វិជ្ជា ៣ ប្រការ

នៅក្នុងធម៌នមស្សការព្រះរតនត្រ័យ ត្រង់ពុទ្ធរតនប្បណាម គឺការថ្វាយបង្គំចំពោះព្រះសម្ពុទ្ធ ដែលផ្តើមដោយពាក្យថា ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ជាដើម ពុទ្ធបរិស័ទទាំង ឡាយច្បាស់ជាធ្លាប់ជួបបាលីមួយឃ្លាថា វិជ្ជាចរណសម្បន្នោ (វជ្ជា-ចៈ-រៈណៈ សាំ-ប៉ាន់- ណោ) ជាមិនខាន។ ពាក្យថា វិជ្ជាចរណៈសម្បន្នោ ប្រែថា ព្រះសម្មាសម្ពុទ្ធជាបរមគ្រួនៃ យើង ព្រះអង្គទ្រង់បរិបូណ៍ដោយ វិជ្ជា៣ វិជ្ជា៨ និងចរណៈ១៥ ។ នៅក្នុងអត្ថបទនេះ នឹងសូម លើកយកតែវិជ្ជា៣ មកបង្ហាញជាមុនសិន ចំណែក វិជ្ជា៨ និង ចរណៈ ១៥ នឹងលើកយកមកអធិប្បាយក្នុងពេលក្រោយទៀត។

ការចេះដឹង យល់ធ្លុះធ្លាយ ឃើញច្បាស់ដោយបញ្ញា ហៅថា “វិជ្ជា” ។ ពាក្យថាវិជ្ជា គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ដែលព្រះមានព្រះភាគ បានត្រាស់ ដឹងក្នុងយាមទាំងបីនៃរាត្រី១៥កើតខែពិសាខ គឺ បឋមយាមព្រះអង្គបានវិជ្ជាទី១មជ្ឈិមយាម បានវិជ្ជាទី២ បជ្ឈិមយាម បានវិជ្ជាទី៣ ។ វិជ្ជាបីយ៉ាងនេះហៅថា ញាណ ដូច្នេះក៏បាន គឺជា ពាក្យផ្លាស់ប្តូរគ្នា។ ព្រះមានព្រះភាគ បាននូវវិជ្ជាទាំងបីប្រការនេះជាដើម ទើបឈ្មោះថា ព្រះអង្គបានត្រាស់។

១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញនូវខន្ធបញ្ចកៈ(ខន្ធ៥) ក្នុងជាតិមុន។
ការដឹងនូវជាតិ គឺការរលឹកឃើញនូវខន្ធបញ្ចកៈដែលធ្លាប់កើត ធ្លាប់នៅក្នុងភពមុន បាន គឺរលឹកឃើញជាតិថយក្រោយក្នុងកាលដែលកន្លងទៅហើយ តាំងអំពីមួយជាតិ ពីរ ជាតិ បីជាតិ រហូតដល់អនេកជាតិថា “ក្នុងកាលនោះអាត្មាអញបានកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ មាន សុខទុក្ខយ៉ាងនេះ មានអាយុប៉ុណ្ណេះៗជាដើម។ លុះច្យុតអំពីជាតិនោះហើយ ក៏ទៅកើតក្នុង ទីនោះៗ លុះមកអំពីទីនោះក៏មកកើតក្នុងទីនេះ”។ ការយល់ធ្លុះធ្លាយឃើញព្រឹត្តិការណ៍ របស់ជាតិក្នុងកាលមុនដូច្នេះ ទើបឈ្មោះថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់តាមយថាកម្មរបស់សត្វ។

២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញនូវចុតិនិងបដិសន្ធិនៃពួកសត្វ។
ការដឹងច្បាស់នូវចុតិនិងបដិសន្ធិ គឺការឃ្លាតចាកជីវិតនិងការចាប់កំណើតបាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់កំណើតក៏មាន ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាចផលវិបាកនៃការប្រព្រឹត្តរបស់ពួកសត្វ”។ ការដឹងច្បាស់នូវចុតិនិងបដិសន្ធិនៃ ពួកសត្វដូច្នេះ ទើបឈ្មោះថា “ចុតូបបាតញ្ញាណ”។

៣- អាសវក្ខយញ្ញាណ ញាណក្នុងការធ្វើឲ្យអស់នូវអាសវៈ ។
ការដឹងច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការដឹងច្បាស់តាមពិតថា “នេះជាទុក្ខ នេះជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះជាមគ្គ (ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជាហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណីកិច្ចរបស់អញ បានសម្រេចហើយ កិច្ចដែលត្រូវចម្រើនតទៅទៀតពុំមានឡើយ”។
ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ឃើញច្បាស់នូវបដិបទាជាទីញ៉ាំងអាសវៈឲ្យអស់ ទៅ ហើយទ្រង់សំដែងធម៌ប្រៀនប្រដៅពុទ្ធបរិស័ទឲ្យប្រតិបត្តិដើម្បីធ្វើអាសវៈឲ្យអស់ទៅ ដូច្នេះទើបឈ្មោះថា “អាសវក្ខយញ្ញាណ”។
វិជ្ជាទាំងបីប្រការនេះឈ្មោះថា អង្គនៃសម្មាសម្ពោធិញ្ញាណ។

ពន្យល់ពាក្យ

អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ដែលត្រាំនៅក្នុងសន្តាន។ អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈគឺកាម បានដល់សេចក្តីប្រាថ្នាទាំងឡាយ។ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់មិនចេះឈប់ឈរ។ ៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការយល់ខុស ប្រាសចាកនូវសច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការមិនដឹងច្បាស់នូវកងទុក្ខទាំងពួង ឬមិនដឹងច្បាស់នូវអរិយសច្ចធម៌។

ខន្ធបញ្ចកៈ = គំនរនៃខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ។

ព្រហ្មចរិយធម៌ (ព្រំ-មៈ-ចៈរិយៈ-ធម៌) = ការប្រព្រឹត្តធម៌ដ៏ប្រសើរ, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល។

អរិយសច្ចធម៌ (អៈរ៉ិយ៉ៈ-សច្ចៈធម៌) = ធម៌ពិតដ៏ប្រសើរ មាន៤ គឺ ១- ទុក្ខៈ សេចក្តីព្រួយលំបាក, សេចក្តីទុក្ខ។ ២- សមុទយៈ កំណើតទុក្ខ ឬហេតុដែលនាំឲ្យកើតទុក្ខ។ ៣- និរោធៈ សេចក្តីរលត់ទុក្ខ ឬធម៌សម្រាប់រំលត់ទុក្ខ។ ៤- មគ្គៈ ផ្លូវ ឬ ឧបាយនៃសេចក្តីរលត់ទុក្ខ ។ អរិយសច្ចទាំងបួននេះ ហៅម៉្យាងទៀតថា ចតុរារិយសច្ច (ចៈ-តុ-រ៉ា-រ៉ិយៈ-ស័ច)។

បដិបទា (ប៉ៈ-ដិ-ប៉ៈ-ទា) = ការប្រព្រឹត្ត, ការប្រតិបត្តិ ។

សូមចុចទីនេះដើម្បីអានវិជ្ជា ៨ប្រការ

អំពី ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធ, ព្រះពុទ្ធសាសនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to វិជ្ជា ៣ ប្រការ

  1. Pingback: ចរណៈ ១៥ យ៉ាង | គេហទំព័រព្រះពុទ្ធសាសនាខ្មែរ

  2. Pingback: ទំព័រដើម « ថុល​ អ៊ុន

  3. Pingback: គុណលើលោកិយ ពុំមានគុណអ្វីស្មើនឹងពុទ្ធគុណ | គេហទំព័រព្រះពុទ្ធសាសនាខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s