាមពិតមិនមែនទេ !
បើតាមខ្ញុំព្រះករុណាយល់ យើងតម្លើងការសិក្សាអោយបានខ្លាំងជាងនេះទៅ វាអាចឆ្លើយតបទៅនឹង សង្គមជឿនលឿននេះហើយ គឺរៀបចំកម្មវិធីសិក្សាបែបថ្មី សង្កត់ធ្ងន់លើអក្សរសាស្រ្ត និង ភាសារ ថ្នាក់មធ្យម និង ឧត្តម គឺឈានទៅចាប់យកវិជ្ជា ខាងការបង្ហាត់បង្រៀនអោយបានច្រើន ជាវិជ្ជាដែលមិនប៉ះពាល់ ដល់ភេទជាព្រះសង្ឃ រដ្ឋាភិបាលគួរអនុញ្ញាតអោយព្រះសង្ឃ ហ្វឹកហ្វឺនខាងវិជ្ជានេះ អោយបានច្រើនគ្រប់វត្ត ឬ ភូមិ ឃុំ ស្រុកទួទាំងប្រទេស ខ្ញុំព្រះករុណាយល់ឃើញថា ព្រះសង្ឃពុំមែនបួសគ្រាន់តែបំរើពីធីបុណ្យទានទេ បើគ្រាន់តែសម្រាប់ធ្វើពិធី បុណ្យទានហ្នឹងច្បាស់ជា មិនអាចប្រកួតប្រជែងនឹងសម័យទំនើបនេះបានឡើយ ! មិនថាអញ្ចឹងព្រះអង្គ ?
ចម្រើនពរ តាមពិតអ្វីដែលញោមលើកឡើងមកនេះ គឺខាងផ្នែកពុទ្ធសាសនាបាននិងកំពុងមានក្នុងពេលបច្ចុប្បនេះ។ ញោមប្រហែលជាបានដឹងរួចហើយថា ប្រព័ន្ធការសិក្សាបរិយត្តិធម៌ ផ្នែកពុទ្ធសាសនា មានពីរយ៉ាង គឹផ្នែកធម្មវិន័យ១ និងផ្នែកពុទ្ធិកសិក្សា១។ ផ្នែកធម្មវិន័យ ត្រូវរៀនបីឆ្នាំ បីថ្នាក់ គឺ ឆ្នាំទី១ ថ្នាក់ត្រី, ឆ្នាំទី២ ថ្នាក់ទោ និងឆ្នាំទី៣ ថ្នាក់ឯក ប្រព័ន្ធនេះបង្រៀនតែផ្នែកធម៌អាថ៌ព្រះពុទ្ធសាសនាសុទ្ធសាធ។ ឯប្រពន្ធ័សិក្សាមួយទៀតហៅថា ពុទ្ធិកសិក្សា ឬសាលាបាលី ។ ប្រព័ន្ធនេះ មិនមែនបង្រៀនតែធម៌អាថ៌ តែម៉្យាងទេ គឺមានបញ្ចូលមុខវិជ្ជាផ្នែកខាងក្រសួងសិក្សាធិកា ខាងផ្លូវលោកមកស្ទើរតែទាំងអស់។ មុខវិជ្ជាដែលខាងក្រសួងអប់រំមានបង្រៀន ខាងពុទ្ធិកសិក្សាក៏មានដែរ ដូចជា គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ហើយនិងមុខវិជ្ជាដទៃជាច្រើនទៀត។ ដូច្នេះ ប្រពន័្ធសិក្សាទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅកម្ពុជាសព្វថ្ងៃនេះ មិនខុសគ្នាប៉ុន្មានទេ ជាពិសេសខាងពុទ្ធិកសិក្សាមានមុខវិជ្ជា លើសខាងអាណាចក្រជាច្រើនមុខវិជ្ជា ព្រោះមានមុខវិជ្ជាផ្នែកព្រះពុទ្ធសាសនាបន្ថែមជាច្រើនទៀត។ សព្វថ្ងៃនេះ ខាងក្រសួងទទួលស្គាល់សញ្ញាបត្រទាំងសង្ខាងឲ្យមានប្រសិទ្ធិភាពស្មើគ្នា។ ខាងផ្នែកពុទ្ធិកសិក្សាក៏មិនមែនបើកសម្រាប់តែព្រះសង្ឃ សមណសិស្សដែរ គ្រហស្ថក៏អាចចូលរៀនបាន ឲ្យតែមានចំណង់ចង់ចូលរៀនខាងផ្នែកនេះ សព្វថ្ងៃនេះ មានសិស្សជាគ្រហស្តប្រុសស្រីចូលរៀនខាងវិស័យពុទ្ធចក្រនេះក៏ច្រើនដែរ។ ចំណែកពុទ្ធិកមធ្យមសិក្សា ក៏បានរីកសាយភាយមកតាមឃុំស្រុក ខេត្តមួយចំនួនធំហើយ រីឯពុទ្ធិកមហាវិទ្យាល័យ ក៏បានបំបែក ជាសាខាមកតាមខេត្តមួយចំនួនដែរ។ ដោយសារតែពុទ្ធិកសិក្សាទើបតែចាប់កំណើតជាថ្មីក្នុងរយៈពេលខ្លីពេក គឺចាប់ផ្តើមជាផ្លូវការក្នុងឆ្នាំ១៩៩៣ ទើបមើលទៅហាក់ដូចជាដើរក្រោយផ្នែកអាណាចក្របន្តិច ប៉ុន្តែមិនលើសហួសគ្នាប៉ុន្មានដែរ បើប្រៀបធៀបពីសមត្ថភាពចំណេះទូទៅរបស់សិស្សទាំងពីរផ្នែក គឺអាណាចក្រ និងពុទ្ធចក្រ។ អ្នកដែលមើលឃើញថា ពុទ្ធសាសនាដើរថយក្រោយនោះ ដោយសារគេមើលទៅក្នុងជ្រុងដទៃទៀត។
បើស្តាប់តាមការការបរិយាយ របស់ព្រះអង្គ ឃើញថាល្អហើយ តែមុខវិជ្ជានិមួយៗ ដែលត្រូវសិក្សា ជាបញ្ហាចម្បង ឬ សំខាន់បំផុត ហើយសំខាន់បំផុតមួយទៀត គឺការប្រតិបត្តិ ឬ ការអនុវត្តន៍ គឺរដ្ឋាភិបាល ត្រូវបើកអោយទូលំទូលាយ ដើម្បីព្រះសង្ឃទាំងឡាយ ដែលមានតម្រិះវិជ្ជាទាំងនោះ អាចចេញទៅបង្ហាត់បង្រៀន តាមសាលារៀនរដ្ឋ ក្នុងភូមិ ឃុំ ឬ ស្រុកនានា ទួទាំងប្រទេសកម្ពុជា ត្រូវកំណត់អោយមានប្រាក់ខែ ឬ បៀរវត្តអោយបានត្រឹមត្រូវ ដូចគ្រូៗជាគ្រហស្ថដែរ ។ គឺមិនមែនធ្វើ ដោយតាមការស្ម័គ្រចិត្ត ដែលមិនស្ថិតស្ថេរចិរកាលនោះទេ ។ ហើយការសិក្សាធម្មវិន័យ និង បាលី ត្រូវកាត់បន្ថយ ទៅតាមកាលៈទេសៈ ពីព្រោះសម័យឥឡូវ មិនតម្រូវអោយសិក្សាច្រើនពេកចឹងទេ ខាតពេលវេលា បើតាមពិតទៅ របស់ដែលគេគ្រប់គ្នា មិនសូវប្រើ ឬ របស់ហួសម័យ គឺមិនសូវបានការទេ ឬ ឥតប្រយោជន៍ទៅវិញទេ ។ ខ្ញុំព្រះករុណា ចង់សង្កត់ធ្ងន់ទៅលើ បច្ចេកទេសក្នុងការរៀបចំកម្មវិធីសិក្សា អោយមានប្រសិទ្ធិភាព អោយមានប្រយោជន៍ នៅសម័យទំនើបនេះ ដែលខ្ញុមព្រះករុណាតែងនិយាយ ទៅលើវិស្ស័យ នយោបាយ សេដ្ឋកចិ្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ គឺទាំងប្រាំនេះ អោយមានតុល្យភាពជានិច្ច ។ល។៚…
បើសិនជាអាចរៀបចំប្រព័ន្ធបានដូចដែលញោមមានប្រសាសន៍នោះពិតជាល្អណាស់ វិស័យខាងផ្នែកអប់រំ និងបដិបត្តិ ទាំងពុទ្ធចក្រនិងអាណាចក្រនឹងបានរីកចម្រើន ជាពិសេសខាងផ្នែកសីលធម៌ និងចរិយាធម៌។ ចំពោះខាងផ្នែកធម្មវិន័យ និងបាលីវិញ តាមយោបល់អាត្មា មិនបាច់កាត់បន្ថយទេ គួរតែពង្រឹងឲ្យបានរឹងមាំវិញទើបល្អ ព្រោះសព្វថ្ងៃនេះ ស្ទើរតែលែងមានអ្នកចង់រៀនទៅហើយ ផ្នែកធម្មវិន័យ និងផ្នែកបាលី កាន់តែពង្រឹងឲ្យមានគុណភាព កាន់តែប្រសើរ។
សូមអរព្រះគុណ ព្រះអង្គ បើតាមខ្ញុំព្រះករុណាត្រិះរិះពិចារណាទៅ មិនមានអីពិបាកនឹងរៀបចំទេ ពីព្រោះថា ខាងពុទ្ធចក្រក៏ត្រូវការប្រព័ន្ធរបៀបហ្នឹង ហើយខាងអាណាចក្រក៏ត្រូវប្រព័ន្ធហ្នឹងដូចគ្នា គឺខានមិនបាន ដូចតែគ្នា ។ ហើយខាងធម្មវិន័យ និងបាលី ខ្ញុំព្រះករុណាពិចារណាទៅឃើញថា ប្រើពេលច្រើនពេក យូរពេកចំណាយពេលសិក្សា វិជ្ជាទាំងពីរនេះ សិក្សាចប់ហើយពុំសូវមានគេយកមក ប្រើប្រាសទេ ជាពិសេសសម័យមហាលោតផ្លោះដូចសព្វថ្ងៃនេះ យើងមិនចង់បំបាត់ទេ តែគ្រាន់តែ កាត់បន្ថោយ អោយនៅត្រឹម ២-៣ ឆ្នាំបានហើយ បើរាប់ជាឆ្នាំ សំរាប់រៀនធម្មវិន័យតែមួយ ត្រូវប្រើពេល ៣ ឆ្នាំ ហើយរៀនបាលីប្រហែល ៧ ឆ្នាំ ចឹងបូកបញ្ចូលគ្នាទៅ ត្រូវចំណាយពេលអស់ ១០ ឆ្នាំបាត់ទៅហើយ ហើយរៀនចប់ហើយក៏មិនប្រាកដថារកការបានធ្វើដែរ ជាពិសេសសម័យឥឡូវនេះ ។ និយាយនេះចង់ អោយផ្តោតនូវមុខវិជ្ជាសំខាន់ៗ ដែលមនុស្សលោកសព្វថ្ងៃត្រូវការ បើមិនចឹងទេ តាមគេមិនទាន់ទេ បើមិនទាន់ហើយច្បាស់ជាវឹកវរហើយ គេអត់គោរពយើងជាព្រះសង្ឃទេ គេថាយើងអត់បានការ ដូចសម័យខ្មែរក្រហមចឹង គេបំបាត់សាសនាទាំងស្រុង ក៏ដោយសារមូលហេតុហ្នឹងដែរ សព្វថ្ងៃគេនៅ គោរពដើម្បីសម្រាប់ធ្វើ ពិធីបុណ្យទាន តាមទំនៀមទំលាប់ បានរៀនសូត្រខ្លះៗ និងរកបច្ច័យបានខ្លះៗ តែអោយគេគោរព ដោយសុទ្ធចិត្តនោះ ប្រហែលមិនមានទេដឹង ! សាកអត់មានលុយអោយគេមើល គឺច្បាស់ជាគ្មានពីណា មកក្បែរធ្វើកូនសិស្សទេ ! មិនថាអញ្ចឹង ?
ខ្ញុំំព្រះករុណាចង់អោយព្រះសង្ឃមានតម្រិះដឹងខ្ពស់ ខ្ពស់រហូតគេហៅបណ្ឌិត នៅពេលសិក ឬ លាចាក សិក្ខាបទមកជាគ្រហស្ថវិញ កុំអោយគេហៅ អន្ទិត ៗ តែអោយគេហៅអោយចំថា បណ្ឌិត ៗ ទើបប្រសើរ នៅពេលហ្នឹងហើយ គេចាប់ផ្តើមគោរពជឿព្រះសង្ឃ ឬ ពុទ្ធសាសនា យ៉ាងប្រាកដជាមិនខានឡើយ ។ ចង់អោយព្រះសង្ឃបានក្លាយជាទីប្រឹក្សាប្រធានាធិបតី ទីប្រឹក្សានាយករដ្ឋមន្ត្រី ឬ ក្លាយជាអ្នកដឹកនាំ ផងក៏ថាបាន ។ ខ្ញុំព្រះករុណា យល់ថា ព្រះពុទ្ធបានត្រាស់ដឹង គឺដោយសារការសិក្សាអបរំ នេះឯងហើយ អញ្ចឹងបានន័យថា មានតែពុទ្ធសាសនាទេ ដែលយកការសិក្សាជាធំ តែមិនមែនយកព្រះអាទិទេពជាធំ ដូចសាសនាដទៃ ៗ ទៀតទេ ! មិនថាអញ្ចឹង ?
ចម្រើនពរ ចំណេះដឹងខ្ពង់ខ្ពស់ពិតប្រាកដ មកពីការតាំងចិត្តសិក្សាពិតប្រាកដរបស់សិស្សនិស្សិតគ្រប់រូប បន្ថែមទៅលើវិធីសាស្ត្រដែលញោមបានរកឃើញផងដែរនោះ នឹងធ្វើឲ្យមានវឌ្ឍនភាពកាន់តែរហ័សឡើង។ អ្វីដែលញោមមានប្រសាសន៍នោះ អាត្មាយល់ពីបំណងល្អរបស់ញោម ហើយក៏មិនបានបដិសេធដែរ ប៉ុន្តែចំណែកខាងសាលាបាលីនោះ ធ្លាប់បានកាត់បន្ថយឆ្នាំការសិក្សាដែរហើយ ទោះជាកាត់បន្ថយមិនបានច្រើនឆ្នាំក៏ដោយ ក៏នៅតិចឆ្នាំជាងមុន តែបើកាត់ឲ្យតិចពេកទៅក៏មិនល្អដែរ ព្រោះវាធ្វើឲ្យការសិក្សានោះមិនបានគ្រប់ជ្រុងជ្រោយ យកទៅប្រើការមិនកើតដដែល។ មុខវិជ្ជាក្នុងសាលាបាលីសព្វថ្ងៃនេះ គឺសុទ្ធតែជាមុខវិជ្ជាដែលអាចដើរតាមសម័យលោតផ្លោះសព្វថ្ងៃនេះបានដែរ ឲ្យតែអ្នកសិក្សាយកចិត្តទុកដាក់ សិក្សាឲ្យបានចេះដឹងពិតប្រាកដ មិនជាអន់ខ្សោយឡើយ ។ បាលីក្តី ធម្មវិន័យក្តី បើចេះដឹងឲ្យពិតប្រាកដ ក៏មិនធ្វើឲ្យមនុស្សទំនេរបានដែរ បន្ថែមពីនេះទៅទៀត នឹងរឹតតែធ្វើឲ្យមានសកម្មទ្វេឡើងថែមទៀត។ បើតាមអ្វីដែលអាចមើលទៅឃើញក្នុងវិស័យសិក្សាផ្នែកព្រះពុទ្ធសាសនាសព្វថ្ងៃនេះ អាត្មាជឿជាក់ថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខ នឹងមានបណ្ឌិត ច្រើនជាងអន្ទិតមិនខាន។ ញោមយល់ដូចអាត្មាទេ?
នេះគ្រាន់តែជាការបញ្ចេញមតិយោបល់ រីឯភាពជាក់ស្តែងមិនទាន់ឃើញ ដូច្នេះមិនទាន់អាចយកជាការ បាននៅឡើយទេ ។ ខ្ញុំព្រះករុណា ក៏មិនទាន់បានឃើញកម្មវិធីសិក្សានៅឡើយទេ ដូច្នេះមិនចង់សន្និដ្ឋាន បានត្រឹមត្រូវដែរទេ ។ ហើយគុណភាពសិក្សា ក៏មិនទាន់អាចសន្និដ្ឋានបានដែរ តែបើចំណេះដឹងថ្នាក់ បណ្ឌិតរបស់យើង មិនអាចប្រកួតប្រជែង នឹង ថ្នាក់បណ្ឌិតបរទេសបានទេ បានន័យថា ថ្នាក់បណ្ឌិតស្រុក ខ្មែរយើង នៅមានកម្រិតទាប អញ្ចឹងយើងគួរត្រួតពិនិត្យមើល កម្មវិធីសិក្សា ឬ មុខវិជ្ជា និង រយៈពេល នៃការសិក្សា ហើយនិងគុណភាពរបស់គ្រូបង្រៀន, មិនថាអញ្ចឹង ?
ខ្ញុំព្រះករុណា ចូលចិត្តវិភាគ ជជែក វែកញែកគ្នា រករូបមន្ត រកមធ្យោបាយ ដើម្បីធ្វើកិច្ចការអ្វីមួយ មិនចង់ធ្វើ ដោយប្រថុយប្រថានទេ គឺចង់ដឹងថា ហេតុអ្វីដែលគេធ្វើមិនបាន ជាពិសេសចំពោះមនុស្សចាស់ ៗ គាត់តែងនិយាយថា បើពួកគាត់ធ្វើមិនបានហើយ គឺគ្មានពីណាអាចធ្វើបានទេ មិនបាច់សាកទេ ពួកគាត់សុទ្ធតែក្បាលទំពែក ធ្វើមិនបាន ចុះទំរាំក្មួយៗ ក្មេងៗចឹង ធ្វើម្តេចបាន ! មិនបាច់ប្រឹងទេ ! ខ្ញុំព្រះករុណាធ្លាប់ឆ្លងកាត់ពាក្យទាំងនេះរួចមកហើយ ដល់ទៅធ្វើបែរជាស្រួល គ្មានអ្វីពិបាកឡើយ ចឹងបានន័យថា វាអាស្រ័យទៅលើ បច្ចេកទេស ឬ នយោបាយ នៃការធ្វើទេ ។
ហើយខ្ញុំព្រះករុណា ក៏មិនចង់មើលស្រាល ឬ មើលងាយអ្នកណាទេ ទាំងពុទ្ធសាសនាខ្មែរ និង រដ្ឋាភិបាលខ្មែរសព្វថ្ងៃ តែខ្ញុំព្រះករុណា មើលឃើញចំណុចមួយ ដែលជាការព្រួយបារម្ភ គឺការហួងហែង ក្តោបក្តាប់អំណាច តែម្នាក់ឯង ឬ បក្សពួកឯង តែមួយគត់ ដោយមិនអនុញ្ញាតអោយពីណាខាងក្រៅ មកចូលរួម ឬ ប្រកួតប្រជែងសោះ ខ្ញុំព្រះករុណា មិនដឹងអំពីមូលហេតុអ្វីពិតប្រាកដទេ តែគ្រាន់តែដឹងថា មកពីការសិក្សាអបរំនៅមានកម្រិត ទើបអាចមានរឿងនេះកើតឡើង ! មិនថាអញ្ចឹង ?
មតិខ្លះជាកត្តានាំឆ្ពោះ ទៅរកការពិតបាន ព្រោះអាស្រ័យទៅលើការ មើលឃើញតថភាពសង្គម ធ្វើឲ្យយើងអាចព្យាករណ៍ ពីបញ្ហាអនាគតបានខ្លះៗដែរ ដូច្នេះ ការសន្និដ្ឋានដែលផ្អែកទៅលើ សកម្មភាពដែលឃើញប្រត្យក្ស ក្នុងសង្គមនោះ ជាទស្សនាទាន ដែលអាចទទួលយកបានខ្លះដែរ។ ចំពោះបញ្ហាទាំងឡាយផ្សេងៗ ទាំងឧបសគ្គនៃការ អភិវឌ្ឍន៍ធនធានមនុស្ស មានតាមទំនង គន្លងដូចដែលញោមបានពណ៌នាមកមែន គឺឧបសគ្គដែលកើតពីគំនិត កំណត់សមត្ថភាពខ្លួនឯង ថាធ្វើនេះមិនកើត ធ្វើនោះមិនកើត ទាំងមិនទាន់បានធ្វើផង នេះជាកត្តាមួយដែលធ្វើ មិនឲ្យបោះជំហាន ទៅមុខបាន រីឯគុណភាពខាងការសិក្សាអប់រំ យើងពិតជានៅដាច់ឆ្ងាយពីគេមែន តែទោះជាយ៉ាងណា ដូចញោមបានឃើញជាក់ហើយ កូនខ្មែរមួយចំនួន ក៏ខិតខំប្រឹងប្រែងខ្លាំងណាស់ដែរ ដើម្បីរត់ឲ្យបានទាន់គេ ឬយ៉ាងហោចណាស់ក៏ហៅគេបានឭ មិនឲ្យដាច់ឆ្ងាយពេក នេះក៏ចាត់ទុកជាមោទនភាពមួយដែរ សម្រាប់កូនខ្មែរ នាសម័យបច្ចុប្បន្ន ។ គ្រោះនៃសង្គ្រាម បណ្តាលឲ្យយើងទៅជាដូច្នេះ។ បើយើងទាំងអស់គ្នា ចេះតែនាំគ្នាខំប្រឹងប្រែង សាមគ្គី ចែករំលែកនូវគំនិតប្រាជ្ញា ជួយផ្តល់ដំណោះស្រាយ ដល់គ្នានិងគ្នា មានឧត្តមគតិជាតិ ពិតប្រាកដ ថ្ងៃណាមួយ គុណភាពរបស់យើង និងមានស្មើនឹងប្រទេសដទៃមិនខាន។ បណ្ឌិតស្រុកគេ គេបានពីការសិក្សាពិតប្រាកដ ទើបគេមានគុណភាពច្បាស់លាស់ បើបណ្ឌិតស្រុកយើង បានពីការសិក្សាពិតប្រាកដ ដូចគេដែរនោះ គុណភាពមិនខុសគ្នាឡើយ។ ញោមគិតអញ្ចឹងទេ? ហើយមានរឿងជាច្រើនទៀត ដែលត្រូវនិយាយ ទាក់ទងនឹងបញ្ហានេះ។ រឿងបញ្ហាក្តោបក្តាប់អំណាច តែម្នាក់ឯង បក្សពួកឯង ដូចដែលញោមមានប្រសាសន៍នោះ ជាកត្តាចម្បងមួយ ដែលជាឧបសគ្គដល់ការរីកចម្រើនពិត នរណាក៏អាចឃើញបាន ប៉ុន្តែមិនប្រាកដថា នរណាក៏អាចនិយាយបានទេ សូម្បីការសំដែងធម៌ ការផ្សព្វផ្សាយ អប់រំតាមផ្លូវព្រះធម៌ ក៏ត្រូវធ្វើតាមគំនូស ដែលគេគូសឲ្យដែរ បើមិនដូច្នោះទេ…។ល។
ការចូលចិត្តវិភាគ រកផ្លូវចម្រើនដូចដែលញោមតែងតែ ធ្វើមកនោះ ជារឿងប្រសើរ ការចែករំលែក នូវគំនិតស្មារតីដើម្បី សេចក្តីចម្រើន គួរតែចែករំលែក ទោះជាពេលនេះ គ្មាននរណាចង់យកគំនិតរបស់ ញោមទៅពិសោធក៏ដោយ ក៏គង់ថ្ងៃណាមួយខាងមុខ អនុជនជំនាន់ក្រោយនឹងបាន យកទៅពិចារណា ដកពិសោធ ធ្វើជាប្រយោជន៍សម្រាប់សង្គម បានជាមិនខានទេ។
សូមអរព្រះគុណព្រះអង្គ ដែលបានឆ្លើយតប តែខ្ញុំព្រះកតរុណាមានការយឺតយ៉ាវ ក្នុងការឆ្លើយតប ។
រឿងការសិក្សាអបរំនៅកម្ពុជា បើតាមខ្ញុំព្រះករុណាយល់ មកពីមិនមានចេតនា អោយមានការសិក្សា អបរំខ្ពស់តែម្តង ដូចជាមិនមានអីពិបាក នឹងកំណត់ការសិក្សាអបរំ អោយខ្ពស់នោះទេ ចង់និយាយថា ដូចយើងចុចកុងតាក់ភ្លើងក៏ថាបាន តែមិនព្រមតខ្សែរភ្លើងភ្ជាប់ជាមួយកុងតាក់ ដើម្បីសម្រាប់ចុច ដោយអនុញ្ញាត ត ខ្សែរភ្លើងផ្លូវកាត់តាពីសតាពាស ប្រើពេលយូរ ខាតពេលវេលា គ្រោះថ្នាក់ទៀតផង មិនថាអញ្ចឹង !
ហើយរឿងទ្រឹស្តីតាមរបៀបខ្ញុំព្រះករុណាគិត ឬ រៀប មានគេចាប់អារម្មណ៍ មិនតិចទេ បើសិនជាគេបានអាន ឬ ឃើញទម្រង់នៃការរៀប ឬ រចនាសម្ព័ន្ធ តែមកពីមនុស្សយើងនៅ ប្រកាន់អត្តចារិក មិនព្រមទទួល ដោយមិនមែនជារបស់ខ្លួនបង្កើត តែចង់បង្កើតខ្លួនង ឬ មិនព្រមផ្តល់កិត្តិយស និង គុណសម្បត្តិ ដែលអ្នកគេខំប្រឹងប្រែងរៀបចំតាក់តែង ក៏ថាបាន ម្យ៉ាងដោយកាសិក្សាអបរំផងដែរ ដែលមិនយល់ថាជារបស់សំខាន់ សម្រាប់ដឹកនាំប្រទេសជាតិ ថាត្រូវតែមានរបស់ទាំងអស់ហ្នឹង តាមពិតទៅខ្ញុំព្រះករុណា ធ្លាប់បានដេញដោលគ្នា នៅសាលានយោបាយ ពួកអាមេរិកាំងរួចហើយ ស៊ីដាច់ អត់មានអីឆ្លើយតាមរចនាសម្ព័ន្ធ នយោបាយនេះទេ នៅគ្រប់សំនួរ បន្ទាប់មកអត់ព្រមនៅក្បែរខ្ញុំព្រះករុណា ដើម្បីខ្ញុំព្រះករុណា សួរចម្លើយទៀតទេ គេចរហូត ដល់តែចប់រគ្គសិក្សា គ្រូបង្រៀន ជាជនជាតិអាមេរិកាំងស្បែកស ថ្នាក់ ភីអេឆដឺគ្រី ថ្នាក់បណ្តិត យ៉ាងស្ទាត់ជំនាញ ខាងនយោបាយ មិនតែប៉ុណ្ណឹងទេ ក្រសួងសន្តិសុខមាតុភូមិ អាមេរិកាំង ក៏រៀបចំចងក្រង ជារចនាសម្ព័ន្ធដូចខ្ញុំព្រះករុណារៀបដែរ នេះបនទាប់ពីរខ្ញុំព្រះករុណា បានផ្ញើររូបមន្តទៅរដ្ឋាភិបាលអាមេរិក កាល២-៣ ថ្ងៃបន្តាប់ពីពួកភេរវករបើកយន្តហោះ បំបុកអគារពាណិជ្ជកម្មពិភពលោកមក និយាយនេះដូចអួតចឹង តាមពិតមិនអួតទេ ។ ហើយបន្ទាប់មកទៀត បានរៀនខាងប្រវត្តិសាស្ត្រពីភពលោក បានជួបគ្រូថ្នាក់បណ្ទិតខាង ប្រវត្តិសាស្ត្រផងដែរ ប្រាប់គាត់ បង្ហាញគាត់ នូវរូបមន្តទៅ គាត់ថាល្អណាស់ ហើយប្រវត្តិសាស្ត្រ អាមេរិកាំងគ្មានក្បួនរៀបដូច្នោះទេ គាត់អោយបល់ថា ខំប្រឹងធ្វើទៅ មិនខុសទេ ។ល។៚…
ចម្រើនពរញោម! សូមអរគុណដែលបានចែករំលែកនូវគំនិតល្អៗ! មិនអីទេរឿងយឺតយ៉ាវនោះ បើនិយាយពីយឺតយ៉ាវក្នុងការឆ្លើយតបវិញ ដូចញោមដឹងស្រាប់ហើយ អាត្មាក៏មិនបានរហ័សរហួនដែរ តែងតែយឺតជានិច្ច គឺធ្វើទៅតាមពេលវេលាដែលអំណោយផល។
ញោមមានគំំនិតល្អៗអញ្ចឹង គួរតែសរសេរចេញមកឲ្យអស់ជាការប្រសើរ ឬក៏តែងជាសៀវភៅមួយក្បាលទុកសម្រាប់កូនខ្មែរបានសិក្សារៀនសូត្រ ពិតជាមានប្រយោជន៍ច្រើនណាស់ មិនខ្វះទេអ្នកអាន ហើយចំណែកអ្នកយកទៅអនុវត្តក៏គង់មានមិនខាន បើមិនសម័យកាលនេះ ក៏សម័យកាលខាងមុខ ព្រោះក្បួនច្បាប់តែងតែស្ថិតនៅបានយូរជាងមនុស្ស។
អរគុណព្រះអង្គ រឿងគំនិតរបស់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាគិតឃើញថា វាមានតម្លៃណាស់ តែវាអាស្រ័យទៅលើ ខ្ញុំព្រះករុណា ចងក្រងរៀបចំ បើខ្ញុំព្រះករុណារៀបត្រូវ គិតត្រូវ ធ្វើត្រូវ នឹងអាចរកលុយរាប់លាននឹងគេដែរ ប្រហែលជាគ្មានពីណា គិតដល់ថ្នាក់ហ្នឹងទេ តែខ្ញុំព្រះករុណា គិតដល់ហ្នឹង ឬក៏ ហួសហ្នឹងទៅទៀត ហើយរឿងការ សរសេរជាសៀវភៅ ចង់ធ្វើដែរ តែមិនចង់ធ្វើដើម្បីចែកជាអំណោយនោះទេ ខ្ញុំព្រះករុណាគិតឃើញថា ដូចជាឥតប្រយោជន៍ ដូចមានដុំមាស ដុំពេជ្រ មិនចេះខ្ចប់ដូច្នោះដែរ ។ ការនិយាយសព្វថ្ងៃ គ្រាន់តែជាការពិសោធ ទៅលើគំនិតរបស់ខ្ញុំ ព្រះករុណាតែប៉ុណ្ណោះ ហើយចង់រកដៃគូផងដែរ ដើម្បីសម្រេចកិច្ចការនេះ បើសិនជាមាន តែក៏ពិបាករកណាស់ មិនងាយមានគំនិតដូចគ្នា ចឹងសុខចិត្តបន្តរធ្វើតែម្នាក់ឯង មួយរយៈទៀតសិនចុះ តែយ៉ាងណាក៏ដោយ ចេះតែចង់យក គំនិតនេះ មកជួយអភិវឌ្ឍប្រទេសជាតិខ្មែរ តែដូចជាពុំទាន់ឃើញមានច្រកចូលសោះ មើលទៅដូចជាមានទំនប់ រាំងខ្ទប់សម្បើមណាស់ តែដូចជាមិនអស់សង្ឃឹម គង់មានថ្ងៃណាមួយ ពេលវេលាណាមួយ នឹងអាចបើកច្រកអោយចូលបាន តើព្រះអង្គយល់យ៉ាងណាដែរ ? តើព្រះអង្គអាចជួយផ្តល់ជាយោបល់បានទេ ក្រៅពីយោបល់របស់ព្រះអង្គខាងលើ ? តើព្រះអង្គគិត ឬ ឆ្វេងយល់ដូចខ្ញុំព្រះករុណាទេ ? និយាយទៅចេះតែវែងទៅ សូមសង្ខែបត្រមហ្នឹងសិនចុះ !
ចម្រើនពរញោម! ព្រះសម្មាសម្ពុទ្ធក៏ទ្រង់បាន សំដែងហើយដែរអំពី អង្គនៃការជោគជ័យនោះ គឺ ឆន្ទៈ វិរិយៈ ចិត្តៈ និង វិមំសា។ តាមយោបល់អាត្មា អ្វីដែលញោមចង់ធ្វើ មិនត្រូវចាំបាច់រង់ចាំ ពេលវេលាណាទេ គួរតែប្រញាប់ចាប់ផ្តើមធ្វើ ទើបជាការល្អ ។ អាត្មាចង់និយាយថា បើអាចធ្វើទៅបាន ចេះតែធ្វើបណ្តើរទៅ បើរកដៃគូមិនទាន់បាន ក៏ធ្វើម្នាក់ឯងសិន ទម្រាំរកដៃគូឃើញ បើរវល់តែរង់ចាំ អាចនឹងហួសពេលក៏ថាបាន។ ម៉្យាងចំពោះច្រកចូលនោះ គង់តែមានទេ អោយតែកិច្ចការដែលត្រូវធ្វើនោះ បានត្រៀមរួចរាល់ហើយ យ៉ាងហោចណាស់ ក៏មានប្រឡោះអាចសរសៀរចូលបានខ្លះ។ ចំពោះការចងក្រងសៀវភៅក៏ដូចគ្នា រឿងសំខាន់គឺ ញោមចងក្រងឲ្យចេញជារូបរាងសិន ទាន់ពេលដែលមានបញ្ញាភ្លឺថ្លា អាចរកឃើញនូវគន្លឹះល្អៗ ក្នុងការអភិវឌ្ឍន៍ជាតិ ត្រង់ចង់ធ្វើជាអំណោយឬអត់នោះ បើញោមចងក្រងបានហើយ អាចមានផ្លូវសម្រេចចិត្ តជាច្រើនទៀត។ ការចែកជាអំណោយនោះ ក៏ជាមធ្យោបាយមួយ ក្នុងការបញ្ជ្រាបនូវសមិទ្ធិបញ្ញា របស់ញោមទៅដល់មហាជន ដើម្បីឲ្យគេបានយល់ពីវិធីសាស្ត្រ ល្អៗទុកជាចំណេះដឹង សម្រាប់ការអភិវឌ្ឍន៍ផងដែរ ឬបើមិនដូច្នោះទេ ញោមអាចចែកចាយទៅតាមបណ្ណាល័យនានា ដើម្បីជាប្រយោជន៍ដល់សាធារណជន ព្រោះបណ្ណាល័យ ជាកន្លែងសំខាន់មួយក្នុងការសិក្សា ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស។ ពេលដែលមនុស្សភាគច្រើនគេ បានសិក្សាបានយល់ហើយ គេនឹងជួយជាកម្លាំងជ្រោមជ្រែង ឲ្យញោមអាចរកផ្លូវចូលបានជាមិនខាន។ ថ្នាក់ក្រោម (ប្រជាជន) គឺជាគ្រឹះនៃសង្គម ការបណ្តុះបណ្តាលពីក្រោមទៅ ជាការសំខាន់បំផុត ថ្វីត្បិតតែត្រូវប្រើរយៈពេលយូរ។
សូមអរព្រះគុណ ព្រះអង្គ ដែលបានជួយផ្តល់ ជាយោបល់យ៉ាងក្បោះក្បាយ !
ពិតមែនហើយព្រះអង្គ ពេលមិនរងចាំកាលឡើយ ! ត្រឹមត្រូវហើយ រឿងការធ្វើជាបណ្តើរៗ តែកិច្ចការនេះធំធេងណាស់ ខ្ញុំព្រះករុណា មិនបានដឹងថា នៅលើពិភពលោកនេះ មានមនុស្ស ប៉ុន្មាននាក់ទេ ដែលកំពុងរៀបចំ ឬ កំពុងសរសេរនូវ ប្រព័ន្ធនយោបាយនេះ ប្រហែលជាគេ មិនសូវចាប់អារម្មណ៍ផងក៏មិនដឹង ពីព្រោះគេមានប្រពន្ធនយោបាយ មួយចំនួនរួចមកហើយ ហើយក៏កំពុងប្រើប្រាសសព្វថ្ងៃនេះដែរ ។
រឿងខ្ញុំព្រះករុណា មិនមែនគិតតែពីសរសេរនោះទេ តែចង់អានុវត្តន៍ព្រមពេលជាមួយគ្នា ពីព្រោះថាគោលនយោបាយ វាមានរួចទៅហើយ តែចង់ផ្តល់គុណសម្បត្តិ ឬ កិត្តយស ក្នុងការរួមចំណែកសរសេរ ដល់រដ្ឋាភិបាលខ្មែរ ឬ អ្នកចេះដឹងខ្មែរទួទៅផងដែរ មិនមែនចង់ធ្វើតែម្នាក់ឯង យកគុណសម្បត្តិតែម្នាក់ឯងទេ នេះបើតាមការយល់ឃើញ របស់ខ្ញុំព្រះករុណា តាំងពីយូរណាស់មកហើយ ។ តែខ្ញុំព្រះករុណាមានជម្រើសជាច្រើន បើសិនជាការគិតនេះមិនបានសម្រេច ពីព្រោះថា ប្រព័ន្ធនយោបាយ ដែលនឹងសរសេរនេះ មិនមែនសម្រាប់ប្រើតែ ប្រទេសខ្មែរនេះទេ គឺអាចប្រើបានជាទួទៅលើសាកលលោកផងដែរ ដូច្នេះ ខ្ញុំព្រះអាចសម្រេចចិត្តសរសេរ នៅអាមេរិកក៏បាន នៅកន្លែងណាក៏បានដែរ គ្មានព្រួយបរម្ភ ថាគេជំទាស់ទេ របស់ដែលប្រើបានទួទាំងប្រទេស ទួទាំងពិភពលោក មិនជារបស់ឥតប្រយោជន៍ឡើយ ចំណូលនឹងចូលស្មានមិនដល់ បើតាមការស្ទង់ ។
រឿងបញ្ញាភ្លឺថ្លាប្រាជ្ញាវាងវៃ គឺពិតមែនហើយ វាមានតាមកាលៈទេសៈ មិនប្រាកដថា នៅមានជារហូតនោះទេ ដូចព្រះសម្មាសម្ពុទ្ធបរមគ្រូបានមានព្រះបន្ទូលថា ជារបស់មិនទៀង មិនស្ថិតស្ថេរចិរកាលទេ ខ្ញុំព្រះករុណាបារម្ភដែរ ចឹងហើយក៏ចង់អោយបានចប់លឿនដែរ ។
គោលនយោបាយរបស់ញោម ពិតជាវិសេសវិសាលណាស់ បើតាមការដែលញោមនិយាយមកត្រួសៗនេះ ព្រោះជាគោលនយោបាយសម្រាប់ពិភពលោក។ ទោះបីគេមានសម្រាប់ប្រើប្រាស់រួចហើយក៏ដោយ បើគេមើលឃើញថាល្អប្រសើរជាងរបស់សព្វថ្ងៃនេះ គឺច្បាស់ជាធ្វើវិសោធនកម្ម ដាក់ប្រើប្រាស់ជាមិនខាន ព្រោះប្រទេសគេអ្នកជឿនលឿន មានប្រជាធិបតេយ្យពិតប្រាកដ គេមិនខ្លាចក្នុងការទទួលយករបស់ដែលថ្មី គោលការណ៍ដែលនាំទៅរកសេចក្តីរីកចម្រើនឡើយ។ តាមយោបល់អាត្មា ញោមពុំគួររងចាំពេលអនុវត្តទើបចាប់ផ្តើមសរសេរទេ នោះអាចនឹងជាឧបសគ្គមួយរាំងស្ទះ ឬផ្ទាញផ្ទង់ពេលវេលាផងដែរ យកល្អឲ្យមានសៀវភៅជាគោលការណ៍សិនដើម្បីជាផ្លូវក្នុងការអនុវត្ត។ សូម្បីក្នុងព្រះពុទ្ធសាសនាក៏មាន គោលការណ៍ ឬទ្រឹស្តីជាគោលដែរ ដូចញោមបានដឹងស្រាប់ហើយ ប្រភេទនៃព្រះពុទ្ធសាសនាបីយ៉ាងគឺ បរិយត្តិ ត្រូវដើរមុនបដិបត្តិ មានបរិយត្តិ ហើយទើបដិបត្តិបានត្រឹមត្រូវ ហើយផលគឺបដិវេធ ។ល។ នេះគ្រាន់តែទស្សនៈដើម្បីចូលរួមយោបល់ជាមួយញោមប៉ុណ្ណោះ មិនបានប្រាកដថាត្រឹមត្រូវទេ។
ពិតជាត្រឹមត្រូវហើយព្រះអង្គ រឿងបរយត្តិធម៌ បដិបត្តិធម៌ និង បដិវេធ ដូចធ្លាប់បានរៀនដែរ តែយូរណាស់ ហើយមិនចាំថាទេ ទើបព្រះលើកយក ទើបអរំលឹកខ្ញុំព្រះករុណាឡើងវិញ ដូចរាងភ្លឺភ្នែកជាងមុន ថាធម៌ព្រះពុទ្ធមានគ្រប់យ៉ាង តែមកពីយើងមិនបានយកមកប្រើប្រាស ។ អរព្រះគុណព្រះអង្គ !
មួយទៀតរឿងការសរសេរ ឬ ចងក្រងជាសៀវភៅ ខ្ញុំព្រះករុណាមានបំណង ចង់បង្កើតជាគណៈកម្មការ មួយក្រុម ដើម្បីសរសេរ និង រៀបចំស្រាវជ្រាវចងក្រង គឺប្រៀបដូចទៅនឹង ក្រុមជំនុំព្រះត្រៃបិដក ឬ ចងក្រងសៀវភៅវច្ចនានុក្រម កាលសម័យមុនដែរ ហើយរឿងមិនចុះសម្រុង ឬ ប្រទង់ប្រទែងគ្នា ស្រេចទៅខ្ញុំព្រះករុណាដែរទេ មើលទៅ បើសិនជាខ្ញុំព្រះករុណា មិនច្បាស់លាស់ ប្រហែលជាអាចកើតរឿងនេះឡើង តែបើខ្ញុំព្រះករុណាច្បាស់ លាស់ ប្រហែលជាមិនអាចកើតមានទេ ខ្ញុំព្រះករុណាចូលចិត្តជជែក វែកញែក ដេញដោលគ្នា យ៉ាងល្អិតល្អន់ មុននឹងធ្វើអ្វីមួយ តាមពិតទៅខ្ញុំព្រះករុណា បានសិក្សាស្រាវជ្រាវ ក្បែររួចស្រេចទៅហើយ នៅតែរើសយកមកចងក្រង រៀបចំតែប៉ុណ្ណោះ គោលការណ៍ សំខាន់ៗដែលជាបង្គោលមានអស់ទៅហើយ ហើយក៏បានពិសោធន៍ ខ្លះៗដែរហើយ ដូចកាលខ្ញុំព្រះករុណា ដែលសរសេរទៅរដ្ឋាភិបាលអាមេរិក គេងាយយល់ណាស់ គេទទួលស្គាល់ថាល្អ ហើយគេបានទំនាក់ទំនង ជាមួយខ្ញូំព្រះករុណាជាប់រហូត មានទាំងប្រធានាធិបតី គាត់សរសេរ អ៊ីមែល អរគុណទៅទៀត ដោយខ្ញុំព្រះករុណាយកទ្រឹស្តីនេះ ជួយក្នុងការដណ្តើមសន្លឹក ឆ្នោតនាពេលនោះ ដោយយកទ្រឹស្តីនេះទៅវិវិភាគ ដើម្បីយកឈ្នះទៅលើគូរ បដិបក្ខ ទីបំផុតបានជោគ ជ័យ ដូចក្តីប្រាថ្នា និយាយទៅដូចចេះតេអួត មិនអួតទេ និយាយតាមដែលបានធ្វើ ។
តាមពិតខ្ញូំព្រះករុណា មិនរងចាំកាលទេ ធ្វើបណ្តើរចរចារបណ្តើរ មិនរុញរាទេ ទោះជាម្នាក់ឯងយ៉ាងណា ក៏ដោយ ដោយរៀនតាមព្រះសម្មាសម្ពុទ្ធ ទោះបីគ្មានពីណាជួយគាំទ្រ ក៏នៅតែទៅដែរ ដោយគិតឃើញថា នឹងពិតជាបានសម្រេច នៅពេលណាមួយមិនខានឡើយ ។ សព្វថ្ងៃមនុស្សមួយចំនួន គេថាខ្ញូំព្រះករុណា ជាមនុស្សឯកកោ គ្មានពីណាគេរាប់រក គេអើពើរាប់អាន នៅតែម្នាក់ឯង ធ្វើការងារនេះតែម្នាក់ឯង ហើយក៏គ្មានមនុស្សច្រើនទេ ដឹងរឿងនេះ ខ្ញុំព្រះករុណា មិនខ្វល់អ្វីទាំងអស់ បានគេមិនមកក្បែរ រិតតែល្អ រិតតែជ្រះថ្លាក្នុងចិត្ត ដើម្បីធ្វើនៅកិច្ចការនេះ តាមពិតទៅមិនចង់អោយគេមក រញេយរញៃទេ ទោះបីគេថាឆ្កួត គេថាយ៉ាងណាយ៉ាងណៃ ស្រេចតែគេទៅ ខ្ញូំព្រះករុណាមិនខ្វល់ទេ ។ មិនថាអញ្ចឹង ព្រះអង្គ ?
រចនាសម្ព័ន្ធតាមគំរោងរបស់ញោមក្នុងការបង្កើតគណៈកម្មការនោះ បើអាចធ្វើទៅបាន ជាការប្រសើរណាស់ ហើយកិច្ចការនោះនឹងមានគុណភាព និងប្រសិទ្ធិភាពកាន់តែខ្លាំងឡើង។ ទោះយ៉ាងណាក៏ដោយ ទោះជាញោមធ្វើតែម្នាក់ឯងបណ្តើរៗសិនក៏ជាការល្អ មុខនឹងបានដល់គោលដៅមួយដែលញោមចង់បានជាមិនខាន។ ឲ្យតែកិច្ចការនោះ មានប្រយោជន៍ដល់មនុស្សជាតិ ជាការងារត្រឹមត្រូវ និងជាការងារដែលនាំសេចក្តីសុខសន្តិភាពដល់ពួងមនុស្ស ញោមទៅខ្លាចធ្វើអីចំពោះពាក្យគេថានោះ ព្រោះមនុស្សថា សម្បូរណាស់ តែមនុស្សធ្វើមិនសូវជាមានប៉ុន្មានទេ។ អញ្ចឹងញោមមិនចាំបាច់រួញរាចំពោះពាក្យគេថាទេ ផ្តោតលើតែកិច្ចការដែលត្រូវធ្វើ ញោមនឹងបានទទួលផលគាប់ចិត្តត្រឡប់មកវិញមិនខានឡើយ។
អរព្រះគុណព្រះអង្គ ដែលបានជួយផ្តល់ជាមតិយោបល់ ! អញ្ចឹងមែនហើយព្រះអង្គ ខ្ញុំព្រះករុណា មិនត្រូវញញើតអីទេ ពីព្រោះធ្វើដើម្បីផលប្រយោជន៍ជាតិទួទៅ មិនអីទេព្រះអង្គ ទើបតែសរសេរបាន ប្រហែលជាជិត ៨០០ ទំព័រហើយ ចង់សរសេរ ២០០-៣០០ ទំព័រទៀតចប់ហើយ រួចហើយចាំចំរាញ់ ទុកតែ ៥០០ ទំព័រទេ ព្រះអង្គ តាមពិទមិនទាន់ចង់បញ្ចេញទេ ចាំរហូតកាលៈទេសៈហុចអោយ មិនថាអញ្ចឹងព្រះអង្គ ?
បើអញ្ចឹង ញោមសរសេរជិតចប់ហើយតើ ជាការប្រសើរខ្លាំងណាស់ អាត្មាសង្ឃឹមថានឹងបានអានគោលការណ៍របស់ញោម នឹងបានរៀនសូត្រផងដែរ។ មិនមែនបំណងរៀនដើម្បីធ្វើតំណាងរាស្ត្រទេ គ្រាន់តែចង់រៀនឲ្យដឹង
តាមទស្សនៈអាត្មា ញោមមិនគួររងចាំឱកាសហុចឲ្យ ទើបបញ្ចេញនោះទេ គួរតែធ្វើឲ្យហើយស្រេចបាច់ហើយបញ្ចេញផ្សព្វផ្សាយ ជាការល្អ ព្រោះការផ្សព្វផ្សាយនោះ អាចជាការបើកឱកាសសម្រាប់អ្វីដែលញោមទន្ទឹងរង់ចាំដែរ។
អរព្រះគុណព្រះអង្គ ជិតចប់ហើយព្រះអង្ក តែកំពុងតែពិចារណាមើល ថាត្រូវចេញសៀវភៅអ្វីមុនគេ មិនទាន់បានសិក្សាស្រាវជ្រាវ ខាងបច្ចេកទេស សរសេរសៀវភៅនៅឡើយទេ គ្រាន់តែសិក្សាស្រាវជ្រាវ នូវគោលនយបាយ ដែលត្រូវសរសេរប៉ុណ្ណោះ តែបានមើលត្រួសៗហើយ ប្រហែលជាមិនចោទជា បញ្ហាទេ តែយ៉ាងណាក៏ដោយ ប្រហែលជានឹងត្រូវចុះកុងត្រា ជាមួយរោងពុម្ពណាមួយ ក៏មិនទាន់ដឹង ចាំចប់ស្រួលបួល ចាំសម្រេចចិត្តបន្តរទៀត ។
ធម្មតាអ្នករៀននយោបាយ ច្រើនតែចង់ប្រកួត ឬ ធ្វើនយោបាយ មិនខុសពីអ្នករៀនប្រដាល់ទេ តែរៀនហើយចង់តែដាល់ ពីព្រោះតម្រិះមានពេញខ្លួន មិនសូវបារម្ភទេ ម្យ៉ាងចង់ដឹងស្នៀតរបស់ខ្លួន តើពូកែ ឬ គ្រាន់បើយ៉ាងណា ! មិនថាអញ្ចឹងព្រះអង្គ ? តើអ្វីទៅជា នយោបាយ ? តើនយោបាយ កើតមានពីពេលណាមក ? តើនរណាខ្លះត្រូវធ្វើ នយោបាយ ? បើយើងមិនធ្វើបានឫទេ ? តើនយោបាយ មានប៉ុន្មានយ៉ាង ? អ្វីខ្លះ ? តើមនុស្សយើងចេះធ្វើ នយោបាយ ពីពេលណាមក ? ប្រហែលចំណុច ទាំងអស់នេះហើយ ដែលខ្ញុំព្រះករុណា ត្រូវប្រឈមមុខសរសេរ ដោះស្រាយ មានអីទៀតព្រះអង្គ ដែលខ្ញុំព្រះករុណា ត្រូវប្រឈមមុខសរសេរ សូមជំនួយជាយោបល់ផង ព្រះអង្គ !
ចម្រើនពរញោម! មានការយឺតយ៉ាវក្នុងការឆ្លើយតបបន្តិចហើយ ដោយសារតែមេរៀនជាន់កពេក ហើយនិងកិច្ចការខ្លះៗមួយចំនួនទៀត ម៉្លោះហើយក៏មិនបានឆ្លើយឆ្លងឲ្យទាន់ពេលវេលាតាមប្រកក្រតី។
អាត្មាសូមចូលរួមរីករាយផងចំពោះកិច្ចការរបស់ញោមដែលកំពុងតែបោះជំហានទៅរកភាពជោគជ័យ បើតាមការបរិយាយរបស់ញោម ឃើញថានៅមិនយូរប៉ុន្មានទៀតទេ សៀវភៅនឹងចេញជារូបរាង ហើយនឹងបានជាពន្លឺដល់អ្នកចង់សិក្សាផងដែរ។ ពិតមែនហើយ អ្នកចេះប្រដាល់តែងតែចង់សាកល្បងថ្វីដៃរបស់ខ្លួន មិនខុសពីអ្នកនយោបាយដោយចំពោះទេ បានសិក្សាបានដឹងហើយក៏អាចនឹងចង់ចូលប្រឡូក ចង់ដឹងពីកម្រិតនិងបច្ចេកទេសក្នុងការដឹកនាំរបស់ខ្លូនផងដែរ។ និយាយសរុបទៅរឿងនយោបាយនេះ ជារឿងមនុស្សគ្រប់រូបត្រូវតែមាន បើមិនដូច្នោះទេ មិនអាចនឹងដឹកនាំជីវិតខ្លួន ក្រុមគ្រួសារខ្លួនឆ្ពោះទៅរកសេចក្តីចម្រើនក្នុងជីវិតបានទេ ប៉ុន្តែការធ្វើនយោបាយនោះ មានលក្ខណៈផ្សេងៗគ្នាដើម្បីដឹកនាំ សង្គមទាំងបួន គឺសង្គមគ្រួសារ សង្គមបរិស័ទ សង្គមជាតិ និងសង្គមលោក។ ព្រះសម្មាសម្ពុទ្ធក៏ទ្រង់មាននយោបាយរបស់ព្រះអង្គក្នុងការដឹកនាំបរិស័ទរបស់ព្រះអង្គឲ្យបានយល់និងបានធ្វើដំណើរក្នុងផ្លូវត្រូវផ្លូវល្អ ឆ្ពោះទៅកាន់សេចក្តីសុខសន្តិភាព។
សំណួរខាងលើរបស់ញោម អាត្មាទុកភារៈនោះជូនញោមហើយ ព្រោះញោមប្រហែលជាអាចរកឃើញចម្លើយរួចហើយ ហើយនៅតែពេលរៀបចំចងក្រងឲ្យបានតាមលំដាប់លំដោយតែប៉ុណ្ណោះ។ ណាមួយអាត្មាក៏មិនពូកែខាងផ្នែកនេះដែរ គ្រាន់តែដឹងខ្លះៗដូចគេដូចឯងប៉ុណ្ណោះ។
ពិតមែនហើយព្រះអង្គ បើសៀវភៅសរសេររួចស្រេចបាច់ហើយនោះ តែចំពោះខ្ញុំព្រះករុណា មិនទាន់សង្ឃឹមថាបានក្នុងពេលឆាប់ៗនេះដែរទេ ជាពិសេសសៀវភៅដំបូង ត្រូវការប្រិតព្រៀង ត្រឹមត្រូវណាស់ ហើយសុទ្ធតែគំនិតថ្មី បច្ចេកទេសថ្មី អ្នកសរសេរថ្មី សៀវភៅថ្មី ថ្មីៗទាំងអស់ សរសេរមិនត្រូវ រៀបមិនត្រូវ អាចធ្លោយការធំ ! មិនថាអញ្ចឹងព្រះអង្គ ?
ពរ ញោម! អាត្មាយល់ស្របតាមយោបល់នេះ ព្រោះថាស្នាដៃដែលចេញថ្មីស្រឡាងនោះ ត្រូវតែធ្វើការប្រិតប្រៀងឲ្យបានល្អ ព្រោះនឹងអាចទាក់ទាញអារម្មណ៍របស់អ្នកអានឲ្យមានភាពកក់ក្តៅ និងមានទំនុកចិត្តចង់អានចង់ឈ្វេងយល់នូវគំនិតថ្មីៗ ឬសៀវភៅថ្មីៗទៀត បើអ្នកនិពន្ធធ្វើបានល្អក្នុងស្នាដៃដំបូង។ ផ្ទុយទៅវិញ បើស្នាដៃទី១ មិនជាទីចាប់អារម្មណ៍របស់អ្នកអានទេ ស្នាដៃក្រោយៗទៀតច្បាស់ជាគ្មាននរណាចង់អានទៀតទេ គ្រាន់តែឃើញឈ្មោះអ្នកនិពន្ធ ឬអ្នកចងក្រងនោះ គេទម្លាក់សៀវភៅទៅក្នុងទូវិញបាត់ហើយ។